លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣

«ក្រិត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍»

«ក្រិត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍»

១, ២​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​សូវ​គោរព​ច្បាប់? ប៉ុន្ដែ តើ​យើង​អាច​ចាប់​ផ្ដើម​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ច្បាប់​របស់​ព្រះ​វិញ?

នៅ​ឆ្នាំ​១៧១២ សៀវភៅ​មួយ​ត្រូវ​បាន​បោះ​ពុម្ព​ដែល​មាន​សរសេរ​ថា៖ «ច្បាប់​គឺ​ប្រៀប​ដូច​ជា​រណ្ដៅ​ដ៏​ជ្រៅ​គ្មាន​បាត​មួយ ដែល . . . លេប​បាត់​អ្វីៗ​ទាំង​អស់»។ អ្នក​និពន្ធ​សៀវភៅ​នោះ បាន​រិះ​គន់​យ៉ាង​ខ្លាំង​នូវ​ក្រប​ខ័ណ្ឌ​ច្បាប់ ដែល​បណ្ដាល​ឲ្យ​រឿង​ក្ដី​អូស​បន្លាយ​យូរ​ឆ្នាំ ព្រម​ទាំង​ជញ្ជក់​យក​លុយ​របស់​អ្នក​ដែល​ខំ​រក​យុត្ដិធម៌​ទាល់​តែ​អស់​គ្មាន​សល់។ នៅ​ប្រទេស​ជា​ច្រើន ច្បាប់​រដ្ឋ​គឺ​ស្មុគ​ស្មាញ​និង​ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុត្ដិធម៌ ការ​លំ​អៀង និង​គ្មាន​ភាព​ទៀង​ទាត់​ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ចាប់​ផ្ដើម​ស្អប់​ច្បាប់​ទៅ​វិញ។

ឥឡូវ​សូម​ប្រៀប​ធៀប​ស្ថានការណ៍​ខាង​លើ​នេះ​ទៅ​នឹង​បន្ទូល​ដែល​បាន​កត់​សរសេរ​ជិត​២.៧០០​ឆ្នាំ​មុន។ បន្ទូល​នេះ​ចែង​ថា៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎!»។ (ទំនុក​ដំកើង ១១៩:៩៧) ហេតុ​អ្វី​បាន​ជា​អ្នក​សរសេរ​ទំនុក​ដំកើង​នេះ​ស្រឡាញ់​ក្រិត្យ​វិន័យ​ខ្លាំង​ម៉្លេះ? គឺ​ដោយ​ព្រោះ​ច្បាប់​ដែល​គាត់​ស្រឡាញ់​នោះ មិន​មែន​ជា​ច្បាប់​តែង​ដោយ​រដ្ឋាភិបាល​របស់​មនុស្ស​ជាតិ​ឡើយ តែ​គឺ​ជា​ច្បាប់​របស់​ព្រះ​យេហូវ៉ា​វិញ។ បន្ដិច​ម្ដងៗ នៅ​ពេល​ដែល​អ្នក​សិក្សា​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា នោះ​អ្នក​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ដូច​គ្នា​នឹង​អ្នក​តែង​ទំនុក​ដំកើង​ដែរ។ ការ​សិក្សា​នូវ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​នឹង​បណ្ដុះ​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​អំពី​គំនិត​របស់​ចៅ​ក្រម​ដ៏​ឧត្ដុង្គ​ឧត្ដម​បំផុត​លើ​សកលលោក។

អ្នក​តែង​ច្បាប់​ដ៏​ឧត្ដុង្គ​ឧត្ដម​បំផុត

៣, ៤​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​អ្នក​តែង​ច្បាប់​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ស្ដី​អំពី​ព្រះ​យេហូវ៉ា ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា«ឯ​អ្នក​ដែល​តែង​ក្រិត្យ​វិន័យ ហើយ​ជំនុំ​ជំ​រះ​ផង នោះ​មាន​តែ​១​ទេ»។ (យ៉ាកុប ៤:១២) សូម្បី​តែ​ដំណើរ​ភព​ផ្កាយ​ក៏​ត្រូវ​គ្រប់​គ្រង​ដោយ«ច្បាប់​នៅ​លើ​មេឃ»ដែល​ព្រះ​យេហូវ៉ា​បាន​តែង​ដែរ។ (យ៉ូប ៣៨:៣៣, ខ.ស.) ទេវតា​បរិសុទ្ធ​យ៉ាង​ច្រើន​អនេក​អនន្ដ​របស់​ព្រះ​យេហូវ៉ា​ក៏​ត្រូវ​គ្រប់​គ្រង​ដោយ​ច្បាប់​របស់​ព្រះ​ដែរ ដ្បិត​បណ្ដា​ទេវតា​ត្រូវ​បែងចែក​ជា​ឋានៈ​ផ្សេងៗ និង​បំរើ​ព្រះ​យេហូវ៉ា​ក្រោម​បង្គាប់​ទ្រង់។—ហេព្រើរ ១:៧, ១៤

ព្រះ​យេហូវ៉ា​ក៏​បាន​តែង​ច្បាប់​សំរាប់​មនុស្ស​ជាតិ​ដែរ។ យើង​ម្នាក់ៗ​មាន​មនសិការ​រៀងៗ​ខ្លួន ដែល​សម​ស្រប​ទៅ​តាម​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។ មនសិការ​គឺ​ប្រៀប​ដូច​ជា​ច្បាប់​ដិត​ជាប់​ទៅ​ក្នុង​ចិត្ដ និង​អាច​ជួយ​យើង​វែក​ញែក​យល់​ខុស​យល់​ត្រូវ។ (រ៉ូម ២:១៤) ឪពុក​ម្ដាយ​ដើម​ដំបូង​របស់​យើង ធ្លាប់​មាន​មនសិការ​ដ៏​គ្រប់​ល័ក្ខណ៍​មួយ ហេតុ​នេះ​ហើយ​ពួក​គាត់​ត្រូវ​ការ​ច្បាប់​តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ។ (លោកុប្បត្ដិ ២:១៥​-​១៧) ក៏​ប៉ុន្ដែ មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ត្រូវ​ការ​ច្បាប់​ច្រើន​ជាង ដើម្បី​ណែនាំ​ពួក​គេ​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ លោក​ណូអេ លោក​អ័ប្រាហាំ និង​លោក​យ៉ាកុប​ធ្លាប់​ទទួល​ច្បាប់​ពី​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​បាន​បង្រៀន​ច្បាប់​នេះ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែរ។ (លោកុប្បត្ដិ ៦:២២; ៩:៣​-​៦; ១៨:១៩; ២៦:៤, ៥) ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​អ្នក​តែង​ច្បាប់​ដែល​រក​ប្រដូច​គ្មាន នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ក្រិត្យ​វិន័យ​ដល់​សាសន៍​អ៊ីស្រាអែល​តាម​រយៈ​លោក​ម៉ូសេ។ ក្រិត្យ​វិន័យ​នេះ​ជួយ​បំភ្លឺ​ឲ្យ​យល់​ធ្លុះ​អំពី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។

ការ​សង្ខេប​ក្រិត្យ​វិន័យ​លោក​ម៉ូសេ

៥​. តើ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ជា​ច្បាប់​ច្រើន​ស្មុគ​ស្មាញ​ឬ? ហេតុ​អ្វី​អ្នក​ឆ្លើយ​ដូច្នេះ?

មនុស្ស​ជា​ច្រើន​គិត​ថា ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ជា​ក្រប​ខ័ណ្ឌ​ច្បាប់​ដ៏​ស្មុគ​ស្មាញ​និង​ច្រើន​រក​កន្លែង​ល្មម​ទុក​ពុំ​បាន។ ប៉ុន្ដែ គំនិត​បែប​នេះ​គឺ​ខុស​ស្រឡះ​ពី​ការ​ពិត។ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​មាន​ច្បាប់​ជាង​៦០០​ប្រការ។ នេះ​ប្រហែល​ជា​ស្តាប់​ទៅ​ដូច​ជា​មាន​ច្បាប់​ច្រើន​ហួស​ហេតុ​ពេក ប៉ុន្ដែ សូម​គិត​ទៅ​មើល នៅ​ដំណាច់​សត​វត្ស​ទី​២០ ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​ការ​ជាង​១៥០.០០០​ទំព័រ​ដើម្បី​សរសេរ​ច្បាប់​ទាំង​អស់​របស់​ប្រទេស​នោះ។ នេះ​បាន​ន័យ​ថា ពីរ​ឆ្នាំ​ម្ដង ពួក​គេ​បាន​បន្ថែម​ច្បាប់​៦០០​ប្រការ​ទៀត! ដូច្នេះ បើ​គិត​តែ​ចំនួន​ប៉ុណ្ណោះ គំនរ​ច្បាប់​ដែល​មនុស្ស​ជាតិ​តែង​មាន​ច្រើន​ជាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ឆ្ងាយ​ណាស់។ ប៉ុន្ដែ ក្រិត្យ​វិន័យ​របស់​ព្រះ​បាន​គ្រប់​គ្រង​ទៅ​លើ​ផ្នែក​ផ្សេងៗ​នៃ​ជីវិត​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​ច្បាប់​របស់​មនុស្ស​មិន​ទាក់​ទង​សោះ។ សូម​ពិនិត្យ​មើល​ក្រិត្យ​វិន័យ​នោះ​យ៉ាង​សង្ខេប។

៦, ៧​. (ក) តើ​អ្វី​ជា​លក្ខណៈ​ខុស​គ្នា​រវាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​និង​ក្រិត្យ​វិន័យ​ផ្សេង​ទៀត​របស់​មនុស្ស? តើ​អ្វី​ជា​ច្បាប់​ដ៏​ឧត្ដម​បំផុត​ក្នុង​ក្រិត្យ​វិន័យ​នោះ? (ខ) តើ​ជន​ជាតិ​អ៊ីស្រាអែល​បង្ហាញ​ថា​ពួក​គេ​ចុះ​ចូល​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​លើក​ដំ​កើង​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ឯង ដែល​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​គឺ​ខ្ពង់​ខ្ពស់​ឧត្ដុង្គ​ឧត្ដម​ជាង​ក្រប​ខ័ណ្ឌ​ច្បាប់​ណា​ផ្សេង​ទៀត​របស់​មនុស្ស។ ច្បាប់​ដ៏​ឧត្ដុង្គ​ឧត្ដម​បំផុត​ក្នុង​ក្រិត្យ​វិន័យ​នោះ​គឺ: ‹ចូរ​ស្តាប់​ចុះ! ឱ​អ៊ីស្រាអែល​អើយ! ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​អង្គ​ទ្រង់ ត្រូវ​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​ពី​ចិត្ដ អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​អ្នក›។ តើ​រាស្ដ្រ​របស់​ព្រះ​ត្រូវ​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​យ៉ាង​ដូច​ម្ដេច? ពួក​គេ​ត្រូវ​បំរើ​ទ្រង់​ដោយ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ទ្រង់។—ចោទិយកថា ៦:៤, ៥; ១១:១៣

ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ៗ​បាន​បង្ហាញ​ថា ពួក​គេ​ទទួល​ស្គាល់​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ដោយ​ចុះ​ចូល​ចំពោះ​អ្នក​ដែល​បាន​តែង​តាំង​ឲ្យ​មាន​អំណាច​លើ​ពួក​គេ។ មាតា​បិតា បណ្ដា​មេ​កុលសម្ព័ន្ធ ពួក​ចៅហ្វាយ សង្ឃ​ទាំង​ពួង និង​ក្រោយ​មក​បណ្ដា​ស្ដេច សុទ្ធតែ​តំណាង​អំណាច​របស់​ព្រះ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ការ​ប្រឆាំង​នឹង​អ្នក​ដែល​មាន​អំណាច ជា​ការ​ប្រឆាំង​នឹង​ទ្រង់​ផ្ទាល់។ ម្យ៉ាង​ទៀត អ្នក​កាន់​អំណាច​អាច​ទទួល​រង​នូវ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា បើ​ពួក​គេ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ឬ​ដោយ​ក្រអឺត​ក្រទម​ចំពោះ​រាស្ដ្រ​របស់​ទ្រង់។ (និក្ខមនំ ២០:១២; ២២:២៨; ចោទិយកថា ១:១៦, ១៧; ១៧:៨​-​២០; ១៩:១៦, ១៧) អ្នក​កាន់​អំណាច​ព្រម​ទាំង​អ្នក​ដែល​នៅ​ក្រោម​អំណាច​មាន​ភារកិច្ច​គាំ​ទ្រ​អធិបតេយ្យ​របស់​ព្រះ។

៨​. តើ​ក្រិត្យ​វិន័យ​បាន​គាំ​ទ្រ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ភាព​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

ក្រិត្យ​វិន័យ​នោះ​បាន​គាំ​ទ្រ​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ ពាក្យ«បរិសុទ្ធ»មាន​ជាង​២៨០​ដង​ក្នុង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ ក្រិត្យ​វិន័យ​នោះ​ជួយ​រាស្ដ្រ​របស់​ព្រះ​ឲ្យ​ចេះ​វែក​ញែក​សម្គាល់​អ្វី​ដែល​ស្អាត​ហើយ​មិន​ស្អាត បរិសុទ្ធ​និង​មិន​បរិសុទ្ធ ដោយ​បញ្ជាក់​អ្វី​ផ្សេងៗ​ប្រមាណ​៧០​យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​មិន​ស្អាត​ចំពោះ​ការ​ថ្វាយ​បង្គំ។ ក្រិត្យ​ទាំង​នេះ​ទាក់​ទង​នឹង​ការ​សំ​អា​ត​ខ្លួន​ប្រាណ ការ​បរិភោគ និង​រហូត​ដល់​ការ​បន្ទោ​បង់​ទៀត​ផង។ ក្រិត្យ​វិន័យ​ទាំង​នេះ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់​ចំពោះ​សុខភាព។ * ប៉ុន្ដែ ក្រិត្យ​វិន័យ​ទាំង​នេះ​មាន​គោល​បំណង​មួយ​ដ៏​ខ្ពង់​ខ្ពស់​ជាង គឺ​ទប់​ស្កាត់​មិន​ឲ្យ​ពួក​អ៊ីស្រាអែល​ប្រព្រឹត្ដ​អំពើ​បាប​ដូច​សាសន៍​ថោក​ទាប​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​ពួក​គេ ដើម្បី​អាច​ទទួល​ព្រះ​គុណ​ពី​ព្រះ​យេហូវ៉ា។ សូម​ពិចារណា​ឧទាហរណ៍​មួយ។

៩, ១០​. តើ​កិច្ច​ព្រម​ព្រៀង​ក្រិត្យ​វិន័យ​មាន​ច្បាប់​អ្វី​ខ្លះ​ស្ដី​អំពី​ការ​រួម​ដំណេក​និង​ការ​បង្កើត​កូន? តើ​ច្បាប់​ទាំង​នេះ​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

ក្រិត្យ​ខ្លះ​ក្នុង​កិច្ច​ព្រម​ព្រៀង​ក្រិត្យ​វិន័យ​នោះ​បាន​ចែង​ថា ការ​សម្រាល​កូន​និង​ការ​រួម​ដំណេក សូម្បី​តែ​រវាង​អ្នក​ដែល​បាន​រៀប​ការ​ហើយ ក៏​ជា​អ្វី​ដែល​នាំ​ឲ្យ​មិន​ស្អាត​មួយ​រយៈ​ដែរ។ (លេវីវិន័យ ១២:២​-​៤; ១៥:១៦​-​១៨) ក្រិត្យ​វិន័យ​ទាំង​នេះ​មិន​បាន​ន័យ​ថា​ការ​សម្រាល​កូន​និង​ការ​រួម​ដំណេក​ដែល​ជា​អំណោយ​ដ៏​ស្អាត​ស្អំ​នេះ​ពី​ព្រះ គឺ​ជា​អ្វី​ដ៏​អាក្រក់​នោះ​ឡើយ។ (លោកុប្បត្ដិ ១:២៨; ២:១៨​-​២៥) ផ្ទុយ​ទៅ​វិញ ក្រិត្យ​វិន័យ​ទាំង​នេះ​បាន​លើក​ដំ​កើង​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​បាន​ស្អាត​ស្អំ។ គួរ​ឲ្យ​កត់​សម្គាល់​ថា សាសន៍​ដែល​នៅ​ជុំ​វិញ​ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​តែ​រួម​បញ្ចូល​ការ​ថ្វាយ​បង្គំ​ជា​មួយ​នឹង​ការ​រួម​ដំណេក​និង​ក្បួន​រីតិ៍​ដែល​ផ្ដល់​ឲ្យ​សមត្ថភាព​បង្កើត​កូន។ សាសនា​របស់​ពួក​កាណាន​រួម​បញ្ចូល​ការ​រួម​ដំណេក​ជា​មួយ​នឹង​ប្រុស​ហើយ​ស្រី​ដែល​លក់​ខ្លួន។ ជា​លទ្ធផល ទំនៀម​ទម្លាប់​ដ៏​ថោក​ទាប​និង​ស្មោកគ្រោក​បំផុត​បាន​រាលដាល។ ផ្ទុយ​ទៅ​វិញ ក្រិត្យ​វិន័យ​បាន​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ប្រាស​ចាក​រឿង​កាម។ * ក្រិត្យ​វិន័យ​ក៏​មាន​ប្រយោជន៍​ផ្សេង​ទៀត​ដែរ។

១០ ក្រិត្យ​វិន័យ​ទាំង​នោះ​បាន​បង្រៀន​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ។ * យ៉ាង​ណា​មិញ តើ​បាប​របស់​អ័ដាម​ឆ្លង​ពី​មួយ​តំណ​ទៅ​មួយ​តំណ​យ៉ាង​ដូច​ម្ដេច? តើ​មិន​មែន​ដោយ​ការ​រួម​ដំណេក​និង​ការ​បង្កើត​កូន​ទេ​ឬ? (រ៉ូម ៥:១២) ប្រាកដ​ណាស់ ក្រិត្យ​វិន័យ​របស់​ព្រះ​បាន​រំឭក​រាស្ដ្រ​ទ្រង់​អំពី​បាប។ ការ​ពិត យើង​ទាំង​អស់​គ្នា​កើត​មក​ទាំង​មាន​បាប​ស្រាប់​ហើយ។ (ទំនុក​ដំកើង ៥១:៥) យើង​ត្រូវ​ការ​នូវ​ការ​អត់​ឱន​ទោស​និង​ការ​លោះ​បាប​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង។

១១, ១២​. (ក) តើ​ក្រិត្យ​វិន័យ​បាន​គាំ​ទ្រ​គោល​ការណ៍​ដ៏​សំខាន់​អ្វី​ស្ដី​អំពី​យុត្ដិធម៌? (ខ) តើ​ក្រិត្យ​វិន័យ​នោះ​ទប់​ទល់​មិន​ឲ្យ​មាន​អំពើ​អយុត្ដិធម៌​យ៉ាង​ដូច​ម្ដេច?

១១ ក្រិត្យ​វិន័យ​នោះ​បាន​គាំ​ទ្រ​យុត្ដិធម៌​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា។ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​គាំ​ទ្រ​គោល​ការណ៍​ដែល​ថា យុត្ដិធម៌​តម្រូវ​ឲ្យ​មាន​ភាព​ស្មើ​គ្នា។ ហេតុ​នេះ​ហើយ ក្រិត្យ​វិន័យ​បាន​ចែង​ថា៖ «ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ធួន​នឹង​ជីវិត ភ្នែក​ធួន​នឹង​ភ្នែក ធ្មេញ​ធួន​នឹង​ធ្មេញ​ដៃ​ធួន​នឹង​ដៃ ជើង​ធួន​នឹង​ជើង​វិញ»។ (ចោទិយកថា ១៩:២១) ដូច្នេះ ក្នុង​ករណី​បទ​ឧក្រិដ្ឋ​វិញ ទោស​គឺ​មាន​ស្មើ​នឹង​បទ​ឧក្រិដ្ឋ។ នេះ​ជា​លក្ខណៈ​មួយ​នៃ​យុត្ដិធម៌​របស់​ព្រះ​ដែល​មាន​ទូទៅ​ក្នុង​ក្រិត្យ​វិន័យ ហើយ​ក៏​ជា​លក្ខណៈ​ដែល​យើង​ត្រូវ​ដឹង​ជា​ចាំ​បាច់​ដើម្បី​យល់​នូវ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ​យេស៊ូ ដូច​ដែល​យើង​នឹង​រៀន​ក្នុង​ជំពូក​ទី​១៤។—ធីម៉ូថេ​ទី​១ ២:៥, ៦

១២ ក្រិត្យ​វិន័យ​នោះ​ក៏​មាន​អ្វី​ទប់​ទល់​កុំ​ឲ្យ​មាន​ភាព​អយុត្ដិធម៌​ដែរ។ ឧទាហរណ៍ ដើម្បី​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​ណា​មួយ​គឺ​ពិត ត្រូវ​ការ​យ៉ាង​ហោច​ណាស់​សាក្សី​ពីរ​នាក់។ ទោស​សំរាប់​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ​គឺ​ធ្ងន់​ណាស់។ (ចោទិយកថា ១៩:១៥, ១៨, ១៩) អំពើ​ពុក​រលួយ​និង​ការ​សូក​ប៉ាន់​បាន​ត្រូវ​ហាម​ជា​ដាច់​ខាត។ (និក្ខមនំ ២៣:៨; ចោទិយកថា ២៧:២៥) សូម្បី​តែ​ក្នុង​ការ​រក​ស៊ី​ក្ដី រាស្ដ្រ​របស់​ព្រះ​ត្រូវ​គាំ​ទ្រ​គោល​ការណ៍​យុត្ដិធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ដែរ។ (លេវីវិន័យ ១៩:៣៥, ៣៦; ចោទិយកថា ២៣:១៩, ២០) ក្រិត្យ​វិន័យ​ដ៏​ខ្ពង់​ខ្ពស់​និង​ប្រកប​ដោយ​យុត្ដិធម៌​នេះ​បាន​ជា​ពរ​ដ៏​ប្រសើរ​ណាស់​សំរាប់​ជន​ជាតិ​អ៊ីស្រាអែល!

ក្រិត្យ​ដែល​បញ្ជាក់​ពី​ការ​កាត់​ក្ដី​ដោយ​មេត្ដា​ករុណា​និង​មិន​លំ​អៀង

១៣, ១៤​. តើ​ក្រិត្យ​វិន័យ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌​និង​មិន​លំ​អៀង​យ៉ាង​ដូច​ម្ដេច​សំរាប់​ចោរ​និង​ជន​ដែល​បាត់​ទ្រព្យ?

១៣ តើ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ជា​ច្បាប់​ដ៏​តឹងរ៉ឹង​មិន​ប្រកប​ទៅ​ដោយ​ក្ដី​មេត្ដា​ករុណា​ឬ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! ស្ដេច​ដាវីឌ​បាន​ត្រូវ​បណ្ដាល​ឲ្យ​សរសេរ​ថា៖ «ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍»។ (ទំនុក​ដំកើង ១៩:៧) ស្ដេច​ដាវីឌ​ជ្រាប​ច្បាស់​ថា ក្រិត្យ​វិន័យ​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​មេត្ដា​ករុណា​និង​ការ​កាត់​ក្ដី​ដោយ​មិន​លំ​អៀង។ តើ​ដោយ​ដូច​ម្ដេច?

១៤ នៅ​ប្រទេស​ខ្លះ​សព្វ​ថ្ងៃ​នេះ ក្រិត្យ​វិន័យ​មើល​ទៅ​ដូច​ជា​លំ​អៀង​ទៅ​រក​ជន​ពាល ជា​ជាង​យក​ចិត្ដ​ទុក​ដាក់​ជន​រង​គ្រោះ។ ជា​ឧទាហរណ៍ ពួក​ចោរ​ប្រហែល​ជា​ត្រូវ​ចាប់​ខ្លួន​ដាក់​គុក​មួយ​រយៈ។ ចន្លោះ​ពេល​នោះ អ្នក​ដែល​ត្រូវ​ចោរ​លួច​ទ្រព្យ​នៅ​តែ​មិន​បាន​ទ្រព្យ​របស់​ខ្លួន​មក​វិញ ហើយ​ក៏​ត្រូវ​បង់​ពន្ធ​ដែល​រដ្ឋ​យក​ទៅ​ប្រើ​ក្នុង​ការ​ជួល​អាគារ​គុក​និង​ទិញ​ម្ហូប​អាហារ​ចិញ្ចឹម​ចោរ​នោះ។ នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​ដើម គ្មាន​គុក​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ ទោស​ដែល​ឧក្រិដ្ឋ​ជន​ទទួល​មាន​កំហិត​ដាច់​ខាត។ (ចោទិយកថា ២៥:១​-​៣) ចោរ​ត្រូវ​សង​ឲ្យ​ជន​រង​គ្រោះ​នូវ​អ្វី​ដែល​គាត់​បាន​លួច។ ម្យ៉ាង​ទៀត ចោរ​នោះ​ក៏​ត្រូវ​សង​លើស​ពី​នោះ​ទៅ​ទៀត។ តើ​ចោរ​ត្រូវ​សង​ប៉ុន្មាន? គឺ​មិន​ទៀង​ទេ។ តាម​មើល​ទៅ ពួក​ចៅហ្វាយ​មាន​អំណាច​គិត​ថ្លឹង​ថ្លែង​អំពី​កត្ដា​មួយ​ចំនួន ដូច​ជា​ការ​ប្រែ​ចិត្ដ​របស់​ចោរ​នោះ។ នេះ​អាច​ជា​ហេតុ​ដែល​ចំនួន​ចោរ​ត្រូវ​សង​នៅ​លេវីវិន័យ ៦:១​-​៧ គឺ​តិច​ជាង​ចំនួន​នៅ​និក្ខមនំ ២២:៧ ឆ្ងាយ​ណាស់។

១៥​. តើ​ក្រិត្យ​វិន័យ​បាន​ធានា​ឲ្យ​អ្នក​សម្លាប់​គេ​ដោយ​ឥត​ចេតនា​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​និង​យុត្ដិធម៌​យ៉ាង​ដូច​ម្ដេច?

១៥ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​មាន​ច្បាប់​ដែល​មេត្ដា​ដល់​ជន​ដែល​ធ្វើ​ខុស​ដោយ​ឥត​ចេតនា។ ជា​ឧទាហរណ៍ បើ​មនុស្ស​ម្នាក់​សម្លាប់​មនុស្ស​ម្នាក់​ទៀត​ដោយ​គ្មាន​ចេតនា គាត់​មិន​ចាំ​បាច់​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​ឡើយ បើ​គាត់​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ គាត់​គួរ​រត់​ទៅ​ទី​ក្រុង​ពំនាក់​ដែល​មាន​នៅ​ទូ​ទាំង​ប្រទេស​អ៊ីស្រាអែល។ ក្រោយ​ពួក​ចៅហ្វាយ​ដែល​មាន​សមត្ថភាព​ពិនិត្យ​មើល​ករណី​របស់​ជន​សម្លាប់​គេ​នោះ គាត់​ត្រូវ​បន្ដ​រស់​នៅ​ទី​ក្រុង​ទី​ពំនាក់​រហូត​ដល់​សម្ដេច​សង្ឃ​ទទួល​មរណភាព។ ក្រោយ​នោះ​គាត់​មាន​សេរីភាព​អាច​រស់​នៅ​កន្លែង​ណា​បាន​តាម​ចិត្ដ។ យ៉ាង​នេះ អ្នក​សម្លាប់​គេ​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ។ ទន្ទឹម​នឹង​នោះ ក្រិត្យ​វិន័យ​នេះ​បាន​បញ្ជាក់​តម្លៃ​ខ្ពស់​នៃ​ជីវិត​មនុស្ស។—ជនគណនា ១៥:៣០, ៣១; ៣៥:១២​-​២៥

១៦​. តើ​ក្រិត្យ​វិន័យ​នោះ​បាន​ការពារ​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​យ៉ាង​ដូច​ម្ដេច?

១៦ ក្រិត្យ​វិន័យ​បាន​ការពារ​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ផង​ដែរ។ សូម​ពិចារណា​របៀប​ក្រិត្យ​វិន័យ​បាន​ការពារ​អ្នក​ដែល​ជំពាក់​លុយ​គេ។ ក្រិត្យ​វិន័យ​នោះ​បាន​ហាម​មិន​ឲ្យ​ម្ចាស់​បំណុល​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​កូន​បំណុល​ដើម្បី​យក​ទ្រព្យ​គាត់​ជា​របស់​បញ្ចាំ​ឡើយ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​បំណុល​ត្រូវ​ចាំ​ខាង​ក្រៅ​ផ្ទះ​របស់​កូន​បំណុល ហើយ​ឲ្យ​កូន​បំណុល​យក​របស់​បញ្ចាំ​នោះ​ចេញ​មក​ដោយ​ខ្លួន​ឯង។ យ៉ាង​នេះ មិន​អាច​មាន​ការ​បំពាន​ចូល​ផ្ទះ​របស់​មនុស្ស​ឡើយ។ បើ​ម្ចាស់​បំណុល​យក​អាវ​ធំ​របស់​កូន​បំណុល​ជា​របស់​បញ្ចាំ​នោះ គាត់​ត្រូវ​តែ​ឲ្យ​អាវ​ធំ​នោះ​វិញ​ពេល​ថ្ងៃ​លិច ដ្បិត​កូន​បំណុល​ទំនង​ជា​នឹង​ត្រូវ​ការ​អាវ​ធំ​នោះ​ដើម្បី​ពេល​យប់​អាច​ទុក​ដណ្ដប់​ខ្លួន។—ចោទិយកថា ២៤:១០​-​១៤

១៧, ១៨​. ក្នុង​សង្គ្រាម តើ​សាសន៍​អ៊ីស្រាអែល​ខុស​គ្នា​ពី​សាសន៍​ឯ​ទៀត​ដូច​ម្ដេច​ខ្លះ? ហេតុ​អ្វី?

១៧ សូម្បី​តែ​សង្គ្រាម​ត្រូវ​គ្រប់​គ្រង​ដោយ​ក្រិត្យ​វិន័យ​ដែរ។ រាស្ដ្រ​របស់​ព្រះ​មិន​ត្រូវ​ធ្វើ​សង្គ្រាម​ដើម្បី​ចំអែ​ត​ការ​ស្រេក​ឃ្លាន​ចង់​បាន​អំណាច​និង​ជ័យ​ជំនះ​នោះ​ឡើយ តែ​ត្រូវ​ធ្វើ​ដើម្បី​បំរើ​ជា​ភ្នាក់ងារ​របស់​ព្រះ​ក្នុង«ចំ​បាំង​ផង​ព្រះ​យេហូវ៉ា»។ (ជនគណនា ២១:១៤) ក្នុង​ករណី​ជា​ច្រើន សាសន៍​អ៊ីស្រាអែល​ត្រូវ​ស្នើ​ឲ្យ​សត្រូវ​ចុះ​ចូល​សិន។ បើ​អ្នក​ក្រុង​នោះ​បដិសេធ​សំនើ​នោះ ពួក​អ៊ីស្រាអែល​អាច​វាយ​យក​ទី​ក្រុង​នោះ​បាន តែ​ការ​វាយ​យក​នោះ​ត្រូវ​សម​ស្រប​ទៅ​តាម​ច្បាប់​របស់​ព្រះ។ ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​គឺ​មិន​ដូច​ពួក​ទាហាន​ឯ​ទៀត​ទេ ដ្បិត​ក្រិត្យ​វិន័យ​មិន​ឲ្យ​ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​រំលោភ​ស្ដ្រី​ឬ​សម្លាប់​មនុស្ស​ដោយ​មិន​រើស​មុខ​នោះ​ឡើយ។ ពួក​ទាហាន​អ៊ីស្រាអែល​ក៏​ត្រូវ​ការពារ​បរិ​ស្ថាន​ទៀត​ផង ដោយ​មិន​កាប់​រំលំ​ដើម​ឈើ​មាន​ផ្លែ​លើ​ទឹក​ដី​នៃ​ពួក​សត្រូវ​ឡើយ។ * ទ័ព​របស់​សាសន៍​ផ្សេង​ទៀត​គ្មាន​ច្បាប់​ដូច​នេះ​ទេ។—ចោទិយកថា ២០:១០​-​១៥, ១៩, ២០; ២១:១០​-​១៣

១៨ តើ​ចិត្ដ​អ្នក​រន្ធត់​នៅ​ពេល​ដែល​ឮ​ថា​ក្មេងៗ​ត្រូវ​បង្ហាត់​ឲ្យ​ធ្វើ​ជា​ទាហាន​នៅ​ប្រទេស​ផ្សេងៗ​ឬ​ទេ? នៅ​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ បុរស​ណា​ដែល​មាន​អាយុ​តិច​ជាង​២០​ឆ្នាំ មិន​អាច​ចូល​ធ្វើ​ទាហាន​បាន​ឡើយ។ (ជនគណនា ១:២, ៣) សូម្បី​តែ​បុរស​ពេញ​វ័យ​ក៏​អាច​រួច​ពី​ការ​ចូល​ធ្វើ​ទាហាន​ដែរ បើ​គាត់​ខ្លាច​ហួស​ហេតុ​ពេក។ បុរស​ដែល​ទើប​តែ​រៀប​ការ​ក៏​បាន​រួច​អស់​មួយ​ឆ្នាំ ដើម្បី​អាច​មាន​កូន​បន្ដ​ត្រកូល​មុន​គាត់​ចូល​ធ្វើ​កិច្ច​បំរើ​នេះ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ច្បាប់​បាន​ពន្យល់​ថា តាម​វិធី​នេះ ស្វាមី​ដែល​ស្ថិត​ក្នុង​យុវ​វ័យ​នោះ​អាច​ធ្វើ​ឲ្យ​ភរិយា​ថ្មោង​ថ្មី​របស់​ខ្លួន«មាន​សេចក្ដី​រីក​រាយ​ឡើង»។—ចោទិយកថា ២០:៥, ៦, ៨; ២៤:៥

១៩​. តើ​ក្រិត្យ​វិន័យ​មាន​ប្រការ​ណា​ខ្លះ​ដែល​បាន​ការពារ​ស្ដ្រី កុមារ ក្រុម​គ្រួសារ ស្ដ្រី​មេ​ម៉ាយ និង​កូន​កំព្រា?

១៩ ក្រិត្យ​វិន័យ​ក៏​បាន​ការពារ​ស្ដ្រី កុមារ និង​ក្រុម​គ្រួសារ ដោយ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ក្រិត្យ​វិន័យ​បាន​តម្រូវ​ឲ្យ​មាតា​បិតា​យក​ចិត្ដ​ទុក​ដាក់​និង​បង្រៀន​កូន​អំពី​អ្វី​ខាង​វិញ្ញាណ​ជា​និច្ច។ (ចោទិយកថា ៦:៦, ៧) ក្រិត្យ​វិន័យ​បាន​ហាម​មិន​ឲ្យ​មាន​ការ​រួម​ដំណេក​ជា​មួយ​សាច់​ញាតិ​ជិត ដ្បិត​អ្នក​ណា​ដែល​ធ្វើ​ដូច្នេះ​នឹង​ទទួល​ទោស​ស្លាប់។ (លេវីវិន័យ ជំពូក​ទី​១​៨) ក្រិត្យ​វិន័យ​ក៏​បាន​ហាម​មិន​ឲ្យ​មាន​ការ​ផិត ដែល​ធ្វើ​ឲ្យ​បាក់​បែក​ក្រុម​គ្រួសារ និង​បំផ្លាញ​នូវ​សេចក្ដី​សុខ​ហើយ​សេចក្ដី​ថ្លៃ​ថ្នូរ​នៃ​គ្រួសារ​ទៀត​ផង។ ក្រិត្យ​វិន័យ​ក៏​បាន​ផ្គត់​ផ្គង់​ស្ដ្រី​មេ​ម៉ាយ​និង​ពួក​កំព្រា​ដែរ និង​បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​ធ្វើ​បាប​ពួក​គេ​ឡើយ។—និក្ខមនំ ២០:១៤; ២២:២២​-​២៤

២០, ២១​. (ក) ហេតុ​អ្វី​បាន​ជា​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រពន្ធ​ច្រើន? (ខ) ស្ដី​អំពី​រឿង​លែង​លះ​គ្នា ហេតុ​អ្វី​បាន​ជា​ក្រិត្យ​វិន័យ​គឺ​ខុស​គ្នា​ពី​គោល​ការណ៍​ដែល​ព្រះ​យេស៊ូ​បាន​ស្ថាបនា​ឡើង​នៅ​ពេល​ក្រោយ​ទៅ​វិញ?

២០ ប៉ុន្ដែ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖‹ហេតុ​អ្វី​បាន​ជា​ក្រិត្យ​វិន័យ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​ច្រើន?›។ (ចោទិយកថា ២១:១៥​-​១៧) យើង​អាច​យល់​អំពី​ក្រិត្យ​វិន័យ​នោះ​ដោយ​គិត​ពី​ទំនៀម​ទំ​លាប់​នៅ​សម័យ​នោះ។ អ្នក​ណា​ដែល​គិត​អំពី​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ដោយ​ផ្អែក​លើ​ទស្សនៈ​របស់​មនុស្ស​នៅ​សម័យ​បច្ចុប្បន្ន​នេះ ច្បាស់​ជា​នឹង​យល់​ច្រឡំ​ហើយ។ (សុភាសិត ១៨:១៣) ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​បាន​តែង​នៅ​សួន​ច្បារ​អេដែន​បាន​ចែង​ថា អាពាហ៍ពិពាហ៍​ត្រូវ​ជា​សម្ព័ន្ធ​មេត្រី​មួយ​ដ៏​ស្ថិត​ស្ថេរ​រវាង​ស្វាមី​មួយ​និង​ភរិយា​មួយ។ (លោកុប្បត្ដិ ២:១៨, ២០​-​២៤) ប៉ុន្ដែ ទំ​រាំ​មក​ដល់​ពេល​ព្រះ​យេហូវ៉ា​ប្រទាន​ក្រិត្យ​វិន័យ​ដល់​សាសន៍​អ៊ីស្រាអែល មនុស្ស​បាន​មាន​ទម្លាប់​រៀប​ការ​ប្រពន្ធ​ច្រើន​តាំង​ពី​រាប់​សត​វត្ស​មុន​នោះ។ ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​ថា រាស្ដ្រ​របស់​ទ្រង់​ដែល​មាន«ក្បាល​រឹង»នេះ ជា​ញឹក​ញយ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​នោះ​ទេ សូម្បី​តែ​ច្បាប់​ដែល​ស្រួល​ធ្វើ​ដូច​ជា​ការ​ចៀស​វាង​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក៏​ពួក​គេ​មិន​បាន​ស្តាប់​តាម​ដែរ។ (និក្ខមនំ ៣២:៩) ដូច្នេះ ដោយ​សារ​ទ្រង់​មាន​ប្រាជ្ញា ទ្រង់​មិន​បាន​ជ្រើស​រើស​សម័យ​នោះ​ជា​ពេល​ដើម្បី​អភិវឌ្ឍ​របៀប​របប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឡើយ។ ប៉ុន្ដែ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដើម​ឲ្យ​មាន​ការ​រៀប​ការ​ប្រពន្ធ​ច្រើន​នោះ​ទេ។ ប៉ុន្ដែ ទ្រង់​បាន​ប្រើ​ក្រិត្យ​វិន័យ​ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​មាន​ប្រពន្ធ​ច្រើន កុំ​ឲ្យ​ពួក​អ៊ីស្រាអែល​រំលោភ​ទៅ​លើ​ទំនៀម​ទំ​លាប់​នេះ។

២១ ស្រដៀង​គ្នា​ដែរ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​លែង​លះ​ប្រពន្ធ​ដោយ​សំអាង​ហេតុ​ជា​ច្រើន​ដែល​ធ្ងន់ធ្ងរ។ (ចោទិយកថា ២៤:១​-​៤) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ព្រះ​បាន​ប្រណី​នឹង​ការ​ប្រព្រឹត្ដ​នេះ​របស់​ជន​ជាតិ​អ៊ីស្រាអែល«ដោយ​ព្រោះ​តែ​ចិត្ដ[ពួក​គេ]រឹង​របឹង»។ ប៉ុន្ដែ ការ​ប្រណី​នោះ​គឺ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ព្រះ​យេស៊ូ​បាន​ស្ថាបនា​ឡើង​វិញ​នូវ​ខ្នាត​តម្រា​ដំបូង​របស់​ព្រះ​យេហូវ៉ា សំរាប់​អ្នក​កាន់​តាម​ទ្រង់។—ម៉ាថាយ ១៩:៨

ក្រិត្យ​វិន័យ​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់

២២​. តើ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច​ខ្លះ? ហើយ​តើ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ណា?

២២ បើ​មាន​ច្បាប់​ទម្លាប់​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​សព្វ​ថ្ងៃ​នេះ នោះ​ពិត​ជា​ល្អ​ណាស់​មែន​ទេ? ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​យក​សេចក្ដី​ស្រឡាញ់​ជា​ធំ​បំផុត។ បើ​គិត​តែ​សៀវភៅ​ចោទិយកថា​ប៉ុណ្ណោះ មាន​ពាក្យ«ស្រឡាញ់»ជាង​២០​ដង។ ច្បាប់​សំខាន់​បំផុត​ទី​ពីរ​ក្នុង​ក្រិត្យ​វិន័យ​គឺ៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ»។ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧​-​៤០) រាស្ដ្រ​របស់​ព្រះ​មិន​គ្រាន់​តែ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​គ្នា​នោះ​ទេ តែ​ចំពោះ​សាសន៍​ផ្សេង​ដែល​នៅ​ក្នុង​ចំណោម​ពួក​គេ​នោះ សាសន៍​អ៊ីស្រាអែល​ក៏​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែរ​ដោយ​ចាំ​ថា ខ្លួន​ក៏​ធ្លាប់​ស្នាក់​នៅ​ប្រទេស​គេ​ដែរ។ សាសន៍​អ៊ីស្រាអែល​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ជន​ក្រី​ក្រ​និង​អ្នក​ឈឺ ដោយ​ជួយ​ពួក​គេ​ខាង​សម្ភារៈ​និង​មិន​ប្រើ​ភាព​ខ្សត់​ខ្សោយ​របស់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។ ក្រិត្យ​វិន័យ​ក៏​បាន​ណែនាំ​ឲ្យ​ពួក​គេ​មេត្ដា​ដល់​សត្វ​ពាហនៈ​ផង​ដែរ។—និក្ខមនំ ២៣:៦; លេវីវិន័យ ១៩:១៤, ៣៣, ៣៤; ចោទិយកថា ២២:៤, ១០; ២៤:១៧, ១៨

២៣​. តើ​អ្នក​តែង​ទំនុក​ដំកើង​១១៩​បាន​ត្រូវ​ជំរុញ​ឲ្យ​ធ្វើ​អ្វី? តើ​យើង​អាច​តាំង​ចិត្ដ​ធ្វើ​អ្វី?

២៣ គ្មាន​សាសន៍​ណា​ផ្សេង​ទៀត​ដែល​បាន​ទទួល​ពរ​ពី​ក្រិត្យ​វិន័យ​ទាំង​នេះ​ឡើយ។ ហេតុ​នេះ​គ្មាន​ចំ​ឡែក​អ្វី​ទេ​ដែល​អ្នក​តែង​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎!»។ ប៉ុន្ដែ សេចក្ដី​ស្រឡាញ់​របស់​គាត់​មិន​គ្រាន់​តែ​ជា​ទឹក​ចិត្ដ​មួយ​ប៉ុណ្ណោះ តែ​នោះ​ជា​អ្វី​ដែល​បាន​ជំរុញ​ឲ្យ​គាត់​មាន​ការ​ប្រព្រឹត្ដ ដ្បិត​គាត់​បាន​ព្យាយាម​ស្តាប់​តាម​ក្រិត្យ​វិន័យ​នោះ​និង​រស់​នៅ​ឲ្យ​សម​ស្រប​ទៅ​តាម​នោះ​ដែរ។ ម្យ៉ាង​ទៀត គាត់​បាន​បន្ដ​ដោយ​ថា៖ «ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុក​ដំកើង ១១៩:១១, ៩៧) ពិត​ណាស់ គាត់​ចំណាយ​ពេល​ជា​ទៀង​ទាត់​ក្នុង​ការ​សិក្សា​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។ គាត់​ពិត​ជា​ស្រឡាញ់​ក្រិត្យ​វិន័យ​នោះ​រឹត​តែ​ខ្លាំង​ពេល​គាត់​សិក្សា។ ទន្ទឹម​នឹង​នោះ សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ប្រទាន​ច្បាប់​ទាំង​នោះ​ក៏​មាន​ខ្លាំង​ទ្វេ​ឡើង​ដែរ។ នៅ​ពេល​ដែល​អ្នក​បន្ដ​សិក្សា​ក្រិត្យ​វិន័យ​របស់​ព្រះ សូម​ឲ្យ​អ្នក​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​ដែល​ប្រទាន​ច្បាប់ និង​ជា​ព្រះ​នៃ​យុត្ដិធម៌។

^ វគ្គ 8 ជា​ឧទាហរណ៍ ក្រិត្យ​វិន័យ​ស្ដី​អំពី​ការ​កប់​លា​មក ការ​បង្ខាំង​ទុក​អ្នក​ជំងឺ​ឲ្យ​នៅ​ដាច់​ពី​គេ និង​ការ​មុជ​ទឹក​បោក​សំលៀក​បំពាក់​នៅ​ពេល​ណា​ដែល​ប៉ះ​សព គឺ​ជា​ច្បាប់​ទំនើប​ជាង​សម័យ​នោះ​ឆ្ងាយ​ណាស់។—លេវីវិន័យ ១៣:៤​-​៨; ជនគណនា ១៩:១១​-​១៣, ១៧​-​១៩; ចោទិយកថា ២៣:១៣, ១៤

^ វគ្គ 9 ព្រះ​វិហារ​សាសនា​របស់​សាសន៍​កាណាន​បាន​មាន​បន្ទប់​ទុក​ដោយ​ឡែក​សំរាប់​ការ​រួម​ដំណេក រីឯ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​វិញ​បាន​ចែង​ថា អ្នក​ណា​ម្នាក់​ដែល​មិន​ស្អាត​មិន​អាច​ចូល​ក្នុង​ព្រះ​វិហារ​បាន​ទេ។ ដូច្នេះ ដោយ​ព្រោះ​ការ​រួម​ដំណេក​បាន​នាំ​ឲ្យ​មិន​ស្អាត​មួយ​រយៈ គ្មាន​អ្នក​ណា​នឹង​អាច​ធ្វើ​ឲ្យ​ការ​រួម​ដំណេក​ទៅ​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។

^ វគ្គ 10 គោល​បំណង​ចំ​បង​នៃ​ក្រិត្យ​វិន័យ​គឺ​ជា​ការ​បង្រៀន។ ការ​ពិត សព្វ​វចនាធិប្បាយ​យូដេអ៊ីខា​បាន​បញ្ជាក់​ថា ពាក្យ​ហេព្រើរ​តូរា​ដែល​ត្រូវ​បក​ប្រែ​ថា«ក្រិត្យ​វិន័យ»នោះ​មាន​ន័យ​ថា«ការ​ណែនាំ»។

^ វគ្គ 17 ក្រិត្យ​វិន័យ​នោះ​មាន​សំនួរ​ចំៗ​ថា៖ «តើ​ដើម​ឈើ​នៅ​វាល​ជា​មនុស្ស​ឬ​អី បាន​ជា​ត្រូវ​ឲ្យ​ឯង​ច្បាំង​នឹង​វា​ដែរ​ដូច្នេះ?»។ (ចោទិយកថា ២០:១៩) លោក​ភី​ឡូ បណ្ឌិត​សាសន៍​យូដា​ម្នាក់​នៅ​សត​វត្ស​ទី​មួយ​បាន​លើក​និយាយ​ពី​ច្បាប់​នេះ ដោយ​ពន្យល់​ថា ព្រះ​ចាត់​ទុក​ថា «កាល​បើ​កំហឹង​របស់​មនុស្ស​ត្រូវ​បញ្ចេញ​ទៅ​លើ​អ្វីៗ​ដែល​គ្មាន​ទោស នោះ​គឺ​អយុត្ដិធម៌»។