លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិទ្យាសាស្ត្រ៖ តើវាបានបង្ហាញថាព្រះគម្ពីរខុសឬ?

វិទ្យាសាស្ត្រ៖ តើវាបានបង្ហាញថាព្រះគម្ពីរខុសឬ?

ជំពូក​ទី​៨

វិទ្យា​សាស្ត្រ​៖ តើ​វា​បាន​បង្ហាញ​ថា​ព្រះ​គម្ពីរ​ខុស​ឬ?

នៅ​ឆ្នាំ​១៦១៣ អ្នក​វិទ្យា​សាស្ត្រ​ម្នាក់​ជាតិ​អ៊ីតាលី ឈ្មោះ​កាលីលឿ បាន​បោះ​ពុម្ព​សៀវភៅ​មួយ ដែល​ល្បី​ជា​«​អក្សរ​លើ​ចំណុច​ខ្មៅ​នៃ​ថ្ងៃ​»។ ក្នុង​សៀវភៅ​នោះ លោក​បង្ហាញ​ទី​សំអាង​ដែល​ថា ផែនដី​វិល​ជុំ​វិញ​ថ្ងៃ មិន​មែន​ថ្ងៃ​វិល​ជុំ​វិញ​ផែនដី​ទេ។ ដោយ​ធ្វើ​ដូច្នោះ លោក​បាន​បណ្ដាល​ឲ្យ​មាន​កើត​រឿង​បន្ត​បន្ទាប់ ដែល​ក្រោយ​មក​ត្រូវ​នាំ​លោក​ដល់​សាលា​ក្ដី​សាសនា​កាតូលិក​រ៉ូម ក្រោម​«​ការ​សង្ស័យ​ខ្លាំង​ខាង​អ​ញ្ញ​មតិ​»។ ក្រោយ​មក​លោក​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​«​បដិសេធ​ចោល​នូវ​ទ្រឹស្តី​»។ ហេតុ​អ្វី​ក៏​គំនិត​ដែល​ថា​ផែនដី​វិល​ជុំ​វិញ ថ្ងៃ​ត្រូវ​រាប់​ជា​អ​ញ្ញ​មតិ? ពីព្រោះ​អ្នក​បន្ទោស​លោក​កាលីលឿ​អះអាង​ថា គំនិត​នេះ​គឺ​ផ្ទុយ​ពី​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​បាន​និយាយ។

១. (​រួម​បុព្វយោគ​) (​ក​) តើ​អ្វី​បាន​កើត​ឡើង​ពេល​លោក​កាលីលឿ​មាន​យោបល់​ថា ផែនដី​វិល​ជុំ​វិញ​ថ្ងៃ? (​ខ​) ថ្វី​បើ​ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​វិទ្យា​សាស្ត្រ តើ​យើង​អាច​ឃើញ​អ្វី ពេល​យើង​ប្រៀប​ព្រះ​គម្ពីរ​នឹង​វិទ្យា​សាស្ត្រ​សម័យ​ថ្មី?

 មាន​គេ​ជឿ​ដ៏​ទូទៅ​សព្វ​ថ្ងៃ​នេះ ថា​ព្រះ​គម្ពីរ​មិន​ស្រប​តាម​វិទ្យា​សាស្ត្រ​ទេ ហើយ​អ្នក​ខ្លះ​សំដៅ​លើ​ការ​ពិសោធ​របស់​លោក​កាលីលឿ ដើម្បី​បញ្ជាក់​រឿង​នេះ។ ប៉ុន្តែ តើ​នេះ​ត្រូវ​ទេ? ពេល​ឆ្លើយ​សំនួរ​នេះ យើង​ត្រូវ​តែ​ចាំ​ថា ព្រះ​គម្ពីរ​ជា​សៀវភៅ​អំពី​ទំនាយ ប្រវត្ដិសាស្ត្រ សេចក្ដី​អធិស្ឋាន ច្បាប់ ដំបូន្មាន និង​ចំណេះ​អំពី​ព្រះ។ ព្រះ​គម្ពីរ​ឥត​អះអាង​ថា​ជា​សៀវភៅ​វិទ្យា​សាស្ត្រ​ទេ។ ប៉ុន្តែ ពេល​ណា​ព្រះ​គម្ពីរ​ទាក់​ទង​នឹង​រឿង​វិទ្យា​សាស្ត្រ នោះ​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​និយាយ​គឺ​ទៀង​ត្រូវ​ទាំង​អស់។

ផែនដី​របស់​យើង

២. តើ​ព្រះ​គម្ពីរ​រៀប​រាប់​ថា ផែនដី​ស្ថិត​នៅ​ក្នុង​អវកាស​យ៉ាង​ដូច​ម្ដេច?

ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​និយាយ អំពី​ផែនដី​របស់​យើង។ ក្នុង​សៀវភៅ​យ៉ូប យើង​អាន​ថា​៖ ​«​[​ព្រះ​]ទ្រង់​ត្រដាង​ទិស​ខាង​ជើង​ពី​លើ​ទី​ល្ហ​ល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង​»។ (​យ៉ូប ២៦:៧​) សូម​ប្រៀប​សេចក្ដី​នេះ​នឹង​សេចក្ដី​ថ្លែង​របស់​អេសាយ ដែល​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី​»។ (​អេសាយ ៤០:២២​) ការ​រៀប​រាប់​ដែល​បង្ហាញ​នូវ​ផែនដី​មូល ដែល‹ព្យួរ​នៅ​ទទេ​ធេង› ក្នុង​«​ទី​ល្ហ​ល្ហេវ​»​នេះ រឭក​យើង​យ៉ាង​ខ្លាំង​ដល់​រូប​ផែនដី​ដ៏​រាង​មូល អណ្ដែត​ក្នុង​អវកាស​ល្ហ​ល្ហេវ ដែល​អវកាស​ចរ​បាន​ថត។

៣, ៤. តើ​អ្វី​ជា​ដំណើរ​ទឹក​វិល​នៃ​ផែនដី ហើយ​ព្រះ​គម្ពីរ​បាន​និយាយ​អ្វី​ពី​រឿង​នេះ?

សូម​ពិចារណា​ដែរ អំពី​ដំណើរ​ទឹក​វិល​ដ៏​អស្ចារ្យ​នៃ​ផែនដី។ នេះ​គឺ​របៀប​ដែល​សព្វវចនាធិប្បាយ​ខមតុន​រៀប​រាប់​៖ ​«​ទឹក . . . រីង​ពី​ផ្ទៃ​មហា​សាគរ ទៅ​ឯ​បរិយាកាស . . . ចរន្ត​ខ្យល់​ដែល​រសាត់​រឿយ​ៗ​នៅ​បរិយាកាស​នៃ​ផែនដី បក់​យក​ខ្យល់​ដែល​សើម​ទៅ​ខាង​លើ​ផ្ទៃ​ដី។ ពេល​ខ្យល់​ត្រជាក់​ទៅ ចំហាយ​ទឹក​ក៏​កក​ជា​ដំណក់​ទឹក​តូច​ៗ ដែល​ធម្មតា​ឃើញ​ជា​ពពក។ ដំណក់​ទឹក​តូច​ៗ​នេះ តែង​តែ​រួម​បញ្ចូល​គ្នា​ជា​ដំណក់​ទឹក​ភ្លៀង។ បើ​បរិយាកាស​ត្រជាក់​ល្មម នោះ​ទឹក​កក​ស្តើង​ល្អិត​ត្រូវ​កើត​ឡើង​វិញ ជា​ជាង​ដំណក់​ទឹក​ភ្លៀង។ ជា​របៀប​ណា​ក៏​ដោយ ទឹក​ដែល​ធ្វើ​ដំណើរ​ពី​មហា​សាគរ​ដ៏​ឆ្ងាយ​រាប់​រយ ឬ​រាប់​ពាន់​មី​ល ត្រូវ​ធ្លាក់​មក​លើ​ផ្ទៃ​ផែនដី​វិញ។ នៅ​លើផែនដី ទឹក​ក៏​ប្រមូល​ផ្ដុំ​ចូល​ទៅ​ក្នុង​អូរ ឬ​ក៏​ជ្រាប​ទៅ​ក្នុង​ដី ហើយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​សមុទ្រ​វិញ​»។1

របៀប​ដ៏​អស្ចារ្យ​នេះ ដែល​ធ្វើ​ឲ្យ​ជីវិត​លើ​ដី​ស្ងួត​រស់​បាន ត្រូវ​បាន​រៀប​រាប់​យ៉ាង​ល្អ​ក្នុង​ព្រះ​គម្ពីរ ប្រហែល​ជា​៣.០០០​ឆ្នាំ​មុន ដោយ​ពាក្យ​ស្រួល​យល់​ហើយ​ចំ​ៗ​ថា​៖ ​«​ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​ដដែល​វិញ​ទៀត​»។—សាស្ដា ១:៧

៥. តើ​យោបល់​នៃ​អ្នក​សរសេរ​ទំនុក​ដំកើង អំពី​ប្រវត្ដិ​នៃ​ភ្នំ​លើ​ផែនដី បាន​ទាន់​សម័យ​យ៉ាង​ដូច​ម្ដេច?

ប្រហែល​រឹត​តែ​អស្ចារ្យ​ទៅ​ទៀត​គឺ​ការ​ដឹង​ជ្រៅ​ជ្រះ​នៃ​ព្រះ​គម្ពីរ អំពី​ប្រវត្ដិ​នៃ​ភ្នំ។ សៀវភៅ​ខាង​ភូគព្ភសាស្ត្រ​មួយ និយាយ​ដូច្នេះ​ថា​៖ ​«​តាំង​ពី​មុន​សម័យ​ខែ​មព្រីអាន រហូត​ដល់​បច្ចុប្បន្ន​នេះ របៀប​ដ៏​មិន​ចេះ​ដាច់​នៃ​ការ​បង្កើត​និង​ការ​បំបាត់​ភ្នំ នៅ​តែ​មាន​ត​ទៅ​ទៀត . . . ភ្នំ​មិន​គ្រាន់​តែ​បាន​កើត​ពី​បាត​នៃ​សមុទ្រ​ដ៏​បាត់​សូន្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​តែង​តែ​បាន​ត្រូវ​លិច​ក្នុង​ទឹក​អស់​ជា​យូរ ក្រោយ​ពេល​វា​បាន​កើត​មក រួច​ក៏​ដុះ​ខ្ពស់​ឡើង​វិញ​»។2 សូម​ប្រៀប​សេចក្ដី​នេះ​នឹង​សុភាសិត​នៃ​អ្នក​សរសេរ​ទំនុក​ដំកើង​៖ ​«​ទ្រង់​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​គ្រប​ដោយ​អាវ ទឹក​នោះ​ក៏​គ្រប​អស់​ទាំង​ភ្នំ​ផង . . . អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើង ហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅ គឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ​»។—ទំនុក​ដំកើង ១០៤:៦,

«​កាល​ដើម​ដំបូង​ឡើយ​»​

៦. តើ​សេចក្ដី​ថ្លែង​អ្វី​ក្នុង​ព្រះ​គម្ពីរ ដែល​ស្រប​នឹង​ទ្រឹស្តី​វិទ្យា​សាស្ត្រ​ថ្មី​ៗ​នេះ អំពី​ដើម​កំណើត​នៃ​សកល​លោក?

ខ​ទី​មួយ​នៃ​ព្រះ​គម្ពីរ​ថ្លែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ (​លោកុប្បត្តិ ១:១​) ការ​សង្កេត​មើល​បាន​បណ្ដាល​ឲ្យ​អ្នក​វិទ្យា​សាស្ត្រ​ធ្វើ​ទ្រឹស្តី​ថា សកល​លោក​ខាង​រូប​ធាតុ​មាន​ដើម​កំណើតពិត​មែន។ វា​មិន​បាន​ស្ថិត​នៅ​គ្រប់​គ្រា​ជា​និច្ច​នោះ​ទេ។ តារា​វិទូ​ឈ្មោះ​រ៉ូបឺត ចាស្ត្រូ ជា​អ្នក​ដែល​ថា​គ្មាន​ភស្តុ​តាង​អ្វី ដែល​គួរ​ឲ្យ​ជឿ​រឿង​សាសនា បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ល្អិត​ល្អន់​គឺ​ខុស​គ្នា ប៉ុន្តែ​ចំណុច​សំខាន់​ៗ ក្នុង​ដំណើរ​រឿង​នៃ​លោកុប្បត្តិ ដោយ​តារា​វិទូ​និង​ព្រះ​គម្ពីរ គឺ​ដូច​គ្នា​៖ ព្រឹត្ដិការណ៍​កើត​ឡើង​បន្ត​បន្ទាប់​ដែល​នាំ​ដល់​មនុស្ស បាន​ចាប់​ផ្ដើម​យ៉ាង​មួយ​រំពេច ហើយ​យ៉ាង​ខ្លាំង​ក្នុង​រយ:វេលា​មួយ​កម្រិត ទាំង​មាន​ពន្លឺ​និង​ថាមពល​កើត​ឡើង​មួយ​រំពេច​ផង​»។3

៧, ៨. ថ្វី​បើ​គេ​មិន​យល់​ស្រប​ថា​ព្រះ​មាន​ការ​ទាក់​ទង តើ​អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​បាន​ត្រូវ​បង្ខំ​ឲ្យ​យល់​ស្រប​នឹង​អ្វី ដែល​ទាក់​ទង​នឹង​ដើម​កំណើត​នៃ​សកល​លោក?

ជា​ការ​ពិត ថ្វី​បើ​អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​ជឿ​ថា សកល​លោក​មាន​ដើម​កំណើត ពួក​គេ​មិន​ទទួល​ស្គាល់​សេចក្ដី​ដែល​ថ្លែង​ថា​៖ ​«​ព្រះ​បាន​បង្កើត​»​ទេ។ ប៉ុន្តែ​ឥឡូវ​ពួក​គេ​ខ្លះ​ព្រម​ជឿ​ថា ជា​ការ​ពិបាក​ដោយ​មិន​អើពើ​នឹង​ទី​សំអាង​នៃ​ប្រាជ្ញា​អ្វី​មួយ ដែល​នៅ​ពី​ក្រោយ​របស់​សព្វ​សារពើ។ សាស្ដ្រាចារ្យ​ខាង​រូបសាស្ត្រ​ឈ្មោះ ហ៊្វ្រីម៉ែន ដាយសុន មាន​យោបល់​ថា​៖ ​«​ដល់​ខ្ញុំ​ពិនិត្យ​សកល​លោក ហើយ​រៀន​សេចក្ដី​ល្អិត​ល្អន់​នៃ​និម្មាបនកម្ម​របស់​សកល​លោក​ថែម​ទៀត នោះ​ខ្ញុំ​ក៏​ឃើញ​ទី​សំអាង​រឹត​តែ​ច្រើន ដែល​បង្ហាញ​ថា​សកល​លោក ដោយ​របៀប​អ្វី​មួយ ក៏​បាន​ដឹង​ថា​យើង​នឹង​ត្រូវ​លេច​មក​»។

លោក​ដាយសុន​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ​«​ជា​អ្នក​វិទ្យា​សាស្ត្រ​ម្នាក់ ដែល​បាន​ហាត់​ហ្វឹកហ្វឺន​នូវ​ទំលាប់​នៃ​គំនិត​និង​ភាសា​នៃ​សតវត្ស​ទី​២០ ជា​ជាង​ទី​១៨​នោះ ខ្ញុំ​មិន​មែន​អះអាង​ថា និម្មាបនកម្ម​នៃ​សកល​លោក​បង្ហាញ​ថា​មាន​ព្រះ​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​អះអាង​ថា និម្មាបនកម្ម​នៃ​សកល​លោក​ស្រប​នឹង​សម្មតិកម្ម​ដែល​ថា គំនិត​មាន​នាទី​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរ​របស់​វា​»។4 យោបល់​របស់​លោក​ច្បាស់​ជា​ប្រឆាំង​នឹង​អាកប្បកិរិយា​ដ៏​មិន​ជឿ​នៃ​ជំនាន់​យើង។ ប៉ុន្តែ​ដោយ​ដាក់​ការ​មិន​ជឿ​នេះ​ចេញ​សិន នោះ​គេ​នឹង​សម្គាល់​ឃើញ​ថា មាន​ភាព​ស្រប​គ្នា​ដ៏​អស្ចារ្យ រវាង​វិទ្យា​សាស្ត្រ​នឹង​សេចក្ដី​ថ្លែង​នៃ​ព្រះគម្ពីរ​ដែល​ថា ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។—លោកុប្បត្តិ ១:១

សុខភាព​និង​អនាម័យ

៩. តាម​របៀប​ណា​ដែល​ច្បាប់​នៃ​ព្រះ​គម្ពីរ​អំពី​រោគ​ស្បែក​ដ៏​ក្លាយ បង្ហាញ​នូវ​ប្រាជ្ញា​ដ៏​មាន​ប្រយោជន៍? (​យ៉ូប ១២:៩, ១៦​ក​)

សូម​ពិចារណា​សេចក្ដី​រាយ​ការណ៍​នៃ​ព្រះ​គម្ពីរ​អំពី​វិស័យ​មួយ​ទៀត គឺ​៖ សុខភាព​និង​អនាម័យ។ បើ​សាសន៍​អ៊ីស្រាអែល​ម្នាក់​មាន​រោគ​ស្បែក ដែល​សង្ស័យ​ថា​ជា​រោគ​ឃ្លង់ នោះ​គាត់​នឹង​ត្រូវ​យក​ទៅ​នៅ​កន្លែង​ដាច់​ឡែក​ពី​គេ។ ​«​អ្នក​នោះ​នឹង​នៅ​តែ​ស្មោក​គ្រោក​ជា​និច្ច គ្រប់​វេលា​ដែល​នៅ​មាន​រោគ​នៅ​ឡើយ អ្នក​នោះ​ជា​មនុស្ស​ស្មោក​គ្រោក​ពិត ត្រូវ​ឲ្យ​នៅ​តែ​ឯង ហើយ​មាន​ទី​លំនៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ផង​»។ (​លេវីវិន័យ ១៣:៤៦​) សូម្បី​តែ​សំលៀក​បំពាក់​ដែល​ជាប់​រោគ​ក្លាយ​ក៏​ត្រូវ​ដុត​ចោល​ដែរ។ (​លេវីវិន័យ ១៣:៥២​) នៅ​ជំនាន់​នោះ នេះ​គឺ​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធិភាព សម្រាប់​ការ​ពារ​មិន​ឲ្យ​រោគ​ក្លាយ​រាល​ដាល។

១០. តាម​របៀប​ណា​ដែល​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ខ្លះ អាច​បាន​ជល​ប្រយោជន៍ ដោយ​កាន់​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​អំពី​អនាម័យ?

១០ ច្បាប់​ដ៏​សំខាន់​មួយ​ទៀត គឺ​ទាក់​ទង​នឹង​ការ​បោះ​ចោល​លាមក​មនុស្ស ដែល​ត្រូវ​តែ​កប់​លុប​នៅ​ខាង​ក្រៅ​ជំរំ។ (​ចោទិយកថា ២៣:១២, ១៣​) (​ច្បាប់​នេះ​ពិត​ជា​បាន​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ពី​រោគ​ជម្ងឺ​ជា​ច្រើន។ សូម្បី​សព្វ​ថ្ងៃ​នេះ បញ្ហា​សុខភាព​ដ៏​ធ្ងន់​ធ្ងរ​នៅ​ប្រទេស​ខ្លះ គឺ​បណ្ដាល​មក​ពី​ការ​បោះ​ចោល​លាមក​មនុស្ស​មិន​បាន​ត្រឹម​ត្រូវ។ ប្រសិន​បើ​មនុស្ស​នៅ​ប្រទេស​ទាំង​នោះគ្រាន់​តែ​កាន់​តាម​ច្បាប់ ដែល​សរសេរ​រាប់​ពាន់​ឆ្នាំ​មុន​ក្នុង​ព្រះ​គម្ពីរ នោះ​គេ​នឹង​មាន​សុខភាព​រឹត​តែ​ល្អ​ឡើង។

១១. តើ​អ្វី​ជា​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​អំពី​សុខភាព​ខាង​ចិត្ត​គំនិត ដែល​ឃើញ​ជា​មាន​ប្រយោជន៍?

១១ ខ្នាត​គំរូ​ដ៏​ថ្លៃ​ថ្នូរ​នៃ​ព្រះ​គម្ពីរ​អំពី​អនាម័យ ក៏​មាន​ទាក់​ទង​នឹង​សុខភាព​ខាង​ចិត្ត​គំនិត​ដែរ។ សុភាសិត​មួយ​ក្នុង​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក​រលួយ​ដល់​ឆ្អឹង​វិញ​»។ (​សុភាសិត ១៤:៣០​) ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​ពេទ្យ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង​ពិត​ជា​មាន​អនុ​ភាព​លើ​សុខភាព​ខាង​រូប​កាយ​របស់​យើង​មែន។ ជា​ឧទាហរណ៍ គ្រូ​ពេទ្យ​ឈ្មោះ ស៊ី.ប៊ី. ថូម៉ាស​នៃ​សកល​វិទ្យាល័យ យ៉ូហាន្ស ហោបគីន្ស សង្កេត​មើល​អ្នក​រៀន​ចប់​ជាង​មួយ​ពាន់​នាក់​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ ដោយ​ប្រៀប​លក្ខណៈ​ខាង​ចិត្ត​របស់​គេ​ជា​មួយ​នឹង​ការ​ដែល​គេ​ងាយ​មាន​រោគ​ជម្ងឺ។ អ្វី​មួយ​ដែល​នាង​សម្គាល់​ឃើញ​គឺ​៖ អ្នក​រៀន​ចប់​ដែល​ងាយ​មាន​រោគ​ជម្ងឺ​ជាង​គេ​បំផុត គឺ​អ្នក​ដែល​ខឹង​ហើយ​ខ្វល់​ខ្វាយ​ជាង​គេ ពេល​នៅ​ក្រោម​ភាព​តាន​តឹង។5

តើ​ព្រះ​គម្ពីរ​និយាយ​យ៉ាង​ណា?

១២. ហេតុ​អ្វី​ក៏​សាសនា​កាតូលិក​ប្រកែក​ថា ទ្រឹស្តី​របស់​លោក​កាលីលឿ​អំពី​ផែនដី គឺ​ជា​អ​ញ្ញ​មតិ?

១២ ប្រសិន​បើ​ព្រះ​គម្ពីរ​ទៀង​ត្រូវ​ណាស់​ក្នុង​វិស័យ​ខាង​វិទ្យា​សាស្ត្រ ហេតុ​អ្វី​ក៏​សាសនា​កាតូលិក​ថា ការ​បង្រៀន​របស់​លោក​កាលីលឿ ដែល​ថា​ផែនដី​វិល​ជុំ​វិញ​ថ្ងៃ គឺ​មិន​ត្រូវ​នឹង​បទ​គម្ពីរ​ទៅ​វិញ? នេះ​គឺ​ពីព្រោះ​របៀប​ដែល​អ្នក​កាន់​អំណាច​បក​ស្រាយ​ខ​ខ្លះ​នៃ​ព្រះ​គម្ពីរ។6 តើ​គេ​បាន​បក​ស្រាយ​ត្រូវ​ឬ​ទេ? សូម​យើង​អាន​មើល​ពីរ​វគ្គ​ដែល​គេ​បាន​ស្រង់​ចេញ​មក។

១៣, ១៤. តើ​ខ​ព្រះ​គម្ពីរ​អ្វី​ដែល​សាសនា​កាតូលិក​យល់​ខុស​ច្រឡំ? សូម​ពន្យល់។

១៣ វគ្គ​មួយ​និយាយ​ថា​៖ ​«​ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង​ដែល​រះ​ឡើង​នោះ​ទៀត​»។ (​សាស្ដា ១:៥​) តាម​ការជជែក​នៃ​សាសនា​កាតូលិក ឃ្លា​ដូច​ជា​«​ថ្ងៃ​រះ​»​និង​«​ថ្ងៃ​លិច​»​ មាន​ន័យ​ថា​ថ្ងៃ មិន​មែន​ផែនដី​ទេ​ដែល​វិល។ ប៉ុន្តែ សូម្បី​សព្វ​ថ្ងៃ​នេះ​យើង​ក៏​និយាយ​ថា ថ្ងៃ​រះ​និង​លិច​ដែរ ហើយ​យើង​ភាគ​ច្រើន​ដឹង​ថា​ផែនដី​ទេ​ដែល​វិល មិន​មែន​ថ្ងៃ​ឡើយ។ ពេល​យើង​ប្រើ​ឃ្លា​ដូច​នេះ យើង​គ្រាន់​តែ​រៀប​រាប់​ដំណើរ​ដ៏​ឃើញ​នៃ​ថ្ងៃ ដូច​ដែល​បាន​ឃើញ​ដោយ​មនុស្ស​កំពុង​មើល​អញ្ចឹង។ អ្នក​សរសេរ​ព្រះ​គម្ពីរ​ក៏​រៀប​រាប់​ដូច​គ្នា​អញ្ចឹង​ដែរ។

១៤ វគ្គ​មួយ​ទៀត​និយាយ​ថា​៖ ​«​ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់​កល្ប​»។ (​ទំនុក​ដំកើង ១០៤:៥​) នេះ​បាន​ត្រូវ​គេ​បក​ស្រាយ​ថា ក្រោយ​ពេល​ផែនដី​បាន​ត្រូវ​បង្កើត​ហើយ។ វា​មិន​អាច​កម្រើក​បាន​ឡើយ។ ប៉ុន្តែ​តាម​ការ​ពិត ខ​នេះ​បញ្ជាក់​និច្ចការ​នៃ​ផែនដី មិន​មែន​ការ​កម្រើក​មិន​បាន​នោះ​ទេ។ ផែនដី​នឹង​មិន​ដែល​ត្រូវ‹រញ្ជួយ› ឲ្យ​បាត់​សាប​សូន្យ ឬ​ក៏​ត្រូវ​បំផ្លាញ​បាន​នោះ​ទេ ដូច​ខ​ឯ​ទៀត​នៃ​ព្រះ​គម្ពីរ​បញ្ជាក់​ប្រាប់។ (​ទំនុក​ដំកើង ៣៧:២៩ សាស្ដា ១:៤​) បទ​គម្ពីរ​នេះ​ក៏​ឥត​មាន​ទាក់​ទង​នឹង​ដំណើរ​នៃ​ផែនដី​និង​ថ្ងៃ​ទេ។ កាល​នៅ​ជំនាន់​លោក​កាលីលឿ គឺ​ជា​សាសនា​កាតូលិក មិន​មែន​ព្រះ​គម្ពីរ​ទេ ដែល​រា​រាំង​មិន​ឲ្យ​មាន​ការ​ពិគ្រោះ​ដ៏​សេរី​ខាង​វិទ្យា​សាស្ត្រ។

វិវត្តន៍​និង​ការ​បង្កើត

១៥. តើ​អ្វី​ជា​ទ្រឹស្តី​នៃ​វិវត្តន៍ ហើយ​វា​ប្រឆាំង​នឹង​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១៥ ប៉ុន្តែ​មាន​វិស័យ​មួយ​ទៀត ដែល​មនុស្ស​ជា​ច្រើន​និយាយ​ថា វិទ្យា​សាស្ត្រ​សម័យ​ថ្មី និង​ព្រះ​គម្ពីរ​គឺ​ឥត​ត្រូវ​គ្នា​ទាល់​តែ​សោះ។ អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​ជឿ​ទ្រឹស្តី​នៃ​វិវត្តន៍ ដែល​បង្រៀន​ថា​ជីវិត​ទាំង​ឡាយ​បាន​ប្រែ​ប្រួល​ជា​លំដាប់ ពី​ជីវិត​ម្យ៉ាង​ដ៏​ឥត​ស្មុគ​ស្មាញ ដែល​កើត​មាន​មក​កាល​ពី​រាប់​លាន​ឆ្នាំ​មុន​ម្ល៉េះ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បង្រៀន​ថា ក្រុម​សំខាន់​ៗ​នៃ​ជីវិត​ទាំង​ឡាយ​គឺ​បាន​ត្រូវ​បង្កើត​មក ហើយ​ក៏​បង្ក​បង្កើត​«​តាម​ពូជ​»​ត​រៀង​មក រួច​និយាយ​ថា​មនុស្ស​បាន​ត្រូវ​បង្កើត​ពី​«​ធូលី​ដី​»។ (​លោកុប្បត្តិ ១:២១; ២:៧​) តើ​នេះ​ជា​កំហុស​ដ៏​ច្បាស់​ក្នុង​ព្រះ​គម្ពីរ​អំពី​រឿង​វិទ្យា​សាស្ត្រ​ឬ? មុន​នឹង​សម្រេច​ឆ្លើយ សូម​យើង​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ នូវ​អ្វី​ៗ​ដែល​វិទ្យា​សាស្ត្រ​ដឹង ដោយ​ប្រៀប​នឹង​ទ្រឹស្តី​ដែល​វា​បាន​ធ្វើ។

១៦​-​១៨. (​ក​) តើ​លោក​ឆាល ដាវីន​បាន​សង្កេត​ឃើញ​អ្វី ដែល​នាំ​ឲ្យ​លោក​ជឿ​លើ​វិវត្តន៍? (​ខ​) តាម​របៀប​ណា​ដែល​យើង​អាច​ប្រកែក​ជា អ្វី​ដែល​លោក​ដាវីន​សង្កេត​ឃើញ នៅ​កោះ​កាឡាប៉ា​កូស គឺ​មិន​ប្រឆាំង​នឹង​សេចក្ដី​ដែល​ព្រះ​គម្ពីរ​និយាយ​ទេ?

១៦ ទ្រឹស្តី​នៃ​វិវត្តន៍​គឺ​បាន​ត្រូវ​គេ​និយម​នៅ​សតវត្ស​មុន​នេះ ដោយ​សារ​លោក​ឆាល ដាវីន។ ពេល​នៅ​កោះ​កាឡាប៉ា​កូស ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក លោក​ដាវីន​ក៏​ស្ងើច​ចិត្ត​យ៉ាង​ខ្លាំង នឹង​ចំ​ពូក​ផ្សេង​ៗ​គ្នា​នៃ​សត្វ​ចាប​នៅ​លើ​កោះ​ផ្សេង​ៗ ហើយ​លោក​ក៏​ធ្វើ​អនុមាន​ថា ចាប​ទាំង​នេះ​ត្រូវ​តែ​កើត​មក​ពី​ពូជ​ដើម​តែ​មួយ​ប៉ុណ្ណោះ។ ដោយ​ព្រោះ​លោក​បាន​ឃើញ​ខ្លះ​ៗ​នេះ លោក​ក៏​បង្កើត​ទ្រឹស្តី​ដែល​ថា ជីវិត​ទាំង​ឡាយ​គឺ​កើត​មក​ពី​ជីវិត​ដើម​ដំបូង​មួយ​ដ៏​ឥត​ស្មុគ​ស្មាញ។ លោក​អះអាង​ថា កម្លាំង​ជម្រុញ​ឲ្យ​ប្រែ​ប្រួល​ជា​លំដាប់ ពី​សត្តនិករ​តូច​តាច​ឲ្យ​ទៅ​ជា​ធំ​ដុំ គឺ​ជា​ការ​ជ្រើស​រើស​ដោយ​ធម្មជាតិ គឺ​ជា​ការ​គង់​វង់​នៃ​ពពួក​ដែល​មាន​សមត្ថភាព​បំផុត។ លោក​ក៏​អះអាង​ថា ដោយ​សារ​វិវត្តន៍ សត្វ​លើ​គោក​ក៏​កើត​មក​ពី​ត្រី ឯ​សត្វ​ចាប​ក៏​កើត​មក​ពី​សត្វ​លូន​ជា​ដើម។

១៧ តាម​ការ​ពិត អ្វី​ដែល​លោក​ដាវីន​ឃើញ​នៅ​លើ​កោះ​ដ៏​ដាច់​ឡែក​នោះ មិន​មែន​ឥត​ស្រប​នឹង​ព្រះ​គម្ពីរ​ទេ ដែល​អនុញ្ញាត​ឲ្យ​មាន​ភាព​ផ្សេង​ៗ​គ្នា ក្នុងចំណោម​រូប​ជីវិត​សំខាន់​មួយ​បែប។ ជា​ឧទាហរណ៍ មនុស្ស​លោក​គ្រប់​ពូជ​ទាំង​អស់ គឺ​កើត​មក​ពី​មនុស្ស​មួយ​គូ​ដំបូង​តែ​ប៉ុណ្ណោះ។ (​លោកុប្បត្តិ ២:៧, ២២​-​២៤​) ដូច្នេះ គឺ​ឥត​មាន​អ្វី​ចម្លែក​ទេ ដែល​ចំ​ពូក​ផ្សេង​ៗ​នៃ​សត្វ​ចាប​ទាំង​នោះ​កើត​មក​ពី​ពូជ​ដើម​តែ​មួយ។ ប៉ុន្តែ​វា​នៅ​តែ​ជា​សត្វ​ចាប​ដដែល វា​អត់​ប្រែ​ប្រួល​ជា​លំដាប់​ឲ្យ​ទៅ​ជា​សត្វ​ស្ទាំង ឬ​សត្វ​ឥន្ទ្រី​នោះ​ឡើយ។

១៨ សត្វ​ចាប​ចំ​ពូក​ផ្សេង​ៗ​គ្នា​ឬ​សត្វ​អ្វី​ឯ​ទៀត​ដែល​លោក​ដាវីន​ឃើញ មិន​បាន​បង្ហាញ​ថា​ជីវិត​ទាំង​ឡាយ​មាន​ពូជ​ដូច​គ្នា​តែ​មួយ​នោះ​ទេ ទោះ​ជា​ត្រី​ឆ្លាម​ឬ​រំពេ ដំរី​ឬ​ជន្លេន​ក្ដី។ យ៉ាង​ណា​ក៏​ដោយ អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​ពោល​អះអាង​ថា វិវត្តន៍​មិន​មែន​គ្រាន់​តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​ការណ៍​ពិត​ផង។ ពួក​ឯ​ទៀត ថ្វី​បើ​ដឹង​នូវ​បញ្ហា​នៃ​ទ្រឹស្តី​នេះ​ក្ដី ក៏​និយាយ​ថា​គេ​នៅ​តែ​ជឿ​វា។ គេ​និយម​នឹង​ជឿ​ដូច្នោះ។ ប៉ុន្តែ យើង​ត្រូវ​តែ​ដឹង​ថា តើ​វិវត្តន៍​បាន​ស​ឲ្យ​ឃើញ​ដល់​កម្រិត​ណា បាន​ជា​ត្រូវ​ថា​ព្រះ​គម្ពីរ​ខុស​នោះ។

តើ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ឬ?

១៩. តើ​ប្រវត្ដិ​ខាង​បា​សាណី​ភូត​គាំទ្រ​វិវត្តន៍​ឬ​ក៏​ការ​បង្កើត?

១៩ តើ​ទ្រឹស្តី​នៃ​វិវត្តន៍​អាច​យក​មក​សាក​ល្បង​មើល​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​ដ៏​ច្បាស់​ជាង​គេ គឺ​ពិនិត្យ​ប្រវត្ដិ​បា​សាណី​ភូត​មើល តើ​ការ​ប្រែ​ប្រួល​បន្ដិច​ម្ដង​ៗ ពី​មួយ​បែប​ទៅ​មួយ​បែប​ពិត​ជា​បាន​កើត​ឡើង​មែន​ឬ​មិន​មែន។ តើ​វា​មាន​កើត​ឡើង​ទេ? គឺ​អត់​ទេ ដូច​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​បាន​យល់​ស្រប​ទាំង​ស្មោះ។ លោក​ហ្វ្រានស៊ីស ហ៊ីតឈីង ជា​បុគ្គល​ម្នាក់​ដែល​សរសេរ​ថា​៖ ​«​ពេល​អ្នក​រក​ការ​ភ្ជាប់​គ្នា​រវាង​ក្រុម​សំខាន់​ៗ​នៃ​សត្វ អ្នក​រក​មិន​ឃើញ​ឡើយ​»។7 ការ​ខ្វះ​ទី​សំអាង​ខាង​ប្រវត្ដិ​បា​សាណី​ភូត​គឺ​ឃើញ​ច្បាស់​ណាស់ ដល់​ម្ល៉េះ​បាន​ជា​អ្នក​វិវឌ្ឍនិយម​បញ្ចេញ​ក្បួន​ផ្សេង​ទៀត​មក​ជំនួស​ទ្រឹស្តី​លោក​ដាវីន ខាង​ការ​ប្រែ​ប្រួល​ជា​លំដាប់។ ប៉ុន្តែ​ការ​ពិត​គឺ​ថា ការ​លេច​ឡើង​មួយ​រំពេច​នៃ​ចំ​ពូក​សត្វ ក្នុង​ប្រវត្ដិ​បា​សាណី​ភូត ជួយ​គាំទ្រ​ការ​បង្កើត​ដ៏​ពិសេស​ជាង​វិវត្តន៍។

២០. ហេតុ​អ្វី​ក៏​របៀប​ដែល​កោសិកា​ដ៏​រស់​បង្ក​បង្កើត​កោសិកា​ឯ​ទៀត មិន​អនុញ្ញាត​ឲ្យ​វិវត្តន៍​កើត​ឡើង​បាន?

២០ ម្យ៉ាង​ទៀត លោក​ហ៊ីតឈីង​បង្ហាញ​ថា ជីវិត​ទាំង​ឡាយ​គឺ​បាន​ត្រូវ​បញ្ជាឲ្យ​បង្កើត​ពូជ​ដូច​គ្នា​បេះ​បិទ ជា​ជាង​ប្រែ​ប្រួល​ជា​លំដាប់​ទៅ​ជា​អ្វី​ផ្សេង​វិញ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​កោសិកា​ដ៏​រស់​បង្កើត​កោសិកា​ឯ​ទៀត​បាន​សឹង​ដូច​គ្នា​បេះ​បិទ ឯ​ភាព​ខុស​គ្នា​គឺ​តិច​តួច​ណាស់ បាន​ជា​គ្មាន​ម៉ាស៊ីន​ធ្វើ​ដោយ​មនុស្ស​អាច​ប្រៀប​ស្មើ​បាន​ឡើយ។ ហើយ​ក៏​មាន​កម្រិត​ដែល​ជាប់​មក​ជា​មួយ​ផង។ រុក្ខជាតិ​ដុះ​ធំ​បាន​ពេញ​ទំហំ​ហើយ ក៏​មិន​ព្រម​ដុះ​ធំ​ទៀត​ឡើយ។ សត្វ​រុយ​នៅ​តែ​ជា​សត្វ​រុយ​ដដែល ហើយ​មិន​ព្រម​ក្លាយ​ជា​អ្វី​ផ្សេង​វិញ​ទេ ក្រោម​កាលៈទេសៈ​គ្រប់​យ៉ាង​ដែល​បាន​ប្រឌិត​»។8 អស់​រយៈ​ជា​ច្រើន​ទសវត្ស​ហើយ អ្នក​វិទ្យា​សាស្ត្រ​ខំ​ធ្វើ​ឲ្យ​សត្វ​រុយ​ប្រែ​ប្រួល ប៉ុន្តែ​គេ​មិន​អាច​ធ្វើ​ឲ្យ​វា​ប្រែ​ប្រួល​ជា​លំដាប់​ទៅ​ជា​សត្វ​អ្វី​ផ្សេង​បាន​ឡើយ។

ដើម​កំណើត​នៃ​ជីវិត

២១. តើ​ការ​សន្និដ្ឋាន​អ្វី​ដែល​បញ្ជាក់​ដោយ​លោក លូវីស ប៉ាស្ទ័រ​ធ្វើ​ឲ្យ​មាន​បញ្ហា​ធំ​ចំពោះ​អ្នក​វិវឌ្ឍនិយម?

២១ សំនួរ​ដ៏​ស្មុគ​ស្មាញ​មួយ​ទៀត ដែល​អ្នក​វិវឌ្ឍនិយម​មិន​អាច​ឆ្លើយ​គឺ​៖ តើ​អ្វី​ជា​ដើម​កំណើត​នៃ​ជីវិត? តើ​តាម​របៀប​ណា​ដែល​ជីវិត​ដ៏​ឥត​ស្មុគ​ស្មាញ​បាន​កើត​មាន​មក—ជា​ជីវិត​ដែល​គេ​សន្មត​ថា—យើង​រាល់​គ្នា​បាន​ត្រូវ​កើត​មកនោះ? ជា​ច្រើន​សតវត្ស​មុន នេះ​ហាក់​ដូច​ជា​មិន​មែន​បញ្ហា​ទេ។ មនុស្ស​ភាគ​ច្រើន​នៅ​ជំនាន់​នោះ​យល់​ថា រុយ​អាច​កើត​មក​ពី​សាច់​រលួយ ហើយ​ថា​កន្ទប​ដ៏​ចាស់​មួយ​គំនរ​អាច​កើត​ជា​កណ្ដុរ ដោយ​ឯកឯង​បាន។ ប៉ុន្តែ ជាង​មួយ​រយ​ឆ្នាំ​មុន​នេះ អ្នក​គីមី​បារាំង​ឈ្មោះ​លូវីស ប៉ាស្ទ័រ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា ជីវិត​អាច​កើត​មក​បាន​ពី​ជីវិត​ដែល​មាន​ពី​មុន​ស្រាប់​តែ​ប៉ុណ្ណោះ។

២២, ២៣. ស្រប​តាម​អ្នក​វិវឌ្ឍនិយម តើ​ជីវិត​បាន​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី?

២២ ដូច្នេះ តើ​អ្នក​វិវឌ្ឍនិយម​ពន្យល់​អំពី​ប្រភព​នៃ​ជីវិត​យ៉ាង​ដូច​ម្ដេច? ទ្រឹស្តី​ដ៏​និយម​បំផុត​ប្រាប់​ថា ការ​បញ្ចូល​គ្នា​នៃ​ធាតុ​គីមី​និង​ថាមពល​ដោយ​ចៃដន្យ បាន​នាំ​ឲ្យ​កើត​មាន​ជីវិត​ដោយ​ឯកឯង​រាប់​លាន​ឆ្នាំ​មុន​មក។ ចុះ​ចំពោះ​ក្បួន​ដែល​លោក​ប៉ាស្ទ័រ​បាន​ស​ឲ្យ​ឃើញ​នោះ? សៀវភៅ​សព្វវចនាធិប្បាយ​ពិភព​លោក ពន្យល់​ថា​៖ ​«​លោក​ប៉ាស្ទ័រ​បង្ហាញ​ថា​ជីវិត​មិន​អាច​កើត​មក​ឯកឯង​បាន​ទេ ក្រោម​លក្ខណៈ​ខាង​គីមី​និង​រូប​និយម ដែល​មាន​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ រាប់​រយ​កោដិ​ឆ្នាំ​មុន លក្ខណៈ​ខាង​គីមី​និង​រូប​និយម​លើ​ផែនដី​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​»​!9

២៣ ប៉ុន្តែ សូម្បី​នៅ​ក្រោម​លក្ខណៈ​ដ៏​ខុស​គ្នា​ឆ្ងាយ​ក៏​ដោយ ក៏​នៅ​មាន​ចន្លោះ​យ៉ាង​ធំ​រវាង​របស់​គ្មាន​ជីវិត​និង​រូប​មាន​ជីវិត ដ៏​ឥត​ស្មុគ​ស្មាញ​បំផុត​ដែរ។ ក្នុង​សៀវភៅ វិវត្តន៍​៖ ទ្រឹស្តី​ដ៏​មាន​វិបត្ដិ លោក​មីកែល ដឹនតុន​មាន​ប្រសាសន៍​ថា​៖ ​«​រវាង​កោសិកា​ដ៏​រស់ និង​ប្រព័ន្ធ ខាង​អជីវ​សាស្ត្រ​ដ៏​រៀប​រយ​ជា​ទី​បំផុត ដូច​ជា​ផលិក​ឬ​ទឹក​កក​ស្តើង​ល្អិត នោះ​មាន​សភាព​ខុស​គ្នា​ដ៏​សម្បើម​ក្រៃ​លែង ដែល​មិន​អាច​យល់​បាន​»។10 គំនិត​ដែល​ថា​របស់​គ្មាន​ជីវិត​អាច​ទៅ​ជា​មាន​ជីវិត​បាន ដោយ​ចៃដន្យ​ព្រាវ​ៗ​នោះ គឺ​មិន​ងាយ​នឹង​កើត​ឡើង​បាន​សោះ​ឡើយ។ សេចក្ដី​ពន្យល់​នៃ​ព្រះ​គម្ពីរ​ដែល​ថា ‹ជីវិត​កើត​មក​ពី​ជីវិត› ក្នុង​សេចក្ដី​ដែល​ថា​ជីវិត​គឺ​បង្កើត​ដោយ​ព្រះ គឺ​គួរ​ជឿ​បាន​ថា​ស្រប​គ្នា​នឹង​ការណ៍​ពិត។

ហេតុ​អ្វី​មិន​មែន​ការ​បង្កើត

២៤. ថ្វី​បើ​ទ្រឹស្តី​នៃ​វិវត្តន៍​នេះ​មាន​បញ្ហា ហេតុ​អ្វី​ក៏​អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​នៅ​តែ​ជឿ?

២៤ ថ្វី​បើ​មាន​បញ្ហា​ជាប់​ជា​មួយ​នឹង​ទ្រឹស្តី​នៃ​វិវត្តន៍​ក៏​ដោយ ក៏​គេ​នៅ​តែ​យល់​ថា​ជំនឿ​ក្នុង​ការ​បង្កើត​សព្វ​ថ្ងៃ​នេះ គឺ​មិន​ស្រប​នឹង​វិទ្យា​សាស្ត្រ ហើយ​ខុស​ពី​ធម្មតា​ទៀត​ផង។ ហេតុ​អ្វី​ដូច្នេះ? ហេតុ​អ្វី​ក៏​សូម្បី​តែ​អ្នក​ជំនាញ ដូច​លោក​ហ្វ្រានស៊ីស ហ៊ីតឈីង ដែល​បង្ហាញ​ដោយ​ស្មោះ​នូវ​ភាព​ខ្សោយ​នៃ​វិវត្តន៍ ក៏​មិន​ស្រប​នឹង​គំនិត​នៃ​ការ​បង្កើត?11 លោក​មីកែល ដឹនតុន ពន្យល់​ថា​វិវត្តន៍ មាន​ខុស​ជា​ច្រើន ប៉ុន្តែ​គេ​នៅ​តែ​មាន​បង្រៀន​វា ពីព្រោះ​ទ្រឹស្តី​ដែល​ទាក់​ទង​នឹង​ការ​បង្កើត​«​ត្រូវ​សួរ​រក​យ៉ាង​ត្រង់​នូវ​បុព្វហេតុ​ខាង​អធិធម្មជាតិ​»។12 បើ​និយាយ​ឲ្យ​ចំ​ទៅ ការណ៍​ពិត​ដែល​ថា ការ​បង្កើត​មាន​ទាក់​ទង​នឹង​អ្នក​បង្កើត​មួយ​អង្គ​នោះ គឺ​មិន​អាច​ជឿ​បាន​ឡើយ។ ជា​ប្រាកដ នេះ​គឺ​ដូច​គ្នា​នឹង​ការ​ពិចារណា​ដ៏​វិល​ទៅ​វិល​មក ដែល​យើង​បាន​ឃើញ ចំពោះ​រឿង​អព្ភូតហេតុ ដែល​ថា​៖ អព្ភូតហេតុ​គឺ​មិន​អាច​មាន​ទេ ពីព្រោះ​វា​ជា​អព្ភូត​ណាស់​ពេក!

២៥. តាម​មតិ​វិទ្យា​សាស្ត្រ ការ​ខ្សោយ​អ្វី​នៃ​វិវត្តន៍ ដែល​បង្ហាញ​ថា​វិវត្តន៍​មិន​មែន​ជា ការ​ជំនួស​ដ៏​ត្រូវ​សម្រាប់​ការ​បង្កើត​ទេ ក្នុង​ការ​ពន្យល់​អំពី​ដើម​កំណើត​នៃ​ជីវិត?

២៥ ម្យ៉ាង​ទៀត ទ្រឹស្តី​នៃ​វិវត្តន៍​គឺ​ប្រកប​ទៅ​ដោយ​សេចក្ដី​សង្ស័យ​យ៉ាង​ខ្លាំង​ដែរ តាម​ទស្សនៈ​ខាង​វិទ្យា​សាស្ត្រ។ លោក​មីកែល ដឹនតុន មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​ដោយ​ព្រោះ​ជា​ទ្រឹស្តី​មួយ​នៃ​ការ​កសាង​ឡើង​វិញ​ខាង​ប្រវត្ដិសាស្ត្រ [​ទ្រឹស្តី​នៃ​វិវត្តន៍​របស់​លោក​ដាវីន​] គឺ​មិន​អាច​បញ្ជាក់​មើល​បាន ដោយ​ពិសោធន៍​ឬ​ការ​ពិនិត្យ​សង្កេត​ផ្ទាល់ ដូច​របៀប​ធម្មតា​ក្នុង​វិទ្យា​សាស្ត្រ​នោះ​ឡើយ។ . . . ម្យ៉ាង​ទៀត​ទ្រឹស្តី​នៃ​វិវត្តន៍​ទាក់​ទង​នឹង​ព្រឹត្ដិការណ៍​ប្លែក​ៗ​ដែល​កើត​ឡើង​តែ​ម្ដង​បន្ត​បន្ទាប់​គ្នា ដូច​ជា​ដើម​កំណើត​នៃ​ជីវិត ដើមកំណើត​នៃ​ប្រាជ្ញា​ជា​ដើម។ ព្រឹត្ដិការណ៍​ប្លែក​ៗ​ដែល​កើត​តែ​ម្ដង មិន​អាច​មាន​សា​ឡើង​វិញ​ទេ ហើយ​មិន​អាច​ពិនិត្យ​សង្កេត​ដោយ​ការ​ពិសោធ​គ្រប់​យ៉ាង​»។13 ការ​ពិត​គឺ​ថា​ទ្រឹស្តី​នៃ​វិវត្តន៍ ថ្វី​បើ​មាន​គេ​និយម គឺ​ពោរ​ពេញ​ទៅ​ដោយ​ចន្លោះ​និង​បញ្ហា​ជា​ច្រើន។ ហើយ​វា​គ្មាន​ផ្ដល់​មូលហេតុ​ល្អ​ត្រឹម​ត្រូវ​សម្រាប់​ផ្ទាត់​ចោល​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ អំពី​ដើម​កំណើត​នៃ​ជីវិត​ឡើយ។ ជំពូក​ទី​មួយ​នៃ​លោកុប្បត្តិ​ប្រាប់​ដំណើរ​រឿង​ដ៏​សមរម្យ​ទាំង​ស្រុង អំពី​របៀប​ដែល​«​ព្រឹត្ដិការណ៍​ប្លែក​ៗ​»​ ​«​ដែល​មិន​អាច​មាន​សា​ឡើង​វិញ​»​ កើត​ឡើង​ក្នុង‹ថ្ងៃ›បង្កើត​ទាំង​ប៉ុន្មាន ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ៗ​សហស្សវត្ស។ a

ចុះ​ចំពោះ​ជំនន់

២៦, ២៧. (​ក​) តើ​ព្រះ​គម្ពីរ​និយាយ​យ៉ាង​ណា​អំពី​ជំនន់? (​ខ​) តើ​ទឹក​ជំនន់​ខ្លះ​ត្រូវ​តែ​មក​ពី​ណា?

២៦ មនុស្ស​ជា​ច្រើន​ចង្អុល​ទៅ​ឯ​ការ​ខុស​គ្នា​មួយ​ទៀត​ដែល​គេ​ស្មាន រវាង​ព្រះ​គម្ពីរ​និង​វិទ្យា​សាស្ត្រ​សម័យ​ថ្មី។ ក្នុង​សៀវភៅ​លោកុប្បត្តិ យើង​អាន​ថា​រាប់​ពាន់​ឆ្នាំ​មុន មនុស្ស​មាន​អំពើ​អាក្រក់​ខ្លាំង​ណាស់ បាន​ជា​ទ្រង់​សម្រេច​នឹង​បំផ្លាញ​ពួក​គេ​ចោល។ ប៉ុន្តែ ទ្រង់​បញ្ជា​លោក​ណូអេ ជា​មនុស្ស​សុចរិត ឲ្យ​សង់​ទូក​ឈើ​មួយ​យ៉ាង​ធំ។ បន្ទាប់​មក ព្រះ​ក៏​ធ្វើ​ឲ្យ​ទឹក​ជំនន់​លិច​លើ​មនុស្ស​លោក​ទៅ។ មាន​តែ​លោក​ណូអេ​និង​គ្រួសារ​របស់​លោក​ទេ ដែល​នៅ​រស់ ព្រម​ទាំង​តំណាង​នៃ​សត្វ​គ្រប់​ចំ​ពូក។ ជំនន់​នោះ​គឺ​ធំ​យ៉ាង​អស្ចារ្យ​ដល់​ម្ល៉េះ បាន​ជា​«​អស់​ទាំង​ភ្នំ​ខ្ពស់​ៗ នៅ​ក្រោម​មេឃ​បាន​លិច​បាត់​អស់​រលីង​ទៅ​»។—លោកុប្បត្តិ ៧:១៩

២៧ តើ​ទឹក​អស់​នេះ​មក​ពី​ណា មក​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​លិច​ទៅ​បាន? ព្រះ​គម្ពីរ​ក៏​ឆ្លើយ​នឹង​សំនួរ​នេះ​ដែរ។ នៅ​ពេល​ដំបូង​ក្នុង​ការ​បង្កើត ពេល​ដែល​ប្រឡោះ​នៃ​បរិយាកាស​ចាប់​ផ្ដើម​កើត​មាន​រូប​រាង​ឡើង នោះ​ក៏​មាន​«​ទឹក . . . នៅ​ក្រោម​ប្រឡោះ​»​ ហើយ​មាន​«​ទឹក . . . នៅ​លើ​ប្រឡោះ​»​ដែរ។ (​លោកុប្បត្តិ ១:៧; ពេត្រុស​ទី​២ ៣:៥​) ពេល​ជំនន់​មក​ដល់ ព្រះ​គម្ពីរ​ប្រាប់​ថា​៖ ​«​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក៏​ត្រូវ​បើក​ចេញ​»។ (​លោកុប្បត្តិ ៧:១១​) ជា​ប្រាកដ ​«​ទឹក . . . នៅ​លើ​ប្រឡោះ​»​បាន​ធ្លាក់​មក​ហើយ​ផ្ដល់​ទឹក​ជា​ច្រើន ដែល​ធ្វើ​ជន់​លិច។

២៨. តើ​អ្នក​បំរើ​នៃ​ព្រះ​ពី​បុរាណ ព្រម​ទាំង​ព្រះ​យេស៊ូ យល់​យ៉ាង​ណា​អំពី​ជំនន់?

២៨ សៀវភៅ​សិក្សា​សម័យ​ថ្មី គឺ​ច្រើន​តែ​មិន​ព្រម​ជឿ​លើ​ជំនន់​ពេញ​ពិភព​លោក​នេះ​ទេ។ ដូច្នេះ​យើង​ត្រូវ​សួរ​ថា​៖ តើ​ជំនន់​គ្រាន់​តែ​ជា​រឿង​តាម​ប្រពៃណី ឬ​ក៏​ជំនន់​បាន​កើត​ឡើង​មែន? មុន​នឹង​ឆ្លើយ យើង​គួរ​តែ​កត់​សម្គាល់​ថា អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជំនាន់​ក្រោយ​ៗ ទទួល​ស្គាល់​ថា​ជំនន់​គឺ​ជា​ប្រវត្ដិសាស្ត្រ​ពិត​មែន​ទែន ពួក​គេ​មិន​មែន​យល់​ថា​នេះ​ជា​រឿង​តាម​ប្រពៃណី​ទេ។ អេសាយ ព្រះ​យេស៊ូ ប៉ុល និង​ពេត្រុស គឺ​ក្នុង​បណ្ដា​ពួក​អ្នក​ដែល​ថ្លែង​អំពី​ជំនន់ ថា​ជា​ការ​ដែល​បាន​កើត​ឡើង​មែន។ (​អេសាយ ៥៤:៩; ម៉ាថាយ ២៤:៣៧​-​៣៩; ហេព្រើរ ១១:៧; ពេត្រុស​ទី​១ ៣:២០, ២១; ពេត្រុស​ទី​២ ២:៥; ៣:៥​-​៧​) ប៉ុន្តែ​មាន​សំនួរ​ដែល​យើង​ត្រូវ​តែ​ឆ្លើយ អំពី​ទឹក​ជន់​លិច​លើ​ពិភព​លោក​នេះ។

ទឹក​ជំនន់

២៩, ៣០. តើ​ការណ៍​ពិត​អ្វី​អំពី​ទឹក​លើ​ផែនដី ដែល​បង្ហាញ​ថា​ជំនន់​អាច​កើត​ឡើង​បាន?

២៩ ដំបូង តើ​គំនិត​ដែល​ថា​ផែនដី​ទាំង​មូល​ត្រូវ​ទឹក​ជន់​លិច គឺ​ហួស​ហេតុ​ពេក​ឬ? គឺ​អត់​ទេ។ តាម​ការ​ពិត ផែនដី​មួយ​កម្រិត​គឺ​ត្រូវ​ទឹក​ជន់​លិច​នៅ​ឡើយ។ ចិតសិប​ភាគ​រយ​នៃ​ផែនដី​គឺ​ត្រូវ​ទឹក​គ្រប​ពី​លើ ហើយ​មាន​តែ​សាមសិប​ភាគ​រយ​ទេ ដែល​ជា​ដី​គោក​នោះ។ ម្យ៉ាង​ទៀត ចិតសិប​ប្រាំ​ភាគ​រយ​នៃ​ទឹក​សាប​លើ​ផែនដី គឺ​នៅ​កក​ជា​គំនរ​ទឹក​កក និង​ផ្ទាំង​ទឹក​កក​ដែល​គ្រប​លើ​ទី​អក្ខោ​សាន។ បើ​ទឹក​កក​ទាំង​អស់​នេះ​ត្រូវ​រលាយ​ទៅ នោះ​ផ្ទៃ​សមុទ្រ​នឹង​ត្រូវ​ឡើង​រឹត​តែ​ខ្ពស់​ណាស់​ទៀត។ ទី​ក្រុង​ដូច​ញូវយ៉ក និង​តូក្យូ​នឹង​ត្រូវ​លិច​អស់។

៣០ ម្យ៉ាង​ទៀត សព្វវចនាធិប្បាយ​ប៊្រីធែណនីកា​ថ្មី និយាយ​ថា​៖ ​«​ជម្រៅ​មធ្យម​នៃ​សមុទ្រ​ទាំង​អស់ គឺ​ប្រហាក់​ប្រហែល​ជា​៣.៧៩០​ម៉ែត្រ (​១២.៤៣០ហ៊្វីត​) គឺ​ធំ​ច្រើន​ជាង​កំពស់​មធ្យម​នៃ​ដី​លើ​ផ្ទៃ​សមុទ្រ ដែល​មាន​កំពស់​៨៤០​ម៉ែត្រ(​២.៧៦០​ហ៊្វីត​)។ បើ​ជម្រៅ​មធ្យម​នេះ​ត្រូវ​គុណ​នឹង​ក្រឡា​ផ្ទៃ​និមួយ​ៗ នោះ​ចំណុះ​ទឹក​នៃ​មហា​សាគរ​ពិភព​លោក នឹង​ត្រូវ​ជា​១១​ដង​នៃ​ចំណុះ​ដី​លើ​ផ្ទៃ​សមុទ្រ​»។14 ដូច្នេះ​បើ​អ្វី​ៗ​ទាំង​អស់​ត្រូវ​ពង្រាប​ទៅ—បើ​ភ្នំ​ទាំង​អស់​ត្រូវ​ពង្រាប​ឲ្យ​ស្មើ ហើយ​បាត​សមុទ្រ​ដ៏​ជ្រៅ​ត្រូវ​ចាក់​បំពេញ​ឡើង នោះ​សមុទ្រ​នឹង​គ្រប​លិច​លើ​ផែនដី​ទាំង​មូល ដល់​ជម្រៅ​រាប់​ពាន់​ម៉ែត្រ។

៣១. (​ក​) ដើម្បី​ឲ្យ​ជំនន់​កើត​ឡើង​បាន តើ​ស្ថានភាព​នៃ​ផែនដី​មុន​ជំនន់​គឺ​ត្រូវ​ជា​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​អ្វី​បង្ហាញ​ថា​ភ្នំ​គឺ​អាច​ទាប​ជាង ហើយ​បាត​សមុទ្រ​រាក់​ជាង មុន​ពេល​ជំនន់?

៣១ ដើម្បី​ឲ្យ​ជំនន់​កើត​ឡើង​នោះ បាត​សមុទ្រ​មុន​ជំនន់​ត្រូវ​តែ​រាក់​ជាង​ពេល​ឥឡូវ​នេះ ហើយ​ភ្នំ​ត្រូវ​តែ​ទាប​ជាង​ដែរ។ តើ​នេះ​អាច​មាន​លទ្ធភាព​បាន​ទេ? សៀវភៅ​សិក្សា​មួយ​ចែង​ថា​៖ ​«​នៅ​កន្លែង​ដែល​ភ្នំ​នៃ​ពិភព​លោក​ឥឡូវ​លូត​ខ្ពស់​ដ៏​សម្បើម​នោះ មហា​សាគរ​និង​វាលរាប​កាល​រាប់​លាន​ឆ្នាំ​មុន​គឺ​លាត​យ៉ាង​ស្មើ។ . . . ការ​កម្រើក​នៃ​ផ្ទាំង​ទ្វីប​បណ្ដាល​ឲ្យ​ដី​ច្រាល​ឡើង​ដល់​កំពស់​ដ៏​ខ្ពស់​ក្រៃ​លែង ដែល​មាន​តែ​សត្វ​និង​រុក្ខជាតិ​ដ៏​មាំ​ទេ​ដែល​អាច​រស់​នៅ​បាន ហើយ​នៅ​ចុង​ឯ​ទៀត​វិញ ក៏​បណ្ដាល​ឲ្យ​ដី​ធ្លាក់​លិច​កប់​នៅ​ក្នុង​ទី​ដ៏​ជ្រៅ​ក្រោម​ផ្ទៃ​សមុទ្រ​»។15 ពីព្រោះ​ភ្នំ​និង​បាត​សមុទ្រ​ឡើង​និង​ធ្លាក់ គឺ​ជា​ច្បាស់​ណាស់​ដែល​ភ្នំ​ពី​ដើម​មិន​ជា​ខ្ពស់​ដូច​ឥឡូវ​នេះ​ទេ ហើយ​បាត​សមុទ្រ​ក៏​មិន​ជា​ជ្រៅ​ណាស់​ដែរ។

៣២. តើ​អ្វី​ដែល​បាន​ត្រូវ​កើត​ឡើង​ដល់​ទឹក​ជំនន់? សូម​ពន្យល់។

៣២ តើ​អ្វី​កើត​ឡើង​ដល់​ទឹក​ដែល​ជន់​លិច​ក្រោយ​ពេល​ជំនន់? ទឹក​នោះ​ក៏​បាន​ហូរ​ចូល​ទៅ​ក្នុង​បាត​សមុទ្រ។ តើ​តាម​របៀប​ណា? អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា​ទ្វីប​គឺ​ស្ថិត​នៅ​លើ​ផ្ទាំង​ដី​ដ៏​ធំ។ ការ​កម្រើក​នៃ​ផ្ទាំង​ទាំង​នេះ អាច​បណ្ដាល​ឲ្យ​កំពស់​នៃ​ផ្ទៃ​ផែនដី​ប្រែ​ប្រួល។ នៅ​កន្លែងខ្លះ​សព្វ​ថ្ងៃ​នេះ មាន​អន្លង់​យ៉ាង​ធំ​នៅ​ក្រោម​ទឹក ដែល​មាន​ជម្រៅ​ជាង​ដប់​គីឡូ​ម៉ែត្រ នៅ​តាម​ព្រំ​ដែន​នៃ​ផ្ទាំង​ដី​ធំ​នេះ។16 គឺ​ទំនង​ណាស់—ប្រហែល​ជា​ដោយ​សារ​ជំនន់​នេះ​ផង—ដែល​ផ្ទាំង​ដី​ដ៏​ធំ​នេះ​កម្រើក បាត​សមុទ្រ​ក៏​ធ្លាក់​ចុះ ហើយ​ភ្លោះ​យ៉ាង​ធំ​ក៏​ចំហ​ឡើង អនុញ្ញាត​ឲ្យ​ទឹក​ហូរ​ផុត​ពី​ដី​ទៅ។ b

ដាន​នៃ​ជំនន់?

៣៣, ៣៤. (​ក​) តើ​អ្នក​វិទ្យា​សាស្ត្រ​មាន​ទី​សំអាង​អ្វី ដែល​អាច​គឺ​ជា​ទី​សំអាង​សម្រាប់​ជំនន់? (​ខ​) តើ​ជា​ការ​សម​ហេតុ​ទេ ដែល​អ្នក​វិទ្យា​សាស្ត្រ​អាច​មើល​ទី​សំអាង​ដោយ​ខុស​ច្រឡំ?

៣៣ បើ​យើង​ជឿ​ថា​មាន​ជំនន់​ដ៏​ធំ​មួយ​អាច​កើត​ឡើង​បាន ហេតុ​អ្វី​ក៏​អ្នក​វិទ្យា​សាស្ត្រ មិន​អាច​រក​ឃើញ​ដាន​នៃ​ជំនន់? ប្រហែល​ជា​គេ​បាន​រក​ឃើញ ប៉ុន្តែ​គេ​បក​ស្រាយ​ទី​សំអាង​នោះ​ជា​របៀប​ផ្សេង​វិញ។ ជា​ឧទាហរណ៍ វិទ្យា​សាស្ត្រ​តាម​ទម្លាប់​ប្រពៃណី​បង្រៀន​ថា ផ្ទៃ​ផែនដី​បាន​ត្រូវ​ប្រែ​រូប​រាង​ជា​ច្រើន​កន្លែង ដោយ​គំនរ​ទឹក​កក​ដ៏​ខ្លាំង​ក្នុង​ប្រវត្ដិកាល​ទឹក​កក ដែល​កើត​ឡើង​បន្ត​បន្ទាប់​គ្នា។ ប៉ុន្តែ ទី​សំអាង​នៃ​សកម្មភាព​ខាង​គំនរ​ទឹក​កក ជួន​កាល​ក៏​អាច​ជា​លទ្ធផល​នៃ​ចលនា​ទឹក​ដែរ។ ដូច្នេះ គឺ​ជា​ទំនង​ណាស់ ដែល​ទី​សំអាង​ខ្លះ​សម្រាប់​ជំនន់ បាន​ត្រូវ​មើល​ច្រឡំ​ថា​ជា​ទី​សំអាង​នៃ​ប្រវត្ដិកាល​ទឹក​កក​វិញ។

៣៤ ក៏​មាន​ការ​ច្រឡំ​ស្រដៀង​គ្នា​ដែរ។ អំពី​វេលា​ដែល​អ្នក​វិទ្យា​សាស្ត្រ​បង្កើត​ទ្រឹស្តី​របស់​គេ​នៃ​ប្រវត្ដិកាល​ទឹក​កក​នោះ យើង​អាន​ថា​៖ ​«​គេ​រក​ឃើញ​ប្រវត្ដិកាល​ទឹក​កក​នៅ​គ្រប់​ដំណាក់​នៃ​ប្រវត្ដិ​ខាង​ភូគព្ភសាស្ត្រ ដើម្បី​កាន់​តាម​ទស្សនៈ​នៃ​ឯក​សណ្ឋានភាព។ ប៉ុន្តែ ដោយ​ពិនិត្យ​ទី​សំអាង​យ៉ាង​ប្រយ័ត្ន​ម្ដង​ទៀត​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ នោះ​គេ​ក៏​បោះ​បង់​ប្រវត្ដិកាល​ទឹក​កក​នេះ​ជា​ច្រើន​ចោល។ គំនរ​ដែល​ពី​មុន​បាន​ត្រូវ​សម្គាល់​ថា​ជា​ថ្ម​ក្រួស​ជាប់​នឹង​គំនរ​ទឹក​កក បាន​ត្រូវ​បក​ស្រាយ​សា​ថ្មី​ថា ជា​ស្រទាប់​ដែល​រៀប​ឡើង​ដោយ​ភក់​ហូរ ផ្ទាំង​ដី​រអិល​ក្រោម​ទឹក និង​ខ្សែ​ទឹក​ភក់​៖ ផ្ទាំង​ទឹក​ភក់​ដែល​នាំ​យក​ល្បប់​ម៉ដ្ឋ ដី​ខ្សាច់ និង​ក្រួស​ល្អិត ចេញ​ទៅ​លើ​បាត​មហា​សាគរ​ដ៏​ជ្រៅ​»។18

៣៥, ៣៦. តើ​ទី​សំអាង​អ្វី​ក្នុង​ប្រវត្ដិ​នៃ​បា​សាណី​ភូត និង​ក្នុង​ភូគព្ភសាស្ត្រ ដែល​អាច​ទាក់​ទង​នឹង​ជំនន់? សូម​ពន្យល់។

៣៥ ទី​សំអាង​មួយ​ទៀត​សម្រាប់​ជំនន់​គឺ​មាន​នៅ​ក្នុង​ប្រវត្ដិ​នៃ​បា​សាណី​ភូត។ តាម​ប្រវត្ដិ​នេះ នៅ​គ្រា​មួយ ខ្លា​មាន​ធ្មេញ​រាង​ដូច​ដាវ ឈ្លប​ចាប់​សត្វ​ស៊ី​នៅ​ទ្វីប​អឺរ៉ុប សេះ​មាឌ​ធំ​ជាង​សេះ​សព្វ​ថ្ងៃ ដើរ​ច​ច្រប់​នៅ​ទ្វីប​អាមេរិក​ខាង​ជើង ហើយ​សត្វ​មុត​មាំ​ស្វែង​រក​ចំណី នៅ​ប្រទេស​ស៊ីបេរី។ បន្ទាប់​មក នៅ​ជុំ​វិញ​ពិភព​លោក ស្រាប់​តែ​ចំ​ពូក​នៃ​ថនិកសត្វ​ទៅ​ជា​វិនាស​សាប​សូន្យ​អស់​រលីង។ នៅ​គ្រា​ជា​មួយ​គ្នា​នោះ ក៏​មាន​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ។ ថនិកសត្វ​រាប់​ម៉ឺន​បាន​ត្រូវ​ស្លាប់ ហើយ​ត្រូវ​កក​រឹង​ភ្លាម​ៗ​នៅ​ស៊ីបេរី c។ លោក​អាលហ្វ្រែត វ៉ាលលេស ជា​អ្នក​ល្បី​សម័យ​ថ្មីដូច​លោក​ឆាល ដាវីន ចាត់​ទុក​ការ​វិនាស​ដ៏​ទូទៅ​ដូច​នេះ ថា​មក​ពី​ព្រឹត្ដិការណ៍​ដ៏​ប្លែក​ណា​មួយ ដែល​កើត​ឡើង​ពាស​ពេញ​ពិភព​លោក។19 មនុស្ស​ជា​ច្រើន​ប្រកែក​ថា ព្រឹត្ដិការណ៍​នេះ​គឺ​ជា​ជំនន់។

៣៦ វិចារណកថា​មួយ​ក្នុង​ទស្សនាវដ្ដី បុរាណ​វត្ថុ​វិទូ​ខាង​ព្រះ​គម្ពីរ បាន​យល់​ឃើញ​ថា​៖ ​«​គឺ​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​តែ​ចាំ​ថា រឿង​ជំនន់​ដ៏​ធំ​គឺ​ជា​ប្រពៃណី​ដ៏​ទូទៅ​ជាង​គេ​បំផុត​មួយ ក្នុង​វប្បធម៌​មនុស្ស . . . ប៉ុន្តែ​នៅ​ខាង​ក្រោយ​ប្រពៃណី​ដ៏​ចាស់​បំផុត ដែល​ឃើញ​ក្នុង​ប្រភព​នៃ​បូព៌ា​ប្រទេស​ដ៏​ជិត នោះ​អាច​មាន​ជំនន់​មែន​ទែន​ដ៏​ធំ​ក្រៃ​លែង តាំង​ពី​ប្រវត្ដិកាល​នៃ​ភ្លៀង​មួយ . . . រាប់​ពាន់​ឆ្នាំ​មក​ហើយ​»។20 ប្រវត្ដិកាល​នៃ​ភ្លៀង​នោះ គឺ​ជា​ពេល​ដែល​ផ្ទៃ​ផែនដី​សើម​ជាង​ឥឡូវ​ឆ្ងាយ​ណាស់ ហើយ​បឹង​ទឹក​សាប​ទូទាំង​ផែនដី​គឺ​ធំ​ជាង​ច្រើន​ដែរ។ មាន​ទ្រឹស្តី​ថា ភាព​សើម​នេះ​គឺ​បណ្ដាល​មក​ពី​ភ្លៀង​ដ៏​ធំ ដែល​ទាក់​ទង​នឹង​ពេល​ចុង​ក្រោយ​នៃ​ប្រវត្ដិកាល​ទឹក​កក។ ប៉ុន្តែ​អ្នក​ខ្លះ​មាន​យោបល់​ថា នៅ​គ្រា​មួយ​ភាព​ដ៏​សើម​ខ្លាំង​លើ​ផ្ទៃ ផែនដី​គឺ​ជា​លទ្ធផល​នៃ​ជំនន់។

មនុស្ស​លោក​មិន​បាន​ភ្លេច​ទេ

៣៧, ៣៨. តើ​តាម​របៀប​ណា​ដែល​អ្នក​វិទ្យា​សាស្ត្រ​ម្នាក់​បង្ហាញ តាម​ទី​សំអាង ថា​ជំនន់​អាច​កើត​ឡើង​បាន ហើយ​តាម​របៀប​ដែល​យើង​ដឹង?

៣៧ លោក​យ៉ូហាន ម៉ាកខេមបែល ជា​សាស្ដ្រាចារ្យ​ខាង​ភូគព្ភសាស្ត្រ នៅ​គ្រា​មួយ​បាន​សរសេរ​ថា​៖ ​«​ការ​ខុស​គ្នា​ដ៏​សំខាន់​រវាង​មហន្តរាយ[​ជំនន់​]តាម​ព្រះ​គម្ពីរ និង​ឯក​សណ្ឋានភាព​និយម​ខាង​វិវត្តន៍ គឺ​មិន​មែន​លើ​ទិន្នន័យ​ដ៏​តាម​ការណ៍​ពិត នៃ​ភូគព្ភសាស្ត្រ​នោះ​ទេ ប៉ុន្តែ​លើ​ការ​បក​ស្រាយ​ទិន្នន័យ​ទាំង​នោះ​វិញ។ ការ​បក​ស្រាយ​ណា​ដែល​ត្រូវ​ចូល​ចិត្ត គឺ​ពឹង​ពាក់​ភាគ​ច្រើន​លើ​សាវតារ​និង​ការ​សន្មត​ជា​មុន​នៃ​សិស្ស​និមួយ​ៗ​»។21

៣៨ ដែល​ថា​ជំនន់​បាន​កើត​ឡើង គឺ​ឃើញ​ក្នុង​ការ​ដែល​មនុស្ស​លោក​មិន​ដែល​ភ្លេច​វា​ឡើយ។ ពាស​ពេញ​ពិភព​លោក នៅ​កន្លែង​ដ៏​ឆ្ងាយ​ដាច់​ឡែក​ដូច​អាឡាស្កា និង​កោះ​សមុទ្រ​ខាង​ត្បូង ក៏​មាន​រឿង​ពី​បុរាណ​អំពី​ជំនន់​ដែរ។ អារ្យធម៌​អន្ដោគ្រាម​នៃ​ទ្វីប​អាមេរិក មុន​កូលមប៊ី ព្រម​ទាំង​អ្នក​ស្រុក​ដើម​នៃ​អូស្ដ្រាលី សុទ្ធ​តែ​មាន​រឿង​អំពី​ជំនន់។ ថ្វី​បើ​ដំណើរ​រឿង​ខ្លះ​មាន​សេចក្ដី​ល្អិត​ល្អន់​ខុស​គ្នា ប៉ុន្តែ​ដំណើរ​រឿង​សឹង​ទាំង​អស់ សុទ្ធ​តែ​មាន​សម្ដែង​ថា ផែនដី​បាន​ត្រូវ​ទឹក​ជន់​លិច ហើយ​មាន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ទេ ដែល​បាន​ត្រូវ​សង្គ្រោះ​ក្នុង​ទូក​ធ្វើ​ដោយ​មនុស្ស។ សេចក្ដី​ពន្យល់​តែ​មួយ​ចំពោះ​ការ​ទទួល​ស្គាល់​ទូទៅ​បែប​នេះ​គឺ​ថា ជំនន់​គឺ​ជា​ព្រឹត្ដិការណ៍​តាម​ប្រវត្ដិសាស្ត្រ។ d

៣៩. តើ​យើង​បាន​ឃើញ​ទី​សំអាង​អ្វី​ថែម​ទៀត​នៃ​ការណ៍​ពិត ដែល​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ មិន​មែន​ជា​ពាក្យ​សំដី​នៃ​មនុស្ស?

៣៩ ដូច្នេះ ព្រះ​គម្ពីរ​គឺ​ស្រប​នឹង​វិទ្យា​សាស្ត្រ​សម័យ​ថ្មី ក្នុង​លក្ខណៈ​សំខាន់​ៗ។ បើ​កន្លែង​ណា​ដែល​មាន​ការ​ខុស​គ្នា គឺ​ទី​សំអាង​របស់​អ្នក​វិទ្យា​សាស្ត្រ​ទេ​ដែល​មិន​ច្បាស់​លាស់​នោះ។ ហើយ​កន្លែង​ដែល​មាន​ការ​ដូច​គ្នា ព្រះ​គម្ពីរ​តែង​តែ​ទៀង​ត្រូវ​ណាស់ ដែល​យើង​ត្រូវ​តែ​ជឿ​ថា ពត៌មាន​នោះ​គឺ​មក​ពី​ប្រាជ្ញា​អធិធម្មជាតិ។ ជា​ប្រាកដ ការ​ដែល​ព្រះ​គម្ពីរ​ស្រប​នឹង​វិទ្យា​សាស្ត្រ​ដ៏​បញ្ជាក់​នោះ ផ្ដល់​ទី​សំអាង​ថែម​ទៀត​ថា ព្រះ​គម្ពីរ​គឺ​បន្ទូល​នៃ​ព្រះ មិន​មែន​ជា​ពាក្យ​សំដី​នៃ​មនុស្ស​ទេ។

[​កំណត់​សម្គាល់​]

a ការ​ពិចារណា​ដ៏​បាន​ដិត​ដល់​ថែម​ទៀត​អំពី​រឿង​វិវត្តន៍​និង​ការ​បង្កើត​នោះ គឺ​មាន​នៅ​ក្នុង​សៀវភៅ ជីវិត—តើ​វា​បាន​កើត​មក​នៅ​ទី​នេះ​តាម​របៀប​ណា? ដោយ​សារ​វិវត្តន៍ ឬ​ក៏​ដោយ​សារ​ការ​បង្កើត? បោះ​ពុម្ព​នៅ​ឆ្នាំ ១៩៨៥ ដោយ​សមាគម​ប៉ម​យាម​នៃ​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​ក្រុង​ញូវយ៉ក។

b សៀវភៅ​ផែនដី—គំនរ​ទឹក​កក ប្រាប់​អំពី​របៀប​ដែល​ទឹក ដែល​បាន​កក​ជា​ផែន​ទឹក​កក ហើយ​មាន​ទម្ងន់​សង្កត់​លើ​ផ្ទៃ​ផែនដី។ ជា​ឧទាហរណ៍ សៀវភៅ​នេះ​ប្រាប់​ថា​៖ ​«​ប្រសិន​បើ​ទឹក​កក​នៃ​កោះ​គ្រីន​ឡែន​រលាយ​ទៅ នោះ​កោះ​នេះ​នឹង​ត្រូវ​លូត​ខ្ពស់​ឡើង​ដល់​ប្រហែល​២.០០០​ហ៊្វីត​»។ ដោយ​យល់​ហេតុ​ការណ៍​នេះ លទ្ធផល​នៃ​ជំនន់​ជន់​លិច​ផែនដី​មួយ​រំពេច លើ​ស្រទាប់​ផែនដី​មួយ​ចំណែក​គឺ​ពិត​ជា​មហន្តរាយ​ហើយ។17

c ការ​ស្មាន​មួយ​បាន​និយាយ​ថា​មាន​ថនិកសត្វ​ប្រាំ​លាន

d ចំពោះ​ពត៌មាន​បន្ថែម​ទៀត​អំពី​ជំនន់ សូម​មើល​ក្នុង​សៀវភៅ ការ​ពិនិត្យ​មើល​ក្នុង​បទ​គម្ពីរ បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​និង​ខិត្តប័ណ្ណ​នៃ​ក្រុង​ញូវយ៉ក ភាគ​ទី​១​ទំព័រ​៣២៧, ៣២៨, ៦០៩​-​៦១២

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ប្រអប់​នៅ​ទំព័រ​១០៥​]

«​ពី​ធូលី​ដី​»​

​«​សៀវភៅ​សព្វវចនាធិប្បាយ​ពិភព​លោក​»​ ប្រកាស​ថា​៖ ​«​ធាតុ​គីមី​ទាំង​អស់​ដែល​ប្រកប​ធ្វើ​របស់​មាន​ជីវិត ក៏​មាន​នៅ​ក្នុង​របស់​ឥត​ជីវិត​ដែរ​»។ ក្នុង​ន័យ​ម្យ៉ាង​ទៀត សារធាតុ​គីមី​ដ៏​សំខាន់ ដែល​ប្រកប​ធ្វើ​សព៌ាង្គកាយ​ដ៏​មាន​ជីវិត ដូច​ជា​មនុស្ស ក៏​មាន​នៅ​ក្នុង​ដី​ផង។ នេះ​ស្រប​នឹង​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ ដែល​ថ្លែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដី​មក​សូន​ធ្វើ​ជា​មនុស្ស​»។—លោកុប្បត្តិ ២:៧

[​ប្រអប់​នៅ​ទំព័រ​១០៧​]

‹ដូច​រូប​អង្គ​ព្រះ›

អ្នក​ខ្លះ​ចង្អុល​ថា មនុស្ស​និង​សត្វ​មាន​រូប​រាង​ស្រដៀង​គ្នា ដើម្បី​បញ្ជាក់​ថា មនុស្ស​និង​សត្វ​មាន​ទំនាក់​ទំនង​នឹង​គ្នា។ ប៉ុន្តែ គេ​ក៏​យល់​ស្រប​ថា មនុស្ស​មាន​សមត្ថភាព​ខាង​ចិត្ត​គំនិត ល្អ​ជាង​សត្វ​ឯ​ទៀត​ឆ្ងាយ​ណាស់។ ហេតុ​អ្វី​ក៏​មនុស្ស​អាច​ធ្វើ​គម្រោង​ការ និង​ចាត់​ចែង​ពិភព​ជុំ​វិញ​ខ្លួន​គេ ចេះ​ស្រឡាញ់ មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់ មាន​មនសិការ និង​មាន​គំនិត​អំពី​អតីតកាល បច្ចុប្បន្ន និង​អនាគត? វិវត្តន៍​មិន​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​ទេ។ ប៉ុន្តែ ព្រះ​គម្ពីរ​ឆ្លើយ​ប្រាប់​ថា​៖ ​«​ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង​»។ (​លោកុប្បត្តិ ១:២៧​) បើ​និយាយ​អំពី​សមត្ថភាព​ខាង​ចិត្ត​គំនិត​និង​សីលធម៌ ព្រម​ទាំង​សក្ដានុភូត​របស់​មនុស្ស នោះ​គឺ​ឃើញ​ថា​មនុស្ស​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា​ខាង​ស្ថាន​សួគ៌​របស់​គេ​អញ្ចឹង។

[​រូប​ភាព​នៅ​ទំព័រ​៩៩​]

ការ​រៀប​រាប់​នៃ​ព្រះ​គម្ពីរ អំពី​ផែនដី​ដែល​ព្យួរ​នៅ​អវកាស ស្រប​នឹង​អ្វី​ដែល​អវកាស​ចរ​ប្រកាស​ថា​បាន​ឃើញ

[​រូប​ភាព​នៅ​ទំព័រ​១០២​]

ព្រះ​គម្ពីរ​មិន​បាន​និយាយ​ថា ផែនដី​វិល​ជុំ​វិញ​ថ្ងៃ ឬ​ជា​ថ្ងៃ​វិល​ជុំ​វិញ​ផែនដី​នោះ​ទេ

[​រូប​ភាព​នៅ​ទំព័រ​១១២, ១១៣​]

បើ​ផែនដី​ត្រូវ​ពង្រាប​ចុះ ដោយ​ឥត​មាន​ភ្នំ​ឬ​អន្លង់​ជ្រៅ នោះ​ផែនដី​នឹង​ត្រូវ​គ្រប​ដោយ​ទឹក​យ៉ាង​ជ្រៅ

[​រូប​ភាព​នៅ​ទំព័រ​១១៤​]

សត្វ​មាំ​មុត​ដែល​គេ​រក​ឃើញ បាន​ត្រូវ​កក​ភ្លាម​ៗ​ក្រោយ​ពី​បាន​ស្លាប់​ទៅ

[​រូប​ភាព​នៅ​ទំព័រ​១១៥​]

លោក​លូវីស ប៉ាស្ទ័រ​បាន​បញ្ជាក់​ថា ជីវិត​អាច​កើត​មក​បាន​ពី​ជីវិត​ដែល​មាន​ពី​មុន​ស្រាប់​តែ​ប៉ុណ្ណោះ

[​រូប​⁄​រូប​ភាព​នៅ​ទំព័រ​១០៩​]

(​ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ​)

ព្រះ​គម្ពីរ​ពណ៌នា​ប្រាប់​យ៉ាង​ទៀង​ត្រូវ អំពី​ដំណើរ​ទឹក​វិល​នៃ​ផែនដី