លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ

អ្វីដែលនឹងកើតឡើង

អ្វីដែលនឹងកើតឡើង

មនុស្ស​គឺ​ខុស​ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​ពេល​អ្នក​ណា​ម្នាក់​ស្លាប់ យើង​មិន​បង្ហាញ​ការ​កើត​ទុក្ខ​ដូច​ៗ​គ្នា​នោះ​ទេ។ ពេល​អ្នក​ណា​ម្នាក់​ស្លាប់ មនុស្ស​ខ្លះ​ធ្វើ​ដូច​ជា​មិន​កើត​ទុក្ខ ឬ​ពួក​គេ​មិន​បង្ហាញ​ថា​ពួក​គេ​កើត​ទុក្ខ​ខ្លាំង​ប៉ុណ្ណា។ ពិត​មែន​តែ​ការ​បង្ហាញ​ទុក្ខ​សោក​របស់​ខ្លួន​គឺ​អាច​ជួយ​ឲ្យ​ធូរ​ចិត្ត ប៉ុន្តែ​គ្មាន​របៀប​ត្រឹម​ត្រូវ​តែ​មួយ​ដើម្បី​បង្ហាញ​ទុក្ខ​សោក​នោះ​ទេ។ វប្បធម៌ បុគ្គលិក​លក្ខណៈ បទ​ពិសោធន៍​ក្នុង​ជីវិត និង​របៀប​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​បាន​ស្លាប់ អាច​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បង្ហាញ​ការ​កើត​ទុក្ខ​ខុស​ៗ​គ្នា។

តើ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់​នឹង​ពិបាក​យ៉ាង​ណា?

អ្នក​ដែល​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ប្រហែល​ជា​មិន​ដឹង​ថា​គាត់​នឹង​មាន​អារម្មណ៍​ឬ​ការ​ពិបាក​ណា​ខ្លះ​ក្រោយ​មក​ទេ។ ប៉ុន្តែ អារម្មណ៍​ខ្លះ​និង​ការ​ពិបាក​ខ្លះ​គឺ​ធម្មតា​ទេ ដូច្នេះ​យើង​ច្រើន​តែ​អាច​ដឹង​ទុក​ជា​មុន។ សូម​ពិចារណា​ដូច​ត​ទៅ​៖

ការ​ពិបាក​គ្រប់​គ្រង​អារម្មណ៍។ អ្នក​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់ ប្រហែល​ជា​យំ កើត​ទុក្ខ​អស់​រយៈ​ពេល​យូរ ហើយ​អារម្មណ៍​របស់​ពួក​គេ​ឆាប់​ប្រែ​ប្រួល។ អារម្មណ៍​ក៏​ប្រហែល​ជា​ទទួល​ឥទ្ធិពល​ពី​ការ​នឹក​ចាំ និង​ការ​យល់សប្ដិ។ ប្រតិកម្ម​ដំបូង​ប្រហែល​ជា​ភ្ញាក់​ផ្អើល​និង​ពិបាក​ជឿ។ ធីណា​នឹក​ចាំ​ប្រតិកម្ម​របស់​នាង​ពេល​ទីម៉ូ​ដែល​ជា​ប្ដី​នាង​បាន​ស្លាប់​ភ្លាម​ៗ។ នាង​និយាយ​ថា​៖ ​«​ដំបូង ខ្ញុំ​គិត​អ្វី​មិន​ចេញ​សោះ ហើយ​ខ្ញុំ​យំ​មិន​ចេញ។ ជួន​កាល ខ្ញុំ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ខ្លាំង​ណាស់​រហូត​ដល់​ពិបាក​ដក​ដង្ហើម។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​អ្វី​ដែល​បាន​កើត​ឡើង​»។

ទុក្ខ​កង្វល់ កំហឹង និង​ការ​បន្ទោស​ខ្លួន​ក៏​ជា​អ្វី​ធម្មតា​ដែរ។ អ៊ីវ៉ាន​និយាយ​ថា​៖ ​«​មួយ​រយៈ​ពេល​ក្រោយ​ពី​អេរិច​កូន​ប្រុស​យើង​ដែល​មាន​អាយុ​២៤​ឆ្នាំ​បាន​ស្លាប់ ខ្ញុំ​និង​យ៉ូឡេនដា​ដែល​ជា​ប្រពន្ធ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់! យើង​ភ្ញាក់​ផ្អើល​មែន ដោយ​សារ​ពី​មុន​យើង​មិន​ដែល​គិត​ថា​យើង​ជា​មនុស្ស​ដែល​មាន​កំហឹង​ខ្លាំង​ដូច​នេះ​ទេ។ យើង​ក៏​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ថា​បើ​យើង​ធ្វើ​ច្រើន​ជាង​នេះ​ដើម្បី​ជួយ​កូន​ប្រុស​យើង ប្រហែល​កូន​យើង​មិន​ស្លាប់​ទេ​»។ អាឡេហានត្រូ ដែល​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ក្រោយ​ឈឺ​អស់​រយៈ​ពេល​ជា​យូរ ក៏​ធ្លាប់​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ដែរ។ គាត់​និយាយ​ថា​៖ ​«​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ព្រះ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​បែប​នេះ ខ្ញុំ​ច្បាស់​ជា​មនុស្ស​អាក្រក់​ហើយ។ រួច​មក ខ្ញុំ​បន្ទោស​ខ្លួន​ឯង ព្រោះ​នេះ​ហាក់​ដូច​ជា​ខ្ញុំ​កំពុង​ថា​ព្រះ​ជា​អ្នក​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​»។ ម្យ៉ាង​ទៀត កូស្ដាស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន និយាយ​ថា​៖ ​«​ប៉ុន្មាន​ដង ខ្ញុំ​ខឹង​សឺហ្វៀ​ថា​ហេតុ​អ្វី​ស្លាប់​ចោល​ខ្ញុំ។ ក្រោយ​មក ខ្ញុំ​បន្ទោស​ខ្លួន​ឯង​ដែល​មាន​អារម្មណ៍​ដូច្នេះ ព្រោះ​មិន​មែន​ជា​កំហុស​របស់​នាង​ទេ​»។

ការ​ពិបាក​គិត​គូរ។ អស់​មួយ​រយៈ​ពេល មនុស្ស​កើត​ទុក្ខ​ប្រហែល​ជា​អាច​គិត​អ្វី​ផ្ដេស​ផ្ដាស ឬ​មិន​សម​ហេតុ​ផល។ ជា​ឧទាហរណ៍ ពេល​ខ្លះ មនុស្ស​ដែល​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ប្រហែល​ជា​រវើ​រវាយ​ថា​ពួក​គេ​អាច​ឮ ឬ​មើល​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ ឬ​ក៏​អ្នក​នោះ​នៅ​ជា​មួយ។ ឬ​មនុស្ស​ដែល​កើត​ទុក្ខ​ប្រហែល​ជា​ពិបាក​ផ្ដោត​អារម្មណ៍​ឬ​ចង​ចាំ​អ្វី​ផ្សេង​ៗ។ ធីណា​និយាយ​ថា​៖ ​«​ពេល​ខ្លះ ខ្ញុំ​និយាយ​ជា​មួយ​គេ​មែន តែ​អារម្មណ៍​ខ្ញុំ​មិន​នៅ​ក្នុង​ខ្លួន​ទេ។ អារម្មណ៍​ខ្ញុំ​ច្របូក​ច្របល់ នឹក​ឃើញ​តែ​ព្រឹត្តិការណ៍​ពេល​ដែល​ទីម៉ូ​ស្លាប់។ ជួន​កាល ខ្ញុំ​មិន​អាច​ផ្ដោត​អារម្មណ៍ ហើយ​ខ្ញុំ​ឈឺ​ចិត្ត​»។

ការ​ចង់​នៅ​ដាច់​ឆ្ងាយ​ពី​គេ។ មនុស្ស​ដែល​កើត​ទុក្ខ​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​ពេល​នៅ​ជា​មួយ​អ្នក​ឯ​ទៀត។ កូស្ដាស​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ជា​មួយ​គូ​ប្ដី​ប្រពន្ធ​ឯ​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​សម​នឹង​នៅ​ទី​នេះ​ទេ។ ហើយ​ពេល​នៅ​ជា​មួយ​មនុស្ស​នៅ​លីវ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ពី​ពួក​គេ​»។ យ៉ូឡេនដា​ដែល​ជា​ប្រពន្ធ​របស់​អ៊ីវ៉ាន នឹក​ចាំ​ថា​«​ខ្ញុំ​ពិបាក​ពេល​ដែល​មនុស្ស​នៅ​ជុំ​វិញ​ខ្ញុំ ត្អូញត្អែរ​អំពី​បញ្ហា​ដែល​មើល​ទៅ​តូច​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​បញ្ហា​របស់​យើង។ ម្យ៉ាង​វិញ​ទៀត ក៏​មាន​មនុស្ស​ដែល​ប្រាប់​យើង​អំពី​សុខ​ទុក្ខ​របស់​កូន​ពួក​គេ។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ពួក​គេ ប៉ុន្តែ​ដំណាល​គ្នា ខ្ញុំ​ពិបាក​ស្ដាប់​ពួក​គេ​ណាស់។ ខ្ញុំ​និង​ប្ដី​ខ្ញុំ​យល់​ថា​យើង​មិន​អាច​រស់​នៅ​ក្នុង​អតីតកាល​បាន​ឡើយ។ តែ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ចង់​ឮ​មិន​ចង់​ស្ដាប់​អ្នក​ណា​ទេ​»។

បញ្ហា​សុខភាព។ ការ​ប្រែ​ប្រួល​នៃ​ចំណង់​អាហារ ទម្ងន់ និង​ការ​ដេក គឺ​ជា​រឿង​ធម្មតា​ទេ។ មួយ​ឆ្នាំ​ក្រោយ​ពី​ឪពុក​របស់​អេរ៉ុន​ស្លាប់​ទៅ គាត់​នឹក​ចាំ​ថា ​«​ខ្ញុំ​ពិត​ជា​ពិបាក​ដេក​លក់​ណាស់។ ខ្ញុំ​ភ្ញាក់​នៅ​ម៉ោង​ដដែល​ៗ​រាល់​យប់ គិត​អំពី​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ​»។

អាឡេហានត្រូ​នឹក​ចាំ​កាល​គាត់​មាន​បញ្ហា​សុខភាព​ដោយ​មិន​ដឹង​មូលហេតុ។ គាត់​រៀប​រាប់​ថា​៖ ​«​ជា​ច្រើន​ដង ខ្ញុំ​បាន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ ដើម្បី​ប្រាកដ​ថា​ខ្ញុំ​មាន​សុខភាព​ល្អ​ឬ​អត់។ ខ្ញុំ​សង្ស័យ​ថា​ទុក្ខ​សោក​ជា​ហេតុ​បង្ក​ឲ្យ​ខ្ញុំ​មាន​អាការ​ផ្សេង​ៗ​»។ នៅ​ទី​បំផុត អាការ​ទាំង​នោះ​បាត់​ទៅ​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គឺ​ជា​ការ​ឈ្លាស​វៃ​មែន​ដែល​អាឡេហានត្រូ​បាន​សម្រេច​ចិត្ត​ទៅ​ជួប​គ្រូ​ពេទ្យ។ ទុក្ខ​សោក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ចុះ​ខ្សោយ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅ ឬ​ថែម​ទាំង​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេង​ទៀត។

ការ​ពិបាក​ធ្វើ​កិច្ច​ការ​ចាំ​បាច់។ អ៊ីវ៉ាន​នឹក​ចាំ​ថា ​«​ក្រោយ​អេរិច​ស្លាប់ យើង​ត្រូវ​ប្រាប់​សាច់​ញាតិ​ផង និង​មិត្ត​ភក្ដិ​ផង ហើយ​យើង​ក៏​ត្រូវ​ប្រាប់​ថៅកែ​គាត់​និង​ម្ចាស់​ផ្ទះ​របស់​គាត់​ដែរ។ ម្យ៉ាង​ទៀត មាន​ឯកសារ​ច្បាប់​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ ក្រោយ​មក យើង​ត្រូវ​រៀបចំ​អីវ៉ាន់​ផ្សេង​ៗ​របស់​អេរិច។ នៅ​ចំ​ពេល​ដែល​យើង​កំពុង​ពិបាក​ចិត្ត​និង​អស់​កម្លាំង យើង​ត្រូវ​ខំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ទាំង​អស់​នេះ​»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ខ្លះ​ជួប​ការ​ពិបាក​នៅ​ពេល​ក្រោយ​មក ពេល​ពួក​គេ​ត្រូវ​ចាត់​ចែង​កិច្ចការ​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។ នេះ​ជា​បទ​ពិសោធន៍​របស់​ធីណា។ នាង​ពន្យល់​ថា​៖ ​«​ទីម៉ូ​តែង​តែ​មើល​ការ​ខុស​ត្រូវ​គណនេយ្យ​របស់​យើង​នៅ​ធនាគារ​និង​រឿង​រក​ស៊ី​ផ្សេង​ទៀត។ ឥឡូវ​នេះ ខ្ញុំ​ជា​អ្នក​រ៉ាប់​រ៉​ង​អ្វី​ទាំង​នេះ។ នេះ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​តាន​តឹង​ចិត្ត។ ខ្ញុំ​ខ្លាច​ថា តើ​ខ្ញុំ​ពិត​ជា​អាច​ចាត់​ចែង​អ្វី​ទាំង​អស់​នេះ​យ៉ាង​ត្រឹម​ត្រូវ​បាន​ឬ​ទេ?​»។

ការ​ពិបាក​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​បង្ហាញ​ថា​គឺ​មិន​ស្រួល​ឲ្យ​ធូរ​ស្បើយ​ពី​ទុក្ខ​សោក​ទេ។ ពិត​មែន ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​អាច​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​ដឹង​អំពី​ការ​ពិបាក​ទាំង​នេះ​ទុក​ជា​មុន​អាច​ជួយ​សម្រាល​ទុក្ខ​អ្នក​ដែល​ទើប​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់។ សូម​ចាំ​ដែរ​ថា មិន​មែន​មនុស្ស​គ្រប់​គ្នា​ទទួល​ផល​វិបាក​ទាំង​អស់​ដែល​មក​ពី​ទុក្ខ​សោក​នោះ​ទេ។ លើស​ពី​នេះ​ទៀត មនុស្ស​កើត​ទុក្ខ​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ខ្លះ​ដោយ​ដឹង​ថា​អារម្មណ៍​ទុក្ខ​សោក​ជា​ខ្លាំង​នោះ គឺ​ជា​រឿង​ធម្មតា​ទេ។

តើ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ម្ដង​ទៀត​បាន​ឬ​ទេ?

អ្វី​ដែល​នឹង​កើត​ឡើង: ទុក្ខ​សោក​ជា​ខ្លាំង​មិន​នៅ​ជាប់​រហូត​ឡើយ នៅ​ចុង​បំផុត​វា​នឹង​រសាយ​ទៅ។ នេះ​មិន​មាន​ន័យ​ថា​អ្នក​កើត​ទុក្ខ​ធូរ​ស្បើយ​ទាំង​ស្រុង ឬ​ភ្លេច​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់​នោះ​ទេ។ ក៏​ប៉ុន្តែ បន្តិច​ម្ដង​ៗ ការ​ពិបាក​ចិត្ត​នឹង​ធូរ​ស្រាល​ទៅ។ ទុក្ខ​សោក​អាច​កើត​មាន​ឡើង​វិញ​នៅ​ពេល​នឹក​ឃើញ​អនុស្សាវរីយ៍​ណា​មួយ​ភ្លាម​ៗ ឬ​នៅ​ពេល​ផ្សេង​ទៀត ដូច​ជា​គម្រប់​ខួប​អាពាហ៍ពិពាហ៍ និង​គម្រប់​ខួប​មរណភាព​ជា​ដើម។ តែ​នៅ​ទី​បំផុត មនុស្ស​ភាគ​ច្រើន​អាច​ធ្វើ​ចិត្ត​បាន ហើយ​អាច​ផ្ដោត​អារម្មណ៍​ម្ដង​ទៀត​ទៅ​លើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ។ ជា​ពិសេស នេះ​កើត​ឡើង​បាន​ពេល​ដែល​មនុស្ស​កើត​ទុក្ខ​មាន​ការ​គាំទ្រ​ពី​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្ដិ ហើយ​ធ្វើ​អ្វី​មួយ​ចំនួន​ដើម្បី​ធូរ​ស្បើយ។

តើ​ទុក្ខ​សោក​នឹង​នៅ​យូរ​ប៉ុណ្ណា? អ្នក​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​ប៉ុន្មាន​ខែ​ដើម្បី​ធ្វើ​ចិត្ត។ មនុស្ស​ជា​ច្រើន​ទៀត​ប្រហែល​ជា​ត្រូវ​ការ​ពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ដើម្បី​ឲ្យ​ធូរ​ចិត្ត​ជាង។ រីឯ​អ្នក​ខ្លះ​ទៀត​ត្រូវ​ការ​ពេល​យូរ​ជាង​នេះ។ * អាឡេហានត្រូ​នឹក​ចាំ​ថា ​«​សម្រាប់​ខ្ញុំ ទុក្ខ​សោក​បន្ត​អស់​រយៈ​ពេល​ប្រហែល​ជា​បី​ឆ្នាំ​»។

សូម​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង។ សូម​កុំ​គិត​ច្រើន​ពេក តែ​គិត​មួយ​ថ្ងៃ​ៗ។ សូម​បន្ត​ទៅ​មុខ​តាម​សមត្ថភាព​របស់​អ្នក ហើយ​សូម​ដឹង​ថា​ទុក្ខ​សោក​មិន​នៅ​ជាប់​រហូត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាត់​បន្ថយ​ទុក្ខ​សោក​របស់​អ្នក​នៅ​ឥឡូវ​នេះ ហើយ​ថែម​ទាំង​ជួយ​អ្នក​មិន​ឲ្យ​រង​ទុក្ខ​សោក​រយៈ​ពេល​យូរ​ពេក?

អារម្មណ៍​ទុក្ខ​សោក​ជា​ខ្លាំង គឺ​ជា​រឿង​ធម្មតា​ទេ

^ វគ្គ 17 មនុស្ស​តិច​ណាស់ ប្រហែល​ជា​មាន​ទុក្ខ​សោក​ខ្លាំង​ក្រៃ​លែង​និង​មាន​រយៈ​ពេល​យូរ​ដែល​នាំ​ឲ្យ​គេ​ហៅ​ថា​ទុក្ខ​សោក​រ៉ាំរ៉ៃ។ មនុស្ស​បែប​នេះ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត។