លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សញ្ញាថ្មី»—ជាប្រវត្ដិសាស្ត្រឬក៏ជារឿងតាមប្រពៃណី?

«សញ្ញាថ្មី»—ជាប្រវត្ដិសាស្ត្រឬក៏ជារឿងតាមប្រពៃណី?

ជំពូក​ទី​៥

«​សញ្ញា​ថ្មី​»​—ជា​ប្រវត្ដិសាស្ត្រ​ឬ​ក៏​ជា​រឿង​តាម​ប្រពៃណី?

​«​សញ្ញា​ថ្មី​សព្វ​ថ្ងៃ​នេះ​អាច​រៀប​រាប់​ថា ជា​សៀវភៅ​ដែល​គេ​បាន​អង្កេត​ច្រើន​ជាង​សេចក្ដី​សរសេរ​ទាំង​អស់​នៃ​ពិភព​លោក​»។ លោក ហាន្ស ឃុង មាន​ប្រសាសន៍​ដូច្នោះ​ក្នុង​សៀវភៅ ​«​ធ្វើ​ជា​គ្រីស្ទាន​ម្នាក់​»​របស់​លោក។ លោក​មាន​ប្រសាសន៍​ត្រូវ​មែន។ ក្នុង​រយៈ​ពេល​៣០០​ឆ្នាំ​មុន​នេះ បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​មិន​គ្រាន់​តែ​បាន​ត្រូវ​អង្កេត​ប៉ុណ្ណោះ​ទេ តែ​បាន​ត្រូវ​ពិនិត្យ​យ៉ាង​ហ្មត់​ចត់ ហើយ​វែក​ញែក​មើល​យ៉ាង​ល្អិត​ល្អន់ ជាង​សេចក្ដី​សរសេរ​ឯ​ទៀត។

១, ២. (​រួម​បុព្វយោគ​) (​ក​) តើ​គេ​បាន​ធ្វើ​អ្វី ដល់​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ក្នុង​រយៈ​ពេល​៣០០​ឆ្នាំ​មុន? (​ខ​) តើ​មាន​សេចក្ដី​សន្និដ្ឋាន​ដ៏​ចម្លែក​អ្វី ដែល​អ្នក​អង្កេត​ខ្លះ​បាន​ធ្វើ?

 សេចក្ដី​សន្និដ្ឋាន​ដោយ​អ្នក​អង្កេត​ខ្លះ​គឺ​ចម្លែក​ណាស់។ នៅ​សតវត្ស​ទី​១៩ លោក លិដវីគ ណូអាក នៅ​ប្រទេស​អាល្លឺម៉ង់​បាន​សន្និដ្ឋាន​ថា សិក្ខាបទ​នៃ​យ៉ូហាន​គឺ​សរសេរ​នៅ​ឆ្នាំ​៦០ ស.យ. ដោយ​សិស្ស​ដ៏​ជា​ទី​ស្រឡាញ់—គឺ​យូដាស តាម​យោបល់​របស់​លោក! ជន​ជាតិ​បារាំង យ៉ូសែប អើនណែស្ត រេណាន ឲ្យ​យោបល់​ថា ការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ​គឺ​ប្រហែល​ជា​ការ​បំភាន់ រៀបចំ​ដោយ​ឡាសារ​ខ្លួន​ឯង​ទេ ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ព្រះ​យេស៊ូ ដែល​ថា​ទ្រង់​ជា​អ្នក​ធ្វើ​អព្ភូតហេតុ ឯ​ចំណែក​សាសនវិទូ​អាល្លឺម៉ង់ ហ្គឺសតាវ វកម៉ារ ប្រកែក​ថា​ព្រះ​យេស៊ូ​ក្នុង​ប្រវត្ដិសាស្ត្រ​នោះ មិន​អាច​មក​អះអាង​ថា​ជា​ព្រះ​មេស្ស៊ី​បាន​ឡើយ។1

ម្យ៉ាង​វិញ​ទៀត លោក​ប៊្រូនណូ បៅអ៊ើរ សម្រេច​ចិត្ត​ថា​មិន​ដែល​មាន​ព្រះ​យេស៊ូ​សោះ​ឡើយ! ​«​លោក​អះអាង​ថា​អនុ​ភាព​ពិត​ដែល​បង្កើត​សាសនា​គ្រីស្ទាន​ពី​ដើម​គឺ ហ្វីឡូ សិនីកា និង ណូស្ទីក្ស។ ដល់​ចុង​ក្រោយ​លោកប្រកាស​ថា មិន​ដែល​មាន​ព្រះ​យេស៊ូ ក្នុង​ប្រវត្ដិសាស្ត្រ​ទេ . . . ហើយ​ថា​ដើម​កំណើត​នៃ​សាសនា​គ្រីស្ទាន​គឺ​កើត​ឡើង​នៅ​ចុង​សតវត្ស​ទី​២ ហើយ​គឺ​មក​ពី​សាសនា​យូដា ដែល​ពេញ​ទៅ​ដោយ​លទ្ធិ​ស្ទ​អ៊ី​ក​»។2

៣. តើ​មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​មតិ​អ្វី​អំពី​ព្រះ​គម្ពីរ?

សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​តួច​ណាស់ ដែល​កាន់​តាម​គំនិត​ដ៏​ជ្រុល​ហួស​ហេតុ​នេះ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​អាន​សេចក្ដី​នៃ​អ្នក​ប្រាជ្ញ​សម័យ​ថ្មី អ្នក​នឹង​ឃើញ​ថា មនុស្ស​ជា​ច្រើន​នៅ​តែ​ជឿ​ថា​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិកមាន​រឿង​ព្រេង រឿង​តាម​ប្រពៃណី និង​រឿង​ពន្លើស។ តើ​នេះ​ជា​ការ​ពិត​មែន​ឬ?

តើ​សៀវភៅ​ទាំង​នេះ​បាន​សរសេរ​នៅ​ពេល​ណា?

៤. (​ក​) ហេតុ​អ្វី​ជា​ការ​សំខាន់ ដែល​យើង​ត្រូវ​ដឹង​ពេល​ដែល​គេ​សរសេរ​សៀវភៅ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក? (​ខ​) តើ​មាន​មតិ​អ្វី​ខ្លះ អំពី​ពេល​ដែល​គេ​សរសេរ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក?

រឿង​តាម​ប្រពៃណី​និង​រឿង​ព្រេង​ត្រូវ​មាន​ពេល​វេលា​យូរ ដើម្បី​កើត​មាន​ឡើង។ ដូច្នេះ​សំនួរ​មួយ​ដែល​ថា តើ​ពេល​ណា​ដែល​សៀវភៅ​ទាំង​នេះ​បាន​ត្រូវ​សរសេរ? គឺ​សំខាន់។ លោក មីកែល ហ្គ្រែន្ថ ជា​អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់ មាន​ប្រសាសន៍​ថា​ការ​សរសេរ​ខាង​ប្រវត្ដិសាស្ត្រ នៃ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​បាន​ចាប់​ផ្ដើម​«​សាមសិប ឬ​សែសិប​ឆ្នាំ​ក្រោយ​ពេល​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​»​?4 បុរាណ​វត្ថុ​វិទូ​ខាង​ព្រះ​គម្ពីរ វាល្លាម​ហ្វក្សវែល អាលប្រាយ្ដ មាន​ប្រសាសន៍​ថា​លោក ថូរី បាន​សន្និដ្ឋាន​ថា​«​អស់​ទាំង​សិក្ខាបទ​បាន​ត្រូវ​សរសេរ​មុន​ឆ្នាំ​៧០​គ.ស. ហើយ​គ្មាន​សេចក្ដី​ណា​ក្នុង​សិក្ខាបទ ដែល​មិន​បាន​ត្រូវ​សរសេរ​ក្នុង​រយៈ​ម្ភៃ​ឆ្នាំ ពី​ពេល​ឆ្កាង​ព្រះ​គ្រីស្ទ​នោះ​ឡើយ​»។ មតិ​ផ្ទាល់​នៃ​លោក​អាលប្រាយ្ដ​គឺ​ថា ការ​សរសេរ​គឺ​បាន​ចប់​គ្រប់​សព្វ ​«​មិន​ក្រោយ​ឆ្នាំ​៨០ គ.ស.​»​ទេ។ អ្នក​ឯ​ទៀត​ប៉ាន់​ស្មាន​ខុស​ពី​គ្នា​បន្ដិច​បន្តួច ប៉ុន្តែ​គេ​ភាគ​ច្រើន​យល់​ស្រប​ថា​«​សញ្ញា​ថ្មី​»​បាន​ត្រូវ​សរសេរ​រួច នៅ​ចុង​សតវត្ស​ទី​មួយ។

៥, ៦. តើ​យើង​គួរ​សន្និដ្ឋាន​យ៉ាង​ដូច​ម្ដេច ដែល​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​បាន​ត្រូវ​សរសេរ មិន​ជា​យូរ​ប៉ុន្មាន​ក្រោយ​ព្រឹត្ដិការណ៍​ដែល​កត់​ទុក​ក្នុង​បទ​គម្ពីរ​នោះ?

តើ​នេះ​មាន​ន័យ​ដូច​ម្ដេច? លោក​អាលប្រាយ្ដ​សន្និដ្ឋាន​ថា​៖ ​«​យើង​គ្រាន់​តែ​អាច​និយាយ​ថា រយៈ​ពេល​ម្ភៃ​ទៅ​ហាសិប​ឆ្នាំ​គឺ​ខ្លី​ពេក ដើម្បី​ឲ្យ​មាន​ការ​បង្ខូច​ធំ​ដុំ​ដល់​មាតិកា​សំខាន់​ៗ​និង​ដល់​បន្ទូល​របស់​ព្រះ​យេស៊ូ​»។5 សាស្ត្រ​ចារ្យ​ហ៊្គារី ហាបើម៉ាស មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​សិក្ខាបទ​គឺ​បាន​ត្រូវ​សរសេរ​មិន​យូរ​ពី​រយៈ​ពេល ដែល​កត់​ទុក​ក្នុង​សិក្ខាបទ​នោះ​ឡើយ ឯ​ប្រវត្ដិសាស្ត្រ​បុរាណ​តែង​តែ​រៀប​រាប់​ព្រឹត្ដិការណ៍ ដែល​កើត​ឡើង​នៅ​សតវត្សមុន​ៗ។ ប៉ុន្តែ​អ្នក​ប្រវត្ដិសាស្ត្រ​សម័យ​ថ្មី ក៏​អាច​ដក​ស្រង់​យក​ព្រឹត្ដិការណ៍​ពី​ជំនាន់​ដ៏​បុរាណ​នេះ​ដែរ​»។6

បើ​និយាយ​ក្នុង​ន័យ​ម្យ៉ាង​ទៀត រឿង​ប្រវត្ដិសាស្ត្រ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក យ៉ាង​តិច​ណាស់​ក៏​គួរ​ជឿ​បាន ដូច​ប្រវត្ដិសាស្ត្រ​ដែល​មិន​ទាក់​ទង​នឹង​សាសនា​ដែរ។ ជា​ប្រាកដ ក្នុង​រយៈ​ពីរ​បី​ទសវត្ស​រវាង​ព្រឹត្ដិការណ៍​សាសនា​គ្រីស្ទាន​ពី​ដើម និង​ពេល​ដែល​កត់​ទុក​ព្រឹត្ដិការណ៍​ទាំង​នេះ ឥត​មាន​ពេល​គ្រប់​គ្រាន់ ឲ្យ​រឿង​តាម​ប្រពៃណី​និង​រឿង​ព្រេង​កើត​ឡើង​បាន​ឡើយ ហើយ​បាន​ត្រូវ​ទទួល​ស្គាល់​ដ៏​ទូទៅ​ដូច្នោះ​ទេ។

សេចក្ដី​ថ្លែង​បញ្ជាក់​ពី​សាក្សី

៧, ៨. (​ក​) តើ​មាន​អ្នក​ណា​ដែល​នៅ​រស់​នៅ​ឡើយ ពេល​គេ​សរសេរ​ហើយ​ចែក​ចាយ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក? (​ខ​) តើ​យើង​ត្រូវ​សន្និដ្ឋាន​យ៉ាង​ណា​ស្រប​នឹង​យោបល់​នៃ​សាស្ដ្រាចារ្យ ប៊្រូស?

នេះ​គឺ​ត្រូវ​ពិត​ដោយ​ឃើញ​ថា រឿង​ជា​ច្រើន​និយាយ​អំពី​សេចក្ដី​ថ្លែង​បញ្ជាក់​ពី​សាក្សី។ អ្នក​សរសេរ​សិក្ខាបទ​នៃ​យ៉ូហាន​និយាយ​ថា​៖ ​«​គឺ​សិស្ស​នោះ​ឯង[​សិស្ស​ដែល​ព្រះ​យេស៊ូ​ស្រឡាញ់​] ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង​»។ (​យ៉ូហាន ២១:២៤​) អ្នក​សរសេរ​សៀវភៅ​លូកា​និយាយ​ថា​៖ ​«​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បំរើ​ផ្សាយ​ព្រះ​បន្ទូល​»។ (​លូកា ១:២​) សាវ័ក​ប៉ុល​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​ឃើញ​ជាក់​នឹង​ភ្នែក នូវ​ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ថា​៖ ​«​ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់[​ស្លាប់​] ទៅ​ហើយ​»។—កូរិនថូស​ទី​១ ១៥:៦

ក្នុង​ការ​ទាក់​ទង​នឹង​រឿង​នេះ សាស្ដ្រាចារ្យ ប៊្រូស្ស ធ្វើ​ការ​សង្កេត​មើល​ដ៏​វាង​វៃ​មួយ​ថា​៖ ​«​បង្កើត​ពាក្យ​សំដី​និង​អំពើ​នៃ​ព្រះ​យេស៊ូ​ក្នុង​ជំនាន់​នោះ មិន​មែន​ជា​ការ​ស្រួល ដូច​ជា​អ្នក​សរសេរ​ខ្លះ​យល់​ឃើញ​នោះ​ឡើយ ដ្បិត​សិស្ស​ទ្រង់​ជា​ច្រើន​នៅ​ក្បែរ​ជុំ​វិញ ហើយ​អាច​ចាំ​ពី​រឿង​អ្វី​ៗ ដែល​បាន​ឬ​មិន​បាន​កើត​ឡើង។ . . . ពួក​សិស្ស​មិន​អាច​នឹង​ធ្វើ​សេចក្ដី​មិន​ទៀង​ត្រូវបាន​ឡើយ (​មិន​ថា​ចង់​កែ​ប្រែ​សេចក្ដី​ពិត​ដោយ​ចេតនា​នោះ​) ព្រោះ​នេះ​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​ឮ​ភ្លាម ដោយ​អ្នក​ដែល​មាន​ចិត្ត​ចង់​តែ​ធ្វើ​ដូច្នោះ។ ផ្ទុយ​ទៅ​វិញ ចំណុច​ដ៏​ខ្លាំង​មួយ​ក្នុង​ការ​ផ្សាយ​ប្រកាស​ដោយ​សាវ័ក​ដំបូង គឺ​ការ​អំពាវនាវ​ដោយ​ប្រាកដ​ក្នុង​ចិត្ត ឲ្យ​អ្នក​ដែល​ស្ដាប់ ឲ្យ​បាន​ដឹង។ គេ​មិន​គ្រាន់​តែ​និយាយ​ថា ‹យើង​ជា​សាក្សី​នឹង​ការ​ទាំង​នេះ› ប៉ុន្តែ​ថែម​ទាំង​ថា ‹ដូច​អ្នក​រាល់​គ្នា​បាន​ដឹង​ស្រាប់› (​កិច្ច​ការ ២:២២​)​»។7

តើ​ឯកសារ​គួរ​ជឿ​បាន​ទេ?

៩, ១០. បើ​និយាយ​អំពី​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​នោះ តើ​យើង​អាច​ដឹង​ប្រាកដ​អំពី​អ្វី?

ថ្វី​បើ​សេចក្ដី​ថ្លែង​បញ្ជាក់​ពី​សាក្សី​បាន​ត្រូវ​កត់​ទុក​យ៉ាង​ត្រឹម​ត្រូវ​ហើយ តើ​អាច​ត្រូវ​កែ​ប្រែ​ឲ្យ​ខុស​វិញ​បាន​ទេ? ក្នុង​ន័យ​ម្យ៉ាង​ទៀត តើ​រឿង​តាម​ប្រពៃណី​និង​រឿង​ព្រេង​បាន​ត្រូវ​ជ្រាប​ចូល​ឬ​ទេ ក្រោយ​ពេល​ការ​សរសេរ​ដំបូង​បាន​ចប់​គ្រប់​សព្វ​ហើយ​នោះ? យើង​បាន​ឃើញ​រួច​ហើយ​ថា ឯកសារ​នៃ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​មាន​លក្ខណៈ​ល្អ​ជាង​សេចក្ដី​សរសេរ​បុរាណ​ឯ​ទៀត។ លោក​ឃឺត និង​អ្នក​ស្រី​បារបារ៉ា អាឡាន្ត ជា​អ្នក​ប្រាជ្ញ​ខាង​ឯកសារ​ព្រះ​គម្ពីរ​ភាសា​ក្រិក កត់​ឯកសារ​សរសេរ​ដោយ​ដៃ ជិត​៥.០០០​ដែល​បាន​គង់​វង់ តាំង​ពី​បុរាណកាល​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្លះ​គឺ​តាំង​ពី​សតវត្ស​ទី​ពីរ ស.យ.។8 សេចក្ដី​ថ្លែង​បញ្ជាក់​ទូទៅ នៃ​ទី​សំអាង​ដ៏​ច្រើន​គឺ​ថា​ឯកសារ​ទាំង​នោះ​នៅ​ល្អ​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត មាន​សេចក្ដី​បក​ប្រែ​ពី​បុរាណ​ជា​ច្រើន—តាំង​ពី​ប្រហែល​ឆ្នាំ​១៨០​ស.យ.—ដែល​ជួយ​បញ្ជាក់​ថា​ឯកសារ​គឺ​ទៀង​ត្រូវ។9

១០ ដូច្នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ប្រាកដ​ថា រឿង​ព្រេង​និង​រឿង​តាម​ប្រពៃណី​មិន​បាន​ជ្រាប​ចូល ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​ទេ ក្រោយ​ពេល​អ្នក​សរសេរ​ដំបូង បាន​សរសេរ​រួច​នោះ។ ឯកសារ​ដែល​យើង​មាន​គឺ​ដូច​គ្នា​នឹង​ឯកសារ​ដែល​សរសេរ​ដោយ​អ្នក​សរសេរ​ដំបូង​ដែរ ហើយ​ឯកសារ​នេះ​បាន​ត្រូវ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ទៀង​ត្រូវ ដោយ​ពួក​គ្រីស្ទាន​ក្នុង​គ្រា​ជា​មួយ​គ្នា​បាន​ទទួល​ស្គាល់។ ឥឡូវ​តើ​យើង​អាច​ពិនិត្យ​មើលប្រវត្ដិភាព​នៃ​ព្រះ​គម្ពីរ​បាន​ទេ ដោយ​ប្រៀប​ធៀប​នឹង​ប្រវត្ដិសាស្ត្រ​បុរាណ​ឯ​ទៀត? យើង​អាច​ពិនិត្យ​មើល​បាន​ខ្លះ។

ទី​សំអាង​ខាង​ឯកសារ

១១. តើ​ទី​សំអាង​ខាង​ឯកសារ​ក្រៅ គាំទ្រ​រឿង​ប្រវត្ដិសាស្ត្រ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​ដល់​កម្រិត​ណា?

១១ តាម​ពិត ទី​សំអាង​ខាង​ឯកសារ​ក្រៅ​ពី​ព្រះ​គម្ពីរ គឺ​មិន​សូវ​សម្បូរ​ទេ សម្រាប់​ព្រឹត្ដិការណ៍​ក្នុង​ជីវិត​នៃ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ទ្រង់។ នេះ​គឺ​ដូច្នេះ​មែន ពីព្រោះ​នៅ​សតវត្ស​ទី​មួយ ពួក​គ្រីស្ទាន​គឺ​ជា​ក្រុម​តូច​មួយ ដែល​មិន​ចូល​ទាក់​ទង​នឹង​នយោបាយ​ទេ។ ប៉ុន្តែ​ទី​សំអាង​ពី​ប្រវត្ដិសាស្ត្រ​ដែល​មិន​ទាក់​ទង​នឹង​សាសនា គឺ​ស្រប​នឹង​សេចក្ដី​ដែល​យើង​អាន​ក្នុង​ព្រះ​គម្ពីរ។

១២. តើ​លោក​យ៉ូសេហ្វឺស​ប្រាប់​យើង​អ្វី អំពី​យ៉ូហាន​-​បាទីស្ទ?

១២ ឧទាហរណ៍ ក្រោយ​ពេល ហេរ៉ូឌ អានទីប៉ាស់ បាន​ត្រូវ​បរាជ័យ​ខាង​យោធា​យ៉ាង​ធំ​នោះ អ្នក​ប្រវត្ដិសាស្ត្រ​យូដា​ឈ្មោះ យ៉ូសេហ្វឺស បាន​សរសេរ​នៅ​ឆ្នាំ​៩៣ ស.យ. ថា​៖ ​«​ចំពោះ​ជនជាតិ​យូដា​ខ្លះ ការ​វិនាស​ដល់​ទ័ព​ហេរ៉ូឌ គឺ​ហាក់​ដូច​ជា​ការ​សង​សឹក​ពី​ព្រះ ក៏​ប្រាកដ ជា​ការ​សង​សឹក​ដ៏​ត្រឹម​ត្រូវ​ផង ពីព្រោះ​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ដល់ យ៉ូហាន នាម​ត្រកូល​បាទីស្ទ។ ដ្បិត​ហេរ៉ូឌ​បាន​សម្លាប់​គាត់ ថ្វី​បើ​គាត់​ជា​មនុស្ស​ល្អ ហើយ​បាន​ដាស់​តឿន​ជនជាតិ​យូដា ឲ្យ​រស់​នៅ​ដោយ​សុចរិត ឲ្យ​ប្រព្រឹត្ត​អំពើ​យុត្ដិធម៌​ដល់​គ្នី​គ្នា​របស់​គេ ហើយ​ឲ្យ​មាន​ការ​ស្រឡាញ់​ដល់​ព្រះ​ផង​»។10 ដូច្នេះ លោក​យ៉ូសេហ្វឺស​បញ្ជាក់​នូវ​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ ដែល​ថា​យ៉ូហាន​-​បាទីស្ទ​គឺ​មនុស្ស​សុចរិត បាន​ផ្សាយ​បង្រៀន​សេចក្ដី​ប្រែ​ចិត្ត​ពី​អំពើ​អាក្រក់ ហើយ​បាន​ត្រូវ​ហេរ៉ូឌ​សម្លាប់។—ម៉ាថាយ ៣:១​-​១២; ១៤:១១

១៣. តាម​របៀប​ណា​ដែល​លោក​យ៉ូសេហ្វឺស​គាំទ្រ​ប្រវត្ដិភាព​នៃ​យ៉ាកុប​និង​ព្រះ​យេស៊ូ?

១៣ លោក​យ៉ូសេហ្វឺស​ក៏​មាន​ប្រសាសន៍​អំពី​យ៉ាកុប​ដែរ ជា​ប្អូន​ប្រុស​ខាង​ម្ដាយ​របស់​ព្រះ​យេស៊ូ ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង​ថា ដំបូង​លោក​មិន​តាម​ព្រះ​យេស៊ូ​ទេ ប៉ុន្តែ​ក្រោយ​មក​បាន​ក្លាយ​ជា​អ្នក​ចាស់​ទុំ​ដ៏​សំខាន់​ម្នាក់ នៅ​ក្រុង​យេរូសាឡិម។ (​យ៉ូហាន ៧:៣​-​៥; កាឡាទី ១:១៨, ១៩​) លោក​យ៉ូសេហ្វឺសកត់​ក្នុង​ឯកសារ​អំពី​យ៉ាកុប ដែល​បាន​ត្រូវ​គេ​ចាប់ ដូច​នេះ​ថា​៖ ​«​[​សម្ដេច​សង្ឃ​អា​នា​ណឺ​ស​]ជំនុំ​គ្នា​នឹង​ពួក​ចៅ​ក្រម​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​នាំ​មក​ចំពោះ​មុខ​គេ បុរស​ម្នាក់​ឈ្មោះ​យ៉ាកុប ជា​ប្អូន​ប្រុស​ព្រះ​យេស៊ូ​ដែល​គេ​ហៅ​ថា​ព្រះ​គ្រីស្ទ ព្រម​ទាំង​អ្នក​ឯ​ទៀត​»។11 ក្នុង​ការ​សរសេរ​សេចក្ដី​នេះ លោក​យ៉ូសេហ្វឺស​បញ្ជាក់​ថែម​ទៀត​ថា​«​ព្រះ​យេស៊ូ​ដែល​គេ​ហៅ​ថា​ព្រះ​គ្រីស្ទ​»​ គឺ​ជា​បុគ្គល​ពិត​ម្នាក់ តាម​ប្រវត្ដិសាស្ត្រ។

១៤, ១៥. តើ​លោក​តាស៊ីតឺស​ផ្ដល់​ការ​គាំទ្រ​អ្វី ដល់​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ?

១៤ អ្នក​សរសេរ​ពី​ដើម​ឯ​ទៀត ក៏​ថ្លែង​អំពី​សេចក្ដី​ដែល​រៀប​រាប់​ក្នុង​បទ​គម្ពីរ​ក្រិក​ដែរ។ ជា​ឧទាហរណ៍ សិក្ខាបទ​ប្រាប់​យើង​ថា ការ​ផ្សាយ​បង្រៀន​នៃ​ព្រះ​យេស៊ូ​នៅ​ម្ដុំ​ប៉ាឡេស្ទីន បាន​ត្រូវ​ជួប​នឹង​ការ​ឆ្លើយ​តប​ជា​ច្រើន។ ពេល​ដែល​ទ្រង់​បាន​ត្រូវ​លោក​ប៉ុនទាស​-​ពីឡាត់​កាត់​ទោស​ប្រហារ​ជីវិត សិស្ស​ទ្រង់​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា ហើយ​មាន​ការ​បាក់​ទឹក​ចិត្ត។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក សិស្ស​ដដែល​ទាំង​នេះ​ក៏​មាន​ចិត្ត​ក្លៀវ​ក្លា ប្រកាស​ពាស​ពេញ​ក្រុង​យេរូសាឡិម ថា​ព្រះ​អម្ចាស់​របស់​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ ក្នុង​រយៈ​ពីរ​បី​ឆ្នាំ សាសនា​គ្រីស្ទាន​បាន​ចម្រើន​ពាស​ពេញ​ចក្រភព​រ៉ូម។—ម៉ាថាយ ៤:២៥; ២៦:៣១; ២៧:២៤​-​២៦; កិច្ច​ការ ២:២៣, ២៤, ៣៦; ៥:២៨; ១៧:៦

១៥ សក្ខី​ភាព​ចំពោះ​សេចក្ដី​ពិត​នេះ គឺ​មក​ពី​អ្នក​ប្រវត្ដិសាស្ត្រ​រ៉ូម​ឈ្មោះ តាស៊ីតឺស ដែល​មិន​មែន​ជា​មិត្ត​សំឡាញ់​នឹង​សាសនា​គ្រីស្ទាន​ទេ។ មិន​យូរ​ក្រោយ​ឆ្នាំ​១០០ ស.យ. លោក​បាន​សរសេរ​ប្រាប់ អំពី​ការ​ដែល​នីរ៉ូ​ធ្វើ​ទុក្ខ​យ៉ាង​ឃោរ​ឃៅ​ដល់​ពួក​គ្រីស្ទាន ហើយ​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​គ្រីស្ដឺស ជា​អ្នក​បង្កើត​ឈ្មោះ​នេះ បាន​ទទួល​ទោស​ប្រហារ​ជីវិត​ក្នុង​រាជ្យ​ទី​ប៊ើ​រ ដោយ​សារ​ការ​កាត់​ក្ដី​នៃ​អភិបាល ប៉ុនទាស​-​ពីឡាតឺស។ ហើយ​ជំនឿ​ចង្រៃ​នេះ​បាន​ត្រូវ​ពិនិត្យ​អស់​មួយ​រយៈ តែ​ជំនឿ​នេះ​ក៏​បាន​លូត​លាស់​ម្ដង​ទៀត មិន​គ្រាន់​តែ​ក្នុង​ស្រុក​យូដា ជា​ទី​កំណើត​នៃ​ជំនឿ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក្នុង​រាជធានី[​រ៉ូម​]ផង​ដែរ​»។12

១៦. តើ​ព្រះ​គម្ពីរ​ព្រម​ទាំង​លោក​ស៊ូអេថូនឺស ថ្លែង​អំពី​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ត្រ​អ្វី?

១៦ ក្នុង​កិច្ច​ការ ១៨:២ អ្នក​សរសេរ​ព្រះ​គម្ពីរ​ថ្លែង​អំពី​ការ​ដែល​«​[​រាជាធិរាជ​រ៉ូម​] ក្លូឌាស​បាន​បញ្ជា​ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ​»។ អ្នក​ប្រវត្ដិសាស្ត្រ​រ៉ូម​នៃ​សតវត្ស​ទី​ពីរ ឈ្មោះ​ស៊ូអេថូនឺស ក៏​ថ្លែង​អំពី​ការ​បណ្ដេញ​ចេញ​នេះ​ដែរ។ ក្នុង​សៀវភៅ​«​ក្លូឌាស​ដ៏​ឧត្តម​»​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពីព្រោះ​សាសន៍​យូដា​បាន​បង្កើត​ចលាចល ដោយ​សារ​ការ​ចាក់​រុក​ពី​គ្រែស្ដឺស ទ្រង់[​ក្លូឌាស​]ក៏​ដេញ​ពួក​គេ​ចេញ​ពី​រ៉ូម​»។13 បើ​គ្រែស្ដឺស​នេះ​គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​បើ​ព្រឹត្ដិការណ៍​ក្នុង​រ៉ូម​គឺ​តាម​គំរូ​ដូច​នៅ​ក្នុង​ក្រុង​ឯ​ទៀត នោះ​ការ​បះ​បោរ គឺ​មិន​មែន​ដោយ​សារ​ការ​ចាក់​រុក​ពី​ព្រះ​គ្រីស្ទ (​សិស្ស​នៃ​ព្រះ​គ្រីស្ទ​)ទេ។ ប៉ុន្តែ​ការ​បះ​បោរ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​ឃោរ​ឃៅ នៃ​សាសន៍​យូដា​វិញ ចំពោះ​កិច្ច​ការ​ផ្សាយ​ប្រកាស​ដ៏​ស្មោះ​របស់​ពួក​គ្រីស្ទាន។

១៧. នៅ​សតវត្ស​ទី​ពីរ លោក ចឺស្ទីន ម៉ាតទឺរ មាន​ប្រភព​អ្វី ដែល​គាំទ្រ​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ អំពី​ព្រះ​យេស៊ូ​ប្រព្រឹត្ត​អភូតហេតុ និង​ការ​សោយ​ទិវង្គត​របស់​ទ្រង់?

១៧ លោក ចឺស្ទីន ម៉ាតទឺរ បាន​សរសេរ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​ពីរ អំពី​ការ​សោយ​ទិវង្គត​នៃ​ព្រះ​យេស៊ូ ថា​៖ ​«​ការ​ទាំង​នេះ​បាន​កើត​ឡើង​ពិត អ្នក​អាច​ប្រាកដ​ពី​កិច្ច​ការ​នៃ ប៉ុនទាស​-​ពីឡាត់​»។14 ម្យ៉ាង​ទៀត តាម​លោក ចឺស្ទីន ម៉ាតទឺរ ដែល​មាន​ប្រសាសន៍​អំពី​អព្ភូតហេតុ​នៃ​ព្រះ​យេស៊ូ ដែល​ចែង​ក្នុង​ឯកសារ​ដដែល​នេះ​ថា​៖ ​«​ទ្រង់​បាន​ធ្វើ​ការ​ទាំង​នេះ អ្នក​អាច​ដឹង​បាន ពី​កិច្ច​ការ​នៃ​ប៉ុនទាស​-​ពីឡាត់​»។15 ជា​ការ​ពិត ដែល​សព្វ​ថ្ងៃ​នេះ​ឥត​មាន​«​កិច្ច​ការ​»​ឬ ឯកសារ​តាម​ផ្លូវ​ការ​ទាំង​នេះ​ទៀត​ទេ។ ប៉ុន្តែ​គឺ​មាន​ជា​ប្រាកដនៅ​សតវត្ស​ទី​ពីរ ហើយ​លោក ចឺស្ទីន ម៉ាតទឺរ អះអាង​ដោយ​ប្រាកដ​ក្នុង​ចិត្ត ឲ្យ​អ្នក​អាន​របស់​លោក ពិនិត្យ​មើល​កិច្ចការ​ទាំង​នោះ ដើម្បី​បញ្ជាក់​ថា​លោក​បាន​និយាយ​រឿង​ពិត។

ទី​សំអាង​ខាង​បុរាណ​វត្ថុ​វិទ្យា

១៨. តើ​បុរាណ​វត្ថុ​វិទ្យា​ផ្ដល់​ការ​គាំទ្រ​អ្វី ដែល​ថា​ប៉ុនទាស​-​ពីឡាត់​បាន​រស់​នៅ?

១៨ ការ​រក​ឃើញ​ខាង​បុរាណ​វត្ថុ​វិទ្យា​ក៏​បាន​ពន្យល់ ឬ​បញ្ជាក់​សេចក្ដី​ដែល​យើង​អាន​ក្នុង​បទ​គម្ពីរ​ក្រិក​ដែរ។ ម្ល៉ោះ​ហើយ​នៅ​ឆ្នាំ​១៩៦១ គេ​បាន​រក​ឃើញ​ឈ្មោះ​ប៉ុនទាស​-​ពីឡាត់ ក្នុង​អក្សរ​ចារឹក ក្នុង​សំណង់​បាក់​បែក​នៃ​រោង​ល្ខោន​រ៉ូម​នៅ​សេសារា។16 មុន​ពេល​គេ​រក​ឃើញ​នេះ មាន​ទី​សំអាង​តិច​តួច​ណាស់​ក្រៅ​ពី​ព្រះ​គម្ពីរ ដែល​សម្ដែង​ថា​មាន​អ្នក​គ្រប់​គ្រង​រ៉ូម​នេះ។

១៩, ២០. តើ​លូកា​បាន​មាន​ប្រសាសន៍​អំពី​បុគ្គល​ណា ក្នុង​ព្រះ​គម្ពីរ (​លូកា​និង​កិច្ច​ការ​) ដែល​បុរាណ​វត្ថុ​វិទ្យា​បាន​ជួយ​បញ្ជាក់?

១៩ ក្នុង​សិក្ខាបទ​នៃ​លូកា យើង​អាន​ថា​យ៉ូហាន​-​បាទីស្ទ ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​គាត់​«​កាល . . . លីសា​នា​ស ជា​ស្តេច​អនុរាជ នៅ​ស្រុក​អាប៊ីលេន​»។ (​លូកា ៣:១​) អ្នក​ខ្លះ​មិន​ជឿ​សេចក្ដី​នេះ​ទេ ពីព្រោះ​លោក​យ៉ូសេហ្វឺស​បាន​មាន​ប្រសាសន៍​អំពី​លីសា​នា​ស ដែល​គ្រប់​គ្រង​ស្រុក​អាប៊ីលេន ហើយ​បាន​ស្លាប់​ក្នុង​ឆ្នាំ​៣៤ ម.​ស.យ. ជា​យូរ​មុន​យ៉ូហាន​បាន​កើត​ទៅ​ទៀត។ ប៉ុន្តែ​បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​អក្សរ​ចារឹក​មួយ នៅ​អាប៊ីលេន ដែល​ប្រាប់​អំពី​លីសា​នា​សម្នាក់​ទៀត ដែល​ជា​អភិបាល​សង្កាត់ (​អ្នក​គ្រប់​គ្រង​សង្កាត់​) ក្នុង​រាជ្យ​ទី​ប៊ើ​រ ដែល​គ្រប់​គ្រង​ជា​សេសារ​នៅ​រ៉ូម ពេល​យ៉ូហាន​ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​គាត់។17 នេះ​គឺ​ជា​លីសានាស​ដែល​លូកា​បាន​ប្រាប់​នោះ។

២០ ក្នុង​កិច្ច​ការ យើង​អាន​ថា​ប៉ុល​និង​បាណាបាស​បាន​ត្រូវ​ចាត់​ទៅ​ធ្វើ​ការ​សាសនទូត​នៅ​ស្រុក​គីប្រុស ហើយ​នៅ​ទី​នោះ​បាន​ជួប​នឹង​អ្នក​តំណាង​ជាតិ​រ៉ូម​ម្នាក់​ឈ្មោះ ស៊ើគាស​-​ប៉ុល៉ូស​«​ជា​អ្នក​ឆ្លៀវ​ឆ្លាត​»។ (​កិច្ច​ការ ១៣:៧​) នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩ នៅ​ស្រុក​គីប្រុស គេ​បាន​ជីក​ស្រាវ​ជ្រាវ​ឃើញ​អក្សរ​ចារឹក ពី​ឆ្នាំ​៥៥ ស.យ. ដែល​និយាយ​អំពី​បុរស​នេះ​ឯង។ បុរាណ​វត្ថុ​វិទូ អើនណែស្ត រ៉ាយ្ដ មាន​ប្រសាសន៍​អំពី​រឿង​នេះ​ថា​៖ ​«​នេះ​គឺ​សេចក្ដី​មួយ​ខាង​ក្រៅ​ព្រះ​គម្ពីរ ដែល​យើង​មាន ដែល​ថ្លែង​អំពី​អ្នក​តំណាង​នេះ ហើយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​លូកា​ប្រាប់​ឈ្មោះ​និង​មុខ​ងារ​របស់​លោក​នេះ​យ៉ាង​ត្រឹម​ត្រូវ។18

២១, ២២. ការ​អនុវត្ត​នៃ​សាសនា​អ្វី ដែល​ចែង​ក្នុង​ព្រះ​គម្ពីរ​ហើយ​បញ្ជាក់​ដោយ​ការ​ស្រាវ​ជ្រាវ​ឃើញ នៃ​បុរាណ​វត្ថុ​វិទ្យា?

២១ ពេល​ប៉ុល​នៅ​ក្រុង​អាថែន គាត់​ប្រាប់​ថា​គាត់​បាន​ឃើញ​អាសនា សម្រាប់​ថ្វាយ​ដល់​«​ព្រះ​ដ៏​ពុំ​ស្គាល់​»។ (​កិច្ច​ការ ១៧:២៣​) អាសនា​ថ្វាយ​ដល់​ព្រះ​អនាមិក ជា​អក្សរ​ឡាតាំង បាន​ត្រូវ​គេ​រក​ឃើញ​ក្នុង​តំបន់​ខ្លះ​នៃ​ចក្រភព​រ៉ូម។ គេ​បាន​រក​ឃើញ​អាសនា​មួយ​នៅ​ពើកាម៉ុស ទាំង​មាន​ចារឹក​ជា​អក្សរ​ក្រិក ដូច​នៅ​ក្រុង​អាថែន​ដែរ។

២២ ក្រោយ​មក កាល​នៅ​អេភេសូរ ប៉ុល​បាន​ត្រូវ​ពួក​ជាង​ប្រាក់​ប្រឆាំង​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​បាន​ប្រាក់​ចំណូល ពី​ការ​ធ្វើ​អាស្រម​និង​រូប​ចម្លាក់​ទេព​ធីតា​ឌីអាន។ ក្រុង​អេភេសូរ​បាន​ត្រូវ​គេ​ហៅ​ថា​«​ជា​អ្នក​ថែ​រក្សា​ព្រះ​វិហារ​នៃ[​ទេព​ធីតា​]ឌីអាន​ដ៏​ធំ​»។ (​កិច្ច​ការ ១៩:៣៥​) ស្រប​នឹង​សេចក្ដី​នេះ រូប​ចម្លាក់​មួយ​ចំនួន​នៃ​ទេព​ធីតា​ឌីអាន ដែល​ធ្វើ​ពី​ដី​ឥដ្ឋ​និង​ថ្ម​ពពាល បាន​ត្រូវ​រក​ឃើញ​នៅ​ទី​កន្លែង​អេភេសូរ​បុរាណ។ ក្នុង​សតវត្ស​មុន​នេះ ព្រះ​វិហារ​ដ៏​ធំ​ដែល​សែ​ស​សល់​បាន​ត្រូវ​គេ​ជីក​ស្រាយ​ជ្រាវ។

ទំនង​នៃ​សេចក្ដី​ពិត

២៣, ២៤. (​ក​) តើ​យើង​អាច​រក​ឃើញ​ភស្តុ​តាង​ដ៏​ខ្លាំង​បំផុត​នៅ​ឯ​ណា សម្រាប់​សេចក្ដី​ពិត​នៃ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក? (​ខ​) គុណ​សម្បត្ដិ​អ្វី​ជាប់​ជា​មួយ​នឹង​ព្រះ​គម្ពីរ ដែល​បញ្ជាក់​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ព្រះ​គម្ពីរ? សូម​ពន្យល់។

២៣ ដូច្នេះ​ប្រវត្ដិសាស្ត្រ​និង​បុរាណ​វត្ថុ​វិទ្យា​ពន្យល់ ហើយ​បញ្ជាក់​ខ្លះ​ដែរ អំពី​ចំណុច​ខាង​ប្រវត្ដិសាស្ត្រ នៃ​បទ​គម្ពីរ​ក្រិក។ ប៉ុន្តែ​ភស្តុ​តាង​ខ្លាំង​ជាង​គេ សម្រាប់​សេចក្ដី​ពិត​នៃ​ការ​សរសេរ​ទាំង​នេះ គឺ​នៅ​ក្នុង​សៀវភៅ​ទាំង​នេះ​ឯង។ ពេល​អ្នក​អាន អ្នក​នឹង​ឃើញ​ថា សៀវភៅ​ទាំង​នេះ​មិន​មាន​ទំនង​ដូច​រឿង​តាម​ប្រពៃណី​ទេ តែ​មាន​ទំនង​នៃ​សេចក្ដី​ពិត​វិញ។

២៤ ទី​មួយ​គឺ​ថា សៀវភៅ​ទាំង​នេះ​ស្មោះ​ត្រង់។ សូម​គិត​មើល​ពី​សេចក្ដី​កត់​ទុក​អំពី​ពេត្រុស។ ដែល​លោក​មិន​អាច​ដើរ​លើ​ទឹក​ហើយ​ត្រូវ​ខ្មាស​នោះ បាន​ត្រូវ​កត់​ទុក​យ៉ាង​ក្បោះ​ក្បាយ។ បន្ទាប់​មក​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​សាវ័ក ដ៏​មាន​គេ​គោរព​នេះ​ថា​៖ ​«​សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ​»​! (​ម៉ាថាយ ១៤:២៨​-​៣១; ១៦:២៣​) ថែម​ទៅ​ទៀត ក្រោយ​ពេល​ពេត្រុស​ប្រកែក​យ៉ាង​ខ្លាំង​ថា សូម្បី​តែ​អ្នក​ឯ​ទៀត​បោះ​បង់​ចោល​ព្រះ​យេស៊ូ លោក​នឹង​មិន​ធ្វើ​ដូច្នោះ​ឡើយ តែ​លោក​បាន​ដេក​លក់​នៅ​ពេល​ត្រូវ​យាម ហើយ​រួច​មក​ក៏​ប្រកែក​បី​ដង​ថា មិន​ស្គាល់​ព្រះ​អម្ចាស់​របស់​លោក​ទេ។—ម៉ាថាយ ២៦:៣១​-​៣៥, ៣៧​-​៤៥, ៧៣​-​៧៥

២៥. តើ​អ្នក​សរសេរ​ព្រះ​គម្ពីរ​និយាយ​ប្រាប់​យ៉ាង​ស្មោះ​ត្រង់​នូវ​ភាព​ខ្សោយ​អ្វី​ខ្លះ​របស់​ពួក​សាវ័ក?

២៥ ប៉ុន្តែ​មិន​មែន​ភាព​ខ្សោយ​របស់​ពេត្រុស​តែ​ម្នាក់​ទេ ដែល​បាន​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង​នោះ។ ដែល​ពួក​សាវ័ក​ឈ្លោះ​គ្នា ថា​អ្នក​ណា​គឺ​ធំ​ក្នុង​ចំណោម​គេ​នោះ បាន​ត្រូវ​កត់​ទុក​យ៉ាង​ស្មោះ​ត្រង់ ឥត​មាន​លាក់​បាំង​អ្វី​ឡើយ។ (​ម៉ាថាយ ១៨:១; ម៉ាកុស ៩:៣៤; លូកា ២២:២៤​) ហើយ​សេចក្ដី​កត់​ទុក​ក៏​ប្រាប់​ដែរ​ថា ម្ដាយ​របស់​សាវ័ក​យ៉ាកុប​និង​យ៉ូហាន បាន​សូម​ព្រះ​យេស៊ូ​ឲ្យ​ទ្រង់​ប្រទាន​កូន​ប្រុស​របស់​នាង នូវ​ឋានៈ​ដ៏​ល្អ​បំផុត​ក្នុង​ព្រះ​រាជាណាចក្រ​ទ្រង់។ (​ម៉ាថាយ ២០:២០​-​២៣​) ​«​ការណ៍​ទាស់​ទែង​គ្នា​យ៉ាង​ខ្លាំង​»​ រវាង​បាណាបាស​និង​ប៉ុល​ក៏​បាន​ត្រូវ​កត់​ទុក​យ៉ាង​ស្មោះ​ត្រង់​ៗ​ដែរ។—កិច្ច​ការ ១៥:៣៦​-​៣៩

២៦. តើ​រឿង​ល្អិត​ល្អន់​អ្វី​អំពី​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដែល​នឹង​ត្រូវ​សរសេរ​បញ្ចូល លុះ​ត្រា​តែ​រឿង​នេះ​ជា​រឿង​ពិត?

២៦ គួរ​កត់​សម្គាល់​ដែរ ដែល​សៀវភៅ​លូកា​ប្រាប់​ថា គឺ​ជា​«​ពួក​ស្រី​ៗ ដែល​មក​ពី​ស្រុក​កាលីឡេ​ជា​មួយ​នឹង​ទ្រង់​»​ដែល​បាន​ដឹង​មុន​គេ ថា​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ នេះ​គឺ​ប្លែក​ណាស់​នៅ​ក្នុង​សង្គម​នៃ​សតវត្ស​ទី​មួយ ដែល​គ្រប់​គ្រង​ដោយ​មនុស្ស​ភេទ​ប្រុស។ ជា​ប្រាកដ តាម​សេចក្ដី​កត់​ទុក​នោះ ពាក្យ​សំដី​របស់​ពួក​ស្ត្រី ​«​មើល​ទៅ​ដូច​ជា​រឿង​លេង​សុទ្ធ​»​ចំពោះ​ពួក​សាវ័ក។ (​លូកា ២៣:៥៥–២៤:១១​) បើ​ប្រវត្ដិសាស្ត្រ​ក្នុង​បទ​គម្ពីរ​ក្រិក​គឺ​មិន​ពិត នោះ​វា​ច្បាស់​ជា​ត្រូវ​គេ​ប្រឌិត។ ប៉ុន្តែ​ហេតុ​អ្វី​បាន​គេ​ប្រឌិត​រឿង​មួយ អំពី​មនុស្ស​ដ៏​មាន​កិត្ដិយស​បែប​នេះ ដោយ​ឥត​ប្រើ​ពាក្យ​សរសើរ​បញ្ជោរ​សោះ? ទាល់​តែ​នេះ​ជា​រឿង​ពិត ទើប​គេ​សរសេរ​បញ្ចូល។

ព្រះ​យេស៊ូ—ជា​បុគ្គល​មែន​ទែន

២៧. តាម​របៀប​ណា​ដែល​អ្នក​ប្រវត្ដិសាស្ត្រ​បញ្ជាក់​ថា ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ?

២៧ មនុស្ស​ជា​ច្រើន​បាន​យល់​ថា ព្រះ​យេស៊ូ​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​បុគ្គល​តាម​ឧត្តម​គតិ​ក្នុង​រឿង​ប្រឌិត។ ប៉ុន្តែ​អ្នក​ប្រវត្ដិសាស្ត្រ មីកែល ហ្គ្រែន្ថ ប្រាប់​ថា​៖ ​«​បើ​យើង​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​សញ្ញា​ថ្មី ដូច​ដែល​យើង​ប្រើ​សម្រាប់​សេចក្ដី​សរសេរ​បុរាណ​ឯ​ទៀត ដែល​មាន​រឿង​ប្រវត្ដិសាស្ត្រ នោះ​យើង​មិន​អាច​ថា គ្មាន​ព្រះ​យេស៊ូ​បាន​ឡើយ ដូច​ដែល​យើង​មិន​អាច​ថា គ្មាន​ពាហិរជន​ជា​ច្រើន​ដែរ។ ហើយ​ឯ​ពាហិរជន​ទាំង​នេះ មិន​ដែល​មាន​គេ​សង្ស័យ ថា​មាន​ឬ​មិន​មាន​ផង ក្នុង​ប្រវត្ដិសាស្ត្រ​»។19

២៨, ២៩. ហេតុ​អ្វី​ជា​ការ​សំខាន់ ដែល​សិក្ខាបទ​ទាំង​បួន​រៀប​រាប់​យ៉ាង​ស្រប​គ្នា អំពី​បុគ្គលិក​លក្ខណៈ​នៃ​ព្រះ​យេស៊ូ?

២៨ ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​បាន​ប្រាប់​ថា មាន​ព្រះ​យេស៊ូ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ទាំង​សម្ដែង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ដែរ ដោយ​ទំនង​នៃ​សេចក្ដី​ពិត ឥត​ការ​សង្ស័យ​ឡើយ។ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ដែល​បង្កើត​តួ​បុគ្គល​ម្នាក់​ដ៏​ប្លែក​ពី​ធម្មតា ហើយ​រៀប​រាប់​លក្ខណៈ​តួ​នេះ​ដោយ​ឥត​ប្រែ​ប្រួល​ក្នុង​សៀវភៅ​ទាំង​មូល​នោះ។ អ្នក​សរសេរ​បួន​នាក់​ផ្សេង​គ្នា មិន​ងាយ​នឹង​សរសេរ​អំពី​តួ​បុគ្គល​ដដែល​នេះ​ទេ ហើយ​រៀប​រាប់​លក្ខណៈ​គាត់​ដោយ​ឥត​ប្រែ​ប្រួល​នោះ​ឡើយ ប្រសិន​បើ​មិន​ដែល​មាន​បុគ្គល​នេះ។ ដែល​សិក្ខាបទ​ទាំង​បួន​រៀប​រាប់​ព្រះ​យេស៊ូ​ថា​ជា​បុគ្គល​តែ​មួយ នោះ​គឺ​ជា​ទី​សំអាង​ដ៏​ខ្លាំង​មួយ​ដែល​ថា សិក្ខាបទ​ទាំង​នេះ គឺ​ពិត​ត្រឹម​ត្រូវ។

២៩ លោក មីកែល ហ្គ្រែន្ថ ស្រង់​សំនួរ​ដ៏​ត្រឹម​ត្រូវ​មួយ​ថា​៖ ​«​តាម​ប្រពៃណី​ទាំង​អស់​ក្នុង​សិក្ខាបទ ហេតុ​អ្វី​ក៏​មាន​ការ​ពណ៌នា​ដ៏​អស្ចារ្យ​ឥត​ប្រែ​ប្រួល អំពី​បុរស​វ័យ​ក្មេង​ដ៏​ស្អាត​ម្នាក់ ដែល​រស់​នៅ​យ៉ាង​សេរី ក្នុង​ចំណោម​ពួក​ស្ត្រី​គ្រប់​យ៉ាង ព្រម​ទាំង​ស្ត្រី​មាន​ឋានៈ​ថោក​ទាប​ផង ដោយ​គ្មាន​ស​ញ្ចេ​តភាព គ្មាន​ភាព​ខុស​ពី​ធម្មតា ឬ​គ្មាន​ការ​ប្រកាន់​សីលធម៌​ហួស​ហេតុ​សោះ ប៉ុន្តែ​តែង​តែ​មាន​សេចក្ដី​ស្មោះ​គ្រប់​ល័ក្ខណ៍​ជា​និច្ច​វិញ​»​?20 មាន​តែ​ចម្លើយ​មួយ​ទេ ថា​បុគ្គល​នេះ​បាន​រស់​នៅ​ពិត ហើយ​បាន​ប្រព្រឹត្ត​ដូច​ព្រះ​គម្ពីរ​ប្រាប់​អញ្ចឹង។

ហេតុ​អ្វី​គេ​មិន​ជឿ

៣០, ៣១. ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ថា​ជា​ទៀង​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ ថ្វី​បើ​មាន​ទី​សំអាង​ទាំង​អស់​នេះ?

៣០ ដោយ​មាន​ទី​សំអាង​ដ៏​ខ្លាំង ថា​បទ​គម្ពីរ​ក្រិក​គឺ​ជា​ប្រវត្ដិសាស្ត្រ​ពិត ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​និយាយ​ថា​មិន​មែន​ទៅ​វិញ? ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​បទ​គម្ពីរ​មួយ​ចំណែក​ខ្លះ​ថា​ជា​ពិត ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​សេចក្ដី​ទាំង​អស់​ក្នុង​បទ​គម្ពីរ? គឺ​ពីព្រោះ​តែ​ព្រះ​គម្ពីរ​សរសេរ​រឿង ដែល​អ្នក​មាន​ប្រាជ្ញា​សម័យ​ថ្មី​នេះ​មិន​ចង់​ជឿ។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ប្រាប់​ថា​ព្រះ​យេស៊ូ​បាន​សម្រេច​ទំនាយ ហើយ​បាន​ទាយ​ប្រាប់​ផង ក៏​ប្រាប់​ថា​ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ ហើយ​ថា​ក្រោយ​ពេល​ទ្រង់​បាន​សោយ​ទិវង្គត ទ្រង់​ក៏​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

៣១ នៅ​សតវត្ស​ទី​២០​ដ៏​សម្បូរ​ការ​សង្ស័យ​នេះ រឿង​ដូច​នេះ​គឺ​មិន​គួរ​ឲ្យ​ជឿ​បាន​ទេ។ អំពី​អព្ភូតហេតុ សាស្ដ្រាចារ្យ អែសរ៉ា ហ្គូល្ដ​មាន​ប្រសាសន៍​ថា​៖ ​«​មាន​លក្ខ​ខណ្ឌ​មួយ ដែល​អ្នក​ធ្វើ​វិវេចនា​ខ្លះ យល់​ថា​សមរម្យ​ចំពោះ​គេ គឺ​ថា . . . គ្មាន​អព្ភូតហេតុ​កើត​ឡើង​ទេ​»។21 អ្នក​ខ្លះ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូ​បាន​ព្យាបាល​ជម្ងឺ ប៉ុន្តែ​ព្យាបាល​តែ​ជម្ងឺ ខាង​ចិត្ត​រោគ ‹ចិត្ត​លើ​រូបធាតុ› តែ​ប៉ុណ្ណោះ។ ចំពោះ​អព្ភូតហេតុ​ឯ​ទៀត គេ​ភាគ​ច្រើន​ដោះ​សា​ថា​ជា​រឿង​ប្រឌិត ឬ​ក៏​រឿង​ប្រាប់​បង្វែង​ឲ្យ​ខុស​ពី​ព្រឹត្ដិការណ៍​ពិត។

៣២, ៣៣. តាម​របៀប​ណា​ដែល​អ្នក​ខ្លះ​ខំ​និយាយ​ដោះ​សា​ថា អព្ភូតហេតុ​នៃ​ព្រះ​យេស៊ូ​គឺ​មិន​ពិត​ទេ ពេល​ទ្រង់​ប្រទាន​អាហារ​ឲ្យ​មនុស្ស​មួយ​ហ្វូង​ធំ បរិភោគ​បាន​ឆ្អែត ប៉ុន្តែ​ហេតុ​អ្វី​ការ​ដោះ​សា​នេះ​មិន​សម​ហេតុ​សោះ?

៣២ ជា​ឧទាហរណ៍​មួយ សូម​ពិចារណា​គ្រា​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​នំ​ប៉័ង​តែ​ពីរ​បី​និង​ត្រី​ពីរ ឲ្យ​ហ្វូង​មនុស្ស​ជាង​៥.០០០​នាក់ បរិភោគ​បាន​ឆ្អែត។ (​ម៉ាថាយ ១៤:១៤​-​២២​) អ្នក​ប្រាជ្ញ សតវត្ស​ទី​១៩ ឈ្មោះ ហិនរីជ ប៉ូលឺស ឲ្យ​យោបល់​ថា រឿង​ដែល​បាន​កើត​ឡើង​មែន​ទែន​គឺ​ដូច្នេះ​៖ ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ទ្រង់ បាន​ឃើញ​មនុស្ស​មួយ​ហ្វូង​ធំ ដែល​នៅ​ស្ដាប់​នោះ​ឃ្លាន​ចំណី។ ម្ល៉ោះ​ហើយ​ទ្រង់​ក៏​សម្រេច​ចិត្ត​នឹង ធ្វើ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ សម្រាប់​ពួក​អ្នក​ដែល​មាន​ក្នុង​ចំណោម​មនុស្ស។ ទ្រង់​ក៏​យក​ចំណី​តិច​តួច ដែល​ទ្រង់​និង​ពួក​សាវ័ក​មាន ហើយ​ចែក​ឲ្យ​ហ្វូង​មនុស្ស។ មិន​យូរ​ប៉ុន្មាន អ្នក​ឯ​ទៀត​ដែល​បាន​យក​ចំណី​មក ក៏​ធ្វើ​តាម​ឧទាហរណ៍​ទ្រង់ ហើយ​ចែក​ចំណី​របស់​គេ​ដែរ។ ដល់​ទី​បំផុត ហ្វូង​មនុស្ស​ទាំង​អស់​ក៏​បាន​ឆ្អែត​ទៅ។22

៣៣ ប៉ុន្តែ ប្រសិន​បើ​រឿង​នេះ​បាន​កើត​ឡើង​ដូច្នេះ​មែន នោះ​នឹង​គឺ​ជា​ភស្តុ​តាង​ដ៏​អស្ចារ្យ​មួយ អំពី​អនុ​ភាព​នៃ​ឧទាហរណ៍​ល្អ។ ហេតុ​អ្វី​ក៏​រឿង​ដ៏​ចាប់​អារម្មណ៍​និង​មាន​ន័យ​បែប​នេះ ត្រូវ​ចាំ​បាច់​កែ​បង្វែង ឲ្យ​ទៅ​ជា​រឿង​អព្ភូតហេតុ​អធិធម្មជាតិ​ទៅ​វិញ? ជា​ប្រាកដ ការ​ខិត​ខំ​ដោះ​សា​ថា​អព្ភូតហេតុមិន​មែន​ជា​រឿង​ពិត នឹង​បណ្ដាល​ឲ្យ​មាន​ការ​ស្មុគ​ស្មាញ​រឹត​តែ​ច្រើន​ទៅ​ទៀត។ ហើយ​ការ​ខិត​ខំ​ទាំង​អស់​នេះ សុទ្ធ​តែ​សំអាង​លើ​ការ​សន្មត​មិន​ពិត ចាប់​ផ្ដើម​ដោយ​សន្មត​ថា មិន​អាច​មាន​អព្ភូតហេតុ​ទេ។ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ត្រូវ​ដូច្នេះ?

៣៤. បើ​ព្រះ​គម្ពីរ​ពិត​ជា​មាន​ទំនាយ​ទៀង​ត្រូវ និង​មាន​រឿង​អព្ភូតហេតុ​ពិត តើ​នោះ​បញ្ជាក់​អំពី​អ្វី?

៣៤ តាម​គំរូ​ដ៏​សម​ហេតុ​បំផុត បទ​គម្ពីរ​ហេព្រើរ​និង​បទ​គម្ពីរ​ក្រិក​គឺ​ជា​ប្រវត្ដិសាស្ត្រ​ពិត ហើយ​បទ​គម្ពីរ​ទាំង​ពីរ​មាន​ឧទាហរណ៍​អំពី​ទំនាយ​និង​អព្ភូតហេតុ។ (​ប្រៀប​ធៀប ពង្សាវតារ​ក្សត្រ​ទី​២ ៤:៤២​-​៤៤​) ដូច្នេះ តើ​មាន​ន័យ​អ្វី ប្រសិន​បើ​ទំនាយ​គឺ​ជា​ពិត? ហើយ​មាន​ន័យ​អ្វី​ទៅ បើ​សិន​អព្ភូតហេតុ​ពិត​ជា​បាន​កើត​ឡើង​មែន? បើ​ដូច្នោះ ព្រះ​ពិត​ជា​មាន​ទាក់​ទង​នឹង​ការ​សរសេរ​ព្រះ​គម្ពីរ​ហើយ ដែល​ជា​បន្ទូល​របស់​ទ្រង់​ពិត មិន​មែន​ពាក្យ​សំដី​របស់​មនុស្ស​ទេ។ នៅ​ជំពូក​ខាង​មុខ យើង​នឹង​ពិគ្រោះ​សំនួរ​អំពី​ទំនាយ ប៉ុន្តែ​សូម​យើង​ពិចារណា​មើល​អព្ភូតហេតុ​មុន​សិន។ នៅ​សតវត្ស​ទី​២០​នេះ តើ​ជា​ការ​សម​ហេតុ​ទេ​នឹង​ជឿ​ថា អព្ភូតហេតុ​បាន​កើត​ឡើង​មែន​នៅ​សតវត្ស​ដើម?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦៦​]

ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​និយាយ​ថា ពួក​ស្ត្រី​បាន​ឃើញ​ព្រះ​យេស៊ូ​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បើ​ការ​នេះ​មិន​បាន​កើត​ឡើង​មែន?

[​ប្រអប់​នៅ​ទំព័រ​៥៦​]

វិវេចនា​សម័យ​ថ្មី​ឃើញ​ថា ឥត​ពេញ​ខ្នាត

ជា​ឧទាហរណ៍​មួយ អំពី​ភាព​ឥត​ច្បាស់​លាស់ នៃ​វិវេចនា​សម័យ​ថ្មី​លើ​ព្រះ​គម្ពីរ សូម​ពិចារណា​សេចក្ដី​នេះ​របស់​លោក រេម៉ុន្ត ប្រន អំពី​សិក្ខាបទ​នៃ​យ៉ូហាន​៖ ​«​នៅ​ចុង​សតវត្ស​មុន និង​ឆ្នាំ​ដំបូង​នៃ​សតវត្ស​នេះ វិធី​សិក្សា​មាន​ការ​មិន​ជឿ​ជា​ខ្លាំង ដល់​សិក្ខាបទ​នេះ​មួយ​រយៈ​ពេល។ សៀវភៅ​យ៉ូហាន​បាន​ត្រូវ​សរសេរ​ជា​យូរ​ណាស់​មក​ហើយ តាំង​ពី​ចុង​ពាក់​កណ្ដាល​សតវត្ស​ទី​២​ម្ល៉េះ។ ដូច​ជា​ផល​នៃ​ពិភព​ខាង​សាសន៍​ក្រិក សៀវភៅ​នេះ​បាន​ត្រូវ​គេ​យល់​ថា គ្មាន​តម្លៃ​ខាង​ប្រវត្ដិសាស្ត្រ​សោះ ហើយ​មាន​រឿង​តិច​តួច​ណាស់ ដែល​ទាក់​ទង​នឹង​ប៉ាឡេស្ទីន​នៃ​ព្រះ​យេស៊ូ ពី​ណាសារ៉ែត . . .

​«​គឺ​គ្មាន​ការ​ចោទ​ដូច​នេះ​ទេ ដែល​មិន​បាន​ត្រូវ​ទាស់​ដោយ​ការ​រក​ឃើញ​បន្ត​បន្ទាប់ ដ៏​មិន​នឹក​ដល់​ខាង​បុរាណ​វត្ថុ​វិទ្យា ខាង​ឯកសារ និង​ខាង​អត្ថបទ​នោះ​ឡើយ។ ការ​រក​ឃើញ​ទាំង​នេះ​នាំ​យើង​ឲ្យ​ឆ្លើយ​តប​យ៉ាង​ឆ្លៀវ​ឆ្លាត នឹង​មតិ​ទិតៀន ដែល​សឹង​តែ​ក្លាយ​ជា​ទម្លាប់​ធម្មតា ហើយ​នាំ​យើង​ឲ្យ​ដឹង​យល់​ទៀត នូវ​ភាព​ខ្សោយ​នៃ​មូលដ្ឋាន ដែល​គាំទ្រ​ការ​វែក​ញែក​ដ៏​ពេញ​ដោយ​សេចក្ដី​សង្ស័យ នៃ​សៀវភៅ​យ៉ូហាន។ . . .

​«​ចុង​សតវត្ស​ទី​១ ឬ​មុន​ពេល​នេះ បាន​ត្រូវ​រាប់​ថា ជា​ពេល​ដែល​សិក្ខាបទ​បាន​ត្រូវ​សរសេរ​ទៅ​វិញ។ . . . ប្រហែល​ជា​ចម្លែក​បំផុត ពួក​អ្នក​ប្រាជ្ញ​ខ្លះ​ហ៊ាន​ទាំង​ឲ្យ​យោបល់​ម្ដង​ទៀត​ថា យ៉ូហាន​ជា​កូន​ប្រុស​នៃ​សេបេដេ ប្រហែល​ជា​មាន​ទាក់​ទង​នឹង​សិក្ខាបទ​នេះ​ដែរ​»​!3

ហេតុ​អ្វី​ក៏​ហាក់​ដូច​ជា​ចម្លែក​ដោយ​ជឿ​ថា យ៉ូហាន​បាន​សរសេរ​សៀវភៅ ដែល​តាម​ទំនៀម​គឺ​សរសេរ​ដោយ​ខ្លួន​លោក​នោះ? គឺ​ពីព្រោះ​តែ​វា​ឥត​ស្រប​នឹង​គំនិត​យល់​ឃើញ​ជា​មុន របស់​អ្នក​ធ្វើ​វិវេចនា។

[​ប្រអប់​នៅ​ទំព័រ​៧០​]

ការ​ទិតៀន​មួយ​ទៀត​ដល់​ព្រះ​គម្ពីរ

លោក​ធីម៉ូថេ វេបឺរ សរសេរ​ថា​៖ ​«​លទ្ធផល​នៃ​វិវេចនា​ជាន់​ខ្ពស់ បាន​ធ្វើ​ឲ្យ​មនុស្ស​ធម្មតា មិន​ទុក​ចិត្ត​លើ​សមត្ថភាព​នៃ​ខ្លួន​គេ ក្នុង​ការ​ដឹង​យល់​អ្វី​ៗ​[​ក្នុង​ព្រះ​គម្ពីរ​]។ . . . លោក​ភាសុន មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ចំពោះ​អ្នក​ផ្សាយ​លទ្ធិ​ព្រះ​យេស៊ូ​ជា​ច្រើន ដោយ​មាន​ប្រសាសន៍​ថា ‹ដូច​លទ្ធិ​រ៉ូម [​វិវេចនា​ជាន់​ខ្ពស់​]ដក​យក​បន្ទូល​នៃ​ព្រះ​ពី​ជន​សាមញ្ញ ដោយ​សន្មត​ថា​មាន​តែ​ពួក​អ្នក​ប្រាជ្ញ​ទេ​ដែល​អាច​បក​ស្រាយ​ព្រះ​បន្ទូល​បាន។ រ៉ូម​បាន​ដាក់​សង្ឃ​នៅ​រវាង​មនុស្ស និង​ព្រះ​បន្ទូល រីឯ​ការ​វិវេចនា​វិញ​បាន​ដាក់​អ្នក​អធិប្បាយ​ដ៏​ចេះ​ដឹង​នៅ​រវាង​អ្នក​មាន​ជំនឿ និង​ព្រះ​គម្ពីរ​របស់​គេ›​»។23 ម្ល៉ោះ​ហើយ វិវេចនា​ជាន់​ខ្ពស់​សម័យ​ថ្មី គឺ​ឃើញ​ថា​គ្រាន់​តែ​ជា​ការ​ទិតៀន​មួយ​ទៀត ដល់​ព្រះ​គម្ពីរ​តែ​ប៉ុណ្ណោះ។

[​រូប​ភាព​នៅ​ទំព័រ​៦២​]

អាសនា​នេះ​នៅ​ក្រុង​ពើកាមុស គឺ​ឃើញ​បាន​ត្រូវ​ថ្វាយ​ដល់​«​ព្រះ​ដ៏​ពុំ​ស្គាល់​»​

[​រូប​ភាព​នៅ​ទំព័រ​៦៣​]

សំណង់​បាក់​បែក​នៃ​វិហារ​ទេព​ធីតា​ឌីអាន​ដែល​ពី​មុន​ជា​វិហារ​ដ៏​អស្ចារ្យ​មួយ ដែល​ពួក​អេភេសូរ​មាន​ចិត្ត​សរសើរ

[​រូប​ភាព​នៅ​ទំព័រ​៦៤​]

ព្រះ​គម្ពីរ​ប្រាប់​ដោយ​ស្មោះ​ថា ពេត្រុស​បាន​ប្រកែក​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ

[​រូប​ភាព​នៅ​ទំព័រ​៦៧​]

ព្រះ​គម្ពីរ​បាន​កត់​ទុក​ដោយ​ស្មោះ​អំពី​«​ការណ៍​ទាស់​ទែង​គ្នា​ជា​ខ្លាំង​»​រវាង​ប៉ុល​និង​បាណាបាស

[​រូប​ភាព​នៅ​ទំព័រ​៦៨​]

ភាព​ស្រប​គ្នា​ក្នុង​ការ​ពណ៌នា​អំពី​ព្រះ​យេស៊ូ​ក្នុង​សិក្ខាបទ​ទាំង​បួន គឺ​ជា​ភស្តុ​តាង​ដ៏​ខ្លាំង​ថា សិក្ខាបទ​ទាំង​នោះ​គឺ​ពិត

[​រូប​ភាព​នៅ​ទំព័រ​៦៩​]

អ្នក​ធ្វើ​វិវេចនា​សម័យ​ថ្មី​ភាគ​ច្រើន សន្មត​ថា​មិន​មាន​អព្ភូតហេតុ​កើត​ឡើង​ទេ