តើខ្ញុំវក់នឹងគ្រឿងអេឡិចត្រូនិកឬទេ?
ជំពូកទី៣៦
តើខ្ញុំវក់នឹងគ្រឿងអេឡិចត្រូនិកឬទេ?
ប្អូនអាឡិន ប្រាប់ថា៖ «ខ្ញុំចូលចិត្តផ្ញើសារខ្លាំងណាស់! គ្មានអ្វីសប្បាយជាងការផ្ញើសារទេ។ បើខ្ញុំមិនបានផ្ញើសារ ខ្ញុំគ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់»។
នៅសម័យឪពុកម្ដាយប្អូននៅក្មេង គ្រឿងអេឡិចត្រូនិកដែលគេប្រើជាទូទៅគឺ ទូរទស្សន៍ និងវិទ្យុ។ ចំណែកឯទូរស័ព្ទវិញ សម្រាប់តែនិយាយប៉ុណ្ណោះ ហើយវាមានខ្សែជាប់នឹងជញ្ជាំង មិនអាចយកទៅតាមខ្លួនបានឡើយ។ ស្ដាប់ទៅបុរាណណាស់ មែនទេ? ក្មេងស្រីម្នាក់ឈ្មោះអាណាក៏និយាយដូច្នេះដែរ។ អាណាប្រាប់ថា៖ «ឪពុកម្ដាយខ្ញុំធំឡើងក្នុងសម័យដែលបច្ចេកវិទ្យាមិនសូវជឿនលឿន។ ឥឡូវ ពួកគាត់កំពុងព្យាយាមរៀនរបៀបប្រើមុខងារខ្លះក្នុងទូរស័ព្ទរបស់ពួកគាត់!»។
សព្វថ្ងៃ ប្អូនអាចប្រើទូរស័ព្ទសម្រាប់និយាយ ស្ដាប់តន្ត្រី មើលកម្មវិធី លេងហ្គេម ផ្ញើអ៊ីមែល ថតរូប និងភ្ជាប់អ៊ីនធឺណិត ហើយអាចដាក់តាមខ្លួនបាន។ ដោយសារតែប្អូនធំឡើងក្នុងសម័យដែលប្រើកុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ និងអ៊ីនធឺណិត ប្អូនប្រហែលជាគិតថាការប្រើវាជាប់គឺជារឿងធម្មតា។ ប៉ុន្តែ ឪពុកម្ដាយប្អូនប្រហែលជាគិតថាប្អូនកំពុងវក់នឹងទូរស័ព្ទ។ ដូច្នេះ ពេលពួកគាត់រំលឹកប្អូន កុំគិតថាពួកគាត់ដើរមិនទាន់សម័យឡើយ។ ស្ដេចសាឡូម៉ូនដ៏មានប្រាជ្ញានិយាយថា៖ «អ្នកណាដែលតបឆ្លើយមុនដឹងរឿងពិត អ្នកនោះជាមនុស្សល្ងង់ខ្លៅ»។—ប្អូនដឹងទេថា ហេតុអ្វីបានជាឪពុកម្ដាយព្រួយបារម្ភអំពីប្អូន? សាកល្បងឆ្លើយសំណួរខាងក្រោម នោះប្អូននឹងដឹងថាប្អូនកំពុងវក់នឹងគ្រឿងអេឡិចត្រូនិកឬយ៉ាងណា។
‹តើខ្ញុំវក់មែនទេ?›
សព្វវចនាធិប្បាយមួយឲ្យនិយមន័យពាក្យ«វក់»ថា ជា«ការប្រព្រឹត្តដដែលៗ និងកាន់តែហួសហេតុ រហូតដល់មិនចង់ឈប់ឬមិនអាចឈប់បាន ទោះជាដឹងពីផលវិបាកក៏ដោយ»។ សូមពិនិត្យមើលចំណុចនីមួយៗក្នុងនិយមន័យនោះ។ រួចមក អានពាក្យសម្ដីរបស់យុវវ័យដែលបានរៀបរាប់នៅខាងក្រោម ហើយគិតមើលថា តើប្អូនបាននិយាយឬធ្វើអ្វីស្រដៀងនឹងពួកគេដែរឬទេ? បន្ទាប់មក សូមឆ្លើយសំណួរ។
ការប្រព្រឹត្តដដែលៗ និងកាន់តែហួសហេតុ។ អេនទ្រូរៀបរាប់ថា៖ «ខ្ញុំលេងវីដេអូហ្គេមអស់រាប់ម៉ោង ហើយមិនបានដេកទេ។ ពេលដែលនិយាយជាមួយអ្នកឯទៀតគឺនិយាយតែអំពីរឿងហ្គេមប៉ុណ្ណោះ។ ខ្ញុំសម្ងំលេងតែហ្គេម មិនខ្វល់ពីក្រុមគ្រួសារសោះ»។
តើប្អូនគិតថាក្នុងមួយថ្ងៃប្អូនគួរចំណាយពេលប៉ុន្មានក្នុងការប្រើគ្រឿងអេឡិចត្រូនិក? ․․․․․
តើឪពុកម្ដាយគិតថាប្អូនគួរចំណាយពេលប៉ុន្មាន? ․․․․․
តើប្អូនចំណាយពេលសរុបប៉ុន្មានក្នុងមួយថ្ងៃក្នុងការផ្ញើសារ មើលទូរទស្សន៍ បង្ហោះរូបថត ផ្ដល់មតិយោបល់ក្នុងគេហទំព័រ និងលេងវីដេអូហ្គេមផ្សេងៗ? ․․․․․
ក្រោយពីមើលចម្លើយរបស់ប្អូនហើយ តើប្អូនគិតថាខ្លួនកំពុងលេងគ្រឿងអេឡិចត្រូនិកហួសហេតុពេកទេ?
□ មែន □ ទេ
មិនចង់ឈប់ឬមិនអាចឈប់បាន។ អាឡិនរៀបរាប់ថា៖ «ឪពុកម្ដាយឃើញខ្ញុំផ្ញើសារគ្រប់ពេល ហើយប្រាប់ថាខ្ញុំស្អិតជាប់នឹងទូរស័ព្ទ។ ប៉ុន្តែ បើប្រៀបធៀបនឹងមនុស្សស្រករខ្ញុំ ខ្ញុំប្រើតិចជាងពួកគេឆ្ងាយណាស់។ តែបើប្រៀបធៀបនឹងឪពុកម្ដាយ ខ្ញុំច្បាស់ជាប្រើច្រើនហើយ ព្រោះពួកគាត់អាយុ៤០ឆ្នាំ ខ្ញុំអាយុ១៥ឆ្នាំ»។
តើឪពុកម្ដាយឬមិត្តភក្ដិរបស់ប្អូនធ្លាប់និយាយថា ប្អូនចំណាយពេលច្រើនពេកទៅលើគ្រឿងអេឡិចត្រូនិកឬទេ?
□ មែន □ ទេ
តើប្អូនមិនចង់ឬមិនអាចកំណត់ពេលវេលាក្នុងការប្រើគ្រឿងអេឡិចត្រូនិកឬទេ?
□ មែន □ ទេ
ផលវិបាក។ ជូលីរៀបរាប់ថា៖ «មិត្តភក្តិខ្ញុំចេះតែផ្ញើសាររហូត សូម្បីតែពេលបើកបរ។ នេះពិតជាប្រថុយគ្រោះថ្នាក់ខ្លាំងណាស់!»។
ស៊ើលីរៀបរាប់ថា៖ «ពេលខ្ញុំមានទូរស័ព្ទដំបូង ខ្ញុំតេទៅអ្នកនេះ ផ្ញើសារទៅអ្នកនោះឥតឈប់។ នេះធ្វើឲ្យខ្ញុំលែងជិតស្និទ្ធជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។ ឥឡូវទើបខ្ញុំសម្គាល់ដឹងពីរឿងនោះ រាល់ដងពេលជួប
ជុំមិត្តភក្តិហើយនិយាយគ្នាលេង នោះមានមិត្តខ្លះតែងតែប្រាប់ថា‹អូ ចាំតិច មានគេផ្ញើសារមក›។ នេះជាមូលហេតុមួយដែលនាំឲ្យខ្ញុំមិនសូវជិតស្និទ្ធជាមួយពួកគេ»។តើប្អូនធ្លាប់អានឬផ្ញើសារពេលកំពុងបើកបរ ពេលកំពុងរៀន ឬពេលកំពុងប្រជុំគ្រិស្តសាសនិកទេ?
□ មែន □ ទេ
ពេលនៅជុំគ្នាជាមួយក្រុមគ្រួសារឬមិត្តភក្ដិ តើប្អូនឧស្សាហ៍យកទូរស័ព្ទមកចុចមើលព័ត៌មានផ្សេងៗ មើលសារផ្ញើសារ ឬតេទៅអ្នកឯទៀតទេ?
□ មែន □ ទេ
តើការប្រើគ្រឿងអេឡិចត្រូនិកធ្វើឲ្យប្អូនគេងមិនគ្រប់គ្រាន់ ឬបំបែរអារម្មណ៍ប្អូនពីការរៀនសូត្រឬទេ?
□ មែន □ ទេ
តើប្អូនគិតថាខ្លួនត្រូវកែប្រែអ្វីខ្លះឬទេ? បើមែន សូមពិចារណាយោបល់ទាំងនេះ។
របៀបរក្សាតុល្យភាព
ប្រសិនបើប្អូនប្រើគ្រឿងអេឡិចត្រូនិកដូចជា ទូរស័ព្ទ ឬកុំព្យូទ័រ សូមសួរខ្លួននូវសំណួរបួនយ៉ាងដូចខាងក្រោម។ ពេលប្អូនធ្វើតាមយោបល់ក្នុងគម្ពីរស្ដីអំពីអ្វីដែលគួរធ្វើ ឬមិនគួរធ្វើ នោះនឹងជួយប្អូនឲ្យជៀសវាងពីគ្រោះថ្នាក់ និងចេះប្រើគ្រឿងអេឡិចត្រូនិកដោយមានតុល្យភាព។
● តើខ្ញុំគួរមើលឬនិយាយអំពីអ្វី? «អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីៗដែលប្រកបដោយគុណធម៌ និងអ្វីៗដែលគួរឲ្យសរសើរ ចូរបន្តពិចារណាអំពីអ្វីៗទាំងនោះ»។—ភីលីព ៤:៨
✔ គួរធ្វើ សូមចំណាយពេលនិយាយជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ អំពីអ្វីដែលលើកទឹកចិត្ត។—X មិនគួរធ្វើ កុំនិយាយដើមគេ កុំផ្ញើរូបឬសារអាសអាភាស ឬមើលវីដេអូ និងកម្មវិធីដែលប្រាសចាកសីលធម៌ឡើយ។—កូឡុស ៣:៥; ពេត្រុសទី១ ៤:១៥
● តើខ្ញុំគួរប្រើនៅពេលណា? «មានពេលកំណត់សម្រាប់អ្វីៗទាំងអស់»។—អ្នកទូន្មាន ៣:១
✔ គួរធ្វើ សូមកំណត់ថាប្អូនចង់ចំណាយពេលប៉ុន្មានទៅលើការប្រើទូរស័ព្ទ ការផ្ញើសារនិងឆ្លើយសារ មើលកម្មវិធី ឬលេងហ្គេម។
X មិនគួរធ្វើ កុំឲ្យគ្រឿងអេឡិចត្រូនិកមករំខានពេលវេលា ដែលប្អូនចង់ចំណាយសម្រាប់ក្រុមគ្រួសារ មិត្តភក្ដិ ការសិក្សា និងសកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។—អេភេសូរ ៥:១៥-១៧; ភីលីព ២:៤
● តើខ្ញុំគួរទាក់ទងជាមួយអ្នកណា? «កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។—✔ គួរធ្វើ សូមប្រើគ្រឿងអេឡិចត្រូនិកដើម្បីពង្រឹងទំនាក់ទំនងជាមួយអ្នកដែលលើកទឹកចិត្តប្អូនឲ្យមានទម្លាប់ល្អ។—សុភាសិត ២២:១៧
X មិនគួរធ្វើ កុំបញ្ឆោតខ្លួនថា ប្អូននឹងមិនទទួលឥទ្ធិពលពីខ្នាតតម្រា ពាក្យសម្ដី និងចិត្តគំនិតរបស់មនុស្សដែលប្អូនចង់សេពគប់តាមអ៊ីមែល សារ ទូរទស្សន៍ វីដេអូ ឬអ៊ីនធឺណិតឡើយ។—សុភាសិត ១៣:២០
● តើខ្ញុំគួរចំណាយពេលប៉ុន្មាន? «ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
✔ គួរធ្វើ សូមកត់ទុកចំនួនម៉ោងដើម្បីដឹងថា ប្អូនបានចំណាយពេលប៉ុន្មានទៅលើគ្រឿងអេឡិចត្រូនិក។
X មិនគួរធ្វើ កុំព្រងើយកន្តើយពេលឪពុកម្ដាយ និងមិត្តភក្ដិដាស់តឿនប្អូនថា ប្អូនចំណាយពេលច្រើនពេកទៅលើអ៊ីនធឺណិត។—សុភាសិត ២៦:១២
នៅពេលនិយាយអំពីការប្រើគ្រឿងអេឡិចត្រូនិកដោយមានតុល្យភាព ប្អូនអេនទ្រូដែលរៀបរាប់ខាងលើ បានសង្ខេបយ៉ាងល្អថា៖ «បើយើងមិនចំណាយពេលច្រើនពេក យើងអាចសប្បាយក្នុងការប្រើគ្រឿងអេឡិចត្រូនិក។ តាមបទពិសោធន៍ខ្ញុំ យើងមិនគួរបណ្ដោយឲ្យគ្រឿងអេឡិចត្រូនិកធ្វើឲ្យយើងឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមិត្តភក្ដិទេ»។
សូមអានប្រធានបទនេះថែមទៀត ក្នុងជំពូកទី៣០ ក្បាលទី២
តើប្អូនត្រូវធ្វើយ៉ាងណាទើបឪពុកម្ដាយអនុញ្ញាតឲ្យប្អូនដើរលេងសប្បាយជាមួយមិត្តភក្ដិ?
បទគម្ពីរសំខាន់
«កុំគិតថាខ្លួនមានប្រាជ្ញា តែចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីការអាក្រក់»។—សុភាសិត ៣:៧
យោបល់
ដើម្បីគ្រប់គ្រងលើការប្រើប្រាស់ទូរស័ព្ទរបស់ប្អូន សូមប្រាប់មិត្តភក្តិឲ្យដឹងថា ពេលខ្លះប្អូនមិនអាចតបសារ ឆ្លើយអ៊ីម៉ែល ឬលើកទូរស័ព្ទភ្លាមៗបានទេ។
តើប្អូនដឹងទេ . . . ?
បើប្អូនបានបង្ហោះរូបថត ឬសកម្មភាពណាមួយរបស់ប្អូននៅលើបណ្ដាញសង្គម ទោះជាច្រើនឆ្នាំក្រោយមកក្ដី អ្នកឯទៀត រួមទាំងនិយោជករបស់ប្អូន នៅតែអាចឃើញអ្វីៗដែលប្អូនបានបង្ហោះ។
គម្រោងអនុវត្ត!
បើខ្ញុំចំណាយពេលច្រើនពេកទៅលើ ․․․․․ ខ្ញុំនឹងដាក់កម្រិតប្រើត្រឹមតែ ․․․․․ ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីបានជាយើងពិបាកទទួលស្គាល់ថាខ្លួនញៀនក្នុងការប្រើគ្រឿងអេឡិចត្រូនិក?
● បើប្អូនឲ្យគ្រឿងអេឡិចត្រូនិកគ្រប់គ្រងប្អូន តើប្អូននឹងជួបផលវិបាកអ្វីខ្លះ?
[ឃ្លាអក្សរធំនៅទំព័រ២៦២]
«ប្អូនខាតលីន ប្រាប់ថា៖ ‹មានអ្វីមួយចំនួនដែលបានជួយខ្ញុំកុំឲ្យញៀនមើលទូរទស្សន៍។ ខ្ញុំព្យាយាមកំណត់ពេលក្នុងការមើលទូរទស្សន៍។ ខ្ញុំឧស្សាហ៍និយាយជាមួយម៉ាក់អំពីបញ្ហានេះ ហើយខ្ញុំក៏បានអធិដ្ឋានច្រើនដែរ›»
[រូបភាពនៅទំព័រ២៦៣]
តើប្អូនគ្រប់គ្រងគ្រឿងអេឡិចត្រូនិក ឬគ្រឿងអេឡិចត្រូនិកគ្រប់គ្រងប្អូន?