ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
ចូរអប់រំកូនរបស់អ្នកអំពីការរួមភេទ
ផលវិបាក
ប្រហែលម្ភៃ សាមសិបឆ្នាំមុន ឪពុកម្ដាយមានឱកាសផ្ដើមនិយាយជាមួយកូនៗរបស់ពួកគេអំពីរឿងខាងផ្លូវភេទ ហើយពួកគេអាចពន្យល់អំពីរឿងនោះបន្តិចម្ដងៗស្របទៅតាមអាយុនិងសេចក្ដីត្រូវការរបស់កូន។
ប៉ុន្តែ សព្វថ្ងៃនេះមិនដូចពីមុនទេ។ សៀវភៅមួយបានរៀបរាប់ថា៖«ឥឡូវនេះក្មេងៗកាន់តែច្រើនទទួលសារជាទម្រង់អាសអាភាស និងប្រព័ន្ធផ្សាយព័ត៌មាននិងកម្មវិធីកុមារផ្សាយអំពីរឿងខាងផ្លូវភេទកាន់តែច្រើន»(The Lolita Effect)។ តើការដឹងយ៉ាងទូលំទូលាយអំពីរឿងនេះមានផលល្អឬផលអាក្រក់ដល់ក្មេងៗ?
អ្វីដែលអ្នកគួរដឹង
រូបអាសអាភាសមានគ្រប់ទីកន្លែង។ អ្នកនិពន្ធម្នាក់ឈ្មោះដេបូរ៉ា រ៉ូសមេន បានសរសេរក្នុងសៀវភៅគាត់ថា៖«សារទម្រង់អាសអាភាសនិងរូបអាសអាភាសមានគ្រប់ទីកន្លែង គឺក្នុងការសន្ទនា ការផ្សាយពាណិជ្ជកម្ម ភាពយន្ត សៀវភៅ ចម្រៀង កម្មវិធីទូរទស្សន៍ សារទូរស័ព្ទ វីដេអូហ្គេម ប៉ាន់ណូផ្សាយពាណិជ្ជកម្ម ក្នុងអេក្រង់ទូរស័ព្ទនិងអេក្រង់កុំព្យូទ័រ។ ហេតុនេះ កូនក្មេង ក្មេងជំទង់ និងយុវវ័យសន្មតថាការរួមភេទ . . . គឺជាអ្វីដែលសំខាន់បំផុត»(Talk to Me First)។
អ្នកផ្សាយពាណិជ្ជកម្មក៏គួរទទួលខុសត្រូវដែរ។ អ្នកផ្សាយពាណិជ្ជកម្មនិងពួកឈ្មួញលក់សម្លៀកបំពាក់កុមារស៊ិចស៊ីជាច្រើនម៉ូដ។ នេះបង្ហាត់បង្រៀនពួកគេតាំងពីក្មេងឲ្យផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្ផស្សរបស់ខ្លួន។ សៀវភៅមួយចែងថា៖«អ្នកផ្សាយពាណិជ្ជកម្មដឹងអំពីចំណុចខ្សោយរបស់កុមារ ហើយទាញប្រយោជន៍ពីពួកគេ»(So Sexy So Soon)។ «ពិតមែនថាពួកគេគ្មានបំណងប្រើរូបទម្រង់អាសអាភាសនិងផលិតផលស៊ិចស៊ីដើម្បីទាក់ទាញចិត្តកុមារឲ្យរួមភេទក្ដី» តែពួកគេលើកទឹកចិត្ត«ឲ្យទិញទំនិញរបស់ពួកគេ»។
ចំណេះគឺមិនគ្រប់គ្រាន់ទេ។ គ្រាន់តែបុគ្គលម្នាក់ចេះបើកឡាន មិនមែនមានន័យថាគាត់ជាអ្នកបើកបរល្អទេ។ ដូចគ្នាដែរ ការមានចំណេះអំពីរឿងខាងផ្លូវភេទ មិនមែនមានន័យថាគាត់តែងតែធ្វើការសម្រេចចិត្តដែលប្រកបដោយប្រាជ្ញាអំពីរឿងនោះឡើយ។
ចំណុចសំខាន់: នៅសព្វថ្ងៃនេះសំខាន់ជាងពេលណាណាទាំងអស់ អ្នកត្រូវជួយបង្ហាត់បង្រៀន«សមត្ថភាពវែកញែក»របស់កូន ដើម្បីពួកគេអាច«សម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។—ហេប្រឺ ៥:១៤
អ្វីដែលអ្នកអាចធ្វើ
សូមចាត់វិធានការ។ ពិតមែនថាអ្នកប្រហែលជាខ្មាសអៀនក្នុងការនិយាយជាមួយកូនអំពីរឿងខាងផ្លូវភេទ តែនេះជាភារកិច្ចរបស់អ្នក។ សូមកុំបណ្ដែតបណ្ដោយឲ្យសោះ។—គោលការណ៍គម្ពីរ សុភាសិត ២២:៦
សូមរកឱកាសនិយាយអំពីរឿងនោះបន្តិចម្ដងៗ។ ជាជាងនិយាយអំពីរឿងនោះយ៉ាងយូរតែម្ដង សូមឆ្លៀតពេលនិយាយបន្តិចម្ដងៗជាមួយកូន។ អ្នកអាចធ្វើដូច្នេះពេលនៅក្នុងឡាន ឬពេលធ្វើកិច្ចការផ្ទះជាមួយគ្នា។ ដើម្បីជួយកូនអ្នកឲ្យបើកចិត្ត សូមសួរសំណួរដែលលើកទឹកចិត្តគាត់ឲ្យប្រាប់អំពីទស្សនៈខ្លួន។ ជាឧទាហរណ៍ ជាជាងសួរថា៖«តើកូនចូលចិត្តការផ្សាយពាណិជ្ជកម្មដូចនេះទេ?»។ សូមសួរថា៖«ហេតុអ្វីកូនគិតថាអ្នកផ្សាយពាណិជ្ជកម្មប្រើរូបភាពដូចនេះដើម្បីលក់ផលិតផលរបស់ពួកគេ?»។ ក្រោយពីកូនឆ្លើយ សូមសួរថា៖«តើកូនមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ?»។—គោលការណ៍គម្ពីរ ការបំភ្លឺច្បាប់ ៦:៦, ៧
សូមនិយាយអំពីរឿងនោះស្របតាមអាយុកូន។ ឪពុកម្ដាយអាចបង្រៀនកូនតូចៗអំពីឈ្មោះនៃអវយវៈភេទ និងអំពីរបៀបដែលពួកគេអាចការពារខ្លួនពីអ្នកដែលបៀតបៀនកេរ្តិ៍ខ្មាសកុមារ។ កាលដែលកូនកាន់តែធំ ឪពុកម្ដាយអាចប្រាប់កូនយ៉ាងសង្ខេបអំពីការបន្តពូជ។ ពេលដែលកូនធំពេញវ័យ ពួកគេគួរតែយល់ថែមទៀតអំពីការរួមភេទនិងខ្នាតតម្រាសីលធម៌ស្ដីអំពីរឿងនោះ។
សូមជួយកូនកាន់ខ្ជាប់គោលការណ៍សីលធម៌ខ្ពស់។ សូមបង្ហាត់បង្រៀនកូនតាំងពីក្មេងអំពីភាពស្មោះត្រង់ ចិត្តស្មោះឥតងាករេ និងការគោរពអ្នកឯទៀត។ យ៉ាងនេះ ពេលដល់ពេលនិយាយជាមួយកូនអំពីរឿងខាងផ្លូវភេទ អ្នកមានគ្រឹះរឹងមាំជាស្រេច។ បន្ថែមទៅទៀត សូមបញ្ជាក់យ៉ាងច្បាស់នូវខ្នាតតម្រាសីលធម៌របស់អ្នក។ ជាឧទាហរណ៍ បើអ្នកគិតថាការរួមភេទមុនរៀបការមិនសមរម្យ សូមប្រាប់ដូច្នោះ។ រួចសូមពន្យល់អំពីមូលហេតុដែលរឿងនេះខុសនិងនាំឲ្យមានគ្រោះថ្នាក់។ យោងទៅតាមសៀវភៅមួយពន្យល់ថា៖«យុវវ័យដែលនិយាយថាពួកគេដឹងថាឪពុកម្ដាយរបស់ពួកគេមិនពេញចិត្តឲ្យពួកគេរួមភេទនៅគ្រាយុវវ័យ នោះពួកគេភាគច្រើនមិនធ្វើទេ»(Beyond the Big Talk)។
សូមទុកគំរូល្អ។ សូមកាន់តាមខ្នាតតម្រាដែលអ្នកបង្រៀនកូន។ ជាឧទាហរណ៍ តើអ្នកសើចពេលឮកំប្លែងអាសអាភាសទេ? តើអ្នកស្លៀកពាក់ស៊ិចស៊ីឬទេ? តើអ្នកចូលចិត្តចែចង់ឬទេ? ទង្វើទាំងនេះអាចបន្ទាបបន្ថោកខ្នាតតម្រាសីលធម៌ដែលអ្នកព្យាយាមបង្រៀនកូន។—គោលការណ៍គម្ពីរ រ៉ូម ២:២១
សូមមានទស្សនៈសមហេតុផល។ ការរួមភេទគឺជាអំណោយពីព្រះ នោះនាំឲ្យបុរសនិងស្ត្រីមានអំណរ ក្រោយពីពួកគេបានរៀបការហើយ។ (សុភាសិត ៥:១៨, ១៩) សូមប្រាប់កូនថាក្រោយមកពួកគេក៏អាចអរសប្បាយនឹងអំណរនេះដែរ ព្រមទាំងគ្មានការឈឺចិត្តនិងការខ្វល់ខ្វាយដែលមកពីការរួមភេទមុនរៀបការសោះឡើយ។—ធីម៉ូថេទី១ ១:១៨, ១៩