យេរេមា ៥:១-៣១

  • បណ្ដា​ជន​មិន​ព្រម​ទទួល​ការ​ទូន្មាន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា (​១​-​១៣)

  • ការ​បំផ្លាញ តែ​មិន​មែន​បំផ្លាញ​ទាំង​ស្រុង​ទេ (​១៤​-​១៩)

  • ព្រះ​យេហូវ៉ា​ឲ្យ​បណ្ដា​ជន​ទទួល​ទោស (​២០​-​៣១)

 ចូរ​ដើរ​តាម​ផ្លូវ​នា​នា​ក្នុង​ក្រុង​យេរូសាឡិម ហើយ​មើល​ជុំវិញ​ឲ្យ​បាន​ហ្មត់​ចត់រួច​រក​មើល​នៅ​ទី​ធ្លា​សាធារណៈបើ​អ្នក​អាច​រក​ឃើញ​បុគ្គល​ម្នាក់​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិធម៌+ជា​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ស្មោះ​ត្រង់ នោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ក្រុង​នេះ។  ២  ទោះ​ជា​ពួក​គេ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ក៏​ដោយ ក៏​ពាក្យ​សម្បថ​របស់​ពួក​គេ​មិន​ពិត​ដែរ។+  ៣  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​តែង​រក​មើល​សេចក្ដី​ស្មោះ​ត្រង់ មែន​ទេ?+ លោក​វាយ​ពួក​គេ តែ​ពួក​គេ​មិន​រាង​ចាល​ទេ។ លោក​បាន​បំផ្លាញ​ពួក​គេ​ជា​ច្រើន តែ​ពួក​គេ​មិន​បាន​ទាញ​មេ​រៀន​ពី​ការ​នោះ​ទេ។+ ពួក​គេ​មាន​មុខ​រឹង​ជាង​ថ្ម​ទៅ​ទៀត+ ហើយ​មិន​ព្រម​កែ​ប្រែ​ទាល់​តែ​សោះ។+  ៤  ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា​៖ ​«​ពួក​អ្នក​ទាំង​នេះ​ច្បាស់​ជា​ជន​សាមញ្ញ​ដែល​គ្មាន​ចំណេះ​ដឹង។ ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ល្ងី​ល្ងើ​ណាស់ ព្រោះ​ពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ទេពោល​គឺ​ការ​វិនិច្ឆ័យ​របស់​ព្រះ​នៃ​ពួក​គេ។  ៥  ខ្ញុំ​នឹង​ទៅ​ឯ​ពួក​អ្នក​មាន​មុខ​មាត់ ហើយ​និយាយ​ជា​មួយ​នឹង​ពួក​គេព្រោះ​ពួក​គេ​ច្បាស់​ជា​ស្គាល់​ផ្លូវ​របស់​ព្រះ​យេហូវ៉ាគឺ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ​នៃ​ពួក​គេ។+ ប៉ុន្តែ ពួក​គេ​ទាំង​អស់​គ្នា​បាន​បំបាក់​នឹម* ហើយ​កាត់​ផ្ដាច់​ចំណង​ចោល​»។  ៦  ហេតុ​នេះ​ហើយ​បាន​ជា​តោ​នៅ​ព្រៃ​ចេញ​មក​ត្របាក់​ពួក​គេហើយ​ឆ្កែ​ចចក​នៅ​តំបន់​ស្ងាត់​ជ្រងំ​បំផ្លាញ​ពួក​គេ។ ឯ​ខ្លា​រខិន​វិញ វា​បាន​ដេក​ចាំ​នៅ​ជិត​បណ្ដា​ក្រុង​របស់​ពួក​គេ។ អ្នក​ណា​ដែល​ចេញ​ពី​ក្រុង​នោះ នឹង​ត្រូវ​វា​ត្របាក់​ស៊ីព្រោះ​អំពើ​រំលង​របស់​ពួក​គេ​មាន​ច្រើន​ណាស់ហើយ​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​របស់​ពួក​គេ ក៏​រាប់​មិន​អស់​ដែរ។+  ៧  តើ​ឲ្យ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​អ្នក*ម្ដេច​នឹង​បាន​ទៅ? ព្រោះ​កូន​ចៅ​អ្នក​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយព្រម​ទាំង​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​មិន​ពិត​ទៀត​ផង។+ ខ្ញុំ​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេតែ​ពួក​គេ​នៅ​តែ​មិន​ស្កប់​ស្កល់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដដែល។ ពួក​គេ​តែង​តែ​ផ្ដុំ​គ្នា​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា។  ៨  ដូច​សេះ​ស្រែក​កញ្ជ្រៀវ​រក​ញី​យ៉ាង​ណានោះ​ពួក​គេ​ក៏​ឆ្លេឆ្លា​តាម​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត​យ៉ាង​នោះ​ដែរ។+  ៩  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ដាក់​ទោស​ពួក​គេ​ចំពោះ​រឿង​ទាំង​នេះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​ខ្ញុំ​សង​សឹក​នឹង​ប្រជា​ជាតិ​នេះ​ទេ​ឬ?​»។+ ១០  ​«​ចូរ​ឡើង​មក​ទាស់​នឹង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​នាង ហើយ​បំផ្លាញ​ចោល​ទៅ តែ​កុំ​បំផ្លាញ​ទាំង​អស់​ឡើយ។+ ចូរ​កាត់​ខ្នែង​របស់​នាង​ចេញ ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ព្រះ​យេហូវ៉ា​ទេ។ ១១  ព្រោះ​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដាសុទ្ធ​តែ​ក្បត់​នឹង​ខ្ញុំ​ហើយ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+ ១២  ​«​ពួក​គេ​មិន​បាន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ទេ ហើយ​ចេះ​តែ​និយាយ​ថា​៖ ‹លោក​នឹង​មិន​ធ្វើ​អ្វី​ឡើយ*+ ហើយ​សេចក្ដី​វេទនា​ក៏​មិន​ធ្លាក់​មក​លើ​យើង​ដែរ។ យើង​នឹង​មិន​ជួប​សង្គ្រាម​ឬ​ការ​អត់​ឃ្លាន​ទេ›។+ ១៣  ពួក​អ្នក​ប្រកាស​ទំនាយ​សុទ្ធ​តែ​ឥត​បាន​ការហើយ​ប្រសាសន៍​របស់​ព្រះ​មិន​នៅ​ក្នុង​ចិត្ត​ពួក​គេ​ទេ។ សូម​ឲ្យ​ពួក​គេ​វិនាស​សាប​សូន្យ​ទៅ!​»។* ១៤  ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​បុរស​ទាំង​នេះ​កំពុង​និយាយ​ដូច្នេះមើល! ខ្ញុំ​នឹង​ដាក់​ពាក្យ​របស់​ខ្ញុំ​ដែល​ប្រៀប​ដូច​ជា​ភ្លើង នៅ​ក្នុង​មាត់​អ្នក+ឯ​បណ្ដា​ជន​នេះ​ប្រៀប​ដូច​ជា​អុស​វិញ ហើយ​ភ្លើង​នោះ​នឹង​ឆាប​ឆេះ​ពួក​គេ​»។+ ១៥  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! មើល! ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​មួយ​ដែល​នៅ​ឆ្ងាយ ឲ្យ​មក​ទាស់​នឹង​អ្នក។+ ប្រជា​ជាតិ​នោះ​មាន​តាំង​ពី​យូរ​មក​ហើយ ជា​ប្រជា​ជាតិ​ពី​បុរាណពួក​គេ​និយាយ​ភាសា​ផ្សេង​ដែល​អ្នក​មិន​ស្គាល់ ហើយ​ក៏​មិន​យល់​ដែរ។+ ១៦  ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់អាចហើយ​បំពង់​ព្រួញ​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ផ្នូរ​បើក​ចំហ។ ១៧  ពួក​គេ​នឹង​ដណ្ដើម​យក​ផល​ដំណាំ​និង​ស្បៀង​អាហារ​របស់​អ្នក+ថែម​ទាំង​សម្លាប់​កូន​ប្រុស​កូន​ស្រី​អ្នក​ទៀត​ផង។ ពួក​គេ​នឹង​ចាប់​យក​ហ្វូង​ចៀម ហ្វូង​ពពែ និង​ហ្វូង​គោ​របស់​អ្នកព្រម​ទាំង​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ចម្ការ​ល្វា​របស់​អ្នក​ទៀត​ផង។ ពួក​គេ​នឹង​វាយ​រំលំ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត​»។ ១៨  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ប៉ុន្តែ នៅ​គ្រា​នោះ​ខ្ញុំ​នឹង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទាំង​ស្រុង​ទេ។+ ១៩  ពេល​ពួក​គេ​សួរ​ថា​៖ ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​ធ្វើ​ដូច្នេះ​ចំពោះ​យើង?›។ អ្នក​ត្រូវ​ឆ្លើយ​ប្រាប់​ពួក​គេ​ថា​៖ ‹នេះ​គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ ហើយ​គោរព​បម្រើ​ដល់​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ជន​ជាតិ​ដទៃ​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ​វិញ›​»។+ ២០  ចូរ​ប្រកាស​ពាក្យ​ទាំង​នេះ​ដល់​ពូជ​ពង្ស​យ៉ាកុបហើយ​ថ្លែង​ប្រាប់​ដល់​ពួក​យូដា​ថា​៖ ២១  ​«​ឱ​ប្រជា​ជាតិ​ដ៏​ល្ងី​ល្ងើ​និង​ខ្វះ​ការ​ពិចារណា​អើយ! ចូរ​ស្ដាប់​ពាក្យ​ដូច​ត​ទៅ​នេះ​៖+ អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ​ទេ+អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ​ឡើយ។+ ២២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ខ្ញុំ​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​តក់​ស្លុត​នៅ​ចំពោះ​ខ្ញុំ​ទេ​ឬ? គឺ​ខ្ញុំ​ហើយ​ដែល​បាន​ដាក់​ឆ្នេរ​ខ្សាច់​ជា​ដែន​ខណ្ឌ​សមុទ្រគឺ​ជា​ច្បាប់​ដ៏​ស្ថិត​ស្ថេរ​ដែល​សមុទ្រ​មិន​អាច​ឆ្លង​ផុត​ឡើយ។ ទោះ​ជា​រលក​បក់​បោក​យ៉ាង​ណា ក៏​មិន​អាច​រំលង​បាន​ទេទោះ​ជា​រលក​កញ្ជ្រោល​កក្រើក​រំពើក​យ៉ាង​ណា ក៏​មិន​អាច​ឆ្លង​ហួស​បាន​ដែរ។+ ២៣  ប៉ុន្តែ ប្រជា​ជាតិ​នេះ​ចេះ​តែ​បះ​បោរ និង​មាន​ចិត្ត​រឹង​រូស​ជា​និច្ច។ ពួក​គេ​បាន​បែរ​ទៅ​ធ្វើ​តាម​ផ្លូវ​របស់​ខ្លួន​វិញ។+ ២៤  ពួក​គេ​មិន​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ឥឡូវ ចូរ​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​វិញលោក​ហើយ​ដែល​បាន​ផ្ដល់​ទឹក​ភ្លៀង​តាម​រដូវ គឺ​ទាំង​ដើម​រដូវ ទាំង​ចុង​រដូវ។ លោក​ជា​អ្នក​កំណត់​ឲ្យ​មាន​រដូវ​ប្រមូល​ផល​ជា​ទៀង​ទាត់​សម្រាប់​យើង​»។+ ២៥  អ្នក​មិន​បាន​ទទួល​អ្វី​ទាំង​នេះ ដោយ​សារ​តែ​កំហុស​ឆ្គង​របស់​អ្នកហើយ​អំពើ​ខុស​ឆ្គង​របស់​អ្នក​បាន​នាំ​ឲ្យ​អ្នក​បង់​ប្រយោជន៍។+ ២៦  ព្រោះ​មាន​មនុស្ស​ទុច្ចរិត​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ។ ពួក​គេ​ចេះ​តែ​រំពៃ​មើល ដូច​ជា​នាយ​ព្រាន​លប​ចាំ​ចាប់​សត្វ​ស្លាប។ ពួក​គេ​រាយ​អន្ទាក់​ដើម្បី​ចាប់​មនុស្ស។ ២៧  ដូច​ទ្រុង​ដែល​មាន​ពេញ​ដោយ​សត្វ​ស្លាបនោះ​ផ្ទះ​របស់​ពួក​គេ​ក៏​ពេញ​ទៅ​ដោយ​ការ​បោក​បញ្ឆោត​ដែរ។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មាន​អំណាច​និង​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ។ ២៨  ពួក​គេ​ឡើង​សាច់ ហើយ​ធាត់​រលោងពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ក្រៃ​លែង។ ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន ពួក​គេ​មិន​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​កំព្រា​ទេ+ហើយ​ក៏​មិន​កាត់​ក្ដី​ដោយ​យុត្តិធម៌​ឲ្យ​ជន​ក្រី​ក្រ​ដែរ›​»។+ ២៩  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ដាក់​ទោស​ពួក​គេ​ចំពោះ​រឿង​ទាំង​នេះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​ខ្ញុំ​សង​សឹក​នឹង​ប្រជា​ជាតិ​នេះ​ទេ​ឬ?។ ៣០  មាន​រឿង​ដ៏​អាក្រក់​និង​គួរ​ឲ្យ​រន្ធត់​កើត​ឡើង​នៅ​ក្នុង​ស្រុក ៣១  គឺ​ពួក​អ្នក​ប្រកាស​ទំនាយ​ប្រកាស​ពាក្យ​មិន​ពិត+ហើយ​ពួក​សង្ឃ​ប្រើ​អំណាច​ខ្លួន ត្រួត​ត្រា​លើ​អ្នក​ឯ​ទៀត។ ចំណែក​រាស្ត្រ​របស់​ខ្ញុំ ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​ទាំង​នោះ​ណាស់។+ ប៉ុន្តែ ពេល​ដែល​ទី​បញ្ចប់​មក​ដល់ តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​អ្វី​ទៅ?​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ការ​ចុះ​ចូល​នឹង​ព្រះ
នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គ្មាន​លោក​ទេ​»​
គឺ​ដូច​ពាក្យ​ឥត​បាន​ការ​របស់​ពួក​គេ