លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះគម្ពីរនិយាយប្រឆាំងគ្នាឬ?

តើព្រះគម្ពីរនិយាយប្រឆាំងគ្នាឬ?

ជំពូក​ទី​៧

តើ​ព្រះ​គម្ពីរ​និយាយ​ប្រឆាំង​គ្នា​ឬ?

មាន​ការ​ចោទ​មួយ​ដែល​តែង​តែ​ថា ព្រះ​គម្ពីរ​និយាយ​ប្រឆាំង​គ្នា។ ធម្មតា អ្នក​ដែល​ធ្វើ​ការ​ចោទ​នេះ​មិន​បាន​អាន​ព្រះ​គម្ពីរ​ដោយ​ខ្លួន​គេ​ទេ គេ​គ្រាន់​តែ​និយាយ​តាម​ដែល​គេ​បាន​ឮ​ប៉ុណ្ណោះ។ ប៉ុន្តែ អ្នក​ខ្លះ​បាន​ឃើញ​ហាក់​ដូច​ជា​មាន​ការ​និយាយ​ប្រឆាំង​គ្នា​មែន ក្នុង​ព្រះ​គម្ពីរ ហើយ​ក៏​មាន​ចិត្ត​ខ្វល់​ខ្វាយ​ដោយ​ការ​នោះ។

១, ២. (​រួម​បុព្វយោគ​) (​ក​) តើ​ការ​ចោទ​អ្វី​ដែល​គេ​ធ្វើ​ប្រឆាំង​នឹង​ព្រះ​គម្ពីរ​ជា​ញឹក​ញយ? (​ខ​) ពេល​ប្រៀប​ធៀប​វគ្គ​នៃ​ព្រះ​គម្ពីរ យើង​គួរ​តែ​ចាំ​អំពី​អ្វី? (​គ​) គឺ​ជា​ហេតុ​អ្វី​ខ្លះ​ដែល​ជួន​កាល​មាន​ការ​ខុស​គ្នា ក្នុង​របៀប​ដែល​អ្នក​សរសេរ​ព្រះ​គម្ពីរ​ពីរ​នាក់​និយាយ​អំពី​ព្រឹត្ដិការណ៍​តែ​មួយ?

 បើ​ព្រះ​គម្ពីរ​ពិត​ជា​បន្ទូល​នៃ​ព្រះ នោះ​ព្រះ​គម្ពីរ​គួរ​តែ​មាន​ភាព​ស្រប​គ្នា មិន​មែន​និយាយ​ប្រឆាំង​គ្នា​ទេ។ ដូច្នេះ ហេតុ​អ្វី​ក៏​វគ្គ​ខ្លះ​ហាក់​ដូច​ជា​និយាយ​ប្រឆាំង​នឹង​វគ្គ​ឯ​ទៀត? ដើម្បី​ឆ្លើយ យើង​ត្រូវ​តែ​ចាំ​ថា កាល​ដែល​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ តែ​បាន​ត្រូវ​សរសេរ​ដោយ​មនុស្ស​មួយ​ចំនួន ក្នុង​រយៈ​បី​បួន​សតវត្ស។ អ្នក​សរសេរ​ទាំង​នេះ​មាន​សាវតារ ម៉ូដ​សរសេរ និង​និស្ស័យ​ខុស​ៗ​គ្នា ហើយ​ការ​ខុស​គ្នា​អស់​នេះ​គឺ​ឃើញ​ក្នុង​ការ​សរសេរ​របស់​គេ​ដែរ។

ម្យ៉ាង​ទៀត បើ​អ្នក​សរសេរ​ពីរ​នាក់ ឬ​ច្រើន​ជាង​ពីរ​នាក់​ពិគ្រោះ​អំពី​ព្រឹត្ដិការណ៍​តែ​មួយ ម្នាក់​អាច​រួម​សេចក្ដី​ល្អិត​ល្អន់ ដែល​ម្នាក់​ទៀត​មិន​បាន​បញ្ចូល។ ថែម​ទៅ​ទៀត អ្នក​សរសេរ​ផ្សេង​គ្នា​បង្ហាញ​រឿង​សេចក្ដី តាម​របៀប​ផ្សេង​ៗ​គ្នា។ ម្នាក់​អាច​សរសេរ​តាម​លំដាប់​ពេល​វេលា ឯ​ម្នាក់​ទៀត​អាច​សរសេរ​តាម​របៀប​ផ្សេង​ៗ​វិញ។ ក្នុង​ជំពូក​នេះ យើង​នឹង​បង្ហាញ​សេចក្ដី​ប្រឆាំង​គ្នា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ដែល​គេ​ចោទ​ដោយ​គ្មាន​ភស្តុ​តាង ហើយ​ពិចារណា​អំពី​របៀប​សម្រុះ​សម្រួល ដោយ​យក​កត្ដា​ខាង​លើ​មក​គិត​ផង។

សាក្សី​ដែល​ឥត​ពឹង​ពាក់​គ្នា

៣, ៤. អំពី​មេ​ទ័ព​ដែល​មាន​បាវ​បំរើ​ម្នាក់​ឈឺ​នោះ តើ​មាន​ទំនង​ជា​ការ​ខុស​គ្នា​អ្វី រវាង​ដំណើរ​រឿង​របស់​ម៉ាថាយ​និង​លូកា ហើយ​ដំណើរ​រឿង​ទាំង​នេះ​អាច​សម្រុះ​សម្រួល​បាន​យ៉ាង​ដូច​ម្ដេច?

​«​សេចក្ដី​ប្រឆាំង​គ្នា​»​ខ្លះ​កើត​មាន​ឡើង ពេល​យើង​មាន​ដំណើរ​រឿង​ពីរ​ឬ​ច្រើន​ជាង​ពីរ​អំពី​ព្រឹត្ដិការណ៍​តែ​មួយ។ ជា​ឧទាហរណ៍ នៅ​ម៉ាថាយ ៨:៥ យើង​អាន​ថា ពេល​ព្រះ​យេស៊ូ​យាង​មក​ក្រុង​កាពើណិម ​«​នោះ​មេ​ទ័ព​ម្នាក់​មក​ឯ​ទ្រង់​ទូល​អង្វរ​»​សូម​ព្រះ​យេស៊ូ​ឲ្យ​ប្រោស​បាវ​បំរើ​របស់​លោក​ឲ្យ​បាន​ជា។ ប៉ុន្តែ​នៅ​លូកា ៧:៣ យើង​អាន​អំពី​មេ​ទ័ព​នេះ ថា​លោក​បាន ​«​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ[​ព្រះ​យេស៊ូ​]មក​ជួយ​សង្គ្រោះ​បាវ​នោះ​»។ តើ​មេ​ទ័ព​នេះ​បាន​ទូល​ដល់​ព្រះ ឬ​ក៏​លោក​បាន​ចាត់​ពួក​ចាស់​ទុំ?

ច្បាស់​ណាស់ ចម្លើយ​គឺ​ថា លោក​នោះ​បាន​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា។ ដូច្នេះ ហេតុ​អ្វី​ក៏​ម៉ាថាយ​ថា លោក​នោះ​ទូល​អង្វរ​ព្រះ​យេស៊ូ​ដោយ​ខ្លួន​លោក​វិញ? ពីព្រោះ​តាម​ការ​ពិត លោក​នោះ​សូម​អង្វរ​ព្រះ​យេស៊ូ តាម​រយៈ​ពួក​ចាស់​ទុំ​សាសន៍​យូដា​ទេ។ ពួក​ចាស់​ទុំ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​លោក។

៥. ហេតុ​អ្វី​ព្រះ​គម្ពីរ​ចែង​ថា សាឡូម៉ូន​សង់​ព្រះ​វិហារ ពេល​ដែល​ការ​សង់​មែន​ទែន​គឺ​ដោយ​អ្នក​ផ្សេង​ទៀត?

ដើម្បី​ពន្យល់​ការ​នេះ យើង​អាន​នៅ​របាក្សត្រ​ទី​២ ៣:១ ថា​៖ ​«​រួច​មក សាឡូម៉ូន​ទ្រង់​ចាប់​តាំង​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា ក្នុង​ក្រុង​យេរូសាឡិម​»។ ក្រោយ​មក យើង​អាន​ថា​៖ ​«​ដូច្នេះ​សាឡូម៉ូន​បាន​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា . . . រួច​ជា​ស្រេច​»។ (​របាក្សត្រ​ទី​២ ៧:១១​) តើ​សាឡូម៉ូន​សង់​ព្រះ​វិហារ​ពី​ដើម​ដល់​ចប់​ដោយ​ខ្លួន​ឯង​ឬ? មិន​មែន​សោះ​ឡើយ ការ​សង់​មែន​ទែន​គឺ​ដោយ​ពួក​សិប្បករ​និង​កម្មករ​ដ៏​ច្រើន​អនេក។ ប៉ុន្តែ សាឡូម៉ូន​គឺ​ជា​អ្នក​រៀបចំ​កិច្ច​ការ​នោះ ជា​អ្នក​ទទួល​ខុស​ត្រូវ។ ដូច្នេះ​ព្រះ​គម្ពីរ​ក៏​ចែង​ថា​ទ្រង់​សង់​ព្រះ​វិហារ​នោះ។ ក្នុង​របៀប​ដូច​គ្នា សិក្ខាបទ​នៃ​ម៉ាថាយ​ប្រាប់​យើង​ថា មេ​ទ័ព​នោះ​បាន​ចាប់​ទាក់​ទង​ព្រះ​យេស៊ូ។ ប៉ុន្តែ លូកា​ប្រាប់​សេចក្ដី​ល្អិត​ល្អន់​ថែម​ទៀត ថា​លោក​បាន​ចាប់​ទាក់​ទង់​ទ្រង់​តាម​រយ:ពួក​ចាស់​ទុំ​សាសន៍​យូដា។

៦, ៧. តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្រុះ​សម្រួល​ដំណើរ​រឿង​ពីរ​ផ្សេង​គ្នា ក្នុង​សិក្ខាបទ អំពី​សេចក្ដី​ស្នើ​សុំ​នៃ​កូន​សេបេដេ?

មាន​ឧទាហរណ៍​ស្រដៀង​គ្នា​មួយ​ទៀត។ នៅ​ម៉ាថាយ ២០:២០, ២១ យើង​អាន​ថា​៖ ​«​ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ[​ព្រះ​យេស៊ូ​] ក្រាប​ថ្វាយ​បង្គំ​ទូល​សូម​សេចក្ដី​មួយ​»។ នាង​គឺ​សូម​ថា កូន​របស់​នាង​គួរ​បាន​ឋានៈ​ដ៏​ល្អ​បំផុត ពេល​ព្រះ​យេស៊ូ​ទទួល​អំណាច​រាជាណាចក្រ​របស់​ទ្រង់។ យើង​អាន​ក្នុង​ដំណើរ​រឿង​របស់​ម៉ាកុស អំពី​ព្រឹត្ដិការណ៍​ដដែល​នេះ​ថា​៖ ​«​យ៉ាកុប នឹង​យ៉ូហាន ជា​កូន​សេបេដេ ក៏​មក​ទូល[​ព្រះ​យេស៊ូ​]ថា ‹លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្ដី​សំណូម​របស់​យើង​ខ្ញុំ​ផង›​»។ (​ម៉ាកុស ១០:៣៥​-​៣៧​) តើ​ជា​កូន​ទាំង​ពីរ​នៃ​សេបេដេ ឬ​ក៏​ម្ដាយ​របស់​គេ ដែល​ធ្វើ​សេចក្ដី​ស្នើ​សុំ​នេះ​ដល់​ព្រះ​យេស៊ូ?

ច្បាស់​ណាស់ គឺ​ជា​កូន​ទាំង​ពីរ​នៃ​សេបេដេ​ទេ ដែល​ស្នើ​សុំ​នោះ ដូច​ម៉ាកុស​ថ្លែង​ប្រាប់។ ប៉ុន្តែ ពួក​គេ​ស្នើ​សុំ​តាម​រយ:ម្ដាយ​របស់​គេ។ គាត់​គឺ​ជា​អ្នក​នាំ​ពាក្យ​របស់​គេ។ នេះ​គឺ​គាំទ្រ​ដោយ​ដំណើរ​រឿង​របស់​ម៉ាថាយ ហើយ​ពេល​ពួក​សាវ័ក​ឯ​ទៀត​បាន​ឮ​ប្រពន្ធ​របស់​សេបេដេ បាន​ធ្វើ​ដូច្នោះ នោះ​ពួក​គេ​ក៏​មាន​ការ​តូច​ចិត្ត មិន​មែន​នឹង​ម្ដាយ​ទេ តែ​«​នឹង​បង​ប្អូន​ទាំង​២​នាក់​នោះ​»។—ម៉ាថាយ ២០:២៤

៨. តាម​របៀប​ណា​ដែល​ដំណើរ​រឿង​ពីរ​ផ្សេង​គ្នា​អំពី​ព្រឹត្ដិការណ៍​តែ​មួយ អាច​ខុស​ពី​គ្នា​បាន តែ​រឿង​ទាំង​ពីរ​គឺ​ត្រូវ​ពិត​ទាំង​អស់?

តើ​អ្នក​ដែល​បាន​ឮ​មនុស្ស​ពីរ​នាក់​រៀប​រាប់​ព្រឹត្ដិការណ៍​មួយ ដែល​គេ​ទាំង​ពីរ​បាន​ឃើញ​ទេ? បើ​ដែល តើ​អ្នក​បាន​សម្គាល់​ឃើញ​ទេ ថា​គេ​ម្នាក់​ៗ​បញ្ជាក់​សេចក្ដី​ល្អិត​ល្អន់ ដែល​ចាប់​អារម្មណ៍​ដល់​គេ? គេ​ម្នាក់​ប្រហែល​ជា​មិន​ប្រាប់​នូវ​រឿង​ខ្លះ​ដែល​ម្នាក់​ទៀត​បាន​ប្រាប់​នោះ​ទេ។ ប៉ុន្តែ ពួក​គេ​ទាំងពីរ​គឺ​និយាយ​ប្រាប់​រឿង​ពិត។ គឺ​ដូច​គ្នា​ដែរ​ចំពោះ​ដំណើរ​រឿង​ក្នុង​សិក្ខាបទ​ទាំង​បួន​អំពី​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ ព្រម​ទាំង​ព្រឹត្ដិការណ៍​តាម​ប្រវត្ដិសាស្ត្រ​ឯ​ទៀត ដែល​រាយ​ការណ៍​ប្រាប់​ដោយ​អ្នក​សរសេរ​ព្រះ​គម្ពីរ​លើស​ពី​ម្នាក់។ អ្នក​សរសេរ​និមួយ​ៗ​បាន​សរសេរ​រឿង​យ៉ាង​ទៀង​ត្រូវ ទោះ​ជា​ម្នាក់​កត់​ទុក​សេចក្ដី​ល្អិត​ល្អន់​ដែល​ម្នាក់​ទៀត​មិន​បាន​កត់​ក៏​ដោយ។ ដោយ​ពិចារណា​មើល​ដំណើរ​រឿង​ទាំង​អស់ យើង​អាច​បាន​យល់​កាន់​តែ​ជ្រាល​ជ្រៅ​ឡើង។ សេចក្ដី​ផ្សេង​ៗ​គ្នា​ដូច​នេះ​បង្ហាញ​ថា ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ​គឺ​ឥត​ពឹង​ពាក់​គ្នា​ទេ។ ហើយ​ភាព​ស្រប​គ្នា​ដ៏​ចាំ​បាច់​នៃ​ដំណើរ​រឿង​ទាំង​នេះ បង្ហាញ​ថា​នេះ​គឺ​ជា​រឿង​ពិត​មែន។

អាន​បរិបទ

៩, ១០. តាម​របៀប​ណា​ដែល​បរិបទ​ជួយ​យើង​ឲ្យ​ដឹង ថា​កាអ៊ីន​បាន​ប្រពន្ធ​ពី​ណា​មក?

ការ​មាន​ទំនង​ជា​មិន​ស្រប​គ្នា​គឺ​អាច​ដោះ​ស្រាយ​បាន​ជា​ញឹក​ញយ បើ​យើង​គ្រាន់​តែ​ពិនិត្យ​មើល​បរិបទ។ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​បញ្ហា​ដែល​ត្រូវ​សួរ​ជា​ច្រើន​ដង អំពី​ប្រពន្ធ​នៃ​កាអ៊ីន។ នៅ​លោកុប្បត្តិ ៤:១, ២ យើង​អាន​ថា​៖ ​«​[​អេវ៉ា​]បង្កើត​បាន​កាអ៊ីន រួច​នាង​និយាយ​ថា​៖ ‹អញ​បាន​កូន​ប្រុស​១ ដោយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន នាង​ក៏​បង្កើត​បាន អេបិល ជា​ប្អូន​ទៀត​»។ គឺ​ដូច​គេ​បាន​ដឹង​ជា​ទូទៅ កាអ៊ីន​បាន​សម្លាប់​អេបិល ប៉ុន្តែ​ក្រោយ​មក​នោះ យើង​អាន​ថា កាអ៊ីន​មាន​ប្រពន្ធ​មួយ និង​កូន​ជា​ច្រើន។ (​លោកុប្បត្តិ ៤:១៧​) បើ​អ័ដាម​និង​អេវ៉ា​មាន​តែ​កូន​ប្រុស​ពីរ​នាក់ តើ​កាអ៊ីន​បាន​ប្រពន្ធ​ពី​ណា​មក?

១០ ចម្លើយ​គឺ​ស្ថិត​ក្នុង​ការណ៍​ពិត ដែល​ថា​អ័ដាម​និង​អេវ៉ា​មាន​កូន​លើស​ពី​២​នាក់។ តាម​បរិបទ នោះ​ឃើញ​ថា​ពួក​គេ​មាន​គ្រួសារ​ធំ​មួយ។ នៅ​លោកុប្បត្តិ ៥:៣ យើង​អាន​ថា អ័ដាម​ជា​ឪពុក​របស់​កូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ សេត ហើយ​រួច​មក​ក្នុង​ខ​បន្ទាប់ យើង​អាន​ថា​៖ ​«​នោះ​គាត់ . . . បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ​»។ (​លោកុប្បត្តិ ៥:៤​) ដូច្នេះ កាអ៊ីន​អាច​យក​ប្អូន​ស្រី​ឬ​ក៏​ក្មួយ​ស្រី​ម្នាក់​របស់​គាត់​ធ្វើ​ជា​ប្រពន្ធ។ នៅ​ដំណាក់​មុន​ៗ​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស ពេល​មនុស្សជាតិ​ជិត​នឹង​មាន​ភាព​គ្រប់​ល័ក្ខណ៍​នោះ ការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ដូច​នេះ​មិន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ដែល​កើត ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

១១. តើ​អ្នក​ខ្លះ​ចង្អុល​ប្រាប់​អំពី​ការ​មិន​ស្រប​គ្នា​អ្វី ដែល​គេ​ចោទ​ដោយ​គ្មាន​ភស្តុ​តាង រវាង​យ៉ាកុប​និង​សាវ័ក​ប៉ុល?

១១ ពិចារណា​មើល​បរិបទ​ក៏​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​ដែល​អ្នក​ខ្លះ​អះអាង​ថា ជា​ការ​និយាយ​មិន​ស្រប​គ្នា រវាង​សាវ័ក​ប៉ុល​និង​យ៉ាកុប។ នៅ​អេភេសូរ ២:៨, ៩, ប៉ុល​ថា​គ្រីស្ទាន​អាច​បាន​សង្គ្រោះ ដោយ​សេចក្ដី​ជំនឿ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ទេ។ គាត់​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ​សារ​សេចក្ដី​ជំនឿ . . . មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​»​ទេ។ ប៉ុន្តែ យ៉ាកុប​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រព្រឹត្ត ដោយ​សរសេរ​ថា​៖ ​«​ពីព្រោះ​សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូប​កាយ បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ​»។ (​យ៉ាកុប ២:២៦​) តើ​សេចក្ដី​ទាំង​ពីរ​នេះ អាច​សម្រុះ​សម្រួល​បាន​យ៉ាង​ដូច​ម្ដេច?

១២, ១៣. តាម​របៀប​ណា​ដែល​ពាក្យ​របស់​យ៉ាកុប​ជួយ​បំពេញ​ពាក្យ​របស់​ប៉ុល ជា​ជាង​និយាយ​ប្រឆាំង​វិញ?

១២ ដោយ​ពិចារណា​មើល​បរិបទ​នៃ​ពាក្យ​របស់​ប៉ុល យើង​ឃើញ​ថា​សេចក្ដី​មួយ​ជួយ​បំពេញ​សេចក្ដី​មួយ​ឯ​ទៀត។ សាវ័ក​ប៉ុល​គឺ​និយាយ​សំដៅ​ទៅ​លើ​ការ​ខំ​ប្រឹង​នៃ​សាសន៍​យូដា ដើម្បី​កាន់​តាម​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ។ គេ​ជឿ​ថា​បើ​គេ​កាន់​តាម​ក្រិត្យ​វិន័យ​ឲ្យ​បាន​ហ្មត់​ចត់ នោះ​គេ​នឹង​បាន​ជា​សុចរិត​ហើយ។ ប៉ុល​បង្ហាញ​ប្រាប់​ថា នេះ​មិន​អាច​ធ្វើ​បាន​ទេ។ យើង​មិន​អាច​បាន​ទៅ​ជា​សុចរិត—ហើយ​គួរ​ទទួល​សេចក្ដី​សង្គ្រោះ—ដោយ​ការ​ប្រព្រឹត្ត​នៃ​ខ្លួន​យើង​ទេ ដ្បិត​យើង​គឺ​មាន​អំពើ​បាប​ជាប់​ជា​មួយ។ យើង​អាច​បាន​សង្គ្រោះ ដោយ​សារជំនឿ​លើ​យញ្ញ​បូជា​នៃ​ព្រះ​យេស៊ូ សម្រាប់​ជា​ថ្លៃ​លោះ​តែ​ប៉ុណ្ណោះ។—រ៉ូម ៥:១៨

១៣ ប៉ុន្តែ ឯ​យ៉ាកុប​វិញ បន្ថែម​ចំណុច​សំខាន់​ដែល​ថា ជំនឿ​ទទេ​គឺ​ឥត​តម្លៃ​សោះ បើ​មិន​មាន​គាំទ្រ​ដោយ​ការ​ប្រព្រឹត្ត​នោះ។ អ្នក​ណា​ដែល​អះអាង​ថា​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ គួរ​តែ​បង្ហាញ​ដូច្នោះ​ដោយ​ការ​ដែល​គេ​ធ្វើ។ ជំនឿ​ដ៏​ឥត​សកម្មភាព​គឺ​ជា​ជំនឿ​ដ៏​ស្លាប់​ទេ ហើយ​មិន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ឡើយ។

១៤ ក្នុង​វគ្គ​ណា​ដែល​ប៉ុល​បង្ហាញ​ថា លោក​ស្រប​តាម​ទាំង​ស្រុង​នឹង​គោល​ការណ៍ ដែល​ថា​ជំនឿ​ដ៏​រស់​នៅ​ត្រូវ​តែ​សម្ដែង​ដោយ​ការ​ប្រព្រឹត្ត?

១៤ សាវ័ក​ប៉ុល​ស្រប​តាម​សេចក្ដី​នេះ​ទាំង​ស្រុង ហើយ​លោក​តែង​តែ​និយាយ​អំពី​ការ​ប្រព្រឹត្ត ដែល​ពួក​គ្រីស្ទាន​គួរ​ធ្វើ ដើម្បី​បង្ហាញ​ជំនឿ​របស់​គេ។ ជា​ឧទាហរណ៍ លោក​បាន​សរសេរ​ទៅ​ពួក​រ៉ូម​ថា​៖ ​«​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់​»។ ការ​ធ្វើ​សេចក្ដី​«​ថ្លែង​ប្រាប់​»​—ការ​ប្រាប់​ជំនឿ​យើង​ដល់​អ្នក​ដទៃ—គឺ​សំខាន់​ណាស់​ដើម្បី​ឲ្យ​បាន​សង្គ្រោះ។ (​រ៉ូម ១០:១០; សូម​មើល កូរិនថូស​ទី​១ ១៥:៥៨; អេភេសូរ ៥:១៥, ២១​-​៣៣; ៦:១៥; ធីម៉ូថេ​ទី​១ ៤:១៦; ធីម៉ូថេ​ទី​២ ៤:៥; ហេព្រើរ ១០:២៣​-​២៥​) ប៉ុន្តែ​គ្មាន​ការ​ប្រព្រឹត្ត​ណា​ដែល​គ្រីស្ទាន​អាច​ធ្វើ ហើយ​ជា​ប្រាកដ ក៏​គ្មាន​ការ​ខំ​ប្រឹង​ធ្វើ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ ដែល​នឹង​ផ្ដល់​គេ​នូវ​សិទ្ធិ​រស់​នៅ​អស់​កល្ប​បាន​ឡើយ។ នេះ​ជា​«​អំណោយ​ទាន​នៃ​ព្រះ​»​ សម្រាប់​អ្នក​ដែល​ប្រើ​ជំនឿ។—រ៉ូម ៦:២៣; យ៉ូហាន ៣:១៦

ទស្សនៈ​ខុស​គ្នា

១៥, ១៦. ដូច​ម្ដេច​ក៏​លោក​ម៉ូសេ​និង​លោក​យ៉ូស្វេ​គឺ​ត្រូវ​ទាំង​ពីរ​នាក់ ពេល​ម្នាក់​ថា​ខាង​កើត​ទន្លេ​យ័រដាន់​ជា​«​ខាង​អាយ​»​ ហើយ​ម្នាក់​ថា​ជា​«​ខាង​នាយ​»​?

១៥ ជួន​កាល​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ សរសេរ​អំពី​ព្រឹត្ដិការណ៍​តែ​មួយ តាម​ទស្សនៈ​ខុស​គ្នា ឬ​ក៏​គេ​សម្ដែង​ដំណើរ​រឿង​របស់​គេ តាម​របៀប​ខុស​គ្នា។ ពេល​ការ​ខុស​គ្នា​ទាំង​នេះ​ត្រូវ​យក​មក​ពិចារណា​មើល នោះ​សេចក្ដី​ដែល​ទំនង​ជា​និយាយ​ប្រឆាំង​គ្នា​ឯ​ទៀត​ក៏​អាច​ត្រូវ​ដោះ​ស្រាយ​បាន​យ៉ាង​ស្រួល។ ឧទាហរណ៍​មួយ​អំពី​ការ​នេះ​គឺ​ក្នុង​ជន​គណនា ៣៥:១៤ ដែល​លោក​ម៉ូសេ​និយាយ​អំពីតំបន់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ថា​«​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​អាយ​»។ ប៉ុន្តែ លោក​យ៉ូស្វេ​និយាយ​អំពី​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ថា​នៅ​«​ខាង​នាយ​ទន្លេ​យ័រដាន់​»​វិញ។ (​យ៉ូស្វេ ២២:៤​) តើ​អ្នក​ណា​មួយ​ត្រូវ?

១៦ តាម​ពិត អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ។ តាម​ដំណើរ​រឿង​ក្នុង​ជន​គណនា ពួក​អ៊ីស្រាអែល​មិន​ទាន់​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​កាន់​ស្រុក​ដែល​បាន​សន្យា​នៅ​ឡើយ ដូច្នេះ ចំពោះ​ពួក​គេ ខាង​កើត​ទន្លេ​យ័រដាន់​គឺ​នៅ​«​ខាង​អាយ​»។ ប៉ុន្តែ លោក​យ៉ូស្វេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ឥឡូវ​លោក​ស្ថិត​នៅ​ក្នុង​ស្រុក​កាណាន ខាង​លិច​នៃ​ទន្លេ។ ដូច្នេះ ចំពោះ​លោក ខាង​កើត​ទន្លេ​យ័រដាន់​គឺ​នៅ​«​ខាង​នាយ​»។

១៧. (​ក​) តើ​សេចក្ដី​មិន​ស្រប​គ្នា​អ្វី​ដែល​អ្នក​ខ្លះ​ចង្អុល​បង្ហាញ​ក្នុង​ជំពូក​ពីរ​ដំបូង​នៃ​លោកុប្បត្តិ? (​ខ​) អ្វី​គឺ​ជា​ហេតុ​សំខាន់​សម្រាប់​ភាព​ខុស​គ្នា​ដែល​គេ​ស្មាន​នេះ?

១៧ ម្យ៉ាង​ទៀត របៀប​ដែល​រៀប​រាប់​ដំណើរ​រឿង អាច​នាំ​ឲ្យ​ឃើញ​មាន​ទំនង​ជា​ការ​និយាយ​ប្រឆាំង​គ្នា។ នៅ​លោកុប្បត្តិ ១:២៤​-​២៦ ព្រះ​គម្ពីរ​ប្រាប់​ថា​សត្វ​នានា​បាន​ត្រូវ​បង្កើត​មុន​មនុស្ស។ ប៉ុន្តែ​នៅ​លោកុប្បត្តិ ២:៧ ១៩, ២០ ព្រះ​គម្ពីរ​ហាក់​ដូច​ជា​ថា​មនុស្ស​បាន​ត្រូវ​បង្កើត​មុន​សត្វ​ទៅ​វិញ។ ហេតុ​អ្វី​ក៏​ខុស​គ្នា​ដូច្នេះ? ពីព្រោះ​ដំណើរ​រឿង​ទាំង​ពីរ ពិគ្រោះ​អំពី​ការ​បង្កើត​តាម​ទស្សនៈ​ពីរ​ផ្សេង​គ្នា។ ទី​មួយ រៀប​រាប់​ការ​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ក្នុង​នោះ។ (​លោកុប្បត្តិ ១:១–២:៤​) ឯ​ទី​ពីរ គឺ​បញ្ជាក់​តែ​អំពី​ការ​បង្កើត​មនុស្សជាតិ និង​ការ​ដែល​គេ​ធ្លាក់​ក្នុង​អំពើ​បាប។—លោកុប្បត្តិ ២:៥–៤:២៦

១៨. តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្រុះ​សម្រួល​សេចក្ដី​ដែល​ទំនង​ជា​ខុស​គ្នា រវាង​ដំណើរ​រឿង​ពីរ​អំពី​ការ​បង្កើត ក្នុង​ជំពូក​មុន​ៗ​នៃ​លោកុប្បត្តិ?

១៨ ដំណើរ​រឿង​ទី​មួយ គឺ​រៀប​រាប់​តាម​លំដាប់​ពេល ចែក​ជា​ប្រាំ​មួយ​«​ថ្ងៃ​»​បន្ត​បន្ទាប់​គ្នា។ ទី​ពីរ គឺ​សរសេរ​តាម​លំដាប់​សាច់​រឿង​សំខាន់​ៗ​វិញ។ ក្រោយ​បុរេកថា​ដ៏​ខ្លី វា​ក៏​ចាប់​ផ្ដើម​យ៉ាង​សម​ហេតុ និយាយ​អំពី​ការ​បង្កើត​អ័ដាម ពីព្រោះ​គាត់​និង​គ្រួសារ​របស់​គាត់​គឺ​ជា​ប្រធាន​ដែល​នឹង​ត្រូវ​លើក​មក​ពិគ្រោះ​តាម​ក្រោយ។ (​លោកុប្បត្តិ ២:៧​) បន្ទាប់​មក​ពត៌មាន​ឯ​ទៀត​ក៏​បាន​ត្រូវ​បញ្ចូល​នៅ​ពេល​ដែល​ត្រូវ​ការ។ យើង​ដឹង​ថា​ក្រោយ​ពេល​បានបង្កើត​គាត់ អ័ដាម​នឹង​ត្រូវ​រស់​នៅ​ក្នុង​សួន​ច្បារ​មួយ​នៅ​អេដែន។ ដូច្នេះ​ការ​ធ្វើ​សួន​ច្បារ​អេដែន​ក៏​ត្រូវ​រៀប​រាប់​នៅ​ពេល​នេះ។ (​លោកុប្បត្តិ ២:៨, ៩, ១៥​) ​ព្រះ​យេហូវ៉ា​ប្រាប់​អ័ដាម​ឲ្យ​ដាក់​ឈ្មោះ​ដល់​«​គ្រប់​ទាំង​សត្វ​ជើង​៤ នឹង​សត្វ​ហើរ​ទាំង​ប៉ុន្មាន​»។ ម្ល៉ោះ​ហើយ ឥឡូវ​នេះ​ក៏​ជា​ពេល​ត្រូវ​រៀប​រាប់​ថា​«​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​យក​ដី​មក​សូន​ធ្វើ​»​សត្វ​ទាំង​អស់​នេះ ថ្វី​បើ​សត្វ​ទាំង​នេះ​បាន​ត្រូវ​បង្កើត​ជា​យូរ មុន​ពេល​អ័ដាម​បាន​លេច​មក​ក៏​ដោយ។—លោកុប្បត្តិ ២:១៩; ១:២០, ២៤, ២៦

អាន​ដំណើរ​រឿង​ឲ្យ​ផ្ចិត​ផ្ចង់

១៩. តើ​មាន​ទំនង​ជា​ការ​ច្រឡំ​គ្នា​អ្វី​ក្នុង​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​អំពី​ការ​ច្បាំង​ដណ្ដើម​យក​ក្រុង​យេរូសាឡិម?

១៩ ជួន​កាល គ្រាន់​តែ​អាន​ដំណើរ​រឿង​ឲ្យ​ផ្ចិត​ផ្ចង់ ហើយ​ពិចារណា​មើល​ពត៌មាន​ដែល​ផ្ដល់​នោះ យើង​នឹង​អាច​ដោះ​ស្រាយ​បាន​នូវ​សេចក្ដី​ដែល​ទំនង​ជា​និយាយ​ប្រឆាំង​គ្នា។ នេះ​គឺ​ត្រូវ​ដូច្នោះ​មែន ពេល​យើង​ពិចារណា​មើល​ការ​ច្បាំង​ដណ្ដើម​យក​ក្រុង​យេរូសាឡិម ដោយ​សាសន៍​អ៊ីស្រាអែល។ យេរូសាឡិម​គឺ​ត្រូវ​ជា​ចំណែក​នៃ​មរតក​របស់​បេនយ៉ាមីន ប៉ុន្តែ​យើង​អាន​ថា​ពូជ​អំបូរ​បេនយ៉ាមីន​មិន​អាច​ច្បាំង​ដណ្ដើម​យក​វា​បាន។ (​យ៉ូស្វេ ១៨:២៨; ពួក​ចៅហ្វាយ ១:២១​) យើង​អាន​ទៀត​ថា យូដា​ក៏​មិន​អាច​ច្បាំង​ដណ្ដើម​យក​យេរូសាឡិម​ដែរ—ហាក់​ដូច​ជា​ក្រុង​នេះ​ជា​ចំណែក​នៃ​មរតក​របស់​ពូជ​អំបូរ​នេះ​ដែរ។ ដល់​ក្រោយ​មក យូដា​ក៏​បាន​ច្បាំង​ឈ្នះ​យេរូសាឡិម​ទៅ ទាំង​យក​ភ្លើង​ដុត​ផង។ (​យ៉ូស្វេ ១៥:៦៣; ពួក​ចៅហ្វាយ ១:៨​) ប៉ុន្តែ រាប់​រយ​ឆ្នាំ​ក្រោយ​មក មាន​សេចក្ដី​កត់​ទុក​ថា ដាវីឌ​ក៏​បាន​ច្បាំង​ដណ្ដើម​យក​ក្រុង​យេរូសាឡិម​ដែរ។—សាំយូអែល​ទី​២ ៥:៥​-​៩

២០, ២១. ដោយ​ពិនិត្យ​យ៉ាង​ផ្ចិត​ផ្ចង់ នូវ​អស់​ទាំង​សេចក្ដី​ល្អិត​ល្អន់​ដែល​ទាក់​ទង​នោះ តើ​អ្វី​ដែល​ឃើញ​ថា​ជា​ប្រវត្ដិសាស្ត្រ អំពី​សាសន៍​ហេព្រើរ​ច្បាំង​ដណ្ដើម​យក​ក្រុង​យេរូសាឡិម?

២០ ពេល​អាន​ជា​ដំបូង រឿង​អស់​នេះ​ហាក់​ដូច​ជា​ច្រឡំ​គ្នា​ណាស់ ប៉ុន្តែ​តាម​ពិត​ឥត​មាន​ការ​និយាយ​ប្រឆាំង​គ្នា​ទេ។ តាម​ពិត ព្រំ​ដែន​រវាង​មរតក​របស់​បេនយ៉ាមីន និង​របស់​យូដា គឺ​នៅ​តាម​ច្រក​ភ្នំ​ហ៊ីនណំម ហើយ​កាត់​ចូល​តាម​ក្រុង​យេរូសាឡិម​បុរាណ។ កន្លែង​ដែល​ក្រោយ​មក​ហៅ​ថា​ទី​ក្រុង​ដាវីឌ គឺ​ស្ថិតលើ​ដី​បេនយ៉ាមីន ដូច​យ៉ូស្វេ ១៨:២៨ និយាយ​អញ្ចឹង។ ប៉ុន្តែ ក្រុង​យេរូសាឡិម​របស់​យេប៊ូស​ទំនង​ជា​រាល​ដាល​កាត់​ច្រក​ភ្នំ​ហ៊ីនណំម ហើយ​ក៏​ស្ថិត​នៅ​លើ​ដី​យូដា ដូច្នេះ យូដា​ក៏​ត្រូវ​តែ​ច្បាំង​ប្រឆាំង​នឹង​ពួក​អ្នក​ស្រុក​កាណាន​ដែរ។

២១ បេនយ៉ាមីន​មិន​អាច​ច្បាំង​ដណ្ដើម​យក​ទី​ក្រុង​នោះ​ទេ។ នៅ​គ្រា​មួយ យូដា​បាន​ច្បាំង​ដណ្ដើម​យក​បាន ហើយ​ក៏​ដុត​វា​ចោល​ទៅ។ (​ពួក​ចៅហ្វាយ ១:៨, ៩​) ប៉ុន្តែ ទ័ព​យូដា​ក៏​បាន​ឆ្ពោះ​ទៅ​មុខ​ទៀត ហើយ​អ្នក​ស្រុក​ដើម​ខ្លះ​ក៏​យក​បាន​ក្រុង​នោះ​មក​វិញ។ ក្រោយ​មក ពួក​គេ​ក៏​បង្កើត​ក្រុម​អ្នក​ទប់​ទល់​មួយ​តូច ដែល​យូដា​ឬ​បេនយ៉ាមីន មិន​អាច​កំចាត់​ចេញ​បាន​ឡើយ។ ម្ល៉ោះ​ហើយ ពួក​យេប៊ូស​ក៏​រស់​នៅ​ត​ទៅ​ទៀត នៅ​យេរូសាឡិម រហូត​ដល់​ដាវីឌ​ច្បាំង​ដណ្ដើម​យក​ក្រុង​នោះ​បាន នៅ​រាប់​រយ​ឆ្នាំ​ក្រោយ​មក។

២២, ២៣. តើ​អ្នក​ណា​លី​បង្គោល​ទារុណកម្ម​នៃ​ព្រះ​យេស៊ូ ទៅ​កន្លែង​ដែល​គេ​នឹង​ធ្វើ​គុត​ទ្រង់?

២២ យើង​ប្រទះ​ឃើញ​ឧទាហរណ៍​ទី​ពីរ​ក្នុង​សិក្ខាបទ។ អំពី​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​នាំ​ទៅ​ធ្វើ​គុត​នោះ យើង​អាន​ក្នុង​សិក្ខាបទ​យ៉ូហាន​ថា​៖ ​«​ព្រះ​យេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី(​បង្គោល​ទារុណកម្ម​)​»។ (​យ៉ូហាន ១៩:១៧​) ប៉ុន្តែ ក្នុង​លូកា​យើង​អាន​ថា​៖ ​«​កាល​គេ​នាំ​ព្រះ​យេស៊ូវ​ទៅ នោះ​គេ​ចាប់​មនុស្ស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចំការ ក៏​ដាក់​ឲ្យ​គាត់​លី(​បង្គោល​ទារុណកម្ម​)តាម​ទ្រង់​ទៅ​»។ (​លូកា ២៣:២៦​) តើ​ព្រះ​យេស៊ូ​ទ្រង់​លី​ប្រដាប់​សម្រាប់​ធ្វើ​គុត​ទ្រង់ ឬ​ក៏​ស៊ីម៉ូន​ជួយ​លី​ឲ្យ​ទ្រង់?

២៣ ដំបូង ព្រះ​យេស៊ូ​ប្រាកដ​ជាលី​បង្គោល​ទារុណកម្ម​នៃ​ទ្រង់ ដូច​យ៉ូហាន​បង្ហាញ​ប្រាប់។ ប៉ុន្តែ​ក្រោយ​មក ដូច​ម៉ាថាយ ម៉ាកុស និង​លូកា​បញ្ជាក់​ប្រាប់ ស៊ីម៉ូន​សាសន៍​គីរេន​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​បង្គោល​នោះ​ជំនួស​ទ្រង់ រហូត​ដល់​កន្លែង​ដែល​គេ​នឹង​ធ្វើ​គុត​ទ្រង់។

ភស្តុ​តាង​នៃ​ការ​ឥត​ពឹង​ពាក់​គ្នា

២៤. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​ងឿង​ឆ្ងល់ ដោយ​ឃើញ​សេចក្ដី​ខ្លះ​ដែល​ទំនង​ជា​មិន​ស្រប​គ្នា​ក្នុង​ព្រះ​គម្ពីរ ប៉ុន្តែ​យើង​មិន​គួរ​សន្និដ្ឋាន​យ៉ាង​ណា​អំពី​រឿង​នេះ?

២៤ គឺ​ត្រូវ​មែន មាន​សេចក្ដី​ខ្លះ​ដែល​ទំនង​ជា​មិន​ស្រប​គ្នា​ក្នុង​ព្រះ​គម្ពីរ ដែលពិបាក​សម្រុះ​សម្រួល។ ប៉ុន្តែ​យើង​មិន​គួរ​សន្មត​ថា នេះ​ជា​ការ​និយាយ​ប្រឆាំង​គ្នា​ដ៏​ពិត​នោះ​ឡើយ។ ជា​ញឹក​ញយ នេះ​គ្រាន់​តែ​ជា​ការ​ខ្វះ​ពត៌មាន​គ្រប់​សព្វ​តែ​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​ផ្ដល់​ដំរិះ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​យើង។ ប៉ុន្តែ​បើ​ព្រះ​គម្ពីរ​នឹង​ផ្ដល់​សេចក្ដី​ល្អិត​ល្អន់​គ្រប់​យ៉ាង អំពី​ព្រឹត្ដិការណ៍​ទាំង​អស់​ដែល​បាន​ចែង នោះ​ព្រះ​គម្ពីរ​នឹង​ទៅ​ជា សៀវភៅ​ដ៏​ធំ​មួយ ទាំង​ពិបាក​កាន់​ប្រើ មិន​មែន​ដូច​សៀវភៅ​ស្រួល​ប្រើ ហើយ​ស្រួល​កាន់ ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​ទេ។

២៥. តើ​យ៉ូហាន​និយាយ​ថា​អ្វី​អំពី​កិច្ច​បំរើ​នៃ​ព្រះ​យេស៊ូ ហើយ​នេះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​យល់​នូវ​ហេតុ​ដែល​ព្រះ​គម្ពីរ​មិន​ផ្ដល់​សេចក្ដី​ល្អិត​ល្អន់​គ្រប់​យ៉ាង អំពី​ព្រឹត្ដិការណ៍​ទាំង​អស់?

២៥ ពេល​ថ្លែង​អំពី​កិច្ច​បំរើ​នៃ​ព្រះ​យេស៊ូ សាវ័ក​យ៉ូហាន​បាន​សរសេរ​ដោយ​ប្រើ​ពាក្យ​ពន្លើស​ដ៏​សម​ថា​៖ ​«​មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មានថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង​»។ (​យ៉ូហាន ២១:២៥​) គឺ​រឹត​តែ​មិន​អាច​សរសេរ​ទុក​បាន​ទៅ​ទៀត អំពី​សេចក្ដី​ល្អិត​ល្អន់​ទាំង​អស់ នៃ​ប្រវត្ដិសាស្ត្រ​ដ៏​វែង​របស់​រាស្ត្រ​នៃ​ព្រះ ចាប់​តាំង​ពី​ជំនាន់​ពួក​ឰយុកោ រហូត​ដល់​ក្រុម​ជំនុំ​គ្រីស្ទាន​សតវត្ស​ទី​មួយ!

២៦. តើ​ព្រះ​គម្ពីរ​មាន​ពត៌មាន​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​យើង​បាន​ប្រាកដ​អំពី​ការណ៍​ពិត​អ្វី​ដ៏​សំខាន់​ក្រៃ​លែង?

២៦ តាម​ការ​ពិត ព្រះ​គម្ពីរ​គឺ​ជា​សេចក្ដី​សង្ខេប​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ពត៌មាន​គ្រប់​គ្រាន់ ដើម្បី​ជួយ​យើង​ឲ្យ​ដឹង​ថា នេះ​គឺ​លើស​ពី​ស្នា​នៃ​របស់​មនុស្ស។ ភាព​ផ្សេង​ៗ​គ្នា ដែល​មាន​ក្នុង​ព្រះ​គម្ពីរ បង្ហាញ​ថា​អ្នក​សរសេរ​គឺ​ជា​សាក្សី​ដ៏​ឥត​ពឹង​ពាក់​គ្នា​យ៉ាង​ពិត​ប្រាកដ។ តែ​ឯ​ភាព​ស្រប​គ្នា​ដ៏​អស្ចារ្យ​នៃ​ព្រះ​គម្ពីរ—ដែល​យើង​នឹង​ពិគ្រោះ​ឲ្យ​បាន​ល្អិត​ល្អន់​ថែម​ទៀត​ក្នុង​ជំពូក​មួយ​ខាង​មុខ​នោះ—បង្ហាញ​ឲ្យ​ឃើញ​ដោយ​ឥត​សង្ស័យ​ឡើយ ថា​ព្រះ​គម្ពីរ​គឺ​មក​ពី​ព្រះ។ ព្រះ​គម្ពីរ​គឺ​ជា​បន្ទូល​នៃ​ព្រះ មិន​មែន​ពាក្យ​សំដី​នៃ​មនុស្ស​ទេ។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨៩​]

សេចក្ដី​ដែល​ទំនង​ជា​មិន​ស្រប​គ្នា​ក្នុង​ព្រះ​គម្ពីរ បញ្ជាក់​ថា​អ្នក​សរសេរ​ពិត​ជា​សាក្សី​ដែល​មិន​ពឹង​ពាក់​គ្នា​ឡើយ

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩១​]

ការ​ពិចារណា​មើល​បរិបទ​តែង​តែ​ជួយ​យើង ឲ្យ​ដោះ​ស្រាយ​សេចក្ដី​ប្រឆាំង​នឹង​គ្នា​ដែល​គេ​ចោទ​ដោយ​គ្មាន​ភស្តុ​តាង

[​ប្រអប់​នៅ​ទំព័រ​៩៣​]

«​ភាព​មិន​ស្រប​គ្នា​»​ មិន​ចាំ​បាច់​ជា​ការ​និយាយ​ប្រឆាំង​គ្នា​ទេ

លោក​ឃឹនណែត ខាន្តសើរ ជា​សាសនវិទូ នៅ​គ្រា​មួយ ពន្យល់​អំពី​របៀប​ដែល​សេចក្ដី​រាយ​ការណ៍​ពីរ អំពី​ព្រឹត្ដិការណ៍​តែ​មួយ ហាក់​ដូច​ជា​និយាយ​ប្រឆាំង​គ្នា ប៉ុន្តែ​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ។ លោក​សរសេរ​ថា​៖ ​«​កាល​មុន​ម្ដាយ​នៃ​មិត្ត​ជា​ទី​ស្រឡាញ់​ម្នាក់​របស់​យើង បាន​ត្រូវ​ស្លាប់។ ដំបូង​យើង​ជ្រាប​ថា​គាត់​បាន​ស្លាប់ ដោយ​មិត្ត​ដ៏​ទុក​ចិត្ត​ស្និទ្ធ​ស្នាល​នឹង​គ្នា​ម្នាក់​និយាយ​ប្រាប់​ថា ម្ដាយ​របស់​មិត្ត​យើង​ពេល​កំពុង​ឈរ​នៅ​ជ្រុង​ផ្លូវ​រង់​ចាំ​រថយន្ត​ធំ នោះ​ក៏​ត្រូវ​បុក​ដោយ​រថយន្ត​ធំ​មួយ​ទៀត ដែល​បើក​កាត់ គាត់​ត្រូវ​របួស​ជា​ទម្ងន់ ហើយ​ពីរ​បី​នាទី​ក្រោយ​មក ក៏​ស្លាប់​ទៅ​»។

មិន​យូរ​ក្រោយ​មក លោក​ឮ​សេចក្ដី​រាយ​ការណ៍​មួយ​ដ៏​ខុស​គ្នា។ លោក​ថា​៖ ​«​យើង​ជ្រាប​ពី​ចៅ​ប្រុស​របស់​ស្ត្រី​ដែល​ស្លាប់​នោះ ថា​គាត់​មាន​ទាក់​ទង​ក្នុង​គ្រោះ​ថ្នាក់​ឡាន​បុក​គ្នា ត្រូវ​ខ្ទាត​ចេញ​ពី​រថយន្ត​ដែល​គាត់​ជិះ​នោះ ហើយ​ត្រូវ​ស្លាប់​ភ្លាម​មួយ​រំពេច។ ចៅ​ប្រុស​តូច​នោះ​គឺ​ប្រាកដ​ណាស់ ចំពោះ​ពាក្យ​ពិត​របស់​វា។

​«​យូរ​ក្រោយ​មក​ទៀត . . . យើង​អង្កេត​រក​ភាព​ស្រប​គ្នា។ យើង​ជ្រាប​ថា​ជីដូន​នោះ​កំពុង​រង់​ចាំ​រថយន្ត​ធំ បាន​ត្រូវ​បុក​ដោយ​រថយន្ត​ធំ​មួយ​ទៀត ក៏​ត្រូវ​របួស​យ៉ាង​ខ្លាំង។ គាត់​បាន​ត្រូវ​រថយន្ត​មួយ​ដែល​បើក​កាត់ ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ជា​ប្រញាប់ ប៉ុន្តែ​ក្នុង​ពេល​បន្ទាន់​នោះ រថយន្ត​ដែល​ដឹក​គាត់​ទៅ​មន្ទីរ​ពេទ្យ បុក​គ្នា​នឹង​រថយន្ត​មួយ​ទៀត គាត់​ត្រូវ​ខ្ទាត​ចេញ​ពី​រថយន្ត ហើយ​ក៏​ស្លាប់​ភ្លាម​មួយ​រំពេច​»។

ត្រូវ​ហើយ ដំណើរ​រឿង​ពីរ​អំពី​ព្រឹត្ដិការណ៍​តែ​មួយ គឺ​អាច​ត្រូវ​ទាំង​ពីរ ថ្វី​បើ​ស្ដាប់​ទៅ​ហាក់​ដូច​ជា​មិន​ស្រប​នឹង​គ្នា​ក៏​ដោយ។ ជួន​កាល​ព្រះ​គម្ពីរ​ក៏​យ៉ាង​ដូច្នោះ​ដែរ។ ពួក​សាក្សី​ដ៏​ឥត​ពឹង​ពាក់​គ្នា អាច​រៀប​រាប់​សេចក្ដី​ល្អិត​ល្អន់​ខុស​គ្នា អំពី​ព្រឹត្ដិការណ៍​តែ​មួយ។ ប៉ុន្តែ គេ​ឥត​និយាយ​ប្រឆាំង​គ្នា​ទេ។ សេចក្ដី​ដែល​គេ​សរសេរ​គឺ​ជួយ​បង្គ្រប់​គ្នា​ទៅ​វិញ ហើយ​បើ​យើង​ពិចារណា​មើល​អស់​ទាំង​ដំណើរ​រឿង នោះ​យើង​នឹង​យល់​កាន់​តែ​ច្បាស់ អំពី​រឿង​ដែល​កើត​ឡើង។