លោតទៅអត្ថបទ

ប្អូនៗយុវវ័យ! តើអ្នកមានបំណងអ្វីចំពោះជីវិតរបស់អ្នក?

ប្អូនៗយុវវ័យ! តើអ្នកមានបំណងអ្វីចំពោះជីវិតរបស់អ្នក?

ប្អូន​ៗ​យុវវ័យ! តើ​អ្នក​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​អ្នក?

«​ខ្ញុំ​ចង់​បាន​ជីវិត​ដ៏​ប្រសើរ​បំផុត​»​ យុវនារី​ម្នាក់​បាន​ស្រដី​ដូច្នេះ។ អ្នក​ច្បាស់​ជា​មាន​បំណង​ដូច​នោះ​ដែរ​ហើយ​មើល​ទៅ។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​អាច​ទទួល​ប្រយោជន៍​«​ប្រសើរ​បំផុត​»​ពី​ជីវិត? ទូរទស្សន៍ វិទ្យុ ទស្សនាវដ្ដី មិត្ត​ភក្ដិ និង​គ្រូ​បង្រៀន​ជា​ដើម​ប្រហែល​ជា​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ថា ជីវិត​ដ៏​ប្រសើរ​បំផុត​បាន​មក​ពី​ការ​រក​លុយ​បាន​ច្រើន ឬ​មាន​អាជីព​ដ៏​ធំ​ដុំ ពោល​គឺ​ទាំង​អស់​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​ជោគ​ជ័យ!

ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ព្រមាន​ប្អូន​ៗ​យុវវ័យ​ថា ការ​ដេញ​តាម​ទ្រព្យ​សម្បត្ដិ ជា​«​អសារ​ឥត​ការ​ទទេ​»។ (​សាស្ដា ៤:៤​) មូលហេតុ​មួយ គឺ​មាន​តែ​ពួក​យុវវ័យ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​មាន​ឈ្មោះ​បោះ​សំលេង​និង​មាន​ទ្រព្យ​សម្បត្ដិ​ស្តុក​ស្តម្ភ​បាន។ ហើយ​ពួក​អ្នក​ដែល​មាន​ជីវិត​ហ៊ឺហា​នោះ ច្រើន​តែ​ខក​ចិត្ត​ទៅ​វិញ។ យុវវ័យ​ម្នាក់​ជន​ជាតិ​អង់គ្លេស​ដែល​ខំ​ស្វែង​រក​អាជីព​ធំ​ដុំ​ជា​វិជ្ជាករ​ម្នាក់ គាត់​ស្រដី​ថា​៖ ​«​ការ​មាន​វត្ថុ​ទ្រព្យ​ច្រើន​នោះ ប្រៀប​ដូច​នឹង​ប្រអប់​មួយ​ដែល​នៅ​ទទេ។ ពេល​យើង​បើក​មើល គឺ​គ្មាន​អ្វី​សោះ​»។ មែន​ហើយ ការ​ងារ​អាច​នាំ​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ ឬ​មួយ​ក៏​មាន​ឈ្មោះ​បោះ​សំលេង​មែន តែ​មិន​អាច​បំពេញ​នូវ​«​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​»​របស់​អ្នក​បាន​ឡើយ។ (​ម៉ាថាយ ៥:៣, ព.ថ.​) ម្យ៉ាង​ទៀត យ៉ូហាន​ទី​១ ២:១៧ ព្រមាន​ថា​៖ ‹លោកីយ​នេះ​កំពុង​កន្លង​ទៅ›។ ប្រសិន​បើ​អ្នក​អាច​ទទួល​ជោគ​ជ័យ​ក្នុង​លោកីយ៍​នេះ​បាន ជោគ​ជ័យ​នោះ​នឹង​មិន​នៅ​ឋិតឋេរ​យូរ​ប៉ុន្មាន​ទេ។

ហេតុ​នេះ​ហើយ​បាន​ជា​សាស្ដា ១២:១ ដាស់​តឿន​ប្អូន​ៗ​យុវវ័យ​ថា​៖ ‹ចូរ​នឹក​ចាំ​ពី​ព្រះ​ដែល​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​អ្នក​នៅ​ក្មេង›។ ត្រូវ​មែន របៀប​ប្រើ​ជីវិត​ឲ្យ​បាន​ប្រសើរ​បំផុត​នោះ គឺ​ការ​បំរើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ អ្នក​ត្រូវ​បំពេញ​តម្រូវ​ការ​ជា​មុន​សិន ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​បំរើ​ព្រះ។ តើ​អ្នក​អាច​បំពេញ​តម្រូវ​ការ​ដោយ​ដូច​ម្ដេច? ហើយ​តើ​ការ​បំរើ​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ការ​បំពេញ​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់

មុន​ដំបូង អ្នក​ត្រូវ​បណ្ដុះ​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​បំរើ​ព្រះ ហើយ​បំណង​ប្រាថ្នា​នោះ​មិន​កើត​មាន​ដោយ​ឯកឯង​បាន​ទេ ទោះ​ជា​មាតា​បិតា​របស់​អ្នក​ជា​ជន​គ្រីស្ទាន​ក៏​ដោយ។ អ្នក​ត្រូវ​តែ​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យុវនារី​ម្នាក់​ពោល​ថា​៖ ​«​ការ​អធិស្ឋាន​អាច​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​»។—ទំនុក​ដំកើង ៦២:៨; យ៉ាកុប ៤:៨

រ៉ូម ១២:២ ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ បញ្ជាក់​អំពី​អ្វី​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ ពោល​គឺ​៖ ​«​[​ចូរ​]ខំ​ប្រឹង​ដើម្បី​យល់​ច្បាស់​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់ និង​អ្វី​ដែល​គ្រប់​ល័ក្ខណ៍​»។ តើ​អ្នក​ធ្លាប់​សង្ស័យ​នូវ​ចំណុច​ខ្លះ​ៗ​ដែល​អ្នក​បាន​រៀន​នោះ​ឬ​ទេ? បើ​ដូច្នេះ​មែន សូម​ធ្វើ​តាម​ពាក្យ​ដាស់​តឿន​ពី​ព្រះ​គម្ពីរ ហើយ​‹ពិចារណា​មើល​ដោយ​ខ្លួន​ឯង​ថា› តើ​ចំណុច​ទាំង​អស់​នេះ​សុទ្ធ​តែ​សេចក្ដី​ពិត​ឬ​ទេ? សូម​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​អ្នក​ផ្ទាល់។ អាន​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ឯ​ទៀត ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ ការ​រៀន​អំពី​ព្រះ​មិន​មែន​ជា​ការ​សិក្សា​ហេតុ​ការណ៍​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ។ សូម​ឆ្លៀត​ពេល​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន​ហើយ ដើម្បី​ឲ្យ​ពត៌មាន​នោះ​ជ្រួត​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​បាន។ បើ​ធ្វើ​ដូច​នេះ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​នឹង​រីក​ដុះ​ដាល​កាន់​តែ​ខ្លាំង​ឡើង។—ទំនុក​ដំកើង ១:២, ៣

បន្ទាប់​មក​ទៀត សូម​សាក​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​កំពុង​តែ​រៀន គឺ​ប្រហែល​ជា​ប្រាប់​មិត្ត​រួម​ថ្នាក់​របស់​អ្នក​ជា​ដើម។ ជំហាន​មួយ​ទៀត គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ យូរ​ៗ​ម្ដង​អ្នក​ប្រហែល​ជា​នឹង​ជួប​មិត្ត​រួម​ថ្នាក់​ពេល​អ្នក​ដើរ​ផ្សព្វ​ផ្សាយ ហើយ​អ្នក​ប្រហែល​ជា​ខ្មាស​គេ​បន្ដិច​ដែរ។ ប៉ុន្តែ​ព្រះ​គម្ពីរ​ដាស់​តឿន​ថា កុំ​ឲ្យ​យើង​មាន​«​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​»​ឡើយ។ (​រ៉ូម ១:១៦​) ព្រោះ​អ្នក​កំពុង​តែ​ប្រាប់​សារ​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម និង​អាច​សង្គ្រោះ​ជីវិត​ពួក​គេ​ផង​ដែរ! ហេតុ​នេះ​មិន​គួរ​មាន​ហេតុ​អាម៉ាស់​មុខ​នោះ​ទេ។

បើ​មាតា​បិតា​របស់​អ្នក​ជា​ជន​គ្រីស្ទាន ប្រហែល​ជា​អ្នក​ធ្លាប់​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គាត់​រួច​ទៅ​ហើយ។ ប៉ុន្តែ តើ​អ្នក​អាច​ធ្វើ​ច្រើន​ជាង​ឈរ​ស្ងៀម​នៅ​មុខ​ផ្ទះ​គេ​បាន​ទេ? ឬ​តើ​អ្នក​អាច​ធ្វើ​ច្រើន​ជាង​ការ​គ្រាន់​តែ​ចែក​ទស្សនាវដ្ដី​ឬ​ខិត្តប័ណ្ណ​ប៉ុណ្ណោះ​បាន​ទេ? តើ​អ្នក​អាច​និយាយ​ទៅ​កាន់​ម្ចាស់​ផ្ទះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ទាំង​ប្រើ​ព្រះ​គម្ពីរ​បង្រៀន​គាត់​ផង​បាន​ទេ? បើ​មិន​ទាន់​ធ្វើ​នៅ​ឡើយ​ទេ ចូរ​សុំ​ជំនួយ​ពី​មាតា​បិតា​របស់​អ្នក ឬ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​គំនិត​ចាស់​ទុំ។ ចូរ​តាំង​គោល​ដៅ​បំពេញ​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក!

មិន​យូរ​មិន​ឆាប់​អ្នក​នឹង​មាន​ចិត្ត​ជំរុញ​ឲ្យ​ឧទ្ទិស​ថ្វាយ​ខ្លួន ជា​ការ​ស្បថ​ចំពោះ​ព្រះ​ថា អ្នក​នឹង​បំរើ​ទ្រង់​ជា​រៀង​រហូត​ចាប់​ពី​ពេល​នោះ​ត​ទៅ។ (​រ៉ូម ១២:១​) ក៏​ប៉ុន្តែ ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​មិន​មែន​ជា​រឿង​សំងាត់​ទេ។ ព្រះ​តម្រូវ​ឲ្យ​យើង​គ្រប់​គ្នា​«​ប្រកាស​ជំនឿ​»​របស់​យើង​នៅ​មុខ​សាធារណៈ​ជន ដើម្បី​«​ទទួល​ការ​សង្គ្រោះ​»។ (​រ៉ូម ១០:១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) មុន​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ភ្លាម​ៗ​នោះ អ្នក​ត្រូវ​ប្រាប់​ពី​ជំនឿ​របស់​អ្នក។ បន្ទាប់​មក​អ្នក​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន។ (​ម៉ាថាយ ២៨:១៩, ២០​) ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ការ​បោះ​ជំហាន​មួយ​ដ៏​សំខាន់​មែន។ ប៉ុន្តែ កុំ​ស្ទាក់​ស្ទើរ​ដោយ​គិត​ថា អ្នក​មិន​អាច​សម្រេច​ភារកិច្ច​នោះ​ឡើយ។ បើ​អ្នក​ពឹង​ផ្អែក​ព្រះ​ដើម្បី​ទទួល​កម្លាំង នោះ​ទ្រង់​នឹង​ប្រទាន​ដល់​អ្នក​នូវ​«​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​»​ ដើម្បី​ឲ្យ​មាន​ជំហរ​រឹង​មាំ។—កូរិនថូស​ទី​២ ៤:៧; ពេត្រុស​ទី​១ ៥:១០

នៅ​ពេល​ដែល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក អ្នក​ក៏​ក្លាយ​ជា​ស្មរ​បន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ (​អេសាយ ៤៣:១០​) នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បំណង​ដែល​អ្នក​មាន​ចំពោះ​ជីវិត​របស់​អ្នក។ ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​រួម​បញ្ចូល​‹ការ​លះបង់​ប្រយោជន៍​ខ្លួន​ចោល›។ (​ម៉ាថាយ ១៦:២៤​) អ្នក​ប្រហែល​ជា​នឹង​លះ​បង់​គោល​ដៅ​និង​បំណង​ចិត្ត​ខ្លះ​ៗ ដើម្បី​‹ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន›។ (​ម៉ាថាយ ៦:៣៣​) ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​បុណ្យជ្រមុជ​ទឹក​អាច​បើក​ឱកាស​ជា​ច្រើន​ដើម្បី​បំរើ​ព្រះ។ យើង​សូម​ពិចារណា​មើល​កិច្ច​បំរើ​ព្រះ​ផ្នែក​ផ្សេង​ៗ។

កិច្ច​បំរើ​ពេញ​ពេល​ផ្នែក​ផ្សេង​ៗ​

កិច្ច​ការ​ត្រួស​ត្រាយ​ជា​កិច្ច​បំរើ​ម្យ៉ាង។ អ្នក​ត្រួស​ត្រាយ​ម្នាក់ គឺ​ជា​ជន​គ្រីស្ទាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ក៏​ជា​គំរូ​ដ៏​ល្អ និង​បាន​រៀបចំ​កាល​វិភាគ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​តិច ៧០​ម៉ោង​ក្នុង​ខែ​និមួយ​ៗ។ បើ​អ្នក​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ អ្នក​នឹង​អាច​បណ្ដុះ​នូវ​បំនិន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ដែរ។ អ្នក​ត្រួស​ត្រាយ​ច្រើន​នាក់​មាន​អំណរ​ដែល​មក​ពី​ការ​ជួយ​សិស្ស​សិក្សា​ព្រះ​គម្ពីរ​ឲ្យ​ក្លាយ​ជា​ស្មរ​បន្ទាល់​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ តើ​មាន​កិច្ច​ការ​ណា​ក្នុង​លោកីយ៍​នេះ ដែល​អាច​ធ្វើ​ឲ្យ​រំភើប​ចិត្ត​និង​គាប់​ចិត្ត​ដូច​នេះ​បាន​ទេ?

សំរាប់​ចំណាយ​ក្នុង​ការ​រស់​នៅ អ្នក​ត្រួស​ត្រាយ​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​លោកីយ៍ តែ​មិន​ពេញ​ពេល​ទេ។ បង​ប្អូន​ជា​ច្រើន​បាន​ត្រៀម​ខ្លួន​តាំង​ពី​មុន​ដើម្បី​ធ្វើ​ដូច្នេះ ដោយ​រៀន​វិជ្ជា​ជីវៈ​ខ្លះ​ៗ​នៅ​សាលា​រៀន ឬ​ពី​មាតា​បិតា​ក៏​មាន។ ប្រសិន​បើ​អ្នក​ឬ​ក៏​មាតា​បិតា​គិត​ថា ការ​រៀន​បន្ថែម​បន្ទាប់​ពី​មធ្យម​សិក្សា​នឹង​មាន​ប្រយោជន៍ សូម​ប្រយ័ត្ន​កុំ​ឲ្យ​មាន​បំណង​រក​លុយ​ឲ្យ​បាន​ច្រើន​នោះ​ឡើយ តែ​ចូរ​គាំទ្រ​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក ដោយ​ចង់​បំរើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​វិញ។

ប៉ុន្តែ អ្នក​ត្រួស​ត្រាយ​មិន​ប្រមូល​អារម្មណ៍​តែ​ទៅ​លើ​ការ​រក​ស៊ី​ឡើយ តែ​គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បំរើ​ផ្សាយ​វិញ ជា​ការ​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​ទទួល​ជីវិត! សូម​តាំង​គោល​ដៅ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ការ​ត្រួស​ត្រាយ​ច្រើន​តែ​នាំ​ឲ្យ​ទទួល​ឯកសិទ្ធិ​ផ្សេង​ទៀត​ដែរ។ ឧទាហរណ៍ អ្នក​ត្រួស​ត្រាយ​ខ្លះ​រើ​ទៅ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ច្រើន​ជាង។ អ្នក​ត្រួស​ត្រាយ​ឯ​ទៀត​រៀន​ភាសា​បរទេស​និង​បំរើ​ជា​មួយ​ក្រុម​ជំនុំ​នា​តំបន់​ដែល​និយាយ​ភាសា​នោះ ឬ​មួយ​ក៏​បំរើ​នៅ​ប្រទេស​ផ្សេង​ក៏​មាន។ កិច្ច​ការ​ត្រួស​ត្រាយ​ពិត​ជា​របៀប​រស់​នៅ ដែល​មាន​ពរ​ជា​ច្រើន​មែន!

កិច្ច​បំរើ​ជា​សាសនទូត​ជា​កិច្ច​បំរើ​ពេញ​ពេល​ផ្នែក​មួយ​ទៀត។ តាំង​ពី​ឆ្នាំ​១៩៤៣ អ្នក​ត្រួស​ត្រាយ​បាន​ចូល​រួម​កម្ម​វិធី​ដ៏​ប្រសើរ​នៅ​សាលា​ព្រះ​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម ដែល​បង្វឹក​បង្វឺន​អ្នក​ត្រួស​ត្រាយ​ដើម្បី​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ជា​សាសនទូត។ ពួក​អ្នក​ដែល​រៀន​ចប់​នៅ​សាលា​នោះ ទទួល​កិច្ច​ការ​បំរើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​នៅ​ប្រទេស​ផ្សេង​ៗ។ នៅ​ប្រទេស​ជា​ច្រើន​នោះ សភាព​រស់​នៅ​គឺ​យ៉ាប់​បន្ដិច ដូច្នេះ​ពួក​អ្នក​ដែល​ចង់​បំរើ​ជា​សាសនទូត​ត្រូវ​តែ​មាន​សុខភាព​ល្អ និង​កម្លាំង​ខ្លាំង​ផង​ដែរ។ យ៉ាង​ណា​ក្ដី ពួក​សាសនទូត​មាន​ជីវិត​បែប​គាប់​ចិត្ត និង​សប្បាយ​ផង​ដែរ។

សាលា​បង្ហាត់​ខាង​កិច្ច​បំរើ​បាន​ត្រូវ​ស្ថាបនា​ឡើង​ដើម្បី​បង្ហាត់​បង្រៀន​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ដែល​នៅ​លីវ។ ពួក​គេ​សិក្សា​យ៉ាង​លំអិត​អស់​រយៈ​ពេល​ប្រាំ​បី​សប្ដាហ៍ ហើយ​រៀន​អំពី​ភារកិច្ច​នានា​របស់​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ និង​អំពី​អង្គការ​របស់​ព្រះ ព្រម​ទាំង​រៀន​ឲ្យ​ចេះ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ។ បុរស​ខ្លះ​ត្រូវ​បំរើ​នៅ​ប្រទេស​កំណើត ហើយ​បុរស​ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​បំរើ​នៅ​ប្រទេស​ផ្សេង។

កិច្ច​បំរើ​នៅ​បេតអែល​ជា​ការ​បំរើ​ស្ម័គ្រ​ពី​ចិត្ត​នៅ​ឯ​ការិយាល័យ​សាខា​ណា​មួយ​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​បេតអែល​ធ្វើ​ការ​រៀបចំ​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​តែ​ម្ដង។ បង​ប្អូន​ឯ​ទៀត​ធ្វើ​ការ​ដែល​គាំទ្រ​ការ​បោះពុម្ព​នោះ ដូច​ជា​ការ​មើល​ថែ​ទាំ​អាគារ​និង​ម៉ាស៊ីន​ផ្សេង​ៗ ឬ​មួយ​ក៏​ការ​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​ក្រុម​គ្រួសារ​បេតអែល​ត្រូវ​ការ។ កិច្ចការ​ទាំង​នោះ​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត បង​ប្អូន​នៅ​បេតអែល​មាន​អំណរ​ដោយ​ដឹង​ថា អ្វី​ៗ​ក៏​ដោយ​ដែល​ពួក​គេ​ធ្វើ​នៅ​ទី​នោះ ផ្ដល់​ប្រយោជន៍​ឲ្យ​បង​ប្អូន​ទូទាំង​ពិភព​លោក។

ជួន​កាល​បង​ប្អូន​ដែល​មាន​មុខ​ជំនាញ​នូវ​ផ្នែក​ណា​មួយ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​បំរើ​ការ​នៅ​បេតអែល ប៉ុន្តែ​បង​ប្អូន​ភាគ​ច្រើន​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​ពេល​ចូលបេតអែល​តែ​ម្ដង។ បង​ប្អូន​ដែល​បំរើ​ការ​នៅ​បេតអែល​មិន​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​បាន​ប្រាក់​ទេ តែ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​គេ​ទទួល ជា​អាហារ ទី​លំនៅ និង​ប្រាក់​ឧបត្ថម្ភ​បន្ដិច​បន្តួច​សំរាប់​ការ​ចំណាយ​ផ្ទាល់​ខ្លួន។ យុវវ័យ​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​បេតអែល​បាន​ពណ៌នា​អំពី​កិច្ច​ការ​បំរើ​របស់​គាត់​ថា​៖ ​«​នេះ​ជា​កិច្ច​ការ​អស្ចារ្យ​មែន! ជួន​កាល​ការ​ធ្វើ​តាម​ទម្រង់​ការ​មិន​សូវ​ងាយ​ស្រួល​ទេ តែ​ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ច្រើន​ដោយ​បំរើ​ការ​នៅ​ទី​នេះ​»។

កិច្ច​បំរើ​អន្តរជាតិ​ជា​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​សាង​សង់​ការិយាល័យ​សាខា​និង​សាល​ព្រះ​រាជាណាចក្រ។ អ្នក​ដែល​ធ្វើ​កិច្ច​បំរើ​អន្តរជាតិ​នេះ ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ៗ​ដើម្បី​ជួយ​ធ្វើ​កិច្ច​ការ​សាង​សង់។ នេះ​ក៏​ជា​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​ដែរ ដូច​ជា​កិច្ច​ការ​របស់​ពួក​អ្នក​ដែល​បាន​ជួយ​កសាង​វិហារ​របស់​ព្រះ​យេហូវ៉ា ដែល​មាន​ស្តេច​សាឡូម៉ូន​ជា​អ្នក​កសាង។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៨:១៣​-​១៨​) ការ​ផ្គត់​ផ្គង់​ថែ​ទាំ​ពួក​អ្នក​ដែល​ធ្វើ​កិច្ច​បំរើ​អន្តរជាតិ​នេះ គឺ​ស្រដៀង​នឹង​ការ​ចិញ្ចឹម​ក្រុម​គ្រួសារ​បេតអែល​ដែរ។ បង​ប្អូន​ប្រុស​ស្រី​ទាំង​នេះ​មាន​ឯកសិទ្ធិ​ដ៏​ល្អ​ណាស់​ហ្ន៎! ក្នុង​ការ​បំរើ​និង​សរសើរ​ព្រះ​យេហូវ៉ា​តាម​វិធី​នេះ។

ចូរ​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​របស់​អ្នក​ចុះ!

ការ​បំរើ​ព្រះ​យេហូវ៉ា គឺ​ជា​របៀប​ប្រើ​ជីវិត​របស់​អ្នក​ឲ្យ​បាន​ប្រសើរ​បំផុត។ សូម​តាំង​គោល​ដៅ​ផ្ទាល់​ខ្លួន ជា​អ្នក​បំរើ​ព្រះ​ពេញ​ពេល។ សូម​ពិភាក្សា​អំពី​កិច្ច​បំរើ​ពេញ​ពេល​ជា​មួយ​មាតា​បិតា​របស់​អ្នក ឬ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ ឬ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​របស់​អ្នក​ក៏​បាន។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​នឹង​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ សាលា​បង្ហាត់​បង្រៀន​ប្ដី​ប្រពន្ធ​ខាង​គម្ពីរ ឬ​កិច្ច​បំរើ​នៅ​បេតអែល សូម​ចូល​រួម​ការ​ប្រជុំ​សំរាប់​ពួក​អ្នក​ដែល​ប្រហែល​ជា​ចង់​ចុះ​ឈ្មោះ​ចូល​សាលា​ទាំង​នោះ។ ការ​ប្រជុំ​ទាំង​នោះ​មាន​ឡើង​នៅ​ពេល​សន្និបាត​តាម​មណ្ឌល ឬ​មហា​សន្និបាត​តាម​តំបន់។

មិន​មែន​យើង​គ្រប់​ៗ​រូប​ទេ ដែល​អាច​មាន​លក្ខណៈ​គ្រប់​គ្រាន់ ឬ​មាន​កាលៈទេសៈ​បំរើ​ពេញ​ពេល​នោះ។ ជួន​កាល​បញ្ហា​សុខភាព ភាព​ខ្វះ​ខាត និង​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ​ដាក់​កំរិត​លើ​កិច្ច​បំរើ​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជន​គ្រីស្ទាន​ទាំង​ឡាយ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន ត្រូវ​ធ្វើ​តាម​បទ​បញ្ជា​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ផង›។ (​ម៉ាថាយ ២២:៣៧​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​តាម​កាលៈទេសៈ​របស់​អ្នក។ មិន​ថា​ជីវិត​របស់​អ្នក​មាន​ស្ថានការណ៍​យ៉ាង​ណា​ក៏​ដោយ ចូរ​ផ្ចង់​ចិត្ត​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ចុះ! ចូរ​តាំង​គោល​ដៅ​បំរើ​ព្រះ​តាម​សមត្ថភាព​របស់​អ្នក​ផ្ទាល់។ ត្រូវ​មែន ‹ចូរ​នឹក​ចាំ​ពី​ព្រះ​ដែល​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​អ្នក​នៅ​ក្មេង›​នៅ​ឡើយ ហើយ​អ្នក​នឹង​ទទួល​ពរ​ជា​និច្ច​និរន្តរ៍​ដោយ​ព្រោះ​បាន​ធ្វើ​ដូច្នេះ!

បើ​គ្មាន​សេចក្ដី​បញ្ជាក់​ថែម​ទៀត​ទេ នោះ​បទ​គម្ពីរ​នៅ​ក្នុង​សៀវភៅ​ស្តើង​នេះ គឺ​បាន​ដក​ស្រង់​ចេញ​ពី​សេចក្ដី​បក​ប្រែ​ជា​ភាសា​ខ្មែរ ពី​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៥៤។