លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុព្វកថា

បុព្វកថា

ជូន​ចំពោះ​អ្នក​អាន​ជា​ទី​ស្នេហា:

តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​ឬ​ទេ? មនុស្ស​ជា​ច្រើន​គិត​ថា​ខ្លួន​មិន​អាច​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​បាន​ឡើយ។ មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា ព្រះ​គង់​នៅ​ឆ្ងាយ​ពេក​ពី​ពួក​គេ រីឯ​មនុស្ស​ឯ​ទៀត​អស់​សង្ឃឹម​ដោយ​ចាត់​ទុក​ថា ខ្លួន​មិន​សម​នឹង​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​ទាល់​តែ​សោះ។ ក៏​ប៉ុន្ដែ ព្រះ​ជំរុញ​ទឹក​ចិត្ដ​យើង​ដោយ​មាន​បន្ទូល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ថា៖ «ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ាកុប ៤:៨) ទ្រង់​រហូត​ដល់​ធានា​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​ថា៖ ‹យើង​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក យើង​នឹង​កាន់​ដៃ​ស្ដាំ​អ្នក ដោយ​ពោល​នឹង​អ្នក​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក›។—អេសាយ ៤១:១៣

តើ​យើង​គួរ​ព្យាយាម​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ដូច​នេះ​ទៅ​បាន? ចំណង​មេត្រី​ភាព​ណា​ដែល​យើង​មាន​នោះ គឺ​ស្ថិត​នៅ​លើ​ការ​ស្គាល់​បុគ្គល​ឯ​ទៀត​យ៉ាង​ច្បាស់ ទាំង​ស្រឡាញ់​និង​យល់​តម្លៃ​នៃ​លក្ខណៈ​សម្បត្ដិ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នោះ។ ដូច្នេះ លក្ខណៈ​សម្បត្ដិ​និង​ការ​ប្រព្រឹត្ដ​របស់​ព្រះ​ដែល​ត្រូវ​សម្ដែង​តាម​រយៈ​ព្រះ​គម្ពីរ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​សិក្សា​ជា​ចាំ​បាច់។ ពេល​យើង​រំពឹង​គិត​អំពី​របៀប​ព្រះ​យេហូវ៉ា​សម្ដែង​គុណ​សម្បត្ដិ​និមួយ​ៗ​របស់​ទ្រង់ និង​ពេល​យើង​មើល​ឃើញ​របៀប​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ត្រាប់​តាម​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ ថែម​ទាំង​ពេល​យើង​យល់​ដឹង​អំពី​របៀប​យើង​អាច​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ទាំង​នោះ​ផង​ដែរ នោះ​យើង​នឹង​ត្រូវ​បាន​ទាក់​ទាញ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​ជាង។ យើង​នឹង​យល់​ឃើញ​ថា មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​សក្ដិ​សម​នឹង​ឋានៈ​ជា​ព្រះ​មហា​ក្សត្រ​សកលលោក និង​មាន​តែ​ទ្រង់​ទេ​ដែល​មាន​សិទ្ធិ​មាន​ឋានៈ​នេះ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​គឺ​ជា​វរបិតា​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ។ ទ្រង់​ខ្លាំង មាន​ប្រាជ្ញា ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌ និង​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​មិន​ដែល​បោះបង់​ចោល​បុត្រា​បុត្រី​ដ៏​ភក្ដី​របស់​ទ្រង់​ឡើយ។

សូម​ឲ្យ​សៀវភៅ​នេះ​ជួយ​អ្នក​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង និង​ចង​មេត្រី​ភាព​ជា​មួយ​ទ្រង់​ដែល​គ្មាន​អ្នក​ណា​អាច​ពង្រាត់​បាន​ឡើយ ប្រយោជន៍​ឲ្យ​អ្នក​រស់​ជា​រៀង​រហូត​ដើម្បី​សរសើរ​ទ្រង់​ជា​និច្ច។

អ្នក​បោះ​ពុម្ព