លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សូមបំរើព្រះយេហូវ៉ា កុំបំរើសាតាំង

សូមបំរើព្រះយេហូវ៉ា កុំបំរើសាតាំង

យើង​ទាំងអស់​គ្នា​មាន​ការ​ជ្រើសរើស។ យើង​ត្រូវ​បំរើ​ព្រះ​យេហូវ៉ា ឬ​ក៏​បំរើ​សាតាំង​និង​ពួក​ព្រាយ​បិសាច​របស់​វា។ យើង​មិន​អាច​បំរើ​ទាំង​ពីរ​ខាង​បាន​ទេ។ ជា​ផ្លូវ​គតិបណ្ឌិត​ហើយ ដែល​យើង​បំរើ​ព្រះ​យេហូវ៉ា!

ព្រះ​យេហូវ៉ា​ទ្រង់​ល្អ

ដូច​យើង​បាន​ឃើញ​ហើយ ពួក​ព្រាយ​បិសាច​ចូល​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់ ហើយ​បំភាន់​គេ​ផង។ ព្រះ​យេហូវ៉ា​មិន​មែន​ដូច្នោះ​ទេ។ ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដូច​ឪពុក​ស្រឡាញ់​កូន​ដែរ។ ទ្រង់​ជា​អ្នក​ប្រទាន «គ្រប់​ទាំង​របស់​ដ៏​ល្អ . . . នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍»។ (យ៉ាកុប ១:១៧) ទ្រង់​មិន​រារាំង​របស់​ល្អ​ណា​ពី​មនុស្ស​លោក​ទេ ទោះបី​ជា​ទ្រង់​ត្រូវ​បូជា​របស់​មាន​តម្លៃ​យ៉ាង​ខ្ពស់​បំផុត​ក៏​ដោយ។—អេភេសូរ ២:៤​-​៧

ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ដោយ​ប្រោស​គេ​ឲ្យ​បាន​ជា​ពី​ជម្ងឺ

សូម​គិត​មើល​អំពី​ការ​ដែល​ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ បាន​ប្រព្រឹត្ត​នៅ​លើ​ផែនដី។ ទ្រង់​បាន​ធ្វើ​មនុស្ស​គ​ឲ្យ​និយាយ​ឡើង​បាន មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ។ ទ្រង់​បាន​ប្រោស​មនុស្ស​ឃ្លង់​និង​ខ្វិន​ឲ្យ​ជា​ឡើង​វិញ។ ទ្រង់​បាន​បណ្ដេញ​ពួក​ព្រាយ​បិសាច​ចេញ​ពី​មនុស្ស ហើយ​ព្យាបាល​ជម្ងឺ​គ្រប់​យ៉ាង។ ដោយ​ឥទ្ធិឫទ្ធិ​របស់​ព្រះ ព្រះ​យេស៊ូវ​ថែម​ទាំង​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង។—ម៉ាថាយ ៩:៣២​-​៣៥; ម៉ាថាយ ១៥:៣០, ៣១; លូកា ៧:១១​-​១៥

ព្រះ​ទ្រង់​ឥត​មាន​បន្ទូល​ប្រាប់​ពាក្យ​កុហក​ដើម្បី​នាំ​ឲ្យ​យើង​វង្វេង​ឡើយ តែ​ទ្រង់​មាន​បន្ទូល​ប្រាប់​តែ​សេចក្ដី​ពិត​វិញ។ ទ្រង់​មិន​ដែល​បំភាន់​អ្នក​ណា​មួយ​ទាល់តែ​សោះ។—ជនគណនា ២៣:១៩

ចៀស​វាងពី​ការ​ប្រព្រឹត្ត​ដ៏​ស្មោកគ្រោក

ដូច​ជា​រុយ​ត្រូវ​ជាប់​សំណាញ់​ពីងពាង​នោះ មនុស្ស​ជា​ច្រើន​លាន​នាក់​ត្រូវ​ជាប់​ក្នុង​ជំនឿ​ឆ្វេង​និង​ពាក្យ​កុហក​អញ្ចឹង​ដែរ។ គេ​ភ័យ​ខ្លាច​នឹង​មនុស្ស​ស្លាប់។ គេ​ខ្លាច​ព្រាយ​បិសាច។ គេ​ព្រួយ​ខ្លាច​ត្រូវ​បណ្ដាសា ប្រផ្នូល វត្ថុស័ក្ដិសិទ្ធិ និង​សរណវត្ថុ។ គេ​ត្រូវ​ជាប់​ក្នុង​ជំនឿ​និង​ប្រពៃណី ដែល​សំអាង​លើ​ពាក្យ​កុហក​នៃ​អារក្ស​សាតាំង។ អ្នក​បំរើ​ព្រះ​ឥត​ជាប់​ក្នុង​ការ​ទាំង​នេះ​ទេ។

ព្រះ​យេហូវ៉ា​មាន​ព្រះ​ចេស្ដា​យ៉ាង​ធំ​សម្បើម​ជាង​អារក្ស​សាតាំង​ទៅ​ទៀត។ បើ​លោក​អ្នក​បំរើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​រក្សា​ការ​ពារ​លោក​អ្នក​ពី​ពួក​ព្រាយ​បិសាច។ (យ៉ាកុប ៤:៧) អំពើ​មន្តអាគម​របស់​គេ​នឹង​មិន​មាន​អានុភាព​លើ​លោក​អ្នក​ឡើយ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ណៃជីរីយ៉ា គ្រូ​អាបធ្មប់​ដ៏​ពូកែ​៣​នាក់​ដាក់​អំពើ​ដើម្បី​សម្លាប់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ដែល​មិន​ព្រម​ចេញ​ពី​ភូមិ។ កាល​ដែល​អំពើ​នេះ​ឥត​បាន​សម្រេច​នោះ គ្រូ​អាបធ្មប់​ម្នាក់​ក៏​ភ័យ​ខ្លាច ហើយ​ទៅ​អង្វរ​ស្មរបន្ទាល់​នោះ​ឲ្យ​អាណិតមេត្ដា។

ពួក​អេភេសូរ​បាន​ដុត​ចោល​សៀវភៅ​មន្តអាគម​របស់​គេ

បើ​ព្រាយ​បិសាច​រំខាន​អ្នក លោក​អ្នក​អាច​ហៅ​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ការពារ​លោក​អ្នក។ (សុភាសិត ១៨:១០) ប៉ុន្តែ​ដើម្បី​ឲ្យ​ព្រះ​ការពារ​លោក​អ្នក នោះ​លោក​អ្នក​ត្រូវ​តែ​បែរ​ចេញ​ឲ្យ​ផុត ពី​របស់​ទាំង​ប៉ុន្មាន​ដែល​ទាក់ទង​នឹង​អសុរនិយម​និង​ការ​ថ្វាយបង្គំ​ព្រាយ​បិសាច។ អ្នក​ធ្វើ​សក្ការៈ​ដល់​ព្រះ​នៅ​ក្រុង​អេភេសូរ​កាល​បុរាណ​បាន​ធ្វើ​ដូច្នោះ។ ពួកគេ​ប្រមូល​អស់​ទាំង​សៀវភៅ​មន្តអាគម​របស់​គេ យក​មក​ដុត​ចោល។ (កិច្ចការ ១៩:១៩, ២០) អ្នក​បំរើ​ព្រះ​សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។ សូម​បោះបង់​ចោល​វត្ថុស័ក្ដិសិទ្ធិ ខ្សែ​អំបោះ «ការ​ពារ​ខ្លួន» សរណវត្ថុ សៀវភៅ​មន្តអាគម​និង​អស់​ទាំង​របស់​ដែល​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អសុរនិយម​ចុះ។

អនុវត្ត​តាម​សក្ការៈ​ដ៏​ពិត

បើ​លោក​អ្នក​ចង់​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នោះ ការ​បោះបង់​ការ​ធ្វើ​សក្ការៈ​មិន​ពិត​ចោល​ហើយ​ឈប់​ធ្វើ​អំពើ​អាក្រក់ គឺ​មិន​គ្រប់គ្រាន់​ទេ។ លោក​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​សក្ការៈ​បរិសុទ្ធ​ដែរ។ ព្រះ​គម្ពីរ​បង្ហាញ​នូវ​ការ​តម្រូវ​ទាំង​នេះ៖

ចូលរួម​ក្នុង​ប្រជុំ​គ្រីស្ទាន។—ហេព្រើរ ១០:២៤, ២៥

សិក្សា​ព្រះ​គម្ពីរ។—យ៉ូហាន ១៧:៣

ប្រកាស​ប្រាប់​ដល់​អ្នក​ឯ​ទៀត។—ម៉ាថាយ ២៤:១៤

អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា។—ភីលីព ៤:៦, ៧

ទទួល​បុណ្យ​ជ្រមុជ​ទឹក។—កិច្ចការ ២:៤១

រួបរួម​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

សាតាំង​និង​ពួក​ព្រាយ​បិសាច​មាន​មនុស្ស​ជា​ច្រើន​នៅ​លើ​ផែនដី​ដែល​បង្រៀន​ហើយ​ប្រព្រឹត្ត​អំពើ​ខុស។ ចំណែក​ឯ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ក៏​មាន​រាស្ត្រ​ដែរ។ ពួកគេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ (អេសាយ ៤៣:១០) នៅ​ជុំវិញ​ផែនដី​ទាំងមូល​នេះ មាន​ស្មរបន្ទាល់​ជាង​៦​លាន​នាក់។ ពួកគេ​ខិតខំ​ធ្វើ​អំពើ​ល្អ ហើយ​បង្រៀន​មនុស្ស​អំពី​សេចក្ដី​ពិត។ នៅ​ប្រទេស​ភាគ​ច្រើន លោក​អ្នក​អាច​ជួប​គេ​នៅ​សាលព្រះរាជាណាចក្រ ដែល​គេ​នឹង​ទទួល​ស្វាគមន៍​លោក​អ្នក​យ៉ាង​រាក់ទាក់។

កិច្ចការ​របស់​គេ​គឺ​ដើម្បី​នឹង​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​បំរើ​ព្រះ។ គេ​នឹង​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​អ្នក នៅ​ផ្ទះ​របស់​លោក​អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​របៀប​ធ្វើ​សក្ការៈ​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក​អ្នក​មិន​ចាំបាច់​បង់ថ្លៃ​ឈ្នួល​អ្វី​ឡើយ។ ពួក​ស្មរបន្ទាល់​សប្បាយ​ចិត្ត​នឹង​បង្រៀន​សេចក្ដី​ពិត ដោយ​ហេតុ​តែ​គេ​ស្រឡាញ់​មនុស្ស​និង​ព្រះ​យេហូវ៉ា​ផង។

ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​ជួយ​លោក​អ្នក​ឲ្យ​បំរើ​ព្រះ