លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

តើ​អ្វី​បាន​ជំរុញ​ចិត្ត​តន្ត្រីករ​ផាំងរ៉ុក(​punk rocker​)ម្នាក់​ដែល​ជា​ជន​ប្រឆាំង​សង្គម ឲ្យ​រៀន​ស្រឡាញ់​និង​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត? តើ​អ្វី​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​នៅ​ម៉ិកស៊ិក​បោះ​បង់​ចោល​របៀប​រស់​នៅ​ប្រា​ស​ចាក​សីល​ធម៌? ហេតុ​អ្វី​បាន​ជា​កីឡាករ​ប្រណាំង​កង់​ដ៏​ល្បី​ម្នាក់​នៅ​ជប៉ុន​បោះ​បង់​ចោល​ការ​ប្រណាំង​របស់​ខ្លួន ហើយ​បែរ​មក​បម្រើ​ព្រះ​វិញ? សូម​អាន​បទ​ពិសោធន៍​របស់​ពួក​គាត់។

«​ខ្ញុំ​ធ្លាប់​ជា​មនុស្ស​ឈ្លើយ ក្រអឺត​ក្រទម និង​កាច​សាហាវ​»។ រៀប​រាប់​ដោយ​ដេននីស អូបៃរ៉ន

ឆ្នាំ​កំណើត: ១៩៥៨

ប្រទេស​កំណើត: អង់គ្លេស

ប្រវត្តិ: ជា​តន្ត្រីករ​ផាំងរ៉ុក​ដែល​ប្រឆាំង​សង្គម

អតីតកាល​របស់​ខ្ញុំ: ឪពុក​របស់​ខ្ញុំ​ជា​ជន​ជាតិ​អៀឡង់ ដូច្នេះ​ខ្ញុំ​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​កាន់​សាសនា​កាតូលិក។ ខ្ញុំ​ត្រូវ​ទៅ​វិហារ​តាម​ទម្លាប់ ទោះ​ជា​ខ្ញុំ​មិន​ចង់​ទៅ​ក៏​ដោយ។ ប៉ុន្តែ ខ្ញុំ​ចង់​ដឹង​អំពី​ព្រះ។ ខ្ញុំ​ចាំ​ថា​មុន​ចូល​គេង ខ្ញុំ​តែង​តែ​សូត្រ​សេចក្ដី​អធិដ្ឋាន​របស់​លោក​ម្ចាស់ ហើយ​គិត​អំពី​អត្ថន័យ​នៃ​សេចក្ដី​អធិដ្ឋាន​នោះ។ ខ្ញុំ​ធ្លាប់​បំបែក​សេចក្ដី​អធិដ្ឋាន​នោះ​ជា​ឃ្លា ហើយ​ព្យាយាម​ស្វែង​យល់​អត្ថន័យ​នៃ​ឃ្លា​នីមួយ​ៗ។

ពេល​ខ្ញុំ​ជា​យុវវ័យ ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​ចលនា​រ៉ាស្តាហ្វារីន។ ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ចំពោះ​គំនិត​នយោបាយ​របស់​ក្រុម​ប្រឆាំង​ពួក​ណាត្ស៊ី​ដែរ។ ប៉ុន្តែ ខ្ញុំ​ឈ្លក់​វង្វេង​នឹង​គំនិត​បះ​បោរ​របស់​ក្រុម​ផាំងរ៉ុក។ ខ្ញុំ​សេព​គ្រឿង​ញៀន ជា​ពិសេស​ខ្ញុំ​ជក់​កញ្ឆា​ស្ទើរ​តែ​រាល់​ថ្ងៃ។ ដោយ​សារ​«​ខ្ញុំ​មាន​ចិត្ត​គំនិត​មិន​ខ្វល់​អ្វី​ទាំង​អស់​»​ ដូច្នេះ​ខ្ញុំ​តែង​ផឹក​ស្រា​ជោគ​ជាំ ខ្ញុំ​រស់​នៅ​ដោយ​មិន​ខ្លាច​ស្លាប់ ហើយ​ខ្ញុំ​មិន​អើពើ​នឹង​អ្នក​ណា​សោះ។ ខ្ញុំ​ជា​មនុស្ស​ដែល​ប្រឆាំង​សង្គម ខ្ញុំ​កម្រ​និយាយ​ជា​មួយ​អ្នក​ណា​ណាស់ លុះ​ត្រា​តែ​ខ្ញុំ​យល់​ថា​វា​ជា​រឿង​សំខាន់។ ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​ថត​រូប​ខ្ញុំ​ទេ។ បើ​គិត​ពី​អតីតកាល ខ្ញុំ​យល់​ថា​ខ្ញុំ​ជា​មនុស្ស​ឈ្លើយ ក្រអឺត​ក្រទម និង​កាច​សាហាវ។ ខ្ញុំ​ចិត្ត​ល្អ​តែ​ជា​មួយ​មនុស្ស​ដែល​ជិត​ស្និទ្ធ​ខ្ញុំ​ប៉ុណ្ណោះ។

ពេល​ខ្ញុំ​អាយុ​ប្រហែល​២០​ឆ្នាំ ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ដឹង​អត្ថន័យ​ក្នុង​គម្ពីរ។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ដែល​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​បាន​ចាប់​ផ្ដើម​អាន​គម្ពីរ​ពេល​ដែល​នៅ​ក្នុង​គុក ហើយ​យើង​ក៏​បាន​ពិភាក្សា​គ្នា​យ៉ាង​យូរ​អំពី​សាសនា អំពី​វិហារ និង​អំពី​ការ​គ្រប់​គ្រង​របស់​សាថាន​ក្នុង​ពិភព​លោក​នេះ។ ខ្ញុំ​បាន​ទិញ​គម្ពីរ​មួយ​ក្បាល ហើយ​ចាប់​ផ្ដើម​សិក្សា​ដោយ​ខ្លួន​ឯង។ ខ្ញុំ​និង​មិត្ត​ភក្តិ​អាន​ផ្នែក​ខ្លះ​ពី​គម្ពីរ រួច​យើង​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​យើង​បាន​រៀន បន្ទាប់​មក​យើង​ធ្វើ​ការ​សន្និដ្ឋាន​ជា​មួយ​គ្នា។ យើង​ធ្វើ​ដូច្នេះ​អស់​រាប់​ខែ។

ការ​សន្និដ្ឋាន​ខ្លះ​ដែល​យើង​បាន​ពិភាក្សា​គ្នា​ពី​គម្ពីរ​គឺ​៖ យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​ពិភព​លោក​នេះ គ្រិស្ត​សាសនិក​គួរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ពួក​គេ​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ទេ រួម​បញ្ចូល​ទាំង​រឿង​នយោបាយ​ដែរ ហើយ​ថា​គម្ពីរ​ផ្ដល់​ការ​ណែនាំ​ល្អ​ក្នុង​រឿង​សីលធម៌។ យើង​អាច​ឃើញ​ច្បាស់​ថា​គម្ពីរ​គឺ​ជា​សេចក្ដី​ពិត ហើយ​ថា​ត្រូវ​តែ​មាន​សាសនា​ពិត។ ប៉ុន្តែ តើ​សាសនា​មួយ​ណា​ជា​សាសនា​ពិត? យើង​បាន​គិត​ពិចារណា​ពី​វិហារ​ធំ​ៗ​ដែល​មាន​ភាព​ល្បី​ល្បាញ និង​ការ​ចូល​រួម​របស់​ពួក​គេ​ក្នុង​រឿង​នយោបាយ រួច​មក​យើង​យល់​ឃើញ​ថា​លោក​យេស៊ូ​មិន​បាន​ធ្វើ​រឿង​ទាំង​អស់​នេះ​ទេ។ យើង​ដឹង​ថា​ព្រះ​មិន​បាន​ប្រើ​សាសនា​ទាំង​នេះ​ឡើយ។ ដូច្នេះ យើង​បាន​សម្រេច​ចិត្ត​ស្វែង​រក​សាសនា​ដែល​មនុស្ស​មិន​សូវ​ស្គាល់។

យើង​បាន​ទៅ​ជួប​អ្នក​កាន់​សាសនា​ទាំង​នោះ ហើយ​សួរ​ពួក​គេ​នូវ​សំណួរ​មួយ​ចំនួន។ យើង​ស្គាល់​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នោះ​រួច​ហើយ ដូច្នេះ​ពេល​ដែល​ពួក​គេ​ឆ្លើយ យើង​ស្រួល​ដឹង​ថា​ចម្លើយ​របស់​ពួក​គេ​ស្រប​តាម​បណ្ដាំ​របស់​ព្រះ​ឬ​យ៉ាង​ណា។ ក្រោយ​ពី​បាន​ជួប​ជា​មួយ​ពួក​គេ ខ្ញុំ​តែង​តែ​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖‹បើ​ពួក​គេ​មក​ពី​សាសនា​ពិត នោះ​សូម​លោក​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​ជួប​ពួក​គេ​ម្ដង​ទៀត›។ ប៉ុន្តែ អស់​ជា​ច្រើន​ខែ ខ្ញុំ​មិន​ទាន់​ឃើញ​មាន​ក្រុម​ណា​មួយ​ឆ្លើយ​សំណួរ​យើង​ពី​គម្ពីរ​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ចិត្ត​ចង់​ទៅ​ជួប​ពួក​គេ​ម្ដង​ទៀត​ដែរ។

នៅ​ទី​បំផុត មិត្ត​ខ្ញុំ​និង​ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា។ យើង​បាន​សួរ​សំណួរ​ពួក​គេ​ដូច​ដែល​យើង​បាន​សួរ​ក្រុម​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ឆ្លើយ​សំណួរ​យើង​ពី​គម្ពីរ។ អ្វី​ដែល​ពួក​គេ​និយាយ​គឺ​ត្រូវ​គ្នា​នឹង​អ្វី​ដែល​យើង​បាន​រៀន។ ដូច្នេះ យើង​បន្ត​សួរ​សំណួរ​ដែល​យើង​មិន​ទាន់​រក​ឃើញ​ចម្លើយ​ក្នុង​គម្ពីរ​ដូច​ជា ទស្សនៈ​របស់​ព្រះ​ចំពោះ​ការ​ជក់​បារី​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ពួក​គេ​ក៏​ប្រើ​គម្ពីរ​ម្ដង​ទៀត​ដើម្បី​ឆ្លើយ​សំណួរ​របស់​យើង។ យើង​បាន​យល់​ព្រម​ទៅ​កិច្ច​ប្រជុំ​របស់​ពួក​គេ។

ការ​ចូល​រួម​កិច្ច​ប្រជុំ​គឺ​មិន​ស្រួល​ទេ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ជា​មនុស្ស​ប្រឆាំង​សង្គម ដូច្នេះ​ខ្ញុំ​មិន​ចូល​ចិត្ត​ទេ​នៅ​ពេល​មាន​គេ​ស្លៀក​ពាក់​ស្អាត​ៗ​មក​រាក់​ទាក់​ស្វាគមន៍​ខ្ញុំ។ ខ្ញុំ​គិត​ថា​មនុស្ស​ដែល​មក​ស្វាគមន៍​ខ្ញុំ​ច្បាស់​ជា​មាន​បំណង​អាក្រក់​ណា​មួយ​ជា​មិន​ខាន ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ទៅ​កិច្ច​ប្រជុំ​ម្ដង​ទៀត​ទេ។ ប៉ុន្តែ​ដូច​ពី​មុន​ដែរ ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​ថា​បើ​ពួក​គេ​ជា​សាសនា​ពិត សូម​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ត្រឡប់​ទៅ​ជួប​ពួក​គេ​វិញ។ បន្ទាប់​មក ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ខ្លាំង​ចង់​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។

របៀប​ដែល​គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ឈប់​ប្រើ​គ្រឿង​ញៀន ហើយ​ខ្ញុំ​បាន​ឈប់​ភ្លាម​ៗ​មែន។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ពិបាក​ផ្ដាច់​នោះ​គឺ​ការ​ជក់​បារី។ ខ្ញុំ​ព្យាយាម​ច្រើន​ដង​ហើយ​នៅ​តែ​ផ្ដាច់​មិន​បាន។ ប៉ុន្តែ​អ្នក​ឯ​ទៀត​វិញ គេ​ស្រួល​ផ្ដាច់​ណាស់ គឺ​ស្រួល​ដូច​បោះ​បារី​ចោល។ ដូច្នេះ ខ្ញុំ​បាន​អធិដ្ឋាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ការ​ពិបាក​របស់​ខ្ញុំ។ ក្រោយ​មក​ដោយ​មាន​ជំនួយ​ពី​លោក ខ្ញុំ​អាច​ផ្ដាច់​បារី​បាន។ ខ្ញុំ​បាន​រៀន​ថា​ការ​និយាយ​ដោយ​ឥត​លាក់​លៀម​និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​យើង​បាន។

អ្វី​ដ៏​ពិបាក​មួយ​ទៀត​សម្រាប់​ខ្ញុំ គឺ​ការ​ផ្លាស់​ប្ដូរ​របៀប​ស្លៀក​ពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន។ ពេល​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង ម៉ូត​សក់​របស់​ខ្ញុំ​គឺ​ប៉ះ​ជ្រោង​ឡើង ទាំង​មាន​ពណ៌​ខៀវ​ស្រស់។ ក្រោយ​មក ខ្ញុំ​បាន​លាប​សក់​ពណ៌​ទឹក​ក្រូច​ខ្ចី។ ខ្ញុំ​ស្លៀក​ខោ​ខូវប៊ូយ​និង​ពាក់​អាវ​ស្បែក​ដែល​មាន​ពាក្យ​ស្លោក​នៅ​ពី​លើ​អាវ​នោះ។ ខ្ញុំ​មិន​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ការ​សម្អិត​សម្អាង​ខ្លួន​របស់​ខ្ញុំ​ទេ ទោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ព្យាយាម​ពន្យល់​ហេតុ​ផល​ប្រាប់​ខ្ញុំ​ក៏​ដោយ។ ក្រោយ​មក ខ្ញុំ​បាន​គិត​អំពី​បទ​គម្ពីរ​នៅ​យ៉ូហាន​ទី​១ ២:១៥​-​១៧ ដែល​ថា​៖​«​កុំ​ស្រឡាញ់​ពិភព​លោក​នេះ ឬ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​ឡើយ។ ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ពិភព​លោក​នេះ អ្នក​នោះ​មិន​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​ទេ​»។ ខ​គម្ពីរ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា តាម​ពិត​ការ​ស្លៀក​ពាក់​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ស្រឡាញ់​ពិភព​លោក​នេះ មិន​មែន​ស្រឡាញ់​ព្រះ​ទេ។ ដូច្នេះ ខ្ញុំ​ត្រូវ​កែ​ខ្លួន​ជា​ចាំ​បាច់ ហើយ​ខ្ញុំ​បាន​ធ្វើ​មែន។

ក្រោយ​មក​ទៀត ខ្ញុំ​ដឹង​ថា​មិន​គ្រាន់​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ​ដែល​ចង់​ឲ្យ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ ប៉ុន្តែ​នៅ​ហេប្រឺ ១០:២៤, ២៥ បង្ហាញ​ថា​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ។ បន្ទាប់​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់ ហើយ​ស្គាល់​បង​ប្អូន​កាន់​តែ​ច្រើន​ក្នុង​ក្រុម​ជំនុំ រួច​ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​បាន​ទទួល: ខ្ញុំ​ពិត​ជា​រំជួល​ចិត្ត​ខ្លាំង​ណាស់​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ ចិត្ត​សប្បុរស​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​យក​តម្រាប់​លោក​និង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក។ (​ពេត្រុស​ទី​១ ២:២១​) ខ្ញុំ​ដឹង​ថា​ទោះ​ជា​ខ្ញុំ​ខំ​ប្រឹង​បំពាក់​បុគ្គលិក​លក្ខណៈ​ជា​គ្រិស្ត​សាសនិក​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​បុគ្គលិក​លក្ខណៈ​ចាស់។ ខ្ញុំ​ព្យាយាម​បណ្ដុះ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ ខ្ញុំ​ព្យាយាម​រៀន​តាម​គំរូ​របស់​គ្រិស្ត​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​និង​កូន​ៗ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ចេះ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ ការ​ធ្វើ​តាម​គំរូ​របស់​គ្រិស្ត​ជួយ​ខ្ញុំ​ឲ្យ​មាន​ភាព​ថ្លៃ​ថ្នូរ ចេះ​គោរព​ខ្លួន​ឯង និង​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។

«​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ថ្លៃ​ថ្នូរ​»។ រៀប​រាប់​ដោយ​ក្វាដាលូពី ​វីលឡារៀល

ឆ្នាំ​កំណើត: ១៩៦៤

ប្រទេស​កំណើត: ម៉ិកស៊ិក

ប្រវត្តិ: មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​មាន​បង​ប្អូន​៧​នាក់ ខ្ញុំ​ធំ​ឡើង​ក្នុង​ក្រុង​ហឺម៉ូស៊ីលឡូ ស្រុក​សូណូរ៉ា ប្រទេស​ម៉ិកស៊ិក។ តំបន់​ដែល​យើង​រស់​នៅ​គឺ​ក្រី​ក្រ​ណាស់។ ឪពុក​ខ្ញុំ​ស្លាប់​ពេល​ដែល​ខ្ញុំ​នៅ​តូច ដូច្នេះ​ម្ដាយ​ខ្ញុំ​ត្រូវ​ប្រឹង​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​កូន​ៗ។ ខ្ញុំ​តែង​តែ​ដើរ​ជើង​ទទេ ពីព្រោះ​យើង​គ្មាន​លុយ​ទិញ​ស្បែក​ជើង។ តាំង​ពី​នៅ​ក្មេង ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការ​រក​លុយ​ជួយ​ក្រុម​គ្រួសារ។ ដូច​ក្រុម​គ្រួសារ​ជា​ច្រើន​ទៀត​ដែរ យើង​តែង​រស់​នៅ​ជុំ​ៗ​គ្នា។

ភាគ​ច្រើន​ម្ដាយ​របស់​យើង​មិន​សូវ​បាន​នៅ​ផ្ទះ​ថែ​រក្សា​យើង​ទេ។ ពេល​ខ្ញុំ​អាយុ​៦​ឆ្នាំ ខ្ញុំ​ត្រូវ​ក្មេង​ប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំ​រំលោភ​បំពាន​ផ្លូវ​ភេទ។ ខ្ញុំ​ត្រូវ​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ​អស់​រយៈ​ពេល​ជា​យូរ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភាន់​ច្រឡំ​យ៉ាង​ខ្លាំង​អំពី​ការ​រួម​ភេទ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​មាន​អារម្មណ៍​ស្នេហា​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា​គឺ​ជា​រឿង​ធម្មតា។ ពេល​ខ្ញុំ​ទៅ​ជួប​គ្រូ​ពេទ្យ​ឬ​បព្វជិត​សាសនា​ដើម្បី​ពិគ្រោះ​យោបល់ ពួក​គេ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ទេ ហើយ​ថា​អារម្មណ៍​ស្នេហា​ដែល​ខ្ញុំ​មាន​ជា​មួយ​បុរស​ភេទ​ដូច​គ្នា នោះ​គឺ​ជា​រឿង​ធម្មតា។

ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ខ្ញុំ​បាន​សម្រេច​ចិត្ត​មាន​របៀប​រស់​នៅ​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា។ ខ្ញុំ​បន្ត​មាន​របៀប​រស់​នៅ​ដូច​នោះ​អស់​១១​ឆ្នាំ​ទៀត ខ្ញុំ​ថែម​ទាំង​បាន​ប្ដូរ​ដៃ​គូ​ភេទ​ដូច​គ្នា​ជា​ច្រើន​ទៀត​ផង។ នៅ​ទី​បំផុត ខ្ញុំ​បាន​ទៅ​រៀន​ធ្វើ​ជា​ជាង​កាត់​សក់ ហើយ​ក៏​បាន​បើក​ហាង​កែ​សម្ផស្ស​មួយ​ដែរ។ ប៉ុន្តែ ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ។ ជា​ញឹក​ញយ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់ ហើយ​ឧស្សាហ៍​ត្រូវ​គេ​ក្បត់​ចិត្ត។ ខ្ញុំ​ដឹង​ហើយ​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​សួរ​ខ្លួន​ឯង​ថា‹តើ​នៅ​មាន​មនុស្ស​ល្អ​ដែល​ខ្ញុំ​អាច​សេព​គប់​ទេ?›។

ខ្ញុំ​បាន​នឹក​គិត​ដល់​បង​ស្រី​របស់​ខ្ញុំ។ គាត់​បាន​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ បង​ស្រី​ខ្ញុំ​ឧស្សាហ៍​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​គាត់​បាន​រៀន តែ​ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​ទេ។ ប៉ុន្តែ ខ្ញុំ​កោត​ស្ងើច​នឹង​របៀប​រស់​នៅ​និង​ជីវិត​អាពាហ៍ពិពាហ៍​របស់​គាត់។ ខ្ញុំ​សង្កេត​ឃើញ​ថា​បង​ស្រី​ខ្ញុំ​និង​ប្ដី​គាត់​ស្រឡាញ់​គ្នា​ណាស់ ពួក​គាត់​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គាត់​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សប្បុរស។ ក្រោយ​មក សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​មក​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ។ មុន​ដំបូង ខ្ញុំ​ចេះ​តែ​រៀន​ៗ​ទៅ​ដោយ​គ្មាន​អារម្មណ៍​សប្បាយ​ទេ។ តែ​ក្រោយ​មក​អ្វី​ៗ​ក៏​ផ្លាស់​ប្ដូរ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: សាក្សី​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ហើយ​ខ្ញុំ​ក៏​បាន​ទៅ។ អ្វី​ដែល​ខ្ញុំ​ឃើញ​នៅ​ទី​នោះ គឺ​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​ឡើយ។ ធម្មតា​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​សើច​ចំអក​ឲ្យ​ខ្ញុំ តែ​សាក្សី​មិន​ធ្វើ​ដូច្នេះ​ទេ។ ពួក​គេ​ស្វាគមន៍​ខ្ញុំ​យ៉ាង​រាក់​ទាក់ ហើយ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ថ្លៃ​ថ្នូរ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​ណាស់។

ខ្ញុំ​ចាប់​អារម្មណ៍​ចំពោះ​សាក្សី​កាន់​តែ​ខ្លាំង ជា​ពិសេស​ពេល​ដែល​ខ្ញុំ​ចូល​រួម​សន្និបាត​មួយ​របស់​ពួក​គេ។ ខ្ញុំ​ឃើញ​ថា​សូម្បី​តែ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ក៏​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដូច​បង​ស្រី​ខ្ញុំ​បាន​ធ្វើ​ដែរ គឺ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា។ ខ្ញុំ​សួរ​ខ្លួន​ថា តើ​នេះ​អាច​ជា​ក្រុម​មនុស្ស​ល្អ​ដែល​ខ្ញុំ​កំពុង​ស្វែង​រក​ជា​យូរ​មក​ហើយ​ទេ? សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​របស់​ពួក​គេ​ធ្វើ​ខ្ញុំ​កោត​ស្ងើច​ខ្លាំង​ណាស់ ពេល​ដែល​ពួក​គេ​ប្រើ​គម្ពីរ​ដើម្បី​ឆ្លើយ​សំណួរ​ទាំង​អស់​របស់​ខ្ញុំ។ ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​គឺ​ជា​កម្លាំង​ដែល​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​មាន​របៀប​រស់​នៅ​ល្អ។ ម្យ៉ាង​ទៀត ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ក្នុង​ជីវិត​ដើម្បី​ទៅ​ជា​សាក្សី​ម្នាក់។

តាម​ពិត​ខ្ញុំ​ត្រូវ​កែ​ប្រែ​ខ្លួន​ទាំង​ស្រុង ពីព្រោះ​ខ្ញុំ​បាន​តែង​ខ្លួន​ជា​ស្រី។ ដូច្នេះ ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ពាក្យ​សម្ដី អាកប្បកិរិយា សម្លៀក​បំពាក់ ម៉ូត​សក់ និង​ការ​ជ្រើស​រើស​មិត្ត​ភក្ដិ។ មិត្ត​ភក្តិ​ចាស់​ៗ​របស់​ខ្ញុំ​ចាប់​ផ្ដើម​សើច​ចំអក​ឲ្យ​ខ្ញុំ ទាំង​និយាយ​ថា​៖​«​ហេតុ​អ្វី​បាន​ជា​អ្នក​ផ្លាស់​ប្ដូរ​ដូច្នេះ? អ្វី​ដែល​អ្នក​ធ្វើ​គឺ​ល្អ​ហើយ។ មិន​ចាំ​បាច់​រៀន​គម្ពីរ​ទេ។ អ្នក​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ហើយ​»។ ប៉ុន្តែ អ្វី​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ គឺ​ឈប់​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​ដឹង​ថា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នោះ​គឺ​ល្អ​សម្រាប់​ខ្ញុំ ពីព្រោះ​នៅ​កូរិនថូស​ទី​១ ៦:៩​-​១១ បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​របស់​ខ្ញុំ។ ខ​នោះ​ចែង​ថា​៖​«​ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​មិន​សុចរិត​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក? កុំ​ច្រឡំ​ឲ្យ​សោះ! អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​ដែល​គោរព​បូជា​រូប​ព្រះ អ្នក​ផិត​ក្បត់ បុរស​ដែល​សុខ​ចិត្ត​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត . . . នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ តែ​អ្នក​រាល់​គ្នា​បាន​ត្រូវ​លាង​សម្អាត​»។ ព្រះ​យេហូវ៉ា​បាន​ជួយ​មនុស្ស​នៅ​សម័យ​នោះ​ឲ្យ​កែ​ប្រែ ហើយ​លោក​ក៏​បាន​ជួយ​ខ្ញុំ​ដែរ។ ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ពេល​យូរ​ឆ្នាំ និង​ការ​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​អាច​កែ​ខ្លួន​បាន តែ​ដំបូន្មាន​និង​សេចក្ដី​ស្រឡាញ់​ពី​សាក្សី​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: សព្វ​ថ្ងៃ​ខ្ញុំ​មាន​របៀប​រស់​នៅ​ធម្មតា។ ខ្ញុំ​មាន​ប្រពន្ធ មាន​កូន ហើយ​ខ្ញុំ​និង​ប្រពន្ធ​កំពុង​ជួយ​កូន​ឲ្យ​មាន​របៀប​រស់​នៅ​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ ខ្ញុំ​បាន​លះ​បង់​របៀប​រស់​នៅ​ចាស់ ហើយ​ខ្ញុំ​បាន​ទទួល​ពរ​ជា​ច្រើន។ ខ្ញុំ​មាន​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ខ្ញុំ​បម្រើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ហើយ​ខ្ញុំ​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ។ ការ​ផ្លាស់​ប្ដូរ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​យល់​ព្រម​រៀន​គម្ពីរ ហើយ​ក្រោយ​មក​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក។ ចំណែក​ប្អូន​ស្រី​របស់​ខ្ញុំ​ម្នាក់​ដែល​ធ្លាប់​មាន​ជីវិត​ប្រាស​ចាក​សីលធម៌ ក៏​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។

សូម្បី​តែ​អ្នក​ខ្លះ​ដែល​ធ្លាប់​ស្គាល់​ពី​អតីតកាល​របស់​ខ្ញុំ ក៏​ទទួល​ស្គាល់​ដែរ​ថា ឥឡូវ​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​មនុស្ស​ដែល​មាន​របៀប​រស់​នៅ​ល្អ​ជាង។ ខ្ញុំ​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត។ ពី​មុន​ខ្ញុំ​បាន​សុំ​យោបល់​ពី​គ្រូ​ពេទ្យ​និង​ពី​បព្វជិត​សាសនា តែ​យោបល់​ដែល​ពួក​គេ​ឲ្យ​ខ្ញុំ​សុទ្ធ​តែ​ជា​យោបល់​មិន​ល្អ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ជួយ​ខ្ញុំ​មែន។ ទោះ​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ក៏​ដោយ លោក​បាន​កត់​សម្គាល់​ខ្ញុំ ហើយ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អត់​ធ្មត់។ ពេល​ដឹង​ថា​ព្រះ​ដ៏​អស្ចារ្យ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា រមែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ និង​ចង់​ឲ្យ​ខ្ញុំ​មាន​ជីវិត​ប្រសើរ​ជាង នោះ​ពិត​ជា​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​កែ​ប្រែ​ទាំង​ស្រុង។

«​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្កប់​ចិត្ត ឯកោ និង​អសារ​ឥត​ការ​»។ រៀប​រាប់​ដោយ ខាហ្សូហ៊ីរ៉ូ ខូនីម៉ូចេ

ឆ្នាំ​កំណើត: ១៩៥១

ប្រទេស​កំណើត: ជប៉ុន

ប្រវត្តិ: កីឡាករ​ប្រណាំង​កង់

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​ធំ​ឡើង​នៅ​ក្រុង​កំពង់​ផែ​ក្នុង​ខេត្ត​ស៊ីហ៊្សោអូកា ប្រទេស​ជប៉ុន។ ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន​គ្នា​៨​នាក់ យើង​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ។ ឪពុក​របស់​ខ្ញុំ​បើក​ហាង​លក់​និង​ជួស​ជុល​កង់។ តាំង​ពី​ខ្ញុំ​នៅ​តូច ឪពុក​ខ្ញុំ​ឧស្សាហ៍​នាំ​ខ្ញុំ​ទៅ​មើល​កីឡា​ប្រណាំង​កង់ ហើយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កីឡា​ប្រណាំង​នោះ។ ក្រោយ​មក​ឪពុក​ខ្ញុំ​បាន​រៀបចំ​គម្រោង​ដើម្បី​ឲ្យ​ខ្ញុំ​ចាប់​យក​អាជីព​ជា​អ្នក​ប្រណាំង​កង់។ ពេល​ខ្ញុំ​នៅ​មធ្យម​សិក្សា​នៅ​ឡើយ គាត់​បាន​បង្ហាត់​បង្រៀន​ខ្ញុំ​យ៉ាង​អស់​ពី​សមត្ថភាព។ នៅ​វិទ្យាល័យ​ខ្ញុំ​បាន​ឈ្នះ​កីឡា​ថ្នាក់​ជាតិ​បី​ឆ្នាំ​ជាប់​ៗ​គ្នា។ រួច​មក គេ​បាន​ស្នើ​ផ្ដល់​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​មួយ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ចូល​សាលា​កីឡា​តែ​ម្ដង។ ពេល​ខ្ញុំ​អាយុ​១៩​ឆ្នាំ ខ្ញុំ​បាន​ក្លាយ​ជា​កីឡាករ​ប្រណាំង​កង់​អាជីព។

បន្ទាប់​មក​ទៀត ខ្ញុំ​មាន​គោល​ដៅ​ចង់​ទៅ​ជា​កីឡាករ​ប្រណាំង​កង់​លេខ​១​ប្រចាំ​ប្រទេស​ជប៉ុន។ ខ្ញុំ​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឲ្យ​មាន​ជីវិត​ហ៊ឺហា​និង​សប្បាយ​រីករាយ។ ខ្ញុំ​បាន​ប្រមូល​កម្លាំង​កាយ​ចិត្ត​ទាំង​អស់​ទៅ​លើ​ការ​ហ្វឹក​ហាត់​ប្រណាំង​កង់។ ពេល​ណា​ខ្ញុំ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ពេល​នោះ​ខ្ញុំ​ខំ​ប្រឹង​ហ្វឹក​ហាត់​និង​ព្យាយាម​កាន់​តែ​ខ្លាំង ហើយ​ខ្ញុំ​ប្រាប់​ខ្លួន​ជា​និច្ច​ថា​ខ្ញុំ​កើត​មក​ដើម្បី​ប្រណាំង​កង់ ដូច្នេះ​មិន​ថា​មាន​រឿង​អ្វី​កើ​ត​ឡើង​ក៏​ដោយ ខ្ញុំ​បន្ត​ទៅ​មុខ​ជា​និច្ច! ហើយ​ខ្ញុំ​បាន​ធ្វើ​មែន។ ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​លទ្ធផល​ល្អ។ នៅ​ឆ្នាំ​ដំបូង ខ្ញុំ​បាន​ឈ្នះ​ការ​ប្រកួត​ជិះ​កង់​ដែល​គេ​រៀបចំ​សម្រាប់​អ្នក​ប្រណាំង​ថ្មី។ នៅ​ឆ្នាំ​ទី​២ ខ្ញុំ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ប្រកួត​យក​លេខ​១​នៅ​ប្រទេស​ជប៉ុន។ ក្រោយ​ពី​ប្រណាំង​អស់​៦​លើក ខ្ញុំ​បាន​ចំណាត់​ថ្នាក់​លេខ​២។

ដោយ​សារ​ខ្ញុំ​តែង​តែ​ឈ្នះ ហើយ​ស្ថិត​ក្នុង​លំដាប់​កំពូល គេ​បាន​ផ្ដល់​រហស្សនាម​ខ្ញុំ​ថា តូ​កៃ​ជើង​ខ្លាំង​ប្រចាំ​ទឹក​ដី​ជប៉ុន។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់។ ក្រោយ​មក​ខ្ញុំ​ក្លាយ​ទៅ​ជា​គូ​ប្រជែង​ដ៏​គួរ​ឲ្យ​ខ្លាច​សម្រាប់​អ្នក​ប្រណាំង​ផ្សេង​ទៀត។ ខ្ញុំ​រក​លុយ​បាន​កាន់​តែ​ច្រើន ដូច្នេះ​ខ្ញុំ​អាច​ទិញ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់​បាន។ ខ្ញុំ​បាន​ទិញ​ផ្ទះ​ដែល​មាន​បន្ទប់​ហាត់​ប្រាណ​ទាំង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​បំផុត។ ខ្ញុំ​ថែម​ទាំង​ទិញ​រថយន្ត​នាំ​ចូល​ពី​បរទេស​ដែល​មាន​តម្លៃ​ថ្លៃ ស្ទើរ​តែ​ស្មើ​នឹង​តម្លៃ​ផ្ទះ​មួយ​ទៅ​ហើយ។ ដើម្បី​ឲ្យ​ជីវិត​របស់​ខ្ញុំ​មាន​ស្ថិរភាព ខ្ញុំ​ចាប់​ផ្ដើម​វិនិយោគ​ដោយ​ទិញ​អចលនទ្រព្យ និង​លេង​ភាគ​ហ៊ុន។

ក៏​ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្កប់​ចិត្ត ឯកោ និង​អសារ​ឥត​ការ។ បន្ទាប់​មក ខ្ញុំ​បាន​រៀប​ការ ហើយ​មាន​កូន។ ជា​រឿយ​ៗ ខ្ញុំ​មិន​សូវ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ក្រុម​គ្រួសារ​ទេ សូម្បី​តែ​ក្នុង​រឿង​តូច​តាច​ក៏​ខ្ញុំ​ឆាប់​ខឹង​ពួក​គេ​ដែរ។ ប្រពន្ធ​កូន​ភ័យ​ខ្លាច​ខ្ញុំ​ណាស់ រាល់​ពេល​ដែល​ខ្ញុំ​បង្ហាញ​ទឹក​មុខ​មិន​ពេញ​ចិត្ត​នឹង​រឿង​ណា​មួយ។

ក្រោយ​មក​ប្រពន្ធ​ខ្ញុំ​បាន​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន។ ប្រពន្ធ​ប្រាប់​ខ្ញុំ​ថា នាង​ចង់​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា ក្រុម​គ្រួសារ​យើង​ទៅ​កិច្ច​ប្រជុំ​ជា​មួយ​គ្នា។ ខ្ញុំ​នៅ​តែ​ចាំ​មិន​ភ្លេច យប់​នោះ​អ្នក​ចាស់​ទុំ​បាន​មក​លេង​ផ្ទះ​ខ្ញុំ រួច​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: ខ្ញុំ​ចាំ​ច្បាស់​ណាស់​អំពី​អារម្មណ៍​របស់​ខ្ញុំ ពេល​អាន​បទ​គម្ពីរ​នៅ​អេភេសូរ ៥:៥ ដែល​ថា​៖​«​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ មនុស្ស​ស្មោក​គ្រោក ឬ​អ្នក​លោភ​លន់​ដែល​ប្រៀប​ដូច​ជា​មនុស្ស​គោរព​បូជា​រូប​ព្រះ នឹង​មិន​បាន​ទទួល​មត៌ក​ក្នុង​រាជាណាចក្រ​របស់​គ្រិស្ត​និង​របស់​ព្រះ​ឡើយ​»។ ខ្ញុំ​យល់​ឃើញ​ថា​កីឡា​ប្រណាំង​កង់​គឺ​ដូច​ជា​ការ​លេង​ល្បែង​ស៊ីសង ពីព្រោះ​នោះ​លើក​ស្ទួយ​ឲ្យ​មាន​ចិត្ត​គំនិត​លោភ​លន់។ ពេល​នោះ​សមត្ថភាព​វិនិច្ឆ័យ​បាន​ផ្ដន្ទា​ទោស​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ថា​បើ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ខ្ញុំ​ត្រូវ​ឈប់​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ នោះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ​សម្រាប់​ខ្ញុំ។

នោះ​ជា​ឆ្នាំ​ដែល​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ​បំផុត​ក្នុង​អាជីព​ប្រណាំង​កង់ ហើយ​ខ្ញុំ​នៅ​តែ​ចង់​បន្ត​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ ខ្ញុំ​ឃើញ​ថា​ការ​សិក្សា​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ស្ងប់ មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត ហើយ​លែង​ចង់​ឈ្នះ​អ្នក​ណា​ទៀត! ក្រោយ​ពី​ខ្ញុំ​សិក្សា​គម្ពីរ ខ្ញុំ​បាន​ចូល​រួម​ការ​ប្រកួត​បាន​តែ​បី​ដង​គត់ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​នៅ​តែ​មិន​អាច​បោះ​បង់​ចោល​ការ​ប្រកួត​បាន។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជាប់​គាំង​នៅ​មួយ​កន្លែង មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ ហើយ​សាច់​ញាតិ​របស់​ខ្ញុំ​ចាប់​ផ្ដើម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​ជំនឿ​របស់​ខ្ញុំ។ ឪពុក​ខក​ចិត្ត​នឹង​ខ្ញុំ​ណាស់។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​តាន​តឹង​ចិត្ត​ដល់​ម្ល៉េះ រហូត​ដល់​មាន​ជំងឺ​រលាក​ក្រពះ។

អ្វី​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​នោះ គឺ​ការ​បន្ត​សិក្សា​គម្ពីរ និង​បន្ត​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​ចាប់​ផ្ដើម​មាន​ជំនឿ​ខ្លាំង​ជា​មុន។ ខ្ញុំ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ថា​លោក​ពិត​ជា​កំពុង​ស្ដាប់​មែន។ ខ្ញុំ​កាន់​តែ​ធូរ​ស្រាល​ក្នុង​ចិត្ត ពេល​ប្រពន្ធ​ប្រាប់​ខ្ញុំ​ថា​នាង​មិន​ត្រូវ​ការ​ផ្ទះ​ធំ​ដើម្បី​មាន​ជីវិត​សប្បាយ​ហ៊ឺហា​នោះ​ទេ។ បន្តិច​ម្ដង​ៗ ខ្ញុំ​ក៏​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ខ្ញុំ​ដឹង​ថា​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣៣ គឺ​ជា​ការ​ពិត។ លោក​បាន​មាន​ប្រសាសន៍​ថា​៖​«​ដូច្នេះ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។ យើង​មិន​ដែល​ខ្វះ​«​របស់​ទាំង​នេះ​»​ទេ ពោល​គឺ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ជីវិត​ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ ទោះ​ជា​ប្រាក់​ចំណូល​របស់​ខ្ញុំ​តិច​ជាង​៣០​ដង​ពេល​ខ្ញុំ​ប្រណាំង​កង់​ក្ដី តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មិន​ដែល​ខ្វះ​អ្វី​សោះ​ក្នុង​២០​ឆ្នាំ​កន្លង​មក​នេះ។

ជីវិត​របស់​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង ពេល​ដែល​ខ្ញុំ​ចូល​រួម​សកម្មភាព​ផ្សេង​ៗ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ខ្ញុំ​មាន​អំណរ​និង​ស្កប់​ចិត្ត នេះ​ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពី​មុន​ទេ។ ពេល​វេលា​បាន​កន្លង​ទៅ​យ៉ាង​លឿន។ ក្រុម​គ្រួសារ​របស់​យើង​មាន​សេចក្ដី​សុខ​ខ្លាំង​ណាស់។ កូន​ប្រុស​ទាំង​បី​របស់​ខ្ញុំ​និង​ប្រពន្ធ​របស់​ពួក​គេ កំពុង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។