លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១១

«អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្ដិធម៌»

«អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្ដិធម៌»

១, ២​. (ក) តើ​យ៉ូសែប​បាន​ជួប​នឹង​ភាព​អយុត្ដិធម៌​ក្រៃ​លែង​អ្វី​ខ្លះ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ដោះ​ស្រាយ​ភាព​អយុត្ដិធម៌​នោះ​យ៉ាង​ដូច​ម្ដេច?

នៅ​សម័យ​បុរាណ យុវជន​ដ៏​សង្ហា​មួយ​រូប​បាន​ជួប​នឹង​ភាព​អយុត្ដិធម៌​ក្រៃ​លែង។ ទោះ​ជា​គាត់​មិន​បាន​ប្រព្រឹត្ដ​បទ​ឧក្រិដ្ឋ​ណា​ក៏​ពិត​មែន តែ​គាត់​ត្រូវ​គេ​ឃុំ​ឃាំង​ដាក់​ក្នុង​គុក​ងងឹត​ឈឹង ដោយ​សារ​មាន​ការ​ភូតភរ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់​រំលោភ។ ក៏​ប៉ុន្ដែ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែល​យុវជន​នេះ​បាន​ជួប​ប្រទះ​ភាព​អយុត្ដិធម៌​ទេ។ គ្រាន់​តែ​ប៉ុន្មាន​ឆ្នាំ​មុន​គ្រា​នោះ នៅ​ពេល​ដែល​មាន​អាយុ​១៧​ឆ្នាំ យុវជន​នេះ​ដែល​មាន​ឈ្មោះ​ថា​យ៉ូសែប ត្រូវ​បាន​បង​ប្រុសៗ​របស់​គាត់​ក្បត់​និង​ប៉ុនប៉ង​សម្លាប់។ រួច​មក យ៉ូសែប​ក៏​ត្រូវ​គេ​លក់​ឲ្យ​ទៅ​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​នៅ​បរទេស។ នៅ​ប្រទេស​ថ្មី​នោះ យ៉ូសែប​មិន​បាន​ធ្វើ​តាម​ការ​ល្បួង​លួង​លោម​របស់​ប្រពន្ធ​ម្ចាស់​គាត់​ដែល​ចង់​ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​នាង។ ដោយ​សារ​យ៉ូសែប​បដិសេធ ដូច្នេះ​នាង​ចោទ​ប្រកាន់​យ៉ូសែប​ដោយ​មិន​ពិត​ទៅ​វិញ។ ហេតុ​នេះ​ហើយ យ៉ូសែប​ត្រូវ​ជាប់​គុក។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ គឺ​ហាក់​បី​ដូច​ជា​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជួយ​យ៉ូសែប​បាន​ឡើយ។

យ៉ូសែប​បាន​រង​ទុក្ខ​ដោយ​អយុត្ដិធម៌​ក្នុង«គុក​ជ្រៅ»

ក៏​ប៉ុន្ដែ ព្រះ​ដែល«ស្រឡាញ់​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្ដិធម៌»បាន​ទត​ឃើញ​ហេតុ​ការណ៍​នេះ​ទាំង​អស់។ (ទំនុក​ដំកើង ៣៣:៥) នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​យុត្ដិធម៌​វិញ ដោយ​រៀប​ចំ​ឲ្យ​មាន​ហេតុ​ការណ៍​ផ្សេងៗ​កើត​ឡើង​ដែល​នាំ​ទៅ​ដល់​ការ​ដោះ​លែង​យ៉ូសែប​ចេញ​ពី​គុក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ តែ​ក្រោយ​មក​យ៉ូសែប​ដែល​ពី​មុន​គេ​ដាក់​ចោល​ក្នុង«គុក​ជ្រៅ»ក៏​បាន​ទទួល​នូវ​ឋានៈ​ខ្ពង់​ខ្ពស់ អំណាច​យ៉ាង​ធំ ថែម​ទាំង​កិត្ដិយស​ដ៏​រុងរឿង​ឧត្ដុង្គ​ឧត្ដម​ទៀត​ផង។ (លោកុប្បត្ដិ ៤០:១៥; ៤១:៤១​-​៤៣; ទំនុក​ដំកើង ១០៥:១៧, ១៨) នៅ​ទី​បំផុត យ៉ូសែប​បាន​រួច​ជ្រះ​ស្រឡះ​ពី​ទោស ហើយ​គាត់​បាន​ប្រើ​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្លួន​ដើម្បី​បំពេញ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ថែម​ទៀត។—លោកុប្បត្ដិ ៤៥:៥​-​៨

៣​. ហេតុ​អ្វី​មិន​មែន​ជា​ការ​ចំ​ឡែក​ដែល​យើង​គ្រប់​គ្នា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ដ​មក​លើ​យើង​ដោយ​យុត្ដិធម៌?

កំណត់​ហេតុ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អាណិត​អាសូរ​ចំពោះ​គាត់​ណាស់ មែន​ទេ? យើង​ទាំង​អស់​គ្នា​ធ្លាប់​ឃើញ​និង​ជួប​ភាព​អយុត្ដិធម៌​ដែរ។ ពិត​ណាស់ យើង​គ្រប់​គ្នា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ដ​មក​លើ​យើង​ដោយ​យុត្ដិធម៌​និង​មិន​លំ​អៀង។ ពុំ​មែន​ជា​អ្វី​ចំ​ឡែក​ឡើយ​ដែល​យើង​ចង់​បាន​យុត្ដិធម៌​នោះ ដ្បិត​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​យើង​នូវ​គុណ​សម្បត្ដិ​ដូច​គុណ​សម្បត្ដិ​របស់​ទ្រង់ ហើយ​យុត្ដិធម៌​គឺ​ជា​គុណ​សម្បត្ដិ​មួយ​ដ៏​ចំ​បង​របស់​ទ្រង់។ (លោកុប្បត្ដិ ១:២៧) ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់ យើង​ត្រូវ​យល់​អំពី​យុត្ដិធម៌​របស់​ទ្រង់។ យ៉ាង​នេះ ការ​ប្រព្រឹត្ដ​ដ៏​ប្រសើរ​ក្រៃ​លែង​របស់​ទ្រង់​នឹង​មាន​តម្លៃ​វិសេស​ចំពោះ​យើង ហើយ​ចិត្ដ​នឹង​ជំរុញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់​ជាង។

តើ​យុត្ដិធម៌​ជា​អ្វី?

៤​. តាម​ទស្សនៈ​មនុស្ស​ជាតិ តើ​យុត្ដិធម៌​ជា​អ្វី?

តាម​ទស្សនៈ​មនុស្ស យុត្ដិធម៌​ច្រើន​តែ​ត្រូវ​ចាត់​ទុក​ជា​ការ​អនុវត្ដ​តាម​បញ្ញត្ដិ​ច្បាប់​ដោយ​មិន​លំ​អៀង​ប៉ុណ្ណោះ។ សៀវភៅ​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​គោល​ការណ៍​នៃ​ការ​អនុវត្ដ​និង​ទ្រឹស្ដី​អំពី​ភាព​ទៀង​ត្រង់​ហើយ​សមត្ថភាព​វែក​ញែក បាន​សរសេរ​ថា«យុត្ដិធម៌​ជាប់​ទាក់​ទង​នឹង​ច្បាប់ កាតព្វកិច្ច សិទ្ធិ និង​ករណីយកិច្ច។ យុត្ដិធម៌​ក៏​បង្កើត​ឲ្យ​មាន​ការ​សម្រេច​ក្ដី​ដោយ​សមភាព​ហើយ​តាម​ដែល​សម​នឹង​ទទួល»។ ក៏​ប៉ុន្ដែ យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា មិន​មែន​ផ្អែក​លើ​ច្បាប់​កាត់​ក្ដី​ដោយ​គ្មាន​អារម្មណ៍ ដោយ​ព្រោះ​តែ​ជា​ភារកិច្ច​នោះ​ទេ។

៥, ៦​. (ក) តើ​អ្វី​ជា​អត្ថ​ន័យ​ពាក្យ​ភាសា​ដើម​ដែល​ត្រូវ​បក​ប្រែ​ថា«យុត្ដិធម៌»? (ខ) កាល​ដែល​និយាយ​ថា ព្រះ​ប្រកប​ដោយ​យុត្ដិធម៌ តើ​មាន​ន័យ​ដូច​ម្ដេច?

ទំហំ​និង​ជំរៅ​នៃ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា គឺ​ស្រួល​យល់​ជាង បើ​យើង​ពិចារណា​ពាក្យ​ភាសា​ដើម​ដែល​ត្រូវ​ប្រើ​ក្នុង​ព្រះ​គម្ពីរ។ ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ មាន​ពាក្យ​បី​ដ៏​សំខាន់។ ពាក្យ​មួយ​ដែល​ត្រូវ​បក​ប្រែ​ច្រើន​បំផុត​ថា«យុត្ដិធម៌»ក៏​អាច​ត្រូវ​បក​ប្រែ​ថា​ការ​«ប្រព្រឹត្ដ​យ៉ាង​ត្រឹម​ត្រូវ»។ (លោកុប្បត្ដិ ១៨:២៥, ព.ថ.) ពាក្យ​ពីរ​ផ្សេង​ទៀត​ច្រើន​តែ​ត្រូវ​បក​ប្រែ​ថា«សេចក្ដី​សុចរិត»។ ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច ពាក្យ​ដែល​បក​ប្រែ​ថា«សេចក្ដី​សុចរិត»ត្រូវ​បក​ស្រាយ​ជា«ភាព​ត្រឹម​ត្រូវ​ឬ​យុត្ដិធម៌»។ ដូច្នេះ គ្មាន​ភាព​ខុស​គ្នា​រវាង​សេចក្ដី​សុចរិត​និង​យុត្ដិធម៌​ឡើយ។—អេម៉ុស ៥:២៤

ហេតុ​នេះ​ហើយ ពេល​ដែល​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​ប្រកប​ដោយ​យុត្ដិធម៌ នោះ​បាន​ន័យ​ថា​ទ្រង់​ធ្វើ​អ្វីៗ​ដែល​ត្រឹម​ត្រូវ​និង​ទៀង​ត្រង់ ហើយ​ទ្រង់​ប្រព្រឹត្ដ​ដូច្នេះ​ជា​រៀង​រហូត​ដោយ​មិន​លំ​អៀង​ទេ។ (រ៉ូម ២:១១) ការ​ពិត ទ្រង់​ប្រាកដ​ជា​មិន​អាច​ធ្វើ​ផ្ទុយ​ពី​នោះ​បាន​ឡើយ។ លោក​អេលី​ហ៊ូ​វ​បាន​មាន​ប្រសាសន៍​ថា៖ «កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា ទ្រង់​ប្រព្រឹត្ដ​សេចក្ដី​ទុច្ចរិត​[«ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌», ព.ថ.]​នោះ​ឡើយ!»។ (យ៉ូប ៣៤:១០) ពិត​ណាស់ ព្រះ​យេហូវ៉ា​មិន​អាច«ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌»បាន​ឡើយ។ ហេតុ​អ្វី? មាន​ហេតុ​សំខាន់​ពីរ​យ៉ាង។

៧, ៨​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​អាច​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌? (ខ) តើ​អ្វី​ជំរុញ​ព្រះ​យេហូវ៉ា​ឲ្យ​ប្រព្រឹត្ដ​ដោយ​សុចរិត​ឬ​យុត្ដិធម៌​នោះ?

ហេតុ​ទី​មួយ​គឺ​ទ្រង់​បរិសុទ្ធ។ ដូច​ដែល​យើង​បាន​រៀន​នៅ​ជំពូក​ទី​៣​រួច​ហើយ​នោះ ទំហំ​នៃ​វិសុទ្ធ​ភាព​និង​ភាព​ត្រឹម​ត្រូវ​របស់​ព្រះ​យេហូវ៉ា​កំណត់​ពុំ​បាន​ឡើយ។ ដូច្នេះ ទ្រង់​មិន​អាច​ប្រព្រឹត្ដ​សេចក្ដី​ទុច្ចរិត​ឬ​អយុត្ដិធម៌​បាន​ឡើយ។ សូម​ពិចារណា​នូវ​អត្ថ​ន័យ​នៃ​ចំណុច​នេះ។ ភាព​បរិសុទ្ធ​របស់​ព្រះ​វរបិតា​សួគ៌ា​របស់​យើង​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា ទ្រង់​នឹង​មិន​ដែល​ប្រព្រឹត្ដ​អាក្រក់​មក​លើ​កូន​របស់​ទ្រង់​ឡើយ។ ព្រះ​យេស៊ូ​ក៏​មាន​ទំនុក​ចិត្ដ​ដូច្នេះ​ដែរ។ នៅ​រាត្រី​ចុង​ក្រោយ​បង្អស់​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែន​ដី ទ្រង់​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ! ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ នោះ​សូម​ទ្រង់​រក្សា​គេ[ពួក​សិស្ស]ដោយ​ព្រះ​នាម​ទ្រង់»។ (យ៉ូហាន ១៧:១១) ក្នុង​បទ​គម្ពីរ ឋានន្ដរ​ថា«ព្រះ​វរបិតា​ដ៏​បរិសុទ្ធ»ត្រូវ​ប្រើ​សំរាប់​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ នេះ​គឺ​សមរម្យ​ណាស់ ដ្បិត​គ្មាន​បិតា​ជា​មនុស្ស​ជាតិ​ណា​ម្នាក់​ដែល​មាន​ភាព​បរិសុទ្ធ​ស្មើ​ព្រះ​យេហូវ៉ា​ឡើយ។ ព្រះ​យេស៊ូ​មាន​ជំនឿ​ស៊ប់​ថា ពួក​សិស្ស​របស់​ទ្រង់​នឹង​មាន​សុវត្ថិភាព​ដោយ​ទទួល​ការ​ថែ​រក្សា​ពី​ព្រះ​វរបិតា ដែល​វិសុទ្ធ​និង​ស្អាត​ស្អំ​បំផុត ថែម​ទាំង​នៅ​ដាច់​ទាំង​ស្រុង​ពី​បាប។—ម៉ាថាយ ២៣:៩

ហេតុ​ទី​ពីរ​គឺ​ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​អត្ដទត្ថភាព​គឺ​ជា​ចរិត​របស់​ទ្រង់។ សេចក្ដី​ស្រឡាញ់​បែប​នេះ​ជំរុញ​ទ្រង់​ឲ្យ​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​សុចរិត​ឬ​យុត្ដិធម៌។ ប៉ុន្ដែ ភាព​អយុត្ដិធម៌​ផ្សេងៗ ដូច​ជា​ការ​ប្រកាន់​ពូជ​សាសន៍ ការ​រើស​អើ​ង និង​ភាព​លំ​អៀង នេះ​ច្រើន​តែ​ផ្ដើម​ចេញ​ពី​ចិត្ដ​លោភ​លន់​និង​អត្ដទត្ថភាព ដែល​ជា​លក្ខណៈ​ផ្ទុយ​ពី​សេចក្ដី​ស្រឡាញ់។ ព្រះ​គម្ពីរ​ចែង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​សុចរិត ទ្រង់​ក៏​ស្រឡាញ់​សេចក្ដី​សុចរិត»។ (ទំនុក​ដំកើង ១១:៧) ព្រះ​យេហូវ៉ា​ក៏​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​ថា៖ ‹យើង គឺ​ព្រះ​យេហូវ៉ា យើង​ស្រឡាញ់​សេចក្ដី​យុត្ដិធម៌›។ (អេសាយ ៦១:៨) ​ដោយ​ដឹង​ថា ព្រះ​របស់​យើង​ស្រឡាញ់​ការ​ប្រព្រឹត្ដ​ដ៏​ត្រឹម​ត្រូវ​ឬ​យុត្ដិធម៌​នោះ យើង​ពិត​ជា​រីក​រាយ​ណាស់​មែន​ទេ?—យេរេមា ៩:២៤

យុត្ដិធម៌​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​មេត្ដា​ករុណា

៩​-​១១​. (ក) តើ​អ្វី​ជា​ទំនាក់​ទំនង​រវាង​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់? (ខ) របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ទៅ​លើ​មនុស្ស​ជាតិ តើ​នោះ​បង្ហាញ​ឲ្យ​ឃើញ​យុត្ដិធម៌​និង​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា ក៏​ដូច​ជា​ផ្នែក​ផ្សេងៗ​ទៀត​នៃ​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ដែរ គឺ​ថា​ល្អ​ឥត​ខ្ចោះ មិន​ខ្វះ​លក្ខណៈ​អ្វី​ឡើយ។ លោក​ម៉ូសេ​បាន​លើក​ដំ​កើង​ព្រះ​យេហូវ៉ា​ដោយ​សរសេរ​ថា៖ «ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់»។ (ចោទិយកថា ៣២:៣, ៤) រាល់​ដង​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌ យុត្ដិធម៌​នោះ​គឺ​ល្អ​ឥត​ខ្ចោះ មិន​ដែល​ធូរ​រលុង​ពេក មិន​ដែល​តឹងរ៉ឹង​ពេក។

១០ យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​គឺ​ផ្សារ​ជាប់​គ្នា​នឹង​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់។ ទំនុក​ដំកើង ១១៦:៥ ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​សេចក្ដី​សុចរិត[«យុត្ដិធម៌», ព្រះ​គម្ពីរ​អាមេរិកកាំង​ថ្មី] អើ!ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​មាន​សេចក្ដី​អាណិត​អាសូរ»។ ពិត​ណាស់ ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌​និង​សេចក្ដី​មេត្ដា​ករុណា​ផង​ដែរ។ លក្ខណៈ​ទាំង​ពីរ​នេះ​មិន​ផ្ទុយ​គ្នា​ទេ។ ពេល​ដែល​ទ្រង់​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា នេះ​មិន​បាន​ន័យ​ថា ទ្រង់​ធ្វើ​ឲ្យ​យុត្ដិធម៌​របស់​ទ្រង់​ធូរ​រលុង​ដោយ​ព្រោះ​តឹងរ៉ឹង​ពេក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គុណ​សម្បត្ដិ​ទាំង​ពីរ​នេះ​ច្រើន​តែ​ត្រូវ​សម្ដែង​នៅ​ដំណាល​គ្នា​ហើយ​ក្នុង​ការ​ប្រព្រឹត្ដ​តែ​មួយ។ សូម​ពិចារណា​ឧទាហរណ៍​មួយ។

១១ មនុស្ស​ជាតិ​ទាំង​ឡាយ​បាន​ទទួល​បាប​ជា​មរ​ត​ក ហើយ​គួរ​នឹង​ទទួល​ឈ្នួល​នៃ​អំពើ​បាប គឺ​សេចក្ដី​ស្លាប់។ (រ៉ូម ៥:១២) ប៉ុន្ដែ ព្រះ​យេហូវ៉ា​គ្មាន​អំណរ​ដោយ​មនុស្ស​មាន​បាប​ស្លាប់​នោះ​ទេ។ ព្រះ​យេហូវ៉ា​គឺ​ជា«ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏​សន្ដោស ហើយ​មេត្ដា​ករុណា»។ (នេហេមា ៩:១៧) យ៉ាង​ណា​ក៏​ដោយ ទ្រង់​គឺ​បរិសុទ្ធ ដូច្នេះ​ទ្រង់​មិន​អាច​ប្រណី​នឹង​សេចក្ដី​ទុច្ចរិត​បាន​ឡើយ។ បើ​ដូច្នេះ​មែន តើ​ទ្រង់​អាច​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​មនុស្ស​ជាតិ​ដែល​មាន​បាប​បាន​យ៉ាង​ដូច​ម្ដេច? វិធី​ដែល​ទ្រង់​បាន​ធ្វើ​ដូច្នេះ​ត្រូវ​បាន​ពន្យល់​ក្នុង​សេចក្ដី​បង្រៀន​មួយ​ដ៏​ពិត​និង​វិសេស​បំផុត​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ពោល​គឺ​ការ​រៀប​ចំ​ឲ្យ​មាន​យញ្ញ​បូជា​លោះ ដែល​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ជាតិ។ ក្នុង​ជំពូក​ទី​១៤ យើង​នឹង​រៀន​ថែម​ទៀត​អំពី​ការ​រៀបចំ​នេះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ការ​រៀប​ចំ​ឲ្យ​មាន​យញ្ញ​បូជា​លោះ គឺ​ប្រកប​ទៅ​ដោយ​យុត្ដិធម៌​ដ៏​ខ្ពស់​ថែម​ទាំង​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​បំផុត។ តាម​រយៈ​ការ​រៀប​ចំ​នេះ ព្រះ​យេហូវ៉ា​អាច​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​ដ៏​សន្ដោស​ប្រណី​ចំពោះ​អ្នក​ដែល​ប្រែ​ចិត្ដ​ពី​បាប​របស់​ខ្លួន ហើយ​ទន្ទឹម​គ្នា​នឹង​នោះ​ដែរ ទ្រង់​នៅ​តែ​អាច​កាន់​តាម​ខ្នាត​តម្រា​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ស្ដី​អំពី​យុត្ដិធម៌។—រ៉ូម ៣:២១​-​២៦

យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់​ក្ដៅ

១២, ១៣​. (ក) ហេតុ​អ្វី​បាន​ជា​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់? (ខ) តើ​ដាវីឌ​បាន​សន្និដ្ឋាន​យ៉ាង​ណា​អំពី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា? ហេតុ​ដូច​ម្ដេច​បាន​ជា​ចំណុច​នេះ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ទៅ​លើ​ទ្រង់?

១២ យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​លក្ខណៈ​ឥត​មេត្ដា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចង់​នៅ​ឆ្ងាយ​ពី​ទ្រង់​ឡើយ តែ​ជា​គុណ​សម្បត្ដិ​ដែល​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ឲ្យ​ចង់​ចូល​ទៅ​ជិត​ទ្រង់​វិញ។ ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​អំពី​ភាព​សន្ដោស​ប្រណី​ដោយ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ឬ​សេចក្ដី​សុចរិត​របស់​ទ្រង់។ របៀប​ដែល​ព្រះ​យេហូវ៉ា​សម្ដែង​យុត្ដិធម៌​នាំ​ឲ្យ​យើង​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ដ​ណាស់។ យើង​សូម​ពិចារណា​នូវ​របៀប​ខ្លះៗ​ដែល​ទ្រង់​សម្ដែង​យុត្ដិធម៌។

១៣ យុត្ដិធម៌​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ទ្រង់​ឲ្យ​បង្ហាញ​ភាព​ស្មោះ​ត្រង់​និង​ភក្ដីភាព​ចំពោះ​អ្នក​បំរើ​របស់​ទ្រង់។ ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​រៀន​ដោយ​បទ​ពិសោធន៍​របស់​ខ្លួន​ផ្ទាល់​ថា យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​គឺ​ពិត​ជា​ដូច្នេះ​មែន។ ក្រោយ​ដាវីឌ​មាន​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន និង​បាន​សិក្សា​នូវ​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា តើ​ដាវីឌ​បាន​សន្និដ្ឋាន​យ៉ាង​ណា? ដាវីឌ​បាន​សន្និដ្ឋាន​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌ ក៏​មិន​ដែល​បោះបង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​កល្ប​ជា​និច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ»។ (ទំនុក​ដំកើង ៣៧:២៨) សេចក្ដី​សន្យា​នេះ​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ដ​ទ្រង់​ណាស់ ព្រះ​របស់​យើង​មិន​ដែល​បោះបង់​ចោល​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់​ទាល់​តែ​សោះ។ ដូច្នេះ យើង​អាច​ជឿ​ជាក់​ថា ទ្រង់​នឹង​ថែ​រក្សា​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ថែម​ទាំង​នៅ​ជិត​ស្និទ្ធ​ជា​មួយ​យើង​ជា​និច្ច ពីព្រោះ​យុត្ដិធម៌​របស់​ទ្រង់​ធានា​ថា ទ្រង់​នឹង​ប្រព្រឹត្ដ​មក​លើ​យើង​ដូច​នេះ​ជាក់​ជា​ពុំ​ខាន!—សុភាសិត ២:៧, ៨

១៤​. តើ​ក្រិត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល​បង្ហាញ​យ៉ាង​ណា​ថា ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ដែល​ខ្វះ​ខាត?

១៤ យុត្ដិធម៌​របស់​ព្រះ​ចេះ​យោគ​យល់​ដល់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ដែល​កំពុង​តែ​ឈឺ​ចាប់។ ក្រិត្យ​វិន័យ​ដែល​ទ្រង់​បាន​ប្រទាន​ចំពោះ​សាសន៍​អ៊ីស្រាអែល​បង្ហាញ​យ៉ាង​ជាក់​ស្ដែង​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក​ដែល​ខ្វះ​ខាត។ ជា​ឧទាហរណ៍ ក្រិត្យ​វិន័យ​នោះ​មាន​ការ​រៀប​ចំ​ជា​ពិសេស​ដើម្បី​ធានា​ថា កូន​កំព្រា​និង​ពួក​មេ​ម៉ាយ​ទទួល​ការ​គាំ​ពារ។ (ចោទិយកថា ២៤:១៧​-​២១) ដោយ​សារ​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា ជីវភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​ស្ដ្រី​មេ​ម៉ាយ​និង​កូន​កំព្រា​គឺ​ពិបាក​ណាស់ នោះ​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ការពារ​និង​ជា​អ្នក​កាត់​ក្ដី​ឲ្យ​ពួក​គេ គឺ​ទ្រង់​បាន«សំ​រេច​សេចក្ដី​សុចរិត ដល់​ពួក​កំព្រា​នឹង​ពួក​មេ​ម៉ាយ»។ (ចោទិយកថា ១០:១៨; ទំនុក​ដំកើង ៦៨:៥) ព្រះ​យេហូវ៉ា​បាន​ព្រមាន​ជន​អ៊ីស្រាអែល​ថា បើ​ពួក​គេ​ធ្វើ​បាប​ស្ដ្រី​និង​កុមារ​ដែល​គ្មាន​ទី​ពឹង​នោះ ទ្រង់​នឹង​ឮ​នូវ​សម្រែក​អំពាវ​នាវ​ឲ្យ​ជួយ​របស់​អ្នក​ទាំង​នេះ​ជា​ពុំ​ខាន។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ ‹សេចក្ដី​ក្រោធ​របស់​យើង​នឹង​ក្ដៅ​ឡើង›។ (និក្ខមនំ ២២:​២២​-​២៤) ទោះ​ជា​សេចក្ដី​ក្រោធ​មិន​មែន​ជា​គុណ​សម្បត្ដិ​ចំ​បង​មួយ​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ តែ ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ដ៏​សុចរិត​ពេល​ដែល​មាន​ការ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ដោយ​ចេតនា ជា​ពិសេស​ទៅ​លើ​អ្នក​ក្រ​ឬ​អ្នក​ដែល​គ្មាន​ទី​ពឹង​ពំនាក់។—ទំនុក​ដំកើង ១០៣:៦

១៥, ១៦​. តើ​អ្វី​ជា​ភស្ដុ​តាង​ដ៏​អស្ចារ្យ​ស្ដី​អំពី​ព្រះ​ទ័យ​មិន​លំ​អៀង​របស់​ព្រះ​យេហូវ៉ា?

១៥ ព្រះ​យេហូវ៉ា​ក៏​ធានា​ថា ទ្រង់«មិន​ដែល​យោគ​យល់​ខាង​អ្នក​ណា​សោះ ក៏​មិន​ទទួល​សំណូក​ផង»។ (ចោទិយកថា ១០:១៧) ព្រះ​យេហូវ៉ា​ខុស​គ្នា​ពី​មនុស្ស​ជាតិ​ដែល​មាន​អំណាច​ឬ​មាន​អានុភាព​នោះ ពីព្រោះ​ទ្រព្យ​សម្បត្ដិ​ឬ​អាការៈ​ក្រៅ​របស់​អ្នក​ណា​ម្នាក់​មិន​អាច​ធ្វើ​ឲ្យ​ទ្រង់​លំ​អៀង​ឡើយ។ ទ្រង់​មិន​ចេះ​លំ​អៀង​ឬ​យល់​មុខ​ទេ។ សូម​ពិចារណា​ភស្ដុ​តាង​មួយ​ដ៏​អស្ចារ្យ​គួរ​ឲ្យ​កត់​សម្គាល់​ស្ដី​អំពី​ព្រះ​ទ័យ​មិន​លំ​អៀង​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​មិន​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ទ្រង់​និង​លទ្ធភាព​ទទួល​ជីវិត​ជា​រៀង​រហូត ចំពោះ​តែ​វរ​ជន​ឡើយ។ ផ្ទុយ​ទៅ​វិញ «ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ដ​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ (កិច្ច​ការ ១០:៣៤, ៣៥) មនុស្ស​គ្រប់​រូប​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ មិន​ថា​ពួក​គេ​មាន​ឋានៈ​ណា​ក្នុង​សង្គម មាន​ពណ៌​សម្បុរ​ណា ឬ​រស់​នៅ​ប្រទេស​ណា​ក៏​ដោយ។ នេះ​ជា​យុត្ដិធម៌​ពិត មែន​ទេ?

១៦ មាន​ផ្នែក​មួយ​ទៀត​នៃ​យុត្ដិធម៌​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា​ដែល​គួរ​ពិចារណា​និង​គោរព ពោល​គឺ របៀប​ទ្រង់​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ដែល​ធ្វើ​ខុស​នឹង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់។

មិន​ឲ្យ​រួច​ពី​ទោស​ឡើយ

១៧​. សូម​ពន្យល់​ពី​មូលហេតុ​ដែល​ភាព​អយុត្ដិធម៌​ក្នុង​លោកីយ៍​នេះ​មិន​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។

១៧ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹បើ​ព្រះ​យេហូវ៉ា​មិន​ប្រណី​នឹង​សេចក្ដី​ទុច្ចរិត​ពិត​មែន ម្ដេច​ក៏​សព្វ​ថ្ងៃ​នេះ​មាន​ការ​រង​ទុក្ខ​ដោយ​អយុត្ដិធម៌ និង​អំពើ​អាក្រក់​ពេញ​ពិភព​លោក​ដូច្នេះ?›។ ការ​ទាំង​នេះ​មិន​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ភាព​អយុត្ដិធម៌​ជា​ច្រើន​ដែល​មាន​ក្នុង​របប​លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ ជា​លទ្ធផល​នៃ​បាប​ដែល​មនុស្ស​ជាតិ​បាន​ទទួល​ជា​មរ​ត​ក​ពី​អ័ដាម។ ក្នុង​ពិភព​លោក​នេះ មាន​ភាព​អយុត្ដិធម៌​ច្រើន​ណាស់​ដោយ​សារ​មនុស្ស​ជាតិ​បាន​សម្រេច​ចិត្ដ​ធ្វើ​អំពើ​បាប។ ក៏​ប៉ុន្ដែ ស្ថានភាព​នេះ​នឹង​មិន​មាន​យូរ​ទៀត​នោះ​ទេ។—ចោទិយកថា ៣២:៥

១៨, ១៩​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ប្រណី​ជា​និច្ច​ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់​ដោយ​ចេតនា?

១៨ ទោះ​ជា​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ជិត​ទ្រង់​ដោយ​ស្មោះ​ក៏​ពិត​មែន តែ​ទ្រង់​នឹង​មិន​ប្រណី​ជា​និច្ច​នឹង​ស្ថានភាព​មួយ​ដែល​នាំ​មក​នូវ​ការ​តិះ​ដៀល​ដល់​ព្រះ​នាម​ទ្រង់​ឡើយ។ (ទំនុក​ដំកើង ៧៤:១០, ២២, ២៣) ព្រះ​នៃ​យុត្ដិធម៌​មិន​មែន​ជា​បុគ្គល​ដែល​គេ​អាច​មើល​ងាយ​មើល​ថោក​នោះ​ឡើយ។ ទ្រង់​មិន​ការពារ​អ្នក​ដែល​ធ្វើ​បាប​ដោយ​ចេតនា​ឲ្យ​រួច​ពី​ការ​ជំនុំ​ជំ​រះ​ដែល​ពួក​គេ​គួរ​ទទួល​ទេ។ ព្រះ​យេហូវ៉ា«មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ . . . ប៉ុន្ដែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ»។ (និក្ខមនំ ៣៤:៦, ៧) ជួន​កាល​ព្រះ​យេហូវ៉ា​ត្រូវ​កាត់​ទោស​អ្នក​ដែល​បំពាន​ច្បាប់​សុចរិត​របស់​ទ្រង់​ដោយ​ចេតនា​ដូច​ខ​គម្ពីរ​នេះ​ចែង​ប្រាប់។

១៩ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ដ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ។ សូម្បី​តែ​ក្រោយ​ពី​សាសន៍​អ៊ីស្រាអែល​បាន​តាំង​លំនៅ​ក្នុង​ស្រុក​សន្យា​ក៏​ដោយ ពួក​គេ​បែរ​ជា​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត។ ទោះ​ជា​ការ​ប្រព្រឹត្ដ​ដ៏​អាក្រក់​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា«ព្រួយ​ព្រះ​ហឫទ័យ»ក៏​ពិត​មែន តែ​ទ្រង់​មិន​បាន​បោះបង់​ពួក​គេ​ចោល​ភ្លាមៗ​នោះ​ទេ។ (ទំនុក​ដំកើង ៧៨:៣៨​-​៤១) ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​ឲ្យ​ពួក​គេ​មាន​ឱកាស​កែ​ប្រែ​ខ្លួន។ ព្រះ​យេហូវ៉ា​អង្វរ​ពួក​គេ​ថា៖ ‹យើង​ប្រាកដ​ជា​មិន​រីក​រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ដ​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ! ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ! ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់?›។ (អេសេគាល ៣៣:១១) ដោយ​សារ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជីវិត​ជា​អ្វី​ដែល​មាន​តម្លៃ​វិសេស នោះ​ទ្រង់​ចាត់​ព្យាការី​របស់​ទ្រង់​ទៅ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ជួយ​ពួក​អ៊ីស្រាអែល​ឲ្យ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន។ ប៉ុន្ដែ ជា​ទូទៅ ប្រជាជន​ដ៏​រឹង​ចចេស​ទាំង​នេះ​មិន​ព្រម​ស្តាប់​និង​ប្រែ​ចិត្ដ​ឡើយ។ នៅ​ទី​បំផុត ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់​និង​អ្វី​ដែល​ព្រះ​នាម​ទ្រង់​តំណាង នោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ​របស់​គេ។—នេហេមា ៩:២៦​-​៣០

២០​. (ក) តើ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ទ្រង់? (ខ) ហេតុ​អ្វី​បាន​ជា​សត្វ​សិង្ហ​ជា​និមិត្ដរូប​ដ៏​សមរម្យ​តំណាង​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា?

២០ របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ដ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល បង្រៀន​យើង​នូវ​អ្វីៗ​ជា​ច្រើន​អំពី​ទ្រង់។ យើង​រៀន​ដឹង​ថា ព្រះ​នេត្រ​របស់​ទ្រង់​ដែល​អាច​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ក៏​កត់​សម្គាល់​ឃើញ​អ្វី​ដ៏​អាក្រក់ ហើយ​អ្វី​ដែល​ទ្រង់​ទត​ឃើញ​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​ព្រះ​ទ័យ​របស់​ទ្រង់។ (សុភាសិត ១៥:៣) យើង​ក៏​រីក​រាយ​ដែរ​ដោយ​ដឹង​ថា ទ្រង់​ប្រុង​ប្រៀប​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​បើ​មាន​ហេតុ។ ម្យ៉ាង​ទៀត យើង​រៀន​ដឹង​ថា​យុត្ដិធម៌​របស់​ទ្រង់​មិន​ដែល​រហ័ស​កាត់​ទោស​ឡើយ។ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អត់​ធ្មត់​និង​ការ​អត់​ធន់ មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា ទ្រង់​នឹង​មិន​កាត់​ទោស​មនុស្ស​អាក្រក់​ឡើយ។ ប៉ុន្ដែ នេះ​គឺ​មិន​ពិត​សោះ​ឡើយ ពីព្រោះ​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ដ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​នោះ​បង្រៀន​យើង​ថា ព្រះ​ទ័យ​អត់​ធ្មត់​របស់​ទ្រង់​មាន​កំរិត។ ព្រះ​យេហូវ៉ា​គឺ​ម៉ឺង​ម៉ាត់​ស្ដី​អំពី​សេចក្ដី​សុចរិត។ ទ្រង់​ខុស​គ្នា​ពី​មនុស្ស​ជាតិ​ដែល​ខ្លាច​កាត់​ទោស​អ្នក​អាក្រក់ ដ្បិត​ទ្រង់​មិន​ដែល​ខ្លាច​គាំ​ទ្រ​អ្វី​ដ៏​ល្អ​ឡើយ។ គឺ​សមរម្យ​ណាស់​ដែល​សត្វ​សិង្ហ​តំណាង​យុត្ដិធម៌​ដ៏​ក្លាហាន​របស់​ព្រះ​យេហូវ៉ា​ហើយ​ជាប់​ទាក់​ទង​នឹង​វត្ដមាន​ព្រម​ទាំង​បល្ល័ង្ក​របស់​ទ្រង់។ * (អេសេគាល ១:១០; វិវរណៈ ៤:៧) ហេតុ​នេះ​ហើយ យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់​ហើយ​បំបាត់​ភាព​អយុត្ដិធម៌​ចេញ​ពី​ផែន​ដី។ ពិត​ណាស់ របៀប​ដែល​ទ្រង់​ជំនុំ​ជំ​រះ​អាច​ត្រូវ​សង្ខេប​ដូច​ត​ទៅ​នេះ​ថា ទ្រង់​ម៉ឺង​ម៉ាត់​ពេល​ដែល​ចាំ​បាច់ តែ​ប្រុង​ប្រៀប​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​នៅ​ពេល​ណា​ដែល​អាច​បង្ហាញ​បាន។—ពេត្រុស​ទី​២ ៣:៩

ការ​ចូល​ទៅ​ជិត​ព្រះ​នៃ​យុត្ដិធម៌

២១​. ពេល​យើង​រំពឹង​គិត​អំពី​របៀប​ព្រះ​យេហូវ៉ា​សម្ដែង​នូវ​យុត្ដិធម៌ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទ្រង់? ហើយ​ហេតុ​អ្វី?

២១ ពេល​យើង​រំពឹង​គិត​អំពី​របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌ យើង​មិន​គួរ​ចាត់​ទុក​ទ្រង់​ជា​ចៅ​ក្រម​ដ៏​តឹងរ៉ឹង​គ្មាន​មេត្ដា ដែល​គិត​តែ​កាត់​ទោស​អ្នក​ប្រព្រឹត្ដ​ខុស​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ចាត់​ទុក​ទ្រង់​ជា​ព្រះ​វរបិតា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​តែង​តែ​ប្រព្រឹត្ដ​ទៅ​លើ​កូន​របស់​ខ្លួន​តាម​របៀប​ដែល​មាន​ប្រយោជន៍​ល្អ​ប្រសើរ​បំផុត។ ជា​ព្រះ​វរបិតា​មួយ​អង្គ​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌ ព្រះ​យេហូវ៉ា​មាន​តុល្យ​ភាព​រវាង​ភាព​ម៉ឺង​ម៉ាត់​ខាង​សេចក្ដី​ត្រឹម​ត្រូវ និង​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​កូន​របស់​ទ្រង់​នៅ​លើ​ផែន​ដី​ដែល​ត្រូវ​ការ​ជំនួយ​និង​ការ​អត់​ឱន​ទោស​ពី​ទ្រង់។—ទំនុក​ដំកើង ១០៣:១០, ១៣

២២​. តើ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ទ្រង់​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​យើង? ហើយ​ហេតុ​អ្វី​ទ្រង់​ប្រព្រឹត្ដ​ដូច្នេះ​មក​លើ​យើង?

២២ យើង​សប្បាយ​ចិត្ដ​ណាស់ ដែល​យុត្ដិធម៌​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​ការ​កាត់​ទោស​អ្នក​ដែល​ធ្វើ​ខុស​នោះ! យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​ទ្រង់​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​គួរ​រំភើប​ចិត្ដ នោះ​គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី«ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត»។ (ពេត្រុស​ទី​២ ៣:១៣) ព្រះ​របស់​យើង​ប្រព្រឹត្ដ​មក​លើ​យើង​ដូច្នេះ ដោយ​ព្រោះ​យុត្ដិធម៌​របស់​ទ្រង់ នោះ​ទ្រង់​ព្យាយាម​សង្គ្រោះ​យើង​ជា​ជាង​កាត់​ទោស​យើង។ ពិត​ណាស់ ការ​យល់​ច្បាស់​ជាង​អំពី​ទំហំ​នៃ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់​មែន! ក្នុង​ជំពូក​ផ្សេងៗ​ទៀត​ជា​បន្ទាប់ យើង​នឹង​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​នូវ​របៀប​ព្រះ​យេហូវ៉ា​សម្ដែង​នូវ​យុត្ដិធម៌​ដែល​ជា​គុណ​សម្បត្ដិ​វិសេស​របស់​ទ្រង់។

^ វគ្គ 20 គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រះ​យេហូវ៉ា​ប្រៀប​អង្គ​ទ្រង់​ដូច​ជា​សត្វ​សិង្ហ ពេល​ទ្រង់​កាត់​ទោស​ពួក​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់។—យេរេមា ២៥:៣៨; ហូសេ ៥:១៤