លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យ«ច្បាប់នៃសេចក្ដីសប្បុរស»ជំរុញចិត្តអ្នក

ចូរឲ្យ«ច្បាប់នៃសេចក្ដីសប្បុរស»ជំរុញចិត្តអ្នក

បង​ស្រី​លីសា *និយាយ​ថា​៖ ​«​សេចក្ដី​សប្បុរស​របស់​បង​ប្អូន​គ្រិស្ត​សាសនិក គឺ​ជា​អ្វី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​មក​លើ​ខ្ញុំ​»។ គាត់​កំពុង​និយាយ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​សេចក្ដី​ពិត​នៅ​ដើម​ដំបូង។ បង​ស្រី​អាន​មាន​បទ​ពិសោធន៍​ស្រដៀង​នឹង​នេះ​ដែរ។ គាត់​បាន​សារភាព​ថា​៖ ​«​នៅ​ដើម​ដំបូង អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​សេចក្ដី​ពិត គឺ​សេចក្ដី​សប្បុរស​របស់​សាក្សី​ព្រះ​យេហូវ៉ា ជា​ជាង​អ្វី​ដែល​ពួក​គេ​បាន​បង្រៀន​»។ ឥឡូវ បង​ស្រី​ទាំង​ពីរ​នាក់​នេះ​ចូល​ចិត្ត​អាន​និង​រំពឹង​គិត​អំពី​គម្ពីរ ប៉ុន្តែ​នៅ​ដើម​ដំបូង គឺ​សេចក្ដី​សប្បុរស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ពួក​គាត់។

តើ​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ដែល​នឹង​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​យើង​តាម​របៀប​ណា​ខ្លះ? សូម​យើង​ពិចារណា​របៀប​ពីរ​យ៉ាង គឺ​តាម​រយៈ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង។ បន្ទាប់​មក យើង​នឹង​ពិចារណា​ថា​តើ​យើង​គួរ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ណា?

​«​ច្បាប់​នៃ​សេចក្ដី​សប្បុរស​»​នៅ​លើ​អណ្ដាត​អ្នក

ប្រពន្ធ​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សុភាសិត ជំពូក​៣១ មាន​«​ច្បាប់​នៃ​សេចក្ដី​សប្បុរស​នៅ​លើ​អណ្ដាត​នាង​»។ (​សុភ. ៣១:២៦, កំ.ស.​) នាង​ឲ្យ​«​ច្បាប់​»​នេះ​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​នាង​និយាយ ព្រម​ទាំង​របៀប​ដែល​នាង​និយាយ។ ឪពុក​ទាំង​ឡាយ​ក៏​គួរ​មាន​«​ច្បាប់​»​នេះ​នៅ​លើ​អណ្ដាត​របស់​ពួក​គេ​ដែរ។ ឪពុក​ម្ដាយ​ភាគ​ច្រើន​ដឹង​ច្បាស់​ថា ការ​ប្រើ​ពាក្យ​ឥត​មេត្តា​អាច​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​កូន។ បើ​ឪពុក​ម្ដាយ​និយាយ​កំបុត​ៗ​ដោយ​គ្មាន​ភាព​កក់​ក្ដៅ កូន​របស់​ពួក​គេ​នឹង​ទំនង​ជា​មាន​ប្រតិកម្ម​មិន​ល្អ។ ប៉ុន្តែ ពេល​ឪពុក​ម្ដាយ​និយាយ​ដោយ​សប្បុរស កូន​ៗ​នឹង​ស្រួល​ស្ដាប់​និង​ធ្វើ​តាម​ជាង។

មិន​ថា​អ្នក​ជា​ឪពុក​ម្ដាយ​ឬ​មិន​មែន​ក្ដី តើ​អ្នក​អាច​រៀន​ឲ្យ​ចេះ​និយាយ​ដោយ​សប្បុរស​យ៉ាង​ដូច​ម្ដេច? ផ្នែក​ដំបូង​នៃ​សុភាសិត ៣១:២៦​បង្ហើប​ឲ្យ​យើង​ដឹង។ ខ​នោះ​ចែង​ថា​៖ ​«​នាង​និយាយ​ដោយ​ប្រាជ្ញា​»។ នេះ​ក៏​រួម​បញ្ចូល​ការ​គិត​ទុក​ជា​មុន​អំពី​ពាក្យ​សម្ដី​និង​ទំហំ​សំឡេង​របស់​យើង។ ដើម្បី​ជួយ​យើង សូម​សួរ​ខ្លួន​ថា ‹តើ​អ្វី​ដែល​ខ្ញុំ​ហៀប​នឹង​និយាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ខឹង ឬ​តើ​នោះ​នឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព?›។ (​សុភ. ១៥:១​) មែន​ហើយ គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​គិត​មុន​និយាយ។

សុភាសិត​មួយ​ទៀត​ចែង​ថា​៖ ​«​ការ​និយាយ​ដោយ​ឥត​គិត​ពិចារណា ប្រៀប​ដូច​ជា​ការ​ចាក់​ដោយ​ដាវ​»។ (​សុភ. ១២:១៨​) ការ​គិត​អំពី​ឥទ្ធិពល​ដែល​ពាក្យ​សម្ដី​និង​ទំហំ​សំឡេង​របស់​យើង​អាច​មាន​ទៅ​លើ​អ្នក​ឯ​ទៀត អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​យើង។ ពេល​ដែល​យើង​និយាយ​ស្រប​តាម​«​ច្បាប់​នៃ​សេចក្ដី​សប្បុរស​»​ យើង​នឹង​មិន​ប្រើ​ពាក្យ​ដែល​នាំ​ឲ្យ​ឈឺ​ចិត្ត ឬ​និយាយ​ដោយ​មិន​សប្បុរស​ឡើយ។ (​អេភ. ៤:៣១, ៣២​) យើង​នឹង​ជំនួស​គំនិត​និង​ពាក្យ​សម្ដី​មិន​ល្អ ដោយ​ពាក្យ​សម្ដី​ល្អ​ឬ​សប្បុរស​ដែល​មាន​ទំហំ​សំឡេង​កក់​ក្ដៅ។ ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ស្ដី​អំពី​រឿង​នេះ ពេល​ដែល​លោក​ពង្រឹង​កម្លាំង​របស់​អេលីយ៉ា​ដែល​ជា​អ្នក​បម្រើ​របស់​លោក​ដែល​ភ័យ​ខ្លាច។ ទេវតា​ដែល​ជា​តំណាង​ព្រះ​យេហូវ៉ា​បាន​និយាយ​ដោយ​«​សំឡេង​ស្រាល​ស្រទន់​»។ (​១បស. ១៩:១២​) ប៉ុន្តែ ការ​បង្ហាញ​សេចក្ដី​សប្បុរស មិន​គ្រាន់​តែ​រួម​បញ្ចូល​ការ​និយាយ​ដោយ​សប្បុរស​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​ប្រព្រឹត្ត​ដោយ​សប្បុរស​ផង​ដែរ។ តើ​តាម​របៀប​ណា?

ការ​ប្រព្រឹត្ត​ដោយ​សប្បុរស​ជំរុញ​ចិត្ត​អ្នក​ឯ​ទៀត

យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​និយាយ​ពាក្យ​សប្បុរស និង​ដោយ​ប្រព្រឹត្ត​សប្បុរស។ (​អេភ. ៤:៣២; ៥:១, ២​) បង​លីសា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​ពណ៌នា​អំពី​សេចក្ដី​សប្បុរស​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចំពោះ​គាត់។ គាត់​និយាយ​ថា​៖ ​«​ពេល​ក្រុម​គ្រួសារ​យើង​ត្រូវ​រើ​ផ្ទះ​ភ្លាម​ៗ ប្ដី​ប្រពន្ធ​ពីរ​គូ​ក្នុង​ក្រុម​ជំនុំ​បាន​សុំ​ច្បាប់​ពី​ការ​ងារ​ដើម្បី​ជួយ​រៀបចំ​អីវ៉ាន់​យើង។ នៅ​ពេល​នោះ ខ្ញុំ​មិន​ទាន់​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ទេ​»។ ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​ទាំង​នោះ បាន​ជំរុញ​ចិត្ត​បង​លីសា​ឲ្យ​ពិនិត្យ​ពិចារណា​អំពី​សេចក្ដី​ពិត​យ៉ាង​ដិត​ដល់​ជាង។

បង​អាន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ ក៏​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​សប្បុរស​ដែល​សាក្សី​បាន​បង្ហាញ​ចំពោះ​គាត់​ដែរ។ គាត់​បាន​កត់​សម្គាល់​ថា​៖ ​«​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ជា​ទូទៅ​ក្នុង​សង្គម ខ្ញុំ​មិន​ងាយ​ទុក​ចិត្ត​អ្នក​ឯ​ទៀត​ទេ​»។ គាត់​បាន​បន្ត​ថា​៖ ​«​ពេល​ខ្ញុំ​បាន​ជួប​សាក្សី ខ្ញុំ​សង្ស័យ​ពួក​គេ។ ខ្ញុំ​ឆ្ងល់​ថា ‹ម៉េច​បាន​ជា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ?›។ ប៉ុន្តែ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​អ្នក​បង្រៀន​គម្ពីរ​ខ្ញុំ បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ទុក​ចិត្ត​គាត់​»។ តើ​នោះ​មាន​លទ្ធផល​ល្អ​អ្វី? បង​អាន​ឆ្លើយ​ថា​៖ ​«​ក្រោយ​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​រៀន​»។

សូម​កត់​សម្គាល់​ថា​បង​លីសា​និង​បង​អាន​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​និង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​បុគ្គល​ក្នុង​ក្រុម​ជំនុំ ហើយ​នោះ​បាន​ជួយ​ពួក​គាត់​ឲ្យ​ចង់​រៀន​អំពី​សេចក្ដី​ពិត។ សេចក្ដី​សប្បុរស​ដែល​ក្រុម​ជំនុំ​បាន​បង្ហាញ​ចំពោះ​ពួក​គាត់ បាន​ជួយ​ពួក​គាត់​ឲ្យ​ចាប់​ផ្ដើម​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​លោក។

ចូរ​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​សប្បុរស​ដូច​ព្រះ​ចំពោះ​អ្នក​ឯ​ទៀត

មនុស្ស​ខ្លះ​ចេះ​ញញឹម​រាក់​ទាក់​និង​ប្រើ​ពាក្យ​សប្បុរស ដោយ​សារ​របៀប​ដែល​ពួក​គេ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ ឬ​កន្លែង​ដែល​ពួក​គេ​រស់​នៅ។ ការ​ចេះ​គួរ​សម​បែប​នេះ​ដែល​ផុស​ចេញ​ពី​វប្បធម៌ ឬ​ដែល​ជា​ចរិត​ធម្មជាតិ គឺ​គួរ​ឲ្យ​សរសើរ​មែន ប៉ុន្តែ​បើ​មាន​តែ​អ្វី​ទាំង​នេះ​ជំរុញ​ចិត្ត​យើង យើង​ប្រហែល​ជា​មិន​មែន​ជា​បុគ្គល​សប្បុរស​ដូច​ព្រះ​ទេ។—សូម​ពិនិត្យ​បន្ថែម សកម្មភាព ២៨:២

សេចក្ដី​សប្បុរស​ពិត​ប្រាកដ គឺ​ជា​គុណ​សម្បត្តិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ (​កាឡ. ៥:២២, ២៣​) ដូច្នេះ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​នេះ យើង​ត្រូវ​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​ជះ​ឥទ្ធិពល​លើ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ម្យ៉ាង​ទៀត​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត។ ដូច្នេះ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​អ្នក​ឯ​ទៀត​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ពិត។ យ៉ាង​នេះ សេចក្ដី​សប្បុរស​របស់​យើង​ទៅ​ជា​គុណ​សម្បត្តិ​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​ផុស​ចេញ​ពី​ចិត្ត ហើយ​ជា​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត។

តើ​យើង​គួរ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ណា?

គឺ​ប្រហែល​ជា​ស្រួល​ឲ្យ​យើង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ពួក​អ្នក​ដែល​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​យើង ឬ​ចំពោះ​ពួក​អ្នក​ដែល​យើង​ស្គាល់។ (​២សាំ. ២:៦​) របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​គឺ​ដោយ​អរគុណ​ពួក​គេ។ (​កូឡ. ៣:១៥​) ប៉ុន្តែ ចុះ​បើ​យើង​មាន​អារម្មណ៍​ថា​បុគ្គល​ណា​ម្នាក់​មិន​សម​នឹង​ទទួល​សេចក្ដី​សប្បុរស?

សូម​គិត​អំពី​ចំណុច​នេះ​៖ ព្រះ​យេហូវ៉ា​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​បង្ហាញ​សេចក្ដី​សប្បុរស​ឬ​គុណ​ដ៏​វិសេស​លើស​លប់ ហើយ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក បង្រៀន​យើង​នូវ​មេ​រៀន​ដ៏​សំខាន់​អំពី​ការ​បង្ហាញ​គុណ​សម្បត្តិ​នេះ។ ពាក្យ​«​គុណ​ដ៏​វិសេស​លើស​លប់​»​បាន​ត្រូវ​ប្រើ​ច្រើន​ដង​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ តើ​ព្រះ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​យើង​តាម​របៀប​ណា?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​សប្បុរស​ដល់​មនុស្ស​ទាំង​អស់​ដោយ​ផ្ដល់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​រស់​នៅ។ (​ម៉ាថ. ៥:៤៥​) លោក​ក៏​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​មនុស្សជាតិ​មុន​ដែល​ពួក​គេ​ស្គាល់​លោក​ទៅ​ទៀត។ (​អេភ. ២:៤, ៥,​) ជា​ឧទាហរណ៍ លោក​បាន​ឲ្យ​អ្វី​ល្អ​បំផុត​ដល់​មនុស្ស​ទាំង​អស់ គឺ​បុត្រ​តែ​មួយ​គត់​របស់​លោក។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ថ្លៃ​លោះ ​«​ដោយសារ​ភាព​បរិបូរ​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​»។ (​អេភ. ១:៧​) ម្យ៉ាង​ទៀត ទោះ​ជា​យើង​ធ្វើ​ខុស​និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខក​ចិត្ត​ក្ដី លោក​បន្ត​ណែនាំ​និង​បង្រៀន​យើង។ ដំបូន្មាន​និង​សម្ដី​របស់​លោក គឺ​ប្រៀប​ដូច​ជា​«​ភ្លៀង​រលឹម​»។ (​បច. ៣២:២​) យើង​មិន​អាច​តប​ស្នង​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​សប្បុរស​ទាំង​អស់​របស់​លោក​មក​លើ​យើង​ទេ។ បើ​ព្រះ​យេហូវ៉ា​មិន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ចំពោះ​យើង នោះ​យើង​មុខ​ជា​គ្មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ទេ។—សូម​ពិនិត្យ​បន្ថែម ពេត្រុស​ទី​១ ១:១៣

ច្បាស់​ណាស់ សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា​គឺ​ទាក់​ទាញ​ចិត្ត​យើង និង​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​សេចក្ដី​សប្បុរស​ដែរ។ ហេតុ​នេះ ជា​ជាង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​តែ​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ យើង​គួរ​ព្យាយាម​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​អ្នក​ឯ​ទៀត​ជា​រៀង​រាល់​ថ្ងៃ។ (​១ថែ. ៥:១៥​) ពេល​យើង​បង្ហាញ​សេចក្ដី​សប្បុរស​ជា​រឿយ​ៗ យើង​ប្រៀប​ដូច​ជា​ភ្នក់​ភ្លើង​នៅ​ថ្ងៃ​ត្រជាក់ ក្នុង​ន័យ​ថា​យើង​សម្រាល​ទុក្ខ​សមាជិក​គ្រួសារ​យើង អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ និង​អ្នក​ជិត​ខាង។

សូម​គិត​អំពី​សមាជិក​ក្រុម​គ្រួសារ ឬ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​អាច​ទទួល​ប្រយោជន៍​ពី​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​សប្បុរស​របស់​អ្នក។ នៅ​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​មាន​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ​ផ្សេង​ៗ ដូច​ជា​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ ថែ​សួន ឬ​ទៅ​ផ្សារ​ជា​ដើម។ បន្ថែម​ពី​នេះ​ទៅ​ទៀត ពេល​អ្នក​ជួប​បុគ្គល​ណា​ម្នាក់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ឃើញ​ថា​គាត់​ត្រូវ​ការ​ជំនួយ តើ​អ្នក​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​គាត់​ឬ​ទេ?

ដូច​ព្រះ​យេហូវ៉ា សូម​ឲ្យ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​ប្រកប​ដោយ​«​ច្បាប់​នៃ​សេចក្ដី​សប្បុរស​»​ជា​និច្ច។

^ ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។