យ៉ូណាស ៤:១-១១

  • យ៉ូណាស​ខឹង​ហើយ​ចង់​ស្លាប់ (​១​-​៣)

  • ព្រះ​យេហូវ៉ា​បង្រៀន​យ៉ូណាស​អំពី​សេចក្ដី​មេត្តា​ករុណា (​៤​-​១១)

    • «​តើ​អ្នក​ខឹង​ដូច្នេះ​ត្រឹម​ត្រូវ​ឬ?​»​ (​)

    • ដើម​ឃ្លោក​ទុក​ជា​មេ​រៀន (​៦​-​១០)

 ប៉ុន្តែ យ៉ូណាស​មិន​ពេញ​ចិត្ត​នឹង​ការ​នេះ​ទេ ហើយ​គាត់​ខឹង​ជា​ខ្លាំង។ ២  ដូច្នេះ គាត់​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! នេះ​បាន​កើត​ឡើង​ដូច​ដែល​ខ្ញុំ​បាន​គិត​ទុក តាំង​ពី​ខ្ញុំ​នៅ​ស្រុក​របស់​ខ្ញុំ​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ព្យាយាម​រត់​គេច​ទៅ​ស្រុក​តើស៊ីស+ ព្រោះ​ខ្ញុំ​ដឹង​ថា​លោក​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ* លោក​យឺត​នឹង​ខឹង និង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ+ ហើយ​លោក​មិន​ពេញ​ចិត្ត​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ឡើយ។ ៣  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​យក​ជីវិត​ខ្ញុំ​ឥឡូវ​នេះ​ទៅ ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ល្អ​ជាង​»។+ ៤  ព្រះ​យេហូវ៉ា​ក៏​សួរ​ថា​៖ ​«​តើ​អ្នក​ខឹង​ដូច្នេះ​ត្រឹម​ត្រូវ​ឬ?​»។ ៥  បន្ទាប់​មក យ៉ូណាស​បាន​ចេញ​ទៅ​ក្រៅ​ក្រុង ហើយ​អង្គុយ​នៅ​ទិស​ខាង​កើត។ គាត់​បាន​ធ្វើ​រោង​តូច​មួយ ហើយ​អង្គុយ​ក្រោម​នោះ ចាំ​មើល​ថា​មាន​អ្វី​កើត​ឡើង​ដល់​ក្រុង​នីនីវេ។+ ៦  រួច​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​ដើម​ឃ្លោក​ដុះ​ឡើង​លើ​យ៉ូណាស ជា​ម្លប់​ដល់​គាត់​ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រួល។ យ៉ូណាស​ពេញ​ចិត្ត​នឹង​ដើម​ឃ្លោក​នេះ​ណាស់។ ៧  ប៉ុន្តែ នៅ​ព្រលឹម​ថ្ងៃ​បន្ទាប់ ព្រះ​ពិត​បាន​ឲ្យ​ដង្កូវ​មួយ​ទៅ​ស៊ី​បំផ្លាញ​ដើម​ឃ្លោក​នោះ ហើយ​ដើម​នោះ​ក៏​ក្រៀម​ស្វិត​ទៅ។ ៨  លុះ​ដល់​ថ្ងៃ​រះ ព្រះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​កើត ហើយ​ឲ្យ​ពន្លឺ​ថ្ងៃ​ចាំង​ទៅ​លើ​គាត់ រួច​គាត់​ក៏​ល្វើយ​ទៅ។ ដូច្នេះ គាត់​ក៏​អង្វរ​សុំ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ខ្លួន​ស្លាប់ ដោយ​ពោល​ថា​៖ ​«​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ប្រសើរ​ជាង​»។+ ៩  ព្រះ​ក៏​សួរ​យ៉ូណាស​ថា​៖ ​«​តើ​អ្នក​ខឹង​អំពី​ដើម​ឃ្លោក​នោះ​ជា​ការ​ត្រឹម​ត្រូវ​ឬ?​»។+ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ខឹង​ត្រឹម​ត្រូវ​ហើយ ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​មិន​ចង់​រស់​ទេ​»។ ១០  ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ស្ដាយ​ចំពោះ​ដើម​ឃ្លោក​ដែល​អ្នក​មិន​បាន​ដាំ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​លូត​លាស់​ឡើង​ដែរ។ វា​បាន​ដុះ​ឡើង​ក្នុង​រយៈ​ពេល​តែ​មួយ​យប់ ហើយ​ក៏​ងាប់​ទៅ​វិញ​ក្នុង​រយៈ​ពេល​មួយ​យប់​ដែរ។ ១១  ដូច្នេះ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្ដាយ​ក្រុង​នីនីវេ ជា​ក្រុង​ដ៏​ធំ+ដែល​មាន​មនុស្ស​១២០.០០០​នាក់​ដែល​មិន​ស្គាល់​ខុស​មិន​ស្គាល់​ត្រូវ ព្រម​ទាំង​សត្វ​ជា​ច្រើន​របស់​ពួក​គេ​ទេ​ឬ?​»។+

កំណត់សម្គាល់

ឬ​«​សេចក្ដី​សប្បុរស​»​