លោតទៅអត្ថបទ

តើយើងរៀនអ្វីខ្លះពីធម្មជាតិ?

តើយើងរៀនអ្វីខ្លះពីធម្មជាតិ?

តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ធម្មជាតិ?

​«​ចូរ​អ្នក​សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស​ផង វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ឬ​ឲ្យ​និយាយ​នឹង​ដី​ចុះ នោះ​នឹង​បង្រៀន​អ្នក​ដែរ ហើយ​ត្រី​នៅ​សមុទ្រ​នឹង​ថ្លែង​ប្រាប់​មក​អ្នក​»។—យ៉ូប ១២:៧, ៨

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​អ្នក​វិទ្យា​សាស្ត្រ​និង​ពួក​វិស្វករ​បាន​អនុញ្ញាត​ឲ្យ​សត្វ​និង​រុក្ខជាតិ​បង្រៀន​ពួក​គេ។ ពួក​គេ​កំពុង​សិក្សា​ស្រាវ​ជ្រាវ​អំពី​សត្វ​ផ្សេង​ៗ ដើម្បី​យក​មក​ធ្វើ​ជា​គំរូ​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ ឬ​បង្កើន​គុណ​ភាព​នៃ​ផលិតផល​ដែល​មាន​រួច​ហើយ​នោះ។ មុខ​វិជ្ជា​នេះ ហៅ​ថា​ជីវ​វិស្វកម្ម។ កាល​ដែល​លោក​អ្នក​ពិនិត្យ​មើល​ឧទាហរណ៍​ដែល​មាន​ជា​បន្ត​បន្ទាប់​នេះ សូម​ពិចារណា​សំណួរ​ថា‹តើ​អ្នក​ណា​សម​ទទួល​ការ​សរសើរ​ជា​អ្នក​ផ្ដើម​បង្កើត​អ្វី​ៗ​ទាំង​នេះ?›។

រៀន​ពី​ព្រុយ​ត្រី​បាឡែន

តើ​អ្នក​បង្កើត​យន្ត​ហោះ​អាច​រៀន​អ្វី​ពី​ត្រី​បាឡែន? តាម​មើល​ទៅ ពួក​គេ​អាច​រៀន​បាន​ច្រើន។ ត្រី​បាឡែន​ប្រភេទ​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ហិមបាក វា​មាន​ទម្ងន់​ប្រហែល​៣០​តោន។ ពេល​វា​ពេញ​វ័យ គឺ​ស្មើ​នឹង​ទម្ងន់​ឡាន​ដឹក​ទំនិញ​ដែល​មាន​ទំនិញ​ពេញ​ចំណុះ។ រូប​កាយ​របស់​វា​គឺ​រឹង​បន្តិច ហើយ​មាន​ព្រុយ​ធំ​ដែល​មាន​រាង​ស្រដៀង​នឹង​ស្លាប​បក្សី។ ទោះ​ជា​វា​មាន​ប្រវែង​១២​ម៉ែត្រ​ក៏​ដោយ ក៏​វា​អាច​ហែល​បត់​បែន​យ៉ាង​រហ័ស​អស្ចារ្យ​ដែរ។ ជា​ឧទាហរណ៍ ពេល​វា​ចាប់​ចំណី​ដូច​ជា​ពពួក​បង្គា​និង​ត្រី​តូច​ៗ វា​ហែល​ជុំវិញ​តាម​គន្លង​ជា​រង្វង់​ឡើង​ទៅ​លើ។ ដំណាល​គ្នា​នោះ វា​ផ្លុំ​ពពុះ​ជា​ច្រើន ហើយ​ពពុះ​តូច​បំផុត​មាន​អង្កត់​ផ្ចិត​១,៥​ម៉ែត្រ។ វា​ធ្វើ​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ចំណី​របស់​វា​អណ្ដែត​ទៅ​លើ​ផ្ទៃ​ទឹក រួច​វា​ស៊ី​ចំណី​ទាំង​នោះ។

អ្វី​ដែល​ពួក​អ្នក​ស្រាវ​ជ្រាវ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​អំពី​ត្រី​ដែល​មាន​រូប​កាយ​រឹង​នេះ គឺ​វា​អាច​បត់​មួយ​ជុំ​ដោយ​មិន​ចាំ​បាច់​វាង​ឆ្ងាយ​ទេ ទោះ​ជា​មើល​ទៅ​មិន​អាច​ទៅ​រួច​ក៏​ដោយ។ ពួក​គេ​បាន​រក​ឃើញ​ថា សមត្ថភាព​បត់​បែន​នេះ គឺ​ដោយ​សារ​រាង​នៃ​ព្រុយ​របស់​វា។ ផ្នែក​ខាង​មុខ​នៃ​ព្រុយ​របស់​វា​គឺ​មិន​រលោង​ស្អាត​ដូច​ស្លាប​យន្ត​ហោះ​ទេ តែ​មាន​រាង​អង្កាញ់​ៗ​ស្រដៀង​នឹង​ធ្មេញ​រណារ។

កាល​ដែល​ត្រី​បាឡែន​ហែល​កាត់​ទឹក​យ៉ាង​លឿន នោះ​ផ្នែក​អង្កាញ់​ៗ​នៃ​ព្រុយ​របស់​វា បង្កើន​កម្លាំង​រុញ​ច្រាន​ពី​ក្រោម​និង​កាត់​បន្ថយ​កម្លាំង​កកិត។ តើ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ទស្សនាវដ្ដី​មួយ​ចែង​ថា រាង​អង្កាញ់​ៗ​នៃ​ព្រុយ​ត្រី​បាឡែន ធ្វើ​ឲ្យ​ទឹក​ហូរ​យ៉ាង​លឿន​និង​យ៉ាង​រលូន​កាត់​លើ​ព្រុយ​វា សូម្បី​តែ​ពេល​វា​ហែល​ត្រង់​ឡើង​ទៅ​លើ។ បើ​ផ្នែក​ខាង​មុខ​នៃ​ព្រុយ​វា​រលោង​វិញ នោះ​វា​មិន​អាច​បត់​មួយ​ជុំ​យ៉ាង​លឿន​ទេ ព្រោះ​ទឹក​នឹង​វិល​នៅ​ក្រោយ​ព្រុយ​វា ហើយ​គ្មាន​កម្លាំង​រុញ​ច្រាន​ពី​ក្រោម​ឡើយ(​Natural History​)។

តើ​ការ​រក​ឃើញ​នេះ​អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ? តាម​មើល​ទៅ បើ​បង្កើត​ស្លាប​យន្ត​ហោះ​តាម​គំរូ​ព្រុយ​ត្រី​បាឡែន នោះ​ពួក​គេ​អាច​កាត់​បន្ថយ​ប្រដាប់​ផ្លាស់​ប្ដូរ​ចរន្ត​ខ្យល់​ដែល​មាន​ក្នុង​ស្លាប​ទាំង​នោះ។ ស្លាប​បែប​នេះ​នឹង​មាន​សុវត្ថិភាព​ជាង ហើយ​ក៏​នឹង​ស្រួល​ថែ​ទាំ​ជាង​ដែរ។ អ្នក​ជំនាញ​ជីវ​វិស្វកម្ម​ម្នាក់​ឈ្មោះ​ចន ឡង​ជឿ​ថា មិន​យូរ​ទៀត​«​យើង​ទំនង​ជា​នឹង​ឃើញ​យន្ត​ហោះ​ទាំង​អស់​មាន​ស្លាប​ដែល​មាន​រាង​អង្កាញ់​ៗ​ដូច​ព្រុយ​ត្រី​បាឡែន​ហិមបាក​ដែរ​»។

ចម្លង​តាម​គំរូ​ស្លាប​សត្វ​រំពេ

លោក​អ្នក​ដឹង​ហើយ​ថា មនុស្ស​បង្កើត​ស្លាប​យន្ត​ហោះ​ដោយ​ចម្លង​តាម​គំរូ​សត្វ​ស្លាប។ ប៉ុន្តែ នៅ​ពេល​ថ្មី​ៗ​នេះ វិស្វករ​បាន​ជឿន​ទៅ​មុខ​ក្នុង​ការ​ចម្លង​តាម​គំរូ​នោះ។ ទស្សនាវដ្ដី​មួយ​ចែង​ថា​៖​«​ពួក​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​សកល​វិទ្យាល័យ​នៃ​រដ្ឋ​ហ្ល័ររីដា​បាន​ផ្ដើម​បង្កើត​យន្ត​ហោះ​ថ្មី​មួយ​ដែល​គ្មាន​អ្នក​បើក​ទេ គឺ​បញ្ជា​ដោយ​តេឡេ​កុម្ម៉ង់ ហើយ​យន្ត​ហោះ​នោះ​អាច​ហោះ​សំកាំង បោះ​ពួយ​ចុះ​ឬ​ឡើង​យ៉ាង​លឿន​ដូច​សត្វ​រំពេ​»​(​New Scientist​)។

សត្វ​រំពេ​ហោះហើរ​បោះ​ពួយ​ចុះ​ឡើង​យ៉ាង​អស្ចារ្យ ដោយ​បត់​ស្លាប​របស់​វា​ត្រឹម​កែង​ឬ​ត្រឹម​គល់​ស្លាប។ ទស្សនាវដ្ដី​នោះ​ក៏​ចែង​ថា​៖​«​យន្ត​ហោះ[​ប្រវែង​៦១​សង់ទីម៉ែត្រ​]ដែល​គ្មាន​អ្នក​បើក​នោះ មាន​ម៉ាស៊ីន​តូច​មួយ​បញ្ជា​ដែក​តូច​ៗ​ក្នុង​ស្លាប​ឲ្យ​បត់​ឬ​ត្រដាង​បាន​»។ ស្លាប​ទាំង​នេះ​ដែល​ជា​ស្នា​ដៃ​ប្រសើរ​របស់​វិស្វករ ធ្វើ​ឲ្យ​យន្ត​ហោះ​តូច​នេះ​អាច​សំកាំង​ឬ​បោះ​ពួយ​ចុះ​នៅ​រវាង​អគារ​ខ្ពស់​ៗ។ យន្ត​ហោះ​បែប​នេះ ជា​អ្វី​ដែល​យោធា​ខ្លះ​ចង់​បាន​ណាស់ ដើម្បី​យក​មក​ប្រើ​ស្វែង​រក​អាវុធ​គីមី​ឬ​អាវុធ​ជីវសាស្ត្រ​ក្នុង​ក្រុង​ធំ​ៗ។

ចម្លង​តាម​គំរូ​ជើង​តឹកកែ

យើង​ក៏​អាច​រៀន​ពី​សត្វ​នៅ​លើ​ដី​ដែរ។ ជា​ឧទាហរណ៍ សត្វ​តឹកកែ​អាច​ឡើង​ជញ្ជាំង​និង​ពិតាន​ដោយ​មិន​ធ្លាក់​ចុះ។ សូម្បី​តែ​នៅ​សម័យ​គម្ពីរ ក៏​គេ​ល្បី​អំពី​សមត្ថភាព​របស់​តឹកកែ​ឬ​ជីងចក់​ដែរ។ (​សុភាសិត ៣០:២៨​) ហេតុ​អ្វី​វា​មាន​សមត្ថភាព​យក​ឈ្នះ​ទំនាញ​ផែនដី?

តឹកកែ​មាន​សមត្ថភាព​តោង​យ៉ាង​ជាប់ សូម្បី​តែ​កញ្ចក់​រលោង គឺ​ដោយ​សារ​អ្វី​ដែល​ដូច​ជា​រោម​តូច​ៗ​លៀន​ចេញ​ពី​បាត​ជើង​របស់​វា។ ជើង​របស់​វា​មិន​មាន​ជ័រ​ស្អិត​ទេ តែ​វា​ប្រើ​កម្លាំង​ម៉ូលេគុល​តូច។ បាត​ជើង​របស់​វា​ជាប់​គ្នា​នឹង​ផ្ទៃ​កញ្ចក់​ដោយ​កម្លាំង​ទំនាញ​ខ្សោយ​មួយ​ហៅ​ថា​វ៉េនដឺវល់។ ធម្មតា​កម្លាំង​នេះ​ចាញ់​ទំនាញ​ផែនដី ហេតុ​នេះ​ហើយ​បាន​មនុស្ស​មិន​អាច​ឡើង​ជញ្ជាំង​ដោយ​គ្រាន់​តែ​ដាក់​ដៃ​ផ្អឹប​នឹង​ជញ្ជាំង​ទេ។ ប៉ុន្តែ រោម​តូច​ៗ​លៀន​ចេញ​ពី​បាត​ជើង​របស់​វា​មាន​រាប់​ពាន់ ដូច្នេះ​ធ្វើ​ឲ្យ​កម្លាំង​វ៉េនដឺវល់​ទៅ​ជា​ខ្លាំង​ជាង​ទំនាញ​ផែនដី។ ហេតុ​នេះ កម្លាំង​នោះ​អាច​ទប់​ទ្រ​ទម្ងន់​ខ្លួន​របស់​វា​បាន។

តើ​ការ​រក​ឃើញ​នេះ​មាន​ប្រយោជន៍​អ្វី? គេ​អាច​បង្កើត​របស់​របរ​ប្រើ​ប្រាស់​ដែល​ចម្លង​តាម​គំរូ​ជើង​តឹកកែ​ដើម្បី​ប្រើ​ជំនួស​ស្កុត​បក​បិទ​ដែល​ចម្លង​ពី​ធម្មជាតិ​ដែរ។ * ទស្សនាវដ្ដី​មួយ​បាន​ដក​ស្រង់​ពាក្យ​របស់​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ថា​៖​«​សម្ភារៈ​ពេទ្យ​ដែល​ចម្លង​តាម​គំរូ​ជើង​តឹកកែ​អាច​មាន​ប្រយោជន៍​ជំនួស​ជ័រ​ស្អិត​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​»​(​The Economist​)។

តើ​នរណា​សម​ទទួល​ការ​សរសើរ?

នៅ​ដំណាល​គ្នា​នេះ អង្គការ​អាកាសចរណ៍​វិទ្យា​ជាតិ​និង​ការ​គ្រប់​គ្រង​ខាង​អវកាស(​NASA​) នៅ​សហរដ្ឋ​អាម៉េរិក កំពុង​បង្កើត​គ្រឿង​យន្ត​មួយ​ដែល​មាន​ជើង​ច្រើន​ហើយ​ដើរ​ដូច​ខ្យា​ដំរី។ ពួក​វិស្វករ​នៅ​ប្រទេស​ហ្វាំងឡង់​បាន​បង្កើត​គោ​យន្ត​ដែល​មាន​ជើង​៦ មើល​ទៅ​ដូច​ជា​សត្វ​ល្អិត​ដ៏​ធំ​មួយ​អាច​ឡើង​ចុះ​អ្វី​ៗ​ដែល​រាំង​ផ្លូវ​វា។ ពួក​អ្នក​ស្រាវ​ជ្រាវ​ឯ​ទៀត​ចម្លង​តាម​គំរូ​ផ្លែ​ស្រល់ បង្កើត​ក្រណាត់​មាន​ផ្ទាំង​ស្រទាប់​តូច​ៗ​ដែល​បិទ​បើក​បាន។ ក្រុម​ហ៊ុន​ផលិត​ឡាន​មួយ​កំពុង​បង្កើត​រថយន្ត ដែល​ចម្លង​តាម​រូប​រាង​របស់​ត្រី​កំពត​ម្យ៉ាង​ដែល​មាន​រាង​ដូច​ប្រអប់ ដោយ​សារ​រូប​រាង​របស់​វា​កាត់​បន្ថយ​កម្លាំង​ទប់​ខ្យល់​យ៉ាង​ល្អ ខុស​ពី​ការ​នឹក​ស្មាន។ ពួក​អ្នក​ស្រាវ​ជ្រាវ​ឯ​ទៀត​កំពុង​ពិនិត្យ​មើល​លក្ខណៈ​នៃ​សម្បក​ខ្យង​អាបាឡូន ដើម្បី​ដឹង​មូលហេតុ​ដែល​សម្បក​នោះ​មិន​បែក​ពេល​រង​សម្ពាធ​ខ្លាំង។ ពួក​គេ​ខំ​រក​ព័ត៌មាន​នេះ​ក្នុង​បំណង​បង្កើត​អាវ​ក្រោះ​ដែល​ស្រាល​ហើយ​មាំ​ជាង។

ធម្មជាតិ​បាន​ផ្ដល់​នូវ​គំនិត​ល្អ​ៗ​ជា​ច្រើន​ដល់​ម្ល៉េះ បាន​ជា​ពួក​អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​បញ្ជី​រាយ​ឈ្មោះ​ប្រព័ន្ធ​ជីវ​ធម្មជាតិ​ផ្សេង​ៗ​រាប់​ពាន់​ប្រភេទ។ យោង​ទៅ​តាម​ទស្សនាវដ្ដី​មួយ ពេល​ណា​ពួក​អ្នក​វិទ្យា​សាស្ត្រ​ជួប​ប្រទះ​បញ្ហា​បច្ចេកទេស​វិស្វកម្ម នោះ​ពួក​គេ​អាច​ស្វែង​រក​ព័ត៌មាន​ក្នុង​បញ្ជី​នេះ ដើម្បី​ដឹង​អំពី​របៀប​«​ធម្មជាតិ​ដោះ​ស្រាយ​បញ្ហា​វិស្វកម្ម​នោះ​»។ ពួក​គេ​ហៅ​ប្រព័ន្ធ​ជីវ​ធម្មជាតិ​ក្នុង​បញ្ជី​នេះ​ថា​«​កម្មសិទ្ធិ​បញ្ញា​របស់​ធម្មជាតិ​»។ ធម្មតា បើ​បុគ្គល​ឬ​ក្រុម​ហ៊ុន​បង្កើត​ជា​គំនិត​អ្វី​មួយ​ឬ​ម៉ាស៊ីន​ថ្មី​ណា​មួយ នោះ​ជា​កម្មសិទ្ធិ​បញ្ញា​របស់​ពួក​គេ។ ទស្សនាវដ្ដី​ដដែល​នោះ​បាន​រៀប​រាប់​អំពី​កម្មសិទ្ធិ​បញ្ញា​របស់​ធម្មជាតិ​ថា​៖​«​ពេល​ពួក​អ្នក​ស្រាវ​ជ្រាវ​ហៅ​បច្ចេកទេស​ជីវ​វិស្វកម្ម​ថា​ជា‹កម្មសិទ្ធិ​បញ្ញា​របស់​ធម្មជាតិ› នោះ​ពួក​គេ​កំពុង​បញ្ជាក់​ច្បាស់​ថា ធម្មជាតិ​គឺ​ជា​អ្នក​ផ្ដើម​គំនិត​ទាំង​នោះ​»​(​The Economist​)។

តើ​ធម្មជាតិ​បាន​គំនិត​ល្អ​ៗ​ទាំង​នេះ​មក​ពី​ណា? ពួក​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​នាក់​អះអាង​ថា ធម្មជាតិ​មាន​បច្ចេកទេស​ដ៏​ពូកែ ដោយ​សារ​វា​បាន​សាក​ល្បង​បច្ចេកទេស​ផ្សេង​ៗ​ក្នុង​រយៈ​ពេល​រាប់​លាន​ឆ្នាំ​ដោយ​ការ​វិវត្តន៍។ ប៉ុន្តែ​ពួក​អ្នក​ស្រាវ​ជ្រាវ​ឯ​ទៀត​បាន​សន្និដ្ឋាន​ផ្សេង​ពី​នេះ។ ក្នុង​កាសែត​មួយ អ្នក​មីក្រុបវិទ្យា​ម្នាក់​ឈ្មោះ​ម៉ៃឃឺល ប៊ីហ៊ី បាន​សរសេរ​អត្ថបទ​មួយ​នៅ​ឆ្នាំ​២០០៥​ថា​៖​«​[​ធម្មជាតិ​]មាន​លក្ខណៈ​ជា​ច្រើន ដែល​ច្បាស់​ជា​កើត​ចេញ​ពី​ការ​គ្រោង​បង្កើត។ អាស្រ័យ​ហេតុ​នេះ យើង​អាច​វែក​ញែក​ដូច​ត​ទៅ​៖ ឧបមា​ថា​មាន​សត្វ​មួយ​ដែល​មើល​ទៅ​ដូច​ជា​សត្វ​ទា ដំណើរ​ដើរ និង​សំឡេង​ក៏​ដូច​សត្វ​ទា ហើយ​គ្មាន​ទី​សំអាង​ណា​ដែល​បញ្ជាក់​ថា​សត្វ​នោះ​មិន​មែន​ជា​សត្វ​ទា​ទេ។ បើ​ដូច្នោះ​យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​សន្និដ្ឋាន​ថា សត្វ​នោះ​គឺ​ជា​សត្វ​ទា​មែន​»។ តើ​គាត់​ចង់​បញ្ជាក់​ចំណុច​អ្វី? គាត់​និយាយ​ថា​៖​«​បើ​យើង​ឃើញ​ជាក់​ស្ដែង​ថា​មាន​ការ​គ្រោង​បង្កើត យើង​មិន​គួរ​បដិសេធ​អំពី​រឿង​នេះ​ទេ​»​(​The New York Times​)។

បើ​វិស្វករ​ម្នាក់​គ្រោង​បង្កើត​ស្លាប​យន្ត​ហោះ​ដែល​មាន​សុវត្ថិភាព​ជាង និង​សន្សំ​សំចៃ​ថាមពល វិស្វករ​នោះ​ពិត​ជា​សម​នឹង​សរសើរ​ចំពោះ​ស្នា​ដៃ​របស់​គាត់ មែន​ទេ? ស្រដៀង​គ្នា​ដែរ អ្នក​ឆ្នៃ​ប្រឌិត​ដែល​បង្កើត​បង់​រុំ​របួស​ពិសេស បង្កើត​សាច់​ក្រណាត់​ដែល​ស្រួល​ពាក់​ជាង ឬ​បង្កើត​យាន​យន្ត​មួយ​ដែល​សន្សំ​សំចៃ​ថាមពល អ្នក​នោះ​ក៏​គួរ​ទទួល​ការ​សរសើរ​ដែរ។ តាម​ពិត មនុស្ស​ណា​ដែល​ចម្លង​តាម​កម្មសិទ្ធិ​បញ្ញា​របស់​អ្នក​ណា​ម្នាក់ តែ​មិន​បញ្ជាក់​ឬ​ទទួល​ស្គាល់​បុគ្គល​ដែល​បាន​ផ្ដើម​បង្កើត​របស់​នោះ ប្រហែល​ជា​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋ​ជន។

ឥឡូវ សូម​ពិចារណា​ហេតុ​ការណ៍​ដូច​ត​ទៅ​៖ ពួក​អ្នក​ស្រាវ​ជ្រាវ​ដ៏​ជំនាញ ខំ​ចម្លង​តាម​គំរូ​ផ្សេង​ៗ​ក្នុង​ធម្មជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពិបាក​ខាង​វិស្វកម្ម តែ​ពួក​គេ​ខ្លះ​អះអាង​ថា គំនិត​ដ៏​ឈ្លាស​វៃ​ដែល​ជា​ប្រភព​គំរូ​ដើម​ក្នុង​ធម្មជាតិ បាន​មក​ពី​ការ​វិវត្តន៍​ទៅ​វិញ។ តើ​ការ​វែក​ញែក​នោះ​ស្ដាប់​ទៅ​ដូច​ជា​សម​ហេតុ​ផល​ឬ​ទេ? ដើម្បី​គ្រោង​បង្កើត​របស់​ផ្សេង​ៗ​តាម​គំរូ​ក្នុង​ធម្មជាតិ ត្រូវ​មាន​វិស្វករ​ម្នាក់​ដែល​មាន​សតិបញ្ញា មែន​ទេ? បើ​ដូច្នេះ​គំរូ​ដើម​ដែល​មាន​ក្នុង​ធម្មជាតិ ក៏​តម្រូវ​ឲ្យ​មាន​អ្នក​គ្រោង​បង្កើត​ដែល​មាន​សតិបញ្ញា​ដែរ។ តើ​អ្នក​ណា​សម​ទទួល​ការ​សរសើរ​ច្រើន​ជាង ជា​មេ​ជាង​ដែល​បង្កើត​គំរូ​ដើម ឬ​មួយ​ក៏​កូន​ជាង​ដែល​ចម្លង​តាម​គំរូ​ពី​មេ​ជាង​នោះ?

សេចក្ដី​សន្និដ្ឋាន​ដែល​សម​ហេតុ​ផល

ក្រោយ​បាន​ពិនិត្យ​មើល​ទី​សំអាង​ដែល​បញ្ជាក់​ថា អ្វី​ៗ​ក្នុង​ធម្មជាតិ​មាន​អ្នក​គ្រោង​បង្កើត​នោះ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ដូច​អ្នក​សរសេរ​គម្ពីរ​ម្នាក់​ដែល​បាន​រៀប​រាប់​ថា​៖​«​ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎! ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត​»។ (​ទំនុក​តម្កើង ១០៤:២៤​) អ្នក​សរសេរ​គម្ពីរ​ម្នាក់​ទៀត​ឈ្មោះ​ប៉ូល​បាន​និយាយ​ថា​៖​«​ព្រោះ​គុណ​សម្បត្តិ​របស់[​ព្រះ​] ដែល​មនុស្ស​មើល​មិន​ឃើញ ពោល​គឺ​ឫទ្ធានុភាព​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត និង​ឋានៈ​របស់​លោក​ជា​ព្រះ នោះ​បាន​ស​ឲ្យ​ឃើញ​ច្បាស់​តាំង​ពី​ពេល​ដែល​លោក​បង្កើត​ពិភព​លោក​មក ពេល​ដែល​ពិចារណា​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​»។—រ៉ូម ១:១៩, ២០

ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្មោះ​និង​គោរព​គម្ពីរ ព្រម​ទាំង​មាន​ជំនឿ​លើ​ព្រះ ប្រហែល​អះអាង​ថា​ព្រះ​បាន​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​អ្វី​ៗ​អស្ចារ្យ​ក្នុង​ធម្មជាតិ។ ស្ដី​អំពី​រឿង​នេះ តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

[កំណត់​សម្គាល់]

^ វគ្គ 15 ស្កុត​បក​បិទ​មាន​តម្ពក់​ល្អិត​ៗ​និង​រោម​តូច​ៗ ដែល​ចម្លង​តាម​គំរូ​គ្រាប់​ពូជ​នៃ​រុក្ខជាតិ​ម្យ៉ាង។

[ឃ្លា​អក្សរ​ធំ]

ម្ដេច​ក៏​ធម្មជាតិ​មាន​គំនិត​ល្អ​ៗ​ច្រើន​ម្ល៉េះ?

[ឃ្លា​អក្សរ​ធំ]

តើ​ធម្មជាតិ​ជា​កម្មសិទ្ធិ​បញ្ញា​របស់​អ្នក​ណា?

[ប្រអប់​/​រូបភាព]

បើ​របស់​ចម្លង​ត្រូវ​ការ​អ្នក​គ្រោង​បង្កើត ចុះ​យ៉ាង​ណា​គំរូ​ដើម?

ស្លាប​យន្ត​ហោះ​តូច​ដែល​ចម្លង​តាម​គំរូ​ស្លាប​សត្វ​រំពេ

ជើង​របស់​តឹកកែ​មិន​ចេះ​ប្រឡាក់​ដី ហើយ​ក៏​មិន​បន្សល់​ទុក​ដាន​ជើង​ដែរ។ ផ្ទៃ​រលោង​ណា​ក៏​ជើង​វា​អាច​ជាប់​ស្អិត​បាន​ដែរ លើក​លែង​តែ​សារធាតុ​ម្យ៉ាង​ហៅ​ថា​ថេផ្លន។ ជើង​វា​អាច​តោង​ស្អិត ហើយ​ផ្ដាច់​ចេញ​យ៉ាង​ងាយ។ ពួក​អ្នក​ស្រាវ​ជ្រាវ​កំពុង​ព្យាយាម​ចម្លង​តាម​គំរូ​ជើង​របស់​វា

រថយន្ត​ចម្លង​តាម​រាង​របស់​ត្រី ដោយ​សារ​វា​កាត់​បន្ថយ​កម្លាំង​ទប់​នៃ​ខ្យល់​យ៉ាង​ល្អ

[អ្នក​ផ្ដល់​សិទ្ធិ]

Airplane: Kristen Bartlett/​University of Florida; gecko foot: Breck P. Kent; box fish and car: Mercedes-Benz USA

[ប្រអប់​/​រូបភាព]

តើ​ពួក​វា​អាច​រក​ឃើញ​ផ្លូវ​យ៉ាង​ដូច​ម្ដេច​បាន?

សត្វ​ជា​ច្រើន​មាន‹ប្រាជ្ញា​ដ៏​លើស​លប់›ក្នុង​ការ​រក​ផ្លូវ​នៅ​ផែនដី។ (​សុភាសិត ៣០:២៤, ២៥​) សូម​ពិចារណា​ឧទាហរណ៍​ពីរ។

ការ​ធ្វើ​ចរាចរណ៍​របស់​ស្រមោច តើ​តាម​របៀប​ណា​ស្រមោច​ដែល​ចេញ​ទៅ​រក​ចំណី​អាច​រក​ផ្លូវ​ទៅ​សម្បុក​ពួក​វា​បាន? អ្នក​ស្រាវ​ជ្រាវ​នៅ​ចក្រភព​អង់គ្លេស​បាន​រក​ឃើញ​ថា ពួក​វា​មិន​គ្រាន់​តែ​បន្សល់​ទុក​ក្លិន​នៅ​តាម​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចេះ​ប្រើ​ធរណី​មាត្រ​ដើម្បី​រក​ផ្លូវ​ទៅ​សម្បុក​ពួក​វា​វិញ។ ជា​ឧទាហរណ៍​ទស្សនាវដ្ដី​មួយ​បាន​រៀប​រាប់​អំពី​ស្រមោច​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​ផារ៉ូ​ថា​៖​«​ពេល​ចេញ​ពី​សម្បុក ពួក​វា​ទុក​សញ្ញា​សម្គាល់​ដែល​បែក​ចេញ​ពី​សម្បុក​ត្រង់​មុំ​កែង​ពី​៥០​ទៅ​៦០​ដឺក្រេ​»។ ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​គួរ​ឲ្យ​កត់​សម្គាល់? ពេល​ពួក​វា​ត្រឡប់​ទៅ​សម្បុក​វិញ ហើយ​ដល់​ត្រង់​កន្លែង​ផ្លូវ​បំបែក ដោយ​សភាវគតិ ពួក​វា​ជ្រើស​រើស​ផ្លូវ​ដែល​មិន​សូវ​បែក​ចេញ​ឆ្ងាយ​ពី​សម្បុក​របស់​ពួក​វា។ តាម​វិធី​នេះ​ពួក​វា​អាច​រក​សម្បុក​ឃើញ។ ទស្សនាវដ្ដី​ដដែល​នោះ​បាន​រៀប​រាប់​ថា ការ​ប្រើ​ធរណី​មាត្រ​បែង​ចែក​ផ្លូវ​បែប​នេះ នាំ​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​យ៉ាង​រលូន​តាម​ផ្លូវ​ខ្វាត់​ខ្វែង ជា​ពិសេស​ពេល​ពួក​វា​ធ្វើ​ដំណើរ​ទិស​ផ្ទុយ​គ្នា។ តាម​វិធី​នេះ ពួក​វា​សន្សំ​សំចៃ​កម្លាំង​ដោយ​មិន​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ខុស​ទេ(​New Scientist​)។

ត្រី​វិស័យ​របស់​សត្វ​ស្លាប សត្វ​ស្លាប​ជា​ច្រើន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទិស​ដៅ​យ៉ាង​ត្រឹម​ត្រូវ ទោះ​ជា​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​និង​ស្ថិត​ក្នុង​អាកាសធាតុ​បែប​ណា​ក៏​ដោយ។ តើ​វា​អាច​ស្វែង​រក​ទិស​ដៅ​តាម​របៀប​ណា? អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​សត្វ​ស្លាប​អាច​ដឹង​ដែន​ម៉ាញេ​ទិច​របស់​ផែនដី។ ប៉ុន្តែ ទស្សនាវដ្ដី​មួយ​បាន​ចែង​ថា​៖​«​ដែន​ម៉ាញេ​ទិច​ផែនដី​ខុស​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មិន​តែង​តែ​តម្រង់​ទៅ​ទិស​ខាង​ជើង​ទេ​»។ តើ​អ្វី​ធ្វើ​ឲ្យ​សត្វ​ស្លាប​មិន​ធ្វើ​ដំណើរ​ទៅ​ទិស​ដៅ​ខុស? តាម​មើល​ទៅ​សត្វ​ស្លាប​ប្រៀប​ដូច​ជា​មាន​ត្រី​វិស័យ​នៅ​ក្នុង​ខួរ​ក្បាល​របស់​វា វា​កែ​សម្រួល​ត្រី​វិស័យ​នោះ​ទៅ​តាម​ថ្ងៃ​លិច​ជា​រៀង​រាល់​ល្ងាច។ ដោយ​សារ​ទី​តាំង​ថ្ងៃ​លិច​ផ្លាស់​ប្ដូរ​ទៅ​តាម​រដូវ​កាល​និង​ខ្សែ​រយៈ​ទទឹង​ពី​អេក្វាទ័រ អ្នក​ស្រាវ​ជ្រាវ​គិត​ថា​សត្វ​ស្លាប​ទាំង​នេះ​ច្បាស់​ជា​មាន​សមត្ថភាព​កែ​សម្រួល​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​នេះ​តាម​រយៈ​អ្វី​មួយ​ដែល​ប្រៀប​ដូច​ជា​នាឡិកា​នៅ​ក្នុង​ខ្លួន​វា។ ទស្សនាវដ្ដី​នោះ​បាន​រៀប​រាប់​ថែម​ទៀត​ថា​៖​«​នាឡិកា​នោះ​អាច​ប្រាប់​ពួក​វា​អំពី​រដូវ​កាល​»​(​Science​)។

តើ​អ្នក​ណា​បង្រៀន​សត្វ​ស្រមោច​ឲ្យ​យល់​អំពី​ធរណី​មាត្រ? តើ​អ្នក​ណា​ឲ្យ​សត្វ​ស្លាប​មាន​ខួរ​ក្បាល​ដែល​អាច​យល់​ព័ត៌មាន​មក​ពី​ត្រី​វិស័យ​និង​នាឡិកា​នៅ​ក្នុង​ខ្លួន​របស់​វា? តើ​មក​ពី​ការ​វិវត្តន៍​ដែល​គ្មាន​សតិបញ្ញា ឬ​ពី​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​ប្រាជ្ញា?

[អ្នក​ផ្ដល់​សិទ្ធិ]

© E.J.H. Robinson 2004