បទសម្ភាសន៍ | អាន់តូនីយ៉ូ ដេឡាកាតា
មូលហេតុដែលបូជាចារ្យម្នាក់បានចាកចេញពីវិហាររបស់គាត់
ក្រោយពីសិក្សានៅទីក្រុងរ៉ូមអស់៩ឆ្នាំ អាន់តូនីយ៉ូ ដេឡាកាតាបានត្រូវតែងតាំងជាបូជាចារ្យនៅឆ្នាំ១៩៦៩។ ក្រោយមក គាត់ក្លាយជានាយកសាលាសាសនានៅជិតទីក្រុងណែពុល ប្រទេសអ៊ីតាលី។ ពេលដែលគាត់នៅទីនោះ គាត់បានសិក្សាគម្ពីរនិងរំពឹងគិត ហើយក្រោយមកគាត់បានយល់ឃើញថាសេចក្ដីបង្រៀនរបស់សាសនាកាតូលិកមិនមានមូលដ្ឋានទៅលើគម្ពីរទេ។ គាត់បានផ្ដល់បទសម្ភាសន៍ដល់ទស្សនាវដ្ដីភ្ញាក់រឭក! អំពីអ្វីដែលគាត់បានធ្វើដើម្បីស្វែងរកព្រះ។
សូមប្រាប់យើងពីពេលដែលបងនៅក្មេង។
ខ្ញុំបានកើតនៅប្រទេសអ៊ីតាលីនៅឆ្នាំ១៩៤៣។ ខ្ញុំបានធំឡើងជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំក្នុងភូមិតូចមួយ ហើយឪពុករបស់យើងជាកសិករនិងជាជាងឈើ។ ឪពុកម្ដាយរបស់យើងអប់រំយើងតាមសាសនាកាតូលិក។
ហេតុអ្វីបងចង់ក្លាយទៅជាបូជាចារ្យ?
ពេលខ្ញុំនៅក្មេង ខ្ញុំចូលចិត្តស្ដាប់ពួកបូជាចារ្យនិយាយនៅវិហារ។ ខ្ញុំពិតជាចូលចិត្តសំឡេងរបស់ពួកគេ ហើយនិងទំនៀមទម្លាប់ដ៏គួរឲ្យកោតស្ងើចដែលពួកគេធ្វើ។ ដូច្នេះ ខ្ញុំចង់ក្លាយទៅជាបូជាចារ្យណាស់! ពេលដែលខ្ញុំមានអាយុ១៣ឆ្នាំ ម្ដាយរបស់ខ្ញុំបានបញ្ជូនខ្ញុំឲ្យទៅរៀននិងស្នាក់នៅសាលាដែលបង្រៀនក្មេងប្រុសៗឲ្យរៀនថ្នាក់ខ្ពស់ដើម្បីក្លាយទៅជាបូជាចារ្យ។
តើការអប់រំរបស់បងរួមបញ្ចូលការសិក្សាគម្ពីរឬទេ?
អត់ទេ។ ពេលខ្ញុំអាយុ១៥ឆ្នាំ គ្រូបង្រៀនរបស់ខ្ញុំម្នាក់បានឲ្យខ្ញុំសៀវភៅដំណឹងល្អមួយក្បាល ដែលមានកំណត់ហេតុអំពីជីវិតនិងកិច្ចបម្រើរបស់លោកយេស៊ូ ហើយខ្ញុំបានអានសៀវភៅនោះជាច្រើនដង។ ពេលខ្ញុំអាយុ១៨ឆ្នាំ ខ្ញុំបានទៅទីក្រុងរ៉ូមដើម្បីសិក្សានៅមហាវិទ្យាល័យសម្រាប់ពួកបូជាចារ្យ ដែលនៅក្រោមការដឹកនាំរបស់សម្ដេចប៉ាប។ ខ្ញុំរៀនភាសាឡាតាំង ភាសាក្រិច ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា ចិត្តវិជ្ជា និងសាសនវិទ្យា។ ទោះជាយើងបានសូត្រខគម្ពីរ និងបានស្ដាប់គេអានបទគម្ពីរក្នុងសេចក្ដីអធិប្បាយនៅថ្ងៃអាទិត្យក៏ដោយ ប៉ុន្តែយើងមិនបានសិក្សាគម្ពីរនោះទេ។
ពេលបងបានក្លាយទៅជានាយកសាលា តើបងបានបង្រៀនគម្ពីរទេ?
ភាគច្រើនខ្ញុំធ្វើតែកិច្ចការខាងរដ្ឋបាលប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំបានបង្រៀនថ្នាក់អំពីការសម្រេចចិត្តរបស់ក្រុមប្រឹក្សាវ៉ាទីកុងទី២។
ហេតុអ្វីបងចាប់ផ្ដើមមានការសង្ស័យទៅលើសាសនារបស់បង?
មានអ្វីបីយ៉ាងដែលធ្វើឲ្យខ្ញុំទើសចិត្ត។ សាសនាកាតូលិករួមចំណែកក្នុងរឿងនយោបាយ។ ពេលពួកបុព្វជិតនិងសមាជិកនៃវិហារធ្វើខុស គ្មានអ្នកណាអើពើឬចាត់វិធានការអ្វីឡើយ ហើយសេចក្ដីបង្រៀនខ្លះរបស់សាសនាកាតូលិកស្ដាប់ទៅមិនសមហេតុសមផលសោះ។ ជាឧទាហរណ៍ តើព្រះដែលជាសេចក្ដីស្រឡាញ់នឹងដាក់ទណ្ឌកម្មមនុស្សជារៀងរហូតក្រោយពួកគេស្លាប់មែនឬ? ហើយតើព្រះពិតជាចង់ឲ្យយើងអធិដ្ឋានដដែលៗរាប់រយដងដោយប្រើខ្សែអង្កាំឬ? *
តើបងបានធ្វើអ្វី?
ខ្ញុំបានអធិដ្ឋានសុំការណែនាំទាំងស្រក់ទឹកភ្នែក។ ខ្ញុំក៏បានទិញគម្ពីរយេរូសាឡិមរបស់សាសនាកាតូលិកដែលទើបតែបានបោះពុម្ពជាភាសាអ៊ីតាលីយកមកអានដែរ។ បន្ទាប់មក នៅព្រឹកថ្ងៃអាទិត្យមួយ ពេលដែលខ្ញុំកំពុងដោះអាវធំចេញក្រោយពីធ្វើពិធីសាសនា មានបុរសពីរនាក់បានមកសាលាសាសនារបស់យើង។ ពួកគេបានប្រាប់ខ្ញុំថា ពួកគេគឺជាសាក្សីព្រះយេហូវ៉ា។ ពួកយើងបាននិយាយគ្នាមួយម៉ោងជាងអំពីគម្ពីរ និងអ្វីដែលគម្ពីរចែងអំពីសាសនាពិត។
តើបងមានទស្សនៈយ៉ាងណាចំពោះសាក្សីព្រះយេហូវ៉ាពីរនាក់នោះ?
ខ្ញុំពិតជាកោតស្ងើចជំនឿរបស់ពួកគេណាស់ ហើយពួកគេអាចលើកឡើងពីបទគម្ពីរផ្សេងៗក្នុងសេចក្ដីបកប្រែរបស់សាសនាកាតូលិក។ ក្រោយមកមានបងប្រុសម្នាក់ឈ្មោះម៉ារីអូ បានមកលេងខ្ញុំ។ គាត់ពិតជាមានចិត្តអត់ធ្មត់និងស្មោះត្រង់ណាស់ ព្រោះរៀងរាល់ព្រឹកថ្ងៃសៅរ៍ទោះបីជាមានភ្លៀងឬអត់ គាត់តែងតែមកសាលាសាសនារបស់យើងហើយគោះទ្វាររៀងរាល់ម៉ោង៩ព្រឹក។
តើបូជាចារ្យឯទៀតមានទស្សនៈយ៉ាងណាចំពោះការមកលេងរបស់សាក្សីទាំងនោះ?
ខ្ញុំបានអញ្ជើញពួកគេឲ្យចូលរួមការពិភាក្សាជាមួយពួកយើង តែគ្មានអ្នកណាចាប់អារម្មណ៍ចង់រៀនគម្ពីរទេ។ ប៉ុន្តែខ្ញុំពិតជាចូលចិត្តណាស់! ខ្ញុំបានរៀនអ្វីដែលអស្ចារ្យ ដូចជាមូលហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា ជាអ្វីដែលខ្ញុំធ្លាប់ឆ្ងល់តាំងពីយូរមកហើយ។
តើថ្នាក់លើរបស់បងព្យាយាមបញ្ឈប់បងពីការសិក្សាគម្ពីរដែរឬទេ?
ក្នុង១៩៧៥ ខ្ញុំបានទៅទីក្រុងរ៉ូមពីរបីដងដើម្បីពន្យល់អំពីទស្សនៈរបស់ខ្ញុំ។ ពួកគេបានព្យាយាមផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់បានប្រើគម្ពីរនោះទេ។ នៅទីបំផុតនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៧៦ ខ្ញុំបានសរសេរសំបុត្រផ្ញើទៅទីស្នាក់ការនៅទីក្រុងរ៉ូមថា ខ្ញុំលែងកាន់តាមសាសនាកាតូលិកទៀតហើយ។ ពីរថ្ងៃក្រោយមក ខ្ញុំបានចាកចេញពីសាលាសាសនានោះហើយក្រោយមកខ្ញុំបានជិះរទេះភ្លើងទៅចូលរួមកិច្ចប្រជុំជាលើកទី១ជាមួយសាក្សីព្រះយេហូវ៉ា ដែលត្រូវជាកម្មវិធីសន្និបាត។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានឃើញ គឺពិតជាខុសគ្នាឆ្ងាយពីអ្វីដែលខ្ញុំធ្លាប់បានពិសោធន៍! គ្រប់គ្នាមានគម្ពីរ ហើយពួកគេបានផ្ទៀងតាមអ្នកថ្លែងពេលដែលពួកគេពិភាក្សាអំពីប្រធានបទណាមួយ។
តើក្រុមគ្រួសារបងគិតយ៉ាងណាចំពោះការផ្លាស់ប្ដូរសាសនារបស់បង?
ពួកគេភាគច្រើនប្រឆាំងខ្ញុំយ៉ាងខ្លាំង។ ប៉ុន្តែខ្ញុំបានដឹងថាប្អូនប្រុសម្នាក់របស់ខ្ញុំកំពុងសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ គាត់រស់នៅទីក្រុងឡូមបាឌី ដែលជាតំបន់ប៉ែកខាងជើងនៃប្រទេសអ៊ីតាលី។ ខ្ញុំបានទៅជួបគាត់ ហើយសាក្សីព្រះយេហូវ៉ាដែលនៅទីនោះបានជួយខ្ញុំរកការងារ និងកន្លែងស្នាក់នៅ។ មួយឆ្នាំក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹកហើយបានក្លាយទៅជាសាក្សីព្រះយេហូវ៉ាម្នាក់។
ឥឡូវខ្ញុំពិតជាមានភាពជិតស្និទ្ធនឹងព្រះ
តើបងមានការស្ដាយក្រោយឬទេ?
អត់សោះ! ឥឡូវខ្ញុំពិតជាមានភាពជិតស្និទ្ធនឹងព្រះ ដោយសារអ្វីដែលខ្ញុំបានរៀនអំពីលោកគឺមានមូលដ្ឋានពីគម្ពីរ មិនមែនដោយសារទស្សនវិជ្ជា ឬទំនៀមទម្លាប់របស់វិហារនោះទេ។ ហើយខ្ញុំក៏អាចបង្រៀនអ្នកឯទៀតដោយស្មោះនិងមានទំនុកចិត្តផងដែរ។
^ គម្ពីរផ្ដល់ចម្លើយចំពោះសំណួរទាំងនេះនឹងសំណួរជាច្រើនទៀត។ សូមចុច សេចក្ដីបង្រៀនក្នុងគម្ពីរ > សំណួរនិងចម្លើយពីគម្ពីរ។