លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២

«តើ​ព្រះ​អយុត្ដិធម៌​ឬ?»

«តើ​ព្រះ​អយុត្ដិធម៌​ឬ?»

១​. តើ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​មាន​អំពើ​អយុត្ដិធម៌?

ស្ដ្រី​មេ​ម៉ាយ​ម្នាក់​ត្រូវ​គេ​ប្រវ័ញ្ច​យក​ប្រាក់​សន្សំ​របស់​គាត់។ ទារក​ម្នាក់​គ្មាន​ទី​ពឹង​ពំនាក់ ត្រូវ​បោះបង់​ចោល​ដោយ​ឪពុក​ម្ដាយ​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់។ បុរស​ម្នាក់​ត្រូវ​ជាប់​គុក​ដោយ​បទ​ឧក្រិដ្ឋ​ដែល​គាត់​មិន​បាន​ប្រព្រឹត្ដ​ឡើយ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​ឮ​អំពី​ការ​ប្រព្រឹត្ដ​បែប​នេះ? អ្នក​ទំនង​ជា​ទាស់​ចិត្ដ​ណាស់​នឹង​ការ​ប្រព្រឹត្ដ​ទាំង​នេះ។ នេះ​គឺ​ជា​ការ​ធម្មតា​ទេ ដ្បិត​មនុស្ស​ជាតិ​យើង​មាន​សមត្ថភាព​ដ៏​ល្អ​ប្រសើរ​ខាង​ការ​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ពេល​ដែល​មាន​អំពើ​អយុត្ដិធម៌ នោះ​យើង​មាន​ចិត្ដ​ខឹង។ យើង​ចង់​ឲ្យ​អ្នក​រង​គ្រោះ​ទទួល​បាន​ការ​សង​ជំងឺ​ចិត្ដ ហើយ​ចង់​ឲ្យ​អ្នក​ធ្វើ​ខុស​ទទួល​ទោស។ បើ​មិន​ដូច្នេះ​ទេ យើង​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹តើ​ព្រះ​ទត​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ឬ​ទេ? ហេតុ​អ្វី​ក៏​ទ្រង់​មិន​ធ្វើ​អន្ដរាគមន៍?›។

២​. តើ​ហាបាគុក​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អំពើ​អយុត្ដិធម៌? ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​បាន​ស្ដី​បន្ទោស​ហាបាគុក?

ទូ​ទាំង​ប្រវត្ដិសាស្ដ្រ មនុស្ស​ស្មោះ​ត្រង់​ដែល​បំរើ​ព្រះ​យេហូវ៉ា​ធ្លាប់​សួរ​សំនួរ​ស្រដៀង​គ្នា​នេះ​ដែរ។ ជា​ឧទាហរណ៍ ព្យាការី​ហាបាគុក​បាន​អធិស្ឋាន​ទូល​សួរ​ព្រះ​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​អយុត្ដិធម៌​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​អំពើ​ហិង្សា ការ​ទទឹង​ច្បាប់ និង​អំពើ​ឃោរ​ឃៅ​រាលដាល​ទៅ​វិញ?»។ (ហាបាគុក ១:៣, សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​សហ​កាល) ព្រះ​យេហូវ៉ា​មិន​បាន​ស្ដី​បន្ទោស​ហាបាគុក​ដោយ​សារ​គាត់​ទូល​សួរ​ត្រង់ៗ​ដូច​នេះ​ឡើយ ដ្បិត​គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សមត្ថភាព​យល់​ពី​យុត្ដិធម៌។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​យើង​មាន​ស្មារតី​យុត្ដិធម៌​ដ៏​ជ្រាល​ជ្រៅ​របស់​ទ្រង់​មួយ​កំរិត។

ព្រះ​យេហូវ៉ា​ស្អប់​ភាព​អយុត្ដិធម៌

៣​. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ព្រះ​យេហូវ៉ា​ទត​ឃើញ​អំពើ​អយុត្ដិធម៌​ច្រើន​ជាង​យើង?

ព្រះ​យេហូវ៉ា​ពិត​ជា​ទត​ឃើញ​ភាព​អយុត្ដិធម៌។ ព្រះ​គម្ពីរ​ចែង​អំពី​សម័យ​លោក​ណូអេ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែន​ដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ដ​គេ​ក៏​សុទ្ធតែ​អាក្រក់​ជា​និច្ច​ដូច្នោះ»។ (លោកុប្បត្ដិ ៦:៥) សូម​គិត​អំពី​សារ​ដ៏​សំខាន់​នៃ​បន្ទូល​នេះ។ ធម្មតា ទស្សនៈ​របស់​យើង​ចំពោះ​ភាព​អយុត្ដិធម៌​មាន​មូលដ្ឋាន​លើ​តែ​ករណី​ពីរ​បី​ដែល​យើង​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​ឬ​មួយ​ក៏​បាន​ឮ​ផ្ទាល់។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ទត​ឃើញ​ភាព​អយុត្ដិធម៌​ទាំង​អស់​ទូ​ទាំង​ពិភព​លោក! ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​អាច​យល់​នូវ​ទំនោរ​ចិត្ដ​របស់​មនុស្ស គឺ​គំនិត​អាក្រក់​ដែល​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌។—យេរេមា ១៧:១០

៤, ៥​. (ក) តើ​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌? (ខ) តើ​ព្រះ​យេហូវ៉ា​ទ្រង់​ផ្ទាល់​បាន​ជួប​នឹង​ភាព​អយុត្ដិធម៌​យ៉ាង​ដូច​ម្ដេច?

ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ទត​ឃើញ​ភាព​អយុត្ដិធម៌​ប៉ុណ្ណោះ​ទេ។ ទ្រង់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​អំពើ​អយុត្ដិធម៌​នោះ​ដែរ។ ពេល​ដែល​ពួក​សត្រូវ​របស់​រាស្ដ្រ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ដ​ទៅ​លើ​ពួក​អ៊ីស្រាអែល​យ៉ាង​ឃោរ​ឃៅ​នោះ ព្រះ​យេហូវ៉ា​បាន​អាណិត​អាសូរ«ដល់​ដំងូរ​គេ​ជា​ខ្លាំង ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់​សង្កិន ហើយ​ធ្វើ​ទុក្ខ​ដល់​គេ»។ (ពួក​ចៅហ្វាយ ២:១៨) អ្នក​ប្រហែល​ជា​បាន​សង្កេត​ឃើញ​ថា ពេល​ដែល​មនុស្ស​ខ្លះ​មើល​ឃើញ​ភាព​អយុត្ដិធម៌​កាន់​តែ​ច្រើន នោះ​ពួក​គេ​ក៏​កាន់​តែ​លែង​មាន​ចិត្ដ​អាណិត​អាសូរ​ដល់​អ្នក​ដែល​រង​គ្រោះ​ទៀត​ដែរ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​គឺ​មិន​ដូច្នេះ​ឡើយ! ទ្រង់​បាន​ទត​ឃើញ​ភាព​អយុត្ដិធម៌​ទូ​ទាំង​ពិភព​លោក​ជាង​៦.០០០​ឆ្នាំ​ហើយ តែ​ទ្រង់​មិន​ដែល​លែង​ស្អប់​ភាព​អយុត្ដិធម៌​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ធានា​ថា​ទ្រង់​ស្អប់​ខ្ពើម​អ្វីៗ​ដូច​ជា«អណ្ដាត​ភូតភរ» «ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស» និង«សាក្សី​ក្លែង​ក្លាយ»។—សុភាសិត ៦:១៦​-​១៩

សូម​ពិចារណា​ដែរ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ដល់​អ្នក​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល។ ទ្រង់​បាន​បណ្ដាល​ឲ្យ​ព្យាការី​របស់​ទ្រង់​សួរ​ពួក​គេ​ថា៖ «តើ​មិន​គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្ដិធម៌​ទេ​ឬ?»។ ក្រោយ​ពី​ទ្រង់​មាន​បន្ទូល​រៀប​រាប់​យ៉ាង​ជាក់​ច្បាស់​អំពី​របៀប​ដែល​ពួក​គេ​បាន​ប្រើ​អំណាច​ជិះ​ជាន់ ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​លទ្ធផល​ដែល​បុរស​ពុក​រលួយ​ទាំង​នេះ​នឹង​ទទួល៖ «គេ​នឹង​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ! ទ្រង់​នឹង​គេច​ព្រះ​ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ដ»។ (មីកា ៣:១​-​៤) ព្រះ​យេហូវ៉ា​ពិត​ជា​ស្អប់​ភាព​អយុត្ដិធម៌​ខ្លាំង​ណាស់! ការ​ពិត ទ្រង់​បាន​ជួប​នឹង​ភាព​អយុត្ដិធម៌​ដោយ​អង្គ​ទ្រង់​ផ្ទាល់! អស់​រាប់​ពាន់​ឆ្នាំ​ហើយ សាតាំង​បាន​តិះ​ដៀល​ទ្រង់​ដោយ​អយុត្ដិធម៌។ (សុភាសិត ២៧:១១) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ឈឺ​ព្រះ​ហឫទ័យ​ដោយ​សារ​ភាព​អយុត្ដិធម៌​ដ៏​អាក្រក់​បំផុត​ប្រចាំ​ប្រវត្ដិសាស្ដ្រ នៅ​ពេល​ដែល​រាជបុត្រា​របស់​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ដូច​ជា​ឧក្រិដ្ឋ​ជន​ម្នាក់ ទោះ​ជា​ទ្រង់«មិន​បាន​ធ្វើ​បាប​អ្វី​សោះ»ក៏​ដោយ។ (ពេត្រុស​ទី​១ ២:២២; អេសាយ ៥៣:៩) យ៉ាង​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​យល់​ថែម​ទាំង​មិន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ការ​លំបាក​របស់​អ្នក​ដែល​ជួប​នឹង​ភាព​អយុត្ដិធម៌​ទេ។

៦​. តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ដែល​យើង​ជួប​នឹង​ភាព​អយុត្ដិធម៌? ហើយ​ហេតុ​អ្វី?

ប៉ុន្ដែ គឺ​ជា​ការ​ធម្មតា​ទេ​ដែល​យើង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពេល​ដែល​យើង​សង្កេត​ឃើញ​ឬ​មួយ​ក៏​ជួប​ដោយ​ផ្ទាល់​នូវ​ភាព​អយុត្ដិធម៌។ យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ ហើយ​ភាព​អយុត្ដិធម៌​គឺ​ខុស​គ្នា​ស្រឡះ​ពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា។ (លោកុប្បត្ដិ ១:២៧) បើ​ដូច្នេះ​ពិត​មែន ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ភាព​អយុត្ដិធម៌?

រឿង​ចំណោទ​ទាក់​ទង​នឹង​អធិបតេយ្យ​របស់​ព្រះ

៧​. សូម​ពណ៌នា​អំពី​របៀប​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ចោទ​ប្រកាន់។

ចម្លើយ​នៃ​សំនួរ​នេះ​ជាប់​ទាក់​ទង​នឹង​អធិបតេយ្យ​របស់​ព្រះ​ឬ​អំណាច​គ្រប់​គ្រង​ជា​អធិបតី។ ដូច​ដែល​យើង​បាន​រៀន​ហើយ អ្នក​បង្កើត​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល​និង​មនុស្ស​ទាំង​ឡាយ​ដែល​នៅ​លើ​ផែន​ដី។ (ទំនុក​ដំកើង ២៤:១; វិវរណៈ ៤:១១) ប៉ុន្ដែ នៅ​ដើម​ប្រវត្ដិសាស្ដ្រ​មនុស្ស​ជាតិ អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ចោទ​ប្រកាន់។ ហេតុ​អ្វី​រឿង​នេះ​បាន​កើត​ឡើង? ព្រះ​យេហូវ៉ា​បាន​បង្គាប់​មិន​ឲ្យ​បុរស​ទី​មួយ​ឈ្មោះ​អ័ដាម​បរិភោគ​ពី​ដើម​ឈើ​មួយ​នៅ​កណ្ដាល​សួន​ច្បារ​ដែល​ជា​លំនៅ​របស់​គាត់។ ចុះ​បើ​អ័ដាម​មិន​ស្តាប់​បង្គាប់? ព្រះ​មាន​បន្ទូល​ថា៖ «ត្រូវ​ស្លាប់​ជា​មិន​ខាន»។ (លោកុប្បត្ដិ ២:១៧) សេចក្ដី​បង្គាប់​របស់​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​អ័ដាម​និង​ភរិយា​របស់​គាត់​ពិបាក​ឡើយ។ យ៉ាង​ណា​ក៏​ដោយ សាតាំង​បាន​បញ្ចុះ​បញ្ចូល​អេវ៉ា​ឲ្យ​ជឿ​ថា​ព្រះ​តឹងរ៉ឹង​ពេក។ ចុះ​បើ​អេវ៉ា​បរិភោគ​ផ្លែ​នោះ? សាតាំង​បាន​និយាយ​ចំៗ​ប្រាប់​អេវ៉ា​ថា៖ «អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង»។—លោកុប្បត្ដិ ៣:១​-​៥, កំណែ​ជា​អក្សរ​ទ្រេត

៨​. (ក) ដោយ​សារ​អ្វី​ដែល​សាតាំង​បាន​និយាយ​ជា​មួយ​អេវ៉ា តើ​វា​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​អ្វី​ខ្លះ? (ខ) តើ​សាតាំង​បាន​ចោទ​ប្រកាន់​អ្វី​ទៅ​លើ​អធិបតេយ្យ​របស់​ព្រះ?

ពេល​ដែល​សាតាំង​និយាយ​ដូច្នេះ វា​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា ព្រះ​យេហូវ៉ា​បាន​លាក់​ពត៌មាន​សំខាន់​មិន​ឲ្យ​អេវ៉ា​ដឹង​ហើយ​ក៏​បាន​ភូត​នាង​ដែរ។ សាតាំង​បាន​ប្រយ័ត្ន​មិន​ចោទ​ថា​ព្រះ​មិន​មែន​ជា​អធិបតី​ឡើយ។ ប៉ុន្ដែ វា​បាន​ចោទ​ទៅ​លើ​ភាព​ត្រឹម​ត្រូវ សិទ្ធិ និង​សេចក្ដី​សុចរិត​នៃ​អធិបតេយ្យ​របស់​ព្រះ។ បើ​និយាយ​ឲ្យ​ចំ​ទៅ សាតាំង​បាន​ចោទ​ប្រកាន់​ថា ព្រះ​យេហូវ៉ា​មិន​ប្រើ​អធិបតេយ្យ​របស់​ទ្រង់​ក្នុង​ផ្លូវ​សុចរិត និង​របៀប​ដែល​នាំ​ឲ្យ​អនុ​រាស្ដ្រ​របស់​ទ្រង់​បាន​ប្រយោជន៍​ច្រើន​បំផុត​នោះ​ឡើយ។

៩​. (ក) ចំពោះ​អ័ដាម​និង​អេវ៉ា តើ​អ្វី​ជា​លទ្ធផល​នៃ​ការ​មិន​ស្តាប់​បង្គាប់? តើ​សំនួរ​សំខាន់​អ្វី​ខ្លះ​បាន​ត្រូវ​លើក​ឡើង? (ខ) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​ចោល​អ្នក​បះបោរ​ទាំង​បី​នាក់​នោះ​ភ្លាមៗ?

ជា​លទ្ធផល ទាំង​អ័ដាម​និង​អេវ៉ា​មិន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ហើយ​បាន​បរិភោគ​ពី​ដើម​ឈើ​ដែល​ទ្រង់​ហាមឃាត់។ ដោយ​សារ​ពួក​គេ​មិន​ស្តាប់​បង្គាប់ នោះ​ត្រូវ​ទទួល​ទោស​ស្លាប់ ដូច​ព្រះ​បាន​ប្រកាស​នោះ។ ការ​ភូតភរ​របស់​សាតាំង​បាន​លើក​ឡើង​នូវ​សំនួរ​សំខាន់ៗ​មួយ​ចំនួន។ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សិទ្ធិ​គ្រប់​គ្រង​មនុស្ស​ជាតិ ឬ​ក៏​មនុស្ស​គួរ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​វិញ? តើ​ព្រះ​យេហូវ៉ា​ប្រើ​អធិបតេយ្យ​ឬ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​យ៉ាង​ល្អ​បំផុត​ឬ? ព្រះ​យេហូវ៉ា​អាច​ប្រើ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​ដើម្បី​បំផ្លាញ​អ្នក​បះបោរ​ទាំង​បី​នាក់​នេះ​ភ្លាមៗ​បាន។ ប៉ុន្ដែ សំនួរ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​លើក​ឡើង​បាន​ជាប់​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ទ្រង់ មិន​មែន​តេជានុភាព​របស់​ទ្រង់​ឡើយ។ ដូច្នេះ បើ​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​អ័ដាម អេវ៉ា និង​សាតាំង ការ​នោះ​មិន​បាន​បញ្ជាក់​ថា ការ​គ្រប់​គ្រង​របស់​ទ្រង់​គឺ​សុចរិត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នោះ​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថែម​ទៀត​ទៅ​លើ​ការ​គ្រប់​គ្រង​របស់​ទ្រង់។ វិធី​តែ​មួយ​គត់​ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា តើ​មនុស្ស​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ដោយ​ជោគជ័យ​ឬ​ក៏​អត់​បើ​គ្មាន​ព្រះ​ឬ​យ៉ាង​ណា គឺ​ដោយ​ឲ្យ​ពេល​វេលា​ជា​អ្នក​បង្ហាញ។

១០​. ស្ដី​អំពី​ការ​គ្រប់​គ្រង​របស់​មនុស្ស តើ​ប្រវត្ដិសាស្ដ្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ខ្លះ?

១០ តើ​ពេល​ដែល​កន្លង​ទៅ​បង្ហាញ​ឲ្យ​ឃើញ​អ្វី? ទូ​ទាំង​ប្រវត្ដិសាស្ដ្រ មនុស្ស​ជាតិ​បាន​សាកល្បង​ការ​គ្រប់​គ្រង​ច្រើន​យ៉ាង ដូច​ជា​ផ្ដាច់​ការ​និយម ប្រជាធិបតេយ្យ សង្គម​និយម និង​កុម្មុយនីស្ដ។ លទ្ធផល​នៃ​ការ​គ្រប់​គ្រង​ទាំង​អស់​នោះ ត្រូវ​សង្ខេប​យ៉ាង​ចំៗ​ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា៖ «មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា»។ (សាស្តា ៨:៩) ដោយ​មាន​ហេតុ​ល្អ ព្យាការី​យេរេមា​បាន​ពោល​យ៉ាង​សមរម្យ​ណាស់​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។—យេរេមា ១០:២៣

១១​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ជាតិ​ឆ្លង​កាត់​ការ​ឈឺ​ចាប់?

១១ ព្រះ​យេហូវ៉ា​ជ្រាប​ដឹង​តាំង​ពី​ដំបូង​ថា ការ​គ្រប់​គ្រង​ដោយ​មនុស្ស​ជាតិ​នឹង​នាំ​ឲ្យ​វេទនា​ខ្លាំង​ណាស់។ បើ​ទ្រង់​ជ្រាប​ដូច្នេះ​មែន តើ​ទ្រង់​បាន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ពេល​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​នោះ​ទេ? ប្រាកដ​ជា​មិន​អយុត្ដិធម៌​ទេ! ជា​ឧទាហរណ៍: ឧបមា​ថា​កូន​របស់​អ្នក​ត្រូវ​ការ​វះ​កាត់​ដើម្បី​ព្យាបាល​ជំងឺ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បើ​គ្មាន​ការ​វះ​កាត់។ អ្នក​ដឹង​ថា​ការ​វះ​កាត់​នោះ​នឹង​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ឈឺ​ចាប់​ខ្លះៗ​ដែរ ហើយ​នេះ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ដ​ខ្លាំង​ណាស់។ ទន្ទឹម​គ្នា​នេះ​ដែរ អ្នក​ក៏​ដឹង​ថា​ការ​ព្យាបាល​នោះ​នឹង​ធ្វើ​ឲ្យ​កូន​អ្នក​មាន​សុខភាព​ល្អ​ជាង​នៅ​ពេល​ក្រោយ។ ស្រដៀង​គ្នា​ដែរ ព្រះ​ជ្រាប​និង​បាន​ទាយ​ថា ការ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​នឹង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​និង​ការ​រង​ទុក្ខ។ (លោកុប្បត្ដិ ៣:១៦​-​១៩) ប៉ុន្ដែ ទ្រង់​ក៏​បាន​ជ្រាប​ដែរ​ថា ទុក្ខ​លំបាក​នឹង​អាច​បំបាត់​បាន​ដោយ​វិធី​តែ​មួយ​គត់ គឺ​ឲ្យ​មនុស្ស​គ្រប់​គ្រង​ដើម្បី​ឲ្យ​ឃើញ​ដោយ​ខ្លួន​ឯង​នូវ​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​បះបោរ។ យ៉ាង​នេះ រឿង​ចំណោទ​អំពី​អធិបតេយ្យ​របស់​ព្រះ​អាច​ត្រូវ​ដោះ​ស្រាយ​មួយ​ដង​ជា​ការ​ស្រេច។

រឿង​ចំណោទ​ទាក់​ទង​នឹង​ភាព​ស្មោះ​ត្រង់​របស់​មនុស្ស

១២​. ដូច​ដែល​ត្រូវ​សម្ដែង​ក្នុង​ករណី​របស់​លោក​យ៉ូប តើ​សាតាំង​បាន​ចោទ​ប្រកាន់​មនុស្ស​ជាតិ​ថា​ដូច​ម្ដេច?

១២ ចំណោទ​នេះ​នៅ​មាន​ផ្នែក​មួយ​ទៀត។ ពេល​ដែល​សាតាំង​បាន​ចោទ​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ វា​មិន​គ្រាន់​តែ​បាន​និយាយ​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា​អំពី​ការ​គ្រប់​គ្រង​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​និយាយ​បង្កាច់​បង្ខូច​អ្នក​បំរើ​ព្រះ​អំពី​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ​ដែរ។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​សាតាំង​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​លោក​យ៉ូប​ដែល​ជា​បុរស​សុចរិត​ម្នាក់។ វា​បាន​និយាយ​ថា៖ «តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី​? ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្ដិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែន​ដី ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ដ ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ! នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ត្រ»។—យ៉ូប ១:១០, ១១

១៣​. ពេល​សាតាំង​បាន​ចោទ​ប្រកាន់​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​លោក​យ៉ូប តើ​ការ​ចោទ​ប្រកាន់​នោះ​បង្កប់​អត្ថ​ន័យ​អ្វី? តើ​នេះ​ទាក់​ទង​នឹង​មនុស្ស​គ្រប់​រូប​យ៉ាង​ដូច​ម្ដេច?

១៣ សាតាំង​បាន​ចោទ​ថា ព្រះ​យេហូវ៉ា​ការពារ​យ៉ូប​ដោយ​តេជានុភាព​របស់​ទ្រង់​ដើម្បី​យក​ចិត្ដ​យ៉ូប​ឲ្យ​ស្មោះ​ត្រង់។ នេះ​បាន​ន័យ​ថា ភាព​ស្មោះ​ត្រង់​របស់​យ៉ូប​គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ពុត​ប៉ុណ្ណោះ ហើយ​បាន​ន័យ​ថា​យ៉ូប​គ្រាន់​តែ​បំរើ​ព្រះ​ដើម្បី​ខ្លួន​បាន​ទទួល​ប្រយោជន៍​តែ​ប៉ុណ្ណោះ។ សាតាំង​ក៏​បាន​អះអាង​ថា បើ​យ៉ូប​មិន​បាន​ទទួល​ពរ​ពី​ព្រះ គាត់​នឹង​ប្រមាថ​ដល់​ព្រះ​ដែល​ជា​អ្នក​បង្កើត​គាត់។ សាតាំង​ដឹង​ថា គ្មាន​អ្នក​ណា​ដូច​យ៉ូប​ដែល«គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង»។ * ដូច្នេះ បើ​សាតាំង​អាច​បំផ្លាញ​ភាព​ស្មោះ​ត្រង់​របស់​យ៉ូប វា​ពិត​ជា​អាច​បំផ្លាញ​ភាព​ស្មោះ​ត្រង់​របស់​មនុស្ស​ជាតិ​ឯ​ទៀត? ដូច្នេះ សាតាំង​បាន​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​នៃ​មនុស្ស​គ្រប់​រូប​ដែល​ចង់​បំរើ​ព្រះ ពេល​វា​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​មនុស្ស​ទូទៅ​ថា៖ «មនុស្ស[មិន​គ្រាន់​តែ​យ៉ូប​ទេ]នឹង​សុខ​ចិត្ដ​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ»។—យ៉ូប ១:៨; ២:៤, កំណែ​ជា​អក្សរ​ទ្រេត

១៤​. ស្ដី​អំពី​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ទៅ​លើ​មនុស្ស តើ​ប្រវត្ដិសាស្ដ្រ​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ណា?

១៤ ប្រវត្ដិសាស្ដ្រ​បញ្ជាក់​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​ក៏​ដូច​ជា​លោក​យ៉ូប​ដែរ បាន​ធ្វើ​ផ្ទុយ​ពី​ការ​អះអាង​របស់​សាតាំង​ដោយ​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ចំពោះ​មុខ​ការ​ល្បង​ល។ ដោយ​សារ​ពួក​គេ​បាន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អស់​មួយ​ជីវិត ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីក​រាយ និង​មាន​ចម្លើយ​ដើម្បី​តប​ចំពោះ​ការ​និយាយ​បង្អួត​របស់​សាតាំង​ថា មនុស្ស​នឹង​ឈប់​បំរើ​ព្រះ​ពេល​ពួក​គេ​រង​ទុក្ខ​លំបាក។ (ហេព្រើរ ១១:៤​-​៣៨) ពិត​ណាស់ មនុស្ស​ដែល​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​មិន​ព្រម​បោះបង់​ព្រះ​ចោល​ឡើយ។ សូម្បី​តែ​ពេល​ពួក​គេ​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​ជា​ទី​បំផុត​ក៏​ដោយ ក៏​ពួក​គេ​រឹត​តែ​ពឹង​ពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​ដើម្បី​បាន​កម្លាំង​ស៊ូ​ទ្រាំ។—កូរិនថូស​ទី​២ ៤:៧​-​១០

១៥​. ឯ​របៀប​ព្រះ​យេហូវ៉ា​ធ្លាប់​ជំនុំ​ជំ​រះ​នៅ​អតីតកាល​និង​នៅ​អនាគត​នោះ តើ​យើង​អាច​សួរ​សំនួរ​អ្វី?

១៥ ប៉ុន្ដែ យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ច្រើន​ជាង​ចំណោទ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ហើយ​ភាព​ស្មោះ​ត្រង់​របស់​មនុស្ស​ជាតិ។ ព្រះ​គម្ពីរ​មាន​កំណត់​ហេតុ​អំពី​របៀប​ព្រះ​យេហូវ៉ា​ធ្លាប់​ជំនុំ​ជំ​រះ​មនុស្ស​ម្នាក់ៗ និង​ជំនុំ​ជំ​រះ​សាសន៍​ទាំង​មូល​ក៏​មាន។ ព្រះ​គម្ពីរ​ក៏​មាន​ទំនាយ​ស្ដី​អំពី​ការ​ជំនុំ​ជំ​រះ​របស់​ទ្រង់​នៅ​អនាគត​ផង​ដែរ។ ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ហើយ​កំពុង​តែ​ជំនុំ​ជំ​រះ​ដោយ​សេចក្ដី​សុចរិត?

មូលហេតុ​ដែល​យុត្ដិធម៌​របស់​ព្រះ​គឺ​ល្អ​បំផុត

ព្រះ​យេហូវ៉ា​នឹង​មិន​ដែល«បំផ្លាញ​មនុស្ស​សុចរិត ជា​មួយ​នឹង​មនុស្ស​អាក្រក់»ទេ

១៦, ១៧​. ស្ដី​អំពី​យុត្ដិធម៌​ពិត តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​មនុស្ស​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ?

១៦ ព្រះ​គម្ពីរ​ចែង​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​ថា៖ «អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌»។ (ចោទិយកថា ៣២:៤) គ្មាន​យើង​ណា​ម្នាក់​ដែល​អាច​និយាយ​សំដៅ​ទៅ​លើ​ខ្លួន​ឯង​ដូច​នេះ​បាន​ឡើយ ពីព្រោះ​មនុស្ស​មិន​អាច​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ទាំង​ស្រុង​ស្ដី​អំពី​យុត្ដិធម៌​ពិត​បាន​ទេ។ ជាក់​ស្ដែង​ដូច​លោក​អ័ប្រាហាំ​បាន​អង្វរ​ព្រះ​យេហូវ៉ា កុំ​ឲ្យ​បំផ្លាញ​ចោល​ទី​ក្រុង​សូដុំម ទោះ​ជា​មាន​អំពើ​ទុច្ចរិត​ច្រើន​ក្រៃ​លែង​នៅ​ទី​នោះ​ក៏​ដោយ។ អ័ប្រាហាំ​បាន​ទូល​សួរ​ព្រះ​យេហូវ៉ា​ថា៖ «តើ​ទ្រង់​នឹង បំផ្លាញ​មនុស្ស​សុចរិត ជា​មួយ​នឹង​មនុស្ស​អាក្រក់​ផង​ដែរ​ឬ​?»។ (លោកុប្បត្ដិ ១៨:២៣​-​៣៣) ការ​ពិត ទ្រង់​មិន​ធ្វើ​ដូច្នេះ​ទេ។ នៅ​ពេល​ដែល​លោក​ឡុត​និង​កូន​ស្រី​របស់​គាត់​ទៅ​ដល់​ទី​ក្រុង​សូ​អារ​រួច​ហើយ ទើប​ព្រះ​យេហូវ៉ា«បង្អុរ​ភ្លៀង​ជា​ស្ពាន់ធ័រ​នឹង​ភ្លើង​ពី​លើ​មេឃ»មក​លើ​ក្រុង​សូដុំម។ (លោកុប្បត្ដិ ១៩:២២​-​២៤) ផ្ទុយ​ទៅ​វិញ យ៉ូណាស​បាន​ត្រឡប់​ជា«ខឹង​យ៉ាង​ខ្លាំង»ពេល​ព្រះ​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​ប្រជាជន​នៅ​ក្រុង​នីនីវេ។ ដោយ​ព្រោះ​យ៉ូណាស​បាន​ប្រកាស​រួច​ហើយ​ថា ប្រជាជន​នៅ​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ចោល​នោះ គាត់​នឹង​ពេញ​ចិត្ដ​ដោយ​ឃើញ​ពួក​គេ​វិនាស​ឲ្យ​សម​តាម​សំ​ដី​របស់​គាត់ ទោះ​ជា​ពួក​គេ​បាន​ប្រែ​ចិត្ដ​ក៏​ដោយ។—យ៉ូណាស ៣:១០–៤:១, ខ.ស.

១៧ ព្រះ​យេហូវ៉ា​បាន​ធានា​អ័ប្រាហាំ​ថា យុត្ដិធម៌​របស់​ទ្រង់​មិន​គ្រាន់​តែ​រួម​បញ្ចូល​ការ​បំផ្លាញ​មនុស្ស​ទុច្ចរិត​ទេ តែ​ក៏​រួម​បញ្ចូល​ការ​សង្គ្រោះ​មនុស្ស​សុចរិត​ផង​ដែរ។ ម្យ៉ាង​ទៀត​យ៉ូណាស​បាន​រៀន​ដឹង​ថា ព្រះ​យេហូវ៉ា​ប្រកប​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា។ បើ​មនុស្ស​ទុច្ចរិត​ប្រែ​ចិត្ដ ទ្រង់«បំរុង​តែ​នឹង​អត់​ទោស»។ (ទំនុក​ដំកើង ៨៦:៥) មនុស្ស​ខ្លះ​ដែល​ខ្លាច​បាត់​បង់​ឋានៈ​ខ្លួន កាត់​ទោស​អ្នក​ឯ​ទៀត​ដើម្បី​បង្ហាញ​ថា​ពួក​គេ​មាន​អំណាច។ ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​ដែល​កាត់​ទោស​មនុស្ស ដើម្បី​បង្ហាញ​ថា​ទ្រង់​មាន​អំណាច​ឡើយ ហើយ​ទ្រង់​ក៏​មិន​ដូច​មនុស្ស​ដែល​មិន​ព្រម​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដោយ​ខ្លាច​អ្នក​ឯ​ទៀត​ចាត់​ទុក​ថា​ពួក​គេ​គ្មាន​អំណាច។ របៀប​ទ្រង់​ប្រព្រឹត្ដ​គឺ ទ្រង់​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​នៅ​ពេល​មាន​មូលហេតុ។—អេសាយ ៥៥:៧; អេសេគាល ១៨:២៣

១៨​. សូម​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​បង្ហាញ​ថា ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​មិន​ផ្អែក​ទៅ​លើ​មនោសញ្ចេតនា​នោះ​ឡើយ។

១៨ ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​មនោសញ្ចេតនា​បាំង​ព្រះ​នេត្រ​ទ្រង់​នោះ​ឡើយ។ ពេល​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ថ្វាយ​បង្គំ​រូប​ព្រះ​ពាស​ពេញ​នោះ ទ្រង់​បាន​ប្រកាស​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ ‹យើង​នឹង​ជំនុំ​ជំ​រះ​អ្នក​តាម​គ្រប់​ទាំង​អំពើ​របស់​អ្នក ព្រម​ទាំង​ទំ​លាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​មក​លើ​អ្នក​ផង។ ភ្នែក​យើង​នឹង​មិន​ប្រណី ឬ​អាណិត​មេត្ដា​ដល់​អ្នក​ឡើយ គឺ​យើង​នឹង​ទំ​លាក់​អស់​ទាំង​អំពើ​របស់​អ្នក​មក​លើ​អ្នក›។ (អេសេគាល ៧:៣, ៤) ដូច្នេះ ពេល​មនុស្ស​ជាតិ​រឹង​ចចេស​ក្នុង​ការ​ធ្វើ​អំពើ​ខុស ព្រះ​យេហូវ៉ា​នឹង​ជំនុំ​ជំ​រះ​គេ​ឲ្យ​សម​ទៅ​តាម​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ។ ប៉ុន្ដែ ការ​ជំនុំ​ជំ​រះ​របស់​ទ្រង់​មាន​មូលដ្ឋាន​លើ​ភស្ដុ​តាង​ដែល​អាច​ទុក​ចិត្ដ​បាន។ ដូច្នេះ ពេល​ទ្រង់​ឮ​នូវ​ការ«ចោទ​ប្រកាន់»ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «យើង​ត្រូវ​តែ​ចុះ​ទៅ​មើល​ដើម្បី​អោយ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ដ​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង ឬ​យ៉ាង​ណា»។ (កំណើត​ពិភព​លោក ១៨:២០, ២១, ខ.ស.) យើង​ពិត​ជា​មាន​អំណរ​គុណ​ណាស់​ដែល​ព្រះ​យេហូវ៉ា​គឺ​មិន​ដូច​មនុស្ស​ជាតិ​ដែល​សម្រេច​ក្ដី​យ៉ាង​ឆាប់​រហ័ស​មុន​ស្គាល់​ហេតុ​ការណ៍​ពិត! ប្រាកដ​ណាស់ ព្រះ​យេហូវ៉ា​គឺ​ដូច​ព្រះ​គម្ពីរ​បញ្ជាក់​ថា«ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត[«អយុត្ដិធម៌», ព.ថ.]ណា​ឡើយ»។—ចោទិយកថា ៣២:៤

ចូរ​ទុក​ចិត្ដ​លើ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា

១៩​. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​បើ​យើង​មាន​ចម្ងល់​អំពី​របៀប​ព្រះ​យេហូវ៉ា​ជំនុំ​ជំ​រះ?

១៩ ព្រះ​គម្ពីរ​មិន​ឆ្លើយ​សំនួរ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល ហើយ​ក៏​មិន​រៀប​រាប់​ល្អិត​ល្អន់​អំពី​របៀប​ព្រះ​យេហូវ៉ា​នឹង​ជំនុំ​ជំ​រះ​មនុស្ស​ម្នាក់ៗ​និង​បក្ស​ពួក​ផ្សេងៗ​នៅ​អនាគត​ដែរ។ ពេល​យើង​ឆ្ងល់​អំពី​កំណត់​ហេតុ​ឬ​ទំនាយ​ព្រះ​គម្ពីរ​ដែល​គ្មាន​ការ​រៀប​រាប់​ល្អិត​ល្អន់​នោះ យើង​អាច​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​ដូច​ព្យាការី​មីកា​ដែល​សរសេរ​ថា៖ «ខ្ញុំ​នឹង​រង់​ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ»។—មីកា ៧:៧

២០, ២១​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ​ជា​រៀង​រហូត?

២០ យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ដ​ត្រឹម​ត្រូវ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់។ សូម្បី​តែ​ពេល​មនុស្ស​ជាតិ​មិន​អើពើ​នឹង​យុត្ដិធម៌​ក៏​ដោយ ព្រះ​យេហូវ៉ា​សន្យា​ថា៖ ‹ការ​សង​សឹក នោះ​ស្រេច​នឹង​យើង យើង​នឹង​សង​ដល់​គេ›។ (រ៉ូម ១២:១៩) បើ​យើង​បង្ហាញ​ចិត្ដ​អត់​ធ្មត់ យើង​អាច​មាន​ទំនុក​ចិត្ដ​ទៅ​លើ​ទ្រង់​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ទំនុក​ចិត្ដ​ដែរ ពេល​គាត់​ពោល​ថា៖ «តើ​ព្រះ​មាន​សេចក្ដី​ទុច្ចរិត​[«អយុត្ដិធម៌», ព.ថ.]​ឬ​អី? ទេ! គ្មាន​សោះ!»។—រ៉ូម ៩:១៤

២១ នៅ​ចន្លោះ​ពេល​នេះ យើង​រស់​នៅ«គ្រា​លំបាក​ណាស់»។ (ធីម៉ូថេ​ទី​២ ៣:១) ភាព​អយុត្ដិធម៌​និង«ការ​សង្កត់​សង្កិន»បាន​នាំ​ឲ្យ​មាន​ការ​ធ្វើ​ទុក្ខ​ទោស​យ៉ាង​ឃោរ​ឃៅ។ (សាស្តា ៤:១) ក៏​ប៉ុន្ដែ ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ប្រែ​ប្រួល​ឡើយ។ ទ្រង់​នៅ​តែ​ស្អប់​ភាព​អយុត្ដិធម៌ ហើយ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អស់​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​ភាព​អយុត្ដិធម៌។ បើ​យើង​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ព្រម​ទាំង​ការ​គ្រប់​គ្រង​របស់​ទ្រង់ ទ្រង់​នឹង​ផ្ដល់​កម្លាំង​ចិត្ដ​ឲ្យ​យើង​ស៊ូ​ទ្រាំ​រហូត​ដល់​ពេល​ដែល​ទ្រង់​បំបាត់​ភាព​អយុត្ដិធម៌​ចេញ​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។—ពេត្រុស​ទី​១ ៥:៦, ៧

^ វគ្គ 13 ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​យ៉ូប​ថា៖ «គ្មាន​អ្នក​ណា​មួយ​នៅ​ផែន​ដី​ឲ្យ​ដូច​គាត់​ឡើយ»។ (យ៉ូប ១:​៨) ដូច្នេះ យ៉ូប​ទំនង​ជា​បាន​រស់​នៅ​ក្រោយ​យ៉ូសែប​បាន​ស្លាប់​ទៅ និង​មុន​ម៉ូសេ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល ទើប​ពេល​នោះ​ព្រះ​អាច​មាន​បន្ទូល​ថា គ្មាន​អ្នក​ណា​មាន​ភាព​ស្មោះ​ត្រង់​ដូច​យ៉ូប​ឡើយ។