បទសម្ភាសន៍ | រ៉ាឃែល ហល
ស្ត្រីជនជាតិយូដាម្នាក់ប្រាប់អំពីមូលហេតុដែលនាងពិនិត្យមើលជំនឿរបស់នាងឡើងវិញ
រ៉ាឃែល ហល មានម្ដាយជាជនជាតិអ៊ីស្រាអែលដែលកាន់សាសនាយូដា ឯឪពុកជាជនជាតិអូទ្រីស គាត់ក៏បានដូរមកកាន់សាសនាយូដាដែរ។ ចំណែកឯយាយតារបស់នាងខាងម្ដាយវិញ ពួកគាត់ជាសមាជិកនៃនិកាយស៊ីយ៉ូន(Zionists) ដែលបានធ្វើអន្តោប្រវេសន៍មកប្រទេសអ៊ីស្រាអែលនៅឆ្នាំ១៩៤៨ ជាឆ្នាំដែលប្រទេសនោះទទួលបានឯករាជ្យ។ ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! មានសំណួរសួររ៉ាឃែលអំពីអ្វីដែលបាននាំឲ្យនាងពិនិត្យមើលជំនឿរបស់នាងឡើងវិញយ៉ាងដិតដល់។
សូមរៀបរាប់អំពីប្រវត្តិរបស់អ្នកបានទេ?
ខ្ញុំកើតនៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ១៩៧៩។ ពេលខ្ញុំអាយុបីឆ្នាំ ឪពុកម្ដាយខ្ញុំលែងលះគ្នា។ ម្ដាយខ្ញុំបានចិញ្ចឹមអប់រំខ្ញុំតាមទំនៀមទម្លាប់ជនជាតិយូដា ព្រមទាំងឲ្យខ្ញុំទៅរៀននៅសាលាយេស៊ីវ៉ាសឬហៅថាសាលាជ្វីស។ ពេលខ្ញុំអាយុ៧ឆ្នាំ ពួកយើងបានរើទៅរស់នៅប្រទេសអ៊ីស្រាអែលអស់មួយឆ្នាំ ហើយខ្ញុំបានចូលរៀននៅសាលាគីបូត។ បន្ទាប់មក ខ្ញុំនិងម្ដាយរើទៅនៅប្រទេសម៉ិកស៊ិក។
ទោះជានៅតំបន់នោះគ្មានសាលាប្រជុំក៏ដោយ ខ្ញុំនៅតែបន្តកាន់ខ្ជាប់តាមទំនៀមទម្លាប់សាសនាយូដា។ នៅថ្ងៃឈប់សម្រាក ខ្ញុំតែងតែអុជទៀន អានសៀវភៅតូរ៉ា និងអធិដ្ឋានដោយប្រើសៀវភៅជំនួយសម្រាប់អធិដ្ឋាន។ ខ្ញុំឧស្សាហ៍ប្រាប់មិត្តភក្ដិនៅសាលាថា សាសនារបស់ខ្ញុំគឺជាសាសនាដើម។ ខ្ញុំមិនដែលអានសៀវភៅដែលហៅថាសញ្ញាថ្មីទេ នោះជាសៀវភៅដែលផ្ដោតទៅលើកិច្ចបម្រើផ្សាយនិងសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្ត។ តាមការពិត ម្ដាយខ្ញុំព្រមានខ្ញុំជានិច្ចមិនឲ្យអានសៀវភៅនោះ ព្រោះគាត់ខ្លាចថាសេចក្ដីបង្រៀនក្នុងសៀវភៅនោះបំពុលចិត្តគំនិតខ្ញុំ។
ហេតុអ្វីបានជាអ្នកសម្រេចចិត្តអានសៀវភៅសញ្ញាថ្មី?
ពេលខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំបានត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញដើម្បីបញ្ចប់ការសិក្សារបស់ខ្ញុំ។ នៅទីនោះ ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកកាន់សាសនាគ្រិស្ត គាត់បានប្រាប់ខ្ញុំថាជីវិតខ្ញុំនឹងមិនមានភាពពេញលេញទេ បើមិនស្គាល់លោកយេស៊ូ។
ខ្ញុំតបទៅវិញថា៖«អ្នកណាដែលជឿលើលោកយេស៊ូ អ្នកនោះចាញ់បញ្ឆោតគេហើយ»។
គាត់បានសួរថា៖«តើអ្នកធ្លាប់អានសញ្ញាថ្មីទេ?»។
ខ្ញុំឆ្លើយថា៖«អត់ធ្លាប់ទេ»។
គាត់និយាយថា៖«បើដូច្នេះ អ្នកមិនគួរនិយាយអ្វីដែលអ្នកមិនដឹងនោះទេ»។
សម្ដីរបស់គាត់បានចាក់ដោតខ្ញុំយ៉ាងខ្លាំង ព្រោះខ្ញុំក៏គិតដែរថាជាការល្ងង់ខ្លៅណាស់ក្នុងការនិយាយអ្វីដែលខ្លួនមិនដឹង។ ដូច្នេះ ខ្ញុំបានទៅយកគម្ពីរសញ្ញាថ្មីពីផ្ទះរបស់គាត់ ហើយចាប់ផ្ដើមអាន។
តើអ្វីកើតឡើងក្រោយពីអ្នកបានអាន?
ខ្ញុំភ្ញាក់ផ្អើលណាស់ដែលដឹងថា អ្នកសរសេរសៀវភៅសញ្ញាថ្មីសុទ្ធតែជាជនជាតិយូដា។ បន្ថែមទៀត ពេលខ្ញុំអានកាន់តែច្រើន ខ្ញុំកាន់តែឃើញថាលោកយេស៊ូជាជនជាតិយូដាដែលមានចិត្តល្អ ចិត្តរាបទាប ហើយលោកចង់ជួយមនុស្ស មិនមែនចង់កេងប្រវ័ញ្ចពីពួកគេទេ។ ខ្ញុំថែមទាំងបានទៅបណ្ណាល័យដើម្បីខ្ចីសៀវភៅផ្សេងៗដែលនិយាយអំពីលោកយេស៊ូមកអានទៀតផង។ ប៉ុន្តែ គ្មានសៀវភៅណាមួយដែលផ្ដល់អំណះអំណាងឲ្យខ្ញុំជឿថា លោកយេស៊ូជាមេស្ស៊ីទេ។ សៀវភៅខ្លះនិយាយថាលោកយេស៊ូជាព្រះ តែសម្រាប់ខ្ញុំគឺមិនសមហេតុផលឡើយ ព្រោះបើលោកយេស៊ូជាព្រះមែន តើលោកបានអធិដ្ឋានទៅអ្នកណា? ទៅខ្លួនលោកឬ? ណាមួយទៀត បើលោកយេស៊ូជាព្រះមែន ហេតុអ្វីលោកស្លាប់? ព្រោះគម្ពីរនិយាយអំពីព្រះថា៖«លោកមិនចេះស្លាប់ឡើយ»។ *
តើអ្នកបានរកឃើញចម្លើយយ៉ាងដូចម្ដេច?
សេចក្ដីពិតនៅតែជាសេចក្ដីពិត ហើយខ្ញុំបានតាំងចិត្តស្វែងរកសេចក្ដីពិត។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅព្រះដោយស្មោះអស់ពីចិត្តទាំងទឹកភ្នែក នេះជាលើកទី១ហើយដែលខ្ញុំអធិដ្ឋានដោយគ្មានជំនួយពីសៀវភៅសម្រាប់អធិដ្ឋាន។ មិនយូរក្រោយពីខ្ញុំអធិដ្ឋានចប់ មានគេគោះទ្វារ គឺសាក្សីព្រះយេហូវ៉ាពីរនាក់បានមកជួបខ្ញុំ។ ពួកគាត់បានឲ្យសៀវភៅជំនួយមួយសម្រាប់សិក្សាគម្ពីរដល់ខ្ញុំ។ ពេលខ្ញុំអានសៀវភៅនោះ ព្រមទាំងមានការពិគ្រោះអំពីរឿងផ្សេងៗជាមួយនឹងពួកគាត់ ធ្វើឲ្យខ្ញុំជឿជាក់ថាជំនឿរបស់ពួកគាត់មានមូលដ្ឋានលើគម្ពីរ។ ជាឧទាហរណ៍ សាក្សីព្រះយេហូវ៉ាជឿថាលោកយេស៊ូ«ជាបុត្ររបស់ព្រះ» * និងជា«អ្នកដំបូងបង្អស់ដែលព្រះបានបង្កើត» * មិនមែនជាផ្នែកមួយនៃព្រះឯកត្រីអង្គទេ។
មិនយូរប៉ុន្មាន ខ្ញុំបានត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ ហើយខ្ញុំនៅតែបន្តសិក្សាទំនាយអំពីមេស្ស៊ីជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលដឹងថាមានទំនាយជាច្រើនអំពីមេស្ស៊ី! ប៉ុន្តែ ខ្ញុំនៅតែមានការសង្ស័យខ្លះ។ ខ្ញុំឆ្ងល់ថា៖‹តើមានតែលោកយេស៊ូប៉ុណ្ណោះឬ ដែលបានសម្រេចទំនាយទាំងនោះ?› ហើយ‹ចុះបើលោកជាបុគ្គលឆ្លាតដែលពូកែសម្ដែងឲ្យគេគិតថាខ្លួនជាមេស្ស៊ី?›។
តើអ្វីបានធ្វើឲ្យអ្នកឈប់សង្ស័យ?
សាក្សីព្រះយេហូវ៉ាបានបង្ហាញខ្ញុំនូវទំនាយមួយចំនួនដែលគ្មានអ្នកណាអាចសម្ដែងឬក្លែងបន្លំបានទេ។ ជាឧទាហរណ៍ អ្នកប្រកាសទំនាយឈ្មោះមីកាបានប្រាប់ទុកជាង៧០០ឆ្នាំមុនថា មេស្ស៊ីនឹងកើតនៅបេថ្លេហិមស្រុកយូឌា។ * តើអ្នកណាអាចចាត់ចែងថាលោកនឹងកើតនៅកន្លែងណា? អេសាយបានសរសេរថា មេស្ស៊ីនឹងត្រូវគេសម្លាប់ក្នុងនាមជាឧក្រិដ្ឋជន តែលោកនឹងត្រូវគេបញ្ចុះជាមួយនឹងពួកអ្នកមាន។ * ទំនាយទាំងអស់នេះពិតជាបានកើតឡើងមែនក្នុងជីវិតរបស់លោកយេស៊ូ។
ភ័ស្តុតាងចុងក្រោយគឺទាក់ទងនឹងជីវប្រវត្តិរបស់លោកយេស៊ូ។ គម្ពីរចែងថាមេស្ស៊ីនឹងកើតមកតាមរយៈកូនចៅរបស់ស្ដេចដាវីឌ។ * ជនជាតិយូដានៅសម័យបុរាណតែងតែរក្សាទុកកំណត់ត្រាជីវប្រវត្តិ បើលោកយេស៊ូមិនមែនជាកូនចៅរបស់ដាវីឌទេ នោះពួកសត្រូវមុខជាស្រែកប្រកាសតាំងពីលើដំបូងផ្ទះមកម្ល៉េះ! ប៉ុន្តែ ពួកគេមិនបានធ្វើដូច្នេះទេ ពីព្រោះលោកយេស៊ូពិតជាមកពីវង្សត្រកូលរបស់ដាវីឌមែន នេះជាអ្វីដែលគ្មានអ្នកណាអាចប្រកែកបាន។ សូម្បីតែក្រុមមនុស្សផ្សេងៗក៏បានហៅលោកថា«បុត្រដាវីឌ»ដែរ។ *
ប្រហែល៣៧ឆ្នាំក្រោយពីលោកយេស៊ូស្លាប់ គឺនៅឆ្នាំ៧០ គ.ស. កងទ័ពរ៉ូមបានមកបំផ្លាញក្រុងយេរូសាឡិម ហើយកំណត់ត្រាអំពីពូជពង្សវង្សត្រកូលក៏បានត្រូវបាត់បង់ឬបំផ្លាញចោលដែរ។ ហេតុនេះ មេស្ស៊ីត្រូវតែលេចមកមុនឆ្នាំ៧០ គ.ស. ដើម្បីឲ្យគេស្គាល់អត្តសញ្ញាណរបស់លោកយ៉ាងត្រឹមត្រូវតាមកំណត់ត្រាជីវប្រវត្តិ។
តើការយល់ដឹងនេះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?
នៅការបំភ្លឺច្បាប់ ១៨:១៨, ១៩ មានទំនាយថាព្រះនឹងតែងតាំងបុគ្គលម្នាក់ឲ្យប្រកាសទំនាយដូចម៉ូសេដែរនៅស្រុកអ៊ីស្រាអែល។ ព្រះបានមានប្រសាសន៍ថា៖«គាត់នឹងនិយាយក្នុងនាមខ្ញុំ ហើយបើអ្នកណាមិនស្ដាប់ពាក្យខ្ញុំតាមរយៈគាត់ទេ អ្នកនោះនឹងត្រូវទទួលខុសត្រូវចំពោះកំហុសខ្លួន»។ ការសិក្សាគម្ពីរទាំងមូលយ៉ាងស៊ីជម្រៅ នាំឲ្យខ្ញុំជឿជាក់ថាលោកយេស៊ូពីក្រុងណាសារ៉ែត គឺជាអ្នកប្រកាសទំនាយម្នាក់នោះ។
^ វគ្គ 21 អេសាយ ៩:៦, ៧; លូកា ១:៣០-៣២។ ម៉ាថាយជំពូកទី១ បានកត់ទុកអំពីជីវប្រវត្តិខាងឪពុករបស់លោកយេស៊ូ រីឯលូកាជំពូកទី៣បានកត់ទុកអំពីជីវប្រវត្តិខាងម្ដាយរបស់លោក។