លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ព្រះបន្ទូលនៃព្រះ នោះរស់នៅ»

«ព្រះបន្ទូលនៃព្រះ នោះរស់នៅ»

ជំពូក​ទី​១៣

«​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រស់​នៅ​»​

នៅ​ជំពូក​មុន​នេះ យើង​ឃើញ​ថា​ដំបូន្មាន​ព្រះ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ដោះ​ស្រាយ​បញ្ហា និង​ជៀស​វាង​ការ​ធ្វើ​ខុស។ ប្រាជ្ញា​ដ៏​នៅ​អស់​កល្ប​នៃ​ដំបូន្មាន​របស់​ព្រះ​គម្ពីរ គឺ​ជា​ទី​សំអាង​ដ៏​ខ្លាំង​អំពី​ព្រះ​វិញ្ញាណ។ ព្រះ​គម្ពីរ​ចែង​ប្រាប់​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ប៉ុន្តែ​ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​ផ្ដល់​ឲ្យ​យើង នូវ​ដំបូន្មាន​ដ៏​មាន​ប្រាជ្ញា​តែ​ប៉ុណ្ណោះ​ទេ។ ជា​បន្ទូល​នៃ​ព្រះ ព្រះ​គម្ពីរ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ប្រែ​មែន។

១​-​៣. (​ក​) តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​បញ្ជាក់​នូវ​ការ​ត្រូវ​ប្រែ​បុគ្គលិក​លក្ខណៈ? (​ខ​) តើ​ការ​ពិសោធ​អ្វី​បង្ហាញ​ថា​អំណាច​នៃ​ព្រះ​គម្ពីរ​អាច​ប្រែ​បុគ្គលិក​លក្ខណៈ​បាន?

 តើ​ព្រះ​គម្ពីរ​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រែ​ពិត​មែន​ឬ? មែន​ហើយ ព្រះ​គម្ពីរ​អាច​កែ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ផង។ សូម​ពិចារណា​ដំបូន្មាន​នេះ ដែល​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​៖ ​«​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់​ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សេចក្ដី​ឆបោក​ចោល​ចេញ . . . ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ​»។—អេភេសូរ ៤:២២​-​២៤

តើ​យើង​ពិត​ជា​អាច​ប្រដាប់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​វិញ​បាន​ឬ? បាន​ពិត​មែន! តាម​ពិត ក្លាយ​ជា​គ្រីស្ទាន​ម្នាក់​ជួន​កាល​ត្រូវ​ឲ្យ​មាន​ការ​កែ​ប្រែ​យ៉ាងខ្លាំង​ដល់​បុគ្គលិក​លក្ខណៈ។ (​កូរិនថូស​ទី​១ ៦:៩​-​១១​) ជា​ឧទាហរណ៍ កុមារ​ម្នាក់​នៅ​អាមេរិក​ខាង​ត្បូង ត្រូវ​នៅ​កំព្រា​ពេល​មាន​អាយុ​ប្រាំ​បួន​ឆ្នាំ។ ដល់​បាន​ធំ​ឡើង​ទាំង​គ្មាន​ការ​អប់រំ​ពី​ឪពុក​ម្ដាយ គាត់​ក៏​កើត​មាន​បញ្ហា​ធំ​ខាង​បុគ្គលិក​លក្ខណៈ។ គាត់​និយាយ​ថា​៖ ​«​ដល់​ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​ក៏​ញៀន​ស៊ប់​នឹង​គ្រឿង​ឱសថ ហើយ​បាន​ត្រូវ​ជាប់​គុក ដោយ​ព្រោះ​បាន​លួច​គេ​ដើម្បី​មក​គាំទ្រ​ទម្លាប់​អាក្រក់​»។ ប៉ុន្តែ ម្ដាយ​មីង​របស់​គាត់​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​ដល់​ទី​បំផុត​ក៏​អាច​ជួយ​គាត់​បាន។

គាត់​ពន្យល់​ប្រាប់​ថា​៖ ​«​ម្ដាយ​មីង​របស់​ខ្ញុំ​ចាប់​ផ្ដើម​បង្រៀន​ព្រះ​គម្ពីរ​ដល់​ខ្ញុំ ហើយ​ប្រាំ​ពីរ​ខែ​ក្រោយ​មក ខ្ញុំ​ក៏​អាច​បោះ​បង់​ទម្លាប់​ប្រើ​គ្រឿង​ឱសថ​ចោល​បាន​»។ គាត់​ក៏​ដក​ខ្លួន​ចេញ​ពី​ពួក​ម៉ាក​ចាស់ ហើយ​មាន​ពួក​ម៉ាក​ថ្មី​ក្នុង​ចំណោម​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​វិញ។ គាត់​និយាយ​ទៀត​ថា​៖ ​«​ពួក​ម៉ាក​ថ្មី​ទាំង​នេះ ព្រម​ទាំង​ការ​រៀន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​លូត​លាស់ ហើយ​ដល់​ទី​បំផុត​ក៏​ថ្វាយ​ជីវិត​ខ្ញុំ​ទៅ​បំរើ​ព្រះ​»។ ពិត​ហើយ អ្នក​ញៀន​គ្រឿង​ឱសថ​ហើយ​ជា​ចោរ​កាល​ពី​មុន​នោះ បាន​ក្លាយ​ជា​គ្រីស្ទាន​ដ៏​សកម្ម​ម្នាក់ ហើយ​ការ​កែ​ប្រែ​ដ៏​អស្ចារ្យ​នេះ គឺ​បាន​សម្រេច​ឡើង ដោយ​សារ​អំណាច​នៃ​ព្រះ​គម្ពីរ។ ជា​ប្រាកដ ដូច​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​មក ​«​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រស់​នៅ ហើយ​ពូកែ​ផង​»។—ហេព្រើរ ៤:១២

ប្រែ​ដោយ​សារ​សេចក្ដី​ចេះ​ដឹង

៤, ៥. ស្រប​តាម​កូល៉ុស ៣:៨​-​១០ តើ​យើង​ត្រូវ​បាន​អ្វី​ដើម្បី​ឲ្យ​កើត​មាន​បុគ្គលិក​លក្ខណៈ​ថ្មី?

តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​ធ្វើ​ឲ្យ​មនុស្ស​ប្រែ? ចម្លើយ​គឺ​ឃើញ​ក្នុង​វគ្គ​ព្រះ​គម្ពីរ​នេះ​៖ ​«​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្ដី​កំហឹង គ្នាន់​ក្នាញ់ គំរក់ ប្រមាថ នឹង​ពាក្យ​អព្វមង្គល ចេញ​ពី​មាត់​ចោល​ទៅ កុំ​ឲ្យ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ នឹង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក​»។—កូល៉ុស ៣:៨​-​១០

សូម​សម្គាល់​មើល​ចំណែក​ដ៏​សំខាន់​នៃ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​គម្ពីរ។ ព្រះគម្ពីរ​ពន្យល់​ប្រាប់​ថា​លក្ខណៈ​មួយ​ណា​យើង​ត្រូវ​លះ​បង់ ហើយ​លក្ខណៈ​មួយ​ណា​យើង​គួរ​មាន​វិញ។ ចំណេះ​បែប​នេះ​ក៏​មាន​អានុភាព​យ៉ាង​ខ្លាំង ដូច​យុវជន​ម្នាក់​នៅ​អឺរ៉ុប​ខាង​ត្បូង​បាន​ឃើញ។ គាត់​មាន​បញ្ហា​មែន​ទែន គឺ​កំហឹង​ឃោរ​ឃៅ។ ពេល​គាត់​ធំ​ឡើង គាត់​វាយ​គ្នា​នឹង​គេ​ជា​ញយ ហើយ​គាត់​ចូល​ហាត់​កីឡា​ប្រដាល់ ដើម្បី​បញ្ចេញ​សេចក្ដី​ឃោរ​ឃៅ។ ប៉ុន្តែ​គាត់​នៅ​តែ​មិន​អាច​ទប់​ចរិយា​ឃោរ​ឃៅ​របស់​គាត់​បាន​សោះ។ ពេល​ចូល​បំរើ​កង​ទ័ព គាត់​កើត​មាន​រឿង​ដោយ​ព្រោះ​បាន​វាយ​ទាហាន​គ្នា​ឯង​ម្នាក់។ ពេល​ចេញ​ពី​កង​ទ័ព​វិញ គាត់​ក៏​រៀប​ការ ប៉ុន្តែ​រួច​មក​ក៏​វាយ​ប្រពន្ធ​របស់​គាត់​ទៀត។ ក្នុង​ជម្លោះ​មួយ​ក្នុង​គ្រួសារ គាត់​បាន​ទាំង​វាយ​ឪពុក​របស់​គាត់​ដួល​ផង។ នេះ​ជា​យុវជន​ម្នាក់​ដ៏​ខឹង​ឃោរ​ឃៅ​ពិត​មែន!

៦, ៧. តាម​របៀប​ណា​ដែល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​គម្ពីរ ជួយ​យុវជន​ម្នាក់​នៅ​អឺរ៉ុប​ខាង​ត្បូង ឲ្យ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​គាត់?

ប៉ុន្តែ ដល់​ទី​បំផុត​គាត់​បាន​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ហើយ​បាន​ឮ​ដំបូន្មាន​ដូច​នេះ​ថា​៖ ​«​កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ . . . ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ខំ​ឲ្យ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សង​សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្ដី​កំហឹង​ទៅ​»។ (​រ៉ូម ១២:១៧​-​១៩​) នេះ​ជួយ​គាត់​ឲ្យ​ដឹង​ថា កំហឹង​ឃោរ​ឃៅ​របស់​គាត់​គឺ​ជា​ការ​ខុស​ឆ្គង​ខ្លាំង​យ៉ាង​ណា។ គាត់​ក៏​ឈប់​លេង​កីឡា​ប្រដាល់​ទៀត ដោយ​ដឹង​ថា​វា​មិន​ស្រប​នឹង​បុគ្គលិក​លក្ខណៈ​គ្រីស្ទាន​ដ៏​ប្រកប​ដោយ​មេត្រី​ភាព។ ប៉ុន្តែ គាត់​នៅ​តែ​ត្រូវ​ខំ​ប្រឹង​ទប់​យ៉ាង​ខ្លាំង នឹង​ចរិយា​ឃោរ​ឃៅ​របស់​គាត់។

ប៉ុន្តែ ដោយ​បាន​ចំរើន​ចំណេះ​ថែម​ទៀត អំពី​គោល​ការណ៍​ព្រះ​គម្ពីរ នោះ​ក៏​បាន​ជួយ​គាត់។ នេះ​ធ្វើ​ឲ្យ​មនសិការ​របស់​គាត់​បាន​ស្អាត​ស្អំ​ឡើង ដែល​នឹង​ជួយ​ទប់​ទល់​នឹង​កំហឹង​ឆេវ​ឆាវ​របស់​គាត់។ នៅ​គ្រា​មួយ ក្រោយ​ពេល​គាត់​រៀន​ព្រះ​គម្ពីរ​បាន​លូត​លាស់​ខ្លះ​ៗ​ហើយ ក៏​មាន​អ្នក​ដទៃ​ម្នាក់​ខឹង​នឹង​គាត់ ហើយ​ស្រែក​ជេរ​មើល​ងាយ​ផង។ យុវជន​នេះ​ក៏​មាន​អារម្មណ៍ ដូច​ពី​មុន​រោលឡើង​ក្នុង​ចិត្ត​របស់​គាត់។ បន្ទាប់​មក​គាត់​ក៏​មាន​អារម្មណ៍​នូវ​កម្លាំង​មួយ​ទៀត​៖ គឺ​សេចក្ដី​ខ្មាស​អាម៉ាស់ ហើយ​នេះ​ការ​ពារ​មិន​ឲ្យ​គាត់​បញ្ចេញ​កំហឹង។ គាត់​ទប់​អារម្មណ៍​របស់​គាត់ ជា​ជាង​«​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​»។ ឥឡូវ​នេះ គាត់​ជា​មនុស្ស​ម្នាក់​ដែល​បាន​ប្រែ​ហើយ ទាំង​មាន​បុគ្គលិក​លក្ខណៈ​ថ្មី​ផង ដោយ​សារ​តែ​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ។

ត្រូវ​ឲ្យ​ស្គាល់​ព្រះ

៨. (​ក​) តើ​បុគ្គលិក​លក្ខណៈ​ថ្មី​ត្រូវ​បង្កើត​ឡើង​តាម​រូប​អង្គ​ណា? (​ខ​) តើ​ចំណេះ​ត្រឹម​ត្រូវ ដែល​បង្កើត​បុគ្គលិក​លក្ខណៈ​ថ្មី ត្រូវ​មាន​រួម​ការ​ស្គាល់​ដល់​នរណា?

ពិត​មែន​ហើយ មនុស្ស​ជា​ច្រើន​ដឹង​នូវ​ការ​ត្រឹម​ត្រូវ​ដែល​គេ​ត្រូវ​ធ្វើ ប៉ុន្តែ​គេ​ចុះ​ញ៉ម​ក្នុង​ការ​ទន់​ខ្សោយ​ខាង​រូប​កាយ​វិញ។ គឺ​ច្បាស់​ណាស់ គ្រាន់​តែ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ការ​ខុស​ត្រូវ គឺ​មិន​គ្រប់​គ្រាន់​ទេ។ គឺ​មាន​អ្វី​ផ្សេង​ទៀត ដែល​ជួយ​មនុស្ស​ពីរ​នាក់ ដូច​រៀប​រាប់​ខាង​លើ​នេះ​ឲ្យ​ប្រែ។ តើ​ជា​អ្វី​ទៅ? វគ្គ​ដែល​និយាយ​សំដៅ​ពី​មុន​នេះ​ប្រាប់​ថា​៖ ​«​ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក​»។ (​កូល៉ុស ៣:១០​) សូម​សម្គាល់​ថា ដូច​អ័ដាម​បាន​ត្រូវ​បង្កើត​ដំបូង​តាម​រូប​អង្គ​ព្រះ ដូច្នេះ​បុគ្គលិក​លក្ខណៈ​ថ្មី​ក៏​ត្រូវ​បង្កើត​តាម​រូប​អង្គ​ព្រះ​ដែរ។ (​លោកុប្បត្តិ ១:២៦​) ដូច្នេះ ចំណេះ​ត្រឹម​ត្រូវ​ដែល​ជួយ​យុវជន​ទាំង​ពីរ​នេះ គឺ​ត្រូវ​តែ​មាន​រួម​ការ​ស្គាល់​ព្រះ​ដែរ។ នេះ​រំឭក​យើង​អំពី​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​នេះ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង​»។—យ៉ូហាន ១៧:៣, ព.ថ.

៩. តើ​តាម​របៀប​ណា​ដែល​ការ​ស្គាល់​ព្រះ ជួយ​យើង​ឲ្យ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​យើង?

តើ​តាម​របៀប​ណា​ដែល​ការ​ស្គាល់​ព្រះ​ជួយ​យើង ឲ្យ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​យើង? នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ចង់​ប្រែ។ ពេល​យើង​ស្គាល់​ព្រះ​ដោយ​សារ​ការ​រៀន​សូត្រ​ព្រះ​គម្ពីរ នោះ​យើង​នឹង​ជ្រាប​អំពី​គុណសម្បត្ដិ​នៃ​ព្រះ ហើយ​ឃើញ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​បង្ហាញ​យើង។ នេះ​ក៏​នាំ​ឲ្យ​យើង​ស្រឡាញ់ទ្រង់​វិញ។ (​យ៉ូហាន​ទី​១ ៤:១៩​) ដូច្នេះ យើង​អាច​ស្ដាប់​តាម​សេចក្ដី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល ថា​ជា​បញ្ញត្ត​ទី​១ ហើយ​សំខាន់​បំផុត គឺ​៖ ​«​ត្រូវ​ឲ្យ​ស្រឡាញ់[​ព្រះ​យេហូវ៉ា​] ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង​»។ (​ម៉ាថាយ ២២:៣៧​) ការ​ស្រឡាញ់​ព្រះ​ធ្វើ​ឲ្យ​យើង​ចង់​ប្រដាប់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​សព្វ​ព្រះ​ហឫទ័យ​ទ្រង់។ នេះ​ធ្វើ​ឲ្យ​យើង​ចង់​ឲ្យ​បាន​ដូច​ទ្រង់​ថែម​ទៀត ទោះ​ជា​យើង​ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ភាព​ទន់​ខ្សោយ​ដ៏​ជ្រួត​ជ្រាប​យ៉ាង​ជ្រៅ

១០, ១១. តើ​តាម​របៀប​ណា​ដែល​ចំណេះ​ត្រឹម​ត្រូវ ជួយ​ស្ត្រី​ក្មេង​សាសន៍​អាមេរិក​ខាង​ជើង​ម្នាក់ ឲ្យ​ចាប់​ផ្ដើម​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​នាង?

១០ ក្នុង​ស្ថានការណ៍​ខ្លះ នេះ​ជា​ការ​ខំ​ប្រឹង​ប្រែង​មែន​ទែន។ ស្ត្រី​ក្មេង​ម្នាក់​នៅ​អាមេរិក​ខាង​ជើង​ត្រូវ​តែ​ត​យុទ្ធ​យ៉ាង​ខ្លាំង​ដើម្បី​ប្រែ​ខ្លួន។ នាង​ជា​អ្នក​ត្រូវ​រង​ទុក្ខ​ខាង​មេថុនកម្ម​កាល​នៅ​ក្មេង ហើយ​ធំ​ពេញ​វ័យ​ឡើង​ក្នុង​គ្រួសារ​ដ៏​ឃោរ​ឃៅ ហើយ​ដល់​ទី​បំផុត​ក៏​ទៅ​ប្រើ​គ្រឿង​ញៀន។ ប៉ុន្តែ​គ្រឿង​ញៀន​គឺ​ថ្លៃ ម្ល៉ោះ​ហើយ​នាង​ក៏​លក់​ខ្លួន​ធ្វើ​ជា​ស្រី​ពេស្យា ដើម្បី​យក​ប្រាក់​សម្រាប់​ទម្លាប់​ញៀន​របស់​នាង។ នាង​ក៏​សម្លុត​ហើយ​ប្លន់​ពួក​ទេសចរ ហើយ​បាន​ចំណាយ​ពេល​ក្នុង​គុក និង​ក្នុង​កន្លែង​លេង​ប៊ី​យ៉ា ច្រើន​ជាង​នៅ​ផ្ទះ។

១១ ពេល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួប​នាង នាង​ក៏​មាន​កូន​ឥត​ពេញ​ច្បាប់​មួយ—ក្រោយ​ពេល​បាន​ពន្លូត​កូន​អស់​បី​បួន​ហើយ។ ប៉ុន្តែ នាង​ចូល​ចិត្ត​សេចក្ដី​ដែល​នាង​ឮ​ពី​ព្រះ​គម្ពីរ ហើយ​ក៏​ចាប់​ផ្ដើម​រៀន​សូត្រ​ព្រះ​គម្ពីរ។ មិន​យូរ​នាង​បាន​កសាង​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ ហើយ​កែ​ប្រែ​ជីវិត​នាង។

១២, ១៣. សូម​រៀប​រាប់​របៀប​ដែល​ចំណេះ​ត្រឹម​ត្រូវ ដល់​ពេល​បាន​ស្ថិត​នៅ​ជាប់​ក្នុង​ចិត្ត​ហើយ អាច​មាន​អានុភាព​ជំរុញ​មនុស្ស​ឲ្យ​ប្រែ។

១២ ប៉ុន្តែ នាង​ត្រូវ​មាន​ការ​ត​យុទ្ធ​រឹត​តែ​ខ្លាំង​ទៀត ពីព្រោះ​បុគ្គលិក​លក្ខណៈ​ចាស់​របស់​នាង​បាន​ត្រូវ​ជ្រួត​ជ្រាប​យ៉ាង​ជ្រៅ។ នៅ​គ្រា​មួយ នាង​ប្រព្រឹត្ត​ប្រឆាំង​នឹង​ដំបូន្មាន​ដ៏​ល្អ​ខ្លះ ឈប់​រៀន​សូត្រ​ព្រះ​គម្ពីរ​ទៀត ហើយ​ត្រឡប់​ទៅ​ផ្លូវមិន​ស្អាត​ស្អំ​របស់​នាង​វិញ។ ប៉ុន្តែ នាង​មិន​អាច​ភ្លេច​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ទេ ដែល​បាន​ស្ថិត​នៅ​ជាប់​ក្នុង​ចិត្ត​នាង ហើយ​នាង​សារភាព​ថា​៖ ​«​យូរ​ៗ​ម្ដង ខ្ញុំ​ក៏​យល់​នូវ​កំហុស ហើយ​ពាក្យ​នៃ​ពេត្រុស​ទី​២ ២:២២ លេច​ចេញ​ក្នុង​ចិត្ត​របស់​ខ្ញុំ​៖ ‹ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កំអួត​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​វិញ›​»។

១៣ ក្រោយ​មក ចំណេះ​នេះ​ធ្វើ​ឲ្យ​នាង​ចង់​ខំ​ប្រឹង​ប្រែង​ម្ដង​ទៀត។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ព្រះ​យេហូវ៉ា ហើយ​អធិស្ឋាន​ឲ្យ​ទ្រង់​ជួយ​»។ ពេល​នេះ បុគ្គលិក​លក្ខណៈ​ថ្មី​ក៏​បាន​ស្ថិត​នៅ​រឹត​តែ​ជាប់​មាំ​ឡើង ថ្វី​ដ្បិត​នាង​នៅ​តែ​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក៏​ដោយ។ នៅ​គ្រា​មួយ ជា​គ្រា​ដែល​មាន​ការ​ទន់​ខ្សោយ នោះ​នាង​ធ្លាក់​ខ្លួន​វិញ​ក្នុង​ការ​ស្រវឹង និង​អំពើ​ឥត​សីលធម៌។ ប៉ុន្តែ នៅ​លើក​នេះ​ប្រតិកម្ម​របស់​នាង​បង្ហាញ​ថា នាង​ពិត​ជា​ប្រែ​មែន។ នាង​ស្អប់​ខ្ពើម​នឹង​ខ្លួន ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិស្ឋាន ហើយ​សិក្សា​ជា​ច្រើន​»។ ដល់​ទី​បំផុត បន្ទូល​នៃ​ព្រះ​មាន​អានុភាព​យ៉ាង​ខ្លាំង​លើ​ជីវិត​នាង ដល់​ម្ល៉េះ​នាង​ក៏​បាន​ក្លាយ​ជា​គ្រីស្ទាន​ដ៏​សកម្ម​ម្នាក់ ទាំង​មាន​ជីវិត​រស់​នៅ​យ៉ាង​ស្អាត​ស្អំ​និង​ល្អ​ប្រសើរ​ផង។ អស់​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ហើយ នាង​បាន​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ខុស​គ្នា​ទាំង​ស្រុង​ពី​រូប​ដើម​របស់​នាង ដែល​ធ្លាប់​បាន​រស់​នៅ​ទាំង​រង​ទុក្ខ​ទោស ញៀន​គ្រឿង​ឱសថ និង​គ្មាន​សណ្ដាប់​ធ្នាប់។

មនុស្ស​ដែល​បាន​ត្រូវ​ប្រែ​ដោយ​បន្ទូល​នៃ​ព្រះ

១៤, ១៥. (​ក​) តើ​កម្លាំង​អ្វី​ពី​ព្រះ ដែល​មាន​ប្រតិបត្ដិ​ការ​តាម​រយៈ​ព្រះ​គម្ពីរ? (​ខ​) តើ​អ្វី​ជា​លក្ខណៈ​ខ្លះ​នៃ​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ?

១៤ អំណាច​ដែល​ព្រះ​គម្ពីរ​មាន​លើ​ជីវិត​នៃ​មនុស្ស​រាប​ទាប បង្ហាញ​ថា​ព្រះ​គម្ពីរ​គឺ​ពូកែ​លើស​ពី​ស្នា​ដៃ​នៃ​មនុស្ស​ធម្មតា។ ជា​បន្ទូល​ដែល​បណ្ដាល​មក​ពី​ព្រះ ព្រះ​គម្ពីរ​ជា​ផ្លូវ​សម្រាប់​ប្រតិបត្ដិ​ការ​នៃ​វិញ្ញាណ​នៃ​ព្រះ។ វិញ្ញាណ​ដដែល​នេះ ដែល​ធ្វើ​ឲ្យ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​ប្រព្រឹត្ត​កើត​ឡើង​បាន ក៏​ជួយ​យើង​សព្វ​ថ្ងៃ​នេះ​ដែរ ឲ្យ​ឈ្នះ​នឹង​គុណសម្បត្ដិ​អាក្រក់ ហើយ​ឲ្យ​កើត​មាន​បុគ្គលិក​លក្ខណៈ​គ្រីស្ទាន។ ជា​ប្រាកដ គុណសម្បត្ដិ​ដ៏​សំខាន់​ដែល​គ្រីស្ទាន​ត្រូវ​តែ​មាន គឺ—សេចក្ដី​ស្រឡាញ់ អំណរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត—គឺ​ត្រូវ​ហៅ​ក្នុង​ព្រះ​គម្ពីរ​ថា​ជា​«​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​»។—កាឡាទី ៥:២២, ២៣

១៥ សព្វ​ថ្ងៃ​នេះ វិញ្ញាណ​នេះ​មិន​មែន​ផ្ដល់​លទ្ធផល​ល្អ​ដល់​មនុស្ស​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ទេ តែ​ដល់​មនុស្ស​ជា​ច្រើន​លាន​នាក់ ដែល​បាន​«​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​មាន‹សន្ដិសុខ​ជា​បរិបូរ›ពី​ទ្រង់។ (​អេសាយ ៥៤:១៣​) តើ​ពួក​គេ​ជា​នរណា? ព្រះ​យេស៊ូ​បាន​ប្រាប់​របៀប​មួយ​សម្រាប់​សម្គាល់​ពួក​គេ ដោយ​មាន​បន្ទូល​ថា​៖ ​«​គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​យ៉ូហាន ១៣:៣៥​) សេចក្ដី​ស្រឡាញ់​ខាង​គ្រីស្ទាន​គឺ​ជា​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ហើយ​ជា​ចំណែក​សំខាន់​មួយ​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី​នៃ​គ្រីស្ទាន។ តើ​មាន​ក្រុម​មនុស្ស​ណា ដែល​មាន​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេស៊ូ​បាន​បង្គាប់​ទេ?

១៦, ១៧. សូម​ស្រង់​យោបល់​សារ​ពត៌មាន​ខ្លះ ដែល​ជួយ​សម្គាល់​ពួក​អ្នក​ដែល​«​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា​»​ហើយ​ដែល​មាន‹សន្ដិសុខ​ជា​បរិបូរ›។

១៦ សូម​ស្ដាប់​សេចក្ដី​ស្រង​ពី​សំបុត្រ​១​ច្បាប់ សរសេរ​ទៅ​ឲ្យ ញូវ ហាវិន រ៉ីជីស្ទើ ជា​សារ​ពត៌មាន​អាមេរិក​ខាង​ជើង​ថា​៖ ​«​ទោះ​ជា​អ្នក​មាន​ចិត្ត​មួម៉ៅ ឬ​ក្ដៅ​ក្រហាយ[​ខឹង​]ដូច​ខ្ញុំ ដោយ​សារ​ការ​ដែល​គេ​បញ្ចុះ​បញ្ចូល​ឲ្យ​តាម​ជំនឿ​គេ អ្នក​ត្រូវ​តែ​សរសើរ​ដល់​ការ​ដែល​គេ​ថ្វាយ​ខ្លួន​បំរើ​ព្រះ ការ​ស្អាត​ស្អំ​របស់​គេ គំរូ​ដ៏​អស្ចារ្យ​របស់​គេ អំពី​ចរិយា​មនុស្ស និង​អំពី​ការ​រស់​នៅ​ដ៏​ស្អាត​ស្អំ​»។ សារ​ពត៌មាន​អាល្លឺម៉ង់ ម៉ុន្នើ មឺឃើ ក៏​ចែង​អំពី​ក្រុម​មនុស្ស​ដដែល​នេះ​ដែរ​ថា​៖ ​«​ពួក​គេ​ជា​អ្នក​បង់​ពន្ធ​យ៉ាង​ស្មោះ​ត្រង់ ហើយ​ទាន់​ពេល​បំផុត នៅ​សាធារណៈ​សហ​ព័ន្ធ[​អាល្លឺម៉ង់​]។ ការ​ដែល​ពួក​គេ​គោរព​តាម​ច្បាប់ គឺ​ឃើញ​ក្នុង​របៀប​ដែល​គេ​បើក​បរ​រថយន្ត ព្រម​ទាំង​ក្នុង​ស្ថិតិ​ខាង​បទ​ឧក្រិដ្ឋ​»។

១៧ តើ​សារ​ពត៌មាន​ទាំង​ពីរ​នេះ​និយាយ​អំពី​នរណា? គឺ​អំពី​មនុស្ស​មួយ​ក្រុម​ដែល​សារ​ពត៌មាន ហ៊ឺរ៉ុល នៃ​ក្រុង​ប៊ូណឺស អែរ្ស ប្រទេស​អារ្សងទីន​បាន​រាយ​ការណ៍។ សារ​ពត៌មាន​នេះ​ប្រាប់​ថា​៖ ​«​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ឃើញ​គ្រប់​ទាំង​ឆ្នាំ ថា​ពួក​គេ​ជា​ពលរដ្ឋ​ដ៏​ឧស្សាហ៍ ស្រគត់ស្រគំ សំចៃ ហើយ​កោត​ខ្លាច​ព្រះ ហើយ​ជា​មនុស្ស​បែប​នេះ​ហើយ​ដែល​ប្រទេស​ត្រូវ​ការ​»។ វិចារណ៍​ខាង​សង្គម​វិជ្ជា ពី​ប្រទេស​ហ្សំប៊ី ដែល​បោះ​ពុម្ព​ក្នុង ជាតិពន្ធុវិទូ​អាមេរិកាំង ក៏​និយាយ​សំដៅ​អំពី​ក្រុម​មនុស្ស​ដដែល​នេះ​ដែរ​ថា​៖ ​«​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជោគ​ជ័យ​ជាង​សាសនា​ឯ​ទៀត ក្នុង​ការ​រក្សា​អាពាហ៍ពិពាហ៍​ឲ្យ​បាន​មាំ​មួន​»។

១៨, ១៩. តើ​គេ​រៀប​រាប់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច នៅ​ប្រទេស​អ៊ីតាលី និង​អាហ្វ្រិក​ខាង​ត្បូង?

១៨ សារ​ពត៌មាន ឡា ស្ត័មប៉ា នៅ​ប្រទេស​អ៊ីតាលី ក៏​និយាយ​អំពី​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ដែរ​ថា​៖ ​«​ពួក​គេ​ជា​ពលរដ្ឋ​ដ៏​ស្មោះ​ដែល​មនុស្ស​ចង់​បាន​៖ ពួក​គេ​មិន​គេច​ពី​ការ​បង់​ពន្ធ ឬ​រក​ជៀស​វាង​ច្បាប់​មិន​ស្រណុក​ស្រួល ដើម្បី​ឲ្យ​បាន​គុណប្រយោជន៍​ដល់​ខ្លួន​គេ​ឡើយ។ ឧត្តម​គតិ​ខាង​សីលធម៌​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង នៃ​ការ​មិន​ព្រម​ទទួល​អំណាច និង​នៃ​ការ​ឥត​ឃោរ​ឃៅ នៃ​សេចក្ដី​ស្មោះ​ត្រង់​ផ្ទាល់​ខ្លួន (​ដែល​ចំពោះ​ពួក​គ្រីស្ទាន​ភាគ​ច្រើន គឺ​ជា‹វិន័យ​ថ្ងៃ​អាទិត្យ› សម្រាប់​តែ​ប្រកាស​ពី​វេទិកា​ប៉ុណ្ណោះ​) គឺ​មាន​អនុវត្ត​ក្នុង​ការ​រស់​នៅ​របស់​គេ‹ជា​រៀង​រាល់​ថ្ងៃ›​»។

១៩ សាស្ដ្រាចារ្យ​ម្នាក់​នៃ​សកល​វិទ្យាល័យ​អាហ្វ្រិក​ខាង​ត្បូង ដែល​បាន​ពិសោធ​នឹង​ការ​ប្រកាន់​សាសន៍ ក្រោម​ច្បាប់​ខាង​សាសន៍​ក្នុង​ប្រទេស​នោះ មាន​ប្រសាសន៍​ថា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជា​«​មនុស្ស​ដែល​ត្រូវ​អប់រំ​ដោយ​ខ្នាត​គំរូ​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​គម្ពីរ ជា​មនុស្ស​ដ៏​ពិត​ជា‹មិន​ប្រកាន់​សម្បុរស្បែក​មែន›​»។ លោក​ពន្យល់​ថែម​ទៀត​ថា​៖ ​«​នេះ​ជា​មនុស្ស​ដែល​មើល​ឃើញ​អ្នក​ដទៃ​នៅ​ខាង​ក្នុង​ចិត្ត មិន​មែន​គ្រាន់​តែ​សម្បុរស្បែក​របស់​គេ​ប៉ុណ្ណោះ​ទេ។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ បង្កើត​បាន​ភាតរភាព​ដ៏​ពិត​តែ​មួយ​នៃ​មនុស្ស​លោក​»។

២០. ហេតុ​អ្វី​បាន​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ល្អ​ប្លែក​ពី​មនុស្ស​ឯ​ទៀត?

២០ យោបល់​ទាំង​នេះ​បង្ហាញ​ថា មាន​មនុស្ស​មួយ​ក្រុម ដែល​ចំហ​ចិត្ត​របស់​គេ​ដល់​ព្រះ​គម្ពីរ ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ក៏​សកម្ម​លើ​គេ​ដែរ។ គួរ​ឲ្យ​សម្គាល់​ថា ពួក​គេ​នេះ​ជា​មនុស្ស​ដែល​យើង​បាន​សម្គាល់​ពី​មុន ដែល​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ពាស​ពេញ​ពិភព​លោក។ (​ម៉ាថាយ ២៤:១៤​) ហេតុ​អ្វី​ក៏​ពួក​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ល្អ​ប្លែក​ពី​មនុស្ស​ឯ​ទៀត ក្នុង​របៀប​នេះ? ពួក​គេ​គឺ​មិន​ខុស​ពី​មនុស្ស​ឯ​ទៀត​ទេ ក្នុង​ប្រការ​ជា​ច្រើន​យ៉ាង។ ពួក​គេ​មាន​ការ​ទន់​ខ្សោយ​ខាង​រូប​កាយ មាន​បញ្ហា​ខាង​សេដ្ឋកិច្ច និង​មាន​សេចក្ដី​ត្រូវ​ការ​ដ៏​សំខាន់ ដូច​មនុស្ស​ឯ​ទៀត​ដែរ។ ប៉ុន្តែ​ជា​មនុស្ស​មួយ​ក្រុម ពួក​គេ​ស្រឡាញ់​ព្រះ អនុវត្ត​តាម​ព្រះ​គម្ពីរ​យ៉ាង​ហ្មត់​ចត់ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​គម្ពីរ​មាន​អំណាច​លើ​ជីវិត​របស់​គេ។

២១. តើ​អ្វី​បាន​ត្រូវ​បញ្ជាក់ ដោយ​ការ​ដែល​មនុស្ស​ដូច​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​អាច​គង់​វង់​បាន ក្នុង​ពិភព​លោក​ដ៏​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្អប់​គ្នា​សព្វ​ថ្ងៃ​នេះ?

២១ មាន​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​លាន​នាក់ រស់​នៅ​ក្នុង​ជាង​២០០​ស្រុក។ ពួក​គេ​មាន​រួម​មនុស្ស​ពី​គ្រប់​សាសន៍ គ្រប់​ភាសា និង​គ្រប់​វណ្ណៈ។ តែ​ពួក​គេ​ជា​ភាតរភាព​អន្តរជាតិ​ដ៏​ប្រកប​ដោយ​មេត្រី​ភាព និង​សាមគ្គីភាព។ ពួក​គេ​ជា​ពលរដ្ឋ​ល្អ​នៃ​ប្រទេស​ដែល​គេ​រស់​នៅ​នោះ ប៉ុន្តែ​សំខាន់​បង្អស់ ពួក​គេ​ជា​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​សកម្ម​ណាស់ ក្នុង​ការ​ផ្សាយ​ប្រាប់​មនុស្ស​ឯ​ទៀត អំពី​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​នោះ។ គួរ​ឲ្យ​អស្ចារ្យ​មែន ដែល​មនុស្ស​មួយ​ក្រុម​ដូច​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​អាច​គង់​វង់​បាន ក្នុង​ពិភព​លោក​ដ៏​បែក​ខ្ញែក​គ្នា ទាំង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្អប់​គ្នា​នេះ។ ដែល​ពួក​គេ​គង់​វង់​បាន​នោះ គឺ​ជា​ទី​សំអាង​យ៉ាង​ខ្លាំង ថា​វិញ្ញាណ​នៃ​ព្រះ​នៅ​មាន​សកម្មភាព​លើ​បណ្ដា​មនុស្ស​លោក។ ហើយ​នេះ​ជា​ភស្តុ​តាង​ដែល​បង្ហាញ​ថា ព្រះ​គម្ពីរ​ពិត​ជា​«​រស់​នៅ ហើយ​ពូកែ​ផង​»។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៧៧​]

ព្រះ​គម្ពីរ​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ប្រែ​មែន

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៨១​]

ការ​ស្គាល់​ព្រះ​ធ្វើ​ឲ្យ​គេ​ម្នាក់​ចង់​ឲ្យ​បាន​ដូច​ទ្រង់​ដែរ