លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤

«ព្រះ​យេហូវ៉ា . . . មាន​ព្រះ​ចេស្តា​យ៉ាង​ធំ»

«ព្រះ​យេហូវ៉ា . . . មាន​ព្រះ​ចេស្តា​យ៉ាង​ធំ»

១, ២​. ក្នុង​ជីវិត​របស់​អេលីយ៉ា តើ​គាត់​ធ្លាប់​ឃើញ​ព្រឹត្ដិការណ៍​អស្ចារ្យ​អ្វី? នៅ​ភ្នំ​ហូរែប តើ​គាត់​ឃើញ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​អ្វី​ទៀត?

លោក​អេលីយ៉ា​ធ្លាប់​ឃើញ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យៗ​ជា​ច្រើន។ គាត់​ធ្លាប់​ឃើញ​សត្វ​ក្អែក​ពាំ​យក​អាហារ​មក​ឲ្យ​គាត់ ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ​ក្នុង​គ្រា​ដែល​គាត់​បាន​រស់​នៅ​ដោយ​លាក់​ខ្លួន។ គាត់​ធ្លាប់​ឃើញ​ម្សៅ​ក្នុង​ខាប់ និង​ប្រេង​ក្នុង​ដប​មិន​ចេះ​រ​លោះ​ក្នុង​កំឡុង​ពេល​មាន​ទុរ្ភឹក្ស​អស់​មួយ​រយៈ។ គាត់​ក៏​ធ្លាប់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​តាម​សេចក្ដី​អធិស្ឋាន​របស់​គាត់​ទៀត​ផង។ (ពង្សាវតារ​ក្សត្រ​ទី​១ ជំពូក​១៧, ១៨) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អេលីយ៉ា​មិន​ដែល​ឃើញ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ស្មើ​នឹង​អ្វី​ដែល​គាត់​កំពុង​តែ​មើល​ឃើញ​ឥឡូវ​នេះ​ទេ។

ពេល​អេលីយ៉ា​មើល​ទៅ​ក្រៅ​ពី​មាត់​រូង​មួយ​ក្នុង​ភ្នំ​ហូរែប គាត់​ឃើញ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យៗ​ផ្ទួនៗ​គ្នា។ មុន​បង្អស់ មាន​ខ្យល់​បក់​មក។ ពេល​នោះ អេលីយ៉ា​បាន​ឮ​សូរ​សន្ធឹក​ខ្យល់​យ៉ាង​ខ្លាំង បក់​បោក​ហើយ​បំបាក់​ភ្នំ​បំបែក​ថ្ម​ខ្ទេច​ខ្ទី​អស់។ បន្ទាប់​មក មាន​រញ្ជួយ​ដី ដែល​មាន​ថាមពល​ខ្លាំង​មហិមា​ពី​ក្រោម​ស្រទាប់​ផែន​ដី។ ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង។ កំឡុង​ដែល​ភ្លើង​នោះ​ឆេះ​រង្គាល ចំហាយ​ក្ដៅ​នោះ​ពិត​ជា​បាន​ជះ​យ៉ាង​ខ្លាំង​មក​លើ​អេលីយ៉ា។—ពង្សាវតារ​ក្សត្រ​ទី​១ ១៩:៨​-​១២

«មើល! ព្រះ​យេហូវ៉ា​ទ្រង់​យាង​ទៅ​តាម​ទី​នោះ»

៣​. ភស្ដុ​តាង​ដែល​អេលីយ៉ា​បាន​ឃើញ តើ​បញ្ជាក់​គុណ​សម្បត្ដិ​អ្វី​របស់​ព្រះ? តើ​យើង​អាច​ឃើញ​ភស្ដុ​តាង​នៃ​គុណ​សម្បត្ដិ​នេះ​នៅ​កន្លែង​ណា​ខ្លះ?

ព្រឹត្ដិការណ៍​ផ្សេងៗ​ដែល​អេលីយ៉ា​ឃើញ​នោះ មាន​លក្ខណៈ​មួយ​ដូច​គ្នា​ទាំង​អស់ ព្រឹត្ដិការណ៍​ទាំង​នេះ​គឺ​ជា​ការ​សម្ដែង​នូវ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា។ ពិត​ណាស់ យើង​មិន​ចាំ​បាច់​មើល​ឃើញ​អព្ភូតហេតុ​ដើម្បី​យល់​ថា ព្រះ​មាន​តេជានុភាព​ដ៏​ខ្លាំង​ក្លា​ទេ។ យើង​អាច​មើល​ឃើញ​តេជានុភាព​របស់​ទ្រង់​យ៉ាង​ជាក់​ស្ដែង។ ព្រះ​គម្ពីរ​ចែង​ថា​ការ​បង្កើត​របស់​ទ្រង់​ជា​ភស្ដុ​តាង​បញ្ជាក់​ឲ្យ​ឃើញ​នូវ«ព្រះ​ចេស្តា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់»។ (រ៉ូម ១:២០) ពេល​យើង​គិត​អំពី​រន្ទះ​បាញ់​ដែល​ភ្លឺ​ឆ្វាច ផ្គរ​លាន់​ដែល​គ្រហឹម​ខ្ទរ​លើ​មេឃ ទឹក​ជ្រោះ​ដ៏​ធំ​សែន​ស្អាត ឬ​ក៏​ផ្ទៃ​មេឃ​ធំ​ល្វឹងល្វើយ​ពេញ​ទៅ​ដោយ​តារា​ច្រើន​រាប់​ពុំ​អស់ តើ​អ្នក​យល់​ថា​នេះ​មាន​ដោយ​សារ​តេជានុភាព​របស់​ព្រះ​ឬ​ទេ? ប៉ុន្ដែ មាន​មនុស្ស​តិច​ណាស់​ក្នុង​របប​លោកីយ៍​នេះ​ដែល​ទទួល​ស្គាល់​តេជានុភាព​របស់​ព្រះ។ ហើយ​មនុស្ស​ដែល​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​តេជានុភាព​របស់​ព្រះ មាន​តិច​ជាង​នោះ​ទៅ​ទៀត។ ប៉ុន្ដែ ការ​យល់​ដឹង​អំពី​គុណ​សម្បត្ដិ​នេះ​បញ្ជាក់​មូលហេតុ​ជា​ច្រើន​ថែម​ទៀត​ដែល​យើង​គួរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ ក្នុង​ផ្នែក​នេះ យើង​នឹង​សិក្សា​យ៉ាង​ល្អិត​ល្អន់​អំពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។

គុណ​សម្បត្ដិ​មួយ​របស់​ព្រះ​យេហូវ៉ា​ដែល​សំខាន់​ចាំ​បាច់

៤, ៥​. (ក) តើ​មាន​ទំនាក់​ទំនង​អ្វី​រវាង​ព្រះ​នាម​ព្រះ​យេហូវ៉ា​និង​ឥទ្ធានុភាព​ឬ​តេជានុភាព​របស់​ទ្រង់? (ខ) ហេតុ​អ្វី​សមរម្យ​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​គោ​ឈ្មោល​ជា​តំណាង​តេជានុភាព​របស់​ទ្រង់?

គ្មាន​នរណា​ម្នាក់​មាន​តេជានុភាព​ដូច​ព្រះ​យេហូវ៉ា​ឡើយ។ យេរេមា ១០:៦​ចែង​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! គ្មាន​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះ​នាម​ទ្រង់​ក៏មាន​ឥទ្ធានុភាព​យ៉ាង​ខ្លាំង​ដែរ»។ សូម​កត់​សម្គាល់​ថា ព្រះ​នាម​ទ្រង់​មាន​ឥទ្ធានុភាព ឬ​ថា​តេជានុភាព។ សូម​ចាំ​ដែរ​ថា តាម​មើល​ទៅ ព្រះ​នាម​របស់​ទ្រង់​បាន​ន័យ​ថា«ទ្រង់​ធ្វើ​ឲ្យ​ក្លាយ​ជា»ឬ«ទ្រង់ធ្វើឲ្យកើតមក»។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​បង្កើត​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​បង្កើត និង​ក្លាយ​ទៅ​ជា​អ្វី​តាម​តែ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នោះ? អ្វី​មួយ​នោះ​គឺ​ជា​តេជានុភាព។ ពិត​ណាស់ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ប្រព្រឹត្ដ​និង​សម្រេច​គោល​បំណង​របស់​ទ្រង់​ដោយ​គ្មាន​កំរិត​ឡើយ។ តេជានុភាព​បែប​នេះ​ជា​គុណសម្បត្ដិ​ដ៏​សំខាន់​ចាំបាច់​មួយ​របស់​ទ្រង់។

ព្រះ​យេហូវ៉ា​ប្រើ​ការ​ប្រៀប​ធៀប​ដើម្បី​ជួយ​យើង​យល់​នូវ​ទំហំ​នៃ​តេជានុភាព​របស់​ទ្រង់ ពីព្រោះ​យើង​មិន​អាច​យល់​បាន​ឡើយ។ ដូច​យើង​បាន​រៀន​ហើយ ទ្រង់​ប្រើ​គោ​ឈ្មោល​ជា​តំណាង​តេជានុភាព។ (អេសេគាល ១:៤​-​១០) ការ​ជ្រើស​រើស​គោ​ឈ្មោល​ជា​តំណាង​តេជានុភាព​គឺ​សមរម្យ​ណាស់ ដ្បិត​សូម្បី​តែ​គោ​ឈ្មោល​ដែល​មនុស្ស​ចិញ្ចឹម​ក៏​ជា​សត្វ មាន​កម្លាំង​ខ្លាំង​ណាស់​ពេល​វា​ធំ​ហើយ​នោះ​។ មនុស្ស​ដែល​ធ្លាប់​រស់​នៅ​ស្រុក​ប៉ាឡេស្ទីន​នៅ​សម័យ​ព្រះ​គម្ពីរ កម្រ​ជួប​សត្វ​ណា​ដែល​ខ្លាំង​ជាង​គោ​ឈ្មោល​ណាស់។ ប៉ុន្ដែ ពួក​គេ​ធ្លាប់​ដឹង​អំពី​គោ​ឈ្មោល​ម្យ៉ាង​ទៀត​ដែល​គួរ​ឲ្យ​ខ្លាច​ជាង នោះ​គឺ​គោ​ព្រៃ​ឈ្មោល​ម្យ៉ាង​ដែល​បាន​ស្លាប់​ផុត​ពូជ​អស់​ទៅ​ហើយ។ (យ៉ូប ៣៩:៩​-​១២) អធិរាជ​យូលាស សេសារ ស្ដេច​ចក្រភព​រ៉ូម​ធ្លាប់​មាន​បន្ទូល​ថា គោ​ឈ្មោល​ទាំង​នេះ​គឺ​ធំ​ស្ទើរតែ​ស្មើ​សត្វ​ដំរី។ ទ្រង់​ក៏​បាន​សរសេរ​ថា៖ «ពួក​វា​ខ្លាំង​ណាស់ ហើយ​រត់​លឿន​ណាស់​ដែរ»។ អ្នក​ពិត​ជា​នឹង​ចាត់​ទុក​ខ្លួន​ថា​ខ្សោយ​និង​តូច​ណាស់ បើ​អ្នក​ត្រូវ​ឈរ​នៅ​ក្បែរ​សត្វ​បែប​នេះ!

៦​. ហេតុ​អ្វី​មាន​តែ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ត្រូវ​ហៅ​ថា«ព្រះ​ដ៏​មាន​ព្រះ​ចេស្តា​បំផុត»?

ស្រដៀង​គ្នា​ដែរ មនុស្ស​គឺ​តូច​ទាប​និង​គ្មាន​កម្លាំង​សោះ​បើ​យក​មក​ប្រៀប​នឹង​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ពោរ​ពេញ​ទៅ​ដោយ​តេជានុភាព។ សូម្បី​តែ​ប្រទេស​មហា​អំណាច ក៏​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​លំអង​ធូលី​លើ​ជញ្ជីង​ដែរ។ (អេសាយ ៤០:១៥) ព្រះ​យេហូវ៉ា​គឺ​ខុស​ប្លែក​ពី​សត្ដនិករ​ឯ​ទៀត ពីព្រោះ​តេជានុភាព​របស់​ទ្រង់​គ្មាន​កំរិត ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ហៅ​ថា៖ «ព្រះ​ដ៏​មាន​ព្រះ​ចេស្តា​បំផុត»។ * (វិវរណៈ ១៥:៣) ព្រះ​យេហូវ៉ា​មាន«តេជានុភាព​ដ៏​ខ្លាំង​ក្លា»និង​មាន«ព្រះ​ចេស្តា​ដ៏​ធំ»។ (អេសាយ ៤០:២៦) ទ្រង់​ជា​ប្រភព​នៃ​ថាមពល​ដែល​មិន​ចេះ​អស់។ ទ្រង់​មិន​ពឹង​ពាក់​ប្រភព​ផ្សេង​ទៀត​ឲ្យ​បាន​ថាមពល​ឡើយ ដ្បិត«តេជានុភាព​គឺ​ជា​របស់​ព្រះ»។ (ទំនុក​ដំកើង ៦២:១១, ព.ថ.) ក៏​ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​បញ្ចេញ​តេជានុភាព​របស់​ទ្រង់​តាម​របៀប​ណា?

របៀប​ព្រះ​យេហូវ៉ា​បញ្ចេញ​តេជានុភាព​របស់​ទ្រង់

៧​. តើ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី? តើ​ពាក្យ​ភាសា​ដើម​ដែល​ត្រូវ​ប្រើ​ក្នុង​ព្រះ​គម្ពីរ​មាន​ន័យ​អ្វី?

វិញ្ញាណ​បរិសុទ្ធ​ចេញ​ពី​ព្រះ​យេហូវ៉ា​មិន​ចេះ​អស់​ឡើយ។ វិញ្ញាណ​បរិសុទ្ធ​គឺ​តេជានុភាព​របស់​ព្រះ​ដែល​កំពុង​តែ​មាន​សកម្មភាព។ ការ​ពិត នៅ​លោកុប្បត្ដិ ១:២ ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ព្រះ​គម្ពីរ​ហៅ​វិញ្ញាណ​បរិសុទ្ធ​ថា«សកម្ម​ពល»របស់​ព្រះ។ ពាក្យ​ដើម​ជា​ភាសា​ហេព្រើរ​និង​ក្រិច​ដែល​ត្រូវ​បក​ប្រែ​ថា«វិញ្ញាណ»អាច​ត្រូវ​បក​ប្រែ​ក្នុង​ឃ្លា​ផ្សេង​ទៀត​ថា«ខ្យល់» «ដង្ហើម» និង «គំហុក​ខ្យល់»។ យោង​ទៅ​តាម​អ្នក​និពន្ធ​សទ្ទានុក្រម ពាក្យ​ភាសា​ដើម​សំដៅ​ទៅ​លើ​ថាមពល​មួយ​ដែល​យើង​មិន​អាច​ឃើញ​និង​ដែល​កំពុង​តែ​មាន​សកម្មភាព។ យើង​មិន​អាច​មើល​ឃើញ​វិញ្ញាណ​របស់​ព្រះ​ដូច​យើង​មិន​អាច​មើល​ឃើញ​ខ្យល់​ដែរ ប៉ុន្ដែ យើង​អាច​មើល​ឃើញ​នូវ​ឥទ្ធិពល​នៃ​វិញ្ញាណ​នោះ​បាន​យ៉ាង​ជាក់​ស្ដែង។

៨​. ក្នុង​ព្រះ​គម្ពីរ តើ​វិញ្ញាណ​របស់​ព្រះ​ត្រូវ​ពណ៌នា​ជា​អ្វី? ហេតុ​អ្វី​ការ​ប្រៀប​ធៀប​នេះ​គឺ​សមរម្យ?

វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​អាច​ត្រូវ​ប្រើ​ឲ្យ​ធ្វើ​កិច្ច​ការ​អ្វី​ក៏​បាន។ ព្រះ​យេហូវ៉ា​អាច​ប្រើ​វិញ្ញាណ​នោះ​ដើម្បី​បំពេញ​គោល​បំណង​ណា​ក៏​ដោយ​សម​ស្រប​ទៅ​តាម​ព្រះ​ទ័យ​ទ្រង់។ ដូច្នេះ គឺ​សមរម្យ​ណាស់​ដែល​ក្នុង​ព្រះ​គម្ពីរ​ថា វិញ្ញាណ​របស់​ព្រះ​ត្រូវ​ហៅ«អង្គុលី​ព្រះ​ហស្ដ» «ព្រះ​ហស្ដ​ដ៏​មាន​ព្រះ​ចេស្តា» ឬ«ព្រះ​ពាហុ»។ (លូកា ១១:២០; ចោទិយកថា ៥:១៥; ទំនុក​ដំកើង ៨:៣) មនុស្ស​ម្នាក់​អាច​ប្រើ​ដៃ​ខ្លួន​ដើម្បី​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ផ្សេងៗ​ដែល​តម្រូវ​ឲ្យ​ប្រើ​កម្លាំង​ឬ​តម្រូវ​ឲ្យ​ថ្នម​ដៃ។ ដូច​គ្នា​ដែរ ព្រះ​អាច​ប្រើ​វិញ្ញាណ​របស់​ទ្រង់​ដើម្បី​សម្រេច​គោល​បំណង​ណា​ក៏​ដោយ ដូច​ជា​ការ​បង្កើត​អាតូម​ដ៏​តូច​ល្អិត​បំផុត ឬ ការ​ញែក​សមុទ្រ​ក្រហម ឬ​ក៏ ការ​ផ្ដល់​សមត្ថភាព​ឲ្យ​ជន​គ្រីស្ទាន​នៅ​សត​វត្ស​ទី​មួយ​ចេះ​និយាយ​ភាសា​ផ្សេងៗ។

៩​. តើ​អំណាច​គ្រប់​គ្រង​របស់​ព្រះ​មាន​ទំហំ​ប៉ុន​ណា​ទៅ?

ព្រះ​យេហូវ៉ា​ក៏​សម្ដែង​តេជានុភាព​របស់​ទ្រង់​តាម​រយៈ​អំណាច​គ្រប់​គ្រង​ជា​ព្រះ​មហា​ក្សត្រ​សកលលោក។ សូម​គិត​ក្នុង​ចិត្ដ​ថា នៅ​ក្រោម​បង្គាប់​អ្នក មាន​បុគ្គល​រាប់​លាន​នាក់​ដែល​មាន​ប្រាជ្ញា​និង​សមត្ថភាព ហើយ​ពួក​គេ​ចាំ​តែ​ធ្វើ​តាម​បង្គាប់​របស់​អ្នក​យ៉ាង​រីក​រាយ។ នេះ​ពិត​ជា​អស្ចារ្យ​ណាស់ មែន​ទេ? ព្រះ​យេហូវ៉ា​មាន​អំណាច​គ្រប់​គ្រង​បែប​នេះ។ ទ្រង់​មាន​អ្នក​បំរើ​ជា​មនុស្ស​ជាតិ ដែល​បទ​គម្ពីរ​ពណ៌នា​ថា​មាន​ច្រើន​ស្មើ​នឹង​កង​ទ័ព។ (ទំនុក​ដំកើង ៦៨:១១; ១១០:៣) ប៉ុន្ដែ មនុស្ស​ជាតិ​ម្នាក់​គឺ​ខ្សោយ​ណាស់​បើ​យក​មក​ប្រៀប​ធៀប​នឹង​ទេវតា​មួយ​រូប។ ពេល​កង​ទ័ព​សាសន៍​អាសស៊ើរ​បាន​មក​ច្បាំង​នឹង​រាស្ដ្រ​របស់​ព្រះ ទេវតា​តែ​មួយ​រូប​បាន​សម្លាប់​កូន​ទាហាន​ទាំង​នោះ​អស់​១៨៥.០០០​នាក់​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! (ពង្សាវតារ​ក្សត្រ​ទី​២ ១៩:៣៥) បណ្ដា​ទេវតា​របស់​ព្រះ«មាន​ឥទ្ធិ​ឫទ្ធិ​ខ្លាំង»ណាស់។—ទំនុក​ដំកើង ១០៣:១៩, ២០

១០​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្តា ត្រូវ​ហៅ​ថា​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ? (ខ) តើ​អ្នក​ណា​ជា​ស្នា​ព្រះ​ហស្ដ​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ព្រះ​យេហូវ៉ា?

១០ តើ​មាន​ទេវតា​ប៉ុន្មាន​រូប? ព្យាការី​ដានីយ៉ែល​ធ្លាប់​ឃើញ​ចក្ខុនិមិត្ដ​ដែល​បង្ហាញ​ពី​ស្ថាន​សួគ៌ ហើយ​ពេល​នោះ​គាត់​ឃើញ​បុគ្គល​វិញ្ញាណ​ជាង​១០០​លាន​រូប​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ គ្មាន​អ្វី​បញ្ជាក់​ថា​គាត់​បាន​ឃើញ​ទេវតា​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​នោះ​ទេ។ (ដានីយ៉ែល ៧:១០) ដូច្នេះ ប្រហែល​ជា​មាន​រាប់​រយ​លាន​ទេវតា។ ហេតុ​នេះ​ហើយ​ព្រះ​បាន​ត្រូវ​ពណ៌នា​ហៅ​ថា ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ។ ឋានន្ដរ​នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​មាន​ឋានៈ​ជា​មេ​បញ្ជា​ការ​លើ​បណ្ដា​ទេវតា​ដ៏​ខ្លាំង​ក្លា​ជា​ច្រើន ដែល​ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​របៀប​រៀប​រយ។ ព្រះ​យេហូវ៉ា​បាន​តាំង​បុគ្គល​វិញ្ញាណ​មួយ​រូប​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​ទេវតា​ទាំង​នេះ គឺ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់ ហៅ​ថា«បង​ច្បង​នៃ​គ្រប់​ទាំង​អស់»។ (កូល៉ុស ១:១៥) ដោយ​សារ​ព្រះ​យេស៊ូ​ជា​មហា​ទេវតា​ឬ​ជា​ប្រមុខ​នៃ​បណ្ដា​ទេវតា សេរភីម និង​ចេរូប៊ីន​នោះ ព្រះ​យេស៊ូ​គឺ​ជា​ស្នា​ព្រះ​ហស្ដ​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ព្រះ​យេហូវ៉ា។

១១, ១២​. (ក) តើ​ព្រះ​បន្ទូល​របស់​ព្រះ​បញ្ចេញ​ឥទ្ធិពល​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​អំពី​ទំហំ​នៃ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ដោយ​មាន​បន្ទូល​ដូច​ម្ដេច?

១១ ព្រះ​យេហូវ៉ា​មាន​វិធី​មួយ​ទៀត​ដែល​ទ្រង់​បញ្ចេញ​តេជានុភាព​របស់​ទ្រង់។ ហេព្រើរ ៤:១២ ចែង​ថា៖ «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង»។ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​នូវ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ឬ​ក៏​សារ​ដែល​វិញ្ញាណ​របស់​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ​មក​ក្នុង​ព្រះ​គម្ពីរ​ឬ? បន្ទូល​នោះ​អាច​ផ្ដល់​កម្លាំង​ដល់​យើង អាច​ពង្រឹង​ជំនឿ​របស់​យើង និង​អាច​ជួយ​យើង​កែ​ប្រែ​លក្ខណៈ​ខ្លួន​ទាំង​ស្រុង។ សាវ័ក​ប៉ុល​បាន​ព្រមាន​អ្នក​ជឿ​គ្នី​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស​ដែល​មាន​របៀប​រស់​នៅ​ដ៏​អសីលធម៌។ រួច​គាត់​និយាយ​បន្ដ​ថា៖ «ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ»។ (កូរិនថូសទី១ ៦:៩​-​១១) ពិត​ណាស់ «ព្រះ​បន្ទូល​នៃ​ព្រះ»បាន​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​ពួក​គេ​និង​បាន​ជួយ​ពួក​គេ​កែ​ប្រែ។

១២ ព្រះ​យេហូវ៉ា​មាន​តេជានុភាព​ដ៏​មហិមា​និង​វិធី​ដែល​ទ្រង់​បញ្ចេញ​តេជានុភាព​នោះ មាន​ប្រសិទ្ធ​ភាព​ដល់​ម៉្លេះ​ដែល​គ្មាន​អ្វី​អាច​រារាំង​បង្អាក់​ទ្រង់​បាន​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»។ (ម៉ាថាយ ១៩:២៦) តើ​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​សំរាប់​គោល​បំណង​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​ដោយ​មាន​គោល​បំណង

១៣, ១៤​. (ក) ហេតុ​អ្វី​យើង​អាច​និយាយ​ថា ព្រះ​យេហូវ៉ា​មិន​មែន​ជា​អំណាច​ធម្មជាតិ​ដែល​គ្មាន​ជីវិត​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​តាម​វិធី​ណា​ខ្លះ?

១៣ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ជាង​និង​អស្ចារ្យ​ជាង​ថាមពល​ណា​ផ្សេង​ទៀត​ក្នុង​ធម្មជាតិ។ ម្យ៉ាង​ទៀត​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អំណាច​ធម្មជាតិ​ដែល​គ្មាន​ជីវិត​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​មួយ​អង្គ​ដ៏​ពិត ដែល​កាន់​កាប់​ទាំង​ស្រុង​ទៅ​លើ​តេជានុភាព​របស់​ទ្រង់។ ប៉ុន្ដែ តើ​អ្វី​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ប្រើ​តេជានុភាព​របស់​ទ្រង់?

១៤ យើង​នឹង​រៀន​ក្រោយ​មក​ថា ព្រះ​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បង្កើត បំផ្លាញ ការពារ និង​បង្កើត​សា​ជា​ថ្មី​ឡើង​វិញ ដូច្នេះ​បើ​និយាយ​ឲ្យ​ខ្លី ទ្រង់​ប្រើ​តេជានុភាព​ដើម្បី​ធ្វើ​អ្វី​ក៏​ដោយ​ដែល​សម​ស្រប​ទៅ​តាម​គោល​បំណង​របស់​ទ្រង់។ (អេសាយ ៤៦:១០) ក្នុង​ករណី​ខ្លះ ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នូវ​ផ្នែក​ដ៏​សំខាន់ៗ​នៃ​បុគ្គលិក​លក្ខណៈ​និង​គោល​ការណ៍​របស់​ទ្រង់។ អ្វី​ដ៏​សំខាន់​បំផុត​នោះ ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់ ដែល​ជា​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​គ្រប់​គ្រង​របស់​ទ្រង់ និង​ការ​ញែក​ព្រះ​នាម​ដ៏​វិសុទ្ធ​របស់​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ​តាម​រយៈ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ គ្មាន​អ្វី​ដែល​អាច​រារាំង​គោល​បំណង​នេះ​បាន​ឡើយ។

១៥​. ស្ដី​អំពី​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា តើ​ទ្រង់​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ធ្វើ​អ្វី? តើ​ទ្រង់​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច​ក្នុង​ករណី​របស់​អេលីយ៉ា?

១៥ ព្រះ​យេហូវ៉ា​ក៏​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​យើង​ម្នាក់ៗ​ដែរ។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​បាន​ចែង​នៅ​របាក្សត្រទី២ ១៦:៩ ថា៖ «ដ្បិត​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែន​ដី​ទាំង​មូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​ទ្រង់»។ បទ​ពិសោធន៍​របស់​អេលីយ៉ា​ដែល​យើង​បាន​រៀប​រាប់​ពី​ដំបូង​នោះ គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​សម្ដែង​តេជានុភាព​របស់​ទ្រង់​តាម​វិធី​ដ៏​អស្ចារ្យ​ដូច្នេះ? យេសិបិល អគ្គមហេសី​ដ៏​ទុច្ចរិត​មួយ​អង្គ​បាន​ស្បថ​ថា ព្រះ​នាង​នឹង​សម្លាប់​អេលីយ៉ា។ ព្យាការី​អេលីយ៉ា​បាន​រត់​ទៅ​លាក់​ខ្លួន​ដើម្បី​ការពារ​ជីវិត។ អេលីយ៉ា​ភ័យ​រន្ធត់ ធ្លាក់​ទឹក​ចិត្ដ មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​អាច​ជួយ​គាត់​បាន​ឡើយ និង​គិត​ថា​គាត់​បាន​ប្រឹងប្រែង​ព្យាយាម​ឥត​អំពើ។ ដើម្បី​សម្រាល​ទុក្ខ​អេលីយ៉ា​ដែល​កំពុង​តែ​ពិបាក​ចិត្ដ​នេះ ព្រះ​យេហូវ៉ា​រំឭក​គាត់​ឲ្យ​ចាំ​ច្បាស់​ពី​តេជានុភាព​របស់​ព្រះ។ ខ្យល់ រញ្ជួយ​ដី និង​ភ្លើង​នោះ​បាន​បញ្ជាក់​ថា បុគ្គល​ដ៏​ខ្លាំង​បំផុត​ក្នុង​សកលលោក​គឺ​កំពុង​តែ​គង់​នៅ​ជា​មួយ​អេលីយ៉ា។ បើ​ព្រះ​ដែល​មាន​ព្រះ​ចេស្តា​បំផុត​កំពុង​តែ​គាំ​ទ្រ​អេលីយ៉ា គ្មាន​អ្វី​ដែល​គាត់​គួរ​ខ្លាច​យេសិបិល​ទាល់​តែ​សោះ។—ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១​-​១២ *

១៦​. ក្រោយ​ពី​បាន​គិត​អំពី​តេជានុភាព​ដ៏​មហិមា​របស់​ព្រះ​យេហូវ៉ា ហេតុ​អ្វី​បាន​ជា​យើង​មាន​ទំនុក​ចិត្ដ​យ៉ាង​ខ្លាំង?

១៦ ទោះ​ជា​មិន​ទាន់​ដល់​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​ទៀត​ក៏​ពិត​មែន តែ​ព្រះ​យេហូវ៉ា​មិន​បាន​កែ​ប្រែ​ព្រះ​ទ័យ​ទ្រង់​ទាល់​តែ​សោះ​តាំង​ពី​សម័យ​អេលីយ៉ា​មក។ (កូរិនថូសទី១ ១៣:៨) ដូច​សព្វ​ថ្ងៃ​នេះ​ដែរ ព្រះ​យេហូវ៉ា​ក៏​ប្រុង​ប្រៀប​ប្រើ​តេជានុភាព​របស់​ទ្រង់​ប្រយោជន៍​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ ទោះ​ជា​ទ្រង់​គង់​នៅ​ស្ថាន​វិញ្ញាណ​ដ៏​ខ្ពង់​ខ្ពស់​ក៏​ពិត​មែន តែ​ទ្រង់​មិន​នៅ​ឆ្ងាយ​ពី​យើង​ឡើយ។ ទំហំ​នៃ​តេជានុភាព​របស់​ទ្រង់​គ្មាន​ព្រំដែន​ទេ ដូច្នេះ​ចម្ងាយ​មិន​មែន​ជា​ឧបសគ្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ«ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់»។ (ទំនុក​ដំកើង ១៤៥:១៨) នៅ​គ្រា​មួយ​ពេល​ព្យាការី​ដានីយ៉ែល​ទូល​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ជំនួយ​នោះ ទេវតា​មួយ​រូប​បាន​លេច​មក​មុន​ដានីយ៉ែល​អធិស្ឋាន​ចប់​ទៅ​ទៀត! (ដានីយ៉ែល ៩:២០​-​២៣) គ្មាន​អ្វី​ដែល​អាច​រារាំង​ព្រះ​យេហូវ៉ា​ពី​ការ​ជួយ​និង​ការ​ផ្ដល់​កម្លាំង​ដល់​អ្នក​ដែល​ទ្រង់​ស្រឡាញ់​បាន​ឡើយ។—ទំនុក​ដំកើង ១១៨:៦

តើ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​ទាក់​ទង​ទ្រង់​បាន​ឬ?

១៧​. តើ​ក្នុង​ន័យ​អ្វី​ដែល​តេជានុភាព​របស់​ទ្រង់​គួរ​ធ្វើ​ឲ្យ​យើង​ខ្លាច? ប៉ុន្ដែ តើ​តេជានុភាព​របស់​ទ្រង់​មិន​ធ្វើ​ឲ្យ​យើង​មាន​ការ​ខ្លាច​បែប​ណា?

១៧ តើ​តេជានុភាព​របស់​ព្រះ​គួរ​ធ្វើ​ឲ្យ​យើង​ខ្លាច​ទ្រង់​ទេ? យើង​ត្រូវ​ឆ្លើយ​ថា​មែន ហើយ​ក៏​ត្រូវ​ឆ្លើយ​ថា​ទេ​ដែរ។ យើង​អាច​ឆ្លើយ​ថា មែន! ពីព្រោះ​តេជានុភាព​ទ្រង់​ជា​ហេតុ​ដែល​យើង​ត្រូវ​កោត​ខ្លាច​ទ្រង់ គឺ​ថា​ត្រូវ​គោរព​ទ្រង់​យ៉ាង​ជ្រាល​ជ្រៅ​ដូច​យើង​បាន​រៀន​យ៉ាង​ខ្លី​ក្នុង​អត្ថបទ​មុន។ ព្រះ​គម្ពីរ​ចែង​ថា ការ​កោត​ខ្លាច​បែប​នេះ​ជា«ដើម​ចម​នៃ​ប្រាជ្ញា»។ (ទំនុក​ដំកើង ១១១:១០) ប៉ុន្ដែ យើង​ក៏​អាច​ឆ្លើយ​ថា ទេ! ព្រោះ​ថា តេជានុភាព​របស់​ព្រះ​មិន​ត្រូវ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ភ័យ​រន្ធត់​ឬ​ក៏​រួញ​រា​មិន​ចង់​ទាក់​ទង​ទ្រង់​ឡើយ។

១៨​. (ក) ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​មិន​ទុក​ចិត្ដ​អ្នក​ដែល​មាន​អំណាច? (ខ) ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​អាច​ទៅ​ជា​អាក្រក់?

១៨ លោក​ឧកញ៉ា ឡត ប្រវត្ដិវិទូ​ជន​ជាតិ​អង់គ្លេស​ម្នាក់​នៅ​ឆ្នាំ​១៨៨៧​បាន​សរសេរ​ថា៖ «ការ​កាន់​អំណាច​ច្រើន​តែ​នាំ​ឲ្យ​បុគ្គល​ម្នាក់​ទៅ​ជា​ខូច​អាក្រក់ ហើយ​ការ​មាន​គ្រប់​ទាំង​អំណាច​នាំ​ឲ្យ​ខូច​អាក្រក់​ទាំង​ស្រុង»។ ពាក្យ​នេះ​ត្រូវ​មនុស្ស​ពោល​ជា​ញឹក​ញយ ប្រហែល​ជា​ដោយ​សារ​មនុស្ស​ជា​ច្រើន​យល់​ថា ពាក្យ​នោះ​គឺ​ជា​ការ​ពិត​មែន។ មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ច្រើន​តែ​ប្រើ​អំណាច​ក្នុង​ផ្លូវ​ខុស ដូច​យើង​បាន​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ប្រវត្ដិសាស្ដ្រ។ (សាស្តា ៤:១, ៨:៩) ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​មិន​ទុក​ចិត្ដ​អ្នក​ដែល​មាន​អំណាច​និង​មិន​ចង់​ចូល​ទៅ​ជិត​ពួក​គេ​ទេ។ ព្រះ​យេហូវ៉ា​មាន​គ្រប់​ទាំង​អំណាច។ តើ​នេះ​បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អាក្រក់​ទេ? មិន​មែន​ដូច្នោះ​ឡើយ! ដូច​យើង​បាន​រៀន​ហើយ​ថា ទ្រង់​គឺ​បរិសុទ្ធ ទ្រង់​មិន​អាច​ទៅ​ជា​អាក្រក់​បាន​ឡើយ។ ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ពី​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែល​មាន​អំណាច​ក្នុង​លោកីយ៍​ដ៏​អាក្រក់​នេះ។ ទ្រង់​មិន​ធ្លាប់ ហើយ​ក៏​មិន​ដែល​ប្រើ​អំណាច​របស់​ទ្រង់​ក្នុង​ផ្លូវ​ខុស​ឡើយ។

១៩, ២០​. (ក) តើ​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​សម​ស្រប​ទៅ​តាម​គុណ​សម្បត្ដិ​អ្វី​ទៀត? ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ដ​ទ្រង់? (ខ) តើ​យើង​អាច​ប្រើ​ឧទាហរណ៍​អ្វី​ដើម្បី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ចេះ​ទប់​ព្រះ​ទ័យ? ហេតុ​អ្វី​នេះ​ទាក់​ទាញ​ចិត្ដ​របស់​អ្នក?

១៩ សូម​ចាំ​ដែរ​ថា តេជានុភាព​មិន​មែន​ជា​គុណ​សម្បត្ដិ​តែ​មួយ​គត់​របស់​ព្រះ​យេហូវ៉ា​ឡើយ។ យើង​មិន​ទាន់​សិក្សា​អំពី​យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នៅ​ឡើយ​ទេ។ ប៉ុន្ដែ យើង​មិន​គួរ​នឹក​ស្មាន​ថា​ព្រះ​យេហូវ៉ា​សម្ដែង​គុណ​សម្បត្ដិ​ម្ដង​មួយៗ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​រៀន​ក្នុង​ជំពូក​បន្ទាប់​មក​ថា ព្រះ​យេហូវ៉ា​តែង​តែ​ស​ម្ដែង​តេជានុភាព​របស់​ទ្រង់​សម​ស្រប​ទៅ​តាម​យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ សូម​គិត​អំពី​គុណ​សម្បត្ដិ​មួយ​ទៀត​ដែល​ជា​របស់​ផង​ព្រះ និង​ដែល​អ្នក​គ្រប់​គ្រង​ក្នុង​លោកីយ៍​នេះ​កម្រ​មាន​ណាស់។ គុណ​សម្បត្ដិ​នេះ​គឺ​ជា​ការ​ចេះ​ទប់​ចិត្ដ។

២០ សូម​គិត​ក្នុង​ចិត្ដ​ថា​អ្នក​ជួប​បុរស​ម្នាក់​ដែល​ធំ​និង​ខ្លាំង​ដល់​ម៉្លេះ​ដែល​អ្នក​ខ្លាច​គាត់​តែ​ម្ដង។ ប៉ុន្ដែ បន្ដិច​ម្ដងៗ​អ្នក​ឃើញ​ថា​គាត់​សុភាព​ណាស់។ គាត់​ប្រុង​ប្រៀប​ប្រើ​កម្លាំង​របស់​គាត់ ដើម្បី​ជួយ​និង​ការពារ​អ្នក​ឯ​ទៀត​ជា​និច្ច ជា​ពិសេស​អ្នក​ដែល​គ្មាន​លទ្ធភាព​ការពារ​ខ្លួន​និង​អ្នក​ដែល​ងាយ​រង​គ្រោះ។ គាត់​មិន​ដែល​ប្រើ​កម្លាំង​របស់​គាត់​ក្នុង​ផ្លូវ​ខុស​ឡើយ។ អ្នក​ឮ​មនុស្ស​និយាយ​បង្កាច់​បង្ខូច​គាត់​ដោយ​គ្មាន​ហេតុ ប៉ុន្ដែ បុរស​នោះ​នៅ​តែ​មាន​ចិត្ដ​នឹង​នរ​ហើយ​មាន​ឥរិយា​បទ​សុភាព ថ្លៃ​ថ្នូរ និង​សប្បុរស​ដដែល។ អ្នក​ចាប់​ផ្ដើម​ឆ្ងល់​ថា បើ​អ្នក​មាន​កម្លាំង​ដូច​គាត់ តើ​អ្នក​នឹង​អាច​ទប់​ចិត្ដ​ខ្លួន​បាន​ដូច្នេះ​ឬ​ក៏​មិន​បាន! បន្ដិច​ម្ដងៗ​ពេល​អ្នក​ចាប់​ផ្ដើម​ស្គាល់​បុរស​នេះ​កាន់​តែ​ច្បាស់​ទៅៗ អ្នក​នឹង​ចង់​ចូល​ទៅ​ជិត​គាត់ មែន​ទេ? យើង​មាន​ហេតុ​ច្រើន​ជាង​នេះ​ទៅ​ទៀត​ដែល​យើង​គួរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​មាន​គ្រប់​ព្រះ​ចេស្តា។ សូម​ពិចារណា​នូវ​ពាក្យ​ទាំង​អស់​ក្នុង​ឃ្លា​ដែល​ជា​មូលដ្ឋាន​នៃ​ប្រធាន​ជំពូក​នេះ។ ឃ្លា​នោះ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ»។ (ណា​ហ៊ុម ១:៣, កំណែ​ជា​អក្សរ​ទ្រេត) ព្រះ​យេហូវ៉ា​មិន​រហ័ស​ប្រើ​តេជានុភាព​របស់​ទ្រង់​ទៅ​លើ​អ្នក​ណា​ម្នាក់​ទេ សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ដោយ។ ទ្រង់​សុភាព​និង​សប្បុរស។ ទ្រង់​បាន​សម្ដែង​អង្គ​ទ្រង់​ជា​ព្រះ​ដែល«យឺត​នឹង​ខ្ញាល់»នៅ​ចំពោះ​មុខ​រឿង​ជា​ច្រើន​ដែល​គួរ​ធ្វើ​ឲ្យ​ទ្រង់​ខ្ញាល់។—ទំនុក​ដំកើង ៧៨:៣៧​-​៤១

២១​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់? តើ​អ្វី​បង្រៀន​យើង​អំពី​ទ្រង់?

២១ សូម​គិត​អំពី​ការ​ទប់​ព្រះ​ទ័យ​របស់​ព្រះ​យេហូវ៉ា​តាម​ទស្សនៈ​មួយ​ទៀត។ បើ​អ្នក​មាន​តេជានុភាព​ដែល​គ្មាន​កំរិត តើ​អ្នក​ជួន​កាល​ប្រហែល​ជា​ចង់​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​តាម​ចិត្ដ​របស់​អ្នក​ឬ​ទេ? ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​តេជានុភាព​ដ៏​ច្រើន​លើស​លប់​ក៏​ពិត​មែន ទ្រង់​មិន​ដែល​បង្ខំ​មនុស្ស​ឲ្យ​បំរើ​ទ្រង់​ឡើយ។ ទោះ​បី​ការ​បំរើ​ព្រះ​ជា​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​បាន​ជីវិត​ជា​រៀង​រហូត​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បង្ខំ​ឲ្យ​យើង​បំរើ​ទ្រង់​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​ផ្ដល់​កិត្ដិយស​ដោយ​ព្រះ​ទ័យ​សប្បុរស​ចំពោះ​មនុស្ស​ម្នាក់ៗ​ដោយ​ឲ្យ​យើង​មាន​សេរីភាព​ជ្រើស​រើស​ដោយ​ខ្លួន​ឯង។ ទ្រង់​ព្រមាន​យើង​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​ជ្រើស​រើស​ខុស និង​រង្វាន់​ដែល​មក​ពី​ការ​ជ្រើស​រើស​ត្រឹម​ត្រូវ។ ប៉ុន្ដែ ទ្រង់​ឲ្យ​យើង​ជ្រើស​រើស​ដោយ​ខ្លួន​ឯង។ (ចោទិយកថា ៣០:១៩, ២០) ព្រះ​យេហូវ៉ា​មិន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ​ទៅ​លើ​ការ​បង្ខំ​មនុស្ស​ឲ្យ​បំរើ​ទ្រង់​ឬ​ក៏​ការ​បំរើ​ដោយ​ខ្លាច​តេជានុភាព​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ទ្រង់​ឡើយ។ ទ្រង់​ចង់​ស្វែង​រក​អ្នក​ដែល​បំរើ​ទ្រង់​ស្ម័គ្រ​ពី​ចិត្ដ​និង​ដោយ​សេចក្ដី​ស្រឡាញ់។—កូរិនថូសទី២ ៩:៧

២២, ២៣​. (ក) តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​រីក​រាយ​នឹង​ផ្ដល់​កម្លាំង​ដល់​អ្នក​ឯ​ទៀត? (ខ) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​ជំពូក​បន្ទាប់?

២២ យើង​សូម​ពិចារណា​នូវ​ហេតុ​ចុង​ក្រោយ​ដែល​យើង​មិន​គួរ​ខ្លាច​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្តា។ មនុស្ស​ជាតិ​ដែល​មាន​អំណាច ច្រើន​តែ​មិន​ចង់​ចែក​ដល់​អ្នក​ឯ​ទៀត​ឡើយ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​រីក​រាយ​នឹង​ប្រទាន​អំណាច​ដល់​អ្នក​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់។ ទ្រង់​ប្រទាន​អំណាច​ជា​ច្រើន​ដល់​អ្នក​ឯ​ទៀត ដូច​ជា​រាជបុត្រា​របស់​ទ្រង់។ (ម៉ាថាយ ២៨:១៨) ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​កម្លាំង​ដល់​អ្នក​បំរើ​ទ្រង់​តាម​វិធី​មួយ​ទៀត។ ព្រះ​គម្ពីរ​ពន្យល់​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ភាព​ដ៏​ធំ​នឹង​ព្រះ​ចេស្តា សិរី​ល្អ ជ័យ​ជំនះ នឹង​តេជានុភាព នោះ​សុទ្ធតែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ នឹង​នៅ​ផែន​ដី ជា​របស់​ផង​ទ្រង់ . . . នៅ​ព្រះ​ហស្ដ​ទ្រង់​មាន​ទាំង​ព្រះ​ចេស្តា នឹង​ឥទ្ធិ​ឫទ្ធិ ហើយ​ទ្រង់​មាន​អំណាច​នឹង​លើក​ជា​ធំ ហើយ​ប្រោស​ឲ្យ​មាន​កំឡាំង​ដល់​មនុស្ស​ទាំង​អស់»។—របា​ក្សត្រ​ទី​១ ២៩:១១, ១២

២៣ ពិត​ណាស់ ព្រះ​យេហូវ៉ា​នឹង​រីក​រាយ​ផ្ដល់​កម្លាំង​ឲ្យ​អ្នក។ ទ្រង់​រហូត​ដល់​ប្រទាន«ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់»ដល់​អស់​អ្នក​ណា​ដែល​បំរើ​ទ្រង់។ (កូរិនថូសទី២ ៤:៧) អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ចង់​ចូល​ទៅ​ជិត​ព្រះ​ដែល​មាន​តេជានុភាព​ខ្លាំង​ក្លា​នេះ និង​ដែល​ប្រើ​តេជានុភាព​របស់​ទ្រង់​តាម​របៀប​ដ៏​សប្បុរស​និង​ត្រឹម​ត្រូវ​តាម​គោល​ការណ៍ មែន​ទេ? ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​ផ្ដោ​ត​អារម្មណ៍​ទៅ​លើ​របៀប​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បង្កើត។

^ វគ្គ 6 ពាក្យ​ភាសា​ក្រិច​ដែល​ត្រូវ​បក​ស្រាយ​ថា«គ្រប់​ព្រះ​ចេស្តា»មាន​ន័យ​ចំៗ​ថា «អ្នក​ដែល​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់»ឬ«អ្នក​ដែល​មាន​តេជានុភាព​ទាំង​អស់»។

^ វគ្គ 15 ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់ . . . ការ​កក្រើក​ដី . . . និង​ភ្លើង​នោះ​ទេ»។ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ពី​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​ផ្សេងៗ​ដែល​ជា​ទេព​ធម្មជាតិ​នោះ ពីព្រោះ​ពួក​គេ​មិន​ខំ​ស្វែង​រក​ទ្រង់​ក្នុង​កម្លាំង​ធម្មជាតិ​ឡើយ។ ទ្រង់​មិន​អាច​នៅ​ក្នុង​ធម្មជាតិ​ណា​ដែល​ទ្រង់​បាន​បង្កើត​នោះ​ទេ ពីព្រោះ​ទ្រង់​ខ្លាំង​ហួស​ពី​នោះ​ឆ្ងាយ​ណាស់។—ពង្សាវតារ​ក្សត្រ​ទី​១ ៨:២៧, កំណែ​ជា​អក្សរ​ទ្រេត