របៀបធ្វើជាឪពុកម្ដាយដ៏ល្អ
តើអ្នកចាំពេលដែលអ្នកបីកូនរបស់អ្នកជាលើកដំបូងទេ?
យូរមុននោះ អ្នកទំនងជាមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះអ្នកដឹងថាអ្នកត្រូវផ្ដល់ការអប់រំដល់កូនរបស់អ្នក ហើយត្រូវធ្វើដូចនោះអស់រយៈពេលជាច្រើនឆ្នាំ។ អ្នកច្បាស់ជាទទួលស្គាល់ថានេះគឺជាភារកិច្ចដ៏ធំណាស់។
តួនាទីរបស់ឪពុកម្ដាយគឺមិនតែងតែស្រួលទេ ជាពិសេសនៅសព្វថ្ងៃនេះ។ ហេតុអ្វី? ពីព្រោះពិភពលោកនេះកាន់តែស្មុគស្មាញជាងសម័យដែលអ្នកនៅក្មេង។ ផលវិបាកដែលក្មេងៗប្រឈមមុខគឺខាងសីលធម៌ ជាពិសេសពេលដែលពួកគេប្រើអ៊ីនធឺណិត រឿងបែបនេះមិនដែលមានទេ កាលពីពីរបីទសវត្សរ៍មុន។
តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកយកឈ្នះបញ្ហាខាងសីលធម៌ដែលមានក្នុងពិភពលោកនេះ? សូមមើលយោបល់បីយ៉ាងដែលមាននៅខាងក្រោមនេះ។
១ សូមបញ្ជាក់អំពីតួនាទីរបស់អ្នកក្នុងនាមជាឪពុកម្ដាយ។
ពេលកូនកាន់តែធំ ពួកគេងាយស្រូបយកព័ត៌មានមិនត្រឹមត្រូវស្ដីអំពីខ្នាតតម្រាសីលធម៌។ ពួកគេច្រើនតែទទួលព័ត៌មានទាំងនោះពីមនុស្សស្រករគ្នានិងប្រព័ន្ធផ្សាយព័ត៌មាន។ ពេលដែលកូនមានវ័យជំទង់ងាយឲ្យពួកគេទទួលឥទ្ធិពលអាក្រក់បែបនោះ។ ប៉ុន្តែ អ្នកស្រាវជ្រាវបង្ហាញថា ពេលដែលត្រូវធ្វើការសម្រេចចិត្តធំៗក្នុងជីវិត ពួកគេនឹងឲ្យតម្លៃចំពោះទស្សនៈរបស់ឪពុកម្ដាយ ខ្លាំងជាងទស្សនៈពីមនុស្សស្រករគ្នា។
អ្វីដែលអ្នកអាចធ្វើ។ ឪពុកម្ដាយជនជាតិអ៊ីស្រាអែលនៅសម័យបុរាណបានត្រូវលើកទឹកចិត្តឲ្យនិយាយជាមួយកូនរបស់ពួកគេជាញឹកញយ ដើម្បីបង្ហាត់បង្រៀនកូនពីអ្វីដែលត្រឹមត្រូវ។ (ការបំភ្លឺច្បាប់ ៦:៦, ៧) អ្នកក៏អាចធ្វើដូច្នេះជាមួយកូនរបស់អ្នកដែរ។ ជាឧទាហរណ៍ បើអ្នករស់នៅស្របតាមខ្នាតតម្រាសីលធម៌ក្នុងគម្ពីរ អ្នកអាចប្រាប់កូនអំពីមូលហេតុដែលអ្នកគិតថាការធ្វើតាមខ្នាតតម្រាទាំងនោះជួយអ្នកឲ្យមានជីវិតដ៏ប្រសើរបំផុត។
២ ជួយកូនរបស់អ្នកឲ្យគិតពីលទ្ធផល។
គម្ពីរចែងថា៖«មនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ»។ (កាឡាទី ៦:៧) គោលការណ៍នេះអំពីហេតុនិងផល អាចសឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ។ សូមស្រមៃគិតកាលដែលអ្នកនៅក្មេង។ អ្វីដែលអ្នកចាំជាងគេគឺលទ្ធផលដែលមកពីការប្រព្រឹត្តរបស់អ្នក។
អ្វីដែលអ្នកអាចធ្វើ។ សូមប្រាប់កូនអំពីគំរូពិតក្នុងជីវិត ដោយពន្យល់ពួកគេថាអស់អ្នកដែលប្រព្រឹត្តមិនត្រឹមត្រូវនឹងទទួលផលវិបាកបែបណា ហើយអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវទទួលប្រយោជន៍យ៉ាងណា។ (លូកា ១៧:៣១, ៣២; ហេប្រឺ ១៣:៧) ម្យ៉ាងទៀត បើកូនធ្វើខុស សូមកុំការពារគាត់។ ឧបមាថា កូនធ្វើខូចប្រដាប់លេងរបស់ក្មេងឯទៀត សូមឲ្យកូនយកប្រដាប់លេងរបស់គាត់ទៅសងក្មេងនោះវិញ។ ធ្វើដូច្នេះ កូនរបស់អ្នកនឹងចាំមិនភ្លេចនូវមេរៀនដ៏សំខាន់មួយ គឺចេះថែរក្សាប្រដាប់ប្រដាលេងរបស់ក្មេងឯទៀត។
៣ ជួយកូនបណ្ដុះគុណសម្បត្តិល្អៗ។
សុភាសិតក្នុងគម្ពីរប្រាប់ថា៖«ការប្រព្រឹត្តរបស់កូនក្មេងក៏បង្ហាញឲ្យដឹងដែរថា គាត់ជាក្មេងបរិសុទ្ធហើយត្រឹមត្រូវឬយ៉ាងណា»។ (សុភាសិត ២០:១១) ពេលដែលកូនធំឡើង យើងអាចឃើញថាគាត់ជាមនុស្សបែបណា តាមរយៈការប្រព្រឹត្តរបស់គាត់។ គួរឲ្យស្ដាយ ក្មេងខ្លះបានត្រូវគេស្គាល់ជាក្មេងមិនល្អដោយសារទង្វើរបស់គាត់។ (ចម្រៀងសរសើរព្រះ ៥៨:៣) ប៉ុន្តែ ក្មេងខ្លះទៀតបានបណ្ដុះឲ្យមានកេរ្តិ៍ឈ្មោះល្អនិងគួរឲ្យទុកចិត្ត។ ជាឧទាហរណ៍ សាវ័កប៉ូលបានសរសេរទៅកាន់ក្រុមជំនុំមួយស្ដីអំពីបុរសវ័យក្មេងម្នាក់គឺធីម៉ូថេ ដែលថា៖«ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តគំនិតដូចគាត់ ដែលពិតជានឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាទេ»។—ភីលីព ២:២០
អ្វីដែលអ្នកអាចធ្វើ។ ក្រៅពីប្រាប់កូនអំពីលទ្ធផលដូចបានរៀបរាប់នៅខាងលើ អ្នកក៏អាចជួយកូនឲ្យគិតថាតើពួកគេចង់ឲ្យអ្នកឯទៀតឃើញថាកូនជាមនុស្សបែបណា។ ពេលជួបការពិបាក ប្អូនៗយុវវ័យអាចរៀនធ្វើការសម្រេចចិត្តល្អដោយសួរខ្លួនឯងនូវសំណួរដូចខាងក្រោម៖
តើខ្ញុំចង់ក្លាយជាមនុស្សបែបណា?—កូឡុស ៣:១០
តើបុគ្គលនោះនឹងធ្វើយ៉ាងណាក្នុងស្ថានភាពនេះ?—សុភាសិត ១០:១
ក្នុងគម្ពីរមានគំរូរបស់បុរសស្ត្រីជាច្រើន ដែលការប្រព្រឹត្តរបស់ពួកគេបង្ហាញឲ្យឃើញថាពួកគេជាមនុស្សល្អឬជាមនុស្សអាក្រក់។ (កូរិនថូសទី១ ១០:១១; យ៉ាកុប ៥:១០, ១១) ដូច្នេះ សូមប្រើគំរូទាំងនោះដើម្បីជួយកូនរបស់អ្នកបណ្ដុះឲ្យមានគុណសម្បត្តិល្អ។
សៀវភៅផ្សេងៗរបស់សាក្សីព្រះយេហូវ៉ាអាចជួយលោកអ្នកឲ្យឃើញរបៀបដែលគោលការណ៍គម្ពីរអាចជួយក្រុមគ្រួសាររបស់អ្នក និងរបៀបជួយកូនរបស់អ្នកឲ្យទទួលប្រយោជន៍ដូច្នោះដែរ។