លោតទៅអត្ថបទ

នាងបានរកឃើញគោលបំណងនៃជីវិត

នាងបានរកឃើញគោលបំណងនៃជីវិត

របាយការណ៍​ពី​ពួក​អ្នក​ប្រកាស​រាជាណាចក្រ

នាង​បាន​រក​ឃើញ​គោល​បំណង​នៃ​ជីវិត

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​លោក​ស្គាល់​ចៀម​របស់​លោក។ (​យ៉ូហាន ១០:១៤​) បើ​បុគ្គល​ម្នាក់​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ និង​ស្រឡាញ់​សន្តិភាព ព្រម​ទាំង​ស្រឡាញ់​សេចក្ដី​សុចរិត បុគ្គល​នោះ​នឹង​ត្រូវ​ទាញ​នាំ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ មនុស្ស​ដូច​នេះ​នឹង​រក​ឃើញ​គោល​បំណង​នៃ​ជីវិត ដូច​ស្ត្រី​ម្នាក់​នៅ​ប្រទេស​បែលហ្ស៊ិក​បាន​រក​ឃើញ​ដែរ។ នេះ​ជា​ជីវប្រវត្តិ​របស់​គាត់។

​«​ថ្ងៃ​មួយ ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ជា​ខ្លាំង ហើយ​គិត​ចង់​សម្លាប់​ខ្លួន។ ពេល​នោះ សាក្សី​ព្រះ​យេហូវ៉ា​បាន​គោះ​ទ្វារ​ផ្ទះ​ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​សាក្សី​នោះ​និយាយ​អំពី​ដំណោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​មាន​នៅ​ក្នុង​ពិភព​លោក​ដ៏​យ៉ាប់​យឺន​នេះ។ ប៉ុន្តែ ពេល​គាត់​លើក​ចំណុច​ដែល​ទាក់​ទង​នឹង​ព្រះ ខ្ញុំ​មិន​ចូល​ចិត្ត​ទេ។ ពី​មុន​ខ្ញុំ​ធ្លាប់​ទៅ​វិហារ តែ​ឥឡូវ​ខ្ញុំ​ឈប់​ចូល​រួម​អស់​៨​ឆ្នាំ​ហើយ ដោយ​សារ​ខ្ញុំ​ឃើញ​ភាព​លាក់​ពុត​នៅ​ក្នុង​វិហារ​នោះ។ ប៉ុន្តែ តាម​រយៈ​អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​និយាយ ខ្ញុំ​ទទួល​ស្គាល់​ថា​ពួក​គេ​មាន​សេចក្ដី​ពិត ហើយ​ខ្ញុំ​ជឿ​ថា​ជីវិត​នឹង​ពិបាក​ខ្លាំង​ណាស់​បើ​គ្មាន​ព្រះ។

​«​គួរ​ឲ្យ​ស្ដាយ​ណាស់ បន្ទាប់​ពី​សាក្សី​នោះ​មក​លេង​ខ្ញុំ​ពីរ​បី​ដង យើង​ក៏​លែង​បាន​ទាក់​ទង​គ្នា​ទៀត។ ខ្ញុំ​មាន​អារម្មណ៍​ធុញ​ថប់ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ជក់​បារី​ពីរ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ ព្រម​ទាំង​ប្រើ​គ្រឿង​ញៀន​ផង​ដែរ។ ដោយ​សារ​ខ្ញុំ​ចង់​និយាយ​ជា​មួយ​តា​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ ខ្ញុំ​បាន​ទាក់​ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ។ ជា​លទ្ធផល នៅ​យប់​មួយ​ពេល​ខ្ញុំ​នៅ​ម្នាក់​ឯង ពួក​វិញ្ញាណ​កំណាច​បាន​មក​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​ណាស់! នេះ​បាន​កើត​ឡើង​អស់​ជា​ច្រើន​ខែ រាល់​ល្ងាច​ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង​ពេល​នៅ​ម្នាក់​ឯង។

​«​ថ្ងៃ​មួយ ខ្ញុំ​បាន​ដើរ​តាម​ផ្លូវ​មួយ​ជា​ផ្លូវ​ផ្សេង​ដែល​ខ្ញុំ​ធ្លាប់​ដើរ។ នៅ​ពេល​នោះ ខ្ញុំ​ឃើញ​សំណង់​អគារ​ធំ​មួយ​ដែល​គេ​កំពុង​សាង​សង់។ ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​នៅ​ទី​នោះ។ ពេល​ខ្ញុំ​ដើរ​ទៅ​កាន់​តែ​ជិត​ខ្ញុំ​ឃើញ​ថា សាក្សី​ព្រះ​យេហូវ៉ា​កំពុង​សាង​សង់​សាល​ប្រជុំ។ ខ្ញុំ​ក៏​នឹក​ឃើញ​សាក្សី​ព្រះ​យេហូវ៉ា​ធ្លាប់​មក​លេង​ផ្ទះ​ខ្ញុំ។ ខ្ញុំ​ក៏​គិត​ថា​តើ​ល្អ​យ៉ាង​ណា​ទៅ បើ​ពិភព​លោក​ទាំង​មូល​ពេញ​ទៅ​ដោយ​មនុស្ស​ដូច​ជា​ពួក​គេ។

​«​ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​សាក្សី​ព្រះ​យេហូវ៉ា​មក​ផ្ទះ​ខ្ញុំ​ម្ដង​ទៀត។ ដូច្នេះ ខ្ញុំ​ក៏​ប្រាប់​អ្នក​ខ្លះ​ដែល​នៅ​កន្លែង​សាង​សង់​នោះ។ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ ហើយ​១០​ថ្ងៃ​ក្រោយ​មក​សាក្សី​ដែល​ខ្ញុំ​បាន​ជួប​ដំបូង​នោះ បាន​មក​ផ្ទះ​ខ្ញុំ​ម្ដង​ទៀត។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​យើង​គួរ​បន្ត​សិក្សា​គម្ពីរ ហើយ​ខ្ញុំ​ក៏​យល់​ព្រម​ដោយ​ក្ដី​រីករាយ។ នៅ​ថ្ងៃ​នោះ គាត់​បាន​អញ្ជើញ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ ខ្ញុំ​ក៏​យល់​ព្រម​ចូល​រួម។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​មនុស្ស​ដែល​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ទឹក​មុខ​សប្បាយ​រីករាយ។ ខ្ញុំ​មិន​ដែល​ឃើញ​មនុស្ស​ដូច​នេះ​ពី​មុន​ទេ។ ខ្ញុំ​បាន​ស្វែង​រក​មនុស្ស​ដូច​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ឥឡូវ​ខ្ញុំ​រក​ឃើញ​មែន!

​«​ខ្ញុំ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់ ហើយ​ប្រហែល​បី​សប្ដាហ៍​ក្រោយ​មក​ខ្ញុំ​បាន​ឈប់​ជក់​បារី។ ខ្ញុំ​បាន​បោះ​ចោល​សៀវភៅ​ហោរាសាស្ត្រ និង​បទ​ភ្លេង​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពួក​វិញ្ញាណ​កំណាច​លែង​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​ទៀត។ ខ្ញុំ​ចាប់​ផ្ដើម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ បី​ខែ​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​៦​ខែ​ក្រោយ​មក​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ពីរ​ថ្ងៃ​ក្រោយ​ពី​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ។

​«​ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​ខ្ញុំ។ ទី​បំផុត ខ្ញុំ​បាន​រក​ឃើញ​គោល​បំណង​នៃ​ជីវិត។ មែន​ហើយ នាម​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំ​មួន ពេល​ខ្ញុំ​រត់​ចូល​ទៅ ខ្ញុំ​បាន​ទទួល​ការ​ការ​ពារ។ (​សុភាសិត ១៨:១០​) ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ពេល​គាត់​សរសេរ​នៅ​បទ​៨៤ ខ​១០ ថា​៖‹មួយ​ថ្ងៃ​នៅ​ក្នុង​ទី​ធ្លា​របស់​លោក ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ នៅ​កន្លែង​ផ្សេង​ទៀត! ខ្ញុំ​ពេញ​ចិត្ត​ឈរ​នៅ​ច្រក​ចូល​វិហារ​នៃ​ព្រះ​របស់​ខ្ញុំ ជា​ជាង​អាស្រ័យ​នៅ​ក្នុង​ត្រសាល​របស់​មនុស្ស​ទុច្ចរិត›​»។

ស្ត្រី​ដែល​មាន​ចិត្ត​សុភាព​នេះ​បាន​រក​ឃើញ​គោល​បំណង​នៃ​ជីវិត។ ដូច្នេះ មនុស្ស​គ្រប់​រូប​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​អាច​រក​ឃើញ​ព្រះ​យេហូវ៉ា។