ហេតុអ្វីយើងត្រូវការសេចក្ដីសង្ឃឹម?
ហេតុអ្វីយើងត្រូវការសេចក្ដីសង្ឃឹម?
ចុះយ៉ាងណាប្អូនប្រុសដានីយ៉ែលដែលបានត្រូវរៀបរាប់នៅក្នុងអត្ថបទខាងដើមបន្តមានសេចក្ដីសង្ឃឹម? តើគាត់នឹងអាចជាពីជំងឺមហារីកឬទេ? តើគាត់នឹងរស់រហូតដល់សព្វថ្ងៃនេះឬ? ទោះបីជាអ្នកដែលជឿលើឥទ្ធិពលនៃសេចក្ដីសង្ឃឹមយ៉ាងខ្លាំងក៏ដោយ ក៏មិនហ៊ានអះអាងដូច្នេះដែរ។ ហេតុនេះ ចំណុចសំខាន់គឺ បុគ្គលម្នាក់មិនគួរជឿហួសហេតុពេកទៅលើឥទ្ធិពលនៃសេចក្ដីសង្ឃឹមនោះទេ។ សេចក្ដីសង្ឃឹមមិនមែនព្យាបាលជំងឺសព្វបែបយ៉ាងនោះឡើយ។
ក្នុងការសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មានស៊ីប៊ីអេស វេជ្ជបណ្ឌិតណេថិន ឆឺនី បានព្រមានអំពីគ្រោះថ្នាក់ដែលមកពីការនិយាយពន្លើសអំពីឥទ្ធិពលនៃសេចក្ដីសង្ឃឹម ពេលដែលព្យាបាលអ្នកជំងឺដ៏ធ្ងន់ធ្ងរ គាត់ថា៖«យើងឃើញប្ដីបានបន្ទោសប្រពន្ធជាអ្នកជំងឺថា នាងមិនបានរំពឹងគិតឬមានគំនិតសុទិដ្ឋិនិយមល្មមគ្រប់គ្រាន់នោះទេ»។ វេជ្ជបណ្ឌិតនោះបាននិយាយបន្ថែមថា៖«នេះនាំឲ្យមានការសន្និដ្ឋានខុសថា អ្នកជំងឺអាចបង្ការកុំឲ្យដុំសាច់មហារីក រីករាលដាលបាន។ ពេលអ្នកជំងឺចុះខ្សោយ គាត់ត្រូវគេបន្ទោសថា គាត់មិនបានទប់ស្កាត់ដុំសាច់មហារីកនោះ ការដាក់កំហុសបែបនោះ គឺមិនយុត្តិធម៌ទេ»។
ការពិតអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ កំពុងព្យាយាមទប់ទល់នឹងជំងឺខ្លួនរួចទៅហើយ។ ដូច្នេះ អ្នកជាទីស្រឡាញ់របស់គាត់ មិនគួរធ្វើឲ្យគាត់ពិបាកថែមទៀតនោះទេ។ បើដូច្នេះ តើយើងគួរសន្និដ្ឋានថា សេចក្ដីសង្ឃឹមគ្មានប្រយោជន៍ឬ?
មិនមែនទេ! វេជ្ជបណ្ឌិតជំនាញខាងការព្យាបាលម្យ៉ាង ដែលទាក់ទងនឹងការមើលថែអ្នកជំងឺឲ្យមានអារម្មណ៍ស្ងប់និងជីវិតសុខសាន្តកាលដែលគាត់នៅរស់ វេជ្ជបណ្ឌិតទាំងនោះជឿថាការព្យាបាលដូចនេះ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍សប្បាយជាង ទោះជាគាត់កំពុងឈឺធ្ងន់ក៏ដោយ។ មានទីសំអាងដែលបញ្ជាក់ថា ការមានសង្ឃឹមជួយឲ្យអ្នកជំងឺមានចិត្តសប្បាយជាង ហើយផ្ដល់ប្រយោជន៍ជាច្រើនទៀត។
សារៈប្រយោជន៍នៃសេចក្ដីសង្ឃឹម
វេជ្ជបណ្ឌិតម្នាក់ឈ្មោះគីហ្វិតចូន បានមានប្រសាសន៍ថា៖«សេចក្ដីសង្ឃឹមជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព»។ គាត់បានពិនិត្យមើលការសិក្សាផ្សេងៗអំពីសារៈប្រយោជន៍នៃការផ្ដល់ជំនួយខាងផ្លូវចិត្តដល់អ្នកជំងឺដំណាក់កាលចុងក្រោយ។ គេសន្មតថាជំនួយបែបនេះបានជួយអ្នកជំងឺឲ្យមានសេចក្ដីសង្ឃឹមជាងនិងចិត្តគំនិតវិជ្ជមានជាង។ តាមការសិក្សាមួយនៅឆ្នាំ១៩៨៩ បានរកឃើញថាអ្នកជំងឺដែលបានទទួលជំនួយបែបនេះអាចរស់នៅបានយូរជាង។ ប៉ុន្តែ តាមការស្រាវជ្រាវថ្មីៗនេះមិនបានសន្មតយ៉ាងច្បាស់ដូចនោះទេ។ ទោះជាយ៉ាងណាក្ដី គេបានរកឃើញថាអ្នកជំងឺដែលទទួលជំនួយខាងផ្លូវចិត្តបែបនេះ មានការឈឺចាប់និងការធ្លាក់ទឹកចិត្តតិចជាងអ្នកជំងឺដែលមិនបានទទួលជំនួយបែបនេះ។
សូមពិចារណាការសិក្សាមួយទៀតដែលផ្ដោតអារម្មណ៍ទៅលើឥទ្ធិពលនៃការមានចិត្តគំនិតសុទិដ្ឋិនិយមនិងគំនិតទុទ្ទិដ្ឋិនិយមក្នុងចំណោមអ្នកជំងឺបេះដូង។ តាមការសិក្សានេះ បុរសជាង១.៣០០នាក់បានត្រូវគេវិភាគយ៉ាងហ្មត់ចត់ថា ពួកគេមានគំនិតសុទិដ្ឋិនិយមឬគំនិតទុទ្ទិដ្ឋិនិយមចំពោះជីវិតខ្លួន។ ដប់ឆ្នាំក្រោយគេបានវិភាគបុរសទាំងនោះម្ដងទៀត ហើយបានរកឃើញថា ពួកគេជាង១២ភាគរយមានជំងឺបេះដូង។ ក្នុងចំណោមពួកគេ ពួកបុរសដែលមានគំនិតទុទ្ទិដ្ឋិនិយម មានជំងឺបេះដូងច្រើនជាងពួកបុរសដែលមានគំនិតសុទិដ្ឋិនិយម ជិតមួយជាពីរ។ សាស្ត្រាចារ្យឡរ៉ា ខាប់សេនស្គី ដែលបង្រៀននៅសាលាវេជ្ជសាស្ត្រហាវើដ បាននិយាយថា៖«ទីសំអាងជាច្រើននៃគំនិតវិជ្ជមានដែលថាផ្ដល់ប្រយោជន៍ដល់សុខភាព មិនមែនស្របតាមការស្រាវជ្រាវខាងវិទ្យាសាស្ត្រទេ។ ប៉ុន្តែនេះជាសិក្សាលើកទី១ដែលបញ្ជាក់យ៉ាងច្បាស់ថាការមានគំនិតវិជ្ជមានជួយដល់អ្នកជំងឺបេះដូង»។
រីឯការសិក្សាផ្សេងទៀត គេរកឃើញថាអ្នកជំងឺដែលគិតថាខ្លួនមានសុខភាពមិនល្អ ជាសះស្បើយពីការវះកាត់យឺតជាងអ្នកជំងឺដែលគិតថាខ្លួនមានសុខភាពល្អ។ បន្ថែមទៅទៀត អ្នកដែលមានចិត្តគំនិតសុទិដ្ឋិនិយមអាចរស់នៅបានយូរជាង។ ការសិក្សាមួយអំពីទស្សនៈវិជ្ជមានឬអវិជ្ជមានរបស់មនុស្សវ័យចាស់ គេស្វែងយល់ថាតើទស្សនៈទាំងនោះអាចប៉ះពាល់យ៉ាងណាដល់សុខភាពរបស់ពួកគាត់។ ក្នុងការសិក្សានោះ គេឲ្យមនុស្សវ័យចាស់មើលកំណត់ខ្លីៗដែលថាមនុស្សវ័យចាស់មានប្រាជ្ញានិងបទពិសោធន៍ច្រើនជាង។ រួចគេឃើញថាពួកគាត់ដើរដោយស្វាហាប់ជាង។ ការពិតការរីកចម្រើនរបស់ពួកគាត់ ស្មើនឹងកម្មវិធីហាត់ប្រាណ១២សប្ដាហ៍។
ហេតុអ្វីសេចក្ដីសង្ឃឹម ចិត្តគំនិតសុទិដ្ឋិនិយម និងទស្សនៈវិជ្ជមានមានប្រយោជន៍ដល់សុខភាព? តាមមើលទៅអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិត មិនទាន់យល់យ៉ាងពេញលេញថាគំនិតមានឥទ្ធិពលយ៉ាងណាទៅលើរាងកាយ។ ដូច្នេះ ពួកគេមិនអាចបកស្រាយយ៉ាងច្បាស់បានទេ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកជំនាញដែលសិក្សាអំពីរឿងនេះ អាចធ្វើការប៉ាន់ស្មានដែលគួរឲ្យទុកចិត្តបាន។ ជាឧទាហរណ៍ សាស្ត្រាចារ្យខាងផ្នែកសរសៃប្រសាទម្នាក់ បានរៀបរាប់ថា៖«អំណរនិងសេចក្ដីសង្ឃឹមធ្វើឲ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ ហើយការមានចិត្តសប្បាយកាត់បន្ថយការតានតឹងចិត្ត។ ហើយនេះធ្វើឲ្យរាងកាយយើងមានភាពមាំមួន»។
នេះជាអ្វីមួយដែលមនុស្សអាចធ្វើដើម្បីឲ្យខ្លួនមានសុខភាពល្អ។ ទស្សនៈនេះប្រហែលធ្វើឲ្យវេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រគិតថា នេះជាអ្វីដែលរកឃើញថ្មី។ ប៉ុន្តែ នេះមិនមែនជាអ្វីថ្មីសម្រាប់អ្នកដែលរៀនគម្ពីរទេ។ ជិត៣.០០០ឆ្នាំមុន ស្ដេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាបានត្រូវដឹកនាំឲ្យសរសេរពាក្យដូចនេះថា៖«ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ»។ (សុភាសិត ១៧:២២) សូមកត់សម្គាល់អំពីតុល្យភាពនៃពាក្យទាំងនេះ។ ខនេះមិនបានចែងថាចិត្តសប្បាយនឹងព្យាបាលជំងឺគ្រប់យ៉ាងនោះទេ តែបាននិយាយថាចិត្តសប្បាយជា«ថ្នាំយ៉ាងវិសេស»វិញ។
ដូច្នេះ ជាការសមហេតុសមផលឲ្យយើងសួរថា បើសេចក្ដីសង្ឃឹមជាថ្នាំព្យាបាលមែន គ្រូពេទ្យច្បាស់ជាចេញវេជ្ជបញ្ជាឲ្យប្រើហើយ មែនទេ? សេចក្ដីសង្ឃឹមមានប្រយោជន៍លើសពីការជួយឲ្យមានសុខភាពល្អទៅទៀត។
ចិត្តគំនិតសុទិដ្ឋិនិយម ទុទ្ទិដ្ឋិនិយម និងជីវិតរបស់លោកអ្នក
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលមានគំនិតសុទិដ្ឋិនិយមទទួលប្រយោជន៍ច្រើនជាង។ ពួកគេពូកែខាងការរៀនសូត្រ ខាងការងារ និងកីឡា។ ជាឧទាហរណ៍ មានការស្រាវជ្រាវមួយអំពីក្រុមស្ត្រីដែលរត់ប្រណាំងបណ្ដាក់គ្នា។ គ្រូបង្វឹកបានធ្វើការវិភាគយ៉ាងហ្មត់ចត់អំពីសមត្ថភាពខាងកីឡារបស់ស្ត្រីទាំងនោះ ហើយនៅដំណាលគ្នានោះ ក៏មានការវិភាគអំពីកម្រិតនៃសេចក្ដីសង្ឃឹមរបស់ពួកគេដែរ។ ជាលទ្ធផលការវិភាគអំពីកម្រិតនៃសេចក្ដីសង្ឃឹមផ្ដល់ព័ត៌មានអំពីសមត្ថភាពកីឡារបស់ពួកគេ ត្រឹមត្រូវជាងការវិភាគរបស់គ្រូបង្វឹកទៅទៀត។ ហេតុអ្វីសេចក្ដីសង្ឃឹមមានឥទ្ធិពលខ្លាំងម្ល៉េះ?
ស្ដីអំពីចិត្តគំនិតទុទ្ទិដ្ឋិនិយមមានការសិក្សាស្រាវជ្រាវជាច្រើន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ មានការពិសោធន៍ដែលចេញលទ្ធផលដែលគេមិនបានរំពឹងទុកស្ដីអំពីប្រតិកម្មរបស់សត្វ។ នេះបណ្ដាលឲ្យអ្នកស្រាវជ្រាវបង្កើតឃ្លាមួយថា«បានរៀនដឹងថាឥតបានការ»។ គេក៏រកឃើញថាមនុស្សយើងក៏អាចមានប្រតិកម្មដូចនោះដែរ។ ជាឧទាហរណ៍ អ្នកស្រាវជ្រាវបានឲ្យមនុស្សមួយក្រុមស្ដាប់សំឡេងរំខានមួយ ហើយប្រាប់ថាពួកគេអាចបិទសំឡេងនោះ ដោយចុចប៊ូតុងផ្សេងៗ។ ក្រុមនោះបានធ្វើតាមការណែនាំ ហើយក៏បិទសំឡេងរំខាននោះទៅ។
អ្នកស្រាវជ្រាវក៏ឲ្យក្រុមទី២ធ្វើដូចគ្នាដែរ តែពេលពួកគេចុចប៊ូតុងផ្សេងៗ សំឡេងរំខាននោះមិនបានឈប់ទេ។ ជាលទ្ធផលពួកគេភាគច្រើនក្នុងក្រុមនោះ មានអារម្មណ៍ថាពួកគេឥតបានការ។ ពេលមានការពិសោធន៍មួយទៀត ពួកគេមិនចង់ធ្វើអ្វីសោះ ដោយសារពួកគេជឿថាពួកគេមិនអាចបញ្ឈប់សំឡេងនោះទេ។ ប៉ុន្តែ អ្នកខ្លះនៅក្នុងក្រុមនោះមានគំនិតសុទិដ្ឋិនិយម ពួកគេមិនព្រមទទួលស្គាល់ថាអ្វីដែលពួកគេធ្វើនោះឥតបានការទេ។
វេជ្ជបណ្ឌិតម៉ាធិន សេលីមែន បានជួយរៀបចំឲ្យមានការពិសោធន៍ទាំងនោះ លទ្ធផលពីការពិសោធន៍ទាំងនោះបានជំរុញចិត្តគាត់ឲ្យសិក្សាស្រាវជ្រាវអំពីចិត្តគំនិតសុទិដ្ឋិនិយម និងទុទ្ទិដ្ឋិនិយម។ គាត់បានវិភាគយ៉ាងហ្មត់ចត់អំពីគំនិតរបស់មនុស្សដែលរហ័សគិតថាខ្លួនឥតបានការ។ គាត់បានធ្វើការសន្មតថា ចិត្តគំនិតទុទ្ទិដ្ឋិនិយមអាចប៉ះពាល់ដល់សកម្មភាពផ្សេងៗរបស់មនុស្ស ឬថែមទាំងរារាំងពួកគេពីសកម្មភាពណាមួយក្នុងជីវិត។ វេជ្ជបណ្ឌិតនោះបានធ្វើការសង្ខេបអំពីចិត្តគំនិតទុទ្ទិដ្ឋិនិយមនិងផលដែលមកពីនោះថា៖«អស់រយៈពេល២៥ឆ្នាំនៃការសិក្សាស្រាវជ្រាវ ខ្ញុំជឿជាក់ថាបើយើងតែងតែជឿថា រឿងមិនល្អកើតឡើងដោយសារតែកំហុសយើង ហើយជឿថារឿងមិនល្អនឹងមានជានិច្ច នោះនឹងប៉ះពាល់ទៅដល់អ្វីៗដែលយើងធ្វើ។ បើយើងគិតដូច្នេះ នោះរឿងមិនល្អជាច្រើននឹងកើតឡើងដល់យើង។ ប៉ុន្តែ បើយើងមិនគិតដូចនោះទេ នោះរឿងមិនល្អមិនសូវកើតឡើងចំពោះយើងឡើយ។
នៅសព្វថ្ងៃនេះ ចំពោះអ្នកខ្លះ ការសន្មតនេះគឺជារឿងថ្មី តែមិនមែនជាអ្វីថ្មីសម្រាប់អ្នកដែលសិក្សាគម្ពីរនោះទេ។ សូមកត់សម្គាល់សុភាសិតនេះចែងថា៖«បើឯងអន់ថយ[ឬធ្លាក់ទឹកចិត្ត]ក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ (សុភាសិត ២៤:១០) គម្ពីរចែងយ៉ាងច្បាស់ថាការធ្លាក់ទឹកចិត្តនិងការមានគំនិតអវិជ្ជមាន នឹងធ្វើឲ្យយើងអស់កម្លាំងចិត្ត មិនអាចធ្វើអ្វីសោះ។ ប៉ុន្តែ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបំបាត់ចិត្តគំនិតទុទ្ទិដ្ឋិនិយម ហើយកាន់តែមានគំនិតសុទិដ្ឋិនិយមនិងសេចក្ដីសង្ឃឹមថែមទៀតក្នុងជីវិត?
[រូបភាព]
សេចក្ដីសង្ឃឹមអាចផ្ដល់ប្រយោជន៍ជាច្រើន