លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យ​សម្ដី​គោរព​គឺ​ប្រៀប​ដូច​ជា​ស៊ីម៉ង់ត៍​ដែល​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​នៅ​ជាប់​គ្នា

សម្រាប់​ប្ដី​ប្រពន្ធ

៣ ការគោរព

៣ ការគោរព

តើ​មាន​ន័យ​យ៉ាង​ណា?

បើ​គូ​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ពួក​គេ​នឹង​យោគ​យល់​គ្នា​សូម្បី​តែ​ពេល​ពួក​គេ​មិន​យល់​ស្រប​គ្នា​ក្ដី។ សៀវភៅ​មួយ​ចែង​ថា​៖ ​«​ប្ដី​ប្រពន្ធ​ទាំង​នេះ​ជៀស​វាង​ស្ថានភាព​ដែល​នាំ​ឲ្យ​ពួក​គេ​មិន​ព្រម​ស្រុះ​ស្រួល​គ្នា។ ដូច្នេះ​ពួក​គេ​និយាយ​គ្នា​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ដែល​ពួក​គេ​មាន។ ដោយ​យក​ចិត្ត​ទុក​ដាក់ ពួក​គេ​ស្ដាប់​ទស្សនៈ​របស់​គូ ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា​ដោយ​ពេញ​ចិត្ត​ទាំង​សង​ខាង​»​ (​Ten Lessons to Transform Your Marriage​)។

គោល​ការណ៍​គម្ពីរ​៖«​សេចក្ដី​ស្រឡាញ់ . . . មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។—កូរិនថូស​ទី១ ១៣:៤, ៥

មីកា​និយាយ​ថា​៖ ​«​ខ្ញុំ​គោរព​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​ឲ្យ​តម្លៃ​នាង ហើយ​ខ្ញុំ​មិន​ធ្វើ​បាប​ផ្លូវ​ចិត្ត​របស់​នាង ឬ​ធ្វើ​អ្វី​ដែល​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ឡើយ​»។

ហេតុ​អ្វី​សំខាន់?

បើ​គូ​ម្នាក់​ៗ​មិន​គោរព​គ្នា ការ​សន្ទនា​របស់​ពួក​គេ​អាច​ទៅ​ជា​ពាក្យ​រិះ​គន់ ពាក្យ​ចំអក ឬ​ពាក្យ​មើល​ងាយ​មើល​ថោក​គ្នា។ អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា​បើ​ប្ដី​ប្រពន្ធ​ធ្វើ​ដូច្នេះ នោះ​គឺ​ជា​សញ្ញា​សម្គាល់​ដំបូង​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​លែង​លះ​គ្នា។

ប្រាយអេន​រៀប​រាប់​ថា​៖ ​«​ការ​និយាយ​ពន្លើស ឬ​បង្កាច់​បង្ខូច​អំពី​ប្រពន្ធ ឬ​ក៏​យក​ប្រពន្ធ​មក​និយាយ​លេង​សើច គឺ​មាន​តែ​ធ្វើ​ឲ្យ​នាង​លែង​ឲ្យ​តម្លៃ​ខ្លួន​ឯង បាត់​បង់​ទំនុក​ចិត្ត​លើ​យើង ហើយ​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​»។

អ្វី​ដែល​អ្នក​អាច​ធ្វើ

សូម​ពិសោធ​អំពី​ខ្លួន​អ្នក

សូម​កត់​សម្គាល់​ការ​សន្ទនា​របស់​អ្នក​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍។ រួច​សួរ​ខ្លួន​អ្នក​ថា​៖

  • ‹តើ​ខ្ញុំ​រិះ​គន់​គូ​របស់​ខ្ញុំ​ច្រើន​ប៉ុណ្ណា ហើយ​តើ​ខ្ញុំ​សរសើរ​គូ​របស់​ខ្ញុំ​ច្រើន​ប៉ុណ្ណា?›

  • ‹តើ​ខ្ញុំ​គោរព​គូ​របស់​ខ្ញុំ​តាម​របៀប​ជាក់​លាក់​ណា​ខ្លះ?›

សូម​ពិភាក្សា​ជា​មួយ​គូ​របស់​អ្នក​អំពី​សំណួរ​ដូច​ត​ទៅ​នេះ

  • តើ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​ណា​ខ្លះ​ដែល​ជួយ​ឲ្យ​អ្នក​និង​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា​បាន​ទទួល​ការ​គោរព?

  • តើ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​និង​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា​មិន​បាន​ទទួល​ការ​គោរព?

យោបល់

  • សូម​សរសេរ​ជា​បញ្ជី​អំពី​របៀប​បី​យ៉ាង​ដែល​អ្នក​ចង់​ទទួល​ការ​គោរព។ គូ​របស់​អ្នក​ក៏​ធ្វើ​ដូច​គ្នា​ដែរ។ រួច​មក សូម​ផ្លាស់​ប្ដូរ​បញ្ជី​គ្នា ហើយ​ព្យាយាម​ធ្វើ​តាម។

  • សូម​សរសេរ​អំពី​គុណ​សម្បត្តិ​ឬ​បុគ្គលិក​លក្ខណៈ​ដែល​អ្នក​ចូល​ចិត្ត​ពី​គូ​របស់​អ្នក។ ក្រោយ​មក សូម​ប្រាប់​គូ​របស់​អ្នក​ថា​អ្នក​ពិត​ជា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គុណ​សម្បត្តិ​ឬ​បុគ្គលិក​លក្ខណៈ​ទាំង​នោះ។

មេហ្គិន​ប្រាប់​ថា​៖ ​«​ខ្ញុំ​គោរព​ប្ដី​ខ្ញុំ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ។ ខ្ញុំ​ឲ្យ​តម្លៃ​គាត់ ហើយ​ថា​ខ្ញុំ​ចង់​ឲ្យ​គាត់​សប្បាយ​ចិត្ត។ គឺ​មិន​តែង​តែ​ជា​ការ​ធ្វើ​អ្វី​ធំ​ដុំ​នោះ​ទេ ជួន​កាល​អ្វី​បន្តិច​បន្តួច​ដែល​ខ្ញុំ​ធ្វើ​ឬ​និយាយ​សម្រាប់​គាត់ គឺ​អាច​បង្ហាញ​អំពី​ការ​គោរព​ដ៏​ស្មោះ​អស់​ពី​ចិត្ត​»។

ជា​ចុង​ក្រោយ ទោះ​ជា​អ្នក​ទទួល​ការ​គោរព​ឬ​មិន​ទទួល គឺ​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ធ្វើ​ឲ្យ​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គោរព​គាត់។

គោល​ការណ៍​គម្ពីរ​៖«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្តា​ករុណា​ដ៏​ជ្រាល​ជ្រៅ សេចក្ដី​សប្បុរស ចិត្ត​រាប​ទាប ចិត្ត​ស្លូត​បូត និង​ចិត្ត​អត់​ធ្មត់​»។—កូឡុស ៣:១២