អត្ថបទសិក្សា ២៥
ព្រះយេហូវ៉ាឲ្យពរពួកអ្នកដែលអភ័យទោសឲ្យអ្នកឯទៀត
«ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ។ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវធ្វើដូច្នោះដែរ»។—កូឡ. ៣:១៣
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាសន្យាអ្វីនឹងអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត?
ទោះជាព្រះយេហូវ៉ាជាអ្នកបង្កើត អ្នកតែងច្បាប់ និងចៅក្រមរបស់យើងក្ដី លោកក៏ជាបិតានៅស្ថានសួគ៌ដែលស្រឡាញ់យើងដែរ។ (ចសព. ១០០:៣; អេ. ៣៣:២២) ពេលយើងធ្វើខុសនឹងព្រះយេហូវ៉ា តែក្រោយមកប្រែចិត្តយ៉ាងស្មោះ លោកមិនគ្រាន់តែអាចអភ័យទោសឲ្យយើងប៉ុណ្ណោះទេ តែលោកក៏ចង់ធ្វើដូច្នេះដែរ។ (ចសព. ៨៦:៥) តាមរយៈអេសាយដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានផ្ដល់ការធានាដ៏កក់ក្ដៅនេះថា៖ «ទោះជាអំពើខុសឆ្គងរបស់អ្នករាល់គ្នាដូចជាពណ៌ក្រហមឆ្អៅក្ដី ក៏នឹងប្រែទៅជាសក្បុសដូចព្រិលបានដែរ»។—អេ. ១:១៨
២. បើយើងចង់មានសន្តិភាពជាមួយអ្នកឯទៀត តើយើងត្រូវធ្វើអ្វី?
២ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងទាំងអស់គ្នានិយាយនិងធ្វើអ្វីដែលនាំឲ្យអ្នកឯទៀតឈឺចិត្ត។ (យ៉ា. ៣:២) ប៉ុន្តែ នេះមិនមានន័យថាយើងមិនអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយពួកគេឡើយ។ យើងអាចធ្វើបាន បើយើងរៀនឲ្យចេះអភ័យទោស។ (សុភ. ១៧:៩; ១៩:១១; ម៉ាថ. ១៨:២១, ២២) បើបុគ្គលណាម្នាក់និយាយឬធ្វើអ្វីតិចតួចដែលនាំឲ្យយើងឈឺចិត្ត ព្រះយេហូវ៉ាចង់ឲ្យយើងអភ័យទោសឲ្យអ្នកនោះ។ (កូឡ. ៣:១៣) យើងមានមូលហេតុល្អឲ្យធ្វើដូច្នេះ គឺដោយសារព្រះយេហូវ៉ាអភ័យទោសឲ្យយើង«ជាបរិបូរ»ដោយគ្មានល័ក្ខខ័ណ្ឌ។—អេ. ៥៥:៧
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលមនុស្សមិនល្អឥតខ្ចោះអាចអភ័យទោសឲ្យអ្នកឯទៀត ដូចព្រះយេហូវ៉ា។ ប៉ុន្តែ តើយើងត្រូវប្រាប់ពួកអ្នកចាស់ទុំអំពីអំពើខុសឆ្គងណាខ្លះ? ហេតុអ្វីព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យអភ័យ ទោសអ្នកឯទៀត? តើយើងអាចរៀនអ្វីពីបងប្អូនខ្លះរបស់យើងដែលរងទុក្ខយ៉ាងខ្លាំង ដោយសារអំពើខុសឆ្គងរបស់អ្នកឯទៀត?
ពេលគ្រិស្តសាសនិកប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ
៤. (ក) ពេលអ្នកបម្រើព្រះយេហូវ៉ាប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ តើគាត់ត្រូវធ្វើអ្វី? (ខ) តើពួកអ្នកចាស់ទុំមានភារកិច្ចអ្វី ពេលពួកគេនិយាយជាមួយអ្នកប្រព្រឹត្តអំពើខុសឆ្គង?
៤ យើងគួរប្រាប់ពួកអ្នកចាស់ទុំពេលបុគ្គលណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ អំពើទាំងនោះខ្លះបានត្រូវរៀបរាប់នៅកូរិនថូសទី១ ៦:៩, ១០។ អំពើខុសឆ្គងធ្ងន់ធ្ងរ គឺបំពានច្បាប់របស់ព្រះយ៉ាងខ្លាំង។ បើគ្រិស្តសាសនិកណាម្នាក់ប្រព្រឹត្តអំពើខុសឆ្គងណាមួយបែបនេះ គាត់ត្រូវអធិដ្ឋានសុំការអភ័យទោសពីព្រះយេហូវ៉ា ហើយត្រូវប្រាប់អ្នកចាស់ទុំក្នុងក្រុមជំនុំ។ (ចសព. ៣២:៥; យ៉ា. ៥:១៤) តើពួកអ្នកចាស់ទុំមានភារកិច្ចអ្វី? មានតែព្រះយេហូវ៉ាប៉ុណ្ណោះមានសិទ្ធិអភ័យទោសឲ្យទាំងស្រុងចំពោះអំពើខុសឆ្គង ហើយលោកអភ័យទោសឲ្យយើងដោយមានមូលដ្ឋានលើគ្រឿងបូជាលោះ។ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រគល់ភារកិច្ចឲ្យពួកអ្នកចាស់ទុំពិនិត្យពិចារណាពីគម្ពីរថា អ្នកប្រព្រឹត្តអំពើខុសឆ្គងអាចបន្តនៅក្នុងក្រុមជំនុំឬយ៉ាងណា។ (១កូ. ៥:១២) ដើម្បីធ្វើដូច្នេះ អ្វីមួយដែលពួកគេធ្វើ គឺព្យាយាមស្វែងរកចម្លើយចំពោះសំណួរដូចតទៅនេះ៖ តើបុគ្គលនោះបានប្រព្រឹត្តអំពើខុសឆ្គងដោយចេតនាឬ? តើគាត់ព្យាយាមលាក់បាំងអំពើខុសឆ្គងនោះពីអ្នកឯទៀតឬទេ? តើគាត់ប្រព្រឹត្តអំពើខុសឆ្គងដដែលៗអស់មួយរយៈពេលឬ? សំខាន់បំផុត តើមានភ័ស្តុតាងដែលបញ្ជាក់ថាគាត់ប្រែចិត្តយ៉ាងស្មោះឬទេ? តើមានទីសំអាងដែលបញ្ជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់ឬ?—សកម្ម. ៣:១៩
៥. ពេលអ្នកចាស់ទុំព្យាយាមជួយអ្នកប្រព្រឹត្តអំពើខុសឆ្គង តើក្រុមជំនុំទាំងមូលទទួលប្រយោជន៍យ៉ាងណា?
៥ ពេលពួកអ្នកចាស់ទុំជួបជាមួយអ្នកប្រព្រឹត្តអំពើខុសឆ្គង គោលដៅរបស់ពួកគេគឺធ្វើការសម្រេចចិត្តនៅផែនដីឲ្យដូចការសម្រេចចិត្តដែលព្រះយេហូវ៉ាបានធ្វើរួចហើយនៅស្ថានសួគ៌។ (ម៉ាថ. ១៨:១៨) តើការរៀបចំនេះមានប្រយោជន៍យ៉ាងណាដល់ក្រុមជំនុំ? គឺការពារក្រុមជំនុំដោយធ្វើឲ្យប្រាកដថាអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តមិនអាចបន្តនៅក្នុងក្រុមជំនុំ និងបង្ខូចអ្នកបម្រើដ៏មានតម្លៃរបស់ព្រះយេហូវ៉ាឡើយ។ (១កូ. ៥:៦, ៧, ១១-១៣; ទីត. ៣:១០, ១១) ការរៀបចំនោះក៏ប្រហែលជាជួយអ្នកប្រព្រឹត្តអំពើខុសឆ្គងឲ្យប្រែចិត្តនិងទទួលការអភ័យទោសពីព្រះយេហូវ៉ា។ (លូក. ៥:៣២) ពួកអ្នកចាស់ទុំអធិដ្ឋានឲ្យបុគ្គលដែលប្រែចិត្ត ហើយសុំព្រះយេហូវ៉ាជួយបុគ្គលនោះឲ្យមានចំណងមិត្តភាពជាមួយលោកឡើងវិញ។—យ៉ា. ៥:១៥
៦. បើបុគ្គលណាម្នាក់បានត្រូវបណ្ដាច់មិត្តភាព តើព្រះយេហូវ៉ានៅតែអាចអភ័យទោសឲ្យគាត់ឬទេ? សូមពន្យល់។
៦ ឧបមាថា បុគ្គលម្នាក់មិនប្រែចិត្តពេលពួកអ្នកចាស់ទុំជួបគាត់។ ក្នុងករណីនោះ គាត់នឹងត្រូវបណ្ដាច់មិត្តភាពចេញពីក្រុមជំនុំ។ បើគាត់បានបំពានច្បាប់របស់រដ្ឋាភិបាល ពួកអ្នកចាស់ទុំនឹងមិនការពារគាត់ពីលទ្ធផលនៃទង្វើអាក្រក់របស់គាត់ឡើយ។ ព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកអាជ្ញាធរមានសិទ្ធិវិនិច្ឆ័យនិងដាក់ទោសអស់អ្នកដែលបំពានច្បាប់ មិនថាបុគ្គលនោះប្រែចិត្តឬមិនប្រែចិត្តក្ដី។ (រ៉ូម ១៣:៤) ប៉ុន្តែបើក្រោយមក បុគ្គលនោះភ្ញាក់ខ្លួនដឹងកំហុស ហើយកែប្រែគំនិតនិងការប្រព្រឹត្តរបស់គាត់ ព្រះយេហូវ៉ាសុខចិត្តអភ័យទោសឲ្យគាត់។ (លូក. ១៥:១៧-២៤) សូម្បីតែបុគ្គលនោះបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ក៏លោកនៅតែអាចអភ័យទោសឲ្យគាត់ដែរ។—២ប្រ. ៣៣:៩, ១២, ១៣; ១ធី. ១:១៥
៧. តើយើងអាចអភ័យទោសឲ្យបុគ្គលដែលបានធ្វើខុសនឹងយើងក្នុងន័យយ៉ាងណា?
៧ យើងធូរស្រាលក្នុងចិត្តដោយដឹងថា យើងមិនមែនជាអ្នកសម្រេចចិត្តថាព្រះយេហូវ៉ានឹងអភ័យទោសឬមិនអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងទេ! ប៉ុន្តែ មានអ្វីមួយដែលយើងត្រូវសម្រេចចិត្ត។ តើនោះជាអ្វី? ក្នុងករណីខ្លះ បុគ្គលម្នាក់ប្រហែលជាធ្វើខុសនឹងយើង ប៉ុន្តែក្រោយមកគាត់សុំទោសនិងសុំយើងអត់ទោសឲ្យគាត់។ រីឯអ្នកផ្សេងទៀត ប្រហែលជាមិនសុំទោសយើងទេ។ ទោះជាយ៉ាងនេះក៏ដោយ យើងអាចសម្រេចចិត្តអភ័យទោសឲ្យបុគ្គលនោះ ក្នុងន័យថាយើងសម្រេចចិត្តលះចោលគំនុំនិងកំហឹងណាដែលយើងមានចំពោះគាត់។ តាមពិត នេះប្រហែលជាត្រូវការពេលនិងការខំប្រឹង ជាពិសេសបើយើងឈឺចិត្តយ៉ាងខ្លាំង។ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៤ ចែងថា៖ ‹នៅពេលដែលអ្នកអត់ឱនទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គង នេះមិនមានសេចក្ដីថាអ្នកលើកទោសអំពើខុសឆ្គងនោះទេ។ ចំពោះគ្រិស្តសាសនិក ការអត់ឱនទោសឲ្យមានន័យថា យើងទុករឿងនេះនៅដៃរបស់ព្រះយេហូវ៉ាដោយទុកចិត្ត។ លោកជាចៅក្រមដ៏សុចរិតនៅក្នុងសកលលោក ហើយលោកនឹងចាត់វិធានការរកយុត្តិធម៌នៅពេលត្រឹមត្រូវ›។ ហេតុអ្វីព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យអភ័យទោសឲ្យអ្នកឯទៀត ហើយទុករឿងនេះនៅក្នុងដៃរបស់លោកដើម្បីឲ្យលោករកយុត្តិធម៌ឲ្យ?
ហេតុអ្វីព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យអភ័យទោស?
៨. តើតាមរបៀបណាការអភ័យទោសបង្ហាញថាយើងមានចិត្តកតញ្ញូចំពោះសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា?
៨ ការអភ័យទោសបង្ហាញអំពីចិត្តកតញ្ញូដែលយើងមានចំពោះសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា។ ក្នុងឧទាហរណ៍មួយ លោកយេស៊ូបានប្រដូចព្រះយេហូវ៉ាទៅនឹងម្ចាស់ម្នាក់ដែលលុបបំណុលច្រើនរបស់ខ្ញុំបម្រើម្នាក់ដែលគ្មានលទ្ធភាពសង។ ប៉ុន្តែ ខ្ញុំបម្រើនោះប្រព្រឹត្តដោយគ្មានមេត្តាករុណាចំពោះខ្ញុំបម្រើម្នាក់ដែលជំពាក់គាត់តិចជាងនោះឆ្ងាយណាស់។ (ម៉ាថ. ១៨:២៣-៣៥) តើលោកយេស៊ូបង្រៀនយើងអំពីអ្វី? បើយើងពិតជាមានចិត្តកតញ្ញូចំពោះសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ព្រះយេហូវ៉ាមកលើយើង នោះនឹងជំរុញចិត្តយើងឲ្យអភ័យទោសអ្នកឯទៀត។ (ចសព. ១០៣:៩) ច្រើនឆ្នាំមុន ទស្សនាវដ្ដីប៉មយាមមួយចែងអំពីចំណុចនេះថា៖ «មិនថាយើងអភ័យទោសឲ្យអ្នកឯទៀតច្រើនដងយ៉ាងណាក៏ដោយ នោះមិនអាចស្មើនឹងការអភ័យទោសនិងសេចក្ដីមេត្តាករុណារបស់ព្រះចំពោះយើង តាមរយៈគ្រិស្តឡើយ»។
៩. តើព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នកណា? (ម៉ាថាយ ៦:១៤, ១៥)
៩ អ្នកដែលអភ័យទោសឲ្យអ្នកឯទៀតនឹងទទួលការអភ័យទោស។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះពួកអ្នកដែលបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកឯទៀត។ (ម៉ាថ. ៥:៧; យ៉ា. ២:១៣) លោកយេស៊ូបង្ហាញយ៉ាងច្បាស់អំពីចំណុចនេះ ពេលដែលលោកបង្រៀនពួកអ្នកកាន់តាមលោកអំពីរបៀបអធិដ្ឋាន។ (សូមអាន ម៉ាថាយ ៦:១៤, ១៥) យើងទាញយកមេរៀនស្រដៀងនឹងនេះពីអ្វីដែលព្រះយេហូវ៉ាបានប្រាប់យ៉ូបដែលជាអ្នកបម្រើលោក។ បុរសស្មោះត្រង់នេះបានឈឺចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្ដីមិនសប្បុរសរបស់បុរសបីនាក់ឈ្មោះអេលីផាស ប៊ីលដាឌ និងសូផារ។ ព្រះយេហូវ៉ាបានប្រាប់យ៉ូបឲ្យអធិដ្ឋានឲ្យពួកគេ។ ក្រោយពីយ៉ូបបានធ្វើដូច្នេះ ព្រះយេហូវ៉ាបានឲ្យពរគាត់។—យ៉ូប ៤២:៨-១០
១០. ហេតុអ្វីការចងគំនុំនាំឲ្យមានផលមិនល្អចំពោះខ្លួន? (អេភេសូរ ៤:៣១, ៣២)
១០ ការចងគំនុំគឺនាំឲ្យមានផលមិនល្អ។ ព្រះយេហូវ៉ាចង់ឲ្យយើងលះចោលគំនុំដែលប្រៀបដូចជាបន្ទុកដ៏ធ្ងន់ ដើម្បីយើងអាចមានអារម្មណ៍ធូរស្រាលក្នុងចិត្ត។ (សូមអាន អេភេសូរ ៤:៣១, ៣២) ព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យ«បោះបង់ចោលកំហឹងនិងចិត្តក្រេវក្រោធ»។ (ចសព. ៣៧:៨) បើយើងធ្វើតាមយោបល់នេះ យើងនឹងទទួលប្រយោជន៍។ ការចងគំនុំអាចប៉ះពាល់ដល់សុខភាព និងផ្លូវចិត្តយើង។ (សុភ. ១៤:៣០) ការចងគំនុំមិនប៉ះពាល់ដល់អ្នកដែលធ្វើឲ្យយើងទើសចិត្តទេ ដូចបើយើងផឹកថ្នាំពុល វាមិនប៉ះពាល់ដល់គាត់ឡើយ។ វាធ្វើឲ្យយើងផ្ទាល់រងទុក្ខ។ ប៉ុន្តែ ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងកំពុងជួយខ្លួនឯង។ (សុភ. ១១:១៧) យ៉ាងនេះ យើងអាចមានសេចក្ដីសុខសាន្តក្នុងចិត្ត និងបន្តជឿនទៅមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ា។
១១. តើគម្ពីរចែងយ៉ាងណាអំពីការសងសឹក? (រ៉ូម ១២:១៩-២១)
១១ ការសងសឹកគឺជារបស់ព្រះយេហូវ៉ា។ លោកមិនបានឲ្យយើងមានសិទ្ធិដាក់ទោសអ្នកដែលធ្វើខុសនឹងយើងទេ។ (សូមអាន រ៉ូម ១២:១៩-២១) ការយល់ឃើញរបស់យើងមានកម្រិតនិងមិនល្អឥតខ្ចោះ ហេតុនេះយើងមិនអាចវិនិច្ឆ័យយ៉ាងត្រឹមត្រូវដូចព្រះបានទេ។ (ហេ. ៤:១៣) ជួនកាល អារម្មណ៍របស់យើងប្រហែលជាធ្វើឲ្យយើងវិនិច្ឆ័យខុស ហើយធ្វើឲ្យយើងពិបាកដឹងអ្វីដែលត្រឹមត្រូវ។ ព្រះយេហូវ៉ាបានដឹកនាំយ៉ាកុបឲ្យសរសេរថា៖ «កំហឹងរបស់មនុស្សមិននាំឲ្យធ្វើអ្វីត្រឹមត្រូវដែលព្រះពេញចិត្តទេ»។ (យ៉ា. ១:២០) ប៉ុន្តែ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងធ្វើអ្វីដែលត្រឹមត្រូវ ហើយលោកនឹងចាត់វិធានការរកយុត្តិធម៌។
១២. តើយើងអាចបង្ហាញថាយើងទុកចិត្តទៅលើយុត្តិធម៌របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១២ ការអភ័យទោសបង្ហាញថាយើងមានទំនុកចិត្តទៅលើយុត្តិធម៌របស់ព្រះយេហូវ៉ា។ ពេលយើងទុកឲ្យព្រះយេហូវ៉ាជាអ្នកដោះស្រាយ យើងបង្ហាញថាយើងមានទំនុកចិត្តថា លោកនឹងលុបបំបាត់ផលវិបាកទាំងអស់ដែលមកពីអំពើខុសឆ្គង។ នៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា អនុស្សាវរីយ៍ឈឺចាប់«នឹងគ្មាននរណានឹកឃើញទៀតទេ ហើយក៏មិនចងចាំនៅក្នុងចិត្តទៀតដែរ»។ (អេ. ៦៥:១៧) ប៉ុន្តែ ពេលយើងឈឺចិត្តយ៉ាងខ្លាំង តើយើងពិតជាអាចលះចោលកំហឹងនិងគំនុំឬទេ? សូមយើងពិចារណាអំពីរបៀបដែលបុគ្គលខ្លះបានធ្វើដូច្នេះ។
ពរដែលមកពីការអភ័យទោស
១៣-១៤. តើអ្នកបានរៀនអ្វីអំពីការអភ័យទោសពីបទពិសោធន៍របស់បងថូនីនិងបងហូសេ?
១៣ បងប្អូនជាច្រើននាក់បានសម្រេចចិត្តអភ័យទោស ទោះជាអ្នកឯទៀតបានធ្វើឲ្យពួកគេឈឺចិត្តយ៉ាងខ្លាំងក្ដី។ តើពួកគេបានទទួលពរអ្វីខ្លះពីការធ្វើដូច្នេះ?
១៤ ច្រើនឆ្នាំមុន បុរសម្នាក់ឈ្មោះថូនី * ដែលរស់នៅប្រទេសហ្វីលីពីនបានរៀនសេចក្ដីពិត។ គាត់ដឹងថាបងប្រុសម្នាក់របស់គាត់បានត្រូវគេសម្លាប់។ បុរសដែលបានសម្លាប់បងប្រុសរបស់គាត់មានឈ្មោះហូសេ។ នៅពេលនោះ បងថូនីជាមនុស្សឆាប់ខឹងនិងកាចសាហាវ ហើយគាត់ចង់សងសឹក។ បងហូសេបានត្រូវគេចាប់ខ្លួន ហើយដាក់គុកដោយសារបទល្មើសរបស់គាត់។ ក្រោយមក ពេលបងហូសេបានត្រូវដោះលែងពីគុក បងថូនីបានប្ដេជ្ញាចិត្តថានឹងរកគាត់ឲ្យឃើញ ហើយសម្លាប់គាត់ចោល។ ដូច្នេះ បងថូនីបានទិញកាំភ្លើងទុកបាញ់គាត់។ នៅពេលនោះ បងថូនីបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ គាត់និយាយថា៖ «ពេលសិក្សាគម្ពីរ ខ្ញុំរៀនថាខ្ញុំត្រូវកែប្រែបុគ្គលិកលក្ខណៈនិងការប្រព្រឹត្តរបស់ខ្ញុំ រួមទាំងលះចោលកំហឹងដែរ»។ ក្រោយមក បងថូនីបានទទួលការជ្រមុជទឹក ហើយបន្ទាប់មកទៀត គាត់ បានទៅជាអ្នកចាស់ទុំ។ សូមស្រមៃគិតថាបងថូនីភ្ញាក់ផ្អើលយ៉ាងណា ពេលដឹងថាបងហូសេក៏បានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាដែរ! ពេលពួកគាត់ទាំងពីរនាក់បានជួបគ្នា ពួកគាត់ឱបគ្នាយ៉ាងណែន។ បងថូនីបានប្រាប់បងហូសេថា គាត់បានអភ័យទោសឲ្យបងហូសេ។ បងថូនីនិយាយថា ការអភ័យទោសឲ្យបងហូសេធ្វើឲ្យគាត់មានអំណរយ៉ាងខ្លាំងដែលគាត់ពិបាកពណ៌នា។ ពិតមែនហើយ ព្រះយេហូវ៉ាបានឲ្យពរដល់បងថូនី ដោយសារគាត់ចេះអភ័យទោស។
១៥-១៦. តើអ្នកបានរៀនអ្វីអំពីការអភ័យទោសពីបទពិសោធន៍របស់បងភីធើនិងបងស៊ូ?
១៥ នៅឆ្នាំ១៩៨៥ បងប្រុសភីធើនិងបងស្រីស៊ូបានចូលរួមកិច្ចប្រជុំនៅសាលប្រជុំ។ ប៉ុន្តែនៅពេលនោះស្រាប់តែមានការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងមួយ។ បុរសម្នាក់បានដាក់គ្រាប់បែកនៅក្នុងសាលប្រជុំ! ពេលនោះ បងស៊ូបានរងរបួសយ៉ាងធ្ងន់ដែលប៉ះពាល់ដល់ការមើលឃើញនិងការស្ដាប់ឮរបស់គាត់អស់មួយជីវិត។ គាត់ក៏បាត់បង់សមត្ថភាពដឹងក្លិនដែរ។ បងភីធើនិងបងស៊ូច្រើនតែឆ្ងល់ថា ‹តើមនុស្សបែបណាអាចធ្វើរឿងដ៏អាក្រក់ដូចនេះទៅ?›។ ជាច្រើនឆ្នាំក្រោយមក អ្នកបំផ្ទុះគ្រាប់បែកដែលមិនមែនជាអ្នកបម្រើព្រះយេហូវ៉ានោះ បានត្រូវគេចាប់ខ្លួន ហើយដាក់គុកអស់មួយជីវិត។ ពេលបងភីធើនិងបងស៊ូបានត្រូវគេសួរថា តើពួកគាត់បានអភ័យទោសឲ្យបុរសនោះឬយ៉ាងណា? ពួកគាត់និយាយថា៖ «ព្រះយេហូវ៉ាបង្រៀនយើងថាកំហឹងនិងគំនុំអាចបង្ខូចសុខភាព ផ្លូវចិត្ត និងសតិអារម្មណ៍របស់យើង។ ដូច្នេះ មិនយូរក្រោយពីការផ្ទុះគ្រាប់បែកនោះ យើងបានសុំព្រះយេហូវ៉ាឲ្យជួយយើងលះចោលកំហឹង និងអភ័យទោសឲ្យបុរសនោះ ដើម្បីយើងអាចរស់នៅដោយសុខសាន្តបាន»។
១៦ តើការអភ័យទោសឲ្យបុរសនោះគឺស្រួលឬ? គឺមិនតែងតែស្រួលទេ។ ពួកគាត់និយាយបន្តថា៖ «ជួនកាល ពេលស៊ូឈឺចាប់ដោយសារការរងរបួសនោះ យើងមានអារម្មណ៍ខឹងម្ដងទៀត។ ប៉ុន្តែយើងមិនបន្តគិតអំពីរឿងនេះទេ ដូច្នេះអារម្មណ៍ទាំងនេះឆាប់បាត់ទៅវិញ។ តាមពិត និយាយដោយស្មោះទៅ បើបុរសដែលបំផ្ទុះគ្រាប់បែកនោះទៅជាបងប្អូនរួមជំនឿរបស់យើងនៅថ្ងៃណាមួយ យើងនឹងស្វាគមន៍គាត់។ បទពិសោធន៍នេះបានបង្រៀនយើងថា ពេលយើងធ្វើតាមគោលការណ៍គម្ពីរ យើងមានអារម្មណ៍ថាយើងមានសេរីភាព។ តាមពិត គោលការណ៍គម្ពីររំដោះយើងឲ្យមានសេរីភាពច្រើនជាងការនឹកស្មានរបស់យើងទៅទៀត! យើងក៏ទទួលការសម្រាលទុក្ខដែរ ដោយដឹងថាមិនយូរទៀតព្រះយេហូវ៉ានឹងលុបបំបាត់ផលវិបាកទាំងអស់របស់យើង»។
១៧. តើអ្នកបានរៀនអ្វីអំពីការភ័យទោសពីបទពិសោធន៍របស់បងម៉ាយរ៉ា?
១៧ ពេលបងម៉ាយរ៉ាបានរៀនសេចក្ដីពិត គាត់បានរៀបការនិងមានកូនតូចៗពីរនាក់រួចហើយ។ ប្ដីរបស់គាត់មិនបានទទួលយកសេចក្ដីពិតទេ។ នៅពេលក្រោយមក ប្ដីរបស់គាត់បានប្រព្រឹត្តអំពើផិតក្បត់ ហើយចុះចោលក្រុមគ្រួសារ។ បងម៉ាយរ៉ាបាននិយាយថា៖ «ពេលប្ដីរបស់ខ្ញុំបានចុះចោលខ្ញុំនិងកូនៗ ខ្ញុំមានអារម្មណ៍ដូចមនុស្សជាច្រើនដែលបានត្រូវបុគ្គលជាទីស្រឡាញ់ក្បត់ ដូចជា៖ តក់ស្លុត ស្មានមិនដល់ ខឹង កើតទុក្ខ ស្ដាយក្រោយ និងបន្ទោសខ្លួន»។ ទោះជាអាពាហ៍ពិពាហ៍បានបញ្ចប់ហើយក្ដី បងម៉ាយរ៉ានៅតែមានអារម្មណ៍ឈឺចាប់ ដោយសារការក្បត់ពីប្ដីគាត់។ បងម៉ាយរ៉ាបាននិយាយបន្តទៀតថា៖ «ការខ្វល់ចិត្តនិងកំហឹងបានដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំអស់ជាច្រើនខែ តែខ្ញុំទទួលស្គាល់ថាអារម្មណ៍ទាំងនេះប៉ះពាល់ដល់ចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ានិងអ្នកឯទៀត»។ គាត់និយាយថាគាត់បានលះចោលកំហឹង ហើយមិនចង់ឲ្យអ្វីអាក្រក់កើតឡើងចំពោះអតីតប្ដីគាត់ទេ។ ជាលទ្ធផល បងម៉ាយរ៉ាអាចផ្ចង់អារម្មណ៍ទៅថ្ងៃអនាគតបាន។ គាត់សង្ឃឹមថាថ្ងៃណាមួយអតីតប្ដីនោះនឹងទៅជាអ្នកបម្រើព្រះយេហូវ៉ាម្នាក់។ បងម៉ាយរ៉ាបានចិញ្ចឹមអប់រំកូនពីរនាក់តែម្នាក់ឯងឲ្យទៅជាអ្នកបម្រើព្រះយេហូវ៉ា។ សព្វថ្ងៃនេះ គាត់មានអំណរពីការបម្រើព្រះយេហូវ៉ាជាមួយកូនៗនិងក្រុមគ្រួសាររបស់ពួកគេ។
ព្រះយេហូវ៉ាជាចៅក្រមដ៏ល្អឥតខ្ចោះ
១៨. តើយើងអាចមានទំនុកចិត្តអ្វីទៅលើព្រះយេហូវ៉ាដែលជាចៅក្រមដ៏ខ្ពស់បំផុត?
១៨ យើងសប្បាយដឹងថា យើងមិនចាំបាច់សម្រេចចិត្តថាបុគ្គលម្នាក់ៗគួរទទួលការវិនិច្ឆ័យបែបណាទេ! ព្រះយេហូវ៉ាជាចៅក្រមដ៏ខ្ពស់បំផុត ដូច្នេះលោកនឹងបំពេញភារកិច្ចដ៏សំខាន់នេះ។ (រ៉ូម ១៤:១០-១២) យើងអាចជឿជាក់ទាំងស្រុងថាលោកនឹងតែងតែវិនិច្ឆ័យស្របតាមខ្នាតតម្រាដ៏ល្អឥតខ្ចោះរបស់លោក ស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (ដក. ១៨:២៥; ១បស. ៨:៣២) លោកនឹងមិនធ្វើអ្វីដែលទុច្ចរិតឡើយ!
១៩. តើយើងនឹងទទួលអ្វីដោយសារយុត្តិធម៌ដ៏ល្អឥតខ្ចោះរបស់ព្រះយេហូវ៉ា?
១៩ យើងទន្ទឹងរង់ចាំគ្រាដែលព្រះយេហូវ៉ានឹងបំបាត់ចោលផលអាក្រក់ទាំងអស់ដែលមកពីភាពមិនល្អឥតខ្ចោះនិងអំពើខុសឆ្គងរបស់មនុស្ស។ នៅពេលនោះ របួសខាងផ្លូវកាយនិងផ្លូវចិត្តទាំងអស់របស់យើងនឹងជាសះស្បើយទាំងស្រុង។ (ចសព. ៧២:១២-១៤; បប. ២១:៣, ៤) យើងនឹងមិននឹកចាំរឿងទាំងនេះម្ដងទៀតទេ។ កាលដែលយើងទន្ទឹងរង់ចាំគ្រាដ៏អស្ចារ្យនេះ យើងអរគុណព្រះយេហូវ៉ាដែលលោកបានឲ្យយើងមានសមត្ថភាពយកតម្រាប់លោក ដោយចេះអភ័យទោសឲ្យអ្នកឯទៀត។
ចម្រៀងលេខ១៨ ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ
^ ព្រះយេហូវ៉ាចង់អភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ ក្នុងនាមជាគ្រិស្តសាសនិក យើងចង់ធ្វើតាមគំរូរបស់លោកពេលបុគ្គលណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអំពើខុសឆ្គងដែលយើងអាចអភ័យទោសឲ្យបាន និងអំពើខុសឆ្គងដែលយើងត្រូវប្រាប់ពួកអ្នកចាស់ទុំ។ យើងក៏នឹងពិចារណាអំពីមូលហេតុដែលព្រះយេហូវ៉ាចង់ឲ្យយើងអភ័យទោសឲ្យគ្នាទៅវិញទៅមក និងពរដែលយើងនឹងទទួលពេលយើងធ្វើដូច្នេះ។
^ ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។