លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទំនាយក្នុងព្រះគម្ពីរដែលអ្នកបានឃើញត្រូវសម្រេច

ទំនាយក្នុងព្រះគម្ពីរដែលអ្នកបានឃើញត្រូវសម្រេច

ជំពូក​ទី​១០

ទំនាយ​ក្នុង​ព្រះ​គម្ពីរ​ដែល​អ្នក​បាន​ឃើញ​ត្រូវ​សម្រេច

តើ​អ្នក​ដែល​បាន​ងឿង​ឆ្ងល់​ទេ ហេតុ​អ្វី​ក៏​ព្រឹត្ដិការណ៍​សព្វ​ថ្ងៃ​នេះ​មាន​ភាព​ខុស​គ្នា​ណាស់ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​មួយ​រយ​ឆ្នាំ​មុន? របស់​ខ្លះ​គឺ​ល្អ​ប្រសើរ​ជាង​មែន។ នៅ​ប្រទេស​ជា​ច្រើន ជម្ងឺ​ដែល​ពី​ដើម​ធ្វើ​ឲ្យ​គេ​ស្លាប់ ឥឡូវ​នេះ​អាច​ត្រូវ​ព្យាបាល​ឲ្យ​ជា​បាន​តាម​ធម្មតា ហើយ​មនុស្ស​ធម្មតា​ទូទៅ​មាន​ខ្នាត​គំរូ​នៃ​ជីវភាព ដែល​បុព្វ​ជន​របស់​គេ​មិន​ដែល​នឹក​ស្រមៃ​ដល់​ឡើយ។ តែ​ម្យ៉ាង​វិញ​ទៀត សតវត្ស​យើង​នេះ​បាន​ជួប​ប្រទះ​នឹង​សង្គ្រាម​ដ៏​អាក្រក់​បំផុត និង​អំពើ​ខ្លះ​ដ៏​សែន​ឃោរ​ឃៅ​បំផុត ក្នុង​អស់​ទាំង​ប្រវត្ដិសាស្ត្រ។ ភាព​ចម្រើន​នៃ​មនុស្ស​លោក—សូម្បី​ការ​នៅ​គង់​វង់​ត​ទៅ​ទៀត​របស់​គេ—គឺ​ត្រូវ​គំរាម​កំហែង​ដោយ​ការ​កើន​ចំនួន​រាស្ត្រ​ដ៏​លើស​លប់ បញ្ហា​នៃ​ការ​កខ្វក់ និង​គំនរ​អាវុធ​បរមាណូ អាវុធ​ខាង​ជីវសាស្ត្រ និង​ជាតិ​ពុល ដែល​គរ​ទុក​ទូទាំង​អន្តរជាតិ។ ហេតុ​អ្វី​ក៏​សតវត្ស​ទី​២០​នេះ​ខុស​ពី​សតវត្ស​មុន​ៗ​ម្ល៉េះ?

១. (​រួម​បុព្វយោគ​) (​ក​) សតវត្ស​ទី​២០​គឺ​ខុស​ពី​សតវត្ស​មុន​ៗ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យល់ ថា​ហេតុ​អ្វី​ជំនាន់​យើង​គឺ​ខុស​គ្នា​ម្ល៉េះ?

 ចម្លើយ​សម្រាប់​សំនួរ​នេះ​គឺ​មាន​ទាក់​ទង​នឹង​ទំនាយ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ព្រះ​គម្ពីរ ដែល​អ្នក​បាន​ឃើញ​ត្រូវ​សម្រេច។ នេះ​គឺ​ទំនាយ​មួយ​ដែល​ព្រះ​យេស៊ូ​ទ្រង់​មាន​បន្ទូល​ប្រាប់​ដោយ​ផ្ទាល់ ហើយ​ក្រៅ​ពី​ផ្ដល់​ភស្តុ​តាង​ថា​ព្រះ​គម្ពីរ​គឺ​បណ្ដាល​មក​ពី​ព្រះ ទំនាយ​នេះ​ក៏​បង្ហាញ​ថា យើង​កំពុងរស់​នៅ​ជិត​ដល់​ការ​ប្រែ​ប្រួល​ដ៏​ធំ​សម្បើម​ក្នុង​ឆាក​ពិភព​លោក។ តើ​ទំនាយ​នេះ​ជា​អ្វី​ទៅ? ហើយ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ទំនាយ​នេះ​កំពុង​ត្រូវ​សម្រេច?

ទំនាយ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ

២, ៣. តើ​សំនួរ​អ្វី​ដែល​សិស្ស​របស់​ព្រះ​យេស៊ូ​ទូល​សួរ​ទ្រង់ ហើយ​យើង​រក​ឃើញ​ចម្លើយ​របស់​ទ្រង់​នៅ​ឯ​ណា?

ព្រះ​គម្ពីរ​ប្រាប់​យើង​ថា មិន​យូរ​ប៉ុន្មាន​មុន​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ទៅ សិស្ស​របស់​ទ្រង់​កំពុង​ពិគ្រោះ​អំពី​សំណង់​ព្រះ​វិហារ​ដ៏​ធំ នៅ​ក្រុង​យេរូសាឡិម ពួក​គេ​មាន​ចិត្ត​ស្ងើច​នឹង​ទំហំ និង​ភាព​មាំ​មួន​នៃ​ព្រះ​វិហារ​នោះ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ​»។—ម៉ាថាយ ២៤:១, ២

សិស្ស​របស់​ព្រះ​យេស៊ូ​ច្បាស់​ជា​ឆ្ងល់​នឹង​បន្ទូល​របស់​ទ្រង់ ហើយ​ក្រោយ​មក​ក៏​សំដៅ​ទៅ​ឯ​ទ្រង់​ដើម្បី​ទូល​សួរ​ថែម​ទៀត​ថា​៖ ​«​សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​រឿង​ទាំង​នេះ​នឹង​កើត​មាន​ឡើង ហើយ​តើ​មាន​ទី​សម្គាល់​យ៉ាង​ណា​ពី​វត្តមាន​របស់​ទ្រង់ ហើយ​ពី​ទី​បញ្ចប់​នៃ​របប​សម័យ​នេះ​»​? (​ម៉ាថាយ ២៤:៣, ព.ថ.​) ចម្លើយ​របស់​ព្រះ​យេស៊ូ​គឺ​ឃើញ​ក្នុង​ចំណែក​ឯ​ទៀត​នៃ​ម៉ាថាយ ជំពូក​ទី​២៤ និង២៥។ បន្ទូល​របស់​ទ្រង់​ក៏​មាន​កត់​ក្នុង​ម៉ាកុស ជំពូក​១៣ និងលូកា ជំពូក​២១​ដែរ។ នេះ​គឺ​ច្បាស់​ជា​ទំនាយ​ដ៏​សំខាន់​បំផុត ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់ ពេល​ដែល​ទ្រង់​គង់​នៅ​លើ​ផែនដី។

៤. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​កំពុង​ទូល​សួរ​អំពី​រឿង​អ្វី​ផ្សេង​ៗ​គ្នា?

តាម​ការ​ពិត សិស្ស​របស់​ព្រះ​យេស៊ូ​កំពុង​ទូល​សួរ​លើស​ពី​រឿង​មួយ។ ដំបូង​ពួក​គេ​ទូល​សួរ​សំនួរ​ថា​៖ ​«​តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់​»​? គឺ​ថា​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​របស់​វា កាល​ណា​នឹង​បាន​ត្រូវ​បំផ្លាញ​ចោល? ថែម​ទៅ​ទៀត ពួក​គេ​ចង់​ដឹង​នូវ​ទី​សម្គាល់​ដែល​នឹង​បង្ហាញ​ថា វត្តមាន​នៃ​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​ហើយ ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​របស់​ព្រះ ហើយ​បង្ហាញ​ថា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍​នឹង​ជិត​មក​ដល់។

៥. (​ក​) តើ​ទំនាយ​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច​ជា​ដំបូង ប៉ុន្តែ​ពេល​ណា​បាន​បន្ទូល​របស់​ទ្រង់​នឹង​ត្រូវ​សម្រេច​បាន​គ្រប់​សព្វ? (​ខ​) តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ឆ្លើយ​សំនួរ​របស់​ពួក​សិស្ស?

ព្រះ​យេស៊ូ​យក​ចំណុច​ទាំង​ពីរ​មក​ពិចារណា​ក្នុង​ចម្លើយ​របស់​ទ្រង់។ បន្ទូល​ជា​ច្រើន​របស់​ទ្រង់​បាន​ត្រូវ​សម្រេច​ពិត កាល​នៅ​សតវត្ស​ទី​មួយ ប៉ុន្មាន​ឆ្នាំ​ដែល​មាន​ព្រឹត្ដិការណ៍​កើត​ឡើង ដល់​ក្រុង​យេរូសាឡិម​ត្រូវ​ហិន​វិនាស​នៅ​ឆ្នាំ​៧០​ស.យ.។ (​ម៉ាថាយ ២៤:៤​-​២២​) ប៉ុន្តែ ទំនាយ​របស់​ទ្រង់​នឹង​ត្រូវ​មាន​សារៈ​សំខាន់​ថែម​ទៀត​នៅ​គ្រា​ក្រោយ​ៗ តាម​ពិត​គឺ​នៅ​ក្នុង​ជំនាន់​យើង​នេះ​ឯង។ ដូច្នេះ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​អ្វី? ទ្រង់​ចាប់​ផ្ដើម​ដោយ​មាន​បន្ទូល​ប្រាប់​នូវ​ពាក្យ​ដែល​កត់​ក្នុង​ខ​៧ និង​៨​ថា​៖ ​«​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជម្ងឺ​អាសន្នរោគ នឹង​កក្រើក​ដី​នៅ​កន្លែង​ផ្សេង​ៗ តែ​ការ​ទាំង​នោះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​ទេ​»។

៦. បន្ទូល​របស់​ព្រះ​យេស៊ូ​ក្នុង​ម៉ាថាយ ២៤:៧, ៨ រំឭក​យើង​នូវ​ទំនាយ​ដ៏​ស្រប​គ្នា​អ្វី?

គឺ​ច្បាស់​ណាស់ វត្តមាន​នៃ​ព្រះ​យេស៊ូ​ជា​ស្តេច​ខាង​ស្ថាន​សួគ៌ នឹង​ត្រូវ​សម្គាល់​ដោយ​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​លើ​ផែនដី។ នេះ​បាន​ត្រូវ​បញ្ជាក់​ដោយ​ទំនាយ​ស្រប​គ្នា​មួយ​ក្នុង​សៀវភៅ​វិវរណៈ​៖ ចក្ខុនិមិត្ត​អំពី​អ្នក​ជិះ​សេះ​៤​នាក់​នៃ​វិវរណៈ។ (​វិវរណៈ ៦:១​-​៨​) អ្នក​ជិះ​សេះ​ទី​មួយ គឺ​សម្ដែង​អំពី​ព្រះ​យេស៊ូ ជា​ស្តេច​ដែល​ច្បាំង​ឈ្នះ។ អ្នក​ជិះ​ឯ​ទៀត​និង​សេះ​របស់​គេ គឺ​សម្ដែង​នូវ​ហេតុ​ការណ៍​កើត​ឡើង​លើ​ផែនដី ដែល​សម្គាល់​នូវ​ការ​ចាប់​ផ្ដើម​សោយ​រាជ្យ​របស់​ព្រះ​យេស៊ូ​៖ សង្គ្រាម ការ​អត់​បាយ និង​ការ​ស្លាប់​ទាំង​អាយុ​ខ្លី​ដោយ​សារ​រោគ​ផ្សេង​ៗ។ តើ​យើង​ឃើញ​ទំនាយ​ទាំង​ពីរ​នេះ​ត្រូវ​សម្រេច​សព្វ​ថ្ងៃ​នោះ​ទេ?

សង្គ្រាម!

៧. តើ​ដំណើរ​របស់​អ្នក​ជិះ​សេះ​ទី​ពីរ​នៃ​វិវរណៈ​បាន​ទាយ​ប្រាប់​ជា​មុន​អំពី​អ្វី?

សូម​យើង​ពិនិត្យ​មើល​ទំនាយ​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត។ ទី​មួយ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១​»។ នេះ​គឺ​ទំនាយ​អំពី​សង្គ្រាម។ អ្នក​ជិះ​សេះ​ទី​ពីរ​នៃ​អ្នក​ជិះ​សេះ​ទាំង​បួន​នៃ​វិវរណៈ គឺ​បង្ហាញ​ប្រាប់​ជា​មុន​យ៉ាង​ស្រដៀង​គ្នា​អំពី​សង្គ្រាម។ យើង​អាន​ថា​៖ ​«​នោះ​មាន​សេះ​១​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម ហើយ​គេ​ឲ្យ​អ្នក​ដែល​ជិះ មាន​អំណាច​អាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សំឡាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ ដល់​អ្នក​នោះ​ដែរ​»។ (​វិវរណៈ ៦:៤​) មនុស្ស​លោក​បាន​ច្បាំង​គ្នា អស់​រយៈ​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។ ដូច្នេះ ហេតុ​អ្វី​ក៏​ពាក្យ​ទាំង​នេះ​គួរ​មាន​សារ:សំខាន់​ពិសេស​សម្រាប់​ជំនាន់​យើង?

៨. ហេតុ​អ្វី​ក៏​យើង​នឹង​ទន្ទឹង​ថា សង្គ្រាម​ជា​លក្ខណៈ​ដ៏​អស្ចារ្យ​នៃ​ទី​សម្គាល់?

សូម​ចាំ​ថា សង្គ្រាម​តែ​ឯង​មិន​មែន​ជា​ទី​សម្គាល់​អំពី​វត្តមាន​នៃ​ព្រះ​យេស៊ូ​ទេ។ ទី​សម្គាល់​នេះ​គឺ​ប្រកប​ដោយ​អស់​ទាំង​សេចក្ដី​ល្អិត​ល្អន់​នៃ​ទំនាយ​របស់​ព្រះ​យេស៊ូ ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ជា​មួយ​គ្នា។ ប៉ុន្តែ​សង្គ្រាម​គឺ​ជា​លក្ខណៈ​ទី​មួយ​ដែល​បាន​ត្រូវ​ថ្លែង​ប្រាប់ ដូច្នេះ​យើង​អាច​ទន្ទឹង​ថា លក្ខណៈ​នេះ​នឹង​ត្រូវ​សម្រេច​ក្នុង​របៀប​ដ៏​អស្ចារ្យ ដែល​នឹង​ទាក់​ទាញ​ស្មារតី​យើង។ ហើយ​មនុស្ស​ម្នាក់​ៗ​គឺ​ត្រូវ​តែ​យល់​ស្រប​ថា សង្គ្រាម​មុន ​ៗ​ក្នុង​ប្រវត្ដិសាស្ត្រ​មិន​អាច​ប្រៀប​នឹង​សង្គ្រាម​នៃ​សតវត្ស​ទី​២០​នេះ​បាន​ឡើយ។

៩, ១០. តើ​ទំនាយ​អំពី​សង្គ្រាម​ចាប់​ផ្ដើម​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

ជា​ឧទាហរណ៍ គ្មាន​សង្គ្រាម​មុន​ៗ​—ដែល​ជា​ច្រើន​គឺ​ឃោរ​ឃៅ ហើយ​ធ្វើ​ឲ្យ​វិនាស​ដែរ—អាច​ធ្វើ​ឲ្យ​ហិន​វិនាស​ដូច​សង្គ្រាម​លោក​លើក​ទាំង​ពីរ​ក្នុង​សតវត្ស​ទី​២០​នេះ​ទេ។ សង្គ្រាម​លោក​លើក​ទី​មួយ នៅ​ទី​បំផុត​បណ្ដាល​ឲ្យ​មនុស្ស​១៤​លាន​នាក់​ស្លាប់ ជា​ចំនួន​ដ៏​ច្រើន​ជាង​ប្រជាជន​នៃ​ប្រទេស​ជា​ច្រើន។ ជា​ប្រាកដ គឺ​«​មាន​អំណាច​អាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សំឡាប់​គ្នា​»​មែន។

១០ ស្រប​តាម​ទំនាយ​នេះ ​«​គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ​»​ដល់​អ្នក​ជិះ​សេះ​ទី​ពីរ​នៃ​វិវរណៈ ដែល​ដូច​អ្នក​ច្បាំង។ តើ​នេះ​ត្រូវ​ពន្យល់​ប្រាប់​យ៉ាង​ដូច​ម្ដេច? គឺ​ដូច​នេះ​៖ គ្រឿង​អាវុធ​នៃ​សង្គ្រាម​រឹត​តែ​អាច​ធ្វើ​ឲ្យ​ហិន​វិនាស​ខ្លាំង​ឡើង។ មនុស្ស​រឹត​តែ​មាន​សមត្ថភាព​សម្លាប់​អ្នក​ជិត​ខាង​របស់​គេ ដោយ​ប្រើ​ប្រាស​រថក្រោះ យន្ត​ហោះ ផ្សែង​ពុល​សម្លាប់ នាវា​មុជ​ទឹក និង​កាំភ្លើង​ធំ​ដែល​អាច​បាញ់​គ្រាប់​ប្លោង​ចម្ងាយ​បួន​ប្រាំ​គីឡូ​ម៉ែត្រ។ ហើយ​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​មួយ​«​ដាវ​យ៉ាង​ធំ​»​ នេះ​អាច​ធ្វើ​ឲ្យ​ហិន​វិនាស​រឹត​តែ​ខ្លាំង​ឡើង—ដោយ​សារ​ការ​ប្រើ​ប្រាស​របស់​ដូច​ជា​ការ​ទាក់​ទង​តាម​វិទ្យុ រ៉ាដា កាំភ្លើង​ទំនើប អាវុធ​ខាង​ជាតិ​មេ​រោគ​និង​ជាតិ​ពុល អាវុធ​បាញ់​ភ្លើង ប្រេង​អាស៊ីដ គ្រាប់​បែក​ធុន​ថ្មី កាំជ្រួច​អន្តរទ្វីប នាវា​មុជ​ទឹក​ដែល​ប្រើ​ន​យ​ស្ដិ​ យន្ត​ហោះ​ថ្មី​ទំនើប និង​នាវា​ចំបាំង​ដ៏​ធំ។

«​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​»​

១១, ១២. តើ​ក្នុង​របៀប​ណា​ដែល​សង្គ្រាម​លោក​លើក​ទី​មួយ​គ្រាន់​តែ​ជា ​«​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​»​?

១១ ឃ្លា​មុន​ៗ​នៃ​ទំនាយ​របស់​ព្រះ​យេស៊ូ​ត្រូវ​បញ្ចប់​ដោយ​ពាក្យ​ដូច​នេះ​ថា​៖ ​«​តែ​ការ​ទាំង​នោះ ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​ទេ​»។ នេះ​គឺ​ត្រូវ​ជា​ប្រាកដ​ចំពោះ​សង្គ្រាម​លោក​លើក​ទី​មួយ។ ទី​បញ្ចប់​នៃ​សង្គ្រាម​នេះ​នៅ​ឆ្នាំ​១៩១៨ មិន​បាន​ធ្វើ​ឲ្យ​មាន​សន្ដិភាព​បាន​យូរ​ឡើយ។ មិន​យូរ​ប៉ុន្មាន​ក៏​មាន​សកម្មភាព​នៃ​សង្គ្រាម​ដែល​មាន​កំរិត តែ​ឃោរ​ឃៅ​នៅ​ប្រទេស​អេស្យូពី លីបឺយ៉ា អេស្បាញ រុស្ស៊ី ឥណ្ឌា និង​ប្រទេស​ឯ​ទៀត។ បន្ទាប់​មក​ក៏​មាន​កើត​សង្គ្រាម​លោក​លើក​ទី​ពីរ​ដ៏​អាក្រក់​ណាស់ ដែល​យក​ជីវិត​ទាហាន និង​ជន​ស៊ីវិល ប្រហែល​ជា​៥០​លាន​នាក់។

១២ ម្យ៉ាង​ទៀត ថ្វី​បើ​មាន​កិច្ច​ព្រម​ព្រៀង​គ្នា​ខាង​សន្ដិភាព និង​មាន​ភាព​ស្ងប់​ស្ងៀម​ពី​ចំបាំង​ម្ដង​ៗ​ក៏​ដោយ មនុស្ស​លោក​ក៏​នៅ​មាន​សង្គ្រាម​នៅ​ឡើយ។ នៅ​ឆ្នាំ​១៩៨៧ មាន​ការ​ប្រកាស​ថា​សង្គ្រាម​ធំ​ៗ​៨១​បាន​ត្រូវ​ច្បាំង តាំង​ពី​ឆ្នាំ​១៩៦០ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​និង​ក្មេង ១២.៥៥៥.០០០​នាក់​ស្លាប់។ នៅ​ឆ្នាំ​១៩៨៧ មាន​សង្គ្រាម​កើត​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ក្នុង​ប្រវត្ដិសាស្ត្រ​ទៅ​ទៀត។1 ថែម​ទៅ​ទៀត ការ​រៀបចំ​និង​ការ​ចំណាយ​ប្រាក់​សម្រាប់​សង្គ្រាម ឥឡូវ​ឡើង​ដល់​ចំនួន​សរុប ប្រហែល​១.០០០.០០០.០០០.០០០​ដុល្លារ រៀង​រាល់​ឆ្នាំ ទាំង​ធ្វើ​ឲ្យ​ទាស់​ដល់​សេដ្ឋកិច្ច​នៃ​ពិភព​លោក។2 ទំនាយ​របស់​ព្រះ​យេស៊ូ អំពី‹សាសន៍​មួយ​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ› គឺ​កំពុង​តែ​ត្រូវ​សម្រេច​ពិត​មែន។ សេះ​សម្បុរ​ក្រហម​នៃ​សង្គ្រាម បន្ត​ដំណើរ​ដ៏​ឃោរ​ឃៅ​របស់​វា​លើ​ផែនដី។ ប៉ុន្តែ ចុះ​អ្វី​ជា​លក្ខណៈ​ទី​ពីរ​នៃ​ទី​សម្គាល់​នោះ?

អំណត់!

១៣. តើ​ព្រឹត្ដិការណ៍​ដ៏​ខ្លោច​ផ្សា​អ្វី​ដែល​ព្រះ​យេស៊ូ​ទាយ​ប្រាប់ ហើយ​ចក្ខុនិមិត្ត​អំពី​អ្នក​ជិះ​សេះ​ទី​បី​នៃ​វិវរណៈ គាំទ្រ​ទំនាយ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៣ ព្រះ​យេស៊ូ​ទាយ​ប្រាប់​ថា​៖ ​«​ហើយ​នឹង​កើត​មាន​អំណត់ . . . នៅ​កន្លែង​ផ្សេង​ៗ​»។ សូម​សម្គាល់​មើល​របៀប​ដែល​ទំនាយ​នេះ ស្រប​នឹង​អ្នក​ជិះ​សេះ​ទី​បី​ក្នុង​អ្នក​ជិះ​សេះ​ទាំង​បួន​នៃ​វិវរណៈ។ យើង​អាន​អំពី​អ្នក​នេះ​ថា​៖ ​«​ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ខ្មៅ​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ជញ្ជីង​១​នៅ​ដៃ។ រួច​ខ្ញុំ​ឮ​សំឡេង​១​នៅ​កណ្ដាល​តួ​មាន​ជីវិត​ទាំង​៤ ពោល​ដូច្នេះ​ថា​៖ ‹អង្ករ​ស្រូវ​សាលី​១​នាលិ​ថ្លៃ​២​កាក់ ហើយ​អង្ករ​ស្រូវ​ឱ​ក​៣​នាលិ​ថ្លៃ​២​កាក់ តែ​កុំ​ឲ្យ​បង្ខូច​ប្រេង នឹង​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ›​»។ (​វិវរណៈ ៦:៥, ៦​) ត្រូវ​ហើយ​គឺ​កើត​មាន​អំណត់​យ៉ាង​ខ្លាំង​មែន!

១៤. តើ​មាន​ការ​អត់​បាយ​ដ៏​ខ្លាំង​យ៉ាង​ណា តាំង​ពី​ឆ្នាំ​១៩១៤ ដែល​បាន​សម្រេច​ទំនាយ​នៃ​ព្រះ​យេស៊ូ?

១៤ តើ​ទំនាយ​នេះ​អាច​ត្រូវ​សម្រេច​បាន​ទេ​សព្វ​ថ្ងៃ​នេះ កាល​បើ​ប្រទេស​ខ្លះ​មាន​ខ្នាត​គំរូ​នៃ​ជីវភាព​ដ៏​ល្អ? ដោយ​សង្កេត​មើល​ពិភព​លោក​ទាំង​មូល នោះ​យើង​អាច​រក​ឃើញ​ចម្លើយ​យ៉ាង​ច្បាស់។ តាម​ប្រវត្ដិសាស្ត្រ ការ​អត់​បាយ​គឺ​បណ្ដាល​មក​ពី​សង្គ្រាម និង​មហន្តរាយ​ដោយ​ធម្មជាតិ។ ដូច្នេះ មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​សតវត្ស​យើង​នេះ ដែល​មាន​មហន្តរាយ​និង​សង្គ្រាម​ជា​ច្រើន ត្រូវ​រង​ទុក្ខ​នឹង​ការ​អត់​បាយ​ជា​បន្ត​បន្ទាប់។ ប្រទេស​ជា​ច្រើន​នៃ​ផែនដី​បាន​រង​ទុក្ខ​នឹង​មហន្តរាយ​ដូច​នេះ តាំង​ពី​ឆ្នាំ​១៩១៤។ សេចក្ដី​រាយ​ការណ៍​មួយ​មាន​កត់​ការ​អត់​បាយ​ដ៏​ខ្លាំង​ជាង​៦០ តាំង​ពី​ឆ្នាំ​១៩១៤ នៅ​ប្រទេស​ដ៏​ឆ្ងាយ​ដាច់​ឡែក​ពី​គ្នា ដូច​ប្រទេស​ក្រិក ណេថឺឡែនដ៍ សហភាព​សូវៀត នីហ្សេរ្ស៉ា ឈែត ឈិលី ប៉េរូ បឹងក្លាដែស បិនកាល កម្ពុជា អេស្យូពី និង​ជប៉ុន។3 ការ​អត់​បាយ​ខ្លះ​នេះ​គឺ​អស់​រយៈ​បី​បួន​ឆ្នាំ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់។

១៥, ១៦. តើ​អំណត់​អ្វី​ផ្សេង​ទៀត ដែល​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ?

១៥ ថ្វី​ដ្បិត​ការ​អត់​បាយ​ដ៏​ខ្លាំង​តាម​ធម្មតា​បាន​ទទួល​ការ​ដឹង​ឮ​ច្រើន តែ​មិន​យូរ​ប៉ុន្មាន ការ​អត់​បាយ​ទាំង​នេះ​ក៏​បាន​ផុត​ទៅ ហើយ​អ្នក​ដែល​នៅ​រស់​ក៏​មាន​ជីវភាព​គួរ​សម​ធម្មតា​ឡើង​វិញ។ ប៉ុន្តែ មាន​កើត​អំណត់​ម្យ៉ាង​ទៀត ដ៏​រឹត​តែ​គំរាម​កំហែង​ក្នុង​សតវត្ស​ទី​២០។ អំណត់​នេះ​មិន​ជា​អស្ចារ្យ​ណាស់​ទេ ហើយ​ដូច្នោះ​គេ​ក៏​មិន​សូវ​អើពើ តែ​វា​មាន​ជា​រៀង​រាល់​ឆ្នាំ។ នេះ​គឺ​ជា​ការ​រង​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​ការ​ខ្វះ​ជាតិ​ចំណី​អាហារ ដែល​ធ្វើ​ទុក្ខ​ដល់​មួយ​ភាគ​ប្រាំ​នៃ​ប្រជាជន​លើ​ផែនដី​យើង ហើយ​ធ្វើ​ឲ្យ​មនុស្ស​រវាង​១៣​និង​១៨​លាន​នាក់​ស្លាប់​រាល់​ឆ្នាំ។4

១៦ ក្នុង​ន័យ​ម្យ៉ាង​ទៀត នេះ​គឺ​អំណត់​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ដែល​ស្លាប់​ក្នុង​ពីរ​ថ្ងៃ ស្មើ​នឹង​ចំនួន​មនុស្ស​ដែល​ត្រូវ​ស្លាប់​ដោយ​គ្រាប់​បែក​បរមាណូ​នៅ​ក្រុង​ហ៊ីរ៉ូស្សីម៉ា។ ជា​ប្រាកដ ក្នុង​រាល់​រយៈ​ពីរ​ឆ្នាំ មាន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​អត់​បាយ ច្រើន​ជាង​ទាហាន​ដែល​ត្រូវ​ស្លាប់​ដោយ​សារ​សង្គ្រាម​លោក​លើក​ទី​១ និង​សង្គ្រាម​លោក​លើក​ទី​២ បញ្ចូល​គ្នា​ទៅ​ទៀត។ តើ​មាន​«​អំណត់ . . . នៅ​កន្លែង​ផ្សេង​ៗ​»​ឬ​ទេ តាំង​ពី​ឆ្នាំ​១៩១៤? គឺ​មាន​ជា​ប្រាកដ​ណាស់!

ការ​កក្រើក​ដី

១៧. តើ​ការ​កក្រើក​ដី​អ្វី​ដែល​ធ្វើ​វិនាស មិន​យូរ​ប៉ុន្មាន​ក្រោយ​ឆ្នាំ​១៩១៤?

១៧ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​១៩១៥ ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​១ ទើប​តែ​កើត​ឡើង​បាន​ពីរ​បី​ខែ នោះ​ការ​កក្រើក​ដី​មួយ​បាន​កើត​ឡើង​នៅ​ក្រុង​អាប៊្រូហ្ស៊ី ប្រទេស​អ៊ីតាលី បណ្ដាល​ឲ្យ​មនុស្ស​៣២.៦១០​នាក់​ស្លាប់​បាត់​បង់​ជីវិត។ មហន្តរាយ​ដ៏​ធំ​នេះ​រំឭក​យើង​ថា សង្គ្រាម​និង​អំណត់​ក្នុង​គ្រា​វត្តមាន​នៃ​ព្រះ​យេស៊ូ នឹង​ត្រូវ​មាន​រឿង​ផ្សេង​ទៀត​កើត​ឡើង​ជា​មួយ​គ្នា​ដែរ​៖ ​«​មាន . . . កក្រើក​ដី​នៅ​កន្លែង​ផ្សេង​ៗ​»។ ដូច​ជា​សង្គ្រាម​និង​ការ​អត់​បាយ​ដែរ ការ​កក្រើក​ដី​នៅ​ក្រុង​អាប៊្រូហ្ស៊ី​គឺ​គ្រាន់​តែ​ជា​«​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​»​ប៉ុណ្ណោះ។ a

១៨. តើ​ទំនាយ​របស់​ព្រះ​យេស៊ូ​អំពី​ការ​កក្រើក​ដី បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៨ សតវត្ស​ទី​២០​នេះ​គឺ​ជា​សតវត្ស​ដ៏​មាន​ការ​កក្រើក​ដី​យ៉ាង​ច្រើន ហើយ​ដោយ​សារ​ការ​កើត​មាន​វិធី​ផ្សាយ​ពត៌មាន អស់​ទាំង​មនុស្ស​លោក​សឹង​តែ​ដឹង​នូវ​ការ​វិនាស ដែល​បណ្ដាល​មក​ពី​ការ​កក្រើក​ដី​នេះ។ យើង​គ្រាន់​តែ​ពិគ្រោះ​បន្ដិច​បន្តួច​នេះ​ថា នៅ​ឆ្នាំ​១៩២០ មាន​២០០.០០០​នាក់​ស្លាប់​ក្នុង​ការ​កក្រើក​ដី​នៅ​ប្រទេស​ចិន; នៅ​ឆ្នាំ​១៩២៣ ប្រហែល​ជា​៩៩.៣០០​នាក់​ស្លាប់​ក្នុង​ការ​កក្រើក​ដី​នៅ​ប្រទេស​ជប៉ុន; នៅ​ឆ្នាំ​១៩៣៥ ការ​កក្រើក​ដី​មួយ​ទៀត​បណ្ដាល​ឲ្យ​២៥.០០០​នាក់​ស្លាប់​នៅ​ប្រទេស​ដែល​ឥឡូវ​ជា​ប្រទេស​ប៉ាគីស្ថាន ហើយ​៣២.៧០០​នាក់​ត្រូវស្លាប់​នៅ​ប្រទេស​ទួរគី នៅ​ឆ្នាំ​១៩៣៩។ មាន​៦៦.៨០០​នាក់​ស្លាប់​ក្នុង​ការ​កក្រើក​ដី​នៅ​ប្រទេស​ប៉េរូ នៅ​ឆ្នាំ​១៩៧០។ ហើយ​នៅ​ឆ្នាំ​១៩៧៦ ប្រហែល​ជា ២៤០.០០០​នាក់ (​ឬ​៨០០.០០០​នាក់ ស្រប​តាម​ប្រភព​ឯ​ទៀត​) ស្លាប់​នៅ​ក្រុង តាង​សាន ប្រទេស​ចិន។ ពេល​ថ្មី​ៗ​នេះ នៅ​ឆ្នាំ​១៩៨៨ មាន​២៥.០០០​នាក់ ដែល​ស្លាប់​ក្នុង​ការ​កក្រើក​ដី​ដ៏​ខ្លាំង នៅ​ប្រទេស​អាម៉េនី។ b ជា​ប្រាកដ មាន​ការ​«​កក្រើក​ដី​នៅ​កន្លែង​ផ្សេង​ៗ​»​មែន!6

«​សេចក្ដី​វេទនា​»​

១៩. តើ​សេចក្ដី​ល្អិត​ល្អន់​អ្វី​ថែម​ទៀត​នៃ​ទី​សម្គាល់​ដែល​ទាយ​ដោយ​ព្រះ​យេស៊ូ ហើយ​សម្ដែង​ឲ្យ​ឃើញ​ជា​មុន​ដោយ​អ្នក​ជិះ​សេះ​ទី​បួន​នៃ​វិវរណៈ?

១៩ សេចក្ដី​ល្អិត​ល្អន់​មួយ​ទៀត​នៃ​ទំនាយ​ព្រះ​យេស៊ូ​គឺ​អំពី​ជម្ងឺ។ លូកា ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់ កត់​ក្នុង​ដំណើរ​រឿង​របស់​លោក​ថា​ព្រះ​យេស៊ូ​ទាយ​អំពី​«​[​រោគ​រាតត្បាត​]នៅ​កន្លែង​ផ្សេង​ៗ​»។ (​លូកា ២១:១១​) នេះ​ក៏​ស្រប​នឹង​ទំនាយ​អំពី​អ្នក​ជិះ​សេះ​បួន​នាក់​នៃ​វិវរណៈ​ដែរ។ អ្នក​ជិះ​សេះ​ទី​បួន​នោះ​ឈ្មោះ​សេចក្ដី​ស្លាប់ ហើយ​សម្ដែង​ឲ្យ​ឃើញ​នូវ សេចក្ដី​ស្លាប់​ទាំង​អាយុ​ខ្លី ដោយ​សារ​បុព្វហេតុ​មួយ​ចំនួន រួម​ទាំង​«​សេចក្ដី​វេទនា ហើយ . . . សត្វ​ព្រៃ​នៅ​ផែនដី​ផង​»។—វិវរណៈ ៦:៨

២០. តើ​រោគ​អ្វី​ដែល​រាល​ដាល​ដ៏​ខ្លាំង ដែល​សម្រេច​មួយ​ចំណែក​របស់​ទំនាយ​ព្រះ​យេស៊ូ​អំពី​រោគ​រាតត្បាត?

២០ កាល​នៅ​ឆ្នាំ​១៩១៨​និង​១៩១៩ មនុស្ស​ជាង​១.០០០.០០០.០០០​នាក់​ត្រូវ​ឈឺ​ដោយ​គ្រុន​ផ្ដាសាយ​អេស្បាញ៉ុល ហើយ​ជាង​២០.០០០.០០០​នាក់​បាន​ស្លាប់។ ជម្ងឺ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​សង្គ្រាម​ដ៏​ធំ​ទៅ​ទៀត។7 ហើយ​«​សេចក្ដី​វេទនា​»​ ឬ‹រោគ​រាតត្បាត› នៅ​តែ​ធ្វើ​ទុក្ខ​ដល់​តំណ​មនុស្ស​នេះ ថ្វី​បើ​មាន​ការ​ជឿន​លឿន​ដ៏​អស្ចារ្យ​ខាង​វិជ្ជា​ពេទ្យ​ក៏​ដោយ។ ហេតុ​អ្វី​ក៏​ដូច្នេះ? រឿង​មួយ​គឺ​ពីព្រោះ​ប្រទេស​ដែល​ក្រ​តែង​តែ​មិន​បាន​ទទួល​ផល​ប្រយោជន៍ ពី​ការ​លូត​លាស់​ខាង​វិទ្យា​សាស្ត្រ។ មនុស្ស​ក្រី​ក្រ​រង​ទុក្ខ​ហើយ​ស្លាប់​ដោយ​ជម្ងឺ​ដែល​អាច​ព្យាបាល​ឲ្យ​ជា​បាន ប្រសិន​បើ​មាន​ប្រាក់​ច្រើន​ថែម​ទៀត។

២១, ២២. តាម​របៀប​ណា​ដែល​មនុស្ស​នៅ​ប្រទេស​មាន​និង​ប្រទេស​ក្រ​បាន​រង​ទុក្ខ​ដោយ​«​សេចក្ដី​វេទនា​»​?

២១ ដូច្នេះ​ហើយ មនុស្ស​ជាង​៣០០​លាន​នាក់ ទូទាំង​ពិភព​លោក​រង​ទុក្ខ​ដោយ​ជម្ងឺ​គ្រុន​ចាញ់។ ប្រហែល​ជា​២០០​លាន​នាក់ មាន​រោគ​គ្រុន​ដោយ​បរាសិត។ រោគ​ឆា​ហ្គាស​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ជិត​ម្ភៃ​លាន​នាក់។ ប្រមាណ​១២៦​លាន​នាក់​អាច​នឹង​មាន​ជម្ងឺ​ខ្វាក់​ភ្នែក​ដោយ​រោគ។ រោគ​ចុះ​រាគ​ខ្លាំង​ធ្វើ​ឲ្យ​ក្មេង​ជា​ច្រើន​លាន​នាក់​ស្លាប់​រាល់​ឆ្នាំ។8 រោគ​របេង​និង​រោគ​ឃ្លង់ នៅ​តែ​ជា​បញ្ហា​ដ៏​ធំ​ខាង​សុខភាព។ គឺ​អស្ចារ្យ​ណាស់ អ្នក​ក្រី​ក្រ​ក្នុង​ពិភព​លោក​រង​ទុក្ខ​ដោយ‹រោគ​រាតត្បាត​នៅ​កន្លែង​ផ្សេង​ៗ​›។

២២ ប៉ុន្តែ​ពួក​អ្នក​មាន​ក៏​រង​ទុក្ខ​ដូច្នោះ​ដែរ។ ជា​ឧទាហរណ៍ គ្រុន​ផ្ដាសាយ​ធ្ងន់​ធ្វើ​ទុក្ខ​ដល់​ដល់​អ្នក​មាន​និង​អ្នក​ក្រ​ដូច​គ្នា។ នៅ​ឆ្នាំ​១៩៥៧ គ្រុន​ផ្ដាសាយ​ធ្ងន់​ក្នុង​មួយ​លើក​បណ្ដាល​ឲ្យ​មនុស្ស​៧០.០០០​នាក់​ស្លាប់ ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។ នៅ​ប្រទេស​អាល្លឺម៉ង់ គេ​ប៉ាន់​ស្មានថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំ​មួយ​នាក់ ដល់​ទី​បំផុត​នឹង​ត្រូវ​រង​ទុក្ខ​ដោយ​រោគ​មហារីក។9 រោគ​ឆ្លង​ដោយ​ការ​រួម​ដំណេក​ក៏​ពាធា​ដល់​អ្នក​មាន​និង​អ្នក​ក្រ​ផង។ រោគ​ប្រមេះ​ទឹក​បាយ ជា​រោគ​ឆ្លង​ដែល​សម្បូរ​បំផុត​ក្នុង​សហរដ្ឋ ធ្វើ​ទុក្ខ​ដល់​១៨,៩​ភាគ​រយ​នៃ​ប្រជាជន​នៅ​តំបន់​ខ្លះ​នៃ​ទ្វីប​អាហ្វ្រិក។10 រោគ​ស្វាយ រោគ​ក្លាមោឌា និង​រោគ​ពង​ស្បែក​អង្គ​ជាតិ គឺ‹រោគ​រាតត្បាត›ដ៏​អាក្រក់​ខ្លះ​ឯ​ទៀត ដែល​ឆ្លង​ដោយ​ការ​រួម​ដំណេក។

២៣. តើ​«​សេចក្ដី​វេទនា​»​អ្វី ដែល​បាន​ទៅ​ជា​ល្បី​ក្នុង​សារ​ពត៌មាន​ពេល​ថ្មី​ៗ​នេះ?

២៣ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ​«​សេចក្ដី​វេទនា​»​ដោយ​រោគ​អេដស៍ ក៏​បាន​កត់​ចូល​ក្នុងបញ្ជី​នៃ‹រោគ​រាតត្បាត›ដែរ។ រោគ​អេដស៍​គឺ​ជា​រោគ​មួយ​ដ៏​គួរ​ខ្លាច​ណាស់ ពីព្រោះ​នៅ​ពេល​សរសេរ​សៀវភៅ​នេះ ឥត​មាន​ពិធី​ព្យាបាល​ឲ្យ​ជា​បាន​ទេ ហើយ​ចំនួន​មនុស្ស​ដែល​ត្រូវ​រង​ទុក្ខ​ដោយ​រោគ​នេះ​ក៏​កាន់​តែ​កើន​ច្រើន​ឡើង​ផង។ សៀវភៅ​មហា​សង្ក្រាន​នៃ​ហេតុ​ការណ៍​ពិត​ពិភព​លោក​ប្រចាំ​ឆ្នាំ​១៩៩៧ ចែង​ថា​៖ ​«​២១,៨​លាន​នាក់​នៃ​មនុស្ស​ក្នុង​ពិភព​លោក គឺ​មាន​រោគ​អេដស៍ ឬ​បាន​ឆ្លង​ដោយ​មេ​រោគ​ហេ​ច្ច​អាយ​វី (HIV) ដែល​នាំ​ឲ្យ​មាន​រោគ​អេដស៍ . . . មនុស្ស​ប្រមាណ​៥,៨​លាន​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​រោគ​អេដស៍​»។11 ស្រប​តាម​សេចក្ដី​ប៉ាន់​មួយ​ដែល​គេ​បាន​បោះ​ពុម្ព មេ​រោគ​អេដស៍​ពាធា​បុគ្គល​ម្នាក់​រាល់​នាទី។ នេះ​គឺ​«​សេចក្ដី​វេទនា​»​ពិត​ប្រាកដ​មែន! ប៉ុន្តែ ចុះ​ចំពោះ​ទំនាយ​អំពី​សេចក្ដី​ស្លាប់ ដោយ​សារ​សត្វ​ព្រៃ​នោះ​វិញ ជា​យ៉ាង​ដូច​ម្ដេច​ដែរ?

«​សត្វ​ព្រៃ​នៅ​ផែនដី​»​

២៤, ២៥. (​ក​) តើ​ព្យាការី​អេសេគាល​បាន​ថ្លែង​អំពី‹សត្វ​ព្រៃ›អ្វី? (​ខ​) តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​អ្វី​អំពី​«​សត្វ​ព្រៃ​»​ ដែល​មាន​សកម្មភាព​លើ​ផែនដី ក្នុង​គ្រា​វត្តមាន​របស់​ទ្រង់?

២៤ ការ​ពិត ពេល​ដែល​សត្វ​ព្រៃ​ត្រូវ​គេ​និយាយ​ក្នុង​សារ​ពត៌មាន​សព្វ​ថ្ងៃ​នេះ គឺ​ពីព្រោះ​ចំ​ពូក​សត្វ​ខ្លះ​ត្រូវ​រង​គ្រោះ​ថ្នាក់​ឬ​ជិត​វិនាស​សាប​សូន្យ​ហើយ។ ​«​សត្វ​ព្រៃ​នៅ​ផែនដី​»​ គឺ​ត្រូវ​គំរាម​កំហែង​ដោយ​មនុស្ស ច្រើន​ជាង​មនុស្ស​ត្រូវ​គំរាម​កំហែង​ដោយ​វា។ ទោះ​ជា​ដូច្នេះ​ក៏​ដោយ នៅ​ប្រទេស​ខ្លះ សត្វ​ព្រៃ​ដូច​ជា​សត្វ​ខ្លា​នៅ​ប្រទេស​ឥណ្ឌា ក៏​នៅ​តែ​សម្លាប់​មនុស្ស​ជា​រឿយ​ៗ។

២៥ ប៉ុន្តែ​ព្រះ​គម្ពីរ​ទាក់​ទាញ​អារម្មណ៍​របស់​យើង​ទៅ​លើ​សត្វ​ព្រៃ​ម្យ៉ាង​ទៀត ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពិត​មែន​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ។ ព្យាការី​អេសេគាល​ប្រៀប​មនុស្ស​ឃោរ​ឃៅ​នឹង​សត្វ​ព្រៃ ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​ចៅហ្វាយ​នៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​តែ​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កំចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កំរៃ​ទុច្ចរិត​»។ (​អេសេគាល ២២:២៧​) ពេល​ទ្រង់​ទាយ​ថា​«​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង​»​ នោះ​ព្រះ​យេស៊ូ​គឺ​ដូច​មាន​បន្ទូល​ថា​«​សត្វ​ព្រៃ​»​ទាំង​នេះ​នឹង​ត្រូវ​សកម្ម​ឡើង នៅ​ផែនដី​ក្នុង​គ្រា​វត្តមាន​របស់​ទ្រង់។ (​ម៉ាថាយ ២៤:១២​) ប៉ុល​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​ប្រាប់​ថែម​ទៀតថា នៅ​«​ជាន់​ក្រោយ​បង្អស់​»​មនុស្ស​នឹង​«​ស្រឡាញ់​ប្រាក់ . . . មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ​»​ទេ។ (​ធីម៉ូថេ​ទី​២ ៣:១​-​៣​) តើ​មាន​ដូច្នេះ​មែន​ទេ តាំង​ពី​ឆ្នាំ​១៩១៤​មក?

២៦​-​២៨. តើ​សេចក្ដី​រាយ​ការណ៍​អ្វី​ពី​ទូទាំង​ពិភព​លោក ដែល​បង្ហាញ​ថា​«​សត្វ​ព្រៃ​»​ឧក្រិដ្ឋ​កំពុង​ដើរ​ច​ច្រប់​លើ​ផែនដី?

២៦ គឺ​មាន​មែន។ បើ​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ធំ​ៗ​លើ​ផែនដី អ្នក​ដឹង​នូវ​រឿង​នេះ​ហើយ។ ប៉ុន្តែ​បើ​អ្នក​មិន​ជឿ​ប្រាកដ សូម​អ្នក​គ្រាន់​តែ​ពិចារណា​មើល​សេចក្ដី​ស្រង់​ខាង​ក្រោម​នេះ ពី​សារ​ពត៌មាន​ថ្មី​ៗ​មើល​ចុះ។ ពី​ប្រទេស​កូឡុមប៊ីយ៉ា​៖ ​«​ឆ្នាំ​មុន​ប៉ូលិស​ចុះ​បញ្ជី​ទុក . . . ឃាតកម្ម​ប្រហែល​១០.០០០​និង​ការ​ប្លន់​ដោយ​ប្រើ​អាវុធ​២៥.០០០​ដង​»។ ពី​រដ្ឋ​វីកតូរ៉ី ប្រទេស​អូស្ដ្រាលី​៖ ​«​បទ​ឧក្រិដ្ឋ​ធំ​ដុំ​កើន​ចំនួន​ច្រើន​ឡើង​»។ ពី​សហរដ្ឋ​៖ ​«​ការ​សម្លាប់​គ្នា​នៅ​ញូវយ៉ក​ឡើង​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ​»។ ​«​ឆ្នាំ​មុន​ក្រុង​ឌី​ត្រយ​ទៅ​ជា​ល្បី​ជាង​ក្រុង​ហ៊្គារី រដ្ឋ​អិនដ្យាណា ជា​ក្រុង​ធំ​មួយ​ដោយ​មាន​ឃាតកម្ម​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រទេស—មាន​៥៨​នាក់​ក្នុង​ចំណោម​អ្នក​ស្រុក​១០០.០០០​នាក់​ត្រូវ​គេ​ធ្វើ​ឃាត​»។

២៧ ពី​ប្រទេស​ស៊ីមបាវ៉េ​៖ ​«​ការ​ធ្វើ​ឃាត​ក្មេង​ទារក​បាន​ក្លាយ​ទៅ​ជា​វិបត្ដិ​ដ៏​ធំ​មួយ​»។ ពី​ប្រទេស​ប្រេហ្ស៊ីល​៖ ​«​មាន​បទ​ឧក្រិដ្ឋ​ច្រើន​ណាស់​នៅ​ទី​នេះ ហើយ​មាន​គេ​ជា​ច្រើន​កាន់​កាំភ្លើង ដល់​ម្ល៉េះ​បាន​ជា​ពត៌មាន​អំពី​ការ​ឃោរ​ឃៅ​លែង​ធ្វើ​ឲ្យ​មាន​សេចក្ដី​រំជួល​ទៀត​ហើយ​»។ ពី​ប្រទេស​ញូវ​ហ្សេឡិន​៖ ​«​ការ​រំលោភ​ពាធា និង​បទ​ឧក្រិដ្ឋ​ឃោរ​ឃៅ​នៅ​តែ​ជា​បញ្ហា​ធំ​មួយ​ចំពោះ​ប៉ូលិស។ ការ​ឃោរ​ឃៅ​ទៅ​វិញ​ទៅ​មក​រវាង​ពួក​ញូវ​ហ្សេឡិន គឺ​រាប់​ថា​ជា​សាហាវ​ណាស់​»។ ពី​ប្រទេស​អេស្បាញ​៖ ​«​ប្រទេស​អេស្បាញ​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ខាង​បទ​ឧក្រិដ្ឋ​ដ៏​កើន​ច្រើន​ឡើង​»។ ពី​ប្រទេស​អ៊ីតាលី ​«​ពួក​ម៉ាហ៊្វីយ៉ា​នៃ​ស៊ីស៊ីលី ក្រោយ​ពេល​បាន​ផ្អាក​មួយ​រយៈ ក៏​លូត​លាស់​ឡើង​វិញ​ក្នុង​ការ​កាប់​សម្លាប់​»។

២៨ នេះ​គ្រាន់​តែ​ជា​តំណាង​តិច​តួច​នៃ​សេចក្ដី​រាយ​ការណ៍​ពី​សារ​ពត៌មាន ដែល​ចុះ​ផ្សាយ​មិន​ជា​យូរ​ប៉ុន្មាន មុន​ពេល​សៀវភៅ​នេះ​បាន​បោះ​ពុម្ព។ ជា​ប្រាកដ​«​សត្វ​ព្រៃ​»​កំពុង​ដើរ​ច​ច្រប់​លើ​ផែនដី ធ្វើ​ឲ្យ​មនុស្ស​ភ័យ​បារម្ភ​ចំពោះ​សន្ដិសុខ​របស់​គេ។

ការ​ផ្សាយ​ដំណឹង​ល្អ

២៩, ៣០. តើ​អ្វី​ជា​ស្ថានភាព​នៃ​ពិភព​គ្រីស្ទ​សាសនា ដែល​បាន​សម្រេច​តាម​ទំនាយ​របស់​ព្រះ​យេស៊ូ?

២៩ តើ​សាសនា​ទៅ​ជា​យ៉ាង​ណា ក្នុង​វេលា​ដ៏​ពិបាក​នៃ​វត្តមាន​ព្រះ​យេស៊ូ? ម្យ៉ាង​វិញ ព្រះ​យេស៊ូ​ទាយ​ថា នឹង​មាន​ការ​ចម្រើន​ឡើង​នូវ​សកម្មភាព​ខាង​សាសនា​៖ ​«​នឹង​មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​កើត​ឡើង នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង​ដែរ​»។ (​ម៉ាថាយ ២៤:១១​) ឯ​ម្យ៉ាង​ទៀត ទ្រង់​ទាយ​ថា​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ទាំង​មូល ការ​ចាប់​អារម្មណ៍​នឹង​ព្រះ​ត្រូវ​រសាយ​អន់​ចុះ​ខ្លាំង​ណាស់។ ​«​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ​»។—ម៉ាថាយ ២៤:១២

៣០ សេចក្ដី​នេះ​ពិត​ជា​រៀប​រាប់​ការ​ដែល​កំពុង​កើត​ឡើង​ក្នុង​ពិភព​គ្រីស្ទ​សាសនា​សព្វ​ថ្ងៃ​នេះ​មែន។ ម្យ៉ាង​ទៀត ពិភព​គ្រីស្ទ​សាសនា​នៅ​គ្រប់​កន្លែង​កំពុង​តែ​អន់​ថយ ដោយ​ខ្វះ​ការ​គាំទ្រ។ ក្នុង​ប្រទេស​ដែល​ពី​មុន​ខ្លាំង​ខាង​សាសនា​ប្រូតេស្តង់ ដូច​ទ្វីប​អឺរ៉ុប​ខាង​ជើង និង​ប្រទេស​អង់គ្លេស សាសនា​គឺ​សាប​សូន្យ​អស់​ហើយ។ ក្នុង​គ្រា​ជា​មួយ​គ្នា សាសនា​កាតូលិក​កំពុង​រង​ការ​លំបាក​ដោយ​ខ្វះ​សង្ឃ និង​ដោយ​ការ​គាំទ្រ​ដែល​ទៅ​ជា​ស្តួច​ស្តើង​ទៅ។ ឯ​ម្យ៉ាង​ទៀត ក៏​មាន​ស្ទុះ​កើត​ឡើង​នូវ​សាសនា​បន្ទាប់​បន្សំ​ផ្សេង​ៗ​ដែរ។ ក្រុម​មាន​ជំនឿ​ដែល​សំអាង​លើ​សាសនា​បូព៌ា​ក៏​កើត​មាន​ជា​ច្រើន​ឡើង ហើយ​ឯ​អ្នក​ប្រកាស​សាសនា​តាម​ទូរទស្សន៍​ដ៏​លោភ​លន់​នោះ​វិញ ក៏​ទាក់​ទាញ​យក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ។

៣១. តើ​ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​អំពី​អ្វី ដែល​ជួយ​សម្គាល់​គ្រីស្ទាន​ពិត​ក្នុង​សព្វ​ថ្ងៃ​នេះ?

៣១ ប៉ុន្តែ ចុះ​ចំពោះ​សាសនា​គ្រីស្ទាន​ពិត ជា​សាសនា​ដែល​បង្កើតដំបូង​ដោយ​ព្រះ​យេស៊ូ ហើយ​ផ្សាយ​ដោយ​ពួក​សាវ័ក​ទ្រង់​នោះ? សាសនា​នេះ​នៅ​តែ​មាន​ក្នុង​គ្រា​វត្តមាន​នៃ​ព្រះ​យេស៊ូ ប៉ុន្តែ​តើ​គេ​អាច​សម្គាល់​សាសនា​នេះ​យ៉ាង​ដូច​ម្ដេច? មាន​របស់​មួយ​ចំនួន​ដែល​សម្គាល់​សាសនា​គ្រីស្ទាន​ពិត ហើយ​របស់​មួយ​គឺ​ត្រូវ​ថ្លែង​ប្រាប់​ក្នុង​ទំនាយ​ដ៏​សំខាន់​របស់​ព្រះ​យេស៊ូ។ ពួក​គ្រីស្ទាន​ពិត​នឹង​រវល់​ខិត​ខំ​ក្នុង​កិច្ច​ការ​ផ្សាយ​ទូទាំង​ពិភព​លោក។ ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា​៖ ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​»។—ម៉ាថាយ ២៤:១៤

៣២. តើ​ក្រុម​អ្វី​មួយ​គត់​ដែល​បាន​សម្រេច​ទំនាយ​របស់​ព្រះ​យេស៊ូ ដែល​កត់​ទុក​ក្នុង​ម៉ាថាយ ២៤:១៤?

៣២ ការ​ផ្សាយ​នេះ​ឥឡូវ​កំពុង​ធ្វើ​ឡើង​ដ៏​ច្រើន​មហិមា! សព្វ​ថ្ងៃ​នេះ ក្រុម​សាសនា​ដែល​ហៅ​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ចូល​រួម​ក្នុង​សកម្មភាព​ខាង​ផ្សាយ​ដ៏​ច្រើន​លើស​លុប​បំផុត ក្នុង​ប្រវត្ដិសាស្ត្រ​សាសនា​គ្រីស្ទាន។ (​អេសាយ ៤៣:១០, ១២​) កាល​នៅ​ឆ្នាំ​១៩១៩ ពេល​សាសនា​សំខាន់​ៗ​នៃ​ពិភព​គ្រីស្ទ​សាសនា ដែល​ចូល​គំនិត​ខាង​នយោបាយ កំពុង​តែ​គាំទ្រ​សម្ព័ន្ធ​ប្រជាជាតិ​ដែល​នឹង​ត្រូវ​រលំ​នោះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ក៏​រៀបចំ​ចាត់​ចែង ដើម្បី​ធ្វើ​ប្រតិបត្ដិ​ការ​ផ្សាយ​ទូទាំង​ផែនដី​នេះ។

៣៣, ៣៤. តើ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​បាន​ត្រូវ​ផ្សាយ​ទូទាំង​ពិភព​លោក​ដល់​កម្រិត​ណា?

៣៣ មាន​ពួក​ស្មរ​បន្ទាល់​ប្រហែល​ជា​១០.០០០​នាក់​តែ​ប៉ុណ្ណោះ​នៅ​កាល​នោះ ប៉ុន្តែ​ពួក​គេ​ដឹង​ថា​កិច្ច​ការ​នេះ​សំខាន់​ត្រូវ​តែ​ធ្វើ។ ដោយ​ចិត្ត​ក្លាហាន ពួក​គេ​ចាប់​ផ្ដើម​កិច្ច​ការ​ផ្សាយ​ប្រកាស។ ពួក​គេ​ដឹង​ថា​ការ​រំលែក​គ្នា​រវាង​បព្វជិត​និង​គ្រហស្ថ គឺ​ខុស​ផ្ទុយ​ពី​សេចក្ដី​បង្គាប់​នៃ​ព្រះ​គម្ពីរ និង​គំរូ​នៃ​សាវក​របស់​ព្រះ​យេស៊ូ​ផង។ ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​ក៏​រៀន​និយាយ​នឹង​អ្នក​ជិត​ខាង​របស់​គេ អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ពួក​គេ​ក្លាយ​ជា​អង្គការ​មួយ​នៃ​អ្នក​ផ្សាយ​ប្រកាស។

៣៤ ដល់​វេលា​កន្លង​ទៅ អ្នក​ផ្សាយ​ទាំង​នេះ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង។ នៅ​ទ្វីប​អឺរ៉ុប ពួក​គេ​បាន​ត្រូវ​ប្រឆាំង​ដោយ​របប​ប្រើ​សិទ្ធិ​ផ្ដាច់​ការគ្រប់​យ៉ាង។ នៅ​សហរដ្ឋ​និង​ប្រទេស​កាណាដា ពួក​គេ​ទទួល​ការ​គំរាម​កំហែង​តាម​ផ្លូវ​ច្បាប់ និង​ការ​បៀត​បៀន​ពី​ហ្វូង​មនុស្ស​ដែល​បង្កើត​ចលាចល។ នៅ​ប្រទេស​ឯ​ទៀត ពួក​គេ​ត្រូវ​តែ​ទប់​ទល់​នឹង​ការ​ប្រកាន់​សាសនា​ដ៏​ហួស​ហេតុ និង​ការ​ធ្វើ​ទុក្ខ​បៀត​បៀន​គ្មាន​ធម៌​មេត្ដា ពី​ពួក​អ្នក​ប្រើ​អំណាច​ផ្ដាច់​ការ។ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ពួក​គេ​ក៏​ត្រូវ​តែ​ទប់​ទល់​នឹង​គំនិត​នៃ​លទ្ធិ​មជ្ឈនិយម និង​ការ​ផ្ដេក​ផ្ដួល​តាម​ខ្លួន​ហួស​ហេតុ ដែល​បាន​កើត​ឡើង។ ប៉ុន្តែ ពួក​គេ​បាន​នៅ​ខ្ជាប់​ខ្ជួន រហូត​ដល់​មាន​គ្នា​ជាង​ប្រាំ​លាន​នាក់​សព្វ​ថ្ងៃ​នេះ ក្នុង​២៣៣​ប្រទេស។ កាល​ពី​មុន ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​មិន​ដែល​បាន​ផ្សាយ​ពាស​ពេញ​ដូច្នេះ​ឡើយ—នេះ​ជា​ការ​ត្រូវ​សម្រេច​ដ៏​អស្ចារ្យ​នៃ​លក្ខណៈ​នៃ​ទី​សម្គាល់​នេះ!

តើ​រឿង​ទាំង​អស់​នេះ​មាន​ន័យ​អ្វី?

៣៥. (​ក​) តាម​របៀប​ណា​ដែល​ការ​ត្រូវ​សម្រេច​នៃ​ទំនាយ​សព្វ​ថ្ងៃ​នេះ ជួយ​បង្ហាញ​ថា​ព្រះ​គម្ពីរ​គឺ​បណ្ដាល​មក​ព្រះ? (​ខ​) តើ​ការ​ត្រូវ​សម្រេច​នៃ​ទី​សម្គាល់​ដែល​ព្រះ​យេស៊ូ​ផ្ដល់​ឲ្យ មាន​ន័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​សម័យ​យើង​នេះ?

៣៥ ដោយ​គ្មាន​សង្ស័យ​ឡើយ យើង​កំពុង​តែ​ឃើញ​ផ្ទាល់​នូវ​ការ​ត្រូវ​សម្រេច​នៃ​ទី​សម្គាល់​ដ៏​សំខាន់​ដែល​ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ។ ការណ៍​ពិត​នេះ​ជួយ​ធ្វើ​ជា​ទី​សំអាង​ថែម​ទៀត​ថា ព្រះ​គម្ពីរ​គឺ​ពិត​ជា​បណ្ដាល​មក​ពី​ព្រះ​មែន។ គ្មាន​មនុស្ស​ណា​អាច​ទាយ​ប្រាប់​មុន​ជា​យូរ អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​ក្នុង​សតវត្ស​ទី​២០​នេះ​បាន​ឡើយ។ ម្យ៉ាង​ទៀត ការ​ត្រូវ​សម្រេច​នៃ​ទី​សម្គាល់​មាន​ន័យ​ថា យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​វត្តមាន​នៃ​ព្រះ​យេស៊ូ និង​គ្រា​ចុង​បំផុត​នៃ​របប​លោកីយ៍​ហើយ។ (​ម៉ាថាយ ២៤:៣​) តើ​អ្វី​ជា​សារៈ​សំខាន់​អំពី​រឿង​នេះ? តើ​អ្វី​ត្រូវ​ទាក់​ទង​នឹង​វត្តមាន​នៃ​ព្រះ​យេស៊ូ? ហើយ​អ្វី​ជា​របប​លោកីយ៍​ដែល​ត្រូវ​ដល់​ទី​បញ្ចប់​នោះ? ដើម្បី​ឆ្លើយ​នឹង​សំនួរ​ទាំង​នេះ យើង​ត្រូវ​ពិចារណា​មើល​ទី​សំអាង​ដ៏​ខ្លាំង​មួយ​ទៀត ដែល​សម្ដែង​ថា​ព្រះ​គម្ពីរ​គឺ​បណ្ដាល​មក​ពី​ព្រះ​៖ គឺ​សេចក្ដី​ស្រប​គ្នា​ដ៏​អស្ចារ្យ​ក្នុង​ព្រះ​គម្ពីរ។ យើង​នឹង​ពិគ្រោះ​អំពី​រឿង​នេះ​បន្ទាប់​មក​ទៀត ហើយ​នឹង​ឃើញ សូម្បី​ក្នុង​ពេល​ឥឡូវ​នេះ នូវ​របៀប​ដែល​សាច់​រឿង​សំខាន់​នៃ​ព្រះ​គម្ពីរ​ត្រូវ​ជិត​ដល់​ទី​បញ្ចប់​មួយ​ដ៏​គួរ​ឲ្យ​ស្ងើច​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។

[​កំណត់​សម្គាល់​]

a មាន​ការ​កក្រើក​ដី​យ៉ាង​តិច​ប្រាំ​ដង ពី​ឆ្នាំ​១៩១៤​ទៅ​១៩១៨ ដែល​មាន​កម្រិត​៨​ឬ​ខ្ពស់​ជាង​៨ តាម​គ្រឿង​ស្ទង់—រីចតឺរ៍​-​គឺ​ខ្លាំង​ជាង​ការ​កក្រើក​ដី​នៅ​អាប៊្រូហ្ស៊ី។ ប៉ុន្តែ ការ​កក្រើក​ដី​ទាំង​នេះ​គឺ​កើត​ឡើង​នៅ​ទី​កន្លែង​ឆ្ងាយ​ដាច់​ឡែក ម្ល៉ោះ​ហើយ​ក៏​មិន​ចាប់​អារម្មណ៍​មនុស្ស​ច្រើន ដូច​ការ​កក្រើក​ដី​នៅ​ប្រទេស​អ៊ីតាលី​ទេ។5

b ចំនួន​ខុស​ៗ​គ្នា​បាន​ត្រូវ​រាយ​ការណ៍​ចំពោះ​អ្នក​រង​គ្រោះ​នៃ​មហន្តរាយ​ខ្លះ​នេះ។ ប៉ុន្តែ ទាំង​អស់​សុទ្ធ​តែ​ជា​សេចក្ដី​វិនាស​ដ៏​ខ្លាំង​ក្រៃ​លែង។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]