លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨

ព្រះ​យេហូវ៉ា​«ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី»​ដោយ​តេជានុភាព​បង្កើត​សា​ជា​ថ្មី

ព្រះ​យេហូវ៉ា​«ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី»​ដោយ​តេជានុភាព​បង្កើត​សា​ជា​ថ្មី

១, ២​. តើ​មនុស្ស​ជាតិ​បាន​ទ្រាំ​នឹង​ការ​បាត់​បង់​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ? តើ​ការ​បាត់​បង់​នេះ​មាន​អានុភាព​ដូច​ម្ដេច​មក​លើ​យើង?

ពេល​ក្មេង​តូច​ម្នាក់​ធ្វើ​បាត់ ឬ​ធ្វើ​បាក់​នូវ​ប្រដាប់​លេង​ណា​មួយ​ដែល​វា​ចូល​ចិត្ដ​ជាង​គេ ក្មេង​នោះ​តែង​តែ​ស្រែក​យំ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​អាណិត​ណាស់! ប៉ុន្ដែ តើ​អ្នក​ធ្លាប់​ឃើញ​ទេ​ថា ក្មេង​នោះ​តែង​មាន​ទឹក​មុខ​ស្រស់បស់​ឡើង​វិញ ពេល​ឪពុក​ឬ​ម្ដាយ​ជួស​ជុល​ឬ​ក៏​រក​ឃើញ​នូវ​ប្រដាប់​លេង​ដែល​បាក់​ឬ​បាត់​នោះ? ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ប្រហែល​ជា​ចាត់​ទុក​ការ​ជួស​ជុល​ឬ​ក៏​ការ​ដើរ​រក​ប្រដាប់​លេង​នោះ​ជា​អ្វី​ដ៏​ស្រួល​ជា​ទី​បំផុត។ ប៉ុន្ដែ ចំណែក​ក្មេង​នោះ​វិញ វា​រីក​រាយ​និង​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ណាស់។ ប្រដាប់​លេង​ដែល​វា​បាន​នឹក​ស្មាន​ថា​បាត់​រក​ពុំ​ឃើញ ឬ​ខូច​ជួស​ជុល​ពុំ​បាន​នោះ ឥឡូវ​បាន​រក​ឃើញ ឬ​ល្អ​ឡើង​វិញ​ហើយ!

ព្រះ​យេហូវ៉ា​ដែល​ជា​វរបិតា​ដ៏​ល្អ​បំផុត ទ្រង់​មាន​តេជានុភាព​ប្រទាន​មក​វិញ​នូវ​អ្វីៗ​ដែល​កូន​របស់​ទ្រង់​នៅ​លើ​ផែន​ដី​នេះ​អស់​សង្ឃឹម​ថា​មិន​អាច​បាន​មក​វិញ​ទេ។ យើង​មិន​សំដៅ​ទៅ​លើ​ប្រដាប់​ក្មេង​លេង​នោះ​ទេ។ ក្នុង​កំឡុង«គ្រា​លំបាក»នេះ យើង​អាច​បាត់​បង់​នូវ​អ្វី​ដែល​មាន​តម្លៃ​ជាង​ប្រដាប់​ក្មេង​លេង​ឆ្ងាយ​ណាស់។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) អ្វី​ភាគ​ច្រើន​ដែល​មនុស្ស​ចាត់​ទុក​ថា​មាន​តម្លៃ អាច​ត្រូវ​បាត់​បង់​បាន ដូច​ជា​ផ្ទះ​សម្បែង ទ្រព្យ​សម្បត្ដិ ការ​ងារ​ធ្វើ និង​រហូត​ដល់​សុខភាព​ល្អ​ទៀត​ផង។ យើង​ប្រហែល​ជា​ពិបាក​ចិត្ដ​ដែរ​ពេល​យើង​គិត​អំពី​ការ​បង្ខូច​បរិស្ថាន និង​ការ​ផុត​ពូជ​សត្វ​និង​រុក្ខជាតិ​ជា​ផល​ប៉ះ​ពាល់​នោះ។ ក៏​ប៉ុន្ដែ ពេល​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់​ទៅ នេះ​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ​ខ្លាំង​បំផុត។ ក្ដី​ទុក្ខ​សោក​ដែល​កើត​មាន​ដោយ​សារ​ការ​បាត់​បង់​អ្នក​ជា​ទី​ស្រឡាញ់​នោះ និង​ការ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​មាន​សមត្ថភាព​ជួយ​ពន្យារ​ជីវិត​អ្នក​នោះ អាច​ជា​អារម្មណ៍​ដែល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ប្រមាណ។—សាំយូអែលទី២ ១៨:៣៣

៣​. តើ​កិច្ច​ការ ៣:២១ ចែង​អំពី​សេចក្ដី​សង្ឃឹម​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ដ? តើ​ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​នេះ​យ៉ាង​ដូច​ម្ដេច?

ដូច្នេះ ការ​រៀន​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​តេជានុភាព​បង្កើត​សា​ជា​ថ្មី​ឡើង​វិញ ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន! យើង​នឹង​រៀន​ដឹង​ថា មាន​អ្វី​ជា​ច្រើន​យ៉ាង​ណាស់​ដែល​ព្រះ​យេហូវ៉ា​អាច​បង្កើត ហើយ​នឹង​បង្កើត​សា​ជា​ថ្មី ប្រយោជន៍​ឲ្យ​កូន​របស់​ទ្រង់​នៅ​លើ​ផែន​ដី​នេះ។ តាម​ពិត​ទៅ ព្រះ​គម្ពីរ​ចែង​ថា ព្រះ​យេហូវ៉ា​មាន​គោល​បំណង«រៀប​ចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ»។ (កិច្ច​ការ ៣:២១, ខ.ស., កំណែ​ជា​អក្សរ​ទ្រេត) ដើម្បី​សម្រេច​គោល​បំណង​នេះ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មេស្ស៊ី គ្រប់​គ្រង​ដោយ​ព្រះ​យេស៊ូ​ដែល​ជា​រាជបុត្រា​របស់​ទ្រង់។ ភស្ដុ​តាង​បញ្ជាក់​ថា ព្រះ​រាជាណាចក្រ​នេះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៩១៤។ * (ម៉ាថាយ ២៤:៣​-​១៤) តើ​អ្វី​នឹង​ត្រូវ​រៀប​ចំ​ឡើង​វិញ? សូម​ពិចារណា​នូវ​ការ​រៀប​ចំ​ឡើង​វិញ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ យើង​អាច​មើល​ឃើញ​នូវ​ការ​រៀប​ចំ​ឡើង​វិញ​មួយ​នៅ​បច្ចុប្បន្ន​នេះ ហើយ​យើង​ក៏​អាច​រួម​ចំណែក​បាន​ដែរ។ នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​ការ​រៀប​ចំ​ឡើង​វិញ​នូវ​អ្វី​ផ្សេង​ទៀត​ដល់​កំរិត​ធំ​ជាង​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត។

ការ​រៀប​ចំ​នូវ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ឡើង​វិញ

៤, ៥​. តើ​អ្វី​បាន​កើត​ឡើង​ដល់​រាស្ដ្រ​របស់​ព្រះ​នៅ​ឆ្នាំ​៦០៧​មុន​ស.យ.? តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី?

អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឡើង​វិញ គឺ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ ដើម្បី​យល់​សព្វ​គ្រប់​នូវ​សារៈ​សំខាន់​នៃ​ការ​រៀប​ចំ​នេះ យើង​សូម​ពិចារណា​យ៉ាង​ខ្លី​នូវ​ប្រវត្ដិសាស្ដ្រ​នៃ​ព្រះ​រាជាណាចក្រ​យូដា។ ការ​ពិចារណា​នេះ​នឹង​ធ្វើ​ឲ្យ​យើង​រីក​រាយ​ដោយ​យល់​ធ្លុះ​ជ្រៅ​អំពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​រៀប​ចំ​ឡើង​វិញ។—រ៉ូម ១៥:៤

សូម​គិត​ក្នុង​ចិត្ដ​អំពី​អារម្មណ៍​របស់​ជន​ស្មោះ​ត្រង់​ជាតិ​យូដា ពេល​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧​មុន​ស.យ.។ នៅ​ពេល​នោះ​ទី​ក្រុង​ដែល​ជា​ទី​គាប់​ចិត្ដ​របស់​ពួក​គេ​បាន​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី​ និង​កំផែង​បាន​ត្រូវ​រំលំ​បាក់​បែក។ អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​ជាង​នេះ​ទៅ​ទៀត​នោះ ព្រះ​វិហារ​ដ៏​រុងរឿង​ដែល​សាឡូម៉ូន​បាន​កសាង និង​ជា​មណ្ឌល​តែ​មួយ​គត់​លើ​ផែន​ដី​សំរាប់​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​យ៉ាង​បរិសុទ្ធ​នោះ នៅ​សល់​តែ​សំណល់​បាក់​បែក​ប៉ុណ្ណោះ។ (ទំនុក​ដំកើង ៧៩:១) អ្នក​រួច​រស់​ជីវិត​បាន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​និរទេស​ទៅ​ទី​ក្រុង​បាប៊ីឡូន​ចាក​ចេញ​ពី​ស្រុក​ខ្លួន​ឲ្យ​នៅ​សោះ​កក្រោះ និង​ក្លាយ​ជា​ទី​លំនៅ​របស់​សត្វ​ព្រៃ​ប៉ុណ្ណោះ។ (យេរេមា ៩:១១) តាម​ទស្សនៈ​មនុស្ស សាសន៍​យូដា​គ្មាន​សេចក្ដី​សង្ឃឹម​អ្វី​ឡើយ។ (ទំនុក​ដំកើង ១៣៧:១) ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​ការ​បំផ្លាញ​នេះ​តាំង​ពី​យូរ​មក​ហើយ ក៏​បាន​ផ្ដល់​ឲ្យ​សេចក្ដី​សង្ឃឹម​ថា ស្រុក​នេះ​នឹង​មាន​គ្រា​ដែល​ត្រូវ​ស្ថាបនា​ឡើង​វិញ​នៅ​ថ្ងៃ​ខាង​មុខ។

៦​-​៨​. (ក) តើ​សំនេរ​របស់​បណ្ដា​ព្យាការី​ជន​ជាតិ​ហេព្រើរ​ចែង​អំពី​រឿង​អ្វី​ដូចៗ​គ្នា? នៅ​ដើម​ដំបូង តើ​ទំនាយ​ទាំង​នេះ​បាន​សម្រេច​ដូច​ម្ដេច? (ខ) នៅ​សម័យ​នេះ តើ​រាស្ដ្រ​របស់​ព្រះ​បាន​ឃើញ​ការ​សម្រេច​នៃ​ទំនាយ​ជា​ច្រើន​អំពី​ការ​ស្ថាបនា​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

ការ​ពិត ការ​ស្ថាបនា​ឡើង​វិញ គឺ​ជា​ខ្លឹម​សារ​ដែល​មាន​ពោរ​ពេញ​ក្នុង​សំនេរ​របស់​បណ្ដា​ព្យាការី​ជន​ជាតិ​ហេព្រើរ។ * តាម​រយៈ​ពួក​ព្យាការី​ទាំង​នេះ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា រាស្ដ្រ​ទ្រង់​នឹង​បាន​ស្រុក​មក​វិញ ហើយ​ស្រុក​នោះ​នឹង​មាន​ប្រជាជន​រស់​នៅ និង​មាន​សំបូរ​ទៅ​ដោយ​ជី​ជាតិ អាច​បង្កើត​ផល​ជា​បរិបូរ ព្រម​ទាំង​ជា​ស្រុក​ដែល​ទ្រង់​នឹង​ការពារ​ពី​ការ​បៀតបៀន​ដោយ​សត្វ​ព្រៃ​និង​ពួក​សត្រូវ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ពណ៌នា​ថា ស្រុក​ដែល​ពួក​គេ​នឹង​បាន​មក​វិញ​នោះ គឺ​ជា​សួន​មនោ​រម្យ​មួយ​តែ​ម្ដង! (អេសាយ ៦៥:២៥; អេសេគាល ៣៤:២៥; ៣៦:៣៥) សំខាន់​លើស​ជាង​នោះ​ទៅ​ទៀត ការ​ថ្វាយ​បង្គំ​ពិត​នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ ហើយ​ព្រះ​វិហារ​នឹង​ត្រូវ​កសាង​ឡើង​វិញ​ដែរ។ (មីកា ៤:១​-​៥) ទំនាយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​និរទេស​ជន​ជាតិ​យូដា​មាន​សង្ឃឹម និង​ជួយ​ពួក​គេ​ស៊ូ​ទ្រាំ​អស់​៧០​ឆ្នាំ​ជា​ឈ្លើយ​បំរើ​នៅ​ទី​ក្រុង​បាប៊ីឡូន។

នៅ​ពេល​កំណត់ គ្រា​ស្ថាបនា​ឡើង​វិញ​នោះ​នឹង​មក​ដល់​ជា​ប្រាកដ។ ជន​ជាតិ​យូដា​បាន​ត្រូវ​រំដោះ​ចេញ​ពី​ទី​ក្រុង​បាប៊ីឡូន និង​បាន​ត្រឡប់​ទៅ​ទី​ក្រុង​យេរូសាឡិម ព្រម​ទាំង​បាន​សាង​សង់​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ​នៅ​ទី​នោះ។ (អែសរ៉ា ១:១, ២) ដរាប​ណា​ដែល​ពួក​គេ​កាន់​ខ្ជាប់​តាម​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ នោះ​ព្រះ​យេហូវ៉ា​នៅ​តែ​ប្រទាន​ពរ​ទៅ​លើ​ពួក​គេ និង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​គេ​បង្កើត​ផល​ជា​បរិបូរ។ ទ្រង់​ក៏​បាន​ការពារ​សាសន៍​យូដា​ពី​សត្រូវ និង​សត្វ​ព្រៃ ដែល​បាន​ចូល​ទៅ​នៅ​ពាស​ពេញ​ស្រុក​របស់​ពួក​គេ​ជា​ច្រើន​ទស​វត្ស​មក​ហើយ។ សាសន៍​យូដា​ពិត​ជា​បាន​រីក​រាយ​យ៉ាង​ខ្លាំង​ក្រៃ​លែង​ដោយ​សារ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ខាង​ការ​ស្ថាបនា​ឡើង​វិញ! ប៉ុន្ដែ ព្រឹត្ដិការណ៍​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​សម្រេច​តែ​មួយ​ផ្នែក​ដំបូង​នៃ​ទំនាយ​ទាំង​ប៉ុន្មាន​ដែល​សំដៅ​ទៅ​លើ​ការ​ស្ថាបនា​ឡើង​វិញ។ គឺ​ត្រូវ​មាន​ការ​សម្រេច​ដ៏​ធំ​ជាង​នៅ«ជាន់​ក្រោយ​បង្អស់»គឺ​នៅ​សម័យ​យើង​នេះ ពេល​ទាយាទ​របស់​ស្ដេច​ដាវីឌ​ស្នង​រាជ្យ ដែល​បាន​ត្រូវ​ទាយ​តាំង​ពី​យូរ​យារ​មក​ហើយ។—អេសាយ ២:២​-​៤; ៩:៦, ៧

មិន​យូរ​ក្រោយ​ព្រះ​យេស៊ូ​បាន​ទទួល​រាជ្យ​នៅ​ស្ថានសួគ៌​នា​ឆ្នាំ​១៩១៤ ទ្រង់​ចាប់​ផ្ដើម​យក​ព្រះទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​នៃ​រាស្ដ្រ​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​លើ​ផែនដី។ ដូច​ដែល​លោក​ស៊ីរូស ជនជាតិ​ពើ​ស៊ី​មួយ​រូប​ជា​អ្នក​ឈ្នះ​សង្គ្រាម បាន​រំដោះ​សាសន៍​យូដា​មួយ​ចំនួន​ចេញ​ពី​បាប៊ីឡូន​នៅ​ឆ្នាំ​៥៣៧​មុន​ស.យ. នោះ​ព្រះ​យេស៊ូ​ក៏​បាន​រំដោះ​សាសន៍​យូដា​ខាង​វិញ្ញាណ​មួយ​ចំនួន​ដែល​ជា​អ្នក​កាន់​តាម​ទ្រង់ ឲ្យ​រួច​ពី​អានុភាព​នៃ​បាប៊ីឡូន​បច្ចុប្បន្ន ពោល​គឺ​ចក្រភព​សាសនា​មិន​ពិត​ទូទៅ។ (រ៉ូម ២:២៩; វិវរណៈ ១៨:១​-​៥) ចាប់​តាំង​ពី​ឆ្នាំ​១៩១៩​មក ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ​ឲ្យ​មាន​អាទិ​ភាព​ត្រឹម​ត្រូវ​ក្នុង​ជីវិត​របស់​បណ្ដា​គ្រីស្ទាន​ពិត។ (ម៉ាឡាគី ៣:១​-​៥) តាំង​ពី​ពេល​នោះ​មក រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​ថ្វាយ​បង្គំ​ទ្រង់​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់​ដែល​បាន​ត្រូវ​សម្រិត​សម្រាំង​ឡើង​វិញ គឺ​ការ​រៀប​ចំ​សំរាប់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ ហេតុ​អ្វី​នេះ​មាន​សារៈ​សំខាន់​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ?

មូលហេតុ​ដែល​ការ​ស្ថាបនា​ឡើង​វិញ​ខាង​វិញ្ញាណ​គឺ​សំខាន់

៩​. ក្រោយ​ពួក​សាវ័ក​ស្លាប់​អស់​ហើយ តើ​គ្រីស្ទ​សាសនា​បាន​ធ្វើ​អ្វី​ដល់​ការ​ថ្វាយ​បង្គំ​ព្រះ? ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​នៅ​សម័យ​យើង​នេះ?

សូម​គិត​អំពី​ប្រវត្ដិសាស្ដ្រ។ ពួក​គ្រីស្ទាន​នៅ​សត​វត្ស​ទី​មួយ​បាន​ទទួល​ពរ​ជា​ច្រើន​ខាង​វិញ្ញាណ។ ប៉ុន្ដែ ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់​បាន​ទាយ​ថា ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នឹង​ត្រូវ​បង្ខូច​ហើយ​នឹង​លែង​មាន​មួយ​រយៈ។ (ម៉ាថាយ ១៣:២៤​-​៣០; កិច្ច​ការ ២០:២៩, ៣០) ក្រោយ​ពេល​ពួក​សាវ័ក​ស្លាប់​អស់​ទៅ ពិភព​គ្រីស្ទ​សាសនា​បាន​លេច​ឡើង។ បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​ចាប់​ធ្វើ​តាម​សេចក្ដី​បង្រៀន​និង​ទម្លាប់​របស់​សាសនា​ដែល​ជឿ​ព្រះ​មិន​ពិត ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ការ​ចូល​ទៅ​ជិត​ព្រះ​ជា​អ្វី​ពិបាក​ធ្វើ​ណាស់ ដោយ​ពណ៌នា​ថា​ទ្រង់​ជា​បី​អង្គ​រួម​តែ​មួយ​ដែល​រក​យល់​ពុំ​បាន និង​ដោយ​បព្ចោះ​មនុស្ស​ឲ្យ​មក​សារភាព​បាប​របស់​ខ្លួន​ប្រាប់​ពួក​បព្វជិត ហើយ​អធិស្ឋាន​ទូល​នាង​ម៉ា​រា​និង​បុគ្គល​ឯ​ទៀត​ដែល​ពួក​គេ​ចាត់​ទុក​ជា​ទេព ជា​ជាង​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា។ នៅ​សម័យ​យើង​នេះ ក្រោយ​មាន​ការ​បង្ខូច​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ជា​ច្រើន​សត​វត្ស​នោះ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា? ក្នុង​លោកីយ៍​នេះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មិន​ពិត​ខាង​សាសនា និង​មាន​ពាស​ពេញ​ទៅ​ដោយ​ការ​ប្រព្រឹត្ដ​ដ៏​ខុស​ច្បាប់​ព្រះ នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្ដរាគមន៍​ដោយ​ស្ថាបនា​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ឡើង​វិញ! ការ​ស្ថាបនា​ឡើង​វិញ​នេះ ជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​បំផុត​នៅ​សម័យ​ទំនើប​នេះ​យ៉ាង​ពិត។

១០, ១១​. (ក) តើ​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​រួម​បញ្ចូល​ផ្នែក​ពីរ​យ៉ាង​អ្វី? តើ​នេះ​មាន​អានុភាព​អ្វី​មក​លើ​អ្នក? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​បង្រួប​បង្រួម​មនុស្ស​ប្រភេទ​ណា​ឲ្យ​ចូល​មក​ក្នុង​សួន​មនោ​រម្យ​ខាង​វិញ្ញាណ? តើ​បុគ្គល​ទាំង​នេះ​នឹង​មាន​ឯក​សិទ្ធិ​មើល​ឃើញ​អ្វី?

១០ សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ពិត​ស្ថិត​នៅ​ក្នុង​សួន​មនោ​រម្យ​ខាង​វិញ្ញាណ។ តើ​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​នេះ​រួម​បញ្ចូល​អ្វី? នេះ​រួម​បញ្ចូល​ផ្នែក​សំខាន់​ពីរ​យ៉ាង។ ផ្នែក​ទី​មួយ គឺ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ពិត។ ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​យើង​មាន​របៀប​ថ្វាយ​បង្គំ​ដែល​ប្រាស​ចាក​លទ្ធិ​មិន​ពិត​ឬ​ការ​បំភ្លៃ​សេចក្ដី​ពិត។ ទ្រង់​បាន​ប្រទាន​ម្ហូប​អាហារ​ខាង​វិញ្ញាណ​ដល់​យើង។ នេះ​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​រៀន​បាន​ច្រើន​ជាង​អំពី​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ របៀប​ដែល​យើង​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់ និង​ចូល​ទៅ​ជិត​ទ្រង់។ (យ៉ូហាន ៤:២៤) ផ្នែក​ទី​ពីរ​នៃ​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​ទាក់​ទង​នឹង​មនុស្ស។ ដូច​ដែល​លោក​អេសាយ​បាន​ទាយ​នោះ នៅ«ជាន់​ក្រោយ​បង្អស់»ព្រះ​យេហូវ៉ា​បាន​បង្រៀន​អ្នក​ថ្វាយ​បង្គំ​ទ្រង់​អំពី​របៀប​រួប​រួម​គ្នា​ដោយ​សេចក្ដី​សុខ​សាន្ដ។ ទ្រង់​បាន​បំបាត់​សង្គ្រាម​ចេញ​ពី​ចំណោម​ពួក​យើង។ ទោះ​ជា​យើង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ពិត​មែន ក៏​ទ្រង់​ជួយ​ឲ្យ​យើង​មាន«ចរិយា​សម្បត្ដិ​ថ្មី»ដែរ។ ទ្រង់​ប្រទាន​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​យើង​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដែល​បង្កើត​ផល​ផ្លែ​ដ៏​វិសេស​វិសាល​ក្នុង​ចិត្ដ​យើង។ (អេភេសូរ ៤:២២​-​២៤, ព.ថ.; កាឡាទី ៥:២២, ២៣) ពេល​យើង​ប្រព្រឹត្ដ​សម​ស្រប​តាម​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ យើង​ពិត​ជា​រួម​ចំណែក​ក្នុង​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​មែន។

១១ ព្រះ​យេហូវ៉ា​បាន​បង្រួប​បង្រួម​ប្រភេទ​មនុស្ស​ដែល​ទ្រង់​ស្រឡាញ់​ឲ្យ​ចូល​ក្នុង​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​នេះ។ បុគ្គល​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​ស្រឡាញ់​ទ្រង់ ស្រឡាញ់​សន្ដិភាព និង​ដែល«ទទួល​ស្គាល់​ថា​ខ្លួន​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ»។ (ម៉ាថាយ ៥:៣, ព.ថ.) គឺ​បុគ្គល​ទាំង​នេះ​ដែល​នឹង​មាន​ឯក​សិទ្ធិ​មើល​ឃើញ​នូវ​ការ​ស្ថាបនា​ឡើង​វិញ​ដ៏​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត គឺ​ជា​ការ​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ដូច​ដើម​វិញ​និង​ការ​ប្រោស​មនុស្ស​ជាតិ​ឲ្យ​ជា​ឡើង​វិញ។

‹មើល! យើង​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›

១២, ១៣​. (ក) ហេតុ​ដូច​ម្ដេច​បាន​ជា​ទំនាយ​ស្ដី​អំពី​ការ​ធ្វើ​ទាំង​អស់​ជា​ថ្មី ត្រូវ​សម្រេច​តាម​ន័យ​ត្រង់​ដែរ? (ខ) ដូច​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​នៅ​សួន​ច្បារ​អេដែន តើ​អ្វី​ជា​គោល​បំណង​របស់​ទ្រង់​សំរាប់​ផែន​ដី? ហេតុ​អ្វី​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នេះ​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត?

១២ ទំនាយ​ជា​ច្រើន​ដែល​សំដៅ​ទៅ​លើ​ការ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី រួម​បញ្ចូល​នូវ​អ្វីៗ​ច្រើន​ទៀត​ក្រៅ​ពី​ខាង​វិញ្ញាណ។ ជា​ឧទាហរណ៍ អេសាយ​បាន​សរសេរ​សំដៅ​ទៅ​គ្រា​មួយ​ដែល​មនុស្ស​ឈឺ ពិការ ខ្វាក់ ថ្លង់ នឹង​ត្រូវ​ប្រោស​ឲ្យ​ជា ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​ត្រូវ​បំបាត់​លែង​មាន​ត​ទៅ​ទៀត​ដែរ។ (អេសាយ ២៥:៨; ៣៥:១​-​៧) សេចក្ដី​សន្យា​ទាំង​នេះ​មិន​បាន​សម្រេច​យ៉ាង​ចំៗ​នៅ​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ​នោះ​ទេ។ ហើយ​ទោះ​ជា​យើង​បាន​ឃើញ​សេចក្ដី​សន្យា​ទាំង​នេះ​សម្រេច​ខាង​វិញ្ញាណ​នៅ​សម័យ​យើង​ក៏​ពិត​មែន តែ​មាន​ហេតុ​ជា​ច្រើន​ដែល​យើង​ត្រូវ​ជឿ​ថា នៅ​អនាគត​នឹង​មាន​ការ​សម្រេច​ជា​អត្ថានុរូប​ឬ​ន័យ​ត្រង់​យ៉ាង​សព្វ​គ្រប់​ផង​ដែរ។ ហេតុ​ដូច​ម្ដេច​យើង​អាច​ដឹង?

១៣ នៅ​សួន​ច្បារ​អេដែន ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គោល​បំណង​របស់​ទ្រង់​គឺ​ដើម្បី​ធ្វើ​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​មនុស្ស​ជាតិ​ដែល​មាន​សុភមង្គល មាន​សុខភាព​ល្អ និង​មាន​សាមគ្គី​ភាព​ជា​មហា​គ្រួសារ​តែ​មួយ។ បុរស​និង​ស្ដ្រី​ទាំង​ឡាយ​នឹង​ថែ​រក្សា​ផែន​ដី​ហើយ​សត្វ​ផ្សេងៗ ព្រម​ទាំង​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ក្លាយ​ជា​សួន​មនោ​រម្យ​ដ៏​ធំ​មួយ។ (លោកុប្បត្ដិ ១:២៨) សួន​មនោ​រម្យ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ស្ថានភាព​សព្វ​ថ្ងៃ​នេះ។ ប៉ុន្ដែ អ្នក​អាច​ជឿ​ជាក់​ថា គ្មាន​អ្វី​នឹង​អាច​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​មិន​សម្រេច​នោះ​ទេ។ (អេសាយ ៥៥:១០, ១១) ព្រះ​យេស៊ូ​ដែល​កាន់​តំណែង​ជា​ព្រះ​មេស្ស៊ី​និង​ជា​ស្ដេច ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​នោះ ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​សួន​មនោ​រម្យ​ពេញ​ផែន​ដី។—លូកា ២៣:៤៣

១៤, ១៥​. (ក) តើ​ព្រះ​យេហូវ៉ា​នឹង«ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី»យ៉ាង​ដូច​ម្ដេច? (ខ) ក្នុង​សួន​មនោ​រម្យ តើ​ការ​រស់​នៅ​គឺ​ដូច​ម្ដេច? តើ​អ្នក​ចូល​ចិត្ដ​លក្ខណៈ​អ្វី​ខ្លះ​នៃ​ជីវិត​រស់​នៅ​ក្នុង​សួន​មនោ​រម្យ?

១៤ សូម​គិត​ក្នុង​ចិត្ដ​ថា អ្នក​កំពុង​តែ​ឃើញ​ផែន​ដី​ទាំង​មូល​ក្លាយ​ជា​សួន​មនោ​រម្យ! ព្រះ​យេហូវ៉ា​មាន​បន្ទូល​អំពី​គ្រា​នោះ​ថា៖ ‹មើល! យើង​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›។ (វិវរណៈ ២១:៥) សូម​គិត​ឲ្យ​បាន​ជ្រាល​ជ្រៅ​បន្ដិច​អំពី​អត្ថ​ន័យ​នៃ​បន្ទូល​នេះ។ ពេល​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់ បំផ្លិច​បំផ្លាញ​របប​លោកីយ៍​ចាស់​ដ៏​អាក្រក់​ជួជាតិ​នេះ​រួច​រាល់​អស់​ហើយ នោះ​នឹង​មាន«ផ្ទៃ​មេឃ​ថ្មី និង​ផែន​ដី​ថ្មី»មក​ជំនួស​វិញ។ នេះ​បាន​ន័យ​ថា រដ្ឋាភិបាល​ថ្មី​មួយ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​សង្គម​មនុស្ស​ថ្មី​នៅ​លើ​ផែន​ដី​នេះ ដែល​មាន​សមាស​ភាព​សុទ្ធតែ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (ពេត្រុសទី២ ៣:១៣) សាតាំង​និង​ពួក​បិសាច​របស់​វា​នឹង​ត្រូវ​ឃុំ​ឃាំង​មិន​ឲ្យ​ធ្វើ​អ្វី​ឡើយ។ (វិវរណៈ ២០:៣) នេះ​គឺ​ជា​លើក​ទី​មួយ​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក ដែល​មនុស្ស​ជាតិ​នឹង​រួច​ពី​អានុភាព​ដ៏​ខូច​អាក្រក់ និង​កាច​សាហាវ​របស់​ពួក​វា។ នៅ​ពេល​នោះ​មនុស្ស​ប្រាកដ​ជា​នឹង​មាន​អារម្មណ៍​ធូរ​ណាស់។

១៥ នៅ​ពេល​នោះ​ឯង យើង​នឹង​អាច​ថែ​រក្សា​ភព​ដ៏​សែន​ស្អាត​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ដែល​ព្រះ​មាន​គោល​បំណង​ឲ្យ​យើង​ធ្វើ​នៅ​ដើម​ដំបូង​នោះ។ ផែន​ដី​មាន​សមត្ថភាព​ស្តារ​ធម្មជាតិ​ដោយ​ឯក​ឯង​បាន។ បឹង​និង​ទន្លេ​ដែល​បាន​ត្រូវ​បំពុល​អាច​ស្តារ​ទឹក​ឲ្យ​ស្អាត​ឡើង​វិញ​បាន បើ​គ្មាន​ធាតុ​ពុល​ដាក់​បន្ថែម​ទេ​នោះ។ ទេសភាព​ដែល​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ហិន​ហោច​ដោយ​សង្គ្រាម អាច​ស្តារ​ដោយ​ឯក​ឯង​ឲ្យ​ស្អាត​ឡើង​វិញ​បាន បើ​លែង​មាន​សង្គ្រាម​ត​ទៅ​ទៀត។ យើង​ពិត​ជា​នឹង​រីក​រាយ​ណាស់ ពេល​យើង​និង​ធម្មជាតិ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ផែន​ដី​នេះ​ក្លាយ​ជា​សួន​ច្បារ​ដ៏​ធំ​ធេង​មួយ ដូច​ជា​សួន​អេដែន​ដែល​មាន​ពេញ​ពាស​លើ​ផែន​ដី ដែល​សំបូរ​ទៅ​ដោយ​សត្វ​និង​រុក្ខជាតិ​ច្រើន​យ៉ាង​រាប់​ពុំ​អស់! ជា​ជាង​សម្លាប់​ពូជ​សត្វ​និង​រុក្ខជាតិ​ឲ្យ​សាប​សូន្យ​ទៅ មនុស្ស​នឹង​រស់​នៅ​ដោយ​សុខ​សាន្ដ​ជា​មួយ​ធម្មជាតិ​ទាំង​ឡាយ​នៅ​លើ​ផែន​ដី។ សូម្បី​តែ​កូន​ក្មេង​នឹង​មិន​ចាំ​បាច់​ខ្លាច​សត្វ​ព្រៃ​ត​ទៅ​ទៀត​ឡើយ។—អេសាយ ៩:៦, ៧; ១១:១​-​៩

១៦​. ក្នុង​សួន​មនោ​រម្យ តើ​មនុស្ស​ស្មោះ​ត្រង់​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ប្រោស​ឲ្យ​ជា​ឡើង​វិញ​យ៉ាង​ណា?

១៦ យើង​ក៏​នឹង​ទទួល​នូវ​ការ​ប្រោស​ឲ្យ​ជា​ឡើង​វិញ​ដោយ​ផ្ទាល់​ដែរ។ ក្រោយ​សង្គ្រាម​អើ​ម៉ា​គេ​ដូន អ្នក​ដែល​បាន​រួច​រស់​ជីវិត​ទូ​ទាំង​ពិភព​លោក​នឹង​ទទួល​នូវ​ការ​ប្រោស​ឲ្យ​ជា​ឡើង​វិញ។ ព្រះ​យេស៊ូ​នឹង​ប្រើ​តេជានុភាព​ដែល​ទ្រង់​បាន​ទទួល​ពី​ព្រះ​ដើម្បី​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ មនុស្ស​ពិការ​និង​ឈឺ​ឲ្យ​មាន​រូប​កាយ​គ្រប់​លក្ខណៈ​វិញ ដូច​ដែល​ទ្រង់​ធ្លាប់​បាន​ធ្វើ​ពេល​ទ្រង់​គង់​នៅ​លើ​ផែន​ដី​នេះ។ (ម៉ាថាយ ១៥:៣០) ពួក​មនុស្ស​ចាស់​នឹង​រីក​រាយ​ដោយ​មាន​ថាមពល​យុវ​វ័យ និង​មាន​សុខភាព​មាំ​ទាំ​ឡើង​វិញ។ (យ៉ូប ៣៣:២៥) ស្នាម​ជ្រីវជ្រួញ​នឹង​បាត់​អស់​ទៅ អវយវៈ​របស់​ពួក​គេ​នឹង​លា​ត្រង់​ល្អ​ឡើង​វិញ ហើយ​សាច់​ដុំ​ក៏​នឹង​មាន​កម្លាំង​ឡើង​វិញ​ដែរ។ មនុស្ស​ស្មោះ​ត្រង់​ទាំង​ពួង​នឹង​ឃើញ​ថា ផល​ដែល​កើត​ចេញ​ពី​បាប​និង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​កំពុង​តែ​បាត់​ទៅ​បន្ដិច​ម្ដងៗ។ ពេល​នោះ យើង​ពិត​ជា​នឹង​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ចំពោះ​តេជានុភាព​របស់​ទ្រង់​ខាង​ការ​ធ្វើ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ! ឥឡូវ យើង​សូម​ពិចារណា​នូវ​អ្វី​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​យ៉ាង​ពិសេស ក្នុង​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​នេះ ពេល​ព្រះ​ធ្វើ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ។

ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​ឡើង​វិញ

១៧, ១៨​. (ក) តើ​ព្រះ​យេស៊ូ​បាន​ស្ដី​បន្ទោស​ពួក​សាឌូស៊ី​ដោយ​ព្រោះ​អ្វី? (ខ) តើ​អ្វី​បាន​កើត​ឡើង បាន​ជា​លោក​អេលីយ៉ា​ទូល​សុំ​ព្រះ​យេហូវ៉ា​ប្រោស​ឲ្យ​ក្មេង​នោះ​រស់​ឡើង​វិញ?

១៧ នៅ​សត​វត្ស​ទី​មួយ​ស.យ. អ្នក​ដឹក​នាំ​សាសនា​ខ្លះ​មាន​ឈ្មោះ​ថាសាឌូស៊ី ពួក​គេ​ជា​អ្នក​មិន​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ។ ព្រះ​យេស៊ូ​បាន​ស្ដី​បន្ទោស​ពួក​គេ​ដោយ​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ភាន់​ច្រឡំ​ទេ ពីព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ​ចេស្តា​នៃ​ព្រះ​សោះ»។ (ម៉ាថាយ ២២:២៩) បទ​គម្ពីរ​ចែង​ឲ្យ​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ពិត​ជា​មាន​តេជានុភាព​អាច​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន។ តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា​ខ្លះ?

១៨ សូម​គិត​ក្នុង​ចិត្ដ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​លោក​អេលីយ៉ា។ ស្ដ្រី​មេ​ម៉ាយ​មួយ​រូប​កំពុង​តែ​បី​សាក​សព​ទន់​រងៀក​នៃ​កូន​ទោល​របស់​ខ្លួន។ ព្យាការី​អេលីយ៉ា​ជា​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​ស្ដ្រី​នោះ​អស់​មួយ​រយៈ​មក​ហើយ។ នៅ​ពេល​នោះ គាត់​ពិត​ជា​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ មុន​ពេល​ដែល​លោក​បាន​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​នោះ​ពី​ការ​ស្លាប់​ដោយ​អត់​អាហារ​នោះ លោក​អេលីយ៉ា​ទំនង​ជា​បាន​ស្រឡាញ់​ក្មេង​ប្រុស​តូច​នោះ​ណាស់ ហើយ​ម្ដាយ​ក្មេង​នោះ​ពិត​ជា​កើត​ទុក្ខ​យ៉ាង​ខ្លាំង ដ្បិត​ក្មេង​ប្រុស​នេះ​ជា​អនុស្សាវរីយ៍​តែ​មួយ​គត់​ដែល​បាន​បន្សល់​ទុក​បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​ស្លាប់​ទៅ​ហើយ​នោះ។ ម្ដាយ​ប្រហែល​ជា​សង្ឃឹម​ថា​កូន​នឹង​ជួយ​ចិញ្ចឹម​ពេល​គាត់​ចាស់​ទៅ។ ដោយ​មាន​ក្ដី​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ម្ដាយ​បាន​នឹក​ស្មាន​ថា​ព្រះ​កំពុង​តែ​ដាក់​ទោស​គាត់​ដោយ​សារ​បាប​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ដ​នៅ​អតីតកាល។ លោក​អេលីយ៉ា​មិន​អាច​ទ្រាំ​មើល​នូវ​សោកនាដកម្ម​ដែល​កំពុង​តែ​ឈាន​ទៅ​រក​ភាព​ខ្លោច​ផ្សា​នេះ​ទៀត​បាន​ឡើយ។ លោក​អេលីយ៉ា​បាន​លើក​បី​សាក​សព​ក្មេង​ប្រុស​នោះ​ពី​ម្ដាយ រួច​ឡើង​ទៅ​បន្ទប់​របស់​ខ្លួន បន្ទាប់​មក​លោក​ទូល​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ប្រទាន​ព្រលឹង​ឬ​ជីវិត​របស់​ក្មេង​នេះ​មក​វិញ។—ពង្សាវតារ​ក្សត្រ​ទី​១ ១៧:៨​-​២១

១៩, ២០​. (ក) តើ​អ័ប្រាហាំ​បាន​សម្ដែង​យ៉ាង​ដូច​ម្ដេច​ថា គាត់​ជឿ​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា ខាង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? តើ​អ្វី​ជា​ទី​សំអាង​នៃ​ជំនឿ​របស់​គាត់? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​អ្វី​ដល់​អេលីយ៉ា​ដោយ​សារ​គាត់​សម្ដែង​ថា​ជា​អ្នក​មាន​ជំនឿ​នោះ?

១៩ លោក​អេលីយ៉ា​មិន​មែន​ជា​បុគ្គល​ទី​មួយ​ដែល​បាន​ជឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​ទេ។ រាប់​សត​វត្ស​មុន​នោះ លោក​អ័ប្រាហាំ​មាន​ទី​សំអាង​ដ៏​គួរ​ឲ្យ​ជឿ​ថា ព្រះ​យេហូវ៉ា​មាន​តេជានុភាព​ដើម្បី​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ។ ពេល​អ័ប្រាហាំ​មាន​អាយុ​១០០​ឆ្នាំ និង​សារ៉ា​មាន​អាយុ​៩០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ប្រោស​សមត្ថភាព​បន្ដ​ពូជ​របស់​ពួក​គាត់​ទាំង​ពីរ​ដែល​ប្រៀប​ដូច​ជា​ស្លាប់​ហើយ។ នេះ​បាន​ផ្ដល់​សមត្ថភាព​ដល់​សារ៉ា​ឲ្យ​បង្កើត​កូន​ប្រុស​មួយ។ (លោកុប្បត្ដិ ១៧:១៧; ២១:២, ៣) ក្រោយ​ក្មេង​ប្រុស​នោះ​បាន​ធំ​ឡើង​ហើយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ័ប្រាហាំ​ឲ្យ​បូជា​កូន​របស់​គាត់។ អ័ប្រាហាំ​បាន​សម្ដែង​ថា​គាត់​ពិត​ជា​អ្នក​ដែល​មាន​ជំនឿ ដោយ​ជឿ​ថា​ព្រះ​យេហូវ៉ា​អាច​ប្រោស​អ៊ី​សាក​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ (ហេព្រើរ ១១:១៧​-​១៩) ជំនឿ​រឹង​មាំ​បែប​នេះ​បង្ហើប​ឲ្យ​ដឹង​នូវ​មូលហេតុ​ដែល​មុន​អ័ប្រាហាំ​ឡើង​ភ្នំ​ដើម្បី​បូជា​កូន គាត់​បាន​ធានា​ចំពោះ​អ្នក​បំរើ​របស់​គាត់​ថា ខ្លួន​គាត់​និង​អ៊ី​សាក​នឹង​ត្រឡប់​មក​វិញ​ជា​មួយ​គ្នា។—លោកុប្បត្ដិ ២២:៥

«មើល! កូន​អ្នក​មាន​ជីវិត​រស់!»

២០ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​អ៊ី​សាក​ស្លាប់​ពេល​នោះ​ទេ ដូច្នេះ គ្មាន​ហេតុ​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ​ឡើយ។ ប៉ុន្ដែ ក្នុង​ករណី​របស់​អេលីយ៉ា កូន​របស់​ស្ដ្រី​មេ​ម៉ាយ​នោះ​បាន​ស្លាប់​រួច​ហើយ។ ក៏​ប៉ុន្ដែ មិន​បាន​ស្លាប់​យូរ​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​អេលីយ៉ា​ដោយ​សារ​គាត់​បាន​បង្ហាញ​ថា​ខ្លួន​មាន​ជំនឿ។ រង្វាន់​នោះ​គឺ​ទ្រង់​បាន​ប្រោស​ក្មេង​ប្រុស​នោះ​ឲ្យ​រស់​ឡើង​វិញ! ក្រោយ​នោះ អេលីយ៉ា​បាន​ប្រគល់​កូន​ទៅ​ម្ដាយ​វិញ ដោយ​ពោល​ពាក្យ​ដែល​យើង​ភ្លេច​ពុំ​បាន​ឡើយ​ថា៖ «មើល! កូន​អ្នក​មាន​ជីវិត​រស់!»។—ពង្សាវតារ​ក្សត្រ​ទី​១ ១៧:២២​-​២៤

២១, ២២​. (ក) តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​គោល​បំណង​អ្វី? (ខ) ក្នុង​សួន​មនោ​រម្យ តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​និង​កើត​ឡើង​ដល់​កំរិត​ណា​ទៅ? តើ​អ្នក​ណា​នឹង​ធ្វើ​ការ​ប្រោស​នេះ?

២១ នេះ​ជា​លើក​ទី​មួយ​ក្នុង​កំណត់​ហេតុ​ព្រះ​គម្ពីរ​ដែល​យើង​ឃើញ​ថា ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ប្រោស​ជីវិត​មនុស្ស​ឲ្យ​រស់​ឡើង​វិញ។ ក្រោយ​មក ព្រះ​យេហូវ៉ា​ក៏​បាន​ប្រទាន​តេជានុភាព​ដល់​អេលីសេ ព្រះ​យេស៊ូ ប៉ុល និង​ពេត្រុស​ឲ្យ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ទោះ​ជា​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​នោះ​បាន​ស្លាប់​ម្ដង​ទៀត​ក៏​ពិត​មែន តែ​កំណត់​ហេតុ​ព្រះ​គម្ពីរ​ទាំង​នេះ​សម្ដែង​យ៉ាង​អស្ចារ្យ​ឲ្យ​យើង​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។

២២ ក្នុង​សួន​មនោ​រម្យ ព្រះ​យេស៊ូ​នឹង​បំពេញ​មុខ​នាទី​ជា‹សេចក្ដី​រស់​ឡើង​វិញ​និង​ជា​ជីវិត›។ (យ៉ូហាន ១១:២៥) ទ្រង់​នឹង​ប្រោស​មនុស្ស​រាប់​សិប​លាន​នាក់​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បាន​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​មនោ​រម្យ​នៅ​លើ​ផែន​ដី។ (យ៉ូហាន ៥:២៨, ២៩) សូម​គិត​ក្នុង​ចិត្ដ​អំពី​ពេល​ដែល​មិត្ដ​សំឡាញ់​និង​ញាតិ​មិត្ដ​ជា​ទី​ស្រឡាញ់​ឱប​គ្នា​ម្ដង​ទៀត​ដោយ​ក្ដី​រីក​រាយ​ក្រៃ​លែង ក្រោយ​ពី​បាន​បែក​គ្នា​ដោយ​សារ​សេចក្ដី​ស្លាប់! មនុស្ស​ជាតិ​នឹង​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​តេជានុភាព​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​ទ្រង់។

២៣​. តើ​អ្វី​ជា​របៀប​អស្ចារ្យ​បំផុត​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​តេជានុភាព​របស់​ទ្រង់? តើ​នេះ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ឲ្យ​យើង​ដឹង​ថា សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​ក្លាយ​ជា​ការ​ពិត​ជាក់​ជា​ពុំ​ខាន​នោះ?

២៣ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ភស្ដុ​តាង​ដ៏​ច្បាស់​ឲ្យ​យើង​ដឹង​ថា សេចក្ដី​សង្ឃឹម​នេះ​គឺ​ពិត​ប្រាកដ នៅ​ពេល​ទ្រង់​សម្ដែង​តេជានុភាព​របស់​ទ្រង់​តាម​របៀប​អស្ចារ្យ​បំផុត​ដោយ​ប្រោស​ព្រះ​យេស៊ូ​គ្រីស្ទ រាជបុត្រា​របស់​ទ្រង់​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ឋានៈ​ទី​ពីរ​បន្ទាប់​ពី​ទ្រង់។ ក្រោយ​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​បាន​លេច​មុខ​ឲ្យ​មនុស្ស​រាប់​រយ​អ្នក​ឃើញ។ (កូរិនថូសទី១ ១៥:៥, ៦) សូម្បី​តែ​អ្នក​ដែល​មិន​ជឿ ក៏​ពួក​គេ​គួរ​ទទួល​ស្គាល់​ថា​ភស្ដុ​តាង​នេះ​គឺ​គ្រប់​គ្រាន់​ហើយ ពួក​គេ​សារភាព​ថា​ព្រះ​យេហូវ៉ា​មាន​តេជានុភាព​អាច​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន។

២៤​. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ? តើ​យើង​រាល់​គ្នា​អាច​រីក​រាយ​នឹង​សេចក្ដី​សង្ឃឹម​អ្វី?

២៤ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​មាន​តេជានុភាព​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​មាន​រាជ​បំណង​ធ្វើ​ដូច្នេះ។ លោក​យ៉ូប បុរស​ដ៏​ស្មោះ​ត្រង់​មួយ​រូប​បាន​ត្រូវ​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​ឲ្យ​មាន​ប្រសាសន៍​ថា​ព្រះ​យេហូវ៉ា​មាន​បំណង​ព្រះ​ហឫទ័យ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (យ៉ូប ១៤:១៥) យើង​ពិត​ជា​ចង់​ចូល​ទៅ​ជិត​ព្រះ​មួយ​អង្គ​ដែល​ប្រុង​ប្រៀប​ប្រើ​តេជានុភាព​តាម​របៀប​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដូច្នេះ មែន​ទេ? ប៉ុន្ដែ សូម​ចាំ​ថា ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​អ្វីៗ​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​មុខ​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ។ ពេល​អ្នក​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ចូរ​រីក​រាយ​ជា​និច្ច​នឹង​សេចក្ដី​សង្ឃឹម​ដ៏​វិសេស​របស់​អ្នក​ថា អ្នក​អាច​រួច​រស់​ជីវិត​ដើម្បី​មើល​ឃើញ​ព្រះ​យេហូវ៉ា«ធ្វើ​ទាំង​អស់​ជា​ថ្មី​វិញ»។—វិវរណៈ ២១:៥

^ វគ្គ 3 ‹គ្រា​រៀប​ចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ› បាន​ចាប់​ផ្ដើម​ពេល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មេស្ស៊ី​បាន​ស្ថាបនា​ឡើង ដោយ​មាន​ទាយាទ​ពី​ពង្សាវតារ​ស្ដេច​ដាវីឌ​ដ៏​ស្មោះ​ត្រង់​នោះ​ស្នង​រាជ្យ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សន្យា​ដល់​ដាវីឌ​ថា រាជនត្ដា​មួយ​អង្គ​របស់​ដាវីឌ​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។ (ទំនុក​ដំកើង ៨៩:៣៥​-​៣៧) ប៉ុន្ដែ ក្រោយ​ពេល​សាសន៍​បាប៊ីឡូន​បាន​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧​មុន​ស.យ. គ្មាន​មនុស្ស​ជាតិ​ណា​ម្នាក់​ដែល​ជា​រាជនត្ដា​ដាវីឌ​គ្រប់​គ្រង​ដោយ​តាង​នាម​ព្រះ​យេហូវ៉ា​ឡើយ។ ព្រះ​យេស៊ូ ដែល​បាន​ប្រសូត​មក​លើ​ផែន​ដី​ជា​ទាយាទ​របស់​ដាវីឌ បាន​ស្នង​រាជ្យ​នៅ​ស្ថាន​សួគ៌ ហើយ​ក្លាយ​ជា​ស្ដេច​ដែល​ត្រូវ​បាន​សន្យា​តាំង​ពី​យូរ​មក​ហើយ​ថា​ទ្រង់​នឹង​យាង​មក។

^ វគ្គ 6 ជា​ឧទាហរណ៍ ម៉ូសេ អេសាយ យេរេមា អេសេគាល ហូសេ យ៉ូអែល អេម៉ុស អូបាឌា មីកា និង​សេផានា ទាំង​អស់​បាន​និយាយ​អំពី​ការ​ស្ថាបនា​ឡើង​វិញ។