អត្ថបទអំពីក្រប
របៀបប្រើពេលវេលាដ៏ឈ្លាសវៃ
ជាញឹកញយ មនុស្សជាច្រើននិយាយថា៖«បើមានពេលច្រើនជាងមិនដឹងជាល្អយ៉ាងណាទេ!»។ លោកអ្នកក៏ធ្លាប់និយាយដូច្នេះដែរ មែនទេ? ក្នុងន័យម្យ៉ាង ពេលវេលាគឺជាអ្វីមួយដែលមនុស្សទាំងអស់មានស្មើគ្នា មិនថាអ្នកមានអំណាច អ្នកតូចតាច អ្នកមាន ឬអ្នកក្រក្ដី ពួកគេមានពេលវេលាដូចគ្នា។ បន្ថែមទៅទៀត ទោះជាអ្នកមានឬអ្នកក្រក្ដី ពួកគេមិនអាចសន្សំទុកពេលវេលាបានទេ។ បើបាត់បង់ពេលវេលា មិនអាចយកមកវិញបានឡើយ។ ដូច្នេះ គឺជាការប្រកបដោយប្រាជ្ញា បើយើងប្រើពេលវេលាឲ្យបានប្រយោជន៍ច្រើនបំផុត។ តើតាមរបៀបណា? សូមពិចារណាវិធីបួនយ៉ាងដែលបានជួយមនុស្សជាច្រើនឲ្យប្រើពេលវេលារបស់ពួកគេដោយឈ្លាសវៃ។
វិធីទី១: ចូរមានរបៀបរៀបរយ
ធ្វើអ្វីដែលសំខាន់ជាមុន។ គម្ពីរជូនយោបល់ថា៖«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភីលីព ១:១០) សូមរៀបចំបញ្ជីអំពីអ្វីដែលសំខាន់និងអ្វីដែលអ្នកត្រូវធ្វើជាបន្ទាន់។ សូមចាំថាអ្វីដែលសំខាន់ មិនមែនមានន័យថាត្រូវធ្វើជាបន្ទាន់នោះទេ ដូចជាការទិញម្ហូបជាដើម។ ផ្ទុយទៅវិញ អ្វីដែលត្រូវធ្វើជាបន្ទាន់ មិនមែនមានន័យថាសំខាន់នោះឡើយ ដូចជាមើលរឿងភាគតាមកម្មវិធីទូរទស្សន៍ជាដើម។ *
គិតទុកជាមុន។ សាស្ដា ១០:១០ចែងថា៖«បើដែករឹលហើយ ម្ចាស់មិនសំលៀងមុខទេ នោះត្រូវតែបញ្ចេញកំឡាំងលើសជាងទៅទៀត។ ឯប្រាជ្ញាមានប្រយោជន៍នឹងដំរង់ការ»។ តើមានមេរៀនអ្វីពីខនេះ? មេរៀនគឺការសំលៀងដែកមានន័យថាការរៀបចំទុកជាមុនដើម្បីអ្នកអាចប្រើពេលវេលាឲ្យបានប្រយោជន៍ច្រើនបំផុត។ សូមលុបចោលកិច្ចការដែលមិនចាំបាច់ ឬទុកមួយឡែកសិន ជាកិច្ចការដែលគ្រាន់តែស៊ីពេលវេលានិងកម្លាំងប៉ុណ្ណោះ។ បើអ្នកឃើញថាអ្នកនៅសល់ពេលក្រោយពីបង្ហើយកិច្ចការរបស់អ្នក ជាការល្អឲ្យអ្នកធ្វើកិច្ចការដែលអ្នកបានកំណត់ទុកសម្រាប់ធ្វើពេលក្រោយ។ ដោយគិតទុកជាមុន អ្នកអាចសម្រេចកិច្ចការជាច្រើន ដូចអ្នកកាប់ឈើប្រកបដោយប្រាជ្ញា ដែលតែងតែសំលៀងមុខពូថៅរបស់គាត់ជានិច្ច។
ធ្វើឲ្យជីវិតសាមញ្ញ។ សូមរៀនបដិសេធអ្វីដែលមិនសំខាន់ឬអ្វីដែលគ្រាន់តែស៊ីពេលប៉ុណ្ណោះ។ ការណាត់ជួបច្រើនពេកនិងការមានសកម្មភាពច្រើនហួសហេតុ អាចធ្វើឲ្យអ្នកតានតឹងចិត្តនិងបាត់បង់អំណរ។
វិធីទី២: ជៀសវាងពីទង្វើដែលស៊ីពេលវេលា
ការបង្អែបង្អង់និងការមិនចេះសម្រេចចិត្ត។ គម្ពីរចែងថា៖«អ្នកណាដែលសង្កេតមើលតែខ្យល់នោះនឹងមិនសាបព្រោះទេ ហើយអ្នកណាដែលសង្កេតមើលតែពពក នោះក៏មិនច្រូតកាត់ឡើយ»។ (សាស្ដា ១១:៤) តើមានមេរៀនអ្វីពីខនេះ? ការបង្អែបង្អង់ប្រៀបដូចជាចោរលួចពេលវេលានិងសមិទ្ធផល។ កសិករដែលរង់ចាំរហូតដល់មានអាកាសធាតុល្អឥតខ្ចោះ នោះនឹងមិនដែលសាបព្រោះឬច្រូតកាត់ឡើយ។ ស្រដៀងគ្នាដែរ យើងអាចអនុញ្ញាតឲ្យរឿងមិនទៀងក្នុងជីវិតធ្វើឲ្យយើងមិនចេះសម្រេចចិត្ត ឬយើងប្រហែលជាគិតថាយើងត្រូវចាំរហូតដល់មានព័ត៌មានគ្រប់សព្វសិន ទើបយើងធ្វើការសម្រេចចិត្ត។ ពិតណាស់ ការសម្រេចចិត្តសំខាន់ៗត្រូវធ្វើការស្រាវជ្រាវនិងត្រិះរិះពិចារណា។ សុភាសិត ១៤:១៥ចែងថា៖«មនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។ ប៉ុន្តែ ការពិតគឺថាការសម្រេចចិត្តជាច្រើនរួមបញ្ចូលរឿងមិនទៀងខ្លះ។—សាស្ដា ១១:៦
ការតម្រូវឲ្យល្អឥតខ្ចោះ។ យ៉ាកុប ៣:១៧ចែងថា៖‹ប្រាជ្ញាពីស្ថានលើ[ឬពីព្រះ]គឺសមហេតុផល›។ ការចង់ធ្វើអ្វីមួយឲ្យបានល្អ គឺគួរឲ្យសរសើរណាស់! ប៉ុន្តែ ពេលខ្លះ បើយើងកំណត់ខ្នាតតម្រាខ្ពស់ពេក នោះយើងអាចខកចិត្តឬមិនសម្រេចអ្វីទាល់តែសោះ។ ជាឧទាហរណ៍ បើបុគ្គលម្នាក់រៀនភាសាថ្មី គាត់ត្រូវត្រៀមចិត្តទុកជាមុន ថាគាត់នឹងនិយាយខុស ហើយដឹងថាគាត់នឹងរៀនពីកំហុសនោះ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកដែលតម្រូវឲ្យខ្លួនធ្វើឲ្យបានល្អឥតខ្ចោះ គាត់ទំនងជាខ្លាចថាខ្លួននឹងនិយាយអ្វីខុស នេះជាចិត្តគំនិតដែលរារាំងគាត់ពីការរីកចម្រើន។ ប៉ុន្តែ គឺល្អជាងបើមិនតម្រូវពីខ្លួនឯងហួសហេតុពេក។ សុភាសិត ១១:២ចែងថា៖«ប្រាជ្ញាតែងនៅនឹងមនុស្សសុភាព»។ បន្ថែមទៅទៀត មនុស្សសុភាពរាបទាបមិនតឹងតែងពេកចំពោះខ្លួនឯង ហើយក៏ចេះអស់សំណើចនឹងខ្លួនឯងដែរ។
សៀវភៅមួយរៀបរាប់ថា៖«អ្នកមិនទិញអ្វីៗដោយលុយទេ តែអ្នកទិញដោយពេលវេលាវិញ»(What to Do Between Birth and Death)។
វិធីទី៣: មានតុល្យភាពនិងចេះទទួលស្គាល់ការពិត
ធ្វើការផងនិងចេះកម្សាន្តផង។ គម្ពីរចែងថា៖«បើមានតែ១ក្ដាប់ ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមាន២ក្ដាប់ ហើយមានទាំងការនឿយហត់នឹងការខំជាអសារឥតការផង។»។ (សាស្ដា ៤:៦) ជាញឹកញយ អ្នកវក់នឹងការងារមិនសប្បាយនឹងផលដែលដែលខ្លួនបានធ្វើនោះទេ។ ពួកគេអស់កម្លាំង ហើយគ្មានពេលវេលាសល់ទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកដែលខ្ជិលច្រអូស ចូលចិត្តសម្រាក«ពីរក្ដាប់»ឬច្រើនពេក ហើយបង្ខាតពេលវេលាដែលមានតម្លៃ។ គម្ពីរលើកទឹកចិត្តយើងឲ្យមានតុល្យភាព ពោលគឺខំព្យាយាមធ្វើការ ហើយអរសប្បាយនឹងផលនៃកិច្ចការរបស់ខ្លួន។ ការអរសប្បាយបែបនេះគឺជា«អំណោយទានពីព្រះ»។—សាស្ដា ៥:១៩
គេងឲ្យបានគ្រប់គ្រាន់។ អ្នកសរសេរគម្ពីរម្នាក់បាននិយាយថា៖‹ខ្ញុំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់›។ (ទំនុកតម្កើង ៤:៨) មនុស្សពេញវ័យភាគច្រើន ត្រូវការគេង៨ម៉ោងរៀងរាល់យប់ ដើម្បីមានកម្លាំងកាយមាំមួន អារម្មណ៍ស្រស់ស្រាយ និងគំនិតភ្លឺថ្លា។ ស្ដីអំពីចំណុចចុងក្រោយ ការគេងគ្រប់គ្រាន់គឺជាការប្រើពេលវេលាដ៏ល្អ ព្រោះនោះនឹងជួយឲ្យស្រួលផ្ចង់អារម្មណ៍ និងបង្កើនការចងចាំ។ ជាលទ្ធផល នោះជួយក្នុងការរៀនសូត្រ។ ប៉ុន្តែ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យរៀនសូត្រមិនពូកែ មានគ្រោះថ្នាក់ មានកំហុស និងមួម៉ៅចិត្ត។
កំណត់គោលដៅដែលអាចសម្រេចបាន។ គម្ពីរចែងថា៖«ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ»។ (សាស្ដា ៦:៩) តើចំណុចសំខាន់ជាអ្វី? មនុស្សដែលមានប្រាជ្ញាមិនអនុញ្ញាតឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនកាន់កាប់លើជីវិតទេ ជាពិសេសបំណងប្រាថ្នាមិនសមហេតុសមផល ឬមិនអាចសម្រេចបាន។ ដូច្នេះ គាត់មិនចាញ់បោកការផ្សាយពាណិជ្ជកម្មដ៏ឈ្លាសវៃ ឬរហ័សជំពាក់បំណុលនោះទេ។ ផ្ទុយទៅវិញ គាត់រៀនស្កប់ចិត្តនឹងអ្វី«ដែលគាត់មើលឃើញ»ឬអាចទទួលតាមលទ្ធភាពរបស់គាត់។
វិធីទី៤: ដឹកនាំដោយខ្នាតតម្រាសីលធម៌
គិតពិចារណាគោលការណ៍របស់អ្នក។ គោលការណ៍នោះជួយអ្នកឲ្យដឹងអំពីអ្វីដែលល្អ ដែលសំខាន់ និងដែលមានប្រយោជន៍។ បើជីវិតរបស់អ្នកប្រៀបដូចជាព្រួញ គោលការណ៍របស់អ្នកប្រៀបដូចជាការតម្រង់ព្រួញនោះ។ ដូច្នេះ គោលការណ៍ជួយអ្នកឲ្យកំណត់អ្វីដែលសំខាន់បំផុតក្នុងជីវិត ហើយប្រើពេលវេលាជារៀងរាល់ម៉ោង និងរៀងរាល់ថ្ងៃឲ្យកើតប្រយោជន៍ច្រើនបំផុត។ តើតាមរបៀបណាអ្នកអាចមានគោលការណ៍បែបនេះ? មនុស្សជាច្រើនស្វែងរកខ្នាតតម្រាឬគោលការណ៍គម្ពីរ ហើយទទួលស្គាល់ថាខ្នាតតម្រានោះគឺប្រកបដោយប្រាជ្ញា។—សុភាសិត ២:៦, ៧
ចាត់ទុកសេចក្ដីស្រឡាញ់ជាគោលការណ៍ដ៏សំខាន់បំផុត។ កូឡុស ៣:១៤ ចែងថា៖ សេចក្ដីស្រឡាញ់«ជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ បើគ្មានសេចក្ដីស្រឡាញ់ យើងមិនអាចមានសុភមង្គលពិត និងអារម្មណ៍សុខសាន្តបានទេ ជាពិសេសក្នុងរង្វង់គ្រួសារ។ មនុស្សដែលមិនទទួលស្គាល់ការពិតនេះ ប្រហែលជាព្យាយាមដេញតាមទ្រព្យសម្បត្តិនិងអាជីពរបស់ខ្លួន តែពួកគេនឹងគ្មានសុភមង្គលឡើយ។ ដូច្នេះ ដោយមូលហេតុត្រឹមត្រូវ គម្ពីរចាត់ទុកសេចក្ដីស្រឡាញ់ជាគោលការណ៍ដ៏សំខាន់ ហើយរៀបរាប់អំពីសេចក្ដីស្រឡាញ់អស់ជាច្រើនរយដង។—កូរិនថូសទី១ ១៣:១-៣; យ៉ូហានទី១ ៤:៨
លៃទុកពេលដើម្បីស្គាល់ព្រះ។ បុរសម្នាក់ឈ្មោះជេហ្វ មានប្រពន្ធដ៏ល្អ កូនពីរនាក់ដ៏ស្រស់ស្អាត និងមិត្តភក្តិគួរឲ្យទុកចិត្ត ព្រមទាំងមានការងារល្អជាពេទ្យសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងនោះក្ដី ការងាររបស់គាត់នាំឲ្យគាត់ឃើញដោយផ្ទាល់ភ្នែកនូវការរងទុក្ខនិងសេចក្ដីស្លាប់។ ដូច្នេះ នាំឲ្យគាត់ឆ្ងល់ថា«តើជីវិតបែបនេះឬ?»។ ថ្ងៃមួយគាត់បានអានសៀវភៅដែលមានមូលដ្ឋានក្នុងគម្ពីរបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ហើយបានរកឃើញចម្លើយដែលធ្វើឲ្យគាត់អស់ចិត្ត។
ជេហ្វពន្យល់អំពីអ្វីដែលគាត់បានរៀនដល់ប្រពន្ធនិងកូនរបស់គាត់ ហើយពួកគេក៏ចាប់អារម្មណ៍ដែរ។ ក្រុមគ្រួសារទាំងមូលចាប់ផ្ដើមរៀនគម្ពីរ ហើយនោះធ្វើឲ្យជីវិតពួកគេល្អប្រសើរឡើង។ ការសិក្សាគម្ពីរបានជួយពួកគេឲ្យប្រើពេលវេលាយ៉ាងឈ្លាសវៃ។ បន្ថែមទៅទៀត ការសិក្សាគម្ពីរផ្ដល់ឲ្យពួកគេនូវសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងពិភពលោកដែលគ្មានការឈឺចាប់និងការអសារឥតការ។—ការបើកបង្ហាញ ២១:៣, ៤
បទពិសោធន៍របស់ជេហ្វ ជួយរំលឹកយើងអំពីប្រសាសន៍របស់លោកយេស៊ូដែលថា៖«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។ (ម៉ាថាយ ៥:៣) តើអ្នកសុខចិត្តលៃទុកពេលដើម្បីទទួលការណែនាំពីព្រះឬទេ? បើអ្នកធ្វើដូច្នេះ អ្នកនឹងទទួលប្រាជ្ញាដើម្បីប្រើពេលវេលាឲ្យកើតប្រយោជន៍ច្រើនបំផុត មិនគ្រាន់តែជារៀងរាល់ថ្ងៃ តែពេញមួយជីវិតរបស់អ្នក។
^ វគ្គ 5 សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! អត្ថបទជាភាសាអង់គ្លេស«វិធី២០យ៉ាងដើម្បីមានពេលច្រើនជាង»។