លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​ប្រាំ​ពីរ

តើមានកូនមិនស្ដាប់បង្គាប់ម្នាក់នៅក្នុងក្រុមគ្រួសារឬទេ?

តើមានកូនមិនស្ដាប់បង្គាប់ម្នាក់នៅក្នុងក្រុមគ្រួសារឬទេ?

១, ២. (ក) តើ​ព្រះ​យេស៊ូ​បាន​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​អ្វី ដើម្បី​បញ្ជាក់​លើ​ភាព​មិន​ស្មោះ​ត្រង់​របស់​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​នោះ? (ខ) តើ​ចំណុច​អ្វី​ពន្យល់​អំពី​ពួក​យុវវ័យ ដែល​យើង​អាច​រៀន​ពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ?

 ពីរ​បី​ថ្ងៃ​មុន​ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះ​យេស៊ូ​បាន​សួរ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​មួយ​ក្រុម​នូវ​សំនួរ​ត្រិះរិះ​មួយ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច? មាន​មនុស្ស​ម្នាក់​មាន​កូន​ប្រុស​ពីរ។ គាត់​ទៅ​ប្រាប់​កូន​ច្បង​ថា៖ ‹កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​ក្នុង​ចំ​ការ​ទំពាំង​បាយ​ជូរ​របស់​ឪពុក​ទៅ›។ កូន​នោះ​ឆ្លើយ​ថា៖ ‹ខ្ញុំ​ទៅ​លោក​ឪពុក!› ប៉ុន្តែ​មិន​បាន​ទៅ​ទេ។ គាត់​ក៏​ទៅ​ប្រាប់​ដល់​កូន​ពៅ​ដូច​គ្នា ឯ​កូន​នោះ​ឆ្លើយ​ថា៖ ‹ខ្ញុំ​មិន​ទៅ​ទេ!› ដល់​ក្រោយ​មក​កូន​នេះ​ប្រែ​ចិត្ត ហើយ​ក៏​ទៅ​ចំ​ការ។ ដូច្នេះ បណ្ដា​កូន​ទាំង​ពីរ​នោះ តើ​កូន​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪពុក?»។ ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ឆ្លើយ​ថា៖ «កូន​ពៅ»។—ម៉ាថាយ ២១:២៨​-​៣១, ព.ថ.

រឿង​នេះ ព្រះ​យេស៊ូ​បាន​លើក​បញ្ជាក់​នូវ​ភាព​ឥត​ស្មោះ​ត្រង់​របស់​ពួក​មេ​ដឹក​នាំ​សាសនា។ ពួក​គេ​មាន​សភាព​ដូច​កូន​ប្រុស​ដែល​សន្យា​ថា នឹង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ ហើយ​រួច​មក​ឥត​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ខ្លួន​ទេ។ ប៉ុន្តែ មាតា​បិតា​ជា​ច្រើន​នឹង​ទទួល​ស្គាល់​ថា រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​បាន​មាន​មូលដ្ឋាន​លើ​ការ​យល់​ដឹង​អំពី​បែប​បទ​នៃ​ជីវភាព​គ្រួសារ។ ដូច​ជា​ទ្រង់​បាន​បង្ហាញ​យ៉ាង​ច្បាស់​រួច​មក​ហើយ​ថា គឺ​ជា​ការ​ពិបាក​ណាស់​ក្នុង​ការ​យល់​ពី​គំនិត​របស់​យុវវ័យ ឬ​ក៏​ស្មាន​ទុក​ជា​មុន​ថា​ពួក​គេ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​នោះ។ យុវជន​ម្នាក់​ប្រហែល​ជា​នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ពេល​នៅ​វ័យ​ជំទង់ តែ​នៅ​ពេល​យុវជន​នេះ​ធំ​ឡើង​ទៅ​ជា​មនុស្ស​ពេញ​វ័យ នោះ​យុវជន​នេះ​ចេះ​ទទួល​ខុស​ត្រូវ ថែម​ទាំង​មាន​គេ​គោរព​រាប់​អាន​ទៀត​ផង។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ចង​ចាំ ពេល​យើង​ពិគ្រោះ​នូវ​រឿង​នៃ​ការ​មិន​ស្ដាប់​បង្គាប់​របស់​ពួក​យុវវ័យ។

តើ​កូន​មិន​ស្ដាប់​បង្គាប់​ម្នាក់​ជា​ក្មេង​បែប​ណា?

៣. ហេតុ​អ្វី​ក៏​មាតា​បិតា​មិន​គួរ​រហ័ស​នឹង​ចាត់​ទុក​កូន​របស់​ខ្លួន​ជា​កូន​មិន​ស្ដាប់​បង្គាប់​នោះ?

យូរ​ៗ​ម្ដង អ្នក​ប្រហែល​ជា​ឮ​អំពី​ពួក​ក្មេង​ជំទង់ ដែល​ប្រឆាំង​នឹង​មាតា​បិតា​របស់​ខ្លួន។ អ្នក​ប្រហែល​ជា​ស្គាល់​ក្រុម​គ្រួសារ​ដែល​មិន​ចេះ​ប្រដៅ​កូន​ទាល់​តែ​សោះ។ ប៉ុន្តែ គឺ​មិន​មែន​ជា​ការ​ស្រួល​សំគាល់​បាន​ទេ​ថា ក្មេង​ម្នាក់​គឺ​ពិត​ជា​ក្មេង​មិន​ស្ដាប់​បង្គាប់​ម្នាក់​នោះ។ ម្យ៉ាង​វិញ​ទៀត ជួន​កាល​គឺ​ពិបាក​យល់​នូវ​មូលហេតុ​ដែល​កូន​ខ្លះ​ស្ដាប់​បង្គាប់ តែ​កូន​ខ្លះ​ទៀត​មិន​ស្ដាប់​បង្គាប់​ទេ សូម្បី​តែ​ពួក​គេ​មក​ពី​ក្រុម​គ្រួសារ​តែ​មួយ​ក៏​ដោយ។ ប្រសិន​បើ​មាតា​បិតា​សង្ស័យ​ថា កូន​ម្នាក់​របស់​ខ្លួន​ប្រហែល​ជា​កំពុង​តែ​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​កូន​មិន​ស្ដាប់​បង្គាប់​ពេញ​ទី​ហើយ​នោះ តើ​មាតា​បិតា​គួរ​តែ​ធ្វើ​យ៉ាង​ណា? ដើម្បី​នឹង​ឆ្លើយ​សំនួរ​នេះ មុន​ដំបូង​យើង​ត្រូវ​តែ​ពិគ្រោះ ថា​តើ​ក្មេង​មិន​ស្ដាប់​បង្គាប់​ម្នាក់​ជា​ក្មេង​បែប​ណា។

៤​-​៦. (ក) តើ​កូន​មិន​ស្ដាប់​បង្គាប់​ជា​កូន​បែប​ណា? (ខ) តើ​អ្វី​ដែល​មាតា​បិតា​គួរ​ចង​ចាំ បើ​កូន​របស់​ខ្លួន​មិន​ស្ដាប់​បង្គាប់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ?

បើ​និយាយ​ឲ្យ​ចំ​ទៅ មនុស្ស​ម្នាក់​ដែល​មិន​ស្ដាប់​បង្គាប់​គឺ​ជា​បុគ្គល​ដែល​តែង​តែ​មិន​ធ្វើ​តាម​បង្គាប់​រាល់​ៗ​ដង ឬ​ក៏​ប្រឆាំង​ត​ទល់​ហើយ​បំពាន​ទៅ​លើ​អ្នក​ដែល​មាន​អំណាចគ្រប់​គ្រង​លើ​ខ្លួន។ ប្រាកដ​ហើយ«សេចក្ដី​ចំ​កួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង»។ (សុភាសិត ២២:១៥) ដូច្នេះ​នឹង​មាន​ពេល​ខ្លះ​ដែល​កូន​ៗ​ទាំង​អស់ ប្រឆាំង​ត​ទល់​នឹង​អំណាច​គ្រប់​គ្រង​របស់​មាតា​បិតា​និង​អំណាច​គ្រប់​គ្រង​ឯ​ទៀត។ ជា​ពិសេស​នេះ​គឺ​ជា​ការ​ពិត​ក្នុង​កំ​ឡុ​ង​ពេល​ដែល​ពួក​គេ​លូត​លាស់​ធំ​ឡើង​ខាង​រាង​កាយ​និង​ខាង​ចិត្ត ដែល​គេ​តែង​ហៅ​ថា​ជា​ភាព​ពេញ​វ័យ​ជំទង់។ ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​របស់​បុគ្គល​ណា​ម្នាក់ នឹង​ធ្វើ​ឲ្យ​មាន​ការ​ពិបាក ហើយ​វ័យ​ពេញ​ជំទង់​គឺ​ជា​គ្រា​នៃ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន។ បុត្រ​ធីតា​ដែល​នៅ​ជា​យុវវ័យ​របស់​អ្នក គឺ​កំពុង​តែ​ឈាន​ចេញ​ពី​កុមារភាព​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ជា​មនុស្ស​ពេញ​វ័យ។ ដោយ​ហេតុ​នេះ ក្នុង​កំ​ឡុ​ង​វ័យ​ជំទង់ នោះ​មាតា​បិតា​ខ្លះ​មាន​ការ​ពិបាក​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​កូន​របស់​ខ្លួន។ ជា​ច្រើន​ដង នោះ​មាតា​បិតា​មាន​ទំនោរ​ចិត្ត​ចង់​បង្អង់​នូវ​ការ​ធំ​ធាត់​នេះ រីឯ​កូន​ៗ​ជំទង់​វិញ ចង់​ឲ្យ​ការ​ធំ​ធាត់​បន្ត​ទៅ​មុខ​យ៉ាង​លឿន។

កូន​ជំទង់​ម្នាក់​ដែល​មិន​ស្ដាប់​បង្គាប់ នឹង​បដិសេធ​ចោល​នូវ​គោល​ការណ៍​របស់​មាតា​បិតា។ ប៉ុន្តែ ចូរ​ឲ្យ​ចាំ​ថា​ការ​មិន​ស្ដាប់​បង្គាប់​ខ្លះ​ៗ មិន​បាន​សេចក្ដី​ថា​កូន​នេះ​ជា​កូន​មិន​ស្ដាប់​បង្គាប់​នោះ​ទេ។ ហើយ​ពេល​ទាក់​ទង​នឹង​រឿង​ខាង​វិញ្ញាណ នោះ​មុន​ដំបូង បុត្រ​ធីតា​ខ្លះ​ប្រហែល​ជា​ឥត​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ឡើយ ក៏​ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​មិន​មែន​ឥត​ស្ដាប់​បង្គាប់​នោះ​ទេ។ ជា​មាតា​បិតា ចូរ​កុំ​ប្រញាប់​សន្និដ្ឋាន​ថា កូន​របស់​ខ្លួន​ជា​មនុស្ស​បែប​នេះ​ឬ​បែប​នោះ​ឡើយ។

តើ​វ័យ​ជំទង់​នៃ​យុវវ័យ​ទាំង​អស់ បាន​ត្រូវ​សម្គាល់​ដោយ​ការ​មិន​ស្ដាប់​បង្គាប់​នឹង​អំណាច​គ្រប់​គ្រង​របស់​មាតា​បិតា​ឬ? មិន​មែន​ដូច្នេះ​ទេ! ប្រាកដ​ហើយ ទី​សំអាង​ហាក់​ដូច​ជា​បញ្ជាក់​ថា មាន​តែ​ក្មេង​ជំទង់​មួយ​ចំនួន​តូច​ទេ ដែល​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​មិន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​នោះ។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​កូន​ម្នាក់​តែង​តែ​មាន​ចិត្ត​មានះ​និង​មិន​ស្ដាប់​បង្គាប់​រាល់​ៗ​ដង​នោះ? តើ​អ្វី​ទៅ​ដែល​ប្រហែល​ជា​នាំ​ឲ្យ​មាន​ការ​មិន​ស្ដាប់​បង្គាប់​បែប​នេះ?

ដើម​ហេតុ​នៃ​ការ​មិន​ស្ដាប់​បង្គាប់

៧. តើ​បរិយាកាស​របស់​សាតាំង​អាច​មាន​អានុភាព​លើ​កូន​ម្នាក់​ឲ្យ​មិន​ស្ដាប់​បង្គាប់​យ៉ាង​ដូច​ម្ដេច?

ដើម​ហេតុ​ដ៏​ធំ​នៃ​ការ​មិន​ស្ដាប់​បង្គាប់ គឺ​ជា​បរិយាកាស​របស់​សាតាំង​ដែល​មាន​ក្នុង​លោ​កី​យ៍​នេះ។ «លោ​កី​យ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ (យ៉ូហាន​ទី​១ ៥:១៩) លោ​កី​យ៍​នេះ​ដែល​នៅ​ក្រោម​អំណាច​របស់​សាតាំង បាន​បណ្ដុះ​នូវ​វប្បធម៌​ដែល​មាន​គ្រោះ​ថ្នាក់ ដែល​ពួក​គ្រីស្ទាន​ត្រូវ​តែ​ប្រឈម​មុខ​ដោះ​ស្រាយ​នោះ។ (យ៉ូហាន ១៧:១៥) វប្បធម៌​ជា​ច្រើន​ទាំង​នោះ​គឺ​មាន​ភាព​អាសអាភាស​ជាង​មុន មាន​គ្រោះ​ថ្នាក់​ជាង​មុន ហើយ​មាន​ពេញ​ដោយ​អានុភាព​ដ៏​អាក្រក់​ជា​ច្រើន​ជាង​មុន​ៗ​ទៅ​ទៀត។ (ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៣) ប្រសិន​បើ​មាតា​បិតា​មិន​ព្រម​អប់រំ មិន​ព្រមាន និង​ការ​ពារ​បុត្រ​ធីតា​របស់​ខ្លួន​ទេ នោះ​កូន​ៗ​អាច​ត្រូវ​គ្រប​ដណ្ដប់​យ៉ាង​ស្រួល​ដោយ«វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស»។ (អេភេសូរ ២:២) អ្វី​ដែល​ទាក់​ទង​នឹង​រឿង​នេះ គឺ​ការ​បង្ខំ​ពី​ពួក​ម៉ាក។ ព្រះ​គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី​ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ»។ (សុភាសិត ១៣:២០) ស្រដៀង​គ្នា​ដែរ អ្នក​ណា​ដែល​សេព​គប់​ជា​មួយ​អស់​អ្នក​ដែល​ប្រឡូក​នឹង​វិញ្ញាណ​របស់​លោ​កី​យ៍​នេះ គឺ​ប្រហែល​ជា​នឹង​ទទួល​ឥទ្ធិពល​ពី​វិញ្ញាណ​នោះ​ដែរ។ យុវវ័យ​ទាំង​ឡាយ​ច្បាស់​ជា​ត្រូវ​ការ​ជំនួយ​ជា​ញឹក​ញយ ក្នុង​ការ​ជួយ​ពួក​គេ​ឲ្យ​យល់​ដឹង​ថា ការ​ស្ដាប់​បង្គាប់​គោល​ការណ៍​របស់​ព្រះ គឺ​ជា​គ្រឹះ​នៃ​របៀប​រស់​នៅ​ដ៏​ប្រសើរ​បំផុត។—អេសាយ ៤៨:១៧, ១៨

៨. តើ​មាន​កត្ដា​អ្វី​ខ្លះ ដែល​ប្រហែល​ជា​នាំ​ឲ្យ​កូន​ម្នាក់​ទៅ​ជា​កូន​មិន​ស្ដាប់​បង្គាប់​នោះ?

ដើម​ហេតុ​មួយ​ទៀត​នៃ​ការ​មិន​ស្ដាប់​បង្គាប់ ប្រហែល​ជា​បរិយាកាស​នៅ​ក្នុង​ផ្ទះ។ ជា​ឧទាហរណ៍ ប្រសិន​បើ​មាតា​ឬ​បិតា​ម្នាក់​ជា​មនុស្ស​ញៀន​ស្រា ប្រើ​គ្រឿង​ញៀន ឬ​មាន​ការ​ប្រព្រឹត្ត​ដ៏​សាហាវ​ព្រៃ​ផ្សៃ​ទៅ​លើ​ដៃ​គូ នោះ​ទស្សនៈ​របស់​កូន​ជំទង់​នេះ​ចំពោះ​ជីវិត អាច​នាំ​ឲ្យ​ខូច​បាន​ដែរ។ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​ក៏​ដោយ នោះ​ការ​មិន​ស្ដាប់​បង្គាប់​ក៏​អាច​មាន​ឡើង​បាន​ដែរ ពេល​ដែល​កូន​ម្នាក់​មាន​អារម្មណ៍​ថា មាតា​បិតា​របស់​ខ្លួន​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​នោះ។ ប៉ុន្តែ ការ​មិន​ស្ដាប់​បង្គាប់​របស់​ក្មេង​ជំទង់ គឺ​មិន​តែង​តែ​បាន​បណ្ដាល​មក​ដោយ​អានុភាព​ដែល​មក​ពី​ខាង​ក្រៅ​នោះ​ទេ។ កូន​ខ្លះ​មិន​អើពើ​នឹង​គោល​ការណ៍​របស់​មាតា​បិតា ទោះ​ជា​មាតា​បិតា​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ ថែម​ទាំង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ការ​ការ​ពារ​ពី​លោ​កី​យ៍​នៅ​ជុំ​វិញ​ពួក​គេ​ក៏​ដោយ។ តើ​ហេតុ​អ្វី? ប្រហែល​ដោយ​ព្រោះ​ដើម​ហេតុ​មួយ​ទៀត​នៃ​បញ្ហា​របស់​យើង ដែល​ជា​ភាព​ឥត​គ្រប់​ល័ក្ខ​ណ៍​របស់​មនុស្ស។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «បាប​បាន​ចូល​មក​ក្នុង​លោ​កី​យ ដោយ​សារ​មនុស្ស​តែ​ម្នាក់[អ័ដាម] ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មកដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។ (រ៉ូម ៥:១២) អ័ដាម​ជា​អ្នក​បះ​បោរ​ដ៏​អាត្មា​និយម ហើយ​គាត់​បាន​ទុក​ឲ្យ​កូន​ចៅ​របស់​គាត់​នូវ​កេរ្ដិ៍​ដំណែល​ដ៏​អាក្រក់​មួយ។ យុវវ័យ​ខ្លះ​សម្រេច​ចិត្ត​បះ​បោរ ដូច​ជា​ឰយុកោ​របស់​ពួក​គេ​ដែរ។

ភាព​បណ្ដោយ​ហួស​ហេតុ​របស់​អេលី និង​ភាព​តឹង​រ៉ឹង​ហួស​ហេតុ​របស់​រេហូបោម

៩. តើ​មាន​ការ​ប្រព្រឹត្ត​ហួស​ហេតុ​យ៉ាង​ណា ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​ដែល​ប្រហែល​ជា​នាំ​ឲ្យ​កូន​មិន​ស្ដាប់​បង្គាប់​នោះ?

អ្វី​មួយ​ទៀត​ដែល​បាន​នាំ​ឲ្យ​មាន​ការ​មិន​ស្ដាប់​បង្គាប់​ពី​ក្មេង​ជំទង់ គឺ​ទស្សនៈ​ដែល​គ្មាន​តុល្យភាព​ពី​មាតា​បិតា​ស្តី​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន។ (កូល៉ុស ៣:២១) មាតា​បិតា​ខ្លះ​តឹង​រ៉ឹង​ហួស​ហេតុ ដាក់​ល័ក្ខខ័ណ្ឌ​និង​ទូន្មាន​ប្រដៅ​យ៉ាង​ខ្លាំង​ចំពោះ​កូន​របស់​ខ្លួន។ មាតា​បិតា​ឯ​ទៀត​គឺ​បណ្ដោយ​កូន​ហួស​ហេតុ​ពេក ដោយ​មិន​ផ្ដល់​នូវ​គោល​ការណ៍​ណែនាំ ដើម្បី​ការ​ពារ​កូន​ជំទង់​ដ៏​គ្មាន​បទ​ពិសោធន៍​របស់​ខ្លួន​នោះ​ទេ។ គឺ​មិន​តែង​តែ​ស្រួល​ទេ​ក្នុង​ការ​សន្មត​ឲ្យ​បាន​ត្រឹម​ត្រូវ​រវាង​ទស្សនៈ​ទាំង​ពីរ​នេះ។ ហើយ​កូន​និ​មួយ​ៗ​មាន​តម្រូវ​ការ​ខុស​ៗ​គ្នា។ កូន​ម្នាក់​ប្រហែល​ជា​ត្រូវ​ការ​នូវ​ការ​ត្រួត​ពិនិត្យ​ច្រើន​ជាង​កូន​ម្នាក់​ទៀត។ ក៏​ប៉ុន្តែ ឧទាហរណ៍​ពីរ​ក្នុង​ព្រះ​គម្ពីរ​នឹង​ជួយ​បង្ហាញ​នូវ​គ្រោះ​ថ្នាក់​នៃ​ការ​ប្រព្រឹត្ត​ដ៏​ហួស​ហេតុ ស្តី​អំពី​ការ​តឹង​រ៉ឹង​និង​ការ​បណ្ដោយ​ហួស​ហេតុ​ពេក។

១០. ទោះ​ជា​បាន​បំរើ​យ៉ាង​ស្មោះ​ត្រង់​ជា​សម្ដេច​សង្ឃ ហេតុ​អ្វី​ក៏​លោក​អេលី​ជា​បិតា​មិន​ល្អ?

១០ លោក​អេលី​ជា​សម្ដេច​សង្ឃ​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ក៏​ជា​បិតា​ម្នាក់​ដែរ។ លោក​បាន​បំរើ​ព្រះ​អស់​រយៈ​ពេល​៤០​ឆ្នាំ ហើយ​ប្រាកដ​ជា​បាន​ដឹង​យ៉ាង​ច្បាស់​នូវ​ក្រិត្យ​វិន័យ​របស់​ព្រះ។ ជា​ទៀង​ទាត់​នោះ​លោក​អេលី​ប្រហែល​បាន​បំពេញ​ភារកិច្ច​ខាង​សង្ឃ​របស់​លោក​ដោយ​ស្មោះ​ត្រង់ ហើយ​ក៏​ប្រហែល​ជា​បាន​បង្រៀន​កូន​ប្រុស​ៗ​របស់​គាត់ គឺ​ហុប​នី​និង​ភីនេហាស នូវ​ក្រិត្យ​វិន័យ​របស់​ព្រះ​ផង​ដែរ។ ក៏​ប៉ុន្តែ លោក​អេលី​បាន​បណ្ដោយ​កូន​ហួស​ហេតុ​ពេក។ ហុប​នី​និង​ភីនេហាស​មាន​មុខ​នាទី​ជា​ពួក​សង្ឃ ក៏​ប៉ុន្តែ​ពួក​គេ«ជា​មនុស្ស​គំរក់​អាក្រក់» ដោយ​ចាប់​អារម្មណ៍​តែ​នឹង​ការ​បំពេញ​តាម​ចំណង់​របស់​ខ្លួន និង​សេចក្ដី​ប្រាថ្នា​ខាង​អំពើ​អសីលធម៌​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ពេល​ដែលពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ​ឲ្យ​ខូច​កិ​ត្ដិ​យស​នៅ​ឯ​កន្លែង​ពិសិដ្ឋ នោះ​លោក​អេលី​ឥត​មាន​សេចក្ដី​ក្លាហាន​ដេញ​ពួក​គេ​ចេញ​ពី​តំណែង​ឡើយ។ លោក​គ្រាន់​តែ​ស្តី​បន្ទោស​ពួក​គេ​ប​ន្ដិ​ច​បន្តួច​តែ​ប៉ុណ្ណោះ។ ដោយ​ភាព​បណ្ដោយ​កូន​ហួស​ហេតុ​ពេក​នោះ លោក​អេលី​បាន​ឲ្យ​កិ​ត្ដិ​យស​ដល់​កូន​ជា​ជាង​ចំពោះ​ព្រះ។ ជា​លទ្ធផល កូន​ៗ​របស់​គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ការ​ថ្វាយ​បង្គំ​ដ៏​ស្អាត​ស្អំ​របស់​ព្រះ​យេហូវ៉ា ហើយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក​អេលី​បាន​ទទួល​រង​នូវ​វិប​ត្ដិ​។—សាំយូអែល​ទី​១ ២:១២​-​១៧, ២២​-​២៥, ២៩; ៣:១៣, ១៤; ៤:១១​-​២២

១១. តើ​មាតា​បិតា​ទាំង​ឡាយ​អាច​រៀន​អ្វី​ពី​គំរូ​ដ៏​អាក្រក់​របស់​លោក​អេលី?

១១ កាល​ដែល​ព្រឹ​ត្ដិ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង កូន​ៗ​របស់​លោក​អេលី​ជា​មនុស្ស​ពេញ​វ័យ​ហើយ ក៏​ប៉ុន្តែ​ដំណើរ​រឿង​នេះ​បញ្ជាក់​នូវ​គ្រោះ​ថ្នាក់​នៃ​ការ​មិន​ទូន្មាន​ប្រដៅ។ (ប្រៀប​មើល សុភាសិត ២៩:២១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) មាតា​បិតា​ខ្លះ​ប្រហែល​ជា​យល់​ច្រឡំ​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​ការ​បណ្ដោយ​កូន ហើយ​មាតា​បិតា​មិន​បាន​ដាក់​វិន័យ​ឬ​ជំរុញ​កូន​ឲ្យ​ធ្វើ​តាម​វិន័យ​ដ៏​ទៀង​ទាត់ ច្បាស់​លាស់ និង​សម​ហេតុ​ផល​នោះ​ឡើយ។ មាតា​បិតា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រើ​ការ​ទូន្មាន​ប្រដៅ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទេ ទោះ​ជា​កាល​ដែល​គោល​ការណ៍​ព្រះ​គម្ពីរ​បាន​ត្រូវ​បំពាន​នោះ​ក៏​ដោយ។ ដោយ​ព្រោះ​ការ​បណ្ដោយ​កូន​បែប​នេះ នោះ​កូន​ៗ​ប្រហែល​ជា​ឥត​យក​ចិត្ត​ទុក​ដាក់​នឹង​អំណាច​គ្រប់​គ្រង​របស់​មាតា​បិតា ឬ​អំណាច​គ្រប់​គ្រង​ឯ​ណា​ទៀត​ឡើយ។—ប្រៀប​មើល សាស្ដា ៨:១១

១២. តើ​រេហូបោម​បាន​ធ្វើ​កំហុស​អ្វី ក្នុង​ការ​កាន់​អំណាច​គ្រប់​គ្រង?

១២ ផ្ទុយ​ទៅ​វិញ​រេហូបោម​ជា​គំរូ​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​ហួស​ហេតុ​ក្នុង​ការ​កាន់​កាប់​អំណាច​គ្រប់​គ្រង។ មុន​ពេល​ដែល​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​បែក​ចេញ​ជា​ពីរ ទ្រង់​ជា​ស្តេ​ច​ចុង​ក្រោយ ប៉ុន្តែ​ទ្រង់​មិន​មែន​ជា​ស្តេ​ច​ដ៏​ល្អ​នោះ​ទេ។ រេហូបោម​បាន​ទទួល​មរ​ត​ក​នូវ​ស្រុក ដែល​មាន​ប្រជាជន​មិន​សប្បាយ​ចិត្ត ដោយ​ព្រោះ​មាន​បន្ទុក​ជា​ច្រើន​ដែល​បិតា​របស់​ទ្រង់ គឺ​ស្តេ​ច​សាឡូម៉ូន​បាន​ដាក់​មក​លើ​ពួក​គេ។ តើ​រេហូបោម​បង្ហាញ​នូវ​ការ​យោគ​យល់​ឬ​ទេ? គឺ​មិន​យោគ​យល់​ទេ។ នៅ​ពេល​ដែល​គណៈ​ប្រតិភូ​បាន​សុំ​ឲ្យ​ទ្រង់​ដក​ចេញ​នូវ​វិធានការ​ដ៏​សង្កត់​សង្កិន​ខ្លះ នោះ​ទ្រង់​មិន​បាន​ធ្វើ​តាម​ឱវាទ​ដែល​មាន​គំនិត​ចាស់​ទុំ​ពី​ពួក​អ្នក​ឲ្យ​ឱវាទ​នោះ​ទេ ហើយ​បាន​បញ្ជា​ឲ្យ​គេ​ដាក់​នឹម​ទៅ​លើ​ប្រជាជន​កាន់​តែ​ធ្ងន់​ឡើង​ៗ​ទៀត។ ភាព​អំនួត​របស់​ទ្រង់​បាន​បង្ក​ឲ្យ​កុលសម្ព័ន្ធ​ដប់​នៅ​ទិស​ខាង​ជើងបះ​បោរ ហើយ​ព្រះ​រាជាណាចក្រ​នេះ​បាន​បែក​ទៅ​ជា​ពីរ។—ពង្សាវតារ​ក្សត្រ​ទី​១ ១២:១​-​២១; របាក្សត្រ​ទី​២ ១០:១៩

១៣. តើ​មាតា​បិតា​ទាំង​ឡាយ​អាច​ជៀស​វាង​ពី​កំហុស​ដូច​រេហូបោម​យ៉ាង​ដូច​ម្ដេច?

១៣ មាតា​បិតា​ទាំង​ឡាយ​អាច​រៀន​មេ​រៀន​ខ្លះ​ដ៏​សំខាន់​ពី​ដំណើរ​រឿង​នេះ​ស្តី​អំពី​រេហូបោម។ មាតា​បិតា​ត្រូវ​តែ«រក​ព្រះ​យេហូវ៉ា»តាម​រយៈ​សេចក្ដី​អធិស្ឋាន ហើយ​ពិនិត្យ​មើល​របៀប​ដែល​ខ្លួន​ចិញ្ចឹម​អប់រំ​កូន ដោយ​គិត​ពិចារណា​អំពី​គោល​ការណ៍​ព្រះ​គម្ពីរ។ (ទំនុក​ដំ​កើង ១០៥:៤) សាស្ដា ៧:៧ ចែង​ថា៖ «ការ​សង្កត់​សង្កិន​រមែង​បណ្ដាល​ឲ្យ​មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ»។ គោល​ការណ៍​ណែនាំ​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​នឹង​បើក​ផ្លូវ​ឲ្យ​កូន​ជំទង់​មាន​សេរី​ភាព​មួយ​កំរិត​ក្នុង​គ្រា​ដែល​ពួក​គេ​កំពុង​តែ​ធំ​ឡើង​ហើយ​ក៏​ការ​ពារ​ពួក​គេ​ពី​គ្រោះ​ថ្នាក់​ទៀត​ផង។ ក៏​ប៉ុន្តែ កូន​ៗ​មិន​គួរ​រស់​នៅ​ក្នុង​បរិយាកាស​ដ៏​តឹង​រ៉ឹង​ហួស​ហេតុ ដែល​បាន​បង្ការ​ពួក​គេ​ពី​ការ​បណ្ដុះ​បណ្ដា​លប​ន្ដិ​ច​ម្ដង​ៗ​នូវ​សមត្ថភាព​ពឹង​ពាក់​លើ​ខ្លួន​ឯង និង​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ផ្ទាល់​នោះ​ឡើយ។ នៅ​ពេល​មាតា​បិតា​ទាំង​ឡាយ​ខំ​ធ្វើ​ឲ្យ​មាន​តុល្យភាព គឺ​ថា​មិន​តឹង​រ៉ឹង​ពេក មិន​បណ្ដោយ​ពេក តែ​ឲ្យ​មាន​វិន័យ​ជាក់​លាក់​វិញ នោះ​ពួក​ក្មេង​ជំទង់​ភាគ​ច្រើន​នឹង​មិន​មាន​ចិត្ត​បះ​បោរ​នោះ​ឡើយ។

ការ​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​សំខាន់​ៗ អាច​បង្ការ​កុំ​ឲ្យ​មាន​ការ​បះ​បោរ

ប្រហែល​ជា​បុត្រ​ធីតា​នឹង​បាន​ធំ​ឡើង​ដោយ​មាន​ចិត្ត​នឹង​ន​ជាង ប្រសិន​បើ​មាតា​បិតា​ជួយ​ពួក​គេ​ឲ្យ​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​បញ្ហា​ដែល​ក្មេង​ជំទង់​ជួប​ប្រទះ

១៤, ១៥. តើ​មាតា​បិតា​ទាំង​ឡាយ​គួរ​តែ​ចាត់​ទុក​ការ​ចំរើន​លូត​លាស់​របស់​កូន​ៗ​របស់​ខ្លួន​យ៉ាង​ណា?

១៤ ទោះ​ជា​មាតា​បិតា​ទាំង​ឡាយ​អរ​សប្បាយ​ដោយ​ឃើញ​បុត្រ​ធីតា​របស់​ខ្លួន ធំ​ឡើង​ពី​ទារក​រហូត​ដល់​ពេញ​វ័យ​ក៏​ដោយ ក៏​មាតា​បិតា​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​ប៉ុន្មាន​ទេ ពេល​ដែល​កូន​ជំទង់​របស់​ខ្លួន​ចាប់​ផ្ដើម​ឈប់​ពឹង​ពាក់​ទៅ​លើ​មាតា​បិតា ហើយ​ចាប់​ផ្ដើម​ពឹង​ពាក់​លើ​ខ្លួន​ឯង​វិញ​នោះ។ ក្នុង​កំ​ឡុ​ង​ពេល​ផ្លាស់​ប្ដូរ​នេះ សូម​កុំ​ភ្ញាក់​ផ្អើល​ពេក​បើ​កូន​ជំទង់​របស់​អ្នក​ទៅ​ជា​មាន​ចិត្ត​មានះ​ឬ​មិន​ស្ដាប់​បង្គាប់​នៅ​ពេល​ខ្លះ​ៗ​នោះ។ ចូរ​ចង​ចាំ​ថា គោល​ដៅ​នៃ​មាតា​បិតា​គួរ​តែ​ចិញ្ចឹម​អប់រំ​កូន​គ្រីស្ទាន ឲ្យ​មាន​ចិត្ត​គំនិត​ចាស់​ទុំ ចិត្ត​នឹង​ធឹង និង​ចេះ​ដឹង​ខុស​ត្រូវ។—ប្រៀប​មើល កូរិនថូស​ទី​១ ១៣:១១; អេភេសូរ ៤:១៣, ១៤

១៥ ទោះ​ជា​ពិបាក​យ៉ាង​ណា​ក៏​ដោយ មាតា​បិតា​ទាំង​ឡាយ​ត្រូវ​តែ​ឈប់​បដិសេធ​ចំពោះ​សេចក្ដី​ស្នើ​សុំ​ណា​របស់​កូន​ជំទង់ ដែល​ចង់​បាន​ភាព​ពឹង​ពាក់​លើ​ខ្លួន​ឯង​ច្រើន​ជាង​នោះ។ បើ​កូន​ម្នាក់​បាន​ត្រូវ​ទទួល​ការ​ចិញ្ចឹម​អប់រំ​ដ៏​ល្អ នោះ​កូន​នេះ​នឹង​ធំ​ឡើង​ជា​បុគ្គល​ដែល​មាន​ភាព​ពឹង​ពាក់​លើ​ខ្លួន​ឯង។ ប្រាកដ​ហើយ កាល​ដែល​អាយុ​នៅ​ក្មេង នោះ​កូន​ជំទង់​ខ្លះ​ចាប់​ផ្ដើម​បណ្ដុះ​នូវ​គំនិត​ចាស់​ទុំ។ តួយ៉ាង​ដូច​ជា​ព្រះ​គម្ពីរ ក៏​បាន​ចែង​អំពី​យុ​វ​បុរស​យ៉ូសៀស​ដ៏​ជា​ស្តេ​ច​ថា៖ «កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ[ប្រហែល​ជា​១៥​ឆ្នាំ] នោះ​ទ្រង់​ក៏​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ»។ គឺ​បាន​ឃើញ​ជាក់​ច្បាស់​ថា​ក្មេង​ជំទង់​ដ៏​ល្អ​នេះ គឺ​ជា​បុគ្គល​ដែល​ដឹង​ខុស​ត្រូវ។—របាក្សត្រ​ទី​២ ៣៤:១​-​៣

១៦. តើ​កូន​ៗ​គួរ​តែ​ទទួល​ស្គាល់​អ្វី ពេល​ដែល​ពួក​គេ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​នោះ?

១៦ ប៉ុន្តែ សេរី​ភាព​ក៏​នាំ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដែរ។ ដូច្នេះ ចូរ​អនុញ្ញាត​ឲ្យ​កូន​ដែល​ជិត​ពេញ​វ័យ​របស់​អ្នក ឲ្យ​ដក​ពិសោធ​នូវ​លទ្ធផល​នៃ​សេចក្ដី​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ខ្លះ​ៗ​ទៅ។ គោល​ការណ៍​នេះ​ចែង​ថា «ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ» នេះ​ក៏​ទាក់​ទង​នឹង​ពួក​ក្មេង​ជំទង់​ៗ ព្រម​ទាំង​មនុស្ស​ពេញ​វ័យ​ផង​ដែរ។ (កាឡាទី ៦:៧) យើង​មិន​អាច​រក​ទី​ជ្រក​កោន​ឲ្យ​បុត្រ​ធីតា​របស់​យើង​ជា​រៀង​រហូត​នោះ​ទេ។ ចុះ​យ៉ាង​ណា​វិញ បើ​កូន​របស់​អ្នក​ចង់​ធ្វើ​អ្វី​ដែល​មិន​គួរ​គប្បី​នោះ? ជា​មាតា​បិតា​ដែល​ចេះ​ដឹង​ខុស​ត្រូវ នោះ​អ្នក​ត្រូវ​តែ​និយាយ​ថា ‹មិន​បាន​ទេ!›។ ហើយ​ទោះ​ជា​អ្នក​ប្រហែល​ពន្យល់​នូវ​មូលហេតុ នោះ​គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ពី​ពាក្យ មិន​បាន​ទៅ​ជា​យល់​ព្រម​នោះ​ឡើយ។ (ប្រៀប​មើល ម៉ាថាយ ៥:៣៧) យ៉ាង​ណា​ក៏​ដោយ ចូរ​ខំ​និយាយ​ពាក្យ«មិន​បាន​ទេ!»តាម​បែប​បទ​ដ៏​សុភាព​និង​សម​ហេតុ​ផល ពីព្រោះ«ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំ​ងាប់​សេចក្ដី​ក្រោធ​ទៅ»។—សុភាសិត ១៥:១

១៧. តើ​មាតា​បិតា​គួរ​បំពេញ​នូវ​តម្រូវ​ការ​អ្វី​ខ្លះ​ដល់​កូន​ជំទង់​របស់​ខ្លួន​នោះ?

១៧ យុវជន​ត្រូវ​ការ​នូវ​ទំនុក​ចិត្ត​ដែល​មក​ពី​ការ​ទូន្មាន​ប្រដៅ​ដែល​មិន​ប្រែ​ប្រួល ទោះ​ជា​ពួក​គេ​មិន​តែង​តែ​យល់​ស្រប​នឹង​ល័ក្ខខ័ណ្ឌ​និង​វិន័យ​ដែល​ត្រូវ​កំណត់​នោះ​ក៏​ដោយ។ នេះ​ធ្វើ​ឲ្យ​មាន​ការ​មួម៉ៅ​ចិត្ត​មែន បើ​វិន័យ​បាន​ត្រូវ​កែ​ប្រែ​រាល់​ៗ​ដង ស្រេច​ទៅ​លើ​អារម្មណ៍​ដែល​មាតា​បិតា​មាន​នៅ​ពេល​នោះ។ ម្យ៉ាង​ទៀត ប្រសិន​បើ​កូន​ជំទង់​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ទទួល​ជំនួយ​តាម​ត្រូវ​ពេល ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ខាង​ការ​ខ្វះ​ខាត​នូវ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​និង​ការ​អៀន​ខ្មាស នោះ​ពួក​គេ​នឹង​បាន​ធំ​ឡើង​ជា​បុគ្គលដែល​មាន​ចិត្ត​នឹងន។ ពួក​ក្មេង​ជំទង់​ក៏​មាន​អំណរ​គុណ​ដែរ នៅ​ពេល​ដែល​ពួក​គេ​ទទួល​ទំនុក​ចិត្ត​ពី​មាតា​បិតា​របស់​ខ្លួន គឺ​ជា​ទំនុក​ចិត្ត​ដែល​កូន​សម​នឹង​ទទួល​នោះ។—ប្រៀប​មើល អេសាយ ៣៥:៣, ៤; លូកា ១៦:១០; ១៩:១៧

១៨. តើ​ព​ត៌​មាន​អ្វី​ខ្លះ​អំពី​ក្មេង​ជំទង់ ដែល​អាច​លើក​ទឹក​ចិត្ត​ដល់​មាតា​បិតា?

១៨ មាតា​បិតា​អាច​មាន​អារម្មណ៍​ស្ងប់​ដោយ​ដឹង​ថា កាល​ណា​មាន​ភាព​សុខ​សាន្ត ភាព​នឹងន និង​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ នោះ​ជា​ធម្មតា​កូន​ៗ​នឹង​រីក​ចំរើន។ (អេភេសូរ ៤:៣១, ៣២; យ៉ាកុប ៣:១៧, ១៨) យ៉ាង​ណា​មិញ ក្មេង​ជំទង់​ជា​ច្រើន​បាន​ឈ្នះ​ទៅ​លើ​បរិយាកាស​ដ៏​អាក្រក់​ក្នុង​ផ្ទះ ហើយ​បាន​ធំ​ឡើង​ជា​មនុស្ស​ពេញ​វ័យ​ដ៏​ល្អ​ប្រសើរ សូម្បី​តែ​ពួក​គេ​មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​បញ្ហា​ខាង​ការ​ញៀន​ស្រា មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឬ​ក៏​ឥទ្ធិពល​ដ៏​មាន​គ្រោះ​ថ្នាក់​ណា​មួយ​ក៏​ដោយ។ ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​ធ្វើ​ឲ្យ​មាន​បរិយាកាស​នៅ​ក្នុង​ក្រុម​គ្រួសារ​ប្រកប​ទៅ​ដោយ​ភាព​សុខដុមរមនា នោះ​កូន​ជំទង់​របស់​អ្នក​នឹង​មាន​អារម្មណ៍​សុខ​ស្រួល ដោយ​ពួក​គេ​ដឹង​ថា​ពួក​គេ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់ ការ​ថ្នាក់​ថ្នម និង​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ទំនង​ជា​នឹង​ធំ​ឡើង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ដែល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក ទោះ​ជា​ការ​នោះ​រួម​បញ្ចូល​ការ​ដាក់​កំរិត​និង​ការ​ទូន្មាន​ប្រដៅ​ដ៏​សម​ហេតុ​ផល ទាំង​សម​ស្រប​នឹង​គោល​ការណ៍​ខាង​បទ​គម្ពីរ​ក៏​ដោយ។—ប្រៀប​មើល សុភាសិត ២៧:១១

នៅ​ពេល​ដែល​បុត្រ​ធីតា​មាន​បញ្ហា

១៩. ពេល​ដែល​មាតា​បិតា​បង្ហាត់​បង្រៀន​កូន​តាម​របៀប​ដែល​កូន​គួរ​ដើរ តើ​កូន​ត្រូវ​មាន​ភារកិច្ច​អ្វី?

១៩ ការ​ចិញ្ចឹម​អប់រំ​កូន​យ៉ាង​ល្អ ប្រាកដ​ជា​នាំ​ឲ្យ​មាន​ប្រយោជន៍។ សុភាសិត ២២:៦ ចែង​ថា៖ «ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់»។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​កូន​ៗ​ដែល​មាន​បញ្ហា​ដ៏​ធ្ងន់ ទោះ​ជា​មាន​មាតា​បិតា​ដ៏​ល្អ​នោះ​ក៏​ដោយ? តើ​អាច​មាន​ដូច្នេះ​ទេ? អាច​មាន​មែន។ ដើម្បី​យល់​នូវ​ពាក្យ​សុភាសិត​នេះ យើង​ត្រូវ​តែ​ពិនិត្យ​មើល​នូវ​ខ​ផ្សេង​ៗ​ដែល​បញ្ជាក់​អំពី​ភារកិច្ច​របស់​កូន​ត្រូវ«ស្ដាប់»និង​ធ្វើ​តាម​មាតា​បិតា។ (សុភាសិត ១:៨) មាតា​បិតា​ព្រម​ទាំង​កូន​ត្រូវ​សហការ​គ្នា​ក្នុង​ការ​អនុវត្ត​តាម​គោល​ការណ៍​ក្នុង​បទ​គម្ពីរ ប្រសិន​បើ​ចង់​ឲ្យ​មាន​ភាព​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ​នោះ។ ប្រសិន​បើ​មាតា​បិតា​និង​កូន​ៗ​មិន​សហការ​គ្នា​ទេ នោះ​នឹង​មាន​បញ្ហា​ជា​ពុំ​ខាន។

២០. នៅ​ពេល​កូន​ធ្វើ​ខុស​ដោយ​មិន​គិត​មុខ​គិត​ក្រោយ តើ​អ្វី​ទៅ​ជា​វិធី​ដ៏​មាន​ប្រាជ្ញា ដែល​មាតា​បិតា​ត្រូវ​ធ្វើ​តាម?

២០ តើ​មាតា​បិតា​គួរ​ធ្វើ​យ៉ាង​ណា ពេល​ដែល​កូន​ជំទង់​បាន​ធ្វើ​ខុស ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​នោះ? ជា​ពិសេស​នៅ​ពេល​នោះ កូន​ជំទង់​នេះ​ត្រូវ​ការ​ជំនួយ។ ប្រសិន​បើ​មាតា​បិតា​ចាំ​មិន​ភ្លេច​ថា ដែល​កូន​របស់​ខ្លួន​គ្មាន​ការ​ពិសោធន៍​ទាល់​តែ​សោះ នោះ​មាតា​បិតា​ត្រូវ​ទប់​អារម្មណ៍ ដោយ​មិន​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក​ទេ។ ប៉ុល​ឲ្យ​ឱវាទ​ពួក​អ្នក​ដែល​មាន​គំនិត​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​ថា៖ «ឱ! បង​ប្អូន​អើយ! បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ​វិញ្ញាណ ចូរ​ដំ​រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព»។ (កាឡាទី ៦:១) មាតា​បិតា​អាច​អនុវត្តន៍​តាម​វិធី​នេះ ពេល​និយាយ​ជា​មួយ​កូន​ដែល​ធ្វើ​ខុស​ដោយ​មិន​គិត​មុខ​គិត​ក្រោយ​នោះ។ នៅ​ពេល​ពន្យល់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ដែល​ទង្វើ​របស់​កូន​គឺ​ខុស និង​អំពី​របៀប​ដែល​កូន​អាច​ជៀស​វាង​កំហុស​នេះ នោះ​មាតា​បិតា​គួរ​ពន្យល់​កូន​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា គឺ​ជា​ទង្វើ​ដែល​កូន​ធ្វើ​នោះ​ដែល​អាក្រក់ មិន​មែន​ខ្លួន​កូន​អាក្រក់​ទេ។—ប្រៀប​មើល យូដាស ២២, ២៣

២១. ដោយ​ធ្វើ​តាម​គំរូ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន តើ​មាតា​បិតា​គួរ​ធ្វើ​យ៉ាង​ណា បើ​កូន​របស់​ខ្លួន​បាន​ប្រព្រឹត្ត​អំពី​បាប​ដ៏​ធ្ងន់​នោះ?

២១ ចុះ​យ៉ាង​ណា​វិញ បើ​កំហុស​របស់​កូន​នោះ គឺ​ជា​កំហុស​ដ៏​ធ្ងន់​មួយ? ក្នុង​ករណី​នេះ កូន​ត្រូវ​ការ​ជំនួយ​ពិសេស និង​ការ​ណែនាំ​ដ៏​ជំនាញ។ នៅ​ពេល​ដែល​សមាជិក​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ធ្វើ​បាប​ដ៏​ធ្ងន់​មួយ គាត់​ត្រូវ​ជំរុញ​ឲ្យ​កែ​ប្រែ​ចិត្ត ហើយ​ឲ្យ​ទៅ​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ (យ៉ាកុប ៥:១៤​-​១៦) ពេល​ដែល​គាត់​កែ​ប្រែ​ចិត្ត​ហើយ នោះ​ពួក​អ្នក​ចាស់​ទុំ​ខំ​ជួយ​គាត់​ឲ្យ​កសាង​ខ្លួន​ខាង​វិញ្ញាណ​ឡើង​វិញ។ នៅ​ក្នុង​ក្រុម​គ្រួសារ នោះ​មាតា​បិតា​ក៏​មាន​ភារកិច្ច​ជួយ​កូន​ជំទង់​ដែល​ធ្វើ​ខុស​ផង​ដែរ ទោះ​ជា​មាតា​បិតា​ប្រហែល​ត្រូវ​តែ​ពិគ្រោះ​រឿង​នេះ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​ក៏​ដោយ។ យ៉ាង​ប្រាកដ​ហើយ មាតា​បិតា​មិន​គួរ​លាក់​ពី​ក្រុម​នៃ​ពួក​អ្នក​ចាស់​ទុំ​នូវ​អំពើ​បាប​ដ៏​ធ្ងន់​ណា ដែល​កូន​ម្នាក់​របស់​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ឡើយ។

២២. ក្នុង​ការ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា តើ​មាតា​បិតា​គួរ​រក្សា​ឲ្យ​មាន​អាកប្បកិរិយា​បែប​ណា ពេល​ដែល​កូន​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នោះ?

២២ បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​កូន​ៗ​របស់​ខ្លួន​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ត​ណាស់។ ដោយ​ព្រួយ​ចិត្ត នោះ​មាតា​បិតា​ប្រហែល​ជា​ចង់​គំរាម​កំហែង​ដល់​កូន​ដ៏​រឹង​រូស​នោះ ក៏​ប៉ុន្តែ​ប្រហែល​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​គាត់​តូច​ចិត្ត​ប៉ុណ្ណោះ។ ចូរ​ចាំ​ថា អនាគត​នៃ​កូន​នេះ​ប្រហែល​ជាពឹង​ពាក់​លើ​របៀប​ដែល​មាតា​បិតា​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​លើ​គេ ក្នុង​កំ​ឡុ​ង​គ្រា​ដ៏​ពិបាក​នេះ។ ចូរ​ចាំ​មិន​ភ្លេច​ដែរ​ថា ព្រះ​យេហូវ៉ា​បាន​ប្រុង​ប្រៀប​នឹង​អត់​ឱន​ទោស​ឲ្យ​រាស្ត្រ​របស់​ទ្រង់ ពេល​ពួក​គេ​ធ្វើ​ខុស​ប្រសិន​បើ​ពួក​គេ​ប្រែ​ចិត្ត​វិញ។ សូម​ស្ដាប់​នូវ​ពាក្យ​បន្ទូល​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ! យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ»។ (អេសាយ ១:១៨) នេះ​ជា​គំរូ​ដ៏​ល្អ​ណាស់​ហ្ន៎! ចំពោះ​មាតា​បិតា។

២៣. តើ​មាតា​បិតា​គួរ​ធ្វើ​យ៉ាង​ណា ហើយ​គួរ​តែ​ជៀស​វាង​ពី​អ្វី នៅ​ពេល​ដែល​កូន​ម្នាក់​របស់​ខ្លួន​បាន​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់​នោះ?

២៣ ដូច្នេះ​ហើយ ចូរ​ខំ​លើក​ទឹក​ចិត្ត​កូន​ដ៏​រឹង​រូស​នេះ​ឲ្យ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ! សូម​ស្វែង​រក​ឱវាទ​ដ៏​ល្អ​ពី​មាតា​បិតា​និង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​បទ​ពិសោធន៍។ (សុភាសិត ១១:១៤) សូម​ខំ​ប្រឹង​កុំ​ធ្វើ​និង​និយាយ​តាម​តែ​សន្ទុះ​ចិត្ត ឬ​ធ្វើ​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​មាន​ចិត្ត​រអា​មិន​ចង់​ត្រឡប់​មក​ឯ​អ្នក​វិញ​ឲ្យ​សោះ។ ចូរ​ជៀស​វាង​ពី​ការ​ខឹង​ដោយ​មិន​ចេះ​ទប់​និង​ចិត្ត​មួម៉ៅ។ (កូល៉ុស ៣:៨) សូម​កុំ​ឆាប់​ចុះ​ចាញ់​ពេក។ (កូរិនថូស​ទី​១ ១៣:៤,) ពេល​ស្អប់​អំពើ​អាក្រក់ សូម​ជៀស​វាង​ពី​ការ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​មេ​ត្ដា​ និង​មាន​ចិត្ត​មួម៉ៅ​ទៅ​លើ​កូន​របស់​អ្នក។ អ្វី​ដែល​សំខាន់​បំផុត គឺ​ថា​មាតា​បិតា​គួរ​ខំ​ធ្វើ​ជា​គំរូ​ដ៏​ល្អ និង​ខំ​រក្សា​ជំនឿ​របស់​គាត់​ទៅ​លើ​ព្រះ​ឲ្យ​បាន​មុត​មាំ។

ការ​ស៊ូ​ទ្រាំ​នឹង​កូន​មិន​ស្ដាប់​បង្គាប់​ដ៏​រឹង​ចចេស

២៤. តើ​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​អ្វី​ដែល​ជួន​កាល​មាន​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន? ហើយ​តើ​មាតា​បិតា​គួរ​មាន​ទឹក​ចិត្ត​យ៉ាង​ណា?

២៤ ក្នុង​ករណី​ខ្លះ គឺ​ឃើញ​ច្បាស់​ថា ក្មេង​ជំទង់​ម្នាក់​បាន​សម្រេច​ចិត្ត​ដាច់​ខាត ក្នុង​ការ​បះ​បោរ​ប្រឆាំង​និង​បដិសេធ​ចោល​ទាំង​ស្រុង​នូវ​គោល​ការណ៍​ព្រះ​គម្ពីរ។ បើ​ដូច្នេះ មាតា​បិតា​គួរ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​មើល​ថែ​រក្សា​កូន​ផ្សេង​ៗ​ទៀត។ សូម​ប្រុង​ប្រយ័ត្ន កុំ​ចំណាយ​កំឡាំង​និង​ប្រមូល​អារម្មណ៍​ទាំង​អស់​ទៅ​លើ​តែ​កូន​ដែល​បះ​បោរ​នោះ​តែ​ប៉ុណ្ណោះ ហើយ​បែរ​ជា​ព្រងើយ​កន្តើយ​នឹង​កូន​ឯ​ទៀត​ៗ​នោះ។ ជា​ជាង​ខំ​បិទ​បាំង​បញ្ហា​ពី​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ សូម​ពិគ្រោះ​រឿង​ទាំង​នោះ​ជា​មួយ​ពួក​គេ​ទៅ​តាម​កំរិត​សមរម្យ និង​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លែង​ព្រួយ​បារម្ភ។—ប្រៀប​មើល សុភាសិត ២០:១៨

២៥. (ក) ដោយ​ធ្វើ​តាម​គំរូ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន តើ​មាតា​បិតា​អាច​ធ្វើ​យ៉ាង​ណា បើ​កូន​ម្នាក់​ក្លាយ​ទៅ​ជា​អ្នក​មិន​ស្ដាប់​បង្គាប់​ដ៏​រឹង​ចចេស​នោះ? (ខ) តើ​មាតា​បិតា​គួរ​តែ​នឹក​ចាំ​អ្វី ប្រសិន​បើ​កូន​ម្នាក់​របស់​ខ្លួន​បះ​បោរ​នោះ?

២៥ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​អំពី​បុគ្គល​ដែល​ក្លាយ​ទៅ​ជា​អ្នក​បះ​បោរ​ដែល​កែ​លែង​បាន​នៅ​ក្នុង​ក្រុម​ជំនុំ​ថា៖ «នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំ​រាប​សួរ​ដល់​អ្នក​នោះ​ផង»។ (យ៉ូហាន​ទី​២ ១០) មាតា​បិតា​ប្រហែល​ជា​គិត​ថា ខ្លួន​គួរ​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ​ចំពោះ​កូន​របស់​ខ្លួន ប្រសិន​បើ​កូន​នោះ​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​បាន​បះ​បោរ​ប្រឆាំង​ទាំង​ស្រុង​ហើយ​នោះ។ ទោះ​ជា​ការ​ធ្វើ​បែប​នេះ​ពិបាក​យ៉ាង​ណា​ក៏​ដោយ ជួន​កាល​នោះ​គឺ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ ដើម្បី​ការ​ពារ​សមាជិក​ទាំង​ប៉ុន្មាន​ទៀត​ក្នុង​គ្រួសារ។ ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​ការ​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​និង​ការ​ពារ​បន្ត​ទៅ​មុខ​ទៀត។ ដូច្នេះ​ហើយ ចូរ​បន្ត​កំណត់​នូវ​វិន័យ​ជាក់​លាក់​ខាង​ចរិយា​ដែល​ប្រកប​ដោយ​ភាព​សម​ហេតុ​សម​ផល។ ចូរ​និយាយ​ជា​មួយ​កូន​ឯ​ទៀត​របស់​អ្នក។ សូម​ចាប់​អារម្មណ៍​នឹង​ការ​រីក​ចំរើន​របស់​ពួក​គេ​នៅ​ឯ​សាលា ព្រម​ទាំង​នៅ​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ។ ម្យ៉ាង​ទៀត សូម​ឲ្យ​កូន​ៗ​ដឹង​ថា ទោះ​ជា​អ្នក​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ការ​មិន​ស្ដាប់​បង្គាប់​របស់​កូន​មួយ​ទៀត​នោះ​ក៏​ដោយ ក៏​អ្នក​នៅ​តែ​ស្រឡាញ់​កូន​ដដែល។ ចូរ​លើក​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​របស់​កូន​នោះ​គឺ​អាក្រក់ ជា​ជាង​ប្រាប់​ថា​កូន​ឯង​អាក្រក់​ណាស់។ នៅ​ពេល​ដែល​កូន​ប្រុស​ពីរ​នាក់​របស់​យ៉ាកុប បាន​នាំ​សេចក្ដី​ទុក្ខ​វេទនា​មក​លើ​ក្រុម​គ្រួសារ ដោយ​សារ​អំពើ​ឃោរឃៅ​របស់​គេ នោះ​យ៉ាកុប​បាន​ដាក់​បណ្ដាសា​ទៅ​លើ​កំហឹង​ដ៏​ឃោរឃៅ​របស់​គេ មិន​មែន​ដាក់​បណ្ដាសា​កូន​ៗ​នោះ​ទេ។—លោកុប្បត្តិ ៣៤:១​-​៣១; ៤៩:៥​-​៧

២៦. តើ​មាតា​បិតា​ដែល​យក​ចិត្ត​ទុក​ដាក់​អាច​ទទួល​នូវ​ការ​សម្រាល​ទុក្ខ​អ្វី ប្រសិន​បើ​កូន​ម្នាក់​របស់​ខ្លួន​បះ​បោរ​នោះ?

២៦ អ្នក​ប្រហែល​ជា​គិត​ថា អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​អធិស្ឋាន​ថែម​ទាំង​ធ្វើ​អស់​ពី​សមត្ថភាព​របស់​អ្នក ហើយ​បាន​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ផ្ចិត​ផ្ចង់​ដែល​អាច​ធ្វើ​ទៅ​បាន នោះ​អ្នក​មិន​ចាំ​បាច់​ដាក់​ទោស​ខ្លួន​អ្នក​ច្រើន​ពេក​នោះ​ទេ។ អ្នក​អាច​មាន​អារម្មណ៍​ស្រួល​ដោយ​ដឹង​ថា គ្មាន​មាតា​បិតា​ណា​គ្រប់​ល័ក្ខ​ណ៍​ឡើយ ប៉ុន្តែ​អ្នក​ពិត​ជា​អាច​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ទៅ​ជា​មាតា​បិតា​ដ៏​ល្អ។ (ប្រៀប​មើល កិច្ច​ការ ២០:២៦) ប្រសិន​បើ​មាន​អ្នក​ណាម្នាក់​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​បះ​បោរ​ទាំង​ស្រុង នោះ​គឺ​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ​ប្រសិន​បើ​មាន​ក្នុង​គ្រួសារ​អ្នក​មែន នោះ​ចូរ​មាន​ទំនុក​ចិត្ត​ថា ព្រះ​ទ្រង់​យោគ​យល់​ហើយ​ទ្រង់​នឹង​មិន​បោះ​បង់​ចោល​ពួក​អ្នក​បំរើ​របស់​ទ្រង់​ឡើយ។ (ទំនុក​ដំ​កើង ២៧:១០) ដូច្នេះ​ចូរ​ប្ដេជ្ញា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក ជា​ទី​ជម្រក​មួយ​ដ៏​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​ខាង​វិញ្ញាណ​ចំពោះ​កូន​ទាំង​ប៉ុន្មាន​របស់​អ្នក​ចុះ។

២៧. ដោយ​នឹក​ចាំ​អំពី​រឿង​ប្រៀប​ប្រដូច​អំពី​កូន​បង្ហិន​ទ្រព្យ តើ​មាតា​បិតា​ដែល​មាន​កូន​បះ​បោរ​អាច​មាន​សេចក្ដី​សង្ឃឹម​អ្វី?

២៧ ម្យ៉ាង​វិញ​ទៀត អ្នក​មិន​គួរ​អស់​សង្ឃឹម​ឡើយ។ ការ​ខំ​ប្រឹង​នៅ​ដើម​ដំបូង​របស់​អ្នក​ក្នុង​ការ​អប់រំ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ ប្រហែល​ជា​យថាហេតុ​នឹង​មាន​អានុភាព​លើ​ចិត្ត​នៃ​កូន​បះ​បោរ​នេះ ហើយ​ក៏​នាំ​ឲ្យ​កូន​នេះ​ដឹង​ខ្លួន​វិញ​ដែរ។ (សាស្ដា ១១:៦) ក្រុម​គ្រួសារ​គ្រីស្ទាន​មួយ​ចំនួន បាន​មាន​បទ​ពិសោធន៍​ស្រដៀង​នឹង​អ្នក ហើយ​ខ្លះ​ក៏​មាន​កូន​បះ​បោរ​ដែរ ដែល​បាន​វិល​ត្រឡប់​មក​វិញ ដូច​ជា​កូន​បង្ហិន​ទ្រព្យ​ត្រឡប់​មក​រក​ឪពុក​វិញ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ។ (លូកា ១៥:១១​-​៣២) ព្រឹ​ត្ដិ​ការណ៍​ដូច​នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​អ្នក​ដែរ។