លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភ័ស្តុតាង​ពី​បុរាណ​វត្ថុ​វិទ្យា​បញ្ជាក់​ថា​ស្ដេច​ដាវីឌ​ពិត​ជា​ធ្លាប់​រស់​នៅ​មែន

ភ័ស្តុតាង​ពី​បុរាណ​វត្ថុ​វិទ្យា​បញ្ជាក់​ថា​ស្ដេច​ដាវីឌ​ពិត​ជា​ធ្លាប់​រស់​នៅ​មែន

 យោង​ទៅ​តាម​កំណត់​ហេតុ​ក្នុង​គម្ពីរ ដាវីឌ​ដែល​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​រស់​នៅ​សតវត្សរ៍​ទី​១១ មុន​គ.ស. ហើយ​កូន​ចៅ​របស់​គាត់​ក៏​បាន​គ្រប់​គ្រង​ទី​នោះ​អស់​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ដែរ។ ប៉ុន្តែ អ្នក​ខ្លះ​បាន​អះអាង​ថា​ដាវីឌ​មិន​ធ្លាប់​មាន​ជីវិត​រស់​នៅ​ទេ គាត់​គ្រាន់​តែ​ជា​តួ​អង្គ​ដែល​គេ​បាន​ប្រឌិត​ឡើង​ក្នុង​រឿង​និទាន​ប៉ុណ្ណោះ។ តើ​ស្ដេច​ដាវីឌ​គឺ​ជា​បុគ្គល​ពិត​ឬ​ជា​តួ​អង្គ​ដែល​គេ​ប្រឌិត​ឡើង?

 នៅ​ឆ្នាំ​១៩៩៣ បុរាណ​វត្ថុ​វិទូ​ម្នាក់​ឈ្មោះ​អឺវើហាំ ប៊ីរ៉ាន និង​ក្រុម​ការ​ងារ​របស់​គាត់ បាន​រក​ឃើញ​បន្ទះ​ថ្ម​មួយ​នៅ​ទួល​ដាន់​ដែល​នៅ​ភាគ​ខាង​ជើង​ស្រុក​អ៊ីស្រាអែល។ លើ​បន្ទះ​ថ្ម​នោះ​មាន​ឆ្លាក់​អក្សរ​ថា​«​ក្រុម​គ្រួសារ​របស់​ដាវីឌ​»។ នោះ​ជា​តួ​អក្សរ​នៅ​សម័យ​បុរាណ ដែល​មាន​អាយុ​កាល​តាំង​ពី​សតវត្សរ៍​ទី​៩ មុន​គ.ស.។ តាម​មើល​ទៅ​បន្ទះ​ថ្ម​នោះ​ជា​ផ្នែក​មួយ​នៃ​រូប​ចម្លាក់​ដែល​ឆ្លាក់​ដោយ​ជន​ជាតិ​អេរ៉ាម ដើម្បី​អួត​សម្ញែង​អំពី​ជ័យ​ជម្នះ​របស់​ពួក​គេ​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល។

 អត្ថបទ​មួយ​នៅ​ក្នុង​គេហទំព័រ​ប្រវត្តិសាស្ត្រ​គម្ពីរ​ប្រចាំ​ថ្ងៃ បាន​រៀប​រាប់​ថា​៖​«​អ្នក​ខ្លះ​មិន​ជឿ​ថា​អក្សរ​ចារឹក​នេះ​បញ្ជាក់​ថា​ដាវីឌ​ធ្លាប់​រស់​នៅ​ទេ . . . ។ ប៉ុន្តែ បណ្ឌិត​គម្ពីរ​និង​បុរាណ​វត្ថុ​វិទូ​ភាគ​ច្រើន​ព្រម​ទទួល​ស្គាល់​ថា​បន្ទះ​ថ្ម​ដែល​គេ​រក​ឃើញ​នៅ​ទួល​ដាន់​នោះ គឺ​ជា​ភ័ស្តុតាង​សំខាន់​មួយ​ដែល​បញ្ជាក់​ថា ស្ដេច​ដាវីឌ​ដែល​រៀប​រាប់​ក្នុង​គម្ពីរ​គឺ​ធ្លាប់​រស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មែន។ នេះ​ជា​ការ​រក​ឃើញ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ការ​រក​ឃើញ​ឯ​ទៀត ដែល​រៀប​រាប់​ដោយ​ព័ត៌មាន​ខាង​វិទ្យា​សាស្ត្រ​ទាក់​ទង​នឹង​បុរាណ​វត្ថុ​វិទ្យា​ខាង​គម្ពីរ​»។