លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦

«ព្រះ​យេហូវ៉ា​ជា​អ្នក​ចំ​បាំង​ដ៏​អង់​អាច»​មាន​តេជានុភាព​ដើម្បី​បំផ្លាញ

«ព្រះ​យេហូវ៉ា​ជា​អ្នក​ចំ​បាំង​ដ៏​អង់​អាច»​មាន​តេជានុភាព​ដើម្បី​បំផ្លាញ

១​-​៣​. (ក) តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រឈម​មុខ​គ្រោះ​ថ្នាក់​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ច្បាំង​ជំនួស​រាស្ដ្រ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ជន​ជាតិ​អ៊ីស្រាអែល​គេច​ចេញ​ពុំ​បាន​ឡើយ។ ពួក​គេ​អស់​ផ្លូវ​ហើយ ម្ខាង​មាន​ភ្នំ​ចោទ​ឡើង​ពុំ​រួច និង​ម្ខាង​ទៀត​មាន​សមុទ្រ​ដ៏​ធំ​ធេង​ឆ្លង​មិន​បាន។ នៅ​ខាង​ក្រោយ​គេ ទាហាន​ដ៏​ឃោរ​ឃៅ​គ្មាន​មេត្ដា​របស់​សាសន៍​អេស៊ីប​កំពុង​តែ​ដេញ​តាម​ក្នុង​បំណង​សម្លាប់​ពួក​គេ​ចោល​ទាំង​អស់។ * យ៉ាង​ណា​ក៏​ដោយ ម៉ូសេ​បាន​លើក​ទឹក​ចិត្ដ​រាស្ដ្រ​របស់​ព្រះ​កុំ​ឲ្យ​អស់​សង្ឃឹម​ឡើយ។ គាត់​បាន​ធានា​នឹង​ពួក​អ៊ីស្រាអែល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។—និក្ខមនំ ១៤:១៤

យ៉ាង​ណា​ក៏​ដោយ ម៉ូសេ​ទំនង​ជា​បាន​អំពាវ​នាវ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា និង​ព្រះ​បាន​មាន​បន្ទូល​តប​ឆ្លើយ​ថា៖ ‹អ្នក​អំពាវ​នាវ​រក​យើង​ធ្វើ​អ្វី . . . អ្នក​ត្រូវ​លើក​ដំបង​លូក​ដៃ​ទៅ​លើ​សមុទ្រ​ញែក​ទឹក​ចេញ​ពី​គ្នា​ទៅ›។ (និក្ខមនំ ១៤:១៥, ១៦) សូម​គិត​ក្នុង​ចិត្ដ​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ពេល​នោះ។ ភ្លាម​នោះ ព្រះ​យេហូវ៉ា​បង្គាប់​ទេវតា​របស់​ទ្រង់​ធ្វើ​ឲ្យ​បង្គោល​ពពក​ចេញ​ពី​មុខ​អ៊ីស្រាអែល​ទៅ​នៅ​ខាង​ក្រោយ​វិញ។ ពពក​នោះ​ប្រហែល​ជា​បាន​រីក​ធំ​ទៅ​ជា​របាំង​មួយ​ដែល​បាំង​មិន​ឲ្យ​ទាហាន​អេស៊ីប​វាយ​លុក​ពួក​អ៊ីស្រាអែល​ឡើយ។ (និក្ខមនំ ១៤:១៩, ២០; ទំនុក​ដំកើង ១០៥:៣៩) ម៉ូសេ​ក៏​លូក​ដៃ​ទៅ រំពេច​នោះ ខ្យល់​យ៉ាង​ខ្លាំង​មួយ​បាន​បក់​បោក​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា។ ទឹក​នោះ​បាន​នៅ​នឹង ហើយ​ឡើង​ជា​គំនរ​ធំ​ទាំង​សង​ខាង​ដើម្បី​បើក​ផ្លូវ​ធំ​ល្មម​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដើរ​ឆ្លង​កាត់​តាម​បាត​សមុទ្រ!—និក្ខមនំ ១៤:២១; ១៥:៨

ពេល​ស្ដេច​ផារ៉ូ​ឃើញ​ព្រះ​ចេស្តា​ដ៏​ខ្លាំង​ក្លា​នេះ ស្ដេច​ផារ៉ូ​គួរ​បង្គាប់​ទាហាន​របស់​ទ្រង់​ឲ្យ​ដក​ថយ​វិញ​ប្រសើរ​ជាង។ តែ​ផ្ទុយ​ទៅ​វិញ ស្ដេច​ផារ៉ូ​ដ៏​ក្រអឺត​ក្រទម​នេះ​បាន​បង្គាប់​កង​ទ័ព​ឲ្យ​ដេញ​តាម​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល។ (និក្ខមនំ ១៤:​២៣) កង​ទ័ព​អេស៊ីប​បាន​ស្ទុះ​ចូល​កណ្ដាល​សមុទ្រ​ដេញ​តាម​អ៊ីស្រាអែល ប៉ុន្ដែ ការ​សម្រុក​ដេញ​តាម​នេះ​បាន​ទៅ​ជា​ច្របូក​ច្របល់​ទៅ​វិញ ព្រោះ​រទេះ​ចំ​បាំង​របស់​អេស៊ីប​ចាប់​ផ្ដើម​របូត​កង់​ចេញ​អស់។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឡើង​លើ​ឆ្នេរ​ដោយ​សុវត្ថិភាព​អស់​ហើយ នោះ​ព្រះ​យេហូវ៉ា​បញ្ជា​ម៉ូសេ​ថា៖ ‹ចូរ​អ្នក​លើក​ដៃ​ទៅ​លើ​សមុទ្រ​ទៅ ដើម្បី​ឲ្យ​ទឹក​បាន​ហូរ​ត្រឡប់​ទៅ​គ្រប​លើ​ពួក​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ នឹង​ពួក​ទ័ព​សេះ​គេ›។ ពេល​នោះ ទឹក​ក៏​ធ្លាក់​មក​លេប​ត្របាក់​ស្ដេច​ផារ៉ូ​និង​កង​ទ័ព​របស់​ទ្រង់​ទាំង​អស់​ទៅ!—និក្ខមនំ ១៤:២៤​-​២៨; ទំនុក​ដំកើង ១៣៦:១៥

នៅ​ឯ​សមុទ្រ​ក្រហម​ព្រះ​យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ជា«អ្នក​ចំ​បាំង​ដ៏​អង់អាច»

៤​. (ក) នៅ​ឯ​សមុទ្រ​ក្រហម តើ​ព្រះ​យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ជា​ព្រះ​បែប​ណា? (ខ) ពេល​មនុស្ស​ខ្លះ​ឮ​ការ​ពណ៌នា​បែប​នេះ តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា?

ការ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ឯ​សមុទ្រ​ក្រហម គឺ​ជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ព្រឹត្ដិការណ៍​ទាំង​ឡាយ​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​បាន​ធ្វើ​ដើម្បី​ប្រយោជន៍​មនុស្ស​ជាតិ។ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ជា«អ្នក​ចំ​បាំង​ដ៏​អង់អាច»។ (និក្ខមនំ ១៥:៣, ព.ថ.) ប៉ុន្ដែ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ស្តាប់​ឮ​បន្ទូល​នេះ​អំពី​ព្រះ​យេហូវ៉ា? ការ​ពិត សង្គ្រាម​បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​ឈឺ​ចាប់​រង​ទុក្ខ​វេទនា​ណាស់។ តើ​ហេតុ​ថា​ព្រះ​មាន​តេជានុភាព​ដើម្បី​បំផ្លាញ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​ចូល​ទៅ​ជិត​ទ្រង់​ឬ?

ភាព​ខុស​គ្នា​រវាង​សង្គ្រាម​របស់​ព្រះ​និង​សង្គ្រាម​របស់​មនុស្ស

៥, ៦​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​ត្រូវ​ពណ៌នា​យ៉ាង​សមរម្យ​ថា«ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ»? (ខ) តើ​សង្គ្រាម​របស់​ព្រះ​ខុស​គ្នា​ពី​សង្គ្រាម​របស់​មនុស្ស​យ៉ាង​ដូច​ម្ដេច?

ក្នុង​ភាសា​ដើម ព្រះ​យេហូវ៉ា​ត្រូវ​ហៅ​ថា«ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ»ជិត​៣០០​ដង​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ និង​ពីរ​ដង​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច។ (សាំយូអែលទី១ ១:១១) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត ទ្រង់​ជា​មេ​បញ្ជា​ការ​នៃ​ពល​ទ័ព​ដ៏​ធំ​មួយ ដែល​មាន​សមាស​ភាព​ជា​ទេវតា។ (យ៉ូស្វេ ៥:១៣​-​១៥; ពង្សាវតារ​ក្សត្រ​ទី​១ ២២:១៩) សមត្ថភាព​បំផ្លិច​បំផ្លាញ​របស់​ពល​ទ័ព​នេះ​គឺ​អស្ចារ្យ​នឹក​ស្មាន​មិន​ដល់។ (អេសាយ ៣៧:៣៦) ការ​បំផ្លាញ​ចោល​មនុស្ស​ជាតិ​មិន​មែន​ជា​គំនិត​មួយ​ដែល​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ដ​ឡើយ។ ប៉ុន្ដែ យើង​ត្រូវ​ចាំ​ថា សង្គ្រាម​របស់​ព្រះ​គឺ​មិន​ដូច​សង្គ្រាម​តូច​តាច​របស់​មនុស្ស​ជាតិ​ឡើយ។ មេ​ដឹក​នាំ​ទាហាន​ឬ​អ្នក​នយោបាយ​ប្រហែល​ជា​ខំ​ពោល​អះអាង​ថា ពួក​គេ​ធ្វើ​សង្គ្រាម​ដោយ​មាន​ហេតុ​ដ៏​ត្រឹម​ត្រូវ។ ប៉ុន្ដែ សង្គ្រាម​របស់​មនុស្ស​តែង​តែ​ផុស​ចេញ​ពី​ចិត្ដ​លោភ​លន់​និង​អត្ដទត្ថភាព​ជា​និច្ច។

ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​មិន​ដែល​ប្រព្រឹត្ដ​ដោយ​មោហ៍​បាំង​ឡើយ។ ចោទិយកថា ៣២:៤ ចែង​ថា៖ «ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌។ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់»។ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​អំពើ​ឃោរ​ឃៅ អំពើ​ហិង្សា និង​ការ​មិន​ទប់​កំហឹង​គឺ​ជា​ទង្វើ​ដ៏​ទុច្ចរិត។ (លោកុប្បត្ដិ ៤៩:៧; ទំនុក​ដំកើង ១១:៥) ដូច្នេះ ព្រះ​យេហូវ៉ា​មិន​ដែល​ប្រព្រឹត្ដ​ដោយ​គ្មាន​ហេតុ​នោះ​ឡើយ។ ទ្រង់​មិន​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បំផ្លាញ​រាល់​តែ​ដង​នោះ​ទេ គឺ​ទ្រង់​ធ្វើ​នៅ​ពេល​ណា​ដែល​គ្មាន​ផ្លូវ​ជ្រើស​រើស​ទៀត​ប៉ុណ្ណោះ។ គឺ​ដូច​ដែល​ព្យាការី​អេសេគាល​បាន​ពោល​ថា៖ ‹តើ​យើង​មាន​សេចក្ដី​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ទៅ​ឬ? តើ​មិន​មែន​អរ​ដោយ​គេ​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​វិល​មក ឲ្យ​បាន​រស់​នៅ​វិញ​ទេ​ឬ?›។—អេសេគាល ១៨:២៣

៧, ៨​. (ក) តើ​យ៉ូប​បាន​យល់​ច្រឡំ​អំពី​ការ​រង​ទុក្ខ​វេទនា​របស់​ខ្លួន​យ៉ាង​ណា? (ខ) តើ​អេលីហ៊ូវ​បាន​កែ​តម្រង់​គំនិត​របស់​យ៉ូប​យ៉ាង​ដូច​ម្ដេច? (គ) តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​យ៉ូប?

បើ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បំផ្លាញ? មុន​នឹង​ឆ្លើយ​សំនួរ​នេះ យើង​សូម​គិត​អំពី​លោក​យ៉ូប​ដែល​ជា​បុរស​ដ៏​សុចរិត​ម្នាក់។ សាតាំង​បាន​ចោទ​សួរ​ថា តើ​យ៉ូប​ឬ​ក៏​មនុស្ស​ជាតិ​ណា​ក៏​ដោយ​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​ពេល​ពួក​គេ​ត្រូវ​ល្បង​ល​នោះ​ឬ​ទេ? ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​ដោយ​អនុញ្ញាត​ឲ្យ​សាតាំង​សាក​ល្បង​ល​ភាព​ស្មោះ​ត្រង់​របស់​លោក​យ៉ូប។ ហេតុ​នេះ លោក​យ៉ូប​ត្រូវ​រង​ទ្រាំ​នឹង​ជំងឺ ការ​បាត់​បង់​នូវ​ទ្រព្យ​សម្បត្ដិ និង​ការ​ស្លាប់​កូន​ទាំង​អស់​របស់​គាត់។ (យ៉ូប ១:១–២:៨) ដោយ​សារ​យ៉ូប​មិន​យល់​ដឹង​អំពី​រឿង​ចំណោទ​ដែល​ពាក់​ព័ន្ធ​នឹង​ទុក្ខ​លំបាក​របស់​គាត់ នោះ​យ៉ូប​បាន​យល់​ច្រឡំ​ថា ព្រះ​កំពុង​តែ​ដាក់​ទោស​គាត់​ដោយ​អយុត្ដិធម៌។ យ៉ូប​បាន​ទូល​សួរ​ព្រះ​ឲ្យ​ដឹង​ពី​មូលហេតុ​ព្រះ​បាន​យក​គាត់​ជា«ផ្ទាំង​ស៊ីប»និង«ជា​សត្រូវ»របស់​ទ្រង់។—យ៉ូប ៧:២០; ១៣:២៤, ខ.ស.

យុវជន​ម្នាក់​ឈ្មោះ​អេលីហ៊ូវ បាន​បង្ហាញ​ឲ្យ​យ៉ូប​ឃើញ​ថា យ៉ូប​កំពុង​តែ​វែក​ញែក​មិន​ត្រឹម​ត្រូវ​ឡើយ។ អេលីហ៊ូវ​បាន​ពោល​ថា៖ «លោក​ចង់​ថា‹សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ›»។ (យ៉ូប ៣៥:២) ពិត​ណាស់ យើង​ជា​មនុស្ស​គ្មាន​ប្រាជ្ញា​ទេ​បើ​យើង​គិត​ថា យើង​ចេះ​ជាង​ព្រះ​ឬ​ក៏​នឹក​ស្មាន​ថា​ព្រះ​បាន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌។ អេលីហ៊ូវ​បាន​ប្រកាស​ថា៖ «ព្រះ​ជា​ម្ចាស់​មិន​ដែល​ប្រព្រឹត្ដ​អាក្រក់​ឡើយ ហើយ​ព្រះ​ដ៏​មាន​ឫទ្ធានុ​ភាព​ខ្ពង់​ខ្ពស់​បំផុត ក៏​មិន​ដែល​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ដែរ!»។ ក្រោយ​មក​ទៀត​អេលីហ៊ូវ​បាន​ពោល​ថា៖ «ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ទ្រង់​ឃើញ​ទេ ទ្រង់​មាន​តេជានុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ទ្រង់​មាន​សេចក្ដី​យុត្ដិធម៌​នឹង​សេចក្ដី​សុចរិត​ពោរ​ពេញ បាន​ជា​ទ្រង់​នឹង​មិន​ធ្វើ​ទុក្ខ​ទេ»។ (យ៉ូប ៣៤:១០, ខ.ស.; ៣៦:២២, ២៣; ៣៧:២៣) ដូច្នេះ​យើង​អាច​ជឿ​ជាក់​ថា ពេល​ព្រះ​តយុទ្ធ​នោះ ទ្រង់​មាន​ហេតុ​ដ៏​ល្អ។ ដោយ​គិត​អំពី​ចំណុច​នេះ យើង​សូម​ពិចារណា​នូវ​មូលហេតុ​ដែល​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ដ​ជួន​កាល​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​ចំ​បាំង​ដ៏​អង់អាច។—កូរិនថូសទី១ ១៤:៣៣

មូលហេតុ​ដែល​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ដ​ត្រូវ​តយុទ្ធ

៩​. ហេតុ​អ្វី​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ដ​ត្រូវ​តយុទ្ធ?

ក្រោយ​ម៉ូសេ​បាន​សរសើរ​ថា ព្រះ​ជា«អ្នក​ចំ​បាំង​ដ៏​អង់អាច»នោះ គាត់​បាន​ប្រកាស​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់? តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់?» (និក្ខមនំ ១៥:១១) ព្យាការី​ហាបាគុក​បាន​សរសេរ​ស្រដៀង​គ្នា​ដែរ​ថា៖ «ទ្រង់​មាន​ព្រះ​នេត្រ​បរិសុទ្ធ​ក្រៃ​លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ»។ (ហាបាគុក ១:១៣) ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​ក៏​ពិត​មែន តែ​ទ្រង់​ក៏​ជា​ព្រះ​នៃ​សេចក្ដី​បរិសុទ្ធ សេចក្ដី​សុចរិត និង​យុត្ដិធម៌​ផង​ដែរ។ ជួន​កាល គុណ​សម្បត្ដិ​ទាំង​នេះ​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បំផ្លាញ។ (អេសាយ ៥៩:១៥​-​១៩; លូកា ១៨:៧) ដូច្នេះ ពេល​ទ្រង់​ច្បាំង​តយុទ្ធ ទ្រង់​មិន​បាត់​បង់​នូវ​ភាព​បរិសុទ្ធ​របស់​អង្គ​ទ្រង់​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​តយុទ្ធ​ពីព្រោះ​ទ្រង់​បរិសុទ្ធ។—និក្ខមនំ ៣៩:៣០

១០​. (ក) តើ​មាន​សេចក្ដី​ត្រូវ​ការ​ឲ្យ​ព្រះ​ធ្វើ​សង្គ្រាម​តាំង​ពី​ពេល​ណា​មក? ហើយ​ហេតុ​អ្វី? (ខ) តើ​វិធី​តែ​មួយ​គត់​ដែល​សេចក្ដី​ខ្មាំង​នៅ​លោកុប្បត្ដិ ៣:១៥ អាច​ត្រូវ​បញ្ចប់​ជា​អ្វី? តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​ជាតិ​ដែល​សុចរិត?

១០ សូម​ពិចារណា​ស្ថានភាព​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​អ័ដាម​និង​អេវ៉ា ដែល​ជា​គូ​ស្វាមី​ភរិយា​ទី​មួយ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ (លោកុប្បត្ដិ ៣:១​-​៦) បើ​ព្រះ​យេហូវ៉ា​បាន​ប្រណី​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​គេ នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​ជា​ព្រះ​មហា​ក្សត្រ​សកលលោក​ទៅ​ជា​ខ្សោយ​វិញ។ ក្នុង​នាម​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​ត្រូវ​តែ​កាត់​ទោស​ឲ្យ​មនុស្ស​ពីរ​នាក់​នេះ​ស្លាប់។ (រ៉ូម ៦:២៣) ក្នុង​ទំនាយ​ទី​មួយ​ក្នុង​ព្រះ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ទាយ​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​ខ្មាំង​រវាង​អ្នក​បំរើ​របស់​ទ្រង់​និង​អ្នក​កាន់​តាម​សាតាំង​ដែល​ជា«ពស់»នោះ។ (វិវរណៈ ១២:៩; លោកុប្បត្ដិ ៣:១៥) នៅ​ទី​បំផុត មាន​តែ​ការ​បំផ្លាញ​សាតាំង​ចោល​ប៉ុណ្ណោះ ទើប​សេចក្ដី​ខ្មាំង​នេះ​អាច​ត្រូវ​បញ្ចប់​បាន។ (រ៉ូម ១៦:២០) ប៉ុន្ដែ ការ​កាត់​ទោស​នេះ​នឹង​នាំ​ឲ្យ​មាន​ពរ​អស្ចារ្យៗ​ជា​ច្រើន​សំរាប់​មនុស្ស​ជាតិ​ដ៏​ស្មោះ​ត្រង់ ពីព្រោះ​ឥទ្ធិពល​របស់​សាតាំង​នឹង​ត្រូវ​កំចាត់​ចេញ​ពី​ផែន​ដី ហើយ​នេះ​ក៏​នឹង​បើក​មាគ៌ា​នាំ​ទៅ​ដល់​សួន​មនោ​រម្យ​ពេញ​ផែន​ដី។ (ម៉ាថាយ ១៩:២៨) ទាល់​តែ​ពេល​នោះ​មក​ដល់ អស់​អ្នក​ដែល​គាំ​ទ្រ​ខាង​សាតាំង​នឹង​បង្ក​ការ​គំរាម​កំហែង​ដល់​សុខុមាលភាព​ខាង​វិញ្ញាណ​និង​ខាង​ផ្លូវ​កាយ​របស់​រាស្ដ្រ​ព្រះ។ ម្ដង​ម្កាល ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ធ្វើ​អន្ដរាគមន៍។

ព្រះ​ចាត់​វិធានការ​ដើម្បី​បំបាត់​អំពើ​អាក្រក់

១១​. ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ចិន្ដា​ថា ត្រូវ​ឲ្យ​មាន​ទឹក​ជំនន់​ពេញ​ពិភព​លោក?

១១ ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ​គឺ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ពី​ការ​ធ្វើ​អន្ដរាគមន៍​ដោយ​ព្រះ។ លោកុប្បត្ដិ ៦:១១, ១២ ចែង​ថា៖ «ឯ​ផែន​ដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង ហើយ​ព្រះ​ទ្រង់​ទត​មើល​ផែន​ដី ឃើញ​ថា​ខូច​អាក្រក់​ដូច្នេះ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែន​ដី​ទៅ​ហើយ»។ តើ​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ទុច្ចរិត​បំផ្លាញ​សីលធម៌​ចេញ​អស់​ពី​ផែន​ដី​ទៅ​ឬ? អត់​ទេ! ព្រះ​យេហូវ៉ា​មាន​ព្រះ​ចិន្ដា​ថា ត្រូវ​ឲ្យ​មាន​ទឹក​ជំនន់​ពេញ​ពិភព​លោក​ដើម្បី​បំផ្លាញ​ចោល​នូវ​មនុស្ស​ដែល​ចង់​តែ​ធ្វើ​អំពើ​ឃោរ​ឃៅ​និង​ប្រព្រឹត្ដ​អំពើ​អសីលធម៌​នោះ។

១២​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ទាយ​អ្វី​ស្ដី​អំពី«ពូជ»របស់​អ័ប្រាហាំ? (ខ) តើ​សាសន៍​អាម៉ូរី​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​ព្រោះ​អ្វី?

១២ គឺ​ស្រដៀង​គ្នា​នេះ​ដែរ​ពេល​ព្រះ​កាត់​ទោស​ជន​ជាតិ​កាណាន។ ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​ដឹង​ថា នឹង​មាន«ពូជ»មួយ​ចេញ​ពី​លោក​អ័ប្រាហាំ ដែល​ពូជ​នេះ​នឹង​ទៅ​ជា​ខ្សែ​រយៈ​ឲ្យ​មនុស្ស​គ្រប់​សាសន៍​នៅ​លើ​ផែន​ដី​បាន​ពរ​ពី​ព្រះ។ សម​ស្រប​ទៅ​តាម​គោល​បំណង​នេះ ព្រះ​បាន​ប្រកាស​ថា កូន​ចៅ​របស់​លោក​អ័ប្រាហាំ​នឹង​ត្រូវ​ទទួល​ទឹក​ដី​របស់​សាសន៍​កាណាន ដែល​ជា​ស្រុក​របស់​សាសន៍​អាម៉ូរី។ បើ​ព្រះ​កំចាត់​សាសន៍​អាម៉ូរី​ចេញ​ពី​ស្រុក​ខ្លួន តើ​នេះ​ត្រឹម​ត្រូវ​ទេ? ព្រះ​យេហូវ៉ា​បាន​ទាយ​ថា ការ​កំចាត់​នេះ​នឹង​មិន​កើត​ឡើង​ទាល់​តែ​៤០០​ឆ្នាំ​ក្រោយ​មក ពេល«សេចក្ដី​ទុច្ចរិត​របស់​ពួក​សាសន៍​អាម៉ូរី»បាន«ពោរ​ពេញ»។ * (លោកុប្បត្ដិ ១២:១​-​៣; ១៣:១៤, ១៥; ១៥:១៣, ១៦; ២២:១៨) ក្នុង​កំឡុង​៤០០​ឆ្នាំ​នោះ សាសន៍​អាម៉ូរី​បាន​លិច​លង់​ជ្រៅ​ទៅៗ​ក្នុង​ភាព​ខូច​អាក្រក់​ខាង​សីលធម៌។ ស្រុក​កាណាន​បាន​ក្លាយ​ជា​ស្រុក​មួយ​ពេញ​ទៅ​ដោយ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ការ​កំចាយ​ឈាម និង​ការ​ប្រព្រឹត្ដ​ដ៏​លា​មក​អាក្រក់​ខាង​កាម។ (និក្ខមនំ ២៣:២៤; ៣៤:១២, ១៣; ជនគណនា ៣៣:៥២) សាសន៍​នៅ​ស្រុក​កាណាន​រហូត​ដល់​ដុត​កូន​របស់​ខ្លួន​ចោល​ដើម្បី​បូជា​ថ្វាយ​ព្រះ​របស់​ពួក​គេ។ តើ​ព្រះ​មួយ​អង្គ​ដ៏​បរិសុទ្ធ​អាច​អនុញ្ញាត​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​ទទួល​ឥទ្ធិពល​ពី​សេចក្ដី​ទុច្ចរិត​បែប​នេះ​ឬ? ទ្រង់​មិន​អនុញ្ញាត​សោះ​ឡើយ! ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា៖ ‹ស្រុក​គេ​គឺ​ស្មោកគ្រោក បាន​ជា​យើង​ទំ​លាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ឯ​ស្រុក​ក៏​ក្អួត​គេ​ចេញ​ទៅ​ផង›។ (លេវីវិន័យ ១៨:២១​-​២៥) ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​បាន​សម្លាប់​ពួក​គេ​ដោយ​មិន​រើស​មុខ​នោះ​ទេ។ ព្រះ​បាន​ឲ្យ​ជន​ជាតិ​កាណាន​ខ្លះ​ដែល​មាន​ចិត្ដ​ស្មោះ​សរ​រួច​រស់​ជីវិត ដូច​ជា​នាង​រ៉ាហាប​និង​សាសន៍​គីបៀន​ជា​ដើម។—យ៉ូស្វេ ៦:២៥; ៩:៣​-​២៧

ព្រះ​យេហូវ៉ា​តយុទ្ធ​ដើម្បី​ព្រះ​នាម​ទ្រង់

១៣, ១៤​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ត្រូវ​លើក​ព្រះ​នាម​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ជំ​រះ​ការ​តិះ​ដៀល​ចេញ​ពី​ព្រះ​នាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៣ ដោយ​សារ​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ នោះ​ព្រះ​នាម​ទ្រង់​ក៏​បរិសុទ្ធ​ដែរ។ (លេវីវិន័យ ២២:៣២) ព្រះ​យេស៊ូ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​ថា៖ «សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ (ម៉ាថាយ ៦:៩) ការ​បះបោរ​ប្រឆាំង​នៅ​សួន​ច្បារ​អេដែន​បាន​បង្អាប់​ដល់​ព្រះ​នាម​របស់​ព្រះ និង​បាន​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​កិត្ដិនាម​របស់​ទ្រង់​និង​របៀប​ដែល​ទ្រង់​គ្រប់​គ្រង។ ព្រះ​យេហូវ៉ា​មិន​អាច​ត្រា​ប្រណី​នឹង​ការ​បង្កាច់​បង្ខូច​ហើយ​ការ​បះបោរ​បែប​នេះ​ឡើយ។ ទ្រង់​ត្រូវ​តែ​ជំ​រះ​អស់​ទាំង​ការ​តិះ​ដៀល​ពី​ព្រះ​នាម​ទ្រង់​ចេញ។—អេសាយ ៤៨:១១

១៤ សូម​គិត​អំពី​សាសន៍​អ៊ីស្រាអែល​ម្ដង​ទៀត។ ដរាប​ណា​ពួក​គេ​នៅ​ស្រុក​អេស៊ីប​ជា​ខ្ញុំ​កញ្ជះ នោះ​សេចក្ដី​សន្យា​របស់​ព្រះ​ថា​គ្រប់​សាសន៍​នៅ​ផែន​ដី​នឹង​បាន​ព្រះ​ពរ​តាម​រយៈ​ពូជ​របស់​អ័ប្រាហាំ​គឺ​ហាក់​បី​ដូច​ជា​សេចក្ដី​សន្យា​ឥត​ន័យ។ ប៉ុន្ដែ ដោយ​រំដោះ​អ៊ីស្រាអែល​ចេញ និង​ដោយ​រៀប​ចំ​ពួក​គេ​ជា​សាសន៍​មួយ នោះ​ព្រះ​យេហូវ៉ា​បាន​ជំ​រះ​ការ​តិះ​ដៀល​ចេញ​ពី​ព្រះ​នាម​ទ្រង់​អស់​ទៅ។ ដូច្នេះ ព្យាការី​ដានីយ៉ែល​អាច​ទូល​ក្នុង​សេចក្ដី​អធិស្ឋាន​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ . . . ​[ទ្រង់]​បាន​នាំ​រាស្ដ្រ​របស់​ទ្រង់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ​ហស្ដ​ខ្លាំង​ពូកែ ហើយ​បាន​ល្បី​ព្រះ​នាម​ខ្ចរ​ខ្ចាយ»។—ដានីយ៉ែល ៩:១៥

១៥​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​រំដោះ​សាសន៍​យូដា​ចេញ​ពី​បាប៊ីឡូន?

១៥ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ដានីយ៉ែល​បាន​អធិស្ឋាន​យ៉ាង​នេះ នៅ​គ្រា​មួយ​ដែល​សាសន៍​យូដា​ត្រូវ​ការ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ជួយ​ពួក​គេ​ម្ដង​ទៀត​ដើម្បី​ព្រះ​នាម​ទ្រង់។ សាសន៍​យូដា​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​នេះ បាន​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។ ទី​ក្រុង​យេរូសាឡិម រាជធានី​របស់​ពួក​គេ​គឺ​នៅ​សល់​តែ​សំណង់​បាក់​បែក​ប៉ុណ្ណោះ។ ដានីយ៉ែល​ដឹង​ថា​ការ​នាំ​សាសន៍​យូដា​ទៅ​ស្រុក​វិញ នឹង​លើក​ដំ​កើង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ដានីយ៉ែល​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទ្រង់​អត់​ទោស។ ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្ដា​ផង។ ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​អង្គ​ទ្រង់[«ព្រះ​នាម​ទ្រង់», ព.ថ.] ដ្បិត​ទី​ក្រុង​នៃ​ទ្រង់ នឹង​រាស្ដ្រ​របស់​ទ្រង់ បាន​ហៅ​តាម​ព្រះ​នាម​ទ្រង់​ហើយ»។—ដានីយ៉ែល ៩:១៨, ១៩, កំណែ​ជា​អក្សរ​ទ្រេត

ការ​តយុទ្ធ​ដើម្បី​រាស្ដ្រ​ទ្រង់

១៦​. សូម​ពន្យល់​ពី​ហេតុ​ថា​ទោះ​ជា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ការ​តយុទ្ធ​ដើម្បី​ព្រះ​នាម​ទ្រង់​ក៏​ពិត​មែន តែ​នេះ​មិន​បាន​ន័យ​ថា​ទ្រង់​ព្រះ​ចិន្ដា​តែ​អំពី​ប្រយោជន៍​អង្គ​ទ្រង់​ឬ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​នោះ​ទេ។

១៦ ដោយ​សារ​ព្រះ​យេហូវ៉ា​តយុទ្ធ​ដើម្បី​ព្រះ​នាម​ទ្រង់ តើ​នេះ​បាន​ន័យ​ថា​ទ្រង់​ព្រះ​ចិន្ដា​តែ​អំពី​ប្រយោជន៍​អង្គ​ទ្រង់ និង​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឬ? មិន​មែន​ទេ! ដ្បិត​ទ្រង់​ការពារ​រាស្ដ្រ​ទ្រង់ ដោយ​សារ​ទ្រង់​បរិសុទ្ធ និង​ស្រឡាញ់​យុត្ដិធម៌។ សូម​មើល​លោកុប្បត្ដិ​ជំពូក​ទី​១៤។ នៅ​ទី​នោះ​យើង​អាន​អំពី​ស្ដេច​បួន​អង្គ​ដែល​ចាប់​យក​លោក​ឡុត​ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​អ័ប្រាហាំ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ឡុត​ផង​ដែរ។ ដោយ​ជំនួយ​ពី​ព្រះ អ័ប្រាហាំ​បាន​វាយ​ឈ្នះ​កង​ទ័ព​មួយ​ដ៏​ខ្លាំង​ជាង​គាត់​ឆ្ងាយ​ណាស់! កំណត់​ហេតុ​នេះ​ទំនង​ជា​កំណត់​ហេតុ​ទី​មួយ​ក្នុង«សៀវភៅ ដែល​និទាន​ពី​ចំ​បាំង​ផង​ព្រះ​យេហូវ៉ា»តាម​មើល​ទៅ​ជា​សៀវភៅ​បញ្ជាក់​ចំ​បាំង​ខ្លះៗ​ដែល​គ្មាន​រៀប​រាប់​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​ទេ។ (ជនគណនា ២១:១៤) តាំង​ពី​ពេល​នោះ​មក​ក៏​មាន​ជ័យ​ជំនះ​ជា​ច្រើន​ឯ​ទៀត​ដែរ។

១៧​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​តយុទ្ធ​ដើម្បី​អ៊ីស្រាអែល​ក្រោយ​ពួក​គេ​បាន​ចូល​ស្រុក​សន្យា? សូម​លើក​ឧទាហរណ៍។

១៧ មុន​ដែល​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ម៉ូសេ​បាន​ធានា​ពួក​គេ​ថា៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​ច្បាំង​ជំនួស​ឯង តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ»។ (ចោទិយកថា ១:៣០; ២០:១) ចាប់​ផ្ដើម​ពី​យ៉ូស្វេ​ដែល​ជា​អ្នក​នាំ​មុខ​បន្ទាប់​ពី​ម៉ូសេ រហូត​ដល់​កំឡុង​ពេល​ពួក​ចៅហ្វាយ​និង​ស្ដេច​ស្មោះ​ត្រង់​នៃ​យូដា​នោះ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ច្បាំង​ដើម្បី​រាស្ដ្រ​ទ្រង់ ដោយ​ជួយ​ពួក​គេ​ឲ្យ​ទទួល​ជ័យ​ជំនះ​យ៉ាង​អស្ចារ្យ​ពី​ពួក​សត្រូវ។—យ៉ូស្វេ ១០:១​-​១៤; ពួក​ចៅហ្វាយ ៤:១២​-​១៧; សាំយូអែលទី២ ៥:១៧​-​២១

១៨​. (ក) ហេតុ​អ្វី​យើង​គួរ​សប្បាយ​ចិត្ដ​ដែល​ព្រះ​យេហូវ៉ា​មិន​ចេះ​ប្រែ​ប្រួល​នោះ? (ខ) តើ​អ្វី​នឹង​កើត​ឡើង​ពេល​សេចក្ដី​ខ្មាំង​នៅ​លោកុប្បត្ដិ ៣:១៥​មក​ដល់​គ្រា​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​នោះ?

១៨ ព្រះ​យេហូវ៉ា​មិន​បាន​កែ​ប្រែ​ឡើយ ហើយ​គោល​បំណង​របស់​ទ្រង់​ដែល​ជា​ការ​ធ្វើ​ឲ្យ​ផែន​ដី​នេះ​ទៅ​ជា​សួន​មនោ​រម្យ​ដ៏​សុខ​សាន្ដ​ក៏​មិន​បាន​ផ្លាស់​ប្ដូរ​ដែរ។ (លោកុប្បត្ដិ ១:២៧, ២៨) ព្រះ​នៅ​តែ​ស្អប់​អំពើ​ទុច្ចរិត ដំណាល​គ្នា​នេះ ទ្រង់​ស្រឡាញ់​រាស្ដ្រ​របស់​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ព្រះ​ទ័យ ហើយ​បន្ដិច​ទៀត​ទ្រង់​នឹង​ចាត់​វិធានការ​ដើម្បី​រាស្ដ្រ​ទ្រង់។ (ទំនុក​ដំកើង ១១:៧) ការ​ពិត បន្ដិច​ទៀត​នៅ​ថ្ងៃ​ខាង​មុខ សេចក្ដី​ខ្មាំង​ដែល​ត្រូវ​រៀប​រាប់​នៅ​លោកុប្បត្ដិ ៣:១៥ នឹង​មក​ដល់​គ្រា​ដ៏​សំខាន់​មួយ ដែល​គ្រា​នោះ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ទាំង​មាន​ព្រឹត្ដិការណ៍​ដ៏​ឃោរ​ឃៅ​និង​អស្ចារ្យ​ដែល​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង គឺ​ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ជា«អ្នក​ចំ​បាំង​ដ៏​អង់អាច»ម្ដង​ទៀត ដើម្បី​លើក​ព្រះ​នាម​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ​និង​ការពារ​រាស្ដ្រ​របស់​ទ្រង់!—សាការី ១៤:៣; វិវរណៈ ១៦:១៤, ១៦

១៩​. (ក) សូម​លើក​ឧទាហរណ៍​បញ្ជាក់​របៀប​ដែល​តេជានុភាព​របស់​ព្រះ​អាច​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ឲ្យ​ចង់​ចូល​ទៅ​ជិត​ទ្រង់។ (ខ) ហេតុ​ដែល​ថា​ព្រះ​ប្រុង​ប្រៀប​តយុទ្ធ​ជា​និច្ច​ដើម្បី​ការពារ​យើង តើ​នេះ​គួរ​មាន​អានុភាព​យ៉ាង​ណា​មក​លើ​ចិត្ដ​យើង?

១៩ សូម​ពិចារណា​ឧទាហរណ៍​ដូច​ត​ទៅ​នេះ៖ ឧបមា​ថា​ក្រុម​គ្រួសារ​របស់​បុរស​ម្នាក់​កំពុង​តែ​ត្រូវ​សត្វ​សាហាវ​មួយ​បោល​មក​សង្គុ្រប​បំរុង​ត្របាក់​ស៊ី តែ​បុរស​នោះ​ស្ទុះ​ទៅ​សម្លាប់​សត្វ​សាហាវ​នោះ។ តើ​អ្នក​គិត​ថា​ភរិយា​និង​កូន​របស់​បុរស​នោះ​នឹង​រង្កៀស​ចិត្ដ​ទេ? ផ្ទុយ​ទៅ​វិញ អ្នក​ដឹង​ថា​ក្រុម​គ្រួសារ​របស់​គាត់​នឹង​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​គាត់ ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​នេះ​ដោយ​មិន​គិត​អំពី​ប្រយោជន៍​ខ្លួន​សោះ។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​រង្កៀស​ចិត្ដ​នឹង​ព្រះ​ដោយ​សារ​ទ្រង់​ប្រើ​តេជានុភាព​ដើម្បី​បំផ្លាញ​ឡើយ។ ហេតុ​ដែល​ថា ទ្រង់​ប្រុង​ប្រៀប​តយុទ្ធ​ដើម្បី​ប្រយោជន៍​យើង នេះ​គួរ​ចំរើន​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់។ ការ​គោរព​របស់​យើង​ចំពោះ​តេជានុភាព​ដែល​គ្មាន​កំរិត​របស់​ទ្រង់​គួរ​តែ​មាន​កាន់​តែ​ខ្លាំង​ឡើង​ដែរ ប្រយោជន៍​ឲ្យ​យើង​អាច«មាន​ចិត្ដ​គោរព​ប្រតិបត្ដិ ហើយ​កោត​ខ្លាច​ដល់​ទ្រង់»។—ហេព្រើរ ១២:២៨

ចូរ​ចូល​ទៅ​ជិត«អ្នក​ចំ​បាំង​ដ៏​អង់អាច»

២០​. ពេល​អាន​កំណត់​ហេតុ​ព្រះ​គម្ពីរ​អំពី​សង្គ្រាម​របស់​ព្រះ ហើយ​មិន​សូវ​យល់​ច្បាស់​នោះ តើ​យើង​គួរ​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

២០ ទោះ​ជា​ព្រះ​គម្ពីរ​មិន​តែង​តែ​ពន្យល់​យ៉ាង​ល្អិត​ល្អន់​អំពី​មូលហេតុ​ព្រះ​យេហូវ៉ា​សម្រេច​ព្រះ​ទ័យ​ធ្វើ​សង្គ្រាម​ក៏​ពិត​មែន តែ​យើង​អាច​ជឿ​ជាក់​ជា​និច្ច​ថា៖ ព្រះ​យេហូវ៉ា​មិន​ដែល​ប្រើ​តេជានុភាព​ដើម្បី​បំផ្លាញ​ដោយ​អយុត្ដិធម៌ ដោយ​គ្មាន​ហេតុ ឬ​តាម​របៀប​កាច​សាហាវ​នោះ​ទេ។ ធម្មតា បើ​យើង​ពិចារណា​បរិបទ​នៃ​កំណត់​ហេតុ​ព្រះ​គម្ពីរ​ឬ​ក៏​ស្រាវជ្រាវ​ពត៌មាន​ថែម​ទៀត យើង​អាច​មាន​ទស្សនៈ​ត្រឹម​ត្រូវ​វិញ។ (សុភាសិត ១៨:១៣) សូម្បី​តែ​ពេល​យើង​នៅ​តែ​មិន​យល់​ច្បាស់​ក៏​ដោយ តែ​ការ​រៀន​ឲ្យ​បាន​ច្រើន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​ការ​រំពឹង​គិត​អំពី​គុណ​សម្បត្ដិ​ដ៏​វិសេស​របស់​ទ្រង់ អាច​ជួយ​យើង​ជំ​រះ​អស់​ការ​សង្ស័យ​ពី​ចិត្ដ​យើង។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​យល់​ឃើញ​ថា​មាន​ហេតុ​ជា​ច្រើន​ដែល​យើង​គួរ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។—យ៉ូប ៣៤:១២

២១​. ទោះ​ជា​ជួន​កាល​ព្រះ​យេហូវ៉ា​គឺ«អ្នក​ចំ​បាំង​ដ៏​អង់អាច»ក៏​ដោយ តើ​ទ្រង់​មាន​ព្រះ​ទ័យ​យ៉ាង​ណា?

២១ ទោះ​ជា​ព្រះ​យេហូវ៉ា​ជា«អ្នក​ចំ​បាំង​ដ៏​អង់អាច»ពេល​កាលៈទេសៈ​ទាម​ទារ​ឲ្យ​ធ្វើ​ក៏​ពិត​មែន តែ​នេះ​មិន​បាន​ន័យ​ថា​ទ្រង់​សាហាវ​ចូល​ចិត្ដ​ធ្វើ​សង្គ្រាម​នោះ​ទេ។ ក្នុង​ចក្ខុនិមិត្ដ​របស់​អេសេគាល​អំពី​រទេះ​ចំ​បាំង​នៅ​ស្ថាន​សួគ៌ អេសេគាល​ឃើញ​ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​តយុទ្ធ​នឹង​សត្រូវ​របស់​ទ្រង់។ ប៉ុន្ដែ យ៉ាង​ណា​ក៏​ដោយ អេសេគាល​ក៏​ឃើញ​ឥន្ទធនូ​ព័ទ្ធ​ជុំ​វិញ​ព្រះ​យេហូវ៉ា ដែល​តំណាង​សេចក្ដី​សុខ​សាន្ដ។ (លោកុប្បត្ដិ ៩:១៣; អេសេគាល ១:២៨; វិវរណៈ ៤:៣) ដូច្នេះ គឺ​ច្បាស់​ហើយ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដ៏​ស្លូត។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) គុណ​សម្បត្ដិ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​មាន​តុល្យ​ភាព​គ្រប់​ល័ក្ខណ៍។ ដូច្នេះ យើង​មាន​ឯក​សិទ្ធិ​ដ៏​ពិសេស​ណាស់​ដែល​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​មួយ​អង្គ​ដ៏​ខ្លាំង​ក្លា​តែ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់!

^ វគ្គ 1 យោង​ទៅ​តាម​លោក​យ៉ូសេហ្វឺស ប្រវត្ដិវិទូ​មួយ​រូប​ខាង​ប្រវត្ដិសាស្ដ្រ​សាសន៍​យូដា លោក​រៀប​រាប់​ថា​មាន«៦០០​រទេះ​ចំ​បាំង ព្រម​ទាំង​៥០.០០០​ទ័ព​ជិះ​សេះ និង​ទាហាន​ថ្មើរ​ជើង​២០០.០០០​នាក់​ដែល​ប្រដាប់​អាវុធ​ជា​ច្រើន»បាន​ដេញ​តាម​ពួក​អ៊ីស្រាអែល។—ប្រវត្ដិសាស្ដ្រ​បុរាណ​នៃ​សាសន៍​យូដា, ក្បាល​ទី​២ ទំព័រ​៣២៤ [វគ្គ​៣]

^ វគ្គ 12 តាម​មើល​ទៅ ពាក្យ​ថា«សាសន៍​អាម៉ូរី»នៅ​ទី​នេះ​សំដៅ​ទៅ​លើ​គ្រប់​សាសន៍​ដែល​រស់​នៅ​ស្រុក​កាណាន។—ចោទិយកថា ១:៦​-​៨, ១៩​-​២១, ២៧; យ៉ូស្វេ ២៤:១៥, ១៨