លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៥

‹ព្រះ​ហឫទ័យ​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ព្រះ​នៃ​យើង›

‹ព្រះ​ហឫទ័យ​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ព្រះ​នៃ​យើង›

១, ២​. (ក) តាម​ប្រក្រតី តើ​ម្ដាយ​មួយ​រូប​ប្រព្រឹត្ដ​យ៉ាង​ណា​នៅ​ពេល​កូន​របស់​ខ្លួន​យំ? (ខ) តើ​អារម្មណ៍​អ្វី​គឺ​ខ្លាំង​ជាង​ក្ដី​មេត្ដា​ករុណា​របស់​ម្ដាយ?

នៅ​ពាក់​កណ្ដាល​យប់​ទារក​មួយ​យំ ហើយ​ភ្លាមៗ​នោះ​ម្ដាយ​ក៏​ភ្ញាក់​ឡើង។ តាំង​ពី​កូន​គាត់​កើត​មក ម្ដាយ​មិន​សូវ​គេង​លក់​ស្រួល​ដូច​ពី​មុន​ទេ។ គាត់​ចាប់​ផ្ដើម​ចេះ​សម្គាល់​សម្លេង​យំ​របស់​កូន​គាត់។ ដូច្នេះ គាត់​ច្រើន​តែ​ដឹង​ថា​កូន​ដែល​ទើប​កើត​នេះ​យំ​ទារ​ទឹក​ដោះ ឬ​ចង់​ឲ្យ​ម្ដាយ​លើក​បី ឬ​ក៏​ត្រូវ​ការ​អ្វី​ផ្សេង​ទៀត។ ប៉ុន្ដែ មិន​ថា​កូន​គាត់​យំ​ចង់​បាន​អ្វី​ក៏​ដោយ ម្ដាយ​បាន​ទៅ​ឯ​កូន​ភ្លាម។ ចិត្ដ​ម្ដាយ​មិន​អាច​ទ្រាំ​ដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​កូន​ខ្លួន​ទេ។

ចិត្ដ​មេត្ដា​ករុណា​ដែល​ម្ដាយ​មាន​ចំពោះ​កូន​កើត​ពី​ផ្ទៃ​ខ្លួន គឺ​ជា​អារម្មណ៍​ប្រកប​ដោយ​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​កក់​ក្ដៅ​បំផុត​ដែល​មនុស្ស​ជាតិ​ស្គាល់។ ក៏​ប៉ុន្ដែ មាន​អារម្មណ៍​មួយ​ទៀត​ដែល​ខ្លាំង​ជាង​អារម្មណ៍​នេះ​ឆ្ងាយ​ណាស់ ពោល​គឺ ព្រះ​ទ័យ​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​យើង។ ការ​ពិចារណា​នូវ​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​ស្រឡាញ់​នេះ​អាច​ជួយ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង។ ដូច្នេះ យើង​សូម​ពិចារណា​នូវ​អត្ថ​ន័យ​នៃ​ក្ដី​មេត្ដា​ករុណា​និង​របៀប​ព្រះ​សម្ដែង​គុណ​សម្បត្ដិ​នេះ។

តើ​សេចក្ដី​មេត្ដា​ករុណា​ជា​អ្វី?

៣​. តើ​កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា«មេត្ដា​ប្រណី»ឬ«អាណិត​អាសូរ»មាន​ន័យ​អ្វី?

ក្នុង​ព្រះ​គម្ពីរ ពាក្យ​ភាសា​ហេព្រើរ​និង​ក្រិច​មួយ​ចំនួន​មាន​ខ្លឹម​សារ​ទាក់​ទង​នឹង​មេត្ដា​ករុណា​ប្រោស​ប្រណី។ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​ពាក្យ​រ៉ាខាម់ ជា​កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ ដែល​ច្រើន​តែ​បក​ប្រែ​ថា«មេត្ដា​ប្រណី»ឬ«អាណិត​អាសូរ»។ ឯកសារ​យោង​មួយ​ពន្យល់​ថា កិរិយា​ស័ព្ទ​រ៉ាខាម់ «បញ្ជាក់​ជំរៅ​ចិត្ដ​មេត្ដា​ករុណា​ប្រោស​ប្រណី​យ៉ាង​ជ្រាល​ជ្រៅ ដូច​ជា​អារម្មណ៍​ដែល​កើត​មាន​ក្នុង​ចិត្ដ​ពេល​ឃើញ​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ឬ​អ្នក​ដែល​ត្រូវ​ការ​យើង​ជួយ​កំពុង​តែ​រង​ទុក្ខ​ឬ​ធ្លាក់​ចុះ​ក្នុង​ភាព​ទន់​ខ្សោយ»។ ពាក្យ​ភាសា​ហេព្រើរ​នេះ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​សំដៅ​ទៅ​អង្គ​ទ្រង់​ផ្ទាល់ ក៏​ជាប់​ទាក់​ទង​នឹង​ពាក្យ​សំរាប់«ស្បូន» និង​អាច​ត្រូវ​ពន្យល់​ម្យ៉ាង​ទៀត​ថា«សេចក្ដី​មេត្ដា​ករុណា​របស់​ម្ដាយ»។ *និក្ខមនំ ៣៣:១៩; យេរេមា ៣៣:២៦

«តើ​ស្ដ្រី​នឹង​ភ្លេច​កូន . . . ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ?»

៤, ៥​. តើ​ព្រះ​គម្ពីរ​សំដៅ​លើ​អារម្មណ៍​ដែល​ម្ដាយ​មួយ​រូប​មាន​ចំពោះ​កូន​របស់​ខ្លួន​ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ព្រះ​គម្ពីរ​សំដៅ​លើ​អារម្មណ៍​ដែល​ម្ដាយ​មួយ​រូប​មាន​ចំពោះ​កូន​របស់​ខ្លួន​ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។ អេសាយ ៤៩:១៥ ចែង​ថា៖«តើ​ស្ដ្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​តែ​នៅ​បៅ ឥត​មាន​សេចក្ដី​មេត្ដា​ករុណា[រ៉ាខាម់]​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? អើ! គេ​នឹង​ភ្លេច​បាន ប៉ុន្ដែ​យើង​នឹង​មិន​ដែល​ភ្លេច​អ្នក​ឡើយ»។ (ព្រះ​គម្ពីរ​អាមភ្លីហ្វែត) ការ​ពណ៌នា​ដែល​ស្តាប់​ទៅ​គួរ​ឲ្យ​រំភើប​ចិត្ដ​នេះ​បញ្ជាក់​ពី​ជំរៅ​ព្រះ​ទ័យ​មេត្ដា​ករុណា​នៃ​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ដ្រ​របស់​ទ្រង់។ តើ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច?

ពិត​ជា​ពិបាក​ជឿ​ណាស់​ថា​ម្ដាយ​ម្នាក់​អាច​ភ្លេច​ចិញ្ចឹម​ថែ​រក្សា​កូន​ខ្លួន​ដែល​នៅ​បៅ។ យ៉ាង​ណា​មិញ ទារក​មួយ​មិន​អាច​ទី​ពឹង​ខ្លួន​ឯង​បាន​ទេ និង​ត្រូវ​ការ​ឲ្យ​ម្ដាយ​យក​ចិត្ដ​ទុក​ដាក់​ទាំង​យប់​ទាំង​ថ្ងៃ។ ប៉ុន្ដែ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ពិត​មែន​មាន​ម្ដាយ​ខ្លះ​ដែល​មិន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​ខ្លួន​នោះ​ទេ ជា​ពិសេស​នៅ«គ្រា​លំបាក»នេះ​ដែល​សម្គាល់​ដោយ​ការ«មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស»។ (ធីម៉ូថេ​ទី​២ ៣:១, ៣) «ប៉ុន្ដែ» ព្រះ​យេហូវ៉ា​ប្រកាស​ថា​«យើង​នឹង​មិន​ដែល​ភ្លេច​អ្នក​ឡើយ»។ សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​អ្នក​បំរើ​ទ្រង់​មិន​ដែល​សាប​សូន្យ​ឡើយ។ ហើយ​បើ​ប្រៀប​ធៀប​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​សេចក្ដី​មេត្ដា​ករុណា​ដែល​ម្ដាយ​មាន​ចំពោះ​ទារក​របស់​ខ្លួន​ដែល​ជា​អារម្មណ៍​កក់​ក្ដៅ​បំផុត​ដែល​មនុស្ស​មាន​ជា​ធម្មតា នោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ជាង​ឆ្ងាយ​ណាស់​រហូត​ដល់​រក​ពណ៌នា​ពុំ​បាន។ គ្មាន​អ្វី​ប្លែក​ទេ​ដែល​អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​បាន​មាន​ប្រសាសន៍​អំពី​អេសាយ ៤៩:១៥​ថា៖«ក្នុង​សញ្ញា​ចាស់ នេះ​ប្រហែល​ជា​ចំណែង​ខ្លាំង​បំផុត​ស្ដី​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ»។

៦​. តើ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ជា​ច្រើន​ធ្លាប់​ប្រកាន់​ទស្សនៈ​អ្វី​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី? ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​យ៉ាង​ណា?

តើ​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​ជា​លក្ខណៈ​ដែល​សម្គាល់​ភាព​ខ្សោយ​ឬ? មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ជា​ច្រើន​ធ្លាប់​មាន​ទស្សនៈ​ដូច្នេះ។ ឧទាហរណ៍ ទស្សនវិទូ​ជន​ជាតិ​រ៉ូម​ម្នាក់​ឈ្មោះ​ស៊ីនីកា​ដែល​ធ្លាប់​រស់​នៅ​សម័យ​ព្រះ​យេស៊ូ​និង​ជា​អ្នក​បញ្ញវន្ដ​ឈាន​មុខ​គេ​នៅ​ប្រទេស​រ៉ូម​បាន​បង្រៀន​ថា«ការ​អាណិត​អាសូរ​ផុស​ចេញ​ពី​ភាព​ខ្សោយ​នៃ​សតិ​មនុស្ស»។ លោក​ស៊ីនីកា​ធ្លាប់​កាន់​ទស្សនវិជ្ជា​ស្តូអិក​ដែល​សង្កត់​ធ្ងន់​ទៅ​លើ​ការ​សង្រួម​ចិត្ដ​ឲ្យ​ប្រាស​ចាក​គ្រប់​អារម្មណ៍​ទាំង​អស់។ លោក​ស៊ីនីកា​បាន​បង្រៀន​ថា អ្នក​ដែល​មាន​ប្រាជ្ញា​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ជួប​លំបាក​បាន ប៉ុន្ដែ​គាត់​មិន​ត្រូវ​មាន​អារម្មណ៍​អាណិត​គេ​នោះ​ឡើយ ដ្បិត​អារម្មណ៍​អាណិត​អាសូរ​នេះ​នឹង​ធ្វើ​ឲ្យ​គាត់​បាត់​បង់​អារម្មណ៍​ស្ងប់។ ទស្សនៈ​ប្រកប​ដោយ​អត្ដទត្ថភាព​នេះ​មិន​អនុញ្ញាត​ឲ្យ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ពី​ដួង​ចិត្ដ​នោះ​ឡើយ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​គឺ​មិន​ដូច្នេះ​សោះ​ឡើយ! ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា​ទ្រង់​មាន«ព្រះ​ហឫទ័យ​មេត្ដា​ករុណា នឹង​សេចក្ដី​អាណិត​អាសូរ​ពោរ​ពេញ»។ (យ៉ាកុប ៥:១១) យើង​នឹង​រៀន​ក្រោយ​មក​ថា សេចក្ដី​មេត្ដា​ករុណា​មិន​មែន​ជា​លក្ខណៈ​ខ្សោយ​នោះ​ទេ ប៉ុន្ដែ​គឺ​ជា​គុណ​សម្បត្ដិ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ហើយ​ក៏​ជា​គុណ​សម្បត្ដិ​ដ៏​ចាំ​បាច់​មួយ។ យើង​សូម​ពិចារណា​នូវ​របៀប​ព្រះ​យេហូវ៉ា​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ដូច​បិតា​មួយ​រូប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

ពេល​ព្រះ​យេហូវ៉ា​បង្ហាញ​ក្ដី​មេត្ដា​ករុណា​ចំពោះ​សាសន៍​មួយ​ទាំង​មូល

៧, ៨​. នៅ​ប្រទេស​អេស៊ីប​ពី​បុរាណ តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​រង​ទុក្ខ​យ៉ាង​ណា​ខ្លះ? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ដ​តប​នឹង​ការ​រង​ទុក្ខ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ស​ឲ្យ​ឃើញ​យ៉ាង​ប្រចក្ស​ក្នុង​របៀប​ទ្រង់​ប្រព្រឹត្ដ​ចំពោះ​សាសន៍​អ៊ីស្រាអែល។ មក​ដល់​ដំណាច់​សត​វត្ស​ទី​១៦​មុន​ស.យ.​ហើយ ជន​ជាតិ​អ៊ីស្រាអែល​រាប់​លាន​នាក់​ត្រូវ​បាន​ឃុំ​ទុក​បង្ខំ​ឲ្យ​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​នៅ​ប្រទេស​អេស៊ីប​ពី​បុរាណ ហើយ​ត្រូវ​គេ​ជិះ​ជាន់​សង្កត់​សង្កិន​យ៉ាង​ខ្លាំង។ ជន​ជាតិ​អេស៊ីប«ធ្វើ​ឲ្យ​ជីវិត​គេ​មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ​នឹង​ឥដ្ឋ»។ (និក្ខមនំ ១:១១, ១៤) នៅ​ចំពោះ​មុខ​ក្ដី​ទុក្ខ​វេទនា​នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​អំពាវ​នាវ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ តើ​ព្រះ​នៃ​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រំជួល​ព្រះ​ទ័យ។ ទ្រង់​មាន​បន្ទូល​ថា៖‹យើង​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ដ្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ​នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់​សង្កិន​ដែរ ពីព្រោះ​យើង​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ពួក​គេ›។ (និក្ខមនំ ៣:៧) ព្រះ​យេហូវ៉ា​មិន​អាច​ទត​ឃើញ​ការ​រង​ទុក្ខ​របស់​រាស្ដ្រ​ទ្រង់​ឬ​ឮ​សម្រែក​អំពាវ​នាវ​របស់​ពួក​គេ​ដោយ​មិន​អាណិត​អាសូរ​កើត​ទុក្ខ​ក្នុង​ព្រះ​ទ័យ​បាន​ឡើយ។ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​២៤​ហើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​ចេះ​យល់​អារម្មណ៍។ ហើយ​ការ​យល់​អារម្មណ៍​ឬ​ក៏​ការ​យល់​ទំហំ​ទុក្ខ​របស់​អ្នក​ដទៃ​រហូត​ដល់​កើត​ទុក្ខ​ក្នុង​ចិត្ដ​ខ្លួន​ឯង គឺ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សេចក្ដី​មេត្ដា​ករុណា។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​យល់​អារម្មណ៍​រាស្ដ្រ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ព្រះ​ទ័យ​ទ្រង់​ជំរុញ​ទ្រង់​ឲ្យ​ជួយ​ពួក​គេ។ អេសាយ ៦៣:៩ ចែង​ថា៖«ទ្រង់​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់»។ ដោយ«ព្រះ​ហស្ដ​ដ៏​មាន​ព្រះ​ចេស្តា» ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​អេស៊ីប។ (ចោទិយកថា ៤:៣៤) ក្រោយ​នោះ ទ្រង់​បាន​ផ្គត់​ផ្គង់​អាហារ​សំរាប់​ពួក​គេ​ដោយ​អព្ភូតហេតុ ហើយ​នាំ​ទៅ​ដល់​ស្រុក​សំបូរ​ភោគផល​មួយ​ដែល​ទុក​បំរុង​ឲ្យ​ពួក​គេ។

៩, ១០​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​សង្គ្រោះ​អ៊ីស្រាអែល​ម្ដង​ហើយ​ម្ដង​ទៀត​ក្រោយ​ពួក​គេ​តាំង​លំនៅ​ក្នុង​ស្រុក​សន្យា​រួច​ហើយ​នោះ? (ខ) នៅ​សម័យ​លោក​យែបថា តើ​ព្រះ​យេហូវ៉ា​សង្គ្រោះ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ការ​ជិះ​ជាន់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ណា? តើ​អ្វី​បាន​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ធ្វើ​ដូច្នេះ?

សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ឈប់​សម្ដែង​នៅ​ពេល​នោះ​ទេ។ នៅ​ពេល​ពួក​គេ​តាំង​លំនៅ​ក្នុង​ស្រុក​សន្យា​រួច​ហើយ​នោះ សាសន៍​អ៊ីស្រាអែល​បាន​បែរ​ជា​ឥត​ស្មោះ​ភក្ដី​ម្ដង​ហើយ​ម្ដង​ទៀត ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​បាន​រង​ទុក្ខ​លំបាក។ ប៉ុន្ដែ ក្រោយ​មក​ពួក​គេ​ភ្ញាក់​រឭក​ដឹង​ខ្លួន​និង​អំពាវ​នាវ​រក​ព្រះ​យេហូវ៉ា​វិញ។ ម្ដង​ហើយ​ម្ដង​ទៀត​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ។ ហេតុ​អ្វី? «ដ្បិត​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​មេត្ដា​ដល់​រាស្ដ្រ​ទ្រង់»។—របាក្សត្រទី២ ៣៦:១៥; ពួក​ចៅហ្វាយ ២:១១​-​១៦

១០ សូម​ពិចារណា​អ្វី​ដែល​កើត​ឡើង​នៅ​សម័យ​លោក​យែបថា។ ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បែរ​ទៅ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​នោះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាសន៍​អាំម៉ូន​ជិះ​ជាន់​ពួក​គេ​អស់​១៨​ឆ្នាំ។ នៅ​ទី​បំផុត សាសន៍​អ៊ីស្រាអែល​បាន​ប្រែ​ចិត្ដ។ ព្រះ​គម្ពីរ​ចែង​ថា៖«គេ​យក​អស់​ទាំង​ព្រះ​ដទៃ​របស់​គេ​ចោល​ចេញ ក៏​បែរ​មក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​វិញ ទ្រង់​ក៏​មាន​សេចក្ដី​រំជួល ដោយ​ព្រោះ​សេចក្ដី​វេទនា​នៃ​ពួក​អ៊ីស្រាអែល»។ * (ពួក​ចៅហ្វាយ ១០:៦​-​១៦) នៅ​ពេល​រាស្ដ្រ​របស់​ទ្រង់​បង្ហាញ​ថា​បាន​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ នោះ​ព្រះ​យេហូវ៉ា​មិន​អាច​ទ្រាំ​ទត​មើល​ពួក​គេ​រង​ទុក្ខ​ទៀត​ឡើយ។ ដូច្នេះ ព្រះ​នៃ​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​បាន​ពង្រឹង​កម្លាំង​យែបថា​ដើម្បី​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ក្រញាំ​ពួក​បច្ចាមិត្ដ។—ពួក​ចៅហ្វាយ ១១:៣០​-​៣៣

១១​. ដោយ​មើល​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​សាសន៍​អ៊ីស្រាអែល តើ​យើង​រៀន​អ្វី​អំពី​សេចក្ដី​មេត្ដា​ករុណា?

១១ តើ​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សាសន៍​អ៊ីស្រាអែល​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី? អ្វី​មួយ​គឺ យើង​ឃើញ​ថា​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​មិន​គ្រាន់​តែ​ជា​ការ​អាណិត​មនុស្ស​ដែល​ជួប​នឹង​បញ្ហា​ប៉ុណ្ណោះ​ទេ។ សូម​នឹក​ចាំ​នូវ​ឧទាហរណ៍​អំពី​ម្ដាយ​ដែល​សេចក្ដី​មេត្ដា​ករុណា​ជំរុញ​គាត់​ឲ្យ​ទៅ​រក​កូន​របស់​ខ្លួន​ដែល​កំពុង​តែ​យំ​នោះ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​មិន​មែន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​ស្រែក​អំពាវ​នាវ​របស់​រាស្ដ្រ​ទ្រង់​នោះ​ទេ។ សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ទ្រង់​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​បំបាត់​នូវ​ក្ដី​ទុក្ខ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​បង្រៀន​យើង​ថា សេចក្ដី​មេត្ដា​ករុណា​មិន​មែន​ជា​លក្ខណៈ​ខ្សោយ​សោះ​ឡើយ ដ្បិត​គុណ​សម្បត្ដិ​ដ៏​កក់​ក្ដៅ​នេះ​បាន​ជំរុញ​ទ្រង់​ឲ្យ​តាំង​ព្រះ​ទ័យ​ចាត់​វិធាន​ដ៏​ម៉ឺង​ម៉ាត់​ដើម្បី​ជួយ​រាស្ដ្រ​ទ្រង់។ ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​តែ​អ្នក​បំរើ​ទ្រង់​ដែល​មាន​ជា​ក្រុម​ឬ?

សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ម្នាក់ៗ

១២​. តើ​ក្រិត្យ​វិន័យ​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ម្នាក់ៗ​យ៉ាង​ដូច​ម្ដេច?

១២ ក្រិត្យ​វិន័យ​ដែល​ព្រះ​បាន​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល​បញ្ជាក់​ឲ្យ​ឃើញ​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​ចំពោះ​មនុស្ស​ម្នាក់ៗ។ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ទ្រង់​ទៅ​លើ​ជន​ក្រី​ក្រ។ ព្រះ​យេហូវ៉ា​ជ្រាប​ថា​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​អាច​ជួប​ហេតុ​អាក្រក់​ដោយ​មិន​ដឹង​ទុក​ជា​មុន​ហើយ​ធ្លាក់​ខ្លួន​ទៅ​ជា​ជន​ក្រី​ក្រ។ តើ​សាសន៍​អ៊ីស្រាអែល​ត្រូវ​ប្រព្រឹត្ដ​យ៉ាង​ណា​ទៅ​លើ​ជន​ក្រី​ក្រ? ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ចំ​ថា៖‹មិន​ត្រូវ​ឲ្យ​តាំង​ចិត្ដ​របឹង ឬ​ក្ដាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ ត្រូវ​ឲ្យ​អ្នក​ចែក​ដល់​គេ​ជា​កុំ​ខាន ដោយ​មាន​ចិត្ដ​ឥត​ស្តាយ​ផង ដ្បិត​បើ​ប្រព្រឹត្ដ​យ៉ាង​ដូច្នោះ នោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក​ក្នុង​គ្រប់​ទាំង​ការ​របស់​អ្នក ហើយ​ក្នុង​អស់​ទាំង​ការ​អ្វី ដែល​អ្នក​ដាក់​ដៃ​ធ្វើ​ផង›។ (ចោទិយកថា ១៥:៧, ១០) ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ៊ីស្រាអែល​ត​ទៅ​ទៀត​ថា ពួក​គេ​មិន​ត្រូវ​ច្រូត​ដល់​កៀន​ឲ្យ​អស់​ផល​ដំណាំ​ទេ ឬ​ក៏​រើស​ផល​ដំណាំ​ដែល​ជ្រុះ​នោះ។ ផល​ដែល​នៅ​សល់​ទាំង​នេះ​គឺ​សំរាប់​អ្នក​ឥត​ទី​ពឹង។ (លេវីវិន័យ ២៣:២២; នាងរស់ ២:២​-​៧) នៅ​ពេល​សាសន៍​អ៊ីស្រាអែល​គោរព​តាម​ច្បាប់​នេះ​ដែល​បង្ហាញ​ការ​គិត​ដល់​ប្រយោជន៍​ជន​ក្រី​ក្រ​ក្នុង​ចំណោម​ពួក​គេ នោះ​អ្នក​ដែល​ខ្វះ​ខាត​នៅ​ស្រុក​អ៊ីស្រាអែល​មិន​ចាំ​បាច់​ក្លាយ​ជា​អ្នក​ដើរ​សុំ​អាហារ​ទេ។ នេះ​ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ព្រះ​យេហូវ៉ា មែន​ទេ?

១៣, ១៤​. (ក) តើ​ពាក្យ​របស់​ដាវីឌ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​មក​លើ​រូប​យើង​ម្នាក់ៗ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​អាច​ឲ្យ​ឧទាហរណ៍​អ្វី​ដែល​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​ថា​ទ្រង់​គង់​នៅ​ជិត​បង្កើយ​នឹង​អ្នក​ដែល«មាន​ចិត្ដ​សង្រេង»និង«វិញ្ញាណ​ទន់​ទាប»​នោះ?

១៣ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​ជា​ពី​មុន​ដែរ ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​មក​លើ​រូប​យើង​ម្នាក់ៗ​ដែរ។ យើង​អាច​ជឿ​ជាក់​ថា​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​លំបាក​ណា​ដែល​យើង​កំពុង​តែ​ឆ្លង​កាត់។ ដាវីឌ​បាន​តែង​ទំនុក​មួយ​ថា៖«ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ដ​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប»។ (ទំនុក​ដំកើង ៣៤:១៥, ១៨) ស្ដី​អំពី​អ្នក​ដែល​ទំនុក​នេះ​សំដៅ​ទៅ​លើ អ្នក​អត្ថាធិប្បាយ​ម្នាក់​អំពី​ព្រះ​គម្ពីរ​បាន​កត់​សម្គាល់​ថា៖ «ចិត្ដ​របស់​ពួក​គេ​ខ្ទេច​ខ្ទាំ​និង​សោក​សង្រេង គឺ​ថា​មាន​វិប្បដិសារី​ដោយ​សារ​បាប​របស់​ខ្លួន ក៏​គិត​ថា​ខ្លួន​គ្មាន​តម្លៃ ហើយ​លែង​ស្រឡាញ់​ខ្លួន​ទៀត ថែម​ទាំង​គ្មាន​ទំនុក​ចិត្ដ​ថា​ខ្លួន​មាន​គុណ​សម្បត្ដិ»។ អ្នក​ទាំង​នេះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​ពួក​គេ ហើយ​គិត​ថា​ខ្លួន​អត់​សំខាន់​ដល់​ម៉្លេះ​ដែល​ទ្រង់​មិន​អាច​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្ដែ ទ្រង់​គឺ​មិន​ដូច្នេះ​នោះ​ទេ។ ទំនុក​របស់​ដាវីឌ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា ព្រះ​យេហូវ៉ា​មិន​ដែល​លះ​ចោល​អ្នក​ដែល​«លែង​ស្រឡាញ់​ខ្លួន»​នោះ​ទេ។ ព្រះ​នៃ​សេចក្ដី​មេត្ដា​ករុណា​របស់​យើង​ជ្រាប​ថា យើង​ត្រូវ​ការ​ទ្រង់​ខ្លាំង​បំផុត​នៅ​ពេល​មាន​អារម្មណ៍​ដូច្នេះ ហើយ​ទ្រង់​គង់​នៅ​ជិត​បង្កើយ​នឹង​ពួក​គេ។

១៤ សូម​ពិចារណា​នូវ​បទ​ពិសោធន៍​មួយ។ ម្ដាយ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រញាប់​ប្រញាល់​យក​កូន​ប្រុស​អាយុ​ពីរ​ឆ្នាំ​របស់​គាត់​ទៅ​មន្ទីរ​ពេទ្យ ដោយ​សារ​មាន​ជំងឺ​រលាក​បំពង់​ក​កំពុង​តែ​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង។ ក្រោយ​ពិនិត្យ​ក្មេង​ប្រុស​នោះ​ហើយ គ្រូ​ពេទ្យ​បាន​ប្រាប់​ម្ដាយ​ថា​ត្រូវ​ឲ្យ​កូន​នោះ​ដេក​ពេទ្យ​មួយ​យប់។ តើ​ម្ដាយ​បាន​គេង​នៅ​ឯ​ណា​ពេល​យប់​នោះ? គាត់​បាន​គេង​នៅ​បន្ទប់​ពេទ្យ​លើ​កៅអី​មួយ​ជិត​បង្កើយ​នឹង​គ្រែ​របស់​កូន​ប្រុស​គាត់! កូន​តូច​របស់​គាត់​កំពុង​តែ​ឈឺ​ហើយ​គាត់​ចង់​នៅ​ជិត​កូន​ណាស់។ យើង​ពិត​ជា​អាច​ជឿ​ជាក់​ថា ព្រះ​វរបិតា​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ធ្វើ​លើស​ជាង​នោះ​ទៅ​ទៀត! យ៉ាង​ណា​មិញ ទ្រង់​បាន​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​ទ្រង់។ (លោកុប្បត្ដិ ១:២៦) ពាក្យ​ក្នុង​ទំនុក​ដំកើង ៣៤:១៨​ដែល​នាំ​ឲ្យ​រំភើប​ក្នុង​ចិត្ដ​នេះ ប្រាប់​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​យើង«មាន​ចិត្ដ​សង្រេង»ឬ«វិញ្ញាណ​ទន់​ទាប» នោះ​ព្រះ​យេហូវ៉ា​គង់«នៅ​ជិត​បង្កើយ»ដូច​ជា​បិតា​មួយ​រូប​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​មាន​សេចក្ដី​មេត្ដា​ករុណា​ជា​និច្ច​និង​ប្រុង​ប្រៀប​តែ​នឹង​ជួយ​យើង។

១៥​. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ម្នាក់ៗ​យ៉ាង​ដូច​ម្ដេច?

១៥ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ម្នាក់ៗ​យ៉ាង​ដូច​ម្ដេច​ទៅ? ទ្រង់​មិន​តែង​តែ​បំបាត់​នូវ​អ្វី​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​លំបាក​នោះ​ទេ។ ប៉ុន្ដែ ទ្រង់​ផ្គត់​ផ្គង់​សំ​វិធានការ​យ៉ាង​បរិបូរ​សំរាប់​អស់​អ្នក​ណា​ដែល​ស្រែក​អំពាវ​នាវ​រក​ជំនួយ​ពី​ទ្រង់។ ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ ផ្ដល់​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​និង​ផ្ដល់​ជំនួយ​បាន​ច្រើន​ណាស់។ នៅ​ក្នុង​ក្រុម​ជំនុំ ព្រះ​យេហូវ៉ា​រៀប​ចំ​ឲ្យ​មាន​អ្នក​ត្រួត​ពិនិត្យ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ខាង​វិញ្ញាណ និង​ដែល​ព្យាយាម​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដូច​ព្រះ​យេហូវ៉ា​ក្នុង​ការ​ជួយ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា។ (យ៉ាកុប ៥:១៤, ១៥) ក្នុង​នាម​ជា«ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន» នោះ​ព្រះ​យេហូវ៉ា​ប្រទាន«វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម»។ (ទំនុក​ដំកើង ៦៥:២; លូកា ១១:១៣) វិញ្ញាណ​នោះ​អាច​ពង្រឹង​កម្លាំង​យើង​ឲ្យ​មាន«ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់» ដើម្បី​អាច​ស៊ូ​ទ្រាំ​ទាល់​តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បំបាត់​ចោល​រាល់​បញ្ហា​ដែល​នាំ​ឲ្យ​យើង​លំបាក​ចិត្ដ។ (កូរិនថូសទី២ ៤:៧) យើង​ពិត​ជា​មាន​កតញ្ញូ​ធម៌​ដែល​មាន​សំ​វិធានការ​ទាំង​អស់​នេះ មែន​ទេ? កុំ​បី​ឲ្យ​យើង​ភ្លេច​ថា​អ្វីៗ​ទាំង​នេះ​ជា​ការ​សម្ដែង​នូវ​ព្រះ​ហឫទ័យ​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ព្រះ​យេហូវ៉ា។

១៦​. តើ​អ្វី​ជា​ឧទាហរណ៍​ប្រសើរ​បណ្ដាច់​ដែល​បង្ហាញ​ពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា? ហើយ​តើ​នោះ​ទាក់​ទង​នឹង​យើង​ម្នាក់ៗ​យ៉ាង​ដូច​ម្ដេច?

១៦ គឺ​ពិត​ណាស់​ដែល​ថា ឧទាហរណ៍​ប្រសើរ​បណ្ដាច់​ដែល​បង្ហាញ​ពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា គឺ​ដោយ​ទ្រង់​បញ្ជូន​បុគ្គល​ជា​ទី​ស្រឡាញ់​បំផុត​របស់​ទ្រង់​ឲ្យ​មក​ធ្វើ​ជា​តម្លៃ​លោះ​យើង។ ដោយ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ពលិកម្ម​ដែល​សម្ដែង​ឲ្យ​ឃើញ​ពី​សេចក្ដី​ស្រឡាញ់ ហើយ​ក៏​បាន​បើក​ផ្លូវ​ឲ្យ​យើង​ទទួល​នូវ​សេចក្ដី​សង្គ្រោះ។ សូម​នឹក​ចាំ​ថា តម្លៃ​លោះ​នេះ​គឺ​សំរាប់​ខ្លួន​យើង​ម្នាក់ៗ។ លោក​សាការី​ជា​បិតា​របស់​យ៉ូហាន​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ​បាន​ទាយ​ថា តម្លៃ​លោះ​បាន​តម្កើង​នូវ«ព្រះ​ហឫទ័យ​មេត្ដា​ករុណា​[«ប្រោស​ប្រណី», ព.ថ.] របស់​ព្រះ​នៃ​យើង»។—លូកា ១:៧៨

ពេល​ព្រះ​យេហូវ៉ា​មិន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា

១៧​-​១៩​. (ក) តើ​ព្រះ​គម្ពីរ​បង្ហាញ​ថា​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​មាន​កំរិត​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ដ្រ​ទ្រង់​ដល់​កំរិត?

១៧ តើ​យើង​គួរ​នឹក​ស្មាន​ថា​សេចក្ដី​មេត្ដា​ករុណា​ប្រោស​ប្រណី​របស់​ព្រះ​យេហូវ៉ា​គ្មាន​កំរិត​ឬ? ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​មិន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​មនុស្ស​ដែល​តាំង​ខ្លួន​ប្រឆាំង​នឹង​គោល​ការណ៍​សុចរិត​របស់​ទ្រង់​ឡើយ។ (ហេព្រើរ ១០:២៨) ដើម្បី​យល់​ពី​មូលហេតុ​ទ្រង់​ធ្វើ​ដូច្នេះ សូម​ចាំ​នូវ​គំរូ​របស់​សាសន៍​អ៊ីស្រាអែល។

១៨ ទោះ​ជា​ព្រះ​យេហូវ៉ា​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ពី​សត្រូវ​របស់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ពិត​មែន នៅ​ទី​បំផុត សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​បាន​ដល់​កំរិត។ រាស្ដ្រ​រឹង​ចចេស​នេះ​បាន​ថ្វាយ​បង្គំ​រូប​ព្រះ និង​រហូត​ដល់​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ចូល​មក​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​តែ​ម្ដង! (អេសេគាល ៥:១១; ៨:១៧, ១៨) ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ប្រាប់​យើង​ថា៖«គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល​ងាយ​ដល់​ព្រះ​បន្ទូល​ទ្រង់ ព្រម​ទាំង​ឡកឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ​ខៃ​មិន​បាន​ឡើយ»។ (របាក្សត្រទី២ ៣៦:​១៦) សាសន៍​អ៊ីស្រាអែល​បាន​ឈាន​ទៅ​ដល់​សភាព​មួយ​ដែល​មិន​សម​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ទៀត​ឡើយ ហើយ​ពួក​គេ​បាន​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់​ដ៏​សុចរិត។ តើ​អ្វី​ជា​លទ្ធផល?

១៩ ព្រះ​យេហូវ៉ា​មិន​អាច​មាន​ព្រះ​ទ័យ​មេត្ដា​ករុណា​ចំពោះ​ពួក​គេ​ទៀត​ឡើយ។ ទ្រង់​បាន​ប្រកាស​ថា៖«យើង​មិន​ត្រា​ប្រណី មិន​មេត្ដា ឬ​អាណិត​អាសូរ​ពួក​គេ​ទេ គ្មាន​អ្វី​រារាំង​យើង​មិន​អោយ​កំទេច​ពួក​គេ​ឡើយ»។ (យេរេមី ១៣:១៤, ខ.ស.) ដូច្នេះ ទី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​ត្រូវ​បាន​បំផ្លាញ​ចោល ហើយ​សាសន៍​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ជា​ឈ្លើយ​នាំ​ទៅ​ទី​ក្រុង​បាប៊ីឡូន។ នៅ​ពេល​មនុស្ស​មាន​បាប​បះបោរ​ប្រឆាំង​រហូត​ដល់​ព្រះ​ទ្រង់​អស់​សេចក្ដី​មេត្ដា​ករុណា​នោះ លទ្ធផល​គឺ​ខ្លោច​ផ្សា​ក្រៃ​លែង!—បរិទេវ ២:២១

២០, ២១​. (ក) នៅ​សម័យ​យើង តើ​អ្វី​នឹង​កើត​ឡើង​ពេល​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​បាន​ដល់​កំរិត? (ខ) តើ​អ្វី​ជា​សំ​វិធានការ​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​ត្រូវ​ពិចារណា​ក្នុង​ជំពូក​បន្ទាប់?

២០ ចុះ​យ៉ាង​ណា​វិញ​សព្វ​ថ្ងៃ​នេះ? ព្រះ​យេហូវ៉ា​មិន​បាន​ប្រែ​ប្រួល​ឡើយ។ ដោយ​សារ​ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា ទ្រង់​បាន​បង្គាប់​ស្មរបន្ទាល់​របស់​ទ្រង់​ឲ្យ​ផ្សព្វ​ផ្សាយ‹ដំណឹង​ល្អ​ដែល​សំ​ដែង​ពី​នគរ›ទូ​ទាំង​ផែន​ដី។ (ម៉ាថាយ ២៤:១៤) នៅ​ពេល​មនុស្ស​ដែល​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ព្រម​ទទួល​ដំណឹង​ល្អ​នេះ ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ​យល់​នូវ​សារ​ព្រះ​រាជាណាចក្រ។ (កិច្ច​ការ ១៦:១៤) ប៉ុន្ដែ កិច្ច​ការ​នេះ​នឹង​មិន​បន្ដ​ជា​និច្ច​ទេ។ បើ​ព្រះ​យេហូវ៉ា​ឲ្យ​របប​លោកីយ៍​ដ៏​ទុច្ចរិត​នេះ​ទាំង​ការ​ឈឺ​ចាប់​ទុក្ខ​លំបាក​របស់​វា​បន្ដ​ជា​និច្ច នោះ​មិន​មែន​ជា​សេចក្ដី​មេត្ដា​ករុណា​ទេ។ នៅ​ពេល​ក្ដី​មេត្ដា​ករុណា​របស់​ព្រះ​បាន​ដល់​កំរិត​ហើយ ព្រះ​យេហូវ៉ា​នឹង​សម្រេច​តាម​ការ​ជំនុំ​រះ​របស់​ទ្រង់​ចំពោះ​របប​លោកីយ៍​នេះ។ សូម្បី​តែ​នៅ​ពេល​នោះ​ក៏​ដោយ ទ្រង់​ប្រព្រឹត្ដ​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដែរ ពោល​គឺ​មេត្ដា​ករុណា​ចំពោះ‹ព្រះ​នាម​បរិសុទ្ធ›របស់​ទ្រង់​និង​អ្នក​បំរើ​ភក្ដី​របស់​ទ្រង់។ (អេសេគាល ៣៦:២០​-​២៣) ព្រះ​យេហូវ៉ា​នឹង​បោស​សំ​អា​ត​អស់​ទាំង​សេចក្ដី​អាក្រក់​ចេញ និង​បង្កើត​នូវ​ពិភព​លោក​ថ្មី​ដ៏​សុចរិត​មួយ។ ស្ដី​អំពី​មនុស្ស​ទុច្ចរិត ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដោយ​ប្រកាស​ថា៖‹ភ្នែក​យើង​នឹង​មិន​ប្រណី​ទេ យើង​មិន​អាណិត​មេត្ដា​ឡើយ គឺ​យើង​នឹង​ទំ​លាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ›។—អេសេគាល ៩:១០

២១ ទំ​រាំ​ដល់​ថ្ងៃ​នោះ​មក​ដល់ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​មេត្ដា​ករុណា​ចំពោះ​មនុស្ស សូម្បី​តែ​អ្នក​ដែល​នឹង​ត្រូវ​បំផ្លាញ​ចោល។ មនុស្ស​មាន​បាប​ដែល​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ​អាច​ទទួល​ប្រយោជន៍​ពី​សំ​វិធានការ​មួយ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា​បំផុត ពោល​គឺ​ការ​អត់​ឱន​ទោស។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​នូវ​ការ​ពណ៌នា​ដ៏​ពីរោះ​ស្តាប់​ស្ដី​អំពី​ភាព​ពេញ​លេញ​នៃ​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា

^ វគ្គ 3 ប៉ុន្ដែ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ នៅ​ទំនុក​ដំកើង ១០៣:១៣ កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ​រ៉ាខាម់​សំដៅ​លើ​ក្ដី​អាណិត​អាសូរ​ឬ​សេចក្ដី​មេត្ដា​ករុណា​ដែល​បិតា​ម្នាក់​មាន​ចំពោះ​កូន​ខ្លួន។

^ វគ្គ 10 ឃ្លា​ថា«ទ្រង់​ក៏​មាន​សេចក្ដី​រំជួល»មាន​ន័យ​ត្រង់ៗ​ថា«ព្រលឹង​ទ្រង់​ត្រូវ​បាន​កាត់​ឲ្យ​ខ្លី ឬ​ទ្រង់​អស់​ក្ដី​អត់​ធ្មត់​ហើយ»។ ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី​អាន​ថា៖«ទ្រង់​មិន​អាច​ទ្រាំ​មើល​ទុក្ខ​វេទនា​របស់​សាសន៍​អ៊ីស្រាអែល​ត​ទៅ​ទៀត​បាន​ទេ»។ សេចក្ដី​បក​ប្រែ​ថ្មី​នៃ​បទ​គម្ពីរ​តាណាក​បក​ប្រែ​ឃ្លា​នេះ​ថា៖«ទ្រង់​ទ្រាំ​លែង​បាន​នឹង​ទុក្ខ​លំបាក​របស់​សាសន៍​អ៊ីស្រាអែល​ហើយ»។