លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបះបោរក្នុងវិស័យវិញ្ញាណ

ការបះបោរក្នុងវិស័យវិញ្ញាណ

ពេល​អារក្ស​សាតាំង​ប្រើ​សត្វ​ពស់​ឲ្យ​និយាយ​នឹង​នាង​អេវ៉ា នាង​ក៏​រួម​នឹង​វា​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ

បុគ្គល​វិញ្ញាណ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មក​គឺ​សុទ្ធតែ​ល្អ​ទាំងអស់។ ក្រោយ​មក ទេវតា​មួយ​ក៏​បែរជា​អាក្រក់។ វា​គឺ​ជា​អារក្ស​សាតាំង។ សាតាំង​ប្រាថ្នា​ចង់​ឲ្យ​មនុស្ស​លោក​លើ​ផែនដី​ធ្វើ​សក្ការៈ​ដល់​វា​ជាជាង​ដល់​ព្រះ​យេហូវ៉ា​នោះ​វិញ។ នេះ​ជា​រឿង​ដែល​បាន​កើត​ឡើង៖

ក្នុង​សួនច្បារ​អេដែន មាន​ដើម​ឈើ​ជា​ច្រើន​ដែល​បង្កើត​ផ្លែ​ដ៏​ឆ្ងាញ់​ល្អ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ័ដាម​និង​នាង​អេវ៉ា​ជា​ប្រពន្ធ​របស់​គាត់ ថា​គេ​អាច​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​នោះ​បាន​តាម​ចិត្ត។ ប៉ុន្តែ​មាន​ដើម​ឈើ​មួយ​ដែល​ព្រះ​មាន​បន្ទូល​ថា​គេ​មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា បើ​គេ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​នោះ គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។—លោកុប្បត្តិ ២:៩, ១៦, ១៧

នៅ​ថ្ងៃ​មួយ​នាង​អេវ៉ា​នៅ​តែ​ឯង ពេល​ដែល​សត្វ​ពស់​មួយ​បាន​និយាយ​ទៅ​នាង។ ជា​ប្រាកដ មិន​មែន​ជា​ពស់​ទេ​ដែល​និយាយ គឺ​ជា​អារក្ស​សាតាំង​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​ហាក់​ដូច​ជា​ពស់​កំពុង​និយាយ។ អារក្ស​សាតាំង​ប្រាប់​នាង​អេវ៉ា​ថា បើ​នាង​បរិភោគ​ផ្លែ​ដែល​បាន​ហាមប្រាម​នោះ នាង​នឹង​មាន​ប្រាជ្ញា​ដូច​ព្រះ។ វា​ក៏​បន្ថែម​ទៅ​នាង​ថា នាង​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។ សេចក្ដី​ថ្លែង​ទាំង​២​នេះ​គឺ​ជា​ពាក្យ​កុហក។ ប៉ុន្តែ នាង​អេវ៉ា​ជឿ​តាម​អារក្ស​សាតាំង​ហើយ​បរិភោគ​ផ្លែ​នោះ​ទៅ។ ក្រោយ​មក នាង​បាន​ឲ្យ​ផ្លែ​នោះ​ខ្លះ​ទៅ​អ័ដាម ហើយ​គាត់​ក៏​បរិភោគ​ដែរ។—លោកុប្បត្តិ ៣:១​-​៦

ពី​រឿង​ពិត​នេះ យើង​យល់​ដឹង​ថា​អារក្ស​សាតាំង​ជា​អ្នក​បះបោរ​ហើយ​ជា​អ្នក​កុហក។ វា​បាន​ប្រាប់​នាង​អេវ៉ា​ថា បើ​នាង​មិន​ស្ដាប់បង្គាប់​ព្រះ នោះ​នាង​នឹង​មិន​ត្រូវ​ស្លាប់​ទេ។ នោះ​ជា​ពាក្យ​កុហក។ នាង​បាន​ស្លាប់​មែន ហើយ​អ័ដាម​ក៏​បាន​ស្លាប់​ដែរ។ សាតាំង​មិន​បាន​ស្លាប់​នៅ​ពេល​នោះ​ទេ តែ​វា​នឹង​ត្រូវ​ស្លាប់​នៅ​ទីបំផុត ពីព្រោះ​វា​បាន​ធ្វើ​អំពើ​បាប។ ប៉ុន្តែ​ក្នុង​គ្រា​ឥឡូវ​នេះ វា​នៅ​រស់​ហើយ​កំពុង​តែ​បំភាន់​មនុស្ស​លោក​តទៅ​ទៀត។ វា​នៅ​តែ​ជា​អ្នក​កុហក ហើយ​វា​ខំ​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​របស់​ព្រះ។—យ៉ូហាន ៨:៤៤

ទេវតា​ឯ​ទៀត​បះបោរ

ក្រោយ​មក ទេវតា​ឯ​ទៀត​ក៏​បែរជា​អាក្រក់។ ទេវតា​ទាំង​នេះ​សំគាល់​ឃើញ​ស្ត្រី​ដ៏​ល្អឆើត​លើ​ផែនដី ហើយ​ចង់​រួម​សេព​មេថុន​នឹង​ពួកគេ។ ដូច្នេះ​ទេវតា​ទាំង​នេះ​ក៏​ចុះ​មក​ឯ​ផែនដី ហើយ​ក្លាយ​ខ្លួន​ជា​រូប​មនុស្ស​ប្រុស។ រួច​មក​គេ​ក៏​យក​ពួក​ស្ត្រី​សម្រាប់​ខ្លួន​គេ។ នេះ​គឺ​ប្រឆាំង​នឹង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។—លោកុប្បត្តិ ៦:១, ២; យូដាស ៦

ពួក​ទេវតា​អាក្រក់​បាន​មក​ឯ​ផែនដី ដើម្បី​ប្រព្រឹត្ត​អំពើ​អសីលធម៌​នឹង​ស្ត្រី

នេះ​ក៏​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​សម្រាប់​មនុស្ស​លោក​ដែរ។ ប្រពន្ធ​នៃ​ទេវតា​ទាំង​នេះ​បាន​បង្កើត​កូន​មក ប៉ុន្តែ​មិន​មែន​ជា​កូន​ធម្មតា​ទេ។ កូន​ទាំង​នោះ​ធំ​ឡើង​ជា​មនុស្ស​រូប​ធំ​សម្បើម ជា​យក្ខ​ឃោរឃៅ​កំណាច។ តាម​យថាហេតុ ផែនដី​ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ឃោរឃៅ​ដល់​ម្ល៉េះ បាន​ជា​ព្រះ​យេហូវ៉ា​សម្រេច​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ដោយ​ទឹក​ជំនន់​ដ៏​ធំ។ មាន​តែ​លោក​ណូអេ​ជា​អ្នក​សុចរិត​និង​គ្រួសារ​លោក​តែ​ប៉ុណ្ណោះ ដែល​ជា​មនុស្ស​រស់​គង់​នៅ​ពី​ទឹក​ជំនន់​នោះ។—លោកុប្បត្តិ ៦:៤, ១១; ៧:២៣

យ៉ាង​ណា​ក៏​ដោយ ទេវតា​អាក្រក់​ត្រឡប់​ទៅ​ឯ​វិស័យ​វិញ្ញាណ​វិញ ពួកគេ​មិន​បាន​ស្លាប់​ទេ។ ប៉ុន្តែ ពួកគេ​បាន​ត្រូវ​ទទួល​ទណ្ឌកម្ម។ ព្រះ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ចូល​ក្នុង​ចំណោម​ពួក​ទេវតា​សុចរិត​ជា​ក្រុម​គ្រួសារ​របស់​ទ្រង់​ទៀត​ឡើយ។ ម្យ៉ាង​វិញ​ទៀត​នោះ ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ក្លាយ​ខ្លួន​ជា​រូប​មនុស្ស​បាន​ទៀត​ដែរ។ ហើយ​ដល់​ទីបំផុត ពួកគេ​នឹង​ត្រូវ​ស្លាប់​ក្នុង​ការ​ជំនុំជំរះ​ដ៏​ធំ។—ពេត្រុសទី២ ២:៤; យូដាស ៦

បោះ​ទំលាក់​សាតាំង​ចេញ​ពី​ស្ថានសួគ៌

សាតាំង​និង​ពួក​ទេវតា​អាក្រក់​របស់​វា បាន​ត្រូវ​បោះ​ទំលាក់​ចេញ​ពី​ស្ថានសួគ៌

ក្នុង​ដើម​សតវត្ស​យើង មាន​ចំបាំង​មួយ​កើត​ឡើង​ក្នុង​ស្ថានសួគ៌។ សៀវភៅ​វិវរណៈ​នៃ​ព្រះ​គម្ពីរ​រៀប​រាប់​រឿង​ដែល​បាន​កើត​ឡើង៖ «នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល[ព្រះ​យេស៊ូវ​ដែល​បាន​រស់​ឡើង​វិញ]នឹង​ពួក​ទេវតា[ល្អ]របស់​លោក​ច្បាំង​នឹង​នាគ[សាតាំង] ហើយ​នាគ នឹង​ទេវតា[អាក្រក់]វា​ក៏​ច្បាំង​នឹង​លោក​ដែរ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង។ នោះ​នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពីបុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំងមូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា[អាក្រក់]របស់​វា​ផង»។

តើ​មាន​លទ្ធផល​យ៉ាង​ណា? ដំណើរ​រឿង​ចែង​តទៅ​ទៀត​ថា៖ «ដោយ​ហេតុ​នោះ ឱ​ស្ថានសួគ៌ នឹង​ពួក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង»! ពួក​ទេវតា​ល្អ​អាច​អរ​សប្បាយ​ឡើង ពីព្រោះ​សាតាំង​និង​ទេវតា​ឬ​វិញ្ញាណ​អាក្រក់​មិន​មាន​នៅ​ក្នុង​ស្ថានសួគ៌​ទៀត​ទេ។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​ទៅ​ចំពោះ​មនុស្ស​នៅ​លើ​ផែនដី​នោះ​វិញ? ព្រះ​គម្ពីរ​ចែង​ថា៖ «តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។—វិវរណៈ ១២:៧​-​៩, ១២

ពិត​ហើយ សាតាំង​និង​គ្នីគ្នា​អាក្រក់​របស់​វា​នាំ​មនុស្ស​លើ​ផែនដី​ឲ្យ​វង្វេង ព្រម​ទាំង​បណ្ដាល​ឲ្យ​គេ​មាន​សេចក្ដី​ទុក្ខវេទនា​យ៉ាង​ខ្លាំង​ផង។ ពួក​ទេវតា​អាក្រក់​ទាំង​នេះ​ហៅ​ថា​ព្រាយ​បិសាច ជា​ខ្មាំង​សត្រូវ​របស់​ព្រះ។ ពួក​វា​ទាំងអស់​សុទ្ធតែ​អាក្រក់​ក្រៃលែង។