លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រភពដ៏ខ្ពង់ខ្ពស់នៃប្រាជ្ញា

ប្រភពដ៏ខ្ពង់ខ្ពស់នៃប្រាជ្ញា

ជំពូក​ទី​១២

ប្រភព​ដ៏​ខ្ពង់​ខ្ពស់​នៃ​ប្រាជ្ញា

​«​ឱ​ព្រះ​យេហូវ៉ា​អើយ អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត​»។ (​ទំនុក​ដំកើង ១០៤:២៤​) ត្រូវ​ហើយ តាំង​ពី​អធិកភាព​នៃ​សកល​លោក​ដ៏​ធំ​ធេង ដល់​លំអ​ដ៏​ប្រណីត​នៃ​បុប្ផា របស់​ដែល​បង្កើត​ទាំង​នេះ​គឺ​បញ្ជាក់​នូវ​ប្រាជ្ញា​ដ៏​គ្មាន​អ្វី​ប្រៀប​បាន​របស់​អ្នក​បង្កើត។ បច្ចេកវិជ្ជា​នៃ​សតវត្ស​ទី​២០​នេះ គឺ​ទៅ​ជា​ឥត​សំខាន់​សោះ​ឡើយ ពេល​ប្រៀប​នឹង​ការ​បង្កើត​របស់​ព្រះ។ បើ​ព្រះ​គម្ពីរ​គឺ​ជា​បន្ទូល​របស់​ព្រះ នោះ​យើង​ក៏​នឹង​ទន្ទឹង​ថា វា​នឹង​ផ្ដល់​ទី​សំអាង​អំពី​ប្រាជ្ញា ដែល​ប្រសើរ​លើស​ពី​សមត្ថភាព​មនុស្ស​ទៅ​ទៀត។ តើ​នេះ​គឺ​មែន​ទេ?

១. (​រួម​បុព្វយោគ​) (​ក​) តើ​យើង​ឃើញ​ទី​សំអាង​នៅ​ឯ​ណា អំពី​ប្រាជ្ញា​ដ៏​គ្មាន​អ្វី​ប្រៀប​បាន​របស់​ព្រះ? (​ខ​) តើ​ព្រះ​គម្ពីរ​ផ្ដល់​ដំបូន្មាន​អ្វី​អំពី​ប្រាជ្ញា?

 ព្រះ​គម្ពីរ​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ប្រាជ្ញា ដោយ​ប្រាប់​ថា​៖ ​«​ប្រាជ្ញា​ជា​សំខាន់​លេខ​១ ដូច្នេះ​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេង​ៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង​»។ (​សុភាសិត ៤:៧​) ព្រះ​គម្ពីរ​ក៏​ទទួល​ស្គាល់​ដែរ​ថា យើង​ជា​មនុស្ស​តែង​តែ​ខ្វះ​ប្រាជ្ញា ហើយ​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា​»។—យ៉ាកុប ១:៥

២. តើ​បុគ្គល​ម្នាក់​អាច​ចម្រើន​ប្រាជ្ញា​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ដែល​ព្រះ‹ប្រទាន​ប្រាជ្ញា​ដោយ​សទ្ធា›? វិធី​មួយ គឺ​ដោយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អាន​ហើយ​រៀន​ពី​ព្រះ​គម្ពីរ។ សៀវភៅ​សុភាសិត​ក្នុង​ព្រះ​គម្ពីរ​ដាស់​តឿន​ថា​៖ ​«​កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូលពាក្យ​បណ្ដាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្ដាប់​តាម​ប្រាជ្ញា . . . នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា​»។ (​សុភាសិត ២:១, ២, ៥, ៦​) ពេល​យើង​អនុវត្ត​តាម​ដំបូន្មាន​ក្នុង​ព្រះ​គម្ពីរ ហើយ​ឃើញ​ថា​មាន​ប្រសិទ្ធភាព​មែន នោះ​យើង​នឹង​ដឹង​ថា​ព្រះ​គម្ពីរ​គឺ​ពិត​ជា​តំណាង​ប្រាជ្ញា​ពី​ព្រះ។

ពាក្យ​សំដី​ដ៏​មាន​ប្រាជ្ញា

៣, ៤. (​ក​) តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា អំពី​ការ​ឥត​ប្រយោជន៍​នៃ​ការ​ស្រឡាញ់​ប្រាក់? (​ខ​) តើ​ការ​ថ្លឹង​ថ្លែង​យ៉ាង​ត្រឹម​ត្រូវ​អ្វី ដែល​ព្រះ​គម្ពីរ​បាន​សម្ដែង​ក្នុង​ការ​ទូន្មាន​យើង អំពី​តម្លៃ​នៃ​ប្រាក់?

ដើម្បី​ឲ្យ​យល់​សេចក្ដី​នេះ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត សូម​យើង​មើល​ខ​ពីរ​បី​ក្នុង​ព្រះ​គម្ពីរ។ សូម​ពិចារណា​ពាក្យ​សំដី​ដ៏​មាន​ប្រាជ្ញា​នេះ​៖ ​«​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក​ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន . . . ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​»។ (​ធីម៉ូថេ​ទី​១ ៦:៩, ១០​) សូម​ប្រៀប​សេចក្ដី​នេះ​នឹង​ទស្សនៈ​សម័យ​ថ្មី—យ៉ាង​តិច​ណាស់​ក៏​ក្នុង​សង្គម​បស្ចិម​ប្រទេស—ដែល​ជម្រុញ​មនុស្ស​ឲ្យ​ស្វែង​រក​ប្រាក់ ជា​គោល​ដៅ​សំខាន់​ទី​មួយ​របស់​គេ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​ទទួល​បាន​ទ្រព្យ​ដែល​គេ​ស្វែង​រក ហើយ​នៅ​តែ​មាន​អារម្មណ៍​ថា​គ្មាន​ន័យ ហើយ​ឥត​ពេញ​ចិត្ត​សោះ។ គ្រូ​ពេទ្យ​ខាង​ចិត្ត​វិជ្ជា​ម្នាក់​មាន​ប្រសាសន៍​ថា​៖ ​«​ក្លាយ​ជា​លេខ​១ និង​ជា​អ្នក​មាន​មិន​ធ្វើ​ឲ្យ​អ្នក​បាន​ស្កប់​ចិត្ត ពេញ​ចិត្ត ឬ​មាន​គេ​គោរព ឬ​ស្រឡាញ់​អ្នក​ដោយ​ពិត​នោះ​ទេ​»។1

នេះ​មិន​មែន​ថា​មនុស្ស​ធម្មតា​អាច​បែរ​ខ្នង​ចេញ មិន​ចង់​បាន​ប្រាក់​សោះ​នោះ​ទេ។ ព្រះ​គម្ពីរ​បង្ហាញ​នូវ​ប្រាជ្ញា​មួយ​ដ៏​ថ្លឹង​ថ្លែង​យ៉ាង​ត្រឹម​ត្រូវ ដោយ​ចែង​ថា​៖ ​«​ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ខ្លួន​ដែរ ប៉ុន្តែ​ការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​ឲ្យ​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ​»។ (​សាស្ដា ៧:១២​) ដូច្នេះ ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ថា​ប្រាក់ ថ្វី​ដ្បិត​តែ​សំខាន់ មិន​មែន​សំខាន់​បំផុត​នោះ​ទេ។ ប្រាក់​គឺ​គ្រាន់​តែ​ជា​គ្រឿង​សម្រាប់​បំពេញ​បំណង​អ្វី​មួយ​តែ​ប៉ុណ្ណោះ ហើយ​តម្លៃ​វា​គឺ​មាន​កម្រិត បើ​យើង​ឥត​មាន​ប្រាជ្ញា​ប្រើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។

៥, ៦. (​ក​) ហេតុ​អ្វី​ក៏​ដំបូន្មាន​ព្រះ​គម្ពីរ​ដែល​ឲ្យ​ជៀស​វាង​ពី​ពួក​ម៉ាក​អាក្រក់ គឺ​ប្រកប​ដោយ​ប្រាជ្ញា? (​ខ​) តាម​របៀប​ណា​ដែល​យើង​បាន​ផល​ប្រយោជន៍​ដោយ​«​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ​»​?

សេចក្ដី​ថ្លែង​នៃ​ព្រះ​គម្ពីរ​នេះ​ក៏​ត្រូវ​ដែរ​៖ ​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី​ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ​»។ (​សុភាសិត ១៣:២០​) តើ​អ្នក​ដែល​បាន​កត់​សម្គាល់​នូវ​អានុភាព​ដ៏​ខ្លាំង ដែល​ពួក​ម៉ាក​របស់​យើង​មាន​មក​លើ​យើង​ទេ? ការ​បង្ខិត​បង្ខំ​ពី​ពួក​ម៉ាក​នាំ​ឲ្យ​មនុស្ស​វ័យ​ក្មេង​ចូល​ក្នុង​ការ​ស្រវឹង​ស្រា ការ​ប្រើ​គ្រឿង​ឱសថ​យ៉ាង​ផ្ដេស​ផ្ដាស និង​អំពើ​ឥត​សីលធម៌។ បើ​យើង​ចូល​រួម​នឹង​អ្នក​ដែល​ប្រើ​សំដី​អាក្រក់ នោះ​ខ្លួន​យើង​ក៏​គង់​តែ​នឹង​ប្រើ​សំដី​អាក្រក់​ដែរ។ ការ​ចូល​រួម​នឹង​អ្នក​មិន​ស្មោះ​ត្រង់​តែង​លំអៀង​ចិត្ត​យើង​ឲ្យ​ទៅ​ជា​មិន​ស្មោះ​ត្រង់។ ពិត​ហើយ ព្រះ​គម្ពីរ​ក៏​ចែង​ប្រាប់​ដែរ​ថា​៖ ​«​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ​»។—កូរិនថូស​ទី​១ ១៥:៣៣

តែ​ម្យ៉ាង​វិញ ពួក​ម៉ាក​ល្អ​អាច​ធ្វើ​ឲ្យ​យើង​ចម្រើន​ឡើង។ ដោយ​«​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ​»​ នោះ​យើង​នឹង​រឹត​តែ​មាន​ប្រាជ្ញា​ថែម​ទៀត។ ទម្លាប់​ល្អ​មាន​អានុភាព​លើ​យើង ដូច​ជា​ទម្លាប់​អាក្រក់​ដែរ។ ម្ដង​ទៀត​នេះ ព្រះ​គម្ពីរ​បង្ហាញ​នូវ​ប្រាជ្ញា ក្នុង​ការ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជ្រើស​រើស​ពួក​ម៉ាក​ដោយ​ប្រយ័ត្ន។

៧. តើ​អ្វី​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​ជា​ប្រភព​ដ៏​ប្លែក​តែ​មួយ​នៃ​ដំបូន្មាន?

ព្រះ​គម្ពីរ​មាន​សិក្ខាបទ​ដូច​នេះ​ជា​ច្រើន សម្រាប់​ជួយ​យើង​ឲ្យ​ដឹក​នាំ​ជីវិត​របស់​យើង។ ជា​ប្រភព​នៃ​ដំបូន្មាន ព្រះ​គម្ពីរ​គឺ​ប្លែក​ពី​សៀវភៅ​ឯ​ទៀត។ ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​តែង​តែ​នាំ​មក​នូវ​ផល​ប្រយោជន៍ មិន​មែន​គ្រាន់​ជា​ទ្រឹស្តី​តែ​ប៉ុណ្ណោះ​ទេ ហើយ​មិន​ដែល​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​ឡើយ។ ដំបូន្មាន​ជា​ច្រើន​យ៉ាង​ក្នុង​ព្រះ​គម្ពីរ គឺ​គ្មាន​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ទេ។ អ្នក​ដែល​អនុវត្ត​តាម​ដំបូន្មាន​នេះ​ក្នុង​ជីវិត​គេ ហើយ​ឃើញ​ថា​បាន​ផល​ល្អ​មែន នោះ​គេ​ក៏​អបអរ​នឹង​ព្រះ​គម្ពីរ​ដែល​ជា​ប្រភព​ដ៏​ប្លែក​តែ​មួយ​នៃ​ប្រាជ្ញា។

គោល​ការណ៍​ដ៏​មាន​ប្រាជ្ញា

៨. តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​ជួយ​យើង​បាន សូម្បី​ក្នុង​ពេល​ដែល​យើង​ប្រទះ​នឹង​ស្ថានភាព​មួយ ដែល​មិន​មាន​និយាយ​ក្នុង​ព្រះ​គម្ពីរ​សោះ?

ប៉ុន្តែ ចុះ​យ៉ាង​ណា​ទៅ​បើ​យើង​ប្រទះ​នឹង​ស្ថានភាព​មួយ ដែល​មិន​មាន​និយាយ​ក្នុង​ព្រះ​គម្ពីរ​សោះ? ជា​ញឹក​ញយ យើង​រក​ឃើញ​គោល​ការណ៍​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ដឹក​នាំ​យើង។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ក្នុង​គ្រា​ខ្លះ​នៃ​ជីវិត​របស់​គេ ត្រូវ​សម្រេច​ចិត្ត​អំពី​ទម្លាប់​នៃ​ការ​ជក់​ថ្នាំ​ជក់។ ពីព្រោះ​មិន​មាន​គេ​ស្គាល់​ថ្នាំ​ជក់​នៅ​មជ្ឈិមបូព៌ា​កាល​ជំនាន់​ព្រះ​យេស៊ូ ព្រះ​គម្ពីរ​ក៏​មិន​បាន​និយាយ​អំពី​វា​ទេ។ ប៉ុន្តែ មាន​គោល​ការណ៍​ត្រឹម​ត្រូវ​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា​ក្នុង​រឿង​នេះ។

៩​-​១១. តាម​របៀប​ណា​ដែល​គោល​ការណ៍​ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា ក្នុង​រឿង​ប្រើ​ថ្នាំ​ជក់ ហើយ​ដូច​ម្ដេច​យើង​បាន​ផល​ប្រយោជន៍ ដោយ​ធ្វើ​តាម​គោល​ការណ៍​ទាំង​នេះ?

ថ្វី​បើ​គេ​ថា​បាន​ឆ្ងាញ់ ការ​ជក់​ថ្នាំ​ជក់​តាម​ពិត​គឺ​មាន​បឺត​ផ្សែង​កខ្វក់​ដ៏​ក្រាស់​ចូល​ក្នុង​សួត។ អ្នក​ដែល​ជក់​ធ្វើ​ឲ្យ​កខ្វក់​ខ្លួន​គេ ព្រម​ទាំង​សំលៀក​បំពាក់​គេ និង​ខ្យល់​ជុំ​វិញ​គេ​ផង។ ថែម​ទៅ​ទៀត ការ​ជក់​គឺ​ជា​ការ​ញៀន។ មនុស្ស​ដែល​ចង់​ឈប់​ជក់តែង​តែ​ឃើញ​ថា​ជា​ការ​ពិបាក​ណាស់។ ដោយ​ចាំ​ទុក​រឿង​នេះ​ក្នុង​ចិត្ត យើង​អាច​ពឹង​លើ​ព្រះ​គម្ពីរ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ប្រាជ្ញា អំពី​ការ​ជក់​ថ្នាំ​ជក់។

១០ ទី​មួយ សូម​ពិចារណា​បញ្ហា​នៃ​ការ​ញៀន។ ពេល​និយាយ​អំពី​ចំណី ប៉ុល​ប្រាប់​ថា​៖ ​«​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ​»។ (​កូរិនថូស​ទី​១ ៦:១២​) ប៉ុល​អាច​បរិភោគ​ចំណី​គ្រប់​យ៉ាង​ដោយ​សេរី ប៉ុន្តែ​លោក​ដឹង​ថា​មនុស្ស​ខ្លះ​នៅ​ទី​នោះ​មាន​មនសិការ​ដែល​ងាយ​ប្រែ​ប្រួល។ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​លោក​មិន​«​ញៀន​»​នឹង​ចំណី​ខ្លះ​ដល់​ម្ល៉េះ​ទេ ដែល​ធ្វើ​លោក​មិន​អាច​លះ​បង់​បាន បើ​លោក​ត្រូវ​តែ​លះ​បង់​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ត្រូវ​ធ្លាក់​ខ្លួន​ខុស។ បើ​អ្នក​ណា​ម្នាក់​មិន​អាច​ឈប់​ជក់—ឬ​ក៏​ចុក—ថ្នាំ​ជក់​ទេ នោះ​គេ​គឺ​ប្រាកដ​ជា‹ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​នោះ›ហើយ។ ដូច្នេះ​សេចក្ដី​របស់​ប៉ុល​អំពី​រឿង​ចំណី​គឺ​ជា​គោល​ការណ៍​ណែនាំ​ដ៏​ល្អ សម្រាប់​ការ​ប្រើ​ថ្នាំ​ជក់។ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​នៅ​ក្រោម​អំណាច​នៃ​ទម្លាប់​អ្វី​មួយ​ឡើយ។

១១ ទី​ពីរ សូម​ពិចារណា​រឿង​កខ្វក់។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង​»។ (​កូរិនថូស​ទី​២ ៧:១​) គ្មាន​សង្ស័យ​ឡើយ ការ​ជក់​គឺ​នាំ​ឲ្យ​ប្រឡាក់​ឬ​កខ្វក់​ដល់​សាច់​ឈាម។ ស្រប​តាម​អង្គការ​ពិភព​លោក​ខាង​សុខភាព ដែល​ការ​កខ្វក់​នេះ​គឺ​ខ្លាំង​យ៉ាង​ណា គឺ​អាច​ឃើញ​ច្បាស់​ក្នុង​ការ​ដែល​វា​បណ្ដាល​ឲ្យ​មនុស្ស​ជាង​មួយ​លាន​នាក់ ស្លាប់​ទាំង​អាយុ​ខ្លី​រាល់​ឆ្នាំ។ បើ​យើង​ធ្វើ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ ថា​ឲ្យ​នៅ​ជ្រះ​ស្អាត​ពី​សេចក្ដី​ប្រឡាក់​ខាង​សាច់​ឈាម នោះ​យើង​នឹង​ការ​ពារ​ខ្លួន​ពី​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ដោយ​សារ​ការ​ជក់​នេះ ព្រម​ទាំង​គ្រឿង​ឱសថ​និង​សេចក្ដី​ប្រឡាក់​ឯ​ទៀត​ផង។

ពាក្យ​ដ៏​មាន​ផល​ប្រយោជន៍

១២. ហេតុ​អ្វី​ក៏​ដំបូន្មាន​ព្រះ​គម្ពីរ​តែង​តែ​ជាប់​ទាក់​ទង​នឹង​សុខុមាលភាព​ខាង​រូប​កាយ​និង​ខាង​ចិត្ត​របស់​យើង?

១២ យើង​មិន​គួរ​ឆ្ងល់​ឡើយ​ថា ធ្វើ​តាម​ដំបូន្មាន​ព្រះ​គម្ពីរ​គឺ​មាន​ផល​ប្រយោជន៍​ដល់​រូប​កាយ​យើង។ ដំបូន្មាន​ព្រះ​គម្ពីរ​គឺ​មក​ពី​ព្រះ។ ជា​អ្នក​បង្កើត​យើង ព្រះ​អង្គមាន​ចំណេះ​យ៉ាង​ជ្រៅ​អំពី​របៀប​ដែល​យើង​បាន​ត្រូវ​បង្កើត​មក ហើយ​អ្វី​ដែល​យើង​ត្រូវ​ការ។ (​ទំនុក​ដំកើង ១៣៩:១៤​-​១៦​) ដំបូន្មាន​របស់​ទ្រង់​គឺ​តែង​តែ​ជាប់​ទាក់​ទង​នឹង​សុខុមាលភាព​ខាង​រូប​កាយ និង​ខាង​ចិត្ត​របស់​យើង។

១៣, ១៤. ហេតុ​អ្វី​ជា​ផ្លូវ​ដ៏​មាន​ប្រាជ្ញា ដោយ​ធ្វើ​តាម​ដំបូន្មាន​ព្រះ​គម្ពីរ ដែល​ហាម​មិន​ឲ្យ​កុហក​នោះ?

១៣ នេះ​គឺ​ឃើញ​ក្នុង​ដំបូន្មាន​ដែល​ថា​មិន​ឲ្យ​និយាយ​កុហក។ ការ​កុហក​គឺ​កត់​ក្នុង​ចំណោម​របស់​ប្រាំ​ពីរ​យ៉ាង ដែល​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​ស្អប់ ហើយ​សៀវភៅ​វិវរណៈ​កត់​មនុស្ស​កុហក​ក្នុង​ចំណោម​អ្នក​ដែល​ឥត​មាន​ចំណែក​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ទេ។ (​សុភាសិត ៦:១៩; វិវរណៈ ២១:៨​) ថ្វី​បើ​ដូច្នេះ​ក៏​ដោយ ការ​កុហក​គឺ​មាន​ច្រើន​ទូទៅ។ ទស្សនាវដ្ដី​ជំនួញ​មួយ​និយាយ​ថា​៖ ​«​សហរដ្ឋ​អាមេរិក​មាន​ការ​បន្លំ​លួច ការ​បោក និង​អំពើ​អាក្រក់​ស្រដៀង​គ្នា​ឯ​ទៀត ដែល​កើត​មាន​ឡើង​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​»។2

១៤ ប៉ុន្តែ ថ្វី​បើ​វា​ជា​ធម្មតា​ទូទៅ​មែន ការ​កុហក​គឺ​អាក្រក់​ដល់​សង្គម និង​អាក្រក់​ដល់​មនុស្ស​ម្នាក់​ៗ​ដែរ។ អ្នក​សរសេរ​សារ​ពត៌មាន​ឈ្មោះ ឃ្លី​ហ្វដ ឡង​លី កត់​សម្គាល់​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​ការ​កុហក​ធ្វើ​ឲ្យ​អ្នក​កុហក​និង​អ្នក​ដែល​ត្រូវ​គេ​កុហក​រង​ទុក្ខ ដល់​កម្រិត​យ៉ាង​ខ្លាំង​បំផុត ដោយ​ផ្ដាច់​ការ​ទាក់​ទង​ដ៏​សំខាន់​បំផុត រវាង​ចិត្ត​និង​រឿង​ពិត​»។3ទស្សនាវដ្ដី​អាមេរិកាំង​ខាង​វេជ្ជ​វិទ្យា​ខាង​វិកល​ចរិត ថ្លែង​ថា​៖ ​«​ឥទ្ធិពល​ខាង​ចិត្ត​លើ​អ្នក​ដែល​ត្រូវ​គេ​កុហក​គឺ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ខ្លាំង​ណាស់។ ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​នៃ​ជីវិត គឺ​អាច​សំអាង​លើ​ពត៌មាន​មិន​ពិត ដែល​គេ​ជឿ​ថា​ជា​ពិត។ ការ​កុហក​ក៏​មាន​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​កុហក​ដែរ​»។4 បើ​និយាយ​ប្រាប់​ការ​ពិត ដូច​ព្រះ​គម្ពីរ​ទូន្មាន​ដោយ​ប្រាជ្ញា នោះ​គឺ​ជា​ការ​ល្អ​ប្រសើរ​យ៉ាង​ណា​ទៅ!

១៥, ១៦. តាម​របៀប​ណា​ដែល​យើង​បាន​ផល​ប្រយោជន៍ ដោយ​ធ្វើ​តាម​ដំបូន្មាន​គម្ពីរ​ព្រះ ដែល​ថា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ?

១៥ ជា​អំពើ​មួយ​ដ៏​ល្អ​ប្រសើរ ព្រះ​គម្ពីរ​ប្រាប់​យើង​ថា យើង​គួរ​តែ​គិត​គូរ​ដល់​អ្នក​ឯ​ទៀត ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គេ ហើយ​ជួយ​ដល់​គេ​ផង។ បន្ទូល​របស់​ព្រះ​យេស៊ូ​គឺ​ល្បី​ណាស់​ថា​៖ ​«​ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ​»។—ម៉ាថាយ ៧:១២

១៦ តើ​ពិភព​លោក​នឹង​ទៅ​ជា​រឹត​តែ​ល្អ​ប្រសើរ​យ៉ាង​ណា បើ​គ្រប់​ៗ​គ្នា​ធ្វើ​តាម​វិន័យ​នេះ! ម្យ៉ាង​ទៀត មនុស្ស​នឹង​មាន​អារម្មណ៍ រឹត​តែ​ល្អ​ឡើង​ស្រប​ទៅ​តាម​វិចារណ៍​ខាង​ចិត្ត​សាស្ត្រ​ដែល​ធ្វើ​នៅ​សហរដ្ឋ។ មនុស្ស​១.៧០០​នាក់​ដែល​ត្រូវ​គេ​ពិចារណា​នោះ រាយ​ការណ៍​ថា ការ​ជួយ​ដល់​អ្នក​ដទៃ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​ស្ងប់ និង​ធូរ​ស្បើយ​ពី​ជម្ងឺ​ដែល​មាន​ភាព​តាន​តឹង ដូច​ជា​ឈឺ​ក្បាល និង​ការ​ពិបាក​បន្លឺ​សម្លេង។ សេចក្ដី​រាយ​ការណ៍​នេះ​សន្និដ្ឋាន​ថា​៖ ​«​ដូច្នេះ គឺ​ដូច​ជា​ឃើញ​ថា ការ​គិត​គូរ​ដល់​អ្នក​ដទៃ គឺ​ជា​ចំណែក​មួយ​នៃ​ប្រភេទ​មនុស្ស ដូច​ជា​ការ​គិត​គូរ​ដល់​ខ្លួន​យើង​ដែរ​»។5 នេះ​រំឭក​យើង​អំពី​សេចក្ដី​បង្គាប់​នៃ​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​»។ (​ម៉ាថាយ ២២:៣៩; ប្រៀប​ធៀប យ៉ូហាន ១៣:៣៤, ៣៥​) គឺ​ជា​ធម្មតា​ទេ​ដែល​យើង​ស្រឡាញ់​ខ្លួន។ ប៉ុន្តែ ដើម្បី​ឲ្យ​យើង​បាន​សុខភាព​ល្អ​ខាង​ចិត្ត ព្រះ​គម្ពីរ​ប្រាប់​ថា​យើង​ត្រូវ​តែ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ត្រឹម​ត្រូវ សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្លួន​យើង និង​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ។

អាពាហ៍ពិពាហ៍​និង​សីលធម៌

១៧. ហេតុ​អ្វី​ក៏​ដំបូន្មាន​ព្រះ​គម្ពីរ​ជួន​កាល​គឺ​ដូច​ជា​ឃើញ​ថា​ផុត​សម័យ?

១៧ ថ្វី​បើ​ដំបូន្មាន​ព្រះ​គម្ពីរ​ផ្ដល់​ទី​សំអាង​នៃ​ប្រាជ្ញា​ដ៏​ជ្រាល​ជ្រៅ ព្រះ​គម្ពីរ​មិន​តែង​តែ​និយាយ​រឿង ដែល​មនុស្ស​ចង់​ស្ដាប់​នោះ​ទេ។ គេ​បន្ទោស​ព្រះ​គម្ពីរ​ជា​ញឹក​ញយ​ថា ជា​ផុត​សម័យ​ហើយ។ ហេតុ​អ្វី​អញ្ចឹង? ពីព្រោះ​ថ្វី​បើ​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​គឺ​សម្រាប់​ផ្ដល់​ផល​ល្អ​ដល់​យើង​យូរ​អង្វែង​ទៅ​មុខ អនុវត្ត​តាម​ដំបូន្មាន​នេះ​គឺ​តែង​តែ​តម្រូវ​ឲ្យ​មាន​ការ​អប់រំ​និង​ការ​លះបង់​ផល​ប្រយោជន៍​ខ្លួន​ផង ហើយ​គុណសម្បត្ដិ​ទាំង​នេះ​គឺ​គេ​មិន​និយម​ទេ​សព្វ​ថ្ងៃ។

១៨, ១៩. តើ​អ្វី​ជា​ខ្នាត​គំរូ​ព្រះ​គម្ពីរ​សម្រាប់​អាពាហ៍ពិពាហ៍​និង​សីលធម៌?

១៨ សូម​ពិចារណា​រឿង​អាពាហ៍ពិពាហ៍​និង​សីលធម៌។ ខ្នាត​គំរូ​នៃ​ព្រះ​គម្ពីរ​ចំពោះ​រឿង​នេះ គឺ​តឹង​រឹង​ណាស់។ ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ជាក់​ច្បាស់​អំពី​ឯក​ពន្ធន៍​ភាព គឺ​ប្ដី​មួយ​សម្រាប់​ប្រពន្ធ​មួយ។ ព្រះ​គម្ពីរ​មាន​និយាយ​អំពី​ករណី​ដ៏​ប្លែក​ពី​ធម្មតា ដែល​ប្ដី​ប្រពន្ធ​អាច​លែង​លះ​គ្នា ឬ​នៅ​បែក​ពី​គ្នា​បាន។ ប៉ុន្តែ​តាម​ធម្មតា ព្រះ​គម្ពីរនិយាយ​ថា​ចំណង​អាពាហ៍ពិពាហ៍​គឺ​សម្រាប់​មួយ​ជីវិត។ ​«​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី​ទេ​ឬ​អី រួច​ក៏​មាន​បន្ទូល​ថា ‹ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ›? យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​ទ្រង់​បាន​ផ្សំ​ផ្គុំ​គ្នា​ឡើយ​»។—ម៉ាថាយ ១៩:៤​-​៦; កូរិនថូស​ទី​១ ៧:១២​-​១៥

១៩ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ចែង​ថា សេចក្ដី​ស្និទ្ធ​ស្នាល​ក្នុង​ការ​រួម​ដំណេក គឺ​មាន​តែ​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​តែ​ប៉ុណ្ណោះ ក៏​ហាម​មិន​ឲ្យ​មាន​សេចក្ដី​ស្និទ្ធ​ស្នាល​ដូច​នេះ នៅ​ខាង​ក្រៅ​អាពាហ៍ពិពាហ៍​ឡើយ។ យើង​អាន​ថា​៖ ​«​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង . . . នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ​»។—កូរិនថូស​ទី​១ ៦:៩, ១០

២០. តើ​ក្នុង​របៀប​ណា​ដែល​មនុស្ស​ជា​ច្រើន​មិន​ស្ដាប់​តាម​ខ្នាត​គំរូ​ព្រះ​គម្ពីរ អំពី​សីលធម៌​សព្វ​ថ្ងៃ​នេះ?

២០ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មិន​ស្ដាប់​តាម​ខ្នាត​គំរូ​ទាំង​នេះ​ទេ។ សាស្ដ្រាចារ្យ​ខាង​សង្គម​វិជ្ជា​ឈ្មោះ ដាវីឌ មេស៍ កត់​សម្គាល់​ថា​៖ ​«​ក្នុង​សតវត្ស​បច្ចុប្បន្ន​នេះ វប្បធម៌​របស់​យើង​បាន​ត្រូវ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង ហើយ​ទំនៀម​ទម្លាប់​និង​ស្ថាប័ន​ជា​ច្រើន​ពី​បុរាណ បាន​ត្រូវ​ប្រែ​ក្រឡាប់​អស់។ អាពាហ៍ពិពាហ៍​ក៏​ត្រូវ​យ៉ាង​ដូច្នេះ​ដែរ​»។6 អំពើ​ខ្វះ​សីលធម៌​គឺ​ធម្មតា​ជា​ទូទៅ។ ការ​រួម​ដំណេក​រវាង​ក្មេង​ជំទង់​ប្រុស​ស្រី ដែល​ដើរ​លេង​ជា​គូ​នោះ ក៏​តែង​តែ​យល់​ថា​ជា​ការ​ធម្មតា។ មនុស្ស​រស់​នៅ​ជា​មួយ​គ្នា​មុន​ពេល​រៀប​ការ—‹ដើម្បី​គ្រាន់​តែ​ចង់​ដឹង​ប្រាកដ›—គឺ​មាន​ច្រើន​ជា​ញឹក​ញយ។ ហើយ​ពេល​គូ​ប្រុស​និង​ស្រី​រៀប​ការ​ហើយ នោះ​ការ​សហាយ​គ្នា​ដ៏​ខុស​ច្បាប់ ក៏​មិន​ជា​ប្លែក​ដែរ។

២១. តើ​ហេតុ​ផល​អ្វី​បាន​កើត​ឡើង​ពី​ការ​ដែល​មនុស្ស​ជា​ច្រើន​មិន​ស្ដាប់​តាម​ខ្នាត​គំរូ​ព្រះ​គម្ពីរ​សម្រាប់​អាពាហ៍ពិពាហ៍​និង​សីលធម៌?

២១ តើ​បរិយាកាស​ដ៏​ខ្វះ​សីលធម៌​នេះ បាន​នាំ​មក​នូវ​សេចក្ដី​សប្បាយ​ចិត្ត​ទេ? គឺ​អត់​ទេ វា​នាំ​ឲ្យ​មាន​តែ​ចលាចល—ហើយ​ជា​ចលាចល​ដ៏​ធ្ងន់​ធ្ងរ​ផង—បណ្ដាល​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត និង​ការ​បែក​បាក់​គ្រួសារ។ ហើយ​ក៏​មាន​រោគ​ជា​ច្រើន ឆ្លង​រាល​ដាល​ដោយ​ការ​រួម​ដំណេក​ដែល​កើត​ឡើង​ពី​ការ​ខ្វះ​សីលធម៌។ រោគ​ប្រមេះ​ទឹក​បាយ រោគ​ស្វាយ រោគ​ខ្លាមេឌា និង​រោគ​ឯ​ទៀត គឺ​រាល​ដាល​ច្រើន​ពាស​ពេញ​យ៉ាង​ហួស​កម្រិត។ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ពេស្យាចារ​ហើយ​ការ​ប្រតិព័ទ្ធ​នឹង​មនុស្ស​ភេទ​ដូច​គ្នា បាន​ធ្វើ​ឲ្យ​រោគ​អេដស៍​រាល​ដាល​កាន់​តែ​លឿន​ឡើង។ ស្ត្រី​ក្មេង​នៅ​លីវ​ជា​ច្រើន​នាក់​ដែល​មាន​ទារក ពេល​គេ​មិន​ទាន់​បាន​ពេញ​វ័យ​ផុត​ពី​កុមារភាព​ស្រួលបួល​ផង។ សារ​ពត៌មាន​អំពី​ផ្ទះ​សម្រាប់​ស្ត្រី កត់​សម្គាល់​ថា​៖ ​«​ការ​បញ្ជាក់​លើ​ការ​រួម​ដំណេក ដែល​ជា​តំណាង​នៃ​ទសវត្ស​ចាប់​ពី​ឆ្នាំ​៦០​និង ពី​ឆ្នាំ​៧០​មិន​បាន​នាំ​មក​នូវ​សេចក្ដី​សប្បាយ​ចិត្ត​ដ៏​គ្មាន​ព្រំ​ដែន​សម្រាប់​មនុស្ស​ទេ តែ​នាំ​មក​នូវ​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​វិញ​»។7

២២. អំពី​រឿង​សីលធម៌ តើ​អ្វី​នាំ​មក​នូវ​សេចក្ដី​សប្បាយ​ចិត្ត​ជា​ទី​បំផុត?

២២ ដូច្នេះ យើង​ឥឡូវ​ឮ​យោបល់​ដូច​ខាង​ក្រោម​នេះ ពី​សាស្ដ្រាចារ្យ​ខាង​សង្គម​វិជ្ជា ឈ្មោះ ខាលហ្វ្រិដ ប្រូដឺរិក​ថា​៖ ​«​យើង​ប្រហែល​ជា​ធំ​ចេះ​ដឹង​គ្រប់​គ្រាន់ ដើម្បី​ពិចារណា​មើល តើ​នឹង​រឹត​តែ​បាន​ប្រយោជន៍​ដល់​យើង​ឬ​អត់ បើ​យើង​លើក​ការ​ជៀស​វាង រួម​ដំណេក​មុន​ពេល​រៀប​ការ ទុក​ជា​ច្បាប់​មួយ ដ៏​មាន​ប្រសិទ្ធិភាព​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ​យើង និង​សិទ្ធិ​សេរី​ភាព​របស់​គេ គឺ​៖ សេរី​ភាព​ពី​ជម្ងឺ សេរី​ភាព​ពី​ផ្ទៃ​ពោះ​ដែល​ឥត​ចង់​បាន​»។8 ជា​ប្រាកដ ខ្នាត​គំរូ​នៃ​ព្រះ​គម្ពីរ​ខាង​សីលធម៌​គឺ​បាន​ឃើញ​ថា នឹង​នាំ​មក​នូវ​សេចក្ដី​សប្បាយ​ចិត្ត​ជា​ទី​បំផុត ដល់​ពេល​យូរ​អង្វែង​ទៅ​មុខ។

គោល​ការណ៍​ដែល​ពិត​ជា​ផ្ដល់​លទ្ធផល​ល្អ

២៣. (​ក​) បើ​គ្មាន​ការ​សប្បាយ​ចិត្ត​ក្នុង​អាពាហ៍ពិពាហ៍​ទេ តើ​ការ​លះ​លែង​គ្នា​ជា​ចម្លើយ​តែ​មួយ​គត់​ឬ? (​ខ​) តើ​អ្វី​ជា​ចម្លើយ​ពីរ​យ៉ាង​សម្រាប់​ឲ្យ​អាពាហ៍ពិពាហ៍​បាន​សប្បាយ​ហើយ​នឹង​នរ?

២៣ ពីព្រោះ​អាពាហ៍ពិពាហ៍​គឺ​សម្រាប់​គង់​នៅ​មួយ​ជីវិត យើង​ត្រូវ​តែ​ដឹង​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​នេះ​បាន​សម្រេច។ អ្នក​ខ្លះ​ប្រកែក​ថា លែង​លះ​ចេញ​ពី​អាពាហ៍ពិពាហ៍​ដែល​មិន​សប្បាយ​ចិត្ត គឺ​ប្រសើរ​ជា​ជាង​រួម​រស់​ជា​មួយ​គ្នា ទាំង​មាន​ទុក្ខវេទនា។ ប៉ុន្តែ​មាន​ផ្លូវ​ផ្សេង​មួយ​ទៀត​៖ គឺ​ដោះ​ស្រាយ​បញ្ហា ដែល​បណ្ដាល​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​នោះ។ នេះ​ជា​វិស័យ​មួយ​ដែល​ព្រះ​គម្ពីរ​នឹង​ជួយ​បាន។ យើង​បាន​ឃើញ​រួច​ហើយ នូវ​របៀប​ដែល​ព្រះ​គម្ពីរ​ទូន្មាន​យើង​ឲ្យ​ស្មោះ​ត្រង់ ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​យើង ហើយ​នេះ​ជា​ចម្លើយ​មួយ​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ​ហើយ​នឹង​នរ។ ចម្លើយ​មួយ​ទៀត​គឺ​ថា យើង​ត្រូវ​ដឹង​ថា​មាន​មេ​ដឹក​នាំ​តែ​មួយ​គត់​ក្នុង​អាពាហ៍ពិពាហ៍ ហើយ​ព្រះ​គម្ពីរ​ប្រាប់​ថា​គឺ​ជា​ប្ដី​នោះ​ឯង។ ប្រពន្ធ​បាន​ត្រូវ​ទូន្មាន​ឲ្យ​គាំទ្រ​ប្ដី​របស់​នាង មិន​មែន​ឲ្យ​ប្រឆាំង​នឹង​ឋានៈ​របស់​ប្ដី​ទេ។ រីឯ​ប្ដី​វិញ​បាន​ត្រូវ​ប្រាប់​ឲ្យ​ប្រើ​ឋានៈ​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ផល​ល្អ​ដល់​ប្រពន្ធ ហើយ​មិន​ត្រូវ​មាន​ចិត្ត​កំណាញ់​ឡើយ។—កូរិនថូស​ទី​១ ១១:៣; ធីម៉ូថេ​ទី​១ ២:១១​-​១៤

២៤, ២៥. តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​ជម្រុញ​ប្ដី​ប្រពន្ធ​ឲ្យ​បំពេញ​មុខ​ងារ​ត្រឹម​ត្រូវ​របស់​គេ ក្នុង​អាពាហ៍ពិពាហ៍?

២៤ ព្រះ​គម្ពីរ​ចែង​ចំពោះ​ប្ដី​ថា​៖ ​«​ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ . . . ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ​»។ (​អេភេសូរ ៥:២៨, ២៩​) ប្ដី​ដ៏​មាន​ចិត្ត​ស្រឡាញ់​ប្រើ​អំណាច​របស់​គេ​ដោយ​ចេះ​គិត​គូរ គេ​ចាំ​ថា​ថ្វី​បើ​គេ​ជា​មេ​ដឹក​នាំ គេ​គួរ​តែ​គិត​គូរ​ដល់​ប្រពន្ធ ហើយ​ពិគ្រោះ​ជា​មួយ​នាង​ផង។ អាពាហ៍ពិពាហ៍​គឺ​ជា​ការ​រួប​រួម​គ្នា​ជា​គូ មិន​មែន​ជា​ការ​ប្រើ​អំណាច​ផ្ដាច់​ការ​ទេ។

២៥ ដំបូន្មាន​ព្រះ​គម្ពីរ​សម្រាប់​ប្រពន្ធ​គឺ​មាន​ពាក្យ​ដូច​នេះ​៖ ​«​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​ប្ដី​ដែរ​»។ (​អេភេសូរ ៥:៣៣​) នាង​គោរព​ប្ដី​នាង​ពីព្រោះ​ឋានៈ​របស់ប្ដី ហើយ​ការ​គោរព​របស់​នាង​នឹង​ត្រូវ​ឃើញ​ច្បាស់ ក្នុង​ការ​ដែល​នាង​គាំទ្រ​ប្ដី ដូច​ឯ​សេចក្ដី​ស្រឡាញ់​របស់​ប្ដី​នឹង​ត្រូវ​ឃើញ​ច្បាស់ ក្នុង​ការ​ដែល​ប្ដី​ចេះ​ខ្វល់​ខ្វាយ​ដល់​នាង។ ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​មាន​គំនិត​សម័យ​ថ្មី ដំបូន្មាន​ដូច​នេះ​គឺ​គេ​មិន​អាច​ស្រប​តាម​បាន​ទេ។ ប៉ុន្តែ ការ​រួប​រួម​គ្នា​ជា​គូ​ដែល​សំអាង​ការ​ទាក់​ទង​លើ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព—ដូច​ព្រះ​គម្ពីរ​ទូន្មាន—តែង​តែ​បាន​សប្បាយ​ចិត្ត។

២៦. តើ​ខ្នាត​គំរូ​ព្រះ​គម្ពីរ​សម្រាប់​អាពាហ៍ពិពាហ៍ ពិត​ជា​ផ្ដល់​លទ្ធផល​ល្អ​ឬ? សូម​ពន្យល់។

២៦ ដែល​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​ពិត​ជា​ផ្ដល់​លទ្ធផល​ល្អ​ក្នុង​វិស័យ​នេះ គឺ​ឃើញ​ក្នុង​ការ​ពិសោធ​មួយ​ពី​ស្រុក​នៅ​សមុទ្រ​ខាង​ត្បូង។ ក្រោយ​ពេល​រស់​នៅ​ជា​មួយ​គ្នា​អស់​រយ:ដប់​ឆ្នាំ ប្ដី​ប្រពន្ធ​ពីរ​នាក់​នៅ​ទី​នោះ​ក៏​ជឿ​ថា អាពាហ៍ពិពាហ៍​របស់​គេ​គឺ​ឥត​បាន​សម្រេច​ហើយ ដូច្នេះ​ក៏​សម្រេច​ចិត្ត​ថា​លែង​គ្នា។ បន្ទាប់​មក ប្រពន្ធ​និយាយ​ជា​មួយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។ នាង​និង​ស្មរ​បន្ទាល់​នោះ ទាំង​អស់​គ្នា​ក៏​រៀន​ឱវាទ​នៃ​ព្រះ​គម្ពីរ​សម្រាប់​ប្ដី​ប្រពន្ធ។ ប្ដី​នោះ​ប្រាប់​ថា​៖ ​«​ពេល​ប្រពន្ធ​ខ្ញុំ​កំពុង​រៀន​គោល​ការណ៍​ព្រះ​គម្ពីរ នាង​ក៏​ខិត​ខំ​អនុវត្ត​តាម​គោល​ការណ៍​នោះ ក្នុង​ជីវិត​របស់​នាង។ ក្នុង​រយៈ​ពេល​ពីរ​បី​អាទិត្យ ខ្ញុំ​ក៏​ចាប់​តាំង​សម្គាល់​ឃើញ​ការ​ប្រែ​ប្រួល​»។ ដោយ​មាន​ចិត្ត​ចាប់​អារម្មណ៍​ខ្លាំង គាត់​ក៏​សុខ​ចិត្ត​ចូល​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ប្រពន្ធ​ដែរ ហើយ​រៀន​ដឹង​នូវ​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ សម្រាប់​បុរស​ដែល​ជា​ប្ដី។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ឥឡូវ​យើង​បាន​រក​ឃើញ​មូលដ្ឋាន សម្រាប់​ជីវិត​គ្រួសារ​ដ៏​សប្បាយ​ពិត​មែន​»។

២៧. ការ​អនុវត្ត​តាម​គោល​ការណ៍​មួយ​ណា​ពី​ព្រះ​គម្ពីរ អាច​ជួយ​ពួក​គ្រីស្ទាន​ដែល​រង​ទុក្ខ​ពី​ភាព​សេដ្ឋកិច្ច​ដុនដាប?

២៧ ការ​លៃ​លក​ដោះ​ស្រាយ​បញ្ហា​ក្រី​ក្រ ក៏​ជា​វិស័យ​មួយ​ទៀត​ដែល​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​គឺ​ឃើញ​ថា​មាន​ប្រយោជន៍។ ជា​ឧទាហរណ៍ ការ​ជក់​បារី​និង​ការ​ស្រវឹង​ស្រា​ដែល​ខុស​ពី​គោល​ការណ៍​ព្រះ​គម្ពីរ​នោះ គឺ​ជា​ការ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​ដ៏​មាន​កម្រិត។ (​សុភាសិត ២៣:១៩​-​២១​) ថែម​ទៅ​ទៀត ព្រះ​គម្ពីរ​ទូន្មាន​ឲ្យ​យើង​ឧស្សាហ៍ ដ្បិត​អ្នក​ឧស្សាហ៍​តែង​តែ​រក​ឃើញ​វិធី​ចិញ្ចឹម​គ្រួសារ​របស់​គេ​បាន ជាង​អ្នក​ដែល​ខ្ជិល ឬ​អ្នក​ដែល​ចុះ​ញ៉ម​ក្នុង​សេចក្ដី​អស់​សង្ឃឹម។ (​សុភាសិត ៦:៦​-​១១; ១០:២៦​) ម្យ៉ាង​ទៀត ដោយ​ស្ដាប់​តាម​ឱវាទ​ថា​កុំ​ឲ្យ​«​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​»​ នោះ​នឹង​ធ្វើ​ឲ្យ​គេ​ម្នាក់​ជៀស​វាង​ពី​ការ​ស្វែង​រក​អំពើ​ដូច​ជា​បទ​ឧក្រិដ្ឋ ឬ​ការ​លេង​ល្បែង ជា​ផ្លូវ​ជួយ​សម្រាល​ភាព​ក្រី​ក្រ។ (​ទំនុក​ដំកើង ៣៧:១​) ការ​អនុវត្ត​ដូច​នេះ​ហាក់​ដូច​ជា​ផ្ដល់​ផ្លូវ​ដោះ​ស្រាយ​យ៉ាង​ឆាប់ សម្រាប់​បញ្ហា​ខាង​ប្រាក់ ប៉ុន្តែ​ផល​ផ្លែ​នៃ​ការ​ទាំង​នេះ​ដល់​យូរ​អង្វែង​ទៅ​មុខ គឺ​ជូរ​ចត់​ណាស់។

២៨​-​៣០. (​ក​) តាម​របៀប​ណា​ដែល​ការ​អនុវត្ត​តាម​គោល​ការណ៍​ពី​ព្រះ​គម្ពីរ ជួយ​ស្ត្រី​គ្រីស្ទាន​ម្នាក់​ឲ្យ​ដោះ​ស្រាយ​ភាព​ក្រី​ក្រ? (​ខ​) ការ​ពិសោធ​នៃ​ពួក​គ្រីស្ទាន​ជា​ច្រើន​ពាន់​នាក់ ដែល​មាន​សេដ្ឋកិច្ច​ដុនដាប​នោះ គឺ​ជា​ភស្តុ​តាង​សម្រាប់​អ្វី?

២៨ តើ​ដំបូន្មាន​នេះ​ពិត​ជា​ជួយ​អ្នក​ដែល​ក្រី​ក្រ ឬ​គ្រាន់​តែ​ជា​ទ្រឹស្តី​ឧត្តម​គតិ​ប៉ុណ្ណោះ? ចម្លើយ​គឺ​ថា ដំបូន្មាន​នេះ​ផ្ដល់​លទ្ធផល​ល្អ ដូច​បង្ហាញ​ដោយ​ការ​ពិសោធ​ជា​ច្រើន​ទូទាំង​ពិភព​លោក។ សូម​មើល​ឧទាហរណ៍​មួយ​ចុះ ស្ត្រី​គ្រីស្ទាន​ម្នាក់​នៅ​ទ្វីប​អាស៊ី​ធ្លាក់​ខ្លួន​ជា​មេម៉ាយ ទាំង​គ្មាន​ប្រាក់​ចំណូល ហើយ​ត្រូវ​ចិញ្ចឹម​កូន​ប្រុស​តូច​ម្នាក់​ផង។ តើ​ព្រះ​គម្ពីរ​បាន​ជួយ​នាង​ព្រម​ទាំង​កូន​យ៉ាង​ដូច​ម្ដេច?

២៩ នាង​ឧស្សាហ៍​ដូច​ព្រះ​គម្ពីរ​ទូន្មាន ហើយ​ចាប់​ផ្ដើម​កាត់​ដេរ​សំលៀក​បំពាក់​លក់។ ដោយ​ព្រោះ​នាង​ស្មោះ​ត្រង់ ហើយ​អាច​ទុក​ចិត្ត​លើ​បាន ដូច​ព្រះ​គម្ពីរ​ទូន្មាន​ដែរ នាង​មិន​យូរ​ក៏​មាន​ភ្ញៀវ​ដែល​មក​ជា​រឿយ​ៗ។ (​កូល៉ុស ៣:២៣​) បន្ទាប់​មក នាង​ប្រែ​បន្ទប់​តូច​មួយ​ក្នុង​ផ្ទះ​នាង ធ្វើ​ជា​កន្លែង​មួយ​តូច​សម្រាប់​បរិភោគ​ចំណី​អាហារ ហើយ​នាង​ងើប​ឡើង​ប្រហែល​ជា​ម៉ោង​បួន​រាល់​ព្រឹក មក​រៀប​ចំណី​អាហារ​សម្រាប់​លក់ ហើយ​នេះ​ក៏​ជួយ​បន្ថែម​ប្រាក់​ចំណូល​របស់​នាង។ នាង​និយាយ​ថា​៖ ​«​សូម្បី​ដូច្នេះ​ក៏​ដោយ យើង​ត្រូវ​តែ​រស់​នៅ​ដោយ​ឥតស្មុគ​ស្មាញ​»។ ប៉ុន្តែ​នាង​ចាំ​ឱវាទ​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ​»។—ធីម៉ូថេ​ទី​១ ៦:៨

៣០ នាង​និយាយ​ថែម​ទៀត​ថា​៖ ​«​ថ្វី​ដ្បិត​តែ​ខ្ញុំ​រស់​នៅ​ជិត​ដល់​ឋានៈ​ក្រី​ក្រ ខ្ញុំ​មិន​តូច​ចិត្ត​ឬ​ជូរ​ចត់​អ្វី​ទេ។ សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ធ្វើ​ឲ្យ​ខ្ញុំ​ពោរ​ពេញ​ទៅ​ដោយ​ទស្សនៈ​វិស័យ​ដ៏​វិជ្ជមាន​»។ ថែម​ទៅ​ទៀត នាង​បាន​ឃើញ​ថា សេចក្ដី​សន្យា​ដ៏​ល្បី​មួយ​ដែល​ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ​នោះ ពិត​ជា​មាន​លទ្ធផល​ល្អ​មែន​ចំពោះ​រឿង​របស់​នាង។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ(​របស់​ត្រូវ​ការ​ជា​ចាំ​បាច់​)នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​»។ (​ម៉ាថាយ ៦:៣៣​) ការ​ពិសោធ​របស់​នាង​គឺ​ថា ដោយ​ទុក​ដាក់​ការ​បំរើ​ព្រះ​ជា​មុន​ក្នុង​ជីវិត​របស់​នាង នោះ​នាង​តែង​តែ​ទទួល តាម​របៀប​ផ្សេង​ៗ នូវ​របស់​ត្រូវ​ការ​ជា​ចាំ​បាច់។ ការ​ពិសោធ​នៃ​ស្ត្រី​គ្រីស្ទាន​នេះ ព្រម​ទាំង​ការ​ពិសោធ​នៃ​ពួក​គ្រីស្ទាន​ជា​ច្រើន​នាក់​ឯ​ទៀត ដែល​មាន​សេដ្ឋកិច្ច​ដុនដាប គឺ​ជា​ភស្តុ​តាង​ថែម​ទៀត ដែល​ថា​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ ពិត​ជា​ផ្ដល់​លទ្ធផល​ល្អ​មែន។

៣១. តើ​មាន​លទ្ធផល​អ្វី​ពេល​យើង​ធ្វើ​តាម​ដំបូន្មាន​ព្រះ​គម្ពីរ ហើយ​នេះ​ជា​ភស្តុ​តាង​សម្រាប់​អ្វី?

៣១ ក្នុង​ជំពូក​នេះ យើង​បាន​ពិចារណា​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​អំពី​លទ្ធផល​ដ៏​ល្អ​ជា​ច្រើន​នៃ​ដំបូន្មាន និង​ឱវាទ​ក្នុង​ព្រះ​គម្ពីរ ហើយ​យើង​គ្រាន់​តែ​បាន​ឃើញ​រឿង​តែ​ពីរ​បី​ប៉ុណ្ណោះ ដែល​ដំបូន្មាន​នេះ​បាន​ផ្ដល់​លទ្ធផល​ល្អ។ ការ​ពិសោធ​ដែល​បាន​រៀប​រាប់​ប្រាប់​នោះ គឺ​មាន​ជា​ច្រើន​ពាន់​ទៀត។ ម្ដង​ហើយ​ម្ដង​ទៀត ពេល​មនុស្ស​ធ្វើ​តាម​ព្រះ​គម្ពីរ គេ​នឹង​បាន​ផល​ប្រយោជន៍ ហើយ​ពេល​គេ​មិន​ស្ដាប់​តាម នោះ​គេ​ត្រូវ​រង​ទុក្ខ​វិញ។ គ្មាន​ដំបូន្មាន​ណា​ផ្សេង​ទៀត​ទេ ទោះ​ចាស់​បុរាណ​ឬ​ថ្មី​ទំនើប​យ៉ាង​ណា​ក៏​ដោយ ដែល​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ទៀង​ទាត់​ដល់​ម្ល៉េះ ហើយ​អនុវត្ត​តាម​បាន​ដោយ​មនុស្ស​គ្រប់​សាសន៍​នោះ។ ដំបូន្មាន​ដ៏​ប្រកប​ដោយ​ប្រាជ្ញា​ដូច​នេះ មិន​មែន​គ្រាន់​តែ​ជា​ប្រាជ្ញា​នៃ​មនុស្ស​ទេ។ ដែល​ព្រះ​គម្ពីរ​ជា​សៀវភៅ​ពោរ​ពេញ​ទៅ​ដោយ​ប្រាជ្ញា​ដូច​នេះ គឺ​ជា​ទី​សំអាង​យ៉ាង​ខ្លាំង ដែល​ថា​ព្រះ​គម្ពីរ​គឺ​ជា​បន្ទូល​នៃ​ព្រះ។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៦៨​]

អាកប្បកិរិយា​ល្អ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​គ្រប់​ៗ​គ្នា

[​រូប​ភាព​នៅ​ទំព័រ​១៦៣​]

ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា​ឡើង ប៉ុន្តែ​សេព​គប់​ជា​មួយ​នឹង​មនុស្ស​ល្ងី​ល្ងើ​នឹង​ធ្វើ​ឲ្យ​យើង​ខូច​បង់​វិញ

[​រូប​ភាព​នៅ​ទំព័រ​១៦៥​]

ត្រូវ​ជៀស​វាង​ការ​ជក់​ថ្នាំ​ជក់ ពីព្រោះ​នេះ​ខុស​ពី​គោល​ការណ៍​ព្រះ​គម្ពីរ

[​រូប​ភាព​នៅ​ទំព័រ​១៧១​]

ពួក​អ្នក​ដែល​ធ្វើ​តាម​ដំបូន្មាន​ព្រះ​គម្ពីរ​ក្នុង​អាពាហ៍ពិពាហ៍ នឹង​មាន​មូលដ្ឋាន​មាំ​មួន​សម្រាប់​សេចក្ដី​សប្បាយ​ចិត្ត

[​រូប​ភាព​នៅ​ទំព័រ​១៧៣​]

អនុវត្ត​តាម​ដំបូន្មាន​ព្រះ​គម្ពីរ​នឹង​ជួយ​មនុស្ស​ឲ្យ​លៃ​លក​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​នៃ​ភាព​ក្រី​ក្រ