លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៧

«អើហ្ន៎! ប្រាជ្ញា . . . របស់​ព្រះ​ជ្រៅ​ណាស់​តើ!»

«អើហ្ន៎! ប្រាជ្ញា . . . របស់​ព្រះ​ជ្រៅ​ណាស់​តើ!»

១, ២​. តើ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​អ្វី​សំរាប់​ថ្ងៃ​ទី​ប្រាំ​ពីរ? តើ​ប្រាជ្ញា​របស់​ព្រះ​បាន​ត្រូវ​ល្បង​យ៉ាង​ដូច​ម្ដេច​នៅ​ទី​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ទី​ប្រាំ​ពីរ?

ខូច​អស់​ហើយ! មនុស្ស​ជាតិ​ដែល​ជា​ស្នា​ព្រះ​ហស្ដ​ដ៏​វិសេស​បំផុត​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​នៃ​ការ​បង្កើត​បាន​ធ្លាក់​ពី​ភាព​វិសេស​បំផុត​ចុះ​ទៅ​ដល់​ភាព​អាប់​ឱន​បំផុត​វិញ​ក្នុង​មួយ​រំពេច​សោះ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា«គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ»រួម​មាន​មនុស្ស​ជាតិ​ផង​ដែរ សុទ្ធតែ«ជា​ការ​ល្អ​ប្រពៃ»។ (លោកុប្បត្ដិ ១:៣១) ប៉ុន្ដែ នៅ​ទី​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ទី​ប្រាំ​ពីរ អ័ដាម​និង​អេវ៉ា​បាន​សម្រេច​ចិត្ដ​បះបោរ​តាម​សាតាំង។ ពួក​គេ​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​បាប ភាព​ឥត​គ្រប់​ល័ក្ខណ៍ និង​សេចក្ដី​ស្លាប់។

នៅ​ពេល​នោះ ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មាន​គេ​រាំង​ស្ទះ​ដល់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ថ្ងៃ​ទី​ប្រាំ​ពីរ។ ថ្ងៃ​ទី​ប្រាំ​ពីរ​ក៏​ដូច​ជា​ថ្ងៃ​ទាំង​ប្រាំ​មួយ​មុន​ដែរ គឺ​មាន​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា ថ្ងៃ​ទី​ប្រាំ​ពីរ​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​នៅ​ចុង​ថ្ងៃ​នោះ ផែន​ដី​ទាំង​មូល​នឹង​មាន​សភាព​ជា​សួន​មនោ​រម្យ​ពេញ​ទៅ​ដោយ​មនុស្ស​ជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ។ (លោកុប្បត្ដិ ១:២៨; ២:៣) ប៉ុន្ដែ ក្រោយ​ពី​ការ​បះបោរ​ដែល​នាំ​មក​នូវ​ក្ដី​មហន្ដរាយ​នោះ តើ​គោល​បំណង​របស់​ព្រះ​អាច​នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច​បាន? តើ​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា​ទៅ? បញ្ហា​នេះ​នឹង​ល្បង​យ៉ាង​ខ្លាំង​ដល់​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រហែល​គឺ​ជា​ការ​ល្បង​ដ៏​ខ្លាំង​បំផុត។

៣, ៤​. (ក) ហេតុ​អ្វី​បាន​ជា​របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​តប​ចំពោះ​ការ​បះបោរ​នៅ​សួន​អេដែន​នាំ​ឲ្យ​យើង​កោត​ស្ងើច​ចំពោះ​ប្រាជ្ញា​របស់​ទ្រង់? (ខ) តើ​ចិត្ដ​រាប​ទាប​គួរ​ជំរុញ​យើង​ឲ្យ​ចង​ចាំ​នូវ​សេចក្ដី​ពិត​អ្វី​ពេល​យើង​សិក្សា​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាមៗ។ ទ្រង់​បាន​កាត់​ទោស​ជន​បះបោរ​ទាំង​បី​នាក់ ហើយ​នៅ​ដំណាល​គ្នា​ទ្រង់​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​ឃើញ​ត្រួសៗ​ទុក​ជា​មុន​នូវ​អ្វី​ដ៏​អស្ចារ្យ​មួយ ពោល​គឺ​ទ្រង់​មាន​គោល​បំណង​បំបាត់​ស្ថានការណ៍​អាក្រក់​ដែល​ទើប​តែ​ចាប់​ផ្ដើម​មាន​ពេល​នោះ។ (លោកុប្បត្ដិ ៣:១៥) គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ថ្ងៃ​ខាង​មុខ បាន​ចាប់​ផ្ដើម​នៅ​សួន​អេដែន​និង​បន្ដ​រហូត​ទៅ​ដល់​អនាគត​ហួស​ពី​ប្រវត្ដិសាស្ដ្រ​របស់​មនុស្ស​រាប់​ពាន់​ឆ្នាំ​ទៅ​ទៀត។ គោល​បំណង​របស់​ទ្រង់​គឺ​ស្រួល​យល់​ណាស់ តែ​ជ្រាល​ជ្រៅ​ដល់​ម៉្លេះ​បាន​ជា​អ្នក​ដែល​អាន​ព្រះ​គម្ពីរ​អាច​ចំណាយ​ពេល​សិក្សា ជញ្ជឹង​គិត និង​រំពឹង​គិត​អំពី​គោល​បំណង​នេះ​អស់​មួយ​ជីវិត​ដោយ​ទទួល​ផល​ប្រយោជន៍​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ដ។ ម្យ៉ាង​ទៀត គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ជាក់​ជា​ពុំ​ខាន។ គោល​បំណង​នេះ​នឹង​បំបាត់​ចោល​នូវ​អំពើ​ទុច្ចរិត បាប និង​សេចក្ដី​ស្លាប់ ហើយ​ក៏​នឹង​នាំ​មនុស្ស​ជាតិ​ស្មោះ​ភក្ដី​ទៅ​ដល់​ភាព​ល្អ​ឥត​ខ្ចោះ។ ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​នឹង​កើត​ឡើង​មុន​នឹង​ថ្ងៃ​ទី​ប្រាំ​ពីរ​ចប់ ដើម្បី​ឲ្យ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ផែន​ដី​និង​មនុស្ស​ជាតិ​សម្រេច​នៅ​ចំ​ពេល​ដែល​ទ្រង់​បាន​កំណត់​ទុក​ជា​មុន ទោះ​ជា​មាន​ការ​បះបោរ​បាន​កើត​ឡើង​ក៏​ដោយ!

ប្រាជ្ញា​បែប​នេះ​បណ្ដាល​ឲ្យ​យើង​កោត​ស្ងើច​ណាស់ មែន​ទេ? សាវ័ក​ប៉ុល​បាន​កោត​ស្ងើច​រហូត​ដល់​គាត់​សរសេរ​ថា៖«អើ​ហ្ន៎! ប្រាជ្ញា . . . របស់​ព្រះ​ជ្រៅ​ណាស់​តើ!»។ (រ៉ូម ១១:​៣៣) ពេល​ដែល​យើង​សិក្សា​លក្ខណៈ​ផ្សេងៗ​នៃ​ប្រាជ្ញា​របស់​ព្រះ ចិត្ដ​រាប​ទាប​គួរ​ជំរុញ​យើង​ឲ្យ​ចង​ចាំ​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​គឺ​ថា ទោះ​ជា​ខំ​ព្យាយាម​យ៉ាង​ល្អ​បំផុត​ក៏​ដោយ ក៏​យើង​អាច​យល់​តែ​សើៗ​អំពី​ប្រាជ្ញា​ដែល​គ្មាន​កំណត់​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (យ៉ូប ២៦:១៤) មុន​បង្អស់ សូម​យើង​បក​ស្រាយ​អត្ថ​ន័យ​នៃ​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​កោត​ស្ងើច​នេះ។

តើ​ប្រាជ្ញា​របស់​ព្រះ​ជា​អ្វី?

៥, ៦​. តើ​ចំណេះ​និង​ប្រាជ្ញា​ទាក់​ទង​គ្នា​យ៉ាង​ណា? តើ​ចំណេះ​របស់​ព្រះ​យេហូវ៉ា​ធំ​ទូលាយ​ប៉ុណ្ណា?

ប្រាជ្ញា​មិន​មែន​ជា​ចំណេះ​ដឹង​ឬ​ការ​ចាំ​ពត៌មាន​នោះ​ទេ។ កុំព្យូទ័រ​មួយ​អាច​ផ្ទុក​ពត៌មាន​ជា​ច្រើន​ណាស់ តែ​យើង​ពុំ​ធ្លាប់​និយាយ​ថា​កុំព្យូទ័រ​មាន​ប្រាជ្ញា​ទេ។ យ៉ាង​ណា​ក៏​ដោយ ចំណេះ​និង​ប្រាជ្ញា​ជាប់​ទាក់​ទង​គ្នា។ (សុភាសិត ១០:១៤) ជា​ឧទាហរណ៍ បើ​អ្នក​ត្រូវ​ការ​យោបល់​អំពី​វិធី​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​មួយ តើ​អ្នក​នឹង​សួរ​មនុស្ស​ដែល​មាន​ចំណេះ​តិច​ឬ​គ្មាន​ចំណេះ​ដឹង​អំពី​វិជ្ជា​ពេទ្យ​ឬ? អ្នក​ច្បាស់​ជា​មិន​ធ្វើ​ដូច្នេះ​ទេ! នេះ​បង្ហាញ​ថា ចំណេះ​ត្រឹម​ត្រូវ​គឺ​ផ្សារ​ជាប់​គ្នា​នឹង​ប្រាជ្ញា​ពិត។

ព្រះ​យេហូវ៉ា​មាន​ចំណេះ​ច្រើន​រហូត​ដល់​វាស់​ស្ទង់​ពុំ​បាន។ មាន​តែ​ព្រះ​យេហូវ៉ា​ដែល​ជា​«ស្ដេច​នៃ​អស់​ទាំង​កល្ប» គឺ​ថា​នៅ​អតីតកាល​មិន​ដែល​មាន​ពេល​មួយ​ដែល​ព្រះ​យេហូវ៉ា​គ្មាន​ព្រះ​ជន្ម​រស់​នោះ​ឡើយ។ (ធីម៉ូថេ​ទី​១ ១:១៧) ម្យ៉ាង​ទៀត ក្នុង​ពេល​វេលា​ដ៏​វែង​រក​ដើម​រក​ចុង​មិន​ឃើញ​នោះ ទ្រង់​បាន​ជ្រាប​ពី​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង។ ព្រះ​គម្ពីរ​ចែង​ថា៖«គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។ (ហេព្រើរ ៤:១៣; សុភាសិត ១៥:៣) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត ទ្រង់​យល់​យ៉ាង​ពេញ​លេញ​អំពី​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត ហើយ​ក៏​បាន​សង្កេត​ឃើញ​សកម្មភាព​ទាំង​អស់​របស់​មនុស្ស​ជាតិ​តាំង​ពី​ដំបូង​មក។ ទ្រង់​ពិនិត្យ​មើល​ចិត្ដ​របស់​មនុស្ស​ជាតិ​ម្នាក់ៗ ដោយ​មិន​រំលង​លក្ខណៈ​ណា​មួយ​សោះ​ឡើយ។ (របាក្សត្រទី១ ២៨:៩) ដោយ​សារ​ទ្រង់​បាន​បង្កើត​យើង​ឲ្យ​មាន​ចិត្ដ​សេរី ទ្រង់​ពេញ​ព្រះ​ហឫទ័យ​ពេល​ទត​ឃើញ​ថា​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ក្នុង​ជីវិត​យើង​ដោយ​ប្រាជ្ញា។ ដោយ​សារ​ទ្រង់​ជា«ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន» នោះ​ទ្រង់​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​បុគ្គល​ជា​ច្រើន​ឥត​គណនា​ក្នុង​ពេល​ជា​មួយ​គ្នា! (ទំនុក​ដំកើង ៦៥:២) ម្យ៉ាង​ទៀត គឺ​ជាក់​ស្ដែង​ហើយ​ដែល​ថា ការ​ចង​ចាំ​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ឥត​ខ្ចោះ។

៧, ៨​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​មាន​គំនិត​ឆ្លុះ​យល់ សមត្ថភាព​វែក​ញែក និង​ប្រាជ្ញា​ដោយ​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​មាន​ចំណេះ​ប៉ុណ្ណោះ​ទេ។ ទ្រង់​ក៏​យល់​នូវ​ទំនាក់​ទំនង​រវាង​ពត៌មាន​ផ្សេងៗ និង​វែក​ញែក​លើ​ពត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​ដើម្បី​អាច​យល់​ពី​ទិដ្ឋភាព​ទូទៅ។ ទ្រង់​វាយ​តម្លៃ វិនិច្ឆ័យ ដោយ​វែក​ញែក​ល្អ​និង​អាក្រក់ សំខាន់​និង​តូច​តាច។ បន្ថែម​ទៅ​ទៀត ទ្រង់​មិន​ទត​ឃើញ​ត្រឹម​តែ​សំបក​ក្រៅ​ទេ តែ​ទត​ចំពោះ​អ្វី​ក្នុង​ចិត្ដ​វិញ។ (សាំយូអែលទី១ ១៦:៧) ដូច្នេះ ព្រះ​យេហូវ៉ា​មាន​គំនិត​ឆ្លុះ​យល់ និង​ចេះ​វែក​ញែក ដែល​នេះ​គឺ​ជា​គុណ​សម្បត្ដិ​ពីរ​ដែល​ប្រសើរ​ជាង​ចំណេះ​ទៅ​ទៀត។ ប៉ុន្ដែ ប្រាជ្ញា​គឺ​ជា​គុណ​សម្បត្ដិ​ដែល​ប្រសើរ​ជាង​នោះ​ឆ្ងាយ​ណាស់។

ប្រាជ្ញា​ទាក់​ទង​នឹង​ការ​ប្រើ​នូវ​ចំណេះ សមត្ថភាព​វែក​ញែក និង​គំនិត​ឆ្លុះ​យល់​ជា​មួយ​គ្នា។ ការ​ពិត ពាក្យ​ភាសា​ដើម​ខ្លះ​ដែល​ត្រូវ​បក​ប្រែ​ថា«ប្រាជ្ញា»ក្នុង​ព្រះ​គម្ពីរ មាន​ន័យ​ចំៗ​ថា«ការ​ប្រព្រឹត្ដ​ដែល​មាន​ប្រសិទ្ធ​ភាព»ឬ​ក៏«ប្រាជ្ញា​ដែល​អាច​យក​មក​អនុវត្ដ​បាន»។ ដូច្នេះ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​ទ្រឹស្ដី​ទេ។ ប្រាជ្ញា​របស់​ទ្រង់​ជា​អ្វី​ដែល​យើង​អាច​យក​មក​អនុវត្ដ និង​តែង​តែ​ទទួល​បាន​លទ្ធផល​ល្អ​ជា​និច្ច។ ដោយ​ពឹង​ផ្អែក​លើ​ទំហំ​នៃ​ចំណេះ និង​គំនិត​ឆ្លុះ​យល់​ជ្រៅ​ជ្រះ​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ល្អ​បំផុត ហើយ​ទ្រង់​ប្រព្រឹត្ដ​តាម​ការ​សម្រេច​ចិត្ដ​នោះ​ដោយ​វិធី​ល្អ​បំផុត​ទៀត​ផង។ នេះ​ជា​ប្រាជ្ញា​ពិត! ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ឃើញ​ថា​បន្ទូល​របស់​ព្រះ​យេស៊ូ​គឺ​ពិត​ដោយ​ថា៖«ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត»។ (ម៉ាថាយ ១១:១៩) ផល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ទូ​ទាំង​សកលលោក​គឺ​ប្រៀប​ដូច​ជា​សាក្សី​ដែល​បញ្ជាក់​យ៉ាង​ជាក់​ច្បាស់​ថា ទ្រង់​មាន​ប្រាជ្ញា​មែន។

ភស្ដុ​តាង​ដែល​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ

៩, ១០​. (ក) តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​បែប​ណា? តើ​ទ្រង់​សម្ដែង​ឲ្យ​ឃើញ​ថា​មាន​ប្រាជ្ញា​បែប​នេះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​កោសិកា​ជា​ភស្ដុ​តាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​ធ្លាប់​អស្ចារ្យ​ក្នុង​ចិត្ដ​ពេល​ឃើញ​ការ​ប៉ិនប្រសប់​ខាង​ច្នៃ​ប្រឌិត​របស់​សិប្បករ​ម្នាក់ ដែល​ធ្វើ​របស់​ល្អ​វិចិត្រ​ផ្សេងៗ ដែល​អាច​ប្រើ​ប្រាស់​បាន​ល្អ​នោះ? ប្រាជ្ញា​បែប​នេះ​គួរ​ឲ្យ​ស្ងើច​ក្នុង​ចិត្ដ​មែន។ (និក្ខមនំ ៣១:១​-​៣) ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ជា​ប្រភព​នៃ​ប្រាជ្ញា​បែប​នេះ ហើយ​ទ្រង់​ក៏​មាន​ប្រាជ្ញា​បែប​នេះ​ច្រើន​ជាង​គេ​បំផុត​ដែរ។ ស្ដេច​ដាវីឌ​បាន​មាន​បន្ទូល​អំពី​ព្រះ​យេហូវ៉ា​ថា៖«ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ។ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធតែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ»។ (ទំនុក​ដំកើង ១៣៩:១៤) ពិត​មែន​ហើយ​ថា កាល​ណា​យើង​រៀន​កាន់​តែ​ច្រើន​អំពី​រូប​កាយ​មនុស្ស យើង​កាន់​តែ​កោត​ស្ងើច​និង​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ថែម​ទៀត។

១០ ជា​ឧទាហរណ៍: នៅ​ដើម​ដំបូង​អ្នក​ជា​ស៊ុត​បង្ក​កំណើត​មួយ ដែល​កើត​ពី​អូវុល​របស់​ម្ដាយ​អ្នក ជា​មួយ​នឹង​ស្ពែម៉ាតូសូអ៊ីត​របស់​ឪពុក​អ្នក​ចូល​គ្នា។ បន្ដិច​ក្រោយ​ពី​នោះ ស៊ុត​បង្ក​កំណើត​មួយ​នេះ​ចាប់​ផ្ដើម​ចែក​ខ្លួន។ លទ្ធផល​ចុង​បញ្ចប់​នៃ​ការ​ចែក​ខ្លួន​នេះ​បាន​ជា​រូប​អ្នក ដែល​មាន​ប្រមាណ​១០.០០០.០០០​កោដិ​កោសិកា។ កោសិកា​និមួយ​ៗ​គឺ​តូច​ល្អិត​ណាស់ ហើយ​ប្រមាណ​១០.០០០​កោសិកា មាន​ទំហំ​មធ្យម​អាច​ដាក់​លើ​ក្បាល​ម្ជុល​បាន។ តែ កោសិកា​និមួយ​ៗ​សុទ្ធតែ​ជា​ការ​បង្កើត​មួយ​ដែល​ស្មុគ​ស្មាញ​ស្ទើរ​យល់​ពុំ​បាន។ កោសិកា​គឺ​សាំញ៉ាំ​ឆ្ងាយ​ជាង​ម៉ាស៊ីន​ណា​ឬ​រោង​ចក្រ​ណា​ដែល​មនុស្ស​បង្កើត។ អ្នក​វិទ្យា​សាស្ដ្រ​ប្រាប់​ថា កោសិកា​គឺ​ដូច​ជា​ទី​ក្រុង​មួយ​ដែល​មាន​កំផែង​ព័ទ្ធ​ជុំ​វិញ ហើយ​មាន​ទាំង​ទ្វារ​ចេញ​ចូល​ជាក់​លាក់ ប្រព័ន្ធ​ដឹក​ជញ្ជូន ប្រព័ន្ធ​គមនាគមន៍ រោង​ចក្រ​ថាមពល រោង​ចក្រ​ផលិត កន្លែង​ចាក់​ចោល​និង​ចំរាញ់​កាក​សំណល់ ប្រព័ន្ធ​ការពារ និង​ណ្វៃយ៉ូ​ដែល​ប្រៀប​ដូច​ជា​ការិយាល័យ​កណ្ដាល។ ម្យ៉ាង​ទៀត ក្នុង​ពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ កោសិកា​អាច​ចែក​ខ្លួន​ជា​កោសិកា​ពីរ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ!

១១, ១២​. (ក) តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​កោសិកា​ក្នុង​អំប៊ី្រយ៉ុង​បែងចែក​ខ្លួន​ទៅ​តាម​តួ​នាទី​ផ្សេងៗ? តើ​នេះ​សម​ស្រប​តាម​ទំនុក​ដំកើង ១៣៩:១៦ យ៉ាង​ដូច​ម្ដេច? (ខ) តើ​ខួរ​ក្បាល​មនុស្ស​បង្ហាញ​ថា​យើង​ជា‹ស្នា​ព្រះ​ហស្ដ​ដ៏​អស្ចារ្យ›តាម​របៀប​ណា?

១១ កោសិកា​ទាំង​អស់​មិន​មែន​ដូច​គ្នា​ទេ។ ពេល​ដែល​កោសិកា​ទាំង​ឡាយ​ក្នុង​អំប៊ី្រយ៉ុង​ចែក​ខ្លួន ពួក​វា​ចាប់​ផ្ដើម​មាន​តួ​នាទី​ផ្សេងៗ។ កោសិកា​ខ្លះ​នឹង​ទៅ​ជា​កោសិកា​សរសៃ​ប្រសាទ ខ្លះ​ទៀត​កោសិកា​ឆ្អឹង កោសិកា​សាច់​ដុំ គោលិកា​ឈាម ឬ​ក៏​កោសិកា​ភ្នែក។ ពត៌មាន​សំរាប់​ការ​បែងចែក​ខ្លួន​ទៅ​តាម​តួ​នាទី​ទាំង​នេះ​គឺ​មាន​ស្រាប់​ក្នុង​បញ្ជា​ដែល​ស្ថិត​ក្នុង​បណ្ណាល័យ​របស់​កោសិកា ពោល​គឺ​ ADN(អាស៊ីត​ដេអុកស៊ីរីបូ​នុយក្លេអ៊ិច)។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ដែល​ដាវីឌ​បាន​ត្រូវ​បណ្ដាល​ឲ្យ​ទូល​ព្រះ​យេហូវ៉ា​ថា៖«ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល​បង្គំ . . . ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់»។—ទំនុក​ដំកើង ១៣៩:១៦

១២ សរីរាង្គ​ខ្លះ​របស់​រូប​កាយ​គឺ​ស្មុគ​ស្មាញ​ក្រៃ​លែង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ខួរ​ក្បាល​របស់​មនុស្ស។ បុគ្គល​ខ្លះ​បាន​និយាយ​ថា​ខួរ​ក្បាល​គឺ​ជា​របក​គំហើញ​ដ៏​ស្មុគ​ស្មាញ​បំផុត​ក្នុង​សកលលោក។ សំនុំ​ខួរ​ក្បាល​មាន​១០.០០០​កោដិ​កោសិកា​សរសៃ​ប្រសាទ ហើយ​ចំនួន​នេះ​ជិត​ស្មើ​ចំនួន​ផ្កាយ​ក្នុង​កាឡាក់ស៊ី​របស់​យើង។ កោសិកា​និមួយ​ៗ​នេះ​បែក​មែក​ត​ភ្ជាប់​ជា​មួយ​កោសិកា​រាប់​ពាន់​ឯ​ទៀត។ អ្នក​វិទ្យា​សាស្ដ្រ​ប្រាប់​ថា​ខួរ​ក្បាល​របស់​មនុស្ស​អាច​ផ្ទុក​ពត៌មាន​ទាំង​អស់ ដែល​មាន​ក្នុង​បណ្ណាល័យ​ទាំង​ប៉ុន្មាន​លើ​ពិភព​លោក ហើយ​ក៏​ប្រាប់​ថែម​ទៀត​ថា តាម​ការ​ពិត​ខួរ​ក្បាល​ប្រហែល​ជា​មាន​សមត្ថភាព​ផ្ទុក​ពត៌មាន​ច្រើន​សន្ធឹក​ដែល​កំណត់​ពុំ​បាន។ ទោះ​ជា​អ្នក​វិទ្យា​សាស្ដ្រ​បាន​សិក្សា​សរីរាង្គ​ដែល​ជា‹ស្នា​ព្រះ​ហស្ដ​ដ៏​អស្ចារ្យ›នេះ​អស់​រាប់​សិប​ឆ្នាំ​ក៏​ដោយ តែ​ពួក​គេ​សារភាព​ថា គេ​ប្រហែល​ជា​នឹង​មិន​ដែល​យល់​យ៉ាង​ពេញ​លេញ​អំពី​ដំណើរ​ការ​នៃ​ខួរ​ក្បាល​ទេ។

១៣, ១៤​. (ក) តើ​ស្រមោច​និង​សត្វ​ផ្សេង​ទៀត​បង្ហាញ​ថា ពួក​វា​មាន«ប្រាជ្ញា​នៃ​សភាវគតិ»ដោយ​ដូច​ម្ដេច? តើ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​ដែល​បាន​បង្កើត​សត្វ​ទាំង​នោះ? (ខ) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​បង្កើត​ផ្សេងៗ ដូច​ជា​សំណាញ់​ពីងពាង​ជា​ដើម​បាន​ត្រូវ​បង្កើត«ដោយ​ប្រាជ្ញា»?

១៣ ក៏​ប៉ុន្ដែ មនុស្ស​ជាតិ​មិន​មែន​ជា​ឧទាហរណ៍​តែ​មួយ​គត់ ដែល​បង្ហាញ​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​នោះ​ទេ។ ទំនុក​ដំកើង ១០៤:២៤ ប្រាប់​ថា៖«ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎! ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែន​ដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត»។ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ឃើញ​ជាក់​ស្ដែង​ក្នុង​គ្រប់​ការ​បង្កើត​ដែល​នៅ​ជុំ​វិញ​យើង។ ជា​ឧទាហរណ៍ ស្រមោច«មាន​ប្រាជ្ញា​នៃ​សភាវគតិ»។ (សុភាសិត ៣០:២៤, ព.ថ.) នេះ​គឺ​ពិត​មែន ដ្បិត​ក្រុម​ស្រមោច​មាន​របៀប​រៀប​រយ​ប្រសើរ​ណាស់។ ក្រុម​ស្រមោច​ខ្លះ​ចិញ្ចឹម ផ្ដល់​ជំ​រក និង​ទទួល​ចំណី​ពី​សត្វ​ល្អិត​ម្យ៉ាង​ដែល​ជញ្ជក់​រុក្ខ​រស (Aphididae)ដូច​ជា​មនុស្ស​ចិញ្ចឹម​ហ្វូង​គោ​ក្របី​របស់​ខ្លួន​ដែរ។ ស្រមោច​ឯ​ទៀត​ក៏​ដូច​ជា​កសិករ​ដែរ ដោយ​ថែ​និង​ដាំ​ដុះ​ផ្សិត​ម្យ៉ាង​ដែល​ជា​ដំណាំ​របស់​វា។ មាន​សត្វ​ជា​ច្រើន​ឯ​ទៀត​ដែរ ដែល​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​សភាវគតិ​ចេះ​ធ្វើ​អ្វីៗ​ដ៏​អស្ចារ្យ។ សត្វ​រុយ​ធម្មតា​ហោះ​ហើរ​បោះពួយ​ធ្វើ​ចលនា​ក្រឡាប់​ចុះ​ឡើង ដែល​យន្ដហោះ​ទំនើប​បំផុត​របស់​មនុស្ស​ធ្វើ​មិន​បាន​ដូច​ឡើយ។ បក្សា​បក្សី​ដែល​ផ្លាស់​លំនៅ​តាម​រដូវ អាច​រក​ទិស​ធ្វើ​ដំណើរ​ដោយ​មើល​ផ្កាយ ដោយ​ដែន​ម៉ាញេ​ទិច​របស់​ផែន​ដី ឬ​ដោយ​មាន​អ្វី​ដូច​ជា​ផែនទី​មួយ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​របស់​វា​ស្រាប់។ ពួក​ជី​វ​វិទូ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សិក្សា​ទង្វើ​ពិបាក​យល់​របស់​សត្វ​ទាំង​នេះ​ដែល​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ខួរ​ក្បាល​ដូច​ជា​បញ្ជា​មួយ។ ដូច្នេះ ព្រះ​ដែល​បាន​ដាក់​បញ្ជា​នោះ​ក្នុង​ខួរ​ក្បាល​សត្វ​ទាំង​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​មហិមា​មែន!

១៤ អ្នក​វិទ្យា​សាស្ដ្រ​បាន​រៀន​យ៉ាង​ច្រើន​ដោយ​សិក្សា​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ដោយ​ប្រាជ្ញា។ អ្នក​វិទ្យា​សាស្ដ្រ​រហូត​ដល់​មាន​វិស័យ​វិស្វកម្ម​មួយ​ដែល​ត្រូវ​ហៅ​ថា ជី​វ​វិស្វកម្ម ដែល​ជា​ការ​ខំ​បង្កើត​របស់​របរ​តាម​គំរូ​ដែល​គេ​ឃើញ​ក្នុង​ធម្មជាតិ។ ជា​ឧទាហរណ៍ ប្រហែល​ជា​អ្នក​ធ្លាប់​សម្លឹង​មើល​សំណាញ់​ដ៏​ស្អាត​របស់​សត្វ​ពីងពាង​ដោយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ។ ប៉ុន្ដែ វិស្វករ​ម្នាក់​សម្លឹង​ឃើញ​បច្ចេកទេស​វិស្វកម្ម​ដ៏​អស្ចារ្យ។ បើ​យើង​គិត​តាម​សមាមាត្រ​វិញ សរសៃ​ខ្លះ​ដែល​មើល​ទៅ​ដូច​ជា​ងាយ​ដាច់​នោះ គឺ​ខ្លាំង​ជាង​ដែក​និង​ខ្លាំង​ជាង​សរសៃ​អំបោះ​ដែល​គេ​ត្របាញ់​ចូល​គ្នា​ធ្វើ​ជា​អាវ​ក្រោះ​ទៅ​ទៀត។ តើ​សំណាញ់​ពីងពាង​គឺ​ខ្លាំង​ប៉ុន​ណា​ទៅ? ប្រសិន​បើ​មាន​សំណាញ់​ពីងពាង​ទំហំ​ប៉ុន​សំណាញ់​អ្នក​នេសាទ​នោះ សំណាញ់​នោះ​អាច​ខ្លាំង​ល្មម​នឹង​ទាក់​កប៉ាល់​ហោះ​ដែល​កំពុង​តែ​ហោះ​កាត់​មេឃ​បាន! ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នេះ«ដោយ​ប្រាជ្ញា»។

តើ​អ្នក​ណា​បាន​ដាក់«ប្រាជ្ញា​នៃ​សភាវគតិ»ក្នុង​ខួរ​ក្បាល​នៃ​សត្វ​នានា​លើ​ផែន​ដី?

ប្រាជ្ញា​ដែល​នៅ​ក្រៅ​ផែន​ដី

១៥, ១៦​. (ក) តើ​ផ្កាយ​ច្រើន​ឥត​គណនា​នៅ​លើ​មេឃ​ជា​ភស្ដុ​តាង​ដែល​បង្ហាញ​ពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដោយ​ដូច​ម្ដេច? (ខ) តើ​ឋានៈ​របស់​ព្រះ​យេហូវ៉ា​ជា​មេ​បញ្ជា​ការ​ខ្ពស់​បំផុត​លើ​ទេវតា​ជា​ច្រើន​ឥត​គណនា​ជា​ភស្ដុ​តាង​យ៉ាង​ណា​ថា ទ្រង់​ជា​អ្នក​ចាត់​ចែង​ដែល​មាន​ប្រាជ្ញា?

១៥ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ឃើញ​ជាក់​ស្ដែង​ក្នុង​ការ​បង្កើត​របស់​ទ្រង់​ដែល​មាន​ទូ​ទាំង​សកលលោក។ ផ្កាយ​ច្រើន​ឥត​គណនា​ដែល​មាន​លើ​មេឃ​ដូច​ដែល​យើង​បាន​រៀប​រាប់​យ៉ាង​ពិស្តារ​នៅ​ជំពូក​ទី​៥ មិន​បាន​ត្រូវ​ដាក់​ឲ្យ​មាន​នៅ​មីរ​ដេរ​ដាស​គ្មាន​របៀប​រៀប​រយ​ក្នុង​អវកាស​នោះ​ទេ។ ដោយ​សារ«ច្បាប់​នៅ​លើ​មេឃ»ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​ដោយ​ប្រាជ្ញា​នោះ លំហ​អវកាស​ត្រូវ​រៀប​ចំ​យ៉ាង​ស្អាត​ដោយ​មាន​ទំ​រង់​ជា​កាឡាក់ស៊ី​ផ្សេងៗ ដែល​ផ្តុំ​គ្នា​ជា​ក្រុម​កាឡាក់ស៊ី​ជា​ច្រើន ហើយ​ក្រុម​និមួយ​ៗ​ក៏​ផ្តុំ​គ្នា​ជា​ក្រុម​ធំ​ជាង។ (យ៉ូប ៣៨:៣៣, ខ.ស.) គ្មាន​អ្វី​ចំ​ឡែក​ទេ​ដែល​ព្រះ​យេហូវ៉ា​ហៅ​វត្ថុ​ធាតុ​អវកាស​ទាំង​នេះ​ជា«ពួក​ពល​បរិវារ!»។ (អេសាយ ៤០:២៦) មាន​ពួក​ពល​មួយ​ក្រុម​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​នេះ​ទៅ​ទៀត។

១៦ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​៤ ព្រះ​មាន​ឋានន្ដរ​ជា«ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ» ដោយ​ព្រោះ​ទ្រង់​មាន​ឋានៈ​ជា​មេ​បញ្ជា​ការ​ខ្ពស់​បំផុត​លើ​បុគ្គល​វិញ្ញាណ​រាប់​លាន​នាក់​ដែល​ជា​ពួក​ពល​របស់​ទ្រង់។ នេះ​ជា​ភស្ដុ​តាង​ដែល​បញ្ជាក់​តេជានុភាព​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ តើ​នេះ​ទាក់​ទង​នឹង​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ចំណុច​នេះ: ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​មិន​ដែល​ឈប់​ធ្វើ​ការ​ទេ។ (យ៉ូហាន ៥:១៧) ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ដែល​បណ្ដា​ទេវតា​ដែល​បំរើ​ព្រះ​ដ៏​ខ្ពស់​បំផុត​ក៏​រវល់​ជា​និច្ច​ដូច​គ្នា​ដែរ។ ហើយ​សូម​ចាំ​ដែរ​ថា ពួក​ទេវតា​មាន​សមត្ថភាព​ខ្ពង់​ខ្ពស់​ជាង​មនុស្ស ដោយ​មាន​ភាព​ឈ្លាស​វាង​វៃ​និង​ភាព​ខ្លាំង​ក្លា​ក្រៃ​លែង។ (ហេព្រើរ ១:៧; ២:៧) ប៉ុន្ដែ អស់​រាប់​ពាន់​កោដិ​ឆ្នាំ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រគល់​កិច្ច​ការ​ឲ្យ​ទេវតា​ទាំង​អស់​រវល់​និង​សប្បាយ​ក្នុង​កិច្ច​ការ​ដែល​គួរ​ឲ្យ​ពេញ​ចិត្ដ ពោល​គឺ​ការ«ប្រតិបត្ដិ​តាម​បង្គាប់»និង«ធ្វើ​តាម​ព្រះ​ហឫទ័យ​»​របស់​ទ្រង់។ (ទំនុក​ដំកើង ១០៣:២០, ២១) ព្រះ​ពិត​ជា​អ្នក​ចាត់​ចែង​ដែល​មាន​ប្រាជ្ញា​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់!

ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ»

១៧, ១៨​. ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ»? ហេតុ​អ្វី​ប្រាជ្ញា​របស់​ទ្រង់​គួរ​ធ្វើ​ឲ្យ​យើង​កោត​ស្ញប់​ស្ញែង?

១៧ អាស្រ័យ​ដោយ​ភស្ដុ​តាង​ខាង​លើ​នេះ គ្មាន​អ្វី​ប្លែក​ទេ​ដែល​ព្រះ​គម្ពីរ​ចែង​ថា ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្ពង់​ខ្ពស់​បំផុត។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ប្រាប់​ថា​ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ»។ (រ៉ូម ១៦:២៧) មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​ប្រាជ្ញា​ល្អ​ឥត​ខ្ចោះ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​ប្រាជ្ញា​ពិត។ (សុភាសិត ២:៦) ហេតុ​នេះ ទោះ​បី​ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​មាន​ប្រាជ្ញា​ច្រើន​បំផុត​ក្នុង​ចំណោម​ការ​បង្កើត​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ តែ​ព្រះ​យេស៊ូ​មិន​បាន​ពឹង​ពាក់​ទៅ​លើ​ប្រាជ្ញា​របស់​ខ្លួន​ទេ ប៉ុន្ដែ ទ្រង់​បាន​មាន​បន្ទូល​តាម​អ្វី​ដែល​ព្រះ​វរបិតា​របស់​ទ្រង់​បាន​ណែនាំ​វិញ។—យ៉ូហាន ១២:៤៨​-​៥០

១៨ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​សាវ័ក​ប៉ុល​បាន​បញ្ជាក់​ភាព​ល្អ​ឯក​នៃ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។ គាត់​បាន​ពោល​ថា៖«អើ​ហ្ន៎! ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ! ឯ​ព្រះ​ដំ​រិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន? ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន?»។ (រ៉ូម ១១:៣៣) ប៉ុល​ចាប់​ផ្ដើម​ខ​នេះ​ដោយ​ឧទាន​ថា«អើ​ហ្ន៎!» ដែល​បង្ហាញ​ថា​អារម្មណ៍​ដែល​គាត់​មាន​នោះ​គឺ​ខ្លាំង​ណាស់។ ក្នុង​ករណី​នេះ អារម្មណ៍​នោះ​គឺ​ជា​ការ​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង។ ពាក្យ​ភាសា​ក្រិច​ដែល​គាត់​បាន​យក​មក​ប្រើ​សំរាប់​ពាក្យ«ជ្រៅ» ជាប់​ទាក់​ទង​នឹង​ពាក្យ«ជង្ហុក​ធំ»។ ដូច្នេះ ពាក្យ​របស់​គាត់​ធ្វើ​ឲ្យ​យើង​គិត​ឃើញ​ទិដ្ឋភាព​ច្បាស់។ ពេល​យើង​ពិចារណា​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា គឺ​ប្រៀប​ដូច​ជា​យើង​កំពុង​តែ​សម្លឹង​មើល​ទៅ​ក្នុង​ជ្រលង​មួយ​ដែល​គ្មាន​ដែន​កំណត់ និង​ជ្រៅ​គ្មាន​បាត ហើយ​ធំ​សម្បើម​ដល់​ម៉្លេះ​ដែល​យើង​មិន​អាច​ដឹង​ពី​ទំហំ​វា​បាន​ទេ ដោយ​មិន​ចាំ​បាច់​និយាយ​ពី​ការ​វាស់​ស្ទង់​ឬ​គូរ​ជា​ផែនទី​ឡើយ។ (ទំនុក​ដំកើង ៩២:៥) ចំណុច​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ដ​រាប​ទាប​ណាស់ មែន​ទេ?

១៩, ២០​. (ក) ហេតុ​អ្វី​បាន​ជា​សត្វ​ឥន្ទ្រី​ជា​តំណាង​ដ៏​សមរម្យ​សំរាប់​ប្រាជ្ញា​របស់​ព្រះ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ថា​ទ្រង់​មាន​សមត្ថភាព​ទត​ឃើញ​អនាគត​យ៉ាង​ដូច​ម្ដេច?

១៩ មាន​ហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ» ពោល​គឺ មាន​តែ​ទ្រង់​មួយ​អង្គ​ដែល​អាច​សម្លឹង​ឃើញ​ព្រឹត្ដិការណ៍​នៅ​ខាង​មុខ។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ប្រើ​សត្វ​ឥន្ទ្រី​ដែល​អាច​មើល​ឃើញ​ឆ្ងាយ​ដើម្បី​តំណាង​ឲ្យ​ប្រាជ្ញា​របស់​ទ្រង់។ មាន​សត្វ​ឥន្ទ្រី​ម្យ៉ាង​ដែល​មាន​ទម្ងន់​ត្រឹម​តែ​ប្រាំ​គីឡូ​ក្រាម​ប៉ុណ្ណោះ តែ​ភ្នែក​វា​គឺ​ធំ​ជាង​ភ្នែក​របស់​បុរស​ពេញ​វ័យ​ម្នាក់។ ចក្ខុ​វិញ្ញាណ​របស់​សត្វ​ឥន្ទ្រី​គឺ​ពូកែ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ពី​លើ​មេឃ​កំពស់​រាប់​រយ​ម៉ែត្រ​វា​មាន​សមត្ថភាព​អាច​មើល​ឃើញ​សត្វ​រំពា​តូចៗ ឬ​ក៏​ពី​ចម្ងាយ​ប្រហែល​ជា​ឆ្ងាយ​ជាង​ពីរ​គីឡូម៉ែត្រ​ទៅ​ទៀត! ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ធ្លាប់​មាន​បន្ទូល​អំពី​សត្វ​ឥន្ទ្រី​ថា«ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ»។ (យ៉ូប ៣៩:២៩) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​អាច​ទត«ឃើញ​ឆ្ងាយ»នៅ​អនាគត!

២០ ព្រះ​គម្ពីរ​ពោរ​ពេញ​ទៅ​ដោយ​ភស្ដុ​តាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដូច្នេះ​បាន​ពិត​មែន។ ព្រះ​គម្ពីរ​មាន​ទំនាយ​រាប់​រយ។ ពាក្យ​ទំនាយ​គឺ​ជា​ប្រវត្ដិសាស្ដ្រ​ដែល​បាន​កត់​ទុក​មុន​នឹង​ព្រឹត្ដិការណ៍​កើត​ឡើង។ លទ្ធផល​នៃ​សង្គ្រាម​ផ្សេងៗ ការ​ឡើង​កាន់​អំណាច​និង​ការ​ដួល​រលំ​នៃ​មហា​អំណាច និង​រហូត​ដល់​ពន្យល់​យ៉ាង​ជាក់​លាក់​អំពី​យុទ្ធ​សាស្ដ្រ​ដែល​មេទ័ព​ផ្សេងៗ​បាន​ប្រើ សុទ្ធតែ​បាន​ទាយ​ទុក​ក្នុង​ព្រះ​គម្ពីរ ដោយ​ជួន​កាល​ទាយ​រាប់​រយ​ឆ្នាំ​មុន​នឹង​ព្រឹត្ដិការណ៍​ទាំង​នោះ​កើត​ឡើង​ទៅ​ទៀត។—អេសាយ ៤៤:២៥​-​៤៥:៤; ដានីយ៉ែល ៨:២​-​៨, ២០​-​២២

២១, ២២​. (ក) ហេតុ​អ្វី​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ចំពោះ​ការ​សន្និដ្ឋាន​ថា ព្រះ​យេហូវ៉ា​បាន​ទត​ឃើញ​ការ​សម្រេច​ចិត្ដ​ទាំង​អស់​ដែល​យើង​នឹង​ធ្វើ​ក្នុង​ជីវិត? សូម​ឲ្យ​ឧទាហរណ៍។ (ខ) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​មិន​ប្រើ​ប្រាជ្ញា​របស់​ទ្រង់​ដោយ​គ្មាន​មេត្ដា​ឬ​មិន​ចេះ​អាណិត​អាសូរ​នោះ?

២១ ប៉ុន្ដែ តើ​នេះ​មាន​ន័យ​ថា​ព្រះ​បាន​ទត​ឃើញ​រួច​ហើយ​នូវ​ការ​សម្រេច​ចិត្ដ​ទាំង​អស់​ដែល​អ្នក​នឹង​ធ្វើ​ឬ? មនុស្ស​ខ្លះ​ដែល​គាំ​ទ្រ​លទ្ធិ​ថា​វា​ស​នា​របស់​យើង​បាន​ត្រូវ​កំណត់​រួច​ហើយ ពួក​គេ​ប្រកាន់​ថា​ទ្រង់​បាន​ធ្វើ​ដូច្នេះ​មែន។ ក៏​ប៉ុន្ដែ ការ​ពិត គំនិត​នេះ​បង្អាប់​ដល់​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ដ្បិត​នេះ​ចង់​និយាយ​ថា ទ្រង់​មិន​អាច​ទប់​សមត្ថភាព​របស់​ទ្រង់​ចំពោះ​ការ​ទត​ឃើញ​អនាគត​នោះ​ទេ។ ជា​ឧទាហរណ៍ បើ​អ្នក​មាន​សម្លេង​ល្អ​អាច​ច្រៀង​ពីរោះ​ដាច់​គេ តើ​នេះ​បាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ច្រៀង​រាល់​ថ្ងៃ​ជា​និច្ច​គ្មាន​អាក់​ឬ? គំនិត​នេះ​គឺ​មិន​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ! ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ដឹង​ទុក​ជា​មុន​អំពី​អនាគត ប៉ុន្ដែ នេះ​មិន​បាន​ន័យ​ថា​ទ្រង់​ប្រើ​សមត្ថភាព​នេះ​ជា​និច្ច​ទេ។ បើ​ទ្រង់​ធ្វើ​ដូច្នេះ នេះ​អាច​បំពាន​ទៅ​លើ​ចិត្ដ​សេរី​របស់​យើង ដែល​ជា​អំណោយ​ទាន​ប្រសើរ​ថ្លៃ​ថ្លា​ពី​ព្រះ​យេហូវ៉ា ដែល​ទ្រង់​នឹង​មិន​ដក​ហូត​យក​មក​វិញ​ទេ។—ចោទិយកថា ៣០:១៩, ២០

២២ ម្យ៉ាង​ទៀត គំនិត​ថា​វា​ស​នា​របស់​យើង​ត្រូវ​កំណត់​រួច​ហើយ​បាន​ន័យ​ថា ព្រះ​យេហូវ៉ា​ប្រើ​ប្រាជ្ញា​របស់​ទ្រង់​ដោយ​គ្មាន​មេត្ដា ដោយ​គ្មាន​សេចក្ដី​ស្រឡាញ់ ការ​អាណិត​អាសូរ និង​ការ​សន្ដោស​ប្រណី។ ប៉ុន្ដែ នេះ​គឺ​ខុស​ទាំង​ស្រុង! ព្រះ​គម្ពីរ​បង្រៀន​ថា​ព្រះ​យេហូវ៉ា​«មាន​ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា»។ (យ៉ូប ៩:៤, កំណែ​ជា​អក្សរ​ទ្រេត) ព្រះ​គម្ពីរ​ច្រើន​តែ​ប្រើ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​លក្ខណៈ​ដែល​បង្កប់​យ៉ាង​ជ្រៅ​ក្នុង​ខ្លួន រួម​មាន​ទាំង​អ្វី​ដែល​ជំរុញ​ចិត្ដ​និង​អារម្មណ៍​របស់​យើង​ដូច​ជា​សេចក្ដី​ស្រឡាញ់​ជា​ដើម។ ដូច្នេះ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ដូច​ជា​គុណ​សម្បត្ដិ​ឯ​ទៀត​របស់​ទ្រង់​ដែល​ត្រូវ​កាន់​កាប់​ដោយ​សេចក្ដី​ស្រឡាញ់។—យ៉ូហានទី១ ៤:៨

២៣​. ភាព​ខ្ពង់​ខ្ពស់​នៃ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គួរ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ធ្វើ​អ្វី?

២៣ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​គួរ​ឲ្យ​ទុក​ចិត្ដ​ទាំង​ស្រុង។ ប្រាជ្ញា​របស់​ទ្រង់​គឺ​ខ្ពស់​ជាង​ប្រាជ្ញា​របស់​យើង​ឆ្ងាយ​ដល់​ម៉្លេះ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ជំរុញ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ថា៖«ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ដ កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ (សុភាសិត ៣:៥, ៦) សូម​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ចូល​ទៅ​ជិត​ជាង​នឹង​ព្រះ​របស់​យើង​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា។