លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​ដប់​បី

បើអាពាហ៍ពិពាហ៍ជិតបែកបាក់

បើអាពាហ៍ពិពាហ៍ជិតបែកបាក់

១, ២. នៅ​ពេល​ដែល​មាន​ការ​ពិបាក​ក្នុង​អាពាហ៍ពិពាហ៍ តើ​សំនួរ​អ្វី​ដែល​គួរ​សួរ​ឡើង?

 នៅ​ឆ្នាំ​១៩៨៨ ស្ត្រី​ម្នាក់​ជន​ជាតិ​អ៊ីតាលី​ឈ្មោះ លូឈៀ​រ មាន​ចិត្ត​ក្រៀម​ក្រំ​ណាស់។ a ក្រោយ​ពី​បាន​រៀប​ការ​អស់​ដប់​ឆ្នាំ​ហើយ នោះ​អាពាហ៍ពិពាហ៍​របស់​គាត់​បាន​មក​ដល់​ទី​បញ្ចប់។ គាត់​បាន​ខំ​ប្រឹង​ផ្សះ​ផ្សា​ជា​មួយ​ស្វាមី​របស់​គាត់​ជា​ច្រើន​ដង តែ​ឥត​បាន​ជោគ​ជ័យ​ឡើយ។ ដូច្នេះ​ហើយ ដោយ​ព្រោះ​គ្មាន​ការ​ចុះ​សម្រុង​គ្នា នោះ​គាត់​ក៏​សម្រេច​ចិត្ត​រស់​នៅ​ដាច់​ឡែក​ពី​គ្នា។ ហើយ​ឥឡូវ​នេះ​គាត់​កំពុង​តែ​ចិញ្ចឹម​បី​បាច់​កូន​ស្រី​ពីរ​នាក់​តែ​ម្នាក់​ឯង។ ពេល​គិត​អំពី​គ្រា​នោះ លូឈៀ​រ​នឹក​ចាំ​ថា៖ «ខ្ញុំ​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា គ្មាន​អ្វី​ដែល​អាច​ជួយ​សង្គ្រោះ​អាពាហ៍ពិពាហ៍​របស់​យើង​បាន​ឡើយ»។

ប្រសិន​បើ​អ្នក​មាន​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍ នោះ​អ្នក​អាច​ដឹង​ថា​លូឈៀ​រ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ហើយ។ អ្នក​ក៏​អាច​មាន​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​ដែរ ហើយ​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នៅ​តែ​អាច​មាន​ផ្លូវ​ជួយ​សង្គ្រោះ​បាន​ឬ​ក៏​យ៉ាង​ណា? ប្រសិន​បើ​ដូច្នេះ​មែន នោះ​អ្នក​នឹង​ទទួល​ប្រយោជន៍ បើ​អ្នក​គិត​អំពី​សំនួរ​នេះ​ដែល​សួរ​ថា៖ តើ​ខ្ញុំ​បាន​ធ្វើ​តាម​ឱវាទ​ដ៏​ល្អ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ជួយ​ឲ្យ​អាពាហ៍ពិពាហ៍​បាន​ជោគ​ជ័យ​ឬ​ទេ?—ទំនុក​ដំ​កើង ១១៩:១០៥

៣. ទោះ​ជា​គេ​និយម​លែង​លះ​គ្នា​ក៏​ដោយ តើ​មាន​របាយការណ៍​យ៉ាង​ណា​ស្តី​អំពី​ប្រតិកម្ម​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​លែង​លះ​គ្នា​និង​ក្រុម​គ្រួសារ​របស់​គេ​នោះ?

នៅ​ពេល​មាន​ការ​តាន​តឹង​ចិត្ត​ខ្លាំង​រវាង​ស្វាមី​និង​ភរិយា នោះ​ការ​បញ្ចប់​អាពាហ៍ពិពាហ៍ ហាក់​ដូច​ជា​ស្រួល​ធ្វើ​បំផុត។ ក៏​ប៉ុន្តែ ទោះ​ជា​ប្រទេស​ជា​ច្រើន​បាន​ពិសោធន៍​នូវ​កំណើន​នៃ​ការ​បែក​បាក់​គ្នា​ក្នុង​គ្រួសារ​ក៏​ដោយ តែ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បង្ហាញ​ថា បុរស​និង​ស្ត្រី​ភាគ​ច្រើន​បាន​ស្ដាយ​ក្រោយ​នឹង​ការ​បែក​បាក់​គ្នា​នេះ។ បុរស​និង​ស្ត្រី​មួយ​ចំនួន​រង​ទុក្ខ​នឹង​បញ្ហា​ខាង​សុខភាព គឺ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ច្រើនជាង​អស់​អ្នក​ដែល​រស់​នៅ​ជាប់​ជា​មួយ​គូ​របស់​ខ្លួន​ទៅ​ទៀត។ ដោយ​សារ​តែ​ការ​លែង​លះ​គ្នា​នេះ ធ្វើ​ឲ្យ​កូន​ៗ​មាន​អារម្មណ៍​ច្របូក​ច្របល់​និង​មិន​សប្បាយ​ចិត្ត​ជា​យូរ។ ឪពុក​ម្ដាយ​និង​មិត្ត​ភក្ដិ​របស់​គ្រួសារ​ដែល​បែក​បាក់​គ្នា​នេះ ក៏​រង​ទុក្ខ​ផង​ដែរ។ ហើយ​ចំពោះ​ព្រះ​ដែល​ជា​អ្នក​ផ្ដើម​អាពាហ៍ពិពាហ៍​នោះ តើ​ទ្រង់​មាន​ទស្សនៈ​ចំពោះ​ស្ថានភាព​នេះ​យ៉ាង​ណា​ដែរ?

៤. តើ​បញ្ហា​ទាំង​ប៉ុន្មាន​ក្នុង​អាពាហ៍ពិពាហ៍​គួរ​ដោះ​ស្រាយ​យ៉ាង​ដូច​ម្ដេច?

ដូច​បាន​កត់​សម្គាល់​ក្នុង​ជំពូក​មុន​ៗ​នេះ ព្រះ​មាន​បំណង​ឲ្យ​អាពាហ៍ពិពាហ៍ ជា​ចំណង​មួយ​ដែល​ត្រូវ​ចង​ភ្ជាប់​ជា​រៀង​រហូត។ (លោកុប្បត្តិ ២:២៤) បើ​ដូច្នេះ​មែន តើ​ហេតុ​អ្វី​បាន​ជា​អាពាហ៍ពិពាហ៍​ជា​ច្រើន​បែក​បាក់​គ្នា? ការ​បែក​បាក់​គ្នា​នេះ​មិន​មែន​កើត​ឡើង​ភ្លាម​ៗ​នោះ​ទេ។ តាម​ធម្មតា​គឺ​មាន​សញ្ញា​ព្រមាន​ប្រាប់​ឲ្យ​ដឹង​ទុក​ជា​មុន។ បញ្ហា​តូច​តាច​ក្នុង​អាពាហ៍ពិពាហ៍​អាច​ទៅ​ជា​ធំ​ឡើង​ៗ រហូត​ដល់​ហាក់​ដូច​ជា​មិន​អាច​ដោះ​ស្រាយ​បាន​ឡើយ។ ក៏​ប៉ុន្តែ បើ​បញ្ហា​ទាំង​នេះ​បាន​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់ ដោយ​ប្រើ​ជំនួយ​ពី​ព្រះ​គម្ពីរ នោះ​ការ​បែក​បាក់​ក្នុង​អាពាហ៍ពិពាហ៍​ជា​ច្រើន​អាច​ជៀស​វាង​បាន។

ចូរ​ឲ្យ​មាន​គំនិត​សម​ហេតុ​ផល

៥. តើ​អាពាហ៍ពិពាហ៍​គួរ​ទទួល​ស្គាល់​ចំពោះ​ស្ថានភាព​ដ៏​សម​ហេតុ​ផល​អ្វី?

កត្ដា​មួយ​ដែល​ជួន​កាល​នាំ​ឲ្យ​មាន​បញ្ហា គឺ​ដោយ​សារ​ការ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ឥត​សម​ហេតុ​ផល ពី​បុគ្គល​ម្នាក់​ឬ​ទាំង​ពីរ​នាក់​ក្នុង​អាពាហ៍ពិពាហ៍។ រឿង​ប្រលោម​លោក ទស្សនាវដ្ដី​ដែល​ល្បី​ៗ កម្ម​វិធី​ទូរទស្សន៍ និង​ខ្សែ​ភាពយន្ត​អាច​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម និង​ការ​ស្រមើ​ស្រមៃ​ដែល​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជីវិត​មែន​ទែន។ នៅ​ពេល​ដែល​ការ​ស្រមើ​ស្រមៃ​នេះ​ឥត​បាន​កើត​ឡើង​សោះ បុគ្គល​ម្នាក់​នោះ​មាន​អារម្មណ៍​ថា​គូ​របស់​ខ្លួន​បាន​បោក​ប្រាស់​ខ្លួន​ហើយ និង​មាន​អារម្មណ៍​ឥត​ពេញ​ចិត្ត ព្រម​ទាំង​ក្ដៅ​ក្រហាយ​ទៀត​ផង។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​មនុស្ស​ពីរ​នាក់​ដែល​ឥត​គ្រប់​ល័ក្ខ​ណ៍​ អាច​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍​បាន? ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ល្អ នេះ​តម្រូវ​ឲ្យ​មាន​ការ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព។

៦. (ក) តើ​ព្រះ​គម្ពីរ​ផ្ដល់​នូវ​ទស្សនៈ​ដែល​ប្រកប​ដោយ​តុល្យភាព​យ៉ាង​ណា​អំពី​អាពាហ៍ពិពាហ៍? (ខ) តើ​មាន​មូលហេតុ​ណា​ខ្លះ​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​អាពាហ៍ពិពាហ៍?

ព្រះ​គម្ពីរ​គឺ​មាន​ប្រយោជន៍។ ព្រះ​គម្ពីរ​ទទួល​ស្គាល់​នូវ​អំណរ​ក្នុង​អាពាហ៍ពិពាហ៍ តែ​ក៏​ព្រមាន​ថា​អស់​អ្នក​ដែល​រៀប​ការ«នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម»ដែរ។ (កូរិនថូស​ទី​១ ៧:២៨) ដូច​បាន​កត់​សម្គាល់​នៅ​ជំពូក​មុន​ហើយ គេ​ទាំង​ពីរ​គឺ​ឥត​គ្រប់​ល័ក្ខ​ណ៍​ និង​ឆាប់​ធ្វើ​ខុស។ សមាសភាព​ខាង​គំនិត​និង​ចិត្ត​ព្រម​ទាំង​ការ​អប់រំ​ដែល​មនុស្ស​ម្នាក់​ៗ​ទទួល​តាំង​ពី​ក្មេង​មក ក៏​ខុស​គ្នា​ដែរ។ ជួន​កាល​ស្វាមីភរិយា​មិន​ឯកភាព​គ្នា​អំពី​រឿង​លុយ​កាក់ រឿង​កូន​ចៅ និង​រឿង​សាច់​ថ្លៃ។ ការ​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការ​ជា​មួយ​គ្នា និង​បញ្ហា​ខាង​ការ​រួម​ដំណេក ក៏​អាច​ជា​ប្រភព​នៃ​ការ​ទាស់​ទែង​គ្នា​ដែរ។ b គឺ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ដោះ​ស្រាយ​រឿង​ទាំង​នេះ តែ​សូម​កុំ​អស់​សង្ឃឹម​ឡើយ! គូ​អាពាហ៍ពិពាហ៍​ភាគ​ច្រើន​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ និង​ពួក​គេ​ក៏​រក​ដំណោះ​ស្រាយ​ដែល​មាន​ការ​យល់​ព្រម​ទាំង​សង​ខាង។

សូម​ពិគ្រោះ​នូវ​ការ​ខ្វែង​គំនិត​គ្នា

៧, ៨. បើ​មាន​អារម្មណ៍​ឈឺ​ចាប់​ឬ​ការ​យល់​ច្រឡំ​រវាង​ស្វាមីភរិយា តើ​អ្វី​ជា​វិធី​ដោះ​ស្រាយ​ចំពោះ​រឿង​ទាំង​នេះ​ដែល​ស្រប​តាម​ព្រះ​គម្ពីរ?

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក​រក្សា​ឲ្យ​មាន​ចិត្ត​ស្ងប់ ពេល​ដែល​គេ​ពិគ្រោះ​អំពីអារម្មណ៍​ដ៏​ឈឺ​ចាប់ ការ​យល់​ច្រឡំ ឬ​គុណ​វិប​ត្ដិ​ផ្ទាល់​ខ្លួន។ ជា​ជាង​និយាយ​យ៉ាង​ត្រង់​ថា៖ «បង​មិន​យល់​ចិត្ត​អូន​ទេ!» នោះ​ស្វាមី​ឬ​ភរិយា​អាច​រំជួល​ចិត្ត​យ៉ាង​ខ្លាំង និង​និយាយ​ពន្លើស​ពី​បញ្ហា​នោះ។ ស្វាមី​ឬ​ភរិយា​ជា​ច្រើន​នឹង​និយាយ​ថា៖ «បង​គិត​តែ​ពី​ខ្លួន​ឯង​ទេ!»។ ឬ​ក៏​ថា៖ «បង​មិន​ស្រឡាញ់​អូន​ទេ!»។ ដោយ​មិន​ចង់​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​គូ​ម្នាក់​ទៀត​ប្រហែល​ជា​មិន​តប​ឆ្លើយ​នោះ​ទេ។

ទង្វើ​ដ៏​ល្អ​ដែល​អាច​ធ្វើ​តាម គឺ​ដោយ​ស្ដាប់​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា៖ «ចូរ​ខឹង​ចុះ! តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ»។ (អេភេសូរ ៤:២៦) ពេល​មក​ដល់​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​៦០​របស់​ពួក​គេ នោះ​គូ​ស្វាមីភរិយា​មួយ​គូ​ដែល​មាន​សុភមង្គល បាន​ត្រូវ​គេ​សួរ​អំពី​កត្ដា​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​មាន​សុភមង្គល។ ស្វាមី​នោះ​មាន​ប្រសាសន៍​ថា៖ «យើង​បាន​យល់​ដឹង​ថា ទោះ​ជា​មាន​រឿង​តូច​តាច​អ្វី​ក៏​ដោយ យើង​មិន​អាច​ចូល​គេង​ដោយ​ពុំ​ទាន់​ដោះ​ស្រាយ​ទំនាស់​ដែល​មាន​ជា​មួយ​គ្នា​នោះ​ឡើយ»។

៩. (ក) តើ​អ្វី​ដែល​បាន​សម្គាល់​ក្នុង​ព្រះ​គម្ពីរ​ជា​ផ្នែក​ដ៏​សំខាន់ ចំពោះ​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា? (ខ) តើ​គូ​អាពាហ៍ពិពាហ៍​ត្រូវ​ការ​ធ្វើ​អ្វី ទោះ​ជា​នេះ​តម្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ចិត្ត​រាប​ទាប​នោះ?

នៅ​ពេល​ដែល​ស្វាមី​និង​ភរិយា​ឥត​ឯកភាព​គ្នា នោះ​ម្នាក់​ៗ​ត្រូវ​ឲ្យ«ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ»។ (យ៉ាកុប ១:១៩) ក្រោយ​ពី​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នោះ​ស្វាមីភរិយា​ទាំង​ពីរ​នាក់ អាច​ឃើញ​នូវ​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​សារភាព​កំហុស។ (យ៉ាកុប ៥:១៦) ដោយ​និយាយ​ស្មោះ​អស់​ពី​ចិត្ត​ថា «សុំ​ទោស! ដែល​បង​ធ្វើ​ឲ្យ​អូន​ឈឺ​ចិត្ត» គឺ​តម្រូវ​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ក្លាហាន។ ប៉ុន្តែ​ការ​ដោះ​ស្រាយ​ការ​ទាស់​ទែង​គ្នា​តាម​របៀប​នេះ នឹង​មាន​ប្រសិទ្ធិ​ភាព​ណាស់​ក្នុង​ការ​ជួយ​គូ​អាពាហ៍ពិពាហ៍​ឲ្យ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ នេះ​ក៏​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ភាព​កក់​ក្ដៅ​និង​ភាព​ស្និទ្ធ​ស្នាល ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ពេល​នៅ​ជា​មួយ​គ្នា។

ការ​រួម​ដំណេក​ក្នុង​អាពាហ៍ពិពាហ៍

១០. តើ​ការ​ការ​ពារ​អ្វី​ដែល​ប៉ុល​យល់​ព្រម​ឲ្យ​ពួក​គ្រីស្ទាន​នៅ​ក្រុង​កូរិនថូស​ធ្វើ ដែល​អាច​ទាក់​ទង​ពួក​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ?

១០ នៅ​ពេល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស គាត់​បាន​យល់ព្រម​ឲ្យ​រៀប​ការ«ដោយ​ព្រោះ​មាន​ការ​សហាយស្មន់​កើត​ឡើង»។ (កូរិនថូស​ទី​១ ៧:២) ពិភព​លោក​សព្វ​ថ្ងៃ​នេះ​គឺ​អាក្រក់​ដូច​ក្រុង​កូរិនថូស​ពី​បុរាណ​ដែរ ឬ​ក៏​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ រឿង​អសីលធម៌​គឺ​ជា​ប្រធាន​មួយ​ដែល​មនុស្ស​ក្នុង​លោ​កី​យ៍​នេះ​យក​មក​ពិគ្រោះ​ដោយ​ឥត​លាក់​លៀម និង​របៀប​ដ៏​ឥត​សមរម្យ​ដែល​ពួក​គេ​ស្លៀក​ពាក់ ថែម​ទាំង​រឿង​តម្រេក​ខាង​កាម ដែល​មាន​ក្នុង​ទស្សនាវដ្ដី​និង​សៀវភៅ តាម​ទូរទស្សន៍ ព្រម​ទាំង​តាម​ខ្សែ​ភាពយន្ត ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ចំណង់​ខ្លាំង​ខាង​កាម​ដែល​ខុស​ច្បាប់។ សាវ័ក​ប៉ុល​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ដែល​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ស្រដៀង​គ្នា​នេះ​ថា៖ «ដ្បិត​ដែល​យក​ប្ដី​ប្រពន្ធ នោះ​ជា​ជាង​ទ្រាំ​ឲ្យ​មាន​សេចក្ដី​រោល​រាល​វិញ»។—កូរិនថូស​ទី​១ ៧:៩

១១, ១២. (ក) តើ​ស្វាមី​និង​ភរិយា​មាន​កាតព្វកិច្ច​អ្វី​ជា​មួយ​គ្នា ហើយ​គួរ​ឲ្យ​មាន​ទឹក​ចិត្ត​បែប​ណា? (ខ) តើ​គួរ​ដោះ​ស្រាយ​ស្ថានការណ៍​នេះ​យ៉ាង​ណា បើ​មិន​បាន​រួម​ដំណេក​ជា​មួយ​គ្នា​អស់​មួយ​រយៈ​នោះ?

១១ ដូច្នេះ​ហើយ ព្រះ​គម្ពីរ​បញ្ជា​ពួក​គ្រីស្ទាន​ដែល​រៀប​ការ​ហើយ​ថា៖ «ត្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្ដី​ក៏​ដូច្នោះ​ដែរ»។ (កូរិនថូស​ទី​១ ៧:៣) សូម​កត់​សម្គាល់​ថា នេះ​គឺ​បញ្ជាក់​លើ​ការ​ឲ្យ មិន​មែន​លើ​ការ​ទាម​ទារ​ទេ។ ការ​រួម​ដំណេក​ក្នុង​អាពាហ៍ពិពាហ៍​គួរ​ជា​ទី​គាប់​ចិត្ត បើ​គូ​និ​មួយ​ៗ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រយោជន៍​នៃ​គូ​របស់​ខ្លួន។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​បញ្ជា​ស្វាមី​ឲ្យ​ប្រព្រឹត្ត​នឹង​ភរិយា«ដោយ​ប្រាជ្ញា»។ (ពេត្រុស​ទី​១ ៣:៧) នេះ​គឺ​ពិសេស ក្នុង​ការ​បំពេញ​កាមារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អាពាហ៍ពិពាហ៍​នោះ។ ប្រសិន​បើ​មិន​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​ដោយ​ថ្នាក់​ថ្នម​ទេ នោះ​នាង​ប្រហែល​ជា​មាន​ការ​ពិបាក​នឹង​ពេញ​ចិត្ត​ចំពោះ​រឿង​នេះ​ក្នុង​អាពាហ៍ពិពាហ៍។

១២ យូរ​ៗ​ម្ដង នោះ​គូ​អាពាហ៍ពិពាហ៍​ប្រហែល​ជា​មិន​បាន​រួម​ដំណេក​ជា​មួយ​គ្នា។ ចំពោះ​ភរិយា​នេះ​អាច​ជា​ការ​ពិត ក្នុង​ពេល​ណា​មួយ​ប្រចាំ​ខែ ឬ​នៅ​ពេល​ដែល​នាង​មាន​អារម្មណ៍​ល្វើយ​ខ្លាំង។ (ប្រៀប​មើល លេវីវិន័យ ១៨:១៩) ចំពោះ​ស្វាមី​នេះ​ក៏​ដូច្នេះ​ដែរ ពេល​ដែល​គាត់​កំពុង​តែ​ដោះ​ស្រាយ​នឹង​បញ្ហា​ដ៏​ធំ​មួយ​នៅ​កន្លែង​ធ្វើ​ការ ហើយ​អស់​កម្លាំង។ ករណី​នៃ​ការ​ផ្អាក​ការ​រួម​ដំណេក​ក្នុង​អាពាហ៍ពិពាហ៍​សំ​រាប់​មួយ​រយៈ​បែប​នេះ អាច​ដោះ​ស្រាយ​បាន​យ៉ាង​ប្រសើរ បើ​ទាំង​ពីរ​នាក់​ពិគ្រោះ​ដោយ​ស្មោះ​អំពី​ស្ថានការណ៍​ទាំង​នេះ​និង​យល់​ស្រប​ដោយ«ស្រុះ​ចិត្ត​គ្នា»នោះ។ (កូរិនថូស​ទី​១ ៧:៥) នេះ​នឹងបង្ការ​គូ​និ​មួយ​ៗ​ពី​ការ​សន្និដ្ឋាន​ដ៏​ខុស។ ក៏​ប៉ុន្តែ បើ​ភរិយា​ម្នាក់​បង្អត់​ស្វាមី​នាង​ដោយ​ចេតនា ឬ​ប្រសិន​បើ​ស្វាមី​មិន​បាន​រួម​ដំណេក​ជា​មួយ​ភរិយា​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទេ នោះ​ពួក​គេ​ទាំង​ពីរ​នាក់​អាច​ជាប់​ល្បួង​បាន​យ៉ាង​ស្រួល​ទៀត​ផង។ នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ បញ្ហា​អាច​កើត​ឡើង​ក្នុង​អាពាហ៍ពិពាហ៍។

១៣. តើ​តាម​របៀប​ណា​ដែល​គ្រីស្ទាន​ខំ​ប្រឹង​ឲ្យ​គំនិត​របស់​ខ្លួន​នៅ​ស្អាត​ស្អំ?

១៣ ដូច​ជា​គ្រីស្ទាន​គ្រប់​រូប​ដែរ អ្នក​បំរើ​របស់​ព្រះ​ដែល​រៀប​ការ​ហើយ ត្រូវ​តែ​ជៀស​វាង​រូប​អាសអាភាស ដែល​អាច​បង្កើត​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​មិន​ស្អាត​ស្អំ​និង​មិន​ធម្មតា។ (កូល៉ុស ៣:៥) ពួក​គេ​ត្រូវ​តែ​ការ​ពារ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន នៅ​ពេល​ដែល​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន។ ព្រះ​យេស៊ូ​បាន​ព្រមាន​ថា៖ «អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំ​រេ​ក​សំ​រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ»។ (ម៉ាថាយ ៥:២៨) ដោយ​អនុវត្ត​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​ការ​រួម​ភេទ នោះ​ស្វាមីភរិយា​អាច​ជៀស​វាង​ពី​ការ​ធ្លាក់​ក្នុង​ការ​លួង​លោម​និង​ការ​ផិត​គ្នា។ ពួក​គេ​អាច​ពេញ​ចិត្ត​នឹង​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​រីករាយ​ក្នុង​អាពាហ៍ពិពាហ៍ ដែល​ក្នុង​នោះ​ការ​រួម​ដំណេក​បាន​ចាត់​ទុក​ជា​រង្វាន់​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដើម​អាពាហ៍ពិពាហ៍។—សុភាសិត ៥:១៥​-​១៩

មូលហេតុ​ក្នុង​ព្រះ​គម្ពីរ​ចំពោះ​ការ​លែង​លះ​គ្នា

១៤. ជួន​កាល តើ​មាន​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​បែប​ណា? ហើយ​តើ​ហេតុ​អ្វី?

១៤ គួរ​ឲ្យ​សប្បាយ​មែន ក្នុង​អាពាហ៍ពិពាហ៍​គ្រីស្ទាន​ភាគ​ច្រើន នោះ​បញ្ហា​អ្វី​ដែល​កើត​ឡើង​គឺ​អាច​ដោះ​ស្រាយ​បាន។ ប៉ុន្តែ ជួន​កាល​គឺ​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ ដោយ​ព្រោះ​មនុស្សជាតិ​ឥត​គ្រប់​ល័ក្ខ​ណ៍​ និង​រស់​នៅ​ក្នុង​លោ​កី​យ៍​ដែល​មាន​បាប​ក្រោម​ការ​គ្រប់​គ្រង​របស់​សាតាំង នោះ​អាពាហ៍ពិពាហ៍​ខ្លះ​ជិត​បែក​បាក់​គ្នា។ (យ៉ូហាន​ទី​១ ៥:១៩) តើ​តាម​របៀប​ណា​ដែល​គ្រីស្ទាន​គួរ​ដោះ​ស្រាយ​នឹង​ស្ថានការណ៍​ដ៏​ពិបាក​បែប​នេះ?

១៥. (ក) តើ​អ្វី​ជា​មូលហេតុ​តែ​មួយ​គត់​ស្រប​តាម​បទ​គម្ពីរ​ចំពោះ​ការ​លែង​លះ​គ្នា ដែល​បើក​លទ្ធភាព​ឲ្យ​រៀប​ការ​ម្ដង​ទៀត​នោះ? (ខ) ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​សម្រេច​ចិត្ត​មិន​លែង​លះ​គូ​អាពាហ៍ពិពាហ៍​ដែល​ឥត​ស្មោះ​ត្រង់​នោះ?

១៥ ដូច​បាន​រៀប​រាប់​នៅ​ជំពូក​ទី​២​ក្នុង​សៀវភៅ​នេះ អំពើ​សហាយស្មន់​ជា​មូលហេតុ​តែមួយ​គត់​ស្រប​តាម​បទ​គម្ពីរ​ចំពោះ​ការ​លែង​លះ​គ្នា ដែល​បើក​លទ្ធភាព​ឲ្យ​រៀប​ការ​ម្ដង​ទៀត​បាន។ c (ម៉ាថាយ ១៩:៩) ប្រសិន​បើ​អ្នក​មាន​ភស្តុ​តាង​ជាក់​ស្តែ​ង​ថា គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​ឥត​បាន​ស្មោះ​ត្រង់ នោះ​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​សេចក្ដី​សម្រេច​ដ៏​ពិបាក​មួយ។ តើ​អ្នក​នឹង​បន្ត​រស់​នៅ​ជា​មួយ​គ្នា​ឬ​លែង​លះ​គ្នា? ចំពោះ​រឿង​នេះ​គឺ​គ្មាន​ច្បាប់​ចំ​ៗ​ទេ។ គ្រីស្ទាន​ខ្លះ​បាន​អភ័យ​ទោស​ទាំង​ស្រុង​ឲ្យ​គូ​ដែល​បាន​ប្រែ​ចិត្ត​ដ៏​ស្មោះ ហើយ​គូ​អាពាហ៍ពិពាហ៍​របស់​គេ​ក៏​បាន​រួម​រស់​ជា​មួយ​គ្នា​ឡើង​វិញ។ គ្រីស្ទាន​ឯ​ទៀត​បាន​សម្រេច​ចិត្ត​មិន​លែង​លះ​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​កូន។

១៦. (ក) តើ​មាន​កត្ដា​ណា​ខ្លះ​ដែល​បាន​ជំរុញ​អ្នក​ខ្លះ​ឲ្យ​លែង​លះ​គូ​អាពាហ៍ពិពាហ៍​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ? (ខ) នៅ​ពេល​គូ​ដែល​គ្មាន​កំហុស​សម្រេច​ចិត្ត​លែង​លះ​ឬ​ក៏​មិន​លែង ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​គួរ​រិះ​គន់​នឹង​សេចក្ដី​សម្រេច​របស់​គាត់?

១៦ ម្យ៉ាង​វិញ​ទៀត ការ​ប្រព្រឹត្ត​អំពើ​បាប​ខាង​កាម​អាច​នាំ​ឲ្យ​មាន​ផ្ទៃ​ពោះ ឬ​ជំងឺ​កាមរោគ។ ឬ​ក៏​ប្រហែល​ជា​កូន​ត្រូវ​ការ​ការ​ពារ​ពី​ឪពុក​ឬ​ម្ដាយ ដែល​ចាប់​រំលោភ​កូន។ យ៉ាង​ប្រាកដ​ណាស់ គឺ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ពិនិត្យ​មើល មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ដឹង​អំពី​ការ​ក្បត់​នៃ​គូ​របស់​អ្នក ហើយ​ក្រោយ​មក​ចាប់​ផ្ដើម​រួម​ភេទ​ជា​មួយ​គូ​នោះ ដូច្នេះ​អ្នក​បង្ហាញ​ថា​អ្នក​បាន​អភ័យ​ទោស​ឲ្យ​គាត់ និង​ចង់​បន្ត​រួម​រស់​ជា​មួយ​គ្នា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​នោះ, មូលហេតុ​ចំពោះ​ការ​លែង​លះ​គ្នា​ស្រប​តាម​បទ​គម្ពីរ ដែល​បើក​លទ្ធភាព​ឲ្យ​រៀប​ការ​ម្ដង​ទៀត នោះ​លែង​មាន​ទៀត​ហើយ​ចំពោះ​ករណី​របស់​គាត់។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ជ្រៀត​ជ្រែក​នឹង​រឿង​របស់​អ្នក និង​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​អានុភាព​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​អ្នក​ទេ។ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​គួរ​រិះ​គន់​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​អ្នក​ឡើយ ពេល​ដែល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ។ អ្នក​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា អ្នក​នឹង​ត្រូវ​តែ​រស់​នៅ​ទៅ​តាម​លទ្ធផល​នោះ។ «ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»។—កាឡាទី ៦:៥

មូលហេតុ​ចំពោះ​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា

១៧. ប្រសិន​បើ​ឥត​មាន​អំពើ​សហាយស្មន់​ទេ តើ​បទ​គម្ពីរ​ដាក់​កំរិត​អ្វី​លើ​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា ឬ​ការ​លែង​លះ​គ្នា​នោះ?

១៧ ទោះ​ជា​គូ​អាពាហ៍ពិពាហ៍​ម្នាក់​ឥត​ប្រព្រឹត្ត​អំពើ​សហាយស្មន់​ក៏​ដោយ តើ​មានស្ថានការណ៍​ដែល​អាច​បង្ហាញ​នូវ​មូលហេតុ​ណា​ចំពោះ​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា ឬ​ប្រហែល​ជា​លែង​លះ​គ្នា​ពី​គូ​របស់​ខ្លួន​ឬ​ទេ? មាន​មែន! តែ​ក្នុង​ករណី​បែប​នេះ នោះ​គ្រីស្ទាន​ម្នាក់​ឥត​មាន​សិទ្ធិ​រៀប​ការ​ម្ដង​ទៀត​បាន​ឡើយ។ (ម៉ាថាយ ៥:៣២) កាល​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា​បែប​នេះ ព្រះ​គម្ពីរ​ចែង​ដោយ​មាន​ល័ក្ខខ័ណ្ឌ​ថា បុគ្គល​ដែល​ចាក​ចេញ​នោះ​គួរ«នៅ​ជា​ឥត​ប្ដី​ទៅ​ចុះ ឬ​ឲ្យ​ជា​នឹង​ប្ដី​ខ្លួន​វិញ​ទៅ»។ (កូរិនថូស​ទី​១ ៧:១១) តើ​មាន​ស្ថានការណ៍​ដ៏​ពិបាក​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា​ហាក់​ដូច​ជា​សម​គួរ​នោះ?

១៨, ១៩. តើ​មាន​ស្ថានការណ៍​ដ៏​ពិបាក​ណា​ខ្លះ ដែល​អាច​នាំ​ឲ្យ​គូ​ម្នាក់​គិត​ថ្លឹង​ថ្លែង​អំពី​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា ឬ​ការ​លែង​លះ​គ្នា ទោះ​ជា​គ្មាន​លទ្ធភាព​រៀប​ការ​ម្ដង​ទៀត​ក៏​ដោយ?

១៨ គ្រួសារ​នេះ​អាច​ទៅ​ជា​ក្រី​ក្រ​ទុគ៌ត ដោយ​ព្រោះ​ភាព​ខ្ជិល​ច្រអូស​និង​ទម្លាប់​ដ៏​អាក្រក់​របស់​ស្វាមី។ d គាត់​អាច​លេង​ល្បែង​ដោយ​ប្រើ​ប្រាក់​ចំណូល​របស់​គ្រួសារ ឬ​ប្រើ​ប្រាក់​នេះ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ឬ​ស្រា។ ព្រះ​គម្ពីរ​ចែង​ថា៖ «បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់​ផ្គង់​ឲ្យ . . . ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។ (ធីម៉ូថេ​ទី​១ ៥:៨) បើ​បុរស​បែប​នេះ​បដិសេធ​មិន​ព្រម​កែ​ប្រែ​ផ្លូវ​របស់​គាត់ ហើយ​ថែម​ទាំង​ប្រហែល​ចំណាយ​ប្រាក់​សំ​រាប់​អំពើ​អបាយមុខ​របស់​គាត់ ដោយ​ប្រើ​ប្រាក់​កំ​រៃ​ដែល​ភរិយា​រក​បាន នោះ​ភរិយា​នេះ​អាច​សម្រេច​រស់​នៅ​ដាច់​ពី​គ្នា​តាម​ច្បាប់ ដើម្បី​ការ​ពារ​សុខភាព​នាង​និង​កូន​របស់​នាង។

១៩ ប្រសិន​បើ​គូ​នោះ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដល់​ស្វាមី​ឬ​ភរិយា​ខ្លួន ប្រហែល​ជា​ដោយ​វាយ​បុគ្គល​នោះ​ជា​ញឹក​ញាប់ រហូត​ដល់​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព ព្រម​ទាំង​ជីវិត​ផង នោះ​ការ​ចាត់​វិធានការ​តាម​ច្បាប់​បែប​នេះ​ក៏​អាច​យក​មក​គិត​ផង​ដែរ។ បន្ថែម​ទៅ​ទៀត ប្រសិន​បើ​គូ​ម្នាក់​ខំ​ប្រឹង​ដោយ​ឥត​ឈប់​ឈរ​ឲ្យ​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​បំពាន​លើ​បញ្ជា​របស់​ព្រះ​តាម​របៀប​ណា​មួយ នោះ​គូ​ដែល​ត្រូវ​គេ​គំរាម​កំហែង ក៏​អាច​គិត​អំពី​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា​បាន​ដែរ ជា​ពិសេស​ប្រសិន​បើ​រឿង​នេះ​កើត​ឡើង​យ៉ាង​ខ្លាំង​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ខាង​វិញ្ញាណ​របស់​គាត់។ គូ​ដែល​រង​នូវគ្រោះ​ថ្នាក់​នេះ​អាច​សន្និដ្ឋាន​ថា មាន​ផ្លូវ​តែ​មួយ​គត់​គឺ«ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស» ដោយ​ទទួល​យក​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា​តាម​ច្បាប់។—កិច្ច​ការ ៥:២៩

២០. (ក) ក្នុង​ករណី​នៃ​ការ​បែក​បាក់​ក្នុង​គ្រួសារ តើ​មិត្ត​ភក្ដិ​និង​ពួក​អ្នក​ចាស់​ទុំ​អាច​ឲ្យ​យោបល់​អ្វី? ហើយ​តើ​ពួក​គាត់​ពុំ​គួរ​ផ្ដល់​ឲ្យ​យោបល់​អ្វី? (ខ) តើ​អស់​អ្នក​ដែល​រៀប​ការ​ហើយ មិន​គួរ​ប្រើ​ឯកសារ​យោង​ក្នុង​ព្រះ​គម្ពីរ ស្តី​អំពី​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា និង​ការ​លែង​លះ​គ្នា​ជា​ការ​ដោះ​សា​ដើម្បី​ធ្វើ​អ្វី?

២០ ក្នុង​គ្រប់​ករណី​នៃ​ការ​ធ្វើ​បាប​យ៉ាង​ខ្លាំង​ដោយ​គូ​របស់​ខ្លួន គ្មាន​អ្នក​ណា​ម្នាក់​គួរ​បង្ខំ​ឲ្យ​បុគ្គល​រង​គ្រោះ​នោះ​ទៅ​រស់​នៅ​ដាច់​ដោយ​ឡែក ឬ​នៅ​ជា​មួយ​គូ​របស់​ខ្លួន​បន្ត​ទៅ​ទៀត​ទេ។ ទោះ​ជា​មិត្ត​ដែល​មាន​គំនិត​ចាស់​ទុំ​និង​ពួក​អ្នក​ចាស់​ទុំ អាច​ផ្ដល់​នូវ​ជំនួយ​និង​ឱវាទ​ពី​ព្រះ​គម្ពីរ​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​មិន​អាច​ដឹង​សព្វ​គ្រប់​នូវ​រឿង​ល្អិត​ល្អន់ ចំពោះ​អ្វី​ដែល​កើត​ឡើង​រវាង​ស្វាមី​និង​ភរិយា​ឡើយ។ មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​ជ្រាប​អំពី​រឿង​នោះ។ ប្រាកដ​ហើយ ភរិយា​គ្រីស្ទាន​នឹង​មិន​លើក​កិ​ត្ដិ​យស​ដល់​របៀប​រៀប​ចំ​ចំពោះ​អាពាហ៍ពិពាហ៍​ទេ ប្រសិន​បើ​នាង​ប្រើ​ការ​ដោះ​សា​ដែល​មិន​គួរ​ឲ្យ​ជឿ ដើម្បី​ចាក​ចេញ​ពី​គូ​របស់​ខ្លួន​នោះ។ ប៉ុន្តែ ប្រសិន​បើ​នៅ​តែ​មាន​ស្ថានភាព​ដែល​មាន​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ នោះ​គ្មាន​អ្នក​ណា​ម្នាក់​គួរ​រិះ​គន់​នាង ប្រសិន​បើ​នាង​សម្រេច​ចិត្ត​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ស្វាមី​របស់​ខ្លួន។ នេះ​ក៏​អាច​ជា​ករណី​ដូច​គ្នា​ដែរ ចំពោះ​ស្វាមី​គ្រីស្ទាន​ដែល​ចង់​រស់​នៅ​ដាច់​ឡែក​ពី​គ្នា​នោះ។ ‹យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជំ​រះ​របស់​ព្រះ›។—រ៉ូម ១៤:១០

របៀប​ដែល​អាច​ជួយ​សង្គ្រោះ​អាពាហ៍ពិពាហ៍​ដែល​បែក​បាក់

២១. តើ​បទ​ពិសោធន៍​អ្វី​ដែល​បង្ហាញ​ថា ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​អាពាហ៍ពិពាហ៍ គឺ​មាន​ប្រសិទ្ធិ​ភាព​នោះ?

២១ នាង​លូឈៀ​រដែ​ល​យើង​បាន​រៀប​រាប់​នៅ​ខាង​លើ​នេះ ក្រោយ​ពី​នាង​បាន​រស់​នៅ​ដាច់​ឡែក​ពី​ស្វាមី​របស់​នាង​អស់​បី​ខែ​ហើយ នោះ​នាង​ក៏​បាន​ជួប​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ស្ម​បន្ទាល់​នោះ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​នាង។ ក្រោយ​មក​នាង​ពន្យល់​ថា៖ «គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន ដែល​ព្រះ​គម្ពីរ​បាន​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ដែល​មាន​ប្រយោជន៍​ចំពោះ​បញ្ហា​របស់​ខ្ញុំ។ គ្រាន់​តែ​ក្រោយ​ពី​សិក្សា​មួយ​សប្ដាហ៍ ភ្លាម​នោះ​ខ្ញុំ​ចង់​ផ្សះ​ផ្សា​នឹង​ស្វាមី​របស់​ខ្ញុំ​វិញ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​ជ្រាប​នូវ​របៀប​ដែល​អាច​ជួយ​សង្គ្រោះ​អាពាហ៍ពិពាហ៍​ដែល​មាន​វិប​ត្ដិ​ ពីព្រោះ​ការ​បង្រៀន​របស់ទ្រង់​ជួយ​គូ​ស្វាមីភរិយា ឲ្យ​រៀន​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​មិន​មែន​ជា​ការ​ពិត​ទេ ដែល​អ្នក​ខ្លះ​បាន​អះអាង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​បែក​បាក់​គ្រួសារ​នោះ។ ក្នុង​ករណី​របស់​ខ្ញុំ គឺ​ពិត​ជា​ខុស​ស្រឡះ​តែ​ម្ដង»។ លូឈៀ​រ​បាន​រៀន​ចេះ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត​របស់​នាង។

២២. តើ​ស្វាមីភរិយា​គ្រប់​គ្នា​គួរ​មាន​ទំនុក​ចិត្ត​ទៅ​លើ​អ្វី?

២២ រឿង​របស់​លូឈៀ​រ​មិន​មែន​ប្លែក​ពី​គេ​ទេ។ អាពាហ៍ពិពាហ៍​គួរ​ជា​ពរ មិន​មែន​ជា​បន្ទុក​នោះ​ឡើយ។ ដើម្បី​សម្រេច​គោល​បំណង​នេះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​ប្រភព​ដ៏​ល្អ​បំផុត ស្តី​អំពី​ឱវាទ​ខាង​អាពាហ៍ពិពាហ៍ ដែល​បាន​សរសេរ​មក។ ហើយ​នោះ​ជា​ព្រះ​បន្ទូល​ដ៏​មាន​តម្លៃ​របស់​ទ្រង់។ ព្រះ​គម្ពីរ​អាច​ធ្វើ​ឲ្យ«មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា»។ (ទំនុក​ដំ​កើង ១៩:៧​-​១១) នេះ​បាន​ជួយ​សង្គ្រោះ​អាពាហ៍ពិពាហ៍​ជា​ច្រើន​ដែល​ជិត​នឹង​បែក​បាក់​គ្នា ហើយ​អាច​ធ្វើ​ឲ្យ​បាន​ប្រសើរ​ដល់​អាពាហ៍ពិពាហ៍​ច្រើន​ទៀត ដែល​មាន​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ។ សូម​ឲ្យ​ស្វាមីភរិយា​គ្រប់​គ្នា​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​ឱវាទ​ខាង​អាពាហ៍ពិពាហ៍ ដែល​ព្រះ​យេហូវ៉ា​ប្រទាន​មក។ នេះ​គឺ​ពិត​ជា​មាន​ប្រសិទ្ធិ​ភាព​មែន!

a ឈ្មោះ​នេះ​បាន​ត្រូវ​ប្ដូរ។

b ចំណុច​ខ្លះ​បាន​ពិគ្រោះ​ក្នុង​ជំពូក​មុន​ៗ​ហើយ។

c ពាក្យ​ក្នុង​ព្រះ​គម្ពីរ​ដែល​បាន​បក​ប្រែ​ថា «សហាយស្មន់» រួម​បញ្ចូល​សេចក្ដី​កំផិត ការ​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ការ​រួម​សង្វាស​នឹង​សត្វ និង​ការ​ប្រព្រឹត្ត​ដ៏​ខុស​ច្បាប់​ឯ​ទៀត​ដែល​ប្រើ​សរីរាង្គ​បន្ត​ពូជ​ក្នុង​ផ្លូវ​ខុស។

d នេះ​មិន​រួម​បញ្ចូល​ស្ថានការណ៍​ចំពោះ​ស្វាមី​ដែល​មាន​ចេតនា​ល្អ តែ​ពុំ​អាច​ផ្គត់​ផ្គង់​ចិញ្ចឹម​គ្រួសារ​គាត់ ដោយ​ព្រោះ​ហួស​ពី​សមត្ថភាព​របស់​គាត់ ឬ​ដោយ​សារ​គាត់​មាន​ជំងឺ​ឬ​ក៏​គ្មាន​ការ​ងារ​ធ្វើ​នោះ​ទេ។