លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៤

ព្រះ​យេហូវ៉ា​ប្រទាន​«ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»

ព្រះ​យេហូវ៉ា​ប្រទាន​«ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»

១, ២​. តើ​ព្រះ​គម្ពីរ​ពណ៌នា​ថា​មនុស្ស​ជាតិ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា? តើ​អ្វី​ជា​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​បាន​នូវ​ការ​រំដោះ​ឲ្យ​រួច?

សាវ័ក​ប៉ុល​បាន​ពណ៌នា​ថា​មនុស្ស​ជាតិ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​គួរ​ឲ្យ​អាណិត​អាសូរ​ណាស់។ ប៉ុល​ពោល​ថា«ជីវិត​ទាំង​ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា»។ (រ៉ូម ៨:២២) មើល​ទៅ​ដូច​ជា​គ្មាន​វិធី​ណា​ដែល​មនុស្ស​ជាតិ​អាច​គេច​រួច​ផុត​ពី​ការ​ឈឺ​ចាប់ បាប និង​សេចក្ដី​ស្លាប់​បាន​ឡើយ។ ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ពី​មនុស្ស​ជាតិ ដ្បិត​សមត្ថ​ភាព​របស់​ទ្រង់​គ្មាន​កំរិត​ទេ។ (ជនគណនា ២៣:១៩) ព្រះ​នៃ​យុត្ដិធម៌​បាន​រៀប​ចំ​វិធី​មួយ​ឲ្យ​យើង​បាន​រំដោះ​រួច​ពី​ការ​លំបាក។ វិធី​នោះ​គឺ តម្លៃ​លោះ។

តម្លៃ​លោះ​ជា​អំណោយ​ដ៏​វិសេស​បំផុត​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​មនុស្ស​ជាតិ។ តម្លៃ​លោះ​នោះ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ទទួល​ការ​រំដោះ​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់។ (អេភេសូរ ១:៧) តម្លៃ​លោះ​ក៏​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​បាន​ជីវិត​ជា​រៀង​រហូត មិន​ថា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​លើ​ផែន​ដី​មនោ​រម្យ​ក៏​ដោយ។ (លូកា ២៣:៤៣; យ៉ូហាន ៣:១៦; ពេត្រុស​ទី​១ ១:៤) ប៉ុន្ដែ តើ​តម្លៃ​លោះ​ជា​អ្វី? តើ​តម្លៃ​លោះ​ជួយ​យើង​ឲ្យ​រៀន​អំពី​ភាព​យុត្ដិធម៌​ដ៏​ល្អ​ឆ្នើម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

មូលហេតុ​ដែល​ត្រូវ​ការ​តម្លៃ​លោះ

៣​. (ក) ហេតុ​អ្វី​បាន​ជា​តម្លៃ​លោះ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់? (ខ) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​អាច​ប្ដូរ​ទោស​របស់​កូន​អ័ដាម​ដែល​ត្រូវ​ស្លាប់​នោះ?

តម្លៃ​លោះ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​ដោយ​សារ​បាប​របស់​អ័ដាម។ ដោយ​ព្រោះ​អ័ដាម​មិន​បាន​ស្តាប់​បង្គាប់​ព្រះ នោះ​គាត់​នាំ​ឲ្យ​កូន​ទទួល​នូវ​ជំងឺ ការ​ឈឺ​ចាប់ ក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្លាប់។ (លោកុប្បត្ដិ ២:១៧; រ៉ូម ៨:២០) ព្រះ​មិន​អាច​អនុញ្ញាត​ឲ្យ​មនោសញ្ចេតនា​បណ្ដាល​ឲ្យ​ទ្រង់ ប្ដូរ​ទោស​កូន​របស់​អ័ដាម​ដែល​ត្រូវ​ស្លាប់​នោះ​ទេ។ បើ​ទ្រង់​ធ្វើ​ដូច្នេះ មាន​ន័យ​ថា​ទ្រង់​មិន​គោរព​តាម​ច្បាប់​ដែល​ទ្រង់​បាន​តែង ពោល​គឺ: «ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់»។ (រ៉ូម ៦:២៣) ហើយ បើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ច្បាប់​យុត្ដិធម៌​របស់​ទ្រង់​ទៅ​ជា​មោឃៈ​វិញ នោះ​ភាព​ច្របូក​ច្របល់​អនាធិបតេយ្យ​នឹង​មាន​ពាស​ពេញ​ក្នុង​សកលលោក​ទាំង​មូល!

៤, ៥​. (ក) តើ​សាតាំង​បាន​និយាយ​បង្កាច់​បង្ខូច​ព្រះ​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ត្រូវ​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​សាតាំង? (ខ) ស្ដី​អំពី​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា តើ​សាតាំង​បាន​ចោទ​ប្រកាន់​ថា​ដូច​ម្ដេច?

ដូច​ដែល​យើង​បាន​រៀន​នៅ​ជំពូក​ទី​១២ ការ​បះបោរ​នៅ​សួន​ច្បារ​អេដែន​បាន​បង្ក​រឿង​ធ្ងន់ធ្ងរ​ដ៏​ធំ​ខ្លះៗ។ សាតាំង​បាន​បង្ខូច​បង្អាប់​កិត្ដិនាម​ព្រះ។ បើ​និយាយ​ឲ្យ​ចំ​ទៅ វា​បាន​ចោទ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ភូតភរ និង​កាន់​អំណាច​ផ្ដាច់​ការ​យ៉ាង​សាហាវ ដោយ​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ដែល​ទ្រង់​បង្កើត។ (លោកុប្បត្ដិ ៣:១​-​៥) ព្រះ​មាន​គោល​បំណង​ឲ្យ​ផែន​ដី​ពេញ​ទៅ​ដោយ​មនុស្ស​សុចរិត។ ក៏​ប៉ុន្ដែ ដោយ​ព្រោះ​មើល​ទៅ​ដូច​ជា​សាតាំង​បាន​រាំង​ស្កាត់​គោល​បំណង​របស់​ព្រះ​នោះ គឺ​ប្រៀប​ដូច​ជា​សាតាំង​ចោទ​ថា​ព្រះ​បាន​បរាជ័យ​ហើយ។ (លោកុប្បត្ដិ ១:២៨; អេសាយ ៥៥:១០, ១១) បើ​ព្រះ​យេហូវ៉ា​មិន​ឆ្លើយ​តប​នឹង​ចំណោទ​ទាំង​នេះ បុគ្គល​ជា​ច្រើន​ដែល​ទ្រង់​បាន​បង្កើត ប្រហែល​ជា​លែង​ទុក​ចិត្ដ​ទៅ​លើ​ការ​គ្រប់​គ្រង​របស់​ទ្រង់​ទៀត​ហើយ។

សាតាំង​ក៏​បាន​និយាយ​បង្កាច់​បង្ខូច​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែរ ដោយ​ចោទ​ថា ពួក​គេ​បំរើ​ទ្រង់​ដើម្បី​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ ហើយ​ថា​បើ​មាន​ការ​គាប​សង្កត់ នោះ​ពួក​គេ​គ្រប់​គ្នា​នឹង​លែង​មាន​ចិត្ដ​ស្មោះ​ត្រង់​នឹង​ព្រះ​ត​ទៅ​ទៀត​ដែរ។ (យ៉ូប ១:៩​-​១១) រឿង​ចំណោទ​ទាំង​នេះ​គឺ​សំខាន់​ជាង​ទុក្ខ​លំបាក​របស់​មនុស្ស​ជាតិ​ឆ្ងាយ​ណាស់។ គឺ​សមរម្យ​ណាស់​ដែល​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឆ្លើយ​តប​នឹង​ការ​ចោទ​បង្កាច់​បង្ខូច​របស់​សាតាំង។ ប៉ុន្ដែ តើ​ព្រះ​អាច​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ហើយ​នៅ​ដំណាល​គ្នា​នោះ​សង្គ្រោះ​មនុស្ស​ជាតិ​យ៉ាង​ដូច​ម្ដេច?

តម្លៃ​លោះ​គឺ​មាន​តម្លៃ​ស្មើ

៦​. តើ​អ្វី​ជា​ពាក្យ​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​ត្រូវ​ប្រើ​ដើម្បី​ពណ៌នា​អំពី​វិធី​ដែល​ព្រះ​សង្គ្រោះ​មនុស្ស​ជាតិ?

របៀប​ព្រះ​យេហូវ៉ា​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​ពីរ​នេះ​គឺ​ប្រកប​ដោយ​ក្ដី​មេត្ដា​ករុណា​និង​មាន​ភាព​យុត្ដិធម៌​ជា​ទី​បំផុត ហើយ​ជា​វិធី​មួយ​ដែល​មនុស្ស​ជាតិ​ពុំ​អាច​នឹក​ឃើញ​បាន​ឡើយ។ ប៉ុន្ដែ វិធី​ដោះ​ស្រាយ​នោះ​ក៏​ស្រួល​ជា​ទី​បំផុត​ដែរ ហើយ​បាន​ត្រូវ​ហៅ​ថា ការ​ផ្សះ​ផ្សា ការ​តាំង​ស្ពាន​មេត្រី និង​ការ​ធួន។ (ដានីយ៉ែល ៩:២៤; កូល៉ុស ១:២០; ហេព្រើរ ២:១៧) ប៉ុន្ដែ ព្រះ​យេស៊ូ​ផ្ទាល់​បាន​ប្រើ​ពាក្យ​សម​បំផុត​ដើម្បី​ពណ៌នា​អំពី​វិធី​នេះ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ[ភាសា​ក្រិច, លិ​-​ត្រ​ន]មនុស្ស​ជា​ច្រើន​ផង»។—ម៉ាថាយ ២០:២៨

៧, ៨​. (ក) តើ​ពាក្យ«តម្លៃ​លោះ»មាន​ន័យ​ដូច​ម្ដេច​ក្នុង​បទ​គម្ពីរ? (ខ) តើ​តម្លៃ​លោះ​ទាក់​ទង​នឹង​ភាព​ស្មើ​គ្នា​យ៉ាង​ដូច​ម្ដេច?

តើ​តម្លៃ​លោះ​ជា​អ្វី? ពាក្យ​ភាសា​ក្រិច​នេះ​ក្លាយ​មក​ពី​កិរិយា​ស័ព្ទ​មួយ​ដែល​មាន​ន័យ​ថា«ដោះ​លែង​ឬ​រំដោះ»។ ពាក្យ​នេះ​ត្រូវ​ប្រើ​សំដៅ​ទៅ​លើ​លុយ​ដែល​ត្រូវ​បង់​ដើម្បី​រំដោះ​ឈ្លើយ​សឹក។ ដូច្នេះ ជា​បឋម តម្លៃ​លោះ​អាច​ត្រូវ​បក​ស្រាយ​ជា​តម្លៃ​ដែល​ត្រូវ​បង់​ដើម្បី​ប្ដូរ​យក​អ្វី​មួយ​មក​វិញ។ ក្នុង​បទ​គម្ពីរ​ហេព្រើរ ពាក្យ​ថា«ថ្លៃ​លោះ»(កូ​-​ហ្វា)​ជា​ពាក្យ​មួយ​ក្លាយ​មក​ពី​កិរិយា​ស័ព្ទ​ដែល​មាន​ន័យ​ថា«គ្រប»។ ជា​ឧទាហរណ៍ ក្នុង​ភាសា​ដើម ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ណូអេ​ថា គាត់​ត្រូវ«ពរ»[ភាសា​ហេព្រើរ, «គ្រប»]ទូក​នឹង​ជ័រ។ (លោកុប្បត្ដិ ៦:១៤) នេះ​ជួយ​យើង​យល់​ថា តម្លៃ​លោះ​គ្រប​បាំង​អំពើ​បាប។

វចនានុក្រម​សញ្ញា​ថ្មី​បញ្ជាក់​ចំណុច​សំខាន់​មួយ​ថា ពាក្យ​នេះ(កូ​-​ហ្វា)«តែង​តែ​សំដៅ​ទៅ​លើ​អ្វី​ពីរ​ដែល​ស្មើ​គ្នា»ឬ​ក៏​ត្រូវ​គ្នា។ ដូច្នេះ គម្រប​របស់​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​មាន​សណ្ឋាន​ត្រូវ​នឹង​ហិប ហេតុ​នេះ​វា​អាច​គ្រប​ត្រូវ​នឹង​ហិប។ ស្រដៀង​គ្នា​ដែរ ដើម្បី​លោះ​ឬ​ក៏​បំបាត់​អំពើ​បាប​ចោល ត្រូវ​សង​តម្លៃ​ដែល​ស្មើ​ដើម្បី​គ្រប​បាំង​ឲ្យ​ពេញ​លេញ​នូវ​លទ្ធផល​អាក្រក់​នៃ​អំពើ​បាប។ ហេតុ​នេះ ក្រិត្យ​វិន័យ​របស់​ព្រះ​សំរាប់​ជន​ជាតិ​អ៊ីស្រាអែល​ចែង​ថា៖«ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ធួន​នឹង​ជីវិត ភ្នែក​ធួន​នឹង​ភ្នែក ធ្មេញ​ធួន​នឹង​ធ្មេញ​ដៃ​ធួន​នឹង​ដៃ ជើង​ធួន​នឹង​ជើង​វិញ»។—ចោទិយកថា ១៩:២១

៩​. ហេតុ​អ្វី​បុរស​ដែល​មាន​ជំនឿ​ធ្លាប់​ថ្វាយ​ដង្វាយ? តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​យ៉ាង​ណា​ចំពោះ​ដង្វាយ​ទាំង​នេះ?

បុរស​ដ៏​ស្មោះ​ត្រង់​ផ្សេង​ទៀត​ចាប់​ពី​អេបិល​មក បាន​ថ្វាយ​ដង្វាយ​សត្វ​ជូន​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បាន​បង្ហាញ​ការ​យល់​ដឹង​អំពី​អំពើ​បាប​និង​ភាព​ចាំ​បាច់​នៃ​ការ​លោះ ហើយ​ក៏​បាន​បង្ហាញ​ថា​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ស្ដី​អំពី​ការ​រំដោះ​ឲ្យ​រួច​តាម​រយៈ«ពូជ»របស់​ទ្រង់។ (លោកុប្បត្ដិ ៣:១៥; ៤:១​-​៤; លេវីវិន័យ ១៧:១១; ហេព្រើរ ១១:៤) ព្រះ​យេហូវ៉ា​បាន​ពេញ​ព្រះ​ហឫទ័យ​នឹង​ដង្វាយ​ទាំង​នេះ ហើយ​បាន​ប្រទាន​ព្រះ​គុណ​ចំពោះ​អ្នក​ថ្វាយ​បង្គំ​ដែល​បាន​ថ្វាយ​ដង្វាយ​នោះ។ យ៉ាង​ណា​ក៏​ដោយ ដង្វាយ​សត្វ​គ្រាន់​តែ​មាន​ប្រយោជន៍​ក្នុង​ការ​តំណាង​ប៉ុណ្ណោះ។ សត្វ​មិន​អាច​គ្រប​បាំង​បាប​របស់​មនុស្ស​ជាតិ​បាន​ឡើយ ដ្បិត​សត្វ​គឺ​ជំពូក​ភាវៈ​រស់​ដែល​ទាប​ជាង​មនុស្ស។ (ទំនុក​ដំកើង ៨:៤​-​៨) ដូច្នេះ ព្រះ​គម្ពីរ​ចែង​ថា៖«ដ្បិត​ឈាម​គោ​ឈ្មោល នឹង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ»។ (ហេព្រើរ ១០:១​-​៤) ដង្វាយ​ទាំង​នេះ​គ្រាន់​តែ​ជា​និមិត្ដរូប​តំណាង​ដង្វាយ​លោះ​ដ៏​ពិត​មួយ​នៅ​អនាគត។

«ថ្លៃ​លោះ​ដែល​ស្មើ»

១០​. (ក) តើ​អ្នក​ដែល​ផ្ដល់​តម្លៃ​លោះ​ត្រូវ​ស្មើ​នឹង​អ្នក​ណា? ហើយ​ហេតុ​អ្វី? (ខ) ហេតុ​អ្វី​ត្រូវ​ការ​មនុស្ស​តែ​ម្នាក់​ដើម្បី​បូជា​ជីវិត?

១០ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖«គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម»។ (កូរិនថូសទី១ ១៥:២២) ដូច្នេះ តម្លៃ​លោះ​ទាក់​ទង​នឹង​ការ​ស្លាប់​នៃ​មនុស្ស​ម្នាក់​ដែល​ស្មើ​នឹង​អ័ដាម គឺ​ថា​មនុស្ស​ម្នាក់​ដែល​គ្រប់​ល័ក្ខណ៍។ (រ៉ូម ៥:១៤) ក្រៅ​ពី​បុគ្គល​គ្រប់​ល័ក្ខណ៍​មួយ​រូប គ្មាន​ភាវៈ​រស់​ណា​ផ្សេង​ទៀត​មាន​តម្លៃ​ស្មើ​តាម​ដែល​យុត្ដិធម៌​ទាម​ទារ​នោះ​ទេ។ មាន​តែ​មនុស្ស​ម្នាក់​គ្រប់​ល័ក្ខណ៍ ដែល​គ្មាន​សេចក្ដី​ស្លាប់​ជា​ទោស​ពី​អ័ដាម​មក ទើប​អាច​ផ្ដល់«ថ្លៃ​លោះ[«ដែល​ស្មើ», ព.ថ.]» ឬ​ថា​ស្មើ​ទាំង​ស្រុង​នឹង​អ័ដាម។ (ធីម៉ូថេ​ទី​១ ២:៦) មិន​ចាំ​បាច់​បូជា​ជីវិត​មនុស្ស​រាប់​លាន​នាក់​ដើម្បី​ស្មើ​នឹង​កូន​ម្នាក់ៗ​របស់​អ័ដាម​ទេ។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា៖«បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ​សារ​មនុស្ស​តែ​ម្នាក់​[អ័ដាម]»។ (រ៉ូម ៥:១២, កំណែ​ជា​អក្សរ​ទ្រេត) ម្យ៉ាង​ទៀត «ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ​សារ​មនុស្ស[ម្នាក់]» នោះ​ព្រះ​បាន​រៀប​ចំ​វិធី​លោះ​មនុស្ស«ដោយ​សារ​មនុស្ស​[ម្នាក់]​ដែរ»។ (កូរិនថូស​ទី​១ ១៥:២១) តើ​យ៉ាង​ដូច​ម្ដេច?

‹ថ្លៃ​លោះ​ដែល​ស្មើ​សំរាប់​មនុស្ស​ទាំង​អស់›

១១​. (ក) តើ​អ្នក​ដែល​បង់​តម្លៃ​លោះ​នឹង«ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់»យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​បាន​ជា​អ័ដាម​និង​អេវ៉ា​មិន​អាច​ទទួល​ប្រយោជន៍​ពី​តម្លៃ​លោះ​នោះ? (សូម​មើល​សម្គាល់​ហេតុ)

១១ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​មាន​បុរស​ម្នាក់​គ្រប់​ល័ក្ខណ៍​បូជា​ជីវិត​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ដ។ យោង​ទៅ​តាម​រ៉ូម ៦:២៣ ៖ «ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់»។ ពេល​អ្នក​ដែល​បង់​តម្លៃ​លោះ​នោះ​ត្រូវ​បូជា​ជីវិត គាត់«ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់»។ បើ​និយាយ​ម្យ៉ាង​ទៀត គាត់​នឹង​បង់​ឈ្នួល​នៃ​បាប​របស់​អ័ដាម។ (ហេព្រើរ ២:៩; កូរិនថូសទី២ ៥:២១; ពេត្រុសទី១ ២:២៤) បើ​គិត​ខាង​ផ្នែក​ច្បាប់​វិញ ការ​បង់​ឈ្នួល​នេះ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ណាស់។ តម្លៃ​លោះ​នោះ​កាត់​ផ្ដាច់​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​នៃ​បាប​ចាប់​ពី​ប្រភព​មក ដោយ​ធ្វើ​ឲ្យ​ទោស​ស្លាប់​ដែល​កូន​អ័ដាម​បាន​ទទួល ទៅ​ជា​មោឃៈ​វិញ។ *រ៉ូម ៥:១៦

១២​. សូម​ពន្យល់​នូវ​របៀប​ដែល​ការ​សង​បំណុល​តែ​មួយ អាច​ជួយ​មនុស្ស​ជា​ច្រើន​បាន។

១២ ជា​ឧទាហរណ៍: សូម​គិត​ក្នុង​ចិត្ដ​ថា អ្នក​រស់​ក្នុង​ភូមិ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​នៅ​ភូមិ​នោះ​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ដ៏​ធំ​មួយ។ អ្នក​និង​អ្នក​ជិត​ខាង​ទទួល​ប្រាក់​ខែ​ច្រើន​គួរ​សម ធ្វើ​ឲ្យ​មាន​ជីវភាព​សុខ​ស្រួល ស្រាប់​តែ​នៅ​ថ្ងៃ​មួយ រោង​ចក្រ​នោះ​បិទ​ទ្វារ​លែង​ដំណើរ​ការ​ទៀត។ ហេតុ​អ្វី? ដោយ​សារ​ប្រធាន​រោង​ចក្រ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​រោង​ចក្រ​រលំ។ ខ្លួន​អ្នក​និង​អ្នក​ជិត​ខាង​គ្មាន​ការ​ងារ​ធ្វើ និង​មិន​អាច​ចិញ្ចឹម​ជីវិត​ទៀត​បាន​ទេ។ គូ​អាពាហ៍ពិពាហ៍ កូន និង​ម្ចាស់​បំណុល​របស់​អ្នក​ត្រូវ​លំបាក​ទាំង​អស់​គ្នា​ដោយ​សារ​អំពើ​ពុក​រលួយ​របស់​បុរស​តែ​ម្នាក់។ តើ​មាន​វិធី​ដោះ​ស្រាយ​ទេ? ពិត​ជា​មាន​មែន! សប្បុរស​ជន​អ្នក​មាន​ម្នាក់​សម្រេច​ចិត្ដ​ជួយ។ គាត់​យល់​ថា​រោង​ចក្រ​នោះ​មាន​តម្លៃ​ណាស់។ គាត់​ក៏​មាន​ទឹក​ចិត្ដ​អាណិត​អាសូរ​ចំពោះ​បុគ្គលិក​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ទី​នោះ​និង​គ្រួសារ​របស់​ពួក​គេ។ ដូច្នេះ គាត់​រៀប​ចំ​សង​បំណុល​របស់​រោង​ចក្រ​នោះ និង​បើក​រោង​ចក្រ​វិញ។ ការ​លុប​ចោល​បំណុល​តែ​មួយ​នោះ បញ្ឈប់​នូវ​ការ​ពិបាក​របស់​បុគ្គលិក​រាប់​សិប​នាក់ ព្រម​ទាំង​ក្រុម​គ្រួសារ និង​ម្ចាស់​បំណុល។ ស្រដៀង​គ្នា​ដែរ ការ​លុប​ចោល​នូវ​បំណុល​របស់​អ័ដាម ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​រាប់​សិប​លាន​នាក់។

តើ​អ្នក​ណា​ផ្ដល់​នូវ​តម្លៃ​លោះ?

១៣, ១៤​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​តម្លៃ​លោះ​សំរាប់​មនុស្ស​ជាតិ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​តម្លៃ​លោះ​ត្រូវ​បង់​ថ្វាយ​អ្នក​ណា? ហើយ​ហេតុ​អ្វី​ការ​បង់​នេះ​គឺ​ចាំ​បាច់?

១៣ មាន​តែ​ព្រះ​យេហូវ៉ា​ដែល​អាច​ផ្ដល់​នូវ«កូន​ចៀម . . . ដែល​ដោះ​បាប​មនុស្ស​លោក»។ (យ៉ូហាន ១:២៩) ប៉ុន្ដែ ព្រះ​មិន​បាន​បិទ​ព្រះ​នេត្រ​រើស​ទេវតា​មួយ​ដើម្បី​សង្គ្រោះ​មនុស្ស​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ចាត់​បុគ្គល​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​ចម្លើយ​មួយ​ដង​ជា​ការ​ស្រេច​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ទៅ​លើ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា។ ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​ពលិ​អ្វី​ដែល​មាន​តម្លៃ​បំផុត នៅ​ពេល​ទ្រង់​ចាត់​រាជបុត្រា​តែ​មួយ​ដែល«ជា​ទី​គាប់​ព្រះ​ហឫទ័យ»ទ្រង់។ (សុភាសិត ៨:៣០) ដោយ​ការ​ស្ម័គ្រ​ចិត្ដ រាជបុត្រា​របស់​ព្រះ​បាន«លះ​បង់​ព្រះ​អង្គ​ទ្រង់»គឺ ព្រះ​ជន្ម​នៅ​ស្ថាន​សួគ៌។ (ភីលីព ២:៧) ដោយ​អព្ភូតហេតុ ព្រះ​យេហូវ៉ា​យក​ព្រះ​ជន្ម​និង​បុគ្គលិក​លក្ខណៈ​របស់​រាជបុត្រា​ច្បង​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌​ហើយ​ផ្ទេរ​ទៅ​ក្នុង​ផ្ទៃ​របស់​ស្រី​ក្រមុំ​បរិសុទ្ធ​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា​រា។ (លូកា ១:២៧, ៣៥) ជា​មនុស្ស​ប្រុស​មួយ​រូប រាជបុត្រា​នេះ​នឹង​ត្រូវ​ហៅ​ថា យេស៊ូ។ ប៉ុន្ដែ​តាម​ច្បាប់ ទ្រង់​អាច​ហៅ​ថា អ័ដាម​ទី​ពីរ ដ្បិត​ទ្រង់​គឺ​ស្មើ​នឹង​អ័ដាម​គ្រប់​លក្ខណៈ។ (កូរិនថូសទី១ ១៥:៤៥, ៤៧) យ៉ាង​នេះ ព្រះ​យេស៊ូ​អាច​ផ្ដល់​អង្គ​ទ្រង់​ជា​តម្លៃ​លោះ​សំរាប់​មនុស្ស​ដែល​មាន​បាប។

១៤ តើ​តម្លៃ​លោះ​នោះ​ត្រូវ​បង់​ចំពោះ​អ្នក​ណា? ទំនុក​ដំកើង ៤៩:៧ ចែង​យ៉ាង​ជាក់​ច្បាស់​ថា តម្លៃ​លោះ​ត្រូវ​បង់«ថ្វាយ​ដល់​ព្រះ»។ ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​ផ្គត់​ផ្គង់​តម្លៃ​លោះ មែន​ទេ? ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​តម្លៃ​លោះ​ពិត​មែន។ ប៉ុន្ដែ នេះ​មិន​បាន​ន័យ​ថា តម្លៃ​លោះ​ជា​ការ​ប្ដូរ​ដែល​គ្មាន​ន័យ ប្រៀប​ដូច​ជា​ការ​ដក​លុយ​ចេញ​ពី​ហោប៉ៅ​មួយ រួច​ដាក់​ក្នុង​ហោប៉ៅ​មួយ​ផ្សេង​ទៀត​នោះ​ទេ។ យើង​ត្រូវ​យល់​ថា តម្លៃ​លោះ​មិន​មែន​ជា​ការ​ប្ដូរ​ទេ តែ​គឺ​ជា​កិច្ច​ដើម្បី​គម្រប់​ច្បាប់​វិញ។ ដោយ​ផ្ដល់​តម្លៃ​លោះ ទោះ​ជា​ព្រះ​យេហូវ៉ា​ត្រូវ​ពលិ​អ្វី​ដែល​មាន​តម្លៃ​វិសេស​ណាស់​ចំពោះ​ទ្រង់​ក៏​ដោយ​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា ទ្រង់​កាន់​តាម​គោល​ការណ៍​យុត្ដិធម៌​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ។—លោកុប្បត្ដិ ២២:៧, ៨, ១១​-​១៣; ហេព្រើរ ១១:១៧; យ៉ាកុប ១:១៧

១៥​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ចាំ​បាច់​រង​ទុក្ខ​ហើយ​សោយ​ទិវង្គត?

១៥ នៅ​រដូវ​ផ្កា​រីក​នា​ឆ្នាំ​៣៣​ស.យ. ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សុខ​ព្រះ​ទ័យ​រង​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដែល​បាន​នាំ​ទៅ​ដល់​ការ​បង់​តម្លៃ​លោះ។ ព្រះ​យេស៊ូ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ចាប់​ខ្លួន​ទ្រង់​ដោយ​អាង​ការ​ចោទ​ប្រកាន់​មិន​ពិត ថែម​ទាំង​គេ​កាត់​ក្ដី​ថា​មាន​ទោស និង​ប្រហារ​ព្រះ​ជន្ម​ដោយ​យក​ទៅ​បោះ​ដែក​គោល​ភ្ជាប់​នឹង​បង្គោល។ តើ​ព្រះ​យេស៊ូ​ចាំ​បាច់​ឈឺ​ចាប់​ដល់​ថ្នាក់​នេះ​ឬ? គឺ​ចាំ​បាច់​ទេ ពីព្រោះ​រឿង​ទាក់​ទង​នឹង​ភាព​ស្មោះ​ត្រង់​នៃ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ដោះ​ស្រាយ​មួយ​ដង​ជា​ស្រេច។ គួរ​ឲ្យ​កត់​សម្គាល់​ថា ព្រះ​មិន​បាន​អនុញ្ញាត​ឲ្យ​ហេរ៉ូឌ​សម្លាប់​ព្រះ​យេស៊ូ​ពេល​ទ្រង់​ជា​ទារក​ឡើយ។ (ម៉ាថាយ ២:១៣​-​១៨) ប៉ុន្ដែ ពេល​ព្រះ​យេស៊ូ​ជា​មនុស្ស​ពេញ​វ័យ​វិញ ទ្រង់​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ពាធា​ពេញ​ទំហឹង​ពី​សាតាំង​ដោយ​យល់​យ៉ាង​ពេញ​លេញ​អំពី​រឿង​ចំណោទ​ដែល​ពាក់​ព័ន្ធ។ * ដោយ​សារ​ទ្រង់​រក្សា​ខ្លួន​ឲ្យ​បាន«បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប»ទោះ​ជា​គេ​ប្រព្រឹត្ដ​មក​លើ​ទ្រង់​យ៉ាង​សាហាវ​ក្រៃ​លែង​ក៏​ដោយ នោះ​ព្រះ​យេស៊ូ​បង្ហាញ​មួយ​ដង​ជា​ការ​ស្រេច​ថា ព្រះ​យេហូវ៉ា​មាន​អ្នក​បំរើ​ដែល​នៅ​ស្មោះ​ត្រង់​ចំពោះ​មុខ​ការ​បៀតបៀន​ហើយ​ល្បង​ល។ (ហេព្រើរ ៧:២៦) ហេតុ​នេះ​គ្មាន​អ្វី​ចំ​ឡែក​ឡើយ​ដែល​ថា មុន​ព្រះ​យេស៊ូ​ផុត​ដង្ហើម​សោយ​ទិវង្គត​ទៅ ទ្រង់​បន្លឺ​ព្រះ​សៀង​បញ្ជាក់​ជ័យ​ជំនះ​ថា៖ «ខ្ញុំ​បាន​សំរេច​សព្វ​គ្រប់​អស់​ហើយ!»។—យ៉ូហាន ១៩:៣០, ខ​.​ស​.

ការ​បង្ហើយ​កិច្ច​ការ​រំដោះ​របស់​ទ្រង់

១៦, ១៧​. (ក) តើ​ព្រះ​យេស៊ូ​បាន​បន្ដ​កិច្ច​ការ​រំដោះ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ដែល​ព្រះ​យេស៊ូ​ចូល​មក«នៅ​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ»?

១៦ នៅ​ពេល​នោះ ព្រះ​យេស៊ូ​មិន​ទាន់​បង្ហើយ​កិច្ច​ការ​រំដោះ​របស់​ទ្រង់​ឡើយ។ នៅ​ថ្ងៃ​ទី​បី​ក្រោយ​ទ្រង់​សោយ​ទិវង្គត​នោះ ព្រះ​យេហូវ៉ា​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ (កិច្ច​ការ ៣:១៥; ១០:៤០) ដោយ​ការ​ប្រោស​ដ៏​សំខាន់​នេះ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ប្រទាន​រង្វាន់​ចំពោះ​រាជបុត្រា​សំរាប់​កិច្ច​ការ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ទេ ប៉ុន្ដែ ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​ទ្រង់​បង្ហើយ​កិច្ច​ការ​រំដោះ​ជា​សម្ដេច​សង្ឃ​របស់​ព្រះ​ដែរ។ (រ៉ូម ១:៤; កូរិនថូសទី១ ១៥:៣​-​៨) សាវ័ក​ប៉ុល​បាន​ពន្យល់​ថា៖ «កាល​ព្រះ​គ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សំដេច​សង្ឃ . . . ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​កល្ប​ជា​និច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ​លោហិត​នៃ​អង្គ​ទ្រង់​វិញ។ ដ្បិត​ព្រះ​គ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ ដំ​ណាង​យើង​រាល់​គ្នា»។—ហេព្រើរ ៩:១១, ១២, ២៤

១៧ ព្រះ​គ្រីស្ទ​មិន​អាច​យក​ព្រះ​លោហិត​របស់​ទ្រង់​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​បាន​ឡើយ។ (កូរិនថូសទី១ ១៥:៥០) ក៏​ប៉ុន្ដែ ទ្រង់​បាន​យក​អ្វី​ដែល​ព្រះ​លោហិត​ទ្រង់​បាន​តំណាង ពោល​គឺ តម្លៃ​តាម​ច្បាប់​នៃ​ជីវិត​គ្រប់​ល័ក្ខណ៍​ដែល​ទ្រង់​បាន​បូជា។ ពេល​នោះ នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​ព្រះ ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ​ជា​ផ្លូវ​ការ​នូវ​តម្លៃ​នៃ​ជីវិត​នោះ​ជា​ថ្លៃ​លោះ​មនុស្ស​ជាតិ​ដែល​មាន​បាប។ តើ​ព្រះ​យេហូវ៉ា​ព្រម​ទទួល​តម្លៃ​លោះ​នោះ​ឬ​ទេ? ទ្រង់​បាន​ទទួល​ពិត​មែន។ នេះ​គឺ​ឃើញ​ជាក់​ស្ដែង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣​ស.យ. ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ត្រូវ​ចាក់​មក​លើ​សិស្ស​១២០​នាក់​នៅ​ទី​ក្រុង​យេរូសាឡិម។ (កិច្ច​ការ ២:១​-​៤) ទោះ​ជា​ពេល​នោះ​ជា​គ្រា​គួរ​ឲ្យ​រំភើប​ចិត្ដ​ណាស់​ក៏​ដោយ តែ​នេះ​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រយោជន៍​ដ៏​ប្រសើរ​ដែល​នឹង​ផ្ដល់​ដោយ​តម្លៃ​លោះ។

ប្រយោជន៍​នៃ​តម្លៃ​លោះ

១៨, ១៩​. (ក) តើ​ក្រុម​ពីរ​អ្វី​ដែល​ទទួល​ប្រយោជន៍​ពី​ការ​ផ្សះ​ផ្សា​តាម​រយៈ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ? (ខ) ចំណែក‹មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ›វិញ តើ​ពួក​គេ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​តម្លៃ​លោះ​នៅ​ឥឡូវ​នេះ និង​នា​អនាគត?

១៨ ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ជន​គ្រីស្ទាន​នៅ​ក្រុង​កូល៉ុស គាត់​ពន្យល់​ថា​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ប្រើ​ព្រះ​គ្រីស្ទ​ជា​ខ្សែ​រយៈ​ដើម្បី​ផ្សះ​ផ្សា​អ្វីៗ​ទាំង​អស់​ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ ផ្អែក​លើ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​បង្ហូរ​លើ​បង្គោល​ទារុណកម្ម​ជា​មូលដ្ឋាន​នៃ​ការ​ផ្សះ​ផ្សា​ឲ្យ​មាន​មេត្រី​ភាព​វិញ។ ប៉ុល​ក៏​ពន្យល់​ដែរ​ថា ការ​ផ្សះ​ផ្សា​នេះ​រួម​បញ្ចូល​ក្រុម​ពីរ​ដោយ​ឡែក ពោល​គឺ«របស់​នៅ​ស្ថាន​សួគ៌»និង«របស់​នៅ​ផែន​ដី»។ (កូល៉ុស ១:១៩, ២០; អេភេសូរ ១:១០) ក្រុម​ទី​មួយ​ជា​គ្រីស្ទាន​១៤៤.០០០​នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​បំរើ​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌ និង​គ្រប់​គ្រង​មក​លើ​ផែន​ដី​ជា​មួយ​ព្រះ​គ្រីស្ទ​យេស៊ូ។ (វិវរណៈ ៥:៩, ១០; ៧:៤; ១៤:១​-​៣) តាម​រយៈ​អ្នក​ទាំង​នេះ មនុស្ស​ជាតិ​ដែល​ស្តាប់​បង្គាប់​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នឹង​ទទួល​នូវ​ប្រយោជន៍​នៃ​តម្លៃ​លោះ​បន្ដិច​ម្ដងៗ។—កូរិនថូសទី១ ១៥:២៤​-​២៦; វិវរណៈ ២០:៦; ២១:៣, ៤

១៩ «របស់​នៅ​ផែន​ដី»គឺ​ជា​បុគ្គល​ដែល​នឹង​ទទួល​ជីវិត​គ្រប់​ល័ក្ខណ៍​ក្នុង​សួន​មនោ​រម្យ​នៅ​លើ​ផែន​ដី។ វិវរណៈ ៧:៩​-​១៧ ពណ៌នា​អំពី​អ្នក​ទាំង​នេះ​ថា«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​នឹង​រួច​រស់​ជីវិត​ផុត​ពី«គ្រា​វេទនា​យ៉ាង​ធំ»។ ប៉ុន្ដែ ពួក​គេ​មិន​ចាំ​បាច់​រង់​ចាំ​រហូត​ដល់​ពេល​នោះ​ដើម្បី​ទទួល​ប្រយោជន៍​ពី​តម្លៃ​លោះ​នោះ​ទេ។ ពួក​គេ​បាន«បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម»រួច​ហើយ។ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ ពួក​គេ​កំពុង​តែ​ទទួល​ប្រយោជន៍​ខាង​វិញ្ញាណ​ពី​សំ​វិធានការ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ​គឺ តម្លៃ​លោះ ដោយ​ព្រោះ​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​តម្លៃ​លោះ​នោះ។ ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ថា​សុចរិត​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ! (យ៉ាកុប ២:២៣) លទ្ធផល​ពី​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ ពួក​គេ​អាច«មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​ក្លាហាន»។ (ហេព្រើរ ៤:១៤​-​១៦) ពេល​ធ្វើ​ខុស នោះ​ពួក​គេ​ទទួល​ការ​អត់​ឱន​ទោស​ដ៏​ពិត។ (អេភេសូរ ១:៧) ទោះ​ជា​ពួក​គេ​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ក៏​ពួក​គេ​មាន​មនសិការ​ជ្រះ​ថ្លា​ដែរ។ (ហេព្រើរ ៩:៩; ១០:២២; ពេត្រុសទី១ ៣:២១) ដូច្នេះ ការ​ផ្សះ​ផ្សា​ឲ្យ​ជា​នា​នឹង​ព្រះ​មិន​មែន​ជា​អ្វី​ដែល​យើង​កំពុង​តែ​រង់​ចាំ​នោះ​ទេ តែ​នោះ​បាន​កើត​ឡើង​ហើយ! (កូរិនថូសទី២ ៥:១៩, ២០) ក្នុង​កំឡុង​នៃ​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ ពួក​គេ​នឹង«បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ»បន្ដិច​ម្ដងៗ។—រ៉ូម ៨:២១

២០​. តើ​ការ​រំពឹង​គិត​អំពី​តម្លៃ​លោះ​មាន​ឥទ្ធិពល​ទៅ​លើ​ទឹក​ចិត្ដ​អ្នក​ផ្ទាល់​យ៉ាង​ដូច​ម្ដេច?

២០ «អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ គឺ​ដោយ​សារ​ព្រះ​យេស៊ូ​វ​គ្រីស្ទ»ដែល​ផ្ដល់​តម្លៃ​លោះ! (រ៉ូម ៧:២៥) តម្លៃ​លោះ​គឺ​ស្រួល​យល់ តែ​ពេញ​ដោយ​ខ្លឹម​សារ​ជ្រាល​ជ្រៅ​ដល់​ម៉្លេះ​ដែល​យើង​កោត​ស្ងើច​ណាស់។ (រ៉ូម ១១:៣៣) ហើយ​បើ​យើង​រំពឹង​គិត​ដោយ​មាន​កតញ្ញូ​ធម៌​អំពី​តម្លៃ​លោះ តម្លៃ​លោះ​នឹង​ជំរុញ​ទឹក​ចិត្ដ​យើង ឲ្យ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​នៃ​យុត្ដិធម៌។ យើង​ក៏​ដូច​ជា​អ្នក​តែង​បទ​ទំនុក​ដំកើង គឺ​មាន​ហេតុ​ជា​ច្រើន​ដែល​យើង​គួរ​សរសើរ​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ«ស្រឡាញ់​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្ដិធម៌»។—ទំនុក​ដំកើង ៣៣:៥

^ វគ្គ 11 អ័ដាម​និង​អេវ៉ា​មិន​អាច​ទទួល​ប្រយោជន៍​ពី​តម្លៃ​លោះ​បាន​ទេ។ គោល​ការណ៍​ក្នុង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​អំពី​ឃាតករ​ដែល​សម្លាប់​គេ​ដោយ​ចេតនា​ចែង​ថា៖ «មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សំណូក​អ្វី នឹង​លោះ​ជីវិត​អ្នក​ណា ដែល​មាន​ទោស​ជា​អ្នក​សំឡាប់​គេ​ឡើយ»។ (ជនគណនា ៣៥:៣១) ច្បាស់​ហើយ អ័ដាម​និង​អេវ៉ា​សម​នឹង​ស្លាប់​ពីព្រោះ​ពួក​គេ​មាន​ចេតនា​មិន​ស្តាប់​បង្គាប់ ទោះ​ជា​ពួក​គេ​ដឹង​នូវ​លទ្ធផល​ចុង​ក្រោយ​ក៏​ដោយ។ ពួក​គេ​បោះបង់​ចោល​លទ្ធភាព​ទទួល​បាន​ជីវិត​ជា​រៀង​រហូត។

^ វគ្គ 15 ព្រះ​យេស៊ូ​ត្រូវ​សោយ​ទិវង្គត​ពេល​ទ្រង់​ជា​បុរស​គ្រប់​ល័ក្ខណ៍ មិន​មែន​ពេល​នៅ​ក្មេង​តូច​ទេ ដើម្បី​ស្មើ​នឹង​អ័ដាម​ពេល​អ័ដាម​ធ្វើ​បាប​នោះ។ សូម​ចាំ​ថា អ័ដាម​ធ្វើ​បាប​ដោយ​ចេតនា និង​ដោយ​យល់​យ៉ាង​ពេញ​លេញ​អំពី​ភាព​ធ្ងន់ធ្ងរ​និង​លទ្ធផល​ពី​ការ​ប្រព្រឹត្ដ​របស់​គាត់។ ដូច្នេះ ដើម្បី​ក្លាយ​ជា«អ័ដាម​ក្រោយ​បង្អស់»និង​គ្រប​បាំង​អំពើ​បាប​នោះ ព្រះ​យេស៊ូ​ត្រូវ​សម្រេច​ព្រះ​ទ័យ​ដោយ​មាន​ភាព​ចាស់​ទុំ​និង​យល់​ដឹង​ច្បាស់​លាស់​ថា ទ្រង់​ចង់​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ (កូរិនថូសទី១ ១៥:៤៥, ៤៧) ដូច្នេះ គន្លង​ព្រះ​ជន្ម​ដែល​ប្រកប​ទៅ​ដោយ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូ ព្រម​ជា​មួយ​ការ​សោយ​ទិវង្គត​ជា​យញ្ញ​បូជា បាន​ធ្វើ​ជា«អំពើ​សុចរិត​តែ​១​បែប»។—រ៉ូម ៥:១៨, ១៩