លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើគួរជឿ«សញ្ញាចាស់»បានទេ?

តើគួរជឿ«សញ្ញាចាស់»បានទេ?

ជំពូក​ទី​៤

តើ​គួរ​ជឿ​«​សញ្ញា​ចាស់​»​បាន​ទេ?

ក្នុង​ជំពូក​ពីរ​បី​ខាង​មុខ​នេះ យើង​នឹង​ពិគ្រោះ​អំពី​ការ​ចោទ​ខ្លះ ពី​អ្នក​ធ្វើ​វិវេចនា​សម័យ​ថ្មី ដែល​ប្រឆាំង​នឹង​ព្រះ​គម្ពីរ។ អ្នក​ខ្លះ​ចោទ​ថា​ព្រះ​គម្ពីរ​មាន​សេចក្ដី​ផ្ទុយ​គ្នា ហើយ​«​មិន​ស្រប​នឹង​វិទ្យា​សាស្ត្រ​»​ ហើយ​ពាក្យ​ចោទ​ទាំង​នេះ​នឹង​ត្រូវ​ពិនិត្យ​នៅ​លើក​ក្រោយ។ ប៉ុន្តែ​ជា​ដំបូង សូម​ពិចារណា​ការ​ចោទ​ជា​ញឹក​ញយ ដែល​ថា​ព្រះ​គម្ពីរ គឺ​គ្រាន់​តែ​ជា​រឿង​តាម​ប្រពៃណី និង​រឿង​ព្រេង​បញ្ចូល​គ្នា​តែ​ប៉ុណ្ណោះ។ តើ​អ្នក​ប្រឆាំង​ព្រះ​គម្ពីរ​មាន​មូលដ្ឋាន​ដ៏​មាំ​មួន​សម្រាប់​ធ្វើ​វិវេចនា​បែប​នេះ​ទេ? ដើម្បី​ចាប់​ផ្ដើម សូម​យើង​ពិនិត្យ​មើល​បទ​គម្ពីរ​ភាសា​ហេព្រើរ ដែល​តែង​ហៅ​ថា​សញ្ញា​ចាស់​នោះ។

១, ២. តើ​ការ​ឡោម​ព័ទ្ធ​នៃ​ក្រុង​យេរីខូរ​គឺ​យ៉ាង​ណា ហើយ​មាន​សំនួរ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​នេះ?

 ទី​ក្រុង​បុរាណ​មួយ​កំពុង​ត្រូវ​គេ​ឡោម​ព័ទ្ធ។ ពួក​វាយលុក​ក្រុង​នោះ បាន​កក​កុញ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ឥឡូវ​នេះ​បាន​បោះ​ជុំ​រំ​នៅ​ខាង​មុខ​កំផែង​ដ៏​ខ្ពស់​នៃ​ទី​ក្រុង​នោះ។ ប៉ុន្តែ​ជា​យុទ្ធវិធី​ដ៏​ចម្លែក​ម្ល៉េះ​ហ្ន៎! រាល់​ថ្ងៃ​ក្នុង​រយៈ​ប្រាំ​មួយ​ថ្ងៃ ពួក​ទ័ព​ដែល​វាយលុក​បាន​ដើរ​ជុំ​វិញ​ទី​ក្រុង​ដោយ​ស្ងៀម​ស្ងាត់ លើក​លែង​តែ​ពួក​សង្ឃ​មួយ​ក្រុម ដែល​ដើរ​ជា​មួយ​ទាំង​ផ្លុំ​ស្នែង​ផង។ ឥឡូវ​នេះ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ពួក​ទ័ព​ក៏​បាន​ដើរ​ដោយ​ស្ងៀម​ស្ងាត់​ជុំ​វិញ​ទី​ក្រុង​ប្រាំ​ពីរ​ដង។ មួយ​រំពេច​នោះ ពួក​សង្ឃ​ក៏​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​រំពង។ ពួក​ទ័ព​ចាប់​តាំង​ស្រែក​សូរ​ចំបាំង​យ៉ាង​ខ្លាំង ហើយ​កំផែង​ដ៏​ខ្ពស់​នៃ​ទី​ក្រុង​នោះ​ក៏​រលំ​បាក់​បែក ទាំង​មាន​ដី​ហុយ​ទ្រលោម ហើយ​ទី​ក្រុង​នោះ​ក៏​គ្មាន​អ្វី​សម្រាប់​ការ​ពារ​ទៀត។—យ៉ូស្វេ ៦:១​-​២១

នេះ​ជា​របៀប​ដែល​សៀវភៅ​យ៉ូស្វេ ជា​សៀវភៅ​ទី​ប្រាំ​មួយ​នៃ​បទ​គម្ពីរ​ភាសា​ហេព្រើរ រៀប​រាប់​ពី​ការ​រលំ​នៃ​ទី​ក្រុង​យេរីខូរ​ដែល​បាន​រលំ​ជិត​៣.៥០០​ឆ្នាំ​មុន​នេះ។ ប៉ុន្តែ​តើ​ការ​នេះ​បាន​កើត​ឡើង​មែន​ឬ? អ្នក​ធ្វើ​វិវេចនា​ជាន់​ខ្ពស់​ជា​ច្រើន នឹង​ឆ្លើយ​យ៉ាង​ទុក​ចិត្ត​ថា មិន​មែន​ទេ។ a គេ​អះអាង​ថា​សៀវភៅ​យ៉ូស្វេ ព្រម​ទាំង​សៀវភៅ​ប្រាំ​ដំបូង​នៃ​ព្រះ​គម្ពីរ គឺ​ប្រកប​ដោយ​រឿង​ព្រេង​ដែល​បាន​តែង​ជា​ច្រើន​សតវត្ស ក្រោយ​ពេល​ព្រឹត្ដិការណ៍​ដែល​និយាយ​នេះ​បាន​កើត​ឡើង។ បុរាណ​វត្ថុ​វិទូ​ជា​ច្រើន​ក៏​នឹង​ឆ្លើយ​ថា មិន​មែន​ដែរ។ តាម​យោបល់​គេ ពេល​ពួក​អ៊ីស្រាអែល​ចូល​មក​ស្រុក​កាណាន នោះ​មិន​ទាន់​ទាំង​មាន​ក្រុង​យេរីខូរ​នៅ​ឡើយ​ផង។

៣. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ពិគ្រោះ​ថា តើ​ព្រះ​គម្ពីរ​មាន​ប្រវត្ដិសាស្ត្រ​ពិត​ឬ​មិន​ពិត​នោះ?

នេះ​គឺ​ការ​ចោទ​ដ៏​ធ្ងន់​ធ្ងរ។ ពេល​អ្នក​អាន​ព្រះ​គម្ពីរ អ្នក​នឹង​ឃើញ​ថា​សេចក្ដី​បង្រៀន​ទាំង​អស់​នៃ​ព្រះ​គម្ពីរ គឺ​ជាប់​ទាក់​ទង​យ៉ាង​មាំ​មួន​នឹង​ប្រវត្ដិសាស្ត្រ។ ព្រះ​ប្រស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ប្រុស ស្រី គ្រួសារ និង​សាសន៍​ដ៏​ពិត​ៗ ហើយ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​បាន​ឲ្យ​ដល់​មនុស្ស ដែល​មាន​ក្នុង​ប្រវត្ដិសាស្ត្រ។ អ្នក​ប្រាជ្ញ​សម័យ​ថ្មី​ដែល​មិន​ជឿ​នឹង​ភាព​ក្នុង​ព្រះ​គម្ពីរ ក៏​មិន​ជឿ​នឹង​ប្រវត្ដិភាព​សំខាន់​និង​ភាព​ទុក​ចិត្ត​បាន នៃ​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ​ដែរ។ បើ​ព្រះ​គម្ពីរ​ពិត​ជា​បន្ទូល​នៃ​ព្រះ នោះ​ប្រវត្ដិសាស្ត្រ​ក្នុង​ព្រះ​គម្ពីរ​គឺ​ត្រូវ​តែ​ជឿ​បាន ហើយ​មិន​មែន​មាន​រឿង​ព្រេង​និង​រឿង​តាម​ប្រពៃណី​នោះ​ទេ។ តើ​អ្នក​ធ្វើ​វិវេចនា​ទាំង​នេះ​មាន​មូលដ្ឋាន សម្រាប់​ចោទ​ប្រឆាំង​នឹង​ភាព​ត្រឹម​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ នៃ​ព្រះ​គម្ពីរ​ឬ​ទេ?

វិវេចនា​ជាន់​ខ្ពស់—គួរ​ជឿ​បាន​ទេ?

៤​-​៦. តើ​អ្វី​ខ្លះ​ជា​ទ្រឹស្តី​នៃ​វិវេចនា​ជាន់​ខ្ពស់​របស់​លោក​វ៉ែលហូសិន?

វិវេចនា​ជាន់​ខ្ពស់​នៃ​ព្រះ​គម្ពីរ​បាន​ចាប់​ផ្ដើម​យ៉ាង​ខ្លាំង​ឡើង ក្នុង​សតវត្ស​ទី១៨ និង​ទី​១៩។ នៅ​ចុង​ពាក់​កណ្ដាល​សតវត្ស​ទី​១៩ អ្នក​ធ្វើ​វិវេចនា​ព្រះ​គម្ពីរ​សាសន៍​អាល្លឺម៉ង់​ឈ្មោះ​ជូលីអើស​វ៉ែលហូសិន បាន​ធ្វើ​ទ្រឹស្តី​មួយ​ឲ្យ​គេ​ដឹង​ឮ​ទូទៅ​ដែល​ថា​សៀវភៅ​ប្រាំ​មួយ​ដំបូង​នៃ​ព្រះ​គម្ពីរ រួម​ទាំង​សៀវភៅ​យ៉ូស្វេ គឺ​បាន​ត្រូវ​សរសេរ​ក្នុង​សតវត្ស​ទី​ប្រាំ ម.​ស.យ.—គឺ​ប្រហែល​ជា​មួយ​ពាន់​ឆ្នាំ​ក្រោយ​ព្រឹត្ដិការណ៍​ដែល​រៀប​រាប់​នោះ។ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​ដែរ​ថា សៀវភៅ​ទាំង​នេះ​ក៏​មាន​សេចក្ដី​ដែល​បាន​ត្រូវ​សរសេរ​ពី​មុន​ៗ។1 ទ្រឹស្តី​នេះ​បាន​បោះ​ពុម្ព​ក្នុង​សព្វវចនាធិប្បាយ​ប៊្រីធែណនីកា​លើក​ទី​១១​នៅ​ឆ្នាំ​១៩១១​ដែល​បាន​ពន្យល់​ថា​៖ ​«​លោកុប្បត្តិ​គឺ​ជា​សេចក្ដី​សរសេរ​មួយ​ក្រោយ​ពេល​ត្រូវ​និរទេស ដែល​មាន​នូវ​ប្រភព​ខាង​សង្ឃ​ក្រោយ​ពេល​ត្រូវ​និរទេស(​ខ.ស.​) និង​ប្រភព​មុន​ៗ​ដែល​មិន​មែន​ខាង​សង្ឃ ដែល​មាន​ភាសា របៀប​និង​ទស្សនៈ​ខាង​សាសនា ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ខ.ស.​»។

លោក​វ៉ែលហូសិន​និង​ពួក​អ្នក​ដើរ​តាម​លោក​យល់​ថា ប្រវត្ដិសាស្ត្រ​ទាំង​អស់​ដែល​ចែង​ក្នុង​ចំណែក​ដំបូង​នៃ​បទ​គម្ពីរ​ហេព្រើរ​«​មិន​មែន​ជា​ប្រវត្ដិសាស្ត្រ​មែន​ទែន​ទេ ប៉ុន្តែ​ជា​ប្រពៃណី​ដ៏​និយម​នៃ​ជំនាន់​ដើម​វិញ​»។2 គេ​ចាត់​ថា​ដំណើរ​រឿង​មុន​គឺ​គ្រាន់​តែ​ជា​សេចក្ដី​ដែល​បង្ហាញ​នូវ​ប្រវត្ដិសាស្ត្រ​ក្រោយ​ៗ​របស់​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ គេ​ថ្លែង​ថា​ការ​ខ្មាំង​គ្នា​រវាង​យ៉ាកុប​និង​អេសាវ មិន​បាន​កើត​ឡើង​មែន​ទែន​ទេ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​សេចក្ដី​ដែល​បង្ហាញ​នូវ​ការ​ខ្មាំង​គ្នា​រវាង​អ៊ីស្រាអែល និង​អេដំម​ក្នុង​ពេល​ក្រោយ​ៗ​ប៉ុណ្ណោះ។

ស្រប​នឹង​សេចក្ដី​នេះ អ្នក​ធ្វើ​វិវេចនា​ទាំង​នេះ​យល់​ថា លោក​ម៉ូសេ​មិន​ដែល​បាន​ទទួល​បង្គាប់​ឲ្យ​ធ្វើ​ហឹប​នៃ​សេចក្ដី​សញ្ញា​ទេ។ ឯ​រោង​ឧបោសថ ដែល​ជា​ទី​កន្លែង សម្រាប់​ពួក​អ៊ីស្រាអែល​ថ្វាយ​បង្គំ​នៅ​ទី​រហោ​ស្ថាន​នោះ ក៏​មិន​ដែល​មាន​ដែរ។ គេ​ក៏​ជឿ​ទៀត​ថា អំណាច​នៃ​សង្ឃ​អើរ៉ុន​បាន​ត្រូវ​កើត​មាន​ពេញ​លេញ តែ​ពីរ​បី​ឆ្នាំ​មុន​ពួក​សាសន៍​បាប៊ីឡូន​បំផ្លាញ​ក្រុង​យេរូសាឡិម​ប៉ុណ្ណោះ ដែល​អ្នក​ធ្វើ​វិវេចនា​ជឿ​ថា បាន​កើត​ឡើង​នៅ​ដើម​សតវត្ស​ទី​ប្រាំ​មួយ ម.​ស.យ.។3

៧, ៨. តើ​លោក​វ៉ែលហូសិន​មាន​«​ភស្តុ​តាង​»​អ្វី​សម្រាប់​ទ្រឹស្តី​របស់​លោក ហើយ​ភស្តុ​តាង​ទាំង​នោះ​ត្រឹម​ត្រូវ​ទេ?

តើ​គេ​មាន​«​ភស្តុ​តាង​»​អ្វី​សម្រាប់​គំនិត​ទាំង​នេះ? អ្នក​ធ្វើ​វិវេចនា​ជាន់​ខ្ពស់​អះអាង​ថា គេ​អាច​បែក​ចែក​ឯកសារ​នៃ​សៀវភៅ​ដំបូង​ក្នុង​ព្រះ​គម្ពីរ ជា​ឯកសារ​មួយ​ចំនួន​ផ្សេង​ៗ​គ្នា។ គោល​ការណ៍​សំខាន់​មួយ​ដែល​គេ​ប្រើ​គឺ​សន្មត​តាម​ធម្មតា​ថា ខ​ណា​នៃ​ព្រះ​គម្ពីរ​ដែល​ប្រើ​ពាក្យ​ហេព្រើរ​សំរាប់​ព្រះ(​អែឡូហ៊ីម​)ដោយ​ឡែក នោះ​គឺ​សរសេរ​ដោយ​មនុស្ស​ម្នាក់។ ឯ​ខ​ណា​ដែល​ថ្លែង​អំពី​ព្រះ​ដោយ​ប្រើ​ព្រះ​នាម​យេហូវ៉ា​វិញ នោះ​គឺ​សរសេរ​ដោយ​ម្នាក់​ផ្សេង​ទៀត—ហាក់​ដូច​ជា​អ្នក​សរសេរ​ម្នាក់​មិន​អាច​ប្រើ​ពាក្យ​ទាំង​ពីរ​បាន។4

ជា​ការ​ដូច​គ្នា​ដែល​ពេល​ណា​ព្រឹត្ដិការណ៍​មួយ​កត់​ទុក​លើស​ពី​ម្ដង​ក្នុង​សៀវភៅ នោះ​គេ​យក​ជា​ភស្តុ​តាង​ថា មាន​អ្នក​សរសេរ​លើស​ពី​ម្នាក់​ដែរ ថ្វី​បើ​សេចក្ដី​សរសេរ​សេមីត​ពី​បុរាណ​មាន​ឧទាហរណ៍​ស្រដៀង​គ្នា​ឯ​ទៀត អំពី​សេចក្ដី​ដដែល​ៗ។ ថែម​ទៅ​ទៀត គេ​សន្មត​ថា​បែប​លំនាំ​សរសេរ​ក៏​ផ្សេង​ពី​គ្នា គឺ​មាន​ន័យ​ថា​អ្នក​សរសេរ​ក៏​ផ្សេង​ពី​គ្នា​ដែរ។ ប៉ុន្តែ​សូម្បី​អ្នក​និពន្ធ​សម័យ​ថ្មី​ក៏​តែង​តែ​សរសេរ​តាម​បែប​លំនាំ​ខុស​ៗ​គ្នា​ដែរ ក្នុង​ដំណាក់​ផ្សេង​ៗ​នៃ​ការងារ​របស់​គេ ឬ​ក៏​ពេល​ដែល​គេ​សរសេរ​ទាក់​ទង​នឹង​រឿង​ផ្សេង​ៗ​គ្នា។ b

៩​-​១១. តើ​អ្វី​ខ្លះ​ជា​ភាព​ខ្សោយ​អស្ចារ្យ​នៃ​វិវេចនា​ជាន់​ខ្ពស់​នៃ​សម័យ​ថ្មី?

តើ​មាន​ភស្តុ​តាង​ពិត​សម្រាប់​ទ្រឹស្តី​ទាំង​នេះ​ទេ? គឺ​គ្មាន​សោះ​ឡើយ។ អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​វិវេចនា សូម្បីតែ​ប្រសើរ​បំផុត​ក៏​ដោយ គឺ​ជា​ការ​ស្មាន ហើយ​ជា​ការ​ពិសោធ​ល​មើល​ប៉ុណ្ណោះ ជា​ការ​ដែល​នឹង​ត្រូវ​កែ​ប្រែ​ឬ​បង្ហាញ​ថា​ខុស ហើយ​ត្រូវ​ជំនួស​ដោយ​ការ​ឯ​ទៀត​វិញ។ នេះ​គឺ​ជា​ការ​អនុវត្ត​ខាង​ប្រាជ្ញា ដែល​នឹង​ត្រូវ​មាន​ការ​សង្ស័យ និង​ការ​ស្មាន​គ្រប់​សព្វ ដែល​មិន​អាច​ដាច់​ឡែក​ពី​ការ​អនុវត្ត​ទាំង​នេះ​ឡើយ​»។5 វិវេចនា​ជាន់ខ្ពស់​ខាង​ព្រះ​គម្ពីរ ជា​ពិសេស​គឺ​ជា​«​ការ​ស្មាន​និង​ការ​ពិសោធ​ល​មើល​»​ដ៏​ហួស​កំណត់។

១០ លោក​ឃ្លីសុន​អាកឆើរ​ទី​ពីរ​សម្ដែង​ការ​ខុស​ម្យ៉ាង​ទៀត ក្នុង​ការ​ពិចារណា​នៃ​វិវេចនា​ជាន់​ខ្ពស់។ លោក​មាន​ប្រសាសន៍​ថា​បញ្ហា គឺ​«​សាលា​វ៉ែលហូសិន​ចាប់​ផ្ដើម​ដោយ​ប្រើ​ការ​សន្មត​សុទ្ធ​សាធ (​ដែល​គេ​មិន​ទាំង​ពន្យល់​បំភ្លឺ​ប្រាប់​ផង​) ដែល​ថា​សាសនា​អ៊ីស្រាអែល​គឺ​មាន​ដើម​កំណើត​ពី​មនុស្ស ដូច​សាសនា​ឯ​ទៀត​អញ្ចឹង ហើយ​ថា​នេះ​គឺ​គ្រាន់​តែ​ជា​លទ្ធផល​នៃ​វិវត្តន៍​»។6 ក្នុង​ន័យ​ម្យ៉ាង​ទៀត លោក​វ៉ែលហូសិន​និង​អ្នក​ដើរ​តាម​លោក ចាប់​ផ្ដើម​ដោយ​ប្រើ​ការ​សន្មត​ថា ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​ពាក្យ​សំដី​នៃ​មនុស្ស រួច​ហើយ​គេ​ក៏​ចាប់​ពិចារណា​ពី​នោះ​ទៅ។

១១ នៅ​ឆ្នាំ​១៩០៩​សព្វវចនាធិប្បាយ​យូដា បាន​សម្គាល់​ការ​ខ្សោយ​ពីរ​យ៉ាង​ទៀត ក្នុង​ទ្រឹស្តី​វ៉ែលហូសិន​៖ ​«​សេចក្ដី​ពិភាក្សា​ដែល​លោក​វ៉ែលហូសិន បាន​ប្រើ​មក​ទាក់​ទាញ​អ្នក​វិវេចនា​ព្រះ​គម្ពីរ សឹង​តែ​ទាំង​អស់​ក្នុង​ជំនាន់​ស្រករ​គ្នា​នោះ គឺ​សំអាង​លើ​ការ​សន្មត​ពីរ​៖ ទី​មួយ គឺ​សន្មត​ថា​រិ​តិ៍​បាន​ទៅ​ជា​រឹត​តែ​ប្រិត​ប្រៀប​ឡើង​ក្នុង​ការ​លូត​លាស់​នៃ​សាសនា។ ទី​ពីរ គឺ​សន្មត​ថា​ប្រភព​មុន​ៗ​គឺ​ត្រូវ​ទាក់​ទង​ជា​ចាំ​បាច់ ជា​មួយ​នឹង​ដំណាក់​មុន​ៗ​នៃ​ការ​លូត​លាស់​នៃ​រិ​តិ៍។ ការ​សន្មត​ទី​មួយ​មិន​ស្រប​នឹង​ទី​សំអាង​នៃ​វប្បធម៌​អន់​ថយ ហើយ​ឯ​ការ​សន្មត​ទី​ពីរ គឺ​ឥត​មាន​ការ​គាំទ្រ​ក្នុង​ទី​សំអាង​នៃ​ក្បួនរិតិ៍​ដូច​នៅ​ប្រទេស​ឥណ្ឌា​»។

១២. តើ​វិវេចនា​ជាន់​ខ្ពស់​នៃ​សម័យ​ថ្មី​គឺ​ជា​យ៉ាង​ណា នៅ​ចំពោះ​បុរាណ​វត្ថុ​វិទ្យា?

១២ តើ​មាន​វិធី​ណា​មួយ​សម្រាប់​សាក​ល្បង​វិវេចនា​ជាន់​ខ្ពស់ ដើម្បី​ពិនិត្យ​មើល​តើ​ទ្រឹស្តី​វា​ត្រូវ​ឬ​ខុស​ទេ? សព្វវចនាធិប្បាយ​យូដានិយាយ​ទៀត​ថា​៖ ​«​មតិ​នៃ​លោក​វ៉ែលហូសិន​គឺ​សំអាង​សឹង​តែ​ទាំង​ស្រុង ទៅ​លើ​ការ​វែក​ញែក​ខាង​អក្សរ​សាស្ត្រ ហើយ​និង​ត្រូវ​តែ​ពិនិត្យ​ថែម​ទៀត តាម​ទស្សនៈ​នៃ​បុរាណ​វត្ថុ​វិទ្យា​»។ ដល់​ច្រើន​ឆ្នាំ​កន្លង​ទៅ តើ​បុរាណ​វត្ថុ​វិទ្យា​យល់​ស្រប​តាម​ទ្រឹស្តី​លោក​វ៉ែលហូសិន​ទេ? សព្វវចនាធិប្បាយ​ប៊្រីធែណនីកា ឆ្លើយ​ថា​៖ ​«​វិវេចនា​ខាង​បុរាណ​វត្ថុ​វិទ្យា​តែង​បញ្ជាក់​ថា គួរ​នឹង​ជឿ​បាន​នូវ​រឿង​ប្រវត្ដិសាស្ត្រ​ដ៏​ល្អិត​ល្អន់​ទូទៅ នៃ​សម័យ​ដ៏​បុរាណ​បំផុត​ផង [​នៃ​ប្រវត្ដិសាស្ត្រ​ព្រះ​គម្ពីរ​] ហើយ​តែង​តែ​មិន​ស្រប​តាម​ទ្រឹស្តី​ដែល​ថា​សេចក្ដី​នៃ​សៀវភៅ​ព្រះ​គម្ពីរ​ប្រាំ​ដំបូង[​ឯកសារ​ខាង​ប្រវត្ដិសាស្ត្រ​ក្នុង​សៀវភៅ​មុន​ដំបូង​នៃ​ព្រះ​គម្ពីរ​] គឺ​គ្រាន់​តែ​ជា​សេចក្ដី​ដែល​បង្ហាញ​នូវ​រឿង​ប្រវត្ដិ​នៃ​ជំនាន់​ក្រោយ​ៗ​ប៉ុណ្ណោះ​»។

១៣, ១៤. ថ្វី​បើ​វិវេចនា​ជាន់​ខ្ពស់​របស់​លោក​វ៉ែលហូសិន មាន​មូលដ្ឋាន​មិន​នឹង​ន ហេតុ​អ្វី​ក៏​នៅ​តែ​គេ​ទទួល​ស្គាល់​ច្រើន​ម្ល៉េះ?

១៣ ដោយ​ដឹង​នូវ​ភាព​ខ្សោយ​នៃ​វិវេចនា​ជាន់​ខ្ពស់​ហើយ ហេតុ​អ្វី​ក៏​នៅ​តែ​និយម​ម្ល៉េះ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា​សព្វ​ថ្ងៃ​នេះ? ពីព្រោះ​នេះ​ប្រាប់​រឿង​ដែល​ពួក​គេ​ចង់​ស្ដាប់។ អ្នក​ប្រាជ្ញ​នៃ​សតវត្ស​ទី​១៩​ម្នាក់​ពន្យល់​ថា​៖ ​«​តាម​ខ្ញុំ​វិញ ខ្ញុំ​ពេញ​ចិត្ត​សៀវភៅ​នេះ​របស់​លោក​វ៉ែលហូសិន ជាង​សៀវភៅ​ណា​ឯ​ទៀត។ ខ្ញុំ​ឃើញ​ថា បញ្ហា​ដ៏​បន្ទាន់​នៃ​ប្រវត្ដិសាស្ត្រ​របស់​សញ្ញា​ចាស់ នៅ​ទី​បំផុត​អាច​ដោះ​ស្រាយ​បាន តាម​របៀប​ដែល​ស្រប​តាម​គោល​ការណ៍​នៃ​វិវត្តន៍​ខាង​មនុស្ស ដែល​ខ្ញុំ​មាន​ចិត្ត​ចង់​ប្រើ​ក្នុង​ប្រវត្ដិសាស្ត្រ​នៃ​សាសនា​ទាំង​អស់​»។7 ច្បាស់​ណាស់ វិវេចនា​ជាន់​ខ្ពស់​ស្រប​នឹង​មតិ​ប្រឆាំង​ដ៏​គ្មាន​គោល​របស់​លោក ដែល​ជា​អ្នក​វិវឌ្ឍនិយម។ ហើយ​ជា​ប្រាកដ ទ្រឹស្តី​ទាំង​ពីរ​បំពេញ​គោល​បំណង​ស្រដៀង​គ្នា។ ដូច​វិវត្តន៍​ដែល​បំបាត់​ការ​ត្រូវ​ជឿ​ដល់​អ្នក​បង្កើត ដូច្នេះ​វិវេចនា​ជាន់​ខ្ពស់​នៃ​លោក​វ៉ែលហូសិន​ក៏​ថា មនុស្ស​មិន​បាច់​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​មក​នោះ​ទេ។

១៤ នៅ​ក្នុង​សតវត្ស​ទី​២០​ដែល​ប្រកប​ដោយ​ស​និទាន​និយម​នេះ ការ​សន្មត​ថា​ព្រះ​គម្ពីរ​មិន​មែន​ជា​បន្ទូល​នៃ​ព្រះ តែ​ជា​ពាក្យ​សំដី​មនុស្ស គឺ​គួរ​ឲ្យ​ជឿ​បាន​ចំពោះ​ពួក​អ្នក​មាន​ប្រាជ្ញា។ c ជា​ការ​ស្រួល​ណាស់​ចំពោះ​គេ​ក្នុង​ការ​ជឿ​ថា​ទំនាយ បាន​ត្រូវ​សរសេរ ក្រោយ​ពេល​ហេតុ​ការណ៍​បាន​កើត​ឡើង ជា​ជាង​ទទួល​ថា​ទំនាយ​គឺ​ជា​ពិត​មែន​ទែន។ គេ​ចូល​ចិត្ត​ពន្យល់​ដោះ​សា​ថា រឿង​អព្ភូតហេតុ​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​រឿង​តាម​ប្រពៃណី រឿង​ព្រេង ឬ​ក៏​រឿង​ប្រឌិត តែ​គេ​មិន​ចង់​ពិចារណា​មើល​ទេ ថា​អព្ភូតហេតុ​ទាំង​នេះ​អាច​កើត​ឡើង​បាន។ ប៉ុន្តែ មតិ​បែប​នេះ​គឺ​ជា​ការ​ប្រឆាំង​ដ៏​គ្មាន​គោល ហើយ​គ្មាន​ឲ្យ​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​បដិសេធ​ថា ព្រះ​គម្ពីរ​គឺ​មិន​ពិត​នោះ​ឡើយ។ វិវេចនា​ជាន់​ខ្ពស់​គឺ​ខុស​ធ្ងន់​ណាស់ ហើយ​ការ​ទិតៀន​របស់​វា​ដល់​ព្រះ​គម្ពីរ មិន​បាន​សម្រេច​ទេ ក្នុង​ការ​បង្ហាញ​ថា​ព្រះ​គម្ពីរ​មិន​មែន​ជា​បន្ទូល​នៃ​ព្រះ​នោះ។

តើ​បុរាណ​វត្ថុ​វិទ្យា​គាំទ្រ​ព្រះ​គម្ពីរ​ទេ?

១៥, ១៦. តើ​មាន​អ្នក​គ្រប់​គ្រង​បុរាណ​ណា ដែល​សម្ដែង​ក្នុង​ព្រះ​គម្ពីរ ហើយ​បាន​ត្រូវ​បញ្ជាក់​ដោយ​បុរាណ​វត្ថុ​វិទ្យា​នោះ?

១៥ បុរាណ​វត្ថុ​វិទ្យា​គឺ​សំអាង​ទៅ​លើ​ការ​សិក្សា ច្រើន​ជាង​វិវេចនា​ជាន់​ខ្ពស់។ ដោយ​ជីក​ស្រាវ​ជ្រាវ​របស់​សែ​ស​សល់​នៃ​អារ្យធម៌​ដើម បុរាណ​វត្ថុ​វិទូ​បាន​ចំរើន​ចំណេះ​យើង​ជា​ច្រើន អំពី​របៀប​របប​នៅ​ជំនាន់​បុរាណ។ ដូច្នេះ​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​ឯកសារ​នៃ​បុរាណ​វត្ថុ​វិទ្យា​តែង​តែ​ស្រប​នឹង​សេចក្ដី ដែល​យើង​អាន​ក្នុង​ព្រះ​គម្ពីរ។ ជួន​កាល បុរាណ​វត្ថុ​វិទ្យា​បាន​ទាំង​ជួយ​ដោះ​សា​ព្រះ​គម្ពីរ​ពី​ការ​ចោទ​នៃ​អ្នក​ធ្វើ​វិវេចនា​ផង។

១៦ ជា​ឧទាហរណ៍ តាម​សេចក្ដី​ក្នុង​សៀវភៅ​ដានីយ៉ែល អ្នក​គ្រប់​គ្រង​ក្រោយ​បង្អស់​នៅ​បាប៊ីឡូន​ឈ្មោះ​បេលសាសារ ដែល​ជា​បុត្រ​នៃ​ស្តេច​ណែបូណែដុស មុន​ពេល​ក្រុង​នោះ​ធ្លាក់​ក្នុង​អំណាច​សាសន៍​ពើស៊ី។ (​ដានីយ៉ែល ៥:១​-​៣០​) ដ្បិត​ហាក់​ដូច​ជា​គ្មាន​ឈ្មោះ​បេលសាសារ​ចែង​នៅ​ក្រៅ​ព្រះ​គម្ពីរ នោះ​ក៏​មាន​ការ​ចោទ​ថា​ព្រះ​គម្ពីរ​គឺ​ខុស ហើយ​មិន​ដែល​មាន​បុគ្គល​ម្នាក់​នេះ​ទេ។ ប៉ុន្តែ ក្នុង​សតវត្ស​ទី​១៩​គេ​បាន​រក​ឃើញ​រម្ភាការ​តូច​ៗ​បី​បួន​ដែល​មាន​អក្សរ​ឆ្លាក់​រាង​ជ្រុង​ៗ។ ក្នុង​សំណង់​បាក់​បែក​ខ្លះ នៅ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក ទាំង​មាន​សេចក្ដី​អធិស្ឋាន ចំពោះ​សុខភាព​នៃ​បុត្រ​ច្បង​របស់​ស្តេច​ណែបូណែដុស​នៃ​សាសន៍​បាប៊ីឡូន​ផង។ ចុះ​នាម​របស់​បុត្រ​នេះ? គឺ​បេលសាសារ​នោះ​ឯង។

១៧. តាម​របៀប​ណា​ដែល​យើង​អាច​ពន្យល់ អំពី​ការ​ដែល​ព្រះ​គម្ពីរ​ហៅ​បេលសាសារ​ជា​ស្តេច តែ​សេចក្ដី​ឆ្លាក់​ភាគ​ច្រើន​ហៅ​ទ្រង់​ថា​បុត្រ​នៃ​ស្តេច​វិញ?

១៧ ដូច្នេះ​គឺ​មាន​បុគ្គល​ម្នាក់​ឈ្មោះ​បេលសាសារ​មែន! ប៉ុន្តែ នៅ​ពេល​បាប៊ីឡូន​ត្រូវ​ធ្លាក់​អំណាច តើ​ទ្រង់​ជា​ស្តេច​ឬ? ឯកសារ​ភាគ​ច្រើន​ដែល​រក​ឃើញ​តាម​ក្រោយ សម្ដែង​ថា​គាត់​ជា​បុត្រ​នៃ​ស្តេច ជា​បុត្រ​ដែល​នឹង​ទទួល​រាជបល្ល័ង្ក។ ប៉ុន្តែ​ឯកសារ​ឆ្លាក់​ជា​អក្សរ​ជ្រុង ដែល​ហៅ​ថា​«​បទ​រឿង​នៃ​ណែបូណែដុស​»​បាន​បំភ្លឺ​ថែម​ទៀត អំពី​តំណែង​ពិត​របស់​បេលសាសារ ដោយ​ចែង​ថា​៖ ​«​ទ្រង់[​ណែបូណែដុស​]ប្រគល់‹បន្ទាយ›ឲ្យ(​បុត្រ​)ច្បង​របស់​ទ្រង់ ហើយ​បាន​ប្រាប់​អស់​ទាំង​ទ័ព​ក្នុង​ស្រុក​ឲ្យ​តាម(​បញ្ជា​)របស់​ទ្រង់។ ទ្រង់​បានលះ​លែង(​អ្វី​ៗ​ទាំង​អស់​) ប្រគល់​រាជបល្ល័ង្ក​ដល់​បុត្រ​របស់​ទ្រង់​»។8 ដូច្នេះ បេលសាសារ​បាន​ទទួល​រាជបល្ល័ង្ក។ ជា​ប្រាកដ នោះ​បាន​សេចក្ដី​ថា​ទ្រង់​នឹង​ទៅ​ជា​ស្តេច​មួយ​អង្គ! d ការ​ទាក់​ទង​រវាង​បេលសាសារ​និង​បិតា​របស់​ទ្រង់ ណែបូណែដុស ប្រាប់​នូវ​ហេតុ​ដែល​បេលសាសារ ក្នុង​ពេល​ជប់​លៀង​ចុង​ក្រោយ​នៅ​បាប៊ីឡូន បាន​លើក​ដានីយ៉ែល​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ទី​បី​លើ​នគរ។ (​ដានីយ៉ែល ៥:១៦​) ពីព្រោះ​ណែបូណែដុស​ជា​អ្នក​គ្រប់​គ្រង​ទី​មួយ បេលសាសារ​ត្រូវ​តែ​ជា​អ្នក​គ្រប់​គ្រង​ទី​ពីរ​នៃ​បាប៊ីឡូន។

ទី​សំអាង​ដែល​គាំទ្រ​ឯ​ទៀត

១៨. តើ​បុរាណ​វត្ថុ​វិទ្យា​ផ្ដល់​ពត៌មាន​អ្វី ដែល​បញ្ជាក់​នូវ​សន្ដិភាព​និង​ការ​ចំរើន​លូត​លាស់ ដែល​កើត​មាន​ក្នុង​រាជ្យ​ដាវីឌ?

១៨ មែន​ហើយ ការ​រក​ឃើញ​ដោយ​បុរាណ​វត្ថុ​វិទ្យា​បាន​បង្ហាញ​នូវ​ភាព​ត្រឹម​ត្រូវ​នៃ​ប្រវត្ដិសាស្ត្រ​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ចែង​ថា​ក្រោយ​ពេល​ស្តេច​សាឡូម៉ូន​បាន​ទទួល​រាជបល្ល័ង្ក​ពី​ដាវីឌ ដែល​ជា​បិតា​របស់​ទ្រង់​នោះ អ៊ីស្រាអែល​មាន​ការ​ចំរើន​លូត​លាស់​ណាស់។ យើង​អាន​ថា​៖ ​«​ឯ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង​តែ​បរិភោគ ហើយ​លេង​សប្បាយ​»។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៤:២០​) ក្នុង​ការ​គាំទ្រ​សេចក្ដី​នេះ យើង​អាន​ថា​៖ ​«​ទី​សំអាង​ពី​បុរាណ​វត្ថុ​វិទ្យា បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​កើន​ចំនួន​រាស្ត្រ​ជា​ច្រើន​នៅ​ស្រុក​យូដា ក្នុង​ពេល​និង​ក្រោយ​ពេល​សតវត្ស​ទី​ដប់ ម.​ស.យ. ពេល​ដែល​សន្ដិភាព​និង​ការ​ចំរើន​លូត​លាស់ ដោយ​សារ​ដាវីឌ​បាន​ធ្វើ​ឲ្យ​គេ​សង់​ទី​ក្រុង​ថ្មី​ៗ​បាន​ជា​ច្រើន​»។10

១៩. តើ​បុរាណ​វត្ថុ​វិទ្យា​ផ្ដល់​ពត៌មាន​អ្វី​ទៀត អំពី​ចំបាំង​រវាង​អ៊ីស្រាអែល​និង​ស្រុក​ម៉ូអាប់?

១៩ ក្រោយ​មក អ៊ីស្រាអែល​និង​យូដា​ក្លាយ​ជា​សាសន៍​ពីរ​ផ្សេង​គ្នា ហើយ​អ៊ីស្រាអែល​ច្បាំង​ដណ្ដើម​យក​ឈ្នះ​ស្រុក​ម៉ូអាប់​នៅ​ជិត​ខាង។ គ្រា​មួយ​សាសន៍​ម៉ូអាប់​នៅ​ក្រោម​ស្តេច​មេសា បាន​បះ​បោរ ហើយ​អ៊ីស្រាអែល​ក៏​បាន​ធ្វើ​បក្ស​សម្ព័ន្ធ​ជា​មួយ​យូដា និង​នគរ​អេដំម​នៅ​ជិត​ខាង ដើម្បី​ច្បាំង​នឹង​ស្រុក​ម៉ូអាប់។ (​ពង្សាវតារ​ក្សត្រ​ទី​២ ៣:៤​-​២៧​) គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ឆ្នាំ​១៨៦៨​នៅ​ប្រទេស​យ័រដាន់ គេ​បាន​រក​ឃើញ​គោល​ថ្ម​ចារឹក (​ផ្ទាំង​ថ្ម​ឆ្លាក់​) ដែល​មាន​អក្សរ​ឆ្លាក់​ជា​ភាសា​ម៉ូអាប់ អំពី​រឿង​ចំបាំង​នេះ​របស់​មេសា​ផ្ទាល់។

២០. តើ​បុរាណ​វត្ថុ​វិទ្យា​ប្រាប់​យើង​អ្វី​ខ្លះ អំពី​ការ​បំផ្លាញ​អ៊ីស្រាអែល ដោយ​ពួក​អាសស៊ើរ?

២០ រួច​មក​នៅ​ឆ្នាំ​៧៤០ ម.​ស.យ. ព្រះ​បាន​ឲ្យ​ព្រះ​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល​ដ៏​បះ​បោរ ត្រូវ​បំផ្លាញ​ដោយ​ពួក​សាសន៍​អាសស៊ើរ។ (​ពង្សាវតារ​ក្សត្រ​ទី​២ ១៧:៦​-​១៨​) ពេល​ថ្លែង​អំពី​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ អំពី​ព្រឹត្ដិការណ៍​នេះ បុរាណ​វត្ថុ​វិទូ​ឈ្មោះ កាត្ថាលីន ឃិនយុន មាន​យោបល់​ថា​៖ ​«​គេ​អាច​មាន​ការ​សង្ស័យ​ថា រឿង​ខ្លះ​នេះ​គឺ​ជា​រឿង​បំផ្លើស​»។ តើ​មែន​ទេ? នាង​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​ទី​សំអាង​ពី​បុរាណ​វត្ថុ​វិទ្យា អំពី​ការ​រលំ​នៃ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល គឺ​សឹង​តែ​ច្បាស់​លាស់​ជាង​ឯកសារ​ក្នុង​ព្រះ​គម្ពីរ​ទៅ​ទៀត។ . . . ការ​វិនាស​សាប​សូន្យ​នៃ​ក្រុង​សាម៉ារី និង​ក្រុង​ហាសោរ​នៃ​អ៊ីស្រាអែល និង​ការ​វិនាស​ជា​មួយ​គ្នា​នៃ​ក្រុង​មេគីដោ គឺ​ជា​ទី​សំអាង​ពិត​ពី​បុរាណ​វត្ថុ​វិទ្យា ដែល​អ្នក​សរសេរ[​ព្រះ​គម្ពីរ​]មិន​បាន​និយាយ​ពន្លើស​ឡើយ​»។11

២១. តើ​មាន​សេចក្ដី​ល្អិត​ល្អន់​អ្វី អំពី​យូដា​នៅ​ក្រោម​អំណាច​ពួក​បាប៊ីឡូន ដែល​បុរាណ​វត្ថុ​វិទ្យា​បាន​ផ្ដល់​ឲ្យ?

២១ ក្រោយ​ៗ​មក​ទៀត ព្រះ​គម្ពីរ​ប្រាប់​យើង​ថា ក្រុង​យេរូសាឡិម​ដែល​នៅ​ក្រោម​ស្តេច​យ៉ូយ៉ាគីន​នោះ បាន​ត្រូវ​វាយលុក​ចូល​ដោយ​ពួក​បាប៊ីឡូន ហើយ​ក៏បាន​ត្រូវ​ចុះ​ចាញ់​ទៅ។ ព្រឹត្ដិការណ៍​នេះ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ​បាប៊ីឡូន ជា​ផ្ទាំង​ចារឹក​នៃ​អក្សរ​ជ្រុង​ៗ ដែល​រក​ឃើញ​ដោយ​ពួក​បុរាណ​វត្ថុ​វិទូ។ ពី​ផ្ទាំង​ចារឹក​នេះ​យើង​អាន​ថា​៖ ​«​ស្តេច​នៃ​អាកាឌ[​បាប៊ីឡូន​] . . . វាយលុក​ចូល​ក្រុង​នៃ​យូដា(​អ៊ីអាហ៊ូឌូ​) ហើយ​ស្តេច​នោះ​ក៏​យក​ទី​ក្រុង​បាន​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ខែ​អាដារូ​»។12 ស្តេច​យ៉ូយ៉ាគីន​បាន​ត្រូវ​នាំ​យក​ទៅ​ដាក់​ឃុំ​ឃាំង​បាប៊ីឡូន។ ប៉ុន្តែ​តាម​ព្រះ​គម្ពីរ ក្រោយ​មក​ទ្រង់​បាន​ត្រូវ​គេ​លែង​ចេញ​ពី​ឃុំ​ឃាំង​វិញ ហើយ​បាន​ទទួល​ចំណី​អាហារ​សោយ។ (​ពង្សាវតារ​ក្សត្រ​ទី​២ ២៤:៨​-​១៥; ២៥:២៧​-​៣០​) សេចក្ដី​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ​ឯកសារ​ខាង​ការ​ចាត់​ការ ដែល​រក​ឃើញ​នៅ​បាប៊ីឡូន ដែល​រៀប​រាប់​ស្បៀង​ចំណី​ចែក​ឲ្យ​«​យោ​គីន ជា​ស្តេច​នៃ​យូដា​»។13

២២, ២៣. តាម​ធម្មតា មាន​ការ​ទាក់​ទង​អ្វី​រវាង​បុរាណ​វត្ថុ​វិទ្យា និង​រឿង​ប្រវត្ដិសាស្ត្រ​ក្នុង​ព្រះ​គម្ពីរ?

២២ អំពី​ការ​ទាក់​ទង​រវាង​បុរាណ​វត្ថុ​វិទ្យា និង​រឿង​ប្រវត្ដិសាស្ត្រ​នៃ​ព្រះ​គម្ពីរ សាស្ដ្រាចារ្យ ដាវីឌ ណូអែល ហ៊្វ្រីដម៉ែន បាន​មាន​យោបល់​ថា​៖ ​«​ប៉ុន្តែ​តាម​ធម្មតា បុរាណ​វត្ថុ​វិទ្យា​តែង​គាំទ្រ​ភាព​ត្រឹម​ត្រូវ​ខាង​ប្រវត្ដិសាស្ត្រ​នៃ​រឿង​ក្នុង​ព្រះ​គម្ពីរ។ គម្រោង​នៃ​សេចក្ដី​ទូទៅ​តាម​លំដាប់​ពេល តាំង​ពី​ជំនាន់​ឰយុកោ​ដើម​នៃ​សាសន៍​យូដា រហូត​ដល់​ជំនាន់​សញ្ញា​ថ្មី​គឺ​ស្រប​គ្នា​នឹង​លទ្ធផល​នៃ​បុរាណ​វត្ថុ​វិទ្យា។ . . . ការ​រក​ឃើញ​នៅ​ថ្ងៃ​មុខ មើល​ទៅ​នឹង​គាំទ្រ​គំនិត​សមរម្យ​នៃ​បច្ចុប្បន្ន ដែល​ថា​ប្រពៃណី​ក្នុង​ព្រះ​គម្ពីរ​ជាប់​ទាក់​ទង​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​បាន​ចម្លង​តាម​យ៉ាង​ស្មោះ ថ្វី​បើ​ប្រពៃណី​នេះ​មិន​មែន​ប្រវត្ដិសាស្ត្រ តាម​ន័យ​សំខាន់​ដិត​ដល់ ឬ​ន័យ​វិទ្យា​សាស្ត្រ​»។

២៣ រួច​មក លោក​មាន​ប្រសាសន៍​អំពី​ការ​ដែល​អ្នក​វិវេចនា​ជាន់​ខ្ពស់ ខិត​ខំ​បង្អាប់​ព្រះ​គម្ពីរ​ថា​៖ ​«​ការ​ខិត​ខំ​កសាង​ប្រវត្ដិសាស្ត្រ​ព្រះ​គម្ពីរ​ជា​ថ្មី ដោយ​អ្នក​ប្រាជ្ញ​សម័យ​ថ្មី—ជា​ឧទាហរណ៍ មតិ​នៃ​លោក​វ៉ែលហូសិន ដែល​ថា​សម័យ​ឰយុកោ​ដើម​នៃ​សាសន៍​យូដា គឺ​ជា​តំណាង​រាជាធិបតេយ្យ​ដែល​បែក​ញែក​ពី​គ្នា ឬ​ការ​ផ្ទាត់​ចោល​នូវ​ប្រវត្ដិភាព​នៃ​លោក​ម៉ូសេ​និង​និក្ខមនំ និង​ការ​កែ​ទម្រង់ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល ដោយ​លោក​ណូ​ថ​និង​អ្នក​ដើរ​តាម​លោក​នោះ—មិន​បាន​ឈ្នះ​លទ្ធផល​នៃ​បុរាណ​វត្ថុ​វិទ្យា ព្រម​ទាំង​រឿង​និទាន​នៃ​ព្រះ​គម្ពីរ​ឡើយ​»។14

ការ​រលំ​នៃ​ក្រុង​យេរីខូរ

២៤. តើ​ព្រះ​គម្ពីរ​ផ្ដល់​ពត៌មាន​អ្វី​ដល់​យើង អំពី​ការ​រលំ​នៃ​ក្រុង​យេរីខូរ?

២៤ តើ​នេះ​បាន​សេចក្ដី​ថា បុរាណ​វត្ថុ​វិទ្យា​ស្រប​នឹង​ព្រះ​គម្ពីរ​រាល់​តែ​ដង​ឬ? មិន​មែន​ទេ មាន​ការ​មិន​ស្រប​គ្នា​មួយ​ចំនួន​ដែរ។ ការ​មិន​ស្រប​គ្នា​មួយ​គឺ​ការ​វាយ​យក​ក្រុង​យេរីខូរ​យ៉ាង​អស្ចារ្យ ដែល​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ។ តាម​ព្រះ​គម្ពីរ យេរីខូរ​គឺ​ជា​ក្រុង​ទី​មួយ ដែល​លោក​យ៉ូស្វេ​ច្បាំង​ដណ្ដើម​យក ពេល​លោក​នាំ​សាសន៍​អ៊ីស្រាអែល​ចូល​ទៅ​ស្រុក​កាណាន។ កាល​ប្រវត្ដិវិជ្ជា ក្នុង​ព្រះ​គម្ពីរ​បង្ហាញ​ថា​ក្រុង​នេះ​បាន​រលំ ក្នុង​ដើម​ពាក់​កណ្ដាល​សតវត្ស​ទី​១៥ ម.​ស.យ.។ ក្រោយ​ការ​វាយ​លុក​យក​ក្រុង​យេរីខូរ​បាន​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ហើយ​រួច​មក​ក៏​លែង​មាន​មនុស្ស​នៅ​ត​ទៅ​ទៀត រហូត​អស់​ជា​ច្រើន​រយ​ឆ្នាំ។—យ៉ូស្វេ ៦:១​-​២៦; ពង្សាវតារ​ក្សត្រ​ទី​១ ១៦:៣៤

២៥, ២៦. តើ​អ្វី​ជា​សេចក្ដី​សន្និដ្ឋាន​ពីរ​ផ្សេង​គ្នា ដែល​បុរាណ​វត្ថុ​វិទូ​បាន​ធ្វើ​ក្រោយ​ពេល​បាន​ជីក​ស្រាវ​ជ្រាវ​ក្រុង​យេរីខូរ?

២៥ មុន​សង្គ្រាម​លោក​ទី​ពីរ នៅ​កន្លែង​ដែល​គេ​ជឿ​ថា​ជា​ក្រុង​យេរីខូរ​នោះ បាន​ត្រូវ​ជីក​ស្រាវ​ជ្រាវ​ដោយ​សាស្ដ្រាចារ្យ ចន ហ្គាស្ដាង។ លោក​រក​ឃើញ​ក្រុង​នោះ​ចាស់​បុរាណ​ណាស់ ហើយ​បាន​ត្រូវ​វិនាស រួច​សង់​ឡើង​វិញ​ជា​ច្រើន​ដង។ លោក​ហ្គាស្ដាង​ឃើញ​ថា ក្នុង​គ្រា​វិនាស​មួយ​នោះ កំផែង​បាន​រលំ​ដូច​ដោយ​សារ​កក្រើក​ដី ហើយ​ក្រុង​នោះ​បាន​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច។ លោក​ហ្គាស្ដាង​ជឿ​ថា ការ​នេះ​បាន​កើត​ឡើង​នៅ​ប្រហែល​ឆ្នាំ​១៤០០ ម.​ស.យ. មិន​ខុស​ឆ្ងាយ​ពី​ពេល​ដែល​ព្រះ​គម្ពីរ​ថា​ក្រុង​យេរីខូរ បាន​ត្រូវ​បំផ្លាញ​ដោយ​លោក​យ៉ូស្វេ​នោះ​ទេ។15

២៦ ក្រោយ​ពី​សង្គ្រាម បុរាណ​វត្ថុ​វិទូ​ម្នាក់​ទៀត​ឈ្មោះ កាត្ថាលីន​-​ឃិនយុន បាន​ជីក​ស្រាវ​ជ្រាវ​ថែម​ទៀត​នៅ​ក្រុង​យេរីខូរ។ នាង​បាន​សម្រេច​ថា​កំផែងដែល​បាន​រលំ ដែល​លោក​ហ្គាស្ដាង​បាន​កត់​សម្គាល់​នោះ គឺ​បាន​កើត​ឡើង​ជា​ច្រើន​រយ​ឆ្នាំ មុន​ដែល​លោក​គិត​ស្មាន​ទៅ​ទៀត។ នាង​បាន​កត់​សម្គាល់​នូវ​ការ​វិនាស​ដ៏​ធំ​មួយ នៃ​ក្រុង​យេរីខូរ​នៅ​សតវត្ស​ទី​១៦ ម.​ស.យ. ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ឥត​មាន​ទី​ក្រុង​នៅ​កន្លែង​យេរីខូរ​ក្នុង​សតវត្ស​ទី​១៥​ទេ—ពេល​ដែល​ព្រះ​គម្ពីរ​ថា លោក​យ៉ូស្វេ​វាយលុក​ចូល​ក្នុង​ក្រុង​នោះ។ នាង​ក៏​មាន​ប្រសាសន៍​ទៀត​ថា គឺ​អាច​មាន​សេចក្ដី​បង្ហាញ​អំពី​ការ​វិនាស​មួយ​ទៀត ដែល​កើត​ឡើង​នៅ​កន្លែង​នោះ ប្រហែល​នៅ​ឆ្នាំ​១៣២៥ ម.​ស.យ. ហើយ​ឲ្យ​យោបល់​ថា​៖ ​«​បើ​ការ​វិនាស​នៃ​ក្រុង​យេរីខូរ គឺ​ត្រូវ​ទាក់​ទង​នឹង​ការ​វាយ​លុក​ដោយ​លោក​យ៉ូស្វេ នោះ​គឺ​កើត​ឡើង​នៅ​ពេល[​ក្រោយ​]នេះ បើ​តាម​មតិ​បុរាណ​វត្ថុ​វិទ្យា​»។16

២៧. ហេតុ​អ្វី​បាន​ជា​ភាព​ខុស​គ្នា​រវាង​បុរាណ​វត្ថុ​វិទ្យា​និង​ព្រះ​គម្ពីរ មិន​គួរ​ធ្វើ​ឲ្យ​យើង​ខ្វល់​ខ្វាយ​ចិត្ត​ហួស​ហេតុ?

២៧ តើ​នេះ​មាន​ន័យ​ថា​ព្រះ​គម្ពីរ​ខុស​ឬ? មិន​មែន​សោះ​ឡើយ។ យើង​ត្រូវ​តែ​ចាំ​ថា ថ្វី​បើ​បុរាណ​វត្ថុ​វិទ្យា​បើក​ចំហ​ឲ្យ​យើង​ឃើញ​រឿង​បុរាណ​បន្ដិច​បន្តួចនោះ វា​មិន​មែន​តែង​តែ​ច្បាស់​លាស់​ទេ។ ជួន​កាល​មិន​ច្បាស់​លាស់​ទាល់​តែ​សោះ។ ដូច​អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តែ​គួរ​ឲ្យ​ស្ដាយ ទី​សំអាង​ពី​បុរាណ​វត្ថុ​វិទ្យា​គឺ​ជា​ចំណែក​ៗ ម្ល៉ោះ​ហើយ​ក៏​មាន​កំរិត​»។17 ជា​ពិសេស​នេះ​គឺ​ឃើញ​ថា​ពិត ចំពោះ​ជំនាន់​ដើម​នៃ​ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល ពេល​ដែល​ទី​សំអាង​ពី​បុរាណ​វត្ថុ​វិទ្យា គឺ​មិន​ច្បាស់​លាស់​នោះ។ ជា​ប្រាកដ ទី​សំអាង​នៅ​ក្រុង​យេរីខូរ​រឹត​តែ​មិន​ច្បាស់​លាស់​ទៅ​ទៀត ដ្បិត​ទី​កន្លែង​នោះ​បាន​ត្រូវ​ជ្រោះ​ខូច​ខ្លាំង​ណាស់។

កំរិត​នៃ​បុរាណ​វត្ថុ​វិទ្យា

២៨, ២៩. តើ​បុរាណ​វត្ថុ​វិទ្យា​មាន​កំរិត​អ្វី​ខ្លះ ដែល​ពួក​អ្នក​ប្រាជ្ញ​ទទួល​ស្គាល់?

២៨ បុរាណ​វត្ថុ​វិទូ​ក៏​ព្រម​ទទួល​ស្គាល់​ថា វិទ្យា​សាស្ត្រ​របស់​គេ គឺ​មាន​កំរិត​ដែរ។ ជា​ឧទាហរណ៍​លោក​យ៉ូហាណា អាហារូនី​ពន្យល់​ថា​៖ ​«​ក្នុង​ការ​បក​ស្រាយ​ខាង​ប្រវត្ដិសាស្ត្រ ឬ​ភូមិសាស្ត្រ បុរាណ​វត្ថុ​វិទូ​ត្រូវ​តែ​ឈាន​ចេញ​ពី​វិស័យ​វិទ្យា​សាស្ត្រ ហើយ​គេ​ត្រូវ​ពឹង​ពាក់​លើ​ការ​ប្រមាណ​មើល និង​សម្មតិកម្ម​វិញ​ដើម្បី​រក​ពណ៌នា​ដ៏​ទូលំ​ទូលាយ ខាង​ប្រវត្ដិសាស្ត្រ​»។18 លោក​មាន​ប្រសាសន៍​ទៀត​អំពី​ថ្ងៃ​ខែ​ដែល​ចាត់​ទុក​សម្រាប់​ការ​រក​ឃើញ​ផ្សេង​ៗ ថា​៖ ​«​ដូច្នេះ​យើង​ត្រូវ​តែ​នឹក​ចាំ​ជា​និច្ច​ថា ថ្ងៃ​ខែ​ទាំង​អស់​មិន​មែន​ត្រូវ​ពិត​ប្រាកដ​នោះ​ទេ តែង​តែ​មាន​ការ​មិន​ច្បាស់​លាស់​ច្រើន​ឬ​តិច​ជា​និច្ច​»​ ថ្វី​បើ​លោក​យល់​ថា​បុរាណ​វត្ថុ​វិទូ​សព្វ​ថ្ងៃ​នេះ អាច​ទុក​ចិត្ត​បាន​ក្នុង​ការ​ចាត់​ពេល​កំណត់​ថ្ងៃ​ខែ ជាង​កាល​ពី​ដើម។19

២៩ សៀវភៅ​ពិភព​លោក​នៃ​សញ្ញា​ចាស់ សួរ​សំនួរ​នេះ​ថា​៖ ​«​តើ​វិធី​នៃ​បុរាណ​វត្ថុ​វិទ្យា​មិន​លំអៀង ឬ​ពិត​ជា​ស្រប​តាម​វិទ្យា​សាស្ត្រ​យ៉ាង​ដូច​ម្ដេច​»​? ហើយ​ឆ្លើយ​ថា​៖ ​«​បុរាណ​វត្ថុ​វិទូ​គឺ​មិន​លំអៀង​ពេល​ដែល​គេ​ជីក​ស្រាវ​ជ្រាវ​រក​ការ​ពិត ជាង​ពេល​ដែល​គេ​បក​ស្រាយ​ការ​ទាំង​នោះ។ ប៉ុន្តែ ការ​កង្វល់​របស់​គេ​នឹង​មាន​អានុភាព​លើ​វិធី​ដែល​ប្រើ​ក្នុង​ការ‹ជីក​ស្រាវ​ជ្រាវ›ដែរ។ ពួកគេ​មិន​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​ខូច​ទី​សំអាង​ទេ ពេល​ដែល​គេ​ជីក​ស្រាវ​ជ្រាវ​ក្នុង​ដី ម្ល៉ោះ​ហើយ​គេ​មិន​អាច​សាក​ល្បង‹ការ​ពិសោធន៍›របស់​គេ ដោយ​ធ្វើ​ការ​ពិសោធ​សា​ឡើង​វិញ​ឡើយ។ នេះ​ធ្វើ​ឲ្យ​បុរាណ​វត្ថុ​វិទ្យា​ជា​វិទ្យា​សាស្ត្រ​ដ៏​ប្លែក​មួយ។ ម្យ៉ាង​ទៀត នេះ​ធ្វើ​ឲ្យ​ការ​រាយ​ការណ៍​ខាង​បុរាណ​វត្ថុ​វិទ្យា ជា​កិច្ច​ការ​មួយ​ដ៏​ត្រូវ​ការ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ការ​ពិបាក​ជា​ទី​បំផុត​»។20

៣០. តើ​សិស្ស​ព្រះ​គម្ពីរ​យល់​យ៉ាង​ណា ចំពោះ​បុរាណ​វត្ថុ​វិទ្យា?

៣០ ដូច្នេះ បុរាណ​វត្ថុ​វិទ្យា​អាច​មាន​ប្រយោជន៍​ណាស់ ប៉ុន្តែ​ក៏​អាច​មាន​ខុស​ច្រឡំ​ដែរ ដូច​កិច្ច​ការ​ប្រឹង​ប្រែង​ឯ​ទៀត​របស់​មនុស្ស។ ពេល​យើង​ពិចារណា​មើល​ទ្រឹស្តី​នៃ​បុរាណ​វត្ថុ​វិទ្យា​យ៉ាង​ចាប់​អារម្មណ៍ យើង​មិន​គួរ​យល់​ថា ទ្រឹស្តី​ទាំង​នេះ​ជា​ការ​ពិត​គ្មាន​ការ​ប្រកែក​នោះ​ឡើយ។ ប្រសិន​បើ​អ្នក​បុរាណ​វត្ថុ​វិទូ​បក​ស្រាយ​លទ្ធផល​របស់​គេ​ឲ្យ​ឃើញ​ថា ផ្ទុយ​ប្រឆាំង​នឹង​ព្រះ​គម្ពីរ នោះ​យើង​មិន​គួរ​ស្មាន​ភ្លាម​ៗ​ថា ព្រះ​គម្ពីរ​គឺ​ខុស ហើយ​ថា​បុរាណ​វត្ថុ​វិទូ​គឺ​ត្រូវ​វិញ​ឡើយ។ ការ​បក​ស្រាយ​របស់​គេ​គឺ​ធ្លាប់​ប្រែ​ប្រួល។

៣១. តើ​មាន​យោបល់​ថ្មី​អ្វី ដែល​ទើប​បាន​បញ្ចេញ​អំពី​ការ​រលំ​នៃ​ក្រុង​យេរីខូរ?

៣១ ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​សម្គាល់​ថា​នៅ​ឆ្នាំ​១៩៨១ សាស្ដ្រាចារ្យ​ឈ្មោះ ចន ប៊ីមសុន ពិនិត្យ​មើល​ការ​វិនាស​នៃ​ក្រុង​យេរីខូរ​ម្ដង​ទៀត។ លោក​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់​នូវ​ការ​វិនាស​ដោយ​ភ្លើង​នៃ​ក្រុង​យេរីខូរ ដែល​កើត​ឡើង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៦​ម.​ស.យ. តាម​យោបល់​នាង​កាត្ថាលីន ឃិនយុន។ តាម​យោបល់​លោក ការ​វិនាស​នោះ​មិន​គ្រាន់​តែ​ស្រប​នឹង​ព្រះ​គម្ពីរ​ដែល​ចែង​ថា លោក​យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ពិពណ៌នា​នៃ​បុរាណ​វត្ថុ​វិទ្យា អំពី​ស្រុក​កាណាន​ទាំង​មូល ក៏​ស្រប​យ៉ាង​ត្រឹម​ត្រូវ​នឹង​ព្រះ​គម្ពីរ​ដែរ ដែល​រៀប​រាប់​អំពី​ស្រុក​កាណាន​នៅ​ពេល​សាសន៍​អ៊ីស្រាអែល​វាយលុក​ចូល។ ម្ល៉ោះ​ហើយ​លោក​ឲ្យ​យោបល់​ថា ការ​កំណត់​ពេល​ខាង​បុរាណ​វត្ថុ​វិទ្យា​នោះ​គឺ​ខុស ហើយ​ថា​ការ​វិនាស​នេះ​ពិត​ជា​បាន​កើត​ឡើង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៥​ម.​ស.យ. ជា​ជំនាន់​ដែល​លោក​យ៉ូស្វេ​រស់​នៅ។21

ព្រះ​គម្ពីរ​គឺ​ប្រវត្ដិសាស្ត្រ​ពិត​ប្រាកដ

៣២. តើ​មាន​ភាព​ទោរ​ទន់​ទៅ​កាន់​អ្វី ដែល​ឃើញ​ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​ខ្លះ?

៣២ នេះ​បង្ហាញ​ថា​បុរាណ​វត្ថុ​វិទូ​មាន​យោបល់​ខុស​ៗ​គ្នា ក្នុង​ចំណោម​ពួក​គេ។ ដូច្នេះ​មិន​មែន​ជា​ការ​ងឿង​ឆ្ងល់​ទេ ដែល​ពួក​គេ​ខ្លះ​ស្រប​នឹង​ព្រះ​គម្ពីរ តែ​ខ្លះ​ទៀត​មិន​ស្រប​វិញ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​ខ្លះ​ក៏​ចាប់​តាំង​ជឿ​លើ​ប្រវត្ដិភាព​នៃ​ព្រះ​គម្ពីរ​ជា​ទូទៅ បើ​មិន​ជឿ​លើ​សេចក្ដី​ល្អិត​ល្អន់​ទេ​នោះ។ លោក​វាល្លាម ហ្វក្សវែល​អាលប្រាយ្ដ បាន​បង្ហាញ​នូវ​គំនិត​មួយ​បែប ដោយ​សរសេរ​ថា​៖ ​«​មាន​ការ​អបអរ​ឡើង​វិញ ចំពោះ​ភាព​ទៀង​ត្រូវ​នៃ​ប្រវត្ដិសាស្ត្រ​ខាង​សាសនា​នៃ​អ៊ីស្រាអែល ទាំង​សេចក្ដី​ធម្មតា​ទូទៅ​និង​សេចក្ដី​ល្អិត​ល្អន់​ផង។ . . . សរុប​សេចក្ដី​ទៅ យើង​ឥឡូវ​អាច​ចាត់​ទុក​ព្រះ​គម្ពីរ ពី​ដើម​ដល់​ចប់ ជា​ឯកសារ​ពិត​នៃ​ប្រវត្ដិសាស្ត្រ​ខាង​សាសនា​ទៀត​»។22

៣៣, ៣៤. តើ​បទ​គម្ពីរ​ហេព្រើរ​ផ្ដល់​ទី​សំអាង​យ៉ាង​ដូច​ម្ដេច អំពី​ភាព​ទៀង​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ?

៣៣ តាម​ពិត​ព្រះ​គម្ពីរ​ផ្ទាល់​ក៏​មាន​លំអាន​នៃ​ប្រវត្ដិសាស្ត្រ​ដ៏​ទៀង​ត្រូវ​ដែរ។ ព្រឹត្ដិការណ៍​គឺ​ជាប់​ទាក់​ទង​នឹង​ពេល​វេលា​ដ៏​ជាក់​លាក់ មិន​ដូច​រឿង​តាម​ប្រពៃណី​និង​រឿង​ព្រេង​ដ៏​បុរាណ​ជា​ច្រើន​នោះ​ឡើយ។ ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ គឺ​គាំទ្រ​ដោយ​សេចក្ដី​ឆ្លាក់​ដែល​មាន​តាំង​ពី​ជំនាន់​នោះ​មក។ បើ​មាន​ភាព​ខុស​គ្នា​រវាង​ព្រះ​គម្ពីរ​និង​សេចក្ដី​ឆ្លាក់​ខ្លះ​ពី​បុរាណ នោះ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​អ្នក​គ្រប់​គ្រង​បុរាណ មិន​ចូល​ចិត្ត​រាយ​ការណ៍​បរាជ័យ​របស់​ខ្លួន ហើយ​ចង់​ប្រាប់​ពន្លើស​ជ័យ​ជំនះ​របស់​គេ​វិញ។

៣៤ ប្រាកដ​ហើយ សេចក្ដី​ឆ្លាក់​ពី​បុរាណ​ជា​ច្រើន​នោះ មិន​មែន​ជាប្រវត្ដិសាស្ត្រ​ណាស់​ណា​ទេ តែ​ច្រើន​តែ​ជា​សេចក្ដី​ឃោសនា​តាម​ផ្លូវ​ការ​វិញ។ ផ្ទុយ​ទៅ​វិញ អ្នក​សរសេរ​ព្រះ​គម្ពីរ​មាន​សភាព​ស្មោះ​ត្រង់​ដ៏​ប្លែក។ ពួក​ឰយុកោ​សំខាន់​ៗ​ដូច​លោក​ម៉ូសេ​និង​អើរ៉ុន​បាន​ត្រូវ​បង្ហាញ​នូវ​ភាព​ខ្សោយ​និង​ភាព​ខ្លាំង​គ្រប់​បែប​យ៉ាង​របស់​គេ។ សូម្បី​តែ​កំហុស​នៃ​ស្តេច​ដ៏​ឧត្តម​នាម​ដាវីឌ ក៏​បាន​ត្រូវ​បញ្ចេញ​ឲ្យ​ឃើញ​យ៉ាង​ត្រង់​ៗ​ដែរ។ ឯ​កំហុស​នៃ​សាសន៍​ទាំង​មូល​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ជា​រឿយ​ៗ។ ភាព​ត្រង់​នេះ​ជួយ​គាំទ្រ​ថា បទ​គម្ពីរ​ហេព្រើរ​គឺ​ពិត​ត្រឹម​ត្រូវ​និង​គួរ​ជឿ​បាន ហើយ​ជួយ​បញ្ជាក់​បន្ទូល​នៃ​ព្រះ​យេស៊ូ ពេល​ទ្រង់​អធិស្ឋាន​ដល់​ព្រះ​ថា​៖ ​«​ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់​»។—យ៉ូហាន ១៧:១៧

៣៥. តើ​អ្នក​រិះ​គិត​ស​និ​ទា​និយម​មិន​បាន​សម្រេច​នូវ​កិច្ច​អ្វី ហើយ​សិស្ស​ព្រះ​គម្ពីរ​ពឹង​ទៅ​លើ​អ្វី​ដើម្បី​បង្ហាញ​ថា ព្រះ​គម្ពីរ​គឺ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​មក?

៣៥ លោក​អាលប្រាយ្ដ​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ក្នុង​ព្រះ​គម្ពីរ​គឺ​ប្រសើរ​ជាង​សេចក្ដី​សរសេរ​ទាំង​អស់​នៃ​សាសនា​ពី​ដើម ហើយ​ក៏​ប្រសើរ​ជាង​សេចក្ដី​សរសេរ​ក្រោយ​ៗ​ដែរ ខាង​ភាព​ឥត​ស្មុគ​ស្មាញ​ក្នុង​សារ និង​ខាង​សកល​ភាព[​ភាព​ទូលំ​ទូលាយ​]ក្នុង​ការ​ទាក់​ទាញ​ចិត្ត​មនុស្ស គ្រប់​ទី​កន្លែង​និង​គ្រប់​គ្រា​ទាំង​អស់​»។23 គឺ‹សារ​ដ៏​ល្អ​ប្រសើរ›នេះ​ឯង មិន​មែន​ការ​ថ្លែង​បញ្ជាក់​នៃ​អ្នក​ប្រាជ្ញ​ទេ ដែល​បង្ហាញ​ថា​ព្រះ​គម្ពីរ​គឺ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​មក ដូច​យើង​នឹង​ឃើញ​ក្នុង​ជំពូក​ក្រោយ​ៗ។ ប៉ុន្តែ​ចូរ​យើង​សម្គាល់​ថា អ្នក​រិះ​គិត​ស​និទាន​និយម​សម័យ​ថ្មី​មិន​បាន​សម្រេច​ទេ ក្នុង​ការ​បង្ហាញ​ថា បទ​គម្ពីរ​ហេព្រើរ​មិន​មែន​ជា​ប្រវត្ដិសាស្ត្រ​ពិត​នោះ តែ​ឯ​សេចក្ដី​សរសេរ​ទាំង​នេះ បាន​ផ្ដល់​ទី​សំអាង​គ្រប់​យ៉ាង​អំពី​ភាព​ទៀង​ត្រូវ។ តើ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​«​សញ្ញា​ថ្មី​»​ក៏​ដូច​គ្នា​ដែរ​ឬ? យើង​នឹង​ពិចារណា​រឿង​នេះ​នៅ​ជំពូក​បន្ទាប់​នេះ។

[​កំណត់​សម្គាល់​]

a ​«​វិវេចនា​ជាន់​ខ្ពស់​»​ (​ឬ​«​វិធី​ខាង​ប្រវត្ដិសាស្ត្រ​-​ខាង​វិវេចនា​»​) គឺ​ជា​សព្ទ​មួយ​ប្រើ​សម្រាប់​រៀប​រាប់​ការ​ពិចារណា​ព្រះ​គម្ពីរ ដើម្បី​រក​សេចក្ដី​ល្អិត​ល្អន់ ដូច​ជា​អ្នក​និពន្ធ វត្ថុ​ដើម​ដំបូង និង​ពេល​ដែល​តែង​សៀវភៅ​និមួយ​ៗ។

b ជា​ឧទាហរណ៍ អ្នក​និពន្ធ​កំណាព្យ​អង់គ្លេស​ឈ្មោះ ចន មីលថុន​សរសេរ​កំណាព្យ​«​ទី​មនោរម្យ​ដែល​បាត់​បង់​»​ដ៏​មាន​សេចក្ដី​ថ្លៃ​ថ្នូរ ដោយ​ប្រើ​បែប​លំនាំ​សរសេរ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​កំណាព្យ​«​អាលឡឺហ្គ្រូ​»​របស់​លោក ហើយ​ខិត្តប័ណ្ណ​ខាង​នយោបាយ ដែល​លោក​សរសេរ​ក៏​ជា​បែប​លំនាំ​សរសេរ​មួយ​ផ្សេង​ទៀត​ដែរ។

c អ្នក​មាន​ប្រាជ្ញា​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ ច្រើន​តែ​ជា​អ្នក​ស​និទាន​និយម។ តាម​វចនានុក្រម ស​និទាន​និយម​មាន​ន័យ​ថា ​«​ការ​ពឹង​ពាក់​លើ​វិចារណញ្ញាណ ទុក​ជា​មូលដ្ឋាន ដើម្បី​បង្កើត​សេចក្ដី​ពិត​ខាង​សាសនា​»។ អ្នក​ស​និទាន​និយម​ចង់​ពន្យល់​អ្វី​ៗ​ដោយ​ប្រើ​មតិ​មនុស្ស ជា​ជាង​ពិចារណា​មើល​លទ្ធភាព​នៃ​ការ​ប្រព្រឹត្ត​របស់​ព្រះ។

d គួរ​ឲ្យ​ចាប់​អារម្មណ៍ រូប​ចម្លាក់​មួយ​នៃ​អ្នក​គ្រប់​គ្រង​បុរាណ​ម្នាក់ ដែល​គេ​រក​ឃើញ នៅ​ខាង​ជើង​ស្រុក​ស៊ីរី​ក្នុង​រវាង​ឆ្នាំ​១៩៧០​និង​១៩៧៩ បាន​បង្ហាញ​ថា​មាន​គេ​ដឹង ថា​អ្នក​គ្រប់​គ្រង​ត្រូវ​ហៅ​ជា​ស្តេច ថ្វី​បើ​និយាយ​ឲ្យ​ចំ​ទៅ លោក​មាន​មុខ​ងារ​ទាប​ជាង។ រូប​ចម្លាក់​នោះ​គឺ​ជា​រូប​អ្នក​គ្រប់​គ្រង​នៃ​ហ្គហ្សាណ ហើយ​បាន​ឆ្លាក់​ជា​អក្សរ​អាសស៊ើរ​និង​អារ៉ាម។ អក្សរ​ឆ្លាក់​អាសស៊ើរ​ហៅ​លោក​ថា អភិបាល​នៃ​ហ្គហ្សាណ ប៉ុន្តែ​អក្សរ​ឆ្លាក់​អារ៉ាម​ដែល​ស្រប​គ្នា​នោះ ហៅ​លោក​ថា​ស្តេច។9 ដូច្នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​បេលសាសារ​បាន​ត្រូវ​ហៅ​ថា បុត្រ​អ្នក​ដែល​នឹង​ទទួល​រាជបល្ល័ង្ក តាម​សេចក្ដី​ឆ្លាក់​ខាង​ផ្លូវ​ការ​បាប៊ីឡូន រីឯ​ក្នុង​សេចក្ដី​សរសេរ​អក្សរ​អារ៉ាម​របស់​ដានីយ៉ែល​នោះ ទ្រង់​បាន​ត្រូវ​ហៅ​ថា​ស្តេច​វិញ។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥៣​]

មិន​ដូច​ប្រវត្ដិសាស្ត្រ​បុរាណ ដែល​មិន​ទាក់​ទង​នឹង​សាសនា ព្រះ​គម្ពីរ​កត់​ទុក​កំហុស​របស់​លោក​ម៉ូសេ​និង​ស្តេច​ដាវីឌ ដែល​ជា​បុគ្គល​ដ៏​មាន​គេ​គោរព

[​ប្រអប់​នៅ​ទំព័រ​៤៤​]

តម្លៃ​នៃ​បុរាណ​វត្ថុ​វិទ្យា

​«​បុរាណ​វត្ថុ​វិទ្យា​ផ្ដល់​សំណាក​នៃ​ប្រដាប់​ប្រដា និង​ភា​ជន: កំផែង​និង​សំណង់ និង​គ្រឿង​តុបតែង​ពី​បុរាណ។ របស់​ទាំង​នេះ​ភាគ​ច្រើន​អាច​តម្រៀប​តាម​លំដាប់​ពេល ហើយ​សម្គាល់​បាន​យ៉ាង​ច្បាស់​ត្រឹម​ត្រូវ ដោយ​ប្រើ​ពាក្យ​និង​បរិបទ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ ក្នុង​ន័យ​នេះ ព្រះ​គម្ពីរ​ចែង​ទុក​យ៉ាង​ទៀង​ត្រូវ នូវ​មជ្ឈដ្ឋាន​នៃ​វប្បធម៌។ រឿង​ល្អិត​ល្អន់​ក្នុង​ព្រះ​គម្ពីរ​មិន​មែន​ជា​លទ្ធផល​ដ៏​ក្បាច់​ក្បូរ​តាម​មនោ​គតិ​របស់​អ្នក​និពន្ធ​ឡើយ។ ប៉ុន្តែ ជា​សេចក្ដី​ពិត ដែល​បង្ហាញ​អំពី​លោកីយ​ដែល​មាន​ព្រឹត្ដិការណ៍​កត់​ទុក​នោះ​កើត​ឡើង ទាំង​ព្រឹត្ដិការណ៍​ធម្មតា​និង​ព្រឹត្ដិការណ៍​អស្ចារ្យ​ផង។—សព្វវចនាធិប្បាយ​បុរាណ​វត្ថុ​វិទ្យា​នៃ​ស្រុក​បរិសុទ្ធ។

[​ប្រអប់​នៅ​ទំព័រ​៥០​]

អ្វី​ដែល​បុរាណ​វត្ថុ​វិទ្យា​អាច​និង​មិន​អាច​ធ្វើ

​«​បុរាណ​វត្ថុ​វិទ្យា​មិន​បង្ហាញ​ជា​ភស្តុ​តាង​ថា ព្រះ​គម្ពីរ​គឺ​ត្រូវ​ឬ​ខុស​នោះ​ទេ ប៉ុន្តែ​មាន​ងារ​ឯ​ទៀត​ដែល​សំខាន់​គួរ​សម។ វា​រក​ឃើញ​វត្ថុ​ខ្លះ​ៗ ដែល​ព្រះ​គម្ពីរ​បាន​សន្មត​ជា​មុន។ ជា​ឧទាហរណ៍ ដោយ​ដឹង​នូវ​វត្ថុ​ដែល​ប្រើ​សម្រាប់​សង់​ផ្ទះ លក្ខណៈ​នៃ‹ទី​កន្លែង​ខ្ពស់›ណា​មួយ នោះ​នឹង​ជួយ​យើង​ឲ្យ​យល់​ឯកសារ​ច្បាស់​ល្អ​ថែម​ទៀត។ ទី​ពីរ វា​ជួយ​បំពេញ​ឯកសារ​ប្រវត្ដិសាស្ត្រ។ ជា​ឧទាហរណ៍ ថ្ម​ម៉ូអាប់​ប្រាប់​សេចក្ដី​ម្យ៉ាង​ទៀត​នៃ​រឿង​ចែង​ក្នុង ពង្សាវតារ​ក្សត្រ​ទី​២ ៣:៤. . . ទី​បី វា​បង្ហាញ​នូវ​ជីវិត​និង​គំនិត​នៃ​សាសន៍​ជិត​ខាង​របស់​អ៊ីស្រាអែល​ពី​បុរាណ—ដែល​ជា​ការ​ចាប់​អារម្មណ៍ ហើយ​បំភ្លឺ​ឲ្យ​ឃើញ​គំនិត​ជា​ច្រើន ដែល​គំនិត​នៃ​អ៊ីស្រាអែល​បាន​កើត​ឡើង​ក្នុង​នោះ​»។—អេប្លា—សេចក្ដី​បង្ហាញ​នៃ​បុរាណ​វត្ថុ​វិទ្យា

[​រូប​ភាព​នៅ​ទំព័រ​៤១​]

លោក​មីលថុន​បាន​សរសេរ​តាម​បែប​លំនាំ​សរសេរ​ផ្សេង​ៗ​ជា​ច្រើន​មិន​មែន​បែប​លំនាំ​សរសេរ​តែ​មួយ​ប៉ុណ្ណោះ​ទេ។ តើ​អ្នក​ធ្វើ​វិវេចនា​ជាន់​ខ្ពស់​ជឿ​ថា ការ​សរសេរ​របស់​លោក​គឺ​ជា​លទ្ធផល​នៃ​អ្នក​សរសេរ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​នាក់​ឬ?

[​រូប​ភាព​នៅ​ទំព័រ​៤៥​]

​«​បទ​រឿង​របស់​ណែបូណែដុស​»​រាយ​ការណ៍​ថា​ស្តេច​ណែបូណែដុស​បាន​ប្រគល់​រាជ្យ​បល្ល័ង្ក​ឲ្យ​បុត្រ​ច្បង​របស់​ទ្រង់

[​រូប​ភាព​នៅ​ទំព័រ​៤៦​]

ផ្ទាំង​ថ្ម​ម៉ូអាប់ ប្រាប់​នូវ​សេចក្ដី​របស់​ស្តេច​មេសា អំពី​ចំបាំង​រវាង​ម៉ូអាប់​និង​អ៊ីស្រាអែល

[​រូប​ភាព​នៅ​ទំព័រ​៤៧​]

ឯកសារ​ខាង​ផ្លូវ​ការ​របស់​បាប៊ីឡូន​ជួយ​គាំទ្រ​ព្រះ​គម្ពីរ​ដែល​ចែង​អំពី​ការ​រលំ​នៃ​ក្រុង​យេរូសាឡិម