លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២២

តើ​អ្នក​កំពុង​តែ​ប្រើ​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​ក្នុង​ជីវិត​របស់​អ្នក​ទេ?

តើ​អ្នក​កំពុង​តែ​ប្រើ​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​ក្នុង​ជីវិត​របស់​អ្នក​ទេ?

១​-​៣​. (ក) តើ​វិធី​ដែល​សាឡូម៉ូន​វិនិច្ឆ័យ​រឿង​ក្ដី​ស្ដី​អំពី​នរណា​ជា​ម្ដាយ​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​ដ៏​អស្ចារ្យ​ខុស​ពី​ធម្មតា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង​ប្រទាន​អ្វី​មក​យើង? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

រឿង​ក្ដី​នេះ​ពិបាក​វិនិច្ឆ័យ​ណាស់ ដ្បិត​មាន​ស្ដ្រី​ពីរ​នាក់​កំពុង​ឈ្លោះ​ប្រកែក​គ្នា​ដណ្ដើម​ទារក​តែ​មួយ។ ស្ដ្រី​ទាំង​ពីរ​នាក់​នេះ​រស់​នៅ​ក្នុង​ផ្ទះ​តែ​មួយ ហើយ​ពួក​គេ​ទើប​តែ​កើត​កូន​ប្រុស​ម្នាក់​មួយ ខុស​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ទារក​មួយ​បាន​ស្លាប់​ហើយ និង​ឥឡូវ​នេះ ស្ដ្រី​ទាំង​ពីរ​អះអាង​ថា​ខ្លួន​ជា​ម្ដាយ​របស់​ទារក​មួយ​ដែល​នៅ​រស់។ * គ្មាន​សាក្សី​ណា​ម្នាក់​បាន​ឃើញ​អ្វី​ដែល​កើត​ឡើង​ទេ។ រឿង​ក្ដី​នេះ​ទំនង​ជា​បាន​ចូល​តុលាការ​ជាន់​ទាប តែ​វិនិច្ឆ័យ​មិន​បាន​ទេ។ ទី​បំផុត រឿង​ក្ដី​នេះ​បាន​ឡើង​ដល់​សាឡូម៉ូន​ដែល​ជា​ស្ដេច​អ៊ីស្រាអែល។ តើ​ទ្រង់​អាច​ទម្លាយ​អាថ៌​កំបាំង​នេះ​ឲ្យ​ឃើញ​ការ​ពិត​បាន​ឬ​ទេ?

ពេល​ដែល​ស្ដ្រី​ទាំង​ពីរ​នាក់​នេះ​ឈ្លោះ​គ្នា ស្ដេច​សាឡូម៉ូន​ស្តាប់​មួយ​រយៈ រួច​បញ្ជា​ឲ្យ​គេ​យក​ដាវ​មួយ​មក។ បន្ទាប់​មក ទ្រង់​បង្គាប់​ឲ្យ​គេ​កាប់​កូន​នោះ​ជា​ពីរ​ចំណែក​ចែក​ឲ្យ​ស្ដ្រី​ទាំង​ពីរ​នោះ​ម្នាក់​មួយ​ចំណែក ដោយ​មាន​បន្ទូល​ដូច​ជា​មាន​បំណង​ឲ្យ​គេ​ធ្វើ​មែន​ទែន។ ភ្លាមៗ​នោះ ម្ដាយ​ពិត​អង្វរ​សុំ​ឲ្យ​ស្ដេច​ប្រគល់​កូន​ស្ងួន​ភ្ងា​របស់​នាង​ទៅ​ស្ដ្រី​មួយ​ទៀត​នោះ​ចុះ។ ប៉ុន្ដែ ស្ដ្រី​មួយ​ទៀត​នោះ​ចេះ​តែ​ទាម​ទារ​ឲ្យ​គេ​កាប់​កូន​នោះ​ជា​ពីរ​ចំណែក​ទៅ។ ឥឡូវ ស្ដេច​សាឡូម៉ូន​យល់​ការ​ពិត​ហើយ។ ទ្រង់​មាន​ចំណេះ​ដឹង​អំពី​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​របស់​ម្ដាយ​ម្នាក់​ចំពោះ​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ខ្លួន ហើយ​ទ្រង់​ប្រើ​ចំណេះ​នោះ​ដើម្បី​វិនិច្ឆ័យ​រឿង​ក្ដី​នេះ។ ម្ដាយ​ទារក​នេះ​ពិត​ជា​បាន​ធូរ​ចិត្ដ​ខ្លាំង​ណាស់ នៅ​ពេល​ស្ដេច​សាឡូម៉ូន​ប្រគល់​កូន​មក​វិញ​ហើយ​មាន​បន្ទូល​ថា៖«នាង​នោះ​ជា​ម្ដាយ​ពិត»។—ពង្សាវតារ​ក្សត្រ​ទី​១ ៣:១៦​-​២៧

នេះ​ជា​ប្រាជ្ញា​អស្ចារ្យ​ខុស​ពី​ធម្មតា មែន​ទេ? នៅ​ពេល​ដែល​ប្រជាជន​ឮ​អំពី​វិធី​ស្ដេច​សាឡូម៉ូន​វិនិច្ឆ័យ​រឿង​ក្ដី​នេះ ពួក​គេ​បាន​កោត​ស្ញប់​ស្ញែង«ដោយ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់»។ ពិត​ណាស់ ប្រាជ្ញា​របស់​សាឡូម៉ូន​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន«ចិត្ដ​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់[«គំនិត​ឆ្លុះ​យល់», ព.ថ.]»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:១២, ២៨) ចុះ​យើង​វិញ? តើ​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​បាន​ដែរ​ឬ​ទេ? មែន​ហើយ ដ្បិត​ព្រះ​បាន​បណ្ដាល​ឲ្យ​សាឡូម៉ូន​សរសេរ​ថា៖«ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា»។ (សុភាសិត ២:៦) ចំពោះ​អស់​អ្នក​ណា​ដែល​ខំ​ឲ្យ​បាន​ប្រាជ្ញា​ដោយ​ស្មោះ​នោះ ព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង​ប្រទាន​ប្រាជ្ញា ដែល​ជា​សមត្ថភាព​ប្រើ​ដោយ​ប្រសិទ្ធ​ភាព​នូវ​ចំណេះ សមត្ថភាព​វែក​ញែក និង​គំនិត​ឆ្លុះ​យល់។ តើ​យើង​អាច​ទទួល​បាន​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​ប្រើ​ប្រាជ្ញា​នោះ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

តើ​ត្រូវ«ខំ​ឲ្យ​បាន​ប្រាជ្ញា»យ៉ាង​ដូច​ម្ដេច?

៤​-​៧​. តើ​អ្វី​ខ្លះ​ជា​សេចក្ដី​តម្រូវ​ទាំង​បួន​ដើម្បី​ឲ្យ​បាន​ប្រាជ្ញា?

តើ​យើង​ត្រូវ​មាន​កំរិត​វប្បធម៌​ខ្ពង់​ខ្ពស់​ឬ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ទើប​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​ឬ? អត់​ទេ! ព្រះ​យេហូវ៉ា​សប្បាយ​នឹង​ប្រទាន​ប្រាជ្ញា​របស់​ទ្រង់​ដល់​យើង​មិន​ថា​យើង​មក​ពី​មជ្ឈដ្ឋាន​ណា​ឬ​មាន​ការ​អប់រំ​ត្រឹម​ណា​ក៏​ដោយ។ (កូរិនថូសទី១ ១:២៦​-​២៩) ប៉ុន្ដែ យើង​ត្រូវ​ជា​អ្នក​ផ្ដើម​រក​ប្រាជ្ញា​នោះ ដ្បិត​ព្រះ​គម្ពីរ​ជំរុញ​យើង​ថា«ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា»។ (សុភាសិត ៤:៧) តើ​យើង​អាច​ខំ​ឲ្យ​បាន​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច?

ទី​មួយ យើង​ត្រូវ​តែ​កោត​ខ្លាច​ព្រះ។ សុភាសិត ៩:១០​ចែង​ថា៖«សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា[ឬ«ជំហាន​ទី​មួយ​នៃ​ការ​ទទួល​បាន​ប្រាជ្ញា», ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី]»។ ការ​កោត​ខ្លាច​ព្រះ​គឺ​ជា​ឫស​នៃ​ប្រាជ្ញា​ពិត។ ហេតុ​អ្វី? សូម​ចាំ​ថា ប្រាជ្ញា​រួម​បញ្ចូល​សមត្ថភាព​ប្រើ​ចំណេះ​ដោយ​ប្រសិទ្ធ​ភាព។ ការ​កោត​ខ្លាច​ព្រះ​មិន​មែន​មាន​ន័យ​ថា​យើង​រន្ធត់​ញាប់​ញ័រ​នៅ​ចំពោះ​ទ្រង់​ទេ តែ​មាន​ន័យ​ថា​យើង​លំអុតលំ​ឱន​ចិត្ដ គោរព ស្ញប់​ស្ញែង និង​ទុក​ចិត្ដ​ទ្រង់។ ការ​កោត​ខ្លាច​បែប​នេះ​មាន​ផល​ប្រយោជន៍​ល្អ និង​ក៏​ជំរុញ​ចិត្ដ​យ៉ាង​ខ្លាំង។ ការ​កោត​ខ្លាច​ជំរុញ​យើង​ឲ្យ​កែ​ប្រែ​គន្លង​ជីវិត​ទៅ​តាម​ចំណេះ​ដែល​យើង​មាន​អំពី​ព្រះ​ហឫទ័យ​និង​ការ​ប្រព្រឹត្ដ​របស់​ព្រះ។ នេះ​ជា​ផ្លូវ​ជីវិត​ប្រកប​ដោយ​ប្រាជ្ញា​ជាង​គេ​បំផុត ដ្បិត​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​តែង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ណា​ដែល​ធ្វើ​តាម។

ទី​ពីរ យើង​ត្រូវ​តែ​មាន​ចិត្ដ​រាប​ទាប​និង​ចិត្ដ​សុភាព។ មិន​អាច​មាន​ប្រាជ្ញា​របស់​ព្រះ​បើ​គ្មាន​ចិត្ដ​រាប​ទាប​និង​ចិត្ដ​សុភាព​នោះ​ទេ។ (សុភាសិត ១១:២) ហេតុ​អ្វី? បើ​យើង​មាន​ចិត្ដ​រាប​ទាប​និង​ចិត្ដ​សុភាព នោះ​យើង​សុខ​ចិត្ដ​សារភាព​ថា​យើង​មិន​ចេះ​ជាង​គេ យោបល់​យើង​មិន​តែង​តែ​ត្រឹម​ត្រូវ ហើយ​យើង​ត្រូវ​ការ​គំនិត​របស់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​រឿង​ទាំង​អស់។ ព្រះ​យេហូវ៉ា«ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត» ប៉ុន្ដែ​ទ្រង់​រីក​រាយ​ប្រទាន​ប្រាជ្ញា​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ដ​រាប​ទាប។—យ៉ាកុប ៤:៦, ខ​.​ស​.

ដើម្បី​ទទួល​ប្រាជ្ញា​របស់​ព្រះ យើង​ត្រូវ​តែ​ខំ​ប្រឹង​ព្យាយាម​រក

អ្វី​ទី​បី​ដែល​ចាំ​បាច់ គឺ​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​បាន​សរសេរ​ទុក​ជា​លាយ​លក្ខណ៍​អក្សរ។ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ត្រូវ​សម្ដែង​ឲ្យ​យល់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ដើម្បី​បាន​ប្រាជ្ញា​នោះ យើង​ត្រូវ​តែ​ខំ​ប្រឹង​ព្យាយាម​រក។ (សុភាសិត ២:១​-​៥) សេចក្ដី​តម្រូវ​ទី​បួន​គឺ​សេចក្ដី​អធិស្ឋាន។ បើ​យើង​សុំ​ប្រាជ្ញា​ពី​ព្រះ​ដោយ​ស្មោះ ទ្រង់​នឹង​ប្រទាន​ប្រាជ្ញា​ឲ្យ​យ៉ាង​បរិបូរ។ (យ៉ាកុប ១:៥) នៅ​ពេល​យើង​អធិស្ឋាន​សុំ​ទ្រង់​ជួយ​ដោយ​ប្រទាន​វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​មិន​ធ្វើ​ព្រងើយ​ទេ។ ហើយ​វិញ្ញាណ​របស់​ទ្រង់​អាច​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​រក​ឃើញ​កំណប់​ទ្រព្យ​ក្នុង​បន្ទូល​ទ្រង់​ដែល​អាច​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា បញ្ចៀស​គ្រោះ​ថ្នាក់ និង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ប្រាជ្ញា។—លូកា ១១:១៣

៨​. បើ​យើង​ពិត​ជា​បាន​ទទួល​ប្រាជ្ញា​ពី​ព្រះ​ហើយ តើ​ប្រាជ្ញា​នោះ​នឹង​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

ដូច​យើង​បាន​កត់​សម្គាល់​ក្នុង​ជំពូក​ទី​១៧​រួច​ហើយ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​អាច​យក​មក​អនុវត្ដ​បាន។ ដូច្នេះ បើ​យើង​ពិត​ជា​បាន​ទទួល​ប្រាជ្ញា​របស់​ព្រះ​ហើយ ប្រាជ្ញា​នោះ​នឹង​ស​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ដ​របស់​យើង។ យ៉ាកុប​ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ បាន​ពណ៌នា​អំពី​ផល​ផ្លែ​នៃ​ប្រាជ្ញា​របស់​ព្រះ នៅ​ពេល​ដែល​គាត់​សរសេរ​ថា៖​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ដ សេចក្ដី​សំ​ឡូ​ត[ឬ«ចេះ​យោគ​យល់», ព.ថ.] ចិត្ដ​ទន់[ឬ«ប្រុង​ប្រៀប​ស្តាប់​តាម», ព.ថ.] ក៏​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»។ (យ៉ាកុប ៣:១៧) នៅ​ពេល​យើង​ពិចារណា​លក្ខណៈ​និមួយ​ៗ​នៃ​ប្រាជ្ញា​របស់​ព្រះ យើង​អាច​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​កំពុង​តែ​ប្រើ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ក្នុង​ជីវិត​ខ្ញុំ​ឬ​ទេ›?

«បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ដ»

៩​. នៅ​យ៉ាកុប ៣:១៧ តើ​ពាក្យ​បរិសុទ្ធ​មាន​ន័យ​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​គឺ​សមរម្យ​ដែល​ភាព​បរិសុទ្ធ​ជា​លក្ខណៈ​ទី​មួយ​នៃ​ប្រាជ្ញា?

«មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ»។ ពាក្យ​បរិសុទ្ធ​ក្នុង​ខ​នេះ​មាន​ន័យ​ថា សុទ្ធ​ឬ​ឥត​សៅហ្មង និង​មិន​គ្រាន់​តែ​សំដៅ​លើ​រូប​កាយ​ប៉ុណ្ណោះ តែ​សំដៅ​លើ​ចិត្ដ​គំនិត​ផង​ដែរ។ ព្រះ​គម្ពីរ​បញ្ជាក់​ទំនាក់​ទំនង​រវាង​ប្រាជ្ញា​និង​ចិត្ដ។ ប៉ុន្ដែ ប្រាជ្ញា​របស់​ព្រះ​មិន​អាច​ចូល​ទៅ​ស្ថិត​ក្នុង​ចិត្ដ​មួយ​ដែល​សៅហ្មង​ឬ​ស្មោកគ្រោក​ដោយ​គំនិត ក្ដី​ប៉ង​ប្រាថ្នា និង​បំណង​អាក្រក់​បាន​ទេ។ (សុភាសិត ២:១០; ម៉ាថាយ ១៥:១៩, ២០) ប៉ុន្ដែ បើ​ចិត្ដ​របស់​យើង​បរិសុទ្ធ​បំផុត​តាម​លទ្ធភាព​របស់​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ នោះ​យើង​នឹង«គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ដ​ការ​ល្អ»វិញ។ (ទំនុក​ដំកើង ៣៧:២៧; សុភាសិត ៣:៧) ពិត​ជា​សមរម្យ​ណាស់​ដែល​ភាព​បរិសុទ្ធ​គឺ​ជា​លក្ខណៈ​នៃ​ប្រាជ្ញា​ដែល​ត្រូវ​លើក​ឡើង​យក​មក​រៀប​រាប់​មុន​គេ មែន​ទេ? យ៉ាង​ណា​មិញ បើ​យើង​មិន​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ​ផង តើ​យើង​អាច​សម្ដែង​លក្ខណៈ​ឯ​ទៀត​នៃ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ដោយ​ដូច​ម្ដេច​បាន?

១០, ១១​. (ក) ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​មាន​មេត្រី​ភាព​ជា​មួយ​អ្នក​ឯ​ទៀត? (ខ) បើ​អ្នក​គិត​ថា​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​អន់​ចិត្ដ តើ​អ្នក​អាច​ធ្វើ​ជា​អ្នក​ដែល​បង្កើត​ឲ្យ​មាន​មេត្រី​ភាព​យ៉ាង​ដូច​ម្ដេច? (សូម​មើល​សម្គាល់​ហេតុ)

១០ «រួច​មក​មាន​មេត្រី​ចិត្ដ»។ ប្រាជ្ញា​ពី​ស្ថាន​សួគ៌​ជំរុញ​ឲ្យ​យើង​ខិត​ខំ​ឲ្យ​មាន​មេត្រី​ភាព ដែល​ជា​ផល​ផ្លែ​មួយ​នៃ​វិញ្ញាណ​របស់​ព្រះ។ (កាឡាទី ៥:២២) យើង​ខំ​ប្រឹង​ចៀស​វាង​ពី​ទង្វើ​ដែល​នាំ​ឲ្យ​បាក់​បែក​ដល់‹សេចក្ដី​រួប​រួម​គ្នា​ដោយ​សេចក្ដី​មេត្រី›របស់​រាស្ដ្រ​ព្រះ​យេហូវ៉ា។ (អេភេសូរ ៤:៣) យើង​ក៏​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​ឲ្យ​មាន​មេត្រី​ភាព​ឡើង​វិញ នៅ​ពេល​មាន​បញ្ហា។ ហេតុ​អ្វី​នេះ​គឺ​សំខាន់? ព្រះ​គម្ពីរ​ចែង​ថា៖«ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ! នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខ​សាន្ដ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ (កូរិនថូសទី២ ១៣:១១) ដូច្នេះ ដរាប​ណា​ដែល​យើង​បន្ដ​នៅ​ដោយ​មេត្រី​នឹង​គ្នា នោះ​ព្រះ​នៃ​មេត្រី​ភាព​ឬ​សេចក្ដី​សុខ​សាន្ដ​នឹង​គង់​នៅ​ជា​មួយ​យើង​ដែរ។ របៀប​យើង​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ធ្វើ​ជា​អ្នក​បង្កើត​ឲ្យ​មាន​មេត្រី​ភាព​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ឧទាហរណ៍​មួយ។

១១ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​បើ​អ្នក​គិត​ថា​បាន​ធ្វើ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​អន់​ចិត្ដ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖«បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាស​នា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាស​នា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ»។ (ម៉ាថាយ ៥:២៣, ២៤) អ្នក​អាច​ប្រតិបត្ដិ​តាម​ឱវាទ​នោះ​ដោយ​ផ្ដើម​ទៅ​ជួប​បង​ប្អូន​របស់​អ្នក។ តើ​អ្នក​ទៅ​ជួប​ក្នុង​បំណង​អ្វី? អ្នក​មាន​បំណង«ទៅ​រក​ជា»នឹង​បង​ប្អូន​របស់​អ្នក។ * ដើម្បី​សម្រេច​គោល​ដៅ​នេះ អ្នក​ប្រហែល​ជា​ត្រូវ​ព្រម​ទទួល​ស្គាល់​ការ​អន់​ចិត្ដ​របស់​គាត់ មិន​មែន​បដិសេធ​ថា​គាត់​មិន​គួរ​អន់​ចិត្ដ​ឡើយ។ បើ​អ្នក​ទៅ​ជួប​គាត់​ក្នុង​បំណង​បង្កើត​ឲ្យ​មាន​មេត្រី​ភាព​វិញ និង​បើ​អ្នក​រក្សា​គំនិត​នេះ អ្នក​ទំនង​ជា​អាច​ដោះ​ស្រាយ​ការ​យល់​ច្រឡំ​ណា​ដែល​មាន រួច​អាច​សុំ​អភ័យ​ទោស និង​ទទួល​ការ​អត់​ឱន​ទោស។ ពេល​ដែល​អ្នក​ផ្ដើម​បង្កើត​ឲ្យ​មាន​មេត្រី​ភាព អ្នក​បង្ហាញ​ថា​អ្នក​កំពុង​តែ​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​របស់​ព្រះ។

«ចេះ​យោគ​យល់ ប្រុង​ប្រៀប​ស្តាប់​តាម»

១២, ១៣​. (ក) នៅ​យ៉ាកុប ៣:១៧ តើ​ពាក្យ​ដែល​បក​ប្រែ​ថា«ចេះ​យោគ​យល់»មាន​ន័យ​ដូច​ម្ដេច? (ខ) តើ​យើង​អាច​បង្ហាញ​ថា​យើង​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច?

១២ «ចេះ​យោគ​យល់»។ តើ​ការ​យោគ​យល់​មាន​ន័យ​ដូច​ម្ដេច? យោង​ទៅ​តាម​បណ្ឌិត​មួយ​ចំនួន ពាក្យ​ដើម​ជា​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«ចេះ​យោគ​យល់»នៅ​យ៉ាកុប ៣:១៧ គឺ​ពិបាក​បក​ប្រែ​ណាស់។ អ្នក​បក​ប្រែ​ខ្លះ​បាន​ប្រើ​ពាក្យ​ផ្សេងៗ​ដូច​ជា«សុភាព​រាបសា» «មាន​អធ្យាស្រ័យ» និង«ចេះ​គិត​ដល់​អ្នក​ដទៃ»។ តើ​យើង​អាច​បង្ហាញ​លក្ខណៈ​នេះ​នៃ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​យ៉ាង​ដូច​ម្ដេច?

១៣ ភីលីព ៤:៥​ចែង​ថា៖«ចូរ​សំ​ដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សំ​ឡូ​ត​របស់​អ្នក​រាល់​គ្នា​ចុះ![ឬ«ឃើញ​ថា​អ្នក​រាល់​គ្នា​ចេះ​យោគ​យល់», ព.ថ.]»។ សេចក្ដី​បក​ប្រែ​មួយ​ទៀត​ចែង​ថា៖«ចូរ​មាន​ឈ្មោះ​ល្អ​ជា​អ្នក​ដែល​ចេះ​យោគ​យល់»។ (សញ្ញា​ថ្មី​ជា​ភាសា​អង់គ្លេស​សម័យ​ទំនើប, របស់​លោក ឆ. ប. វីល្លៀម) សូម​កត់​សម្គាល់​ថា នេះ​មិន​ទាក់​ទង​នឹង​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​ខ្លួន​ឯង​ទេ តែ​គឺ​ជា​ទស្សនៈ​ដែល​អ្នក​ឯ​ទៀត​មាន​ចំពោះ​យើង ឬ​ថា​អ្នក​ដទៃ​ស្គាល់​យើង​ជា​មនុស្ស​បែប​ណា។ មនុស្ស​ដែល​ចេះ​យោគ​យល់​មិន​តែង​តែ​តឹងរ៉ឹង​ម៉ាត់​ណា​ម៉ាត់​ហ្នឹង ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ដែល​តែង​តែ​ទាម​ទារ​ឲ្យ​គេ​ធ្វើ​តាម​គំនិត​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​សុខ​ចិត្ដ​ស្តាប់​និង​ធ្វើ​តាម​សំណូម​ពរ​របស់​គេ នៅ​ពេល​ដែល​សម​ធ្វើ។ គាត់​ក៏​សុភាព​រាបសា មិន​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​កោង​កាច​ឡើយ។ គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​តែ​ធ្វើ​ដូច្នេះ តែ​ជា​ពិសេស​គឺ​សំខាន់​ដែល​អ្នក​ចាស់​ទុំ​ធ្វើ។ សេចក្ដី​សុភាព​រាបសា​ទាញ​ទឹក​ចិត្ដ ធ្វើ​ឲ្យ​បង​ប្អូន​ស្រួល​ទាក់​ទង​អ្នក​ចាស់​ទុំ។ (ថែស្សាឡូនីចទី១ ២:៧, ៨) យក​ល្អ​យើង​ទាំង​អស់​គ្នា​សួរ​ខ្លួន​ថា ‹តើ​អ្នក​ដទៃ​ស្គាល់​ខ្ញុំ​ជា​មនុស្ស​ដែល​ចេះ​គិត​ដល់​អ្នក​ឯ​ទៀត សុខ​ចិត្ដ​ធ្វើ​តាម​សំណូម​ពរ​របស់​គេ និង​សុភាព​រាបសា​ឬ​ទេ?›។

១៤​. តើ​យើង​អាច​បង្ហាញ​ថា​យើង«ប្រុង​ប្រៀប​ស្តាប់​បង្គាប់»យ៉ាង​ដូច​ម្ដេច?

១៤ «ប្រុង​ប្រៀប​ស្តាប់​តាម»។ ពាក្យ​ភាសា​ក្រិច​ដែល​ត្រូវ​បាន​បក​ប្រែ​ថា«ប្រុង​ប្រៀប​ស្តាប់​តាម»មិន​មាន​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​ឡើយ។ យោង​ទៅ​តាម​បណ្ឌិត​ម្នាក់ ពាក្យ​នេះ«ច្រើន​តែ​ប្រើ​សំដៅ​ទៅ​លើ​ការ​បង្ហាត់​កូន​ទាហាន»។ ពាក្យ​នេះ​រួម​បញ្ចូល​អត្ថ​ន័យ​ថា«ស្រួល​បញ្ចុះ​បញ្ចូល»និង«ចេះ​ចុះ​ចូល​តាម»។ អ្នក​ណា​ដែល​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ អ្នក​នោះ​ប្រុង​ប្រៀប​ចុះ​ចូល​ដោយ​ធ្វើ​តាម​បទ​គម្ពីរ។ គាត់​គ្មាន​ឈ្មោះ​ជា​មនុស្ស​ដែល​ប្រកាន់​តាម​មតិ​ខ្លួន​មិន​ព្រម​កែ​ប្រែ​ពេល​ដែល​មាន​ពត៌មាន​ផ្ទុយ​ពី​មតិ​គាត់។ ផ្ទុយ​ទៅ​វិញ គាត់​ឆាប់​កែ​ប្រែ​នៅ​ពេល​មាន​ភស្ដុ​តាង​ជាក់​ច្បាស់​ក្នុង​បទ​គម្ពីរ​បង្ហាញ​ថា​គាត់​មាន​មតិ​ខុស​ឬ​បាន​សន្និដ្ឋាន​ខុស។ តើ​អ្នក​មាន​ឈ្មោះ​ជា​មនុស្ស​បែប​នេះ​ឬ?

«ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ»

១៥​. តើ​សេចក្ដី​មេត្ដា​ករុណា​ជា​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​សមរម្យ​ដែល«សេចក្ដី​មេត្ដា​ករុណា»​និង​«ផល​ល្អ»​ត្រូវ​រៀប​រាប់​ជា​មួយ​គ្នា​នៅ​យ៉ាកុប ៣:១៧?

១៥ «ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ»។ * សេចក្ដី​មេត្ដា​គឺ​ជា​លក្ខណៈ​សំខាន់​នៃ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដ្បិត​ប្រាជ្ញា​បែប​នេះ​ហៅ​ថា«ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា»។ សូម​កត់​សម្គាល់​ថា«សេចក្ដី​មេត្ដា​ករុណា»និង«ផល​ល្អ»ត្រូវ​រៀប​រាប់​ជា​មួយ​គ្នា។ នេះ​គឺ​សមរម្យ​មែន ដ្បិត​ក្នុង​ព្រះ​គម្ពីរ សេចក្ដី​មេត្ដា​ករុណា​ច្រើន​តែ​សំដៅ​លើ​ការ​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត ហើយ​នេះ​ជំរុញ​ឲ្យ​បង្កើត​ផល​ល្អ​ជា​ច្រើន ពោល​គឺ​ការ​ប្រព្រឹត្ដ​ដែល​ប្រកប​ដោយ​សេចក្ដី​សប្បុរស។ ឯកសារ​យោង​មួយ​បញ្ជាក់​ថា សេចក្ដី​មេត្ដា​ករុណា​គឺ​ជា«អារម្មណ៍​អាណិត​មនុស្ស​ដែល​កំពុង​តែ​ស្ថិត​ក្នុង​សភាព​លំបាក និង​ការ​ខំ​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​រួច»។ ដូច្នេះ ប្រាជ្ញា​របស់​ព្រះ​មិន​មែន​អត់​ភាព​កក់​ក្ដៅ ក្ដី​អាណិត​អាសូរ ឬ​ក៏​គ្រាន់​តែ​មាន​នៅ​ក្នុង​ខួរ​ក្បាល​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​របស់​ព្រះ​គឺ​កក់​ក្ដៅ ចេញ​ពី​ដួង​ចិត្ដ និង​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ឯ​ទៀត។ តើ​យើង​អាច​បង្ហាញ​ថា​យើង​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា​យ៉ាង​ដូច​ម្ដេច?

១៦, ១៧​. (ក) ព្រម​ជា​មួយ​នឹង​ការ​ស្រឡាញ់​ព្រះ តើ​អ្វី​ជំរុញ​ចិត្ដ​យើង​ឲ្យ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ? ហេតុ​អ្វី? (ខ) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា?

១៦ ការ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដល់​អ្នក​ឯ​ទៀត​ពិត​ជា​វិធី​សំខាន់​មួយ។ តើ​អ្វី​ជំរុញ​ចិត្ដ​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ? ហេតុ​ចំ​បង គឺ​ដោយ​សារ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ ប៉ុន្ដែ យើង​ក៏​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​មេត្ដា​ឬ​សេចក្ដី​ករុណា​ចំពោះ​អ្នក​ឯ​ទៀត​ដែរ។ (ម៉ាថាយ ២២:៣៧​-​៣៩) មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ«ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៦) គ្រូ​គង្វាល​ក្នុង​សាសនា​មិន​ពិត​មិន​យក​ចិត្ដ​ទុក​ដាក់ ហើយ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ខ្វាក់​ខាង​វិញ្ញាណ​ទៀត​ផង។ ជា​លទ្ធផល ពួក​គេ​មិន​ដឹង​អំពី​ការ​ណែនាំ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ឬ​ក៏​ពរ​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ប្រទាន​ទៅ​លើ​ផែន​ដី​ទេ។ នៅ​ពេល​ដែល​យើង​គិត​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​មនុស្ស​នៅ​ជុំ​វិញ​យើង សេចក្ដី​មេត្ដា​ករុណា​ជំរុញ​ចិត្ដ​យើង​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​ពួក​គេ​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

នៅ​ពេល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ដទៃ យើង​បង្ហាញ«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»

១៧ តើ​យើង​អាច​បង្ហាញ​ថា​យើង​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា​តាម​វិធី​ណា​ទៀត? សូម​ចាំ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​បុរស​សាសន៍​សាម៉ារី​ដែល​បាន​ឃើញ​អ្នក​ដំណើរ​ម្នាក់​ដេក​ស្តូក​ស្ដឹង​លើ​ផ្លូវ​ដោយ​ត្រូវ​បាន​គេ​វាយ​ហើយ​ប្លន់។ បុរស​សាសន៍​សាម៉ារី​នេះ«មាន​ចិត្ដ​ក្ដួល​អាណិត​[ឬ​«បង្ហាញ​សេចក្ដី​មេត្ដា​ករុណា», ព.ថ.]»​ដោយ​រុំ​របួស​និង​ថែ​រក្សា​ជន​រង​គ្រោះ។ (លូកា ១០:២៩​-​៣៧) នេះ​បង្ហាញ​ថា​សេចក្ដី​មេត្ដា​ករុណា​រួម​បញ្ចូល​ការ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ មែន​ទេ? ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា«ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) សូម​ពិចារណា​ឧទាហរណ៍​ខ្លះៗ។ អ្នក​ជឿ​ម្នាក់​ដែល​មាន​វ័យ​ចាស់​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ជូន​គាត់​ទៅ​ប្រជុំ​និង​ជូន​មក​ផ្ទះ​វិញ។ ស្ដ្រី​មេ​ម៉ាយ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ជួយ​ជួស​ជុល​ផ្ទះ។ (យ៉ាកុប ១:២៧) អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ​ប្រហែល​ជា​ត្រូវ​ការ«ពាក្យ​ល្អ​១​ម៉ាត់»ដើម្បី​លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​សប្បាយ​ឡើង​វិញ។ (សុភាសិត ១២:២៥) នៅ​ពេល​ដែល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​តាម​វិធី​ទាំង​នេះ យើង​បង្ហាញ​ថា​យើង​កំពុង​តែ​ប្រើ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ។

«ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»

១៨​. បើ​យើង​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ តើ​យើង​គួរ​ខំ​ប្រឹង​ជំ​រះ​អ្វី​ពី​ចិត្ដ​យើង​ឲ្យ​អស់? ហើយ​ហេតុ​អ្វី?

១៨ «ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»។ ប្រាជ្ញា​របស់​ព្រះ​មិន​ទទួល​អានុភាព​ពី​ការ​ប្រកាន់​ពូជ​សាសន៍​ឬ​មោទនភាព​របស់​ជាតិ​ទេ។ បើ​យើង​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​នឹង​ជំ​រះ​ភាព​លំ​អៀង​ចេញ​ពី​ចិត្ដ​យើង​ឲ្យ​អស់។ (យ៉ាកុប ២:៩) យើង​មិន​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ពិសេស​ទៅ​លើ​អ្នក​ដទៃ ដោយ​សារ​កំរិត​ការ​អប់រំ ទ្រព្យ​សម្បត្ដិ ឬ​ភារកិច្ច​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​ទេ ក៏​មិន​មើល​ងាយ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​ទោះ​បី​គេ​មើល​ទៅ​ដូច​ជា​ខ្សត់​ខ្សោយ​យ៉ាង​ណា​ក៏​ដោយ។ បើ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​គួរ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ យើង​ប្រាកដ​ជា​គួរ​ចាត់​ទុក​ពួក​គេ​គួរ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​របស់​យើង​ដែរ។

១៩, ២០​. (ក) តើ​អ្វី​ជា​ប្រភព​នៃ​ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«អ្នក​ពុត​មាយា»? (ខ) តើ​យើង​បង្ហាញ​ថា​មាន«សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា»យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​នេះ​គឺ​សំខាន់?

១៩ «ឥត​ពុត​មាយា»។ ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«អ្នក​ពុត​មាយា»អាច​សំដៅ​ទៅ​លើ«អ្នក​ដើរ​តួ»។ នៅ​សម័យ​បុរាណ តួ​នៅ​ប្រទេស​ក្រិច​និង​រ៉ូម​ធ្លាប់​ពាក់​មុខ​ធំៗ​នៅ​ពេល​ដើរ​តួ។ ដូច្នេះ ពាក្យ​ក្រិច​ដែល​បក​ប្រែ​ថា«អ្នក​ពុត​មាយា» បាន​ចាប់​ផ្ដើម​សំដៅ​លើ​អ្នក​ដែល​ធ្វើ​ពើ​ឬ​ក្លែង​បង្វែង​ដំណើរ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​ពិត។ លក្ខណៈ​នេះ​ដែល​ចូល​រួម​ប្រាជ្ញា​របស់​ព្រះ គួរ​មាន​ឥទ្ធិពល​មក​លើ​របៀប​យើង​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ជឿ​គ្នី​គ្នា ហើយ​លើ​អារម្មណ៍​ដែល​យើង​មាន​ចំពោះ​ពួក​គេ​ដែរ។

២០ សាវ័ក​ពេត្រុស​បាន​កត់​សម្គាល់​ថា បើ​យើង«ស្តាប់​តាម​សេចក្ដី​ពិត» នោះ​គួរ​បណ្ដាល​ឲ្យ​យើង​មាន«សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា»។ (ពេត្រុសទី១ ១:២២) ប្រាកដ​ហើយ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​មិន​ត្រូវ​ជា​ការ​ធ្វើ​ពុត​ឡើយ។ យើង​មិន​ពាក់​មុខ​ឬ​ដើរ​តួ​ដើម្បី​បញ្ឆោត​អ្នក​ដទៃ​ទេ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ត្រូវ​ស្មោះ​ពិត​និង​ចេញ​មក​ពី​ចិត្ដ។ បើ​ដូច្នេះ អ្នក​ជឿ​គ្នី​គ្នា​នឹង​ទុក​ចិត្ដ​យើង ដ្បិត​ពួក​គេ​ដឹង​ថា អ្វី​ដែល​គេ​ឃើញ​គឺ​ពិត​ប្រាកដ។ ភាព​ស្មោះ​ត្រង់​បែប​នេះ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​គ្រីស្ទាន​គ្នី​គ្នា​ដោយ​ឥត​លាក់​លៀម ហើយ​ក៏​ជួយ​ឲ្យ​មាន​បរិយាកាស​ប្រកប​ដោយ​ការ​ទុក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រុម​ជំនុំ​ដែរ។

«ចូរ​រក្សា​ប្រាជ្ញា​ដែល​មាន​ប្រយោជន៍»

២១, ២២​. (ក) តើ​សាឡូម៉ូន​បាន​ប្រហែស​មិន​រក្សា​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​អាច​រក្សា​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​ធ្វើ​ដូច្នេះ?

២១ ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា​ជា​អំណោយ​មួយ​ដែល​យើង​គួរ​តែ​រក្សា​កុំ​ឲ្យ​បាត់​បង់។ ស្ដេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា៖«កូន​អើយ! . . . ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍​[ឬ​«ប្រាជ្ញា​ដែល​មាន​ប្រយោជន៍», ព.ថ.] នឹង​គំនិត​វាង​វៃ​ចុះ!»។ (សុភាសិត ៣:២១) គួរ​ឲ្យ​សោក​ស្តាយ​មែន សាឡូម៉ូន​ទ្រង់​ផ្ទាល់​បាន​ប្រហែស​មិន​ធ្វើ​ដូច្នេះ​ទេ។ ទ្រង់​នៅ​មាន​ប្រាជ្ញា​ដរាប​ណា​ដែល​ទ្រង់​រក្សា​ឲ្យ​មាន​ចិត្ដ​ចេះ​ស្តាប់​បង្គាប់។ ប៉ុន្ដែ នៅ​ទី​បំផុត​ព្រះ​ជាយា​ទាំង​ឡាយ​របស់​ទ្រង់​ដែល​ជា​សាសន៍​ផ្សេងៗ​នោះ បាន​ទាញ​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ពិត​ចំពោះ​ព្រះ​យេហូវ៉ា។ (ពង្សាវតារ​ក្សត្រ​ទី​១ ១១:១​-​៨) អ្វី​ដែល​កើត​ឡើង​ចំពោះ​សាឡូម៉ូន​ជា​គំរូ​ឲ្យ​ដឹង​ថា ចំណេះ​មាន​តម្លៃ​តិច​បើ​មិន​យក​មក​អនុវត្ដ​តាម។

២២ តើ​យើង​អាច​រក្សា​ប្រាជ្ញា​ដែល​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​តែ​អាន​ឲ្យ​បាន​ទៀង​ទាត់​នូវ​ព្រះ​គម្ពីរ​និង​ប្រកាសន​វត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​ដែល​ផ្គត់​ផ្គង់​ដោយ«អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ» មិន​តែ​ប៉ុណ្ណោះ​យើង​ក៏​ត្រូវ​ខំ​ព្យាយាម​អនុវត្ដ​តាម​អ្វី​ដែល​យើង​រៀន​ជា​ចាំ​បាច់។ (ម៉ាថាយ ២៤:៤៥, ព.ថ.) យើង​មាន​ហេតុ​ជា​ច្រើន​ដែល​គួរ​អនុវត្ដ​តាម​ប្រាជ្ញា​របស់​ព្រះ។ នៅ​គ្រា​ឥឡូវ​នេះ ប្រាជ្ញា​របស់​ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​គន្លង​ជីវិត​ដ៏​ល្អ​បំផុត។ នោះ​ក៏​ផ្ដល់​សមត្ថភាព​ឲ្យ​យើង«ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ដែរ។ (ធីម៉ូថេ​ទី​១ ៦:១៩) ហើយ​សំខាន់​បំផុត ការ​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ក៏​នាំ​យើង​ឲ្យ​ចូល​មក​ជិត​ព្រះ​យេហូវ៉ា​ជាង ដែល​ទ្រង់​ជា​ប្រភព​នៃ​អស់​ទាំង​ប្រាជ្ញា។

^ វគ្គ 1 យោង​ទៅ​តាម​ពង្សាវតារ​ក្សត្រ​ទី​១ ៣:១៦ ស្ដ្រី​ទាំង​ពីរ​នាក់​នេះ​គឺ​ជា​ស្រី​សំផឹង។ សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ​ប្រាប់​ថា៖«ស្ដ្រី​ទាំង​ពីរ​នាក់​នេះ​ដែល​ជា​សាសន៍​យូដា​ឬ​ក៏​ប្រហែល​ជា​សាសន៍​ដទៃ​ក៏​មិន​ដឹង ពួក​គេ​មិន​មែន​ជា​ស្រី​សំផឹង​ក្នុង​ន័យ​ថា​ពួក​គេ​រក​ស៊ី​ផ្លូវ​ភេទ​នោះ​ទេ តែ​ដោយ​សារ​ពួក​គេ​ជា​ស្ដ្រី​ដែល​បាន​ធ្វើ​អំពើ​សហាយ​ស្មន់​វិញ»។—បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា (ជា​ភាសា​អង់គ្លេស)

^ វគ្គ 11 ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«រក​ជា»នោះ​មក​ពី​កិរិយា​ស័ព្ទ​មួយ​ដែល​បាន​ន័យ​ថា «‹កែ​ប្រែ ប្ដូរ› ឬ​ថា‹ផ្សះ​ផ្សា›»។ ដូច្នេះ គោល​បំណង​របស់​អ្នក​គឺ​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែ​មួយ ពោល​គឺ​បំបាត់​នូវ​ការ​ព្យាបាទ​ចេញ​ពី​ចិត្ដ​របស់​អ្នក​ដែល​អន់​ចិត្ដ។—រ៉ូម ១២:១៨

^ វគ្គ 15 សេចក្ដី​បក​ប្រែ​មួយ​ទៀត​បាន​បក​ប្រែ​ពាក្យ​នេះ​ថា«ពេញ​ទៅ​ដោយ​ករុណា​និង​ការ​ប្រព្រឹត្ដ​ដ៏​ល្អ»។—សេចក្ដី​បក​ប្រែ​ជា​ភាសា​សាមញ្ញ, របស់​លោក ឆាល ប. វីល្លៀម