លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកអាចជោគជ័យបាន!

អ្នកអាចជោគជ័យបាន!

អ្នក​អាច​ជោគ​ជ័យ​បាន!

នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​«​មាន​កំឡាំង​ឡើង ហើយ​ធ្វើ​សំរេច​ចុះ​»។ (​របាក្សត្រ​ទី​១ ២៨:១០​)តើ​ចុង​ក្រោយ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជោគ​ជ័យ?

កំណត់​ថ្ងៃ។ មន្ទីរ​សុខភាព​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​ថា ពីរ​សប្ដាហ៍ក្រោយ​ពី​អ្នក​ឈប់​ជក់​បារី នោះ​ទើប​អ្នក​អាច​មាន​សេរី​ភាព​ពី​បារី​បាន នេះ​នឹង​ជួយ​រក្សា​ការ​តាំង​របស់​អ្នក។ សូម​កត់​ថ្ងៃ​ដែល​អ្នក​ចាប់​ផ្ដើម​ឈប់​ជក់​នៅ​ក្នុង​ប្រតិទិន​របស់​អ្នក ហើយ​សូម​ប្រាប់​មិត្ត​ភក្ដិ​របស់​អ្នក​អំពី​រឿង​នេះ និង​កុំ​ផ្លាស់​ប្ដូរ​ថ្ងៃ​ដែល​អ្នក​បាន​កំណត់​ឡើយ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

សូម​ធ្វើ​«​ក្រដាស​កំណត់​»​ដែល​មាន​ព័ត៌មាន​ដែល​ជួយ​អ្នក​ឲ្យ​ផ្ដាច់​បារី​ក្នុង​ក្រដាស​នោះ​គួរ​មាន​ព័ត៌មាន​ដែល​ជួយ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ដូច​ជា​៖

● មូលហេតុ​ដែល​អ្នក​ឈប់​ជក់​បារី

● លេខ​ទូរស័ព្ទ​របស់​បុគ្គល​ដែល​អ្នក​អាច​តេ​ទៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ពិបាក​ទ្រាំ

● គំនិត ប្រហែល​អ្នក​អាច​សរសេរ​ខ​គម្ពីរ​ដូច​ជា កាឡាទី ៥:២២, ២៣ នេះ​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​របស់​អ្នក

សូម​យក​ក្រដាស​កំណត់​នោះ​ទៅ​ជា​មួយ​អ្នក​គ្រប់​ពេល និង​អាន​ព័ត៌មាន​ដែល​មាន​ក្នុង​ក្រដាស​កំណត់​នោះ​បី​ឬ​បួន​ដង​ក្នុង​មួយ​ថ្ងៃ។ ទោះ​ជា​អ្នក​បាន​ផ្ដាច់​បារី​ហើយ​ក៏​ដោយ សូម​បន្ត​អាន​ក្រដាស​កំណត់​នោះ​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ចង់​ជក់​បារី។

ចាត់​វិធានការ​ទុក​ជា​មុន: មុន​ថ្ងៃ​ដែល​អ្នក​សម្រេច​ចិត្ត​ថា​នឹង​ឈប់​ជក់ សូម​ចាប់​ផ្ដើម​បញ្ឈប់​រាល់​ទម្លាប់​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ជក់​បារី ឧទាហរណ៍​សូម​ហាត់​និយាយ​ដោយ​លឺ​ៗ​ថា​៖​«​ទេ អរគុណ! ខ្ញុំ​ឈប់​ជក់​បារី​ហើយ​»។ ជំហាន​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​នៅ​ថ្ងៃ​ដែល​អ្នក​ឈប់​ជក់​បារី ហើយ​នេះ​ក៏​រំលឹក​អ្នក​ដែរ​ថា​នៅ​បន្តិច​ទៀត​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​លែង​ញៀន​បារី។

ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ដាច់​បារី​កាល​ដែល​ថ្ងៃ​កំណត់​ជិត​មក​ដល់​សូម​ទិញ​ទុក​នូវ​អ្វី​ដែល​អ្នក​អាច​ញ៉ាំ​ជំនួស​បារី​ដូច​ជា​៖ការ៉ុត ស្ករ​កៅស៊ូ និង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។ សូម​រំលឹក​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​អំពី​ថ្ងៃ​ដែល​អ្នក​បាន​កំណត់​និង​របៀប​ដែល​ពួក​គេ​អាច​ជួយ​គាំទ្រ​អ្នក។ សូម​យក​ចាន​គោះ​បារី ដែក​កេះ និង​បារី​ដែល​មាន​នៅ​ផ្ទះ ក្នុង​ឡាន និង​កន្លែង​ធ្វើ​ការ​បោះ​ចោល​ទាំង​អស់។ ការ​សុំ​បារី​ពី​មិត្ត​ភក្តិ​ឬ​សុំ​ពួក​គេ​ឲ្យ​ជួយ​ទិញ​បារី នោះ​ពិបាក​ជាង​ការ​មាន​បារី​ស្រាប់! ម្យ៉ាង​ទៀត សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ដោយ​អស់​ពី​ចិត្ត​បន្ទាប់​ពី​អ្នក​សម្រេច​ចិត្ត​ថា​ឈប់​ជក់​បារី។—លូកា ១១:១៣

មនុស្ស​ជា​ច្រើន​អាច​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ដ៏​កាច​សាហាវ​របស់​ពួក​គេ​បាន​ពោល​គឺ​បារី អ្នក​ក៏​អាច​ធ្វើ​ដូច​ពួក​គេ​ដែរ។ ពេល​ដែល​អ្នក​ផ្ដាច់​បារី នោះ​អ្នក​នឹង​មាន​សុខភាព​ល្អ​ជាង​ហើយ​និង​មាន​សេរី​ភាព។

[រូបភាព]

សូម​យក​ក្រដាស​កំណត់​ទៅ​ជា​មួយ​អ្នក​គ្រប់​ពេល និង​អាន​ព័ត៌មាន​ដែល​មាន​ក្នុង​ក្រដាស​កំណត់​នោះ​ជា​រឿយ​ៗ