តើលោកយេស៊ូជាព្រះឬ?
មនុស្សជាច្រើនចាត់ទុកសេចក្ដីបង្រៀនអំពីព្រះឯកត្រីអង្គ ថាជា«សេចក្ដីបង្រៀនដ៏សំខាន់របស់សាសនាគ្រិស្ត»។ យោងតាមសេចក្ដីបង្រៀននោះ សាសនាគ្រិស្តជាច្រើនបង្រៀនថាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ជាបុគ្គលបីអង្គដែលរួមគ្នាជាព្រះតែមួយ។ លោកចន អូខនណឺ បាននិយាយអំពីសេចក្ដីបង្រៀនព្រះបីរួមគ្នាជាព្រះតែមួយថា៖«យើងដឹងថាសេចក្ដីបង្រៀននេះគឺជ្រាលជ្រៅខ្លាំងណាស់ សូម្បីតែយើងខ្លួនឯងក៏មិនយល់ដែរ»។ ហេតុអ្វីសេចក្ដីបង្រៀននេះពិបាកយល់ខ្លាំងម្ល៉េះ?
វចនានុក្រមThe Illustrated Bible បានបញ្ជាក់មូលហេតុមួយ ដោយបានប្រាប់ត្រង់ៗថា៖«សេចក្ដីបង្រៀនអំពីព្រះបីរួមគ្នាជាព្រះតែមួយ មិនមានប្រភពចេញមកពីគម្ពីរទេ»។ ដោយសារសេចក្ដីបង្រៀននោះ«មិនមានប្រភពចេញមកពីគម្ពីរ» ហេតុនេះពួកអ្នកដែលជឿលើសេចក្ដីបង្រៀននោះ ខិតខំស្វែងរកបទគម្ពីរដែលគាំទ្រសេចក្ដីបង្រៀននោះ។ ជួនកាល ពួកគេថែមទាំងបានកែច្នៃខគម្ពីរទៀតផង ដើម្បីឲ្យស្របតាមសេចក្ដីបង្រៀននោះ។
តើមានខគម្ពីរមួយដែលបង្រៀនអំពីព្រះបីរួមគ្នាជាព្រះតែមួយឬទេ?
ជាឧទាហរណ៍ ខគម្ពីរមួយដែលគេច្រើនតែយល់ខុសគឺ យ៉ូហាន ១:១។ ក្នុងសេចក្ដីបកប្រែគម្ពីរខ្មែរមួយចំនួន បានបកខនោះថា៖«កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ[ភាសាក្រិច តុន ថេអុន (ton the·onʹ)] ហើយព្រះបន្ទូលនោះឯងជាព្រះ[ភាសាក្រិច ថេអូស (the·osʹ)]»។ ខគម្ពីរនេះមានទម្រង់ពីរដែលជានាមក្នុងភាសាក្រិកនៃពាក្យថេអូស(the·osʹ) ដែលមានន័យថា‹ព្រះ›។ ទម្រង់ទី១ នាំមុខដោយពាក្យតុន(ton)ដែលជាបុព្វបទក្រិចសម្រាប់បញ្ជាក់នាមជាក់លាក់ មិនមែនសម្រាប់នាមទូទៅទេ។ ក្នុងករណីនេះពាក្យថេអុន(the·onʹ) សំដៅលើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ក៏ប៉ុន្តែ ទម្រង់ទី២ ពាក្យថេអូស(the·osʹ) មិនមាននាំមុខដោយបុព្វបទក្រិចនាមជាក់លាក់ឡើយ។ ហេតុអ្វីដូច្នេះ?
ហេតុអ្វីសេចក្ដីបង្រៀនអំពីព្រះបីរួមគ្នាជាព្រះតែមួយ ពិបាកយល់ខ្លាំងម្ល៉េះ?
សៀវភៅដំណឹងល្អយ៉ូហានបានត្រូវសរសេរជាភាសាខូអ៊ីណេ ឬជាភាសាក្រិចដែលមនុស្សប្រើទូទៅ ជាភាសាដែលមានក្បួនច្បាស់លាស់ស្ដីអំពីការប្រើនាមបុព្វបទជាក់លាក់។ លោករ៉ូបឺតសិន ដែលជាបណ្ឌិតខាងគម្ពីរបានទទួលស្គាល់ថា បើឃ្លាមួយពណ៌នាអំពីនាមមួយដោយប្រើនាមមួយទៀត ហើយនាមទាំងពីរនោះនាំមុខដោយបុព្វបទជាក់លាក់ នោះមានន័យថា«ពាក្យទាំងពីរនោះគឺជាក់លាក់ដូចគ្នា . . . ហើយអាចប្រើជំនួសគ្នាបាន»។ លោករ៉ូបឺតសិនបានលើកឧទាហរណ៍មួយពីម៉ាថាយ ១៣:៣៨ ដែលចែងថា៖«ឯវាលស្រូវសាលី[ភាសាក្រិច ហូ អាក្រូស (ho a·grosʹ)]គឺជាពិភពលោក[ភាសាក្រិច ហូ កូស្មូស (ho koʹsmos)]»។ មុនពាក្យ‹វាលស្រូវ›(អាក្រូស) និងពាក្យ‹ពិភពលោក›(កូស្មូស) មាននាមជាក់លាក់នាំមុខគឺពាក្យ(ហូ)។ ដូច្នេះ វេយ្យាករណ៍ភាសាក្រិចជួយយើងឲ្យយល់ថា វាលស្រូវសាលីនិងពិភពលោក គឺតែមួយដូចគ្នា។
ចុះយ៉ាងណាបើក្នុងយ៉ូហាន ១:១ ប្រធានមាននាមបុព្វបទជាក់លាក់ តែនាមទី២មិនមាន? បណ្ឌិតឈ្មោះ ជេម អាឡិនហ្យូវេត បានដកស្រង់បទគម្ពីរនោះជាឧទាហរណ៍មកបញ្ជាក់ថា៖«ក្នុងករណីនេះ នាមទី១ដែលជាប្រធាននិងនាមទី២ គឺមិនដូចគ្នាឬស្មើគ្នាឡើយ»។
ដើម្បីជួយឲ្យយល់រឿងនេះ លោកហ្យូវេតបានលើកឧទាហរណ៍ដោយប្រើយ៉ូហានទី១ ១:៥ ដែលចែងថា៖«ព្រះគឺជាពន្លឺ»។ ក្នុងភាសាក្រិចពាក្យ«ព្រះ»នៅខនេះ គឺហូ ថេអូស(ho the·osʹ) ដូច្នេះមាននាមបុព្វបទជាក់លាក់។ ប៉ុន្តែ ពាក្យភាសាក្រិចផូស(phos) សម្រាប់«ពន្លឺ» គឺមិនមាននាមបុព្វបទជាក់លាក់ទាល់តែសោះ។ លោកហ្យូវេតបានបញ្ជាក់ថា៖«អាចនិយាយអំពីព្រះក្នុងគ្រប់ករណីថា...ព្រះគឺជាពន្លឺ។ ប៉ុន្តែ មិនអាចត្រឡប់ឃ្លាមកវិញថាពន្លឺគឺជាព្រះបានឡើយ»។ ឧទាហរណ៍ស្រដៀងគ្នានេះ មាននៅក្នុងយ៉ូហាន ៤:២៤ «ព្រះជាវិញ្ញាណ» និងនៅយ៉ូហានទី១ ៤:១៦ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ ប្រធានក្នុងខគម្ពីរទាំងពីរនោះជាភាសាដើម មាននាមបុព្វបទជាក់លាក់ តែនាមទី២ ពាក្យ«វិញ្ញាណ»និងពាក្យ«សេចក្ដីស្រឡាញ់» គឺមិនមាននាមបុព្វបទជាក់លាក់ទេ។ ហេតុនេះ នាមជាប្រធាននិងនាមទី២មិនអាចប្រើជំនួសគ្នាបានឡើយ។ បទគម្ពីរទាំងពីរនោះមិនអាចបកប្រែថា«វិញ្ញាណគឺជាព្រះ» ឬ«សេចក្ដីស្រឡាញ់គឺជាព្រះ»បានទេ។
ចុះតើ«ព្រះបន្ទូល»ជាអ្នកណា?
បណ្ឌិតខាងភាសាក្រិចនិងអ្នកបកប្រែគម្ពីរជាច្រើននាក់បានទទួលស្គាល់ថាយ៉ូហាន ១:១ ពណ៌នាអំពីលក្ខណៈនៃ«ព្រះបន្ទូល» មិនមែនប្រាប់ថាព្រះបន្ទូលជាអ្នកណាទេ។ អ្នកបកប្រែគម្ពីរម្នាក់ឈ្មោះវីល្លាម បាខ្លេ បាននិយាយថា៖«ដោយសារ[សាវ័កយ៉ូហាន]មិនដាក់នាមបុព្វបទនៅខាងមុខពាក្យថេអូស(theos) ដូច្នេះពាក្យនោះទៅជាការពណ៌នា . . .។ ក្នុងខនេះ យ៉ូហានមិនបាននិយាយថាព្រះបន្ទូលគឺជាព្រះទេ។ និយាយឲ្យចំទៅ គាត់មិនបាននិយាយថាលោកយេស៊ូគឺជាព្រះឡើយ»។ ដូចគ្នាដែរបណ្ឌិតឈ្មោះ ចេសិន ដាវីឌ ប៊ីដាន់ បានប្រាប់ថា៖«ក្នុងភាសាក្រិច បើអ្នកលុបនាមនាំមុខពាក្យថេអូស(theos) ក្នុងប្រយោគដូចគ្នានឹង យ៉ូហាន ១:១ នោះអ្នកអាននឹងសន្និដ្ឋានថា អ្នកចង់មានន័យថា‹ព្រះមួយ› . . .។ ការដែលមិនមាននាមបុព្វបទ ធ្វើឲ្យពាក្យថេអូស(theos) ខុសគ្នាពីពាក្យហូ ថេអូស(ho the·os) ដូចគ្នានឹងពាក្យ‹ព្រះមួយ›ខុសគ្នាពីពាក្យ‹ព្រះ›ក្នុងភាសាអង់គ្លេស»។ លោកប៊ីដាន់បានបន្ថែមទៀតថា៖«នៅយ៉ូហាន ១:១ ព្រះបន្ទូលមិនមែនជាព្រះពិតតែមួយទេ តែគឺជាព្រះមួយ ឬជាបុគ្គលដែលមានភាពដូចព្រះ»។ ម្យ៉ាងទៀត ដូចសម្ដីដែលចូសេហ្វ ហេនរី ថេយឺ ជាបណ្ឌិតខាងផ្នែកសេចក្ដីបកប្រែគម្ពីរបមាណីយអាម៉េរិក (American Standard Version) និយាយថា៖«ឡូហ្គូស[ឬព្រះបន្ទូល]មានលក្ខណៈដូចព្រះ តែមិនមែនជាព្រះទេ»។
លោកយេស៊ូបានបង្ហាញឲ្យឃើញច្បាស់នូវភាពខុសគ្នារវាងលោកនិងបិតាលោក
ស្ដីអំពីសំណួរថាអ្នកណាគឺជាព្រះ តើនោះជា«រឿងដ៏អាថ៌កំបាំង»ទេ? ចំពោះលោកយេស៊ូ គឺមិនមែនទេ។ ក្នុងសេចក្ដីអធិដ្ឋានដែលលោកយេស៊ូនិយាយទៅកាន់បិតារបស់លោក លោកបានបង្ហាញឲ្យឃើញច្បាស់នូវភាពខុសគ្នារវាងលោកនិងបិតាលោក ពេលលោកយេស៊ូមានប្រសាសន៍ថា៖«អស់អ្នកដែលនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ និងត្រូវស្គាល់យេស៊ូគ្រិស្តដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) បើយើងជឿលើលោកយេស៊ូ ហើយយល់សេចក្ដីបង្រៀនមូលដ្ឋានក្នុងគម្ពីរ យើងនឹងគោរពលោកយេស៊ូក្នុងឋានៈលោកជាបុត្ររបស់ព្រះ។ ម្យ៉ាងទៀត យើងនឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជា«ព្រះពិតតែមួយ»។