បណ្ដាស្ដេចទី១ ១៧:១-២៤

  • អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ ប្រកាស​ទុក​ជា​មុន​អំពី​គ្រោះ​រាំង​ស្ងួត (​)

  • ក្អែក​ពាំ​អាហារ​ឲ្យ​អេលីយ៉ា (​២​-​៧)

  • អេលីយ៉ា​ទៅ​ជួប​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សេរ៉ាផាត (​៨​-​១៦)

  • កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ (​១៧​-​២៤)

១៧  គ្រា​នោះ អេលីយ៉ា*+ជា​អ្នក​ភូមិ​ធេសប៊ី​ក្នុង​ស្រុក​គីលាត+ បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​នឹង​គ្មាន​សន្សើម​ឬ​ភ្លៀង​ទេ លើក​លែង​តែ​ខ្ញុំ​បង្គាប់​ឲ្យ​មាន!​»។+ ២  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេលីយ៉ា​ថា​៖ ៣  ​«​ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ទិស​ខាង​កើត ហើយ​លាក់​ខ្លួន​នៅ​ជ្រលង​កេរីត ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ៤  នៅ​ទី​នោះ អ្នក​នឹង​ផឹក​ទឹក​ជ្រោះ​ពី​ជ្រលង​នោះ ហើយ​ខ្ញុំ​នឹង​បង្គាប់​ក្អែក​ឲ្យ​ពាំ​អាហារ​យក​ទៅ​ឲ្យ​អ្នក​»។+ ៥  ភ្លាម​នោះ គាត់​ក៏​បាន​ទៅ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ស្នាក់​នៅ​ក្បែរ​ជ្រលង​កេរីត​ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ៦  រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​តែ​ពាំ​នំ​ប៉័ង​និង​សាច់​ឲ្យ​គាត់ ហើយ​គាត់​បាន​ផឹក​ទឹក​ពី​ជ្រោះ​នោះ។+ ៧  មិន​យូរ​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង​អស់+ ព្រោះ​គ្មាន​ភ្លៀង​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ៨  រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ៩  ​«​ចូរ​ក្រោក​ឡើង​ទៅ​ក្រុង​សេរ៉ាផាត​ក្នុង​ទឹក​ដី​ស៊ីដូន ហើយ​ស្នាក់​នៅ​ទី​នោះ​ចុះ។ មើល! នៅ​ទី​នោះ​ខ្ញុំ​នឹង​បង្គាប់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​ផ្គត់​ផ្គង់​អាហារ​ដល់​អ្នក​»។+ ១០  ដូច្នេះ អេលីយ៉ា​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​សេរ៉ាផាត។ ពេល​គាត់​ចូល​ទៅ​ដល់​ខ្លោង​ទ្វារ​ក្រុង គាត់​ឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់​កំពុង​រើស​អុស។ ពេល​នោះ គាត់​បាន​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​យក​ទឹក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច​ផង​»។+ ១១  កាល​នាង​ទៅ​យក​ទឹក អេលីយ៉ា​បាន​ប្រាប់​ថា​៖ ​«​សូម​ឲ្យ​នំ​ប៉័ង​មួយ​ដុំ​ដល់​ខ្ញុំ​ផង​»។ ១២  ប៉ុន្តែ នាង​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​និង​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ខ្ញុំ​គ្មាន​នំ​ប៉័ង​ទេ មាន​តែ​ម្សៅ​មួយ​ក្ដាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ថូ​ប៉ុណ្ណោះ។+ ឥឡូវ ខ្ញុំ​កំពុង​រើស​អុស ដើម្បី​ចម្អិន​អាហារ​សម្រាប់​ខ្ញុំ​និង​កូន​ប្រុស​ខ្ញុំ។ នេះ​ជា​អាហារ​ចុង​ក្រោយ​របស់​យើង អស់​ពី​នេះ​ទៅ​យើង​នឹង​ស្លាប់​ហើយ​»។ ១៣  ប៉ុន្តែ អេលីយ៉ា​បាន​និយាយ​ទៅ​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ សូម​ចូល​ទៅ​ធ្វើ​ដូច​អ្នក​ប្រាប់​ចុះ តែ​ដំបូង​សូម​ធ្វើ​នំ​ប៉័ង​តូច​មួយ​ពី​ម្សៅ​ដែល​នៅ​សល់​នោះ​ឲ្យ​ខ្ញុំ​សិន។ រួច​សឹម​ធ្វើ​សម្រាប់​អ្នក​និង​កូន​អ្នក​ចុះ។ ១៤  ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ម្សៅ​ក្នុង​ខាប់​នឹង​មិន​អស់​ឡើយ ហើយ​ប្រេង​ក្នុង​ថូ​ក៏​មិន​រលស់​ដែរ រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី›​»។+ ១៥  ដូច្នេះ នាង​ក៏​ចេញ​ទៅ ធ្វើ​តាម​ពាក្យ​ដែល​អេលីយ៉ា​បាន​ប្រាប់ រួច​នាង​និង​ក្រុម​គ្រួសារ ព្រម​ទាំង​អេលីយ៉ា​បាន​បរិភោគ​អស់​ជា​ច្រើន​ថ្ងៃ។+ ១៦  ម្សៅ​ក្នុង​ខាប់​មិន​បាន​អស់​ទេ ហើយ​ប្រេង​ក្នុង​ថូ​ក៏​មិន​បាន​រលស់​ដែរ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា​មែន។ ១៧  ក្រោយ​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ជា​ម្ចាស់​ផ្ទះ បាន​ធ្លាក់​ខ្លួន​ឈឺ។ ជំងឺ​របស់​កូន​នោះ​ធ្ងន់​ដល់​ម្ល៉េះ បាន​ជា​កូន​នោះ​ស្លាប់​ទៅ។+ ១៨  ពេល​នោះ នាង​បាន​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​ឱ​តំណាង​ព្រះ​ពិត​អើយ! តើ​អ្នក​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ? តើ​អ្នក​មក​ទី​នេះ​ដើម្បី​រំលឹក​ខ្ញុំ​អំពី​ទោស​កំហុស​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ​ស្លាប់​ឬ?​»។+ ១៩  អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​សូម​ប្រគល់​កូន​អ្នក​មក​ខ្ញុំ​»។ រួច​គាត់​ទទួល​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​កូន​នោះ​ឡើង​ទៅ​បន្ទប់​ដែល​គាត់​ស្នាក់​នៅ​ខាង​លើ រួច​ផ្ដេក​កូន​នោះ​ទៅ​លើ​គ្រែ​របស់​គាត់។+ ២០  អេលីយ៉ា​បាន​បន្លឺ​សំឡេង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ!+ តើ​លោក​ក៏​នាំ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ​ដែល​ខ្ញុំ​កំពុង​ស្នាក់​នៅ​ជា​មួយ ដោយ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​នាង​ស្លាប់​ដែរ​ឬ?​»។ ២១  បន្ទាប់​មក គាត់​បាន​ទ្រោប​ខ្លួន​ទៅ​លើ​កូន​នោះ​អស់​បីដង ហើយ​បន្លឺ​សំឡេង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! សូម​ឲ្យ​កូន​នេះ​មាន​ជីវិត​វិញ​ផង​»។ ២២  ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​អេលីយ៉ា។+ រួច​មក កូន​នោះ​ក៏​មាន​ជីវិត​ឡើង​វិញ។+ ២៣  អេលីយ៉ា​បាន​បី​កូន​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ ហើយ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​វិញ។ រួច​អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​មើល! កូន​ប្រុស​របស់​អ្នក​មាន​ជីវិត​វិញ​ហើយ​»។+ ២៤  ភ្លាម​នោះ ស្ត្រី​មេម៉ាយ​នោះ​បាន​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​ឥឡូវ ខ្ញុំ​ដឹង​ថា​អ្នក​ពិត​ជា​តំណាង​ព្រះ​មែន+ ហើយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​អ្នក​បាន​ប្រាប់​គឺ​ជា​ការ​ពិត​មែន​»។

កំណត់សម្គាល់

មាន​ន័យ​ថា​«​ព្រះ​របស់​ខ្ញុំ​គឺ​យេហូវ៉ា​»​