លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៨

ប្រាជ្ញា​ក្នុង​«ព្រះ​បន្ទូល​នៃ​ព្រះ»

ប្រាជ្ញា​ក្នុង​«ព្រះ​បន្ទូល​នៃ​ព្រះ»

១, ២​. តើ​ព្រះ​យេហូវ៉ា​បាន​សរសេរ​សំបុត្រ​អ្វី​ឲ្យ​យើង? ហើយ​ហេតុ​អ្វី?

តើ​អ្នក​នៅ​ចាំ​ពេល​អ្នក​បាន​ទទួល​សំបុត្រ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​រស់​នៅ​ឆ្ងាយ​ទេ? កម្រ​មាន​អ្វី​ដែល​នាំ​ឲ្យ​រីក​រាយ​ដូច​ការ​ទទួល​សំបុត្រ​មួយ​ពី​មនុស្ស​សំណព្វ​របស់​យើង​ដែល​គេ​សរសេរ​ស្មោះ​ពី​ចិត្ដ​នោះ។ យើង​សប្បាយ​អាន​អំពី​សុខ​ទុក្ខ បទ​ពិសោធន៍ និង​គម្រោង​របស់​គាត់។ ការ​ប្រស្រ័យ​ទាក់​ទង​គ្នា​បែប​នេះ​នាំ​ឲ្យ​យើង​ជិត​ស្និទ្ធ​នឹង​អ្នក​ដែល​ជា​ទី​ស្រឡាញ់ ទោះ​បី​រូប​គេ​នៅ​ឆ្ងាយ​ពី​យើង​ក៏​ដោយ។

ដូច្នេះ តើ​មាន​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​មាន​ចិត្ដ​រីក​រាយ​ដូច​ការ​ទទួល​សារ​មួយ​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ព្រះ​ជា​ទី​ស្រឡាញ់​របស់​យើង​នោះ​ឬ​ទេ? នេះ​គឺ​ប្រៀប​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​សរសេរ​សំបុត្រ​មួយ​ឲ្យ​យើង។ សំបុត្រ​នោះ​គឺ​ព្រះ​គម្ពីរ ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ ក្នុង​ព្រះ​គម្ពីរ ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ថា​ទ្រង់​ជា​អ្នក​ណា ទ្រង់​បាន​សម្រេច​អ្វី​ខ្លះ ទ្រង់​មាន​គោល​បំណង​អ្វី និង​ក៏​ប្រាប់​យើង​នូវ​ពត៌មាន​ច្រើន​ថែម​ទៀត។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព្រះ​បន្ទូល​របស់​ទ្រង់​ដល់​យើង ពីព្រោះ​ទ្រង់​ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់។ ព្រះ​របស់​យើង​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​បាន​ជ្រើស​រើស​វិធី​ល្អ​បំផុត​ដើម្បី​ប្រស្រ័យ​ទាក់​ទង​នឹង​យើង។ របៀប​សរសេរ​និង​សាច់​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ឡើយ។

ហេតុ​អ្វី​ត្រូវ​សរសេរ​បន្ទូល​របស់​ទ្រង់?

៣​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រិត្យ​វិន័យ​ដល់​ម៉ូសេ​តាម​វិធី​ណា?

មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​បាន​ទាក់​ទង​មនុស្ស​ជាតិ​តាម​វិធី​អស្ចារ្យ​ជាង? ឧទាហរណ៍​ដូច​ជា​មាន​បន្ទូល​ពី​ស្ថាន​សួគ៌​មក​ជា​ដើម។ ការ​ពិត មាន​ពេល​ខ្លះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ពី​ស្ថាន​សួគ៌​មែន តាម​រយៈ​ទេវតា​ដែល​ជា​តំណាង​របស់​ទ្រង់។ ឧទាហរណ៍ ទ្រង់​បាន​ធ្វើ​ដូច្នេះ ពេល​ដែល​ប្រទាន​ក្រិត្យ​វិន័យ​ដល់​សាសន៍​អ៊ីស្រាអែល។ (កាឡាទី ៣:១៩) ព្រះ​សូរ​សៀង​ពី​ស្ថាន​សួគ៌​គួរ​ឲ្យ​កោត​ស្ងើច​ដល់​ម៉្លេះ ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ភិត​ភ័យ​ញាប់​ញ័រ​សុំ​កុំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​វិធី​នោះ​ទៀត តែ​សូម​មាន​បន្ទូល​តាម​រយៈ​ម៉ូសេ​វិញ។ (និក្ខមនំ ២០:១៨​-​២០) ក្រិត្យ​វិន័យ​នោះ ដែល​មាន​ប្រមាណ​៦០០​ប្រការ​ត្រូវ​បាន​ប្រទាន​ដល់​ម៉ូសេ​ដោយ​និយាយ​ផ្ទាល់​មាត់។

៤​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​ការ​ប្រាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​មែន​ជា​វិធី​គួរ​ឲ្យ​ទុក​ចិត្ដ​សំរាប់​ការ​បង្រៀន​ក្រិត្យ​វិន័យ​របស់​ព្រះ​ពី​តំណ​មួយ​ទៅ​តំណ​មួយ។

ប៉ុន្ដែ ចុះ​យ៉ាង​ណា​វិញ​បើ​ក្រិត្យ​វិន័យ​មិន​បាន​កត់​ទុក​ជា​លាយ​លក្ខណ៍​អក្សរ​ក្រោយ​មក​នោះ? តើ​ម៉ូសេ​នឹង​អាច​ចាំ​ជាក់​ច្បាស់​នូវ​ពាក្យ​និមួយ​ៗ​នៃ​ក្រិត្យ​វិន័យ​ដ៏​ល្អិត​ល្អន់​នេះ និង​រៀប​រាប់​ប្រាប់​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​យ៉ាង​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​បាន​ឬ​ទេ? ចុះ​ចំពោះ​មនុស្ស​តំណ​ក្រោយ? តើ​ពួក​គេ​ត្រូវ​ទុក​ចិត្ដ​ទៅ​លើ​អ្វី​ដែល​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តែ​ប៉ុណ្ណោះ​ឬ​ទេ? នោះ​មិន​មែន​ជា​វិធី​គួរ​ឲ្យ​ទុក​ចិត្ដ​សំរាប់​ការ​បង្រៀន​ច្បាប់​របស់​ព្រះ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទេ។ សូម​គិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បើ​អ្នក​និទាន​រឿង​មួយ​ប្រាប់​ដល់​មនុស្ស​មួយ​ជួរ​យ៉ាង​វែង ដោយ​ប្រាប់​បុគ្គល​ទី​មួយ និង​ឲ្យ​ប្រាប់​តៗ​គ្នា​រហូត​ដល់​បុគ្គល​ចុង​ក្រោយ​គេ​បង្អស់។ អ្វី​ដែល​បុគ្គល​ចុង​ក្រោយ​បង្អស់​បាន​ឮ​ទំនង​ជា​ខុស​ពី​រឿង​ដើម​ហើយ។ តែ​ពាក្យ​បន្ទូល​របស់​ព្រះ​ក្នុង​ក្រិត្យ​វិន័យ​មិន​អាច​ត្រូវ​កែ​ប្រែ​ដូច្នេះ​បាន​ទេ។

៥, ៦​. តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជា​ម៉ូសេ​ឲ្យ​ធ្វើ​អ្វី​នឹង​បន្ទូល​ទ្រង់? ហេតុ​អ្វី​ការ​មាន​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ជា​លាយ​លក្ខណ៍​អក្សរ​គឺ​ជា​ពរ​មួយ?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ប្រាជ្ញា​ដោយ​សម្រេច​ព្រះ​ទ័យ​ឲ្យ​មាន​គេ​សរសេរ​ទុក​ពាក្យ​បន្ទូល​របស់​ទ្រង់។ ទ្រង់​បាន​បញ្ជា​ម៉ូសេ​ថា៖‹ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ! ដ្បិត​យើង​តាំង​សេចក្ដី​សញ្ញា​របស់​យើង​នឹង​អ្នក ហើយ​នឹង​ពួក​អ៊ីស្រាអែល​តាម​ន័យ​ពាក្យ​ទាំង​នេះ›។ (និក្ខមនំ ៣៤:២៧) ដូច្នេះ ចាប់​ផ្ដើម​មាន​ការ​សរសេរ​ព្រះ​គម្ពីរ នៅ​ឆ្នាំ​១៥១៣​មុន​ស.យ.។ ក្នុង​រយៈ​ពេល​១.៦១០​ឆ្នាំ​បន្ដ​បន្ទាប់ ព្រះ​យេហូវ៉ា​បាន‹មាន​បន្ទូល​ជា​ច្រើន​ដង​ច្រើន​បែប› ដល់​មនុស្ស​ជាតិ​ប្រមាណ​៤០​នាក់​ដែល​ក្រោយ​មក​បាន​សរសេរ​ព្រះ​គម្ពីរ។ (ហេព្រើរ ១:១) ក្នុង​ចន្លោះ​ពេល​នោះ​ដែរ ពួក​ស្មៀន​បាន​ផ្ចិត​ផ្ចង់​ចម្លង​ឯកសារ​ទាំង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​រក្សា​ទុក​បទ​គម្ពីរ​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ។—អែសរ៉ា ៧:៦; ទំនុក​ដំកើង ៤៥:១

ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ប្រទាន​ពរ​មក​យើង ដោយ​ទាក់​ទង​ជា​លាយ​លក្ខណ៍​អក្សរ។ តើ​អ្នក​ធ្លាប់​មាន​សំបុត្រ​មួយ​ដែល​អ្នក​ចូល​ចិត្ដ​រហូត​ដល់​ទុក​អាន​ម្ដង​ហើយ​ម្ដង​ទៀត​ទេ? ប្រហែល​ជា​សំបុត្រ​នោះ​បាន​សម្រាល​ទុក្ខ​អ្នក​ចំ​ពេល​ដែល​អ្នក​ត្រូវ​ការ។ សំបុត្រ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​គឺ​ដូច្នេះ​ដែរ។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​រៀប​ចំ​ឲ្យ​បន្ទូល​ទ្រង់​ត្រូវ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ យើង​អាច​អាន​ជា​រឿយៗ​និង​រំពឹង​គិត​អំពី​បន្ទូល​នោះ។ (ទំនុក​ដំកើង ១:២) យើង​អាច​ទទួល«សេចក្ដី​កំសាន្ដ​ចិត្ដ[ឬ«ការ​សម្រាល​ទុក្ខ», ព.ថ.] ដោយ​សារ​គម្ពីរ»នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។—រ៉ូម ១៥:៤

ហេតុ​អ្វី​អ្នក​សរសេរ​ជា​មនុស្ស​ជាតិ?

៧​. ហេតុ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​មនុស្ស​ជាតិ​ជា​អ្នក​សរសេរ តើ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា នោះ​ទ្រង់​បាន​ប្រើ​មនុស្ស​ជាតិ​ជា​អ្នក​សរសេរ​ព្រះ​បន្ទូល​របស់​ទ្រង់។ សូម​គិត​ទៅ​មើល បើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​ជា​អ្នក​សរសេរ​វិញ តើ​ព្រះ​គម្ពីរ​ទាក់​ទាញ​ទឹក​ចិត្ដ​របស់​យើង​ដូច​គ្នា​ឬ​ទេ? ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​អាច​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​បាន​ច្បាស់ ដោយ​សារ​ពួក​គេ​នៅ​ស្ថាន​លើ​ហើយ​អាច​បញ្ជាក់​ពី​ភក្ដីភាព​របស់​ពួក​គេ​ចំពោះ​ទ្រង់ ថែម​ទាំង​រៀប​រាប់​អំពី​សកម្មភាព​របស់​មនុស្ស​ជាតិ​ដែល​ស្មោះ​ភក្ដី​នឹង​ព្រះ។ ប៉ុន្ដែ តើ​យើង​ពិត​ជា​អាច​យល់​នូវ​ទស្សនៈ​របស់​បុគ្គល​វិញ្ញាណ​គ្រប់​ល័ក្ខណ៍ ដែល​មាន​ចំណេះ បទ​ពិសោធន៍ និង​កម្លាំង​ច្រើន​ជាង​យើង​ឆ្ងាយ​ម៉្លេះ​បាន​ឬ​ទេ?—ហេព្រើរ ២:៦, ៧

«គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»

៨​. តើ​អ្នក​សរសេរ​ព្រះ​គម្ពីរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​សតិ​បញ្ញា​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? (សូម​មើល​សម្គាល់​ហេតុ​ដែរ)

តាម​រយៈ​មនុស្ស​ជាតិ​ដែល​ជា​អ្នក​សរសេរ​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​អ្វី​ដែល​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​យើង ពោល​គឺ កំណត់​ហេតុ​ដែល«ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង» តែ​ក៏​បាន​បង្ហាញ​ធាតុ​ពិត​របស់​មនុស្ស​ផង​ដែរ។ (ធីម៉ូថេ​ទី​២ ៣:១៦) តើ​ទ្រង់​សម្រេច​នេះ​យ៉ាង​ដូច​ម្ដេច? តាម​មើល​ទៅ ក្នុង​ករណី​ជា​ច្រើន​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​ប្រើ​សតិ​បញ្ញា​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ជ្រើស​រើស«ពាក្យ​ពីរោះ នឹង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម​ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់»។ (សាស្តា ១២:១០, ១១) ហេតុ​នេះ​ហើយ​បាន​ជា​សៀវភៅ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ​មាន​របៀប​សរសេរ​ខុសៗ​គ្នា ដោយ​សំនេរ​និមួយ​ៗ​បង្ហើប​ឲ្យ​យល់​នូវ​ប្រវត្ដិ​និង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​សរសេរ​ម្នាក់​នោះ។ * ប៉ុន្ដែ«ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ . . . .​ជំរុញ​ចិត្ដ​លោក​ទាំង​នោះ​អោយ​ថ្លែង​ព្រះ​បន្ទូល»។ (ពេត្រុសទី២ ១:២១, ខ.ស.) ដូច្នេះ លទ្ធផល​ដែល​ទទួល​បាន​ចុង​ក្រោយ​គឺ​ពិត​ជា«ព្រះ​បន្ទូល​នៃ​ព្រះ»​មែន។—ថែស្សាឡូនីចទី១ ២:១៣

៩, ១០​. ហេតុ​អ្វី​បាន​ជា​ការ​ប្រើ​មនុស្ស​ជាតិ​ជា​អ្នក​សរសេរ​នាំ​ឲ្យ​ព្រះ​គម្ពីរ​ប្រកប​ដោយ​ភាព​កក់​ក្ដៅ​និង​មាន​លក្ខណៈ​ដែល​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ជា​ទី​បំផុត?

ដោយ​សារ​មនុស្ស​ត្រូវ​បាន​ប្រើ​ដើម្បី​សរសេរ​ព្រះ​គម្ពីរ នោះ​ព្រះ​គម្ពីរ​ប្រកប​ទៅ​ដោយ​ភាព​កក់​ក្ដៅ និង​លក្ខណៈ​ដែល​ទាក់​ទាញ​ទឹក​ចិត្ដ​ជា​ទី​បំផុត។ អ្នក​សរសេរ​គឺ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ដូច​យើង​ដែរ។ ដោយ​សារ​ពួក​គេ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ពួក​គេ​ធ្លាប់​ឆ្លង​កាត់​ការ​ល្បង​ល​និង​ការ​គាប​សង្កត់​ស្រដៀង​នឹង​យើង​ដែរ។ ក្នុង​ករណី​ខ្លះ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​គេ​សរសេរ​អំពី​អារម្មណ៍​និង​ការ​លំបាក​ដែល​ខ្លួន​គេ​ផ្ទាល់​បាន​ពុះ​ពារ។ (កូរិនថូសទី២ ១២:៧​-​១០) ដូច្នេះ ពួក​គេ​បាន​សរសេរ​ដោយ​ប្រើ​សព្វ​នាម​បុរិសៈ​បុរស​ទី​មួយ។ គ្មាន​ទេវតា​មួយ​រូប​ណា​អាច​សរសេរ​បញ្ជាក់​ពី​អារម្មណ៍​ដូច​ពួក​គេ​បាន​ឡើយ។

១០ ជា​ឧទាហរណ៍ សូម​គិត​អំពី​ដាវីឌ​ដែល​ជា​ស្ដេច​នៃ​អ៊ីស្រាអែល។ ក្រោយ​ដាវីឌ​បាន​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ខ្លះៗ ទ្រង់​បាន​តែង​ទំនុក​មួយ​អង្វរ​អស់​ពី​ដួង​ចិត្ដ​សុំ​ព្រះ​អត់​ឱន​ទោស។ ដាវីឌ​បាន​សរសេរ​ថា៖«សូម​សំ​អា​ត​អំពើ​បាប​របស់​ទូល​បង្គំ​ផង។ ដ្បិត​ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល​បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល​បង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ជា​និច្ច។ មើល! ទូល​បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្ដាយ​ទូល​បង្គំ​បាន​មាន​ទំងន់ បង្កើត​ទូល​បង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ។ សូម​កុំ​ចោល​ទូល​បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ឡើយ។ ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ! ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ដ​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ»។ (ទំនុក​ដំកើង ៥១:២, ៣, ៥, ១១, ១៧) នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​ស្ដេច​ដាវីឌ​ដែរ មែន​ទេ? មាន​តែ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មាន​អារម្មណ៍​ក្នុង​ចិត្ដ​ដូច្នេះ មែន​ទេ?

ហេតុ​អ្វី​ព្រះ​គម្ពីរ​ជា​សៀវភៅ​រៀប​រាប់​អំពី​មនុស្ស?

១១​. តើ​មាន​បទ​ពិសោធន៍​ពិតៗ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​សរសេរ​ក្នុង​ព្រះ​គម្ពីរ«សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា»?

១១ មាន​អ្វី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​មាន​លក្ខណៈ​ដែល​ទាក់​ទាញ​ទឹក​ចិត្ដ។ ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​ច្រើន​តែ​រៀប​រាប់​អំពី​បុគ្គល​ដែល​មាន​ពិតៗ រួម​មាន​មនុស្ស​ដែល​បំរើ​ព្រះ​និង​មនុស្ស​ដែល​មិន​បំរើ​ទ្រង់​ផង​ដែរ។ យើង​អាន​អំពី​បទ​ពិសោធន៍ ការ​លំបាក និង​អំណរ​របស់​ពួក​គេ។ យើង​ឃើញ​នូវ​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ដ​របស់​ពួក​គេ។ កំណត់​ហេតុ​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ទុក«សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា»។ (រ៉ូម ១៥:៤) តាម​រយៈ​បទ​ពិសោធន៍​ពិតៗ​ទាំង​នេះ ព្រះ​យេហូវ៉ា​បង្រៀន​យើង​តាម​វិធី​ដែល​មាន​ឥទ្ធិពល​មក​លើ​ចិត្ដ​របស់​យើង។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះៗ។

១២​. តើ​កំណត់​ហេតុ​ព្រះ​គម្ពីរ​អំពី​មនុស្ស​ឥត​ស្មោះ​ភក្ដី​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១២ ព្រះ​គម្ពីរ​ប្រាប់​អំពី​មនុស្ស​ឥត​ស្មោះ​ភក្ដី​និង​មនុស្ស​ទុច្ចរិត​ទៀត​ផង ព្រម​ទាំង​ប្រាប់​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​ពួក​គេ។ ដោយ​អាន​កំណត់​ហេតុ​អំពី​ការ​ប្រព្រឹត្ដ​របស់​មនុស្ស​ផ្សេងៗ កំណត់​ហេតុ​ទាំង​នេះ​ជួយ​ឲ្យ​យើង​យល់​ស្រួល​ជាង ថា​តើ​អ្វី​ទៅ​ជា​លក្ខណៈ​មិន​ល្អ។ ឧទាហរណ៍ តើ​មួយ​ណា​មាន​ឥទ្ធិពល​ខ្លាំង​ជាង ច្បាប់​មួយ​ដែល​ហាម​ការ​ក្បត់ ឬ​ក៏​គំរូ​របស់​យូដាស​ដែល​បង្ហាញ​លក្ខណៈ​នេះ​ឲ្យ​ឃើញ​ជាក់​ស្ដែង​នៅ​ពេល​ដែល​គាត់​ក្បត់​ព្រះ​យេស៊ូ? (ម៉ាថាយ ២៦:១៤​-​១៦, ៤៦​-​៥០; ២៧:៣​-​១០) កំណត់​ហេតុ​បែប​នេះ​មាន​ប្រសិទ្ធ​ភាព​ច្រើន​ជាង​ក្នុង​ការ​ជំរុញ​ចិត្ដ​យើង ពីព្រោះ​វា​ជួយ​ឲ្យ​យល់​ឃើញ​និង​បដិសេធ​ចោល​លក្ខណៈ​គួរ​ឲ្យ​ស្អប់​ខ្ពើម។

១៣​. តើ​ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​អំពី​លក្ខណៈ​ដែល​គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ដោយ​ដូច​ម្ដេច?

១៣ ព្រះ​គម្ពីរ​ក៏​រៀប​រាប់​អំពី​មនុស្ស​ស្មោះ​ភក្ដី​ជា​ច្រើន​ដែល​បំរើ​ព្រះ​ដែរ។ យើង​ក៏​បាន​ឃើញ​អំពី​ភក្ដីភាព​របស់​ពួក​គេ​ដែរ។ យើង​ឃើញ​គំរូ​របស់​បុគ្គល​ដែល​បង្ហាញ​ពី​លក្ខណៈ​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ដើម្បី​ចូល​ទៅ​ជិត​ព្រះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ជំនឿ។ ព្រះ​គម្ពីរ​បញ្ជាក់​អត្ថ​ន័យ​នៃ​ជំនឿ និង​ចែង​ប្រាប់​យើង​អំពី​ភាព​ចាំ​បាច់​នៃ​ការ​មាន​ជំនឿ​បើ​យើង​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ។ (ហេព្រើរ ១១:១, ៦) ប៉ុន្ដែ ព្រះ​គម្ពីរ​ក៏​មាន​គំរូ​ជាក់​ស្ដែង​ដែល​បង្ហាញ​ពី​ការ​អនុវត្ដ​តាម​ជំនឿ។ សូម​គិត​អំពី​ជំនឿ​របស់​អ័ប្រាហាំ​នៅ​ពេល​ដែល​គាត់​ជិត​ថ្វាយ​អ៊ី​សាក​ជា​ដង្វាយ។ (លោកុប្បត្ដិ ជំពូក​ទី​២២; ហេព្រើរ ១១:​១៧​-​១៩) តាម​រយៈ​កំណត់​ហេតុ​ទាំង​នេះ ពាក្យ​ថា«ជំនឿ» មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​ជាង​និង​ស្រួល​យល់​ជាង។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ប្រាជ្ញា​ក្រៃ​លែង ពីព្រោះ​ទ្រង់​មិន​គ្រាន់​តែ​ដាស់​តឿន​យើង​ឲ្យ​បណ្ដុះ​លក្ខណៈ​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​គំរូ​របស់​បុគ្គល​ដែល​បង្ហាញ​លក្ខណៈ​ទាំង​នោះ​ផង​ដែរ!

១៤, ១៥​. តើ​ព្រះ​គម្ពីរ​ប្រាប់​យើង​អ្វី​ខ្លះ​អំពី​ស្ដ្រី​ម្នាក់​ដែល​មក​ព្រះ​វិហារ? តើ​យើង​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដោយ​មើល​កំណត់​ហេតុ​នេះ?

១៤ ជា​ញឹក​ញាប់ កំណត់​ហេតុ​ពិត​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​បង្រៀន​យើង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ សូម​ពិចារណា​នូវ​កំណត់​ហេតុ​អំពី​ស្ដ្រី​ម្នាក់​ដែល​ព្រះ​យេស៊ូ​បាន​សង្កេត​ឃើញ​នៅ​ឯ​ព្រះ​វិហារ។ ព្រះ​យេស៊ូ​គង់​នៅ​ជិត​ហិប និង​ទត​មើល​ពេល​មនុស្ស​ដាក់​វិភាគ​ទាន​របស់​ខ្លួន។ អ្នក​មាន​ជា​ច្រើន​នាក់​បាន​មក​ដាក់«របស់​ជា​សំណល់​ខ្លួន»។ ប៉ុន្ដែ ព្រះ​យេស៊ូ​បាន​ទត​សម្លឹង​មើល​ស្ដ្រី​មេ​ម៉ាយ​ខ្សត់​ខ្សោយ​ម្នាក់។ អំណោយ​ទាន​របស់​គាត់​គឺ«២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន»។ * នោះ​គឺ​ជា​លុយ​ទាំង​អស់​ដែល​គាត់​មាន។ ព្រះ​យេស៊ូ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​បេះបិទ ហើយ​ទ្រង់​កត់​សម្គាល់​ថា៖«ស្រី​មេ​ម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង»។ យោង​ទៅ​តាម​បន្ទូល​នោះ ស្ដ្រី​មេ​ម៉ាយ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ឯ​ទៀត​រួម​គ្នា។—ម៉ាកុស ១២:៤១​-​៤៤; លូកា ២១:១​-​៤; យ៉ូហាន ៨:២៨

១៥ គួរ​ឲ្យ​កត់​សម្គាល់​មែន​ដែល​ក្នុង​ចំណោម​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​មក​ព្រះ​វិហារ​នៅ​ថ្ងៃ​នោះ គឺ​មាន​តែ​ស្ដ្រី​មេ​ម៉ាយ​នេះ​ដែល​ត្រូវ​បាន​លើក​យក​មក​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ មែន​ទេ? តាម​រយៈ​គំរូ​នេះ ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​ចេះ​ដឹង​គុណ។ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ទទួល​អំណោយ​ដែល​យើង​ថ្វាយ​អស់​អំពី​ចិត្ដ មិន​ថា​អំណោយ​នោះ​ច្រើន​ឬ​តិច​បើ​ប្រៀប​នឹង​អ្វី​អ្នក​ដទៃ​អាច​ថ្វាយ។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​រក​ឃើញ​វិធី​ដ៏​ល្អ​បំផុត ដើម្បី​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​នេះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ!

អ្វី​ដែល​ព្រះ​គម្ពីរ​មិន​ចែង​ប្រាប់

១៦, ១៧​. ស្ដី​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ព្រះ​ទ័យ​មិន​ដាក់​ក្នុង​ព្រះ​គម្ពីរ តើ​ប្រាជ្ញា​របស់​ទ្រង់​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

១៦ ពេល​អ្នក​សរសេរ​សំបុត្រ​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ អ្នក​មិន​អាច​សរសេរ​រៀប​រាប់​ឲ្យ​អស់​បាន​ទេ។ ដូច្នេះ អ្នក​ត្រូវ​ជ្រើស​រើស​អ្វី​ដែល​អ្នក​សរសេរ។ ដូច​គ្នា​ដែរ មាន​ព្រឹត្ដិការណ៍​ខ្លះៗ​និង​បុគ្គល​ខ្លះៗ​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ព្រះ​ទ័យ​យក​មក​រៀប​រាប់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ប៉ុន្ដែ ក្នុង​ការ​រៀប​រាប់​ទាំង​នេះ ព្រះ​គម្ពីរ​មិន​តែង​តែ​ប្រាប់​ពត៌មាន​ល្អិត​ល្អន់​ទាំង​អស់​ទេ។ (យ៉ូហាន ២១:២៥) ជា​ឧទាហរណ៍ ពេល​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​នឹង​កាត់​ទោស​គេ​ទៅ​តាម​ការ​ជំនុំ​ជំ​រះ​របស់​ទ្រង់ ពត៌មាន​នេះ​ប្រហែល​ជា​មិន​ឆ្លើយ​នូវ​សំនួរ​ទាំង​ឡាយ​របស់​យើង​ទេ។ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ក៏​ស​ឲ្យ​ឃើញ​នៅ​ពេល​យើង​គិត​អំពី​អ្វី​ដែល​ទ្រង់​មិន​បាន​ជ្រើស​រើស​ដាក់​ក្នុង​បន្ទូល​របស់​ទ្រង់។ តើ​នេះ​បង្ហាញ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៧ របៀប​ដែល​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ស​ឲ្យ​ឃើញ​អ្វី​ក្នុង​ចិត្ដ​គំនិត​របស់​យើង។ ហេព្រើរ ៤:១២ ចែង​ថា៖«ព្រះ​បន្ទូល[ឬ​សារ]នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ . . . ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ដ​គិត ហើយ​ដែល​សំ​រេច​ដែរ»។ សារ​ក្នុង​ព្រះ​គម្ពីរ​គឺ​ចាក់​ធ្លុះ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ចិត្ដ និង​សម្ដែង​ឲ្យ​ឃើញ​នូវ​គំនិត​ហើយ​បំណង​ចិត្ដ​ពិត​របស់​យើង។ អស់​អ្នក​ដែល​អាន​ព្រះ​គម្ពីរ​ដោយ​មាន​ចិត្ដ​ចង់​រិះ​គន់ ច្រើន​តែ​ជំពប់​ដួល​ពេល​អាន​កំណត់​ហេតុ​ដែល​ពួក​គេ​គិត​ថា​គ្មាន​ពត៌មាន​គ្រប់​គ្រាន់​នោះ។ អ្នក​ទាំង​នេះ​ក៏​ប្រហែល​ជា​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ព្រះ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​យុត្ដិធម៌​ទេ។

១៨, ១៩​. (ក) បើ​កំណត់​ហេតុ​មួយ​ក្នុង​ព្រះ​គម្ពីរ​នាំ​ឲ្យ​មាន​សំនួរ​ដែល​យើង​មិន​អាច​រក​ឃើញ​ចម្លើយ​ភ្លាមៗ ហេតុ​អ្វី​មិន​គួរ​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ដ​នោះ? (ខ) តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​យល់​ព្រះ​បន្ទូល​របស់​ព្រះ? តើ​នេះ​ជា​ភស្ដុ​តាង​បញ្ជាក់​ពី​ប្រាជ្ញា​ដ៏​សម្បើម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៨ ផ្ទុយ​ទៅ​វិញ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ​ដោយ​ចិត្ដ​ស្មោះ យើង​យល់​អំពី​ព្រះ​យេហូវ៉ា​ដោយ​ផ្អែក​លើ​ការ​ពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។ ដូច្នេះ បើ​កំណត់​ហេតុ​ណា​មួយ​នាំ​ឲ្យ​មាន​សំនួរ​ដែល​យើង​រក​ចម្លើយ​មិន​ឃើញ​ភ្លាមៗ នោះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ដ​ទេ។ ឧទាហរណ៍ ពេល​ដែល​យើង​កំពុង​ដេរ​រ៉ូប​មួយ ហើយ​យើង​បាន​រៀប​ចំ​ផ្ទាំង​និមួយ​ៗ​របស់​រ៉ូប​រួច​ហើយ ប្រហែល​ជា​មាន​ផ្ទាំង​មួយ​ដែល​យើង​រក​មិន​ឃើញ ឬ​ក៏​មាន​ផ្ទាំង​មួយ​ដែល​យើង​មិន​ដឹង​ថា​ត្រូវ​ដេរ​យ៉ាង​ដូច​ម្ដេច​ទេ។ ប៉ុន្ដែ យើង​ប្រហែល​ជា​បាន​ដេរ​ផ្ទាំង​ផ្សេងៗ​រួច​ហើយ​ល្មម​ឲ្យ​យល់​ថា​រ៉ូប​នោះ​នឹង​មាន​រូប​រាង​យ៉ាង​ណា។ ស្រដៀង​គ្នា​ដែរ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ យើង​រៀន​បន្ដិច​ម្ដងៗ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​ស្គាល់​ទ្រង់។ ទោះ​បើ​ដើម​ដំបូង​យើង​មិន​អាច​យល់​ទំនាក់​ទំនង​រវាង​កំណត់​ហេតុ​មួយ​នឹង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ក៏​ពិត​មែន តែ​ការ​សិក្សា​ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​យ៉ាង​ច្រើន​រួច​ទៅ​ហើយ​អំពី​ព្រះ​យេហូវ៉ា​ដែល​ល្មម​ឲ្យ​យើង​អាច​យល់​ថា ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ជា​និច្ច។

១៩ ដូច្នេះ ដើម្បី​យល់​ព្រះ​បន្ទូល​របស់​ព្រះ យើង​ត្រូវ​តែ​អាន​ហើយ​សិក្សា​ដោយ​ចិត្ដ​ស្មោះ​ព្រម​ទាំង​មាន​គំនិត​មិន​លំ​អៀង។ នេះ​ជា​ភស្ដុ​តាង​ដែល​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​សម្បើម​ណាស់ មែន​ទេ? មនុស្ស​ឆ្លៀវឆ្លាត​គេ​អាច​សរសេរ​សៀវភៅ​ដែល​មាន​តែ​«ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ»​អាច​យល់​បាន។ ប៉ុន្ដែ ការ​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​តែ​បុគ្គល​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​អាច​យល់​បាន នោះ​តម្រូវ​ឲ្យ​មាន​ប្រាជ្ញា​របស់​ព្រះ!—ម៉ាថាយ ១១:២៥

សៀវភៅ​មួយ​ពោរ​ពេញ​ដោយ‹ប្រាជ្ញា​ដែល​មាន​ប្រយោជន៍›

២០​. ហេតុ​អ្វី​បាន​ជា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ប្រាប់​យើង​នូវ​គន្លង​ជីវិត​ល្អ​បំផុត? តើ​ព្រះ​គម្ពីរ​មាន​អ្វី​ដែល​អាច​ជួយ​យើង?

២០ ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​ប្រាប់​យើង​នូវ​គន្លង​ជីវិត​ដ៏​ល្អ​បំផុត។ ក្នុង​នាម​ជា​អ្នក​បង្កើត​យើង ទ្រង់​ជ្រាប​ច្បាស់​ជាង​យើង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង។ ហើយ​សេចក្ដី​ត្រូវ​ការ​ចំ​បង​របស់​មនុស្ស​ជាតិ ដូច​ជា​ការ​ចង់​បាន​សេចក្ដី​ស្រឡាញ់ សុភមង្គល និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត​ជា​ដើម មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ ព្រះ​គម្ពីរ​មាន​«សេចក្ដី​[ឬ​«ប្រាជ្ញា», ព.ថ.]​ដែល​មាន​ប្រយោជន៍» អាច​ជួយ​យើង​មាន​ជីវិត​ដែល​មាន​ន័យ។ (សុភាសិត ២:៧) ផ្នែក​និមួយ​ៗ​នៃ​ប្រកាសន​វត្ថុ​នេះ​ដែល​ជា​ជំនួយ​សំរាប់​សិក្សា មាន​មួយ​ជំពូក​បង្ហាញ​យើង​ពី​របៀប​អាច​អនុវត្ដ​តាម​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ ប៉ុន្ដែ សូម​យើង​មើល​នូវ​ឧទាហរណ៍​មួយ។

២១​-​២៣​. តើ​ឱវាទ​អ្វី​ប្រកប​ដោយ​ប្រាជ្ញា​ដែល​អាច​ជួយ​យើង​ចៀស​វាង​ពី​ការ​ចង​គំនុំ​គុំ​កួន?

២១ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា​មនុស្ស​ដែល​ចេះ​តែ​ចង​គំនុំ​គុំ​កួន​ច្រើន​តែ​ធ្វើ​ទុក្ខ​ខ្លួន​ឯង​ឬ​ទេ? ក្នុង​ជីវិត​យើង ការ​គុំ​កួន​គឺ​ដូច​ជា​ការ​ស្ពាយ​បន្ទុក​មួយ​ដ៏​ធ្ងន់​ក្រៃ​លែង។ ពេល​យើង​ចិញ្ចឹម​ទុក​គំនុំ​ក្នុង​ចិត្ដ វា​នឹង​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មោហ៍​បាំង បាត់​បង់​នូវ​ចិត្ដ​ស្ងប់​រំ​ងាប់ ហើយ​ក៏​បន្ថយ​អំណរ​របស់​យើង​ដែរ។ ការ​សិក្សា​របស់​អ្នក​វិទ្យា​សាស្ដ្រ​នាំ​ឲ្យ​គេ​សន្និដ្ឋាន​ថា ការ​គុំ​កួន​អាច​បង្កើន​លទ្ធភាព​កើត​មាន​ជំងឺ​បេះដូង​ឬ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ឯ​ទៀត។ យូរ​មុន​អ្នក​វិទ្យា​សាស្ដ្រ​បាន​ស្រាវជ្រាវ​ឃើញ ព្រះ​គម្ពីរ​បាន​ចែង​ដោយ​ប្រាជ្ញា​ថា៖«ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះបង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ»។ (ទំនុក​ដំកើង ៣៧:៨) ប៉ុន្ដែ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

២២ ព្រះ​បន្ទូល​របស់​ព្រះ​ជូន​ឱវាទ​ប្រកប​ដោយ​ប្រាជ្ញា​ដូច​ត​ទៅ​នេះ​ថា៖«សតិ​បញ្ញា[«ការ​យល់​ធ្លុះ», ព.ថ.]របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ដ​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ»។ (សុភាសិត ១៩:១១) ការ​ចេះ​យល់​ធ្លុះ​បាន​ន័យ​ថា មាន​សមត្ថភាព​យល់​ជ្រាល​ជ្រៅ។ ការ​យល់​ធ្លុះ​បណ្ដាល​ឲ្យ​មាន​គំនិត​ឆ្លុះ​យល់ ដ្បិត​ការ​យល់​ធ្លុះ​អាច​ជួយ​យើង​យល់​ពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​បាន​និយាយ​ឬ​ប្រព្រឹត្ដ​អ្វី​មួយ។ ការ​ព្យាយាម​យល់​នូវ​បំណង អារម្មណ៍ និង​កាលៈទេសៈ​ពិត​របស់​អ្នក​នោះ ប្រហែល​ជា​នឹង​ជួយ​យើង​បំបាត់​ចោល​នូវ​គំនិត​និង​អារម្មណ៍​មិន​ល្អ​អំពី​គាត់។

២៣ ព្រះ​គម្ពីរ​ក៏​មាន​ឱវាទ​ថែម​ទៀត​ថា៖«ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក»។ (កូល៉ុស ៣:១៣) ពាក្យ​ថា«ទ្រាំទ្រ​គ្នា» បាន​ន័យ​ថា​ត្រូវ​អត់​ធ្មត់​នឹង​អ្នក​ឯ​ទៀត ដោយ​ទ្រាំ​នឹង​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ដ។ ការ​ចេះ​ទ្រាំ​បែប​នេះ​អាច​ជួយ​យើង​ចៀស​វាង​ពី​ការ​ចង​គំនុំ​ដោយ​សារ​រឿង​តូច​តាច។ «អត់​ទោស»មាន​ន័យ​ថា​បោះបង់​ចោល​គំនុំ។ ព្រះ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​យើង ជ្រាប​ថា​យើង​ត្រូវ​តែ​អត់​ទោស​អ្នក​ឯ​ទៀត​ពេល​មាន​មូលហេតុ​ត្រឹម​ត្រូវ។ នេះ​មិន​គ្រាន់​តែ​សំរាប់​ប្រយោជន៍​ពួក​គេ តែ​សំរាប់​ចិត្ដ​ស្ងប់​របស់​យើង​ដែរ។ (លូកា ១៧:៣, ៤) ក្នុង​ព្រះ​គម្ពីរ ព្រះ​បន្ទូល​របស់​ព្រះ​ប្រកប​ដោយ​ប្រាជ្ញា​ក្រៃ​លែង!

២៤​. តើ​នឹង​ទទួល​បាន​លទ្ធផល​អ្វី​ពេល​កែ​ប្រែ​ជីវិត​របស់​យើង​សម​ស្រប​ទៅ​តាម​ប្រាជ្ញា​របស់​ព្រះ?

២៤ សេចក្ដី​ស្រឡាញ់​ដ៏​ធំ​មហិមា​ដែល​កំណត់​ពុំ​បាន​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ចង់​ប្រស្រ័យ​ទាក់​ទង​នឹង​យើង។ ទ្រង់​បាន​រើស​វិធី​ល្អ​បំផុត គឺ​សំបុត្រ​មួយ​ដែល​មនុស្ស​សរសេរ​ក្រោម​ការ​ដឹក​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ។ ជា​លទ្ធផល នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។ ប្រាជ្ញា​នោះ«សុទ្ធតែ​ពិត​ប្រាកដ[«គួរ​ឲ្យ​ទុក​ចិត្ដ​បាន», ព.ថ.]»។ (ទំនុក​ដំកើង ៩៣:៥) ពេល​យើង​កែ​ប្រែ​ជីវិត​របស់​យើង​សម​ស្រប​ទៅ​តាម​ប្រាជ្ញា​នេះ ហើយ​ប្រាប់​អ្នក​ឯ​ទៀត នោះ​ជា​លទ្ធផល​យើង​នឹង​ចូល​ទៅ​ជិត​ព្រះ​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា។ ក្នុង​ជំពូក​បន្ទាប់​យើង​នឹង​ពិគ្រោះ​លក្ខណៈ​មួយ​ទៀត​នៃ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​អាច​មើល​ធ្លុះ​ពេល​អនាគត ពោល​គឺ​សមត្ថភាព​ទាយ​អំពី​អនាគត​និង​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់។

^ វគ្គ 8 ជា​ឧទាហរណ៍ ដាវីឌ​ដែល​ជា​អ្នក​គង្វាល​ធ្លាប់​ប្រើ​ឧទាហរណ៍​ពី​ជីវភាព​អ្នក​គង្វាល។ (ទំនុក​ទី​២៣) ម៉ាថាយ​ធ្លាប់​ជា​អ្នក​យក​ពន្ធ គាត់​បាន​ប្រាប់​ពី​ចំនួន​ផ្សេងៗ​និង​តម្លៃ​ប្រាក់។ (ម៉ាថាយ ១៧:២៧; ២៦:១៥; ២៧:៣) លូកា ជា​គ្រូ​ពេទ្យ គាត់​ប្រើ​សំ​ដី​ដែល​បញ្ជាក់​បទ​ពិសោធន៍​របស់​គាត់​ខាង​ពេទ្យ។—លូកា ៤:៣៨; ១៤:២; ១៦:២០

^ វគ្គ 14 កាក់​នោះ​ហៅ​ថា​ឡិបថុន ដែល​ជា​កាក់​មាន​តម្លៃ​តិច​បំផុត​របស់​សាសន៍​យូដា​នៅ​សម័យ​នោះ។ ពីរ​ឡិបថុន គឺ​ស្មើ​នឹង​១/៦៤ នៃ​ប្រាក់​ឈ្នួល​សំរាប់​មួយ​ថ្ងៃ។ កាក់​ពីរ​នេះ​មាន​តម្លៃ​តិច​ដល់​ម៉្លេះ​ដែល​វា​មិន​ល្មម​ទិញ​ចាប​មួយ​ក្បាល ដែល​ជា​ចាប​ថោក​បំផុត​សំរាប់​ជន​ក្រី​ក្រ​ទិញ​មក​បរិភោគ​នោះ។