លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​ដប់

ពេលមានសមាជិកក្នុងក្រុមគ្រួសារឈឺ

ពេលមានសមាជិកក្នុងក្រុមគ្រួសារឈឺ

១, ២. តើ​តាម​របៀប​ណា​ដែល​សាតាំង​បាន​ប្រើ​ជំងឺ​និង​ការ​ធ្វើ​ឲ្យ​យ៉ូប​ឈឺ​ចាប់​ខ្លោច​ផ្សា ដើម្បី​ខំ​ប្រឹង​បំបាក់​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខ​ណ៍​របស់​គាត់​នោះ?

 លោក​យ៉ូប​ច្បាស់​ជា​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​អស់​អ្នក​ដែល​មាន​ជីវភាព​គ្រួសារ​ដ៏​ធូរ​ធារ។ ព្រះ​គម្ពីរ​ហៅ​គាត់​ជា​អ្នក«ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត»។ គាត់​មាន​កូន​ប្រុស​ប្រាំ​ពីរ​នាក់ និង​កូន​ស្រី​បី​នាក់ សរុប​ទៅ​គឺ​មាន​កូន​ដប់​នាក់។ គាត់​ក៏​មាន​ធន​ធាន​ដើម្បី​ចិញ្ចឹម​បី​បាច់​គ្រួសារ​របស់​គាត់​ដែរ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គាត់​បាន​នាំ​មុខ​ក្នុង​សកម្មភាព​ខាង​វិញ្ញាណ និង​បាន​ខ្វល់​ខ្វាយ​អំពី​ទំនាក់​ទំនង​នៃ​កូន​ៗ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល របស់​ទាំង​នេះ​បាន​នាំ​ឲ្យ​គ្រួសារ​មាន​ចំណង​ដ៏​ជិត​ស្និទ្ធ ថែម​ទាំង​សប្បាយ​រីករាយ​ទៀត​ផង។—យ៉ូប ១:១​-​៥

សាតាំង​ដែល​ជា​មេ​សត្រូវ​របស់​ព្រះ​យេហូវ៉ា ក៏​បាន​សង្កេត​ឃើញ​ស្ថានការណ៍​របស់​យ៉ូប​ដែរ។ សាតាំង​ដែល​តែង​តែ​ខំ​រក​មធ្យោបាយ​ដើម្បី​បំបាក់​នូវ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខ​ណ៍​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ បាន​ពាធា​យ៉ូប​ដោយ​បំផ្លាញ​គ្រួសារ​ដ៏​មាន​សុភមង្គល​របស់​គាត់។ រួច​មក វា«វាយ​យ៉ូប​ឲ្យ​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល»។ ដូច្នេះ​ហើយ សាតាំង​បាន​ប៉ុន​ប៉ង​បំបាក់​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខ​ណ៍​របស់​យ៉ូប ដោយ​ជំងឺ​និង​ការ​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ខ្លោច​ផ្សា។—យ៉ូប ២:៦, ៧

៣. តើ​អ្វី​ជា​លក្ខណៈ​នៃ​ជំងឺ​របស់​យ៉ូប?

ព្រះ​គម្ពីរ​មិន​បាន​ចែង​ប្រាប់​ឈ្មោះ​នៃ​ជំងឺ​របស់​យ៉ូប​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​អំពី​លក្ខណៈ​នៃ​រោគ​នោះ។ សាច់​របស់​គាត់​មាន​ដង្កូវ​ចុះ​កក្អៀច និង​ស្បែក​របស់​គាត់​មាន​ក្រមរ​រលួយ​រលេះ។ ដង្ហើម​របស់​យ៉ូប​មាន​ក្លិន​ស្អុយ​អសោចិ៍ ហើយរូប​កាយ​របស់​គាត់​ក៏​មាន​ក្លិន​មិន​ល្អ​ដែរ។ គាត់​បាន​ឈឺ​ចាប់​អស់​សព្វ​សព៌ាង្គកាយ​យ៉ាង​ខ្លាំង។ (យ៉ូប ៧:៥; ១៩:១៧; ៣០:១៧, ៣០) ដោយ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង នោះ​យ៉ូប​បាន​អង្គុយ​នៅ​ក្នុង​ផេះ និង​យក​អំបែង​ឆ្នាំង​កោស​ខ្លួន។ (យ៉ូប ២:៨) នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​អាណោចអាធ័ម​មែន!

៤. តើ​ការ​ពិសោធន៍​អ្វី​ដែល​គ្រួសារ​ទាំង​អស់​មាន​យូរ​ៗ​ម្ដង?

តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា បើ​អ្នក​ឈឺ​ចាប់​ដោយ​ជំងឺ​មួយ​ដ៏​ធ្ងន់​ធ្ងរ​យ៉ាង​នេះ? សព្វ​ថ្ងៃ​នេះ សាតាំង​មិន​ពាធា​ពួក​អ្នក​បំរើ​របស់​ព្រះ ដោយ​ប្រើ​ជំងឺ ដូច​ជា​វា​បាន​ធ្វើ​ដល់​យ៉ូប​នោះ​ទេ។ ក៏​ប៉ុន្តែ ដោយ​ព្រោះ​ភាព​ឥត​គ្រប់​ល័ក្ខ​ណ៍​របស់​មនុស្ស ការ​តាន​តឹង​ចំពោះ​ជីវិត​ជា​រៀង​រាល់​ថ្ងៃ និង​បរិយាកាស​ដែល​កាន់​តែ​អន់​ថយ នោះ​គឺ​ជា​ធម្មតា​ទេ ដែល​យូរ​ៗ​ម្ដង​មាន​សមាជិក​គ្រួសារ​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ។ ទោះ​ជា​យើង​ចាត់​វិធានការ​បង្ការ​ក៏​ដោយ តែ​យើង​គ្រប់​គ្នា​ក៏​អាច​ធ្លាក់​ខ្លួន​ឈឺ​ដែរ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់ ដែល​នឹង​រង​ទុក្ខ​ដល់​ថ្នាក់​ដូច​យ៉ូប​នោះ។ នៅ​ពេល​ដែល​ជំងឺ​រុក​រាន​ចូល​មក​ក្នុង​ក្រុម​គ្រួសារ​របស់​យើង នោះ​អាច​ជា​អ្វី​ដ៏​ពិបាក។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​ព្រះ​គម្ពីរ ជួយ​យើង​ឲ្យ​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​សត្រូវ​របស់​មនុស្សជាតិ ដែល​មាន​ជា​យូរ​មក​ហើយ​នេះ។—សាស្ដា ៩:១១; ធីម៉ូថេ​ទី​២ ៣:១៦

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ?

៥. តើ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ធម្មតា​ប្រព្រឹត្ត​យ៉ាង​ណា ពេល​មាន​ជំងឺ​អស់​មួយ​រយៈ​នោះ?

ទោះ​ជា​មាន​បុព្វហេតុ​យ៉ាង​ណា​ក៏​ដោយ ការ​រំខាន​ដល់​របៀប​រៀប​រយ​ធម្មតា​នៃ​ជីវិត គឺ​រមែង​តែង​ពិបាក ហើយ​ជា​ពិសេស​គឺ​ដូច្នេះ​មែន ប្រសិន​បើ​ការ​រំខាន​បាន​បណ្ដាល​មក​ពី​ជំងឺ​ដែល​មាន​ឥត​ល្ហែ​នោះ។ សូម្បី​តែ​ជំងឺ​ដែល​មាន​រយៈ​ពេល​ខ្លី ក៏​តម្រូវ​ឲ្យ​មាន​ការ​ប្រែ​ប្រួល ការ​អនុគ្រោះ និង​ការ​ធ្វើ​ពលិកម្ម​ដែរ។ សមាជិក​គ្រួសារ​ដែល​មាន​សុខភាព​ល្អ ប្រហែល​ជា​ត្រូវ​នៅ​ឲ្យ​បាន​ស្ងាត់​ស្ងៀម ដើម្បី​ឲ្យ​អ្នក​ជំងឺ​អាច​សំ​រាក​បាន។ ពួក​គេ​ប្រហែល​ជា​ត្រូវ​បោះ​បង់​ចោល​នូវ​សកម្មភាព​ណា​មួយ។ ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុម​គ្រួសារ​ភាគ​ច្រើន សូម្បី​តែ​កូន​ក្មេង​តូច​ៗ​ក៏​មាន​ចិត្ត​មេ​ត្ដា​ចំពោះ​បង​ប្អូន​ឬ​មាតា​បិតា​ដែល​ឈឺ​នោះ​ដែរ ទោះ​ជា​យូរ​ៗ​ម្ដង ក៏​ត្រូវ​រំឭក​ឲ្យ​ពួក​គេ​ចេះ​គិត​ចំពោះ​អ្នក​ដទៃផង​ដែរ។ (កូល៉ុស ៣:១២) ក្នុង​ករណី​មាន​ជំងឺ​អស់​មួយ​រយៈ នោះ​ក្រុម​គ្រួសារ​ធម្មតា​ប្រុង​ប្រៀប​ជា​ស្រេច ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ​ការ។ ម្យ៉ាង​ទៀត សមាជិក​គ្រួសារ​និ​មួយ​ៗ​សង្ឃឹម​ថា គាត់​ក៏​នឹង​ទទួល​បាន​សមានចិត្ត​ដូច​នេះ​ដែរ បើ​គាត់​ឈឺ​នោះ។—ម៉ាថាយ ៧:១២

៦. តើ​ជួន​កាល​មាន​ប្រតិកម្ម​យ៉ាង​ណា ប្រសិន​បើ​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​អស់​រយៈ​ពេល​យូរ​នោះ?

ចុះ​យ៉ាង​ណា​វិញ ប្រសិន​បើ​ជំងឺ​នោះ​គឺ​ធ្ងន់​ធ្ងរ និង​មាន​ការ​រំខាន​ដ៏​ធំ​ហើយ​យូរ​ទៀត​នោះ? ជា​ឧទាហរណ៍ ចុះ​យ៉ាង​ណា​វិញ​បើ​អ្នក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល គឺ​ឈឺ​បែប​នេះ​ដោយ​រោគ​អាល​ហ្សី​មឺ​(ជំងឺ​ភ្លេច​ភ្លាំង) ឬ​ក៏​ខ្សោយ​ដោយ​ជំងឺ​ឯ​ទៀត​នោះ? ឬ​ចុះ​យ៉ាង​ណា​វិញ ប្រសិន​បើ​សមាជិក​ម្នាក់​នៃ​ក្រុម​គ្រួសារ មាន​ជំងឺ​វិកល​ចរិត? ប្រតិកម្ម​ដំបូង​ដែល​ជា​ធម្មតា​គឺ​ការ​អាណិត​អាសូរ និង​ព្រួយ​បារម្ភ​ចំពោះ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​កំពុង​តែ​រង​ទុក្ខ​នឹង​ជំងឺ​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ ក្រោយ​ពី​សេចក្ដី​អាណិត​អាសូរ គឺ​មាន​ប្រតិកម្ម​ផ្សេង​ៗ​ទៀត។ កាល​ដែល​សមាជិក​ទាំង​ឡាយ​ដឹង​ថា នេះ​មាន​អានុភាព​លើ​ខ្លួន​យ៉ាង​ខ្លាំង និង​សេរី​ភាព​របស់​ខ្លួន​មាន​កំរិត​ដោយ​សារ​ជំងឺ​នៃ​បុគ្គល​ម្នាក់ នោះ​ពួក​គេ​ប្រហែល​ជា​មាន​ការ​តូច​ចិត្ត។ ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា៖ «ហេតុ​អ្វី​បាន​ជា​នេះ​កើត​ឡើង​ដល់​ខ្ញុំ​ដូច្នេះ?»។

៧. តើ​ភរិយា​របស់​យ៉ូប​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ជំងឺ​របស់​យ៉ូប? ហើយ​តាម​មើល​ទៅ តើ​គាត់​បាន​ភ្លេច​អំពី​អ្វី?

ភរិយា​របស់​លោក​យ៉ូប​ក៏​ហាក់​ដូច​ជា​មាន​គំនិត​ស្រដៀង​នឹង​នេះ​ដែរ។ ចាំ​ទេ! គាត់​បាន​បាត់​បង់​កូន​ចៅ​និង​ផ្ទះ​របស់​គាត់​ទៅ​ហើយ កាល​ដែល​ព្រឹ​ត្ដិ​ការណ៍​ដ៏​ខ្លោច​ផ្សា​នោះ​បាន​កើត​ឡើង នោះ​គាត់​ច្បាស់​ជា​មាន​ការ​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ៗ។ នៅ​ទី​បំផុត កាល​ដែល​គាត់​ឃើញ​ស្វាមី​របស់​គាត់ ដែល​ពី​ដើម​មាន​សកម្មភាព​និង​កម្លាំង​ស្វាហាប់ ហើយ​ឥឡូវ​មាន​រោគ​មួយ​ដ៏​ពើត​ផ្សា​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទៀត នោះ​គាត់​ហាក់​ដូច​បាន​ភ្លេច​នូវ​កត្ដា​សំខាន់ ដែល​មាន​ខ្លឹម​សារ​ជាង​ព្រឹ​ត្ដិ​ការណ៍​ដែល​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​ទាំង​នេះ​គឺ​ជា ទំនាក់​ទំនង​ដែល​គាត់​និង​ស្វាមី​របស់​គាត់​មាន​ជា​មួយ​ព្រះ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ឯ​ប្រពន្ធ​លោក[យ៉ូប] នាង​និយាយ​ថា៖ ‹អ្នក​នៅ​តែ​រក្សា​លក្ខណៈ​ខ្លួន​ទៀត​ឬ? ចូរ​ប្រមាថ​ដល់​ព្រះ​ហើយ​ស្លាប់​ទៅ​ចុះ!›»។—យ៉ូប ២:៩

៨. នៅ​ពេល​ដែល​សមាជិក​ម្នាក់​ឈឺ​ធ្ងន់ តើ​បទ​គម្ពីរ​មួយ​ណា​ដែល​នឹង​ជួយ​សមាជិក​គ្រួសារ​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​នោះ?

មនុស្ស​ជា​ច្រើន​មាន​ចិត្ត​អន្ទះអន្ទែង ព្រម​ទាំង​ខឹង​ទៀត​ផង ពេល​ដែល​ជីវិត​របស់​ខ្លួន គឺ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ដោយ​ជំងឺ​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ ក៏​ប៉ុន្តែ នៅ​ទី​បំផុត គ្រីស្ទាន​ម្នាក់​ដែល​ចេះ​វែក​ញែក​អំពី​ព្រឹ​ត្ដិ​ការណ៍​នេះ គួរ​ទទួល​ស្គាល់​ថា នេះ​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ឱកាស​ដើម្បី​សម្ដែង​នូវ​ភាព​ស្មោះ​ត្រង់​នៃ​សេចក្ដី​ស្រឡាញ់​របស់​គាត់។ សេចក្ដី​ស្រឡាញ់​ពិត«តែង​តែ​អត់​ធ្មត់ ហើយ​ក៏​សប្បុរស . . . [និង] មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន . . . ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់»។ (កូរិនថូស​ទី​១ ១៣:៤​-​៧) ដូច្នេះ ជា​ជាង​ឲ្យ​អារម្មណ៍​ដ៏​មិន​ល្អ​មាន​អានុភាព​លើ​យើង គឺ​ចាំ​បាច់​ដែល​យើង​ខំ​ប្រឹង​ឲ្យ​ចេះ​ទប់​អារម្មណ៍។—សុភាសិត ៣:២១

៩. នៅ​ពេល​ដែល​សមាជិក​គ្រួសារ​ឈឺ​ធ្ងន់ តើ​ការ​ធានា​រ៉ាប់​រង​អ្វី​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​ទាំង​ខាង​វិញ្ញាណ​និង​ខាង​ផ្លូវ​ចិត្ត?

នៅ​ពេល​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ឈឺ​ធ្ងន់ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ការ​ពារ​សុខុមាលភាព​ខាង​វិញ្ញាណ​និង​ខាង​ផ្លូវ​ចិត្ត​របស់​ក្រុម​គ្រួសារ​នោះ? ប្រាកដ​ហើយ ជំងឺ​និ​មួយ​ៗ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ព្យាបាល​បែប​ផ្សេង​ៗ ហើយ​គឺមិន​ត្រឹម​ត្រូវ​ទេ​ប្រសិន​បើ​ប្រកាស​នវ​ត្ថុ​នេះ​ប្រាប់​ពី​របៀប​ព្យាបាល​ខាង​ពេទ្យ ឬ​របៀប​ព្យាបាល​តាម​វិធី​បុរាណ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​ន័យ​ធៀប​សំដៅ​ទៅ​កាល​ដែល​ព្រះ​យេហូវ៉ា«ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ»។ (ទំនុក​ដំ​កើង ១៤៥:១៤) ស្តេ​ច​ដាវីឌ​បាន​សរសេរ​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មាន​អធ្យាស្រ័យ​ដល់​ពួក​មនុស្ស​ក្រី​ក្រ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ . . . ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ»។ (ទំនុក​ដំ​កើង ៤១:១​-​៣) ព្រះ​យេហូវ៉ា​ថែ​រក្សា​សុខភាព​ខាង​វិញ្ញាណ​របស់​ពួក​អ្នក​បំរើ​របស់​ទ្រង់​ឲ្យ​នៅ​គង់​វង្ស ទោះ​ជា​ពេល​ដែល​ពួក​គេ​បាន​ត្រូវ​សាក​ល្បង​ខាង​ផ្លូវ​ចិត្ត​ហួស​ពី​កម្លាំង​របស់​ពួក​គេ​ក៏​ដោយ។ (កូរិនថូស​ទី​២ ៤:៧) សមាជិក​ជា​ច្រើន​ដែល​មាន​ជំងឺ​ដ៏​ធ្ងន់​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន បាន​បន្លឺ​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុក​ដំ​កើង ដែល​ថា៖ «ទូល​បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ប្រោស​ឲ្យ​ទូល​បង្គំ​មាន​កំឡាំង​ឡើង តាម​ព្រះ​បន្ទូល​ទ្រង់»។—ទំនុក​ដំ​កើង ១១៩:១០៧

ការ​មាន​ចិត្ត​គំនិត​វិជ្ជមាន

១០, ១១. (ក) តើ​អ្វី​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​ស៊ូ​ទ្រាំ​នឹង​ជំងឺ​នោះ​បាន​ដោយ​ជោគ​ជ័យ? (ខ) តើ​ស្ត្រី​ម្នាក់​បាន​ស៊ូ​ទ្រាំ​នឹង​ជំងឺ​នៃ​ស្វាមី​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១០ សុភាសិត​ព្រះ​គម្ពីរ​ចែង​ថា៖ «វិញ្ញាណ​នៃ​មនុស្ស​នឹង​ទប់​ទល់​ខ្លួន​ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់​បែក តើ​អ្នក​ណា​នឹង​ទ្រាំ​បាន?»។ (សុភាសិត ១៨:១៤) ភាព​តក់​ស្លុត​អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​ក្រុម​គ្រួសារ​មួយ​ឈឺ​ចាប់ ព្រម​ទាំង‹វិញ្ញាណ​នៃ​មនុស្ស​ម្នាក់›ទៀត​ផង។ ក៏​ប៉ុន្តែ «ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំ​ងាប់»។ (សុភាសិត ១៤:៣០) សមត្ថភាព​របស់​ក្រុម​គ្រួសារ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​បាន​ជោគ​ជ័យ ច្រើន​តែ​ពឹង​ពាក់​ទៅ​លើ​អាកប្បកិរិយា ឬ​ចិត្ត​គំនិត​នៃ​សមាជិក​និ​មួយ​ៗ​ក្នុង​គ្រួសារ​នោះ។—ប្រៀប​មើល សុភាសិត ១៧:២២

១១ ស្ត្រី​គ្រីស្ទាន​ម្នាក់​បាន​ស៊ូ​ទ្រាំ ពេល​ដែល​ស្វាមី​របស់​គាត់​ពិការ ដោយ​សារ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល គ្រាន់​តែ​ប្រាំ​មួយ​ឆ្នាំ​ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ​ហើយ។ គាត់​នឹក​ចាំ​ថា៖ «នោះ​បាន​ប៉ះ​ពាល់​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​ប្ដី​ខ្ញុំ ហើយ​ខ្ញុំ​និយាយ​ជា​មួយ​គាត់​សឹង​តែ​ពុំ​បាន។ ខ្ញុំ​ត្រូវ​ប្រឹង​ប្រែង​គិត​យ៉ាង​ខ្លាំង ដើម្បី​យល់​អ្វី​ដែល​គាត់​ខំ​និយាយ»។ សូម​គិត​ផង​ដែរ​អំពី​ការ​ឈឺ​ចុក​ចាប់​និង​ការ​អន្ទះអន្ទែង​ដែល​ស្វាមី​នោះ​ពិសោធន៍។ តើ​គូ​ស្វាមីភរិយា​នេះ​បាន​ធ្វើ​អ្វី? ទោះ​ជា​ពួក​គាត់​រស់​នៅ​យ៉ាង​ឆ្ងាយ​ពី​ក្រុម​ជំនុំ​គ្រីស្ទាន​ក៏​ដោយ តែ​បង​ស្រី​នេះ​បាន​ខំ​ប្រឹង​យ៉ាង​មុត​មាំ​ខាង​វិញ្ញាណ ដោយ​អាន​ព​ត៌​មាន​ថ្មី​ៗ​ពី​អង្គការ​របស់​យើង ព្រម​ទាំង​បន្ត​ទទួល​យក​ម្ហូប​អាហារ​ខាង​វិញ្ញាណ ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! នេះ​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​កម្លាំង​ខាង​វិញ្ញាណ ដើម្បី​មើល​ថែ​រក្សា​ស្វាមី​ជា​ទី​ស្រឡាញ់​របស់​គាត់ រហូត​ដល់​ស្វាមី​របស់​គាត់​ស្លាប់​នៅ​បួន​ឆ្នាំ​ក្រោយ​មក។

១២. ដូច​បាន​ឃើញ​ក្នុង​ករណី​របស់​យ៉ូប តើ​ជួន​កាល​អ្នក​ឈឺ​អាច​ជួយ​យ៉ាង​ដូច​ម្ដេច?

១២ ក្នុង​ករណី​របស់​យ៉ូប គឺ​ជា​គាត់​ដែល​បាន​រង​ទុក្ខ ប៉ុន្តែ​គាត់​នៅ​តែ​មាន​ជំនឿ​មុត​មាំ។ គាត់​បាន​សួរ​ភរិយា​គាត់​ថា៖ «ម៉េច! យើង​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្ដី​អាក្រក់​ដែរ​ទេ​ឬ?»។ (យ៉ូប ២:១០) ដូច្នេះ​ហើយ បាន​ជា​យ៉ាកុប​សំដៅ​ទៅ​លោក​យ៉ូប ជា​គំរូ​ដ៏​អស្ចារ្យ​ចំពោះ​ការ​អត់​ធ្មត់​និង​ការ​ស៊ូ​ទ្រាំ! នៅ​យ៉ាកុប ៥:១១ យើង​អាន​ថា៖ «ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ពី​សេចក្ដី​អត់​ធ្មត់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេ​ត្ដា​ករុណា និង​សេចក្ដី​អាណិត​អាសូរ​ពោរ​ពេញ​ដែរ»។ ស្រដៀង​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ ក្នុង​ករណី​ជា​ច្រើន នោះ​អាកប្បកិរិយា​ដ៏​ក្លាហាន​នៃ​សមាជិក​ដែល​ឈឺ បាន​ជួយ​អ្នក​ដទៃ​ក្នុង​គ្រួសារ​ឲ្យ​រក្សា​នូវ​ទស្សនៈ​ដ៏​ល្អ។

១៣. តើ​ក្រុម​គ្រួសារ​ដែល​កំពុង​តែ​ពិសោធ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ មិន​គួរ​ធ្វើ​ការ​ប្រៀប​ធៀប​អ្វី?

១៣ មនុស្ស​ភាគ​ច្រើន​ដែល​ធ្លាប់​ប្រឈម​មុខ​នឹង​ជំងឺ​ក្នុង​ក្រុម​គ្រួសារ យល់​ស្រប​ថា មុន​ដំបូង មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ គឺ​ពិបាក​ក្នុង​ការ​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ដ៏​ពិបាក​នោះ។ ពួក​គេ​ក៏​បាន​ចង្អុល​បញ្ជាក់​ថា ទស្សនៈ​របស់​មនុស្ស​ម្នាក់​ចំពោះ​កាលៈទេសៈ​បែប​នេះ គឺ​សំខាន់​ណាស់។ នៅ​ដើម​ដំបូង ការ​ផ្លាស់​ប្ដូរ​និង​ការ​កែ​សម្រួល​របៀប​រៀប​រយ​ក្នុង​ក្រុម​គ្រួសារ អាច​ជា​ការ​ពិបាក។ ប៉ុន្តែ បើ​បុគ្គល​ម្នាក់​ពិត​ជា​ខំ​ប្រឹង នោះ​គាត់​អាច​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​ថ្មី​នេះ។ ក្នុងការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​សំខាន់​ដែល​យើង​មិន​ប្រៀប​ធៀប​កាលៈទេសៈ​របស់​យើង​ជា​មួយ​នឹង​អ្នក​ដទៃ ដែល​ឥត​មាន​អ្នក​ជំងឺ​ក្នុង​គ្រួសារ ហើយ​សូម​កុំ​ចាប់​ផ្ដើម​គិត​ថា ជីវិត​របស់​គេ​គឺ​ស្រួល​ជាង ដោយ​និយាយ​ថា ‹គ្មាន​យុ​ត្ដិ​ធម៌​សោះ​ឡើយ!›។ តាម​ការ​ពិត គ្មាន​អ្នក​ណា​ម្នាក់​ដែល​ពិត​ជា​ដឹង​នូវ​បន្ទុក​ដែល​អ្នក​ដទៃ​ត្រូវ​តែ​ទទួល​នោះ​ទេ។ ពួក​គ្រីស្ទាន​ទាំង​អស់​មាន​ការ​សម្រាល​ទុក្ខ​ពី​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​ថា៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំ​រាក»។—ម៉ាថាយ ១១:២៨

ការ​ចាត់​ទុក​អ្វី​ជា​អាទិភាព

១៤. តើ​អាទិភាព​ដ៏​ត្រឹម​ត្រូវ​អាច​ត្រូវ​ចាត់​ចែង​យ៉ាង​ដូច​ម្ដេច?

១៤ ក្នុង​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ គឺ​នឹង​មាន​ប្រយោជន៍​ឲ្យ​គ្រួសារ​ចង​ចាំ​នូវ​ពាក្យ​ដែល​ព្រះ​បណ្ដាល​ឲ្យ​តែង​នេះ​ថា៖ «ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ»។ (សុភាសិត ១៥:២២) តើ​សមាជិក​គ្រួសារ​អាច​មក​ជួប​ជុំ​គ្នា​ពិគ្រោះ​កាលៈទេសៈ​បែប​នេះ ដែល​បាន​បណ្ដាល​មក​ពី​ជំងឺ​បាន​ទេ? គឺ​ប្រាកដ​ជា​សម​ហេតុ​ផល​ដើម្បី​ធ្វើ​ដូច្នេះ ដោយ​អធិស្ឋាន​និង​បែរ​មក​រក​ការ​ដឹក​នាំ​ពី​បន្ទូល​របស់​ព្រះ។ (ទំនុក​ដំ​កើង ២៥:៤) តើ​អ្វី​ដែល​គួរ​យក​មក​ពិចារណា​ក្នុង​ការ​ពិគ្រោះ​បែប​នេះ? គឺ​មាន​ការ​សម្រេច​ចិត្ត​អំពី​ការ​ព្យាបាល លុយ​កាក់ និង​រឿង​ក្រុម​គ្រួសារ។ តើ​អ្នក​ណា​នឹង​ផ្ដល់​ការ​ថែ​រក្សា​ជា​ចំ​បង​នោះ? តើ​គ្រួសារ​អាច​រួម​កម្លាំង​គ្នា​គាំទ្រ​ការ​មើល​ថែ​រក្សា​នោះ​បាន​ទេ? តើ​របៀប​រៀប​ចំ​ដែល​បាន​ចាត់​ចែង​នឹង​មាន​អានុភាព​លើ​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច? តើ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​និង​សេចក្ដី​ត្រូវ​ការ​ផ្សេង​ៗ​ទៀត របស់​អ្នក​ដែល​ផ្ដល់​ជំនួយ​ក្នុង​ការ​មើល​ថែ​រក្សា​យ៉ាង​ណា​ដែរ?

១៥. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​គាំទ្រ​អ្វី ចំពោះ​គ្រួសារ​ដែល​កំពុង​តែ​ពិសោធ​នឹង​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ?

១៥ ការ​ខំ​ប្រឹង​អធិស្ឋាន​រក​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា ហើយ​រំពឹង​គិត​លើ​បន្ទូល​របស់​ទ្រង់ និង​ដើរ​តាម​ផ្លូវ​យ៉ាង​ក្លាហាន​ដែល​បាន​បញ្ជាក់​ដោយ​ព្រះ​គម្ពីរ រមែង​តែង​នាំ​ឲ្យ​មាន​ប្រសិទ្ធិ​ពរ​ដែល​ហួស​ពី​ការ​គិត​ជា​មុន។ ជំងឺ​នៃ​សមាជិក​ដែល​ឈឺ​ក្នុង​គ្រួសារ ប្រហែល​ជា​មិន​អាច​ធូរ​ស្បើយ​នោះ​ទេ។ ក៏​ប៉ុន្តែ ការ​ពឹង​លើ​ព្រះ​យេហូវ៉ា​រមែង​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​ល្អ​បំផុត ទោះ​ស្ថិត​ក្នុង​ស្ថានការណ៍​ណា​ក៏​ដោយ។ (ទំនុក​ដំ​កើង ៥៥:២២) អ្នក​តែង​បទ​ទំនុក​ដំ​កើង​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សេចក្ដី​សប្បុរស​នៃ​ទ្រង់​បាន​ទប់​ទល់​ទូល​បង្គំ គ្រា​ដែល​ទូល​បង្គំ​មាន​គំនិត​សាន់វ័ណ្ឌ​ក្នុង​ចិត្ត​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីករាយ​ដល់​ព្រលឹង​ទូល​បង្គំ​វិញ»។—ទំនុក​ដំ​កើង ៩៤:១៨, ១៩; សូម​មើល​ផង​ដែរ​នូវ​ទំនុក​ដំ​កើង ៦៣:៦​-​៨

ការ​ជួយ​កូន​ចៅ

នៅ​ពេល​ដែល​ក្រុម​គ្រួសារ​សហការ​គ្នា នោះ​អាច​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​បញ្ហា​ទាំង​ប៉ុន្មាន

១៦, ១៧. តើ​ចំណុច​ណា​ខ្លះ​អាច​ត្រូវ​ពិគ្រោះ​ជា​មួយ​កូន​ៗ​ឯ​ទៀត ពេល​មាតា​បិតា​និយាយ​អំពី​ជំងឺ​នៃ​បង​ប្អូន​របស់​ពួក​គេ​នោះ?

១៦ ជំងឺ​ដ៏​ធ្ងន់​ធ្ងរ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ចំពោះ​កូន​ចៅ​ក្នុង​គ្រួសារ​នោះ។ គឺ​ជា​ការ​សំខាន់​ដែល​មាតា​បិតា​ជួយ​បុត្រ​ធីតា​ឲ្យ​យល់​នូវ​សេចក្ដី​ត្រូវ​ការ​ផ្សេង​ៗ និង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​ជួយ។ បើ​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​គឺ​ជា​កូន​ក្មេង នោះ​មាតា​បិតា​ត្រូវ​ជួយ​កូន​ឯ​ទៀត​ៗ​ឲ្យ​យល់​ថា ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​កូន​ដែល​ឈឺ​នោះ មិន​មាន​ន័យ​ថា មាតា​បិតា​ស្រឡាញ់​កូន​ៗ​ឯ​ទៀត​តិច​ជាង​នោះ​ទេ។ ជា​ជាង​អនុញ្ញាត​ឲ្យ​មាន​ការ​តូច​ចិត្ត​ឬ​ការ​ទាស់​ទែង​គ្នា នោះ​មាតា​បិតា​អាច​ជួយ​បុត្រ​ធីតា​ឯ​ទៀត​ឲ្យ​មាន​ចំណង​ជិត​ស្និទ្ធ​នឹង​គ្នា និង​មាន​សេចក្ដី​ស្រឡាញ់​ពិត កាល​ដែល​ពួក​គេ​រួម​ដៃ​គ្នា​ក្នុង​ការ​ស៊ូ​ទ្រាំ​នឹង​ស្ថានការណ៍ ដែល​បាន​បណ្ដាល​មក​ពី​ជំងឺ​នោះ។

១៧ កូន​ៗ​នឹង​ប្រព្រឹត្ត​តាម​យ៉ាង​ស្រួល បើ​មាតា​បិតា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពួក​គេ ជា​ជាង​ពន្យល់​យ៉ាង​ស្មុគ​ស្មាញ​អំពី​លក្ខណៈ​ជំងឺ​នោះ។ ដូច្នេះ មាតា​បិតា​អាច​ប្រាប់​ព​ត៌​មាន​អំពី​អ្វី​ដែល​សមាជិក​ដែល​ឈឺ​ក្នុង​គ្រួសារ​កំពុង​តែ​ឆ្លង​កាត់។ បង​ប្អូន​អ្នក​ដែល​ឈឺ​នោះ​នឹង​ឃើញ​ថា បង​ប្អូន​របស់​ខ្លួន​ដែល​ឈឺ​មិន​អាច​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដែល​ជា​កិច្ច​ការ​ធម្មតា​ចំពោះ​គេ​នោះ នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន‹សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន› និង​មាន​ចិត្ត«អាណិត​អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន»ទៀត​ផង។—ពេត្រុស​ទី​១ ៣:៨

១៨. តើ​កូន​ធំ​ៗ​អាច​ត្រូវ​ជួយ​ឲ្យ​យល់​អំពី​បញ្ហា ដែល​បាន​បណ្ដាល​មក​ពី​ជំងឺ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​អាច​មាន​ប្រយោជន៍​ដល់​ពួក​គេ​យ៉ាង​ណា?

១៨ ក៏​គួរ​ជួយ​កូន​ធំ​ៗ​ឯ​ទៀត​ឲ្យ​ដឹង​ថា មាន​កាលៈទេសៈ​ដ៏​ពិបាក និង​តម្រូវ​នូវ​ការធ្វើ​ពលិកម្ម​ពី​មនុស្ស​គ្រប់​គ្នា​ក្នុង​គ្រួសារ។ ឥឡូវ ដោយ​សារ​ត្រូវ​តែ​បង់​លុយ​ថ្លៃ​មន្ទីរ​ពេទ្យ​និង​ថ្នាំ​ព្យាបាល​នោះ ប្រហែល​ជា​មាតា​បិតា​មិន​អាច​ទិញ​អ្វី​តាម​តែ​ចិត្ត​ចង់​សំ​រាប់​កូន​ឯ​ទៀត​ឡើយ។ តើ​កូន​ៗ​នឹង​តូច​ចិត្ត​ហើយ​គិត​ថា ពួក​គេ​កំពុង​តែ​ត្រូវ​បង្អត់​ពី​អ្វី​ដែល​គេ​ត្រូវ​ការ​ទេ? ឬ​ក៏​តើ​ពួក​គេ​នឹង​យល់​នូវ​កាលៈទេសៈ​នោះ​ហើយ​សុខ​ចិត្ត​ធ្វើ​ពលិកម្ម​ដែល​ជា​ចាំ​បាច់​នោះ? នេះ​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​រឿង​នេះ​ត្រូវ​ពិគ្រោះ​និង​ចិត្ត​គំនិត​ដែល​ត្រូវ​បណ្ដុះ​បណ្ដាល​ក្នុង​ក្រុម​គ្រួសារ។ ប្រាកដ​ហើយ នៅ​ក្នុង​គ្រួសារ​ជា​ច្រើន ជំងឺ​នៃ​សមាជិក​ម្នាក់​បាន​ជួយ​បង្ហាត់​បង្រៀន​កូន​ៗ​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល ដែល​ថា៖ «កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង»។—ភីលីព ២:៣, ៤

ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ព្យាបាល​ខាង​ពេទ្យ

១៩, ២០. (ក) តើ​ភារកិច្ច​អ្វី​ដែល​មេ​គ្រួសារ​ត្រូវ​តែ​បំពេញ ពេល​មាន​សមាជិក​ម្នាក់​ឈឺ​ក្នុង​ក្រុម​គ្រួសារ? (ខ) ទោះ​ជា​ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​វេជ្ជសាស្ត្រ​ក៏​ដោយ តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​ផ្ដល់​ការ​ណែនាំ​ក្នុង​ការ​ព្យាបាល​ជំងឺ?

១៩ ពួក​គ្រីស្ទាន​ដែល​មាន​តុល្យភាព មិន​បដិសេធ​ចោល​ការ​ព្យាបាល​ខាង​ពេទ្យ​ទេ ឲ្យ​តែ​នេះ​មិន​បំពាន​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ។ នៅ​ពេល​ដែល​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ឈឺ ពួក​គ្រីស្ទាន​មាន​ចិត្ត​ខ្នះ​ខ្នែង​ជួយ​ធ្វើ​ឲ្យ​ធូរ​ស្បើយ​ពី​ការ​រង​ទុក្ខ​របស់​បុគ្គល​ដែល​ឈឺ​នោះ។ ក៏​ប៉ុន្តែ ប្រហែល​ជា​អ្នក​ជំនាញ​អាច​មាន​ទស្សនៈ​ខុស​ស្រឡះ​ពី​គ្នា ដែល​អ្នក​ត្រូវ​តែ​យក​មក​គិត​ថ្លឹង​ថ្លែង។ បន្ថែម​ទៀត ជំងឺ​និង​ពិការភាព​ដែល​ទើប​នឹង​មាន​ឡើង​នៅ​ថ្មី​ៗ​នេះ​បាន​កើត​ឡើង​ដោយ​គ្មាន​ការ​ដឹង​ទុក​ជា​មុន ហើយ​ចំពោះ​រោគ​ជា​ច្រើន​ទាំង​នេះ គឺ​ឥត​មាន​វិធី​ព្យាបាល​ដូច​ដែល​គេ​ប្រើ​ជា​ទូទៅ​នោះ​ទេ។ សូម្បី​តែ​រោគ​ដែល​មាន​ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ ក៏​ជួន​កាល​ពិបាក​ដែរ។ បើ​ដូច្នេះ តើ​គ្រីស្ទាន​ម្នាក់​គួរ​តែ​ធ្វើ​យ៉ាង​ណា?

២០ ទោះ​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ជា​គ្រូ​ពេទ្យ និង​សាវ័ក​ប៉ុល​បាន​ផ្ដល់​នូវ​ឱវាទ​ដ៏មាន​ប្រយោជន៍​ខាង​ពេទ្យ​ដល់​ធីម៉ូថេ​ជា​មិត្ត​របស់​គាត់ នោះ​បទ​គម្ពីរ​ផ្ដល់​ឲ្យ​ការ​ណែនាំ​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ មិន​មែន​ជា​សៀវភៅ​វេជ្ជសាស្ត្រ​ទេ។ (កូល៉ុស ៤:១៤; ធីម៉ូថេ​ទី​១ ៥:២៣) ដូច្នេះ​ហើយ ចំពោះ​ការ​ព្យាបាល​ខាង​ពេទ្យ​នោះ មេ​គ្រួសារ​ជា​គ្រីស្ទាន​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ផ្ទាល់​ខ្លួន ដោយ​មាន​តុល្យភាព។ ប្រហែល​ជា​ពួក​គេ​ត្រូវ​ការ​យោបល់​របស់​វេជ្ជបណ្ឌិត​ឯ​ទៀត​ផង​ដែរ។ (ប្រៀប​មើល សុភាសិត ១៨:១៧) ពួក​គេ​ប្រាកដ​ជា​ចង់​បាន​ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សំ​រាប់​សមាជិក​ដែល​ឈឺ ហើយ​ពួក​គេ​ភាគ​ច្រើន​ស្វែង​រក​ការ​ព្យាបាល​ក្នុង​ចំណោម​គ្រូ​ពេទ្យ។ អ្នក​ខ្លះ​ចូល​ចិត្ត​វិធី​ព្យាបាល​ជំងឺ តាម​បែប​ផ្សេង​ក្រៅ​ពី​វេជ្ជសាស្ត្រ​ធម្មតា។ នេះ​ក៏​ជា​សេចក្ដី​សម្រេច​ផ្ទាល់​ខ្លួន​ដែរ។ ក៏​ប៉ុន្តែ ពេល​ដែល​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​ខាង​សុខភាព ពួក​គ្រីស្ទាន​មិន​ឈប់​ឲ្យ‹បន្ទូល​របស់​ព្រះ ជា​ចង្កៀង​ដល់​ជើង​គេ និង​ជា​ពន្លឺ​ដល់​ផ្លូវ​របស់​គេ​នោះ​ទេ›។ (ទំនុក​ដំ​កើង ១១៩:១០៥) ពួក​គេ​បន្ត​ធ្វើ​តាម​គោល​ការណ៍​ណែនាំ​ដែល​បានចែង​មក​ក្នុង​ព្រះ​គម្ពីរ។ (អេសាយ ៥៥:៨, ៩) ដូច្នេះ​ហើយ ពួក​គេ​បដិសេធ​ចោល​នូវ​វិធី​ព្យាបាល​ជំងឺ​ដែល​មាន​មន្ត​អាគម ហើយ​ពួក​គេ​ចៀស​វាង​ពី​វិធី​ព្យាបាល​ដែល​បំពាន​លើ​គោល​ការណ៍​ព្រះ​គម្ពីរ។—ទំនុក​ដំ​កើង ៣៦:៩; កិច្ច​ការ ១៥:២៨, ២៩; វិវរណៈ ២១:៨

២១, ២២. តើ​ស្ត្រី​អាស៊ី​ម្នាក់​បាន​វែក​ញែក​លើ​គោល​ការណ៍​ព្រះ​គម្ពីរ​យ៉ាង​ណា? ហើយ​តើ​សេចក្ដី​សម្រេច​ដែល​គាត់​បាន​សម្រេច​ស​ឲ្យ​ឃើញ​ថា ត្រឹម​ត្រូវ​ក្នុង​ស្ថានការណ៍​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

២១ សូម​ពិនិត្យ​មើល​នូវ​ករណី​របស់​យុវនារី​អាស៊ី​ម្នាក់។ ប​ន្ដិ​ច​ក្រោយ​ពី​នាង​បាន​ចាប់​ផ្ដើម​រៀន​ព្រះ​គម្ពីរ ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ នោះ​នាង​បាន​សម្រាល​កូន​មុន​ពេល​កំណត់ ដែល​មាន​ទម្ងន់​តែ​១.៤៧០​គីឡូ​ក្រាម​ប៉ុណ្ណោះ។ ស្ត្រី​នេះ​បាន​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​គ្រូ​ពេទ្យ​ប្រាប់​នាង​ថា កូន​ង៉ា​នេះ​នឹង​វិកល​ទាំង​ប្រាជ្ញា​ទាំង​ចិត្ត និង​មិន​អាច​ដើរ​បាន​ទេ។ គ្រូ​ពេទ្យ​បាន​ឲ្យ​យោបល់​ដល់​នាង​ឲ្យ​យក​កូន​នេះ​ទៅ​ឯ​ពេទ្យ​វិកល​ចរិត។ ស្វាមី​របស់​នាង​ឥត​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា​អំពី​រឿង​នេះ​ទេ។ តើ​នាង​អាច​បែរ​ទៅ​រក​អ្នក​ណា​គេ?

២២ នាង​និយាយ​ថា៖ «ខ្ញុំ​ចាំ​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​ថា ‹កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ›»។ (ទំនុក​ដំ​កើង ១២៧:៣) នាង​បាន​សម្រេច​ចិត្ត​យក«មរដក»នេះ​ទៅ​ផ្ទះ ដើម្បី​មើល​ថែ​រក្សា​កូន​ស្រី​នេះ​ដោយ​ខ្លួន​ឯង។ មុន​ដំបូង គឺ​មាន​ការ​ពិបាក ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី​មិត្ត​សំឡាញ់​គ្រីស្ទាន​ក្នុង​ក្រុម​ជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​ស្ត្រី​នេះ​អាច​ចាត់​ចែង​និង​ចិញ្ចឹម​បី​បាច់​កូន​នេះ​បាន។ ដប់​ពីរ​ឆ្នាំ​ក្រោយ​មក ក្មេង​នេះ​ទៅ​ឯ​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ និង​អរ​សប្បាយ​ជា​មួយ​មិត្ត​ក្មេង​ៗ​នៅ​ទី​នោះ។ មាតា​នេះ​និយាយ​ថា៖ «ខ្ញុំ​មាន​អំណរ​គុណ​ណាស់​ដែល​គោល​ការណ៍​ព្រះ​គម្ពីរ បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ព្រះ​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​រក្សា​នូវ​មនសិការ​ដ៏​ជ្រះ​ថ្លា​ពី​មុខ​ព្រះ​យេហូវ៉ា ហើយ​គ្មាន​ការ​ស្ដាយ​ក្រោយ​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​អស់​មួយ​ជីវិត​ទេ»។

២៣. តើ​ព្រះ​គម្ពីរ​ផ្ដល់​ការ​សម្រាល​ទុក្ខ​អ្វី ចំពោះ​ពួក​អ្នក​ដែល​ឈឺ​និង​ចំពោះ​អស់​អ្នក​ដែល​មើល​ថែ​រក្សា​ពួក​គេ​នោះ?

២៣ យើង​នឹង​មិន​មាន​ជំងឺ​ជា​រៀង​រហូត​នោះ​ទេ។ ព្យាការី​អេសាយ​បាន​ចង្អុល​ប្រាប់​ពីពេល​ខាង​មុខ​ជា​ពេល​ដែល«ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា៖ ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ›»។ (អេសាយ ៣៣:២៤) សេចក្ដី​សន្យា​នោះ​នឹង​បាន​សម្រេច​ក្នុង​ពិភព​លោក​ថ្មី ដែល​កំពុង​តែ​មក​កាន់​តែ​ជិត​ហើយ។ ប៉ុន្តែ​ទំ​រាំ​ដល់​ពេល​នោះ​មក​ដល់ យើង​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ជំងឺ​និង​សេចក្ដី​ស្លាប់។ គួរ​ឲ្យ​សប្បាយ​មែន ដែល​បន្ទូល​របស់​ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​ណែនាំ​និង​ជំនួយ។ ក្បួន​ចរិយា​ជា​គោល​ដែល​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ គឺ​មាន​ជា​រៀង​រហូត ហើយ​គោល​ការណ៍​នោះ​គឺ​ខ្ពស់​លើស​ជាង​គំនិត​របស់​មនុស្ស​ឥត​គ្រប់​ល័ក្ខ​ណ៍​ទៅ​ទៀត។ ដូច្នេះ​ហើយ បុគ្គល​ដែល​មាន​ប្រាជ្ញា​នឹង​យល់​ស្រប​តាម​អ្នក​តែង​បទ​ទំនុក​ដំ​កើង ដែល​បាន​សរសេរ​ថា៖ «ឯ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា។ . . . អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក។ . . . ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ»។—ទំនុក​ដំ​កើង ១៩:៧, ៩, ១១