តើអ្នក«កំពុងព្យាយាមឲ្យបានមុខងារ»ឬទេ?
ហ្វើណានដូ *កំពុងភ័យបុកពោះ ពីព្រោះអ្នកចាស់ទុំពីរនាក់បានសុំនិយាយជាមួយគាត់។ ថ្មីៗនេះក្រោយពីចប់ទស្សនៈកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ពួកអ្នកចាស់ទុំបានពិភាក្សាជាមួយហ្វើណានដូអំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីមានលក្ខណៈគ្រប់គ្រាន់ទៅជាអ្នកចាស់ទុំ។ កាលដែលពេលវេលាកន្លងទៅ ហ្វើណានដូចាប់ផ្ដើមឆ្ងល់ថា តើគាត់នឹងត្រូវតែងតាំងជាអ្នកចាស់ទុំឬទេ? ឥឡូវអ្នកត្រួតពិនិត្យប្រចាំមណ្ឌលទើបបញ្ចប់ទស្សនៈកិច្ចក្នុងក្រុមជំនុំ ហើយខ្ញុំមិនដឹងថា តើលើកនេះពួកអ្នកចាស់ទុំនឹងនិយាយអ្វីខ្លះទេ?
ហ្វើណានដូស្ដាប់ដោយយកចិត្តទុកដាក់ពេលអ្នកចាស់ទុំម្នាក់និយាយជាមួយគាត់។ អ្នកចាស់ទុំនោះបានដកស្រង់ពាក្យពីធីម៉ូថេទី១ ៣:១ ហើយនិយាយថាពួកអ្នកចាស់ទុំក្នុងក្រុមជំនុំបានទទួលសំបុត្រថាហ្វើណានដូបានត្រូវតែងតាំងជាអ្នកចាស់ទុំ។ ពេលឮដូច្នេះ ហ្វើណានដូភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសួរថា៖«តើបងនិយាយថាម៉េច?»។ អ្នកចាស់ទុំក៏និយាយម្ដងទៀត ភ្លាមនោះហ្វើណានដូរីករាយយ៉ាងខ្លាំង។ បន្ទាប់មក អ្នកចាស់ទុំបានប្រកាសប្រាប់ក្រុមជំនុំអំពីការតែងតាំងហ្វើណានដូ នេះធ្វើឲ្យបងប្អូនទាំងអស់ត្រេកអរណាស់។
តើការចង់ទទួលឯកសិទ្ធិផ្សេងៗក្នុងក្រុមជំនុំជាការខុសទេ? មិនខុសទេ។ យោងទៅតាមធីម៉ូថេទី១ ៣:១ ថា៖«ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ នោះគាត់ចង់បានកិច្ចការដ៏ល្អប្រសើរ»។ បុរសគ្រិស្តសាសនិកជាច្រើននាក់ធ្វើតាមពាក្យលើកទឹកចិត្តនោះ ហើយព្យាយាមរីកចម្រើនដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលឯកសិទ្ធិផ្សេងៗក្នុងក្រុមជំនុំ។ នេះនាំឲ្យមានអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើជាង១១ម៉ឺននាក់ ដែលធ្វើកិច្ចការផ្សេងៗសម្រាប់រាស្ត្ររបស់ព្រះ។ ប៉ុន្តែ ដោយសារការរីកចម្រើនក្នុងក្រុមជំនុំនៅទូទាំងពិភពលោក ដូច្នេះពិតជាត្រូវការឲ្យបងប្អូនប្រុសថែមទៀតព្យាយាមឲ្យបានមុខងារ។ ប៉ុន្តែ តើពួកគាត់គួរធ្វើអ្វី? តើពួកគាត់គួរបន្តរង់ចាំដោយក្ដីបារម្ភដូចហ្វើណានដូ ថាពេលណាពួកគាត់នឹងក្លាយជាអ្នកចាស់ទុំឬទេ?
តើពាក្យ«ព្យាយាមឲ្យបានមុខងារ»មានន័យដូចម្ដេច?
ក្នុងគម្ពីរ ពាក្យ«ព្យាយាមឲ្យបានមុខងារ»បានត្រូវបកប្រែពីកិរិយាសព្ទភាសាក្រិច ដែលមានន័យថាមានបំណងប្រាថ្នាយ៉ាងខ្លាំង ឬឈោងចាប់។ ពាក្យនេះធ្វើឲ្យយើងគិតអំពីអ្នកណាម្នាក់កំពុងឈោងបេះផ្លែឈើដ៏ឆ្ងាញ់ពីដើមរបស់វា។ ប៉ុន្តែ ការព្យាយាមឲ្យបានមុខងារ«ជាអ្នកត្រួតពិនិត្យ» មិនមានន័យថាជាការចង់ធ្វើឲ្យខ្លួនលេចធ្លោទេ។ ហេតុអ្វី? ពីព្រោះការមានចិត្តគំនិតត្រឹមត្រូវក្នុងការព្យាយាមទៅជាអ្នកចាស់ទុំ គឺដើម្បីធ្វើ«កិច្ចការដ៏ល្អប្រសើរ» មិនមែនដើម្បីទទួលបានមុខតំណែងឬតួនាទីណាមួយទេ។
នៅធីម៉ូថេទី១ ៣:២-៧ និងទីតុស ១:៥-៩ មានរៀបរាប់អំពីគុណសម្បត្តិជាច្រើនរបស់អ្នកដែលមានគោលដៅចង់ធ្វើ«កិច្ចការដ៏ល្អប្រសើរ»។ ស្ដីអំពីគុណសម្បត្តិទាំងនោះ បងប្រុសម្នាក់ឈ្មោះរេម៉ិនដែលបម្រើជាអ្នកចាស់ទុំយូរឆ្នាំហើយ បាននិយាយថា៖«ខ្ញុំគិតថាអ្វីដែលសំខាន់បំផុត គឺយើងជាមនុស្សបែបណា។ ពិតមែនតែសមត្ថភាពក្នុងការនិយាយនិងក្នុងការបង្រៀនគឺសំខាន់ តែសមត្ថភាពទាំងនោះមិនអាចជំនួសគុណសម្បត្តិផ្សេងៗដូចជា គ្មានកន្លែងបន្ទោស ប្រព្រឹត្តដោយតុល្យភាព ដឹងខុសត្រូវ មានសណ្ដាប់ធ្នាប់ ចេះទទួលអ្នកឯទៀតដោយរាក់ទាក់ និងសមហេតុសមផលនោះឡើយ»។
បើបងប្អូនប្រុសណាម្នាក់ពិតជាកំពុង«ព្យាយាមឲ្យបានមុខងារ» គាត់គួរជាមនុស្សដែលគ្មានកន្លែងបន្ទោស ជាមនុស្សស្មោះត្រង់ និងស្អាតស្អំក្នុងគ្រប់ការទាំងអស់។ ប្រសិនបើគាត់ប្រព្រឹត្តដោយមានតុល្យភាព ដឹងខុសត្រូវ មានសណ្ដាប់ធ្នាប់ និងសមហេតុសមផល នោះបងប្អូនរួមជំនឿនឹងទុកចិត្តគាត់ឲ្យនាំមុខក្នុងក្រុមជំនុំ ព្រមទាំងសុំជំនួយពីគាត់ ពេលដែលពួកគេមានបញ្ហា។ បើគាត់ចេះទទួលអ្នកឯទៀតដោយរាក់ទាក់ នោះគាត់នឹងទៅជាប្រភពនៃការលើកទឹកចិត្តសម្រាប់ប្អូនៗវ័យក្មេង រួមទាំងអ្នកជឿថ្មី។ ណាមួយទៀត ដោយសារគាត់ស្រឡាញ់គុណធម៌ គាត់នឹងផ្ដល់ការសម្រាលទុក្ខនិងជំនួយដល់បងប្អូនដែលមានជំងឺ និងបងប្អូនវ័យចាស់។ គាត់ព្យាយាមបណ្ដុះគុណសម្បត្តិទាំងនេះដើម្បីជាប្រយោជន៍ដល់អ្នកឯទៀត មិនមែនដើម្បីឲ្យពួកអ្នកចាស់ទុំឃើញ ដោយរំពឹងថាទទួលបានឯកសិទ្ធិផ្សេងៗឡើយ។ *
ក្រុមអ្នកចាស់ទុំរីករាយផ្ដល់យោបល់និងការលើកទឹកចិត្តដល់បងប្អូនដែលកំពុងព្យាយាមឲ្យបានមុខងារ។ ប៉ុន្តែ បងប្អូននោះត្រូវខំបណ្ដុះគុណសម្បត្តិដោយខ្លួនឯងតាមអ្វីដែលគម្ពីរចែង។ បងប្រុសហេនរីដែលជាអ្នកត្រួតពិនិត្យមានបទពិសោធន៍ម្នាក់បាននិយាយថា៖«ប្រសិនបើអ្នកកំពុងព្យាយាមឲ្យបានមុខងារ សូមខ្នះខ្នែងបញ្ជាក់ថាអ្នកពិតជាមានគុណសម្បត្តិគ្រប់គ្រាន់»។ ស្របតាមអ្វីដែលបានរៀបរាប់នៅក្នុងសៀវភៅអ្នកទូន្មាន ៩:១០ គាត់ពន្យល់ថា៖«‹ដូច្នេះ អ្វីក៏ដោយដែលដៃរបស់អ្នកអាចធ្វើបាន ចូរធ្វើឲ្យអស់ពីកម្លាំងចុះ›។ ចូរខិតខំបំពេញភារកិច្ចណាក៏ដោយដែលអ្នកចាស់ទុំឲ្យអ្នកធ្វើ ថែមទាំងស្រឡាញ់ភារកិច្ចទាំងនោះផង នេះរួមបញ្ចូលទាំងការសម្អាតក្នុងក្រុមជំនុំដែរ។ ក្រោយមក ក្រុមជំនុំនឹងកត់សម្គាល់ការខំព្យាយាមនិងកិច្ចការដែលអ្នកបានធ្វើ»។ បើអ្នកចង់បម្រើជាអ្នកចាស់ទុំ សូមខំប្រឹងប្រែងនិងបង្ហាញថាខ្លួនជាមនុស្សដែលអាចទុកចិត្តបានក្នុងគ្រប់រឿងទាំងអស់។ សូមមានចិត្តរាបទាប មិនមែនមានអំណួតឬមហិច្ឆតាឡើយ។—ម៉ាថ. ២៣:៨-១២
ចូរបដិសេធការគិតគូរនិងការប្រព្រឹត្តដែលមិនត្រឹមត្រូវ
បងប្អូនប្រុសខ្លះដែលចង់បានឯកសិទ្ធិខ្លាំងក្នុងក្រុមជំនុំប្រហែលជាព្យាយាមប្រាប់អ្នកចាស់ទុំ ឬរហូតដល់បញ្ចុះបញ្ចូលក្រុមអ្នកចាស់ទុំឲ្យឃើញថាខ្លួនមានលក្ខណៈគ្រប់គ្រាន់។ រីឯបងប្អូនខ្លះទៀតបង្ហាញការមិនពេញចិត្ត ពេលដែលអ្នកចាស់ទុំជូនយោបល់ដល់ពួកគេ។ បងប្អូនដែលមានគំនិតបែបនេះគួរសួរខ្លួនថា‹តើខ្ញុំពិតជាចង់ថែរក្សាចៀមរបស់ព្រះយេហូវ៉ាដោយចិត្តរាបទាប ឬចង់ធ្វើដើម្បីខ្លួនឯង?›។
អស់អ្នកដែលព្យាយាមឲ្យបានមុខងារ មិនត្រូវភ្លេចតម្រូវការឬគុណសម្បត្តិមួយទៀតសម្រាប់អ្នកចាស់ទុំឡើយ ពោលគឺ«ធ្វើជាគំរូដល់ហ្វូងចៀម»។ (១ពេ. ៥:១-៣) អ្នកដែលជាគំរូដល់ក្រុមជំនុំ ត្រូវជៀសវាងការមានគំនិតឬការប្រព្រឹត្ត ដែលមិនទៀងត្រង់។ គាត់ត្រូវបង្កើនចិត្តអត់ធ្មត់និងការស៊ូទ្រាំតទៅទៀត ទោះជាឥឡូវនេះគាត់បានត្រូវតែងតាំងជាអ្នកចាស់ទុំរួចហើយឬមិនទាន់ក្ដី។ ហេតុអ្វី? ពីព្រោះការទៅជាអ្នកចាស់ទុំ មិនបំបាត់ចោលលក្ខណៈមិនល្អរបស់គាត់ដោយស្វ័យប្រវត្តិទេ។ (ជប. ១២:៣; ចសព. ១០៦:៣២, ៣៣) បន្ថែមទៅទៀត ទោះបើគាត់ប្រហែលជាគិតថា‹ខ្ញុំឃើញថាខ្ញុំមិនបានធ្វើអ្វីខុសឡើយ›ក៏ដោយ បងប្អូនឯទៀតអាចឃើញថាគាត់នៅតែមានអ្វីដែលត្រូវកែប្រែ។ (១កូ. ៤:៤) ហេតុនេះ ប្រសិនបើអ្នកចាស់ទុំផ្ដល់យោបល់ដោយស្មោះពីចិត្ត និងដែលមកពីគម្ពីរ នោះសូមពេញចិត្តស្ដាប់ពួកគាត់ ហើយព្យាយាមអនុវត្តតាម។
តើអ្នកគួរធ្វើអ្វី បើអ្នករង់ចាំយូរហើយ?
បងប្អូនប្រុសជាច្រើននាក់ត្រូវរង់ចាំយូរ មុនពេលដែលពួកគាត់បានត្រូវតែងតាំងឲ្យធ្វើជាអ្នកចាស់ទុំ។ បើអ្នក«កំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ»អស់រយៈពេលជាច្រើនឆ្នាំមកហើយ តើពេលខ្លះអ្នកធ្លាប់ពិបាកចិត្តដែលខ្លួនមិនទាន់បានទទួលការតែងតាំងឬទេ? បើអ្នកមានអារម្មណ៍បែបនេះមែន សូមកត់សម្គាល់ពាក្យដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះថា៖«សេចក្ដីសង្ឃឹមដែលក្រនឹងកើតឡើង នាំឲ្យក្រៀមក្រំចិត្ត តែពេលបំណងប្រាថ្នាក្លាយជាការពិត នោះប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត»។—សុភ. ១៣:១២
នៅពេលអ្នកណាម្នាក់ចង់បានអ្វីមួយយ៉ាងខ្លាំង តែហាក់ដូចជាគ្មានវិធីដើម្បីទទួលបាន នោះអាចធ្វើឲ្យគាត់ក្រៀមក្រំចិត្ត។ អាប្រាហាំក៏មានអារម្មណ៍ដូចនេះដែរ។ ព្រះយេហូវ៉ាបានសន្យានឹងអាប្រាហាំថា គាត់នឹងមានកូនប្រុសម្នាក់ ប៉ុន្តែច្រើនឆ្នាំកន្លងផុតទៅ គាត់និងសារ៉ានៅតែមិនទាន់មានកូន។ (ដក. ១២:១-៣, ៧) ពេលដែលអាប្រាហាំកាន់តែចាស់ គាត់ពោលទាំងក្រៀមក្រំថា៖«ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតអើយ! តើលោកនឹងឲ្យអ្វីមកខ្ញុំទៅ បើខ្ញុំនៅតែគ្មានកូន...លោកមិនបានឲ្យខ្ញុំមានកូនទេ»។ ពេលនោះព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តគាត់ថា សេចក្ដីសន្យាអំពីការមានកូនប្រុសនឹងក្លាយជាការពិតមែន។ ប៉ុន្តែ មុនពេលព្រះធ្វើឲ្យរឿងនោះកើតឡើង អាប្រាហាំត្រូវរង់ចាំយ៉ាងហោចណាស់អស់១៤ឆ្នាំ។—ដក. ១៥:២-៤; ១៦:១៦; ២១:៥
អំឡុងពេលដែលអាប្រាហាំរង់ចាំ តើគាត់បានបាត់បង់អំណរក្នុងការបម្រើព្រះយេហូវ៉ាឬទេ? អត់ទេ។ គាត់មិនដែលសង្ស័យលើសេចក្ដីសន្យារបស់ព្រះឡើយ។ គាត់បន្តសម្លឹងឆ្ពោះទៅមុខ។ សាវ័កប៉ូលបានសរសេរថា៖«ក្រោយពីអាប្រាហាំបានបង្ហាញចិត្តអត់ធ្មត់ គាត់ក៏ទទួលសេចក្ដីសន្យានោះ»។ (ហេ. ៦:១៥) នៅទីបំផុត ព្រះដ៏មានឫទ្ធានុភាពបានផ្ដល់ពរដល់បុរសដ៏ស្មោះត្រង់ម្នាក់នេះ ហួសពីការរំពឹងទុករបស់គាត់។ តើយើងអាចរៀនអ្វីពីគំរូរបស់អាប្រាហាំ?
ប្រសិនបើអ្នកចង់បម្រើជាអ្នកចាស់ទុំ តែអស់ជាច្រើនឆ្នាំនៅតែមិនទាន់បានទទួលការតែងតាំង សូមបន្តទុកចិត្តព្រះយេហូវ៉ា។ សូមកុំបាត់បង់អំណរក្នុងកិច្ចបម្រើលោក។ បងប្រុសវ៉ារែនដែលបានជួយបងប្អូនប្រុសជាច្រើននាក់ឲ្យរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះ បានពន្យល់ថា៖«គឺត្រូវការពេលដើម្បីបញ្ជាក់ថាបងប្អូនប្រុសណាម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការតែងតាំង។ កាលដែលពេលវេលាកន្លងទៅ សមត្ថភាពនិងអាកប្បកិរិយារបស់គាត់នឹងត្រូវបង្ហាញឲ្យឃើញបន្តិចម្ដងៗតាមរយៈការប្រព្រឹត្តនិងរបៀបដែលគាត់បំពេញភារកិច្ចរបស់ខ្លួន។ អ្នកខ្លះគិតថា គាត់អាចសប្បាយរីករាយនឹងភារកិច្ចរបស់ខ្លួនបាន លុះត្រាតែគាត់បានទទួលការតែងតាំង។ គំនិតបែបនេះគឺមិនត្រឹមត្រូវទេ ហើយអាចនាំឲ្យគាត់គិតស្រមើស្រមៃច្រើនពេក។ ផ្ទុយទៅវិញ បើអ្នកកំពុងបម្រើព្រះយេហូវ៉ាដោយស្មោះត្រង់ មិនថានៅកន្លែងណា ឬមានភារកិច្ចអ្វីក៏ដោយ អ្នកអាចសប្បាយរីករាយនឹងកិច្ចបម្រើរបស់ខ្លួន។
បងប្រុសម្នាក់បានរង់ចាំអស់ជាង១០ឆ្នាំ មុនពេលដែលគាត់បានត្រូវតែងតាំងឲ្យធ្វើជាអ្នកចាស់ទុំ។ គាត់បានរៀបរាប់អំពីមេរៀនដែលគាត់បានរៀនពីក្នុងសៀវភៅអេសេគាល ជំពូកទី១ ថា៖«ព្រះយេហូវ៉ាជាអ្នកបញ្ជារទេះនិងអង្គការរបស់លោក តាមល្បឿននិងតាមពេលកំណត់របស់លោក មិនមែនតាមពេលវេលារបស់យើងទេ។ ដូច្នេះ ការត្រូវតែងតាំងជាអ្នកចាស់ទុំឬអត់ មិនអាស្រ័យលើតម្រូវការរបស់ខ្ញុំឡើយ។ អ្វីដែលខ្ញុំចង់បាន ប្រហែលជាព្រះយេហូវ៉ាយល់ឃើញថានេះមិនសាកសមនឹងខ្ញុំទេ»។
នៅថ្ងៃណាមួយ ប្រសិនបើអ្នកមានបំណងចង់ធ្វើកិច្ចការដ៏ល្អប្រសើរ ពោលគឺជាអ្នកត្រួតពិនិត្យ ចូរបន្តព្យាយាមជួយបងប្អូនក្នុងក្រុមជំនុំ និងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត។ បើអ្នកត្រូវរង់ចាំយូរ សូមកុំព្រួយបារម្ភហួសហេតុពេក តែត្រូវបន្តអត់ធ្មត់។ បងប្រុសរេម៉ិនដែលបានរៀបរាប់នៅខាងលើ និយាយថា៖«ចិត្តលោភលន់ជាសត្រូវនឹងការស្កប់ចិត្ត។ រីឯអស់អ្នកដែលខ្វល់ខ្វាយមិនឈប់ នឹងបាត់បង់អំណរក្នុងការបម្រើព្រះយេហូវ៉ា»។ ចូរព្យាយាមបណ្ដុះថែមទៀតនូវផលផ្លែនៃឫទ្ធានុភាពរបស់ព្រះ ជាពិសេសចិត្តអត់ធ្មត់។ ចូរពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះដោយសិក្សាគម្ពីរ។ ចូររួមចំណែកកាន់តែច្រើនក្នុងការផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបង្រៀនគម្ពីរដល់អ្នកដែលចាប់អារម្មណ៍។ ចូរដឹកនាំក្រុមគ្រួសាររបស់អ្នកក្នុងសកម្មភាពផ្សេងៗដែលទាក់ទងនិងកិច្ចបម្រើព្រះ និងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ ចូរចំណាយពេលដើម្បីជិតស្និទ្ធជាមួយនឹងបងប្អូនរួមជំនឿ។ ពេលអ្នកធ្វើដូច្នេះ អ្នកនឹងកាន់តែសប្បាយរីករាយក្នុងការបម្រើព្រះយេហូវ៉ា កាលដែលអ្នកព្យាយាមសម្រេចគោលដៅរបស់ខ្លួនបន្តិចម្ដងៗ។
ព្រះយេហូវ៉ានឹងផ្ដល់ឱកាសឲ្យអ្នកបណ្ដុះគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិផ្សេងៗក្នុងក្រុមជំនុំ។ លោកនិងអង្គការរបស់លោកមិនចង់ឲ្យអ្នកដែលព្យាយាមធ្វើដូច្នេះ មានអារម្មណ៍ខកចិត្តឬបាត់បង់អំណរក្នុងកិច្ចបម្រើរបស់លោកឡើយ។ ព្រះគាំទ្រនិងផ្ដល់ពរដល់អស់អ្នកដែលបម្រើលោកដោយមានបំណងចិត្តត្រឹមត្រូវ ហើយពរពីលោក«មិននាំឲ្យឈឺចាប់ឡើយ»។—សុភ. ១០:២២
ទោះជាអស់មួយរយៈពេល អ្នកកំពុងព្យាយាមឲ្យបានមុខងារក្ដី អ្នកនៅតែមានអ្វីជាច្រើនទៀតដែលអាចធ្វើដើម្បីពង្រឹងចំណងមិត្តភាពរបស់ខ្លួនជាមួយនឹងព្រះយេហូវ៉ា។ កាលដែលអ្នកព្យាយាមបណ្ដុះគុណសម្បត្តិផ្សេងៗ មានចិត្តខ្នះខ្នែងក្នុងក្រុមជំនុំ និងបន្តយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ខ្លួន នោះព្រះយេហូវ៉ានឹងមិនបំភ្លេចអ្វីដែលអ្នកបានធ្វើដើម្បីបម្រើលោកឡើយ។ សូមអ្នកសប្បាយរីករាយជានិច្ចក្នុងការបម្រើព្រះយេហូវ៉ា មិនថាអ្នកបំពេញភារកិច្ចណាក៏ដោយដើម្បីលោក។
^ វគ្គ 2 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 8 គោលការណ៍ដែលបានលើកឡើងក្នុងអត្ថបទនេះ ក៏សម្រាប់បងប្អូនដែលចង់បម្រើជាជំនួយការខាងកិច្ចបម្រើដែរ។ ពួកគាត់អាចអានអំពីតម្រូវការឬអំពីគុណសម្បត្តិទាំងនេះនៅក្នុងធីម៉ូថេទី១ ៣:៨-១០, ១២, ១៣។