លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៦

ចូរ​«ប្រព្រឹត្ដ​តាម​យុត្ដិធម៌»​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ

ចូរ​«ប្រព្រឹត្ដ​តាម​យុត្ដិធម៌»​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ

១​-​៣​. (ក) ហេតុ​អ្វី​បាន​ជា​យើង​ជំពាក់​គុណ​ចំពោះ​ព្រះ​យេហូវ៉ា? (ខ) តើ​អ្នក​សង្គ្រោះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​សុំ​អ្វី​ជា​ការ​តប​ស្នង​សង​គុណ?

សូម​គិត​ក្នុង​ចិត្ដ​ថា អ្នក​នៅ​លើ​ទូក​មួយ​ដែល​កំពុង​តែ​លិច​ទៅ​ក្នុង​ទឹក ហើយ​រក​ផ្លូវ​រួច​រស់​ជីវិត​ពុំ​បាន។ ពេល​អ្នក​អស់​សង្ឃឹម​ហើយ ស្រាប់​តែ​មាន​អ្នក​សង្គ្រោះ​ម្នាក់​មក​ជួយ​យក​អ្នក​ចេញ​ពី​ទឹក​ដាក់​ក្នុង​ទូក​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ អ្នក​ពិត​ជា​ធូរ​ទ្រូង​ណាស់ ពេល​អ្នក​សង្គ្រោះ​ដឹក​អ្នក​ឲ្យ​ទៅ​ឆ្ងាយ​ពី​កន្លែង​គ្រោះ​ថ្នាក់ និង​ប្រាប់​ថា៖«អ្នក​មាន​សុវត្ថិភាព​ហើយ!»។ អ្នក​ពិត​ជា​ដឹង​គុណ​គាត់​ណាស់ មែន​ទេ? ការ​ពិត​អ្នក​ជំពាក់​ជីវិត​គាត់។

នេះ​គឺ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ដ​ដើម្បី​យើង។ យើង​ពិត​ជា​ជំពាក់​គុណ​ទ្រង់​មែន។ យ៉ាង​ណា​មិញ ទ្រង់​បាន​ផ្ដល់​តម្លៃ​លោះ ឲ្យ​យើង​មាន​លទ្ធភាព​ទទួល​សេចក្ដី​សង្គ្រោះ​ឲ្យ​រួច​ពី​ក្រញាំ​នៃ​បាប​និង​សេចក្ដី​ស្លាប់។ យើង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព ពីព្រោះ​យើង​ដឹង​ថា​អំពើ​បាប​របស់​យើង​ត្រូវ​អត់​ឱន ហើយ​យើង​នឹង​មាន​ជីវិត​ជា​រៀង​រហូត​នៅ​អនាគត​ជាក់​ជា​ពុំ​ខាន ដរាប​ណា​ដែល​យើង​បង្ហាញ​នូវ​ជំនឿ​របស់​យើង​ទៅ​លើ​យញ្ញ​បូជា​លោះ​ដ៏​ថ្លៃ​វិសេស​នេះ។ (យ៉ូហានទី១ ១:៧; ៤:៩) ដូច​ដែល​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​១៤ ព្រះ​យេហូវ៉ា​បាន​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ដ៏​ខ្ពង់​ខ្ពស់​បំផុត​តាម​រយៈ​តម្លៃ​លោះ។ តើ​យើង​គួរ​តប​ស្នង​សង​គុណ​ទ្រង់​យ៉ាង​ណា?

គួរ​គប្បី​ឲ្យ​យើង​ពិចារណា​នូវ​អ្វី​ដែល​អ្នក​សង្គ្រោះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ បាន​សុំ​យើង​ដោយ​ផ្ទាល់​ឲ្យ​តប​ស្នង​សង​គុណ​ចំពោះ​ទ្រង់។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​រយៈ​ព្យាការី​មីកា​ថា៖‹ឱ​មនុស្ស​អើយ! ព្រះ​បាន​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​ប្រព្រឹត្ដ​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ដ​ដោយ​សុចរិត[«ប្រព្រឹត្ដ​តាម​យុត្ដិធម៌», ព.ថ.] ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ?›។ (មីកា ៦:៨) សូម​កត់​សម្គាល់​ថា អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​សុំ​យើង​ប្រព្រឹត្ដ​ជា​ការ​តប​ស្នង​សង​គុណ​នោះ គឺ«ប្រព្រឹត្ដ​តាម​យុត្ដិធម៌»។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ការ​ស្វែង​រក​‹សេចក្ដី​សុចរិត​ដ៏​ពិត›

៤​. តើ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​រស់​នៅ​សម​ស្រប​ទៅ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​រស់​នៅ​សម​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ទ្រង់​ស្ដី​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ដោយ​ព្រោះ​ខ្នាត​តម្រា​របស់​ទ្រង់​ប្រកប​ទៅ​ដោយ​យុត្ដិធម៌​និង​សេចក្ដី​សុចរិត​នោះ យើង​កំពុង​តែ​ស្វែង​រក​យុត្ដិធម៌​និង​សេចក្ដី​សុចរិត​នៅ​ពេល​យើង​អនុលោម​ទៅ​តាម​ខ្នាត​តម្រា​ទាំង​នេះ។ អេសាយ ១:១៧ ចែង​ថា៖«[ចូរ]រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្ដិធម៌»។ ព្រះ​បន្ទូល​របស់​ព្រះ​ដាស់​តឿន​យើង​ឲ្យ«ស្វែង​រក​សេចក្ដី​សុចរិត»។ (សេផានា ២:៣) ព្រះ​បន្ទូល​របស់​ព្រះ​ក៏​ជំរុញ​យើង​ឲ្យ«ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ[ឬ«បុគ្គលិក​លក្ខណៈ​ថ្មី», ព.ថ.] ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត . . . របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ»។ (អេភេសូរ ៤:២៤) សេចក្ដី​សុចរិត​ឬ​យុត្ដិធម៌​ពិត​ជំរុញ​យើង​ឲ្យ​ចៀស​ចេញ​ពី​អំពើ​ឃោរ​ឃៅ អំពើ​ស្មោកគ្រោក និង​អំពើ​អសីលធម៌ ដ្បិត​អំពើ​ទាំង​នេះ​បំពាន​លើ​គោល​ការណ៍​បរិសុទ្ធ។—ទំនុក​ដំកើង ១១:៥; អេភេសូរ ៥:៣​-​៥

៥, ៦​. (ក) ហេតុ​អ្វី​បាន​ជា​ការ​អនុលោម​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ចំពោះ​យើង? (ខ) តើ​ព្រះ​គម្ពីរ​បង្ហាញ​ឲ្យ​ដឹង​ថា​ការ​ស្វែង​រក​សេចក្ដី​សុចរិត​ជា​ទង្វើ​មួយ​ដែល​មាន​បន្ដ​ជា​និច្ច​យ៉ាង​ដូច​ម្ដេច?

តើ​ការ​អនុលោម​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ជា​បន្ទុក​ធ្ងន់​ចំពោះ​យើង​ឬ​ទេ? អត់​ទេ! បើ​យើង​មាន​ទឹក​ចិត្ដ​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​នោះ យើង​មិន​ចាត់​ទុក​សេចក្ដី​តម្រូវ​របស់​ទ្រង់​ជា​អ្វី​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ។ ដោយ​ព្រោះ​យើង​ស្រឡាញ់​ព្រះ​របស់​យើង​និង​គុណ​សម្បត្ដិ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​ក្នុង​ជីវិត​យើងៗ​ចង់​ធ្វើ​អ្វី​ដែល​ពេញ​ព្រះ​ហឫទ័យ​ទ្រង់។ (យ៉ូហានទី១ ៥:៣) សូម​ចាំ​ថា ព្រះ​យេហូវ៉ា«ស្រឡាញ់​សេចក្ដី​សុចរិត»។ (ទំនុក​ដំកើង ១១:៧) ប្រសិន​បើ​យើង​ពិត​ជា​នឹង​យក​តម្រាប់​តាម​ភាព​យុត្ដិធម៌​ឬ​សេចក្ដី​សុចរិត​របស់​ទ្រង់ យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ និង​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។—ទំនុក​ដំកើង ៩៧:១០

សំរាប់​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ការ​ស្វែង​រក​សេចក្ដី​សុចរិត​គឺ​មិន​ងាយ​ស្រួល​ទេ។ យើង​ត្រូវ​តែ​ដោះ​មនុស្ស​ចាស់​ឬ​បុគ្គលិក​លក្ខណៈ​ចាស់​ចោល​ចេញ ជា​មួយ​អំពើ​បាប​ដែល​លក្ខណៈ​ទាំង​នោះ​ជំរុញ​ឲ្យ​ប្រព្រឹត្ដ ហើយ​បំពាក់​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​វិញ។ ព្រះ​គម្ពីរ​ចែង​ថា បុគ្គលិក​លក្ខណៈ​ថ្មី«កំពុង​តែ​កែ​ឡើង»តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ។ (កូល៉ុស ៣:៩, ១០) ពាក្យ​ភាសា​ដើម​ដែល​ត្រូវ​បក​ប្រែ​ថា«កំពុង​តែ​កែ​ឡើង»បញ្ជាក់​ថា ការ​បំពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ជា​ទង្វើ​មួយ​ដែល​មាន​បន្ដ​ជា​និច្ច និង​នេះ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ព្យាយាម។ មិន​ថា​យើង​ខំ​ប្រឹង​ធ្វើ​ល្អ​យ៉ាង​ណា​ក៏​ដោយ មាន​ពេល​ខ្លះ​បាប​បណ្ដាល​ឲ្យ​យើង​ជំពប់ ដោយ​គំនិត ពាក្យ​សំ​ដី​ឬ​ក៏​ការ​ប្រព្រឹត្ដ។—រ៉ូម ៧:១៤​-​២០; យ៉ាកុប ៣:២

៧​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ភ្លាត់​ធ្វើ​ខុស​កាល​ដែល​យើង​កំពុង​ព្យាយាម​ស្វែង​រក​សេចក្ដី​សុចរិត?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​នៅ​ពេល​យើង​ភ្លាត់​ធ្វើ​ខុស កាល​ដែល​កំពុង​ព្យាយាម​ស្វែង​រក​សេចក្ដី​សុចរិត​នោះ? យើង​មិន​ចង់​ចាត់​ទុក​អំពើ​បាប​ជា​រឿង​ស្រាល​នោះ​ទេ។ ក៏​ប៉ុន្ដែ យើង​ក៏​មិន​ត្រូវ​ចុះ​ចាញ់​ដោយ​គិត​ថា​កំហុស​របស់​យើង​ធ្វើ​ឲ្យ​យើង​មិន​សម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នោះ​ដែរ។ ព្រះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​ក្ដី​សន្ដោស​ប្រណី​បាន​រៀប​ចំ​ឲ្យ​អ្នក​ដែល​ប្រែ​ចិត្ដ​ដោយ​ស្មោះ មាន​វិធី​ចាប់​ផ្ដើម​ទទួល​ព្រះ​គុណ​អំពី​ទ្រង់​ម្ដង​ទៀត។ សូម​ពិចារណា​ពំនោល​របស់​សាវ័ក​យ៉ូហាន​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ។ គាត់​ថា៖«ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត»។ ប៉ុន្ដែ រួច​មក​គាត់​បាន​សរសេរ​បន្ថែម​ដោយ​បញ្ជាក់​ការ​ពិត​ថា៖ «តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ​[ដោយ​សារ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ដែល​យើង​ទទួល​ជា​មរ​ត​ក] នោះ​យើង​មាន[អ្នក]ជំនួយ​១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះ​វរបិតា គឺ​ជា​ព្រះ​យេស៊ូ​វ​គ្រីស្ទ»។ (យ៉ូហានទី១ ២:១) ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រទាន​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ ដើម្បី​ឲ្យ​យើង​មាន​លទ្ធភាព​បំរើ​ទ្រង់​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទោះ​ជា​យើង​មាន​បាប​ក៏​ដោយ។ ចំណុច​នេះ​ពិត​ជា​ជំរុញ​ទឹក​ចិត្ដ​យើង​ឲ្យ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា មែន​ទេ?

ដំណឹង​ល្អ​និង​យុត្ដិធម៌​របស់​ព្រះ

៨, ៩​. តើ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​បញ្ជាក់​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

យើង​អាច​ប្រព្រឹត្ដ​តាម​យុត្ដិធម៌។ តាម​ការ​ពិត​យើង​អាច​រហូត​ដល់​យក​តម្រាប់​តាម​យុត្ដិធម៌​របស់​ព្រះ​ទៅ​ទៀត ដោយ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​អ្នក​ដទៃ​ឮ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ តើ​យុត្ដិធម៌​របស់​ព្រះ​និង​ដំណឹង​ល្អ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​នឹង​មិន​បំផ្លាញ​របប​លោកីយ៍​អាក្រក់​នេះ​ចោល​ទេ បើ​មិន​មាន​ការ​ប្រកាស​ដើម្បី​ព្រមាន​មនុស្ស​ទុក​ជា​មុន។ ក្នុង​ទំនាយ​របស់​ព្រះ​យេស៊ូ​ស្ដី​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​កំឡុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នោះ ទ្រង់​បាន​មាន​បន្ទូល​ថា៖«ឯ​ដំណឹង​ល្អ នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន»។ (ម៉ាកុស ១៣:១០; ម៉ាថាយ ២៤:៣) ពាក្យ​ថា«ជា​មុន​សិន»​បាន​ន័យ​ថា នឹង​មាន​ព្រឹត្ដិការណ៍​ឯ​ទៀត​កើត​ឡើង​ក្រោយ​កិច្ច​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ផែន​ដី។ ព្រឹត្ដិការណ៍​ទាំង​នេះ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ដែល​រួម​បញ្ចូល​ការ​បំផ្លាញ​នូវ​មនុស្ស​ទុច្ចរិត ហើយ​និង​ត្រាយ​ផ្លូវ​ឲ្យ​មាន​ពិភព​លោក​ថ្មី​ដ៏​សុចរិត។ (ម៉ាថាយ ២៤:​១៤, ២១, ២២) ប្រាកដ​ណាស់ គ្មាន​អ្នក​ណា​អាច​ចោទ​ប្រកាន់​ដោយ​ត្រឹម​ត្រូវ​ថា ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ទៅ​លើ​មនុស្ស​ទុច្ចរិត​ទេ។ ដោយ​រៀប​ចំ​ឲ្យ​មាន​ការ​ព្រមាន​មនុស្ស​ជា​មុន ទ្រង់​ផ្ដល់​ឱកាស​ល្មម​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ទុច្ចរិត​កែ​ខ្លួន​និង​រួច​ផុត​ពី​ការ​បំផ្លាញ​ចោល​នេះ។—យ៉ូណាស ៣:១​-​១០

យើង​បង្ហាញ​ភាព​យុត្ដិធម៌​របស់​ព្រះ ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​មិន​រើស​មុខ

១០, ១១​. នៅ​ពេល​ដែល​យើង​ចូល​រួម​កិច្ច​ផ្សាយ​ដំណឹង​ល្អ តើ​នេះ​ជា​ការ​ប្រព្រឹត្ដ​តាម​យុត្ដិធម៌​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១០ ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ តើ​យើង​កំពុង​ប្រព្រឹត្ដ​តាម​យុត្ដិធម៌​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? ទី​មួយ យើង​គួរ​គប្បី​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​បាន​សេចក្ដី​សង្គ្រោះ។ សូម​ពិចារណា​ម្ដង​ទៀត​នូវ​ឧទាហរណ៍​ថា អ្នក​ត្រូវ​សង្គ្រោះ​ពី​ទូក​លិច​ទឹក។ ក្រោយ​អ្នក​នៅ​ក្នុង​ទូក​សង្គ្រោះ​ហើយ អ្នក​ពិត​ជា​ចង់​ជួយ​អ្នក​ឯ​ទៀត​ដែល​នៅ​ក្នុង​ទឹក​នៅ​ឡើយ។ ស្រដៀង​គ្នា​ដែរ យើង​មាន​ភារកិច្ច​ជួយ​អ្នក​ដែល​នៅ​ពុះ​ពារ​ក្នុង​របប​លោកីយ៍​អាក្រក់​នេះ​ដែល​ប្រៀប​ដូច​ជា«ទឹក»។ សូម្បី​តែ​មនុស្ស​ជា​ច្រើន​បដិសេធ​សារ​យើង​ផ្សាយ​ក៏​ពិត​មែន តែ​ដរាប​ណា​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​អត់​ធ្មត់ យើង​មាន​ភារកិច្ច​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ«ប្រែ​ចិត្ដ​វិញ»ហើយ​ទទួល​សេចក្ដី​សង្គ្រោះ។—ពេត្រុសទី២ ៣:៩

១១ ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​គ្រប់​រូប យើង​បង្ហាញ​យុត្ដិធម៌​តាម​របៀប​មួយ​ទៀត​ដ៏​សំខាន់ ពោល​គឺ​យើង​បង្ហាញ​ភាព​មិន​លំ​អៀង។ សូម​ចាំ​ថា «ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ដ​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ (កិច្ច​ការ ១០:៣៤, ៣៥) បើ​យើង​យក​តម្រាប់​តាម​យុត្ដិធម៌​របស់​ទ្រង់ កុំ​បី​ឲ្យ​យើង​វាយ​តម្លៃ​លើ​មនុស្ស​ដោយ​លំ​អៀង​នោះ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ប្រាប់​អ្នក​ដទៃ​អំពី​ដំណឹង​ល្អ មិន​ថា​ពួក​គេ​ស្ថិត​ក្នុង​ថ្នាក់​អ្វី​ក្នុង​សង្គម មាន​សាសន៍​អ្វី ឬ​ជា​អ្នក​មាន​ឬ​អ្នក​ក្រ​ក្ដី។ ដោយ​ធ្វើ​យ៉ាង​នេះ​យើង​ឲ្យ​អស់​អ្នក​ដែល​ព្រម​ស្តាប់​មាន​ឱកាស​ឮ​និង​ប្រព្រឹត្ដ​តាម​ដំណឹង​ល្អ។—រ៉ូម ១០:១១​-​១៣

របៀប​យើង​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត

១២, ១៣​. (ក) ហេតុ​អ្វី​យើង​មិន​គួរ​ឆាប់​ថ្កោល​ទោស​អ្នក​ដទៃ? (ខ) តើ​អ្វី​ជា​អត្ថ​ន័យ​នៃ​ដំបូន្មាន​របស់​ព្រះ​យេស៊ូ​ថា«កុំ​ឲ្យ​ថ្កោល​ទោស»និង«កុំ​ឲ្យ​និន្ទា»នោះ? (សូម​មើល​សម្គាល់​ហេតុ​ដែរ)

១២ យើង​ក៏​អាច​ប្រព្រឹត្ដ​តាម​យុត្ដិធម៌​ដែរ ដោយ​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​មក​លើ​យើង។ ការ​ថ្កោល​ទោស​អ្នក​ឯ​ទៀត​គឺ​ស្រួល​ណាស់ ដូច​ជា​ការ​រិះ​គន់​កំហុស​និង​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ដ​របស់​ពួក​គេ​ជា​ដើម។ ប៉ុន្ដែ តើ​យើង​ណា​ម្នាក់​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​រិះ​គន់​កំហុស​និង​បំណង​ចិត្ដ​របស់​យើង​ដោយ​គ្មាន​មេត្ដា​ដូច្នេះ​ឬ? ព្រះ​យេហូវ៉ា​មិន​ប្រព្រឹត្ដ​មក​លើ​យើង​ដូច្នេះ​ទេ។ អ្នក​តែង​ទំនុក​ដំកើង​បាន​កត់​សម្គាល់​ថា៖«ឱ​ព្រះ​យេហូវ៉ា​អើយ! បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន?»។ (ទំនុក​ដំកើង ១៣០:៣) យើង​ពិត​ជា​ដឹង​គុណ​ណាស់ ដោយ​សារ​ព្រះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​យុត្ដិធម៌ និង​សេចក្ដី​មេត្ដា​ករុណា​បាន​សម្រេច​ព្រះ​ទ័យ​មិន​ផ្ចង់​អារម្មណ៍​ទៅ​លើ​កំហុស​របស់​យើង មែន​ទេ? (ទំនុក​ដំកើង ១០៣:៨​-​១០) ដូច្នេះ តើ​យើង​គួរ​ប្រព្រឹត្ដ​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

១៣ បើ​យើង​យល់​ថា​យុត្ដិធម៌​របស់​ព្រះ​ប្រកប​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា នោះ​យើង​នឹង​មិន​ឆាប់​ថ្កោល​ទោស​អ្នក​ឯ​ទៀត​ក្នុង​រឿង​ដែល​មិន​ទាក់​ទង​នឹង​យើង​ឬ​ក៏​រឿង​ដែល​មិន​សូវ​សំខាន់។ ពេល​ព្រះ​យេស៊ូ​ធ្វើ​ធម្មទាន​នៅ​លើ​ភ្នំ​ទ្រង់​ព្រមាន​ថា៖«កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ»។ (ម៉ាថាយ ៧:១) យោង​ទៅ​តាម​កំណត់​ហេតុ​របស់​លូកា ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ថែម​ថា៖«កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ»។ * (លូកា ៦:៣៧) ព្រះ​យេស៊ូ​បង្ហាញ​ថា ទ្រង់​ជ្រាប​ថា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​មាន​ភាព​ទន់​ទោរ​ទៅ​រក​ការ​ថ្កោល​ទោស​អ្នក​ដទៃ។ បើ​អ្នក​ណា​ក្នុង​ចំណោម​អ្នក​ស្តាប់​បន្ទូល​ទ្រង់​ដែល​មាន​ទម្លាប់​ថ្កោល​អ្នក​ឯ​ទៀត​ដោយ​គ្មាន​មេត្ដា​នោះ ពួក​គេ​ត្រូវ​ឈប់​ធ្វើ​ដូច្នេះ។

១៤​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​បាន​ជា​យើង​ត្រូវ‹ឈប់​ថ្កោល​ទោស›អ្នក​ដទៃ?

១៤ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ‹ឈប់​ថ្កោល​ទោស›អ្នក​ដទៃ? ហេតុ​មួយ​គឺ អំណាច​របស់​យើង​មាន​កំរិត។ សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​ឈ្មោះ​យ៉ាកុប​រំឭក​យើង​ថា៖«ឯ​អ្នក​ដែល​តែង​ក្រិត្យ​វិន័យ ហើយ​ជំនុំ​ជំ​រះ​ផង នោះ​មាន​តែ​១​ទេ» ពោល​គឺ​ព្រះ​យេហូវ៉ា។ ដូច្នេះ យ៉ាកុប​សួរ​យ៉ាង​ចំៗ​ថា៖«តើ​អ្នក​ជា​អ្វី ដែល​ថ្កោល​ទោស​អ្នក​ដទៃ​នោះ?»។ (យ៉ាកុប ៤:១២; រ៉ូម ១៤:១​-​៤) ម្យ៉ាង​ទៀត ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​អាច​នាំ​ឲ្យ​យើង​ថ្កោល​ទោស​អ្នក​ដទៃ​ដោយ​អយុត្ដិធម៌​បាន​យ៉ាង​ងាយ។ អារម្មណ៍​និង​ចិត្ដ​គំនិត​ផ្សេងៗ​ជា​ច្រើន​ដែល​យើង​មាន ដូច​ជា​ការ​រើស​អើ​ង ការ​តូច​ចិត្ដ ការ​ច្រណែន និង​ការ​ប្រកាន់​ថា​ខ្លួន​គឺ​សុចរិត​ជា​ដើម​អាច​ធ្វើ​ឲ្យ​វាយ​តម្លៃ​ខុស​លើ​មនុស្ស។ មាន​អ្វី​ផ្សេង​ទៀត​ដែល​ដាក់​កំរិត​ទៅ​លើ​សមត្ថភាព​យើង​ដែរ ហើយ​ការ​ពិចារណា​នូវ​កំរិត​ទាំង​នេះ​គួរ​ទប់​យើង​មិន​ឲ្យ​ឆាប់​ចាប់​កំហុស​អ្នក​ដទៃ។ យើង​មិន​អាច​ដឹង​ពី​អ្វី​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​ឯ​ទៀត​ទេ ហើយ​យើង​ក៏​មិន​អាច​ដឹង​សព្វ​គ្រប់​អំពី​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ​ដែរ។ បើ​ដូច្នេះ តើ​យើង​ជា​អ្នក​ណា​ដែល​យើង​អាច​អះអាង​ថា បង​ប្អូន​រួម​ជំនឿ​មាន​បំណង​ចិត្ដ​អាក្រក់​ឬ​ក៏​ទិតៀន​ការ​ព្យាយាម​របស់​ពួក​គេ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា? គឺ​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ បើ​យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា និង​ខំ​រក​លក្ខណៈ​ល្អ​របស់​បង​ប្អូន​ប្រុស​ស្រី​របស់​យើង ជា​ជាង​ប្រមូល​អារម្មណ៍​ទៅ​លើ​កំហុស​របស់​ពួក​គេ!

១៥​. តើ​ពាក្យ​សំ​ដី​និង​ការ​ប្រព្រឹត្ដ​បែប​ណា​ដែល​មិន​ត្រូវ​មាន​ឲ្យ​សោះ​ក្នុង​ចំណោម​អ្នក​ថ្វាយ​បង្គំ​ព្រះ? ហើយ​ហេតុ​អ្វី?

១៥ ចុះ​យ៉ាង​ណា​ចំណែក​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​វិញ? គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​ក្នុង​លោកីយ៍​សព្វ​ថ្ងៃ​នេះ ជួន​កាល​ការ​ថ្កោល​ទោស​យ៉ាង​សាហាវ​បំផុត​នោះ គឺ​មក​ពី​សំណាក់​គ្រួសារ​ទៅ​វិញ​ដែល​គួរ​តែ​ជា​ទី​ជ្រក​កោន​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ។ គ្មាន​អ្វី​ចំ​ឡែក​ឡើយ​ដែល​ឮ​អំពី​ប្ដី ប្រពន្ធ ឬ​មាតា​បិតា ដែល​ហាក់​ដូច​ជា«កាត់​ទោស»សមាជិក​ក្រុម​គ្រួសារ​ដោយ​ធ្វើ​ទុក្ខ​ទោស​ពួក​គេ​ជា​និច្ច​ខាង​ផ្លូវ​កាយ​ឬ​ក៏​ដោយ​ពាក្យ​សំ​ដី​នោះ។ ប៉ុន្ដែ ការ​និយាយ​យ៉ាង​កាច​សាហាវ ការ​បង្អាប់​មើល​ងាយ និង​ការ​ធ្វើ​បាប​ខាង​ផ្លូវ​កាយ​មិន​ត្រូវ​មាន​ក្នុង​ចំណោម​អ្នក​ថ្វាយ​បង្គំ​ព្រះ​សោះ​ឡើយ។ (អេភេសូរ ៤:២៩, ៣១; ៥:៣៣; ៦:៤) ឱវាទ​របស់​ព្រះ​យេស៊ូ​ថា ‹ឈប់​ថ្កោល​ទោស›និង‹ឈប់​និន្ទា›ក៏​ត្រូវ​យក​មក​អនុវត្ដ​ក្នុង​ក្រុម​គ្រួសារ​ដែរ។ សូម​ចាំ​ថា ការ​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌​បាន​ន័យ​ថា យើង​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​មក​លើ​យើង​ដែរ។ ហើយ​ព្រះ​របស់​យើង​មិន​ដែល​គំរោះ​គំរើយ​ឬ​ក៏​ប្រព្រឹត្ដ​សាហាវ​មក​លើ​យើង​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់«មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា»ចំពោះ​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ (យ៉ាកុប ៥:១១) នេះ​ជា​គំរូ​មួយ​ដ៏​អស្ចារ្យ​ណាស់​ដែល​យើង​អាច​យក​តម្រាប់​តាម!

អ្នក​ចាស់​ទុំ​បំរើ«ដោយ​យុត្ដិធម៌»

១៦, ១៧​. (ក) តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​អ្នក​ចាស់​ទុំ? (ខ) ពេល​អ្នក​ធ្វើ​បាប​មិន​បង្ហាញ​លក្ខណៈ​ដែល​សម្គាល់​ការ​ប្រែ​ចិត្ដ​ពិត​ប្រាកដ តើ​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

១៦ យើង​ទាំង​អស់​គ្នា​មាន​ភារកិច្ច​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌ ប៉ុន្ដែ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​មាន​ភារកិច្ច​ជា​ពិសេស​ក្នុង​រឿង​នេះ។ សូម​កត់​សម្គាល់​ការ​ពណ៌នា​ជា​ទំនាយ​អំពី​«ពួក​ចៅហ្វាយ»​ឬ​ក៏​អ្នក​ចាស់​ទុំ​ដែល​អេសាយ​បាន​សរសេរ​កត់​ទុក។ នោះ​ចែង​ថា៖​«មើល! នឹង​មាន​ស្ដេច​១​អង្គ​សោយ​រាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់​គ្រង​ដោយ​យុត្ដិធម៌»។ (អេសាយ ៣២:១) ពិត​ណាស់ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ចាស់​ទុំ​បំរើ​ដោយ​យុត្ដិធម៌។ តើ​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៧ បុរស​ទាំង​នេះ​ដែល​បំពេញ​តម្រូវ​ការ​ខាង​វិញ្ញាណ​ដឹង​ជាក់​ថា ភាព​យុត្ដិធម៌​ឬ​សេចក្ដី​សុចរិត​តម្រូវ​ឲ្យ​ការពារ​ក្រុម​ជំនុំ​ឲ្យ​ស្អាត​ស្អំ។ ជួន​កាល អ្នក​ចាស់​ទុំ​ត្រូវ​ជំនុំ​ជំ​រះ​រឿង​ដែល​ទាក់​ទង​នឹង​អំពើ​ខុស​ធ្ងន់ធ្ងរ។ នៅ​ពេល​ជំនុំ​ជំ​រះ ពួក​គាត់​ចាំ​ថា យុត្ដិធម៌​របស់​ព្រះ​ខិត​ខំ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​បើ​អាច​ធ្វើ​ទៅ​បាន។ ដូច្នេះ ពួក​គាត់​ព្យាយាម​ជួយ​អ្នក​ដែល​បាន​ធ្វើ​បាប​នោះ​ឲ្យ​ប្រែ​ចិត្ដ​វិញ។ ប៉ុន្ដែ ចុះ​បើ​អ្នក​ដែល​ធ្វើ​បាប​មិន​បង្ហាញ​លក្ខណៈ​ដែល​សម្គាល់​ការ​ប្រែ​ចិត្ដ​ពិត​ប្រាកដ ទោះ​ជា​មាន​ការ​ព្យាយាម​ជួយ​គាត់​យ៉ាង​ណា​ក៏​ដោយ​នោះ? ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​បង្គាប់​ដោយ​យុត្ដិធម៌​ដ៏​សុក្រឹត​ថា អ្នក​ចាស់​ទុំ​ត្រូវ​ចាត់​វិធានការ​ដ៏​ម៉ឺង​ម៉ាត់​មួយ​គឺ៖«បណ្ដេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ»។ នេះ​បាន​ន័យ​ថា​ត្រូវ​បណ្ដេញ​គាត់​ចេញ​ពី​ក្រុម​ជំនុំ។ (កូរិនថូសទី១ ៥:១១​-​១៣; យ៉ូហានទី២ ៩​-​១១) ពេល​ដែល​ត្រូវ​ធ្វើ​ដូច្នេះ​អ្នក​ចាស់​ទុំ​ស្តាយ ប៉ុន្ដែ ពួក​គាត់​ទទួល​ស្គាល់​ថា​នេះ​គឺ​ចាំ​បាច់​ដើម្បី​ការពារ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ​នៃ​ក្រុម​ជំនុំ។ សូម្បី​តែ​នៅ​ពេល​នោះ​ក៏​ដោយ ពួក​គាត់​សង្ឃឹម​ថា​អ្នក​ធ្វើ​បាប​នឹង​ភ្ញាក់​រឭក​ហើយ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ។—លូកា ១៥:១៧, ១៨

១៨​. តើ​អ្នក​ចាស់​ទុំ​ចាំ​អ្វី​នៅ​ពេល​ដែល​ជូន​ឱវាទ​ពី​បទ​គម្ពីរ​ចំពោះ​អ្នក​ឯ​ទៀត?

១៨ ការ​បំរើ​ដោយ​យុត្ដិធម៌​រួម​បញ្ចូល​ការ​ផ្ដល់​ឱវាទ​ពី​បទ​គម្ពីរ​ពេល​ដែល​ចាំ​បាច់។ អ្នក​ចាស់​ទុំ​មិន​ដែល​រក​កំហុស​អ្នក​ដទៃ​ទេ។ ពួក​គាត់​ក៏​មិន​ប្រុង​តែ​ជូន​ឱវាទ​ឲ្យ​តែ​មាន​ឱកាស​ដែរ។ ប៉ុន្ដែ ប្រហែល​ជា​មាន​អ្នក​ជឿ​ម្នាក់​ដែល​បាន«ធ្វើ​ខុស​ដោយ​មិន​ដឹង​ខ្លួន»។ បើ​អ្នក​ចាស់​ទុំ​ចាំ​ថា យុត្ដិធម៌​របស់​ព្រះ​មិន​មែន​ឃោរ​ឃៅ​ឬ​គ្មាន​មេត្ដា នេះ​នឹង​ជំរុញ​ចិត្ដ​ពួក​គាត់​ឲ្យ«ខំ​កែ​តំរង់​អ្នក​នោះ ដោយ​ចិត្ដ​ស្លូតបូត»។ (កាឡាទី ៦:១, ព.ថ.) ដូច្នេះ អ្នក​ចាស់​ទុំ​នឹង​មិន​ស្ដី​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​ឬ​ក៏​ប្រើ​ពាក្យ​គំរោះ​គំរើយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ជូន​ឱវាទ​តាម​របៀប​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​លើក​ទឹក​ចិត្ដ​អ្នក​ដែល​ទទួល​ឱវាទ។ អ្នក​ចាស់​ទុំ​ចាំ​ថា អ្នក​ជឿ​ដែល​បាន​ធ្វើ​ខុស​នៅ​តែ​ជា​ចៀម​របស់​ព្រះ​យេហូវ៉ា សូម្បី​តែ​នៅ​ពេល​អ្នក​ចាស់​ទុំ​ប្រដៅ​តំរង់​ត្រង់ៗ​ដោយ​បញ្ជាក់​យ៉ាង​ចំៗ​នូវ​លទ្ធផល​មក​ពី​ការ​ប្រព្រឹត្ដ​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា​ក៏​ដោយ។ * (លូកា ១៥:៧) ពេល​សេចក្ដី​ស្រឡាញ់​ជា​ហេតុ​ជំរុញ​ទឹក​ចិត្ដ​ឲ្យ​ជូន​ឱវាទ​ឬ​ប្រដៅ​តំរង់ ហើយ​បើ​ឱវាទ​ឬ​ការ​ប្រដៅ​តំរង់​ត្រូវ​ជូន​តាម​របៀប​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ នោះ​ប្រហែល​ជា​មាន​លទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​កែ​តំរង់​អ្នក​ធ្វើ​ខុស។

១៩​. តើ​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​អ្វី? តើ​ពួក​គាត់​ត្រូវ​សម្រេច​ចិត្ដ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​អ្វី?

១៩ ជា​រឿយៗ អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​ប៉ះ​ពាល់​ដល់​អ្នក​ជឿ​គ្នី​គ្នា។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ត្រូវ​ជួប​ជុំ​គ្នា​តាម​ពេល​កំណត់​ដើម្បី​ពិចារណា​ថា តើ​មាន​បង​ប្រុស​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​អ្នក​ចាស់​ទុំ​ប្រគល់​មុខ​តំណែង​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ទេ។ អ្នក​ចាស់​ទុំ​យល់​សារៈ​សំខាន់​នៃ​ភាព​មិន​លំ​អៀង។ ពួក​គាត់​អនុញ្ញាត​ឲ្យ​តម្រូវ​ការ​របស់​ព្រះ​ជា​អ្វី​ដែល​ដឹក​នាំ​ក្នុង​ការ​សម្រេច​ចិត្ដ​ចំពោះ​ការ​ប្រគល់​មុខ​តំណែង​ទាំង​នេះ។ ពួក​គាត់​មិន​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍​ផ្ទាល់​ខ្លួន​ឡើយ។ យ៉ាង​នេះ អ្នក​ចាស់​ទុំ​ប្រព្រឹត្ដ​«ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ»។—ធីម៉ូថេ​ទី​១ ៥:២១

២០, ២១​. (ក) តើ​អ្នក​ចាស់​ទុំ​ព្យាយាម​ខំ​ធ្វើ​ឲ្យ​ខ្លួន​គាត់​ដូច​ជា​អ្វី? ហើយ​ហេតុ​អ្វី? (ខ) តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​អ្នក​ដែល«មាន​សេចក្ដី​ទន់​ក្រំ​ចិត្ដ»?

២០ អ្នក​ចាស់​ទុំ​ប្រព្រឹត្ដ​តាម​យុត្ដិធម៌​របស់​ព្រះ​តាម​វិធី​ផ្សេង​ទៀត​ដែរ។ ក្រោយ​អេសាយ​ទាយ​ថា​អ្នក​ចាស់​ទុំ​នឹង​បំរើ«ដោយ​យុត្ដិធម៌» នោះ​គាត់​ពោល​បន្ដ​ថា​អ្នក​ចាស់​ទុំ៖«នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ»។ (អេសាយ ៣២:២) ដូច្នេះ អ្នក​ចាស់​ទុំ​ព្យាយាម​ធ្វើ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ និង​កម្លាំង​ចិត្ដ​សំរាប់​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា។

២១ សព្វ​ថ្ងៃ​នេះ ដោយ​មាន​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ដ នោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ដ។ អ្នក​ចាស់​ទុំ​អើយ! តើ​អ្នក​អាច​ជួយ«អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ដ»យ៉ាង​ដូច​ម្ដេច? (ថែស្សាឡូនីចទី១ ៥:១៤) ចូរ​ស្តាប់​ដោយ​ខំ​យល់​ទុក្ខ​របស់​ពួក​គេ។ (យ៉ាកុប ១:១៩) ពួក​គេ​ប្រហែល​ជា​ចង់​ប្រាប់​អ្នក​ណា​ម្នាក់​ដែល​ពួក​គេ​ទុក​ចិត្ដ​ឲ្យ​ដឹង​អំពី«ទុក្ខ»ដែល​នៅ​ក្នុង​ចិត្ដ។ (សុភាសិត ១២:២៥) សូម​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ថា ពួក​គេ​មាន​តម្លៃ​ណាស់ ហើយ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ស្រឡាញ់ និង​ចង់​បាន​ពួក​គេ​ដែរ។ (ពេត្រុសទី១ ១:២២; ៥:៦, ៧) ម្យ៉ាង​ទៀត អ្នក​អាច​អធិស្ឋាន​ជា​មួយ​អ្នក​ទាំង​នោះ​និង​អធិស្ឋាន​សំរាប់​ពួក​គេ​ផង​ដែរ។ ពេល​ពួក​គេ​ស្តាប់​អ្នក​ចាស់​ទុំ​ម្នាក់​អធិស្ឋាន​ចេញ​ពី​ដួង​ចិត្ដ​ដើម្បី​ពួក​គេ នេះ​អាច​ជួយ​សម្រាល​ទុក្ខ​ពួក​គេ​ណាស់។ (យ៉ាកុប ៥:១៤, ១៥) ព្រះ​នៃ​យុត្ដិធម៌​នឹង​កត់​សម្គាល់​ការ​ព្យាយាម​ដោយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ក្នុង​ការ​ជួយ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ។

អ្នក​ចាស់​ទុំ​បង្ហាញ​ភាព​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ពេល​ពួក​គាត់​លើក​ទឹក​ចិត្ដ​អ្នក​ដែល​ក្រៀម​ក្រំ​ចិត្ដ

២២​. តើ​យើង​អាច​យក​តម្រាប់​តាម​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​មាន​លទ្ធផល​អ្វី?

២២ ពិត​ណាស់ យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ដោយ​យក​តម្រាប់​តាម​យុត្ដិធម៌​របស់​ទ្រង់! ពេល​យើង​កាន់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់ ពេល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​ដែល​អាច​សង្គ្រោះ​ជីវិត ហើយ​នៅ​ពេល​ដែល​យើង​ចង់​ស្វែង​រក​លក្ខណៈ​ល្អ​របស់​អ្នក​ឯ​ទៀត​ជា​ជាង​រក​កំហុស​របស់​ពួក​គេ នោះ​យើង​កំពុង​តែ​ប្រព្រឹត្ដ​តាម​យុត្ដិធម៌​របស់​ព្រះ។ អ្នក​ចាស់​ទុំ​អើយ! ពេល​អ្នក​ការពារ​ភាព​ស្អាត​ស្អំ​នៃ​ក្រុម​ជំនុំ ផ្ដល់​ឱវាទ​ពី​បទ​គម្ពីរ​ដែល​លើក​ទឹក​ចិត្ដ ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​មិន​លំ​អៀង ព្រម​ទាំង​លើក​ទឹក​ចិត្ដ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ នោះ​អ្នក​កំពុង​តែ​ប្រព្រឹត្ដ​តាម​យុត្ដិធម៌​របស់​ព្រះ​ហើយ។ ព្រះ​យេហូវ៉ា​ពិត​ជា​រីក​រាយ​ណាស់​ពេល​ទ្រង់​ទត​ពី​ស្ថាន​សួគ៌​មក​ឃើញ​ថា រាស្ដ្រ​ទ្រង់​កំពុង​តែ​ព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី«ប្រព្រឹត្ដ​តាម​យុត្ដិធម៌»ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​របស់​ពួក​គេ!

^ វគ្គ 13 ការ​បក​ប្រែ​ថា«កុំ​ឲ្យ​ថ្កោល​ទោស​គេ»និង«កុំ​ឲ្យ​និន្ទា​គេ»បាន​សេចក្ដី​ថា «កុំ​ចាប់​ផ្ដើម​ថ្កោល​ទោស​គេ»និង«កុំ​ចាប់​ផ្ដើម​និន្ទា​គេ»។ ក៏​ប៉ុន្ដែ ក្នុង​ភាសា​ដើម អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​ប្រើ​ប្រយោគ​បញ្ជា​ដែល​ជា​ឃ្លា​បដិសេធ​និង​បញ្ជាក់​សកម្មភាព​បច្ចុប្បន្ន​កាល(ដែល​កំពុង​បន្ដ)។ ដូច្នេះ ខ​ពីរ​នេះ​រៀប​រាប់​ពី​អ្វី​ដែល​មនុស្ស​កំពុង​ធ្វើ តែ​ត្រូវ​ឈប់​ធ្វើ។

^ វគ្គ 18 នៅ​ធីម៉ូថេ​ទី​២ ៤:២ ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ព្រះ​គម្ពីរ​ចែង​ថា អ្នក​ចាស់​ទុំ​ជួន​កាល​ត្រូវ«ប្រដៅ​តំរង់ បន្ទោស ហើយ​ដាស់​តឿន»។ ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«ដាស់​តឿន»(ប៉ា​-​រ៉ា​-​កា​-​ឡេ​-​អូ) អាច​មាន​ន័យ​ថា«លើក​ទឹក​ចិត្ដ»។ ពាក្យ​ភាសា​ក្រិច​មួយ​ទៀត​ប៉ារ៉ាក្លេតុស អាច​សំដៅ​ទៅ​លើ​ជន​ដែល​ឡើង​និយាយ​ការពារ​នរណា​ម្នាក់​ក្នុង​រឿង​ក្ដី។ ដូច្នេះ សូម្បី​តែ​នៅ​ពេល​អ្នក​ចាស់​ទុំ​ត្រូវ​ប្រដៅ​តំរង់​យ៉ាង​ត្រង់ៗ​ក៏​ដោយ ពួក​គាត់​ត្រូវ​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ខាង​វិញ្ញាណ។