លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៦

ព្រះ​មួយ​អង្គ​ដែល​«បំរុង​តែ​នឹង​អត់​ទោស»

ព្រះ​មួយ​អង្គ​ដែល​«បំរុង​តែ​នឹង​អត់​ទោស»

១​-​៣ (ក) តើ​ដាវីឌ​បាន​ទ្រាំ​នឹង​បន្ទុក​ដ៏​ធ្ងន់​អ្វី? ហើយ​តើ​ដាវីឌ​បាន​រក​ឃើញ​អ្វី​ដែល​សម្រាល​ទុក្ខ​គាត់? (ខ) នៅ​ពេល​យើង​ធ្វើ​បាប តើ​យើង​ប្រហែល​ជា​មាន​បន្ទុក​អ្វី​ជា​លទ្ធផល? តើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ទៅ​លើ​អ្វី?

ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «កំហុស​របស់​ទូល​បង្គំ​បាន​ជន់​ជោរ​ឡើង​លិច​ក្បាល​ទូល​បង្គំ ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូល​បង្គំ ទូល​បង្គំ​អស់​កម្លាំង»។ (ទំនុក​តម្កើង ៣៨:៥, ៩, ខ.ស.) ដាវីឌ​ធ្លាប់​មាន​បទ​ពិសោធន៍​ដឹង​ថា ការ​ដែល​មនសិការ​ធ្វើ​ទុក្ខ​នោះ គឺ​ដូច​ជា​មាន​បន្ទុក​ដ៏​ធ្ងន់​មួយ​សង្កត់​មក​លើ​ខ្លួន។ ប៉ុន្ដែ ដាវីឌ​បាន​រក​ឃើញ​នូវ​អ្វី​ដែល​បាន​សម្រាល​ទុក្ខ។ ដាវីឌ​យល់​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​ស្អប់​បាប​ក៏​ដោយ ទ្រង់​មិន​ស្អប់​អ្នក​ដែល​ធ្វើ​បាប​ទេ​បើ​អ្នក​នោះ​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ​និង​វៀរ​ចាក​អំពើ​បាប​នោះ។ ដោយ​សារ​ដាវីឌ​ជឿ​ស៊ប់​ថា ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​មេត្ដា​ប្រណី​នឹង​អ្នក​ដែល​ប្រែ​ចិត្ដ នោះ​ដាវីឌ​បាន​ពោល​ថា៖«ឱ[ព្រះ​យេហូវ៉ា]អើយ! ទ្រង់ . . . បំរុង​តែ​នឹង​អត់​ទោស»។—ទំនុក​ដំកើង ៨៦:៥

នៅ​ពេល​យើង​ធ្វើ​បាប មនសិការ​របស់​យើង​ក៏​ប្រហែល​ជា​ធ្វើ​ទុក្ខ​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​សង្កត់​មក​លើ​យើង​ឲ្យ​រាប​ដែរ។ វិប្បដិសារី​នេះ​មាន​គុណ​ប្រយោជន៍។ អារម្មណ៍​នេះ​អាច​ជំរុញ​ឲ្យ​យើង​ខំ​ធ្វើ​តាម​ជំហាន​ដ៏​ចាំ​បាច់​ដើម្បី​កែ​ខ្លួន។ ក៏​ប៉ុន្ដែ ការ​មាន​វិប្បដិសារី​នេះ​ក៏​អាច​ទៅ​ជា​សំណាញ់​ទុក្ខ​មួយ​ដែល​រុំ​ស្រោប​រួប​រឹត​ខ្លួន​យើង​យ៉ាង​ពេញ​ទី។ ចិត្ដ​របស់​យើង​ដែល​ចេះ​តែ​បន្ទោស​ជា​និច្ច ប្រហែល​ជា​ប្រកាន់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អត់​ទោស​ឲ្យ​យើង​ទេ ទោះ​ជា​យើង​ប្រែ​ចិត្ដ​យ៉ាង​ណា​ក៏​ដោយ។ បើ​យើង​ត្រូវ«ស្រូប​បាត់»ដោយ​វិប្បដិសារី នោះ​សាតាំង​ប្រហែល​ជា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​ចុះ​ញ៉ម និង​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ឲ្យ​តម្លៃ​មក​លើ​យើង​ហើយ​ចាត់​ទុក​យើង​មិន​សម​នឹង​បំរើ​ទ្រង់​ទេ។—កូរិនថូសទី២ ២:៥​-​១១

តើ​នេះ​ជា​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ពិត​មែន​ទេ? មិន​មែន​ទាល់​តែ​សោះ! ការ​អត់​ទោស​គឺ​ជា​លក្ខណៈ​មួយ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឧត្ដម​របស់​ព្រះ​យេហូវ៉ា។ ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា ទ្រង់​សុខ​ចិត្ដ​អត់​ទោស​ឲ្យ​យើង​នៅ​ពេល​យើង​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ។ (សុភាសិត ២៨:១៣) យើង​សូម​ពិចារណា​នូវ​មូលហេតុ​និង​របៀប​ព្រះ​យេហូវ៉ា​អត់​ទោស ក្រែង​យើង​នឹក​ស្មាន​ថា​ការ​អត់​ទោស​ពី​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​ខ្លួន​យើង​ទទួល​ពុំ​បាន​នោះ។

មូលហេតុ​ដែល​ព្រះ​យេហូវ៉ា«បំរុង​តែ​នឹង​អត់​ទោស»

៤​. តើ​ព្រះ​យេហូវ៉ា​ចាំ​អ្វី​អំពី​ធាតុ​ពិត​របស់​យើង? តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ទ្រង់​ប្រព្រឹត្ដ​ចំពោះ​យើង?

ព្រះ​យេហូវ៉ា​ជ្រាប​ថា​សមត្ថភាព​យើង​មាន​កំរិត។ ទំនុក​ដំកើង ១០៣:១៤ ចែង​ថា៖«ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង[ឬ«ជ្រាប​ថា​យើង​ត្រូវ​បាន​សូន​ពី​អ្វី​មក», ព.ថ.] ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ»។ ទ្រង់​មិន​ដែល​ភ្លេច​ថា​យើង​ជា​សត្ដនិករ​ធ្វើ​ពី​ធូលី​ដី ទាំង​មាន​ភាព​ទន់​ខ្សោយ​ដោយ​សារ​ភាព​ឥត​គ្រប់​ល័ក្ខណ៍។ ពាក្យ​ដែល​ថា​ទ្រង់​ជ្រាប​ថា«យើង​ត្រូវ​បាន​សូន​ពី​អ្វី» ធ្វើ​ឲ្យ​យើង​នឹក​ចាំ​ថា​ព្រះ​គម្ពីរ​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​ជាង​ស្មូន ថែម​ទាំង​ប្រដូច​យើង​ទៅ​នឹង​របស់​ដែល​ជាង​ស្មូន​សូន​ធ្វើ​ពី​ដី​ឥដ្ឋ។ * (យេរេមា ១៨:២​-​៦) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ជាង​ស្មូន​ដ៏​ឧត្ដម ទ្រង់​ប្រព្រឹត្ដ​មក​លើ​យើង​សម​ស្រប​នឹង​ភាព​ទន់​ខ្សោយ​ដែល​យើង​មាន​ពីព្រោះ​បាប និង​របៀប​យើង​ស្តាប់​ឬ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​ទ្រង់។

៥​. តើ​សៀវភៅ​រ៉ូម​ពណ៌នា​អំពី​ឥទ្ធិពល​ខ្លាំង​នៃ​បាប​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ជ្រាប​ពី​ឥទ្ធិពល​នៃ​បាប។ បន្ទូល​របស់​ទ្រង់​ពណ៌នា​អំពី​បាប​ថា​វា​ជា​អានុភាព​ដ៏​ខ្លាំង​មួយ​មាន​អំណាច​លើ​មនុស្ស​ជាតិ​ហាក់​បី​ដូច​ជា​ស្ថិត​នៅ​ក្នុង​ក្រញាំ​វា។ តើ​បាប​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុន​ណា​ទៅ? ក្នុង​សៀវភៅ​រ៉ូម សាវ័ក​ប៉ុល​ពន្យល់​ថា៖ យើង«នៅ​ក្រោម​អំពើ​បាប» ដូច​ជា​ទាហាន​នៅ​ក្រោម​មេ​បញ្ជា​ការ​របស់​ពួក​គេ។ (រ៉ូម ៣:៩) គាត់​ក៏​បាន​សរសេរ​ថា​បាប​បាន«សោយ​រាជ្យ»លើ​មនុស្ស​ជាតិ​ដូច​ជា​ស្ដេច​មួយ​អង្គ។ (រ៉ូម ៥:២១) ហើយ​គាត់​ថា​បាប​ស្ថិត«នៅ​ក្នុង​ខ្លួន»យើង។ (រ៉ូម ៧:១៧, ២០) «អំណាច»របស់​បាប​មាន​អានុភាព​មក​លើ​យើង​ជា​និច្ច ដោយ​ខិត​ខំ​កាន់​កាប់​ទៅ​លើ​យើង។ (រ៉ូម ៧:២៣, ២៥) បាប​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​សម្បើម​មក​លើ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍!—រ៉ូម ៧:២១, ២៤

៦, ៧​. (ក) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​សុំ​ដោយ​ចិត្ដ​សង្រេង​ឲ្យ​ទ្រង់​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​នោះ? (ខ) ហេតុ​អ្វី​យើង​មិន​គួរ​រំលោភ​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ?

ដូច្នេះ ព្រះ​យេហូវ៉ា​ជ្រាប​ថា​យើង​មិន​អាច​ស្តាប់​បង្គាប់​ទ្រង់​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឡើយ សូម្បី​តែ​យើង​ចង់​ធ្វើ​ដូច្នេះ​យ៉ាង​ណា​ក៏​ដោយ។ ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង​នៅ​ពេល​យើង​សុំ​ដោយ​ចិត្ដ​សោក​សង្រេង​ឲ្យ​ទ្រង់​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​នោះ។ ទំនុក​ដំកើង ៥១:១៧ ចែង​ថា៖«ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ! ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ដ​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ»។ ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​បដិសេធ​ចិត្ដ​មួយ​ដែល«ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប»ដោយ​វិប្បដិសារី​នោះ​ទេ។

ប៉ុន្ដែ តើ​នេះ​មាន​ន័យ​ថា​យើង​អាច​រំលោភ​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​នៃ​ព្រះ​ដោយ​ប្រើ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​ជា​លេស​ដើម្បី​ធ្វើ​បាប​ឬ​ទេ? ប្រាកដ​ជា​មិន​មាន​ន័យ​ដូច្នេះ​ទេ! ព្រះ​យេហូវ៉ា​មិន​បណ្ដោយ​ឲ្យ​អង្គ​ទ្រង់​លំ​អៀង​តាម​អារម្មណ៍​មនោសញ្ចេតនា​នោះ​ទេ។ សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​មាន​កំរិត។ ទ្រង់​នឹង​មិន​ព្រម​អត់​ទោស​ឲ្យ​អ្នក​ដែល​រឹង​ចចេស​ធ្វើ​អំពើ​បាប​ដោយ​ចេតនា​និង​មិន​ប្រែ​ចិត្ដ​នោះ​ទេ។ (ហេព្រើរ ១០:២៦) ប៉ុន្ដែ នៅ​ពេល​ទ្រង់​ទត​ឃើញ​ថា​អ្នក​ណា​ម្នាក់​មាន​ចិត្ដ​សោក​សង្រេង នោះ​ទ្រង់​បំរុង​តែ​នឹង​អត់​ទោស។ ឥឡូវ យើង​សូម​ពិចារណា​នូវ​ការ​ពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ដែល​ប្រើ​ពាក្យ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​ស្ដី​អំពី​លក្ខណៈ​ប្រសើរ​ឯក​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

តើ​ព្រះ​យេហូវ៉ា​អត់​ទោស​យ៉ាង​ពេញ​លេញ​ប៉ុន​ណា?

៨​. នៅ​ពេល​ព្រះ​យេហូវ៉ា​លើក​លែង​ទោស​បាប​របស់​យើង តើ​នេះ​ដូច​ជា​ទ្រង់​ធ្វើ​អ្វី​ទៅ? តើ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​យ៉ាង​ណា?

ដាវីឌ​បាន​ប្រែ​ចិត្ដ​និង​មាន​បន្ទូល​ថា៖«ទូល​បង្គំ​បាន​សារភាព​អំពើ​បាប​ចំពោះ​ព្រះ​អង្គ ទូល​បង្គំ​មិន​បាន​លាក់​លៀម​កំហុស​របស់​ទូល​បង្គំ​ឡើយ . . . ព្រះ​អង្គ​ក៏​លើក​លែង​ទោស​ទូល​បង្គំ​អោយ​រួច​ពី​បាប»។ (ទំនុក​តម្កើង ៣២:៥, ខ.ស., កំណែ​ជា​អក្សរ​ទ្រេត) ពាក្យ​«លើក​លែង»ត្រូវ​បក​ប្រែ​ពី​ពាក្យ​ភាសា​ហេព្រើរ​មួយ​ដែល​មាន​ន័យ​ថា «លើក​ឡើង»ឬ«យក​ទៅ»។ ក្នុង​ខ​នេះ​សំដៅ​ទៅ​លើ​ការ​លើក​ចោល«ទោស អំពើ​បាប និង​ការ​រំលង​វិន័យ»។ ដូច្នេះ គឺ​ដូច​ជា​ព្រះ​យេហូវ៉ា​លើក​បាប​របស់​ដាវីឌ​យក​ទៅ​បោះ​ចោល។ នេះ​ពិត​ជា​បាន​ជួយ​រំលែក​ទុក្ខ​ដែល​ដាវីឌ​មាន​ដោយ​សារ​វិប្បដិសារី​នោះ។ (ទំនុក​ដំកើង ៣២:៣) យើង​ក៏​អាច​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​មួយ​អង្គ​ដែល​លើក​ចោល​បាប​របស់​អ្នក​ដែល​សុំ​ការ​អត់​ទោស ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ជំនឿ​ដែល​ពួក​គេ​មាន​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។—ម៉ាថាយ ២០:២៨

៩​. តើ​ព្រះ​យេហូវ៉ា​ដាក់​បាប​របស់​យើង​ឲ្យ​នៅ​ឆ្ងាយ​ពី​យើង​ប៉ុន​ណា​ទៅ?

ដាវីឌ​បាន​ពណ៌នា​អំពី​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា ដោយ​ប្រើ​ពាក្យ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​ច្បាស់ នៅ​ពេល​ដែល​សរសេរ​ថា៖«ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ»។ (ទំនុក​ដំកើង ១០៣:១២, កំណែ​ជា​អក្សរ​ទ្រេត) តើ​ទិស​ខាង​កើត​គឺ​ឆ្ងាយ​ពី​ទិស​ខាង​លិច​ប៉ុន​ណា​ទៅ? យើង​អាច​និយាយ​ថា ទិស​ខាង​កើត​ជា​ចំណុច​ឆ្ងាយ​បំផុត​ពី​ទិស​ខាង​លិច។ ទិស​ទាំង​ពីរ​នេះ​គ្មាន​ជំនួប​ទេ។ បណ្ឌិត​ម្នាក់​កត់​សម្គាល់​ថា ពាក្យ​នេះ​បាន​ន័យ​ថា«ឆ្ងាយ​បំផុត ឬ​ចម្ងាយ​ឆ្ងាយ​បំផុត​ដែល​យើង​អាច​គិត​ឃើញ​បាន»។ ពាក្យ​របស់​ដាវីឌ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ​បង្រៀន​យើង​ថា នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​យើង ទ្រង់​ដាក់​បាប​របស់​យើង​ឲ្យ​នៅ​ឆ្ងាយ​បំផុត​ដែល​យើង​អាច​គិត​ឃើញ​បាន។

‹បាប​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស​ដូច​ហិមៈ›

១០​. នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស​បាប​របស់​យើង ហេតុ​អ្វី​មិន​គួរ​គិត​ថា​យើង​នឹង​មាន​ស្នាម​ប្រឡាក់​ជាប់​អស់​មួយ​ជីវិត​ដោយ​សារ​បាប​នោះ?

១០ តើ​អ្នក​ធ្លាប់​ខំ​បោក​ស្នាម​ប្រឡាក់​មួយ​ចេញ​ពី​សំលៀក​បំពាក់​ពណ៌​ស្រស់​ខ្ចី​ទេ? ទោះ​ជា​អ្នក​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​អាច​មើល​ឃើញ​ស្នាម​នោះ​ដដែល។ សូម​កត់​សម្គាល់​នូវ​របៀប​ព្រះ​យេហូវ៉ា​ពណ៌នា​អំពី​សមត្ថភាព​អត់​ទោស​របស់​ទ្រង់៖«ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​សដូចហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​[ឬ«ក្រហម​ជាំ», ព.ថ.]​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ»។ (អេសាយ ១:១៨, កំណែ​ជា​អក្សរ​ទ្រេត) ពាក្យ«ក្រហម​ទែង»សំដៅ​លើ​ក្រហម​ឆើត។ * «ក្រហម​ជាំ»គឺ​ជា​ពណ៌​ចាស់​មួយ​ដែល​គេ​ធ្លាប់​ប្រើ​ជ្រលក់​ក្រណាត់។ បាប​របស់​យើង​គឺ​ដូច​ជា​ស្នាម​មួយ​ដែល​យើង​មិន​អាច​បំបាត់​ដោយ​ការ​ខំ​ប្រឹង​របស់​ខ្លួន​ឯង​បាន​ឡើយ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​បាប​ដែល​ប្រៀប​ដូច​ជា​ពណ៌​ក្រហម​ទែង​និង​ក្រហម​ជាំ​ទៅ​ជា​ស​ដូច​ហិម:ឬ​ទឹក​កក ឬ​ក៏​ស​ដូច​រោម​ចៀម​ដែល​មិន​ជ្រលក់​ពណ៌។ ដូច្នេះ នៅ​ពេល​ព្រះ​យេហូវ៉ា​អត់​ទោស​បាប​របស់​យើង យើង​មិន​ចាំ​បាច់​ខ្លាច​ថា​យើង​នឹង​មាន​ស្នាម​ប្រឡាក់​ជាប់​អស់​មួយ​ជីវិត​ដោយ​សារ​បាប​នោះ​ទេ។

១១​. តើ​ពាក្យ​ដែល​ថា​ព្រះ​យេហូវ៉ា​បោះ​បាប​របស់​យើង​ទៅ​ក្រោយ​ទ្រង់ មាន​ន័យ​ដូច​ម្ដេច?

១១ ហេសេគា​បាន​និពន្ធ​ចំ​រៀង​ដ៏​ពីរោះ​ក្រៃ​លែង​មួយ ដើម្បី​បញ្ជាក់​អំណរ​គុណ​របស់​ទ្រង់​ក្រោយ​ត្រូវ​បាន​ប្រោស​ឲ្យ​រួច​ពី​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់។ ទ្រង់​បាន​ទូល​ព្រះ​យេហូវ៉ា​ថា៖ «ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល​បង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ»។ (អេសាយ ៣៨:១៧, កំណែ​ជា​អក្សរ​ទ្រេត) នៅ​ទី​នេះ ពណ៌នា​ថា​ព្រះ​យេហូវ៉ា​យក​បាប​របស់​អ្នក​ដែល​ធ្វើ​ខុស​តែ​ប្រែ​ចិត្ដ បោះ​ទៅ​ក្រោយ​មិន​ឲ្យ​ឃើញ​ឬ​ចាប់​អារម្មណ៍​ទៀត​ទេ។ យោង​ទៅ​តាម​ឯកសារ​មួយ ចំណុច​នេះ​អាច​ត្រូវ​បញ្ជាក់​ដូច​ត​ទៅ​នេះ​ថា«ទ្រង់​បាន​ធ្វើ​ឲ្យ​[​អំពើ​បាប​របស់​ទូល​បង្គំ​]​ដែល​មាន ហាក់​ដូច​ជា​មិន​បាន​មាន​ទៅ​វិញ​»។ នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់ មែន​ទេ?

១២​. តើ​ព្យាការី​មីកា​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ពេល​ព្រះ​យេហូវ៉ា​អត់​ទោស​ទ្រង់​លើក​ចោល​បាប​របស់​យើង​ឲ្យ​លែង​មាន​ទៀត?

១២ ក្នុង​សេចក្ដី​សន្យា​ស្ដី​អំពី​ការ​នាំ​រាស្ដ្រ​របស់​ព្រះ​មក​វិញ ព្យាការី​មីកា​បាន​បញ្ជាក់​ជំនឿ​របស់​គាត់​ថា ព្រះ​យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​រាស្ដ្រ​ទ្រង់​ដែល​ប្រែ​ចិត្ដ។ «​តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់? . . . [​ទ្រង់​]​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរ​ដក​ទ្រង់ . . . ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ»។ (មីកា ៧:១៨, ១៩, កំណែ​ជា​អក្សរ​ទ្រេត) សូម​គិត​ទៅ​លើ​អត្ថ​ន័យ​នៃ​ពាក្យ​ទាំង​នេះ​ចំពោះ​ប្រជាជន​នៅ​សម័យ​ព្រះ​គម្ពីរ។ តើ​មាន​លទ្ធភាព​អាច​ទទួល​បាន​មក​វិញ​នូវ​អ្វី​ដែល​បាន​បោះ​ទៅ​ក្នុង«សមុទ្រ​ជ្រៅ»ឬ? ពាក្យ​សំ​ដី​របស់​មីកា​បង្ហាញ​ថា​នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស នោះ​ទ្រង់​លើក​ចោល​បាប​របស់​យើង​ឲ្យ​លែង​មាន​ទៀត។

១៣​. តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា«សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ[ឬ«បំណុល​របស់​យើង​ខ្ញុំ», ព.ថ.]»មាន​ន័យ​ដូច​ម្ដេច?

១៣ ព្រះ​យេស៊ូ​សំដៅ​លើ​ទំនាក់​ទំនង​រវាង​ម្ចាស់​បំណុល​និង​កូន​បំណុល​ដើម្បី​បញ្ជាក់​នូវ​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ១៨:២៣​-​៣៥) ព្រះ​យេស៊ូ​ក៏​បាន​ដាស់​តឿន​យើង​ឲ្យ​អធិស្ឋាន​ថា៖«សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ[ឬ«បំណុល​របស់​យើង​ខ្ញុំ», ព.ថ.]»។ (ម៉ាថាយ ៦:១២) ក្នុង​ខ​នេះ​ព្រះ​យេស៊ូ​បាន​ប្រដូច​បាប​របស់​យើង​ទៅ​នឹង​បំណុល។ នៅ​ពេល​ធ្វើ​បាប យើង​ទៅ​ជា«កូន​បំណុល»របស់​ព្រះ​យេហូវ៉ា។ ស្ដី​អំពី​អត្ថ​ន័យ​ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«អត់​ទោស»នោះ ឯកសារ​យោង​មួយ​ចែង​ថា៖«លុប​ចោល​បំណុល ដោយ​ឈប់​ទារ»។ នៅ​ពេល​ព្រះ​យេហូវ៉ា​អត់​ទោស គឺ​ដូច​ជា​ទ្រង់​លុប​ចោល​បំណុល​ដែល​នឹង​ត្រូវ​ទារ​ពី​យើង។ ហេតុ​នេះ អ្នក​ដែល​ធ្វើ​អំពើ​បាប​តែ​ប្រែ​ចិត្ដ​អាច​ទទួល​បាន​ការ​សម្រាល​ទុក្ខ។ ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​ទារ​បំណុល​មួយ​ដែល​ទ្រង់​បាន​លុប​ចោល​ទៅ​ហើយ​ទេ!—ទំនុក​ដំកើង ៣២:១, ២

១៤​. តើ​ពាក្យ​ថា​«​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ»ធ្វើ​ឲ្យ​នឹក​គិត​អំពី​ទិដ្ឋភាព​អ្វី​ទៅ?

១៤ ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ពណ៌នា​ត​ទៅ​ទៀត​នៅ​កិច្ច​ការ ៣:១៩​ដែល​ចែង​ថា៖«ចូរ​ប្រែ​ចិត្ដ ហើយ​វិល​មក​ចុះ! ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ»។ (កំណែ​ជា​អក្សរ​ទ្រេត) ពាក្យ​ចុង​ក្រោយ​ត្រូវ​បក​ប្រែ​ពី​កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ​ដែល​អាច​មាន​ន័យ​ថា«ជូត​ចោល . . . លុប​ចោល ឬ​បំផ្លាញ​ចោល»។ យោង​ទៅ​តាម​បណ្ឌិត​ខ្លះៗ ទិដ្ឋភាព​ដែល​ពាក្យ​នេះ​បញ្ជាក់​គឺ​ការ​លុប​ចោល​អក្សរ​ដៃ។ តើ​នេះ​អាច​ធ្វើ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ? ទឹក​ប៊ិច​ដែល​ត្រូវ​ប្រើ​នៅ​សម័យ​បុរាណ​ជា​ការ​បន្សំ​នៃ​កាបូន ជ័រ និង​ទឹក។ ក្រោយ​សរសេរ​រួច​ហើយ​ដោយ​ប្រើ​ទឹក​ប៊ិច​នេះ មនុស្ស​ម្នាក់​អាច​យក​អេប៉ុង​សើម​មួយ​មក​ជូត​អក្សរ​នោះ​ចោល​បាន។ ក្នុង​រឿង​នេះ​មាន​ឧទាហរណ៍​ដ៏​ប្រសើរ​មួយ​ដែល​បញ្ជាក់​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។ នៅ​ពេល​ទ្រង់​អត់​ទោស​បាប​យើង គឺ​ដូច​ជា​ទ្រង់​យក​អេប៉ុង​មួយ​ជូត​ចោល។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដឹង​ថា ទ្រង់«បំរុង​តែ​នឹង​អត់​ទោស»

១៥​. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដឹង​អ្វី​អំពី​ទ្រង់?

១៥ នៅ​ពេល​យើង​រំពឹង​គិត​អំពី​ការ​ពណ៌នា​ទាំង​ប៉ុន្មាន​នេះ គឺ​ច្បាស់​ហើយ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដឹង​ថា ទ្រង់​បំរុង​តែ​នឹង​អត់​ទោស​ឲ្យ​បាប​របស់​យើង​ដរាប​ណា​ដែល​ទ្រង់​ឃើញ​ថា​យើង​ប្រែ​ចិត្ដ​ដោយ​ស្មោះ មែន​ទេ? យើង​មិន​ចាំ​បាច់​ខ្លាច​ថា​ទ្រង់​នឹង​ប្រកាន់​ទោស​យើង​ដោយ​សារ​អំពើ​បាប​ទាំង​នោះ​នៅ​ថ្ងៃ​អនាគត​ទេ។ នេះ​បញ្ជាក់​ដោយ​អ្វី​មួយ​ទៀត​ដែល​ព្រះ​គម្ពីរ​លាត​ត្រដាង​អំពី​សេចក្ដី​មេត្ដា​ករុណា​ដ៏​ឧត្ដម​របស់​ព្រះ​យេហូវ៉ា នោះ​គឺ​នៅ​ពេល​ទ្រង់​អត់​ទោស​ទ្រង់​ក៏​លែង​នឹក​ចាំ​ទៀត។

‹យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ›

១៦, ១៧​. នៅ​ពេល​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​យើង តើ​នេះ​មាន​ន័យ​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​អ្នក​ឆ្លើយ​ដូច្នេះ?

១៦ ព្រះ​យេហូវ៉ា​បាន​សន្យា​ជា​មួយ​អ្នក​ដែល​ចូល​រួម​កិច្ច​ព្រម​ព្រៀ​ង​ថ្មី​ថា៖‹យើង​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ›។ (យេរេមា ៣១:៣៤) តើ​នេះ​មាន​ន័យ​ថា នៅ​ពេល​ព្រះ​យេហូវ៉ា​អត់​ទោស​នោះ​ទ្រង់​គ្មាន​សមត្ថភាព​នឹក​ចាំ​ពី​អំពើ​បាប​របស់​យើង​ត​ទៅ​ទៀត​ឬ? គឺ​មិន​មែន​មាន​ន័យ​ដូច្នេះ​ទេ! ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​អំពី​បាប​របស់​មនុស្ស​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស រួម​ទាំង​ដាវីឌ​ដែរ។ (សាំយូអែលទី២ ១១:១​-​១៧; ១២:១៣) ព្រះ​យេហូវ៉ា​ពិត​ជា​នៅ​ចាំ​ពី​អំពើ​បាប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ដ​នោះ។ កំណត់​ហេតុ​អំពី​អំពើ​បាប​របស់​ពួក​គេ​ព្រម​ទាំង​ការ​ប្រែ​ចិត្ដ​របស់​ពួក​គេ​និង​ការ​អត់​ទោស​ដោយ​ព្រះ ត្រូវ​បាន​កត់​ទុក​ជា​ប្រយោជន៍​ដល់​យើង។ (រ៉ូម ១៥:៤) ដូច្នេះ តើ​ព្រះ​គម្ពីរ​មាន​ន័យ​ដូច​ម្ដេច​ពេល​ដែល​ចែង​ថា ព្រះ​យេហូវ៉ា​មិន«នឹក​ចាំ»ពី​អំពើ​បាប​របស់​អ្នក​ដែល​ទ្រង់​អត់​ទោស​នោះ?

១៧ កិរិយា​ស័ព្ទ​ហេព្រើរ​ដែល​បក​ប្រែ​ថា«នឹក​ចាំ»មាន​ន័យ​ជ្រៅ​ជាង​ការ​នឹក​ចាំ​អំពី​អតីតកាល​ប៉ុណ្ណោះ។ សៀវភៅ​វចនានុក្រម​សាសន​វិទ្យា​ពាក្យ​សញ្ញា​ចាស់​កត់​សម្គាល់​ថា ពាក្យ​នេះ​រួម​បញ្ចូល«អត្ថ​ន័យ​បន្ថែម​ដែល​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ដ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​ខ្លួន​នឹក​ចាំ​នោះ»។ ដូច្នេះ ក្នុង​ន័យ​នេះ ការ«នឹក​ចាំ»អំពី​អំពើ​បាប រួម​បញ្ចូល​ការ​ចាត់​វិធានការ​ដាក់​ទោស​អ្នក​ដែល​ធ្វើ​បាប។ (ហូសេ ៩:៩) ប៉ុន្ដែ ពេល​ព្រះ​មាន​បន្ទូល​ថា‹យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ› នោះ​ទ្រង់​កំពុង​តែ​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា ក្រោយ​ទ្រង់​អត់​ទោស​អ្នក​ដែល​ធ្វើ​បាប​ហើយ​ប្រែ​ចិត្ដ នោះ​ទ្រង់​នឹង​មិន​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​ខាង​មុខ​ដោយ​សារ​អំពើ​បាប​នោះ​ទេ។ (អេសេគាល ១៨:២១, ២២) ដូច្នេះ ព្រះ​យេហូវ៉ា​មិន​នឹក​ចាំ​ក្នុង​ន័យ​ថា​ទ្រង់​មិន​លើក​ឡើង​នូវ​អំពើ​បាប​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ចោទ​ប្រកាន់​ឬ​ក៏​ដាក់​ទោស​យើង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ។ ការ​ដឹង​ថា​ព្រះ​អត់​ទោស​ហើយ​លែង​នឹក​ចាំ​ទៀត​ពិត​ជា​ធ្វើ​ឲ្យ​យើង​ធូរ​ក្នុង​ចិត្ដ​ណាស់ មែន​ទេ?

ចុះ​យ៉ាង​ណា​ចំពោះ​លទ្ធផល​ពី​អំពើ​បាប​នោះ?

១៨​. ហេតុ​អ្វី​ការ​អត់​ទោស​មិន​បាន​ន័យ​ថា​អ្នក​ដែល​ធ្វើ​បាប​តែ​ប្រែ​ចិត្ដ​មិន​ត្រូវ​ទទួល​លទ្ធផល​ពី​ការ​ប្រព្រឹត្ដ​ដ៏​អាក្រក់​របស់​ខ្លួន?

១៨ កាល​ដែល​ព្រះ​យេហូវ៉ា​បំរុង​តែ​នឹង​អត់​ទោស តើ​នេះ​បាន​ន័យ​ថា​អ្នក​ដែល​ធ្វើ​បាប​គឺ​រួច​ពី​ផល​វិបាក​ដែល​មក​ពី​កំហុស​របស់​ខ្លួន​ឬ​ទេ? មិន​មាន​ន័យ​ដូច្នេះ​ទេ! យើង​មិន​អាច​ធ្វើ​បាប​និង​រួច​ផុត​ពី​លទ្ធផល​បាន​ឡើយ។ ប៉ុល​បាន​សរសេរ​ថា៖«ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ»។ (កាឡាទី ៦:៧) យើង​ប្រហែល​ជា​ត្រូវ​ប្រឈម​មុខ​លទ្ធផល​ខ្លះ​ពី​ការ​ប្រព្រឹត្ដ​របស់​យើង។ នេះ​មិន​បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​ក្រោយ​ទ្រង់​អត់​ទោស​យើង​ទេ។ នៅ​ពេល​កើត​មាន​បញ្ហា គ្រីស្ទាន​ម្នាក់​មិន​គួរ​គិត​ថា‹ព្រះ​យេហូវ៉ា​កំពុង​តែ​ដាក់​ទោស​ខ្ញុំ​ដោយ​សារ​អំពើ​បាប​កាល​ពី​មុន​នោះ›។ (យ៉ាកុប ១:១៣) ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​ក៏​មិន​ការពារ​យើង​ពី​លទ្ធផល​មក​ពី​កំហុស​របស់​យើង​ដែរ។ ការ​លែង​លះ​គ្នា ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន ជំងឺ​កាម​រោគ ការ​បាត់​បង់​នូវ​ទំនុក​ចិត្ដ​ឬ​ការ​គោរព​ពី​អ្នក​ដទៃ សុទ្ធតែ​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​និង​ចៀស​ពុំ​បាន​ដែល​ប្រហែល​ជា​មក​ពី​អំពើ​បាប​នោះ។ សូម​ចាំ​ថា សូម្បី​តែ​ក្រោយ​ព្រះ​យេហូវ៉ា​អត់​ទោស​បាប​របស់​ដាវីឌ​ចំពោះ​បាត​សេ​បា​និង​អ៊ូរី ក៏​ព្រះ​យេហូវ៉ា​មិន​បាន​ការពារ​ដាវីឌ​ពី​អន្ដរាយ​ដែល​មក​ជា​លទ្ធផល​នោះ​ទេ។—សាំយូអែលទី២ ១២:៩​-​១២

១៩​-​២១​. (ក) តើ​ក្រិត្យ​វិន័យ​កត់​ទុក​នៅ​លេវីវិន័យ ៦:១​-​៧​មាន​ប្រយោជន៍​សំរាប់​ជន​រង​គ្រោះ​និង​អ្នក​ធ្វើ​ខុស​យ៉ាង​ដូច​ម្ដេច? (ខ) បើ​អំពើ​បាប​របស់​យើង​បាន​ប៉ះ​ពាល់​ដល់​អ្នក​ឯ​ទៀត​នោះ តើ​ព្រះ​នឹង​សព្វ​ព្រះ​ហឫទ័យ​នៅ​ពេល​យើង​ព្យាយាម​ធ្វើ​អ្វី?

១៩ បាប​របស់​យើង​ប្រហែល​ជា​មាន​លទ្ធផល​ថែម​ទៀត​ដែរ ជា​ពិសេស​បើ​ការ​ប្រព្រឹត្ដ​របស់​យើង​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ទៅ​លើ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ សូម​ពិចារណា​កំណត់​ហេតុ​នៅ​លេវីវិន័យ​ជំពូក​ទី​៦។ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​បញ្ជាក់​អំពី​ពេល​ដែល​មនុស្ស​ម្នាក់​យក​ទ្រព្យ​របស់​សាសន៍​អ៊ីស្រាអែល​គ្នី​គ្នា ដោយ​ប្លន់​កំហែង​យក​ប្រាក់ ឬ​ដោយ​បោកប្រាស់។ អ្នក​ធ្វើ​បាប​នេះ​បដិសេធ​ថា​ខ្លួន​គ្មាន​ទោស​ទេ និង​រហូត​ដល់​ហ៊ាន​ស្បថ​កុហក​ទៀត​ផង។ គាត់​តវ៉ា​ជា​មួយ​អ្នក​ចោទ​ប្រកាន់​ថា​ខ្លួន​គ្មាន​ទោស។ ប៉ុន្ដែ ក្រោយ​មក​មនសិការ​របស់​អ្នក​ដែល​ធ្វើ​ខុស​ធ្វើ​ទុក្ខ​គាត់​ហើយ​គាត់​សារភាព​ពី​អំពើ​បាប​របស់​ខ្លួន។ ដើម្បី​ទទួល​ការ​អត់​ទោស​ពី​ព្រះ គាត់​ត្រូវ​ធ្វើ​អ្វី​បី​យ៉ាង​ទៀត គឺ​សង​របស់​ដែល​គាត់​យក បង់​ប្រាក់​ពិន័យ​ទៅ​ជន​រង​គ្រោះ​ចំនួន​២០​ភាគ​រយ​នៃ​តម្លៃ​របស់​ដែល​គាត់​បាន​លួច​នោះ ហើយ​ក៏​ត្រូវ​ឲ្យ​ពពែ​ឈ្មោល​មួយ​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង។ រួច​មក​ក្រិត្យ​វិន័យ​ចែង​ថា៖«ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស»។—លេវីវិន័យ ៦:១​-​៧

២០ ក្រិត្យ​វិន័យ​នេះ​ជា​សំ​វិធានការ​ប្រកប​ដោយ​មេត្ដា​ករុណា​ពី​ព្រះ។ នេះ​ផ្ដល់​ប្រយោជន៍​ដល់​ជន​រង​គ្រោះ​ដោយ​បាន​ទទួល​ទ្រព្យ​ខ្លួន​មក​វិញ​និង​មាន​អារម្មណ៍​ធូរ​ក្នុង​ចិត្ដ​នៅ​ពេល​អ្នក​ធ្វើ​ខុស​សារភាព​កំហុស​នៅ​ទី​បំផុត។ នៅ​ដំណាល​គ្នា​ដែរ ក្រិត្យ​វិន័យ​បាន​ជួយ​អ្នក​ដែល​មនសិការ​ជំរុញ​ឲ្យ​សារភាព​កំហុស​និង​ទៅ​ស្រុះ​ស្រួល​ជា​មួយ​គេ​វិញ។ ប្រាកដ​ហើយ បើ​គាត់​មិន​ព្រម​ធ្វើ​ដូច្នេះ ព្រះ​នឹង​មិន​អត់​ទោស​ឲ្យ​គាត់​ទេ។

២១ ទោះ​ជា​យើង​មិន​នៅ​ក្រោម​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ក៏​ដោយ ក៏​ក្រិត្យ​វិន័យ​នោះ​ជួយ​យើង​យល់​នូវ​គំនិត​របស់​ព្រះ​យេហូវ៉ា​រួម​ទាំង​គំនិត​របស់​ទ្រង់​ស្ដី​អំពី​ការ​អត់​ទោស។ (កូល៉ុស ២:១៣, ១៤) បើ​អំពើ​បាប​របស់​យើង​បាន​ប៉ះ​ពាល់​ដល់​អ្នក​ឯ​ទៀត​នោះ ព្រះ​សព្វ​ព្រះ​ហឫទ័យ​នៅ​ពេល​យើង​ព្យាយាម​ដើម្បី​ស្រុះ​ស្រួល​នឹង​អ្នក​នោះ។ (ម៉ាថាយ ៥:២៣, ២៤) នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង សារភាព​ទោស​កំហុស និង​រហូត​ដល់​សុំ​ទោស​ជន​រង​គ្រោះ​ទៀត​ផង។ ពេល​នោះ​យើង​អាច​អង្វរ​ព្រះ​យេហូវ៉ា​ដោយ​អាង​លើ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​និង​មាន​ទំនុក​ចិត្ដ​ថា ព្រះ​បាន​អត់​ទោស​ឲ្យ​យើង។—ហេព្រើរ ១០:២១, ២២

២២​. តើ​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា​ប្រហែល​ជា​រួម​បញ្ចូល​អ្វី​ខ្លះ​ទៀត?

២២ ដូច​បិតា​មួយ​រូប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​នឹង​អត់​ទោស​ហើយ​ប្រហែល​ជា​ប្រដៅ​យើង​ខ្លះៗ​ដែរ។ (សុភាសិត ៣:១១, ១២) គ្រីស្ទាន​ម្នាក់​ដែល​ប្រែ​ចិត្ដ​ប្រហែល​ជា​ត្រូវ​លះ​បង់​ឯក​សិទ្ធិ​ជា​អ្នក​ចាស់​ទុំ អ្នក​ងារ​ជំនួយ ឬ​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ គាត់​ប្រហែល​ជា​ឈឺ​ចិត្ដ​ដោយ​ត្រូវ​បាត់​បង់​អស់​មួយ​រយៈ​នូវ​ឯក​សិទ្ធិ​ដែល​មាន​តម្លៃ​វិសេស​ចំពោះ​គាត់។ ប៉ុន្ដែ ការ​ប្រដៅ​នេះ​មិន​បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​មិន​អត់​ទោស​ចំពោះ​គាត់​នោះ​ទេ។ យើង​ត្រូវ​ចាំ​ថា ការ​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​យើង។ ការ​ទទួល​និង​ការ​អនុវត្ដ​តាម​ការ​ប្រដៅ​នោះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ល្អ​បំផុត​សំរាប់​យើង។—ហេព្រើរ ១២:៥​-​១១

២៣​. ហេតុ​អ្វី​យើង​មិន​គួរ​សន្និដ្ឋាន​ថា​យើង​មិន​អាច​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​យេហូវ៉ា​បាន? ហើយ​ហេតុ​អ្វី​យើង​គួរ​យក​តម្រាប់​តាម​ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

២៣ ពិត​ជា​ផ្ដល់​ឲ្យ​កម្លាំង​ចិត្ដ​ណាស់​ពេល​ដឹង​ថា​ព្រះ​របស់​យើង«បំរុង​តែ​នឹង​អត់​ទោស»! ទោះ​ជា​យើង​ធ្វើ​ខុស​ក៏​ដោយ យើង​មិន​គួរ​សន្និដ្ឋាន​ថា​យើង​មិន​អាច​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​យេហូវ៉ា​ទេ។ បើ​យើង​ពិត​ជា​ប្រែ​ចិត្ដ ព្យាយាម​ស្រុះ​ស្រួល និង​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ដ​ដើម្បី​បាន​ការ​អត់​ទោស​ដោយ​អាង​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ នោះ​យើង​អាច​មាន​ជំនឿ​សប់​ថា​ព្រះ​យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​យើង។ (យ៉ូហានទី១ ១:៩) ចូរ​យើង​យក​តម្រាប់​តាម​ការ​អត់​ទោស​របស់​ទ្រង់​ពេល​យើង​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត។ យ៉ាង​ណា​មិញ បើ​ព្រះ​យេហូវ៉ា​ដែល​មិន​ចេះ​ធ្វើ​បាប អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​អត់​ទោស​ឲ្យ​យើង តើ​យើង​ដែល​ជា​មនុស្ស​មាន​បាប​មិន​គួរ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ឬ?

^ វគ្គ 4 ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា «យើង​ត្រូវ​បាន​សូន​ពី​អ្វី»ក៏​ត្រូវ​ប្រើ​សំដៅ​លើ​របស់​របរ​ដី​ឥដ្ឋ​ដែល​ជាង​ស្មូន​ធ្វើ​ដែរ។—អេសាយ ២៩:១៦

^ វគ្គ 10 បណ្ឌិត​ម្នាក់​ប្រាប់​ថា​ក្រហម​ទែង«ជា​ពណ៌​មួយ​ដែល​មិន​ចេញ​ពណ៌​ឡើយ។ ទោះ​ទឹក​សន្សើម ទឹក​ភ្លៀង ការ​បោក ឬ​ប្រើ​ប្រាស់​ជា​យូរ​ក្ដី ក៏​មិន​ធ្វើ​ឲ្យ​វា​ចេញ​ដែរ»។