លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះគម្ពីរនិងលោកអ្នក

ព្រះគម្ពីរនិងលោកអ្នក

ជំពូក​ទី​១៤

ព្រះ​គម្ពីរ​និង​លោក​អ្នក

អ្នក​ធ្វើ​វិវេចនា​សម័យ​ថ្មី​និយាយ​ថា ព្រះ​គម្ពីរ​មិន​ស្រប​តាម​វិទ្យា​សាស្ត្រ​ហើយ​និយាយ​ប្រឆាំង​ខ្លួន​ឯង ថា​ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​រឿង​តាម​ប្រពៃណី​ដែល​បញ្ចូល​គ្នា​ប៉ុណ្ណោះ។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់[​ព្រះ​]​»។ (​យ៉ូហាន ១៧:១៧​) ទី​សំអាង​ជួយ​គាំទ្រ​ព្រះ​យេស៊ូ ជា​ជាង​អ្នក​ធ្វើ​វិវេចនា។ ការណ៍​ពិត​បង្ហាញ​ថា ព្រះ​គម្ពីរ​គឺ​ពិត​តាម​ប្រវត្ដិសាស្ត្រ។ ម្យ៉ាង​ទៀត សេចក្ដី​ស្រប​គ្នា​ដ៏​អស្ចារ្យ ទំនាយ​ពិត ប្រាជ្ញា​ដ៏​ជ្រាល​ជ្រៅ និង​អំណាច​របស់​ព្រះ​គម្ពីរ​ដែល​ផ្ដល់​ផល​ល្អ​ក្នុង​ជីវិត​មនុស្ស​នោះ សុទ្ធ​តែ​បង្ហាញ​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ ដែល​បាន​កត់​ទុក។ ដូច​សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​»​ផង។—ធីម៉ូថេ​ទី​២ ៣:១៦

១. (​រួម​បុព្វយោគ​) (​ក​) តើ​ការណ៍​ពិត​បញ្ជាក់​អ្វី​អំពី​ព្រះ​គម្ពីរ? (​ខ​) តើ​មាន​ន័យ​អ្វី​ជាប់​ទាក់​ទង ក្នុង​ការ​ដែល​ព្រះ​គម្ពីរ​ជា​បន្ទូល​ដែល​បណ្ដាល​មក​ពី​ព្រះ?

 ដែល​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ មិន​មែន​ពាក្យ​សំដី​នៃ​មនុស្ស​នោះ គឺ​មាន​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ជាប់​ទាក់​ទង។ នេះ​មាន​ន័យ​ថា ព្រះ​ពិត​ជា​បាន​មាន​បន្ទូល​ទាក់​ទង​នឹង​មនុស្ស​លោក​មែន។ ទ្រង់​បាន​ឆ្លើយ​សំនួរ​ជា​ច្រើន​របស់​យើង ហើយ​បាន​បង្ហាញ​នូវ​វិធី​ដោះ​ស្រាយ​សម្រាប់​បញ្ហា​ជា​ច្រើន​របស់​យើង​ផង។ នេះ​ក៏​មាន​ន័យ​ដែរ​ថា សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត ដែល​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​នោះ គឺ​ពិត​មែន​ទែន។ ព្រះ​រាជាណាចក្រ​របស់​ព្រះ​គឺ​កំពុង​គ្រប់​គ្រង​មែន ហើយ​មិន​យូរ​ក្រោយ​មក​នឹង​បំបាត់​អស់​ទាំង​អយុត្ដិធម៌ ការ​ជិះ​ជាន់ និង​ការ​ឈឺ​ចាប់។

២. ការ​ដឹង​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ​គួរ​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី?

ឥឡូវ សំនួរ​គឺ​ថា​៖ តើ​អ្នក​នឹង​ធ្វើ​អ្វី​នឹង​ពត៌មាន​នេះ? ជា​យ៉ាង​តិច​ណាស់ ការ​ដឹង​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ​ក៏​គួរ​តែ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ពិនិត្យ​មើល​ព្រះ​គម្ពីរ។ អ្នក​សរសេរ​ទំនុក​ដំកើង​សន្យា​ថា​នឹង​មាន​សេចក្ដី​សប្បាយ​ចិត្ត ដល់​ពួក​អ្នក​ដែល​ពិនិត្យ​មើល​ព្រះ​គម្ពីរ​៖ ​«​មាន​ពរ​ហើយ អ្នក​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ . . . អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ​»។—ទំនុក​ដំកើង ១:១, ២

សូម​ទទួល​ជំនួយ

៣, ៤. (​ក​) ដូច​ព្រះ​គម្ពីរ​បង្ហាញ​ប្រាប់ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ពេល​យើង​មិន​យល់​សេចក្ដី​ដែល​យើង​អាន​ក្នុង​ព្រះ​គម្ពីរ? (​ខ​) តើ​អ្នក​ណា​ដែល​តែង​ស្ម័គ្រ​ចិត្ត​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​យល់​ព្រះ​គម្ពីរ​បាន​ច្បាស់​លាស់​ឡើង?

ក្នុង​ការ​អាន​ព្រះ​គម្ពីរ អ្នក​ប្រហែល​នឹង​ឃើញ​សេចក្ដី​ដែល​អ្នក​មិន​យល់។ (​ពេត្រុស​ទី​២ ៣:១៦​) ព្រឹត្ដិការណ៍​មួយ​ដែល​កត់​ទុក​ក្នុង​សៀវភៅ​កិច្ច​ការ​នៃ​ព្រះ​គម្ពីរ បង្ហាញ​ថា​នេះ​គឺ​គួរ​តែ​អញ្ចឹង​មែន។ មិន​យូរ​ក្រោយ​ពេល​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត នោះ​សាសន៍​អេធីយ៉ូពី​ម្នាក់​កំពុង​អាន​អំពី​ទំនាយ​សៀវភៅ​អេសាយ​ក្នុង​ព្រះ​គម្ពីរ។ ភីលីព ជា​គ្រីស្ទាន​ដែល​ផ្សាយ​ដំណឹង​ល្អ ជួប​ប្រទះ​នឹង​លោក​នោះ ហើយ​ក៏​សួរ​ថា​៖ ​«​លោក​មើល​យល់​ឬ​ទេ​»​? សាសន៍​អេធីយ៉ូពី​នោះ​មើល​មិន​យល់​ទេ ដូច្នេះ​លោក​អញ្ជើញ​ភីលីព​មក​ជួយ​លោក​ឲ្យ​បាន​យល់។—កិច្ច​ការ ៨:៣០, ៣១

ស្ត្រី​ម្នាក់​នៅ​សហរដ្ឋ​ក៏​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដែរ។ នាង​ជា​អ្នក​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ ប៉ុន្តែ​មាន​សិក្ខាបទ​ដ៏​សំខាន់​ជា​ច្រើន​នៃ​ព្រះ​គម្ពីរ ដែល​នាង​មិន​ទាន់​បាន​យល់ ពី​ការ​អាន​ដោយ​ខ្លួន​ឯង​ឡើយ។ ទាល់​តែ​នាង​បាន​ពិគ្រោះ​ជា​មួយ​នឹង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ទើប​នាង​យល់​សេចក្ដី​ពិត​ដ៏​សំខាន់​នៃ​ព្រះ​គម្ពីរ ព្រម​ទាំង​សារៈ​សំខាន់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​ពរ​ជា​ច្រើន​ដែល​ព្រះ​រាជាណាចក្រ​នឹង​ប្រទាន​ដល់​មនុស្សជាតិ។ បើ​អ្នក​អញ្ជើញ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ នោះ​ពួក​គេ​នឹង​មាន​ចិត្ត​រីករាយ​ជួយ​អ្នក​ដែរ ដើម្បី​ឲ្យ​បាន​យល់​ច្បាស់​លាស់​ឡើង​នូវ​សេចក្ដី​ដែល​អ្នក​អាន​ក្នុង​ព្រះ​គម្ពីរ។

សូម​អនុវត្ត​តាម​ដំបូន្មាន​នៃ​ព្រះ​គម្ពីរ

៥. ស្រប​តាម​ព្រះ​គម្ពីរ តើ​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​មាន​ការ​សប្បាយ​ចិត្ត?

យើង​មិន​គ្រាន់​តែ​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​អាន​ព្រះ​គម្ពីរ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឲ្យប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​អាន​ដែរ។ (​ទំនុក​ដំកើង ១១៩:២​) ថែម​ទៅ​ទៀត ព្រះ​គម្ពីរ​ជំរុញ​ចិត្ត​យើង​ដោយ​ប្រាប់​ថា​៖ ​«​ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់​»។ (​ទំនុក​ដំកើង ៣៤:៨​) តាម​ពិត ព្រះ​គម្ពីរ​ប្រាប់​យើង​ឲ្យ​សាក​ព្រះ​ល​មើល​ចុះ។ សូម​ខំ​ប្រឹង​រស់​នៅ​តាម​គោល​ការណ៍​នៃ​ព្រះ​មើល ដោយ​បង្ហាញ​ថា អ្នក​ទុក​ចិត្ត​នឹង​ព្រះ​ថា​ទ្រង់​នឹង​ដឹង​អ្វី​ជា​ល្អ​បំផុត​សម្រាប់​អ្នក។ ដល់​ពេល​នោះ​ឯង ទើប​អ្នក​នឹង​ឃើញ​ថា​នេះ​ពិត​ជា​ផ្លូវ​ត្រឹម​ត្រូវ។ ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះ​យ៉ាង​នេះ គឺ​នឹង​សប្បាយ​ចិត្ត​ពិត​មែន។

៦. តើ​មនុស្ស​អាច​រស់​នៅ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​បាន​ទេ​សព្វ​ថ្ងៃ​នេះ? សូម​ពន្យល់។

អ្នក​ខ្លះ​អះអាង​ថា គ្មាន​នរណា​អាច​រស់​នៅ តាម​គោល​ការណ៍​ព្រះ​គម្ពីរ​បាន​ទេ នៅ​ក្នុង​លោកីយ៍​ដ៏​ឥត​ស្មោះ​ត្រង់ ឥត​សីលធម៌ និង​ឃោរ​ឃៅ​នេះ។ ប៉ុន្តែ ការ​ពិត​គឺ​មាន​មនុស្ស​ជា​ច្រើន​រស់​នៅ​យ៉ាង​ដូច្នេះ​បាន។ តើ​គឺ​ជា​នរណា? យុវជន​ម្នាក់​នៅ​អាហ្វ្រិក​បាន​ឃើញ​មនុស្ស​ដូច​នេះ​មួយ​ក្រុម។ គាត់​សរសេរ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​មុន នៅ​ស្រុក​ហ្ស៊ីមបាវេ​នេះ គឺ​ពួក​អ្នក​ឯង​នេះ​ហើយ ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ដែល​ពិត​ជា​ខិត​ខំ​ធ្វើ​តាម​គំរូ​ផ្ទាល់​នៃ​ព្រះ​យេស៊ូ . . . មក​ដល់​ពេល​នេះ ពួក​អ្នក​គឺ​ជា​មនុស្ស​តែ​មួយ​ក្រុម ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​នូវ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ និង​អំណាច​នៃ​សិក្ខាបទ​របស់​ទ្រង់ ដោយ​សារ​របៀប​រស់​នៅ​របស់​អ្នក មិន​មែន​គ្រាន់​តែ​ដោយ​សារ​សំដី​និង​សេចក្ដី​សរសេរ​ប៉ុណ្ណោះ​ទេ។ ពួក​អ្នក​គឺ​រស់​នៅ​តាម​សិក្ខាបទ ហើយ​ក៏​ផ្សាយ​ប្រកាស​សិក្ខាបទ​ផង រីឯ​មនុស្ស​ឯ​ទៀត​ជា​ច្រើន​នាក់ គេ​ផ្សាយ​ប្រកាស​សិក្ខាបទ ប៉ុន្តែ​មិន​រស់​នៅ​តាម​សិក្ខាបទ​ទេ​»។

សូម​ទទួល​ស្គាល់​អំណាច​នៃ​ព្រះ​គម្ពីរ

៧. តើ​ការ​អនុវត្ត​អ្វី​ដ៏​ជា​ធម្មតា​សព្វ​ថ្ងៃ​នេះ ដែល​ខុស​ផ្ទុយ​ពី​សេចក្ដី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់?

សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា ព្រះ​គម្ពីរ​គឺ​«​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ប៉ុន្តែ ជួន​កាល​សេចក្ដី​ដែល​ព្រះ​គម្ពីរ​ប្រាប់ គឺ​គេ​មិន​និយម​ទេ។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​អំពើ​ប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូច​គ្នា ប៉ុន្តែ​មនុស្ស​ជា​ច្រើន​យល់​ថា អំពើ​នេះ​ជា​របៀប​រស់​នៅ​មួយ​ដែល​គួរ​គាប់​បាន។ (​រ៉ូម ១:២៤​-​២៧; កូរិនថូស​ទី​១ ៦:៩​-​១១; ធីម៉ូថេ​ទី​១ ១:៩​-​១១​) ព្រះ​គម្ពីរ​ក៏​ប្រាប់​ដែរ​ថា ជីវិត​នៃ​ទារក​ក្នុង​ផ្ទៃ​គឺ​សំខាន់ ហើយ​មិន​គួរ​ឲ្យ​បំផ្លាញ​ចោល​ដោយ​បំណង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ពន្លូត​កូន​ប្រហែល​ជាង​៥០​លាន ទូទាំង​ពិភព​លោក​រាល់​ឆ្នាំ។ (​និក្ខមនំ ២១:២២, ២៣; ទំនុក​ដំកើង ៣៦:៩; ១៣៩:១៤​-​១៦; យេរេមា ១:៥​) ចុះ​យ៉ាង​ដូច​ម្ដេច​ទៅ បើ​យើង​ឃើញ​ថា​ពិបាក​នឹង​ទទួល​ស្គាល់​សេចក្ដី ដែល​ព្រះ​គម្ពីរ​ប្រាប់​ក្នុង​រឿង​ដូច​នេះ?

៨, ៩. ពេល​យើង​ឃើញ​ជា​ដំបូង​ថា​ពិបាក​ទទួល​ចំណុច​ខ្លះ​ក្នុង​ព្រះ​គម្ពីរ តើ​យើង​គួរ​តែ​នឹក​ចាំ​អំពី​អ្វី ហើយ​ខ្នាត​គំរូ​អ្នក​ណា​ដែល​យើង​តែង​តែ​គួរ​ទទួល​នោះ?

ពួក​គ្រីស្ទាន​បាន​ឃើញ​ថា ធ្វើ​តាម​បន្ទូល​នៃ​ព្រះ​គឺ​តែង​តែ​ជា​ការ​ឆ្លៀវ​ឆ្លាត។ ហេតុ​អ្វី? ពីព្រោះ​ក្នុង​ពេល​យូរ​ទៅ​មុខ ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ​គម្ពីរ​ប្រាប់ តែង​តែ​បាន​ផល​ល្អ​បំផុត​សម្រាប់​គ្រប់​ៗ​គ្នា។ (​សុភាសិត ២:១​-​១១​) ការ​ពិត​គឺ​ថា មនុស្ស​មាន​កំរិត​ណាស់ បើ​និយាយ​ខាង​ប្រាជ្ញា។ ពួក​គេ​មិន​សូវ​អាច​គិត​ឃើញ​ជា​មុន​ទេ នូវ​លទ្ធផល​ចុង​ក្រោយ​នៃ​អំពើ​របស់​គេ។ ព្យាការី​យេរេមា​បាន​សារភាព​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ​»។—យេរេមា ១០:២៣

យើង​គ្រាន់​តែ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន​តែ​ប៉ុណ្ណោះ នោះ​នឹង​ឃើញ​ហើយ​ថា​ការ​គិត​ស្មាន​នេះ​គឺ​ត្រូវ​មែន។ បញ្ហា​ភាគ​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្សជាតិ​មាន​ទុក្ខ​វេទនា គឺ​ជា​លទ្ធផល​នៃ​ការ​ដែល​មនុស្ស​មិន​ធ្វើ​តាម​ដំបូន្មាន​នៃ​ព្រះ​បន្ទូល។ ប្រវត្ដិសាស្ត្រ​ដ៏​យូរ​ហើយ​ប្រកប​ដោយ​បញ្ហា​ជា​ច្រើន​របស់​មនុស្សជាតិ​បាន​បង្ហាញ​ថា មនុស្ស​មិន​អាច​គិត​គូរ​ឲ្យ​បាន​សម្រេច​សម្រាប់​ខ្លួន​គេ​ទេ ក្នុង​រឿង​សីលធម៌។ ព្រះ​មាន​ប្រាជ្ញា​ច្រើន​ជាង​យើង​ឆ្ងាយ​ណាស់ គឺ​មាន​ច្រើន​ឥត​ព្រំ​ដែន​ឡើយ។ ហេតុ​អ្វី​ក៏​មិន​ទទួល​ស្គាល់​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់ ជា​ជាង​ពឹង​ផ្អែក​លើ​ប្រាជ្ញា​នៃ​ខ្លួន​យើង?—សុភាសិត ២៨:២៦; យេរេមា ១៧:៩

ឥត​មាន​នរណា​គ្រប់​ល័ក្ខណ៍​ទេ

១០, ១១. (​ក​) តើ​ការណ៍​ពិត​អ្វី​អំពី​របៀប​ដែល​យើង​បាន​ត្រូវ​បង្កើត និង​អំពី​ពិភព​លោក​ដែល​យើង​រស់​នៅ ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​កើត​ឡើង ពេល​យើង​ចង់​រស់​នៅ​តាម​ខ្នាត​គំរូ​នៃ​ព្រះ​គម្ពីរ? (​ខ​) តើ​ការ​ចូល​រួម​ប្រជុំ​អ្វី​ដែល​ព្រះ​គម្ពីរ​ជំរុញ​យើង​ឲ្យ​ស្វែង​រក ហើយ​យើង​អាច​រក​ការ​ចូល​រួម​ប្រជុំ​នេះ​នៅ​ឯ​ណា?

១០ ព្រះ​គម្ពីរ​ព្រមាន​យើង​អំពី​វិស័យ​មួយ​ទៀត​ដែល​យើង​ត្រូវ​ការ​ជំនួយ។ យើង​ទាំង​អស់​បាន​ទទួល​ជា​មរតក នូវ​ចិត្ត​ដែល​លំអៀង​ទៅ​រក​តែ​ប្រព្រឹត្ត​អំពើ​បាប។ ​«​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​»។ (​លោកុប្បត្តិ ៨:២១; រ៉ូម ៧:២១​) បញ្ហា​នេះ​គឺ​រឹត​តែ​ពិបាក​ស្មុគ​ស្មាញ​ឡើង ដោយ​ព្រោះ​យើង​រស់​នៅ​ក្នុង​លោកីយ​ដែល​មិន​ធ្វើ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ។ ម្ល៉ោះ​ហើយ​យើង​ត្រូវ​ការ​ជំនួយ មិន​មែន​សម្រាប់​តែ​ជួយ​យើង​ឲ្យ​យល់​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជួយ​យើង​ឲ្យ​អនុវត្ត​តាម​អ្វី​ៗ​ដែល​រៀន​ដែរ។ ហេតុ​នោះ​ហើយ​ដែល​ព្រះ​គម្ពីរ​ជំរុញ​ចិត្ត​យើង ឲ្យ​រួប​រួម​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រាថ្នា​ចង់​រស់​នៅ​តាម​ខ្នាត​គំរូ​នៃ​ព្រះ។ អ្នក​សរសេរ​ទំនុក​ដំកើង​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​ស្អប់​ចំពោះ​ជំនុំ​នៃ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ក៏​មិន​ព្រម​អង្គុយ​ជា​មួយ​នឹង​ពួក​មាន​ចិត្ត​អាក្រក់​ឡើយ . . . ទូល​បង្គំ​នឹង​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​»។ ហើយ​ទំនុក​ដំកើង​មួយ​ទៀត​ចែង​ថា​៖ ​«​មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ​»​!—ទំនុក​ដំកើង ២៦:៥, ១២; ១៣៣:១

១១ ចំពោះ​ពួក​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ការ​ចូល​រួប​រួម​ជា​មួយ​គឺ​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ។ ពួក​គេ​មាន​ការ​ប្រជុំ​បី​បួន​រៀង​រាល់​អាទិត្យ ព្រម​ទាំង​សន្និបាត​ជា​រឿយ​ៗ ដែល​ពួក​គេ​រៀន​ព្រះ​គម្ពីរ​ជា​មួយ​គ្នា ហើយ​ពិគ្រោះ​អំពី​របៀប​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត​របស់​គេ។ ពួក​គេ​បង្កើត​បាន​ជា​«​បង​ប្អូន​»​ដ៏​រួប​រួម​គ្នា​ទូទាំង​ពិភព​លោក ដែល​ពួក​គេ​និមួយ​ៗ​បាន​ទទួល​ការ​ជំរុញ​ចិត្ត​និង​ជំនួយ ឲ្យ​កាន់​ជាប់​នឹង​ខ្នាត​គំរូ​ព្រះ​គម្ពីរ​ដ៏ខ្ពង់​ខ្ពស់។ (​ពេត្រុស​ទី​១ ២:១៧​) ហេតុ​អ្វី​ក៏​លោក​អ្នក​មិន​ចូល​រួម​ក្នុង​ការ​ប្រជុំ​របស់​ពួក​គេ ហើយ​មើល​របៀប​ណា​ដែល​សហគមន៍​ដូច​នេះ អាច​ជួយ​លោក​អ្នក​បាន?—ហេព្រើរ ១០:២៤, ២៥

សូម​រស់​នៅ​តាម​បន្ទូល​នៃ​ព្រះ

១២. ដោយ​ដឹង​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ នោះ​យើង​នឹង​បាន​ពរ​អ្វី?

១២ ដូច្នេះ ដោយ​ដឹង​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ នោះ​យើង​នឹង​បាន​ទទួល​ពរ និង​ភារកិច្ច​ផង។ យើង​គឺ​បាន​ពរ​ពីព្រោះ​យើង​បាន​ទទួល​ការ​ណែនាំ ដែល​មិន​អាច​រក​បាន​ពី​កន្លែង​ណា​ទៀត សម្រាប់​មារយាទ​ប្រចាំ​ថ្ងៃ​របស់​យើង។ ថែម​ទៅ​ទៀត យើង​ជ្រាប​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ​រាជបុត្រា​ផ្ទាល់​នៃ​ទ្រង់ មក​លោះ​យើង​ដើម្បី​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច។ (​យ៉ូហាន ៣:១៦​) យើង​ដឹង​ថា​ព្រះ​យេស៊ូ​ឥឡូវ​កំពុង​គ្រប់​គ្រង​ជា​ស្តេច ហើយ​មិន​យូរ​ទេ ទ្រង់​នឹង​បំបាត់​អំពើ​អាក្រក់​ចោល​ចេញ​ពី​ផែនដី។ ហើយ​យើង​នៅ​រង់​ចាំ​យ៉ាង​ទុក​ចិត្ត នូវ​«​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី​»​ដ៏​សុចរិត ដែល​ព្រះ​បាន​សន្យា​ផ្ទាល់​នោះ។—ពេត្រុស​ទី​២ ៣:១៣

១៣. តើ​យើង​នឹង​ត្រូវ​មាន​ភារកិច្ច​អ្វី ពេល​យើង​ទទួល​ស្គាល់​ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ?

១៣ ប៉ុន្តែ ចូរ​ចាំ​ក្នុង​ចិត្ត​ថា​យើង​មាន​ភារកិច្ច​រៀន​ព្រះ​គម្ពីរ ហើយ​ទទួល​សេចក្ដី​ដែល​ព្រះ​គម្ពីរ​ប្រាប់​ទុក​ដាក់​ក្នុង​ចិត្ត​ផង។ ព្រះ​ទ្រង់​មាន​បន្ទូល​ប្រាប់​ដោយ​ផ្ទាល់​ថា​៖ ​«​កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​អញ​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្ដាំ​របស់​អញ​ទាំង​ប៉ុន្មាន​»។ (​សុភាសិត ៣:១​) ថ្វី​បើ​មនុស្ស​ភាគ​ច្រើន​យល់​ថា​ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​ពាក្យ​សំដី​របស់​មនុស្ស យើង​គួរ​តែ​មាន​ចិត្ត​ក្លាហាន​ថា​សូម​«​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត​ភរ​វិញ​»។ (​រ៉ូម ៣:៤​) សូម​ឲ្យ​ប្រាជ្ញា​នៃ​ព្រះ​ណែនាំ​ជីវិត​លោក​អ្នក។ ​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត . . . ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ​»។ (​សុភាសិត ៣:៥, ៦​) ដោយ​មាន​ប្រាជ្ញា​គោរព​តាម​បន្ទូល​នៃ​ព្រះ​ក្នុង​របៀប​នេះ នឹង​ធ្វើ​ឲ្យ​ជីវិត​លោក​អ្នក​បាន​ល្អ​ប្រសើរ​នៅ​ពេល​ឥឡូវ​នេះ និង​នៅ​អស់​កល្ប​ជា​និច្ច​ផង។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៨៧​]

យើង​មិន​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​អាន​ដែរ

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៨៨​]

ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ​គម្ពីរ​ប្រាប់ តែង​តែ​បាន​ផល​ល្អ​បំផុត