លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥

‹ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី›​មាន​តេជានុភាព​ក្នុង​ការ​បង្កើត

‹ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី›​មាន​តេជានុភាព​ក្នុង​ការ​បង្កើត

១, ២​. តើ​ព្រះ​អាទិត្យ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត​ដោយ​ដូច​ម្ដេច​?

តើ​អ្នក​ធ្លាប់​ឈរ​អាំង​ភ្លើង នៅ​ពេល​យប់​ដែល​មាន​ធាតុ​អាកាស​រងា​ទេ? ប្រហែល​ជា​អ្នក​លា​ដៃ​អាំង​ភ្លើង​ឲ្យ​បាត់​រងា ដោយ​ឈរ​ចម្ងាយ​មិន​ជិត​ពេក​មិន​ឆ្ងាយ​ពេក​ពី​អណ្ដាត​ភ្លើង។ បើ​អ្នក​ឈរ​នៅ​ជិត​ភ្លើង​ពេក អ្នក​ទ្រាំ​នឹង​កំដៅ​មិន​បាន​ទេ។ បើ​អ្នក​ឈរ​នៅ​ឆ្ងាយ​ពេក ខ្យល់​ត្រជាក់​បក់​មក​ធ្វើ​ឲ្យ​អ្នក​រងា​វិញ។

មាន​កំដៅ​ម្យ៉ាង​ដែល​ជះ​មក​លើ​ស្បែក​យើង​ជា​រៀង​រាល់​ថ្ងៃ។ ប្រភព​កំដៅ​នោះ​នៅ​ចម្ងាយ​១៥០​លាន​គីឡូម៉ែត្រ​ពី​យើង! * ប្រភព​កំដៅ​នោះ​គឺ​ជា​ព្រះ​អាទិត្យ។ ហើយ​ព្រះ​អាទិត្យ​ពិត​ជា​មាន​ថាមពល​យ៉ាង​ខ្លាំង​មែន ដែល​អាច​ជះ​កំដៅ​មក​លើ​យើង​ពី​ចម្ងាយ​ឆ្ងាយ​យ៉ាង​នេះ​បាន! ប៉ុន្ដែ ផែន​ដី​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​ដែល​ជា​ភ្លើង​នុយក្លេអ៊ែ​ដ៏​សែន​ក្ដៅ ដោយ​រក្សា​ចម្ងាយ​មិន​ជិត​ពេក​មិន​ឆ្ងាយ​ពេក​ទេ។ បើ​ផែន​ដី​នៅ​ជិត​ព្រះ​អាទិត្យ​ពេក ទឹក​លើ​ផែន​ដី​នឹង​ក្លាយ​ជា​ចំហាយ​ហួត​អស់។ បើ​ផែន​ដី​នៅ​ឆ្ងាយ​ពេក​ពី​ព្រះ​អាទិត្យ​ទឹក​នឹង​ត្រជាក់​ពេក​រហូត​ដល់​ក្លាយ​ជា​ទឹក​កក។ បើ​មាន​ស្ថានភាព​ណា​មួយ​ដូច​ខាង​លើ​នេះ នឹង​គ្មាន​ភាវៈ​មាន​ជីវិត​រស់​សោះ​នៅ​លើ​ភព​ផែន​ដី​យើង​នេះ។ ពន្លឺ​ព្រះ​អាទិត្យ​គឺ​មាន​សារៈ​ប្រយោជន៍​ចាំ​បាច់​ចំពោះ​ជីវិត​នៅ​លើ​ផែន​ដី​យើង ហើយ​ក៏​ជា​ថាមពល​មាន​លក្ខណៈ​ស្អាត​គ្មាន​គ្រោះ​ថ្នាក់ អាច​ប្រើ​ប្រាស់​បាន​ភ្លាមៗ ព្រម​ទាំង​ជា​ថាមពល​ដែល​ធ្វើ​ឲ្យ​យើង​រីក​រាយ​ផង​ដែរ។—សាស្តា ១១:៧

ព្រះ​យេហូវ៉ា«បាន​បង្កើត​ពន្លឺ​នឹង​ដួង​ព្រះ​អាទិត្យ»

៣​. តើ​ព្រះ​អាទិត្យ​ជា​សាក្សី​ដែល​បញ្ជាក់​ហេតុ​ការណ៍​ពិត​អ្វី?

យ៉ាង​ណា​ក៏​ដោយ មនុស្ស​ភាគ​ច្រើន​មើល​ស្រាល​ចំពោះ​ព្រះ​អាទិត្យ ទោះ​ជា​ជីវិត​ពួក​គេ​ពឹង​ពាក់​ទៅ​លើ​ព្រះ​អាទិត្យ​ក៏​ដោយ។ ដូច្នេះ ពួក​គេ​មិន​បាន​ទាញ​យក​មេ​រៀន​មក​ពី​ការ​គិត​ពិចារណា​អំពី​ព្រះ​អាទិត្យ​ទេ។ ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា៖ «ទ្រង់​បាន​បង្កើត​ពន្លឺ នឹង​ដួង​ព្រះ​អាទិត្យ»។ (ទំនុក​ដំកើង ៧៤:១៦) ពិត​ណាស់ ព្រះ​អាទិត្យ​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី»។ (ទំនុក​ដំកើង ១៩:១; ១៤៦:៦) ព្រះ​អាទិត្យ​គ្រាន់​តែ​ជា​វត្ថុ​ធាតុ​អវកាស​មួយ​ក្នុង​ចំណោម​វត្ថុ​ធាតុ​អវកាស​ជា​ច្រើន​ឥត​គណនា ដែល​បង្រៀន​យើង​អំពី​តេជានុភាព​ដ៏​ខ្លាំង​មហិមា​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត។ យើង​សូម​ពិចារណា​នូវ​វត្ថុ​ធាតុ​បែប​នេះ​ឲ្យ​បាន​ល្អិត​ល្អន់ រួច​មក​សូម​បែរ​អារម្មណ៍​មក​ពិចារណា​នូវ​ផែន​ដី​និង​ជីវិត​ប្រភេទ​ផ្សេងៗ​ដែល​រស់​រាន​នៅ​លើ​ផែន​ដី​វិញ​ម្ដង។

‹ងើយ​ភ្នែក​មើល​ទៅ​លើ​ហើយ​ពិចារណា›

៤, ៥​. (ក)តើ​ព្រះ​អាទិត្យ​គឺ​ខ្លាំង​ប៉ុន​ណា? ធំ​ប៉ុន​ណា? (ខ) តើ​ព្រះ​អាទិត្យ​គឺ​ធំ​ប៉ុន​ណា​បើ​ប្រៀប​នឹង​ផ្កាយ​ផ្សេង​ទៀត?

អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា ព្រះ​អាទិត្យ​របស់​យើង​គឺ​ជា​ផ្កាយ​មួយ។ ព្រះ​អាទិត្យ​មើល​ទៅ​ធំ​ជាង​ផ្កាយ​ផ្សេងៗ​ដែល​យើង​ឃើញ​ពេល​យប់ ដោយ​សារ​វា​នៅ​ជិត​ជាង​ផ្កាយ​ឯ​ទៀត។ តើ​ព្រះ​អាទិត្យ​គឺ​ខ្លាំង​ប៉ុន​ណា​ទៅ? ក្នុង​ស្នូល​ព្រះ​អាទិត្យ មាន​កំដៅ​ដល់​ទៅ​១៥​លាន​អង្សា។ បើ​អ្នក​អាច​ខួង​ស្នូល​ព្រះ​អាទិត្យ​ដោយ​ដក​យក​មួយ​គ្រាប់​មាន​ទំហំ​ប៉ុន​ក្បាល​រុយ រួច​ដាក់​គ្រាប់​តូច​នោះ​នៅ​លើ​ផែន​ដី​យើង​នេះ អ្នក​នឹង​ត្រូវ​ឈរ​ចម្ងាយ​យ៉ាង​ហោច​ណាស់​១៤០​គីឡូម៉ែត្រ​ពី​គ្រាប់​តូច​នោះ​ដើម្បី​មាន​សុវត្ថិ​ភាព! រាល់​វិនាទី ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ស្មើ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែ​រាប់​រយ​លាន​គ្រាប់។

ព្រះ​អាទិត្យ​មាន​ទំហំ​ធំ​ណាស់ ដល់​ម៉្លេះ​បាន​ជា​ភព​១.៣០០.០០០​ដែល​មាន​ទំហំ​ប៉ុន​ផែន​ដី​យើង​នេះ​អាច​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ព្រះ​អាទិត្យ​បាន។ តើ​ព្រះ​អាទិត្យ​ជា​ផ្កាយ​មួយ​ដែល​ធំ​ខុស​ពី​ធម្មតា​ទេ? មិន​មែន​ទេ! តារាវិទូ​ហៅ​ព្រះ​អាទិត្យ​ថា​ជា​តារា​មធ្យម​ពណ៌​លឿង។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ផ្កាយ​ទាំង​ប៉ុន្មាន . . . ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ»។ (កូរិនថូសទី១ ១៥:៤១) ពាក្យ​ដែល​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ​នោះ​គឺ​ពិត​ណាស់។ មាន​ផ្កាយ​មួយ​ធំ​សម្បើម​ណាស់ ហើយ​បើ​ផ្កាយ​នោះ​ដាក់​ជំនួស​ព្រះ​អាទិត្យ​វិញ វា​នឹង​លាត​សន្ធឹង​រហូត​ដល់​ផែន​ដី​ត្រូវ​ចូល​ទៅ​ក្នុង​ផ្កាយ​នោះ។ មាន​ផ្កាយ​មួយ​ទៀត​ដែល​ធំ​ដូច្នេះ ហើយ​បើ​ផ្កាយ​នោះ​ត្រូវ​ដាក់​ជំនួស​ព្រះ​អាទិត្យ វា​នឹង​លាត​សន្ធឹង​រហូត​ដល់​ភព​សៅរ៍ ជា​ភព​មួយ​ឆ្ងាយ​ពី​ផែន​ដី​ដល់​ម៉្លេះ​ដែល​យាន​អវកាស​បាន​ធ្វើ​ដំណើរ​អស់​បួន​ឆ្នាំ​ទើប​ដល់​ភព​នោះ ទោះ​ជា​ធ្វើ​ដំណើរ​លឿន​ជាង​គ្រាប់​កាំភ្លើង​៤០​ដង​ដែល​បាន​បាញ់​ចេញ​ពី​កាំភ្លើង​ដៃ​ធុន​ធ្ងន់​ក្ដី!

៦​. តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​ឲ្យ​ដឹង​ថា​ចំនួន​ផ្កាយ​មាន​ច្រើន​តាម​ទស្សនៈ​មនុស្ស?

អ្វី​ដែល​អស្ចារ្យ​ជាង​ទំហំ​ផ្កាយ​គឺ​ជា​ចំនួន​ផ្កាយ។ ការ​ពិត ព្រះ​គម្ពីរ​បង្ហើប​ឲ្យ​ដឹង​ថា ចំនួន​ផ្កាយ​គឺ​ច្រើន​រក​គណនា​ពុំ​បាន​ឡើយ និង​ពិបាក​រាប់​ដូច​ជា«ខ្សាច់​នៅ​សមុទ្រ»។ (យេរេមា ៣៣:២២) បន្ទូល​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​ផ្កាយ​ច្រើន​ណាស់​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន។ យ៉ាង​ណា​មិញ បើ​មនុស្ស​ដែល​សរសេរ​សៀវភៅ​ព្រះ​គម្ពីរ ដូច​ជា​យេរេមា បាន​ងើយ​ភ្នែក​មើល​ផ្ទៃ​មេឃ​ពេល​យប់​ហើយ​ខំ​រាប់​ផ្កាយ​ដែល​ពួក​គេ​បាន​ឃើញ ពួក​គេ​នឹង​រាប់​បាន​តែ​ជាង​បី​ពាន់​ផ្កាយ ដ្បិត​បើ​ពេល​យប់​មាន​ផ្ទៃ​មេឃ​ស្រឡះ​ល្អ ភ្នែក​មនុស្ស​ជាតិ​អាច​មើល​ឃើញ​តែ​ជាង​បី​ពាន់​ផ្កាយ​ប៉ុណ្ណោះ។ ចំនួន​នោះ​អាច​ត្រូវ​ប្រៀប​ស្មើ​នឹង​ចំនួន​គ្រាប់​ខ្សាច់​ដែល​អ្នក​អាច​ក្ដាប់​ក្នុង​ដៃ​មួយ​ប៉ុណ្ណោះ។ ប៉ុន្ដែ តាម​ការ​ពិត ចំនួន​ផ្កាយ​មាន​ច្រើន​លើស​លប់ ដូច​ជា​ខ្សាច់​ទាំង​អស់​នៅ​សមុទ្រ។ * តើ​អ្នក​ណា​អាច​រាប់​ចំនួន​ច្រើន​ដូច្នេះ​បាន?

«ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ»

៧​. (ក) តើ​កាឡាក់ស៊ី​មី​ល​គី​វ៉េ​របស់​យើង​មាន​ផ្កាយ​ប៉ុន្មាន? តើ​ចំនួន​នោះ​គឺ​ច្រើន​ប៉ុន​ណា​ទៅ? (ខ) ដោយ​ឃើញ​ថា​តារាវិទូ​ពិបាក​រាប់​កាឡាក់ស៊ី​ទាំង​ឡាយ​នោះ តើ​នេះ​បញ្ជាក់​អ្វី? តើ​នេះ​បង្រៀន​យើង​អ្វី អំពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត?

អេសាយ ៤០:២៦ ចែង​ថា៖ «ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ពួក​ពល​បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ»។ ទំនុក​ដំកើង ១៤៧:៤ ចែង​ថា៖ «ទ្រង់​រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយ»។ តើ«ចំនួន​នៃ​អស់​ទាំង​ផ្កាយ»មាន​ប៉ុន្មាន​ទៅ? សំនួរ​នោះ​មិន​ស្រួល​ឆ្លើយ​ទេ។ តារាវិទូ​ប៉ាន់​ស្មាន​ថា មាន​ជាង​១០០.០០០​លាន​ផ្កាយ​ក្នុង​កាឡាក់ស៊ី​មី​ល​គី​វ៉េ​របស់​យើង​ប៉ុណ្ណោះ។ * ប៉ុន្ដែ កាឡាក់ស៊ី​មី​ល​គី​វ៉េ​របស់​យើង​គឺ​មួយ​ក្នុង​ចំណោម​កាឡាក់ស៊ី​ជា​ច្រើន ដែល​កាឡាក់ស៊ី​ខ្លះ​មាន​ផ្កាយ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ តើ​មាន​កាឡាក់ស៊ី​ប៉ុន្មាន​ទៅ? តារាវិទូ​ខ្លះ​ប៉ាន់​ស្មាន​ថា​មាន​៥០.០០០​លាន​កាឡាក់ស៊ី។ តារាវិទូ​ឯ​ទៀត​បាន​គណនា​ថា ប្រហែល​ជា​មាន​១២៥.០០០​លាន​កាឡាក់ស៊ី។ ដូច្នេះ មនុស្ស​មិន​អាច​រាប់​ចំនួន​កាឡាក់ស៊ី​បាន​ផង ចុះ​ទំ​រាំ​ដល់​រាប់​ចំនួន​ផ្កាយ​រាប់​ពាន់​លាន​ឲ្យ​បាន​ច្បាស់​លាស់​នោះ ពិត​ជា​មិន​អាច​ធ្វើ​បាន​ទេ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ជ្រាប​ពី​ចំនួន​ផ្កាយ។ ម្យ៉ាង​ទៀត ទ្រង់​ដាក់​ឈ្មោះ​ផ្កាយ​និមួយ​ៗ​ទៀត!

៨​. (ក) តើ​អ្នក​នឹង​ពន្យល់​អំពី​ទំហំ​នៃ​កាឡាក់ស៊ី​មី​ល​គី​វ៉េ​ដោយ​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​រៀប​ចំ​តារា​វិថី​របស់​វត្ថុ​ធាតុ​អវកាស​នានា​យ៉ាង​ដូច​ម្ដេច?

យើង​រឹត​តែ​នឹក​ស្ញប់​ស្ញែង​ពេល​យើង​គិត​អំពី​ទំហំ​នៃ​កាឡាក់ស៊ី​មួយៗ។ មាន​គេ​ប៉ាន់​ស្មាន​ថា​កាឡាក់ស៊ី​មី​ល​គី​វ៉េ​ពី​ម្ខាង​ទៅ​ម្ខាង​មាន​ទំហំ​១០០.០០០​ឆ្នាំ​ពន្លឺ។ សូម​គិត​ក្នុង​ចិត្ដ​អំពី​ល្បឿន​លឿន​អស្ចារ្យ​នៃ​ពន្លឺ​ដែល​ធ្វើ​ដំណើរ​៣០០.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី។ ពន្លឺ​នោះ​ត្រូវ​ធ្វើ​ដំណើរ​១០០.០០០​ឆ្នាំ​ដើម្បី​ឆ្លង​កាត់​កាឡាក់ស៊ី​របស់​យើង! ហើយ​មាន​កាឡាក់ស៊ី​ផ្សេង​ទៀត​ធំ​ជាង​កាឡាក់ស៊ី​របស់​យើង​ច្រើន​ដង។ ព្រះ​គម្ពីរ​ចែង​ថា ព្រះ​យេហូវ៉ា​កំពុង​តែ«លាត»ផ្ទៃ​មេឃ​ដូច​ជា​ក្រណាត់។ (ទំនុក​ដំកើង ១០៤:២) ទ្រង់​ក៏​រៀប​ចំ​តារាវិថី​របស់​វត្ថុ​ធាតុ​អវកាស​ទាំង​នេះ។ តាំង​ពី​លំអង​ធូលី​អវកាស​ដ៏​ល្អិត​បំផុត រហូត​ដល់​កាឡាក់ស៊ី​ដ៏​ធំ​បំផុត អ្វីៗ​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​តាម​ក្រិត្យ​ក្រម​ធម្មជាតិ​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​ប្រតិបត្ដិ​តាម​នោះ។ (យ៉ូប ៣៨:៣១​-​៣៣) ដូច្នេះ អ្នក​វិទ្យា​សាស្ដ្រ​បាន​ប្រៀប​ធៀប​ការ​ធ្វើ​ដំណើរ​នៃ​វត្ថុ​ធាតុ​អវកាស​ទាំង​នេះ​ទៅ​នឹង​របាំ​ចាក់​ក្បាច់​ដ៏​ស្មុគ​ស្មាញ​មួយ! ឥឡូវ សូម​គិត​អំពី​ព្រះ​ដែល​បាន​បង្កើត​គ្រប់​វត្ថុ​ទាំង​នេះ។ អ្នក​ពិត​ជា​ស្ញប់​ស្ញែង​កោត​ស្ងើច​ក្រៃ​លែង​ចំពោះ​ព្រះ​នេះ​ដែល​មាន​តេជានុភាព​មហិមា​ក្នុង​ការ​បង្កើត មែន​ទេ?

‹ព្រះ​ដែល​បាន​បង្កើត​ផែន​ដី ដោយ​ឫទ្ធិ​តេជះ​របស់​ទ្រង់›

៩, ១០​. បើ​គិត​អំពី​ទី​តាំង​នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​យើង ទំនាក់​ទំនង​រវាង​ភព​ព្រហស្បតិ៍​និង​ផែន​ដី ហើយ​ទំនាក់​ទំនង​រវាង​ព្រះ​ចន្ទ​និង​ផែន​ដី តើ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​អាច​ត្រូវ​ឃើញ​ជាក់​ស្ដែង​យ៉ាង​ណា?

តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត​គឺ​ឃើញ​ជាក់​ស្ដែង​នៅ​លើ​ភព​ផែន​ដី​ដែល​ជា​ទី​លំនៅ​របស់​យើង។ ក្នុង​សកលលោក​ដ៏​ធំ​ធេង​នេះ ទ្រង់​បាន​ជ្រើស​រើស​កន្លែង​ដាក់​ផែន​ដី​យ៉ាង​ផ្ចិត​ផ្ចង់​ណាស់។ អ្នក​វិទ្យា​សាស្ដ្រ​ខ្លះ​ជឿ​ថា​កាឡាក់ស៊ី​ឯ​ទៀត​ប្រហែល​ជា​មិន​អាច​ទ្រទ្រង់​ភព​ដែល​មាន​ជីវិត​បាន​ឡើយ។ ភាគ​ច្រើន​នៃ​កាឡាក់ស៊ី​មី​ល​គី​វ៉េ​របស់​យើង​ក៏​មិន​បាន​ត្រូវ​រៀបចំ​ឲ្យ​ទ្រ​ទ្រង់​ជីវិត​ដែរ។ ស្នូល​នៃ​កាឡាក់ស៊ី​នេះ​ពោរ​ពេញ​ទៅ​ដោយ​ផ្កាយ។ មាន​វិទ្យុ​សកម្ម​ជា​ច្រើន ហើយ​មាន​ផ្កាយ​ជា​ច្រើន​ធ្វើ​ដំណើរ​ស្ទើរតែ​ប៉ះ​គ្នា។ នៅ​ជាយ​កាឡាក់ស៊ី​នេះ​ខ្វះ​ខាត​រូប​ធាតុ​សំខាន់ៗ​ដែល​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​ជីវិត ប៉ុន្ដែ ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​យើង​គឺ​មិន​ដូច្នេះ​ទេ។

១០ ផែន​ដី​ទទួល​ប្រយោជន៍​ពី​គ្រឿង​ការពារ​មួយ ដែល​នៅ​ឆ្ងាយ​ពី​ផែន​ដី តែ​មាន​ទំហំ​ធំ​ណាស់។ គ្រឿង​ការពារ​នោះ​គឺ​ភព​ព្រហស្បតិ៍។ ភព​ព្រហស្បតិ៍​មាន​ទំនាញ​យ៉ាង​ខ្លាំង ដោយ​សារ​វា​មាន​ទំហំ​ធំ​ជាង​ផែន​ដី​ជាង​មួយ​ពាន់​ដង។ តើ​នេះ​បណ្ដាល​ឲ្យ​អ្វី​កើត​ឡើង? ភព​ព្រហស្បតិ៍​ទាញ​ចូល​ឬ​ក៏​បំប្លាត​នូវ​វត្ថុ​ផ្សេងៗ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ហោះ​កាត់​លំហ​អវកាស​យ៉ាង​លឿន។ អ្នក​វិទ្យា​សាស្ដ្រ​គណនា​ថា បើ​គ្មាន​ភព​ព្រហស្បតិ៍​ទេ ចំនួន​វត្ថុ​ពី​លំហ​អវកាស​ដែល​ហោះ​ប៉ះទង្គិច​នឹង​ផែន​ដី​នឹង​មាន​ច្រើន​ជាង​ឥឡូវ​នេះ​១០.០០០​ដង។ ផែន​ដី​យើង​នេះ​ក៏​ទទួល​ប្រយោជន៍​ពី​អ្វី​មួយ​ទៀត ដែល​នៅ​ជិត​ជាង​ភព​ព្រហស្បតិ៍ គឺ​ព្រះ​ចន្ទ។ ព្រះ​ចន្ទ​មិន​គ្រាន់​តែ​ជា​វត្ថុ​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ចែង​ចាំង​យ៉ាង​ស្អាត​ប្លាត​មក​ផែន​ដី​ពេល​រាត្រី​ប៉ុណ្ណោះ​ទេ តែ​ព្រះ​ចន្ទ​ក៏​ទាញ​ផែន​ដី​ឲ្យ​មាន​ទំ​រេ​ត​ជាប់​លាប់​ជា​និច្ច។ ទំ​រេ​ត​នេះ​ធ្វើ​ឲ្យ​ផែន​ដី​មាន​រដូវ​ជា​ទៀង​ទាត់​តាម​ប្រក្រតី ដែល​ជា​លក្ខ​ខណ្ឌ​មួយ​ទៀត​ដ៏​សំខាន់​សំរាប់​ភាវៈ​មាន​ជីវិត​នៅ​លើ​ផែន​ដី។

១១​. តើ​បរិយាកាស​ជុំ​វិញ​ផែន​ដី​បាន​ត្រូវ​គ្រោង​បង្កើត​ឲ្យ​ធ្វើ​ជា​របាំង​ការពារ​យ៉ាង​ដូច​ម្ដេច?

១១ តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត ក៏​ជាក់​ស្ដែង​ក្នុង​របៀប​ទ្រង់​បាន​គ្រោង​បង្កើត​គ្រប់​ផ្នែក​នៃ​ផែន​ដី។ សូម​ពិចារណា​នូវ​បរិយាកាស​ដែល​ជា​របាំង​ការពារ​ផែន​ដី។ ព្រះ​អាទិត្យ​បញ្ចេញ​រស្មី​ដែល​ផ្ដល់​ផល​ប្រយោជន៍​និង​រស្មី​ដែល​អាច​សម្លាប់​យើង​ផង​ដែរ។ ពេល​រស្មី​ដែល​អាច​សម្លាប់​យើង​ប៉ះ​នឹង​បរិយាកាស​ស្រទាប់​លើ រស្មី​នោះ​ធ្វើ​ឲ្យ​ឧស្ម័ន​អុក​ស៊ី​សែន​ធម្មតា​ក្លាយ​ជា​ឧស្ម័ន​អូ​សូន។ រួច​មក ស្រទាប់​អូ​សូន​ស្រូប​យក​រស្មី​គ្រោះ​ថ្នាក់​ភាគ​ច្រើន គឺ​ហាក់​បី​ដូច​ជា​ផែន​ដី​របស់​យើង​បាន​ត្រូវ​គ្រោង​បង្កើត​ដោយ​មាន​ឆ័ត្រ​បាំង​ការពារ​មួយ​ជាប់​ជា​មួយ​ស្រាប់!

១២​. តើ​វដ្ដ​ទឹក​ឬ​ចលនា​ទឹក​ក្នុង​បរិយាកាស​បង្ហាញ ឲ្យ​ឃើញ​នូវ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​យ៉ាង​ដូច​ម្ដេច?

១២ ស្រទាប់​អូ​សូន​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​បរិយាកាស​ដ៏​ស្មុគ​ស្មាញ​របស់​យើង ដែល​ជា​បន្សំ​នៃ​ឧស្ម័ន​ផ្សេងៗ​ដ៏​ល្អ​បំផុត​សំរាប់​ការ​ទ្រទ្រង់​ភាវៈ​មាន​ជីវិត​នៅ​លើ​ឬ​នៅ​ជិត​ផ្ទៃ​ផែន​ដី។ ដំណើរ​ការ​ដ៏​អស្ចារ្យ​មួយ​នៃ​បរិយាកាស​យើង គឺ​ជាវ​ដ្ដ​ទឹក​ឬ​ចលនា​ទឹក។ ជា​រៀង​រាល់​ឆ្នាំ ព្រះ​អាទិត្យ​បង្ហួ​ត​ទឹក​អស់​៤០០.០០០​គីឡូម៉ែត្រ​គូ​ប​ពី​មហា​សមុទ្រ​ទាំង​ឡាយ​លើ​ផែន​ដី។ ទឹក​នោះ​ក្លាយ​ជា​ពពក ដែល​ខ្យល់​បក់​ផាត់​ទៅ​ឆ្ងាយៗ។ ទឹក​បរិសុទ្ធ​នេះ​ធ្លាក់​ជា​សណ្ឋាន​ទឹក​ភ្លៀង ព្រិល និង​ទឹក​កក​ដែល​ផ្គត់​ផ្គង់​ធន​ធាន​ទឹក​ដល់​ផែន​ដី។ គឺ​ដូច​ដែល​សាស្តា ១:៧ ចែង​ថា៖ «ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​ដដែល​វិញ​ទៀត»។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​បង្កើត​វដ្ដ​ធម្មជាតិ​មួយ​ដ៏​អស្ចារ្យ​យ៉ាង​នេះ។

១៣​. តើ​រុក្ខជាតិ​និង​ដី​បង្ហាញ​ភស្ដុ​តាង​អ្វី ដែល​បញ្ជាក់​តេជានុភាព​របស់​ព្រះ?

១៣ ពេល​ណា​យើង​ឃើញ​ភាវៈ​មាន​ជីវិត នោះ​យើង​កំពុង​តែ​មើល​ឃើញ​នូវ​ភស្ដុ​តាង​ដែល​បញ្ជាក់​តេជានុភាព​របស់​ព្រះ​ខាង​ការ​បង្កើត។ តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត គឺ​ជាក់​ស្ដែង​ណាស់ ដូច​ជា​ពេល​យើង​មើល​ដើម​ឈើ​ម្យ៉ាង​ដែល​ខ្ពស់​ជាង​អាគារ​ដែល​មាន​៣០​ជាន់ ឬ​ក៏​រុក្ខជាតិ​តូច​ល្អិត​ម្យ៉ាង​ដែល​មាន​ពាស​ពេញ​ក្នុង​ទឹក​សមុទ្រ​និង​នេះ​ជួយ​ផ្គត់​ផ្គង់​ភាគ​ច្រើន​នៃ​ឧស្ម័ន​អុក​ស៊ី​សែន​របស់​យើង។ សូម្បី​តែ​ដី​ក៏​មាន​ពោរ​ពេញ​ទៅ​ដោយ​ភាវៈ​រស់​មាន​ជីវិត គឺ​មាន​ដង្កូវ មីក្រូ​សារពាង្គ​កាយ និង​រុក្ខជាតិ​ជំពូក​ផ្សិត ដែល​ភាវៈ​និមួយ​ៗ​ធ្វើ​ការ​ជា​មួយ​គ្នា​តាម​វិធី​សាំញ៉ាំ​ដើម្បី​ជួយ​រុក្ខជាតិ​ផ្សេងៗ​ដុះ​ឡើង។ ដូច្នេះ គឺ​សមរម្យ​ណាស់​ដែល​ព្រះ​គម្ពីរ​ចែង​ថា​ដី​មាន​ពេញ​ដោយ​កម្លាំង។—លោកុប្បត្ដិ ៤:១២

១៤​. តើ​អាតូម​ដ៏​តូច​ល្អិត​បំផុត​ផ្ទុក​ថាមពល​អ្វី?

១៤ គឺ​ជាក់​ស្ដែង​ហើយ​ដែល​ថា ព្រះ​យេហូវ៉ា«បាន​បង្កើត​ផែន​ដី​ដោយ​ឫទ្ធិ​តេជះ​របស់​ទ្រង់»។ (យេរេមា ១០:១២) តេជានុភាព​របស់​ព្រះ​គឺ​ឃើញ​ជាក់​ស្ដែង​សូម្បី​តែ​ក្នុង​ការ​បង្កើត​ដ៏​តូច​បំផុត​ក៏​ដោយ។ ជា​ឧទាហរណ៍ បើ​យើង​អាច​យក​អាតូម​មួយ​លាន​មក​ដាក់​ផ្ទាប់ៗ​គ្នា វា​នៅ​តែ​គ្មាន​កម្រាស់​ស្មើ​នឹង​សក់​មួយ​សរសៃ​របស់​មនុស្ស​ទេ។ ហើយ​ទោះ​បើ​យើង​អាច​ពង្រីក​ទំហំ​អាតូម​ទាល់​តែ​វា​ខ្ពស់​ដូច​អាគារ​មួយ​ដែល​មាន​១៤​ជាន់​ក៏​ដោយ ស្នូល​វា​មាន​ទំហំ​ស្មើ​នឹង​អំបិល​មួយ​គ្រាប់​នៅ​ជាន់​ទី​ប្រាំ​ពីរ​នៃ​អាគារ​នោះ។ ប៉ុន្ដែ ស្នូល​ដ៏​តូច​ល្អិត​បំផុត​នោះ គឺ​ជា​ប្រភព​នៃ​ថាមពល​ខ្លាំង​អស្ចារ្យ​ដែល​ចេញ​មក​ពី​ការ​ផ្ទុះ​ថាមពល​នុយក្លេអ៊ែ​!

«ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម»

១៥​. តើ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យ៉ូប​មេ​រៀន​អ្វី​ដោយ​បញ្ជាក់​អំពី​សត្វ​ព្រៃ​ផ្សេងៗ?

១៥ ភស្ដុ​តាង​ជាក់​ស្ដែង​មួយ​ទៀត​ដែល​បញ្ជាក់​ឲ្យ​ឃើញ​នូវ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត​គឺ​ថា ផែន​ដី​យើង​នេះ​សំបូរ​ទៅ​ដោយ​សត្វ​សព្វ​បែប​យ៉ាង។ ទំនុក​ដំកើង​១៤៨​រាយ​នាម​អ្វីៗ​ជា​ច្រើន​ដែល​សរសើរ​ព្រះ​យេហូវ៉ា ហើយ​ខ​១០​រួម​បញ្ចូល‹គ្រប់​ទាំង​សត្វ​ព្រៃ​និង​សត្វ​ស្រុក›។ ដើម្បី​បង្ហាញ​ពី​មូលហេតុ​មនុស្ស​ជាតិ​គួរ​កោត​ខ្លាច​ព្រះ​ដែល​ជា​អ្នក​បង្កើត​នោះ ព្រះ​យេហូវ៉ា​ធ្លាប់​មាន​បន្ទូល​នឹង​យ៉ូប​អំពី​សត្វ​ផ្សេងៗ ដូច​ជា​សត្វ​តោ សេះ​បង្កង់ គោ​ព្រៃ​ឈ្មោល ដំរី​ទឹក និង​ក្រពើ។ ហេតុ​អ្វី? បើ​មនុស្ស​ចេះ​ខ្លាច​សត្វ​ទាំង​នេះ​ដែល​ខ្លាំង គួរ​ឲ្យ​ខ្លាច និង​ផ្សាំង​ពុំ​បាន​នោះ តើ​ពួក​គេ​ត្រូវ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​ដែល​ជា​អ្នក​បង្កើត?—យ៉ូប ជំពូក ៣៨​ទៅ​ជំពូក​៤១

១៦​. ស្ដី​អំពី​សត្វ​ស្លាប​ផ្សេងៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត តើ​អ្នក​កោត​ស្ងើច​នឹង​អ្វី​ខ្លះ?

១៦ ទំនុក​ដំកើង ១៤៨:១០ ក៏​ចែង​អំពី«សត្វ​ស្លាប»។ សត្វ​ស្លាប​មាន​ប្រភេទ​ច្រើន​យ៉ាង​ណាស់! ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​យ៉ូប​អំពី​សត្វ​អូទ្រីស​ដែល«មើល​ងាយ[«សើច​ចំអក», ព.ថ.]ដល់​ទាំង​សេះ នឹង​អ្នក​ជិះ​ផង»។ ពិត​ណាស់ ទោះ​ជា​សត្វ​ស្លាប​នេះ​ដែល​មាន​កំពស់​២,៥​ម៉ែត្រ​ហោះ​មិន​បាន​ក៏​ពិត​មែន តែ​វា​អាច​រត់​បាន​លឿន​ក្នុង​ល្បឿន​៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​បោះ​ជំហាន​ម្ដងៗ​៤,៥​ម៉ែត្រ! (យ៉ូប ៣៩:១៣, ១៨) ម្យ៉ាង​វិញ​ទៀត មាន​សត្វ​ស្លាប​មួយ​ប្រភេទ​ឈ្មោះ​អាល់បាត្រុស​ដែល​ហោះ​ហើរ​លើ​សមុទ្រ​ស្ទើរតែ​អស់​មួយ​ជីវិត​ដោយ​មិន​ចុះ​ទំ​ឡើយ។ សត្វ​នេះ​មាន​ស្លាប​ប្រវែង​៣​ម៉ែត្រ ដូច្នេះ​វា​អាច​ហោះ​សំកាំង​ស្លាប​យ៉ាង​ងាយ​ស្រួល​ណាស់។ សត្វ​ស្លាប​នេះ​អាច​ហោះ​ម្ដងៗ​រាប់​ម៉ោង​បាន ដោយ​មិន​ទទះ​ស្លាប​ទាល់​តែ​សោះ។ ម្យ៉ាង​វិញ​ទៀត មាន​សត្វ​ស្លាប​មួយ​ប្រភេទ​ទៀត​ឈ្មោះ​ហំមិញប៊ឺត​ជា​សត្វ​ស្លាប​តូច​បំផុត​លើ​ពិភព​លោក។ រាង​កាយ​របស់​វា​មាន​ប្រវែង​ត្រឹម​តែ​៥​សង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​វា​អាច​ទទះ​ស្លាប​បាន​៨០​ដង​ក្នុង​មួយ​វិនាទី! សត្វ​ស្លាប​ទាំង​នេះ​ដែល​មាន​រោម​ប្រែ​ពណ៌​ឃើញ​ស្អាត​ដូច​ត្បូង​អាច​ហោះ​សំកាំង​នៅ​នឹង​មួយ​កន្លែង​ដូច​ឧទ្ធម្ភាគចក្រ​បាន និង​អាច​ហោះ​ថយ​ក្រោយ​បាន​ទៀត។

១៧​. តើ​ត្រី​បាឡែន​ពណ៌​ខៀវ​មាន​ទំហំ​ប៉ុន​ណា​ទៅ? ក្រោយ​យើង​ពិចារណា​សត្វ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​នោះ តើ​ធម្មតា​ចិត្ដ​បាន​ជំរុញ​ឲ្យ​យើង​សន្និដ្ឋាន​ដូច​ម្ដេច?

១៧ ទំនុក​ដំកើង ១៤៨:៧​ចែង​ថា សូម្បី​តែ«សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ»ក៏​សរសើរ​ព្រះ​យេហូវ៉ា​ដែរ។ សូម​ពិចារណា​សត្វ​មួយ​ដែល​មនុស្ស​ចាត់​ទុក​ជា​សត្វ​ធំ​បំផុត​ដែល​ធ្លាប់​រស់​នៅ​លើ​ភព​ផែន​ដី។ សត្វ​នោះ​គឺ​ជា​ត្រី​បាឡែន​ពណ៌​ខៀវ។ «សត្វ​សំបើម»នេះ​ដែល​រស់​នៅ​ក្នុង​សមុទ្រ​អាច​មាន​ប្រវែង​ដល់​ទៅ​៣០​ម៉ែត្រ​ជាង។ វា​អាច​មាន​ទម្ងន់​ស្មើ​ហ្វូង​សត្វ​ដំរី​៣០​ក្បាល។ សូម្បី​តែ​អណ្ដាត​របស់​ត្រី​បាឡែន​ប៉ុណ្ណោះ​មាន​ទម្ងន់​ស្មើ​សត្វ​ដំរី​មួយ​ក្បាល​ទៅ​ហើយ។ បេះដូង​របស់​វា​មាន​ទំហំ​ស្មើ​ឡាន​តូច​មួយ។ បេះដូង​ដ៏​ធំ​នេះ​លោត​ប្រាំ​បួន​ដង​ក្នុង​មួយ​នាទី ផ្ទុយ​ពី​សត្វ​ចាប​ហំមិញប៊ឺត ដែល​បេះដូង​របស់​វា​លោត​ប្រហែល​ជា​១.២០០​ដង​ក្នុង​មួយ​នាទី។ សរសៃ​ឈាម​មួយ​របស់​ត្រី​បាឡែន​នេះ​គឺ​ធំ​ដល់​ម៉្លេះ ដែល​កូន​ក្មេង​ម្នាក់​អាច​វារ​ចូល​ទៅ​ក្នុង​បាន។ ចិត្ដ​យើង​ពិត​ជា​ជំរុញ​ឲ្យ​យើង​ពោល​ដូច​ដែល​ទំនុក​ដំកើង​ដាស់​តឿន​ជា​ចុង​បញ្ចប់​ថា៖ «គួរ​ឲ្យ​ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះ​យេហូវ៉ា»។—ទំនុក​ដំកើង ១៥០:៦

ចូរ​ទាញ​មេ​រៀន​ពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត

១៨, ១៩​. តើ​ភាវៈ​រស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​នៅ​លើ​ផែន​ដី​មាន​ច្រើន​ប៉ុន​ណា? តើ​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​បង្រៀន​អ្វី​ដល់​យើង​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ទ្រង់?

១៨ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​របៀប​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ក្នុង​ការ​បង្កើត? យើង​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ដោយ​សារ​ភាព​សំបូរ​ដោយ​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎! ផែន​ដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត»។ (ទំនុក​ដំកើង ១០៤:២៤) ពំនោល​នេះ​គឺ​ពិត​ណាស់! អ្នក​ជីវវិទ្យា​បាន​រក​ឃើញ​ភាវៈ​រស់​មាន​ជីវិត​ជាង​មួយ​លាន​ពូជ​នៅ​លើ​ផែន​ដី។ ប៉ុន្ដែ មាន​អ្នក​ឯ​ទៀត​ដែល​គិត​ថា​ប្រហែល​ជា​មាន​១០​លាន​ពូជ ៣០​លាន​ពូជ ឬ​ក៏​ច្រើន​ជាង​នោះ​ទៅ​ទៀត។ វិចិត្រករ​ជា​មនុស្ស​ជួន​កាល​ប្រហែល​ជា​អស់​ប្រឌិត​ញាណ។ ផ្ទុយ​ទៅ​វិញ​ប្រឌិត​ញាន​ឬ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​នូវ​អ្វីៗ​ដែល​ថ្មី​និង​ប្លែក​ពី​គ្នា​គឺ​មិន​ចេះ​អស់​ទេ។

១៩ របៀប​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ក្នុង​ការ​បង្កើត បង្រៀន​យើង​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ទ្រង់។ ពាក្យ​ថា«ព្រះ​ដែល​បង្កើត»បង្ហាញ​ថា ព្រះ​យេហូវ៉ា​គឺ​ខុស​ប្លែក​ពី​អ្វី​ទាំង​ឡាយ​ក្នុង​សកលលោក ដែល​សុទ្ធតែ​ជា​អ្វី«ដែល​ព្រះ​បាន​បង្កើត​មក»។ ក្នុង​ព្រះ​គម្ពីរ សូម្បី​តែ​រាជបុត្រា​តែ​មួយ​ដែល​ទ្រង់​បាន​បង្កើត​ដោយ​អង្គ​ទ្រង់​ផ្ទាល់ និង​ដែល​បាន​ធ្វើ​ជា«មេ​ជាង»ក្នុង​កំឡុង​ការ​បង្កើត​អ្វីៗ​សព្វសារពើ​នោះ មិន​ដែល​ត្រូវ​ហៅ​ជា​អ្នក​បង្កើត​ឬ​ក៏​អ្នក​ជួយ​បង្កើត​ឡើយ។ (សុភាសិត ៨:៣០; ម៉ាថាយ ១៩:៤) ផ្ទុយ​ទៅ​វិញ រាជបុត្រា​នេះ​គឺ​ជា«បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក»។ (កូល៉ុស ១:១៥, កំណែ​ជា​អក្សរ​ទ្រេត) ឋានៈ​របស់​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​បាន​ន័យ​ថា ទ្រង់​មាន​សិទ្ធិ​ស្វ័យ​ប្រវត្ដិ ឲ្យ​កាន់​អំណាច​គ្រប់​គ្រង​ផ្ដាច់​មុខ​ទៅ​លើ​សកលលោក​ទាំង​មូល។—រ៉ូម ១:២០; វិវរណៈ ៤:១១

២០​. តើ​ក្នុង​ន័យ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សំ​រាក​តាំង​ពី​ទ្រង់​បាន​បង្កើត​អ្វីៗ​លើ​ផែន​ដី?

២០ តើ​ព្រះ​យេហូវ៉ា​បាន​ឈប់​ប្រើ​តេជានុភាព​របស់​ទ្រង់​ខាង​ការ​បង្កើត​ទេ? ព្រះ​គម្ពីរ​ចែង​ថា ក្រោយ​ព្រះ​យេហូវ៉ា​បាន​បញ្ចប់​ការ​បង្កើត​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ«ទ្រង់​ក៏​ឈប់​ផ្អាក​សំ​រាក​នៅ​ថ្ងៃ​ទី​៧​នោះ ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ»។ (លោកុប្បត្ដិ ២:២) សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា «ថ្ងៃ»ទី​ប្រាំ​ពីរ​នេះ​មាន​រយៈ​រាប់​ពាន់​ឆ្នាំ ដ្បិត​ថ្ងៃ​នោះ​នៅ​តែ​បន្ដ​នៅ​សម័យ​គាត់​ដែរ។ (ហេព្រើរ ៤:៣​-​៦) ប៉ុន្ដែ តើ​ការ«ឈប់​សំ​រាក»នេះ​បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​បាន​ឈប់​ធ្វើ​កិច្ច​ការ​សព្វ​បែប​យ៉ាង​ឬ? មិន​មែន​ទេ! ដ្បិត​ព្រះ​យេហូវ៉ា​មិន​ដែល​ឈប់​ធ្វើ​ការ​ឡើយ។ (ទំនុក​ដំកើង ៩២:៤; យ៉ូហាន ៥:១៧) ដូច្នេះ ការ​ឈប់​សំ​រាក​នេះ​គ្រាន់​តែ​បាន​ន័យ​ថា ទ្រង់​គ្រាន់​តែ​បាន​ឈប់​បង្កើត​អ្វីៗ​ខាង​ធម្មជាតិ​នៅ​លើ​ផែន​ដី។ ប៉ុន្ដែ កិច្ច​ការ​របស់​ទ្រង់​ខាង​ការ​សម្រេច​គោល​បំណង​ទ្រង់​នៅ​តែ​បន្ដ​ដោយ​គ្មាន​ការ​ផ្អាក​ឡើយ។ កិច្ច​ការ​នេះ​បាន​រួម​បញ្ចូល​ការ​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​បទ​គម្ពីរ​បរិសុទ្ធ។ កិច្ច​ការ​របស់​ទ្រង់​ក៏​បាន​រួម​បញ្ចូល​ការ​នាំ​មក​នូវ«ការ​បង្កើត​ថ្មី»ដែល​នឹង​ត្រូវ​ពន្យល់​ក្នុង​ជំពូក​ទី​១៩។—កូរិនថូសទី២ ៥:១៧

២១​. តើ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​បង្កើត​នឹង​មាន​អានុភាព​អ្វី​ទៅ​លើ​មនុស្ស​ជាតិ​រហូត​ដល់​ពេល​អនន្ដ?

២១ ពេល​ថ្ងៃ​ឈប់​សំ​រាក​របស់​ព្រះ​យេហូវ៉ា​ចប់ នោះ​ទ្រង់​នឹង​អាច​មាន​បន្ទូល​ថា កិច្ច​ការ​ទាំង​ឡាយ​របស់​ទ្រង់​នៅ​លើ​ផែន​ដី​គឺ«ល្អ​ប្រពៃ» ដូច​ដែល​ទ្រង់​ធ្លាប់​មាន​បន្ទូល​ពេល​ចប់​ថ្ងៃ​និមួយ​ៗ​នៃ​ការ​បង្កើត។ (លោកុប្បត្ដិ ១:៣១) យើង​មិន​ទាន់​ដឹង​ថា​ទ្រង់​នឹង​ប្រើ​តេជានុភាព​របស់​ទ្រង់​ខាង​ការ​បង្កើត​តាម​របៀប​ណា​នៅ​ពេល​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​អាច​ជឿ​ជាក់​ថា យើង​នឹង​នៅ​តែ​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​របៀប​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បង្កើត។ រហូត​ដល់​ពេល​អនន្ដ​យើង​នឹង​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្វី​ដែល​ទ្រង់​បង្កើត។ (សាស្តា ៣:១១) ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​ទ្រង់ យើង​នឹង​កោត​គោរព​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចូល​ទៅ​កាន់​តែ​ជិត​នឹង​អ្នក​បង្កើត​ដ៏​ឧត្ដម​របស់​យើង។

^ វគ្គ 2 ដើម្បី​យល់​អំពី​ចម្ងាយ​នេះ​ឲ្យ​បាន​ស្រួល​ជាង សូម​គិត​អំពី​ការ​ប្រៀប​ធៀប​ដូច​ត​ទៅ​នេះ: បើ​អ្នក​ត្រូវ​បើក​ឡាន​ចម្ងាយ​១៥០​លាន​គីឡូម៉ែត្រ អ្នក​ត្រូវ​ចំណាយ​ពេល​បើក​ជាង​១០០​ឆ្នាំ ទោះ​ជា​អ្នក​បើក​លឿន​ដោយ​ល្បឿន​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​ពេល​២៤​ម៉ោង​រាល់​តែ​ថ្ងៃ​មិន​ឈប់​ក៏​ដោយ!

^ វគ្គ 6 មនុស្ស​ខ្លះ​គិត​ថា​បុគ្គល​នៅ​សម័យ​បុរាណ​មាន​កែវ​យឹត​កំរិត​ទាប​ម្យ៉ាង។ ពួក​គេ​វែក​ញែក​ថា បើ​គ្មាន​កែវ​យឹត មនុស្ស​នៅ​សម័យ​បុរាណ​នឹង​មិន​អាច​ដឹង​ថា មាន​ចំនួន​ផ្កាយ​ច្រើន​រាប់​ពុំ​អស់​បែប​នេះ​ឡើយ។ ការ​គិត​ស្មាន​ដោយ​វែក​ញែក​គ្មាន​មូលដ្ឋាន​បែប​នេះ​បង្ហាញ​ថា ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ឡើយ។—ធីម៉ូថេ​ទី​២ ៣:១៦

^ វគ្គ 7 សូម​ពិចារណា​ពេល​វេលា​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​គ្រាន់​តែ​រាប់​១០០.០០០​លាន​ផ្កាយ។ បើ​អ្នក​អាច​រាប់​ផ្កាយ​មួយ​រៀង​រាល់​វិនាទី​បាន ហើយ​រាប់​ផ្កាយ​២៤​ម៉ោង​រាល់​តែ​ថ្ងៃ អ្នក​នឹង​ត្រូវ​ប្រើ​ពេល​វេលា​អស់​៣.១៧១​ឆ្នាំ!